text stringlengths 33 22.2k | summary stringlengths 61 956 |
|---|---|
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ ប្រាសាទតុបខាងកើត មានទីតាំងស្ថិតនៅចន្លោះរវាងច្រកទ្វារខ្មោច និងច្រកទ្វារជ័យ គឺភាគខាងកើតនៃប្រាសាទបាយ័ន។ ប្រាសាទនេះ សាងសង់ឡើងនៅចុងសតវត្សរ៍ទី១៣ អំឡុងឆ្នាំ១២៩៥ ដោយព្រះបាទជ័យវរ្ម័នទី៨។ លោក អន សុភាព បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ឈ្មោះប្រាសាទតុប ហៅតាមអ្នកស្រុក អាចដោយសារប្រាសាទនេះមានទំហំតូច ហើយស្ថិតនៅទិសខាងកើត អ្នកស្រុកទៀត ហៅថា ប្រាសាទមង្គលាថ៌ តាមឈ្មោះរបស់ព្រាហ្មណ៍មង្គលាថ៌។ ប្រាសាទតុបខាងកើត ឬប្រាសាទមង្គលាថ៌នេះ សង់ពីថ្មភក់ ខ្ពស់ពីដី ទំហំតូចល្មម និងមានតួប៉មចំនួន១ប៉ុណ្ណោះ។ បើតាមលោកបុរាណវិទូ អន សុភាព ប្រាសាទតុបខាងកើត សង់ឡើងដើម្បីឧទ្ទិសដល់ព្រាហ្មណ៍ម្នាក់ឈ្មោះ មង្គលាថ៌ ដែលឪពុករបស់លោក គឺជាព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៧។ ចម្លាក់នៅតាមហោជាង និងផ្ដែរនៃប្រាសាទនេះ គឺទាក់ទងនឹងរឿងព្រះនរាយណ៍ ហើយនេះក៏ជាប្រាសាទចុងបង្អស់ក្នុងព្រហ្មញ្ញសាសនាផងដែរ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅទីតាំងប្រាសាទតុបខាងកើត លោកបុរាណវិទូ អន សុភាព លើកឡើងដូច្នេះ៖«ប្រាសាទតុបខាងកើត ជាប្រាសាទទាក់ទងនឹងព្រហ្មញ្ញសាសនា ហើយនិកាយព្រះនរាយណ៍ចុងក្រោយបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ យើងអាចដឹងតាំងពីថ្ងៃខែឆ្នាំ រហូតដល់ម៉ោងទៅទៀត ដែលគេយកបដិមាមកតម្កល់ខាងក្នុងប្រាសាទ គឺនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១២៩៥ ម៉ោង៨៖៤៥នាទីព្រឹក ហើយបដិមានោះក៏ប្រហែលជារូបរបស់ព្រះនរាយណ៍ហើយ»។ ថ្វីដ្បិតក្នុងរាជធានីអង្គរធំ មានប្រាសាទតុបចំនួន២ គឺតុបខាងកើត និងលិច ក៏ប៉ុន្តែប្រាសាទទាំង២នេះ គ្មានទំនាក់ទំនងអ្វីនឹងគ្នាឡើយ ទាំងកិច្ចសាសនា និងពេលវេលា ព្រោះប្រាសាទតុបខាងលិចសង់តាំងពីសតវត្សរ៍ទី១០ ហើយតុបខាងកើតនេះសង់ក្នុងសតវត្សរ៍ទី១៣ឯណោះ។ នេះបើតាមការបញ្ជាក់ពីលោកបុរាណវិទូ អន សុភាព ដែលបន្តថា ប្រាសាទតុបខាងកើតនេះ សាងសង់នៅចុងសតវត្សរ៍ អំឡុងពេលដែលអរិយធម៌អង្គរចាប់ផ្ដើមថយចុះ៕ | សៀមរាប៖ ព្រះបាទជ័យវរ្ម័នទី៨ បានសាងសង់ប្រាសាទតុបខាងកើត ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍ម្នាក់ ឈ្មោះ មង្គលាថ៌ ក្នុងព្រហ្មញ្ញសាសនា។ បើតាមលោកបុរាណវិទូ អន សុភាព ប្រាសាទតុបខាងកើត ឬប្រាសាទមង្គលាថ៌នេះ ជាប្រាសាទសាងសង់ចុងក្រោយបង្អស់ក្នុងព្រហ្មញ្ញសាសនា។ |
ដើម្បីប្រជែងជាមួយក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Amazon នៅក្នុងសេវាកម្មផ្ទុកទិន្នន័យ (Cloud) និងសន្តិសុខតាមអ៊ីនធឺណិត ក្រុមហ៊ុនAlphabet ក្រុមហ៊ុនមេរបស់ Google បានដាក់សំណើទិញក្រុមហ៊ុនសន្តិសុខផ្នែកអ៊ីនធឺណិត Wiz ក្នុងទំហំប្រមាណ ២៣ពាន់លានដុល្លារ។ នេះជាសំណើទិញក្រុមហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុន Alphabet។ ក្នុងលិខិតផ្ទៃក្នុងផ្ញើទៅកាន់បុគ្គលិក ដែលឃើញដោយសារព័ត៌មាន BBC លោក Assaf Rappaport នាយកប្រតិបត្តិក្រុមហ៊ុន Wiz និងជាស្ថាបនិក មានការភ្ញាក់ផ្អើល និងមានកិត្តិយសជាខ្លាំង ពេលឃើញការផ្ដល់ជូនមួយនោះ។ «ផែនការរបស់ក្រុមហ៊ុននឹងរកប្រាក់ចំណូលប្រចាំឆ្នាំឱ្យបាន ១ពាន់លានដុល្លារសិន មុននឹងដាក់លក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ»។ សារព័ត៌មាន BBC បានស្រង់សម្តីលោក Assaf Rappaport ដោយបន្តថា ក្រុមហ៊ុន Wiz អាចធ្វើដំណើរទៅមុខបានដោយខ្លួនឯង។ នាយកប្រតិបត្តិរូបនេះ ដាក់គោលដៅធ្វើឱ្យ Wiz ក្លាយជាក្រុមហ៊ុនសន្តិសុខផ្នែកអ៊ីនធឺណិតដ៏ធំបំផុត នៅក្នុងពិភពលោក។ «អំឡុងពេលដែលយើងមានការភ្ញាក់ផ្អើល និងមានកិត្តិយសជាខ្លាំងចំពោះការផ្ដល់ជូននេះ ប៉ុន្តែយើងរើសផ្លូវក្នុងការអភិវឌ្ឍក្រុមហ៊ុន Wiz ដោយខ្លួនឯង»។ លោក Assaf Rappaport បានសង្កត់ធ្ងន់បែបនេះ នៅក្នុងលិខិតទៅកាន់បុគ្គលិករបស់ខ្លួន។ នៅដើមឆ្នាំនេះ Wiz បញ្ជាក់ថា ក្រុមហ៊ុនខ្លួនរកប្រាក់ចំណូលប្រចាំឆ្នាំបាន ៥០០លានដុល្លារ ឯណោះ។ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនសន្តិសុខផ្នែកអ៊ីនធឺណិតមួយនេះ បានចាត់ទុកក្រុមហ៊ុនរបស់ខ្លួន មានការវិវឌ្ឍដ៏រហ័សបំផុតក្នុងប្រវត្តិសាស្រ្ត ដោយអាចរកចំណូលបាន ១០០លានដុល្លារឯណោះ ក្រោយបង្កើត បានត្រឹម ១៨ខែ។ ដោយបដិសេដសំណើរបស់Google ក្រុមហ៊ុន Wiz គ្រោងដាក់លក់ភាគហ៊ុនរបស់ខ្លួនលើទីផ្សារលក់ភាគហ៊ុនជាសាធាណៈ (IPO) និងបង្កើនដើមទុនពីវិនិយោគិនផ្សេងៗឲ្យកាន់តែទូលំទូលាយ និងពង្រីកទីផ្សាររបស់ខ្លួន។ សូមបញ្ជាក់ថា Wiz ជាក្រុមហ៊ុនទី ៣ ដែលលោក Assaf Rappaport បានបង្កើតជាមួយសហស្ថាបនិក ៣ នាក់ទៀតដូចជា លោក Ami Luttwak, លោក Roy Reznik និងលោក Yinon Costica ដែលពួកគេបានស្គាល់គ្នាដំបូង ក្នុងពេលបម្រើយោធាអ៊ីស្រាអែល។ នៅឆ្នាំ២០១២ កន្លងមក ពួកគេបានបង្កើតក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីធឺណិតមួយមានឈ្មោះថា Adallom ដែលត្រូវបានក្រុមហ៊ុន Microsoft បានទិញយកក្នុងតម្លៃ ៣២០ លានដុល្លារ នៅ៣ឆ្នាំបន្ទាប់។ ក្រោយការទិញនោះ លោក Assaf Rappaport និងក្រុមការងារ បានធ្វើការឱ្យក្រុមហ៊ុន Microsoft វិញ មុននឹងឈប់ពីការងារ នៅក្នុងឆ្នាំ២០២០។ នៅក្នុងខែឧសភា ក្រុមហ៊ុន Wiz ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ១២ពាន់លានដុល្លារ ក្នុងពេលយុទ្ធនាការគៀរករទុនប្រមាណ ១ពាន់លានដុល្លារ។ តាមគេហទំព័រ Wiz ការិយាល័យក្រុមហ៊ុនមួយនេះ មាននៅទីក្រុងញូវយ៉ក, ទីក្រុង Tel Aviv និងទីតាំង ៣ ផ្សេងៗទៀតនៅអាម៉េរិក៕ | Wiz ដែលជាក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតមួយរបស់អ៊ីស្រាអែល បានបដិសេធលក់ក្រុមហ៊ុនរបស់ខ្លួនឱ្យ ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់Google ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ២៣ ខែកក្កដា។ |
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត លើកឡើងថា បទពិសោធដំបូងៗរបស់កុមារ នឹងជួយតម្រង់ទិសពេញមួយជីវិត។ បទពិសោធដំបូងពោរពេញដោយភាពកក់ក្ដៅ ការថ្នាក់ថ្នម និងការស្រឡាញ់ ជីវិតកុមារនៅស្រស់បំព្រង។ បើតាមលោក ហឿ សេធុល ការយកចិត្តទុកដាក់ និងថែទាំលើមនុស្សជំនាន់ក្រោយបានល្អ នឹងនាំមកនូវផ្លែផ្កាក្នុងសង្គម។ សម្រាប់អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្តរូបនេះ ការយកចិត្តទុកដាក់លើមនុស្សជំនាន់ក្រោយ ជាផ្នែកមួយ ដែលអាចឱ្យកម្ពុជាមើលឃើញអនាគតសង្គមជាតិ ជាពិសេសមនុស្សជំនាន់ក្រោយដែលរឹងមាំ និងមានផ្លូវចិត្តល្អ។ ប៉ុន្តែបើធនធានមនុស្សជំនាន់ក្រោយ ពោរពេញដោយកំហឹង គុំកួន នោះសង្គមនឹងធ្លាក់ចុះ។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត ដូចតទៅ៖ ហេតុអ្វីក្មេងជំទង់ មានចិត្តឆេវឆាវ និងចូលចិត្តកាប់ចាក់? ត្រង់ចំណុចនេះ លោក ហឿ សេធុល បានលើកទ្រឹស្ដីមកពន្យល់ថា៖«អាកប្បកិរិយាទាំងឡាយណា ដែលទទួលបានការលើកទឹកចិត្ត អាកប្បកិរិយានោះ នឹងរីកចម្រើន»។ ក្នុងន័យនេះ លោក ហឿ សេធុល មើលឃើញថានៅក្នុងសង្គម បានលើកទឹកចិត្តដោយប្រយោលដល់ក្មេងជំទង់ ក្នុងការបង្កើតការសប្បាយ និងមានបក្ខពួកបងធំបងតូច។ «ច្បាប់ទម្លាប់មិនបានដាក់វិន័យ និងមិនមានការរឹតបន្តឹង រួមទាំងឥទ្ធិពលនៃបណ្ដាញសង្គម»។ នេះបើតាមលោក ហឿ សេធុល ដោយបន្ថែមថា បញ្ហាក្នុងបណ្ដាញសង្គមខ្លះ ឆ្លុះបញ្ចាំងពីរឿងដែលមានហិង្សាកាប់ចាក់គ្នា។ បញ្ហាទាំងនេះហើយ ដែលប៉ះពាល់ដល់កុមារ និងក្មេងជំទង់ ក្រោយបានឃើញសកម្មភាពទាំងនោះ។ អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្តរូបនេះ បន្តថា គំរូមិនល្អមួយចំនួននៅក្នុងសង្គម កុមារ និងក្មេងជំទង់ ងាយទទួលបាន៕ អត្ថបទទាក់ទង អ្នកចិត្តសាស្រ្ត៖ គ្រឿងស្រវឹង មិនមែនជាដំណោះស្រាយផ្នែកផ្លូវចិត្តនោះទេ ការអប់រំផ្នែកផ្លូវចិត្ត ត្រូវការអប់រំតាំងពីកុមារភាព! កម្ពុជា គួរមានសេវាប្រឹក្សាផ្លូវចិត្តដល់ពលរដ្ឋនៅតាមសហគមន៍ អ្នកចិត្តសាស្រ្ត៖ សីលធម៌សង្គមធ្លាក់ចុះ ប៉ះពាល់ដល់ផ្លូវចិត្តពលរដ្ឋ... | ភ្នំពេញ៖ កុមារ និងក្មេងជំទង់ ពិតជាត្រូវការយកចិត្តទុកដាក់ពីក្រុមគ្រួសារ និងសង្គម ដែលអាចឱ្យពួកគេធំធាត់ក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គម។ លើសពីនេះ ការយកចិត្តទុកដាក់លើផ្លូវចិត្តរបស់កុមារ និងក្មេងជំទង់ នឹងនាំឱ្យមានភាពវិជ្ជមាននៅក្នុងសង្គម។ |
គិតត្រឹមខែមិថុនា តម្លៃផ្ទះនៅអាម៉េរិកបានបង្កើតកំណត់ត្រាសម្រាប់រយៈពេលពីរខែជាប់ៗគ្នា ហើយកើនឡើង ៤,១ភាគរយធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះនៃកំណើនថ្លៃផ្ទះបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់ដែលបានពង្រីកទៅតំបន់ជាច្រើននៅរយៈពេល ៤ឆ្នាំចុងក្រោយ។ កាលពីខែមិថុនា ការលក់ផ្ទះដែលមានស្រាប់នៅអាម៉េរិកបានថយចុះ ៥,៤ភាគរយដែលជាការកត់សម្គាល់ជាខែទី៤ នៃការធ្លាក់ចុះជាប់ៗគ្នា។ មានផ្ទះចំនួន ៣,៨៩លានខ្នងដែលត្រូវបានលក់ចេញ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែធ្នូ។ ពីមុនសេដ្ឋវិទូដែលបានស្ទង់មតិដោយ Reuters បានព្យាករថា ការលក់នឹងធ្លាក់ចុះត្រឹមតែ ៤លានខ្នងនៅឆមាសទី១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី២៤ ខែកក្កដា។ ជាមធ្យម ផ្ទះមួយត្រូវចំណាយពេល២២ថ្ងៃ បន្ទាប់ពីការចុះបញ្ជីដើម្បីស្វែងរកម្ចាស់ថ្មី ជំនួសឱ្យ ១៨ថ្ងៃក្នុងខែមិថុនា ឆ្នាំ២០២៣។ លោកស្រី Nancy Vanden Houten សេដ្ឋវិទូជាន់ខ្ពស់នៅ Oxford Economics បានលើកឡើងថា ៖« កំណត់ត្រាថ្លៃផ្ទះខ្ពស់ និងការកើនឡើងអត្រាការប្រាក់បានសបញ្ជាក់ឲ្យឃើញលើការលក់នៅខែមិថុនា»។ ទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថា នឹងមានភាពតានតឹងតិចជាងនៅក្នុងឆមាសទី២នៃឆ្នាំនេះ។ អត្រាការប្រាក់ថេររយៈពេល ៣០ឆ្នាំជាមធ្យមលើប្រាក់កម្ចីទិញផ្ទះបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៤ខែគឺ ៦,៧៧ភាគរយកាលពីសប្តាហ៍មុន ពី ៧,២២ភាគរយនៅដើមខែឧសភា។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុ Freddie Mac ។ លោកស្រី Nancy Vanden Houten បានអះអាងថា៖« ការធ្លាក់ចុះថ្មីៗនេះនៃអត្រាការប្រាក់កម្ចីទិញផ្ទះ យើងរំពឹងថានឹងកើនឡើងនៅពេលដែលធនាគារកណ្តាល (Fed) ចាប់ផ្តើមបន្ថយអត្រាការប្រាក់ នឹងផ្តល់ការគាំទ្រមួយចំនួនដល់ការលក់ផ្ទះនៅចុងឆ្នាំនេះ»។ ទោះជាយ៉ាងណាក៏ដោយ លំនៅឋានតម្លៃសមរម្យនៅតែខ្វះខាត ហើយមិនមានការផ្គត់ផ្គង់លំនៅដ្ឋានថ្មីគ្រប់គ្រាន់ទេ។ រដ្ឋាភិបាលបាននិយាយថា ការសាងសង់ផ្ទះសម្រាប់គ្រួសារតែមួយ បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំបីខែ ដល់ខែមិថុនានេះ ហើយការអនុញ្ញាតសាងសង់មានកម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំ៕ | តម្លៃជាមធ្យមនៃផ្ទះដែលមានស្រាប់នៅអាម៉េរិក បានកើនដល់ ៤២៦៩០០ដុល្លារ ក្នុងខែមិថុនា ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩។ នេះបើតាមសមាគមជាតិនៃអ្នកអចលនទ្រព្យអាម៉េរិក។ |
ផ្សារចុងសប្ដាហ៍ខេត្តសៀមរាប ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែ មីនា ឆ្នាំ២០១៩ ហើយមកដល់បច្ចុប្បន្ននេះមានអាយុជិត៥ឆ្នាំហើយ។ ផ្សារនេះបង្កើតឡើងតាមរយៈគម្រោង AIMS (អេមស៍) របស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។ រាល់ផលិតផលដែលមានដាក់លក់ក្នុងស្ដង់ទាំង២៣ គឺបានពីតាមបណ្ដាក្រុមប្រជាកសិករជិត២០ក្រុម ក្នុងខេត្ត ដូចជាស្រុកពួក ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី ក្រុងសៀមរាប និងបណ្ដាស្រុកផ្សេងៗទៀត។ រាល់ផលិតផលដែលនាំមកលក់ក្នុងផ្សារនេះ គឺមានការធានា និងត្រួតពិនិត្យបានត្រឹមត្រូវតាមបច្ចេកទេស ពីអង្គការកសិកម្ម និងមន្ទីរពាណិជ្ជកម្ម ឬមន្ទីរកសិកម្មខេត្តជាដើម។ ប្រធានមន្ទីរពាណិជកម្មខេត្តសៀមរាប លោក ភឿន គឹមលី ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា បរិមាណលក់ជាប្រចាំក្នុងផ្សារនេះគឺប្រមាណ២,៥តោន ក្នុងមួយសប្ដាហ៍ ហើយសន្ទុះនៃការគាំទ្រ មានការកើនឡើងជាបន្តបន្ទាប់។ ប្រជាពលរដ្ឋមួយចំនួន ចាប់ផ្តើមយល់ពីសុខភាព និងងាកមកគាំទ្របន្លែ ផ្លែឈើ និងសាច់ ដែលមានប្រភពច្បាស់លាស់ និងមានសុវត្ថិភាព ទោះបីតម្លៃខ្ពស់ជាងទីផ្សារធម្មតាបន្តិចក្ដី។ នេះជាការបញ្ជាក់ពីលោក ភឿន គឹមលី។ គួរបញ្ជាក់ថា ផ្សារចុងសប្ដាហ៍ខេត្តសៀមរាប មានទីតាំងនៅលើសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ដែលចាប់ផ្តើមលក់ចន្លោះពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ រៀងរាប់ថ្ងៃសោរ៍ និងអាទិត្យ។ ពលរដ្ឋភាគច្រើន តែងទិញប្រមូលទិញបន្លែ សាច់ ពីផ្សារនេះក្នុងបរិមាណច្រើនៗទុកសម្រាបប់បរិភោគ ពេញមួយសប្ដាហ៍តែម្ដង ព្រោះជឿទុកចិត្ត និងលក់ដោយកសិករជាអ្នកដាំផ្ទាល់៕ | សៀមរាប៖ សន្ទុះនៃការគាំទ្រផ្សារចុងសប្ដាហ៍ក្នុងក្រុងសៀមរាប កើនឡើងជាបន្តបន្ទាប់ ពិសេសពលរដ្ឋ ដែលនិយមបរិភោគបន្លែ ផ្លែឈើ និងត្រីសាច់ ដែលមានសុវត្ថិភាព និងប្រភពច្បាស់លាស់ ដែលដាំដុះ និងចិញ្ចឹមដោយពលរដ្ឋក្នុងស្រុក។ |
ម្ចាស់ផ្ទះបារាំង នៅថ្ងៃទី២៦ ខែកក្កដា បានរៀបពិធីបើកកីឡាអូឡាំពិក នៅក្រៅកីឡដ្ឋានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដោយប្រតិភូកីឡាទាំងអស់មកពី២០៦ប្រទេស ត្រូវជិះលើទូកកាន់ទង់ជាតិប្រទេសរៀងខ្លួននៅតាមដងទន្លេសែន (Seine)។ នៅពេលទូកដឹកអត្តពលិកកូរ៉េខាងត្បូងបានឆ្លងកាត់ទស្សនិកជនរាប់ម៉ឺននាក់ អ្នកអត្ថាធិប្បាយ បែជាប្រកាសថាពួកគេមកពី «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ» ដែលជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង ជាភាសាបារាំង និងភាសាអង់គ្លេស។ អ្នកអត្ថាធិប្បាយដដែល ក៏បានប្រកាសណែនាំឈ្នោះដដែលនេះ នៅពេលគណៈប្រតិភូកូរ៉េខាងជើងឆ្លងកាត់។ ក្រោយការប្រកាសខុសឈ្មោះប្រទេសដែលមានបញ្ហានឹងគ្នានេះ អនុរដ្ឋមន្ត្រីកីឡា និងវប្បធម៌កូរ៉េខាងត្បូង លោក Jang Mi-ran ដែលមានវត្តមានក្នុងកម្មវិធីនោះ បានបង្ហាញការអន់ចិត្ត និងស្នើសុំជួបលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ទៀតផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ «យើងមានការសោកស្តាយដែលប្រទេសកូរ៉េខាងត្បូង បែជាត្រូវបានប្រកាសជាប្រទេសកូរ៉េខាងជើងនៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស នៅចំពោះមុនទស្សនិកជនផ្ទាល់រ៉ាប់ម៉ឺននាក់ និងរាប់លាននាក់ជុំវិញពិភពលោក»។ នេះជាការលើកឡើងរបស់លោក Mi-ran ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកូរ៉េខាងត្បូង បានស្នើទៅកាន់អ្នករៀបចំការប្រកួត ធានាថាកំហុសនេះ នឹងមិនកើតឡើងម្តងទៀតទេអំឡុងពេលបិទកម្មវិធី។ គណៈប្រតិភូ និងអត្តពលិកកូរ៉េខាងត្បូងចំនួន ១៤៣នាក់ បានទៅចូលរួមដណ្តើមមេដាយនៅប៉ារីស ខណៈកូរ៉េខាងជើង ដែលបង្ហាញមុខជាលើកដំបូង ក្រោយខកខានតាំងពីអូឡាំពិកក្រុងរីយូ ឆ្នាំ២០១៦ បានបញ្ជូនអត្តពលិកចំនួន ១៦រូប៕ | កូរ៉េខាងត្បូង បង្ហាញការសោកស្តាយដែលអ្នករៀបចំកីឡាអូឡាំពិកប៉ារីស ប្រកាសថាគណៈប្រតិភូអត្តពលិករបស់ខ្លួនមកពីប្រទេសកូរ៉េខាងជើង នាពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ លើកទី៣៣។ កូរ៉េខាងត្បូង ទាមទារឱ្យអ្នករៀបចំទទួលស្គាល់កំហុសនេះ និងធានាថានឹងមិនកើតឡើងម្តងទៀត។ |
U19 ឥណ្ឌូណេស៊ី បានយកឈ្នះម៉ាឡេស៊ី ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Tomo នៅថ្ងៃទី២៧ ខែកក្កដា។ គ្រាប់បាល់ជ័យជម្នះសម្រេចបានដោយកីឡាករ Alfharezzi Buffon នៅនាទី៧៨។ នេះជាការឡើងដល់វគ្គផ្តាច់ព្រ័ត្រជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកដំបូងរបស់ឥណ្ឌូណេស៊ី ក្រោយរយៈពេល១១ឆ្នាំ ចាប់តាំងពីពួកគេគ្រងជើងឯកលើកដំបូងនៅឆ្នាំ ២០១៣។ ដោយឡែកថៃ បានទម្លាក់ម្ចាស់ជើងឯក៥សម័យដូចគ្នាអូស្ត្រាលីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់ជ័យជម្នះកើតឡើងតាមរយៈការផ្លាត់ស្នៀតចូលទីខ្លួនឯង (OG) របស់កីឡាករ Dylan Leonard។ នេះជាការឈានដល់វគ្គផ្តាច់ព្រ័ត្រ ASEAN U19 ជាលើកទី៨របស់ថៃ ស្មើម៉ាឡេស៊ី ប៉ុន្តែថៃគ្រងជើងឯក៥លើក ស្របពេលម៉ាឡេស៊ីឈ្នះតែ២លើកប៉ុណ្ណោះ ដោយរងជើងឯកដល់ទៅ៦លើក។ ជំនួបវគ្គផ្តាច់ព្រ័ត្រ ASEAN U19 លើកទី១៩ រវាងម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទល់នឹង ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា វេលាម៉ោង ៧ នឹង៣០នាទីយប់ បន្ទាប់ពីជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣ រវាងអូស្ត្រា និងម៉ាឡេស៊ី នៅម៉ោង ៣រសៀល៕ | ម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងម្ចាស់ជើងឯក៥សម័យ ថៃ ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់យុវជន ASEAN U19 Boys Championship ឆ្នាំ ២០២៤។ ឥណ្ឌូណេស៊ី បានទម្លាក់ម្ចាស់ការពារជើងឯកម៉ាឡេស៊ី ស្របពេល ថៃឈ្នះអូស្រ្តាលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ |
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរាដូចតទៅ៖ លោក ស៊ឹម ប៊ុនធឿន កំឡុងពេលផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤។ | សៀមរាប៖ ដោយមើលឃើញពីតម្លៃដ៏វិសេសវិសាលនៃសំណង់បុរាណ ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំក្រុមការងារសិក្សា អភិរក្ស និងជួសជុលសំណង់ទាំងនោះឡើងវិញ ឱ្យស្របតាមគុណតម្លៃ នៃសំណង់បេតិកភណ្ឌដែលគួររក្សាទុក។ អ្នកជំនាញអាជ្ញាធរជាតិអប្សរាលើកឡើងថា ព្រះវិហារចាស់ៗមានគុណតម្លៃទាំងស្ថាបត្យកម្ម សិល្បៈ សាសនា និងប្រវត្តិសាស្រ្ត ដែលបង្ហាញពីភាពល្អឯក និងភាពរស់រវើកនៅក្នុងសង្គមខ្មែរ។ អ្នកជំនាញចង់ឱ្យពលរដ្ឋខ្មែរ ចេះស្រឡាញ់ ការពារ និងអភិរក្សមរតកទាំងនោះឱ្យបានយូរអង្វែង ជាជាងវាយរំលំចោល សង់របស់ថ្មី។ |
ប្រសិនជាអ្នកតែងតែមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ស្មុគស្មាញច្រើន នោះអ្នកនឹងមិនងាយគេងលក់បានស្រួលនោះទេ។ ដូចនេះ មុនពេលដែលអ្នកគេង គួរតែបន្ធូរអារម្មណ៍ ហើយរក្សាចិត្តឲ្យស្ងប់ កុំគិតច្រើន ឬខឹង ទើបអ្នកអាចគេងលក់បានលឿន ហើយលក់ស្រួល។ ការហាត់ប្រាណក៏អាចធ្វើឲ្យអ្នកគេងលក់ស្រួលផងដែរ ព្រោះពេលដែលរាងកាយធ្វើចលនា ចរន្តឈាមនឹងដើរបានស្រួល។ នៅពេលដែលឈាមដើរបានស្រួល នោះអ្នកនឹងងាយគេងលក់ខ្លាំងណាស់។ ដូចនេះ មិនថារវល់យ៉ាងណាទេ គឺអ្នកគួរតែឆ្លៀតពេលព្យាយាមហាត់ប្រាណឲ្យបាន។ បរិយាកាសនៃការគេងក៏សំខាន់ដែរ ដោយគួរតែជាបន្ទប់ដែលគ្មានសម្លេងរំខាន ស្ងប់ស្ងាត់ និងពន្លឺនៃភ្លើងគួរតែស្រទន់ មិនភ្លឺខ្លាំងចាំងភ្នែក។ ជាពិសេស សីតុណ្ហភាពក្នុងបន្ទប់គួរតែត្រជាក់ល្មម ហើយប្រដាប់ប្រដាល់ប្រើប្រាស់លើគ្រែគួរតែទន់ ទើបជួយអ្នកឲ្យឆាប់គេងលក់បានលឿនជាទីបំផុត។ អាហារពេលល្ងាចរបស់អ្នកមិនគួរញ៉ាំឆ្អែតពេកទេ ទើបអាចជួយអ្នកឲ្យគេងលក់ស្រួលបាន។ ប្រសិនជាអ្នកពិសារឆ្អែតពេក វានឹងពិបាកក្នុងការរំលាយអាហារខ្លាំងណាស់ ដោយធ្វើឲ្យពោះរបស់អ្នកណែនជាខ្លាំង។ ដូចនេះ ទោះអ្នកព្យាយាមគេងយ៉ាងណាក៏គេងមិនលក់ដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកគេងលក់បានយ៉ាងស្រួល។ តើមានអ្វីខ្លះទៅ? |
ដំណឹងដែលទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមកើនឡើង ក៏ត្រូវបានបញ្ជាក់ដោយ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលផងដែរ នៅរាត្រីថ្ងៃទី២៨ ខែកក្កដានេះ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក លោក ហាក់ សុខមករា បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត និងព្រែកហូរ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពសេសអ្នកមិនចេះហែលទឹក និងកុមារតូចៗ៕ ទឹកជំនន់លិចផ្ទះពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុកលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។ | «ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ»។ នេះការប្រកាសរបស់រដ្ឋបាលសង្កាត់គងនយ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទន្ទឹមនឹងការប្រកាសអាសន្ន រដ្ឋបាលសង្កាត់គងនយ ក៏បានបញ្ជាក់ដែរថា ទឹកជំនន់បានលិចចូលដល់ផ្ទះពលរដ្ឋមួយ ចំនួន ដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត។ |
តាមប្រកាសដដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានប្រគល់ភារកិច្ចឱ្យ លោក សាត់ ភី អនុប្រធាន ពន្ធនាគារខេត្តស្ទឹងត្រែង ធ្វើជាប្រធានស្តីទី។ លោក លឹម វាសនា ត្រូវបានផ្ទេរទៅធ្វើជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីដើមខែឧសភា ឆ្នាំ២០២៤ ពោលគឺទើបតែកាន់តែកាន់តំណែងនេះ បានជាង២ខែប៉ុណ្ណោះ៕ | លោក ស សុខា បានផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងជា បណ្តោះអាសន្ន។ ការផ្អាកងារងារប្រធានពន្ធនាគាររូបនេះ ធ្វើឡើងតាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែកក្កដា។ |
ញ៉ាំអាហារច្រើនជ្រុល ការញ៉ាំអាហារច្រើនជាងអ្វីដែលអ្នកគួរញ៉ាំពិតជាអាចធ្វើឲ្យឈឺក្រពះបាន។ ចាប់តាំងពីវាមានអាហារច្រើនដែលត្រូវរំលាយក៏ដោយ តែវាទំនងជាធ្វើឲ្យក្រពះផលិតទឹកអាស៊ីតក្រពះច្រើនៗជ្រុលរហូតដល់នាំឲ្យមានអារម្មណ៍ជូរៗក្នុងក្រពះបាន។ អាហារហិរ អាហារហិរអាចបង្កជាការរលាកដល់ភ្នាសខាងក្នុងរបស់ក្រពះ ហើយវាក៏នាំឲ្យមានអារម្មណ៍ជូរៗក្នុងក្រពះផងដែរ។ រឿងនេះកើតឡើងជាពិសេសបើសិនជាអ្នកកំពុងតែមានបញ្ហាច្រាលទឹកអាស៊ីតក្រពះមកបំពង់កតែម្តង។ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន អ្នកអាចរំពឹងថានឹងមានអាការៈជូរៗក្នុងក្រពះក្រោយពីញ៉ាំអាហារមានជាតិកាហ្វេអ៊ីនច្រើន ដូចជា កាហ្វេ តែបៃតង ឬភេសជ្ជៈមានជាតិហ្គាសច្រើន។ វាមិនខុសគ្នានឹងអាហារហិរឡើយ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យច្រាលទឹកអាស៊ីតពីក្រពះទៅបំពងកបាន។ គ្រឿងស្រវឹង មានហេតុផលពីរយ៉ាងដែលធ្វើឲ្យការញ៉ាំគ្រឿងស្រវឹងអាចនាំឲ្យមានអារម្មណ៍ជូរៗក្នុងក្រពះ។ ទី១ វាបង្កការរលាកដល់ក្រពះ។ ទី២ វាធ្វើឲ្យច្រាលអាស៊ីតពីក្រពះមកបំពង់ក។ រឿងនេះកើតឡើងជាពីសេសបើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងច្រើនៗទាំងពោះទទេតែម្តង។ រលាកក្រពះ ការរលាកក្រពះគឺជាហេតុផលញឹកញាប់បំផុត ហើយវាក៏ច្រើនតែបង្កឡើងដោយបាក់តេរីក្នុងក្រពះដែរ។ ការរលាកក្រពះមានអាការៈខុសៗគ្នាច្រើនណាស់ ហើយការមានអារម្មណ៍ជូរៗក្នុងក្រពះក៏ជាអាការៈមួយរបស់ជំងឺនេះដែរ។ ការថប់អារម្មណ៍ វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលនិយាយថា ការថប់អារម្មណ៍អាចបង្កជាអាការៈមិនធម្មតាក្នុងខ្លួនក្រៅពីបញ្ហាផ្លូវចិត្តដូចជា បេះដូងដើរញ៉ាប់ ពិបាកដកដង្ហើម តឹងទ្រូង វិលមុខ បែកញើសខ្លាំងៗ អស់កម្លាំង និងញ័រដៃ។ តែវាក៏អាចបង្កជាការមានអារម្មណ៍ជូរៗក្នុងក្រពះថែមទៀតែដែរ។ ការប្រើប្រាស់ថ្នាំ ការញ៉ាំថ្នាំអាចធ្វើមានអារម្មណ៍ថាជូរៗក្នុងក្រពះដែរ។ ថ្នាំបង្កបញ្ហានេះញឹកញាប់ជាងគេនោះគឺពពួក Non-steroidal Anti-inflammatory Drugs ឬ NSAIDs តែម្តង ដែលគេប្រើជាញឹកញាប់សម្រាប់បំបាត់ការឈឺចាប់ និងហើមសាច់ដុំ និងសន្លាក់៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ការដែលមានអារម្មណ៍ជូរៗក្នុងពោះអាចជារឿងមួយមិនផ្តល់ផាសុខភាពឡើយ ។ រឿងនេះកើតឡើង ជាពិសេសនៅពេលវាជាប់ទាក់ទងនឹងការឈឺក្រពះ និងក្រហាយដើមទ្រូងតែម្តង ។ បើសិនជាក្រពះអ្នកមានអារម្មណ៍ថាជូរៗជាប់ រឿងនេះគួរតែបន្ទោសទៅលើអ្វីដែលអ្នកញ៉ាំហើយ។ យ៉ាងណាមិញ តាមរយៈអត្ថបទមួយនេះ ខ្ញុំសូមណែនាំអំពីមូលហេតុញឹកញាប់មួយចំនួនដែលនាំឲ្យអ្នកមានអារម្មណ៍ជូរៗក្នុងពោះ ៖ |
ស្ករជាគ្រឿងទេសមួយដែលអ្នកគួរតែកាត់បន្ថយក្នុងការប្រើ ដោយមិនគួរប្រើច្រើននោះទេ។ នៅពេលដែលអ្នកប្រើច្រើនលើសកំណត់ នឹងអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។ ដូចនេះ អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ អ្នកគួរតែចៀសឲ្យឆ្ងាយទើបសុខភាពមិនគ្រោះថ្នាក់។ អំបិលក៏ជាគ្រឿងទេសដែលធ្វើឲ្យបេះដូងអ្នករងសម្ពាធខ្ពស់ផងដែរ ថែមទាំងធ្វើឲ្យកើតជំងឺលើសម្ពាធឈាមទៀតផង។ ដូចនេះ អាហារដែលមានផ្ទុកជាតិប្រៃខ្ពស់ អ្នកគួរតែកុំសូវបរិភោគឲ្យសោះ ដើម្បីសុខភាពបេះដូងរបស់អ្នក៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រឿងទេសចំនួន២មុខដែលអ្នកមានជំងឺបេះដូងមិនគួរប្រើច្រើន។ តើមានអ្វីខ្លះទៅ? |
សំឡេងសារពិសេសនៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «ខ្ញុំសូមឱ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចរបស់យើងបង្កើននូវវិធានការរដ្ឋបាល ក្នុងការឃាត់ម៉ូតូរយៈពេល៣ខែ ចំពោះការប្រព្រឹត្តបទល្មើសនីមួយៗ និង៦ខែ បើសិនជាមិនរាងចាល ហើយនៅប្រព្រឹត្តបទល្មើសបន្តទៀត លើកទី២»។ ប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា វិធានការនេះ នឹងចូលរួមបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅតាមមូលដ្ឋាន និងចូលរួមរក្សាបានសណ្តាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមកពីការបង្ហោះម៉ូតូ។ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ឱ្យសមត្ថកិច្ចត្រូវរក្សា ម៉ូតូដែលដកហូតនេះឱ្យបានល្អ និងធ្វើលិខិតធានាប្រគល់ឱ្យម្ចាស់ ឬក្រុមគ្រួសារវិញ នៅពេលពិន័យរដ្ឋបាលបញ្ចប់។ តាមរយៈសារពិសេសដដែល សម្តេចនាយករដ្ឋមន្ត្រី ក៏សុំការយោគយល់ពីអាណាព្យាបាល នៅពេលសមត្ថកិច្ចអនុវត្តន៍វិធានការនេះ និងបានអំពាវនាវឱ្យអាណាព្យាបាលទាំងអស់ ចូលរួមអប់រំ ណែនាំ កូនចៅ កុំឱ្យប្រព្រឹត្តទង្វើបង្ហោះម៉ូតូដែលបង្កឱ្យគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ និងបង្កការរំខានដល់សណ្តាប់ធ្នាប់សង្គម៕ | នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ បន្ថែមវិធានការរដ្ឋបាល លើក្រុមក្មេងទំនើបបង្ហោះម៉ូត ដោយការឃាត់ទុកម៉ូតូ រយៈពលេ៣ ខែ ករណីប្រព្រឹត្តលើកទ១ និង ឃាត់ទុករយៈពេល៦ខែ ករណីមិនរាងចាល។ |
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ជប៉ុន ដណ្តើមបានមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ១ សរុប៧ ឈរកំពូលតារាងមេដាយបណ្តោះអាសន្ន។ ទាំង៧មេដាយរបស់ជប៉ុន សម្រេចបានក្នុងប្រភេទកីឡាគុនដាវ មេដាយមាស១, ជូដូ មេដាយមាស២ និងសំរឹទ្ធ១, ស្គីលើក្តាបន្ទះ មេដាយមាស១ និងប្រាក់១ រួមជាមួយកីឡាហែលទឹក បានមេដាយប្រាក់១។ អូស្ត្រាលី ដែលឈរលេខ២ ទទួលបានមេដាយសរុប៦ ក្នុងនោះមាស៤ បានពីប្រភេទកីឡាប្រណាំងទូកកាណូ១ ជិះកង់១ ហែលទឹក២ និងប្រាក់២ បានពីកីឡាហែលទឹកផងដែរ។ សហរដ្ឋអាម៉េរិក ដែលឈរលេខ៣ ដណ្តើមបានមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ៣ សរុប១២។ មេដាយមាសបានពីកីឡាគុនដាវ១ និងហែលទឹក២ ដោយឡែកមេដាយប្រាក់បានពីកីឡាប្រណាំងកង់ភ្នំ១ ហក់ទឹក១ និងហែលទឹក៣ សម្រាប់មេដាយសំរឹទ្ធបានពីកីឡាប្រណាំងកង់ និងហែលទឹក២។ ម្ចាស់ផ្ទះបារាំង ស្ថិតនៅលេខរៀងទី៤បណ្តោះអាសន្ន ដោយរកបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ២។ មេដាយមាសបានពីកីឡាប្រណាំងកង់ភ្នំ១ កីឡាបាល់ឱបវិញ្ញាសា៧នាក់១ និងហែលទឹក១។ មេដាយប្រាក់ បានពីកីឡាគុនដាវ១ ជូដូ១ និងសំរឹទ្ធបានពីជូដូទាំង២។ អត្តពលិកចិន ដែលដណ្តើមបានមេដាយមាសមុនគេប្រចាំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រុងប៉ារីស ស្ថិតនៅចំណាត់ថ្នាក់ទី៦ ដោយរកបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ២ សរុប៦។ កូរ៉េខាងត្បូងនៅលេខ៥ រកបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១ សរុប៦។ ក្រោយឆ្លងកាត់ការប្រកួតផ្លូវការពីថ្ងៃទី២៦ ខែកក្កាមក ក្រុមអត្តពលិកប្រទេសតំបន់អាស៊ីអាគ្នេយ៍ នៅមិនទាន់រកបានមេដាយណាមួយនៅឡើយ ស្របពេលចំណោមប្រទេសចូលរួមទាំង២០៦ មានតែ២៨ប្រទេសប៉ុណ្ណោះរកបានមេដាយ។ អត្តពលិក ពី១១ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស មានចំនួនសរុប ១៨២រូប ក្នុងនោះកម្ពុជា មាន៣រូប។ ដោយឡែក កីឡាករ កីឡាការិនីទាំង២០៦ប្រទេស សរុបទាំងអស់ចំនួន១០ ៥០០នាក់ ចូលរួមប្រជែងមេដាយ ក្នុង៣២ប្រភេទកីឡា លើ៣២៩វិញ្ញាសា៕ | ៤ប្រភេទកីឡា បានជួយជប៉ុនឡើងឈរកំពូលតារាងមេដាយកីឡាអូឡាំពិកក្រុងប៉ារីស បណ្តោះអាសន្ន តាមពីក្រោយដោយអូស្ត្រាលី សហរដ្ឋអាម៉េរិក និងលេខ៤ម្ចាស់ផ្ទះបារាំង។ ប្រទេសពីតំបន់អាស៊ីអាគ្នេយ៍ទាំង១១ នៅមិនទាន់មានអត្តពលិករូបណា ដណ្តើមបានមេដាយនៅឡើយ ក្រោយឆ្លងកាត់ការប្រកួតផ្លូវការ៣ថ្ងៃ។ |
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងដោយមូលនិធិគីណាល់។ ការប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីឆ្នើមនាឆ្នាំនេះមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញដែលប្រធានបទសិក្សាស្រាវជ្រាវសម្រាប់ពានរង្វាន់ត្នោតមាសលើកទី៥នេះផ្តោតទៅលើ៖ «ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាពសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ»។ ស្នាដៃអត្ថបទសិក្សាស្រាវជ្រាវទាំងអស់ត្រូវបានវាយតម្លៃដោយគណៈមេប្រយោគឯករាជ្យដែលរួមមាន៖ លោក អៃ សុងហ៊ាង ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ការបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំតំបន់នៃ ក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានគណៈមេប្រយោគពានរង្វាន់ត្នោតមាស ឬ Thnot dOr ២០២៤ - លោក សុខ សារ៉ង មកពីស្ថាប័នចេញវិញ្ញបនបត្រសរីរាង្គអន្តរជាតិ ECOCERT - លោក ឡៅ រាសី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម - លោក Philippe Monnin នាយកក្រុមហ៊ុនចំការកៅស៊ូមេមត់ - លោក ប៊ុនតុង បូរ៉ារិន នាយកផ្នែកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយក្រុមហ៊ុន - សហគ្រាស ប៉េប៉េអឹម និងខនហ្វីរេល បានពន្យល់ថាការជ្រើសរើយយកប្រធានបទ៖ «ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សាអន្តរជាតិ» គឺចង់បង្ហាញថាប្រទេសកម្ពុជាមានភាពសម្បូរបែបផ្នែករុក្ខជាតិឱសថ។ «ក្នុងសម័យកាលដែល ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម កំពុងតែរីករាលដាលនៅកម្ពុជាដោយសាររបបអាហារសម្បូរសារជាតិខ្លាញ់ និងស្ករច្រើនពេកដែលបណ្តាលមកពីទំនោរទៅរក «អាហារបែបលោកខាងលិច» តាមរយៈការបង្កើតប្រធានបទ៖ «ផ្តល់តម្លៃរុក្ខជាតិដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព» គឺខ្ញុំចង់លើកកម្ពស់គោលការណ៍មួយដែលអាចដឹកនាំយើងទាំងអស់គ្នាឈានទៅរកការរស់នៅប្រកបដោយនិរន្តភាព និងសុខភាពល្អ។ គោលការណ៍នោះគឺ «សុំឱ្យចំណីអាហាររបស់អ្នកក្លាយជាឱសថទីមួយសម្រាប់សុខភាពអ្នក» ដោយសារប្រទេសយើងសម្បូរទៅដោយរុក្ខជាតិឱសថជាច្រើន ហើយការថែរក្សាសុខភាព និងការព្យាបាលដោយប្រើឱសថបុរាណបានចាក់ប្ញសយ៉ាងជ្រៅនៅប្រទេសកម្ពុជារាប់សិបសតវត្សរ៍មកហើយ» លោបបន្ថែម។ ដើម្បីលើកកម្ពស់បេតិកភណ្ឌជាតិតាមរយៈការច្នៃប្រឌិត គឺជាបញ្ហាប្រឈមផ្នែកវប្បធម៌ និងសេដ្ឋកិច្ច ហើយមូលនិធិគីណាល់ប្រាថ្នាចង់ឱ្យការចូលរួមប្រកួតប្រជែងស្នាដៃតាមរយៈពានរង្វាន់ត្នោតមាសដើម្បីជាការបង្ហាញពីភាពចាំបាច់ដែលត្រូវចូលរួមធ្វើទាំងអស់គ្នា។ មូលនិធីគីណាល់បានរៀបចំឱ្យមានការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវសម្រាប់ពានរង្វាន់ត្នោតមាសនេះចាប់តាំងពីឆ្នាំ ២០១៧មក ដើម្បីបញ្ជាក់ពីគោលនយោបាយទំនួលខុសត្រូវសង្គម និងសេដ្ឋកិច្ច (CSR)របស់ក្រុមហ៊ុន-សហគ្រាស PPM-Confirel Group ដែលបង្កើតឡើង និងដឹកនាំដោយលោកឱសថបណ្ឌិត ហៃ លីអ៊ាង។ កម្មវិធីពានរង្វាន់ ត្នោតមាស ឬ Thnot d'Or នេះមានគោលបំណងលើកទឹកចិត្តបណ្តុះគំនិតដល់និស្សិតកម្ពុជាផ្នែកក្សេត្រសាស្រ្ត និងកសិ-ចំណីអាហារ កម្ពុជា ចូលរួមក្នុងការស្រាវជ្រាវ និងការបង្កើតថ្មីដើម្បីក្លាយជាតួអង្គយ៉ាងពិតប្រាកដក្នុងការចូលរួមអភិវឌ្ឍន៍ជនបទនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា៕ | មាននិស្សិតចំនួន ១១ ក្រុម ចុងក្រោយមកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - សាកលវិទ្យាល័យភូមិន្ទភ្នំពេញ - វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ - សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានសន្តប៉ូលនៃខេត្តតាកែវនឹងចូលរួមប្រកួតដណ្តើមពានរង្វាន់ត្នោតមាស ឬ Thnot dOr 2024 នៅវគ្គផ្តាច់ព្រ័ត្រនៅព្រឹក |
ក្នុងដំណើរទស្សនៈកិច្ចអំពីគម្រោងនេះផងដែរត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ពី លោកអគ្គនាយក លោក ជាម ឃុនណាត ព្រមទាំងក្រុមការងារវិស្វកររបស់បុរី ដើម្បីជាមគ្គុទ្ទេសក៌ត្រួសត្រាយផ្លូវ និងបកស្រាយពីព័ត៌មានលំអិតនៃវិសាលភាពរបស់គម្រោងក៏ដូចជាព័ត៌មានសំណង់ស្ថាបត្យកម្ម និងរចនាបថគេហដ្ឋានក្នុងគោលបំណងឱ្យគណៈកម្មការនៃកម្មវិធីប្រកួតកាន់តែយល់ស៊ីជម្រៅបន្ថែមពីគម្រោង និងធ្វើការដាក់ពិន្ទុដល់ក្រុមបេក្ខជនបេក្ខនារីដោយសុក្រឹតភាពបំផុតសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងគ្រោងប្រព្រឹត្តិឡើងនៅខែក្រោយនេះ។ ស្របក្នុងពេលនោះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់លើបច្ចេកទេសសំណង់ដែលប្រកបដោយគុណភាព និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងមានភាពធំទូលាយប្រកបដោយបរិស្ថានបៃតងហើយមានការកោតសរសើរជាខ្លាំងចំពោះគម្រោងរបស់បុរីដែលនឹងគ្រោងបង្កើតឧទ្យានបៃតងទំហំ ៥ហិចតា នាពេលខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន តែងយកចិត្តទុកដាក់ និងចែករំលែកទៅកាន់សង្គមវិញតាមរយៈរូបភាពជាច្រើនដូចជាការប្រកួតប្រជែងរចនាគម្រោងនេះផ្ទាល់ដើម្បីបណ្តុះបណ្តាលប្អូនៗជំនាន់ក្រោយឱ្យមានសមត្ថភាពកាន់តែខ្លាំងក្នុងវិស័យស្ថាបត្យកម្មក្នុងប្រទេសកម្ពុជាដែលដើរស្របនឹងចក្ខុវិស័យរបស់ បុរី មេគង្គ លែន ក្នុងការប្តេជ្ញាចិត្តសាងសង់គេហដ្ឋានដែលមានសំណង់រឹងមាំ ម៉ូដល្អដាច់គេ និងជាគេមរតកដល់អ្នកជំនាន់ក្រោយ។ បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ! (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាគណៈកម្មការមេប្រយោគក្នុងការវាយតម្លៃកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្ររចនាលើគម្រោង «ឧទ្យានបៃតងក្នុងសហគមន៍អ្នករស់នៅបុរី មេគង្គ លែន» ដែលលាតសន្ធឹងលើផ្ទៃដី ៥ហិកតា របស់គម្រោងធំទី៣ «មេគង្គ ស៊ីធី» នៃបុរី មេគង្គ លែន ដែលស្ថិតតាមបណ្តោយផ្លូវជាតិ ៦A។ |
« ខ្ញុំអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល របស់ជាតិយើងទាំងអស់គ្នា»។ លោក យឹម លាត បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» នៅខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែកក្កដា។ បើតាមធនាគារជាតិ សព្វថ្ងៃដុល្លារូបនីយកម្មនៅកម្ពុជាមានក្នុងកម្រិតប្រមាណ៨៥ភាគរយនៃចរន្តសេដ្ឋកិច្ច។ វត្តមាននៃដុល្លារូបនីយកម្ម បានកើតឡើងចាប់តាំងពីដើមឆ្នាំ១៩៩៣ (ដើមទស្សវត្សរ៍៩០) នាអំឡុងពេលកម្ពុជាបានបោះឆ្នោតសកលជាលើកដំបូងឡើងវិញ ក្រោមការរៀបចំរបស់អ៊ុនតាក់ (UNTAX) ។ ចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ បាននាំនូវថវិកានៃគម្រោងចំនួន១៧០០លានដុល្លារអាម៉េរិក ខណៈជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជាមានភាពទន់ខ្សោយ។ ពេលនោះ អ៊ុនតាក់ បានចំណាយក្នុងប្រតិបត្តិការយ៉ាងច្រើនរបស់ខ្លួនដោយផ្ទាល់ជាដុល្លារអាម៉េរិក គួបផ្សំនឹងការហូរចូលនៃជំនួយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរបរទេសដែលបន្តនាំយកប្រាក់ដុល្លារមកប្រើដោយផ្ទាល់ទៀតនោះ ទើបធ្វើឱ្យកម្ពុជាបានប្រើប្រាស់ ប្រាក់ដុល្លារអាម៉េរិក យ៉ាងទូលំទូលាយរហូតដល់បច្ចុប្បន្ន។ លោក យឹម លាត ទេសាភិបាលរងនៃធនាគារជាតិ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែកក្កដា។ រូបថត៖ NBC បើតាមលោកទេសាភិបាលរងធនាគារជាតិ ការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជា បានក្លាយជាទម្លាប់មួយដែលបានចាក់ឫសយ៉ាងជ្រៅ ។ លោក យឹម លាត បន្តសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ « ទោះបីជាការរក្សាស្ថិរភាពនៃប្រាក់រៀលក្នុងចន្លោះប្រមាណ ៤ ០៥០រៀលក្នុងមួយដុល្លារ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏បានត្រឹមតែទប់ស្កាត់ ដុល្លារូបនីយកម្មមិនឱ្យកើនឡើងតទៅទៀត ប៉ុន្តែមិនទាន់អាចបន្ថយកម្រិត ដុល្លារូបនីយកម្មនៅឡើយទេ។ ត្រង់ចំណុចនេះ គឺជាមេរៀនប្រវត្តិសាស្រ្តដែលបានបង្ហាញថាការបាត់បង់ទំនុកចិត្តលើប្រាក់រៀល កើតឡើង ក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ ក្រសួង-ស្ថាប័នឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា »។ ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ យោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កាលពីឆ្នាំ២០១៧ ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ។ នៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយ នៅក្នុងជីវភាពរស់នៅ មិនថា ប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។ ការស្រាវជ្រាវថ្មីរបស់ធនាគារជាតិនៃកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងឆ្នាំ២០២៣ បានបង្ហាញថា ការចំណាយជាប្រចាំថ្ងៃរបស់កម្មករនិយោជិតនៅរោងចក្រ ដែលរួមមាន ការស្នាក់នៅថ្លៃទឹកភ្លើង ការធ្វើដំណើរ អាហារ សម្លៀកបំពាក់ និងថ្នាំសង្កូវ គឺជាប្រាក់រៀល។ ក្នុងនោះ សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត គឺមានចំនួន៩២ភាគរយ និងអ្នករស់នៅទីក្រុងមានចំនួន ៨២ភាគរយ។ ហេតុដូច្នេះ ប្រសិនទាំងអ្នកលក់ និងអ្នកទិញប្រើប្រាស់ប្រាក់រៀល តែមួយនោះ គឺអាចជួយដល់ការដោះដូរ ឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនបាច់ ពិបាកគិតគូរដល់អត្រាប្តូរប្រាក់ឡើយ។ ទោះបីយ៉ាងណាក៏ដោយ ការប្រើប្រាស់ដុល្លារអាម៉េរិកនៅបន្តមានកម្រិតខ្ពស់ បើធៀបនឹងប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត។ នេះជាការលើកឡើងរបស់លោកទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលបន្តអំពាវនាវយ៉ាងទទូចដល់គ្រប់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិ ងហិរញ្ញវត្ថុ ជាពិសេសប្រជាពលរដ្ឋ ឱ្យបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះ ការប្រើប្រាស់ប្រាក់រៀល ដើម្បីជាតិទាំងអស់គ្នា៕ អត្ថបទទាក់ទង ទស្សនៈ៖ តើការចាយប្រាក់រៀលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ? | ២ទសវត្សរ៍ហើយ ដែលធនាគារជាតិនៃកម្ពុជា ប្រឹងប្រែងរក្សានូវស្ថិរភាពតម្លៃប្រាក់រៀលឱ្យនៅចន្លោះប្រមាណ ៤ ០៥០រៀលក្នុងមួយដុល្លារ។ ប៉ុន្តែ ការប្រឹងប្រែងនេះ បានត្រឹមតែទប់ស្កាត់មិនឱ្យកម្រិតដុល្លារូបនីយកម្មបន្តកើនឡើងប៉ុណ្ណោះ ពោលមកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មបាននៅឡើយ។ ជុំវិញបញ្ហានេះ ទេសាភិបាលរងនៃធនាគារជាតិ លោក យឹម លាត បន្តអំពាវនាវដល់សាធារណជនចូលរួមប្រើប្រាស់«ប្រាក់រៀល»ឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម។ |
លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «មហិច្ឆតាក្នុងការធ្វើឱ្យពិភពលោកកាន់តែប្រសើររបស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្រ្តនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។» លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិ ដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែច្រវាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៅទីនេះ»។ ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ក្រៅពីនិរន្តរភាពបរិស្ថាន និងនិរន្តភាពសង្គម ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួម និងជម្រាបអតិថិជន និងអ្នកប្រើប្រាស់អំពីការទទួលខុសត្រូវ។ ម៉ាកយីហោ Heineken® ទូទាំងពិភពលោកចំណាយយ៉ាងហោចណាស់ ១០% នៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីជំរុញការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដោយប្រើប្រាស់ភាពល្បីល្បាញរបស់ម៉ាកយីហោក្រុមហ៊ុននេះលើការពិសាប្រកបដោយកម្រិតសមស្រប។ ក្រុមហ៊ុន Heineken® គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងប្រភេទភេសជ្ជៈគ្មានជាតិអាល់កុល ជាមួយនឹងជម្រើសគ្មានជាតិអាល់កុលចំនួន ២៤៥ ផលិតផល នៅក្នុងម៉ាកផលិតផលរបស់ខ្លួន ដែលមានវត្តមាននៅជាង ១១៤ ប្រទេស។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនគ្រោងនឹងណែនាំស្រាបៀរ Heineken® 0.0 នៅឆ្នាំនេះដែលជាជម្រើសផលិតផលគ្មានជាតិអាល់កុលដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការទទួលទានគ្រឿងស្រវឹងកម្រិតសមស្រប ឬជ្រើសរើសផលិតផលមិនមានជាតិអាល់កុលក្នុងឱកាសជាក់លាក់ណាមួយ។ សាររបស់ម៉ាកយីហោ Heineken® បានសង្កត់ធ្ងន់លើ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» តាមរយៈភាពជាដៃគូជាសកលជាមួយកម្មវិធី F1 ដែលមានអ្នកទស្សនាដល់ទៅ ១ ពាន់លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ នៅក្នុងស្រុក ម៉ាកយីហោ Anchor បានចាប់ផ្តើមយុទ្ធនាការ «ក្លើពិតដាច់ខាតមិនបណ្តោយឱ្យក្លើបើកបរនៅពេលស្រវឹង» ដែលនាំមកនូវសារការទទួលខុសត្រូវបន្ថែមទៀតដល់ប្រជាជនកម្ពុជារាប់លាននាក់។ ចំពោះការកសាងសម្ព័ន្ធភាពក្នុងតំបន់ដើម្បីតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ លោកស្រី Anne បានមានប្រសាសន៍ថា៖ «ឆ្នាំនេះ យើងបានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីលើកកម្ពស់ជម្រើសនៃការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជាការចែកលេខកូដបញ្ចុះតម្លៃជាច្រើនសម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជាមួយអ្នកបើកបរម៉ូតូកង់បីទៅលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពផងដែរ។ ទំនួលខុសត្រូវចាប់ផ្តើមពីខ្លួនយើង ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមជាមួយក្រុមហ៊ុនចែកចាយផលិតផលមានជាតិអាល់កុលចំនួន ១៤ ផ្សេងទៀតដែលជាសម្ព័ន្ធឧស្សាហកម្មនាពេលថ្មីៗនេះ បានដាក់ចេញនូវក្រមប្រតិបត្តិនៃការធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដោយទំនួលខុសត្រូវដែលកំណត់គោលការណ៍ណែនាំ និងស្តង់ដាជាមូលដ្ឋានដែលយើងជាឧស្សាហកម្មសន្យាអនុវត្តតាមក្រមប្រតិបត្តិនេះ។ យើងជំរុញឱ្យដៃគូផ្សេងទៀតនៅក្នុងឧស្សាហកម្មគ្រឿងស្រវឹងចូលរួមជាមួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងនេះដោយមានការគាំទ្រ និងការយល់ព្រមពីរដ្ឋាភិបាល។ យើងបានធ្វើទីផ្សាររបស់យើងតែចំពោះអ្នកប្រើប្រាស់ដែលមានអាយុលើសពី ១៨ ឆ្នាំតែប៉ុណ្ណោះ ហើយបន្តចូលរួមជាមួយរដ្ឋាភិបាលលើការអនុម័តដូចគ្នាទៅនឹងការកំណត់អាយុទិញស្របច្បាប់»។ ចំពោះទំនួលខុសត្រូវក៏ទាក់ទងនឹងការជម្រុញអ្នកប្រើប្រាស់ឲ្យជ្រើសរើសយកជម្រើសដែលស័ក្ដិសម ដូច្នេះរាល់ផលិតផលត្រូវបង្ហាញតម្លាភាពពេញលេញចំពោះធាតុផ្សំផលិតផល អាហារូបត្ថម្ភដែលមាននៅលើស្លាកផលិតផលទាំងអស់ និងនៅលើគេហទំព័ររបស់ក្រុមហ៊ុន។ ការជំរុញក្នុងការធ្វើអោយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិតជាលើសពីក្រុមហ៊ុនស្រាបៀរទៅទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និងចូលរួមចំណែកក្នុងការបង្កើតអនាគតនៃប្រទេសកម្ពុជាអោយកាន់តែប្រសើរ ដោយរួមគ្នាជាមួយភាគីពាក់ព័ន្ធទូទាំងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនរួមមាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។ ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែកដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត។ យើងរួមគ្នាធ្វើការឆ្ពោះទៅការធ្វើអោយប្រទេសកម្ពុជាកាន់តែប្រសើរឡើង»។ ការទទួលខុសត្រូវការផ្តល់ជូននូវជម្រើសផលិតផល ព័ត៌មានត្រូវបានបង្ហាញទៅអ្នកប្រើប្រាស់ច្បាស់លាស់ និងតម្លាភាពលើផលិតផល ១០០% ជម្រើសផលិតផលគ្មានជាតិអាល់កុលនឹងមកដល់កម្ពុជាឆាប់ៗនេះក្នុងឆ្នាំ ២០២៤ ការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដែលមិនបង្កគ្រោះថ្នាក់ ភាពជាដៃគូក្នុងស្រុកជាមួយក្រុមហ៊ុន Grab និងការផ្ញើសារប្រកបដោយការទទួលខុសត្រូវនៅលើរ៉ឺម៉ក កិច្ចខិតខំប្រឹងប្រែងក្នុងឧស្សាហកម្មរួមគ្នាដោយបើកដំណើរការក្រមប្រតិបត្តិនៃការទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដោយទំនួលខុសត្រូវ ការពិសានៅក្នុងកម្រិតសមស្រប បុគ្គលិក បានទទួលការបណ្តុះបណ្តាលលើការពិសាដោយការទទួលខុសត្រូវ ថវិកានៃប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ទូទាំងពិភពលោកចំនួន ១០% ត្រូវបានចំណាយលើការផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដែលមានអ្នកប្រើប្រាស់មួយពាន់លាននាក់នៅទូទាំងពិភពលោកទស្សនា យុទ្ធនាការក្រុមហ៊ុន Heineken® ជាសកល «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» យុទ្ធនាការស្រាបៀរអាន់ឆ័រ «ក្លើពិតដាច់ខាតមិនបណ្តោយឱ្យក្លើបើកបរនៅពេលស្រវឹង»៕ | (ភាគទី៣៖ ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ) ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងអត្ថបទជាបន្តបន្ទាប់ចំនួនបីភាគនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបង្ហាញប្រជាជនកម្ពុជាអំពីសកម្មភាពនៃនិរន្តរភាពរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃប្រតិបត្តិការដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ |
បើតាមលោកអភិបាលខេត្តបាត់ដំបង សាលារៀនទាំង៥នោះ មាន សាលាបឋមសិក្សា កែវមុន្នីពិសី , សាលាបឋមសិក្សាព្រែកត្រប់, សាលាបឋមសិក្សាវត្តកែវ សាលាបឋមសិក្សារហាល់សួងលិច និងវិទ្យាល័យឯកភ្នំ។ ចំណែកចំអនុវិទ្យាល័យអូរដំបង១ នៅស្រុកសង្កែ ក៏មានទឹកជន់លិចដែរ តែរងការប៉ះពាល់តិចតួច ដែលមិនតម្រូវឱ្យផ្អាកការបង្រៀននោះទេ។ ក្រៅពីសាលារៀន ទឹកជំនន់ពីស្ទឹងសង្កែ ក៏បានជន់លិច ផ្ទះពលរដ្ឋ នៅស្រុកឯកភ្នំ ស្រុកបាណន់ និងស្រុកសង្កែ ប្រមាណ៥០០ខ្នងដែរ។ រីឯផលដំណាំផ្សេងៗ ពិសេសដំណាំស្រូវ មានប្រមាណ៣០០ហិកតា បានរងផលប៉ះពាល់។ សាលារៀនបឋមសិក្សាព្រែកត្រប់ នៅស្រុកឯកភ្នំ លិចទឹក។ រូប ហ្វេសប៊ុកលោក សុខ លូ «ផលប៉ះពាល់ខ្លាំង គឺនៅស្រុកឯកភ្នំ ហើយតួលេខបណ្ដោះអាសន្ន មានផ្ទះប្រមាណ៥០០ខ្នង បានរងផលប៉ះពាល់មានទឹកជន់លិច ដែលក្នុងនោះក៏មានផ្ទះពលរដ្ឋក្នុងស្រុកបាណន់តិចតួចដែរ»។ លោក សុខ លូ បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា ស្ថានភាពទឹកជន់លិចនេះ នឹងមានការថមថយទៅវិញ ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុនបើគ្មានភ្លៀងធ្លាក់។ ទោះយ៉ាងណា អភិបាលខេត្តបាត់ដំបង បន្តអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹង បន្តប្រុងប្រយ័ត្ន ហើយតាមដានការជូនដំណឹងរបស់អាជ្ញាធរ។ សូមជម្រាបថា នៅថ្ងៃទី២៩ ខែកក្កដានេះ ទឹកស្ទឹងសង្កែបានហក់ឡើងដល់កម្រិតឱ្យ កម្រិត ប្រុងប្រ័ត្នខ្ពស់ គឺ ១៣,៤០ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្នគឺ ១៤,៥០ម៉ែត្រ៕ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកនៅមូលដ្ឋាននាពេលកន្លងមក។ រូបពី ហ្វេសប៊ុកលោក សុខ លូ | សាលារៀនចំនួន៥ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានផ្អាកការបង្រៀនបណ្តោះអាសន្ន ដោយសារទឹកជន់លិច។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ដូច្នេះប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី២៩ ខែកក្កដានេះ។ លោក សុខ លូ ពន្យល់បន្ថែមថា៖ «ដើម្បីការពារកូនក្មួយ កុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ សាលារៀនចំនួន៥នៅស្រុក ឯកភ្នំត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន»។ |
កីឡាការិនីហុងកុង Vivian Kong បានក្លាយជាម្ចាស់មេដាយមាសកីឡាគុនដាវ វិញ្ញាសា epee Individual តាមរយៈការយកឈ្នះកីឡាការិនីរបស់ម្ចាស់ផ្ទះបារាំង Auriane Mallo-Breton នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៨ ខែកក្កដា។ ជ័យជម្នះរបស់កីឡាការិនីវ័យ៣០ឆ្នាំ បានក្លាយជាមេដាយមាសអូឡាំពិក ប្រភេទកីឡាគុនដាវលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ចិនហុងកុង។ កីឡាការិនីហុងគ្រី Eszter Muhari ឈ្នះមេដាយសំរឹទ្ធ។ តាមរយៈការទទួលបានមេដាយមាសអូឡាំពិកលើកដំបូងរបស់ការិនីហុងកុង ប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានបង្ហាញការសារទរចំពោះ Vivian Kong ផងដែរ។ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក Wang អតីតអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ សរសេរដូច្នេះថា៖«អបអរសាទរ Man Wai Vivian Kong ដែលដណ្ដើមបានមេដាយមាសដំបូងសម្រាប់ទឹកដីហុងកុង ប្រទេសចិន ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស»។ លោក Wang វ័យ៥៣ឆ្នាំ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិនទី៣២ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាកាលពីដើមខែមិថុនា កន្លងទៅ ជំនួសលោក Wang Wentian ដែលចប់អាណត្តិ៕ | លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរកីឡាការិនីគុនដាវ Man Wai Vivian Kong ដែលដណ្ដើមបានមេដាយមាសដំបូងឱ្យហុងកុង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស។ |
ចាប់ពីឆ្នាំ២០២៦ អាម៉េរិក នឹងរៀបចំពង្រាយមីស៊ីលចម្ងាយឆ្ងាយ SM-6, មីស៊ីលប្រដេញ Tomahawk និងអាវុធមានល្បឿនលឿនជាងសំឡេង នៅអាល្លឺម៉ង់។ អាវុធទាំងនោះ សុទ្ធសឹងតែអាចវាយប្រហារដល់ដែនដីរុស្ស៊ី ដែលកំពុងតែមានសង្រ្គាមជាមួយអ៊ុយក្រែន។ បន្ទាប់ពីការប្រកាសរបស់អាម៉េរិកនៅថ្ងៃទី១០ ខែកក្កដា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានដាក់មីស៊ីលចម្ងាយឆ្ងាយដូចគ្នា នៅទីតាំងអាចវាយប្រហារដល់ប្រទេសលោកខាងលិច។ «រយៈពេលហោះនៃមីស៊ីលប្រភេទនោះ ទៅកាន់គោលដៅពីដែនដីរបស់យើងមានត្រឹម ១០នាទីប៉ុណ្ណោះ»។ ប្រមុខវិមានក្រេមឡាំង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសុន្ទរកថា ពីទីក្រុង St Petersburg ក្នុងទិវាទ័ពជើងទឹក ដោយមានការចូលរួមពីកងនាវិកចិន ឥណ្ឌា រុស្ស៊ី និងអាល់ហ្សេរី ដោយបន្ថែមថា មីស៊ីលចម្ងាយឆ្ងាយបែបនេះ អាចនឹងបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ នៅប៉ុន្មានឆ្នាំចុងក្រោយ រុស្ស៊ី បានសាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង Zircon ចេញពីនាវាមុជទឹកលើកដំបូង ដោយមីស៊ីលនោះមានល្បឿនប្រមាណ ៩០០០គីឡូម៉ែត្រក្នុងមួយម៉ោង ឬ មានល្បឿនលឿនជាងសំឡេងដល់ទៅ៩ដងឯណោះ។ អាវុធប្រភេទនេះ ក៏ធ្លាប់ត្រូវបានរុស្ស៊ីប្រើនៅក្នុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ បើតាមលោកពូទីន អាម៉េរិកជាប្រទេសបង្កើនភាពតានតឹង តាមរយៈការបំពាក់ប្រព័ន្ធមីស៊ីល Typhon នៅដាណឺម៉ាក និងហ្វីលីពីន។ ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ី បានប្រៀបធៀបផែនការរបស់ក្រុងវ៉ាស៊ីនតោន ទៅនឹងសេចក្តីសម្រេចរបស់អង្គការណាតូ ក្នុងការពង្រាយ Pershing II នៅអឺរ៉ុបខាងលិចក្នុងឆ្នាំ ១៩៧៩។ កន្លងមក លោកពូទីន បានព្រមានថា អាចចាប់ផ្តើមច្រវាក់ផលិតកម្មផលិតមីស៊ីលចម្ងាយខ្លី និងមធ្យម ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរបានឡើងវិញ បើអាម៉េរិកនាំយកមីស៊ីលប្រភេទទាំងនោះទៅដាក់នៅអឺរ៉ុប និងតំបន់អាស៊ី៕ | ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានពង្រាយមីស៊ីលចម្ងាយឆ្ងាយនៅអាល្លឺម៉ង់ រុស្ស៊ី នឹងដាក់មីស៊ីលដូចគ្នា ក្នុងទីតាំងអាចវាយប្រហារលើប្រទេសលោកខាងលិច។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានបែបនេះ នៅថ្ងៃទី២៨ ខែកក្កដា។ |
បើតាមមន្ទីរព័ត៌មានខេត្តព្រៃវែង ជនសង្ស័យទាំង៨នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។ កម្លាំងនគរបាលជំនាញស្រាវជ្រាវ ដាក់ការសង្ស័យថា មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿងជាមេក្លោងជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅក្នុងមូលដ្ឋាន។ ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យខាងលើ កម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីបន្តនីតិវិធីច្បាប់។ លុះដល់ថ្ងៃទី២៨កក្កដា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង ចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារពីបទ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕ | ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ ឃាត់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង និងគ្នីគ្នា៧ទៀត បញ្ជូនទៅសាលាដំបូងខេត្ត។ ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៣កក្កដា នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍។ |
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិដដែល ទីតាំងធ្លាក់ឧទ្ធម្ភាចក្រយោធា គឺនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោក ឈុំ សុជាត បញ្ជាក់នៅទំព័រហ្វេសប៊ុកខ្លួនដូច្នេះ៖ «ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ»។ សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងជាមួយយោធា២រូប តាំងពីថ្ងៃទី១២ ខែកក្កដា នាអំឡុងពេលហ្វឹកហ្វឺន នៅក្នុងភូមិសាស្រ្តជួរក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ និងជនរងគ្រោះ បានចាប់ផ្តើមភ្លាមៗ ដោយមានការរួមពីកងកម្លាំងពាក់ព័ន្ធ ជិត ១ ០០០នាក់៕ អត្ថបទទាក់ទង សម្តេច ហ៊ុន ម៉ាណែត៖ ទោះយូរនិងលំបាកយ៉ាងណា ត្រូវបន្តរកឱ្យឃើញទាហានដែលបាត់ខ្លួន ករណីបាត់ឧទ្ធម្ភាគចក្រ៖ ទោះគ្មានដំណឹង តែភរិយានៅតែសង្ឃឹមបានជួបជុំគ្រួសារវិញ | នៅទីបំផុត ក្រុមរុករក បានប្រទះឃើញទីតាំងធ្លាក់ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ហើយ នៅថ្ងៃទី២៩ ខែកក្កដានេះ ក្រោយការរុករកអស់រយៈពេល១៧ ថ្ងៃ។ នេះបើតាម លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។ |
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន មុនចាកចេញទៅឡាវ នៅថ្ងៃទី២៨ ខែកក្កដា លោក ចន លី ប្រមុខទីក្រុងហុងកុង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ឡាវ កម្ពុជា និងវៀតណាម គឺដើម្បីស្វែងរកការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងឱកាសធុរកិច្ចរបស់ក្រុងហុងកុង រួមទាំងការគាំទ្រចូលទៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ «ខ្ញុំនឹងជួបជាមួយមេដឹកនាំតំបន់ ដើម្បីបង្ហាញពីឱកាស និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ហុងកុង»។ លោក ចន លី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៨ ខែកក្កដា។ ទន្ទឹមនេះ ដំណើរទស្សនកិច្ចរបស់ប្រមុខក្រុងហុងកុង មានបំណងពង្រឹងទំនាក់ទំនង និងការផ្សារភ្ជាប់នៅកម្រិតរដ្ឋាភិបាល រួមទាំងការផ្តោះប្តូរគំនិតពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសទាំង៣ ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង RTHK។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃនេះ តំណាងមកពីផ្នែកពាណិជ្ជកម្ម, ឧស្សាហកម្ម, បច្ចេកវិទ្យា, ហិរញ្ញវត្ថុ និងដឹកជញ្ជូន លើសពី៣០នាក់ ក៏បានអមដំណើរជាមួយប្រមុខហុងកុងផងដែរ។ សូមបញ្ជាក់ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដោយមានប្រទេសសមាជិកចំនួន១៥ ដោយក្នុងនោះមានសមាជិកអាស៊ានទាំង១០ បូកបន្ថែមជាមួយអូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់៕ | លោក ចន លី (John Lee) ប្រធានប្រតិបត្តិក្រុងហុងកុង នៅថ្ងៃទី២៨ ខែកក្កដា បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅឡាវ កម្ពុជា និងវៀតណាម រយៈពេល ៦ថ្ងៃ ដើម្បីស្វែករកឱកាសធុរកិច្ចនៅក្នុងប្រទេសទាំង៣ និងការគាំទ្រចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។ |
អ្នកសារព័ត៌មានចំនួន១៤រូប នៅកម្ពុជាត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងគម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ រយៈពេល២៤ខែ។ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា គម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ នឹងជួយផ្ដល់ចំណេះដឹងសុខភាព បន្ថែមទៀតដល់អ្នកសារព័ត៌មាន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការផលិតព័ត៌មានពេញលេញដល់សាធារណជន។ «ខ្ញុំសូមស្វាគមន៍ចំពោះការចាប់ផ្ដើមគម្រោងផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ ។ ការបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មាន នឹងស្វែងយល់ពីភាពស្មុគស្មាញបញ្ហាសុខភាព និងបរិស្ថាន។ ហើយការសរសេរព័ត៌មានទាំងនោះក្នុងលក្ខណៈសាមញ្ញ ងាយស្រួលយល់ សម្រាប់សាធារណជន»។ នេះជាការអះអាងរបស់លោក នេត្រ ភក្រ្តា។ ជាមួយគ្នានេះ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បញ្ហាសុខភាពរបស់មនុស្សសត្វ បរិស្ថាន មានទំនាក់ទំនងនឹងគ្នា ដែលត្រូវការការចូលរួមដោះស្រាយ និងផ្សព្វផ្សាយរួមគ្នា។ ឯកអគ្គរដ្ឋទូតរូបនេះ បានប្ដេជ្ញាថា ប្រទេសបារាំង នឹងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងការអនុវត្តន៍គោលការណ៍ប្រព័ន្ធសុខភាពតែមួយឲ្យកាន់តែល្អប្រសើរ៕ | ទូរទស្សន៍បារាំង CFI បានចាប់ផ្ដើមគម្រោង «ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ» នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៤។ គម្រោងនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនចំណេះដឹងដល់ប្រព័ន្ធផ្សព្វផ្សាយពីសុខភាពតែមួយ បង្កើនសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយលើការរាយការណ៍ទាក់ទងនឹងសុខភាព និងគាំទ្រការផលិត និងការផ្សព្វផ្សាយមាតិកា ពាក់ព័ន្ធនឹងគោលកាណ៍សុខភាពតែមួយ។ |
ហត្ថា អ៊ីនធឺណិតប៊ែងឃីង ផ្តល់នូវលក្ខណៈពិសេសយ៉ាងទូលំទូលាយ ដើម្បីបំពេញតាមតម្រូវការ ដែលមានការវិវត្តឥតឈប់ឈររបស់អតិថិជន។ ជាមួយនឹងថ្នាលឌីជីថលនេះ អ្នកប្រើប្រាស់ អាចគ្រប់គ្រងបញ្ជីប្រាក់បៀវត្សរ៍ ផ្ទេរប្រាក់ក្នុងប្រទេស និងការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ SWIFT ដោយមិនអស់កម្រៃសេវា ទទួលបានសៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ និងផលប្រយោជន៍ជាច្រើនទៀត ដែលអាចធ្វើប្រតិបត្តិការនៅនឹងកន្លែង ឬក៏នៅពេលធ្វើដំណើរក៏បាន។ សម្រាប់ផលិតផលថ្មីនេះ មានការរចនាឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់ និងធ្វើប្រតិបត្តិការ ធនាគារប្រកបដោយប្រសិទ្ធភាព។ ចំណុចពិសេសជាងនេះ ទៅទៀតនោះគឺហត្ថា អ៊ីនធឺណិតប៊ែងឃីង មានសុវត្ថិភាពខ្ពស់ជាមួយការផ្ទៀងផ្ទាត់ប្រតិបត្តិការ Two-Factor Authentication (2FA) ការពារព័ត៌មានសម្ងាត់ និងព័ត៌មានប្រតិបត្តិការនានា ដោយផ្តល់ឱ្យអតិថិជននូវសុវត្ថិភាពខ្ពស់។ បន្ថែមពីលើនេះទៀត ដើម្បីអបអរសាទរការបើកដំណើរការហត្ថា អ៊ីនធឺណិតប៊ែងឃីង ធនាគារហត្ថា កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អតិថិជន ដែលបានចុះឈ្មោះ និងប្រើប្រាស់សេវាឌីជីថលនេះ។ ការផ្តល់ជូនពិសេសទាំងនេះរួមមានការមិនយកកម្រៃ លើការចុះឈ្មោះប្រើប្រាស់ សេវាបើកប្រាក់បៀវត្សរ៍ លេខគណនីពិសេស ផ្ទេរប្រាក់តាមរយៈប្រព័ន្ធ SWIFT និងការឥតគិតថ្លៃប្រចាំឆ្នាំ សម្រាប់ប័ណ្ណហត្ថាវីសា សម្រាប់និយោជិតក្រុមហ៊ុនទាំងអស់។ ការដាក់ឱ្យដំណើរការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារហត្ថា ក្នុងការបន្តការងារនវានុវត្ត និងលើកកម្ពស់សេវាធនាគារឌីជីថល ដើម្បីបំពេញតាមតម្រូវការ ដែលមានការវិវត្តទៅមុខ របស់អតិថិជនរបស់ធនាគារ ហត្ថា ដែលបង្កើតឡើងនូវព្រឹត្តិការណ៍ដ៏សំខាន់ ឆ្ពោះទៅសម្រេចឱ្យបាននូវបទពិសោធឌីជីថល និងបទពិសោធអតិថិជន កាន់តែសម្បូរបែប និងល្អប្រសើរ។ អំពីធនាគារហត្ថា ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជ ធំជាងគេលំដាប់ទី៤ ដោយផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រ នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។ សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័ន មានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះ សបញ្ជាក់ឱ្យឃើញថា ធនាគារហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួន ប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេ នៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ធនាគារក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕ | ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ធនាគារ ហត្ថា បានប្រកាសបើកដំណើរការជាផ្លូវការ ហត្ថា អ៊ីនធឺណិតប៊ែងឃីង។ ថ្នាលឌីជីថលដ៏ទំនើបនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធប្រតិបត្តិការធនាគារ តាមអ៊ីនធឺណិតប្រកបដោយភាពរលូន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យអតិថិជន អាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន យ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង។ |
កាលពីថ្ងៃទី២៨ ខែកក្កដា ការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង ត្រូវបានលុបចោល ក្រោយអ្នករៀបចំការប្រកួត បានធ្វើតេស្តកម្រិតគុណភាពទឹកទន្លេសែន (Seine) រកឃើញភាពកខ្វក់ និងមានគុណភាពទាបជាងកម្រិត ដែលត្រូវអនុញ្ញាតឱ្យអត្តពលិកហែលបាន។ សម្រាប់ការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង ការហ្វឹកហាត់ហែលទឹកតែមួយមុខប៉ុណ្ណោះដែលត្រូវបានលុបចោល ប៉ុន្តែការហ្វឹកហាត់រត់ និងជិះកង់ ដែលជាសកម្មភាពក្នុងកីឡាទ្រីយ៉ាងត្លុង មិនមានការរំខានអ្វីឡើយ។ អ្នករៀបចំការប្រកួត Paris 2024 បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖«បើតាមរយៈការព្យាករណ៍អាកាសធាតុក្នុងពេល ៣៦ម៉ោងបន្ទាប់ខាងមុខ។ អ្នករៀបចំការប្រកួត និងស្ថាប័នកីឡាទ្រីយ៉ាត្លុងពិភពលោក ជឿជាក់ថាគុណភាពទឹកនិងវិលត្រឡប់មកធ្លាក់ទៅកាន់កម្រិតទាប ក្រោមកម្រិតដែលបានកំណត់ មុនពេលដែលការប្រកួតកីឡាទ្រីយ៉ាត្លុង ចាប់ផ្តើមការប្រកួតនៅថ្ងៃទី៣០ ខែកក្កដា។»។ កន្លងមក បញ្ហាគុណភាពទឹកទន្លេសែន ធ្លាប់បង្កឡើងជារឿយៗ ដោយក្រុមអ្នករៀបចំការប្រកួត រួមទាំងរដ្ឋបាលក្រុងប៉ារីស តែងព្យាយាមរកវិធីដោះស្រាយ រហូតទាល់តែព្រឹត្តិការណ៍បានចាប់ផ្តើមជាផ្លូវការ។ ភាគច្រើននៃបញ្ហាគុណភាពទឹកទន្លេសែន បង្កឡើងពីការបំពុលទឹក ដោយការបង្ហូរទឹកលូ ក៏ដូចជាបញ្ហាអាកាសធាតុភ្លៀងធ្លាក់ខ្លាំងហូរ ចូលមកកាន់ផ្ទៃទន្លេសែន៕ | អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស បានលុបចោលការហ្វឹកហាត់លើប្រភេទកីឡាទ្រីយ៉ាត្លុង នៅតាមដងទន្លេសែន (Seine) ជាលើកទី២ នៅត្រឹមថ្ងៃទី២៩ ខែកក្កដា ក្រោយពេលបញ្ហាទឹកកខ្វក់ និងការបំពុលកើនឡើង បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ។ |
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៩ ខែកក្កដា លោក លឹម ហេង បានលើកឡើងថា «ព្រែកជីកហ្វូណន» មានសក្ដានុពល ទាំងផ្នែកដឹកជញ្ជូនតាមផ្លូវទឹក និងតំបន់អមសងខាង ដែលអាចបង្កើតជាឧស្សាហកម្ម និងដាំដុះដំណាំផ្សេងៗបាន។ ក្រៅពីភូមិសាស្រ្តនេះ កម្ពុជានៅមានផ្ទៃដីធំទូលាយ អាកាសធាតុអំណោយផល ជាពិសេសមានស្ថិរភាពផ្នែកនយោបាយ និងកំណើនសេដ្ឋកិច្ច។ ទន្ទឹមនោះ រដ្ឋាភិបាលកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ ព្រមទាំងបណ្ដាប្រទេសផ្សេងទៀតនៅពិភពលោក ស្របពេលកម្ពុជា នៅមានប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញសព្វមុខលើកលែងតែអាវុធ។ ទាំងអស់នេះ នឹងរួមចំណែកទាក់ទាញ ឱ្យមានការវិនិយោគលើវិស័យកសិកម្មកាន់ច្រើន។ បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បច្ចុប្បន្ន អ្នករកស៊ីផ្នែកអចលនទ្រព្យ ឬអ្នកមានប្រាក់មួយចំនួន ចាប់ផ្ដើមងាកមកវិនិយោគលើវិស័យមួយនេះជាបណ្ដើរៗហើយ។ លោក លឹម ហេង បន្ថែមដូច្នេះថា៖«សព្វថ្ងៃនេះ វិស័យអចលនទ្រព្យហាកនៅទ្រឹង ដូច្នេះអ្នករកស៊ីផ្នែកអចលនទ្រព្យមួយចំនួន ជាពិសេស អ្នកមានប្រាក់ គាត់បានងាកមកធ្វើកសិកម្មបណ្ដើរ ៗហើយ។ ទៅមុខទៀត បើយើងមានប្រព័ន្ធទឹក ភ្លើង ផ្លូវ និងការគាំពារពីរដ្ឋាភិបាល នឹងធ្វើ ឱ្យអ្នកមានប្រាក់ទាំងក្នុងស្រុក និងបរទេស ចាប់ខ្លាំងក្នុងការវិនិយោគវិស័យកសិកម្ម ស្រប ពេលយើងមានទីផ្សារ និងសកលលោកកំពុងមានតម្រូវការផងនោះទេ»។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពណិជ្ជកម្មកម្ពុជា បច្ចុប្បន្ន កម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើនទៅបរទេស។ បើសិនមានព្រែកជីក ហ្វូណនទៀតវានឹងជំរុញកំណើនការនាំចេញទំនិញ ពីក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងកាត់បន្ថយថ្លៃដឹកជញ្ជូន ឱ្យមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង។ នេះ ជាការលើកឡើងរបស់ លោក លឹម ហេង ដោយលោកបន្ថែមថា៖«សព្វថ្ងៃយើងកំពុងតែនាំ ចេញផលិតផលកសិកម្មជាច្រើន ហើយបើសិនមានព្រែកជីកទៀត វានឹងជួយជំរុញសង ខាងមាត់ព្រែក ក៏ដូចការដឹកជញ្ជូន ពីក្នុងស្រុក ទៅអន្តរជាតិបន្ថែមទៀត»។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី១ ឆ្នាំ ២០២៤នេះ កម្ពុជាបាននាំចេញកសិផលកសិកម្មប្រមាណ ៦លានតោន ទៅកាន់ ៧៧ ប្រ ទេស។ ទំហំណេះ កើនឡើង៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ដែលមានតែជិត៤លានតោនប៉ុណ្ណោះ។ កសិផលដែលបានរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចខ្លាំងជាងគេ រួមមានផលិតផលស្រូវ ដំឡូងមី ស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀនស្រស់ ផ្លែស្វាយស្រស់ និង ម្រេច។ ប្រទេសដែលបញ្ជាទិញផលិតផលកសិកម្មក្នុងបរិមាណច្រើន រួមមានវៀតណាម ថៃ ចិន និងកូរ៉េ។ ព្រែកជីកហ្វូណន នឹងបើកដំណើរការដ្ឋានសាងសង់នៅថ្ងៃទី៥ សីហាខាងមុខ។ ព្រែកជីកថ្មីនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះ ចំណាយថវិកា ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់រយៈពេល៤ឆ្នាំ។ ព្រែកជីកហ្វូណនតេជោ នឹងឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជាការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ,ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា, ការបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែ ស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕ | វិនិយោគិនក្នុងស្រុក ពិសេសអ្នករកស៊ីវិស័យអចលនទ្រព្យ ចាប់ផ្ដើមងាកមក បណ្ដាក់ទុន លើវិស័យកសិកម្មជាបណ្ដើរៗហើយ ខណៈ«គម្រោងព្រែកជីកហ្វូណន» នឹងត្រូវបើកការដ្ឋានសាងសង់នៅប៉ុន្មានថ្ងៃទៀតនេះ។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បញ្ជាក់ដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ។ បើតាមលោក លឹម ហេង វត្តមានព្រែកជីក នេះ ធ្វើឱ្យអ្នកវិនិយោគ សម្លឹងឃើញពីសក្ដានុពលផ្នែកជញ្ជូនផ្លូវទឹក និងតំបន់អមសងខាង ព្រែក។ |
អត្ថបទទាក់ទង លោកអូបាម៉ា និងភរិយា គាំទ្រលោកស្រីហារីស ជាប្រធានាធិបតីអាម៉េរិក បន្ទាប់ពីការដកខ្លួនរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ចេញពីបេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស បានក្លាយជាបេក្ខជនប្រធានាធិបតីនាំមុខមួយរបស់បក្ស និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកបក្សសំខាន់ៗ។ ក្រោយការដកខ្លួនរបស់លោក បៃឌិន បានមួយសប្តាហ៍ យុទ្ធនាការបោះឆ្នោតលោកស្រី ហារីស អាចប្រមូលថវិកាបានរហូតដល់ ២០០លានដុល្លារឯណោះ។ «នៅក្នុងសប្តាហ៍នេះ ចាប់តាំងពីយើងផ្តើម លោកស្រី កាម៉ាឡា ហារីស បានកើនដល់ ២០០លានដុល្លារ ដោយ៦៦ភាគរយ បានពីម្ចាស់ជំនួយថ្មី»។ លោក Rob Flaherty អ្នកគ្រប់គ្រងរងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី ហារីស ដែលកាន់តំណែងជាអនុប្រធានាធិបតីផងនោះ។ បន្ថែមពីនេះ មនុស្សប្រមាណ ១៧ម៉ឺននាក់ បានចុះឈ្មោះស្ម័គ្រចិត្ត សម្រាប់យុទ្ធនាការរកសំឡេងគាំទ្ររបស់លោកស្រីហារីសផងដែរ។ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ រកប្រាក់បានប្រមាណ ៣៣១លានដុល្លារ ពោលគឺលើសបក្សប្រជាធិបតេយ្យដែលមានត្រឹម ២៦៤លានដុល្លារប៉ុណ្ណោះ។ ចំណែកថវិកានៅក្នុងដៃ បក្សសាធារណរដ្ឋមានចំនួន ២៨៤,៩លានដុល្លារ និងបក្សប្រជាធិបតេយ្យមានចំនួន ២៤០លានដុល្លារ នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤។ ទោះក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សដោយឥតព្រាងទុក តែលោកហារីស ទទួលបានសំឡេងគាំទ្រមិនចាញ់លោក ត្រាំ។ តាមការស្រង់មតិរបស់ Reuters/Ipsos សំឡេងគាំទ្ររបស់លោក ត្រាំ និងលោកស្រី ហារីស មានភាពប្រកៀកប្រកិតគ្នា ខណៈយុទ្ធនាការរកសំឡេងគាំទ្រ នៅសល់ពេលជាច្រើនថ្ងៃ រហូតដល់ខែវិច្ឆិកាឯណោះ។ ក្នុងការស្រង់មតិនេះ លោក ត្រាំ បាននាំមុខ លោកស្រី ហារីស ត្រឹម ២ពិន្ទុប៉ុណ្ណោះ។ កន្លងមក អនុប្រធានាធិបតីអាម៉េរិករូបនេះ បានទទួលការគាំទ្ររួចហើយពីលោកចូ បៃឌិន, លោកស្រី ណាន់ស៊ី ផេឡូស៊ី អតីតប្រធានរដ្ឋសភាអាម៉េរិក, លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា, លោក Hakeem Jeffries មេដឹកនាំសំឡេងភាគតិចក្នុងរដ្ឋសភា, លោក Bill Clinton អតីតប្រធានាធិបតីអាម៉េរិក, លោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក, លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី និងភរិយា៕ | ត្រឹមរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ចូ បៃឌិន ដកខ្លួនចេញពីការបោះឆ្នោតនៅអាណត្តិទីពីរ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក បានកៀរគរប្រាក់បានរហូតដល់ ២០០លានដុល្លារឯណោះ។ យ៉ាងណាមិញ ចំនួននេះ គឺទាបជាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ដែលមានលើសពី ៣០០លានដុល្លារ។ |
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា គម្រោង «ដីឡូត៍ ស្កាយ ហ្គាឡាក់ស៊ី» របស់ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៊ិនវេសម៉ិន, គម្រោង «ដីឡូត៍ ទីក្រុងមាស» នៅខេត្តព្រៃវែង និងគម្រោង «ដីឡូត៍ សំបួរមាស» នៅខេត្តកណ្ដាល បានធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ។ ក្រៅពីបង្ហាញឈ្មោះក្រុមហ៊ុន និងគម្រោងដីឡូតិ៍ខុសច្បាប់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានក្រើនរំឭកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការចូលរួមធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអភិវឌ្ឍខាងលើ ដែលអាចធ្វើឱ្យខាតបង់ប្រយោជន៍ជាដើម។ សូមបញ្ជាក់ថា កាលពីដើមខែកក្កដា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានបង្ហាញឈ្មោះគម្រោងខុនដូ និងក្រុមហ៊ុនអចលនវត្ថុចំនួន៥ ដែលកំពុងធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណផងដែរ៕ អត្ថបទទាក់ទង សូមប្រយ័ត្ន! គម្រោងខុនដូរ និងក្រុមហ៊ុនអចលនវត្ថុចំនួន៥ កំពុងធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណ | ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានរកឃើញក្រុមហ៊ុន/គម្រោង ចំនួន៣ ទៀត ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ។ បើតាមសេចក្តីជូនដំណឹងរបស់ ន.អ.ប ចុះថ្ងៃទី២៣ ខែកក្កដា ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍទាំងនោះ មាន២គម្រោងស្ថិតនៅខេត្តព្រៃវែង ខណៈមួយគម្រោងទៀត ស្ថិតនៅខេត្តកណ្ដាល។ |
ស្របពេលសេដ្ឋកិច្ចងើបឡើងវិញ ក្រុមហ៊ុន Sabeco ផលិតស្រាបៀរ Saigon របស់វៀតណាម បានរកប្រាក់ចំណូលប្រមាណ ៦០២លានដុល្លារនៅត្រឹម៦ខែដំបូង នៃឆ្នាំ២០២៤។ ចំណូលនៃការលក់នេះ គឺកើនឡើងប្រមាណ ៥ភាគរយ បើធៀបនឹងរយៈពេលដដែលនៅឆ្នាំមុខ។ បើគិតទំហំការលក់ក្នុងមួយថ្ងៃៗ ក្រុមហ៊ុនវៀតណាមមួយនេះ អាចរកបានរហូតដល់ជាង ៥១ម៉ឺនដុល្លារ។ នៅពេលចំណូលនៃការលក់រកបានច្រើន ប្រាក់ចំណេញរបស់ក្រុមហ៊ុនក៏កើនឡើងទៅតាមនោះដែរ។ តាមរបាយការណ៍របស់ក្រុមហ៊ុន ប្រាក់ចំណេញ ដែលមានគឺកើន ៦ភាគរយ ដោយមានទំហំ ៩០,៨៥លានដុល្លារ នៅ ៦ខែដំបូង នៃឆ្នាំ២០២៤។ ការរកប្រាក់ចំណេញបានដ៏ច្រើនសន្ធឹកបែបនេះ គឺដោយសារតែក្រុមហ៊ុនស្រាបៀរវៀតណាម បានកាត់បន្ថយចំណាយលើការលក់ជាច្រើន ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការបញ្ចុះតម្លៃសម្រាប់បុគ្គលិក។ ការកាត់បន្ថយនេះ មានទំហំដល់ ៦៨លានដុល្លារឯណោះ។ បើតាមក្រុមហ៊ុនផលិតស្រាបៀរSaigon ទោះចំណូលកើនឡើង ក្រុមហ៊ុនខ្លួននៅតែគោរពតាមគោលនយោបាយគ្រប់គ្រងកម្រិតជាតិអាកុល ស្របពេលការប្រកួតប្រជែង មានការកើនឡើងខ្លាំង។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនSabeco បានដាក់គោលដៅរកចំណូលឱ្យបាន ១,៣ពាន់លានដុល្លារ និងប្រាក់ចំណេញជិត ១៨១លានដុល្លារ ពោលគឺកើនឡើង១៣ភាគរយ និង៨ភាគរយ រៀងៗខ្លួន៕ | ក្រុមហ៊ុនSabeco ដែលជាក្រុមហ៊ុនផលិតស្រាបៀរSaigon បានកើបប្រាក់ចំណេញដល់ ៩០,៨៥លានដុល្លារ (២,៣ទ្រីលានដុង) ពោលគឺកើនឡើង ៦ភាគរយ បើធៀបនឹងរយៈពេលដដែលនៅក្នុងឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ ក្រុមហ៊ុនមួយនេះ បានដាក់គោលដៅរកប្រាក់ចំណេញឱ្យបានជិត ១៨១លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី២៨ ខែកក្កដា។ |
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៦-២៨ខែកក្កដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។ ដំណើរទស្សននេះ ក៏ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃមកនេះ លោក ជា វ៉ាន់ដេត បានផ្តល់នូវកុំព្យូរទ័រចំនួន៣០០ គ្រឿង ដល់ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផងដែរ។ ជាមួយគ្នានេះ ក្រសួងកំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ភាគីឡាវ (verify.gov.la) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍។ ការណ៍នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រទេសឡាវសម្រេចយកថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ពីកម្ពុជាទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួនដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈដល់ប្រជaពលរដ្ឋ។ ការសម្រេចនេះ ត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីបរិវត្តកម្មឌីជីថល ដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជាមួយលោក Boviengkham VONGDARA រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍ ប្រទេសឡាវ ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ជំនួបភាគីរវាងក្រសួងប្រៃណីយ៍កម្ពូជា និងក្រសួងប្រៃសណីយ៍ឡាវ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី២៨ ខែកក្កដា។ រូបថត៖ ក្រសួងប្រៃសណីយ៍ អត្ថបទទាក់ទង ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឈ្នះពាន ASEAN Digital Awards ឆ្នាំ២០២៤ ឡាវ ជាប្រទេសដំបូង ដែលនឹងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា។ លោក ជា សេរីវឌ្ឍ ដែលជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលរបស់ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា ការនាំចេញនូវថ្នាលនេះ គឺជាការកសាងនូវទំនុកចិត្ត និងពង្រីកសេវាឌីជីថលឱ្យកាន់តែទូលំទូលាយក្នុងក្របខណ្ឌក្រសួង-ស្ថាប័នទូទាំងប្រទេសកម្ពុជារួមទាំងប្រទេសក្នុងតំបន់។ បច្ចុប្បន្ននៅកម្ពុជា verify.gov.kh បានដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន ដោយមានMoUជាមួយក្រសួង-ស្ថាប័ន និងកិច្ចព្រមព្រៀងជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សាមានប្រមាណ៤០ហើយ។ ថ្នាលនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ផ្ទាល់តែម្តង។ ក្នុងកិច្ចពិភាក្សាស្តីពីគោលនយោបាយពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលកម្ពុជា នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក ជា សេរីវឌ្ឍ បានលើកឡើងថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងរួមចំណែកក្នុងការអនុវត្តក្របខណ្ឌឌីជីថលនីយកម្មរបស់អាស៊ានដែលប្រទេសទាំងអស់ក្នុងតំបន់អាចប្រើប្រាស់រួមគ្នាបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ផ្តល់សេវាសាធារណៈទៅឱ្យប្រជាពលរដ្ឋក្នុងតំបន់។ « ថ្នាលនេះ យើងអាចប្រើប្រាស់បាននៅទូទាំងអាស៊ាន ដែលអាចធ្វើឱ្យការទំនាក់ទំនងឆ្លងដែនក្នុងតំបន់របស់យើងមានភាពងាយស្រួល និងសន្សំថវិកាបានច្រើន »។ លោក ជា សេរីវឌ្ឍ បាននិយាយបែបនេះ ដោយសង្ឃឹមថា គ្រប់ប្រទេសនៅក្នុងតំបន់អាស៊ាននឹងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov ដែលជាប្រព័ន្ធមួយរួមបង្កើតឡើងដោយកម្ពុជា។ ឧទាហរណ៍ ដូចជា Verify.gov.la (សម្រាប់ប្រទេសឡាវ)និង Verify.gov.sg (សម្រាប់សិង្ហបុរី)... ជាដើម។ លោកអគ្គលេខាធិការគណៈកម្មាធិការដ្ឋានរដ្ឋាភិបាលឌីជីថលបានបញ្ជាក់ថា៖ « យើងបង្កើតថ្នាលនេះឡើង ក្នុងគោលដៅធ្វើយ៉ាងណាអាចផ្ទៀងផ្ទាត់ឯកសារនៅគ្រប់ប្រទេសទាំងអស់ក្នុងតំបន់បានដោយមិនចាំបាច់ឆ្លងកាត់ការបោះត្រាអ្វីច្រើនឡើយ។ មានន័យថា បើយើងមានឯកសារវិញ្ញបនបត្រមួយចេញពីកម្ពុជា គ្រាន់តែស្កេនQR Code តាម verify.gov.kh គឺយើងអាចប្រើប្រាស់ជាសារឯកពិតប្រាកដមួយបានហើយ»។ លោក ជា វ៉ាត់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ប្រគល់អំណោយកុំព្យូទ័រចំនួន៣០០គ្រឿង ដល់រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ប្រទេសឡាវ នៃការរៀបចំថ្នាល់ផ្ទៀងផ្ទាត់ឯកសារផ្ទាត់ឯកសារ verify.gov. សម្រាប់ប្រទេសឡាវ។ រូបថត៖ ក្រសួងប្រៃសណីយ៍ verify.gov.kh នេះ មិនប្រើប្រាស់សម្រាប់តែវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប្រើប្រាស់សម្រាប់ការស្នើសុំនូវឯកសារធ្វើពាណិជ្ជកម្មបាន ផងដែរ ហើយកម្ពុជា គឺបើកចំហដល់ប្រទេសក្នុងតំបន់ដែលចង់ប្រើប្រាស់នូវថ្នាលឌីជីថលមួយនេះ។ លោក ជា សេរីវឌ្ឍ បានអះអាងយ៉ាងដូច្នេះ ៖ «គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលយើងសន្យាថា ក្នុងរយៈពេល៩ខែ គឺយើងអាចឱ្យប្រទេសនោះប្រើប្រាស់នូវថ្នាល Verify.gov នេះបាន។ នេះជាការរួមចំណែករបស់យើងដល់អាស៊ាន»។ verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការនានាបានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសអ្វីឡើយ។ ថ្នាលនេះ បានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែកុម្ភៈ។ នេះជាលើក ទីមួយ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន។ កន្លងមក, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីប្រៃសណីយ៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលធ្លាប់គូសបញ្ជាក់ថា៖ «សមិទ្ធផលនេះ មានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែជាការទទួលស្គាល់នូវជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិ»។ ក្រៅពីការរៀបចំថ្នាលផ្ទៀងផ្ទាត់ឯកសារសម្រាប់ប្រទេសឡាវ (verify.gov.la) ក្រសួងប្រៃសណីយក៏សម្រេចផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន៥កន្លែង និងថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រវាងក្រសួងទាំងពីរ ផងដែរ៕ | ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ប្រទេសឡាវ (verify.gov.la) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍។ ការសិក្សានេះ បានធ្វើឡើងបន្ទាប់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីបរិវត្តកម្មឌីជីថល នៅរាជធានីភ្នំពេញ កាលពីខែមីនា។ |
កីឡាការិនី Ban Hyo Jin ក្រោយរកបានមេដាយមាសបន្ថែមទី៤ សម្រាប់ក្រុមកូរ៉េខាងត្បូង នាងក៏បានក្លាយជាកីឡាការិនីកូរ៉េខាងត្បូង វ័យក្មេងបំផុតដែលឈ្នះមេដាយមាស វិញ្ញាសាបាញ់កាំភ្លើងនៅត្រឹមវ័យ ១៦ឆ្នាំ ថែមទៀតផង។ កីឡាការិនីវ័យ ១៦ឆ្នាំ បានផ្តួលកីឡាការិនីមកពីប្រទេសចិន Huang Yuting នៅការប្រកួតស្វែងរកលទ្ធផលសម្រេចចុងក្រោយ ដោយពិន្ទុ ១០,៤ពិន្ទុ ទល់នឹង ១០,៣ពិន្ទុ។ កាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទាំងកីឡាការិនី Hyo Jin និង កីឡាការិនី Yuting រកបានកំណត់ត្រាពិន្ទុ ២៥១,៨ ដូចគ្នា នៅការប្រកួតដែលធ្វើឡើងស្ថិតក្នុងទីលានមជ្ឍមណ្ឌលបាញ់កាំភ្លើង Chateauroux Shooting Centre។ រូបភាពពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhab ការឈ្នះមេដាយមាសរបស់ Hyo Jin ក្លាយជាមេដាយទី៧ ដែលក្រុមកូរ៉េខាងត្បូងរកបាន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ហើយក៏ជាមេដាយមាសកំណត់ត្រាទី១០០ សម្រាប់កូរ៉េខាងត្បូង ស្ថិតក្នុងការប្រកួតកីឡាអូឡាំពិកទាំងមូលផងដែរ។ គិតមកត្រឹមថ្ងៃទី២៩ ខែកក្កដា កូរ៉េខាងត្បូង រកបានមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ១។ មេដាយមាសដំបូងបានពីប្រភេទកីឡាគុនដាវ (Fencing ) បន្ទាប់មកកីឡាបាញ់កាំភ្លើង (Shooting) រកបានមេដាយមាស ១ និងប្រាក់២ និងមេដាយមាស១បន្ថែមរកបានដោយកីឡាការិនី Hyo Jin រួមទាំងកីឡាបាញ់ព្រួញ (Archery) រកបានមេដាយមាស១ និងមេដាយសំរិទ្ធិ១ លើប្រភេទកីឡាហែលទឹក៕ | កីឡាការិនី Ban Hyo Jin រកបានមេដាយមាសបន្ថែមទី៤ សម្រាប់កូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ពីប្រភេទកីឡាបាញ់កាំភ្លើង (Shooting) វិញ្ញាសា 10-Meter air rifle ផ្នែកនារី នៅថ្ងៃទី២៩ ខែកក្កដា។ ចំណោមមេដាយទាំង៧ កូរ៉េខាងត្បូងរកបានមេដាយមាស២ និងប្រាក់២ ពីប្រភេទកីឡាបាញ់កាំភ្លើងនេះ។ |
ក្រៅពីចង់មានចំណមេត្រីភាពជាមួយខេត្តសេប៊ូ អភិបាលខេត្តសៀមរាប ក៏ចង់ឃើញក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់ហ្វីលីពីន មកវិនិយោគនៅក្នុងខេត្តសៀមរាបផ្ទាល់ផងដែរ។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប ។ ខេត្តCebu ជាខេត្តមានសក្ដានុពលនាំមុខផ្នែកទេសចរណ៍របស់ហ្វីលីពីន រួមនឹងការរីកចម្រើនលើវិស័យម្ហូបអាហារ ភេសជ្ជៈ និងក្រុមហ៊ុនវិនិយោគផ្សេងៗ ដែលអាចមកវិនិយោគនៅខេត្តសៀមរាបផ្ទាល់»។ លោក ប្រាក់ សោភ័ណ បញ្ជាក់ដូច្នេះ។ នៅក្នុងជំនួបនេះ លោកស្រី Flerida Ann Camille p. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានបង្ហាញបំណងភ្ជាប់ការហោះហើរត្រង់ ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាប ឡើងវិញក្នុងពេលឆាប់ៗ។ ជំនួបរវាង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោកស្រី Flerida Ann Camille p ភាគីទាំង២ ក៏បានឯកភាពគ្នា បន្តចូលរួម ក្នុងកិច្ចសហប្រតិបត្តិការជំរុញក្នុងវិស័យទេសចរណ៍ វិនិយោគ និងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តសេប៊ូ ឱ្យចេញជាលទ្ធផលផ្លែផ្កា ដែលនឹងផ្តល់ប្រយោជន៍ផ្ទាល់ដល់ប្រជាជនខេត្តទាំងពីរ។ ជុំវិញការភ្ជាប់ជើងហោះហើរត្រង់ សេប៊ូ-សៀមរាបនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ក៏បានសន្យាពន្លឿនការងារនេះ នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាជំនួបសម្តែងការគួរសម កាលពីថ្ងៃទី១៦ ខែកក្កដាផងដែរ។ រូបភាពពីគេហទំព័រ Cebu Pacific។ ក្រៅពីវិស័យទេសចរណ៍ លោកស្រី Flerida Ann Camille P. Mayo ក៏អះអាងដែរថា ហ្វីលីពីន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈការជំរុញទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម វិស័យអប់រំ និងវិស័យសំណង់ជាដើម ។ អត្ថបទទាក់ទង ហ្វីលីពីន នឹងភ្ជាប់ជើងហោះហើរត្រង់ សេប៊ូ-សៀមរាប ឡើងវិញ មួយថ្ងៃៗមានជើងហោះហើរយ៉ាងតិច១៤ជើង មកកាន់ព្រលានយន្តហោះសៀមរាប គួរជម្រាបផងដែរថា ក្នុងមួយថ្ងៃៗ មានជើងហោះហើរត្រង់ចូលកាន់ព្រលានយន្តហោះ ខេត្តសៀមរាប ចន្លោះពី១៤ ទៅ១៩ ជើង ដូចជាពីក្រុងបាងកក, ក្រុងហូជីមិញ, ក្រុងហាណូយ, ដាណាង, គូរឡាឡាំពួរ, សិង្ហបុរី និងជើងហោះហើរក្នុងស្រុក មានពីរាជធានីភ្នំពេញ និងព្រះសីហនុ។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍ កាលពីដើមខែកក្កដា ឆ្នាំ២០២៤កន្លងទៅ៕ | លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្នើឱ្យហ្វីលីពីន ភ្ជាប់ទំនាក់ទំនង សម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប ជាមួយខេត្តសេប៊ូ(CEBU) ដែលមានសក្តានុពលទេសចរណ៍ និងវិស័យម្ហូបអាហារ-ភេសជ្ជៈ របស់ហ្វីលីពីន។ សំណើនេះ ធ្វើឡើងនាជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងអភិបាលខេត្តសៀមរាប និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី និងលោក សុខុម សំអុល នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដូចខាងក្រោម៖ ប្រធានបទចំនួន១៥ នឹងត្រូវយកមកជជែក ពិភាក្សា ជាភាសាអង់គ្លេសក្នុងកម្មវិធី «រតនសម្បត្តិនៃខេត្តសៀមរាប» ដែលនឹងប្រព្រឹត្តិឡើងនៅសណ្ឋាគារ Memoire Palace Resort ក្រុងសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ខាងមុននេះ។ កិច្ចសម្ភាសរវាង លោក ស៊ុល រ៉វី (ឆ្វេង) និងលោក សុខុម សំអុល នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍សៀមរាប លោក សុខុម សំអុល បញ្ជាក់ថាប្រធានបទទាំង១៥ ក្នុងព្រឹត្តិការណ៍ខាងលើនេះ នឹងផ្ដោតលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនា «រដូវបៃតង», ផលិតផលទេសចរណ៍សក្ដានុពលក្នុងខេត្តសៀមរាប, ម្ហូបអាហារ ប្រពៃណី ទំនៀមទម្លាប់ អ្នកអង្គរ, សិប្បកម្មប្រពៃណី, អាជីវកម្មបរទេសលើទឹកដីអង្គរជាដើម។ កម្មវិធី«រតនសម្បត្តិនៃខេត្តសៀមរាប» ជាវេទិកាមួយ ដែលអាចឱ្យសាធារណជនទាំងទេសចរបរទេស និងជាតិ បើស្គាល់បន្ថែមពីផលិតផលទេសចរណ៍ និងសម្បត្តិទេសចរណ៍ ដែលមិនសូវបានស្គាល់ និងបានដឹងកន្លែងមក។ នេះជាការលើកឡើង របស់ លោក សំអុល ដោយបន្ថែមដូច្នេះ៖ «កម្មវិធីនេះ គឺយើងធ្វើឡើងក្នុងន័យឱ្យពួកគាត់ (ទេសចរណ៍)ដឹងថា សៀមរាបមានអ្វីលើសតែពីប្រាសាទ»។ ទេសចរបរទេស ចូលទស្សនាប្រាសាទ។ គួរជម្រាបផងដែរថា កម្មវិធី«រតនសម្បត្តិនៃខេត្តសៀមរាប» ជាកម្មវិធីដែលសហការរៀបចំដោយសារព័ត៌មានឌីជីថលថ្មីៗ និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (STC)។ កិច្ចពិភាក្សានេះ នឹងត្រូវចាក់ផ្សាយនៅលើសារព៌ត៌មានថ្មីៗ និងថ្មីៗជាភាសាអង់គ្លេស Cambodianess៕ ទេសចរណ៍សត្វស្លាបនៅបឹងទន្លេសាប។ | សៀមរាប៖ «ក្រៅពីប្រាសាទ តើខេត្តសៀមរាបមានរតនសម្បត្តិអ្វីខ្លះ ដើម្បីទាក់ទាញទេសចរ?» ជាអ្វីដែល នឹងត្រូវយកមកជជែក ក្នងកម្មវធី «រតនសម្បត្តិនៃខេត្តសៀមរាប»។ ជាកម្មវិធីថ្មីមួយលើទឹកដឹអង្គរ នឹងបង្ហាញពីសម្បត្តិទេសចរណ៍វប្បធម៌ ធម្មជាតិ ម្ហូបអាហារ ប្រពៃណី ពីទឹកដីអង្គរ ទៅកាន់សាធារណជន តាមរយៈវាគ្មិនជំនាញលើជំនាញទីទៃពីគ្នា។ កម្មវិធីនេះ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ |
នៅទីបំផុត ក្រុមរុករក បានប្រទះឃើញទីតាំងធ្លាក់ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ហើយ នៅថ្ងៃទី២៩ ខែកក្កដានេះ ក្រោយការរុករកអស់រយៈពេល១៧ ថ្ងៃ។ បន្ទាប់ពីឃើញឧទ្ធម្ភាគចក្រនោះ រហូតដល់ម៉ោងប្រមាណ៥រសៀលនេះ ក្រុមការងារក៏បានរកឃើញសាកសពអាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ ។ គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងជាមួយយោធា២រូប តាំងពីថ្ងៃទី១២ ខែកក្កដា នាអំឡុងពេលហ្វឹកហ្វឺន នៅក្នុងភូមិសាស្រ្តជួរក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ និងជនរងគ្រោះ បានចាប់ផ្តើមភ្លាមៗ ដោយមានការរួមពីកងកម្លាំងពាក់ព័ន្ធ ជិត ១ ០០០នាក់៕ អត្ថបទទាក់ទង រកឃើញទីតាំងដែលយន្តហោះធ្លាក់នៅជួរភ្នំក្រវាញហើយ! សម្តេច ហ៊ុន ម៉ាណែត៖ ទោះយូរនិងលំបាកយ៉ាងណា ត្រូវបន្តរកឱ្យឃើញទាហានដែលបាត់ខ្លួន ករណីបាត់ឧទ្ធម្ភាគចក្រ៖ ទោះគ្មានដំណឹង តែភរិយានៅតែសង្ឃឹមបានជួបជុំគ្រួសារវិញ | ក្រុមសង្គ្រោះ បានរកឃើញសាកសពអាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធ ខណៈម្នាក់ទៀតនៅបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជា (AKP)។ ជាមួយគ្នានេះ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)តាមទូរសព្ទថា ក្រុមការងារកំពុងស្វែងរកអាកាសយានិកម្នាក់ទៀត ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា។ |
សៀវភៅ ស មាន១៥ជំពូក ដែលកម្រាស់១៥០ទំព័រ។ ខ្លឹមសារសំខាន់ ក្នុងសៀវភៅ លោក វណ្ណៈ ផ្តោតសំខាន់លើមេរៀនពាក់ព័ន្ធឹក្រមសីលធម៌ ដោយយោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្ដីពីរបបសារព័ត៌ាមាន ក្រមព្រហ្មទណ្ឌ និងច្បាប់យុត្តិធម៌អនីតិជនជាដើម។ ទន្ទឹមនឹងនេះ ប្រធាន UJFC ក៏បានបញ្ចូលសារអប់រំ និងសម្រង់សំដីទូន្មាន របស់ថ្នាក់ដឹកនាំ រួមទាំងអ្នកសារព័ត៌មានជើងចាស់ចូលក្នុងសៀវភៅផងដែរ។ លោក វណ្ណៈ ជំរុញឱ្យអ្នកផលិតមាតិកា អ្នកសារព័ត៌មាន និងអ្នកប្រើប្រើាសបណ្ដាញគ្រប់រូប យកសៀវភៅ ស ទៅឈ្វេងយល់ ទុកការពារខ្លួន សម្រាប់ជៀសវាងប្រព្រឹត្តកំហុសឆ្គង ឬក៏ផលិតមាតិកាប៉ះពាល់ដល់សិទ្ធិឯកជនរបស់អ្នកដទៃទៀត។ លោកអំពាវនាវឱ្យ អ្នកមានបំណងចង់ឈ្វេងយល់ ទាក់ទងទៅ UJFC ដើម្បីទទួលបានសៀវភៅនេះ។ ប្រធាន UJFC បានជំរុញទឹកចិត្តដល់សាធារណជនបែបនេះ៖ «ខ្ញុំលើកទឹកចិត្តឱ្យអានសៀវភៅនេះ ព្រោះអាចដឹងកិច្ចការពីរយ៉ាងធំៗ ទីមួយ ព័ត៌មានមានន័យយ៉ាងដូចម្ដេច? .ពីមុន មុនគេបញ្ចេញព័ត៌មានគេគិតណាស់ ថាមានតម្លៃសម្រាប់បញ្ចេញឬអត់! ប៉ុន្តែ ឥឡូវអត់ទេ! វាបែរជាទាក់ទងនឹងអារម្មណ៍ទៅវិញ»។ ហេតុផលមួយទៀត គឺយល់ច្បាស់គឺតម្លៃនៃសលីធម៌។ យ៉ាងណាក៏ដោយ លោកចាត់ទុកសៀវភៅនេះ ជាផ្នែកមួយតូចប៉ុណ្ណោះ សម្រាប់លើកស្ទួយវិស័យសារព័ត៌មាន និងឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមការរៀនសូត្រ។ ដើម្បីពង្រឹងវិស័យសារព័ត៌មានល្អប្រសើរ លោក វណ្ណៈ មានទស្សនវែងឆ្ងាយ ដោយត្រូវការដោះស្រាយបញ្ហាធនធានមនុស្ស វិបត្តិហិរញ្ញវត្ថុ ពង្រឹងច្បាប់ និងលើកម្ពស់វិស័យបន្ថែមទៀត៕ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ហ៊ុយ វណ្ណៈ៖ | ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(UJFC) បានចំណាយពេលប្រមាណ១ឆ្នាំ ដើម្បីតាក់តែង និងរៀបចំ សៀវភៅ ស មូលដ្ឋានគ្រឹះ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងគោលបំណងឱ្យអ្នកសារព័ត៌មាន រួមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្បាប់ពីក្រមសីលធម៌ សិទ្ធិសេរីភាព ហើយជៀសឆ្ងាយពីការប្រព្រឹត្តបទល្មើស។ |
Jens Raven ក្លាយជាវីរបុរសក្នុងការជួយ U19 ឥណ្ឌូណេស៊ី ឈ្នះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ជាលើកទី២ ក្រោយឈ្នះលើកដំបូងនៅឆ្នាំ២០១៣។ អូស្ត្រាលី ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះម៉ាឡេស៊ី ដោយបាល់កាត់ក្តីប៉េណាល់ទី ៥-៣។ អត្ថបទទាក់ទង ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ប៉ះថៃ វគ្គផ្តាច់ព្រ័ត្រ ASEAN U19 | ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក្លាយជាជើងឯកយុវជនអាយុក្រោម១៩ឆ្នាំ ASEAN U19 Boys Championship ឆ្នាំ ២០២៤ តាមរយៈការយកឈ្នះថៃ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី២៩ ខែកក្កដា នេះ។ |
អនុវត្តគោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ»នេះត្រូវបានកែសម្រួលឡើងវិញ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ និងអង្គការដៃគូពាក់ព័ន្ធ។ បើតាមលោក ជា សុមេធី គោលនយោបាយនេះ ធ្វើឡើងដើម្បីធានាថា កុមារដែលពុំទទួលបានការថែទាំពីឪពុកម្តាយ គឺអាចរស់នៅក្នុងបរិយាកាសគ្រួសារមួយមានស្ថិរភាព ទទួលបានការលើកកម្ពស់សុខុមាលភាព និងការលូតលាស់ ព្រមទាំងកំណត់ថាការថែទាំនៅតាមមណ្ឌលគួរត្រូវបានប្រើប្រាស់ជាជម្រើសចុងក្រោយ នៅពេលដែលគ្មានជម្រើសថែទាំនៅតាមគ្រួសារ និងសហគមន៍។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ» នៅទីស្តីការក្រសួង នាថ្ងៃទី២៩ ខែកក្កដា លោក ជា សុមេធី បានបញ្ជាក់ថាគោលនយោបាយស្តីពីការថែទាំជំនួសនេះ គឺជាវឌ្ឍនភាពថ្មីមួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារ។ លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរូបនេះបាន ចាត់ទុកគោលនយោបាយនេះជាបរិបទមួយយ៉ាងសំខាន់ក្នុងការខិតខំគិតគូររួមគ្នា ដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា ការគ្រប់គ្រងមណ្ឌលថែទាំកុមារ ការលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ និងសហគមន៍ ស្របតាមច្បាប់ជាតិ អន្តរជាតិ។ លោក ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវគោលនយោបាយស្តីពី «ការថែទាំជំនួសចំពោះកុមារ» នាថ្ងៃទី២៩ ខែកក្កដា។ រូបថត៖ ក្រសួងសង្គមកិច្ច ជាពិសេសគោលនយោបាយនេះឆ្លើយតបនឹងគោលការណ៍នៃការថែទាំជំនួសចំពោះកុមាររបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។ នេះជាការៀបរាប់បន្ថែមរបស់លោក ជា សុមេធី ដែលបានអះអាងថា ៖ « តាមរយៈគោលនយោបាយនេះ ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីធានាកុមារកំព្រា កុមារត្រូវបានគេបោះបង់ ក៏ដូចជាកុមាររងគ្រោះនិងងាយរងគ្រោះដទៃទៀតទទួលបានការការពារ និងផលប្រយោជន៍ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ»។ ជាមួយគ្នានេះ អង្គការយូនីសេហ្វប្រចាំកម្ពុជា បានចាត់ទុកគោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ» គឺជាបេសកកម្មថ្មីរបស់ខ្លួនក្នុងការពារសិទ្ធិកុមារកម្ពុជា។ លោក វីល ផាកស៍ ដែលជានាយកយូនីសេហ្វប្រចាំកម្ពុជា បាននិយាយយ៉ាងដូច្នេះ៖ «ថ្ងៃនេះយើងបានចាប់ផ្តើមទំព័រថ្មីមួយនៅក្នុងការងាររបស់យើង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា » ។ លោក វីល ផាកស៍ ដែលជានាយកយូនីសេហ្វប្រចាំកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវគោលនយោបាយស្តីពី «ការថែទាំជំនួសចំពោះកុមារ» នាថ្ងៃទី២៩ ខែកក្កដា។ រូបថត៖ ក្រសួងសង្គមកិច្ច ការថែទាំនៅតាមគ្រួសារគឺជាជម្រើសដ៏ល្អបំផុតសម្រាប់កុមារគ្រប់រូប ព្រោះវាជំរុញឱ្យមានការលូតលាស់ល្អទាំងផ្លូវអារម្មណ៍ ផ្លូវចិត្ត និងសង្គមរបស់កុមារ។ នេះជាការបញ្ជាក់របស់លោក ផាកស៍ បានមើលឃើញថា ៖ « គោលនយោបាយនេះ មានលក្ខណៈស្របតាមស្តង់ដារសកលលោក និងត្រូវបានរៀបចំឡើងដោយមានកិច្ចខិតខំប្រឹងប្រែង និងសហប្រតិបត្តិការជាមួយស្ថាប័នជាតិ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់កិច្ចការពារកុមារគ្រប់រូប និងសិទ្ធិរបស់ពួកគេក្នុងការលូតលាស់នៅក្នុងបរិយាកាសមានការគាំទ្រ ថែរក្សា និងស្ថិរភាព»។ បន្ថែមពីលើការផ្តល់អាទិភាពដល់ការថែទាំតាមគ្រួសារ ជាជាងការថែទាំតាមមណ្ឌល គោលនយោបាយ ដែលបានកែសម្រួលថ្មីនេះ បានដាក់បញ្ចូលចំណុចថ្មីៗ និងអាទិភាពសំខាន់ៗមួយចំនួន រួមទាំងការកែលម្អសេវាថែរក្សាកុមារនៅក្នុងគ្រួសារ និងសេវាបញ្ជូន។ គោលនយោបាយនេះ ក៏បានបញ្ជូលនូវការកសាងសមត្ថភាពរបស់ស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាថែទាំជំនួសដល់កុមារ ការបង្កើនថវិកាសម្រាប់កំណែទម្រង់ការថែទាំសុខភាព និងការកែលម្អការសម្របសម្រួលរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វប្រចាំកម្ពុជា នៅឆ្នាំ២០២២ មានកុមារ និងយុវជន ជាង ៩០០០នាក់ បានរស់នៅតាមកន្លែងថែទាំចំនួន២៧០កន្លែងនៅកម្ពុជា។ ក្នុងនោះមាននៅមណ្ឌលថែទាំកុមារ ផ្ទះស្នាក់នៅបណ្តោះអាសន្ន ផ្ទះស្នាក់នៅជាក្រុម វត្តអារាម និងអគារសានា និងអន្តេវាសិកដ្ឋាន។ តួលេខនេះបានបង្ហាញពីការថយចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ពីតួលេខកុមារ និងយុវជនចំនួនជាង ៣៥០០០នាក់ ដែលរស់នៅតាមកន្លែងថែទាំចំនួន៦៣៩កន្លែងនៅក្នុងឆ្នាំ២០១៥៕ | គោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ» ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដាតទៅ ដើម្បីផ្តល់អាទិភាពដល់ការថែទាំសម្រាប់កុមារគ្រប់រូបនៅកម្ពុជា។ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចាត់ទុកគោលនយោបាយនេះ ជាវឌ្ឍនភាពថ្មីមួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារក្នុងបរិបទមួយយ៉ាងសំខាន់នៃការគិតគូររួមគ្នា ដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា។ |
ជប៉ុន នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួនក្រោយការប្រកួតផ្លូវការ៤ថ្ងៃ ដោយកើនមេដាយដល់១២ ក្នុងនោះមេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ៤។ ទាំង១២មេដាយរបស់ជប៉ុន សម្រេចបានក្នុងប្រភេទកីឡាគុនដាវ មេដាយមាស១, ជូដូ មេដាយមាស២ និងសំរឹទ្ធ៣, ស្គីលើក្តាបន្ទះ មេដាយមាស២ និងប្រាក់១, កាយសម្ព័ន មេដាយមាស១, កីឡាហែលទឹក បានមេដាយប្រាក់១ និងកីឡាជិះសេះ មេដាយសំរឹទ្ធ១។ ម្ចាស់ផ្ទះបារាំង ឡើងទៅឈរថ្នាក់លេខ២ ក្នុងតារាងមេដាយអូឡាំពិកបណ្តោះអាសន្នវិញ ក្រោយកើនមេដាយមាស៥ ប្រាក់៨ និងសំរឹទ្ធិ៣ សរុប១៦។ មេដាយមាស៥របស់បារាំងធ្វើបានលើប្រភេទកីឡា ទូកកាណូ គុនដាវ ប្រណាំងកង់ភ្នំ បាល់ឱបវិញ្ញាសា៧នាក់ និងហែលទឹក។ ចិន ឡើងពីលេខ៦ ទៅលេខ៣វិញ ក្រោយដណ្តើមបានមេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ២ សរុប១២។ មេដាយមាសទាំង៥របស់ចិន ធ្វើបានក្នុង២ប្រភេទកីឡាប៉ុណ្ណោះ ក្នុងនោះបាញ់កាំភ្លើង៣មេដាយ និងលោកទឹក២មេដាយ។ អូស្ត្រាលី ធ្លាក់ពីលេខ២ទៅលេខ៤ ដោយរកបានមេដាយមាស៥ ប្រាក់៤ សរុប៩។ មេដាយមាសទាំង៥របស់អូស្ត្រាលី រកបានពីកីឡាហែលទឹកដល់ទៅ៣ និងទូកកាណូ១ និងប្រណាំងកង់១។ កូរ៉េខាងត្បូងនៅរក្សាចំណាត់ថ្នាក់លេខ៥ដដែល ទោះកើនមេដាយមាស៥ ប្រាក់៣ និងសំរឹទ្ធ១ សរុប៩។ កីឡាបាញ់កាំភ្លើង និងបាញ់ព្រួញ កូរ៉េខាងត្បូងរកបានមេដាយមាស២ដូចគ្នា និងគុនដាវ១មេដាយ។ អាម៉េរិក ធ្លាក់ពីលេខ៣ ទៅលេខ៦ ដោយរក្សាចំនួនមេដាយមាស៣ដដែល ក្រៅពីនោះប្រាក់៨ និងសំរឹទ្ធ៩ សរុប២០។ មេដាយមាសបានពីកីឡាគុនដាវ១ និងហែលទឹក២មេដាយ។ ដោយឡែកក្រុមពីតំបន់អាស៊ីអាគ្នេយ៍ទាំង១១ នៅតែមិនទាន់រកបានមេដាយណាមួយដដែល ក្រោយឆ្លងកាត់ការប្រកួតផ្លូវការ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា។ គិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ ចំណោមប្រទេសចូលរួមទាំង២០៦ មានតែក្រុមអត្តពលិកចំនួន៣០ប្រទេសប៉ុណ្ណោះដែលរកបានមេដាយ អូឡាំពិករដូវក្តៅ លើកទី៣៣ នៅប្រទេសបារាំង៕ អត្ថបទទាក់ទង ជប៉ុន នាំមុខមេដាយអូឡាំពិក ខណៈក្រុមអាស៊ីអាគ្នេយ៍មិនទាន់រកឃើញមេដាយនៅឡើយ | ម្ចាស់ផ្ទះបារាំង ឡើងពីចំណាត់ថ្នាក់លេខ៤ ទៅលេខ២ ក្នុងតារាងមេដាយអូឡាំពិក ក្រុងប៉ារីស ឆ្នាំ ២០២៤ ស្របពេលជប៉ុន នៅរក្សាកំពូលតារាងដដែល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ ចិន ឡើងទៅឈរលេខ៣ ខណៈអូស្ត្រាលីធ្លាក់ទៅលេខ៤ និងអាម៉េរិកធ្លាក់ទៅលេខ៦ បណ្តោះអាសន្ន។ |
លោក ឥត សារ៉ាត់ បញ្ជាក់ដូច្នេះ៖«រកឃើញហើយនៅចង្កេះភ្នំយ៉ាវយ៉ៃ នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីទីតាំងធ្លាក់(ឧទ្ធម្ភាគចក្រ)។ ហើយឥឡូវនេះ ក្រុមការងារកំពុងវេចខ្ចប់សាកសព ចេញពីកន្លែងដែលរកឃើញ»។ យ៉ាងណាក៏ដោយ ក្រុមរុករក ត្រូវការពេលវេលាបន្តិច ក្នុងការបញ្ជូនសាកសពចេញពីទីតាំងរកឃើញ ដោយសារតែអាកាសធាតុមិនអំណោយផល ពោលចុះអព្ទងងឹត និងស្ថិតតំបន់នេះព្រៃក្រាស់។ អត្ថបទទាក់ទង ករណីធ្លាក់ឧទ្ធម្ភាគចក្រ៖ រកឃើញសាកសពអាកាសយានិកម្នាក់ ខណៈម្នាក់ទៀតនៅបាត់ខ្លួន រកឃើញទីតាំងដែលយន្តហោះធ្លាក់នៅជួរភ្នំក្រវាញហើយ! សូមបញ្ជាក់ថា ក្រុមរុករកបានប្រទះឃើញឧទ្ធម្ភាចក្រ ដែលធ្លាក់ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា នៅចំណុចជើងភ្នំយ៉ាវយ៉ៃ ក្រោយប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ។ បន្ទាប់ពីឃើញឧទ្ធម្ភាគចក្រនោះ រហូតដល់ម៉ោងប្រមាណ៥រសៀល ថ្ងៃដដែល ក្រុមការងារក៏បានរកឃើញសាកសពអាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធ។ គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងជាមួយយោធា២រូប តាំងពីថ្ងៃទី១២ ខែកក្កដា នាអំឡុងពេលហ្វឹកហ្វឺន នៅក្នុងភូមិសាស្រ្តជួរក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ និងជនរងគ្រោះ បានចាប់ផ្តើមភ្លាមៗ ដោយមានការរួមពីកងកម្លាំងពាក់ព័ន្ធ ជិត ១ ០០០នាក់៕ | សពទាហានម្នាក់ទៀត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញនៅម៉ោងប្រមាណ ១០កន្លះព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ។ នេះបើតាម លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។ |
ក្រសួងធនធានទឹក បញ្ជាក់ដូច្នេះ៖ «ឥទ្ធិពលព្យុះ និងប្រព័ន្ធសម្ពាធទាប កំពុងកើតមាននៅផ្ទៃរងទឹកទន្លេមេគង្គនិងទន្លេសាប ប្រទេសថៃ និងប្រទេសឡាវ បង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់»។ កាលពីថ្ងៃទី២៩ ខែកក្កដា កម្ពស់ទឹកស្ទឹងសែននៅខេត្តព្រះវិហារ និងស្ទឹងសែនក្រុងកំពង់ធំ បានឡើងលើសកម្ពស់ប្រកាសអាសន្ន។ ចំណែកស្ទឹងពោធិ៍សាត់ ស្ទឹងសង្កែ ស្ទឹងដូនទ្រី ស្ទឹងស្រែង ស្ទឹងសៀមរាប និងស្ទឹងស្ទោង កម្ពស់ទឹកក៏បានហក់ឡើងក្បែរនឹងកម្រិតប្រកាសអាសន្នដែរ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។ ជម្រាបថា កាលពីថ្ងៃទី២៩ ខែកក្កដា ជំនន់ទឹកភ្លៀងបានបង្ខំឱ្យសាលា ៥ កន្លែង នៅខេត្តបាត់ដំបង ត្រូវបិទទ្វារ ផ្អាកការបង្រៀនបណ្តោះអាសន្ន ខណៈសាលា១កន្លែងជន់លិច តែមិនប៉ះពាល់ដល់ដំណើរការរៀន និងបង្រៀន។ ក្រៅពីសាលារៀន ទឹកជំនន់ក៏បានជន់លិច ផ្ទះពលរដ្ឋប្រមាណ ៥០០ខ្នង នៅស្រុកឯកភ្នំ ស្រុកបាណន់ និងស្រុកសង្កែ ខណៈដំណាំផ្សេងៗ ពិសេសស្រូវប្រមាណ៣០០ហិកតា រងផលប៉ះពាល់៕ | ភ្នំពេញ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឱ្យកម្ពស់ទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗមួយចំនួន នៅជុំវិញបឹងទន្លេសាប បានហក់ឡើងជាបន្តបន្ទាប់។ ស្ទឹងខ្លះឡើងជិតដល់ និងលើសពីកម្ពស់ទឹកប្រុងប្រយ័ត្ន ដែលទាមទារ ឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅជុំវិញស្ទឹងនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៩ ខែកក្កដា។ |
ក្រោយរកឃើញសាកសពទាហានម្នាក់ទៀត នៅចម្ងាយប្រមាណ២០០ម៉ែត្រ ពីទីតាំងធ្លាក់ ឧទ្ធម្ភាគចក្រ លោក ឥត សារ៉ាត់ ធ្វើសេចក្តីថ្លែងព័ត៌មាន ជុំវិញស្ថានភាពនៃការងាររុករក និងបញ្ជូនសាកសពទាហានទាំង២រូប។ បើតាមលោកការរៀបចំពិធីបុណ្យ នៅទីបញ្ជាការដ្ឋានទ័ពអាកាស គឺដើម្បីរៀបចំឱ្យស័ក្តិសមនឹងវីរភាព និងការលះបង់របស់ជនរងគ្រោះទាំង២រូប។ លោក ឥត សារ៉ាត់ បញ្ជាក់ដូច្នេះ៖ «សពនេះ យើងនឹងខិតខំយក(ចេញពីទីតាំងធ្លាក់)មក ហើយនឹងបញ្ជូនទៅភ្នំពេញភ្លាម។ ហើយទៅភ្នំពេញ យើងនឹងរៀបចំពិធីមួយ នៅក្នុងកន្លែងទីបញ្ជាការដ្ឋានទ័ពអាកាស ដើម្បីឱ្យប្រារព្ធពិធីឱ្យបានស័ក្តិសមទៅនឹងកិត្តិយស និងវីរភាពរបស់បងប្អូនដែលបានបំពេញការងារនេះ»។ ក្នុងនាមជាអ្នកដឹកនាំប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលធ្លាក់តាំងពីថ្ងៃទី១២ ខែកក្កដា ដោយផ្ទាល់ លោក ឥត សារ៉ាត់ សោកស្តាយ ចំពោះមរណភាពរបស់ទាហានទាំង២រូប ព្រោះពួកគេបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិ។ «នេះគឺជាវីរភាពរបស់បងប្អូន(ទាហានរងគ្រោះ) មួយដែរ ថ្វីដ្បិតតែជាសកម្មភាពហ្វឹកហ្វឺនក៏ដោយ ក៏វារួមចំណែកក្នុងបុព្វហេតុការពារជាតិយើងដូចគ្នា»។ លោក ឥត សារ៉ាត់។ សូមជម្រាបថា នៅត្រឹមម៉ោងប្រមាណ ១០ កន្លះព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមរុករក ប្រទះសាកសពទាហានម្នាក់ទៀត នៅចង្កេះភ្នំយ៉ាវយ៉ៃ ចម្ងាយប្រមាណ២១០ម៉ែត្រ ពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ។ ទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ។ ក្រោយទៅដល់ទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ក្រុមការងារក៏បានរកឃើញសាកសពអាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធដែរ។ គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងជាមួយយោធា២រូប តាំងពីថ្ងៃទី១២ ខែកក្កដា នាអំឡុងពេលហ្វឹកហ្វឺន នៅក្នុងភូមិសាស្រ្តជួរក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ និងជនរងគ្រោះ បានចាប់ផ្តើមភ្លាមៗ ដោយមានការរួមពីកងកម្លាំងពាក់ព័ន្ធ ជិត ១ ០០០នាក់៕ | ពិធីបុណ្យសព របស់កងទ័ពអាកាសដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងពេលហ្វឹកហ្វឺន នឹងរៀបចំឡើងនៅទីបញ្ជាការដ្ឋានទ័ពអាកាស។ នេះបើតាមការបញ្ជាក់របស់ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ |
Hafez វ័យ២៦ឆ្នាំ បានបង្ហាញខ្លួននៅអូឡាពិកជាលើកទី៣ នៅប៉ារីសឆ្នាំ២០២៤ បន្ទាប់ពីចូលរួមនៅ រីយ៉ូឆ្នាំ ២០១៦ និងឆ្នាំ ២០២១ នៅតូក្យូ។ កីឡាការិនីគុនដាវដ៏ស្រស់ស្អាតរបស់អេហ្ស៊ីបរូបនេះ ប្រកួត២លើករួចមកហើយ នៅប៉ារីស ដោយទទួលបានជ័យជម្នះនៅជំនួបដំបូងលើកីឡាការិនីចំណាត់ថ្នាក់លេខ១០ ពិភពលោក Elizabeth Tartakovsky របស់អាម៉េរិក មុនចាញ់កីឡារិនីកូរ៉េខាងត្បូង Jeon Hayoung របស់កូរ៉េខាងត្បូង នៅជំនួបទី២ ជុំទី១៦។ ក្រោយចាញ់កីឡាការិនីកូរ៉េខាងត្បូង កីឡារិនីអេហ្ស៊ីប បានបញ្ចេញព័ត៌មានថានាងមានផ្ទៃពោះ៧ខែ។ Hafez បានសរសេរលើបណ្តាញសង្គម Instagram របស់ខ្លួនថា៖«អ្វីដែលអ្នកទាំងអស់គ្នាបានឃើញ គឺមានកីឡាការិនីពីរនាក់ប្រកួតលើឆាក ប៉ុន្តែការពិតគឺ៣នាក់ នោះគឺជាខ្ញុំ គូប្រជែងខ្ញុំ និងក្មេងក្នុងពោះខ្ញុំដែលមិនទាន់ឃើញពិភពលោក»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ មូលហេតុដែល Hafez លាតត្រដាងថាខ្លួនចូលប្រជែងមេដាយអូឡាំពិកទាំងមានផ្ទៃពោះ៧ខែ ដោយសារនាងចង់បង្ហាញមនុស្សនៅជុំវិញពិភពលោកថាស្ត្រីក៏មានកម្លាំង ហើយនេះជាការតស៊ូរបស់ស្ត្រីអេសហ្ស៊ី។ «ស្ត្រី នៅអំឡុងពេលពពោះ គឺមានភាពលំបាក ប៉ុន្តែការតស៊ូដើម្បីរក្សាស្ថិរភាពជីវិត និងកីឡាគឺគ្មានអ្វីដែលលំបាកនោះទេ។ វាពិតជាមានតម្លៃ និងមោទកភាពណាស់សម្រាប់ខ្ញុំ»។ នេះជាការអះអាងរបស់ Hafez។ គិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ អត្តពលិកអេហ្ស៊ីប ទើបរកបានមេដាយសំរឹទ្ធ១ប៉ុណ្ណោះ លើប្រភេទកីឡាគុនដាវ ដែលសម្រេចបានដោយកីឡាករ Mohamed ELSAYED លើវិញ្ញាសា Epee Individual៕ | កីឡាការិនីគុនដាវអេហ្ស៊ីប Nada Hafez បានសារភាពថានាងមានផ្ទៃពោះ៧ខែ អំឡុងការប្រកួតទី២របស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស នៅថ្ងៃទី២៩ ខែកក្កដា។ Hafez លាតត្រដាងព័ត៌មាននេះ ក្នុងបំណងប្រាប់ពិភពលោកថានេះ «ជាការតស៊ូរបស់ស្ត្រីអេហ្ស៊ីប»។ |
អ្នកមិនគួរអោនក្បាលចុះយូរនោះទេ ព្រោះអាចធ្វើឲ្យឈាមអ្នកមិនអាចផ្គត់ផ្គង់ទៅខួរក្បាលបានគ្រប់គ្រាន់ ដោយងាយធ្វើឲ្យអ្នកឈឺក្បាល និងវិលមុខបាន។ ដូចនេះ អ្នកគួរតែចៀសពីការអោនចុះយូរ ទើបអាចកាត់បន្ថយអាការៈឈឺក្បាលនេះបាន។ អ្នកមិនគួរតែងតែរក្សាអារម្មណ៍តានតឹង ភ័យខ្លាច និងបារម្ភច្រើននោះទេ ព្រោះនៅពេលដែលអ្នកមានអារម្មណ៍មិននឹងនរ នឹងអាចធ្វើឲ្យគេងមិនលក់ ញ៉ាំមិនចូល។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមានអាការៈឈឺក្បាលនេះបាន។ អ្នកមិនគួរញ៉ាំអាហារដែលត្រជាក់ពេក ហិរពេក ជូរពេក ឬល្វីងពេកនោះទេ ព្រោះអាហារដែលពេកៗនោះ អាចធ្វើឲ្យអ្នកឈឺក្បាលយ៉ាងងាយដោយមិនដឹងខ្លួន។ ដូចនេះ បើអ្នកចៀសបាន អ្នកក៏មិនឈឺក្បាលដែរ។ កន្លែងដែលថ្លង់ពេក ឬមានពន្លឺខ្លាំងពេក អ្នកមិនគួរនៅយូរឡើយ ព្រោះបើនៅក្នុងនោះយូរ នឹងអាចធ្វើឲ្យអ្នកឈឺក្បាល វិលមុខ ឬចង់ក្អួតជាដើម។ ដូចនេះ អ្នកគួរតែចៀសចេញពីកន្លែងទាំងនោះ ទើបអ្នកមិនកើតអាការៈឈឺក្បាលដោយចៃដន្យ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែចៀសបើមិនចង់ឈឺក្បាល។ តើមានអ្វីខ្លះទៅ? |
ភីហ្សាក ភីហ្សាកកមានកាឡូរីខ្ពស់ អំបិល និងខ្លាញ់ខ្ពស់ ។ សម្រាប់ភីហ្សាស្រស់ អ្នកអាចជ្រើសរើសមូលដ្ឋានស្តើង បន្លែច្រើន ភីហ្សាក្លាសេភាគច្រើនមានមូលដ្ឋានក្រាស់ ជាធម្មតាមានតែសាច់កែច្នៃ និងឈីស បន្លែតិចតួចណាស់។ ដូច្នេះហើយ ការទទួលទានភីហ្សាកកជាប្រចាំនឹងធ្វើឱ្យរាងកាយរបស់អ្នកខ្វះសារធាតុចិញ្ចឹម មិនល្អសម្រាប់សុខភាព។ ជំនួសឱ្យការជ្រើសរើសនំកកនេះ អ្នកគួរប្រើគ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោមានខ្លាញ់ទាប ឬគ្មានខ្លាញ់។ សាច់ក្រក ហតដក សាច់ក្រកគ្រប់ប្រភេទ ហតដក មិនល្អសម្រាប់សុខភាព។ សាច់កែច្នៃទាំងនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបេះដូង។ នេះជាចម្បងដោយសារពួកវាមានកម្រិតសូដ្យូមខ្ពស់ និងសារធាតុរក្សាទុក។ ការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងការប្រើប្រាស់សាច់កែច្នៃខ្ពស់ និងហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ ដំឡូងបំពងកក ដំឡូងបំពងគឺជាផលិតផលដែលងាយស្រួលមិនគួរឱ្យជឿ។ លោកអ្នកគ្រាន់តែទិញដំឡូងបារាំងមួយកញ្ចប់ ហើយដាក់ក្នុងខ្ទះចៀនរហូតដល់មាសពណ៌ត្នោត ហើយអាចប្រើប្រាស់បានភ្លាមៗ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការកែច្នៃ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាអាហារដែលអ្នកគួរទទួលទានច្រើននោះទេ។ ដំឡូងបំពងមានជាតិខ្លាញ់ និងកាឡូរីខ្ពស់។ វាមិនមានសុខភាពល្អដូចអ្នកគិតទេ។ ប្រភេទនៃនំខេក នំខេកតែងតែត្រូវបានជ្រើសរើសដោយស្ត្រីមេផ្ទះព្រោះវាងាយស្រួលណាស់ អាចប្រើជាអាហារពេលព្រឹក ឬអាហារចំហៀងនៅពេលថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា នំខេកដែលមានជាតិកាបូអ៊ីដ្រាតចម្រាញ់ និងជាតិស្ករខ្ពស់ មិនមានតម្លៃអាហារូបត្ថម្ភពិតប្រាកដនោះទេ ហើយពួកវាអាចមានសារធាតុរក្សាទុក។ ការផ្ទុករាងកាយជាទៀងទាត់ជាមួយនឹងសារធាតុគ្រោះថ្នាក់បែបនេះនឹងធ្វើឱ្យសុខភាពធ្លាក់ចុះ។ កម្រិតខ្ពស់នៃកាបូអ៊ីដ្រាតចម្រាញ់នៅក្នុងអាហារទាំងនេះបណ្តាលឱ្យមានកម្រិតខ្ពស់នៃ ទ្រីគ្លីសេរីដ និងកូលេស្តេរ៉ុលអាក្រក់ (LDL) នៅក្នុងឈាម។ នេះគឺជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូង។ អ្នកឯកទេសខាងអាហាររូបត្ថម្ភបានផ្តល់អនុសាសន៍ថាមនុស្សជ្រើសរើសអាហារពេលព្រឹកដែលមានតុល្យភាពនៃខ្លាញ់ដែលមានសុខភាពល្អ ប្រូតេអ៊ីន កាបូអ៊ីដ្រាតពីគ្រាប់ធញ្ញជាតិ ឬផ្លែឈើស្រស់។ បបរ ស៊ុបកក ឬកំប៉ុង មនុស្សជាច្រើនតែងតែជ្រើសរើសបបរកក និងស៊ុបកកឫកំប៉ុង ព្រោះវាងាយស្រួល និងមានរសជាតិផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាមុខម្ហូបដែលនាំមកនូវអត្ថប្រយោជន៍ដល់សុខភាពនោះទេ។ យូរៗទៅការបង្កក អាហារ និងស៊ុបទាំងនេះច្រើនតែបាត់បង់គុណភាព។ លើសពីនេះ ដើម្បីរក្សារសជាតិឆ្ងាញ់ ក្រុមហ៊ុនផលិតជាច្រើននឹងត្រូវបន្ថែមសារធាតុបន្ថែម និងសារធាតុរក្សាទុកក្នុងអំឡុងពេលកែច្នៃ។ ការប្រើអាហារបែបនេះច្រើននឹងមិនផ្តល់អត្ថប្រយោជន៍ដល់សុខភាពទេ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ការទទួលទានអាហារទាំងនេះជាទៀងទាត់ គឺជាមូលហេតុនៃជំងឺរ៉ាំរ៉ៃ កាត់បន្ថយអាយុរបស់អ្នក ។ |
អាកាសយានិក ២រូប បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវាញ ក្នុងពេលបេសកកម្មហ្វឺកហ្វឺនពីភ្នំពេញ ទៅថ្មដា, ពីថ្មដា ទៅពោធិ៍សាត់ និងពីពោធិ៍សាត់ ទៅភ្នំពេញ។ ជុំវិញការស្លាប់របស់អាកាសយានិក២រូបនេះ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា ពិតជាស្លាប់ក្នុងបេសកកម្មហ្វឹកហ្វឺន ព្រោះមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ។ ឆ្លើយតបនឹងចម្ងល់របស់ពលរដ្ឋមួយចំនួនថា ហេតុអ្វីហ្វឹកហ្វឺនជ្រើសរើសទីតាំងនេះ មិនទៅទីតាំងផ្សេង? អគ្គមេបញ្ជាការរងរូបនេះ បញ្ជាក់ដូច្នេះ ៖«ខ្ញុំសូមជម្រាបថា កន្លែងផ្សេងក៏យើងហ្វឹកហ្វឺន កន្លែងលំបាកក៏ យើងហ្វឹកហ្វឺន។ តាមពិតគោលការណ៍របស់គេ គេត្រូវហ្វឹកហ្វឺនកន្លែងលំបាក ច្រើនជាងកន្លែងងាយស្រួល»។ អគ្គមេបញ្ជាការរងរូបនេះ បន្តថាបើសិនថ្ងៃក្រោយ មានបទបញ្ជាទៅកន្លែងលំបាក នឹងមានភាពងាយស្រួលសម្រាប់ទាហាន។ ការពលីរបស់អាកាសយានិកទាំង២ លោក ឥត សារ៉ាត់ ចាត់ទុកជា ជាវីរភាពមួយ ក្នុងបុព្វហេតុការពារជាតិ និងបេសកកម្មការងារ។ ចំពោះការប្រារព្ធពិធីបុណ្យសពវិញ អគ្គមេបញ្ជាការរងរូបនេះ លើកឡើងថា អាចរៀបចំពិធីមួយនៅបញ្ជាការដ្ឋានទ័ពអាកាស ដើម្បីប្រារព្ធពិធីឱ្យបានស័ក្ដិសមទៅនឹងកិត្តិយស និងវីរភាពរបស់ទាហានទាំង២នេះ។ អត្ថបទទាក់ទង ពិធីបុណ្យសពទាហានដែលពលីក្នុងពេលហ្វឹកហ្វឺន នឹងរៀបចំនៅទីបញ្ជាការដ្ឋានទ័ពអាកាស ករណីធ្លាក់ឧទ្ធម្ភាគចក្រ៖ រកឃើញសពទាហានម្នាក់ទៀត នៅចម្ងាយជាង២០០ម៉ែត្រ ពីទីតាំងធ្លាក់ ករណីធ្លាក់ឧទ្ធម្ភាគចក្រ៖ រកឃើញសាកសពអាកាសយានិកម្នាក់ ខណៈម្នាក់ទៀតនៅបាត់ខ្លួន សូមបញ្ជាក់ថា សពអាកាសយានិកទាំង ២រូប ត្រូវបានរកឃើញនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកក្កដា ក្រោយបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា។ រហូតមកដល់ពេលនេះ កងកម្លាំងរុករក កំពុងរៀបចំយកសាកសពចេញពីកន្លែងកើតហេតុ៕ | ថ្លែងក្នុងសន្និសីទសារព័ត៌មានពីប្រតិបត្តិរុករកសាកសព នៃការធ្លាក់ឧទ្ធម្ភាគចក្រ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង អះអាងថា អាកាសយានិកទាំង២ ពិតជាស្លាប់ ក្នុងបេសកកម្មហ្វឺកហ្វឺន ព្រោះមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ។ លោក ឥត សារ៉ាត់ ចាត់ទុកជា បេសកកម្មនេះ ជាវីរភាពមួយ ក្នុងបុព្វហេតុការពារជាតិ ថ្វីត្បិតជាការហ្វឹកហ្វឺនក៏ដោយ។ |
រដ្ឋភាគខាងត្បូងឥណ្ឌា Kerala មានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យដីតំបន់ភ្នំ ក្នុងស្រុក Wayanad បានបាក់នៅក្នុងថ្ងៃទី៣០ ខែកក្កដា។ ឧបទ្ទវហេតុនេះ បានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ៤៥នាក់ បាត់បង់ជីវិត និងលើសពី ៧០នាក់រងរបួស។ ចំណែកមនុស្សចំនួន ១០១នាក់ ត្រូវបានជួយសង្រ្គោះ។ «ស្ថានភាពគឺធ្ងន់ធ្ងរ។ រដ្ឋាភិបាលបានបញ្ជាឱ្យទីភ្នាក់ងារទាំងអស់ ខិតខំជួយសង្រ្គោះ»។ រដ្ឋមន្រ្តីសុខាភិបាលប្រចាំរដ្ឋ Kerala លោក Veena George បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ដោយបន្តថា ភ្លៀង អាចនឹងបន្តធ្លាក់ពេញមួយថ្ងៃ។ ទោះរងការលំបាកដោយសារភ្លៀងធ្លាក់ ដាច់ផ្លូវ និងបាក់ស្ពាននៅក្នុងស្រុក Wayanad ក្តី យោធា និងអាជ្ញាធរប្រចាំរដ្ឋ កំពុងប្រញាប់ដៃជើង ដើម្បីជួយសង្រ្គោះប្រជាជន ដែលរងគ្រោះ និងបាត់ខ្លួន រួមទាំងកសាងស្ពានបណ្តោះអាសន្ន។ អាជ្ញាធរឥណ្ឌា បានបញ្ជាក់ថា ប្រជាជនខ្លះ បានធ្លាក់ទៅក្នុងទន្លេ ដោយសារតែដីបាក់។ ចំណែកនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលមានសមាជិកស្លាប់ និងប្រជាជនរបួសឱ្យឆាប់ជាសះស្បើយផងដែរ។ ចំណែកគ្រួសារដែលមានសមាជិកស្លាប់ នឹងទទួលបានសំណង ២៤០០ដុល្លារ ខណៈប្រជាជនរងរបួសទទួលបានជិត៦០០ដុល្លារ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យនាយករដ្ឋមន្រ្តីឥណ្ឌា៕ | យ៉ាងហោចណាស់ មនុស្ស៤៥នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងព្រឹត្តិការណ៍បាក់ដី នៅក្នុងរដ្ឋភាគខាងត្បូង Kerala របស់ឥណ្ឌា។ យោធា និងអាជ្ញាធរប្រទេសអាស៊ីខាងត្បូងមួយនេះ នៅថ្ងៃទី៣០ ខែកក្កដា កំពុងបើកប្រតិបត្តិការជួយសង្រ្គោះមនុស្សជាច្រើន ដែលរងគ្រោះ។ |
ខូហ្វី បានឈរជើងនៅលើទីផ្សារចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ! ហើយនៅក្នុងឆ្នាំនេះដែរ គឺជាខួបលើកទី ១៥ឆ្នាំ ដែលក្រុមហ៊ុន នឹងអបអរសាទរ ភាពដ៏ត្រចះត្រចង់ របស់ ខូហ្វី ក្នុងគោលបំណងឆ្លុះបញ្ចាំងពីដំណើរនៃការវិវឌ្ឍរបស់ខ្លួនមកដល់ពេលនេះ ជាមួយនឹងពាក្យស្លោក «15 years . From Small Bean to Big Dream» កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានទន្លេបាសាក់ ២។ ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ លោកស្រី ឈាន ឃឹម អគ្គនាយិកានៃក្រុមហ៊ុន ខូហ្វី គ្រុប បានមានប្រសាសន៍ថា៖«ភាពជោគជ័យរបស់យើងមកដល់ថ្ងៃនេះ គឺកើតចេញពីការគាំទ្រដ៏មានតម្លៃរបស់អតិថិជន និងការចូលរួមចំណែកដ៏សំខាន់ពីក្រុមការងារ ដែលអាចឲ្យយើងបំពេញបេសកកម្មមួយនេះ ទៅមុខបានយ៉ាងរលូន»។ រីឯទស្សនវិស័យរបស់ក្រុមហ៊ុននៅថ្ងៃមុន នឹងនៅតែបន្តជាមួយនឹងគុណតម្លៃស្នូល និងប្រតិបត្តិបេសកកម្មមួយនេះ កាន់តែប្រសើរទៅមុខថែមទៀត ដើម្បីបង្កើនគុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិ រហូតក្រុមហ៊ុន អាចនាំយកមោទកភាពជាម៉ាកយីហោកាហ្វេ ដែលប្រកបដោយនវានុវត្តន៍ឈានមុខគេលំដាប់អន្តរជាតិ។ លើសពីនេះទៅទៀត ការចូលរួមគាំទ្រ និងទទួលបានទំនុកចិត្តពីអតិថិជនរបស់ក្រុមហ៊ុន ខូហ្វី គឺជាដៃគូដ៏សំខាន់ ដែលអាចឲ្យយើងជើងឈរបានអស់រយៈពេល ១៥ឆ្នាំ ដោយផ្តើមចេញពីដៃគូអាជីវកម្មចំនួន ១ រហូតយើងអាចមានដៃគូអាជីវកម្មរាប់រយនាក់នៅក្នុងដៃនាពេលបច្ចុប្បន្ននេះ ហើយនឹងបន្តជាក្រុមហ៊ុនដ៏រឹងមាំ ផ្គត់ផ្គង់សម្ភារកាហ្វេទៅដល់ដៃគូអាជីវកម្មរបស់យើង។ គួររម្លឹកផងដែរថា ក្រុមហ៊ុន ខូហ្វី បានអភិវឌ្ឍន៍ និងចាប់ផ្តើមលីងកាហ្វេដោយខ្លួនឯង ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ។ បច្ចុប្បន្ន ក្រុមហ៊ុនអាចបង្កើតបាន ៦រសជាតិផ្សេងៗគ្នាសម្រាប់បំពេញតម្រូវការអតិថិជន ទាំងអាជីវកម្ម និងនៅតាមគេហដ្ឋាននោះ គឺ៖ កាហ្វេអរុណ កាហ្វេសាយ័ណ្ហ កាហ្វេគិរី កាហ្វេសាគរ កាហ្វេវាយោ និងកាហ្វេវេហា។ ក្រុមហ៊ុន ក៏បានសហការបង្កើតកាហ្វេរាប់រយមុខទៀត ជាមួយដៃគូអាជីវកម្ម នៅតាមភោជនីដ្ឋាន សណ្ឋាគារ និងហាងកាហ្វេផ្សេងៗទៀត។ រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុន ខូហ្វី ត្រូវបានផលិតឡើង ដោយអ្នកជំនាញដែលមានបទពិសោធន៍ និងការបណ្តុះបណ្តាលជាមួយនឹងម៉ាស៊ីនលីង និងប្រព័ន្ធគ្រប់គ្រងដែលមានបច្ចេកវិទ្យាទំនើប និងប្រកបដោយអនាម័យខ្ពស់។ ជាក់ស្តែងក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបាននូវវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពចំណីអាហារពិភពលោក GHPs HACCP និង ISO 22000:2018 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគោលការណ៍ អនុវត្តអនាម័យល្អ ពីក្រសួងសុខាភិបាលផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានបើកវិទ្យាស្ថាន ខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុន ខូហ្វី មាន ៥សាខា នៅទូទាំងប្រទេសកម្ពុជាដូចជា៖ សាខាភ្នំពេញ(សាខាផ្លូវម៉ៅសេទុង សាខាជិតរង្វង់មូលផ្សារដើមថ្កូវ) សាខាសៀមរាប សាខាក្រុងព្រះសីហនុ និងសាខាបាត់ដំបង រួមទាំងសហគ្រាសកែច្នៃ កាហ្វេធម្មជាតិខូហ្វី សិ្ថតនៅខេត្តមណ្ឌលគិរី។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd ឬអាចទំនាក់ទំនងទៅក្រុមការងារនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី នៅលើផ្លូវម៉ៅសេទុង និងទូរសព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោក មកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៥ ឆ្នាំមកហើយ។ ជាមួយនឹងបេសកកម្មដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី និងភាពស្មោះត្រង់ទៅដល់អតិថិជន ដែលជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេដែលឈានមុខគេ និងធំជាងគេ។ |
នៅលើទឹកដីដែលខ្លួនបានចម្រើនវ័យធំធាត់ អង់ត្វន់ បង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក និងជាកីឡាករហែលទឹកទី៣ដែលតំណាងឱ្យកម្ពុជា សម្រាប់ការប្រកួតលើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនៅអូឡាំពិក។ វ័យ១៨ឆ្នាំ អង់ត្វន់ ត្រូវប្រជែងជាមួយកីឡាករចំនួន៧៨រូបផ្សេងក្នុងការប្រជែងយកមេដាយហែលសេរីចម្ងាយ១០០ម៉ែត្រ ដោយរូបគេស្ថិតនៅក្នុង Heat 2 ជាមួយកីឡាករពីតង់ហ្សានី ស៊ូរីណាម អេស្តូនី ម៉ូរីស បង់ក្លាដែស អូម៉ង់ និងលីប៊ី នៅអាងទឹក Paris La Défense Arena។ សម្រាប់វិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ កីឡាករ ប្រាក់ សំណាង បានចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅក្រុងមុយនិច កាលពីឆ្នាំ១៩៧២ ដោយប្រើថិរវេលា ៥៩.១៨ វិនាទី ហើយមួយឆ្នាំក្រោយគាត់បានឈ្នះមេដាយប្រាក់លើវិញ្ញាសាកីឡាស៊ីហ្គេមឆ្នាំ១៩៧៣នៅសិង្ហបុរី ក្នុងថិរវេលា៥៧.៥០។ ៤៤ឆ្នាំក្រោយមក ពោលគឺក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ កីឡាករកូនកាត់ខ្មែរ-អាម៉េរិក ពូ សុវិជ្ជា បានបញ្ចប់ទីក្នុងថិរវេលា ៥៤.៥៥ វិនាទី។ តាមកំណត់ត្រានៅក្នុង World Aquatics កីឡាករ អង់ត្វន់ ផ្ទាល់គឺជាម្ចាស់កំណត់ត្រារបស់កម្ពុជាលើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ ដោយគេសម្រេចបានក្នុងថិរវេលា ៥២.៥៣ កាលពីព្រឹត្តិការណ៍ International Meeting of Saint-Dizier លើកទី៣០ នៅបារាំង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា កីឡាករខ្មែរ-បារាំងរូបនេះ ប្រើថិរវេលា ៥២.៨៦។ កីឡាករចិន Zhanle Pan គឺជាម្ចាស់កំណត់ត្រាហែលសេរីចម្ងាយ១០០ម៉ែត្រ ជាមួយនឹងថិរវេលា ៤៦.៨០ ក្នុងព្រឹត្តិការណ៍ World Aquatics Championship នៅក្រុងដូហា ឆ្នាំ២០២៤។ កីឡាកររូបនេះ ក៏ជាម្ចាស់កំណត់ត្រាអូឡាំពិក ក្នុងថិរវេលា ៤៧.០២ នៅអូឡាំពិកតូក្យូ ផងដែរ៕ | កីឡាករហែលទឹកខ្មែរ-បារាំង ដឺឡាប៉ារ៉ង អង់ត្វ័ន ត្រូវប្រកួតប្រជែងលើវិញ្ញាសាហែលសេរី១០០ ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នាក្រុងប៉ារីស ប្រទេសបារាំង វេលាម៉ោង៤ និង១៨នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី៣០ ខែកក្កដា នេះ។ |
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ទាំងសោកស្តាយដូច្នេះ«នេះ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក»។ ក្រៅពីចូលរួមរំលែកទុក្ខ ប្រមុខរាជរដ្ឋាភិបាល បានអរគុណក្រុមការងារពាក់ព័ន្ធនឹងប្រតិបត្តិការរុករកទាំងអស់ ដែលបានពុះពារឥតរួញរា ជម្នះគ្រប់ឧបសគ្គ អស់ពេល១៨ថ្ងៃ ទាំងយប់ទាំងថ្ងៃ នៅក្នុងបេសកកម្មដ៏សែនលំបាកនេះ រហូតស្វែងរកឃើញទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ។ រោងពិធីបុណ្យសពអាកាសយានិក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ត្រូវបានរៀបចំរួចហើយ នៅមូលដ្ឋានកងទ័ពជើងអាកាសពោធិចិនតុង រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជា អាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ បានពលីជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងពេលហ្វឹកហ្វឺន តាំងពីថ្ងៃទី១២ ខែកក្កដា។ ដោយសារតែបញ្ហាអាកាសធាតុ ក្រុមការងាររុករក បានចំណាយពេលរហូតដល់ទៅ១៧ ថ្ងៃ ទម្រាំរកឃើញ និងទៅដល់ទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា។ បើតាម លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ ត្រូវបានរកឃើញស្លាប់ នៅក្នុងឧទ្ធម្ភាគចក្រ។ ចំណែកអាកាសយានិក ស៊ុន ផល្លា ត្រូវបានរកឃើញនៅចម្ងាយជាង២០០ម៉ែត្រ ពីទីតាំងឧទ្ធម្ភាគចក្រ។ លោក ឥត សារ៉ាត់ សន្និដ្ឋានថាទាហានរូបនេះ អាចស្លាប់ដោយសាររងរបួស ឬអាចមកពីអត់អាហារយូរថ្ងៃពេក។ ដោយសារតែអាកាសធាតុមិនអំណោយផល ត្រូវការពេល ក្នុងការយកសាកសពចេញពីកន្លែងកើតហេតុ។ នេះបើតាម លោក ឥត សារ៉ាត់ ដែលបញ្ជាក់ថា ពិធីបុណ្យសពរបស់កងទ័ពអាកាសទាំង២រូបនេះ នឹងរៀបចំឡើងនៅទីបញ្ជាការដ្ឋានទ័ពអាកាស ដើម្បីឱ្យស័ក្តិសមនឹងវីរភាព និងការលះបង់របស់វីរជនទាំង២រូប៕ relate | ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសាររបស់អាកាសយានិកទាំង២រូប ដែលបានពលី នៅក្នុងពេលហ្វឹកហ្វឺន។ សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកមរណភាពរបស់ នាយទាហានទាំងរូបនេះ ថាជាការបាត់បង់កូនប្រុស ស្វាមី ឪពុក ដ៏ល្អសម្រាប់គ្រួសារ និងជាការបាត់បង់ធនធានមនុស្សដែលមានឆន្ទៈស្នេហាជាតិ។ |
អន្ទង់អាំង ឬជាភាសាជប៉ុន Unagi ជាមុខម្ហូបដ៏ល្បីនៅក្នុងប្រទេសជប៉ុន ហើយភ្ញៀវទេសចរជាច្រើន ចង់សាករសជាតិ។ អន្ទង់អាំង តែងត្រូវបានចម្អិន និងដាក់នៅបាយ សម្រាប់លក់។ យ៉ាងណាមិញ អន្ទង់អាំង នៅក្នុងហាងមួយកន្លែង ក្នុងផ្សារ Keikyu នៃក្រុងយូកូហាម៉ា ស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ បានធ្វើឱ្យមនុស្សម្នាក់ បានស្លាប់ និង១៤០នាក់ផ្សេងទៀតឈឺ ក្រោយទិញបរិភោគសម្រាប់អាហារថ្ងៃត្រង់។ អ្នកស្លាប់ ជាស្រ្តីមានវ័យ៩០ឆ្នាំ។ លោក Shinji Kaneko ប្រធានផ្សារ Keikyu នៅថ្ងៃទី២៩ ខែកក្កដា បានធ្វើសន្និសីទសារព័ត៌មានសុំទោស និងចូលរួមរំលែងទុក្ខចំពោះប្រជាជនដែលបានបាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times។ តាមការស៊ើបអង្កេត អាជ្ញាធរសុខាភិបាលជប៉ុន បានរកឃើញបាក់តេរីប្រភេទ Staphylococcus Aureus មាននៅក្នុងអន្ទង់អាំងនោះ។ ភោជនីយដ្ឋាន Isesada ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ជាហាងត្រូវទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ ដោយសារជាអ្នកលក់ និងចម្អិនអន្ទង់ដោយផ្ទាល់៕ | មុខម្ហូបអន្ទង់អាំង ដែលជាអាហារដ៏ល្បីនៅជប៉ុន បានបណ្តាលឱ្យមនុស្សចំនួនម្នាក់ ពុលស្លាប់ និង១៤០ផ្សេងទៀតឈឺ នៅក្នុងក្រុងយូកូហាម៉ា (Yokohama) បន្ទាប់ពីអ្នកទាំងនោះ បានទិញពីហាងមួយកន្លែង ក្នុងផ្សារKeikyu នៅសប្តាហ៍មុន។ ប្រធានផ្សារ Keikyu បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៩ ខែកក្កដា។ |
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៩ កក្កដា បានឱ្យដឹងថា ភ្លៀងធ្លាក់នៅប៉ុន្មានសប្ដាហ៍មកនេះ បានធ្វើឱ្យខេត្តចំនួន១០នៅក្នុងប្រទេសកម្ពុជា រងការជនលិច និងខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំកសិកម្មមួយចំនួន ប៉ុន្តែមិនទាន់គំរាមកំហែងដល់អាយុជីវិតពលរដ្ឋនៅឡើយទេ។ បើតាមលោក រហូតមកទល់ពេលនេះ ភ្លៀងនៅតែធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើតំបន់លិចលង់ស្រាប់ បន្តកើនឡើងខ្ពស់ថែមទៀត ហើយកម្ពស់ទឹកនៅតាមបឹង ស្ទឹង និងព្រែកមួយចំនួនក៏ហក់ឡើងផងដែរ។ ប្រសិនបើ ភ្លៀងនៅតែបន្តធ្លាក់ ការគំរាមកំហែងដោយសារទឹកជំនន់ នៅតែបន្តកើតឡើងជាបន្តបន្ទាប់ ជាពិសេសនៅភូមិសាស្រ្តខេត្តកំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងស្ទឹងត្រែង។ នេះជាករបញ្ជាក់របស់ លោក សុទ្ធ គឹមកុលមុនី ដោយបន្ថែមថា៖ «បើតាមការព្យាកររបស់ ក្រសួងធនធានទឹក ស្ថានភាពអាកាសធាតុ នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត។ ដូច្នេះនេះជាបញ្ហាគំរាមកំហែងមួយ ដែលអាចនឹងមានទឹកជំនន់កើតឡើង ដោយសារកម្ពុជារងឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់»។ ចំពោះមុខ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំផែនការត្រៀមបម្រុងទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងមូលដ្ឋាន ព្រមទាំងត្រៀមកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជំនាញ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលអាចកើតឡើងនាពេលខាងមុខ។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តតាមដានស្ថានភាពទឹក និងត្រូវរៀបចំទីទួលសុវត្ថិភាព ឧបករណ៍ និងមធ្យោបាយសង្រ្គោះពលរដ្ឋចេញពីជំនន់ទឹកភ្លៀង។ កាលពីឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្ស១០៣នាក់ និងរបួស ២៤៣នាក់។ ក្នុងនោះ ករណីរន្ទះបាញ់បានសម្លាប់មនុស្ស៨៤នាក់, ខ្យល់កន្រ្តាក់៩នាក់ និងទឹក ជំនន់១០នាក់។ នេះបើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕ | គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រៀមទីទួលសុវត្ថិភាព និងមធ្យោបាយសង្រ្គោះពលរដ្ឋចេញទឹកជំនន់ ខណៈទឹកភ្លៀងបានធ្វើឱ្យខេត្តចំនួន១០ហើយ រងការជន់លិច និងអាចបន្តហក់ឡើងថែមទៀត។ |
ទាំងរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិ លោក ឡយ អូស្ទីន នៅថ្ងៃទី៣០ ខែកក្កដា បានបំពេញទស្សនកិច្ចនៅហ្វីលីពីន ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ជាមួយចិន ជាច្រើនឆ្នាំមកហើយ។ ក្នុងដំណើរទស្សនកិច្ចនេះ អាម៉េរិក បានផ្តល់ជំនួយហិរញ្ញវត្ថុទំហំ ៥០០លានដុល្លារ ទៅហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ «ពេលនេះ យើងកំពុងបែងចែកជំនួយហិរញ្ញវត្ថុយោធាបរទេសបន្ថែម ៥០០លានដុល្លារ សម្រាប់ហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយសម្ព័ន្ធមិត្តសន្ធិសញ្ញាដ៏ចាស់ជាងគេក្នុងតំបន់»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៣០ ខែកក្កដា ដោយចាត់ទុកជំនួយនោះជាការវិនិយោគតជំនាន់ ដើម្បីធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធហ្វីលីពីន និងកងល្បាត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ជំនួយហិរញ្ញវត្ថុខាងលើ ជាផ្នែកមួយនៃជំនួយហិរញ្ញវត្ថុយោធាបរទេសទំហំ ២ពាន់លានដុល្លារ ដែលត្រូវបានអាម៉េរិក អនុម័ត នៅក្នុងខែមេសា កន្លងទៅ។ ការគាំទ្រនេះ កើតមានស្របពេលហ្វីលីពីន កំពុងកែលម្អសមត្ថភាពកម្លាំងប្រដាប់អាវុធ និងកងល្បាតរបស់ខ្លួន ក្នុងពេលមានបញ្ហាចម្រូងចម្រូសនៅក្នុងសមុទ្រចិនខាងត្បូង ជាមួយចិន។ ក្រោយមានជំនួបរវាងរដ្ឋមន្រ្តីការបរទេសប្រទេសចិន និងហ្វីលីពីននៅអាស៊ាន និងកិច្ចចរចាផ្សេងៗ ជម្លោះរវាងក្រុងប៉េកាំង និងក្រុងម៉ានីល នៅតំបន់ Second Thomas Shoal ហាក់ថមថយបន្តិចវិញ។ ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីន រដ្ឋមន្រ្តីការពារជាតិ និងការបរទេសអាម៉េរិក ក៏បានជួបជាមួយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ផងដែរ មុនកិច្ចប្រជុំ ២បូក២ ឬកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ នៅក្នុងថ្ងៃដដែល។ បើតាមលោក Marcos Jr. វត្តមានរបស់អាម៉េរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជារឿងចាំបាច់សម្រាប់ស្ថិរភាព និងសន្តិភាព។ មេដឹកនាំហ្វីលីពីនរូបនេះ ក៏មិនភ្លេចសាទរពីប្រព័ន្ធទំនាក់ទំនងទ្វេភាគីប្រកបដោយការបើកចំហរ និងបន្តជំរុញឱ្យផ្តោតលើប្រធានបទសមុទ្រចិនខាងត្បូង និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សូមបញ្ជាក់ថា ហ្វីលីពីន ជាសម្ព័ន្ធមិត្តមួយរបស់អាម៉េរិក ដែលចងភ្ជាប់កាតព្វកិច្ចដោយសន្ធិសញ្ញា។ បានសេចក្តីថា ប្រសិនបើហ្វីលីពីន រងការវាយប្រហារពីប្រទេសណាមួយ អាម៉េរិក អាចបញ្ជូនទ័ពជួយហ្វីលីពីនបាន។ កន្លងមក ក្រុងវ៉ាស៊ីនតោន ក៏ធ្លាប់ព្រមានក្រុងប៉េកាំង ពីសន្ធិសញ្ញាបែបនេះដែរ៕ | លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅថ្ងៃទី៣០ ខែកក្កដា បានប្រកាសថា អាម៉េរិក នឹងផ្តល់ជំនួយហិរញ្ញវត្ថុទំហំ ៥០០លានដុល្លារនៃមូលនិធិយោធា ទៅឱ្យហ្វីលីពីន។ ជំនួយយោធានេះ ធ្វើឡើងស្របពេល រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងម៉ានីល កំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ |
ក្រៅពីសង្កេតពីជីវភាពរបស់ពលរដ្ឋហើយនោះ គោលបំណងនៃដំណើររបស់ សម្តេច នាយករដ្ឋមន្ត្រី គឺដើម្បីពិនិត្យមើលសកម្មភាពជួសជុលផ្លូវ នៅតាមបន្ទាត់ព្រំដែនផងដែរ។ សម្តេច នាយករដ្ឋមន្ត្រី បានបង្ហោះពីដំណើរក្រៅផ្លូវការរបស់ខ្លួនទៅព្រំដែនកម្ពុជា-វៀតណាមនេះ នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ អមដោយឃ្លីបវីដេអូ ជាង២នាទី នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ អមជាមួយនឹងឃ្លីបវីដេអូនោះ ប្រមុខរាជរដ្ឋាភិបាល ពិពណ៌នាថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់»៕ | សម្តេច ហ៊ុន ម៉ាណែត បានធ្វើដំណើរតាមរថយន្ត ទៅមើលសកម្មភាពជួសជុលផ្លូវ និង សង្កេតផ្ទាល់ ពីជីវភាពរស់នៅជាក់ស្តែងរបស់ពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រមួយចំនួន នៃខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។ |
អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានចាប់បញ្ជូនអគ្គនាយករងពន្ធនាគារម្នាក់ ទៅ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា អគ្គនាយករងពន្ធនាគារ ដែលត្រូវបានចាប់ខ្លួននោះ មានជាប់សង្ស័យនឹងអំពើពុករលួយនិងការប្រកាសទ្រព្យ សម្បត្តិមិនត្រឹមត្រូវ ។ នៅថ្ងៃទី២៩ ខែកក្កដាដដែល អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានខ្លួន និងបញ្ជូនខ្លួន ជនសង្ស័យ២នាក់ ក្នុងសំណុំរឿងដោយឡែកមួយផ្សេងទៀត ទៅតុលាការខេត្តកំពង់ធំ។ ក្នុងសំណុំរឿងនេះ ជនសង្ស័យទាំង២នាក់ មានជាប់ពាក់ព័ន្ធនឹងបទបំផ្លាញដោយចេតនា និងគៃបំបាត់ ដោយទុច្ចរិត (ដីព្រៃលិចទឹក) ដែលម្នាក់ជាប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន និងម្នាក់ទៀតជាកសិករ។ នេះបើតាមការបញ្ជាក់របស់ លោក សយ ច័ន្ទវិចិត្រ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនអាចបញ្ជាក់លម្អិតបានទេ ខណៈសំណុំរឿងស្ថិតក្នុងនីតិវិធីស៊ើបសួរបន្ថែម៕ | អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានចាប់ឃាត់ខ្លួន មនុស្ស៣នាក់ ក្នុងសំណុំរឿង២ ផ្សេងគ្នា បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៩ ខែកក្កដា។ បើតាម ACU ក្នុងចំណោម ជនសង្ស័យទាំង៣នាក់ មាម្នាក់ជាអគ្គនាយករងពន្ធនាគារ, ម្នាក់ជាមន្ត្រីរដ្ឋបាលក្រុង ស្ទឹងសែន និងម្នាក់ទៀតជាកសិករ។ |
នៅក្នុងមុខតំណែងនេះ លោកស្រី Meyer នឹងដឹកនាំរៀបចំធ្វើឱ្យចប់សព្វគ្រប់នូវឯកសារ «ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា» សម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៩។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កម្មវិធីនេះនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាមរយៈលទ្ធភាពទទួលបានការអប់រំកុមារតូចប្រកបដោយគុណភាព និងសេវាកម្មសុខភាព, លើការបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ កម្មវិធី ធ្វើឡើងដើម្បីបង្កើតការងារកាន់តែប្រសើរ និងភាពធន់ឱ្យបានកាន់តែច្រើន ពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។ « ខ្ញុំមានកិត្តិយសណាស់ដែលបានមកបំពេញតួនាទីថ្មីនៅក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា »។ លោកស្រី Tania Meyer បាននិយាយបែបនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាឱ្យឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងលើកកម្ពស់មូលធនមនុស្ស, បង្កើតការងារ រួមទាំងក្នុងសកម្មភាពទាក់ទងអាកាសធាតុ ជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងក្រុមជនងាយរងគ្រោះ នៅកម្ពុជា។ លោកស្រី Meyer មានបទពិសោធន៍ការងារជាង១៥ឆ្នាំនៅក្នុងស្ថាប័នធនាគារពិភពលោក។ លោកស្រីធ្លាប់កាន់តំណែងប្រធានគ្រប់គ្រងសម្រាប់ប្រទេសយេមេន និងជាតំណាងប្រចាំប្រទេសហ្ស៊កដានី។ លោកស្រីក៏ធ្លាប់ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនានានៅអាស៊ី និងអាហ្វ្រិក រួមមាននៅវៀតណាម និងចិន ផងដែរ។ បច្ចុប្បន្ន លោកស្រីបន្តតំណែងនេះពីលោកស្រី Maryam Salim ដែលបានផ្លាស់ទៅធ្វើជានាយិកាប្រចាំប្រទេសអេត្យូពី, ស៊ូដង់, ស៊ូដង់ខាងត្បូង និងអេរីត្រេ ក្រោយពីបានដឹកនាំការងារការិយាល័យធនាគារពិភពលោកនៅទីក្រុងភ្នំពេញអស់រយៈពេលបីឆ្នាំ៕ | ជាជនជាតិបារាំង លោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ត្រូវបានធនាគារពិភពលោកប្រកាសតែងតាំង ជាប្រធានគ្រប់គ្រងថ្មីប្រចាំកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកក្កដា តទៅ។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបានបញ្ជាក់ថា លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល, វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល រួមទាំងមើលការខុសត្រូវលើគម្រោងនិងកម្មវិធីអភិវឌ្ឍន៍ទាំងអស់ដែលមានតម្លៃទឹកបា្រក់ចំនួន១,៧ពាន់លានដុល្លារនៅកម្ពុជា។ |
Richard Kovacs មិនត្រឹមតែជាកីឡាករអាជីពម្នាក់ឡើយ រូបគេក៏ជាគ្រូបង្រៀនក្រៅម៉ោងម្នាក់ ដែលបង្រៀនកូនសិស្សក្មេងៗ ស្ថិតក្នុងសាលាមួយកន្លែងក្នុងទីក្រុង Nyiregyhaza ប្រទេសហុងគ្រី។ ភាគច្រើនកូនសិស្សដែល កីឡាករ Kovacs បង្រៀនជាក្មេងក្រីក្រនៅតំបន់ដែលខ្លួនរស់នៅ។ នាថ្ងៃទី២៩ ខែកក្កដា ស្ថិតក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស លើប្រភេទកីឡាប្រដាល់ កីឡាករ Kovacs បានផ្តួលកីឡាករម្ចាស់មេដាយសំរិទ្ធិអូឡាំពិកទីក្រុងតូក្យូ Harry Garside លើប្រភេទទម្ងន់ស្រាល វគ្គជម្រុះ ១៦នាក់ចុងក្រោយ។ ក្រោយពីបានយកឈ្នះលើកីឡាករ Garside រួច កីឡាករ Kovacs បាននិយាយថារូបគេជាគ្រូបង្រៀនមួយរូប បានផ្តល់ចំណេះដឹងដល់ក្មេងក្រីក្រស្ថិតក្នុងទីក្រុងកំណើត ហើយលោកបានបង្ហាញក្តីសង្ឃឹមថានឹងអាចឈ្នះមេដាយអូឡាំពិក ដើម្បីនាំភាពរីករាយដល់កូនសិស្ស។ Kovacs បាននិយាយដូច្នេះថា៖«ខ្ញុំជាគ្រូបង្រៀនផ្នែកអប់រំកាយ និងប្រវត្តិសាស្ត្រមួយ ក្នុងសាលារៀនមួយកន្លែង សម្រាប់ក្មេងៗដែលមានជីវភាពក្រីក្រ ដែលពិបាកទទួលបានឱកាសរៀនសូត្រ។ ខ្ញុំតែងតែព្យាយាមបង្រៀនទៅកាន់ពួកគេទាំងនៅក្នុងសាលារៀន ក៏ដូចជារៀនអំពីកីឡាផងដែរ។ ខ្ញុំគិតថាពួកគេនឹងរីករាយ និងមានមោទកភាពចំពោះខ្ញុំនៅពេលនេះ ដែលបានបង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិក ហើយប្រសិនបើខ្ញុំអាចនាំយកមេដាយសម្រាប់ពួកគេបាន នោះពួកគេនឹងមានភាពរីករាយខ្លាំងថែមទៀត។[]។» កីឡាករប្រដាល់វ័យ ២៦ឆ្នាំ សញ្ជាតិហុងគ្រី នឹងត្រូវជួបតទល់ជាមួយនឹងកីឡាករម្ចាស់មេដាយប្រាក់អូឡាំពិកទីក្រុងរីអូ ឆ្នាំ ២០១៦ Sofiane Oumiha របស់ប្រទេសបារាំង ឬក៏កីឡាករ Obada Alkasbeh នៅក្នុងវគ្គជម្រុះ ៨នាក់ចុងក្រោយ។ ប្រសិនបើ Kovacs ឈ្នះការប្រកួតវគ្គជម្រុះ ៨នាក់ ចុងក្រោយ នោះរូបគេមានភាគរយខ្ពស់ក្នុងការឈ្នះមេដាយព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស៕ | Richard Kovacs កីឡាករប្រដាល់ហុងគ្រី និងជាគ្រូបង្រៀនក្រៅម៉ោងផង សង្ឃឹមដណ្តើមមេដាយអូឡាំពិកប៉ារីស ដើម្បីនាំភាពរីករាយទៅកាន់កូនសិស្សតូចៗ ដែលខ្លួនបង្រៀន។ |
នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្ដីសម្រេចពីការបន្ធូបន្ថយពិន័យលើគ្រួសារលោក អេ ភូថង។ ក្នុងនោះ លោក អេ ភូថង ត្រូវបានបន្ថយពិន័យមិនឲ្យចូលសង្វៀនប្រដាល់ពី៦ខែ មកត្រឹម៣ខែ ដោយអនុវត្តត្រឹមតែ៤សប្ដាហ៍ ហើយពិន័យដែលនៅសល់ នឹងត្រូវព្យួរសិន។ ចំណែក លោកស្រី សាំង សុម៉ាលី ភរិយាលោក អេ ភូថង បន្ថយពី៦ខែ មកត្រឹម៣ខែ អនុវត្ត៦សប្ដាហ៍។ ដោយឡែក កីឡាការិនី អេ យ៉ានុត នៅតែទទួលពិន័យ៦ខែ ហើយត្រូវអនុវត្ត៨សប្ដាហ៍ ហើយពេលវេលានៅសល់ នឹងត្រូវព្យួរសិន។ ចំពោះការព្យួរនេះ ប្រសិនជាអ្នកទាំងបី នៅតែប្រព្រឹត្តខុសដដែលៗ ការពិន័យនឹងអនុវត្តបន្ដ។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានបញ្ជាក់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការយោគយល់ និងបន្ថយការពិន័យ គឺដោយសារតែលោក អេ ភូថង មានគុណសម្បត្ដិច្រើនក្នុងវិស័យប្រដាល់គុនខ្មែរ។ ម្យ៉ាងវិញទៀត ត្រកូលអ្នកប្រដាល់រូបនេះ បានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ផងដែរ។ សេចក្ដីប្រដាស់របស់ហសព័ន្ធកីឡាប្រដាល់គុនខ្មែរ «យោងទៅលើការសម្របសម្រួលសុំទោសជាសាធារណៈ និងទទួលកំហុស កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន។ យើងបានប្រជុំពិភាក្សាក្នុងគណៈកម្មាធិការអចិន្ត្រៃរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអនុគណៈកម្មាធិការពិន័យ ទៅលើការបន្ថូបន្ថយ។ កាលណាភាគ ដែលទទួលកំហុសនោះគាត់ ដឹងពីកំហុស ហើយសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាមិនបង្ករកំហុសនេះទៀតទេ ក្នុងនាមជាខ្មែរ យើងសិក្សាពីការបន្ថូបន្ថយ និងយោកយល់ពីគុណសម្បត្តិរបស់គាត់កន្លងមក ដែលបានជួយអភិវឌ្ឍ និងអភិរក្សគុនខ្មែរ តាំងពីជំនាន់ជាកីឡាកររហូត ក្លាយជាគ្រូបង្វឹក និងដល់កូនរបស់គាត់។ គាត់ មានគុណសម្បត្តិច្រើន។»។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បាននិយាយដូច្នេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ការបញ្ឈប់ការប្រកួត ដោយឲ្យ ម៉ឺន មេឃា ចាញ់ ចាន់ ប៊ុនហឿន ក្នុងទឹកទី៣ បន្ទាប់ត្រូវមួយជើងចូលមុខ បានធ្វើឲ្យមានការតវ៉ាលើសង្វៀន និងបានបង្កើតជារូបភាពអនាធិបតេយ្យមួយ នៅសង្វៀន PNN។ ក្រោយការតវ៉ា ដ៏រញ៉េរញ៉ៃ និងគ្មានសណ្ដាប់ធ្នាប់នោះ លោក អេ ភូថង លោកស្រី ស សុម៉ាលី និង អេ យ៉ានុត ត្រូវបានពិន័យមិនឲ្យជាន់សង្វៀន ៦ខែ។ លុះចូលថ្ងៃទី២៣ ខែកក្កដា អ្នកទាំង៣ បានចូលសុំទោស ចំពោះកំហុសរបស់ខ្លួន ទៅដល់ប្រធានសហព័ន្ធ មន្ដ្រីអាជ្ញាកណ្ដាល និងម្ចាស់កម្មវិធី ផងដែរ៕ សេចក្ដីប្រដាស់របស់ហសព័ន្ធកីឡាប្រដាល់គុនខ្មែរ សេចក្ដីប្រដាស់របស់ហសព័ន្ធកីឡាប្រដាល់គុនខ្មែរ | សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចបន្ធូបន្ថយពិន័យ លោក អេ ភូ ភរិយាអ្នកស្រី សាំង សុម៉ាលី និងកូនស្រី អេ យ៉ានុត។ បើតាមការបញ្ជាក់របស់ លោក ខូវ ឆាយ ការដឹងកំហុស និងសុំទោសជាសាធារណៈ ព្រមទាំងគុណសម្បត្តិក្នុងការអភិវឌ្ឍវិស័យគុនខ្មែរផង ទើបគ្រួសារ អេ ភូថង ទទួលបានការបន្ទបន្ថយនេះ។ |
បើតាម អ្នកនាំពាក្យរូបនេះ មកដល់ថ្ងៃទី៣០ កក្កដានេះ មានសាលារៀនចំនួន ៥ នៅស្រុកឯកភ្នំ និងសាលារៀន ១ នៅស្រុកសង្កែ បានផ្អាកការសិក្សាបណ្ដោះអាសន្ន ដោយសារការជន់លិច។ ជុំវិញការផ្អាកការសិក្សាអំឡុងពេលទឹកជំនន់នេះ លោកស្រី ឃួន វិច្ឆិកា អះអាងថា ក្រសួងអប់រំ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលា និងមន្ទីរអប់រំ ដើម្បីឆ្លងយោបល់គ្នាទៅវិញទៅមក។ នៅតាមសាលារៀននីមួយៗ ក៏មានគណៈកម្មាការដើម្បីពិនិត្យតាមដានស្ថានភាពជាក់ស្ដែងរបស់សាលារៀនផងដែរ ដើម្បីធានាថា ការធ្វើដំណើររបស់សិស្សមកកាន់សាលារៀន មានសុវត្ថិភាព។ លោកស្រី វិច្ឆិកា បញ្ជាក់ដូច្នេះ មុននឹងស្នើឱ្យអាណាព្យាបាល បង្កើនការប្រុងប្រយ័ត្ន ចំពោះការធ្វើដំណើរមកសាលារៀនរបស់កូនៗ ជាពិសេសតាមដានការព្យាករអាកាសធាតុ របស់ក្រសួងឧតុនិយម។ អត្ថបទទាក់ទង សូមប្រុងប្រយ័ត្នចំពោះទឹកជំនន់! សាលា៥កន្លែង នៅបាត់ដំបង ត្រូវផ្អាកការបង្រៀនបណ្តោះអាសន្ន ដោយសារទឹកជន់លិច សូមបញ្ជាក់ថា កាលពីពាក់កណ្ដាលខែកក្កដា លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីការប្រឈមនឹងជំនន់ទឹកភ្លៀង។ អ្នកនាំពាក្យរូបនេះ អះអាងថា ចាប់ពីដើមខែសីហា រហូតដល់ចុងឆ្នាំ២០២៤ កម្ពុជា នឹងរងឥទ្ធិពលបាតុភូត La Nina ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន និងប្រឈមនឹងជំនន់ទឹកភ្លៀង៕ | ក្រសួងអប់រំ បានអំពាវនាវឱ្យអាណាព្យាបាលសិស្ស ប្រុងប្រយ័ត្ន ចំពោះការធ្វើដំណើរ របស់កូនទៅសាលារៀន បន្ទាប់ពីសាលារៀនមួយចំនួន បានចាប់ផ្ដើមជន់លិច ដោយសារជំនន់ទឹកភ្លៀង។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ទទូចដូច្នេះ ស្របពេលដែលតំបន់ និងសាលារៀនមួយចំនួន ប្រឈមនឹងទឹកជំនន់។ |
ខណៈដែលអ្នករៀបចំការប្រកួត នៅតែទទួចទាមទារឱ្យស្ថានភាពទឹកទន្លេសែនវិលត្រឡប់ដល់កម្រិតល្អប្រសើរ ប្រភេទកីឡាទ្រីយ៉ាត្លុង ត្រូវសម្រេចពន្យារពេល ២៤ម៉ោង ពោលនឹងត្រូវធ្វើនៅថ្ងៃទី៣១ ខែកក្កដាវិញ។ បើតាមសេចក្តីថ្លែងការណ៍រួមមួយរវាងអ្នករៀបចំ Paris 2024 និងស្ថាប័នទ្រីយ៉ាត្លុងពិភពលោក បញ្ហាបំពុលទឹក និងភាពកខ្វក់កើនឡើងដោយសារតែបញ្ហាភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុងប៉ារីសពេលកន្លងទៅ បានបន្តជះផលមិនល្អដល់ការហ្វឹកហាត់របស់អត្តពលិកកីឡាទ្រីយ៉ាត្លុង ហើយទាមទារឱ្យពន្យាពេលបន្តទៀត។ «អ្នករៀបចំ Paris 2024 និងស្ថាប័នកីឡាត្រីយ៉ាងត្លុងពិភពលោក សូមរំលឹកឡើងវិញថា អទិភាពចម្បងបំផុតនៃការសម្រេចចិត្តរបស់យើងពេលនេះ នោះគឺសុខភាពរបស់អត្តពលិក។ការធ្វើតេស្តបានបង្ហាញថាទឹកទន្លេសែន នៅថ្ងៃនេះមានកម្រិតគុណភាព ទាបដែលប៉ះពាល់ទៅដល់សុខភាព និងមិនអាចផ្តល់ការធានាគ្រប់គ្រាន់ ក្នុងការអនុញ្ញាតឱ្យការប្រកួតរៀបចំទៅបាន។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នគ្រប់គ្រងការប្រកួតទាំងពីរ។ នេះជាការផ្អាកលើកទី៣ ជាប់គ្នាហើយ សម្រាប់រយៈពេល ៣ថ្ងៃមកនេះ ចំពោះការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង ដែលបង្កឡើងពីបញ្ហាទឹកទន្លេសែនកើនកម្រិតកខ្វក់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុងប៉ារីស ពីថ្ងៃទី២៦-២៧ ខែកក្កដា។ ប្រភេទកីឡាទ្រីយ៉ាត្លុងនេះ លើកលែងតែការហែលទឹកប៉ុណ្ណោះត្រូវបានពន្យាពេល ប៉ុន្តែការហ្វឹកហាត់រត់ និងជិះកង់ នៅតែបើកដំណើរធម្មតាសម្រាប់អត្តពលិកចូលរួមប្រកួត។ កាលពីមុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ចាប់ផ្តើមជាផ្លូវការ បញ្ហាការបំពុលបង្កឡើងពីប្រព័ន្ធបង្ហូរទឹកលូទីក្រុងប៉ារីស និងភ្លៀងធ្លាក់នេះ ធ្លាប់កើតឡើងជាបន្តបន្ទាប់រហូតដល់ពេលដែលព្រឹត្តិការណ៍បើកជាផ្លូវការបានចាប់ផ្តើម។ យ៉ាងណា ប្រទេសបារាំង មុនពេលការប្រកួតមកដល់ ពួកគេក៏បានចំណាយប្រាក់ប្រមាណ ១,៤ពាន់លានអឺរ៉ូ (១,៥លានដុល្លារ) ដើម្បីរៀបចំកែលម្អរប្រព័ន្ធបង្ហូរទឹកទូទាំងទីក្រុងប៉ារីស ដើម្បីអាចធ្វើឱ្យកម្រិតទឹកទន្លេសែន មានគុណភាពសម្រាប់រៀបចំការប្រកួតប្រភេទកីឡាហែលទឹក ដូចជាកីឡាទ្រីយ៉ាត្លុងនេះបាន ក៏ដូចជាការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនេះជាដើម៕ | ព្រោះតែបញ្ហាភាពកខ្វក់ទឹកទន្លេសែន (Seine) បន្តស្ថិតនៅកម្រិតដែលប៉ះពាល់ដល់សុខភាព អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ពន្យារពេលការប្រកួតកីឡាទ្រីយ៉ាត្លុងផ្នែកបុរស ប៉ុន្មានម៉ោងប៉ុណ្ណោះមុនការប្រកួតនៅថ្ងៃទី៣០ ខែកក្កដា។ |
ក្រោយបញ្ចប់ «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង» ក្រសួងសុខាភិបាល និងមូលនិធិ GX បានបន្តចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើ«គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ»។ ក្នុងពិធីចុះអនុស្សារណៈនៅថ្ងៃទី២៩ ខែកក្កដា មានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក លាំង ជិនយីង ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ លោក ហ៊ុន ម៉ានី បានអរគុណរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសមូលនិធិ GX និងក្រុមគ្រូពេទ្យភ្នែកចិន ដែលបានចូលរួមយ៉ាងសកម្ម និងផ្តល់ការគាំទ្ររួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់វិស័យសុខាភិបាល និងសុខភាពរបស់ប្រជាជនកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី លើកឡើងបែបនេះ៖«គម្រោងទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីមិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងយូរអង្វែងរវាងកម្ពុជា និងចិន ដែលវិវត្តពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងត្រូវបានប្រសិទ្ធិនាមថា «មិត្តភាពដែកថែប»។ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានលើកពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដែលផ្តោតលើការលើកកម្ពស់សុខភាព និងសុខុមាលភាពផងដែរ។ ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ សម្រាប់លោក ហ៊ុន ម៉ានី យល់ឃើញថា កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងជួយដល់ជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសលើកកម្ពស់សុខភាពសាធារណៈ ក្នុងខេត្តទាំងមូល ដែលជួយឱ្យពលរដ្ឋមានសុខភាពកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងរវាងលោកស្រីសាស្ត្រាចារ្យ Emily Chan Ying Yang នាយិកាប្រតិបត្តិនៃមូលនិធិ និងលោកវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល។ បើតាមក្រសួងសុខាភិបាល គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺមានគោលបំណងទប់ស្កាត់ និងគ្រប់គ្រងហានិភ័យ បណ្តាលមកពីការរាតត្បាតនៃជំងឺគ្រុនឈាម ដែលនេះជាការឆ្លើយតបនឹងអាទិភាព ចម្បងលើកាប្រយុទ្ធនិងបង្ការជំងឺរាតត្បាត ព្រមទាំងពង្រឹងប្រព័ន្ធសេវាសុខាភិបាល សំដៅលើកកម្ពស់ សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល។ សូមជម្រាបថា នៅថ្ងៃទី២៩ ខែកក្កដាដដែល ក្រសួងសុខាភិបាល និងមូលនិធិ GX ក៏បានប្រកាសបិទបញ្ចប់«គម្រោងលុបបំបាច់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ»នៅខេត្តព្រៃវែងដែរ បន្ទាប់ពីអនុវត្តដោយជោគជ័យអស់រយៈពេល១៨ ខែ។ បើតាមក្រ សួងសុខាភិបាល គម្រោងនេះ បានផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ ចំនួន ៣៨៩១ ករណី ដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅខេត្តព្រៃវែង និងបណ្តាខេត្តជុំវិញ និងពិនិត្យព្យាបាលបញ្ហាសុខភាព ភ្នែកផ្សេងទៀត ជូនពលរដ្ឋចំនួន ៥ ៣៦៧នាក់៕ រូបភាពពីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ។ | ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងមូលនិធិ GX លើ«គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ»។ លោក ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លើកឡើងថា MoUនេះ នឹងជួយដល់ជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសធ្វើឱ្យសុខភាពកាន់តែល្អប្រសើរ។ |
កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្លិប Paro FC បានប្រកាសពីការចូលរួមរបស់លោក Keisuke Honda ដោយអតីតអ្នកចាត់ការក្រុមគោព្រៃរូបនេះ នឹងត្រូវជួយក្រុមប្រកួតក្នុងព្រឹត្តិការណ៍ AFC Challenge Cup វគ្គជម្រុះ ជាមួយក្រុម Church Boys United នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។ Cristiano Ronaldo, Karim Benzema, Neymar JR, N'golo Kanté និងកីឡាករល្បីៗផ្សេងទៀត ដែលធ្លាប់លេងនៅក្លិបធំៗ សុទ្ធតែព្យាយាមបង្កើតកំណត់ត្រាក្នុង AFC Champions League។ ដោយឡែក លោក Honda ដែលធ្លាប់ជាកីឡាករនៅក្លិបធំៗ នៅអឺរ៉ុប ដូចជា AC Milan និងក្លិបមួយចំនួនទៀត បានចាប់ផ្ដើមកំណត់ត្រាក្នុងអាជីពជាកីឡាករជាមួយក្លិបនៅប៊ូតង់ ដើម្បីប្រជែងក្នុងពានកម្រិតទី៣អាស៊ី AFC Challenge Cup។ នេះមិនមែនជារឿងដំបូង សម្រាប់អតីតកីឡាករជម្រើសជាតិជប៉ុន ក្នុងការប្រកួតជាមួយក្លិបក្នុងតំបន់អាស៊ីទេ ដ្បិតរូបគេ ក៏ធ្លាប់មានបទពិសោធន៍ប្រកួតឲ្យក្លិបជាច្រើន ក្នុងលីគជប៉ុនផង និងលីគអូស្ដ្រាលីផង។ យោងតាមការផ្សាយរបស់ក្លិប Paro FC វត្តមានរបស់លោក Keisuke Honda គឺជាការលើកកម្ពស់កីឡាបាល់ទាត់ក្នុងវិស័យកីឡាបាល់ទាត់ប៊ូតង់។ ម្យ៉ាងវិញទៀត ក្លិប Paro FC ក៏ជឿថាខ្សែប្រុទ្ធរូបនេះ នឹងជួយធ្វើឲ្យក្រុមខ្លួនកាន់តែខ្លាំង ជាពិសេសការឆ្លងផុតវគ្គជម្រុះ AFC Challenge Cup ដើម្បីឡើងទៅវគ្គចែកពូល៕ | លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានចូលរួមជាមួយក្លិប Paro FC ម្ចាស់ជើងឯកលីគប៊ូតង់៤សម័យកាល ក្នុងតួនាទីជាខ្សែប្រយុទ្ធកណ្ដាល។ វត្តមានរបស់អតីតជម្រើសជាតិជប៉ុនវ័យ៣៨ឆ្នាំ ដើម្បីជួយក្រុម Paro ប្រកួតក្នុងពានរង្វាន់ AFC Challenge Cup ដែលជាពានក្លិបអាស៊ីកម្រិតទី៣។ |
ជុំវិញនៃគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តោយផ្លូវល្បឿនលឿននេះ លោក ជា វុទ្ធី បានសាទរ និងបានរៀបរាប់ពីរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសផ្ដោតលើការជំរុញទាក់ទាញការវិនិយោគឯកជន។ លោកបានបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development ថា បច្ចុប្បន្នកម្ពុជាមានច្បាប់ស្ដីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Golden Port SEZ Development បានស្វែងយល់អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា រួមទាំងនីតិវិធីចុះបញ្ជី ឬការស្នើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសពីមន្ត្រីជំនាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។ « ព័ត៌មានសំខាន់ទាំងនេះ ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ»។ នេះជាការលើកឡើងរបស់លោក កាំង ឡេង ដែលបានបង្ហាញពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុននៅក្នុងដំណាក់កាលដំបូងលើទំហំផ្ទៃដី ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។ រូបថត៖ CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំទទួលគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនខាងលើ ដែលអាចរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង។ ក្នុងនោះ នៅរាជធានីភ្នំពេញមានតំបន់សេដ្ឋកិច្ចពិសេស២កន្លែង, ខេត្តកណ្ដាល មាន២កន្លែង, កំពង់ស្ពឺមាន១កន្លែង, ព្រះសីហនុមាន៤កន្លែង។ ខេត្តកំពត មានតំបន់សេដ្ឋកិច្ចពិសេស១កន្លែង, កោះកុងមាន១កន្លែង, ក្រចេះមាន១កន្លែង, ស្វាយរៀងមាន៩កន្លែង និងខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣៕ | ក្រុមហ៊ុន Golden Port SEZ Development របស់ចិន មានគម្រោងវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី២៧០ហិកតា នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ។ គម្រោងត្រូវបានបង្ហាញដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Golden Port SEZ Development co. ltd នៅចំពោះមុខលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបការងារ នាថ្ងៃទី២៩ ខែកក្កដា។ |
លោកទេសរដ្ឋមន្រ្តី គន់ គីម ចាត់ទុកជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ ជាការជន់លិចច្រើនជាងគេ បើធៀបនឹងខេត្តដទៃ។ «កំពង់ធំ កំពុងតែលិចច្រើនជាងគេ មិនដែលមាន ឡើងខ្លាំងលើសពីជំនន់ឆ្នាំទៅ។ ដូច្នេះអាចខូចខាតស្រូវរហូតដល់ជាង ៣ពាន់ហិកតា»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី គន់ គីម ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ កក្កដា។ បើតាមលោក គន់ គីម ក្រៅពីខេត្តកំពង់ធំ ក៏មានខេត្តបាត់ដំបង ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ដើម្បីជួយសង្រ្គោះពលរដ្ឋ និងដំណាំស្រូវ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានចាត់មន្រ្តីទៅដោះស្រាយបញ្ហានេះផងដែរ។ លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ រូបភាពពីហ្វេសប៊ុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ស្ថិតក្នុងបេសកកម្មរុករកសាកសពអាកាសយានិកនៅខេត្តពោធិ៍សាត់ លោក គន់ គីម អះអាងថា នឹងចុះទៅពិនិត្យស្ថានភាពជំនន់ភ្លៀង នៅតាមបណ្ដាខេត្តដែលជន់លិច ក្រោយបញ្ចប់បេសកកម្មនេះ។ លោក អ៊ុន បុត្ត អ្នកនាំពាក្យខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ក្នុងខេត្តកំពង់ធំ នៅឆ្នាំ២០២៤ ហាក់ខ្លាំង និងមានល្បឿនលឿនជាងឆ្នាំ២០២៣កន្លងទៅ។ បើតាមខ្លឹមសារលើហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ ស្រុកដែលប៉ះពាល់រួមមាន ស្រុកកំពង់ស្វាយ ស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ ក្នុងនោះស្រុកកំពង់ស្វាយ ប៉ះពាល់ច្រើនជាងគេ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តកំពង់ធំ បានត្រៀមទីទួលសុវត្ថិភាពរួចរាល់សម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈគេចចេញពីគ្រោះទឹកជំនន់នោះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ធំ ក៏អំពាវនាវដល់ពលរដ្ឋ ក្នុងខេត្តកំពង់ធំទាំងអស់ និងពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕ កសិករ ច្រូតស្រូវពេលកំពុងជន់លិច។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជន់លិចដំណាំស្រូវរបស់កសិករ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។ | ភ្នំពេញ៖ រយៈពេល២សប្ដាហ៍នេះ ស្រុកមួយចំនួន នៅក្នុងខេត្តកំពង់ធំ បានជន់លិច ដោយសារជំនន់ទឹកភ្លៀង។ បើតាមលោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវជាង ៣ពាន់ហិកតា។ |
ក្រោយលទ្ឋផលប្រកួតនៅថ្ងៃទី៣០ ខែកក្កដានេះ កីឡាករ ដឺឡាប៉ារ៉ង អង់ត្វ័ន ទទួលបានចំណាត់ថ្នាក់រួមទី៦៧ក្នុងចំណោមកីឡាករ ៧៩នាក់ សរុបទាំង១០ Heat មិនអាចឈានទៅវគ្គបន្តបានទេ ដ្បិតមិនទទួលបានថិវេលាល្អក្នុងចំណោម១៦នាក់។ ទោះរបូតឱកាសទៅវគ្គបន្ត ប៉ុន្តែកីឡាករហែកទឹកវ័យ១៨ឆ្នាំរូបនេះ បានបំបែកកំណត់ត្រារបស់អតីតអត្តពលិកខ្មែរ២រូប ក្នុងព្រឹត្តិការណ៍អូឡាំពិក ក្រោយធ្វើបានថិរវេលា ៥២.៩៥វិនាទី នៅប៉ារីស។ អង់ត្វ័ន បានបំបែកកំណត់ត្រារបស់កីឡាករ ប្រាក់ សំណាង និងកីឡាករកូនកាត់ខ្មែរ-អាម៉េរិក ពូ សុវិជ្ជា។ សម្រាប់វិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនេះ កីឡាករ ប្រាក់ សំណាង ដែលបានចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ១៩៧២ ធ្វើបានក្នុងថិរវេលា ៥៩.១៨ វិនាទី។ ៤៤ឆ្នាំក្រោយមក ពោលគឺក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ កីឡាករកូនកាត់ខ្មែរ-អាម៉េរិក ពូ សុវិជ្ជា បានបញ្ចប់ទីក្នុងថិរវេលា ៥៤.៥៥ វិនាទី។ យ៉ាងណាក៏ដោយ អង់ត្វ័ន មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនដែលធ្វើបាននៅស៊ីហ្គេមលើកទី៣២ឡើយ។ កីឡាករហែលទឹកខ្មែរ-បារាំងរូបនេះ ជាម្ចាស់កំណត់ត្រារបស់កម្ពុជាលើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា ដោយប្រើថិរវេលា ៥២.៨៦វិនាទី។ កាលពីព្រឹត្តិការណ៍ International Meeting of Saint-Dizier លើកទី៣០ នៅបារាំង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ អង់ត្វ័ន ធ្វើបានក្នុងថិរវេលា ៥២.៥៣វិនាទី៕ អត្ថបទទាក់ទង អូឡាំពិក៖ កីឡាករខ្មែរ-បារាំង អង់ត្វ័ន ប្រកួតវិញ្ញាសាហែលសេរី១០០ម៉ែត្រនៅថ្ងៃនេះ | កីឡាករហែលទឹកកម្ពុជា ដឺឡាប៉ារ៉ង អង់ត្វ័ន បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុង Heat 2 ដោយប្រើថិរវេលា ៥២.៩៥វិនាទី ក្នុងការប្រកួតហែលទឹកវិញ្ញាសាសេរី១០០ ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣៣ នាក្រុងប៉ារីស។ ទោះមិនបានឈានទៅវគ្គបន្ត ប៉ុន្តែកីឡាករខ្មែរ-បារាំងរូបនេះ បានបំបែកកំណត់ត្រារបស់អតីតអត្តពលិកខ្មែរ២រូប ក្នុងព្រឹត្តិការណ៍អូឡាំពិក។ |
នៅពេលដែលអ្នកញ៉ាំអាហារក្នុងពេលយប់ នឹងងាយធ្វើឲ្យប៉ះពាល់ដល់ក្រពះខ្លាំងណាស់ ព្រោះពេលដែលអ្នកពីសារអាហារ នឹងធ្វើឲ្យក្រពះ និងពោះវៀនអ្នកបន្តធ្វើការងារ ដោយមិនអាចសម្រាកបានឡើយ។ ជាពិសេស ពេលដែលអ្នកបរិភោគក្នុងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ ដោយធ្វើឲ្យអាហារមិនអាចរំលាយបានល្អឡើយ។ ម្យ៉ាងទៀត រាងកាយក៏មិនអាចទទួលបានសារថាតុចិញ្ចឹមគ្រប់គ្រាន់ដែរ ព្រោះអាហារទាំងនោះស្តុកទុកក្នុងក្រពះយូរ ធ្វើឲ្យប៉ះពាល់ដល់ក្រពះជាខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមហារីកក្រពះបាន។ ដូចនេះ មុនពេលចូលគេងមួយម៉ោង អ្នកមិនគួរញ៉ាំអាហារទេ ប៉ុន្តែបើអ្នកឃ្លានដោយមិនញ៉ាំមិនបាន អ្នកអាចជ្រើសរើសអាហារដែលងាយរំលាយមកពិសារបាន ដើម្បីសុខភាពក្រពះរបស់អ្នក៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរញ៉ាំអាហារក្នុងពេលយប់ជ្រៅ។ តើមានអ្វីខ្លះទៅ? |
អាហារសម្បូរជាតិខ្លាញ់ នៅពេលរកឃើញជាតិស្ករក្នុងឈាមខ្ពស់ អ្នកគួរតែកាត់បន្ថយអាហារដែលមានជាតិខ្លាញ់។ មនុស្សជាច្រើនគិតថាខ្លាញ់មិនមានពាក់ព័ន្ធនឹងជាតិស្ករក្នុងឈាមទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញ៉ាំជាតិខ្លាញ់ច្រើនពេក ខណៈពេលដែលរាងកាយមិនអាចប្រើប្រាស់ថាមពលទាំងអស់នោះ រយៈពេលយូរនឹងនាំឱ្យលើសទម្ងន់ ធាត់ និងបណ្តាលឱ្យមានបញ្ហាមេតាប៉ូលីស។ នៅពេលដែលប្រព័ន្ធ endocrine ត្រូវបានរំខាន បរិមាណអាំងស៊ុយលីនដែលលាក់កំបាំងនឹងថយចុះ ហើយកម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើង។ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម អ្នកគួរតែកាត់បន្ថយអាហារដែលមានកាឡូរីខ្ពស់។ បើអ្នកចង់ញ៉ាំសាច់ដើម្បីផ្តល់ប្រូតេអ៊ីន អ្នកគួរជ្រើសរើសសាច់គ្មានខ្លាញ់ជំនួសការកាត់ខ្លាញ់។ អាហារប្រៃ ដើម្បីជួយរក្សាលំនឹងជាតិស្ករក្នុងឈាម អ្នកគួរតែនៅឱ្យឆ្ងាយពីអាហារដែលមានជាតិអំបិលច្រើន។ បរិមាណសូដ្យូមច្រើនក្នុងខ្លួនមិនត្រឹមតែដាក់សម្ពាធលើក្រលៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សម្ពាធឈាមដែរ។ ការទទួលទានអាហារដែលមានជាតិប្រៃយូរមក បន្ថែមសារធាតុបន្ថែមជាច្រើនដើម្បីរក្សាវា ដូច្នេះអាហារទាំងនេះមិនល្អសម្រាប់សុខភាពឡើយ។ នៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម ប្រព័ន្ធ endocrine ក្នុងរាងកាយមានការផ្លាស់ប្តូរ ការរំលាយអាហារមានបញ្ហា ដូច្នេះហើយចាំបាច់ត្រូវចៀសវាងអាហារដែលមានអំបិលច្រើន។ អាហារដែលមានជាតិម្សៅ អាហារដែលមានម្សៅដូចជា ដំឡូងបារាំង អង្ករ ម្សៅ ពេលចូលទៅក្នុងខ្លួននឹងបំបែកទៅជាកាបូអ៊ីដ្រាត បន្ទាប់មកបំប្លែងទៅជាជាតិស្ករ។ ដូច្នេះ ការទទួលទានអាហារម្សៅច្រើនពេកនឹងនាំឱ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាម ។ ស្រាបៀរ និងភេសជ្ជៈ ការសំងាត់អាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែមគឺខុសប្រក្រតី។ ប្រសិនបើអ្នកផឹកស្រា មុខងាររបស់អាំងស៊ុយលីននឹងត្រូវរំខាន។ លើសពីនេះ នៅពេលដែលជាតិអាល់កុលចូលក្នុងខ្លួន វាងាយនឹងប្រតិកម្មជាមួយនឹងថ្នាំគ្រប់គ្រងជាតិស្ករក្នុងឈាម ដែលជាហេតុធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។ បន្ថែមពីលើជាតិអាល់កុល អ្នកក៏មិនគួរផឹកភេសជ្ជៈដែរ។ ភេសជ្ជៈភាគច្រើនមានជាតិស្ករខ្ពស់ ទោះបីជាវាមានសារធាតុផ្អែមជំនួសជាតិស្ករ ដែលមិនល្អសម្រាប់សុខភាពក៏ដោយ។ អាហារចៀន អាហារចៀនត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់។ នេះមិនត្រឹមតែបង្កើតសារធាតុពុលប៉ុណ្ណោះទេ ថែមទាំងបង្កើនកាឡូរីដែលមាននៅក្នុងអាហារទៀតផង។ ការទទួលទានច្រើនពេកនឹងធ្វើឱ្យរាងកាយប្រមូលផ្តុំជាតិខ្លាញ់ដែលនាំឱ្យធាត់ ជំងឺនេះគឺជាកត្តាសំខាន់មួយនៅក្នុងកម្រិតជាតិស្ករក្នុងឈាមមិនស្ថិតស្ថេរ។ ដូច្នេះ មិនថាអ្នកចូលចិត្តអាហារចៀនប៉ុណ្ណានោះទេ អ្នកត្រូវកាត់វាចេញពីរបបអាហាររបស់អ្នក៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ការទទួលទានអាហារទាំងនេះ ជាប្រចាំនឹងធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ជាពិសេសគ្រោះថ្នាក់សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ |
កំពូលអ្នកគាំទ្រកីឡាអូឡាំពិ អ្នក Robinson ដែលបច្ចុប្បន្នមានវ័យ ៦៦ឆ្នាំ សន្សំបានប្រាក់ ១០,០០០ដុល្លារ សម្រាប់ទិញសំបុត្រព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដោយក្នុងនោះមានសំបុត្រកម្មវិធីបើក និងការប្រកួតកីឡាចំនួន ៣ប្រភេទ ផ្សេងទៀត។ ក្រោយពេលដែលកម្មវិធីបើកជាផ្លូវការកីឡាអូឡាំពិកទីក្រុងប៉ារីស បានបញ្ចប់ទៅ អ្នកស្រី Robinson មិនត្រូវបានឃើញនៅតាមទីកន្លែងប្រកួតកីឡា តាមអ្វីដែលអ្នកស្រីបានទិញសំបុត្រនោះទេ ប៉ុន្តែអ្នកស្រីបែរជាបានដើរលេងនៅក្នុងបរិវេណទីក្រុងប៉ារីស ជាពិសេសតំបន់ Champs Elysees ជាមួយការស្លៀកពាក់ពោរពេញដោយរូបភាពនិមិត្តសញ្ញាទាក់ទងនឹងកីឡាអូឡាំពិក។ អ្នកស្រីបានដើរលំហែ ជាមួយនឹងសម្លៀកបំពាក់ បង្ហាញពីនិមិត្តសញ្ញាកីឡាអូឡាំពិក និងទង់ជាតិប្រទេសដែលជាម្ចាស់ផ្ទះអូឡាំពិក នៅពេលដែលអ្នកស្រីធ្លាប់បានទៅដល់ លាយជាមួយនឹងការពាក់មួកបង្ហាញពីសញ្ញាការប្រកួតអូឡាំពិកទីក្រុងប៉ារីស។ ការតែងខ្លួនរបស់អ្នកស្រី Robinson បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រដែលបានចូលរួមក្នុងទីក្រុងប៉ារីស។ អ្នកគាំទ្រ ក៏ដូចជាភ្ញៀវទេសចរ ខ្លះទៀតបានថតរូប និងបានថតវីដេអូអ្នកស្រី Robinson បង្ហោះលើបណ្តាញសង្គមផ្សេងៗ ជាពិសេសវីដេអូភាគច្រើន បានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម Tik Tok។ រំលឹកទៅកាលព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៨៤ ក្នុងទីក្រុង Los Angeles ដែលអ្នកស្រី Robinson បានចូលរួមព្រឹត្តិការណ៍ជាលើកដំបូងបំផុត ហើយចាប់តាំងពីពេលនោះមក អ្នកស្រីបានចាប់អារម្មណ៍ខ្លាំងចំពោះការប្រកួតកីឡាអូឡាំពិកជាបន្តបន្ទាប់។ ស្រ្តីវ័យ ៦៦ឆ្នាំ ធ្លាប់បានចូលរួមកីឡាអូឡាំពិកទីក្រុង លូអាន់ជេលេស, អាតាឡង់តា, ស៊ីដនី, អាក់តែន, ឡុងដ៏ និង រីយ៉ូ។ ដើម្បីអាចចូលរួមអូឡាំប៉ារីស ស្ត្រីវ័យ ៦៦ឆ្នាំ សន្សំប្រាក់ពីការងារ ២ប្រភេទ ដោយការធ្វើខ្សែករពីគ្រាប់ស្រូវលក់នៅពេលថ្ងៃ ហើយនៅពេលយប់អ្នកស្រីធ្វើការងារជាអ្នកច្រកអីវ៉ាន់ រយៈពេល ៨ឆ្នាំ ក្នុងការសម្រេចបំណង និងទម្លាប់ចូលរួមកីឡាអូឡាំពិក។ កាលពីថ្ងៃទីកម្មវិធីបើកជាផ្លូវការ អ្នកស្រី Robinson ចំណាយប្រាក់ ១,៦០០ដុល្លារ ទៅលើថ្លៃសំបុត្រចូលរួមពិធីបើក ហើយសំបុត្រនោះជាសំបុត្រមានតម្លៃថ្លៃជាងគេ មានទីតាំងអង្គុយនៅលើស្ពានឆ្លងកាត់ទន្លេសែន (Seine)៕ | អ្នកស្រី Vivianne Robinson អ្នកគាំទ្រកីឡាអូឡាំពិកដ៏ងប់ងុលម្នាក់ បានចំណាយប្រាក់ ១០,០០០ដុល្លារ ទិញសំបុត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ និងជាព្រឹត្តិការណ៍អូឡាំពិកលើកទី៧ ដែលអ្នកស្រីបានចូលរួមក្នុងរយៈពេល ៤ សតវត្សរ៍មកនេះ។ |
«ធនាគារសំរាម» សំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹង នៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូ ដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់។ បើតាម លោក សំ បួយ ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនេះ គឺជាការបែងចែកសំរាមចេញជា ៣ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ។ ទី២ សំណល់ពីតាមផ្ទះរបស់ពលរដ្ឋ និងសហគមន៍ ធ្វើជាជីសរីរាង្គ សម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និងទី៣ សំណល់ដែលនៅសល់មិនអាចកែឆ្នៃបាន វេចខ្ចប់ឱ្យស្អាត និងយកទៅបោះចោលនៅទីលានចាក់សំរាម។ កោះទ្រង់មានផ្ទៃដីជាង ២០០ហិកតា គឺជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិដ៏ត្រកាលមួយ ក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះ មានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ៕ | «ធនាគារសំរាម» បានជួយកែច្នៃសំណល់ និងផ្ដល់ការអប់រំផ្នែកបរិស្ថាន ដល់សហគមន៍ទេសចរណ៍កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ឱ្យកាន់តែស្អាត និងទាកទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើងរបស់លោក សំ បួយ ចៅសង្កាត់កោះទ្រង់ ប្រាប់ទៅលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងដំណើរចុះពិនិត្យការគ្រប់គ្រងទុកដាក់សំណល់ នៅកោះទ្រង់ កាលពីថ្ងៃទី៣០ កក្កដា។ |
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ពោលក្រោយការប្រកួតផ្លូវការរយៈពេល៥ថ្ងៃ ក្រុមអត្តពលិកជប៉ុន នៅតែរក្សាចំណាត់ថ្នាក់កំពូលក្នុងតារាងមេដាយរបស់ខ្លួនក្រោយរកបានមេដាស១បន្ថែមទៀត សរុប៧មេដាយមាស ២មេដាយប្រាក់ និង៤មេដាយសំរឹទ្ធ។ ចិន ឡើងទៅឈរលេខ២បណ្តោះអាសន្នវិញ ក្រោយបន្ថែមមេដាយមាស១ និងប្រាក់១ សរុបមេដាយមាស៦ ប្រាក់៦ និងសំរឹទ្ធ២។ អូស្ត្រាលីឡើងទៅលេខ៣វិញ តាមរៈការរកបានមេដាយមាស១បន្ថែម និងសំរឹទ្ធ១ សរុបមាស៦ ប្រាក់៤ និងសំរឹទ្ធ១។ ម្ចាស់ផ្ទះបារាំង ធ្លាក់ពីលេខ២ ទៅលេខ៤ បន្ទាប់ពីបានមេដាយប្រាក់១ និងសំរឹទ្ធ១ ដោយរក្សាមេដាយមាស៥ដដែល ប្រាក់កើនដល់៩មេដាយ និងសំរឹទ្ធ៤។ ដោយឡែកកូរ៉េខាងត្បូង បានរក្សាចំណាត់ថ្នាក់ទី៥ រយៈពេល៣ថ្ងៃជាប់គ្នា ដោយរកបានមេដាយមាស៥ ប្រាក់៣ និងសំរឹទ្ធ៣។ អ្វីដែលគួរភ្ញាក់ផ្អើល ក្រុមអត្តពលិកពីតំបន់អាស៊ីមួយនេះ រកបានមេដាយ៤ និងប្រាក់២ ពីប្រភេទកីឡាបាញ់ព្រួញ និងបាញ់កាំភ្លើង។ ចំណោម៦មេដាយនេះ អត្តពលិកនារីសម្រេចបានមេដាយមាស២ និងប្រាក់២ ពីកីឡាបាញ់កាំភ្លើង និង១មេដាយពីកីឡាបាញ់ព្រួញ វិញ្ញសាជាក្រុម។ កីឡាបាញ់ព្រួញ វិញ្ញសាជាក្រុមនេះ កូរ៉េខាងត្បូងដណ្តើមបានមេដាយមាសជាលើកទី ១០ជាប់ៗគ្នា ពោលចាប់ពីអូឡាំពិករដូវក្តៅ ឆ្នាំ ១៩៨៨ ដែលធ្វើនៅសេអ៊ូល មកម្លេះ។ សម្រាប់១១ប្រទេស ពីតំបន់អាស៊ីអាគ្នេយ៍នៅតែមិនទាន់រកឃើញមេដាយណាមួយនៅឡើយ ចាប់តាំងពីការប្រកួតផ្លូវការពីថ្ងៃទី២៦ ខែកក្កដាមក។ គិតមកទល់ពេលនេះ ៤៣ប្រទេសហើយរកបានមេដាយ ក្នុងចំណោម២០៦ប្រទេសចូលរួមនៅប៉ារីស ឆ្នាំ ២០២៤៕ អត្ថបទទាក់ទង ម្ចាស់ផ្ទះបារាំងឡើងឈរលេខ២ ឯជប៉ុនរក្សាកំពូលតារាងមេដាយដដែល | ចំណោមមេដាយទាំង១១ របស់កូរ៉េខាងត្បូង មាន៦មេដាយរកបានពីប្រភេទកីឡាបាញ់ ពីព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រុងប៉ារីស ដោយក្នុងនោះ កីឡាបាញ់ព្រួញរកបាន២មេដាយមាស និងកីឡាបាញ់កាំភ្លើង២មេដាយមាស និង២មេដាយប្រាក់ |
តាមសេចក្តីថ្លែងការណ៍មួយរបស់ឆ្នាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) លោក Ismail Haniyeh មេដឹកនាំផ្នែកនយោបាយក្រុមហាម៉ាស ត្រូវបានសម្លាប់នៅក្នុងនិវេសនដ្ឋានរបស់លោកក្នុងក្រុងតេហេរ៉ង់ ដោយក្រុម Zionist ដែលសំដៅលើជនជាតិជ្វីហ្វ។ កងការពាររបស់លោកម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។ ហេតុការណ៍មួយនេះ កើតមានស្របពេលប្រធានាធិបតីអ៊ីរ៉ង់ថ្មី លោក Masoud Pezeshkian បានស្បថចូលកាន់តំណែង នៅថ្ងៃទី៣០ ខែកក្កដា ក្រោយការបោះឆ្នោតនៅពេលកន្លងមក។ កូនប្រុស ៣រូប របស់មេដឹកនាំនយោបាយរូបនេះ ក៏ត្រូវបានសម្លាប់ដែរ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅក្នុងខែមេសា ក្នុងតំបន់កាហ្សា។ នៅខែមិថុនា ប្អូនស្រីរបស់លោកមួយរូបទៀត បានបាត់បង់ជីវិត។ លោក Ismail Haniyeh ជាបុគ្គលដ៏សំខាន់មួយរូប និងមានពាក់ព័ន្ធនឹងការចរចាជាមួយចំណាប់ខ្មាំងអ៊ីស្រាអែល ដែលក្រុមហាម៉ាសចាប់យក។ នៅក្នុងខែមេសា មេដឹកនាំរូបនេះ ធ្លាប់ប្តេជ្ញាថា បើទោះកូនប្រុសទាំង៣ របស់លោកត្រូវបានសម្លាប់ លោកនៅតែបន្តចរចារកបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង៕ | លោក Ismail Haniyeh មេដឹកនាំផ្នែកនយោបាយក្រុមហាម៉ាស និងជាអតីតនាយករដ្ឋមន្រ្តីប៉ាឡេស្ទីន ត្រូវបានសម្លាប់ នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) ចេញនៅថ្ងៃទី៣១ ខែកក្កដា ដោយចោទហេតុការណ៍ខាងលើនេះថា បង្កដោយអ៊ីស្រាអែល។ |
ដីទាំង៣កន្លែង ដែលតុលាការរឹបអូស មានមួយទីតាំងនៅភ្នំពេញ ដែលដីមានទំហំ ២ ០៩២ម៉ែត្រការ៉េ ស្ថិតក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែក ២ទីតាំង ទៀត ស្ថិតក្នុងឃុំជយោ ស្រុកចំការ ខេត្តកំពង់ចាម ដែលដីទំហំ ៥ ៩៥ម៉ែត្រការ៉េ ស្ថិតក្នុងភូមិស្លឹក និងដីទំហំ ១ ១១១៣ម៉ែត្រការ៉េ ស្ថិតក្នុងភូមិអូរប៉ិ។ ដើម្បីទទួលបានដីទាំងបីទីតាំងនេះវិញ ប្រធានបក្សភ្លើងទៀន ត្រូវតម្កល់ប្រាក់នៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន ៦ពាន់លានរៀល ឬប្រមាណ ១,៥លានដុល្លារ ទុកជាប្រាក់រំដោះ។ តាមនីតិវិធីច្បាប់ លោក ទាវ វណ្ណុល មានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ាលើការសម្រេចរបស់តុលាការខាងលើ។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី ២៥ ខែកក្កដា លោក ទាវ វណ្ណុល បានចាញ់ក្ដីរដ្ឋាភិបាល អស់១០លានរៀល ឬ ២ ៥០០ដុល្លារ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងត្រូវបានតុលាការ បង្គាប់ឱ្យសងជំងឺចិត្ត ទៅដើមបណ្តឹងចំនួន ៦ ០០០ លានរៀល ឬ១,៥លានដុល្លារ៕ អត្ថបទទាក់ទង គណបក្សភ្លើងទៀន ចាត់ទុកការពិន័យប្រធានបក្សខ្លួនជាង ១,៥លានដុល្លារ ជារឿងអយុត្តិធម៌ | ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការឹបអូស អចលនវត្ថុ៣កន្លែងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន តាមសំណើរបស់មេធាវីរបស់រាជ រដ្ឋាភិបាល។ នេះបើតាមដីកាសម្រេចការពារ ចេញថ្ងៃទី៣០ ខែកក្កដា។ |
ផ្ទៃដីដំណាំស្រូវចំនួន ៤ ០៩៦ហិកតា របស់ប្រជាពលរដ្ឋ ៣ ៤២៩គ្រួសារ នៅក្នុងក្រុង-ស្រុកចំនួន ៨ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ដំណាំស្រូវដែលខូចខាត មានចំនួន ២ ២៩១ហិកតា ជាប្រភេទស្រូវស្រាលដើមរដូវ។ ដោយឡែក ស្រូវធ្ងន់ ៧៤៦ហិកតា, ស្រូវកណ្តាល ១៨៤ហិកតា និងស្រូវវា ១១ហិកតា មិនខូចខាតនោះទេ។ របាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ផ្ញើទៅកាន់លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា ស្រុកកំពង់ស្វាយ រងផលប៉ះពាល់ច្រើនជាងគេ ក្នុងចំណោមក្រុង-ស្រុកចំនួន៨ ដែលបានជន់លិច។ ក្រុង-ស្រុកចំនួន៨ ដែលមានផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់រួមមាន ក្រុងស្ទឹងសែន, ស្រុកកំពង់ស្វាយ, ប្រាសាទសំបូរ, សណ្តាន់, បារាយណ៍, សន្ទុក, ស្ទោង និងស្រុកតាំងគោក។ ដំណាំស្រូវដែលជន់លិច នៅក្នុងខេត្តកំពង់ធំ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។ រីឯ ស្ថានភាពកម្ពស់ទឹកស្ទឹងសែនវិញ បន្តកើនឡើងដល់ ១៣.៦៩ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ១៣.៥០ម៉ែត្រ។ ជុំវិញការជន់លិចដំណាំស្រូវនេះ លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានកំពង់ធំ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចុះពិនិត្យស្ថានភាពជាក់ស្ដែងផងដែរ។ អត្ថបទទាក់ទង ទេសរដ្ឋមន្រ្តី គន់ គីម៖ ខេត្តកំពង់ធំ រងការជន់លិចខ្លាំងជាងគេ មិនធ្លាប់មាន គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ ឱ្យអាជ្ញាធរត្រៀមទីទួលសុវត្ថិភាពជម្លៀសពលរដ្ឋចេញពីទឹកជំនន់ អ្នកនាំពាក្យ៖ បាតុភូត La Nina នឹងធ្វើឱ្យកម្ពុជាប្រឈមជំនន់ទឹកភ្លៀង សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តកំពង់ធំ បានត្រៀមទីទួលសុវត្ថិភាពរួចរាល់សម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈគេចចេញពីគ្រោះទឹកជំនន់នោះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ធំ ក៏អំពាវនាវដល់ពលរដ្ឋ ក្នុងខេត្តកំពង់ធំទាំងអស់ និងពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕ អាជ្ញាធរចុះត្រួតពិនិត្យដំណាំស្រូវ ដែលជន់លិច។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។ | ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានជន់លិចដំណាំស្រូវចំនួន ៤ ០៩៦ហិកតា ស្ថិតក្នុងក្រុង-ស្រុកចំនួន៨ នៃខេត្តកំពង់ធំ ក្នុងនោះស្រូវ ២ ២៩១ហិកតាបានខូចខាត។ ទំហំជន់លិច និងខូចខាតនេះ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា។ នេះបើតាមរបាយការណ៍ របស់អភិបាលខេត្តកំពង់ធំ។ |
នៅយប់ថ្ងៃទី៣០ ខែកក្កដា អាជ្ញាធរជាតិអប្សរា បានបង្ហោះរូបភាពរបស់ ដើមយាងមួយដើម ដែលត្រូវបានអ្នកជំនាញ កាត់ក្រីចុងជាងពាក់កណ្ដាលដើម ដើម្បីឆ្លើយតបនឹងចម្ងល់របស់សាធារណជន ជុំវិញការដកហូតឈើចំណាស់មួយដើមនេះ។ រូបភាពទាំងនោះ គឺបង្ហាញនៃសភាពពុកផុយ និងប្រហោងផ្នែកខាងក្នុង នៃដើមឈើនោះ។ អាជ្ញាធរជាតិអប្សរា បានពិពណ៌នាដមនឹងរូបភាពទាំងនោះថា« មានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ? មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង»។ តាមការបំភ្លឺរបស់អាជ្ញាធរជាតិអប្សរាដដែល រាល់ការដកហូត ឬកាប់ដើមឈើណាមួយ គឺមានការវាយតម្លៃពី ក្រុមអ្នកបច្ចេកទេសត្រឹមត្រូវ មិនមែនចេះតែកាប់ៗឡើយ។ សម្រាប់ដើមយាងខាងលើនេះ ប្រសិនមានភ្លៀង ឬខ្យល់កន្រ្តាក់ ក៏អាចមានហានិភ័យដួលឬបាក់រលំដូចករណីថ្ងៃទី ២៣ ខែកក្កដា ដូច្នោះដែរ។ នេះបើតាមការប្រមើមើលរបស់អាជ្ញាធរជាតិអប្សរា។ ការកាត់សម្អាតដើមឈើហានិភ័យនៅខ្លោងទ្វារទន្លេអុំ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា តាមពិតទៅ ដើមយាងដែលបានកាត់នេះ ស្ថិតនៅជ្រុងត្បូងខ្លោងទ្វារទន្លេអុំ ដែលវាដុះគៀកកសិន្ធុទឹក និងក្បែរចម្លាក់កូរសមុទ្រទឹកដោះផង។ ស្របពេលវាជាចំណុចដើមឈើហានិភ័យ និងក្រោយហេតុការណ៍បាក់ដើមយាងនៅជ្រុងខាងជើងសម្លាប់មនុស្សម្នាក់ផងនោះ នៅព្រឹកថ្ងៃទី២៤ កក្កដា អាជ្ញាធរជាតិអប្សរា បានចាត់ក្រុមការងារសម្អាតដើមឈើដែលដួលរលំនោះ និងកាត់ដើមយាងមួយដើមទៀត នៅជ្រុងខាងត្បូងនេះតែម្ដង។ យ៉ាងណា រូបភាពទាំងនេះ នាំឱ្យមហាជនរិះគន់ថា អាជ្ញាធរបានដៃ ឬយកលេស ចាប់ផ្តើមកាត់រលំដើមឈើចំណាស់ៗក្នុងតំបន់ប្រាសាទ ស្របពេលដើមឈើទាំងនោះនៅរឹងមាំល្អ។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ពន្យល់ថា រូបភាពដែលឃើញមានអូសដើមឈើធំៗ នៅក្នុងទឹកកសិន្ធុខ្លោងទ្វារទន្លេអុំនោះ ជាដើមឈើដែលដួលថ្ងៃមុន ហើយភ្លាមៗដើម្បីសង្គ្រោះប្រាសាទ ក្រុមការងារព្រៃឈើបានកាត់ទម្លាក់ចូលទឹកសិន រង់ចាំសម្អាតនៅថ្ងៃបន្ទាប់។ លោកបញ្ជាក់ថា កំណាត់ឈើទាំងនោះ នឹងយកទៅប្រើប្រាស់ជាគ្រឿងបរិក្ខាចាំបាច់មួយចំនួនក្នុងប្រាសាទ ដូចជាធ្វើជណ្ដើរជាដើម។ លោកបញ្ជាក់ថា ការងារទាំងនេះមិនមានអ្វីក្រៅតែពីដើម្បីសម្របសម្រួល ឱ្យការទស្សនារបស់ភ្ញៀវទេសចរមានភាពល្អប្រសើរ និងជៀសវាងហានិភ័យផ្សេងៗ ដែលកើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថា តាមរបាយការណ៍ព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមក បានចុះផ្សាយថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១ ដើមឈើហានិភ័យប្រមាណ៩០០ដើម ត្រូវបានកាត់ក្រី និងដកហូតចេញ នៅក្នុងតំបន់អង្គរ។ ការងារនេះត្រូវបានអាជ្ញាធរបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់ទាំងប្រាសាទ និងមនុស្ស ហើយមួយផ្នែកទៀតបានបាំងទេសភាពប្រាសាទ៕ | សៀមរាប៖ សាធារណជនមួយចំនួន បានបង្ហាញការមិនពេញចិត្ត ចំពោះការកាត់ដើម យាងចំណាស់មួយដើមនៅខ្លោងទ្វារទន្លេអុំ នៃរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ពន្យល់ថា ដើមយាងដ៏ចំណាស់នេះ មានសភាពប្រហោង និងពុកគល់ ដែលអ្នកជំនាញតម្រូវឱ្យកាត់ និងដកហូត ដើម្បីធានាសុវត្ថិភាពប្រាសាទ និងអ្នកទេសចរ។ |
មួយរយៈចុងក្រោយនេះ វិស័យគុនខ្មែរ មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំង មិនត្រឹមតែការប្រកួតតែប៉ុណ្ណោះទេ ប៉ុន្ដែបញ្ហា និងករណីប្ដឹងផ្ដល់មួយចំនួន ក៏បានទាញប្រជាប្រិយភាព ដល់អ្នកគាំទ្រជាច្រើនផងដែរ។ រាល់បញ្ហាទាំងនោះ គេសង្កេតឃើញថា តែងតែមានអន្ដរាគមន៍ ពីលោក ខូវ ឆាយ ដែលឡើងកាន់តំណែងប្រធានសហព័ន្ធគុនខ្មែរបានកន្លះឆ្នាំមកនេះ។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្នុងអាណត្តិ ដែលខ្លួនកាន់តំណែងជាក្បាលម៉ាស៊ីនសហព័ន្ធ រូបលោក ត្រូវតែអនុវត្តច្បាប់ឲ្យបានខ្ជាប់ខ្ជួន។ ការអនុវត្តច្បាប់នោះ ប្រធានរូបនេះ ក៏ជំរុញឲ្យមន្ដ្រីក្រោមឱវាទទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវផងដែរ ប្រសិនមន្ដ្រីណាមួយបំពេញតួនាទី មិនបានល្អទេ នឹងត្រូវពិន័យ។ លោក ខូវ ឆាយ ក៏បានប្រាប់ឲ្យក្លិប និងកីឡាករទាំងអស់ ត្រូវដោះស្រាយតាមនីតិវិធី និងគោរពតាមលក្ខខន្ដិកៈ បទបញ្ជាររបស់សហព័ន្ធប្រដាល់គុនខ្មែរ ក្នុងការដាក់ពាក្យប្ដឹងតវ៉ា ព្រោះការធ្វើបែបនេះ ជាការបង្ហាញពីតម្លៃរបស់ក្លិបនីមួយៗ និងជួយលើកមុខមាត់គុនខ្មែរ។ ផ្ទុយទៅវិញប្រសិនជាក្លិប និងកីឡាករ បង្កអនាធិបតេយ្យលើសង្វៀន គឺនាំឲ្យខូចកម្មវិធីប្រកួត ធ្លាក់តម្លៃរបស់ខ្លួន ហើយបរទេសក៏មិនឲ្យតម្លៃគុនខ្មែរដែរ។ ប្រធានសហព័ន្ធរូបនេះ ស្នើឲ្យក្លិបទាំងអស់កុំបង្កឲ្យមានរូបភាពអនាធិបតេយ្យបន្ដទៀត។ «យើង ឃើញហើយថាកន្លងមកយើងមានករណីតវ៉ា ករណីមួយចំនួនដែរ។ ខ្ញុំក៏បានចេញមុខដោះស្រាយដែរ។ យើងដឹងហើយថាការប្រកួតច្រើន ពាក្យប្ដឹងផ្ដល់ក៏អាចមានច្រើន។ ខ្ញុំជឿថាការអនុវត្តរបស់មន្ដ្រីយើង ក៏មិនអាចពេញចិត្តរបស់កីឡាករ ឬអ្នកគាំទ្រទាំងអស់បានដែរ។ ដូច្នេះ ពេលខ្លះពួកគាត់ អាចមានការយល់ឃើញផ្សេងពីមន្ដ្រីរបស់យើង ដូច្នេះអាជ្ញាកណ្ដាល ចៅក្រម ក៏អាចត្រូវបានគេប្ដឹង។ ខ្ញុំ មិនដែលទុកចោលពាក្យបណ្ដឹងឡើង ខ្ញុំ នឹងឈរលើភាពសុក្រឹត យុត្តិធម៌បំផុត។ ខ្ញុំ សង្ឃឹមថានៅថ្ងៃអនាគត បើមានករណីមិនប្រក្រតីណាមួយ គឺយើងអាចដាក់ពាក្យតវ៉ា ដើម្បីឲ្យសហព័ន្ធបានដោះស្រាយទៅតាមនីតិវិធី ហើយមិនបង្កភាពអនាធិបតេយ្យ និងដើម្បីជៀសវាងការធ្វើឲ្យខូចដល់កម្មវិធីរបស់គេ ហើយប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់មន្ដ្រីរៀបចំការប្រកួតរបស់យើង។»។ លោក ខូវ ឆាយ បាននិយាយដូច្នេះ។ គួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ មានការប្ដឹងផ្ដល់មួយចំនួនដូចជាករណី កីឡាករ ឡោ សំណាង ដោះអាវតវ៉ា លើសង្វៀន ក្នុងការប្រកាសលទ្ធផលឲ្យ រិន ដេវិត ចាញ់ ធន់ អៀងឡៃ។ ករណីកីឡាករបរទេសមួយចំនួន មិនសុខចិត្តចំពោះលទ្ធផលចាញ់កីឡាករខ្មែរ និងចុងក្រោយករណី តវ៉ាពីគ្រួសារលោក អេ ភូថង ដែលមិនពេញចិត្តចំពោះការបញ្ឈប់ការប្រកួតរបស់ ម៉ឺន មេឃា ដោយឲ្យចាញ់ ចាន់ ប៊ុនហឿន៕ | លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រាប់ឲ្យក្លិបប្រដាល់ទាំងអស់ ធ្វើតាមនីតិវីធី និងលក្ខខណ្ឌឲ្យបានត្រឹមត្រូវ ដើម្បីដាក់ពាក្យបណ្ដឹងក្នុងករណីប្រកួតណាមួយ ដែលពួកគេគិតថាមិនស្មើភាព និងអយុត្តិធម៌។ ប្រធានរូបនេះ ចាត់ទុកការបង្កើតភាពអនាធិបតេយ្យ ជាការធ្វើឲ្យខូចកម្មវិធីប្រកួត ធ្លាក់តម្លៃរបស់ខ្លួន និងកេរ្ដិ៍ឈ្មោះអាក្រក់សម្រាប់វិស័យកីឡាគុនខ្មែរ។ |
ក្រុមអត្តពលិកអូឡាំពិកប្រេស៊ីល បានរកឃើញថា កីឡាករហែលទឹកទាំង ២ បានលួចចេញទៅដើរលេងនៅខាងក្រៅ ដោយគ្មានការបញ្ជាក់ប្រាប់ជាមុន តាមរយៈការបង្ហោះរូបភាពរបស់ពួកគេនៅលើបណ្តាញសង្គម។ អត្តពលិកទាំង ២ បានចាកចេញពីភូមិកីឡា ដែលជាទីកន្លែងអត្តពលិកជាច្រើនបានប្រមូលផ្តុំគ្នាស្នាក់នៅ សម្រាប់ត្រៀមខ្លួនប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការអូឡាំពិកប្រេស៊ីល (BOC) កាលពីថ្ងៃទី២៨ ខែកក្កដា អត្តពលិកផ្នែកហែលទឹកទាំង២នាក់ ត្រូវបានប្រធានក្រុមកីឡាហែលទឹកប្រេស៊ីល រាយការណ៍ថា បានបំពានវិន័យរបស់ក្រុម និងប្រព្រឹត្តអំពើអសីលធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ BOC ក៏បានសម្រេចចិត្ត ដាក់ពិន័យទៅអត្តពលិក ទាំង ២ រូប។ «អត្តពលិក Ana Carolina បានបង្កបញ្ហា ស្ថិតក្នុងលក្ខណៈមិនគោរព និងមានចិត្តឆេវឆាវ ប្រជែងទៅនឹងការសម្រេចចិត្តរបស់ផ្នែកបច្ចេកទេស ដែលបានរៀបចំឡើងដោយគណៈកម្មាធិការជាតិហែលទឹកប្រេស៊ីល។ ការសម្រេចចិត្តចុងក្រោយ កីឡាករ Gabriel Santos ត្រឹមទទួលការព្រមាន។ រីឯកីឡាការិនី Ana Carolina Vieira ត្រូវបណ្តេញចេញពីក្រុមប្រតិភូកីឡា ហើយត្រូវវិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញជាដាច់ខាត។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ BOC។ មុនពេលកើតហេតុ កីឡាការិនី Vieira មានវ័យ ២២ឆ្នាំ ក៏បានចូលរួមប្រកួតប្រជែងជាមួយក្រុមម្តងរួចមកហើយ ទៅលើវិញ្ញាសាហែលទឹកបណ្តាក់ជាក្រុម ៤x១០០ម៉ែត្រ សេរី ហើយបានបញ្ចប់នៅត្រឹមចំណាត់ថ្នាក់លេខ ១២ នៅក្នុង heats។ ចំពោះការបណ្តេញសមាជិកក្នុងក្រុមចេញ ព្រោះតែមិនគោរពគោលការណ៍ក្រុមបែបនេះ លោក Gustavo Otsuka ប្រធានក្រុមហែលទឹកប្រេស៊ីល បានអះអាងថា ការធ្វើដំណើរមកប្រកួតក្នុងអូឡាំពិកទីក្រុងប៉ារីស មិនមែនមកលេង ឬក៏ធ្វើដំណើរកម្សាន្តនោះទេ។ លោក Otsuka ដដែលបន្ថែមថា ក្រុមមកធ្វើការងារដើម្បីប្រទេសប្រេស៊ីល និងសម្រាប់មនុស្សជាង ២០០លាននាក់ដែលជាអ្នកធ្វើការងារសម្រាប់ជួយក្រុម ឱ្យមកប្រកួតនៅប្រទេសបារាំងនេះបាន៕ | កីឡាការិនីផ្នែកហែលទឹក Ana Carolina Vieira ត្រូវបានបណ្តេញចេញពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស និងកីឡាករហែលទឹកក្នុងក្រុមតែមួយ Gabriel Santos បានរងការព្រមាន បន្ទាប់ពីអ្នកទាំង២ លួចចេញពីភូមិកីឡា ទៅដើរលេងខាងក្រៅនៅពេលយប់ ដោយគ្មានការបញ្ជាក់ច្បាស់លាស់ជាមួយក្រុម។ |
ការសហការគ្នានេះមានគោលបំណងជាយុទ្ធសាស្រ្តដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមកលើផ្នែកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរដោយផ្តោតសំខាន់លើការអភិវឌ្ឍកម្មវិធីទូរសព្ទដៃគូបូតាដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជាជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនិន្នាការនេះនៅតែបន្តកើនឡើង។ លោកស្រី Waraporn Osathapan (លោកស្រី វៈរ៉ាផន អូសាក់ថាផាន់) បានមានប្រសាសន៍ថា «ក្រុមហ៊ុន ស្យាមគូបូតា បានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់សេវាកម្ម និងការផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងៗជាច្រើន ជូនអតិថិជនរបស់ខ្លួនតាមរយៈការចូលជាសមាជិកគូបូតា តាមគម្រោងថែរទាំអតិថិជន (CRM) ដែលក្នងនោះមាន គម្រោង អតិថិជនគូបូតា VIP ដែលបានផ្តល់អត្ថប្រយោជន៍ជូនដល់អតិថិជនចាស់ និងអតិថិជនថ្មី ជាមួយកម្មវីធីទូរសព្ទដៃគូបូតាផ្តល់ជាចំណេះដឹង និងវិធីថែទាំគ្រឿងចក្របានយ៉ាងមានប្រសិទ្ធភាពដល់អតិថិជន។» នៅក្នុងកិច្ចសហប្រតិបត្តិការនេះ យើងបានផ្តោតសំខាន់លើការផ្តល់សេវាកម្មឲ្យបានកាន់តែប្រសើរជូនដល់អតិថិជនដូចជា ការធ្វើរឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសេវាទូរសព្ទជូនដល់អតិថិជនគូបូតា រួមជាមួយនឹងការផ្តល់កញ្ចប់សេវាអ៊ីនធឺណិត Wi-Fi និងសេវាកម្មអ៊ីនធឺណិតដែលមានល្បឿនលឿន និងមានស្ថេរភាព ជាពិសេសជូនដល់អតិថិជនគូបូតាប្រចាំប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងនាំទៅរកការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍផ្នែកសេវាកម្មសំខាន់ៗ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា។ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយលោកស្រី Waraporn Osathapan (លោកស្រី វៈរ៉ាផន អូសាក់ថាផាន់) អគ្គនាយករងជាន់ខ្ពស់ក្រុមហ៊ុន ស្យាមគូបូតា និង លោក Doan Chinh (លោក ស៊ន ជីញ) អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង។ |
ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែ ទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) លោក ហ៊ុន ម៉ានី បានតាមដានជាប់ ជាប្រចាំ ដើម្បីធ្វើយ៉ាងណា ឱ្យការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ទទួលបានជោគជ័យ។ ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនីតិកាលទី៧។ ក្នុងកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពជាមួយរដ្ឋមន្រ្តី និងអភិបាលខេត្តទាំង២៥ កាលពីថ្ងៃទី៣០ ខែកក្កដា លោក ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា៖«ការកែទម្រង់នេះ មិនមែនជាការងារថ្មីនោះទេ ប៉ុន្តែជាកិច្ចការបន្ត ដែលត្រូវសម្រួចមុមឱ្យកាន់តែមុតស្រួច និងស៊ីជម្រៅ»។ រូបភាពពីក្រសួងមុខងារសាធារណៈ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធ ខិតខំបោះជំហានទៅមុខឱ្យបានឆាប់រហ័ស ដោយទទួលខុសត្រូវខ្ពស់ និងមិនអាចបន្ថយល្បឿន ឬបង្អាក់ឡើយ។ ទន្ទឹមនឹងលេខាធិការដ្ឋាន នៃគ.វ.រ. ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយក្រសួងនីមួយៗ ដើម្បីសម្រេចជោគជ័យ ការអនុវត្តការវិភាគមុខងារនេះ។ លោក ហ៊ុន ម៉ានី បញ្ជាក់ដូច្នេះ និងបានបន្ថែមទៀតថា អគ្គលេខាធិការដ្ឋាននៃគ.វ.រ. បានដាក់ចេញនូវវិធានការមួយចំនួន ដែលតម្រូវឱ្យមានការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ផ្ទៃក្នុង ជាមួយក្រសួង-ស្ថាប័ន ជាពិសេសការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីគាំទ្របច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ។ ក្រៅពីនេះ តម្រូវឱ្យរៀបចំកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុករបស់ក្រសួង-ស្ថាប័ននានា រួមទាំងរៀបចំសិក្ខាសាលា ចែករំលែកពីការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងបទពិសោធន៍នេះដែរ។ លោក ហ៊ុន ម៉ានី បន្ថែមនៅក្នុងកិច្ចប្រជុំនេះថា ការវិភាគមុខងារដែល កំពុងដំណើរការនេះ គ្រាន់តែជាដំណាក់កាលទី១ សម្រាប់កៀរគរ ប្រមូលព័ត៌មានប៉ុណ្ណោះ។ នៅដំណាក់កាលទី២ អគ្គលេខាធិការដ្ឋាននៃគ.វ.រ. នឹងរៀបចំក្រុមការងារធ្វើវិភាគព័ត៌មានទាំងនេះ ដើម្បីដាក់ជូននាយករដ្ឋមន្រ្តី សម្រេច និងការតម្រង់ទិសណែនាំបន្ថែម៕ អត្ថបទទាក់ទង លោក ហ៊ុន ម៉ានី បន្តតាមដានការអនុវត្តការវិភាគមុខងារ ដែលជាបេសកកម្មកំណែទម្រង់របស់រដ្ឋាភិបាល លោក ហ៊ុន ម៉ានី៖ ការវិភាគមុខងារ ត្រូវឈរលើស្មារតីភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្រសួង ស្ថាប័ន នឹងចាប់ផ្ដើមវិភាគមុខងារ ដើម្បីជៀសវាងជាន់ភារកិច្ចគ្នា លោក ហ៊ុន ម៉ានី៖ការវិភាគមុខងារ នឹងជួយសន្សំថវិកាជាតិ លោក ហ៊ុន ម៉ានី រំឭកដល់ក្រសួង-ស្ថាប័ន ត្រូវពង្រឹងរចនាសម្ព័ន្ធ ជាងការពង្រីកថែម រូបភាពពីក្រសួងមុខងារសាធារណៈ។ | ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលចាប់ផ្ដើមពីខែមិថុនាមក បានបន្តអនុវត្ត ដើម្បីកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងនីតិកាលទី៧។ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកឡើងថា កំណែទម្រង់នេះជាកិច្ចការបន្ត ដែលត្រូវសម្រួចមុមឱ្យកាន់តែស៊ីជម្រៅ។ |
ការអនុម័តរបស់ព្រឹទ្ធសភានេះ ត្រូវបានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ អង្គប្រជុំ មានសមាជិកព្រឹទ្ធសភាព៥៦រូបចូលរួម ហើយបានអនុម័តយល់ព្រមទាំង៥៦សំឡេង។ ព្រឹទ្ធសភារំពឹងថា បន្ទាប់ពីច្បាប់នេះ បានចូលជាធរមាន កម្ពុជានឹងមានក្របខ័ណ្ឌច្បាប់ដ៏រឹងមាំសម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ ហើយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស។ ព្រឹទ្ធសភាកម្ពុជា បន្ថែមដូច្នេះថា៖ «ច្បាប់នេះ នឹងរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់និងពិភពលោកផងដែរ»។ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ជាអ្នកឡើងការពារសេចក្តីព្រាងច្បាប់នៅព្រឹទ្ធសភា។ រូបពី ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស មាន៣មាត្រា ដែលត្រូវបានគណៈរដ្ឋមន្ត្រីសម្រេច យល់ព្រម ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី ៥ ខែកក្កដា កន្លងមក។ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ជាអ្នកឡើងការពារសេចក្តីព្រាងច្បាប់នេះ ទាំងនៅរដ្ឋសភា និងព្រឹទ្ធសភា។ បើតាមរដ្ឋសភា រដ្ឋាភិបាល បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគី បានផ្តល់សច្ចាប័នរួចរាល់ មានចំនួន១៣៩ប្រទេស។ សូមបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ី ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ រួមមាន ហ្វីលីពីននៅឆ្នាំ២០១៥, ថៃនៅឆ្នាំ២០១៧,ឥណ្ឌូណេស៊ីនៅឆ្នាំ២០១៧, វៀតណាមកាលពីឆ្នាំ២០១៨, ស្រីលង្កាឆ្នាំ២០១៩ និងព្រុយណេនៅឆ្នាំ២០២០៕ អត្ថបទទាក់ទង ព្រឹទ្ធសភា បញ្ជូនសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងផ្លូវអាកាសទៅឱ្យគណៈកម្មការទី៩ ពិនិត្យសិក្សា សភាអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស | ភ្នំពេញ៖ ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។ |
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា លោក ចន លី ប្រធានប្រតិបត្តិក្រុងហុងកុង បានប្តេជ្ញាពង្រីកកិច្ចសហការជាមួយកម្ពុជាលើវិស័យផ្សេងៗ។ មិនតែប៉ុណ្ណោះ ប្រមុខហុងកុង ប្តេជ្ញាជំរុញធុរកិច្ចរវាងដែនដីទាំងពីរផងដែរ។ «ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម នឹងបង្កើតការិយាល័យនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ»។ សារព័ត៌មានហុងកុង RTHK បានស្រង់សម្តីប្រមុខហុងកុងបែបនេះ ដោយបន្ថែមថា ការរៀបចំការិយាល័យបែបនេះ នឹងជួយលើកតម្កើងទំនាក់ទំនងធុរកិច្ចរវាងតំបន់ទាំងពីរ។ ប្រមុខហុងកុង ក៏បានយល់ឃើញផងដែរថា កិច្ចសហការរវាងហុងកុង និងកម្ពុជា គឺជិតស្និទ្ធជាងពេលណាទាំងអស់។ បើតាមលោកចន លី លោងមានទំនុកចិត្ត ក្នុងការធ្វើការ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមរវាងរដ្ឋាភិបាលទាំងពីរ, ផ្សព្វផ្សាយពាណិជ្ជកម្ម ទេសចរណ៍ និងការផ្តោះប្តូរវប្បធម៌ជាដើម។ មេដឹកនាំតំបន់ស្វយ័តហុងកុង ក៏មិនភ្លេចអរគុណភាគីកម្ពុជា ដែលបានគាំទ្រខ្លួនចូលជាសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។ ចំណែក សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានវិនិយោគនៅកម្ពុជា។ នេះបើតាមគណនី Facebook របស់សម្តេចហ៊ុន ម៉ាណែត បង្ហោះនៅថ្ងៃទី៣១ ខែកក្កដា។ មេដឹកនាំទាំងពីរ បានពិភាក្សាពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងកុង លើវិស័យសក្តានុពលជាច្រើន ដូចជា ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល រួមទាំងការពិនិត្យលើការពង្រីកជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាប។ តាមការបញ្ជាក់របស់លោក ចន លី ហុងកុង និងកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៣ ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕ | ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង នឹងបង្កើតការិយាល័យមួយ នៅទីក្រុងភ្នំពេញ ដើម្បីជួយពង្រឹងទំនាក់ទំនងផ្នែកធុរកិច្ចរបស់ប្រជាជនដែនដីទាំងពីរ។ លោក ចន លី ប្រមុខទីក្រុងហុងកុង បានបញ្ជាក់បែបនេះ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងថ្ងៃទី៣១ ខែកក្កដា។ |
ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានលោក នេត្រ ភក្រ្តា ជាប្រធាន បានចេញប្រកាសស្ដីពី«ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង»។ ប្រកាសនេះ មានគោលបំណងដើម្បីធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត ។ បើតាមប្រកាសខាងលើ ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អាចប្រព្រឹត្តទៅបានលុះត្រាតែមានការអនុញ្ញាតពីក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីព័ត៌មាន ដែលចុះហត្ថលេខាលើប្រកាសនេះ បញ្ជាក់ថា ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានកម្រិតអេតាណុលលើសពី ៣ភាគរយ នៃបរិមាណចំណុះគ្រប់ប្រភេទ។ រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង។ ក្នុងប្រកាសនេះ ក្រសួងព័ត៌មាន បានលើកយក១៧ចំណុច ដែលហាត់ឃាត់ និងតម្រូវឱ្យគោរពតាមគោលការណ៍។ ក្នុងប្រកាសខាងលើ មិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង គ្រប់ប្រភេទតាមគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយផ្សព្វផ្សាយចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញបរិវេណគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងអាកាសយានដ្ឋានអន្តរជាតិ។ ជាមួយគ្នានេះ ក៏មិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានភ្ជាប់សេចក្តីបរិយាយ បំផ្លើសខុសពីការពិត ជាពិសេសការផ្សាយលក្ខណៈអូសទាញ ដូចជា ការប្រើប្រាស់រូបភាពទទួលទានគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សមត្ថភាពផ្លូវភេទ ឬភាពទាក់ទាញ នាំទៅរកទំនាក់ទំនងផ្លូវភេទជាដើម។ ក្រៅពីហាមឃាត់ទម្រង់ផ្សាយបែបអូសទាញ ក្រសួងព័ត៌មាន ក៏បានហាមមិនឱ្យផ្សាយពាណិជ្ជកម្ម ឃោសនា និងការផ្សព្វផ្សាយ ដោយយកទស្សនិកជនទៅទទួលទានគ្រឿងស្រវឹង នៅលើឆាកកម្មវិធីនានានោះទេ។ ក្រសួងព័ត៌មាន ក៏បានកំណត់ម៉ោងផ្សព្វផ្សាយ ជាពិសេស មិនអនុញ្ញាតឱ្យផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅចន្លោះម៉ោង ៦ល្ងាច ដល់ម៉ោង៨យប់ តាមស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុគ្រប់ប្រភេទ។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល។ ក្រសួង អំពាវនាវឱ្យដាក់សារអប់រំលើរាល់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ គ្រប់ទម្រង់ និងគ្រប់ប្រភេទ។ លើសពីនេះ ត្រូវគោរពចំពោះអ្នកទាំងឡាយដែលមានតំណមលើផលិតផលគ្រឿងស្រវឹង រួមមាន អ្នកកាន់សាសនា វប្បធម៌ អ្នកមានជំងឺ និងស្ត្រីមានផ្ទៃពោះជាដើម។ អត្ថបទទាក់ទង ចលនាកាន់តែផុសផុល! កំពង់ធំ និងកែប ក៏រុះរើស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមផ្លូវ រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ពិនិត្យមើលកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹងឡើងវិញ រដ្ឋមន្រ្តី៣ក្រសួង ជួបប្រជុំគ្នាលើកដំបូង លើការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង រដ្ឋ បង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ មេសា រដ្ឋាភិបាល បានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) ដែលមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន។ ក.គ.ផ.ស ត្រូវបង្កើតឡើងដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យាបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈគ្រប់កន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព៕ | ក្រសួងព័ត៌មាន មិនអនុញ្ញាតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចម្ងាយតិចជាង ២០០ម៉ែត្រ នៅតំបន់មួយចំនួន ជាអាទិ៍ គ្រឹះស្ថានអប់រំ គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងអាកាសយានយន្តអន្តរជាតិ។ នេះបើតាមប្រកាសស្ដីពី«ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង» ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ |
បើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ការដេញថ្លៃនៃទំហំមូលបត្ររដ្ឋទាំង២៥៥,៣ពាន់លានរៀលនេះ ត្រូវបានធ្វើឡើងចំនួន ៦ លើក។ របាយការណ៍ដដែលបានបង្ហាញថា មូលបត្ររដ្ឋដែលមានឥណប្រតិទាន ១ ឆ្នាំ ត្រូវបានបោះផ្សាយក្នុងទំហំទឹកប្រាក់ ៣២ពាន់លានរៀល មានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ ដល់៣,៩៥ភាគរយ ។ ឥណប្រតិទាន ២ឆ្នាំ ត្រូវបានបោះផ្សាយក្នុងទំហំទឹកប្រាក់៤០ពាន់លានរៀល មានអត្រាគូប៉ុងជាមធ្យម ៤ភាគរយនិងអត្រាចំណូល ៤,៧០ភាគរយ ដល់ ៤,៧៥ភាគរយ។ ចំពោះឥណប្រតិទានសម្រាប់៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣,៣ ពាន់លានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៤,៥០ភាគរយ និងអត្រាចំណូល ៤ភាគរយ ដល់ ៥,២៥ភាគរយ។ តាមផែនការប្រចាំឆ្នាំ២០២៤ រាជរដ្ឋាភិបាលនឹងបោះផ្សាយមូលបត្ររដ្ឋឱ្យបានចំនួន ៤៤០ពាន់លានរៀល សម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក។ ហើយការបោះផ្សាយនូវមូលបត្ររដ្ឋនេះ ក៏ដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគណាដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស សម្រាប់ធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។ នេះជាឆ្នាំទី៣ហើយ ដែលកម្ពុជាបានដំណើរការបោះផ្សាយមូលបត្របំណុលដើម្បីប្រមូលហិរញ្ញប្បទានពីវិនិយោគិនក្នុងស្រុកសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងប្រព័ន្ធ NBCP (National Bank of Cambodia Platform) ទាំងទីផ្សារដំបូង និងទីផ្សារបន្ទាប់។ កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្ររដ្ឋ មិនត្រឹមតែជាមធ្យោបាយគន្លឹះក្នុងការកៀរគរទុនមកបំពេញតម្រូវការហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏រួមចំណែកដល់ការពង្រឹងលំហរសារពើពន្ធ ឬស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល និងបង្កើតឡើងនូវក្របខ័ណ្ឌយន្តការហិរញ្ញប្បទានជាតិមួយ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក៏ដូចជាការជំរុញអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ក្នុងរយៈពេលមធ្យម និងវែងទៅមុខ ផងដែរ។ ប្រភពហិរញ្ញប្បទានសម្បទានពីក្រៅប្រទេសដែលកម្ពុជាធ្លាប់តែពឹងផ្អែករហូតមកនេះ នឹងត្រូវថមថយនៅពេលដែលកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨» ក្នុងចក្ខុវិស័យអភិវឌ្ឍន៍មូលបត្ររដ្ឋ ដើម្បីធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន តាមរយៈការកៀរគរទុនពីទីផ្សារមកបំពេញតម្រូវការវិនិយោគសាធារណៈ និងរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងរបត់ថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, រាជរដ្ឋាភិបាលមើលឃើញអំពីកំណើនតម្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការវិនិយោគសាធារណៈ ដើម្បីបន្តអភិវឌ្ឍជាតិ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការស្ដារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់ ស្របពេលដែលថវិកាជាតិមួយផ្នែកធំ ត្រូវចំណាយលើមុខសញ្ញាអាទិភាពចំពោះមុខសម្រាប់ការបន្តអន្តរាគមន៍ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច ព្រមទាំងចំណាយផ្សេងទៀត ដែលបានកំណត់ក្នុងកម្មវិធី និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងទិដ្ឋភាពនេះ កម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរទុនបន្ថែមឱ្យបានច្រើន ដើម្បីយកមកបំពេញតម្រូវការវិនិយោគសាធារណៈក្នុងវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ទោះជាយ៉ាងនេះក្តី, រាជរដ្ឋាភិបាលដឹងច្បាស់ថា ប្រភពហិរញ្ញប្បទានសម្បទានពីក្រៅប្រទេសដែលកម្ពុជាធ្លាប់តែពឹងផ្អែករហូតមកនេះនឹងកាន់តែថមថយទៅ ខណៈដែលកម្ពុជាក៏មានលទ្ធភាពក្នុងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពជាម្ចាស់ និងឯករាជ្យជាងមុនផងដែរ។ លើមូលដ្ឋាននេះ, ប្រភពទុនដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមសាកល្បងកៀរគរដែរនោះ គឺទីផ្សារមូលបត្រក្នុងប្រទេស តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋ។ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ មូលបត្ររដ្ឋមិនទាន់ដល់ឥណប្រតិទានមានចំនួន ៤៥៧,៣ ពាន់លានរៀល ហើយការទូទាត់គូប៉ុងសរុបមានចំនួន ១៣ លើក ស្មើនឹង ៤,៦ពាន់លានរៀល និងទូទាត់ប្រាក់ដើមចំនួន ២ លើក ស្មើនឹង ២៨ពាន់លានរៀលដល់អ្នកកាន់កាប់មូលបត្ររដ្ឋ៕ | ភ្នំពេញ៖ ក្នុងរយៈពេល៦ខែមកនេះ រដ្ឋាភិបាលប្រមូលហិរញ្ញប្បទានពីវិនិយោគិនក្នុងស្រុកបានចំនួន ២៥៥,៣ពាន់លានរៀល (ប្រមាណ៦០លានដុល្លារ) តាមរយៈការបោះលក់មូលបត្របំណុល ដើម្បីគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ ទំហំមូលបត្ររដ្ឋទាំងនេះ ត្រូវបានបោះលក់ដោយធនាគារជាតិនៃកម្ពុជា។ |
អត្ថបទទាក់ទង រុស្ស៊ីពិបាកទិញរថយន្តពីចិន ដោយសារទណ្ឌកម្មអាម៉េរិក ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចពាក់ព័ន្ធនឹងវិស័យធនាគារ និងការទូទាត់ប្រាក់ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ បានធ្វើឱ្យរុស្ស៊ី ពិបាកទូទាត់ប្រាក់ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាចិន និងឥណ្ឌាជាដើម។ ការនាំចូលទំនិញទៅរុស្ស៊ី ត្រូវពន្យារពេល ខណៈការទូទាត់ប្រាក់ត្រូវប្រើប្រាស់នីតិវិធីស្មុគស្មាញ និងធនាគារតូចៗ ដោយខ្លាចរងទណ្ឌកម្ម។ ដើម្បីរកចន្លោះប្រហោងគេចពីសម្ពាធរបស់ប្រទេសលោកខាងលិច រុស្ស៊ី នឹងប្រើប្រាស់រូបិយប័ណ្ណគ្រីតូ ដែលមិនស្ថិតនៅក្រុមធនាគារកណ្តាល ដើម្បីទិញទំនិញជាមួយដៃគូពាណិជ្ជកម្ម។ ទាក់ទិននឹងបញ្ហានេះ សភារុស្ស៊ី នៅថ្ងៃទី៣០ ខែកក្កដា បានអនុម័តសេចក្តីព្រាងច្បាប់ប្រើប្រាស់រូបិយប័ណ្ណគ្រីតូ ដែលអាចចូលជាធរមាននៅខែកញ្ញាខាងមុខ។ «យើងកំពុងសម្រេចចិត្តជាប្រវត្តិសាស្រ្តនៅក្នុងវិស័យហិរញ្ញវត្ថុ»។ ប្រធានរដ្ឋសភារុស្ស៊ី លោក Anatoly Aksakov បានបញ្ជាក់បែបនេះ ទៅកាន់សមាជិកសភានៅថ្ងៃទី៣០ ខែកក្កដា។ បើតាមការបញ្ជាក់របស់ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina ការប្រើប្រាស់រូបិយប័ណ្ណ អាចនឹងចាប់ផ្តើមនៅមុនពេលដំណាច់ឆ្នាំ។ សេចក្តីព្រាងច្បាប់ដដែលនេះ ក៏អនុញ្ញាតឱ្យបង្កើនទំហំរូបិយប័ណ្ណគ្រីតូ ដែលមានការទទួលស្គាល់ត្រឹមត្រូវផងដែរ។ ចំណែក រូបិយប័ណ្ណគ្រីតូ ដែលរងការហាមឃាត់ស្រាប់ មិនត្រូវបានលើកលែងទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រសិនបើសម្រេចលើការទូទាត់នេះបាន រុស្ស៊ី អាចអាចកាត់បន្ថយភាពយឺតយ៉ាវទូទាត់ទំនិញ ជាពិសេស គឺគេចពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។ កន្លងមក ធនាគារកណ្តាលរុស្ស៊ី បានលើកឡើងថា ភាពពន្យារពេលនៅក្នុងការទូទាត់ប្រាក់ ជាបញ្ហាប្រឈមខ្លាំងសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ដោយវាបានធ្វើឱ្យទំហំនៃការនាំចូលទំនិញរបស់រុស្ស៊ីថយ ៨ភាគរយ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន។ កន្លងមក បើទោះរុស្ស៊ី និងប្រទេសដៃគូ បានឯកភាពទូទាត់ជារូបិយប័ណ្ណរបស់ខ្លួនដ៏ដោយ ប៉ុន្តែការទូទាត់ប្រាក់ដុល្លារនៅតែមានច្រើន ស្របពេលរុស្ស៊ី មិនអាចប្រើប្រាស់ប្រព័ន្ធ SWIFT បានទេ ដ្បិតរងទណ្ឌកម្ម។ មិនតែប៉ុណ្ណោះ ធនាគារប្រទេសទាំងនោះ ក៏មិនហ៊ានទូទាត់ជាមួយធនាគាររុស្ស៊ីដែរ ដោយសារបារម្ភពីទណ្ឌកម្មប្រទេសលោកខាងលិច៕ | សភារុស្ស៊ី នៅថ្ងៃទី៣០ ខែកក្កដា បានអនុម័តសេចក្តីស្នើច្បាប់ប្រើប្រាស់រូបិយប័ណ្ណគ្រីតូ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាល ដើម្បីទូទាត់ពាណិជ្ជកម្មអន្តរជាតិជាមួយដៃគូ។ ចំណាត់ការចុងក្រោយនេះ នឹងជួយរុស្ស៊ីកាត់បន្ថយភាពយឺតយ៉ាវទូទាត់ប្រាក់ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងបញ្ចៀសទណ្ឌកម្មប្រទេសលោកខាងលិច។ |
ប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េនេះ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងកូរ៉េខាងត្បូង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំងអស់បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនេះដោយផ្អែកលើសសរស្ដម្ភទាំង៣។ ក្រសួងការបរទេសបានបញ្ជាក់ថា៖ « សសរស្ដម្ភទាំង៣នោះ មានប្រជាជន វិបុលភាព និងសន្តិភាព និងវិស័យអាទិភាពទាំង៧ ដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងវិបុលភាពក្នុងអនុតំបន់មេគង្គ»។ កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េនេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសទាំងអស់មើលឃើញពីវឌ្ឍនភាពជាវិជ្ជមាន និងការអភិវឌ្ឍប្រកបដោយផ្លែផ្កាពីមួយឆ្នាំទៅមួយឆ្នាំបន្ទាប់ពីបង្កើតឡើងក្នុងឆ្នាំ២០១១ មក។ សេចក្តីប្រកាសព័ត៌មានដដែលបានរៀបរាប់ថា រដ្ឋមន្ត្រីទាំងអស់ក៏កត់សម្គាល់លើផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃកិច្ចសហប្រតិបត្តិការនេះ ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ផងដែរ។ ជាពិសេសកិច្ចសហប្រតិបត្តិការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការតភ្ជាប់អនុតំបន់ លើកកម្ពស់ ការប្រកួតប្រជែង កាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមបណ្តាប្រទេសក្នុងអនុតំបន់មេគង្គ និងកសាងសហគមន៍ប្រកបដោយភាពធន់ជាងមុន។ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថត៖ ក្រសួងការបរទេស ក្នុងកិច្ចប្រជុំនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជា តិបានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សាធារណរដ្ឋកូរ៉េផងដែរ។ លោកបានចាត់ទុកកូរ៉េខាងត្បូងជាដៃគូគន្លឹះក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងអនុតំបន់តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ និងការរួមវិភាគទានប្រចាំឆ្នាំដល់មូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ។ នាពេលថ្មីៗនេះការ សាធារណរដ្ឋកូរ៉េ បានសន្យាបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េ រហូតដល់ ១០ លានដុល្លារ ត្រឹមឆ្នាំ២០២៧។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសបានសាទរចំពោះប្រទេសមួយនេះ ដែលជួយដល់ការងារសកម្មភាពមីននៅកម្ពុជា ដើម្បីបញ្ចប់ផលប៉ះពាល់អវិជ្ជមានដែលកើតឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល សម្រាប់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ លោក សុខ ចិន្តាសោភា បានលើកឡើងពីវិស័យអាទិភាពមួយចំនួន។ ក្នុងនោះរួមមានការអភិវឌ្ឍធនធានមនុស្ស, ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ, កិច្ចសហប្រតិបត្តិការកសិកម្ម និងអភិវឌ្ឍជនបទ, ការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី, និងការលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ប្រមុខការទូតកម្ពុជារូបនេះបានបញ្ជាក់ថា៖ « វិស័យទាំងនេះនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងអនុតំបន់មេគង្គ»៕ | បណ្ដាប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមទាំងវិបុលភាពនៅក្នុងអនុតំបន់មេគង្គ។ ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១២ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី ២៦ ខែកក្កដា។ |
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយលោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការFAO ប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែកក្កដានេះ។ ភាគីទាំងពីរ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពទូទៅ ក៏ដូចជាសមត្ថភាពនៃការតាមដាន សេវាមន្ទីរពិសោធន៍ និងធនធានមនុស្សនៅក្នុងប្រព័ន្ធសុខភាពសត្វរបស់កម្ពុជា។ គម្រោង CamPPR នេះ មានគោលបំណងបង្កើនការការពារ ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងស្ថានភាពអាសន្នផ្នែកសុខភាពសាធារណៈ ដែលបង្កដោយជំងឺរាតត្បាត តាមរយៈការអនុវត្តអភិក្រមសុខភាពតែមួយ (One Health)។ អភិក្រមនេះ ក៏រួមបញ្ចូលសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន និងលើកកម្ពស់និរន្តរភាពកសិកម្ម សុវត្ថិភាពចំណីអាហារ ព្រមទាំងគ្រប់គ្រងភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) ក៏ដូចជាសន្តិសុខស្បៀង និងអាហារូបត្ថម្ភផងដែរ។ ការគ្រប់គ្រងជំងឺឆ្លងពីសត្វមកមនុស្ស និងពីមនុស្សទៅសត្វ ក៏ដូចជាស្វែងរកដំណោះស្រាយចំពោះភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) គឺរឿងចាំបាច់បំផុត ដើម្បីការធានាបានសុវត្ថិភាពម្ហូបអាហារ និងដោះស្រាយរាល់ការគំរាមកំហែងសុខភាពនានា។ នេះបើតាម FAO៕ | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេស ដើម្បីជំរុញគំនិតផ្តួចផ្តើមគម្រោងទប់ស្កាត់ ត្រៀមបង្ការ និងឆ្លើយតបចំពោះជំងឺរាតត្បាត (CamPPR) នៅកម្ពុជា ដែលនឹងដាក់ឱ្យអនុវត្តសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ |
ប្រធាន WTO លោកស្រី Ngozi Okonjo-Iweala បាននិយាយថា អនាគតនៃពាណិជ្ជកម្មស្ថិតនៅលើផ្នែកសេវាកម្ម ឌីជីថលនីយកម្ម និងសេដ្ឋកិច្ចបៃតង។ នេះបើតាមការបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ស្ថាប័នពាណិជ្ជកម្មពិភពលោក។ លោកស្រីបានបន្ថែមថា ឱកាសនៅតែមានដដែល ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់កំណើន និងការបង្កើតការងារតាមរយៈឌីជីថលនីយកម្ម។ លោកស្រីបាននិយាយថា ពាណិជ្ជកម្មក៏អាច «ពង្រឹងសន្តិសុខស្បៀងពិភពលោក និងពន្លឿនការជំរុញឆ្ពោះទៅរកការមិនបំភាយឧស្ម័ន»៕ | ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO)កាលពីថ្ងៃអង្គារបាននិយាយថា ពាណិជ្ជកម្មពិភពលោកកំពុងឆ្លងកាត់គ្រាដ៏លំបាក ដោយមានការគាំពារនិយមកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានAFP។ |
អត្តពលិកចូលរួមប្រកួតប្រមាណជាង ១០,៥០០នាក់ ព្រមទាំងប្រតិភូកីឡាមកពីប្រទេសចំនួន ២០៦ ជុំវិញពិភពលោក ក្នុងព្រឹត្តិការណ៍អូឡាំពិក ភាគច្រើនត្អូញត្អែរថា ម្ហូបអាហារ សម្រាប់ទទួលទាន នៅក្នុងភូមិកីឡាអូឡាំពិកទីក្រុងប៉ារីស មិនគ្រប់គ្រាន់សម្រាប់ពួកគេ។ ស្ថិតក្នុងទីតាំងភូមិកីឡាអូឡាំពិក កន្លែងជួបជុំទទួលទានស្ថិតចំកណ្តាលភូមិកីឡា ភាគខាងជើងទីក្រុងប៉ារីស ហើយទទួលចំនួនមនុស្សជាប្រចាំ ៣,២០០នាក់ ក្នុងពេលដែលតែមួយ មាន ៦កន្លែង ជាប់ៗគ្នា។ ទីតាំងទទួលទានអាហារនោះ បើកដំណើរការទាំងថ្ងៃទាំងយប់ តែម្តង សម្រាប់ឱ្យអត្តពលិកអាចទៅហូបអាហារជាប្រចាំ។ បរិមាណអាហាតម្រូវសម្រាប់អត្តពលិក ៤០,០០០នាក់ ជាមួយនឹងជម្រើសមុខម្ហូបជាង ៥០០មុខ ត្រូវបានរៀបចំប្រចាំថ្ងៃនីមួយៗ ហើយពាក់កណ្តាលនៃមុខម្ហូបទាំងនោះជាបន្លែ។ ទីតាំងទទួលទាន់អាហារទាំង ៦កន្លែង នោះ ក៏មានការបែងចែកជាតំបន់ទៅតាមប្រភេទក្រុមអត្តពលិកមកពី ២០៦ប្រទេស ជុំវិញពិភពលោក ដោយមុខម្ហូបបែបបារាំងមាន ២កន្លែង ១កន្លែង សម្រាប់អត្តពលិកមកពីអាស៊ី ១កន្លែងសម្រាប់អត្តពលិកមកពីទ្វីបអាហ្រ្វិក និងតំបន់សមុត្រការ៉ាបៀន ហើយ ២កន្លែងផ្សេងទៀត សម្រាប់អត្តពលិកចម្រុះទូទាំងពិភពលោកតែម្តង។ ជាប្រចាំ អ្នករៀបចំអូឡាំពិកប៉ារីស តែងតែរៀបចំអាហារសម្រាប់អត្តពលិកហូបចុកក្នុងម្នាក តម្រូវពីរពេលកន្លះ ហើយម្ហូបអាហារប្រចាំថ្ងៃមានទម្ងន់សរុបជាមធ្យម ៦០០តោន ឯណោះ។ ទោះយ៉ាងណាចំនួននេះ នៅតែមិនគ្រប់គ្រាន់ តាមតម្រូវការរបស់ក្រុមអត្តពលិកឡើយ បើតាមការចុះផ្សាយរបស់កាសែត LEquipe ភាគច្រើន អត្តពលិកតែងតែត្អូញត្អែរពីកង្វះនូវអាហារចាំបាច់រួមមាន ស៊ុត និងសាច់ ជាដើម។ ដោយឡែកបើតាមការចុះផ្សាយរបស់កាសែត Daily Mail ក្រុមអត្តពលិកអង់គ្លេស បាននាំយកចុងភៅផ្ទាល់ខ្លួនដើម្បី ដោះស្រាយចម្អិនអាហារទៅតាមតម្រូវការចាំបាច់របស់ក្រុមពួកគេតែម្តង ហើយក៏ដូចជាដើម្បីដោះស្រាយបញ្ហាកង្វះអាហារក្នុងភូមិកីឡាអូឡាំពិក។ មួយវិញទៀតអត្តពលិកអង់គ្លេសភាគច្រើន ជ្រើសរើសហូបអាហារជាកញ្ចប់មុខម្ហូបតែម្តង សម្រាប់អាហារពេលរសៀល និងពេលល្ងាច នៅទីកន្លែងដែលពួកគេស្នាក់នៅតែម្តង ជាជាងការហូបអាហារនៅភូមិកីឡា។ ក្រៅពីបញ្ហាម្ហូបអាហារ ក្រុមអត្តពលិកជាច្រើនក៏បានរិះគន់សម្រាប់ការមិនបំពាក់ម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់គេងរបស់ពួកគេ ស្ថិតក្នុងភូមិកីឡាអូឡាំពិក។ ក្រុមអត្តពលិកជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ដាណឺម៉ាក កាណាដា ក្រិក និងអ៊ីតាលី បានដាក់មាស៊ីនត្រជាក់ផ្ទាល់ខ្លួនសម្រាប់ការស្នាក់នៅរបស់អត្តពលិកពួកគេ។ បន្ថែមពីនេះ បញ្ហាការដឹកជញ្ជូនអត្តពលិក ទៅកាន់ទីកន្លែងប្រកួត ក៏ត្រូវបានអត្តពលិកត្អូញត្អែរពីភាពយឺតយ៉ាវផងដែរ៕ | ក្រុមអត្តពលិកដែលបានចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស បានត្អូញត្អែរ ចំពោះបញ្ហាកង្វះចំណីអាហារស្ថិតក្នុងភូមិកីឡា បើទោះបីជាអ្នករៀបចំការប្រកួត (Paris 2024) បានរៀបចំអាហារប្រចាំថ្ងៃ តម្រូវសម្រាប់អត្តពលិកគិតជាចំនួនជាង ៤០,០០០នាក់ ជាមួយនឹងប្រភេទមុខម្ហូបជាង ៥០០មុខ ក៏ដោយ។ |
លីគបាល់ទាត់នារីកម្ពុជា បានខកខានការប្រកួតរយៈពេល២ឆ្នាំជាប់គ្នា គឺចាប់ពីឆ្នាំ២០២២ និង២០២៣ ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ លីគបាល់ទាត់នឹងត្រូវចាប់ផ្ដើមដំណើរការម្ដងទៀត។ ការប្រកួតក្នុងរដូវកាលនេះ មាន១០ក្រុមចូលរួមប្រកួត ក្នុងនោះមាន៖ ភ្នំពេញក្រោន, ណាហ្គាវើលដ៍, វិសាខា, បឹងកេត, ព្រះខ័នរាជស្វាយរៀង, មន្ទីរអ.យ.ក ខេត្តកំពង់ឆ្នាំង, សមាគមបាល់ទាត់មីស្ទើរលេង, សៀមរាប, កំពង់ធំ និងសលត៍ខេត្តបាត់ដំបង។ រូបលើកពានរង្វាន់ជើងឯក របស់កីឡាការិនី ភ្នំពេញក្រោន រូបពី Cambodian Women ពានរង្វាន់នេះ សរុប៩៣ការប្រកួត និងចែកចេញជា២ដំណាក់កាល។ ដំណាក់កាលទីមួយ ការប្រកួត ក្នុងដី និងក្រៅដី (Home and Away)។ រីឯដំណាក់កាលទី២ ការប្រកួត រវាងក្រុម Top 4 គឺជាការប្រកួតពីក្រុមចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ដើម្បីរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្លាយជាម្ចាស់ជើងឯក។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០២២ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ជាម្ចាស់ជើងឯកឆ្នាំ២០២១។ ចំណែក ណាហ្គាវើលដ៍ ជាម្ចាស់ជើងឯករង។ លីគបាល់ទាត់នារីកម្ពុជា បានដំណើរការ២លើកហើយ គឺ នៅឆ្នាំ២០១៩ និងឆ្នាំ២០២១៕ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា | លីគបាល់ទាត់នារីកម្ពុជា ចាប់ផ្តើមដំណើរការឡើងវិញហើយនៅឆ្នាំ២០២៤នេះ បន្ទាប់ពីខកខាន២រដូវកាល។ បើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លីគបាល់ទាត់នារីកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមាន១០ក្រុមចូលរួម និងមានសរុប ៩៣ប្រកួត។ |
សិក្ខាកាមចំនួន ១៨០នាក់ ក្នុងនោះ នារី១៤នាក់ ចូលសិក្សាវគ្គបំប៉ន។ លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានបញ្ជាក់ក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តលថា សហព័ន្ធកីឡាជាតិនេះ យកចិត្តទុកដាក់លើការធ្វើកំណែទម្រង់ និងអភិវឌ្ឍលើសមត្ថភាព បច្ចេកទេសរបស់មន្ដ្រី អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹក ជាពិសេសការអភិវឌ្ឍលើសមត្ថភាពកីឡាករ-កីឡាការិនី និងអត្ដពលិកថ្នាល។ គោលដៅ គឺសហព័ន្ធផ្ដោតលើការធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ វគ្គបំប៉នរយៈពេល ៣ថ្ងៃ ដែលជាការផ្ដើមគំនិតពីក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធប្រដាលគុនខ្មែរនេះ ត្រូវបានធ្វើឡើងដើម្បីប្រសិទ្ធភាពការងារ របស់មន្ដ្រីបំពេញតួនាទីដូចជាអាជ្ញាកណ្ដាល ចៅក្រម ជាដើម។ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានថ្លែងដូច្នេះថា៖«សហព័ន្ធ បានយកចិត្តទុកដាក់ពង្រឹងធនធានមនុស្ស ដូចជាបច្ចេកទេស ជំនាញ ក្រមសីលធម៌ ដើម្បីប្រសិទ្ធភាពការងារ និងកាត់បន្ថយបញ្ហាប្រឈមនានា ដែលមន្ដ្រីកន្លងមកបានជួបប្រទះ។»៕ | សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកវគ្គបំប៉នដល់មន្ដ្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រម ចាប់ពីថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ក្នុងពហុកីឡដ្ឋានអូឡាំពិក។ វគ្គបណ្ដុះបណ្ដាល ដែលមានសិក្ខាកាមចូលរួម១៨០នាក់នោះ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងធនធានមនុស្ស ពង្រឹងបច្ចេកទេស ជំនាញ ក្រមសីលធម៌ និងដើម្បីឲ្យការរៀបចំការប្រកួតប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។ |
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បច្ចុប្បន្នមានតែឧបករណ៍បរិក្ខារពេទ្យឈ្មោះ Neoplast-S របស់ក្រុមហ៊ុន DKSH (Cambodia) Ltd ប៉ុណ្ណោះ ដែលមានបញ្ជីការពីក្រសួងសុខាភិបាល ក្នុងការនាំចូល និងចែកចាយនៅលើទីផ្សារកម្ពុជា។ ជុំវិញបញ្ហានេះ, ក្រសួងបានអំពាវនាវដល់ពលរដ្ឋមុននឹងទិញឱសថ ឬឧបករណ៍បរិក្ខារពេទ្យគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជីកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ ដោយមានការបញ្ជាក់ឈ្មោះក្រុមហ៊ុននាំចូល។ « ដើម្បីធានាសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ ឧបករណ៍បរិក្ខារពេទ្យដែលគ្មានលេខបញ្ជីកាខាងលើជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់ សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង » ។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាលដែលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឧបករណ៍បរិក្ខារពេទ្យគ្មានលេខបញ្ជីកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ ផលិតផលឧបករណ៍បរិក្ខារពេទ្យជាបន្ទាន់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានព្រមានចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ តាមអនុលោមតាមច្បាប់ស្តីពី«ការគ្រប់គ្រងឱសថ» និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទ ក្នុងកម្ពុជា គឺត្រូវមានលេខបញ្ជីកាពីក្រសួងសុខាភិបាល៕ | ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់បរិក្ខាពេទ្យ « Neoplast -S » ដែលគ្មានលេខបញ្ជីកា។ ជនពាក់ព័ន្ធដទៃទៀត នឹងត្រូវរងពិន័យតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្រសួងសុខាភិបាលបានសារព្រមានបែបនេះនៅថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីសង្កេតឃើញមានការចរាចរ«Neoplast -S» គ្មានបញ្ជីការ នៅលើទីផ្សារកម្ពុជា។ |
ស្របពេលជម្លោះប្រដាប់អាវុធក្នុងប្រទេសជាមួយក្រុមជនជាតិភាគតិចនៅតែមាន របបសឹកមីយ៉ាន់ម៉ា បានដាក់ប្រទេសក្នុងស្ថានភាពអាសន្នជាថ្មី។ ជាងរយៈពេល ៣ឆ្នាំហើយ មីយ៉ាន់ម៉ា នៅតែបន្តស្ថិតក្នុងស្ថានភាពអាសន្ន ស្របពេលរបបសឹកបន្តបង្រ្កាបលើអ្នកតវ៉ា។ តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV យោធាមីយ៉ាន់ម៉ា មិនអាចរៀបចំការបោះឆ្នោត ដូចការគ្រោងទុកឡើយ ដោយសារតែសកម្មភាពភេរវកម្ម បង្កដោយក្រុមប្រឆាំង។ «សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បានសម្រេចជាឯកច្ឆន្ទ ក្នុងការបន្តការដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ខែ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV បានចុះផ្សាយបែបនេះ នៅថ្ងៃទី៣១ ខែកក្កដា។ លោក មីន អ៊ុងឡាំង មេដឹកនាំយោធា បានស្នើការបន្តការដាក់ប្រទេសក្នុងស្ថានភាពអាសន្នបែបនេះ ក្រោយហេតុផលត្រៀមខ្លួនរៀបចំការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងសុក្រឹត ដូចការសន្យានៅពេលកន្លងទៅ។ នៅក្នុងការប៉ះទង្គិចជាមួយកម្លាំងប្រដាប់អាវុធជនជាតិភាគតិច យោធាមីយ៉ាន់ម៉ា បានបាត់បង់ក្រុង និងប៉ុស្តិ៍យោធា និងប៉ូលិសជាច្រើន។ ការប៉ះទង្គិចនេះ បានធ្វើឱ្យប្រជាជនរកកន្លែងមានសុវត្ថិភាព ខណៈប្រជាជនមួយចំនួន បានភៀសខ្លួនទៅតំបន់ព្រំដែន៕ | របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែកក្កដា បានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ខែបន្ថែម។ មីយ៉ាន់ម៉ា ស្ថិតក្នុងស្ថានភាពអាសន្ន ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ មក។ |
តម្រងនោមមាននាទីសំខាន់ណាស់ចំពោះរាងកាយ ដោយវាជាកន្លែងដែលប្រមូលនូវកាកសំណល់ទាំងអស់ពីក្នុងខ្លួនបញ្ចេញចោលតាមទឹកនោម។ ក្រៅពីនេះ វាក៏ជួយរក្សាតុល្យភាពអេឡិចត្រូលីត្រក្នុងឈាម រក្សាកម្រិត pH និង សីតុណ្ហភាពផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាសញ្ញាប្រកាសអាសន្នមួយចំនួននៃជំងឺខ្សោយតម្រងនោម ដែលអ្នកគួរតែចងចាំ និងស្វែងយល់មុននឹងវាក្លាយទៅជាបញ្ហាដែលមិនអាចដោះស្រាយបាន៖ ពណ៌របស់ទឹកនោមមានការប្រែប្រួល ទឹកនោមមានពណ៌របស់វាដែលអាចជួយបញ្ជាក់ថា អ្នកមានតម្រងនោមប្រកបដោយសុខភាពល្អ ឬអត់។ កាលណាទឹកនោមមានពណ៌លឿងចាស់ វាអាចជាសញ្ញាបញ្ជាក់ថាតម្រងនោមមានបញ្ហាតិចតួច ពណ៌ត្នោត មានបញ្ហាធ្ងន់ធ្ងរ ពណ៌បៃតង មានគ្រោះថ្នាក់ខ្លាំង មានពពុះ អាចនឹងខ្សោយតម្រងនោម។ ដូច្នេះចូរតាមដានលើបញ្ហាទាំងនេះផង។ ឈឺចង្កេះតិចតួច ទៅធ្ងន់ធ្ងរ តើអ្នកចេះតែធ្លាប់មានអាការៈឈឺចង្កេះតិចតួច ឬធ្ងន់ធ្ងរជាប់រហូតដែរទេ? រឿងនេះអាចដោយសារតែជំហរនៃការគេងមិនល្អ ឬអង្គុយយូរពេក ប៉ុន្តែក៏អាចដោយសារតែបញ្ហាធ្ងន់ធ្ងរផ្សេងទៀតដែរ។ បើសិនជារឿងនេះកើតឡើងជាមួយនឹងការនោមឈឺ នោះវាអាចជាសញ្ញាព្រមានមួយនៃភាពគ្រោះថ្នាក់របស់តម្រងនោមហើយ។ ហើមខ្លួន ចាប់តាំងពីតម្រងនោមមាននាទីបញ្ចេញកាកសំណល់ និងជាតិពុលពីក្នុងខ្លួនមក រាល់អ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យដំណើរការណ៍របស់សរីរាង្គមួយនេះមានការរំខាន វានឹងចេញជាអាការៈហើមរាងកាយដើម្បីបញ្ជាក់អំពីភាពមិនប្រក្រតីហើយ។ បើសិនជាអ្នកយល់ថា មានការហើម និងឈឺចាប់ក្នុងពោះ គ្រលាន ឬចំហៀងខ្លួនខុសធម្មតា នោះអាចជាសញ្ញាបញ្ជាក់ថា តម្រងនោមកំពុងតែធ្វើការមិនបានល្អហើយ។ មានបញ្ហាស្បែកញឹកញាប់ ក្រៅពីហើមដែលបញ្ជាក់ថា តម្រងនោមធ្វើការមិនបានល្អ ការដែលមានបញ្ហាស្បែកជាញឹកញាប់ក៏ជាសញ្ញាមួយដែលបញ្ជាក់អំពីជំងឺនៅតម្រងនោមដែរ។ នៅពេលដែលជាតិពុលកកកុញក្នុងខ្លួនច្រើន វានឹងជ្រាប់ចេញទៅតាមស្បែក ដែលជាហេតុនាំឲ្យមានការបង្ករោគលើស្បែក កន្ទួលរមាស់ និងជំងឺស្បែកផ្សេងៗទៀត។ ដូច្នេះ ចូរស្វែងយល់អំពីអាការៈទាំងនេះឲ្យមែនទែនផង ព្រោះវាអាចជួយអ្នកចៀសផុតពីផលវិបាករបស់ជំងឺតម្រងនោមបាន។ បើសិនជាអ្នករកឃើញថាមានអាការៈទាំងអស់ដូចខាងលើមែន ចូរកុំភ្លេចស្វែងរកការព្យាបាលពីគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន៕ | ថ្វីបើមានការសិក្សាជាច្រើនបង្ហាញឲ្យដឹងថា ជំងឺខ្សោយតម្រងនោមភាគច្រើនកើតឡើងលើមនុស្សអាយុចាប់ពី៦០ឆ្នាំឡើងទៅក៏ដោយ ប៉ុន្តែវាមិនមែនមានន័យថា មនុស្សអាយុក្រោមនេះគឺមិនមានការប្រឈមមុខនោះដែរ។ |
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីថ្ងៃទី៣០ ខែកក្កដា។ អង្គប្រជុំ ពិភាក្សាពីសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការផ្ដល់អាហារតាមសាលារៀន២០២៤-២០៣៥ និងពិនិត្យមើលរបាយការណ៍បិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងវឌ្ឍនភាព នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះ មានរយៈពេល ៤៦ខែហើយ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២៤។ ក្នុងនោះការឧបត្ថម្ភពេញ លេញ មានរយៈពេញ៤៣ខែ ហើយ៣ចុងក្រោយ គឺអនុវត្តយុទ្ធសាស្រ្តចាកចេញពីកម្មវិធី ព្រោះស្ថានភាពគ្រួសារមួយចំនួន មានភាពប្រសើរឡើងវិញ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រតិតុល្យការ នៃការអនុវត្តកម្មវិធីខាងលើ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំការវាយតម្លៃជាប្រចាំពី ការឧបត្ថម្ភសាច់ប្រាក់ និងដំណើរការនៃការអនុវត្តកម្មវិធីនេះដែរ។ សូមជម្រាបថា ក្រោយពីរដ្ឋាភិបាល បានបិទបញ្ចប់ការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ រដ្ឋក៏សម្រេចដាក់ឱ្យអនុវត្ត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ កម្មវិធីថ្មីនេះ ធ្វើឡើងតាមស្ថាប័នូបនីយកម្ម និងសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមទាំងអស់ ដើម្បីពង្រីកការគ្របដណ្តប់ បង្កើនប្រសិទ្ធភាព និងការវិនិយោគហិរញ្ញវត្ថុ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ ៧០ម៉ឺនគ្រួសារ មានគ្រួសារចំនួន៥៧ម៉ឺនគ្រួសារ ដែលមានប្រមាណ ៨៤ភាគរយ បានចុះចូលក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ។ និងទទួលការឧបត្ថម្ភបន្តពីរដ្ឋាភិបាល។ ក្នុងចំណោម ជាង៥៧ម៉ឺនគ្រួសារនោះ រដ្ឋបានចំណាយឧបត្ថម្ភអស់ប្រមាណ១៨លានដុល្លារ។ ចំណែក ក្រុមគោលដៅនៅសេសសស់ចំនួនប្រមាណ ១៦ភាគរយទៀត ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ និងក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងរៀបចំយុទ្ធនាការជំរុញឱ្យពួកគេ ទៅចុះបញ្ជីឱ្យបានទាន់ពេល៕ | រដ្ឋាភិបាល បានចំណាយ ១ ៣៥៩,៦២ លានដុល្លារ ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ជាង៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨លាននាក់ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ដល់ពាក់កណ្ដាលឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា ជាតិគាំពារសង្គម។ |
បុរី មេគង្គ លែន មានការផ្តល់ជូនកាដូ ៣ ពិសេសៗដែលមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន៖ ទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ 16% ភា្លមៗ បានការផ្តល់ជូនមាសសុទ្ធរហូតដល់ទៅ 12តម្លឹង និងទទួលបានបណ្ណបញ្ចុះតម្លៃរថយន្តទំនើប JETOUR ដល់ទៅ 5,000ដុល្លារ ។ ក្រៅពីការផ្តល់ជូនទាំង៣ធំៗ បុរី មេគង្គ លែន ក៏មានជាកាដូផ្សេងៗទៀតជូនទៅកាន់អតិថិជនបន្ទាប់ពីធ្វើការកក់គេហដ្ឋានរួច។ ដូចនេះ លោកអ្នកដែលកំពុងតែស្វែករកគេហដ្ឋាន សូមប្រញាប់រួសរាន់សាកសួរព័ត៌មាននៅការិយាល័យលក់របស់ បុរី មេគង្គ លែន ទាំង ៣ទីតាំងឥលូវនេះ។ បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានឈានមុខគេនៅមួយក្នុងប្រទេសកម្ពុជា ដែលមានគម្រោង ៣ធំៗ ស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំងបំផុតរួមមាន៖ គម្រោងទី១ «ដឹ មេគង្គ រ៉ូយ៉ាល់» ស្ថិតតាមបណ្តោយផ្លូវជាតិ ៦A ដែលជាគម្រោងសម្រាប់ការរស់នៅ ជាមួយរចនាបថម៉ូដផ្ទះក្លាស៊ិកបែបអឺរ៉ុប គម្រោងទី២ «ហ្គោលឌិន អាវិននូ» ស្ថិតលើផ្លូវ ២០១១ ជាគម្រោងមានរចនាបថផ្ទះបែបទាន់សម័យសម្រាប់រស់នៅ និងប្រកបអាជីវកម្ម គម្រោងធំទី៣ «មេគង្គ ស៊ីធី» ជាគម្រោងមានរចនាបថម៉ូដផ្ទះក្លាស៊ិកបែបអឺរ៉ុបសម្រាប់រស់នៅផង និងប្រកបអាជីវកម្មដ៏សម្បូរបែបផង។ បន្ថែមពីលើនេះ បុរី មេគង្គ លែន បានគិតគូរយ៉ាងម៉ត់ចត់ពីការរស់នៅប្រកបដោយផាសុកភាព និងសុខដុមរមនារបស់អតិថិជនដោយផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ទៅនឹងធម្មជាតិបៃតងស្រស់ជាមួយសួនច្បារពហុមុខងារ និងពហុវ័យធំៗជាច្រើនក្នុងបរិវេណបុរី។ បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7 ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7 ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7 (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ចំណេញផ្ទួនៗ! បានទាំងផ្ទះ បានទាំងមាស! ទិញគេហដ្ឋាន ទទួលបានមាសសុទ្ធរហូតទៅដល់ ១២តម្លឹងភ្លាមៗ មានតែនៅក្នុងកម្មវិធី Exclusive August Promotion ពីបុរី មេគង្គ លែន ក្នុងខែសីហានេះតែប៉ុណ្ណោះ! |
លោក Mah Kin Yoong មានបទពិសោធន៍ និងបានបង្កើតសមិទ្ធផលជាច្រើននៅ ដាយ អ៊ិឈិ ឡាយហ្វ៍ (គ្រុប)។ កាលពីឆ្នាំ ២០២០ គាត់បានចូលរួមជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ (អាស៊ីប៉ាស៊ីហ្វិក) ដែលជាការិយាល័យកណ្តាលប្រចាំតំបន់ ក្នុងនាមជានាយកផ្នែកចែកចាយ ឌីជីថល និងនវានុវត្តន៍។ ជាមួយនឹងបទពិសោធន៍ដឹកនាំដ៏គួរឱ្យកត់សម្គាល់របស់គាត់ លោក Mah Kin Yoong បានផ្លាស់មកចូលរួមជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) នៅឆ្នាំ២០២២ ក្នុងតួនាទីជានាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម និងបន្ទាប់មកត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្នុងឆ្នាំ២០២៣។ ចាប់តាំងពីខែមករា ឆ្នាំ២០២៤ មក លោកត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិស្តីទីរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ដោយបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន។ ការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់គាត់បានបង្កើនទំនុកចិត្ត ដែលអាចឱ្យគាត់ក្លាយជាបេក្ខភាពដ៏លេចធ្លោមួយរូបសម្រាប់តំណែងនេះ។ លោក Brett Clark ជាអគ្គនាយកប្រតិបត្តិ និងនាយកគ្រប់គ្រងនៃ ដាយ អ៊ិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «បទពិសោធន៍ ២០ឆ្នាំរបស់ Kin Yoong នៅតាមបណ្តាទីផ្សារចម្រុះ រួមមាន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា អនុញ្ញាតឱ្យគាត់យល់ដឹងពីតម្រូវការផ្សេងៗគ្នានៃដំណោះស្រាយហិរញ្ញវត្ថុរបស់អតិថិជន។ «គាត់មានបទពិសោធន៍ជាមួយនឹងផ្នែកសំខាន់ៗ ដូចជា ផ្នែកដៃគូអាជីវកម្ម ព័ត៌មានវិទ្យា ប្រតិបត្តិការ និងទីផ្សារ។បទពិសោធន៍ទាំងនេះអនុញ្ញាតឱ្យគាត់អាចដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធិភាព ដែលជំរុញឱ្យមានភាពរីកចម្រើននៃអាជីវកម្ម រួមមានការបង្កើនបទពិសោធន៍កាន់តែល្អប្រសើរជូនអតិថិជនតាមរយៈការពង្រឹងប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ ការបង្កើនចំនួនភ្នាក់ងារធានារ៉ាប់រងអាជីព ក៏ដូចជាការគាំទ្រយ៉ាងសកម្មដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន។» លោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិនៃ ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះឱកាសដ៏ពិសេសមួយនេះ ហើយសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ (គ្រុប) ចំពោះផ្តល់ទំនុកចិត្តមកលើរូបខ្ញុំ។ ជាមួយនឹងគោលបំណងរបស់ដាយ អ៊ិឈិ ឡាយហ្វ៍ (គ្រុប) សហការជាមួយអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព ខ្ញុំសង្ឃឹមថានឹងអាចបន្តធ្វើការជាមួយក្រុមការងារប្រកបដោយទេពកោសល្យរបស់យើង ដើម្បីផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ»។ ស្ថានភាពសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្នបង្ហាញពីឧបសគ្គប្រឈមជាច្រើន ដែលរំខានដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោក Mah Kin Yoong ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងអាចប្រឈមជាមួយបញ្ហាប្រឈមទាំងនេះប្រកបដោយភាពរឹងមាំ និងបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយរបស់ប្រទេសជប៉ុន។ អំពី ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ ឆ្នាំប៉ុណ្ណោះ ។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (DLHD) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២១ ឆ្នាំ ជាប្រវត្តិសាស្ត្រ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange) ។ ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក យើងបានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់គ្រប់គ្នា ។ ក្រុមហ៊ុនបាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ច្នៃប្រឌិតដែលសមស្របតាមតម្រូវការលោកអ្នក ។ តម្លៃស្នូល «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ និងយើងច្នៃប្រឌិតថ្មី» បានណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន ។ ក្នុងនាមជាដៃគូរបស់លោកអ្នក ដាយ អ៉ិឈិ ឡាយហ្វ៍ នឹងនៅគាំទ្រដល់សុខមាលភាពរបស់លោកអ្នក និងក្រុមគ្រួសារជានិច្ច។ *ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ ពាន់លានដុល្លារ ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤) ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ, កម្ពុជា៖ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រីករាយប្រកាសតែងតាំង លោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤តទៅ។ |
ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី៣១ កក្កដា លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទូចឱ្យសមត្ថកិច្ចសម្អាតការបិទស្ទីកគ័រ និងការដាក់តាំងវត្ថុផ្សេងៗលើរថយន្តគ្រប់ប្រភេទ។ «ខ្ញុំសូមឱ្យស្នងការរាជធានី-ខេត្តទាំងអស់ ក្នុងរយៈពេល១ខែនេះ ឱ្យរឹតបន្តឹងលើបញ្ហានេះឱ្យអស់។ យើងមិនហាមឱ្យគាត់[អ្នកបើកបរ]បិទស្ទីកគ័រខាងៗទេ។ ប៉ុន្តែស្ទីកគ័រខាងមុខ(អត់ទេ) ព្រោះតែបិទស្ទីកគ័រនេះ ពេលបើកឡានរាប់តោន ការមើលឃើញ និងការសម្រេចចិត្ត ក្នុងការបញ្ជាចង្កូតរបស់គាត់ វាខ្វះខាតតាមហ្នឹង ដោយសារបិទស្ទីកគ័រ»។ នេះជាការលើកឡើងរបស់លោក ស សុខា។ បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការបិទពាក្យស្លោក ស្ទីកគ័រ រួមទាំងការដាក់តាំងវត្ថុផ្សេងៗលើរថយន្ត អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារបាំងវត្ថុទាំងនោះ។ គួររំឭកថា កាលពីដើមឆ្នាំ២០២៤ លោក ស សុខា ក៏បានបញ្ជាឱ្យសមត្ថកិច្ចអនុវត្តវិធានការចាប់ផាកពិន័យលើរថយន្តគ្រប់ប្រភេទ ដែលសរសេរពាក្យស្លោក ស្ទីកគ័រ វាំងនន តុក្កតា ភ្លើងហ្វា និងស៊ីផ្លេខុសបច្ចេកទេសផងដែរ។ អត្ថបទទាក់ទង ៦ខែ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សជិត ៨០០នាក់ កើនឡើង៥ភាគរយ ពាក្យស្លោក ស្ទីកគ័រ វាំងនន តុក្កតា ភ្លើងហ្វា និងស៊ីផ្លេខុសបច្ចេកទេស នឹងត្រូវចាប់ផាកពិន័យ សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១ ៥៣៤លើក ដែលបណ្ដាលឱ្យមនុស្សស្លាប់ ៧៣៩នាក់ កើនឡើង ៣៧នាក់ និងរងរបួស ២ ១១៦នាក់ កើនឡើង ៤៤នាក់ បើធៀបនឹងឆ្នាំ២០២៣៕ | រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកពេល ១ខែ ឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្អាតការបិទស្ទីកគ័រ ពាក្យស្លោក វាំងនន តុក្កតា មុងភួយ កុំឱ្យនៅបាំងអ្នកបើកបរ។ ការបង្ក្រាបឬសម្អាតការតុបតែងទាំងនេះ ត្រូវអនុវត្តលើយានយន្តគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ជូនពលរដ្ឋ។ |
អត្ថបទទាក់ទង មេដឹកនាំក្រុមហាម៉ាស ត្រូវបានសម្លាប់នៅអុីរ៉ង់ លោក Ismail Haniyeh មេដឹកនាំនយោបាយក្រុមហាម៉ាស ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅព្រឹកថ្ងៃទី៣១ ខែកក្កដា នាក្រុងតេហេរ៉ង់របស់អ៊ីរ៉ង់។ ហេតុការណ៍នេះ ត្រូវបានឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) និងក្រុមហាម៉ាសទម្លាក់កំហុសលើអុីស្រាអែល ដែលជាសត្រូវដ៏ធំនៅក្នុងតំបន់ ហើយកំពុងបើកប្រតិបត្តិការយោធានៅតំបន់កាហ្សា។ ក្រោយការវិវដ្ដនៅក្នុងតំបន់ដ៏សំខាន់បែបនេះ លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ដែលបំពេញទស្សនកិច្ចនៅសិង្ហបុរី បានបញ្ជាក់ពីការមិនពាក់ព័ន្ធរបស់អាម៉េរិក នៅក្នុងការវាយប្រហារលើមេដឹកនាំនយោបាយក្រុមហាមាស។ «នេះជាអ្វីដែលយើងមិនបានដឹង ឬពាក់ព័ន្ធ»។ លោក ប្លីងខិន បានឆ្លើយតបបែបនេះ ទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Channel News Asia នៅក្នុងកិច្ចសម្ភាសចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ដោយបន្តថា លោកពិបាកស្មានណាស់ ថាតើនឹងមានរឿងហេតុអ្វីកើតឡើងបន្ត។ ក្នុងកិច្ចសម្ភាសក្នុងទឹកដីសិង្ហបុរី ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់លើបទឈប់បាញ់នៅតំបន់កាហ្សា ដើម្បីបញ្ចប់ជម្លោះរយៈពេល ៩ខែ និងបញ្ឈប់ការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់។ ត្រង់ចំណុចនេះ លោក ប្លីងខិន បានយល់ថា បទឈប់បាញ់នៅតែជាវិធីសាស្រ្តដ៏ល្អ ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។ ទោះមានការបកស្រាយពីភាគីអាម៉េរិកក្តី អ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី៣១ ខែកក្កដា បន្តចោទអាម៉េរិកជាអ្នកនៅពីក្រោយ។ «ការទទួលខុសត្រូវរបស់អាម៉េរិក ក្នុងនាមជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្ត និងជាអ្នកគាំទ្រដ៏សំខាន់លើរបបអុីស្រាអែលក្នុងតំបន់ មិនអាចមើលរំលងបាននៅក្នុងឧក្រិដ្ឋកម្មដ៏អាក្រក់»។ លោក Saeed Iravani តំណាងអចិន្រ្តៃយ៍របស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បានចោទច្បាស់ៗបែបនេះ នៅចំពោះមុខតំណាងទូតនៃបណ្តាប្រទេសមហាអំណាច និងសមាជិកផ្សេងទៀត។ ពីកិច្ចប្រជុំដដែល លោក Saeed Iravani បានចោទរដ្ឋាភិបាលក្រុង Tel Aviv ចង់បង្អាក់ដំណើរការរដ្ឋាភិបាលអ៊ីរ៉ង់ថ្មី ក្រោយលោកប្រធានាធិបតី Masoud Pezeshkian ទើបស្បថចូលកាន់តំណែងបានមួយថ្ងៃ។ មកទល់ពេលនេះ អុីស្រាអែល មិនទាន់ប្រកាសទទួលស្គាល់ឡើយថា ការធ្វើឃាតលើលោក Ismail Haniyeh ជាទង្វើរបស់ខ្លួន។ នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសន្តិសុខនៅថ្ងៃទី៣១ ខែកក្កដា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល បានលើកឡើងត្រឹមករណីសម្លាប់ លោក Fuad Shukr ដែលលោកចាត់ទុកជានាយសេនាធិការរបស់ក្រុម Hezbollah នៅទឹកដីលីបង់ប៉ុណ្ណោះ។ លោក Fuad Shukr ត្រូវបានសម្លាប់នៅក្នុងថ្ងៃទី៣១ ខែកក្កដាដែរ។ ទោះមិនបានសំដៅដល់ករណីស្លាប់របស់មេដឹកនាំនយោបាយក្រុមហាម៉ាស លោក ណេតាន់យ៉ាហ៊ូ បានថ្លែងសុន្ទរកថាប្រកបដោយភាពជឿថា៖ «យើងត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់សេណារីយ៉ូ»។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ អុីស្រាអែល នឹងបន្តរួបរួមគ្នា និងប្តេជ្ញាប្រឆាំងគ្រប់ការគំរាមកំហែងទាំងអស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Times of Israel។ បន្ទាប់ពីឃាតកម្មខាងលើ ក្រុមហាម៉ាស អាចនឹងជ្រើសលោក Khaled Meshaal ជាមេដឹកនាំនយោបាយបន្ទាប់។ លោក Khaled Meshaal ជាបុគ្គលមួយរូប ដែលធ្លាប់ត្រូវបានទីភ្នាក់ងារអុីស្រាអែល ប៉ុនប៉ងក្នុងការធ្វើឃាត កាលពីឆ្នាំ១៩៩៧ នៅលីបង់៕ | រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានដឹង ឬពាក់ព័ន្ធនឹងការស្លាប់របស់លោក Ismail Haniyeh មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសនោះទេ។ នេះជាសម្តីរបស់ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៣១ ខែកក្កដា។ ទោះអាម៉េរិកបដិសេធ តែអ៊ីរ៉ង់ នៅតែចោទថា អាម៉េរិកនៅពីក្រោយខ្នងអុីស្រាអែល។ |
អគ្គមេបញ្ជាការរងរូបនេះ បានបកស្រាយថា ការបូជានៅក្បែរកន្លែងកើតហេតុនេះ ដើម្បីងាយស្រួល យកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។ តាមប្រភពដដែលខាងលើ លោក ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះ៖ «មូលហេតុដែលត្រូវបានបូជា គឺដោយសារការដឹកជញ្ជូនសពមានការលំបាក ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន»។ លោក សារ៉ាត បានឱ្យដឹងថា ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារសព ហើយក៏យល់ឃើញស្ថានភាពលំបាក ក្នុងការដឹកជញ្ជូនសពផងដែរ។ ការពលីរបស់អាកាសយានិកទាំង២ ត្រូវបានលោក ឥត សារ៉ាត់ ចាត់ទុកជាវីរភាពមួយ ក្នុងបុព្វហេតុការពារជាតិ និងបេសកកម្មការងារ។ សូមបញ្ជាក់ថា សពអាកាសយានិកទាំង ២រូប ត្រូវបានរកឃើញនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកក្កដា ក្រោយបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា៕ អត្ថបទទាក់ទង លោក ឥត សារ៉ាត់៖ អាកាសយានិកទាំង២នាក់ ពិតជាបានពលីក្នុងបេសកកម្មហ្វឹកហ្វឺន | ភ្នំពេញ៖ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង អះអាងថា សាកសពអាកាសយានិក២រូប ដែលស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី១សីហា។ សពនេះ បូជានៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ។ នេះបើយោងតាមក្រសួងព័ត៌មាន។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.