text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
សុធីរ៖ សំណាង! បើជំនួញអត់ចំណូល មិនវីវរហើយទេអី? សំណាង៖ អើ អញឃើញ ថៅកែ ឬម្ចាស់ហាងម្នាក់ៗអង្គុយរង់ចាំម៉ូយមក តែអត់ម៉ូយទាល់តែសោះ។ ស្ងាត់ដូចចោរលួចសេះ។ គ្រប់គ្នាមិនចង់ចាយ ព្រោះ ស្ថានការណ៍សេដ្ឋកិច្ចមិនប្រាកដប្រជា។ អត់ចាយ នាំឲ្យគាំងសេដ្ឋកិច្ច។ សុធីរ៖ អ៊ីចឹង ម្ចាស់ជំនួញបានប្រាក់ឯណាទៅបើកឲ្យបុគ្គលិក? សំណាង៖ រឿងនេះ ប្រឈមខ្លាំងណាស់ អា សុធីរ។ ម្ចាស់ខ្លះ ចាប់ផ្តើមបិទហាងចោល។ អ្នកខ្លះទៀត ចាប់ផ្តើមកាត់បន្ថយបុគ្គលិក។ អ្នកខ្លះទៀត ចាប់ផ្តើមគិតកាត់ប្រាក់ខែបុគ្គលិកមួយផ្នែក រីឯអ្នកខ្លះទៀត ត្រដររង់ចាំមើលស្ថានការណ៍ល្អត្រឡប់មកវិញ តែមិនដឹងពេលណា។ សុធីរ៖ បើកាត់ប្រាក់ខែ ឬបិទហាង ចុះបុគ្គលិកបានលុយមកពីណាបង់បំណុលធនាគារ? សំណាង៖ នេះ គឺជារឿងលំបាកបំផុត ហើយ គេពិបាករកផ្លូវចេញណាស់ អា សុធីរ។ អ្ហែងមានគំនិតដោះស្រាយទេ អា សុធីរ? សុធីរ៖ ក្នុងកាលៈទេសៈ ស្ងាត់ដូចចោរលួចសេះយ៉ាងនេះ បើចង់ឲ្យជំនួញអាចនៅបន្តរស់បាន ម្ចាស់កម្មសិទ្ធិទីតាំងជំនួញគួរចាប់ផ្តើមចុះថ្លៃទីតាំងជួលរយៈពេល៦ខែ នៅ១ឆ្នាំសិន។ ទីតាំងជួលថ្លៃណាស់សព្វថ្ងៃនេះ។ ថ្លៃរហូតដល់ជំនួញមួយចំនួនក្ស័យធនដោយសារតែតម្លៃឈ្នួលថ្លៃនេះឯង។ អា សំណាង អញដឹងរឿងជួលនេះច្រើនណាស់។ ម្ចាស់កម្មសិទ្ធិទីតាំងខ្លះ ដំឡើងថ្លៃគ្មានខ្វល់ គ្មានគោលការណ៍សោះតែម្តង។ សំណាង៖ អ៊ីចឹង រដ្ឋាភិបាលគួរអំពាវនាវឲ្យម្ចាស់កម្មសិទ្ធិទីតាំងអាជីវកម្មបញ្ចុះតម្លៃខ្លះមិនថា អ៊ីចឹង សុធីរ? សុធីរ៖ ពិតជាត្រឹមត្រូវ បើធ្វើបានគឺការល្អ ព្រោះ បើអាជីវកម្មដួល ចំនួនអ្នកគ្មានការងារធ្វើនឹងកើនឡើង ហើយវានឹងក្លាយទៅជាបន្ទុករបស់រដ្ឋាភិបាល និងសង្គមកាន់តែធ្ងន់ធ្ងរ។ ក្នុងបរិបទនេះ គ្រប់តួអង្គពាក់ព័ន្ធក្នុងសេដ្ឋកិច្ចមិនគួរកេងចំណេញពីស្ថានការណ៍អាក្រក់នេះឡើយ។ ផ្ទុយទៅវិញ ពួកគេគួរមានមេត្តាករុណាចំពោះគ្នាទៅវិញទៅមក។ គួរជួយគ្នា ក្នុងគ្រាក្រ មិនមែនគាបក ក្នុងគ្រាក្រឡើយ៕ | ព្រឹកនេះ សុធីរ និងសំណាង មកដល់ហាងកាហ្វេតាំងពីព្រឹកព្រលឹមដូចសព្វដង ព្រោះ ទាំងពីរនាក់មិនចង់ស្ទះចរាចរណ៍។ នៅព្រឹកនេះ បុរសទាំងពីរនាក់សំណេះសំណាលគ្នាពីបច្ច័យអាក្រក់ដែលកំពុងធ្លាក់មកលើជំនួញនៅកម្ពុជាដោយសារឥទ្ធិពលនៃមេរោគកូវីដ-១៩។ អត់ភ្ញៀវ លក់មិនដាច់ បាត់ប្រាក់ចំណូល តើបានប្រាក់ឯណាបង់ថ្លៃឈ្នួលទីតាំងជំនួញ និងប្រាក់ខែឲ្យបុគ្គលិក? អ្នកជំនួញមួយចំនួនវេចបង្វេចដើរចេញ ឈប់រកស៊ីតែម្តង ព្រោះលែងមានចំណូល ហើយចំណាយនៅដដែល។ |
លោក ស៊ុយ លីនប៉ាវ ជាអ្នកនិពន្ធរឿងបែបប្រលោមលោក និងរឿងអប់រំកុមារ។ តាមពិតទៅពីដំបូង លីនប៉ាវ មិនដែលប៉ង ចង់ក្លាយជាអ្នកនិពន្ធឡើយ។ គឺលោកចង់ធ្វើជាស្ថាបត្យករ ដែលត្រូវនឹងជំនាញកំពុងសិក្សានៅសកលវិទ្យាល័យ។ ប៉ុន្តែអ្វីដែលធ្វើឲ្យយុវជនរូបនេះ ក្លាយជាអ្នកនិពន្ធ គឺផ្តើមចេញពីការអានសៀវភៅមួយក្បាលរបស់អ្នកនិពន្ធ សុខ ចាន់ផល ក្រោមចំណងជើងថា«ខែរងា»។ ជាសិស្សពូកែខាងផ្នែកវិទ្យាសាស្រ្ត ក្រោយអានរឿងប្រលោមលោកជាលើកដំបូង លីនប៉ាវ បានស្ញប់ស្ញែងនឹងស្នាដៃកវីនិពន្ធដ៏ល្បីរូបនេះ ក៏សាកល្បងរៀននិពន្ធប្រលោមលោកដោយខ្លួនឯងដែលមានចំណងជើងថា «ដំបូលផ្ទះស្រី»។ កាលណោះស្នាដៃនេះ លីនប៉ាវ បានយកបង្ហោះតាមគណនីហ្វេសប៊ុកខ្លួន ដើម្បីឱ្យមិត្តភក្តិក្នុងបណ្ដាញសង្គមអានកម្សាន្ត។ នៅចុងឆ្នាំ២០១៧ ដោយមានការជំរុញពីមិត្តភក្តិ លីនប៉ាវ បានយករឿងប្រលោមលោកដំបូងដែលខ្លួនបាននិពន្ធលេង ដាក់ពាក្យចូលរួម ដើម្បីបានចូលរៀនវគ្គបណ្ដុះបណ្ដាលតែងនិពន្ធមួយ។ ជាឱកាស គណៈកម្មការ បានជ្រើសរើសលីនប៉ាវ ជាសិក្ខាកាមរៀនវគ្គតែងនិពន្ធរយៈពេល៩ខែ។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល លីនប៉ាវ និងសិក្ខាកាមរួមជំនាន់ ចំនួន៩នាក់ទៀត បានបង្កើត ក្រុមតែងនិពន្ធវ័យក្មេងមួយឈ្មោះ «ទសប៉ាកកា» ដោយមានការជួយជ្រោមជ្រែងពីគ្រូបង្រៀនតែងនិពន្ធក្នុងវគ្គបណ្ដុះបណ្ដាលនោះផងដែរ។ «ខ្ញុំគិតថា នេះជាការបើកផ្លូវមួយ ដើម្បីឱ្យខ្ញុំឈានជើងទៅវិស័យតែងនិពន្ធ»។ នេះជាការបញ្ជាក់របស់លោក លីនប៉ាវ។ ប្រឡូកក្នុងវិស័យនេះកាន់តែជ្រៅ ធ្វើឱ្យនិស្សិតវ័យ២២ឆ្នាំរូបនេះ កាន់តែដក់ចិត្តស្រលាញ់ការតែងនិពន្ធ។ លោកជឿថាការងារនេះបានជួយអភិវឌ្ឍន៍ដល់សង្គមកម្ពុជា តាមរយៈការជួយបង្កើនការអាន។ «បើសង្គមមួយសម្បូរអ្នកអាន សង្គមមួយនោះសម្បូរដោយបញ្ញវន្ត»។ លីនប៉ាវ បានចាប់យកអាជីពតែងនិពន្ធអស់រយៈពេល៣ឆ្នាំមកហើយ។ ស្នាដៃនិពន្ធរឿងសម្រាប់កុមារ និងរឿងប្រលោមលោក របស់លោករួមមាន កូនអ្នករើសសំរាម, សារិកាតូច, បណ្ដឹងគីង្គក់, មានលុយបាត់ម៉ែ, ចរិយាយក្សកំណាច, កូនស្វាតូចនិងហ្មដំរី និងបឹងអតីតជាដើម។ ក្រៅពីរឿងបោះពម្ភផ្សាយ លីនប៉ាវ ក៏មានស្នាដៃរឿងប្រលោកលោកខ្លីៗ ជាច្រើនបង្ហោះតាមហ្វេកប៊ុក។ ភាគច្រើនជារឿងបែបកំប្លែង ដែលឲ្យអ្នកអានហើយសប្បាយចិត្តកាត់បន្ថយអារម្មណ៍ស្មុគស្មាញពីការសិក្សានិងការងារ។ ទោះបីចាប់ផ្ដើម អាជីពនេះដោយចៃដន្យក៏ពិតមែន ប៉ុន្តែលីនប៉ាវ មិនបានធ្វើដោយចុងដៃចុងជើងឡើយ។ អ្នកនិពន្ធរូបនេះ បានអះអាងថា ខ្លួនបានប្រឹងរៀនសូត្រ ស្រាវជ្រាវចំណេះដឹងបន្ថែម និងសម្ភីដុសខាត់សមត្ថភាពតាមរយៈការចូលរួមប្រកួតតែងនិពន្ធក្នុងកម្មវិធីជាច្រើន ដើម្បីទទួលបានបទពិសោធន៍ អភិវឌ្ឍន៍ចំណេះតែងនិពន្ធរបស់ខ្លួន។ ជាមួយគ្នានេះ ក្នុងនាមជា អ្នកនិពន្ធ និងជាយុវជនជំនាន់ក្រោយ លោក លីនប៉ាវ ចង់ឱ្យយុវជន ងាកមកស្រលាញ់ការអាន ព្រោះមានតែការអានទេ ទើបធ្វើឲ្យមនុស្សអាចអភិវឌ្ឍន៍គំនិតនិងសមត្ថភាព។ យុវជនមកពីខេត្តកំពង់ធំរូបនេះបានអះអាងដូច្នេះ៖ «ការអានទាំងអស់សុទ្ធតែល្អ មិនថាជាការអានកាសែត ប្រលោមលោក បែបទស្សនៈវិទ្យា។ ខ្ញុំរាប់ថា ពិតជាមានសារសំខាន់ និងចាំបាច់បំផុត ដោយលើសពីការជួយឱ្យចេះសរសេរខ្មែរត្រឹមត្រូវ រាល់ការអានទាំងអស់ យើងតែងតែទទួលបានអ្វីមួយមកវិញ ដែលជាតម្លៃអប់រំ បទពិសោធន៍ជីវិត ការកម្សាន្ត ឬក៏ជាផ្លូវមួយធ្វើឱ្យយើងឆ្ពោះទៅភាពល្អប្រសើរ»។ ងាកមកការសិក្សារបស់និស្សិតផ្នែកស្ថាបត្យកម្មនេះវិញ សល់ពេលមិនយូរប៉ុន្មានលោកនឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលត្រូវរៀនរយៈពេល៥ឆ្នាំ។ ក្រោយរៀនចប់ លីនប៉ាវ នឹងចាប់ផ្តើមការងារជាស្ថាបត្យករ ដែលត្រូវនឹងជំនាញដែលខ្លួនកំពុងសិក្សា ប៉ុន្តែលោកសន្យាថា នៅតែបន្តអាជីពតែងនិពន្ធ ដើម្បីជួយលើកកម្ពស់ការអាននៅកម្ពុជាឲ្យកាន់តែរីកចម្រើន៕ | ភ្នំពេញ៖ លោក ស៊ុយ លីនប៉ាវ ជាកវីនិពន្ធវ័យក្មេងម្នាក់ និងជានិស្សិត ផ្នែកស្ថាបត្យកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក លីនប៉ាវ បានចាប់ផ្ដើមពីការនិពន្ធរឿងខ្លីៗ បង្ហោះតាមគណនីហ្វេកប៊ុករបស់ខ្លួន បានធ្វើឱ្យនិស្សិតឆ្នាំទី៥រូបនេះ វិវត្តន៍ខ្លួនក្លាយជាអ្នកនិពន្ធ មុនជាស្ថាបត្យករ។ ដ្បិតមានបទពិសោធន៍ក្មេងខ្ចី ប៉ុន្តែយុវជនវ័យ២២ ឆ្នាំរូបនេះ យល់ថា ស្នាដៃរឿងប្រលោមលោក និងរឿងអប់រំកុមាររបស់ខ្លួន ជាផ្នែកមួយ ក្នុងការរួមចំណែកបង្កើនការអាននៅកម្ពុជា។ |
ពាក្យ «អេម Êm» នេះ ត្រូវបានជនជាតិខ្មែរមួយចំនួនយកមកប្រើប្រាស់ដោយមិនដឹងខ្លួន និងមិនបានដឹងពីឫសគល់របស់វាពិតប្រាកដឡើយ។ តាមពិត ពាក្យនេះ គឺជាពាក្យកម្ចីមកពីភាសាវៀតណាម Êm។ «អេម» មានន័យថា ស្រួល ឬល្អ។ ឧទាហរណ៍ថា ម៉ាស៊ីន នេះដំណើរការ អេម ណាស់។ សូមបញ្ជាក់ថា គេច្រើនប្រើពាក្យនេះជាមួយរបស់អ្វីមួយដែលដំណើរការល្អ ឬគុណភាពល្អ។ គេមិនសូវនិយាយជាមួយមនុស្សទេ។ តែនៅពេលដែលខ្មែរមួយចំនួនយកពាក្យនេះមកប្រើ ពេលខ្លះ ពួកគេនិយាយថា នារីម្នាក់នោះ អេម ណាស់។ ចំពោះឃ្លានេះ ជនជាតិខ្មែរចង់និយាយថា នារី ម្នាក់នោះស្អាតណាស់។ ឃ្លានេះ ប្រើមិនសូវត្រូវទេ បើគិតពីអត្ថន័យដើមរបស់វា តែជនជាតិខ្មែរអាចយល់បាន។ ពេលខ្លះទៀត ខ្មែរច្រើននិយាយថា របស់អ្វីមួយ អេម ណាស់ ដោយពួកគេចង់សំដៅថា របស់ហ្នឹង ឬមនុស្សហ្នឹង ឡូយ។ សម្រាប់ជនជាតិខ្មែរខ្លះ ពាក្យ អេម មានន័យថា ឡូយ។ មួយទៀតដែលត្រូវប្រយ័ត្នក្នុងភាសាវៀតណាម គឺថា ពាក្យ «អេម Êm» និង«អែម Em» ខុសគ្នាស្រឡះ។ «អេម និង អែម» សរសេរខុសគ្នាបន្តិចត្រង់មួយមានសក់ និងមួយទៀតអត់សក់ តែន័យខុសគ្នាដាច់ស្រឡះ។ «អេម» គឺជាអ្វីមួយដែលល្អប្រើ គុណភាពល្អ។ល។ រីឯ «អែម» គឺមានន័យថា ប្អូន ឬអូន ឬមនុស្សដែលមានអាយុតិចជាង។ ការពិតពាក្យ«អែម»មិនគ្រាន់តែអាចប្រើជាភាសាវៀតណាមបាននោះទេ។ ក្នុងវចនានុក្រមខ្មែរក៏មានពាក្យ«អែម»នេះផងដែរ ដែល«អែម»មានន័យថា ផ្អែម ហើយអាចប្រើជាមួយនឹងពាក្យ «ជូរ» គឺជូរអែម ដែលមានន័យថា ជូរលាយផ្អែម។ គេច្រើនតែប្រើដោយសំដៅលើ ផ្លែឈើដែលមានរសជាតិអែម ឬជូរអែម៕ | ការខ្ចីពាក្យ ឬភាសាពីជាតិសាសន៍មួយទៅជាតិសាសន៍មួយផ្សេងទៀត គឺជារឿងធម្មតា និងសាមញ្ញទេ ព្រោះមនុស្សជាតិដែលរស់នៅលើផែនដីជាមួយគ្នា តែងតែមានទំនាក់ទំនង និងទទួលឥទ្ធិពលពីគ្នាទៅវិញទៅមកជាក់ជាពុំខាន។ |
១. ត្រីសាលម៉ុន នៅចុងត្រីមាសដំបូងខួរក្បាលរបស់ទារកចាប់ផ្ដើមលូតលាស់អភិវឌ្ឍកាន់តែលឿនជាងផ្នែកដទៃទៀតនៃរាងកាយ។ ដូច្នេះការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និង DHA គឺសំខាន់ណាស់ដើម្បីផ្ដល់សារធាតុចិញ្ចឹមចាំបាច់បន្ថែមជួយក្នុងដំណើរការនេះ។ ហើយត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់អូមេហ្គា ៣ និងDHA។ អ្នកអាចចម្អិនត្រីសាលម៉ុនមុនទទួលទាន។ ត្រីសាលម៉ុនមានផ្ទុកជាតិបារ៉តទាប ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានលើសពី ២ ដងក្នុងមួយសប្តាហ៍ និងញ៊ាំច្រើនលើសកម្រិតឡើយ។ ២. ស៊ុត មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការ។ លើសពីនេះទៅទៀត ស៊ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ choline និង Folic acid ដែលសំខាន់ជួយការអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ ការទទួលទានអាហារមានផ្ទុកសារធាតុ choline គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះក៏ជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃប្រសាទរបស់ទារកផងដែរ។ ៣. បន្លែបៃតង ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម សារធាតុ Folate ជាតិសសៃ ជាតិដែក ប៉ូតាស្យូម វីតាមីន A វីតាមីន C និងវីតាមីន K។ ហើយពិតណាស់ការទទួលទានបន្លែបៃតងអាចជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ព្រមទាំងអាការៈទល់លាមកដែលកើតឡើងកំឡុងពេលមានផ្ទៃពោះបានយ៉ាងប្រសើរ។ ៤. សាច់គ្មានខ្លាញ់ សាច់គ្មានខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនគុណភាពខ្ពស់។ លើសពីនេះទៅទៀតសាច់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែកដែលរាងកាយត្រូវការចាំបាច់កំឡុងពេលមានផ្ទៃពោះ។ ៥. យ៉ាអួរ Greek មានផ្ទុកប្រូតេអ៊ីន និងកាល់ស្យូមខ្ពស់ជាងយ៉ាអួរប្រភេទដទៃទៀតដែលល្អណាស់សម្រាប់ពង្រឹងសុខភាពឆ្អឹង និងក្នុងកំឡុងពេលមានផ្ទៃពោះ។ ទាំងទារកក្នុងផ្ទៃ និងម្ដាយសុទ្ធតែអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការទទួលទានយ៉ាអួរ Greek។ ៦. ផ្លែបឺរ ផ្លែបឺរ មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ ជាតិ folate និងប៉ូតាស្យូម ដែលធ្វើអោយវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ស្ត្រីមានផ្ទៃពោះ។ ជាតិខ្លាញ់ល្អៗជួយបង្កើនសុខភាពស្បែក ខួរក្បាលនិងជាលិការបស់ទារក។ ជាតិ folate ទប់ស្កាត់ការវិវឌ្ឍទៅជាបញ្ហាសសៃប្រសាទ។ ហើយជាតិប៉ូតាស្យូមវិញ គឺជួយបំបាត់អាការៈរមួលក្រពើ៕ ត្រួតពិនិត្យដោយ www.health.com.kh | កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ ការរឹងបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ ថ្វីត្បិតតែស្ត្រីមានផ្ទៃពោះត្រូវបានហាមមិនឱ្យទទួលទានអាហារជាច្រើនប្រភេទក៏ដោយ ក៏នៅមានអាហារមួយប្រភេទដែលអ្នកអាចទទួលទានបានដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ និងថែមទាំងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទៀតផង។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលស្ត្រីគួរទទួលទានកំឡុងពេលមានផ្ទៃពោះ ៖ |
«ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដោយសារតែកាលពីម៉ោង ៨ និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី»។ សម្តេច ស ខេង បានសរសេរបែបនេះ ទៅកាន់ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ។ បើតាមសម្តេច ស ខេង នាកិច្ចប្រជុំនោះ លោក ឆែម សាវុធ បានបង្ហើបម៉ាស់ចេញពីមាត់១ដងដើម្បីមានមតិខ្លីមួយ ហើយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្តេចក៏បានដើរចេញពីបន្ទប់ប្រជុំ ដោយឆ្លងកាត់ពីក្រោយខ្នង លោក ឆែម សាវុធ ហើយពេលនោះដែរ គាត់ក៏បានក្រោកឈរ និងមានការឆ្លើយឆ្លងគ្នាខ្លីមួយម៉ាត់ពីរ មុនពេលសម្តេចចាកចេញ។ ក្រោយពីកិច្ចប្រជុំ លោក ឆែម សាវុធ បន្តបំពេញការងារជាធម្មតា និងបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោសដែលបានផ្ទេរចេញមួយរយៈដោយសារជំនន់ទឹកភ្លៀងនោះចូលមកកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញផងដែរ។ សម្រាប់សម្តេច នេះជារឿងដ៏គួរឲ្យសោកស្តាយ ក្រោយលទ្ធផលតេស្តបង្ហាញថា ភរិយាលោក ឆែម សាវុធ មានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនរយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ក៏បង្ហាញថាលោក ឆែម សាវុធ និងសមាជិក៤ទៀតក៏បានឆ្លងជំងឺនេះដែរ។ «ដូច្នេះគឺជាការចាំបាច់បំផុតដែលខ្ញុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែបន្តបំពេញភារកិច្ចពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានាពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតាតាមរយៈគេហទំព័រហ្វេសប៊ុកនេះ ពីបន្ទប់ដាច់ដោយឡែកនៅផ្ទះរបស់ខ្ញុំ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្តេចបានអំពាវនាវថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទាំងអស់ សូមធ្វើតេស្តរកជំងឺកូវីដ១៩ និងអនុវត្តការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃឱ្យបានច្បាស់លាស់បំផុត រីឯអ្នកដែលមិនមានការជាប់ពាក់ព័ន្ធបន្តបំពេញភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ៕ | សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមវិធានក្រសួងសុខាភិបាល បន្ទាប់ពីសម្តេចបានដឹកនាំកិច្ចប្រជុំមួយ ដោយមានការចូលរួមផងដែរពីសំណាក់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលឆ្លងកូវីដ-១៩។ |
គោលការណ៍ចិនតែមួយ គឺជាគំនិតឯកច្ឆន្ទសកលរបស់សហគមន៍អន្តរជាតិ។ គោរពគោលការណ៍ចិនតែមួយ ជាមូលដ្ឋាននយោបាយនៃការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ហើយអាមេរិកដឹងរឿងនេះច្បាស់ណាស់។ គោលការណ៍ចិនតែមួយមិនអាចចរចាបានដាច់ខាត។ នេះជាការរំឭករបស់លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនទៅកាន់ក្រុមហ៊ុនអាកាសចរណ៍បរទេស ពិសេសក្រុមហ៊ុនអាមេរិកដែលហោះទៅចិន ហើយមិនទាន់ប្ដូរឋានៈរបស់តៃវ៉ាន់លើគេហទំព័ររបស់ខ្លួន។ ក្រុងប៉េកាំងបានទាមទារឲ្យក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនអាកាសចរណ៍តែម្ដងឲ្យឈប់ចាត់ទុកតៃវ៉ាន់ជាទឹកដីបរទេសនៅតាមគេហទំព័ររបស់ខ្លួន ព្រមគ្នានឹងទីក្រុងហុងកុង និងម៉ាកាវដែរ។ ចិនបានទុកពេលត្រឹមថ្ងៃទី២៥ ខែកក្កដាឲ្យក្រុមហ៊ុនបរទេសផ្លាស់ប្ដូរព័ត៌មានលើគេហទំព័ររបស់ខ្លួន។ អាកាសចរណ៍មិនមែនអាមេរិកដូចជា Air Canada, Lufthansa និង British Airways បានកែប្រែរួចហើយ បន្ទាប់ពីចិនបានផ្ញើលិខិតជូនដំណឹងដល់ក្រុមហ៊ុនចំនួន៣៦ នៅដើមឆ្នាំនេះ។ ក្នុងលិខិតជូនដំណឹងរបស់អាជ្ញាធរចិន ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយត្រូវកែប្រែគេហទំព័រ និងសម្ភារនានាដែលចាត់ទុកតៃវ៉ាន់ ហុងកុង ម៉ាកាវ ជារដ្ឋឯករាជ្យ។ យ៉ាងណាមិញ ក្រុមហ៊ុនអាមេរិកខ្លះដូចជា Delta Air Lines និង United Airlines ជាដើម មិនទាន់ធ្វើតាមសំណើនេះឡើយ និងសុំពេលវេលាបន្ថែមទៀតដើម្បីដោះស្រាយបញ្ហានេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ គេនៅមិនទាន់ដឹងច្បាស់ពីចំណាត់ការឆ្លើយតបរបស់ក្រុងប៉េកាំងទេ ក្នុងករណីក្រុមហ៊ុនអាកាសចរណ៍មិនអនុវត្តតាមការទាមទាររបស់ខ្លួន។ កាលពីខែធ្នូ ឆ្នាំ២០១៧ ចិនបានបញ្ចូលបញ្ញតិ្តមួយទៅក្នុងច្បាប់គ្រប់គ្រងអាកាសចរណ៍ដែលបើកផ្លូវឲ្យមានការផ្លាស់ប្ដូរការអនុញ្ញាតរកស៊ីរបស់ក្រុមហ៊ុនបរទេស។ ពាក់ព័ន្ធការដាក់ពិន័យនេះដែរ លោក Geng បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដា ថា ស្របការកំណត់ជិតមកដល់ មានតែចាំមើលសិន។ យ៉ាងណាមិញ វិនាទីចុងក្រោយនេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកធំៗកំពុងញាប់ដៃជើងក្នុងការអនុវត្តតាមការទាមទាររបស់ចិន ដើម្បីចៀសវាងការដាក់ពិន័យរបស់ចិន។ ការបាត់បង់ទីផ្សារចិន គឺជារឿងខូចខាតធំមួយសម្រាប់អាកាសចរណ៍អាមេរិក។ អាកាសចរណ៍ខ្លះដូចជា Hawaiian Airlines បានប្ដូរឈ្មោះគោលដៅពីតៃវ៉ាន់ ទៅជាតៃប៉ិវិញ ដើម្បីបំពេញបំណងចិន៕ | ក្រុងប៉េកាំង បានស្នើឲ្យអាមេរិកជំរុញក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនអនុវត្តតាមគោលការណ៍ចិនតែមួយ និងចៀសវាងចាត់ទុកកោះតៃវ៉ាន់ជាទឹកដីឯករាជ្យលើគេហទំព័ររបស់ខ្លួន។ ថ្ងៃទី២៥ ខែកក្កដា ជាឱសានវាទចុងក្រោយដែលក្រុមហ៊ុនអាកាសចរណ៍បរទេសទាំងអស់ត្រូវកែប្រែឋានៈរបស់តៃវ៉ាន់លើគេហទំព័ររបស់ខ្លួន មុននឹងចិនចាត់វិធានការឆ្លើយតប។ បច្ចុប្បន្ននេះ ក្រុមហ៊ុនខ្លះបានផ្លាស់ប្ដូររួចហើយ ឯខ្លះទៀតនៅមិនទាន់មានចំណាត់ការអ្វីទេ។ |
ការវាយប្រហារដោយអាវុធគីមីចុងក្រោយបំផុតនៅខេត្ត Idlib ដែលសម្លាប់មនុស្សយ៉ាងតិច៨០នាក់ នៅមិនទាន់ការស៊ើបអង្កេតអ្វីនៅឡើយទេ ទោះជាស៊ីរីបានបញ្ជូនសំណើសុំបញ្ជូនអ្នកជំនាញមកស្វែងរកការពិតទៅកាន់អង្គការសហប្រជាជាតិរួចហើយ។ មេដឹកនាំរបបដឹកនាំស៊ីរី Bashar al-Assad លើកឡើងថា ការណ៍ដែលអង្គការសហប្រជាជាតិផ្អឹបទុកសំណើរបស់លោក ក៏ព្រោះតែមានការប្រឆាំងពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានរុស្ស៊ី Sputnik លោក Assad បានចោទអាមេរិកថាកំពុងរារាំងអ្នកជំនាញអង្គការសហប្រជាជាតិពីការស៊ើបអង្កេតការវាយប្រហារអាវុធគីមី។ លោកបន្តថា អាមេរិកធ្វើបែបនេះ ព្រោះពេលអ្នកជំនាញចូលមកស៊ើបអង្កេតនោះ ពួកគេនឹងរកឃើញការពិត គឺអ្វីៗដែលអាមេរិករៀបរាប់ហូរហែរនាពេលកន្លងមកស្ដីពីការវាយប្រហារ Khan Shaykhun និងការវាយប្រហារមីស៊ីលដាក់មូលដ្ឋានទ័ពអាកាស សុទ្ធតែជារឿងកុហក។ ការវាយប្រហារដោយអាវុធគីមីនៅថ្ងៃទី៤ ខែមេសា មិនមានអ្នកចេញមុខទទួលខុសត្រូវឡើយ។ ខណៈមិនមានការស៊ើបអង្កេតណាមួយនៅឡើយ ក្រុងវ៉ាស៊ីនតោនបានចោទក្រុងដាម៉ាស់ភ្លាមៗថានៅពីក្រោយការវាយប្រហារដ៏ឃោរឃៅនេះ រួចក៏បាញ់មីស៊ីល Tomahwak អស់៥៩គ្រាប់ដាក់មូលដ្ឋានអាកាស Shayrat ដែលត្រូវសង្ស័យថាត្រូវបានប្រើប្រាស់ដោយយន្តហោះកងទ័ពរដ្ឋាភិបាលក្នុងការវាយប្រហារលើកនេះ។ សម្ព័ន្ធមិត្តរបបលោក Assad ដូចជារុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាចិនជាដើម ក៏បានស្នើឲ្យមានការស៊ើបអង្កេតហ្មត់ចត់ដែរ ប៉ុន្តែមិនទាន់មានផ្លែផ្កាអ្វីទេ ដ្បិតមិនទាន់មានក្រុមជំនាញទៅដល់ស៊ីរីនៅឡើយ។ ទីតាំងដែលរងការវាយប្រហារនោះ ស្ថិតក្រោមគ្រប់គ្រងរបស់ក្រុនឧទ្ទាមប្រឆាំង ដែលមានអាមេរិកនៅពីក្រោយ ហើយលោក Assad ក៏ថែមទាំងអះអាងថា ការវាយប្រហារសម្លាប់មនុស្សដោយអាវុធគីមី អាចជាស្នាដៃក្រុមឧទ្ទាមផង។ តាមពិតទៅ នេះក៏មិនមែនជាលើកទី១ទេ ដែលក្រុមជំនាញស៊ើបអង្កេតមិនអាចចូលទឹកដីស៊ីរីបាន ព្រោះការវាយប្រហារថ្ងៃទី៤ ខែមេសា ក៏មិនមែនជាលើកទី១ដូចគ្នា។ ជាក់ស្ដែង ការវាយប្រហារស្រដៀងគ្នានេះនៅ Aleppo នៅតែស្ងាត់ឈឹងមិនដឹងនរណាជាអ្នកធ្វើនៅឡើយ ចំណែកភាគីរដ្ឋាភិបាល និងក្រុមឧទ្ទាម បានត្រឹមចង្អុលការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។ ងាកមើលមហាអំណាចទាំងអស់ ក៏បន្តខ្វែងគំនិតគ្នារកច្រកចេញមិនឃើញរហូតមកបច្ចុប្បន្ន៕ | សំណើរបស់រដ្ឋាភិបាលស៊ីរីទៅកាន់អង្គការសហប្រជាជាតិដើម្បីបញ្ជូនអ្នកជំនាញមកស៊ើបអង្កេតការវាយប្រហារគីមី នៅមិនទាន់ទទួលបានចម្លើយនៅឡើយទេ។ ប្រធានាធិបតីស៊ីរី Bashar al-Assad និយាយថា ការមិនឆ្លើយតបរបស់អង្គការសហប្រជាជាតិ បណ្ដាលមកពីការដាក់សម្ពាធរបស់បស្ចឹមប្រទេសមានអាមេរិកជាដើម។ បើតាមលោក Assad អាមេរិក ជំទាស់ការស៊ើបអង្កេតនេះ ព្រោះអាមេរិកបានកុហកអ្វីដែលបានកើតឡើង។ |
អ្នកនាំពាក្យរូបនេះ លើកឡើងថា ក្រសួងយុត្តិធម៌ នឹងចាត់វិធានការ នៅពេលទទួលបានរបាយការណ៍ទាំងនោះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក សង្កត់ដូច្នេះថា៖«បើរកឃើញ [ថាប្រព្រឹត្តអំពើពុករលួលមែន] នឹងមានវិធានការផ្នែកវិន័យនិងច្បាប់ជាហូរហែអ៊ីចឹងទៅ»។ សំឡេងលោក ជិន ម៉ាលីន៖ នៅចុងខែសីហា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក្រសួងយុត្តិធម៌ឲ្យចាត់វិធានការលើអំពើពុករលួយក្នុងស្ថាប័នតុលាការ។ ការចេញបញ្ជានេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាល ទទួលបានរបាយការណ៍ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ថា អំពើពុករលួយបានកើតឡើងនិងមានលក្ខណៈអាថ៌កំបាំងខ្លាំងក្នុងប្រព័ន្ធតុលាការ តាមរយៈមេធាវីមួយចំនួន ដែលលួចរត់ការ យកលុយពីកូនក្តីឬអ្នកពាក់ព័ន្ធផ្សេងទៀត ទៅសូកមន្ត្រីតុលាការ ដែលរួមមាន ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម។ ក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំមួយភ្លាម កាលពីថ្ងៃទី៣ ខែកញ្ញា ដើម្បីរកវិធានការដោះស្រាយអំពើពុករលួយក្នុងស្ថាប័នតុលាការ។ លោក ជិន ម៉ាលីន អះអាងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងយុត្តិធម៌ នឹងជួបពិភាក្សាជាមួយស្ថាប័នសំខាន់ៗមួយចំនួន រួមមាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ និង គណៈមេធាវី ដើម្បីស្វែងរកវិធានការរួមមួយ ក្នុងការទប់ស្កាត់អំពើពុករលួយ ក្នុងប្រព័ន្ធយុត្តិធម៌។ អ្នកនាំពាក្យរូបនេះ បន្ថែមថា នៅពេលជួបគ្នារួចហើយ ក្រសួងយុត្តិធម៌និងស្ថាប័នទាំងនោះ នឹងចេញវិធានការជាកញ្ចប់តែម្តង ដើម្បីដាក់ជូនប្រមុខរដ្ឋាភិបាល ហើយបន្ទាប់ពីប្រមុខរដ្ឋាភិបាលឯកភាព វិធានការនោះ នឹងត្រូវយកមកអនុវត្តជាផ្លូវការ។ ចំណែក គណៈមេធាវី បានអំពាវនាវឲ្យមេធាវី បន្តលើកកម្ពស់វិជ្ជាជីវៈរបស់ខ្លួន និង ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញកាលពីថ្ងៃទី៣០ ខែសីហា គណៈមេធាវី ប្រាប់មេធាវីទាំងអស់ថា គណៈមេធាវី នឹងពិនិត្យសកម្មភាពប្រកបវិជ្ជាជីវៈរបស់មេធាវី «ឲ្យបានម៉ឺងម៉ាត់បំផុត» និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល៕ | លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកទឹកចិត្តសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឲ្យសរសេររបាយការណ៍ដាក់ជូនក្រសួងយុត្តិធម៌ បើពួកគេ រកឃើញមេធាវីនិងមន្ត្រីតុលាការរូបណា ដូចជា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម បានប្រព្រឹត្តអំពើពុករលួយ។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖ ចំណាយទុនបង្កើតអាជីវកម្ម ៣០០ដុល្លារនេះ មិនរាប់បញ្ចូលទាំងការចំណាយលើមេពូជឡើយ។ នោះក៏ព្រោះតែអ្នកស្រីចិញ្ចឹមអង្ក្រងដំបូង ដើររកពូជអង្ក្រងទាំងនោះពីព្រៃ ឬដើមឈើនានា ដែលវារស់នៅតាមធម្មជាតិ។ យ៉ាងណាអ្នកចិញ្ចឹមក៏អាចទិញពូជដែលគេចិញ្ចឹមស្រាប់ក៏បាន។ ក្រៅពីមានមេពូជ អ្នកចិញ្ចឹមត្រូវចំណាយលើសម្ភារៈមួយចំនួនទៀត ដូចជាធ្វើទ្រនើរ, ដបជ័រ ឬកំប៉ុងជ័រ ធ្វើជាសម្បុក ជាដើម៕ អត្ថបទទាក់ទង ទោះគេថាឆ្កួត តែអ្នកស្រី ខែម ស្រីមុំ នៅតែពុះពារចិញ្ចឹមអង្ក្រង បានជោគជ័យ | ភ្នំពេញ៖ មុខរបរចិញ្ចឹមអង្ក្រង បានក្លាយជាមុខរបរមួយ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកលេងបណ្ដាញសង្គម។ ទំនងមកពីមុខរបរមួយនេះប្លែក និងមិនសូវមានអ្នកចិញ្ចឹម។ តែការចិញ្ចឹមអង្ក្រងនេះ ក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរ។ អ្នកស្រី ខែម ស្រីមុំ ជាអ្នកចិញ្ចឹមអង្ក្រងមួយរូប នៅរាជធានីភ្នំពេញ។ មានជំនាញ និងបទពិសោធន៍ក្នុងការចិញ្ចឹមអង្ក្រង អ្នកស្រី ស្រីមុំ លើកឡើងថា ការចិញ្ចឹមអង្ក្រង អាចចាប់ផ្ដើមដើមទុនដំបូងក្នុងខ្ទង់ ៣០០ដុល្លារ។ |
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអាហារមួយចំនួនដែលអាចឲ្យអ្នកញ៉ាំបានកាន់តែច្រើន ហើយមិនអាចឡើងគីឡូថែមទៀត៖ ផ្លែប៉ោម ការញ៉ាំផ្លែប៉ោមប្រហែលជាជួយកុំឲ្យឈឺ គឺជាការពិតមែន ព្រោះថាផ្លែឈើមួយនេះត្រូវបានគេស្គាល់ថា ជួយដល់ការរំលាយអាហារ ខណៈពេលកំពុងតែធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែតផង។ ផ្លែប៉ោមផ្ទុកទៅដោយជាតិប៉ូតាស្យូមយ៉ាងច្រើន ព្រមទាំងវីតាមីន C ហើយវាមានកាឡូរីតែ ៥០ប៉ុណ្ណោះ។ សាឡាត់ មានហេតុផលមួយដែលបញ្ជាក់ថា ការញ៉ាំសាឡាត់ច្រើនតែត្រូវបានគេណែនាំឲ្យអ្នកដែលចង់ញ៉ាំអាហារមានសុខភាពល្អ ឬព្យាយាមសម្រកទម្ងន់ ហើយរឿងនេះជាការពិតមែន ដោយសារតែសាឡាត់មានអាស៊ីតហ្វូលិកច្រើន។ ស្លឹករបស់សាឡាត់មានតែ ៣កាឡូរីប៉ុណ្ណោះ ដូច្នេះមានន័យថាអ្នកអាចញ៉ាំច្រើនបំផុតតាមតែចិត្តចង់ដោយមិនបាច់ភ័យរឿងគីឡូឡើងឡើយ។ ផ្កាខាត់ណា ផ្កាខាត់ណាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ផង និងសារធាតុ Phytochemicals ផង ដែលវាសុទ្ធសឹងតែសំខាន់សម្រាប់សុខភាព។ វាក៏ត្រូវបានគេស្គាល់ថា សម្បូរទៅដោយជាតិសរសៃ វីតាមីន Folate វីតាមីន C និង K។ សម្រាប់ការញ៉ាំផ្កាខាត់ណាមួយពេល អ្នកទទួលបានត្រឹមតែ ២៥កាឡូរីប៉ុណ្ណោះ ដូច្នេះវានឹងមិនអាចញ៉ាំរហូតដល់ឡើងទម្ងន់បានឡើយ។ ត្រសក់ ជម្រើសមួយផ្សេងទៀតដែលអ្នកអាចពិចារណាទៅលើការបង្ការកុំឲ្យឡើងទម្ងន់បានគឺការញ៉ាំត្រសក់នេះឯង។ បន្លែមួយនេះមានកាឡូរីទាបណាស់ តែមានជាតិទឹកច្រើន និងអាចរំលាយជាតិខ្លាញ់ដែលលើសក្នុងរាងកាយបាន ព្រមទាំងបង្ការការហើមពោះទៀត៕ ត្រួតពិនិត្យដោយ www.health.com.kh | មនុស្សយើងគ្រប់គ្នាតែងតែស្រមៃថាអាចញ៉ាំអ្វីបានច្រើនដោយមិនឡើងទម្ងន់ ប៉ុន្តែបញ្ហានោះគឺថា វាមិនមានអាហារណាដែលគ្មានកាឡូរីនឹងមិនធ្វើឲ្យឡើងទម្ងន់សោះ។ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា មានអាហារជាច្រើនដែលមិនមានកាឡូរីច្រើន ហើយអាចញ៉ាំបានច្រើន ដោយមិនបាច់ភ័យរឿងឡើងទម្ងន់ទេ។ |
ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំរួមគ្នាមួយ ដោយស្នើឲ្យឱសថស្ថាននានា និងអាជីវករដែលលក់ម៉ាស់ ទឹកអាល់កុល និងទឹកសម្អាតដៃ កុំដំឡើងថ្លៃហួសហេតុ និងលក់ផលិតក្លែងក្លាយ។ ក្នុងករណីអ្នកពាក់ព័ន្ធទាំងនេះ មិនគោរពតាមការណែនាំទេ ក្រសួងទាំងពីរនឹងសហការគ្នាចាត់វិធានការតាមច្បាប់ និងបិទអាជីវកម្មតែម្ដង។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងអនុវត្តនូវគោលការណ៍៣ដំណាក់កាលសម្រាប់អាជីវករ និងឱសថស្ថានណាដែលលក់ផលិតផលក្លែងក្លាយ និងដំឡើងថ្លៃ។ នៅចំណុចនេះលោក ស៊ាង ថៃ បានបញ្ជាក់ថា បើអ្នកលក់ផលិតផលបន្តថ្លៃ គឺក្រសួងនឹងចុះទៅណែនាំ ។ប៉ុន្តែបើអ្នកលក់នៅតែមិនរាងចាល គឺក្រសួងនឹងបិទអាជីវកម្ម ឬឈានដល់ការអនុវត្តទៅតាមវិធីច្បាប់ជាធរមានតែម្តង។ «ក្រសួងពាណិជ្ជកម្មបានអំពាវនាវកុំឲ្យពួកគាត់ឡើងថ្លៃខ្លាំង ធ្វើម៉េចបើកម្ពុជាជាទីផ្សារសេរីដែលធ្វើឲ្យការផ្គត់ផ្គង់ហ្នឹងវាឡើងថ្លៃ។ យើងអំពាវនាវដល់ពូកគាត់ ពិចារណា ភាពជាខ្មែរដូចគ្នា កុំឲ្យលក់ចំណេញហួសហេតុពេក។ យើងបានសហការជាមួយនឹងនគរបាលសេដ្ឋកិច្ច ក្នុងការឃ្លាំមើល បើសិនជា របស់របរនៅទីផ្សារដែលលក់ឡើងថ្លៃហួសហេតុ ដែលនាំឲ្យចលាចល និងបង្កអសន្តិសុខក្នុងប្រទេស គាត់នឹងមានភារកិច្ចក្នុងការបង្ក្រាប។ បើផលិតផលក្លែងបន្លំ ក្រសួងពាណិជ្ជកម្មមានសិទ្ធិក្នុងការបិទអាជីវកម្ម បើធ្ងន់ធ្ងរយើងនឹងបញ្ជូនទៅតុលាការតែម្តង»។ នេះបើតាមលោក ស៊ាង ថៃ ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។ លោក ស៊ាង ថៃ ទទួលស្គាល់ថាផលិតផលចាំបាច់សម្រាប់បំពេញតម្រូវការរបស់មនុស្សក្នុងការការពារCOVID-19 កំពុងតែប្រកួតប្រជែងគ្នា និងលក់ហួសពីតម្លៃពីមុន។ បើតាមលោក ស៊ាង ថៃ ការដំឡើងថ្លៃនៅតាមទីផ្សារ បណ្តាលមកពីពលរដ្ឋនាំគ្នាភ័យខ្លាចពេក និងផ្អើលទៅទិញកាន់តែច្រើន ទើបធ្វើឲ្យទីផ្សារតម្លៃផលិតផល គឺរឹតតែឡើងថ្លៃ និងអស់ផលិតផលពីស្តុក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានរៀបរាប់ដូច្នេះថា៖« កម្ពុជាជាទីផ្សារសេរី។ របស់មួយដែលធ្លាប់តែលក់ត្រឹមតែ១០ដុល្លារ ហើយត្រូវការច្រើន ដែលឡើងដល់១៣ដុល្លារ វាធម្មតា និងសមរម្យនឹងទទួលយកបាន។ តែបើឡើងដល់៣០ដុល្លារអី តម្លៃហ្នឹងវាហួសហេតុពេកហើយ»។ គិតមកដល់ថ្ងៃទី១៩ ខែមីនា កម្ពុជាមាន៣៧ករណីហើយដែលផ្ទុកកូវីដ-១៩ ក្នុងនោះមានខ្មែរ២៤នាក់ អង់គ្លេស៣នាក់ កាណាដា១នាក់ ប៊ែលហ្ស៊ិក១នាក់ បារាំង២នាក់(ក្នុងនោះមានទារកម្នាក់) ម៉ាឡេស៊ី៥នាក់ និងចិន១នាក់(ជាសះស្បើយ)៕ | ភ្នំពេញ៖ ក្រសួងចំនួន២ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ទឹកអាល់កុលក្លែងក្លាយ និងដំឡើងថ្លៃផលិតផល ស្របពេលវីរុសCOVID-19 កំពុងរីករាលដាលនៅកម្ពុជា។ ការព្រមាននេះ ធ្វើឡើងក្រោយពីក្រសួងទាំងពីរ ពិនិត្យឃើញថា ពលរដ្ឋ និងអាជីវករ បានឆ្លៀតឱកាសលក់ផលិតផលក្លែងបន្លំ ដើម្បីកេងផលចំណេញច្រើន។ |
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) នាថ្ងៃទី៣១ ខែឧសភា បានរាយការណ៍ពីការបាញ់ផ្កាយរណបយោធារបស់ខ្លួនដែលមិនជោគជ័យ។ រ៉ុក្កែត Chollima-1 ដែលបំពាក់ផ្កាយរណបយោធា Malligyong-1 បានបរាជ័យដោយសារតែអស្ថិរភាពនៅក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈនៅពេលចាប់ផ្ដើមដំណាក់កាលទី២។ នេះជាការប៉ុនប៉ងបាញ់លើកទីប្រាំមួយរបស់កូរ៉េខាងជើង និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។ វាក៏ជាការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់កូរ៉េខាងជើងដែរ។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់រ៉ុក្កែតចេញពី Tongchang-ri នៅឆ្នេរខាងលិចប្រទេសនេះនៅម៉ោង៦កន្លះ។ ជាមួយគ្នានេះ កូរ៉េខាងត្បូងក៏បានប្រមូលសំណល់រ៉ុក្កែតនេះដើម្បីស្រាវជ្រាវបន្ត សំដៅយល់ដឹងពីសមត្ថភាពរបស់រដ្ឋកុម្មុយនីស្តមួយនេះ។ នៅកូរ៉េខាងត្បូង និងជប៉ុន អាជ្ញាធរក៏បានប្រកាសអាសន្នឱ្យប្រជាជនរកកន្លែងសុវត្ថិភាព ហើយក៏លុបចោលវិញនៅពេលបន្ទាប់ ក្រោយគ្មានគ្រោះថ្នាក់ណាមួយ។ ភ្លាមក្រោយការបាញ់បង្ហោះនេះដែរ កូរ៉េខាងត្បូង ក៏ថ្កោលទោសភ្លាមដែរដោយចាត់ទុកជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាការបង្កហេតុដ៏ធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ និងតំបន់នេះទៀតផង។ ស្រដៀងគ្នានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក Adam Hodge ហៅការបាញ់រ៉ុក្កែតនេះ ជាការបង្កើនភាពតានតឹង និងហានិភ័យដែលធ្វើឱ្យមានអស្ថិរភាពដល់ស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោក។ លោក Hodge បញ្ជាក់ថា អាម៉េរិក នឹងបន្តឈរការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុនផងដែរ៕ | ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង នាថ្ងៃទី៣១ ខែឧសភា បានបញ្ចប់ដោយបរាជ័យ បន្ទាប់ពីដំណាក់កាលទី២របស់គ្រាប់រ៉ុក្កែតដែលដឹកនាំផ្កាយរណបដំណើរការខុសប្រក្រតី។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងសន្យានឹងបន្តបាញ់បង្ហោះទៀតនៅពេលឆាប់ៗ ទោះការបាញ់លើកនេះរងការថ្កោលទោសខ្លាំងក្ដី។ |
មួយថ្ងៃប៉ុណ្ណោះក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិថៃ (NESDC) បានប្រកាសពីការថមថយកម្លាំងនៃកំណើនសេដ្ឋកិច្ចថៃនៅត្រីមាសទី៣ ឧបនាយករដ្ឋមន្ត្រីថៃលោក Somkid Jatusripitak អះអាង សេដ្ឋកិច្ចថៃ ពឹងផ្អែកមួយផ្នែកធំលើការនាំចេញ ហើយកត្តាពីខាងក្រៅជះឥទ្ធិលពលយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចក្នុងស្រុក។ តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រីថៃរូបនេះ បញ្ជាក់ឲ្យដឹងថា លោកគិតថា បញ្ហាសេដ្ឋកិច្ច ពុំគួរក្លាយជារឿងដែលមនុស្សម្នាក់នាំគ្នារអ៊ូរទាំឡើយ ហើយរឿងសំខាន់នោះគឺ ទំនុកចិត្ត។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ប្រសិនបើប្រជាជនថៃបន្តនិយាយតែអំពីបញ្ហាសេដ្ឋកិច្ចបែបនេះតទៅទៀតនោះ វានឹងធ្វើឲ្យរឿងល្អ មើលទៅអាក្រក់ ដែលនឹងបង្កផលវិបាកកាន់តែធំ។ លោក Somkid ហាក់មិនចាប់អារម្មណ៍ពីកង្វល់ពាក់ព័ន្ធនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ស្ថានប័នផ្តល់យោបល់របស់រដ្ឋាភិបាល NESDC ដោយអះអាងថា តួលេខនេះ គឺនៅល្អប្រសើរ ខណៈកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះខ្លាំង។ លោក កត់សម្គាល់ថា សេដ្ឋកិច្ចថៃ រក្សាលំនឹងល្អ ហើយនៅតែមានឱកាសសម្រេចកំណើនសេដ្ឋកិច្ចដំណាច់ឆ្នាំ រៀងរាល់ឆ្នាំ ហើយកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ពង្រឹងកម្លាំងក្នុងត្រីមាសទី៤ ហើយសហគ្រាសរដ្ឋ គ្រោងចំណាយលុយ១០០ពាន់លានបាត ឬស្មើនឹង ៣,៣១ពាន់លានដុល្លារនៃកញ្ចប់ថវិកាវិនិយោគក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩នេះ ដើម្បីជំរុញសេដ្ឋកិច្ច។ ទន្ទឹមនេះ លោកឧបនាករដ្ឋមន្ត្រី Somkid ក៏បានបញ្ជាក់ឲ្យដឹងទៀតថា លោកបានត្រៀមលក្ខណៈរួចរាល់ដើម្បីពន្យល់ពីមូលហេតុនៃការធ្លាក់ចុះយឺតនៃកំណើនសេដ្ឋកិច្ចថៃ ប្រសិនបើក្រុមបក្សប្រឆាំងសម្រេចលើកយកបញ្ហានេះទៅជជែកតស៊ូមតិនៅសភា ដែលគ្រោងរៀបចំឡើងនាខែក្រោយ។ សូមបញ្ជាក់ថា ការលើកឡើងរបស់លោក Somkid ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិថៃ (NESDC) បានកាត់ការប៉ាន់ស្មានកំណើន GDP ប្រចាំឆ្នាំ២០១៩ មកត្រឹម ២,៦ភាគរយ ដោយការព្យាករណ៍កន្លងទៅ គឺនៅចន្លោះពី២,៧ភាគ និង៣,២ភាគរយ។ ម្យ៉ាងទៀត ភ្នាក់ងារដដែលនេះ ក៏បានទម្លាក់ការព្យាករណ៍នៃការនាំចេញផលិតផលរបស់ថៃសម្រាប់ឆ្នាំនេះទៀតផង៕ | លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak បានទទូចឲ្យសាធារណជនកុំជជែកពិភាក្សាបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃញឹកញាប់ពេក ដោយអះអាងថា ទង្វើនេះអាចជះឥទ្ធិពលផ្លូវអារម្មណ៍លើទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ។ |
ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៧ម៉ឺននាក់នៅ Old Trafford ខ្សែបម្រើ Fernandes បានជួយ Man Utd រកគ្រាប់នាំមុខនៅនាទី៤២ ដោយការទាត់បាល់ពីន័យ១១ម៉ែត្រប៉េណាល់ទី បន្ទាប់ពីអ្នកចាំទី Ben Foster បង្កកំហុសនៅតំបន់គ្រោះថ្នាក់របស់ខ្លួន។ Anthony Martial បន្ថែមគ្រាប់បាល់ទី២ នៅនាទី៥៨ មុនពេលខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood សម្រេចគ្រាប់ទី៣ នៅនាទី៧៥ តាមរយៈការបញ្ជូនរបស់ Fernandes។ ជ័យជម្នះនេះ បានជួយក្រុមរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ឈានទៅចំណាត់ថ្នាក់ទី៥ ដោយរកបាន៤១ពិន្ទុ ពីការប្រកួត២៧លើក តាមពីក្រោយលេខ៤ Chelsea ចំនួន៣ពិន្ទុ។ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យមួយនេះ ត្រូវធ្វើយ៉ាងណាប្រជែងយកចំណាត់ថ្នាក់ Top 4 រដូវកាលនេះ ដើម្បីទទួលបានកៅអីលេងក្នុងក្របខណ្ឌ Champions League រដូវកាលក្រោយ។ ដោយឡែក Arsenal វិញក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Mikel Arteta បានបន្តជ័យជម្នះរបស់ខ្លួននៅសប្តាហ៍ទី២៧នេះ ដោយការវាយបកយឈ្នះ Everton ក្នុងលទ្ធផល ៣-២។ ក្នុងជំនួបក្នុងកីឡដ្ឋាន Emirates ស្របពេលការប្រកួតដំណើរការបាន១នាទី ខ្សែប្រយុទ្ធ Dominic Calvert-Lewin ជាអ្នកស៊ុតគ្រាប់នាំមុខដំបូងឲ្យ Everton មុនពេល Eddie Nketiah វាយបកតាមស្មើឲ្យកាំភ្លើងធំវិញនៅ២៧នាទីបន្ទាប់។ ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang បានជួយឲ្យ Arsenal នាំមុខ ២-១ វិញ ក្រោយស៊ុតបញ្ចូទីនៅនាទី៣៣ មុនខ្សែប្រយុទ្ធប្រេស៊ីល Richarlison សម្រេចទីតាមស្មើជូនក្រុមលោក Carlo Ancelotti វិញ នៅនាទី៤៥។ យ៉ាងណាក៏ដោយលទ្ធផលស្មើនេះមិនបានរក្សានៅរយៈពេលយូរឡើយ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang តែតមួយក្បាលសម្រេចទីគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់តាមឈ្នះរបស់ Arsenal នៅនាទី៤៦មុនបញ្ចប់វគ្គទី១។ បញ្ចប់ការប្រកួត Arsenal ឈ្នះ Everton ៣-២។ ឆ្លងកាត់ការប្រកួត២៧លើក Arsenal រកបាន៣៧ពិន្ទុ ឈរនៅលេខរៀងទី៩ ក្នុងតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន។ Wolverhampton Wanderers ក៏បាន៣ពិន្ទុបន្ថែមផងដែរ ក្រោយយកឈ្នះក្រុមបាតតារាង Norwich City ៣-០ ដោយឈរចំណាត់ថ្នាក់ទី៨ មាន៣៩ពិន្ទុ។ West Ham, Watford និង Norwich City នៅតំបន់ត្រូវកាត់ចោលទៅលីគទី២រដូវកាក្រោយ៕ | Manchester United បានយកឈ្នះ Watford ក្នុងលទ្ធផល ៣-០ ដើម្បីរំកិលខ្លួនទៅកាន់លេខ៥ក្នុងតារាង Premier League នាជំនួបសប្តាហ៍ទី២៧ កុម្ភៈ។ ខ្សែបម្រើចំណូលថ្មី Bruno Fernandes ស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យបិសាចក្រហម និងបញ្ជូនបាល់ (Assist) ឲ្យដៃគូសម្រេចទី១គ្រាប់ផង។ Arsenal រកបាន៣គ្រាប់បន្ថែម ក្រោយយកឈ្នះ Everton ទាំងប្រផិតប្រផើយ ៣-២។ |
នេះជាលើកទីពីរហើយ ដែលក្រុមមេធាវី ដាក់សំណើទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំឲ្យដោះលែងអតីតប្រធានគណបក្សប្រឆាំង ជាបណ្តោះអាសន្ន។ តែសំណើទាំងពីរលើកនេះ សុទ្ធតែត្រូវបានច្រានចោល។ សាលាឧទ្ធរណ៍ ខ្លាចក្រែងលោ កឹម សុខា ប្រព្រឹត្តបទល្មើសថ្មីផ្សេងទៀត និងបង្កបញ្ហាដល់សង្គម ទើបមិនហ៊ានអនុញ្ញាតឲ្យក្រៅឃុំ។ នេះជាហេតុផលរបស់សាលាឧទ្ធរណ៍ ដែលត្រូវបានលោកស្រី ម៉េង សុភារី លើកឡើង។ លោកស្រី បន្ថែមថា ម្យ៉ាងទៀត សាលាឧទ្ធរណ៍ យល់ថា ការបន្តឃុំលោក កឹម សុខា គឺមានភាពងាយស្រួលដល់តុលាការ ក្នុងការចាត់ការតាមនីតិវិធី។ លោកស្រីមេធាវី បញ្ជាក់ចុងក្រោយថា ក្រុមមេធាវី នឹងទៅជួបលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ដើម្បីពិភាក្សាពីការដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល។ គួររម្លឹកថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧។ មកដល់ពេលនេះ លោក បានជាប់ឃុំអស់រយៈពេលប្រមាណជា១០ខែហើយ៕ | ជាថ្មីម្តងទៀត សាលាឧទ្ធរណ៍ បានសម្រេចឲ្យលោក កឹម សុខា ជាប់ឃុំដដែល។ នេះជាការអះអាងរបស់លោកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ដែលបានប្រាប់សារព័ត៌មានថ្មីៗ ក្រោយសាលាឧទ្ធរណ៍ បញ្ចប់សវនាការ នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ។ |
ជំនន់ទឹកភ្លៀងចាប់ពីដើមខែវស្សាក្នុងឆ្នាំនេះ មានពលរដ្ឋប្រមាណ ២០ ៩៦៤គ្រួសារ ឬ ៨៣ ៨៥៦នាក់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ក្នុងនោះ៣០៧គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ពលរដ្ឋ៩នាក់បានស្លាប់ លិចផ្ទះពលរដ្ឋចំនួន ៣ ២៧៤ខ្នង និងខូចខាត៤ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ នេះបើតាមលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យន្នគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ស្រូវពលរដ្ឋលិចទឹក បណ្ដាលមកពីជំនន់ទឹកភ្លៀងកាលពីដើមខែកញ្ញា ក្នុងសង្កាត់ស្រយ៉ូវ ខេត្តកំពង់ធំ។ រូបភាព ឈុំ ចន្ថា។ ចំពោះផលប៉ះពាល់ផ្នែកវិស័យកសិកម្មវិញ ជំនន់ទឹកភ្លៀងបានធ្វើឱ្យខូចខាតស្រូវចំនួន ១៩ ៩៦០ហិកតា ខណៈដំណាំរួមផ្សំលិចទឹកមាន ៤ ០៩២ហិកតា ក្នុងនោះខូចខាត ១ ១៤៧ហិកតា។ ជុំវិញផលប៉ះពាល់ដូចការរៀបរាប់ខាងលើនេះ អ្នកនាំពាក្យរូបនេះ អះអាងប្រាប់សារព័ត៌មាន ThmeyThmey25 តាមតេឡេក្រាម នៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ ដូច្នេះថា៖ «គិតជារួមតាមការវាយតម្លៃពីស្ថានភាពជន់លិចនៅតាមបណ្ដាខេត្ត មកទល់ពេលនេះ គឺពុំទាន់មានសភាពធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែខេត្តកំពង់ធំ ជាខេត្តដែលរងគ្រោះច្រើនជាងគេ ធ្វើឱ្យប៉ះពាល់ទៅលើស្រូវ ដោយសារស្ថានភាពទឹកគឺលិចយូរ ហើយមកដល់ពេលនេះ ស្ថានភាពទឹកនៅតែក្នុងកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅឡើយ»។ ដ្បិតស្ថានភាពបច្ចុប្បន្នគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សង្កេតឃើញថា មិនមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែស្ថានការណ៍ជំនន់ទឹកភ្លៀងនៅតែជាកង្វល់។ កង្វល់នេះ លោក សុទ្ធ គឹមកុលមុន្នី យោងទៅលើការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបង្ហាញថាភ្លៀងនៅតែបន្តធ្លាក់ក្នុងរយៈពេលខែទៀត ពីកម្រិតមធ្យមទៅច្រើន នៅទូទាំងប្រទេស។ ភ្លៀងបន្តធ្លាក់ក្នុងរយៈពេល២ខែទៀតនេះ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា អាចបង្កជាផលប៉ះពាល់ និងបង្កការខូចខាត ទាំងសង្គម និងកសិកម្ម កាន់តែច្រើនជាងមុន។ លោកបន្ថែមដូច្នេះ៖ «(ភ្លៀងបន្តធ្លាក់នេះ) នឹងអាចមានផលប៉ះពាល់ និងខូចខាតចំនួនច្រើនជាងមុន ដោយសារប្រភពទឹកមួយចំនួនធំមានទឹកពេញ និងទីវាលមានទឹកដក់ពេញ ដែលអាចមាន កម្រិតហានិភ័យខ្ពស់»។ ដើម្បីឆ្លើយតបនឹងស្ថានការណ៍ហានិភ័យ ដែលអាចកើតមានឡើង ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនេះ លោក សុទ្ធ គឹមកុលមុន្នី អះអាងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមលក្ខណៈរួចរាល់ ទាំងកម្លាំង មធ្យោបាយប្រចាំការ និង តាមដានស្ថានភាព ដើម្បីកាត់បន្ថយ និងទប់ស្កាត់ គ្រោះមហន្តរាយនេះ។ ដោយឡែក លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចេញសេចចក្ដីណែនាំ ទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីតាមដានជាប្រចាំផងដែរ ពីស្ថានភាពជំននទឹកភ្លៀង និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់លើស្ថានការណ៍ជំនន់នេះ និង ប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ | ភ្នំពេញ៖ ចាប់ពីដើមរដូវវស្សាក្នុងឆ្នាំ២០២២ គ្រោះមហន្តរាយ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ខេត្តចំនួន១៩។ ប៉ុន្តែជំនន់ទឹកភ្លៀងនេះ ដែលប៉ះពាល់ខេត្តទាំងនោះ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា មិនបង្កហានិភ័យធ្ងន់ធ្ងរឡើយ ពោលគឺស្ថិតក្នុងកម្រិតស្រាល និងមធ្យម ប៉ុណ្ណោះ។ |
អត្ថបទទាក់ទង កីឡាការិនីបងប្អូនបង្កើតត្រកូល«ហេង» ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ប្រណាំងកង់អាស៊ីនៅមីយ៉ាន់ម៉ា ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រកីឡាការិនី ហេង ស៊ីវឡាង អាចនឹងមិនឃើញវត្តមានកីឡាការិនីឆ្នើមរូបនេះក្នុងក្រុមជម្រើសជាតិទៀតឡើយចាប់ពីឆ្នាំ២០១៨នេះទៅ បន្ទាប់ពីម្ចាស់មេដាយមាសកម្រិតអាស៊ីរួបនេះអះអាងថា អ្នកស្រីនឹងលាឈប់ពីកីឡាការិនីជម្រើសជាតិ។ ការចាកចេញរបស់កីឡាការិនីឆ្នើមរូបនេះ គឺដើម្បីទុកឱកាសនេះដល់កីឡាការិនីវ័យក្មេងជំនាន់ក្រោយ។ ក្រោយនាំមេដាយមាសអាស៊ីពីប្រទេសមីយ៉ាន់ម៉ាមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១២ កុម្ភៈ កីឡាការិនីរូបនេះបញ្ជាក់យ៉ាងដូច្នេះថា៖«ត្រឹមត្រូវហើយ ខ្ញុំនឹងផ្អាកការចូលជាជម្រើសជាតិ ពេលខ្ញុំត្រឡប់មកពីការប្រកួតជើងឯកអាស៊ីនៅមីយ៉ាន់ម៉ា ព្រោះខ្ញុំចង់ទុកឱកាសនេះដល់ក្មេងៗជំនាន់ក្រោយ»។ នេះជាការអះអាងពីការត្រៀមលាឈប់ពីកីឡាប្រណាំងកង់ជម្រើសជាតិរបស់កីឡាការិនី ហេង ស៊ីវឡាង។ ទោះបីអះអាងពីផ្អាកចូលជម្រើសជាតិក៏ដោយ តែម្ចាស់មេដាយមាសអាស៊ីរូបនេះ មិនបានបោះបង់អាជីពចេញពីវិស័យកីឡានេះឡើយ ពោលគឺអ្នកស្រីនៅបន្តហ្វឹកហាត់ធម្មតា ដោយធ្វើជាកីឡាការិនីបម្រុង។ តែបើមានការប្រកួតជើងឯកផ្សេងៗ អ្នកស្រីអាចនឹងចូលរួមប្រកួតដូចធម្មតា។ ពាក់ព័ន្ធនឹងការផ្អាកចូលជម្រើសជាតិនេះ កីឡាការិនី ហេង ស៊ីវឡាង បានរៀបរាប់ថា៖«ខ្ញុំចង់ផ្តល់ឱកាសនេះដល់កីឡាការិនីជំនាន់ក្រោយ ព្រោះពួកគេត្រូវការចូលជម្រើសជាតិពេញសិទ្ធ។ ការផ្អាករបស់ខ្ញុំ វាអាចផ្តល់ថវិកាមួយដល់ពួកគេ ដើម្បីទ្រទ្រង់ដល់ការហ្វឹកហាត់របស់ពួកគេផងដែរ»។ ទន្ទឹមនឹងការផ្អាកចូលជម្រើសជាតិនេះដែរ កីឡាការិនីឆ្នើម ហេង ស៊ីវឡាង ពុំទាន់ឃើញមានកីឡាការិនីវ័យក្មេងណាម្នាក់មានសមត្ថភាពប្រហែលអ្នកស្រីនៅឡើយទេ។ ហើយតាមរយៈមេដាយមាសកម្រិតអាស៊ីដែលទើបដណ្តើមបានពីប្រទេសមីយ៉ាន់ម៉ា អ្នកស្រី ស៊ីវឡាង រំពឹងថា នឹងអាចទាក់ទាញយុវជន ពិសេសយុវនារីចូលរួមលេងកីឡានេះកាន់តែច្រើនផងដែរ។ ជាមួយការអំពាវនាវឲ្យយុវជនចូលរួមជាមួយវិស័យកីឡាប្រណាំងកង់ឲ្យបានច្រើន កីឡាការិនី ហេង ស៊ីវឡាង អះអាងថា អ្នកស្រីនឹងខិតខំស្វែងរកធនធានកីឡាករនៅតាមសាលានានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីធ្វើជាយុវជនថ្នាលត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយអ្នកស្រីក៏ត្រៀមចែករំលែកបទពិសោធដល់ពួកគេទាំងនោះផងដែរ៕ | ក្រោយនាំមេដាយមាសកម្រិតអាស៊ីពីប្រទេសមីយ៉ាន់ម៉ាមកដល់មាតុភូមិកាលពីពេលថ្មីៗ កីឡាការិនីប្រណាំងកង់ឆ្នើមកម្ពុជា ហេង ស៊ីវឡាង ត្រៀមឈប់ពីកីឡាការិនីជម្រើសជាតិកម្ពុជា។ ការចាកចេញនេះ គឺដើម្បីទុកឱកាសនេះដល់កីឡាការិនីជំនាន់ក្រោយ។ តែយ៉ាងណា អ្នកស្រីមិនបោះបង់ពីអាជីពនេះឡើយ ពោលគឺនឹងបន្តហ្វឹកហាត់ធម្មតា ដោយឈរជាកីឡាការិនីបម្រុង។ |
គណបក្សខ្មែរតែមួយ ដែលបង្កើតឡើងដោយលោក កែម រិទ្ធិសិត ប្អូនប្រុសរបស់លោក កែម ឡី បានសម្រេចចិត្តរួចហើយថា ត្រូវតែចូលរួមក្នុងការបោះឆ្នោត។ លោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ខ្ញុំមិនទាន់អាចបញ្ជាក់បានទេ ថាយើងនឹងដាក់ពាក្យទៅគ.ជ.ប. នៅពេលណា។ ចាំមើលយើងប្រជុំគ្នាសិន ហើយបន្ទាប់មកទើបយើងប្រកាសពីថ្ងៃ ដែលយើងត្រូវដាក់ពាក្យនៅគ.ជ.ប.»។ គណបក្សឆន្ទៈខ្មែរ ដែលទើបនឹងបង្កើតឡើងដោយលោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ នឹងដាក់ពាក្យទៅកាន់គ.ជ.ប. នៅថ្ងៃទី១៣ ឬ១៤ ខែឧសភា ឆ្នាំ២០១៨។ លោក គង់ គាំ ដែលធ្លាប់ល្បីឈ្មោះក្នុងឆាកនយោបាយ សង្ឃឹមថា គណបក្សឆន្ទៈខ្មែររបស់កូនប្រុសពៅនេះ នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈជាប្រធាន និងសមាជិកភាគច្រើនជាអតីតក្រុមសង្គមស៊ីវិល នឹងបើកកិច្ចប្រជុំមួយក្នុងគណៈកម្មាធិការនាយករបស់ខ្លួន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដើម្បីសម្រេចចុងក្រោយថា ចូលរួមក្នុងការបោះឆ្នោតឬមិនចូលរួម។ លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ជាក់យ៉ាងដូច្នេះថា៖«ពេលយើងប្រជុំរួច ហើយបើយើងសម្រេចថាចូលរួម យើងនឹងយកពាក្យទៅដាក់នៅគ.ជ.ប. នៅថ្ងៃទី៧ ឬថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨»។ ឯគណបក្ស៣ទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សពន្លឺថ្មី ក៏នឹងដាក់ពាក្យទៅកាន់គ.ជ.ប. ដែរ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ប៉ុន្តែ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. អះអាងថា គណបក្សទាំងនោះ ត្រូវទៅបង់ថវិកា១៥លានរៀល នៅរតនាគារជាតិជាមុនសិន។ លោក បញ្ជាក់បែបនេះថា៖«យើង ត្រូវការបង្កាន់ដៃជាមុនសិន ដែលបញ្ជាក់ថាគណបក្សទាំងនោះ បានដាក់ថវិកា ក្នុងរតនាគារជាតិ»។ ចំពោះគណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយលោក សម រង្ស៊ី ហើយបច្ចុប្បន្ន ដឹកនាំដោយលោក ទាវ វណ្ណុល មិនទាន់បញ្ចេញព័ត៌មាននៅឡើយទេថា ចូលរួមក្នុងការបោះឆ្នោតឬមិនចូលរួម។ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីលោក ទាវ វណ្ណុល បានទេ ដោយសារតែលោក មិនលើកទូរសព្ទ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ បានរិះគន់ការចូលរួមក្នុងការបោះឆ្នោតរបស់គណបក្សដទៃ ថាគ្រាន់តែដើម្បីលម្អឆាកល្ខោន និងដើម្បីឲ្យរបបដឹកនាំសព្វថ្ងៃ បានបន្តកាន់អំណាចប៉ុណ្ណោះ។ លើសពីនេះ លោក បានហៅការបោះឆ្នោតខាងមុខ ថាជាការបោះឆ្នោតក្លែងក្លាយ បើគណបក្សសង្គ្រោះជាតិ មិនបានចូលរួម។ មានគណបក្សមួយ គឺគណបក្សអំណាចខ្មែររបស់លោក សួង សុភ័ណ្ឌ បានប្រកាសថានឹងមិនចូលរួមក្នុងការបោះឆ្នោត។ គណបក្សនេះ យល់ថា គ.ជ.ប. មិនឯករាជ្យនោះទេ។ ប៉ុន្តែ គ.ជ.ប. ថ្លែងការពារខ្លួនថា ជាស្ថាប័នឯករាជ្យ និងបំពេញការងារបច្ចេកទេស ពាក់ព័ន្ធនឹងការបោះឆ្នោត។ គ.ជ.ប. ចាត់ទុកការមិនចូលរួមក្នុងការបោះឆ្នោតថា ជាសិទ្ធិរបស់គណបក្សនីមួយៗ។ ការចុះឈ្មោះគណបក្សនៅគ.ជ.ប. ដែលចាប់ផ្តើមពីទី៣០ ខែមេសានេះ នឹងត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕ | គណបក្សនានា កំពុងស្ទុះស្ទាក្នុងរៀបចំឯកសារ យកទៅដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ បានដាក់ពាក្យទៅកាន់គ.ជ.ប. មុនគេនៅថ្ងៃចន្ទនេះ។ |
បច្ចុប្បន្ន និស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន៤៥២នាក់។ ចំណែក និស្សិតជាង ៤០០នាក់នោះ គឺមានសុវត្ថិភាពល្អ ដោយមានការការពារយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអ៊ីស្រាអែល ក្នុងតំបន់ដែលពួកគេរស់នៅ។ ក្រុមការងាររបស់រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា បានតាមដានយ៉ាងយកចិត្តទុកដាក់ រាល់ការវិវត្តសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល។ សម្ដេច បន្តថា ស្ថាប័នដែលពាក់ព័ន្ធ តែងទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិត ជាប់ជាប្រចាំដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើង កាលពីថ្ងៃទី៧ តុលា គឺ១សប្តាហ៍មុននេះ។ « ដោយសារស្ថានភាពប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសនៅតំបន់ហ្កាហ្សា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ស្ថាប័នដែលពាក់ព័ន្ធ ក៏បានត្រៀមទីតាំងបណ្តោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់់ជាមួយប្រទេសអ៊ីហ្សីប និងស៊ូដង់ ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំបន់ហ្កាហ្សា»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ។ ចំពោះនិស្សិត ដែលមានបំណងចាកចេញពីតំបន់ហ្កាស្សា រដ្ឋាភិបាលបានមធ្យោបាយដឹកជញ្ជូន ក៏ដូចជារ៉ាប់រងនូវការស្នាក់នៅ ហូបចុករបស់និស្សិតទាំងអស់នៅតំបន់ត្រៀមទុកផងដែរ។ សម្រាប់និស្សិត ដែលចាកចេញទៅតំបន់ត្រៀមទុក គឺត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបញ្ជាក់ពីការសម្រេចចិត្ត។ យ៉ាងណាមិញគិតត្រឹមព្រឹកថ្ងៃទី១៤ តុលា នេះគឺមាននិស្សិតចំនួន៤២២នាក់ បានចុះឈ្មោះ ដោយនិស្សិត បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់កំពុងរស់នៅ និងធ្វើការជាធម្មតា៕ | ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១៤ ខែតុលានេះ បានថ្លែងសារមួយ ពាក់ព័ន្ធនឹងនិស្សិតខ្មែរ ដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសាររបស់និស្សិតរស់នៅកម្ពុជា។ សម្តេច បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំទីតាំងបណ្តោះអាសន្នមានចម្ងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាស្សា សម្រាប់និស្សិតខ្មែរ។ |
ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ ប្រធានគណបក្សកាន់អំណាច ព្រមានយ៉ាងដូច្នេះថា៖«ទ្វារនឹងអាចបិទនៅមុនឬអាចក្រោយចូលឆ្នាំខ្មែរ ទោះដាក់ពាក្យ ក៏ខ្ញុំអាចព្រងើយកន្តើយ។ ....រឿងចូលឬមិនចូលជារឿងអស់លោកអ្នក។ ហើយ កុំសង្ឃឹមថា មានការលើកលែងទោសឬលើកលែងការចោទប្រកាន់ឲ្យអ្នកណា»។ មកដល់ពេលនេះ មានអតីតមន្ត្រីគណបក្សប្រឆាំង៣នាក់ហើយ ដែលទទួលបានសិទិ្ធនយោបាយវិញ។ អ្នកទាំងនោះ គឺលោក គង់ គាំ លោក គង់ បូរ៉ា និង លោក ស៊ឹម សុវណ្ណឌី៕ | សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារទៅក្រុមអ្នកប្រឆាំងថា ទ្វារសម្រាប់ពួកគេចូលធ្វើនយោបាយ អាចត្រូវបិទទៅវិញ នៅមុនឬក្រោយចូលឆ្នាំខ្មែរ ប្រសិនបើពួកគេ ព្រងើយកន្តើយ ឬក៏បន្តធ្វើទង្វើណាមិនគប្បី និងគិតតែពីទាមទារលក្ខខណ្ឌនេះ-លក្ខខណ្ឌនោះ។ |
ស្របពេលដែលដំណើរការពិនិត្យលើការដកគម្រោងអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA)ពីសហភាពអឺរ៉ុបកំពុងតែប្រព្រឹត្តទៅមុខ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានព្យួរការចរចាអំពីការដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រ។ អ្នកទទួលខុសត្រូវម្នាក់របស់ GMAC ពន្យល់ថា ក្រុមថៅកែរោងចក្រត្រូវរង់ចាំឲ្យប្រាកដអំពីបញ្ហា EBA នេះជាមុនសិន។ គម្រោងព្យួរការអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែគ្រឿងសព្វាវុធ (EBA) ពីសហភាពអឺរ៉ុប បានធ្វើឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ពន្យារការចរចាលើអនុសញ្ញារួមថ្នាក់វិស័យជាមួយភាគីពាក់ព័ន្ធ។ ការចរចាលើអនុសញ្ញារួមថ្នាក់វិស័យគឺជាការចរចាដើម្បីស្វែងរកលទ្ធភាពផ្តល់ប្រាក់ឈ្នួលសមរម្យបន្ថែមសម្រាប់ក្រុមកម្មកររោងចក្រក្នុងវិស័យវាយនភណ្ឌ។ ការចរចាអំពីអនុសញ្ញារួមថ្នាក់វិស័យនេះ រួមមានភាគីរដ្ឋាភិបាល ភាគីសហជីពនិងភាគីសមាគមរោងចក្រកាត់ដេរ (GMAC)។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាដែលជាភាគីចរចាម្នាក់ក្នុងនោះបានឲ្យដឹងថា ក្រុមចរចាមានគម្រោងស្នើសុំការដំឡើងប្រាក់ឈ្នួលសមរម្យដល់កម្មករបន្ថែមចំនួន៣០ដុល្លារក្នុងមួយខែ បន្ថែមពីលើប្រាក់ឈ្នួលអប្បបរមាដែលពួកគេកំពុងទទួលបានក្នុងពេលបច្ចុប្បន្ន។ កម្មករ កម្មការិនីរោងចក្រក្នុងប្រទេសកម្ពុជាបច្ចុប្បន្នទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៨២ដុល្លារក្នុងមួយខែ។ កាលពីខែកុម្ភៈ និងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាសហជីពចរចាអនុសញ្ញារួមថ្នាក់វិស័យ ដែលរួមមានភាគីសហជីពនិងតំណាងក្រសួងការងារ បានស្នើសុំចរចាជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជាអំពីការដំឡើងប្រាក់ឈ្នួលសមរម្យនេះ។ ប៉ុន្តែសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានពន្យាការចរចាទាំងពីរលើកនេះមកទល់ពេលនេះ។ ក្នុងលិខិតមួយឆ្លើយតបទៅនឹងក្រុមប្រឹក្សាសហជីពកាលពីថ្ងៃទី ១៥ ខែ កក្កដា លោក ខេន លូ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានពន្យល់ថា ដោយសារភាពមិនច្បាស់លាស់អំពីបញ្ហាដែលសហភាពអឺរ៉ុបត្រូវដកហូតការអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជា ឬ EBA សមាគមរោងចក្រកាត់ដេរនៅកម្ពុជាមិនមានជំហរណាមួយដើម្បីធ្វើការចរចាដែលអាចធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរឡើយ។ ឆ្លើយតបនឹងសំណួររបស់ VOA នៅថ្ងៃពុធនេះ លោក ខេន លូ បានពន្យល់ថា ក្រុមហ៊ុនរោងចក្រកាត់ដេរត្រូវរង់ចាំថា តើសហភាពអឺរ៉ុបត្រូវដកហូតឬមិនដកហូតការអនុគ្រោះពន្ធEBA ពីប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ក្នុងករណីដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ភាគីរោងចក្រកាត់ដេរនឹងមានលទ្ធភាពតិចតួចប៉ុណ្ណោះក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់កម្មកររោងចក្រ។ ប៉ុន្តែប្រសិនបើកម្ពុជាមិនបាត់បង់ EBA ទេនោះ ក្រុមថៅកែរោងចក្រនឹងមានលទ្ធភាពផ្តល់ប្រាក់ឈ្នួលសមរម្យច្រើនដល់កម្មកររោងចក្រ។ លោក ខេន លូ បន្ថែមថា ដូច្នេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជាត្រូវតែរង់ចាំមើលលទ្ធផលចុងក្រោយរបស់ EBA។ «ពេលដែលយើងជួបបញ្ហា EBA យើងអត់ដឹងច្បាស់ថា លទ្ធភាពនិយោជកមានប៉ុន្មាន ដល់ត្រឹមណា ដូច្នេះពេលដែលយើងដឹងពីលទ្ធភាពខ្លួនឯងមិនច្បាស់ យើងមិនអាចចូលរួមចរចាទេ។» កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចនឹងឈានទៅដល់ការព្យួរជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកកាលពីខែឧសភា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី ៥០០ទៅជាង ៦០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ (EBA) ដល់កម្ពុជានោះ។ យោងទៅតាមលោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា ការចរចាលើអនុសញ្ញារួមថ្នាក់វិស័យនេះធ្វើឡើងដោយមានការគាំទ្រពីសហគមអន្តរជាតិនិងក្រុមអ្នកបញ្ជាទិញ។ លោក អាត់ ធន់ អះអាងថា ការផ្តល់ប្រាក់ឈ្នួលសមរម្យតាមរយៈអនុសញ្ញារួមនេះនឹងជួយរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព EBA។ «ហើយបើយើងចរចាអនុសញ្ញារួមនេះបានមានន័យថា វាផ្តល់ផលប្រយោជន៍ ផ្តល់ប្រាក់ឈ្នួលសមរម្យដល់កម្មករ។ អញ្ចឹងបើយើងមានកិច្ចព្រមព្រៀងនេះ ខ្ញុំគិតថា វាធ្វើឲ្យមានស្ថិរភាព EBA ច្រើនជាងយើងអត់មានអនុសញ្ញារួមហ្នឹង»។ ឧស្សាហកម្មសម្លៀកបំពាក់កាត់ដេរនិងស្បែកជើងគឺជា វិស័យនាំចេញឈានមុខគេរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១៨ ការនាំចេញពីវិស័យនេះបានកើនដល់១០ ពាន់លានដុល្លារអាមេរិក និងមានកម្មករកម្ពុជាកំពុងបម្រើការចំនួន៨០ម៉ឺននាក់៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោក ខេន លូ បញ្ជាក់ថា ក្នុងករណីដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ភាគីរោងចក្រកាត់ដេរនឹងមានលទ្ធភាពតិចតួចប៉ុណ្ណោះក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់កម្មកររោងចក្រ។ |
នៅក្នុងការស្ទង់មតិរយៈពេល ២ ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅនេះ អ្នកចូលរួមឆ្លើយសំណួរប្រមាណ ៥៨% បានយល់ស្របជាមួយនឹងការលើកឡើងដែលថារដ្ឋាភិបាលចិនបានប្រើ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិន ដើម្បី «ជះឥទ្ធិពលលើទស្សនៈសាធារណជនអាមេរិកាំង»។ អ្នកចូលរួមក្នុងការស្ទង់មតិនេះប្រមាណ ១៣% មិនយល់ស្របលើរឿងនេះ ខណៈអ្នកចូលរួមផ្សេងទៀតនៅមិនច្បាស់ឬមិនបានឆ្លើយនឹងសំណួរតែម្ដង។ អ្នកគាំទ្រគណបក្សសាធារណរដ្ឋទំនងជាជឿខ្លាំងជាងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យថា ចិនកំពុងប្រើប្រាស់កម្មវិធីនេះដើម្បីជះឥទ្ធិពលលើទស្សនៈពលរដ្ឋអាមេរិកាំង។ ក្រុមហ៊ុន TikTok បានបញ្ជាក់ថា ខ្លួនបានចំណាយប្រាក់ជាង ១.៥០០ លានដុល្លារអាមេរិកលើកិច្ចប្រឹងប្រែងធ្វើឱ្យមានសន្តិសុខលើប្រព័ន្ធទិន្នន័យនៃកម្មវិធីរបស់ខ្លួន ហើយថាខ្លួននឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់ដែលជាពលរដ្ឋអាមេរិកាំងចំនួន ១៧០ លាននាក់ជាមួយរដ្ឋាភិបាលចិននោះឡើយ។ ក្រុមហ៊ុននេះបានបញ្ជាក់នៅចំពោះមុខសភាអាមេរិកកាលពីឆ្នាំមុនថា ខ្លួន «មិនគាំទ្រឬដកចេញនូវវីដេអូណាមួយតាមការចង់បានរបស់រដ្ឋាភិបាលចិននោះទេ»។ ក្រុមហ៊ុន TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយនោះឡើយ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើច្បាប់មួយ ដោយទុកពេល ២៧០ ថ្ងៃឱ្យក្រុមហ៊ុន ByteDance ដែលគ្រប់គ្រង TikTok នេះឱ្យលក់សិទ្ធិកាន់កាប់ TikTok ដល់សហរដ្ឋអាមេរិក បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការហាមឃាត់។ ក្រុមហ៊ុន TikTok បានសន្យាថានឹងប្រឆាំងនឹងបម្រាមនេះដោយចាត់ទុកបម្រាមនេះថាជាការរំលោភបំពានទៅលើការការពារសេរីភាពនៃការបញ្ចេញមតិដែលមានចែងក្នុងវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ហើយអ្នកប្រើប្រាស់ TikTok នេះត្រូវគេរំពឹងថានឹងចាត់វិធានការផ្លូវច្បាប់ម្ដងទៀតប្រឆាំងទៅនឹងបម្រាមនេះ។ ចៅក្រមថ្នាក់ជាតិមួយរូបរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Montana កាលពីខែវិច្ឆិកាឆ្នាំមុនបានរាំងខ្ទប់ការដាក់បម្រាមរបស់រដ្ឋនេះលើការប្រើប្រាស់ TikTok ដោយលើកឡើងអំពីក្តីបារម្ភទាក់ទិននឹងសេរីភាពនៃការបញ្ចេញមតិ។ ក្រុមហ៊ុនស្ទង់មតិ Reuters/Ipsos បានរកឃើញថា ពលរដ្ឋអាមេរិកាំងចំនួន ៥០% គាំទ្រឱ្យមានការដាក់បម្រាមលើ TikTok ៣២% ប្រឆាំងនឹងបម្រាមនេះ ហើយក្រៅពីនេះគឺមិនច្បាស់លើបញ្ហានេះ។ ការស្ទង់មតិនេះបានធ្វើឡើងតែលើក្រុមមនុស្សពេញវ័យនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ពលរដ្ឋអាមេរិកាំងដែលមានអាយុក្រោម ១៨ ឆ្នាំនោះទេ ដែលក្រុមពលរដ្ឋនេះច្រើនគួរសមគឺជាអ្នកប្រើប្រាស់ TikTok នៅក្នុងសហរដ្ឋអាមេរិក។ អ្នកចូលរួមក្នុងការស្ទង់មតិនេះចំនួន ៦ នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅបានគាំទ្របម្រាមនេះ បើធៀបទៅនឹងចំនួនប្រមាណ ៤ នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុចន្លោះពី ១៨ ឆ្នាំដល់ ៣៩ ឆ្នាំ។ ការស្ទង់មតិនេះបានបង្ហាញថា ពលរដ្ឋអាមេរិកាំងចំនួន ៤៦% យល់ស្របដោយលើកឡើងថា ប្រទេសចិនកំពុងប្រើប្រាស់កម្មវិធីនេះដើម្បី «ឈ្លបយកការណ៍លើពលរដ្ឋអាមេរិកាំងទូទៅ» ដែលជាការចោទប្រកាន់ដែលរដ្ឋាភិបាលចិនបានបដិសេធ។ កម្មវិធី TikTok មានការពេញនិយមជាខ្លាំងនៅគ្រប់កន្លែងទាំងអស់ក្នុងសហរដ្ឋអាមេរិក។ សូម្បីតែក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ក៏កំពុងប្រើប្រាស់កម្មវិធីនេះដើម្បីទាក់ទាញអ្នកបោះឆ្នោតនៅមុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះផងដែរ។ ប៉ុន្តែសម្រាប់បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Donald Trump ដែលជាគូប្រជែងរបស់លោក Biden វិញបានរិះគន់លើបម្រាមនេះនិងមិនបានប្រើប្រាស់ TikTok នោះទេ។ លោកគឺជាអ្នកកាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងលើបណ្តាញសង្គមអនឡាញ Truth Social របស់លោក។ ពលរដ្ឋអាមេរិកាំងភាគច្រើនប្រមាណ ៦០% បាននិយាយថា វាមិនត្រឹមត្រូវឡើយដែលបេក្ខជននយោបាយអាមេរិកប្រើប្រាស់កម្មវិធី TikTok ដើម្បីផ្សព្វផ្សាយលើកកម្ពស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។ ការចុះហត្ថលេខាលើច្បាប់របស់លោក Biden នេះបានកំណត់យកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ធ្វើជាកាលបរិច្ឆេទចុងក្រោយសម្រាប់ឱ្យ TikTok លក់កម្មសិទ្ធិទៅឱ្យសហរដ្ឋអាមេរិក គឺតែមួយថ្ងៃប៉ុណ្ណោះមុនពេលអាណត្តិប្រធានាធិបតីបច្ចុប្បន្នរបស់លោក Biden នឹងត្រូវបញ្ចប់ ប៉ុន្តែលោកអាចពន្យារកាលបរិច្ឆេទនេះ ៣ ខែបន្ថែមទៀត ប្រសិនបើលោកមើលឃើញថាក្រុមហ៊ុន ByteDance ដែលគ្រប់គ្រង TikTok នេះកំពុងធ្វើការទៅមុខលើការផ្លាស់ប្តូរសិទ្ធិកាន់កាប់ TikTok នេះ។ ការស្ទង់មតិដែលបានធ្វើឡើងអនឡាញនេះទទួលបានការឆ្លើយតបពីពលរដ្ឋអាមេរិកាំងពេញវ័យចំនួន ១.០២២ នាក់នៅទូទាំងសហរដ្ឋអាមេរិក ហើយមានអត្រាខុសគ្នាប្រមាណ ៣ ពិន្ទុភាគរយប៉ុណ្ណោះ៕ ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ | ពលរដ្ឋអាមេរិកាំងភាគច្រើនជឿថា ប្រទេសចិនប្រើប្រាស់បណ្ដាញសង្គមអនឡាញ TikTok ដើម្បីផ្លាស់ប្តូរទស្សនៈសាធារណជនអាមេរិកាំង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការស្ទង់មតិរបស់ Reuters/Ipsos ស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកខិតកាន់តែជិតទៅដល់ការដាក់បម្រាមលើការប្រើប្រាស់ TikTok នេះ។ |
ច្បាប់ស្ដីពីជីវសន្តិសុខ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិននៅថ្ងៃទី១៧ ខែតុលា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។ ច្បាប់នេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២១ ទៅ។ បើតាម Xinhua ច្បាប់នឹងចាត់ទុកជីវសន្តិសុខ ជាផ្នែកដ៏សំខាន់នៃសន្តិសុខជាតិ ដែលតម្រូវឲ្យមានវិធីសាស្រ្តជាក់លាក់ដើម្បីការពារ។ ក្រោមច្បាប់នេះ ចិននឹងបង្កើតប្រព័ន្ធទប់ស្កាត់ និងគ្រប់គ្រងជីវសន្តិសុខដូចជាប្រព័ន្ធព្រមានទុកមុន និងការត្រួតពិនិត្យហានិភ័យ ការវាយតម្លៃ និងស៊ើបអង្កេតហានិភ័យ និងការចែករំលែកព័ត៌មាន។ លើសពីនោះ ច្បាប់ថ្មីនេះ ក៏មានបញ្ញត្តិដែលចែងពីហានិភ័យជីវសន្តិសុខជាក់លាក់មួយចំនួនផងដែររួមានជំងឺឆ្លងប្រភេទថ្មី, ការផ្ទុះឡើងភា្លម និងការរាលដាល ក៏ដូចជាការស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្តជីវសន្តិសុខ។ តាមពិតទៅ ចិនបានប្រកាសតាំងពីខែឧសភាថា នឹងបង្កើនល្បឿនចេញច្បាប់ដ៏សំខាន់មួយ ខណៈដែលជំងឺ COVID-19 កំពុងវាយលុកពិភពលោកពេញបន្ទុកឡើងៗ។ COVID-19 ត្រូវបានរាយការណ៍ជាលើកដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នៅចុងឆ្នាំ២០១៩ មុនបន្តឆ្លងដល់តំបន់ឯទៀតរបស់ចិន និងប្រទេសនានាលើពិភពលោកទល់សព្វថ្ងៃ។ ចិនដែលរងគ្រោះមុនគេ ក៏អាចគ្រប់គ្រងជំងឺបានមុនគេដែរ តាមរយៈវិធានការម៉ឺងម៉ាត់បំផុត។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ចិនមានករណីឆ្លងសរុប ៨៥៦៧២ និងស្លាប់៤៦៣៤នាក់។ ទូទាំងពិភពលោក ករណីឆ្លងមានជិត៤០លាននាក់ និងស្លាប់ច្រើនជាងមួយលាននាក់។ ដោយសាររឿងនេះ ចិន និងអាមេរិកក៏ទាស់គ្នាដល់បច្ចុប្បន្ន ដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចោទចិនថា ទីកន្លែងបង្កើតឲ្យជំងឺ និងបណ្ដែតបណ្ដោយឲ្យជំងឺនេះឆ្លងពេញពិភពលោក។ ចិនទាត់ចោលការចោទប្រកាន់ និងអះអាងថា មានតែការស៊ើបអង្កេតបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ទើបអាចដឹងពីប្រភពជំងឺប្រភេទថ្មីនេះ៕ | ស្ថាប័នតាក់តែងច្បាប់កំពូលរបស់ចិន នៅថ្ងៃទី១៧ ខែតុលា បានអនុម័តសេចក្ដីស្នើច្បាប់ជីវសន្តិសុខ ដែលមានគោលដៅទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។ សេចក្ដីស្នើច្បាប់នេះ លេចជារូបរាងក្រោយការផ្ទុះជំងឺ COVID-19 ដែលបច្ចុប្បន្នឆ្លងលើមនុស្សជិត៤០លាននាក់លើពិភពលោក។ |
តាមរយៈបណ្តាញសង្គមធ្វីតធ័ររបស់ខ្លួន លោក ភិល រ៉ូបឺសិន បង្ហាញការមើលឃើញថា កញ្ញា ឈឹម ស៊ីថរ តស៊ូមតិដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់សមាជិក។ អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ីរូបនេះ ដែលកម្រមើលឃើញចំណុចល្អរបស់រដ្ឋាភិបាលកម្ពុជា បានទាមទារដូច្នេះថា៖«ត្រូវដោះលែងនាងជាបន្ទាន់ និងឥតលក្ខខណ្ឌ»។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តល់យោបល់ទៅលោក ភិល រ៉ូបឺសិន ថា បើចង់ជួយកញ្ញា ឈឹម ស៊ីថរ គឺត្រូវអនុវត្តតាមច្បាប់កម្ពុជា ដោយត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយបង្ហាញភស្តុតាងដោះបន្ទុក។ លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«ការទាមទារឲ្យដោះលែង និងទម្លាក់បទចោទហ្នឹង គឺមិនមែនជាមធ្យោបាយផ្លូវច្បាប់ ក្នុងការការពារជនជាប់ចោទនៅកម្ពុជាទេ»។ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនកញ្ញា ឈឹម ស៊ីថរ ក្នុងព្រលានយន្តហោះភ្នំពេញ នៅម៉ោងជាង១០ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលកញ្ញាវិលមកពីប្រទេសអូស្រ្តាលីវិញ ហើយបញ្ជូនទៅកាន់តុលាការភ្នំពេញ។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា កញ្ញា ឈឹម ស៊ីថរ មិនអនុវត្តតាមដីកាសម្រេចរបស់តុលាការ ដែលចេញកាលពីខែមីនា ឆ្នាំ២០២២ ទើបត្រូវចាប់ខ្លួន។ លោក ថ្លែងថា ដីកានេះ គឺកំណត់ឲ្យកញ្ញា ឈឹម ស៊ីថា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយហាមកញ្ញា មិនឲ្យចេញទៅក្រៅប្រទេសឡើយ។ លោក បញ្ជាក់ថា ការដែលកញ្ញាទៅប្រទេសអូស្ត្រាលី គឺល្មើសនឹងដីការបស់តុលាការ។ សូមរម្លឹកថា កញា ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២២ តែក្រោយមក ត្រូវបានដោះលែងវិញ។ ទោះដោះលែង តែកញ្ញា ឈឹម ស៊ីថរ ត្រូវតុលាការ ដាក់បម្រាមមិនឲ្យចេញទៅក្រៅប្រទេស ដោយកញ្ញា អាចដើរហើរបានតែក្នុងប្រទេសប៉ុណ្ណោះ ដ្បិតកញ្ញា នៅបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ កញ្ញា ជាមេសហជីពម្នាក់ ដែលដឹកនាំក្រុមបុគ្គលិកណាហ្កាវើលដ៍ ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុននេះ ទទួលយកបុគ្គលិកមួយចំនួន ដែលត្រូវបានបណ្តេញចេញ ឲ្យចូលបម្រើការងារវិញ។ ពួកគេ តវ៉ាតាំងចុងឆ្នាំ២០២១មកម្ល៉េះ តែរហូតមកដល់ចុងឆ្នាំ២០២២នេះ ក្រុមហ៊ុនណាហ្កាវើលដ៍ នៅតែមិនយល់ព្រមតាមការទាមទាររបស់ពួកគេ៕ | ក្រោយកញ្ញា ឈឹម ស៊ីថរ មេសហជីពរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនសាជាថ្មី លោក ភិល រ៉ូបឺសិន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ប្រចាំតំបន់អាស៊ី បានហៅការចាប់ខ្លួននេះ ថាជាការដាក់ទោសឧក្រិដ្ឋលើកញ្ញា ដោយជ្រុលហួសហេតុ និងមិនអាចទទួលយកបាន។ |
អត្ថបទទាក់ទង កូវីដ-១៩៖ បន្ទាយមានជ័យ ព្រះសីហនុ តាកែវ និងកោះកុង មានអ្នកឆ្លងកាន់តែច្រើន ទារក និងកុមារ សុរប៤៨នាក់ ស្ថិតក្នុងចំណោមអ្នកវិជ្ជមានដែលត្រូវបានរកឃើញ នៅថ្ងៃទី២៤ ឧសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានឱ្យដឹងថា សង្ឃ៦អង្គ គង់នៅវត្តសារាវ័នតេជោ និងអ្នកពាក់ព័ន្ធ៤នាក់ ក៏មានតេស្តវិជ្ជមានកូវីដ-១៩ដែរ។ របាយការណ៍បានបង្ហាញថា ខណ្ឌឫស្សី មានអ្នកឆ្លងច្រើនជាងគេ ដោយមានពលរដ្ឋដល់ទៅ ១៣៥នាក់ឯណោះ ហើយពួកគេមានទីលំនៅនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១។ បន្ទាប់មកគឺខណ្ឌស្ទឹងមានជ័យ ដែលមានអ្នកឆ្លងសរុប ៣៣នាក់ ជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ ១, ស្ទឹងមានជ័យ ២, ស្ទឹងមានជ័យ ៣។ ពលរដ្ឋចំនួន២៩នាក់ រស់នៅសង្កាត់កន្ទោក ខណ្ឌកំបូល ជាកម្មកររោងចក្រស៊ូមិ រោងចក្រព្រីមីដូច និងរោងចក្រយូជុង។ ២៤នាក់រស់នៅខណ្ឌពោធិ៍សែនជ័យ, ១៣នាក់នៅខណ្ឌដូនពេញ, ១២នាក់នៅខណ្ឌសែនសុខ, ៧នាក់នៅខណ្ឌទួលគោក។ នៅខណ្ឌច្បារអំពៅ និងខណ្ឌដង្កោមាន២នាក់រៀងខ្លួន ខណៈខណ្ឌ៧មករា ព្រែកព្នៅ និងខណ្ឌចំការមន រកឃើញ១នាក់រៀងខ្លួនដែរ។ សូមជម្រាបថា កម្ពុជាមានករណីឆ្លងថ្មីចំនួន ៥៦៨នាក់ នៅថ្ងៃទី២៤ ឧសភា ក្នុងនោះមាន ២៨នាក់ជាករណីនាំចូល។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺ ៦៦៣នាក់ បានជាសះស្បើយ ខណៈអ្នកស្លាប់ដោយសារកូវីដ-១៩ មាន ៤នាក់បន្ថែម ដែលធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ១៨៣នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៦៣២៩នាក់ ដោយសះស្បើយមាន ១៩ ០២២នាក់៕ | រាជធានីភ្នំពេញ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់បន្ថែមទៀត នៅថ្ងៃទី២៤ឧសភា ដែលភាគច្រើនជាពលរដ្ឋរស់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ករណីវិជ្ជមាន ដែលត្រូវបានរកឃើញច្រើនដែរនោះ គឺលើកម្មករោងចក្រស៊ូមី ដែលមានទីតាំងនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ នេះបើតាមសេចក្តីជូនដំណឹងប្រចាំថ្ងៃទី២៥ ឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញ។ |
គណៈប្រតិភូក្រសួងព័ត៌មានរួមមានរដ្ឋលេខាធិការលោកកឹម គុណវឌ្ឍន៍ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុលោក លី វ៉ាន់ហុង អគ្គនាយកព័ត៌មាននិងសោតទស្សន៍លោក ផុស សុវណ្ណ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាលោក ឃឹម វុទ្ធី អនុរដ្ឋលេខាធិការលោក ឆាយ សុផល នាយករងខុទ្ទកាល័យលោក ប៉ោ ពុទ្ធារិទ្ធ អគ្គនាយករងព័ត៌មាននិងសោតទស្សន៍លោក អ៊ុក កំពូល។ លោក Li Tao ស្វាគមន៍ការអញ្ជើញមកដល់របស់លោក ខៀវ កាញារីទ្ធ (រូបភាព ក្រសួងព័ត៌មាន) ក្រោមការអមដំណើររបស់ថ្នាក់ដឹកនាំ AP Times លោក ខៀវ កាញារីទ្ធ និងគណៈប្រតិភូបានទស្សនកិច្ចក្រុមហ៊ុននិងសមិទ្ធិផលនានារបស់ AP Times ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បុគ្គលិកនិងសហការីក្រុមហ៊ុនទាំងអស់។ ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនស្វាគមន៍ការអញ្ជើញមកដល់របស់លោក ខៀវ កាញារីទ្ធ (រូបភាព ក្រសួងព័ត៌មាន) លោក ខៀវ កាញារីទ្ធ ទស្សនកិច្ចការិយាល័យរបស់ AP Times (រូបភាព AP Times) សារថ្លែងអំណរគុណរបស់លោក លៀវ លីអូ ជូនចំពោះលោក ខៀវ កាញារីទ្ធ ក្នុងអំឡុងពិធីជួបសំណេះសំណាលទ្វេភាគីរវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោក Li Tao អគ្គនាយក AP Times លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន East Alliance International Culture Media បានផ្ញើសារពីទីក្រុងឌូបៃតាមរយៈវីដេអូ ដើម្បីថ្លែងអំណរគុណចំពោះវត្តមានលោក ខៀវ កាញារីទ្ធ និងគណៈប្រតិភូក្រសួងព័ត៌មានដែលបានផ្តល់កិត្តិយសមកបំពេញទស្សនកិច្ចនៅ AP Times។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក លៀវ លីអូ ផ្ញើសារជូនលោក ខៀវ កាញារីទ្ធ តាមវីដេអូ (រូបភាព AP Times) លោក លៀវ លីអូ បានមានប្រសាសន៍ថា ដោយសារតែរូបលោកកំពុងតែស្ថិតនៅទីក្រុងឌូបៃ ដូច្នេះអាចត្រឹមតែថ្លែងអំណរគុណតាមរយៈវីដេអូនេះតែប៉ុណ្ណោះ ហើយលោកក៏សុំការយោគយល់និងអធ្យាស្រ័យពីលោករដ្ឋមន្ត្រីផងដែរ។ លោកថ្លែងថា AP Times នឹងធ្វើការផ្សាយដោយផ្តោតលើខ្លឹមសារស៊ីជម្រៅពីគោលនយោបាយអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគនៅកម្ពុជា ដើម្បីចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ធ្វើយ៉ាងណាដើម្បីឱ្យ AP Times ក្លាយជាច្រកមួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។ លោកបានថ្លែងទៀតថា បន្ទាប់ពីធ្វើការរៀបចំយ៉ាងមមាញឹករយៈពេលប៉ុន្មានខែមកនេះ AP Times នឹងធ្វើការចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីអបអរសាទរថ្ងៃខួបកំណើតលោក ខៀវ កាញារីទ្ធ ផ្ទាល់តែម្តង។ លោកបានថ្លែងអំណរគុណក្រសួងព័ត៌មានយ៉ាងជ្រាលជ្រៅដែលបានគាំទ្រ AP Times ព្រមទាំងបានផ្តល់ការណែនាំនិងយកចិត្តទុកដាក់យ៉ាងកក់ក្តៅចំពោះសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកម្ពុជា រួមទាំងសារព័ត៌មានភាសាចិនផងដែរ។ លោកជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមការណែនាំដ៏ត្រឹមត្រូវរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន វិស័យសារព័ត៌មាននៅកម្ពុជាប្រាកដជានឹងបន្តរីកចម្រើនជាលំដាប់ ហើយ AP Times ក៏នឹងនាំមកនូវការអភិវឌ្ឍប្រកបដោយភាពចាស់ទុំ ដោយមិនឱ្យឯកឧត្តមរដ្ឋមន្ត្រីខកបំណងឡើយ។ លោក ខៀវ កាញារីទ្ធ សំណេះសំណាលជាមួយលោក Li Tao (រូបភាព ក្រសួងព័ត៌មាន) លោក ខៀវ កាញារីទ្ធ វាយតម្លៃខ្ពស់ចំពោះ AP Times (រូបភាព AP Times) លោក Li Tao អគ្គនាយក AP Times បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះវត្តមានលោក ខៀវ កាញារីទ្ធ និងគណៈប្រតិភូក្រសួងព័ត៌មានទាំងអស់ដែលបានផ្តល់កិត្តិយសមកបំពេញទស្សនកិច្ចនៅ AP Times និងបានផ្តល់ជាអនុសាសន៍ដល់ AP Times ដើម្បីអភិវឌ្ឍខ្លួននាពេលអនាគត។ លោក ខៀវ កាញារីទ្ធ និងលោក Li Tao (រូបភាព AP Times) លោក Li Tao បានមានប្រសាសន៍ថា AP Times នឹងធ្វើការផ្សាយដោយផ្តោតលើខ្លឹមសារសំខាន់ៗទាក់ទងនឹងគោលនយោបាយអភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ និង វប្បធម៌។ល។ ដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅសកម្ពុជា។ លោក ខៀវ កាញារីទ្ធ បានអបអរសាទរចំពោះការចេញផ្សាយរបស់សារព័ត៌មានភាសាចិន AP Times ដែលនឹងក្លាយជាសមាជិកដ៏សំខាន់មួយក្នុងវិស័យព័ត៌មាននៅកម្ពុជា។ ក្រសួងព័ត៌មានផ្តល់លិខិតអបអរសាទរចំពោះ AP Times ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ខៀវ កាញារីទ្ធ ក៏បានផ្តល់លិខិតអបអរសាទររបស់ក្រសួងព័ត៌មានជូនចំពោះការចេញផ្សាយរបស់ AP Times ផងដែរ។ លោក ខៀវ កាញារីទ្ធ ប្រគល់លិខិតអបអរសាទរជូន AP Times (រូបភាព ក្រសួងព័ត៌មាន) តាមខ្លឹមសារនៃលិខិតអបអរសាទរនេះ លោក ខៀវ កាញារីទ្ធ បានថ្លែងថា AP Times គឺជាសារព័ត៌មានភាសាចិនមួយដ៏ធំនៅប្រទេសកម្ពុជាដែលប្រមូលផ្តុំទៅដោយអ្នកជំនាញនិងធនធានមនុស្សផ្នែកសារព័ត៌មានជាច្រើន ដែលសុទ្ធសឹងជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយអភិវឌ្ឍ AP Times ឱ្យមានការរីកចម្រើនក្នុងពេលអនាគត ដើម្បីចូលរួមជំរុញនិងអភិវឌ្ឍវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ក្រសួងព័ត៌មានសង្ឃឹមនិងជឿជាក់ថា AP Times នឹងអភិវឌ្ឍខ្លួនឱ្យក្លាយជាសារព័ត៌មានមួយប្រកបដោយសក្តានុពលនិងគុណភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកផ្សព្វផ្សាយអំពីវឌ្ឍនភាពសង្គម ក៏ដូចជាគោលនយោបាយអភិវឌ្ឍជាតិ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វិនិយោគ ទេសចរណ៍ និង វប្បធម៌ជាដើម ដើម្បីបម្រើផលប្រយោជន៍ជាតិនិងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងឱកាសនេះផងដែរ អង្គភាពសារព័ត៌មាន AP Times បានឧបត្ថម្ភអង្ករ ៥ តោនជូនក្រសួងព័ត៌មាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩និងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ១៩និងគ្រោះធម្មជាតិ។ AP Times ឧបត្ថម្ភអង្ករ ៥ តោនជូនក្រសួងព័ត៌មាន (រូបភាព ក្រសួងព័ត៌មាន) លោក ខៀវ កាញារីទ្ធ ប្រគល់លិខិតថ្លែងអំណរគុណជូន AP Times (រូបភាព AP Times) លោក ខៀវ កាញារីទ្ធ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ AP Times (រូបភាព AP Times) លោក ខៀវ កាញារីទ្ធ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងបុគ្គលិក AP Times (រូបភាព AP Times) គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអនុញ្ញាតឱ្យគណៈប្រតិភូ AP Times ដែលដឹកនាំដោយលោក Li Tao អគ្គនាយក AP Times ចូលជួយសម្តែងការគួរសម ព្រមទាំងបានផ្តល់កិច្ចសម្ភាសន៍ពិសេសដល់ AP Times ផងដែរ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ប្រាប់ AP Times ថា គ្រប់សារព័ត៌មានទាំងអស់នៅកម្ពុជាសុទ្ធតែជាតួអង្គសំខាន់ក្នុងការជួយផ្សព្វផ្សាយអំពីវឌ្ឍនភាពកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនបរទេសចូលមកកម្ពុជា ដែលជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។ AP Times មានអាសយដ្ឋាននៅរាជធានីភ្នំពេញប្រទេសកម្ពុជា គឺជាវេទិកានៃបណ្តុំផ្សព្វផ្សាយដែលគ្របដណ្តប់លើតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានវេទិកាផ្សព្វផ្សាយតាមរយៈ APP ប្រព័ន្ធផ្សព្វផ្សាយបែបទំនើបតាមរយៈបណ្តាញសង្គម និង ការបោះពុម្ពផ្សាយជាលក្ខណៈពិសេស ដោយផ្តោតសំខាន់ទៅលើការផ្សាយព័ត៌មានបែបស៊ីជម្រៅ ម៉ឺងម៉ាត់ សត្យានុម័ត និង ការពិតជាក់ស្តែង។ AP Times នឹងអភិវឌ្ឍខ្លួនឱ្យក្លាយជាកម្លាំងថ្មីដ៏សំខាន់មួយនៃប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | តបតាមការអញ្ជើញរបស់លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន East Alliance International Culture Media លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានបំពេញទស្សនកិច្ចនៅអង្គភាពសារព័ត៌មាន អាស៊ី ប៉ាស៊ីហ្វិក ថែមស៍ (AP Times) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ AP Times រួមមានលោកអគ្គនាយក Li Tao លោកអគ្គនាយករង Chen Yuchun លោកនិពន្ធនាយក Zhao Yao និងលោកនិពន្ធនាយករង ទៀ សូផាត ជាដើម។ |
លោក ផាម មិញឈិញ នាយករដ្ឋមន្ត្រីវៀតណាម បានជួបលោក សុង ប៉ អគ្គរដ្ឋទូតចិនប្រចាំវៀតណាមនៅវិមានរដ្ឋាភិបាលនៅថ្ងៃទី២៤ ខែសីហា។ ជំនួបនេះ ត្រូវបានដឹងថា មិនមានគ្រោងទុកមុនឡើយ។ បើតាមកាសែតរដ្ឋាភិបាលវៀតណាម ក្នុងជំនួបនេះលោក ឈិញ បានអរគុណចិនដែលផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់វៀតណាមចំនួន២លានដូសនាពេលកន្លងមក។ ប្រមុខរដ្ឋាភិបាលវៀតណាម ចាត់ទុកជំនួយនេះ ជាការឆ្លុះបញ្ចាំងទំនាក់ទំនងប្រពៃណីប្រទេសទាំងពីរក្នុងគ្រាលំបាក ហើយក៏ស្នើឱ្យចិនបន្តជួយផ្គត់ផ្គង់វ៉ាក់សាំង និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងឱសថដល់វៀតណាម ក៏ដូចជាប្រាប់ពីបទពិសោធដោះស្រាយវិបត្តិកូវីដ-១៩ ផងដែរ។ នាជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម ក៏ប្រាប់អ្នកការទូតចិនពីគោលនយោបាយការបរទេសរបស់វៀតណាមដែលប្រកាន់ខ្ជាប់គោលការណ៍ឯករាជ្យ ពឹងផ្អែកខ្លួនឯង ពិពិធកម្មទំនាក់ទំនងក្រៅប្រទេស និងចូលរួមយ៉ាងសកម្មក្នុងសមាហរណកម្មអន្តរជាតិ។ ត្រង់នេះ កាសែតរដ្ឋាភិបាលវៀតណាមស្រង់សម្ដីលោក ឈិញ ថា៖ «វៀតណាម មិនចូលរួមក្នុងសម្ព័ន្ធណាមួយ ឬចាប់ប្រទេសណាមួយដើម្បីប្រឆាំងប្រទេសមួយទៀតឡើយ។» មេដឹកនាំវៀតណាម ទំនងជាចង់ប្រាប់តំណាងទីក្រុងប៉េកាំងថា បើទោះជាខ្លួនកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិកក្ដី វៀតណាមនៅតែរក្សាចំណងមិត្តភាពជាប្រពៃណីជាមួយចិន។ ដោយចិនជាដៃគូយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់វៀតណាម វៀតណាមចាត់ទុកទំនាក់ទំនងជាមួយចិនជាជម្រើសអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ជំនួបរវាងនាយករដ្ឋមន្រ្តីវៀតណាម និងអគ្គរដ្ឋទូតចិន ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិកនៅទីក្រុងហាណូយ។ ដំណើរទស្សនកិច្ចនេះ ត្រូវមើលឃើញថា ជាការប្រឹងប្រែងរបស់រដ្ឋការក្រុងវ៉ាស៊ីនតោនក្នុងទាក់ទាញប្រទេសក្នុងតំបន់ក្នុងការប្រឈមមុខនឹងចិន ខណៈដែលវៀតណាមមានបញ្ហាជាមួយចិនរឿងសមុទ្រចិនខាងត្បូងផងនោះ។ ទំនាក់ទំនងរវាងវៀតណាម និងអាម៉េរិក ក៏ជិតស្និទ្ធខ្លាំងក្នុងរយៈពេលចុងក្រោយនេះដែរ។ លោកស្រី ហារីស បានទៅដល់វៀតណាមនៅយប់ថ្ងៃទី២៤ ខែសីហាដើម្បីធ្វើទស្សនកិច្ចបីថ្ងៃ។ លោកស្រីក៏នឹងអញ្ជើញបើកដំណើរការទីស្នាក់ការប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌលបង្ការជំងឺឆ្លងអាមេរិក (CDC) ផងដែរ៕ | នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ នៅថ្ងៃទី២៤ ខែសីហា អះអាងថា វៀតណាម នឹងមិនចាប់ដៃប្រទេសមួយដើម្បីប្រឆាំងប្រទេសមួយទៀតឡើយ។ លោក ឈិញ អះអាងបែបនេះនាជំនួបជាមួយអគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយ ដែលធ្វើឡើងមុនទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស នៅវៀតណាម។ |
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅតែមិនទាន់សម្រេចចិត្តនៅឡើយទេ ចំពោះការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្រុងតូក្យូនៅខែកក្កដាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែមិថុនា។ កូរ៉េខាងត្បូង និងជប៉ុន មិនសូវល្អឡើយក្នុងរយៈពេលចុងក្រោយ ដោយអ្នកជិតខាងទាំងពីរទាស់គ្នាលើបញ្ហាប្រវត្តិសាស្ត្រ និងជម្លោះពាណិជ្ជកម្ម។ លោក Lee Ho-seung មន្ត្រីផ្នែកគោលនយោបាយរបស់លោក មូន ចេអ៊ីន ប្រាប់វិទ្យុក្នុងស្រុកនៅថ្ងៃទី២២ ខែមិថុនា ថា មិនទាន់មានការសម្រេចអ្វីឡើយចំពោះវត្តមានលោក មូន នៅតូក្យូក្នុងព្រឹត្តិការណ៍អូឡាំពិកដែលចាប់ផ្តើមនៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅលើកនេះ ត្រូវមើលឃើញថា ជាឱកាសដែលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនជួបគ្នាដើម្បីសម្រាលស្ថានការណ៍ដែលល្អក់កករក្នុងទំនាក់ទំនងទ្វេភាគី។ ទាក់ទងរឿងនេះលោក Lee បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងស្វែងរកកិច្ចពិភាក្សាជាមួយជប៉ុនដោយគ្មានលក្ខខណ្ឌជាមុនផងដែរ។ នេះបើតាមការផ្សាយរបស់កាសែត Korean Herald ។ តាមពិតទៅ លោក មូន ត្រូវជួបនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ អំឡុងជំនួបមេដឹកនាំប្រទេសអ្នកមានទាំង៧ នៅក្រុងឡុងដ៍នៅដើមខែមិថុនានេះ។ ប៉ុន្តែខាងជប៉ុនបានលុបចោល ព្រោះមិនមានពេលវេលាគ្រប់គ្រាន់។ ទំនាក់ទំនងប្រទេសទាំងពីរកាន់តែតានតឹងឡើងនៅពេលថ្មីៗនេះ ដោយសារជប៉ុនបានបដិសេដសំណើរបស់កូរ៉េខាងត្បូងលើការដករូបកោះដុកដូចេញពីផែនទីសម្រាប់ព្រឹត្តិការណ៍អូឡាំពិក។ គួរបញ្ជាក់ថា នៅឆ្នាំ ២០១៨ អំឡុងពេលព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅក្រុង Pyeongchang រដ្ឋាភិបាលកូរ៉េខាងត្បូងបានដករូបកូនកោះដុកដូចេញពីផែនទីផ្លូវការរបស់ខ្លួនដើម្បីរក្សានយោបាយ អព្យាក្រឹត្យផងដែរ។ ទាក់ទងវត្តមានលោក មូន នៅតូក្យវិញ ប្រភពការទូតមួយបានបញ្ជាក់ដោយមិនបញ្ចេញឈ្មោះថា លោក មូន មិនមានសម្ពាធក្នុងការសម្រចចិត្តភ្លាមៗទេ លើការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅជប៉ុន ហើយលោកក៏កំពុងពិចារណាពីភាពប្រឈមក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ជាពិសេសជំងឺកូវិដ-១៩ និងការទាមទារកោះដុកដូរបស់ជប៉ុន។ ស្របគ្នានេះផងដែរ ប្រមុខរដ្ឋប្រទេសផ្សេងទៀតមិនទាន់បានបញ្ជាក់ពីការចូលរួមរបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឡើយដែរ។ កាសែតជប៉ុន Yomiuri Shimbun រាយការណ៍ថា ប្រហែលជាមិនមានវត្តមានប្រធានាធិបតី លោក ចូ បៃឌិន ទេ។ សេតវិមានកំពុងពិចារណាក្នុងការបញ្ជូនលោកស្រី Jill Biden ភរិយាលោក បៃឌិន ជាអ្នកចូលរួមជំនួស៕ | ដោយៈ ចាន់ ស៊ីណា |
នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ច ក៏ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង៧នាក់។ ជនសង្ស័ទាំងនោះ បានប្រើប្រាស់អ៊ីម៉ែល ផ្ញើសារទៅជនរងគ្រោះថា មានជំងឺធ្ងន់ ហើយមានមរតកយ៉ាងច្រើន ដែលនឹងប្រគល់ឲ្យជនរងគ្រោះ តែតម្រូវឲ្យមានការផ្ញើប្រាក់ឲ្យជាមុនសិន ដើម្បីរៀបចំឯកសារមរតក។ នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅតុលាការពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។ ជនសង្ស័យទាំង៧នាក់នោះ មានស្រី២នាក់ ជាជនជាតិខ្មែរ និងប្រុស៥នាក់ទៀត ដែល៣នាក់ជាជនជាតិនីហ្សេរីយ៉ា និង២នាក់ ជាជនជាតិប៉ាគីស្ថាន។ នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ននូវករណីឆបោក ដែលប្រើប្រាប់ដោយវីធីផ្សេងៗដូចជា ឈ្នះរង្វាន់ និង សាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ ជាដើម ដើម្បីផ្ញើលុយឲ្យជនឆបោក៕ | ជនសង្ស័យទាំង៧នាក់ បានផ្ញើសារទៅជនរងគ្រោះតាមអ៊ីម៉ែល ដោយប្រាប់ថាមានមរតកយ៉ាងច្រើន នឹងប្រគល់ឲ្យជនរងគ្រោះ។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបាន បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ |
បើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Running លោក Stenner វ័យ៣២ឆ្នាំ មានអាការមិនស្រួល នៅក្រោយពេលរត់ឆ្លងផុតបន្ទាត់បញ្ចប់ទីក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុននៅប្រទេសម៉ិកស៊ិក។ បើទោះ Stenner បានទទួលការសង្គ្រោះបឋមភ្លាមៗ ប៉ុន្តែរូបគេបានផុតដង្ហើមទៅហើយ នៅពេលបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។ នៅក្នុងកម្មវិធី Mexico City នោះ Stenner មិនបានពាក់អាវដែលមានស្លាករបស់កម្មវិធីឡើយ មានន័យថារូ បគេមិនបានចុះឈ្មោះផ្លូវការចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុននោះឡើយ។ ដោយមូលហេតុនេះ អ្នករៀបចំ មិនអាចស្វែងរកអត្តសញ្ញាណរបស់ Stenner ដែលធ្វើឱ្យពួកគេមិនអាចទំនាក់ទំនងសង្គ្រោះបន្ទាន់ពីសាច់ញាតិ និងមិនបានដឹងពីប្រវត្តិវេជ្ជសាស្ត្ររបស់អតីតកីឡាករម៉ិកស៊ីករូបនេះ។ Stenner ធ្លាប់ប្រកួតឱ្យក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងវិញ្ញាសា ៤០០ ម៉ែត្រ និងបណ្តាក់ ៤០០ ម៉ែត្រ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងព្រឹត្តិការណ៍ Pan American Games ឆ្នាំ ២០១១ នៅទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក។ រូបគេ បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឆ្នាំ ២០១៨ ពោលគឺត្រឹមវ័យ២៦ឆ្នាំ មុនពេលប្តូរទៅការរត់ចម្ងាយឆ្ងាយវិញ។ Stenner ដែលចូលចិត្តការរត់ចម្ងាយពាក់កណ្តាលម៉ារ៉ាតុន តែងតែចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា New York ពាក់កណ្តាលម៉ារ៉ាតុន ឬ Mexico City ពាក់កណ្តាលម៉ារ៉ាតុន ក្នុងឆ្នាំ ២០១៩។ អ្នករៀបចំ អះអាងថាអត្តពលិកជាង ៣ម៉ឺននាក់ បានចូលរួមកម្មវិធី Mexico City ពាក់កណ្តាលម៉ារ៉ាតុនលើកទី១៧ ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ Frederick Yeko Domongole អត្តពលិកកេនយ៉ា វ័យ១៨ឆ្នាំ ទទួលជ័យលាភីផ្នែកបុរស ចម្ងាយ២១គីឡូម៉ែត្រ ដោយប្រើពេល ៦៤នាទី និង ៣៧វិនាទី។ ក្នុងវិញ្ញាសានារី Joyce Chepkemoi Tele បានបង្កើតកំណត់ត្រាថ្មី ជាមួយថិរវេលា ១ម៉ោង ១០នាទី និង៣៤វិនាទី៕ | Juan Stenner ដែលធ្លាប់ប្រកួតឱ្យក្រុមអត្តពលិកជម្រើសជាតិម៉ិកស៊ិក ក្នុងវិញ្ញាសា ៤០០ ម៉ែត្រ និងបណ្តាក់ ៤x៤០០ ម៉ែត្រ បានរងរបួសដាច់សរសៃឈាមខួរក្បាល រហូតឈានដល់ស្លាប់ នៅអំឡុងពេលរត់ពាក់កណ្តាលម៉ារ៉ាតុន ក្នុងកម្មវិធី Mexico City នៅថ្ងៃទី១៥ ខែកក្កដា។ |
សម្តេច ស ខេង បានកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់ពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ។ «ដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះគឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព»។ នេះជាការអះអាងរបស់សម្តេចឧបនាយករដ្ឋមន្ត្រី៕ អ្នកទោសទាំង៧នាក់ បានទម្លាយជញ្ជាំងរត់ចេញពីពន្ធនាគារ ដោយប្រើកំណាត់ឈើវាយទម្លុះជញ្ជាំកាលពីយប់ម៉ោង៣ទៀបភ្លឺថ្ងៃទី៨វិច្ឆិកា។ លុះដល់ថ្ងៃទី១០វិច្ឆិកា សមត្ថកិច្ចតាមចាប់ខ្លួនបាន៣នាក់វិញនៅស្រុកថាឡាបរិវ៉ាត់ ដែលពួកគេទាំងនោះបានលាក់ខ្លួននៅក្នុងព្រៃ។ នៅថ្ងៃទី១២វិច្ឆិកា កម្លាំងសមត្ថកិច្ចបន្តតាមចាប់បានអ្នកទោសចំនួនពីរនាក់ទៀត គឺនៅក្នុងស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ។ ហើយកិច្ចប្រតិបត្តិការតាមចាប់អ្នកទោស ក៏ត្រូវបានបញ្ចប់ ដោយបានតាមចាប់ខ្លួនអ្នកទោសគ្រប់ចំនួន៧នាក់វិញនៅថ្ងៃទី១៧ វិច្ឆិកានេះ ក្រោយការចូលរួមពីកងកម្លាំងចម្រុះនិងការរាយការណ៍ពីពលរដ្ឋ។ សូមជម្រាបថា អ្នកទោសដែលរត់ចេញទាំងនោះ មានអ្នកជាប់ទោសមួយជីវិតម្នាក់។ ក្រៅពីនេះ មានអ្នកទោសម្នាក់ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ហើយអ្នកផ្សេងទៀត គឺជាប់ទោសប្រមាណ២០ឆ្នាំ៕ | ទណ្ឌិតដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារក្នុងខេត្តស្ទឹងត្រែង លួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ត្រូវបានចាប់ខ្លួនមកវិញអស់ហើយ។ នេះបើតាមការបញ្ជាក់របស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ដែលជាថ្ងៃទី១០នៃប្រតិបត្តិការ។ |
«អុច»និង«អុជ»មានថ្នាក់ពាក្យជាកិរិយាសព្វ និងជាភាសាបាលី ឧជ្ជល និងជាភាសាសំស្ក្រឹត ឧជ្វល ខ្មែរយើងលុបជើង «ជ» ឬជើង«វ» និងតួ «ល» ទុកត្រឹមតែ ឧជ ប្រែជា អុជ ដោយសំដៅលើ ដុតឲ្យឆេះមានអណ្តាតភ្លើងឡើង។ ការដុតដោយមិនមានអណ្តាតភ្លើងក៏ហៅថា អុច ឬអុជ ដែរ។ ពាក្យនេះក៏អាចនិយាយដោយសំដៅលើ ការញុះញង់ឲ្យក្តៅចិត្ត ផងដែរ។ ឧទាហរណ៍៖ អុជអាលឲ្យឈ្លោះគ្នា គឺនាំអុជ នាំអាលបណ្តាល ឬនាំញុះញង់ឲ្យក្តៅចិត្ត៕ | មានពលរដ្ឋខ្លះសរសេរខុសគ្នា ខ្លះ«អុច»ទៅ ហើយខ្លះទៀតសរសេរ«អុជ»ទៅ តែមិនច្បាស់ថាមួយណាត្រូវ។ តាមការពិតពាក្យ ទាំងពីរនេះ អាចសរសេរបានដូចគ្នា ហើយត្រឹមត្រូវដូចគ្នាដែរ។ នេះបើតាមការបញ្ជាក់ពីវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ |
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូណេស៊ីបានរាយការណ៍ថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅ រោងចក្រ Balongan តាំងពីយប់ថ្ងែទី២៨ ខែមីនា ហើយបន្តឆេះនៅថ្ងៃទី២៩ ។ ក្រុមហ៊ុនប្រេង Pertamina បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ភ្លើងបានឆាបឆេះ អំឡុងពេល មាន អាកាសធាតុមិនសូវល្អ។ «មូលហេតុបណ្តាលឱ្យមានអគ្គិភ័យនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនៅខណៈពេលមានឧប្បត្តិ ហេតុ មានភ្លៀងធ្លាក់ខ្លាំងនិងរន្ទះ»។ នេះជាការលើកឡើងរបស់ក្រុមហ៊ុន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pertamina លោក Ifki Sukarya អះអាងថា មនុស្ស ៥ នាក់រងរបួសដោយសារការរលាកភ្លើង និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមិនមានបុគ្គលិករបស់ក្រុមហ៊ុន Pertamina ណាម្នាក់ត្រូវ រងរបួសឡើយ។ ភ្លើងឆេះយ៉ាងខ្លាំង នៅត្រង់កន្លែងស្តុកប្រេងរបស់រោងចក្រ តែមិនប៉ះពាល់ដល់ ផ្នែក កែច្នៃឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ អ្នកនាំពាក្យរបស់មន្រ្តីប៉ូលិសនៃកោះជ្វាខាងលិច លោក Erdi Chaniago បានអះអាងថា ប៉ូលិសនឹង ចូលរួមនៅក្នុងការស៊ើបអង្កេតចំពោះមូលហេតុនៃអគ្គិភ័យនេះ តែត្រូវរងចាំរហូតភ្លើងរលត់អស់ជាមុន សិន។ ពាក់ព័ន្ធនឹងការខូចខាត ក្រុមហ៊ុនត្រូវជួសជុលរោងចក្រឡើងវិញ និងអាចចំណាយពេលរាប់ខែដែល ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។ នាយកប្រតិបត្តិ នៃក្រុមអ្នកឃ្លាំមើល ថាមពលរបស់ឥណ្ឌូណេស៊ីលោក Mamit Setiawan សង្ឃឹមថា រោងចក្រចម្រាញ់ប្រេងរបស់ Pertamina មួយផ្សេងទៀតនៅភាគកណ្តាលនៃកោះជ្វា អាចជួយបំពេញកង្វះខាតការផ្គត់ផ្គង់ប្រេងឱ្យបានឆាប់រហ័សជំនួសរោងចក្រ Balongan។ សូមបញ្ជាក់ថា រោងចក្រ Balongan ជារោងចក្រចម្រាញ់ប្រេងធំជាងគេមួយរបស់ Pertamina ដែលធ្វើការកែច្នៃប្រេងឆៅបូមមកពីអណ្ដូងរ៉ែនៅ Duri និង Minas ក្នុងខេត្ត Riau របស់ឥណ្ឌូណេស៊ី។ រោងចក្រនេះដំណើរការចម្រាញ់ប្រេងដើម្បីផ្គត់ផ្គង់ដល់រដ្ឋធានីហ្សាកាតា និងទៅតំបន់ភាគខាងលិច នៃកោះជ្វា៕ | ក្រុមហ៊ុនប្រេងឥណ្ឌូណេស៊ី Pertamina នៅថ្ងៃទី២៩ ខែមីនា បានអះអាងថា ខ្លួនបានបិទរោងចក្រ ចម្រាញ់ប្រេង Balongan ដែលស្ថិតនៅកោះជ្វាខាងលិច ដើម្បីគ្រប់គ្រងអគ្គិភ័យដ៏ធំមួយ ដែលធ្វើឱ្យ មនុស្ស៥នាក់រងរបួស និងប្រមាណ៩៥០នាក់ទៀតដែលរស់នៅក្បែរនោះ ក៏ត្រូវបានជម្លៀសចេញ ភ្លាមៗ។ |
ទិន្នន័យចុងក្រោយរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ ការនាំចេញផលិតផលកសិកម្ម និងជលផលទៅកាន់ទីផ្សារចិនបានកើនឡើង ១២,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះបន្លែ និងផ្លែឈើដែលនាំចេញទៅចិនមានតម្លៃ ២ពាន់លានដុល្លារ ខណៈដែលកៅស៊ូមានជាង ១ពាន់លានដុល្លារស្មើនឹង ៧៥៧ ៦០០តោន។ បើតាមសារព័ត៌មានវៀតណាម VnExpress ការនាំចេញកៅស៊ូទៅចិនមានចំនួន ៩៩,៨២ភាគរយនៃការនាំចេញសរុប។ វៀតណាមជាអ្នកផ្គត់ផ្គង់កៅស៊ូធំទីពីរទៅចិនបន្ទាប់ពីថៃ។ បើទោះបីជាការនាំចេញកៅស៊ូមានកើនឡើង ប៉ុន្តែតម្លៃបានធ្លាក់ចុះកម្រិតទាប។ តម្លៃកៅស៊ូជាមធ្យមដែលនាំចេញទៅចិនក្នុងខែកក្កដាមានតម្លៃ ១,២៩១ ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ០,៩ភាគរយធៀបនឹងខែមិថុនា និងធ្លាក់ចុះ ១៧,៩ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅលើទីផ្សារពិភពលោក ចាប់ពីដើមខែសីហារហូតមកដល់ពេលនេះ តម្លៃកៅស៊ូនៅផ្សារហ៊ុនអាស៊ីសំខាន់ៗបានធ្លាក់ចុះ ដោយសារតែបញ្ហាសេដ្ឋកិច្ចរបស់ចិនមានការលក់រថយន្តថយចុះជាងមុន។ យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ការលក់រថយន្តដឹកអ្នកដំណើររបស់ចិនបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់ៗគ្នារហូតដល់ខែកក្កដា មានត្រឹមតែ ១,៧៩លានគ្រឿង ធ្លាក់ចុះ ២,៦ភាគរយធៀបពេលដូចគ្នានៅឆ្នាំមុន។ យ៉ាងណាមិញ បើតាមការវាយតម្លៃដោយនាយកដ្ឋាននាំចូល-នាំចេញរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្រូវការប្រើប្រាស់កៅស៊ូរបស់ចិនបានងើបឡើងវិញជាបណ្តើរៗ។ ដូច្នេះក្នុងរយៈពេល៥ខែក្រោយនៃឆ្នាំនេះ ការនាំចេញកៅស៊ូទៅកាន់ទីផ្សារនេះនឹងកើនឡើង។ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីគាំទ្រសេដ្ឋកិច្ច ខណៈដែលការស្ទុះងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺរាតត្បាតរបស់ប្រទេសនេះមានការថយចុះ៕ | រយៈពេល៧ខែឆ្នាំនេះ ចិនបានចំណាយជាងមួយពាន់លានដុល្លារ ដើម្បីនាំចូលកៅស៊ូចំនួន ៧៥៧ ៦០០តោនពីវៀតណាមកើនឡើង១២ភាគរយបើផ្អែកលើបរិមាណ ប៉ុន្តែធ្លាក់ចុះជាង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ |
រដ្ឋមន្រ្តីកសិកម្មកូរ៉េខាងត្បូង លោក Chung Hwang-keun នៅថ្ងៃទី២៨ ខែសីហា បានជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីជជែកពីការពង្រីកទំនាក់ទំនងទ្វេភាគី។ ក្រោយជំនួបនេះ ក្រសួងកសិកម្ម អាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងត្បូងនឹងនាំសាច់គោមានគុណភាពខ្ពស់ Hanwoo មកកម្ពុជាជាលើកដំបូង។ រដ្ឋាភិបាលក្រុងភ្នំពេញ និងកូរ៉េខាងត្បូង នៅថ្ងៃដដែលនេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងមួយដែលអនុញ្ញាតឱ្យកូរ៉េខាងត្បូង នាំសាច់គោមានគុណភាពខ្ពស់មកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មកូរ៉េខាងត្បូង។ ភាគីទាំង២ បានយល់លើវិធានការចត្តាឡីស័កតាំងពី៨ឆ្នាំមក។ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ កូរ៉េខាងត្បូងគ្រោងនាំចេញសាច់គោមានគុណភាពខ្ពស់ឱ្យបាន ២ពាន់តោនមកកម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ១០០លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ ស្របគ្នានេះ រដ្ឋមន្រ្តីកសិកម្មកូរ៉េខាងត្បូងដដែល ក៏បានជួបដោយឡែកជាមួយសមភាគីកម្ពុជា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទផងដែរ។ ភាគីទាំងពីរ បានឯកភាពខិតខំរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មលើវិស័យកសិកម្ម រួមទាំងការដោះដូរបច្ចេកវិទ្យា។ បន្ថែមពីនេះ លោកChung បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងទទួលបានកំណើនសេដ្ឋកិច្ច ដូចដែលបានរំពឹងទុក នៅពេលកន្លងមក ដោយរួមទាំងប្តេជ្ញាពន្លឿនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែម សម្រាប់គម្រោងអភិវឌ្ឍប្រកបដោយផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សូមបញ្ជាក់ថា កូរ៉េខាងត្បូង បានចុះហត្ថលេខានាំចេញសាច់គោមានគុណភាពខ្ពស់ដំបូងគេ ជាមួយម៉ាឡេស៊ី នៅក្នុងខែឧសភា កន្លងមក៕ | កូរ៉េខាងត្បូង នឹងនាំសាច់គោមានគុណភាពខ្ពស់របស់ខ្លួន Hanwoo មកកម្ពុជាលើកដំបូង។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្មកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែសីហា។ |
ប៉ុន្តែលោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មិនទាន់អាចប្រកាសលទ្ធផល ដែលគណបក្សណា ទទួលបានសំឡេងឆ្នោតច្រើនជាងឬតិចជាងនោះទេ។ លោក បន្ថែមថា ខណៈនេះ គ.ជ.ប កំពុងតែបន្តពិនិត្យសន្លឹកឆ្នោតមិនបានការចំនួន១៤១សន្លឹក ដែលគ.ជ.ប រកឃើញ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ នៅតាមការិយាល័យបោះឆ្នោតទាំង២៣ ក្នុងឃុំដួង។ អ្នកនាំពាក្យគ.ជ.ប រូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះ៖«យើង រាប់ចប់ហើយ តែយើងមិនទាន់ប្រកាសថា បក្សណាឈ្នះឬបក្សណាចាញ់ទេ ព្រោះយើង ត្រូវពិនិត្យសន្លឹកឆ្នោតមិនបានការសិន»។ ការរាប់សន្លឹកឆ្នោតសាជាថ្មី នៅក្នុងខេត្តស្វាយរៀង គឺធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ មូលហេតុដែលគណបក្សទាំងពីរ ប្តឹងទៅគ.ជ.ប ដើម្បីសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងខេត្តស្វាយរៀង គឺដោយសារតែលទ្ធផលនៃការចាញ់-ឈ្នះរវាងគណបក្សទាំងពីរ មិនមានភាពច្បាស់លាស់និងគួរឲ្យទុកចិត្ត ពោលគឺម្តង គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតច្រើនជាងគណបក្សប្រជាជនកម្ពុជា ហើយម្តង គណបក្សប្រជាជនកម្ពុជា បែរជាទទួលបានសំឡេងឆ្នោតច្រើនជាង គណបក្សសង្គ្រោះជាតិ ទៅវិញ។ ក្រៅពីខេត្តស្វាយរៀង គ.ជ.ប ក៏នឹងរាប់សន្លឹកឆ្នោតឡើញវិញ នៅតាមការិយាល័យចំនួន៩ ក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ផងដែរ។ ការរាប់សន្លឹកឆ្នោតឡើញវិញ ក្នុងខេត្តបាត់ដំបង នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧៕ | ភ្នំពេញ៖ ការរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមការិយាល័យបោះឆ្នោតទាំង២៣ ក្នុងឃុំដួង ស្រុករមាសហែក ខេត្តស្វាយរៀង បានចប់សព្វគ្រប់ហើយ។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ |
ក្រៅពីជាប់ពន្ធនាគារ តុលាការ ក៏តម្រូវឲ្យលោក សួន សេរីរដ្ឋា បង់ប្រាក់១០លានរៀល ចូលទៅរដ្ឋផងដែរ។ តុលាការ បានបើកសវនាការលើសំណុំរឿងរបស់លោក សួន សេរីរដ្ឋា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែក្រោយបញ្ចប់សវនាការ តុលាការ ពុំបានប្រកាសសាលក្រមភ្លាមៗនោះទេ ដោយរង់ចាំប្រកាសនៅរសៀលថ្ងៃសុក្រនេះវិញ។ លោក សួន សេរីរដ្ឋា បានរងបទចោទចំនួនបី គឺ «បទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ប្រធានគណបក្សអំណាចខ្មែររូបនេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ក្រោយបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដែលសមត្ថកិច្ចនិងតុលាការ ចាត់ទុកថា ធ្វើឲ្យកងទ័ព មិនគោរពបទបញ្ជា ហើយអាចប៉ះពាល់ដល់សន្តិសុខជាតិ។ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា បានសរសេរយ៉ាងដូច្នេះថា៖« [.] ពេលសង្គ្រាមកើតឡើងជាមួយប្រទេសឡាវ លទ្ធផល មិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយប្រទេសសៀមទេ គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា។ ហើយមេទ័ព នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីយ៉ាងគគ្រឹកគគ្រេង។ [ .]»។ ការសរសេររបស់លោក សួន សេរីរដ្ឋា គឺស្ថិតក្នុងអំឡុង ដែលរដ្ឋាភិបាលកម្ពុជា កំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសឡាវ។ ពេលនោះ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន បានបញ្ជូនកងទ័ពនិងសព្វាវុធ ទៅកាន់តំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង ដែលកងទ័ពឡាវ ចូលមកឈរជើង។ តែកងទ័ពឡាវ បានចាកចេញពីតំបន់នោះវិញ បន្ទាប់ពីការចរចារវាងសម្តេច ហ៊ុន សែន និងលោក ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ៕ | ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ តុលាការរាជធានីភ្នំពេញ បានប្រកាសទោសរបស់លោក សួន សេរីរដ្ឋា យ៉ាងដូច្នេះ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។ |
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបជាមួយលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតសហព័ន្ធម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងពិធីបុណ្យជាតិលើកទី៦៦របស់ប្រទេសម៉ាឡេស៊ី។ តាមរយៈជំនួបនេះថ្នាកដឹកនាំកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបន្តពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជនយ៉ាងប្រសើរ។ ជាក់ស្តែង ទំហំពាណិជ្ជកម្ម បានកើនឡើងពី៥០០លានដុល្លារ នៅឆ្នាំ២០២១ ដល់៦២០លានដុល្លារ នៅឆ្នាំ២០២២។ លោក ហេង សួរ លើកឡើងបែបនេះ ៖ «ម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា»។ ចំណែកភ្ញៀវទេសចរម៉ាឡេស៊ី ដែលមកទស្សនានៅកម្ពុជាវិញ ក៏បានកើនឡើងជាលំដាប់ដែរ។ ក្នុងឆ្នាំ២០២០ មានភ្ញៀវទេចរពីម៉ាឡេស៊ីជាង២.៥ម៉ឺននាក់ ហើយឆ្នាំ២០២២ កើនឡើងមកដល់ជាង៥.៣ម៉ឺននាក់។ បើគិតត្រឹម៧ខែដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរម៉ាឡេស៊ីជាង៥.២ម៉ឺននាក់បានមកទស្សនានៅកម្ពុជា។ នេះបើតាម លោក ហេង សួរ ។ បច្ចុប្បន្នប្រជាពលរដ្ឋនិងនិស្សិតខ្មែរ មានជាង២.២ម៉ឺននាក់ កំពុងបំពេញការងារ និងសិក្សានៅម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ៕ | ភ្នំពេញ៖ ទំហំពាណិជ្ជកម្ម និងកំណើនភ្ញៀវទេសចរ រវាងកម្ពុជានិងម៉ាឡេស៊ី បានបន្តកើនឡើងជាបន្តបន្ទាប់។ ៧ខែនេះ ទំហំពាណិជ្ជកម្មភាគីទាំងពីរ ចំនួន៣៧៧លានដុល្លារ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញផ្សាយ។ |
ឆ្លៀតពេលប្រារព្ធ«ទិវាអាមេរិក» នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៣ ខែមិថុនា លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បាននិយាយពីជំនួយរបស់ប្រទេសមហាអំណាចមួយនេះ សម្រាប់ចូលរួមអភិវឌ្ឍខេត្តសៀមរាប។ នៅក្នុងខេត្តនេះ លោកថា រដ្ឋាភិបាលអាមេរិក បានជួយផ្នែកសេវាសុខាភិបាល ផ្នែកវប្បធម៌ កសិកម្ម និងការអប់រំ តាមរយៈការផ្តល់អាហារូបករណ៍សិស្សនៅខេត្តនេះទៅសិក្សានៅអាមេរិក។ ជាងនេះទៅទៀត លោកបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនួញអាមេរិក បានមកវិនិយោគនៅខេត្តសៀមរាបជាបន្តបន្ទាប់ ដោយបង្កើតការងារសម្រាប់ប្រជាជនខ្មែរជាច្រើនកន្លែង និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក។ លោកឯកអគ្គរដ្ឋទូត ក៏បានឲ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៦ ភ្ញៀវទេសចរអាមេរិកជាង ២ សែននាក់ បានមកទស្សនាកម្ពុជា៕ សូមទស្សនាលោកឯកអគ្គរដ្ឋទូតដែលមានភរិយាជាជនខ្មែរ និយាយជាភាសាខ្មែរខាងក្រោម៖ | សៀមរាប៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជ្រើសរើសយកខេត្តសៀមរាប ដើម្បីប្រារព្ធពិធីអបរសាទរ«ទិវាអាមេរិក» (America Day) ។ ស្ថានទូតនេះ បានរៀបចំកម្មវិធីនានានៅក្នុងខេត្តសៀមរាប ដើម្បីអបអរទិវាអាមេរិក មានដូចជាកម្មវិធីពិព័រណ៍ការសិក្សានៅអាមេរិក និងពិធីជប់លៀង ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ចូលរួមផងដែរ។ |
ជារឿងគួរភ្ញាក់ផ្អើល ក្នុងការប្រកួតវគ្គ១៦ក្រុមក្នុងកីឡដ្ឋានដ៏តូច Abdullah bin Khalifa រវាងក្រុមខ្លាំងអ៊ីរ៉ង់ដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាងស៊ីរីដល់ទៅ៧០លេខ បានបញ្ចប់ក្នុងលទ្ធផល ១-១ ក្រោយប្រកួត ១២០នាទី។ នៅទីបំផុត អ្វីដែលអាចបញ្ចប់ក្តីលើទីលានបន្ទាប់ពីធ្វើសកម្មភាពជាងពីរម៉ោង គឺការទាត់បាល់ប៉េណាល់ទីមិនចូលមួយគ្រាប់របស់កីឡាករស៊ីរី Fahd Youssef ដែលត្រូវបានអ្នកចាំទីអ៊ីរ៉ង់ Alireza Beiranvand សង្គ្រោះបាន។ អ៊ីរ៉ង់ដែលាម្ចាស់ជើងឯក Asian Cup ៣សម័យ ឈ្នះស៊ីរីដោយទាត់បាល់១១ម៉ែត្រ ៥-៣។ ក្រោយពេលដែល Ehsan Hajsafi ស៊ុតប៉េណាល់ទីគ្រាប់ទី៥បានសម្រេចឱ្យអ៊ីរ៉ង់ភ្លាម កីឡាករស៊ីរីក្រាបដល់ស្មៅ ស្របពេលអ្នកគាំទ្រទាំងចាស់ក្មេងដែលគូសរូបទង់ជាតិស៊ីរីនៅនឹងមុខបានស្រែកយំ។ មានអ្នកតួញសោក ប៉ុន្តែអ្នកគាំទ្រមួយចំនួន អះអាងថាពួកគេមានមោទកភាពយ៉ាងខ្លាំងចំពោះក្រុមស៊ីរី ដែលអាចទទួលបានលទ្ធផលនេះជាមួយអ៊ីរ៉ង់។ កីឡាករអ៊ីរ៉ង់ លួងលោមកីឡាករស៊ីរី ក្រោយចាញ់ដោយបាល់កាត់ក្តីប៉េណាល់ទី អ្នកគាំទ្រស៊ីរីម្នាក់ ឈ្មោះ Yazbek បានប្រាប់ Al Jazeera ថាក្រុមស៊ីរីបានផ្គាប់ចិត្តខ្លួនគ្រប់យ៉ាងក្នុងពានរង្វាន់អាស៊ីឆ្នាំ២០២៣នេះ។ «ខ្ញុំមានមោទកភាព និងនៅតែមានស្នាមញញឹមចំពោះក្រុមស៊ីរី»។ ដោយឡែកលោក Mohammed Abdullah អ្នកគាំទ្រជនជាតិស៊ីរីម្នាក់ទៀត មើលឃើញថាសមាជិកក្រុមស៊ីរីបានពុះពាគ្រប់ឧបសគ្គទាំងបញ្ហាសង្គ្រាមក្រុងស្រុកកំពុងបន្ត ប៉ុន្តែពួកគេនៅតែអាចធ្វើបានល្អ។ លោក Abdullah បន្ថែមថា ដោយសារកីឡាបាល់ទាត់ ទើបប្រជាជនស៊ីរីមានក្តីស្រឡាញ់គ្នាទៅវិញទៅមក ទោះអ្នកខ្លះនៅក្រៅប្រទេសក៏ដោយ។ ត្រូវត្រឡប់ទៅផ្ទះវិញ ប៉ុន្តែក្រុមស៊ីរី និងអ្នកគាំទ្ររួមគ្នាផ្តោតអារម្មណ៍ទៅកាន់វគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦។ ឆ្លងផុតវគ្គ១៦ក្រុម អ៊ីរ៉ង់ ត្រូវបន្តជួបជប៉ុននៅគ្គ៨ក្រុមចុងក្រោយ។ ជប៉ុន ម្ចាស់ជើងឯក៤សម័យច្រើនជាងគេ បានទម្លាក់បារែននៅវគ្គ១៦ក្រុម ក្នុងលទ្ធផល ៣-១។ ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៣ មាន៖ ម្ចាស់ផ្ទះ និងជាម្ចាស់ការពារជើងឯក កាតា ប៉ះអ៊ូសបេគីស្ថាន, អូស្ត្រាលី ជួបកូរ៉េខាងត្បុង, តាហ្ស៊ីគីស្ថាន ជួបហ្សកដានី និង អ៊ីរ៉ង់ តទល់ជប៉ុន។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២ និងទី៣ ខែកុម្ភៈ៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ឡើងជួបក្រុមជម្រើសជាតិជប៉ុន វគ្គ៨ក្រុមចុងក្រោ AFC Asian Cup ឆ្នាំ២០២៣ នៅកាតា។ អ៊ីរ៉ង់ ដែលសល់គ្នា១០នាក់ ឈ្នះស៊ីរី ៥-៣ ដោយបាល់ប៉េណាល់ទី នៅវគ្គ១៦ក្រុម នៅថ្ងៃទី៣១ ខែមករា។ អ្នកគាំទ្រស៊ីរី ស្រែកយំផង និងមោទនភាពផង ចំពោះបរាជ័យក្រោមដៃក្រុមខ្លាំងអ៊ីរ៉ង់ទាំងប្រផិតប្រផើយ។ |
នាការប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រ ពេជ្រ ម្ទេសខ្មាំង បានយកឈ្នះកីឡាករសិង្ហបុរី Danial Abdul Jalil មុនពេលដែលកីឡាករហ្វីលីពីន Mario Fernandez ទម្លាក់កីឡាករវៀតណាម Tran Phu Cuong ក្នុងប្រភេទទម្ងន់៥៦គីឡូក្រាមដូចគ្នា។ Mario Fernandez គឺជាម្ចាស់មេដាយមាសពីរជំនាន់ជាប់ៗគ្នា (ឆ្នាំ២០១៣នៅមីយ៉ាន់ម៉ា និងឆ្នាំ២០១៥នៅសិង្ហបុរី) ហើយក៏ជាម្ចាស់មេដាយប្រាក់កីឡា Asian Games កាលពីឆ្នាំ២០១៤ផងដែរ។ Fernandez ស្ថិតក្នុងចំណោមកីឡាករហ្វីលីពីន៥នាក់ ដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃអង្គារនេះ តាមប្រភេទទម្ងន់ផ្សេងៗគ្នា។ ពេជ្រ ម្ទេសខ្មាំង ជាកីឡាករតែម្នាក់គត់ក្នុងចំណោម៥នាក់នៃក្រុមជម្រើសជាតិកម្ពុជា ដែលបានឈានចូលតំបន់មេដាយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ីនេះ។ កាលពីថ្ងៃអាទិត្យ កីឡាករ សាន តុលា កីឡាករ ហង្ស រ៉ាម៉ន និងកីឡាករ ផល សុភ័ណ្ឌ សុទ្ធតែរងនូវការខកចិត្តរៀងៗក្នុងការប្រកួតប្រភេទទម្ងន់រៀងៗខ្លួន។ ជាមួយគ្នានេះផងដែរ កីឡាករដើមកំណើតគុយបា ហ្វីលីក ម៉ឺលីន ម៉ាទីន បានរងបរាជ័យក្រោមកណ្តាប់ដៃរបស់កីឡាករហ្វីលីពីនដើមកំណើតអង់គ្លេស Marvin John Noble Tupas នាវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃប្រភេទទម្ងន់៨១គីឡូក្រាម។ កីឡាករដើមកំណើតគុយបា ហ្វីលីក របស់កម្ពុជា រងការបង្គ្រប់ពី Marvin កីឡាករហ្វីលីពីនដើមកំណើតអង់គ្លេស។ រូបថត NOCC/NagaWorld Marvin បានធ្វើឲ្យ ហ្វីលីក បានបាត់ជំហរជាច្រើនលើក រហូតដល់អាជ្ញាកណ្តាលរាប់ដល់៨ចំនួន២លើកផងដែរ។ បើទោះបីជាស្ទើរតែបាត់បង់ជំហរក៏ដោយ ក៏ ហ្វីលីក តស៊ូរហូតដល់បញ្ចប់ទឹកទី៣ មុនពេលអាជ្ញាកណ្តាលប្រកាសជ័យជម្នះសម្រាប់កីឡាករហ្វីលីពីន។ រីឯការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតក្នុងទម្ងន់៥៦គីឡូក្រាម កីឡាករថៃ Chatchai Butdee ប្រកួតជាមួយកីឡាករឡាវ Chansamone Vilaysack។ កីឡាករដែលឈ្នះត្រូវបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាករដែលរងបរាជ័យ ទទួលបានមេដាយសំរឹទ្ធស្ទួន៕ | កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ពេជ្រ ម្ទេសខ្មាំង ដែលមានឈ្មោះដើមថា ណាត សៀកនិន ត្រូវប៉ះជាមួយកីឡាករហ្វីលីពីន Mario Fernandez នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅសង្វៀននៃមជ្ឈមណ្ឌលពិព័រណ៌ MiTEC នាវេលាម៉ោង៣រសៀលថ្ងៃពុធ ទី២២ ខែសីហា នេះ។ |
បើតាមរបាយការណ៍របស់ធនាគារពិភពលោក GDP របស់ឡាវបានកើនឡើង ២,៧ភាគរយក្នុងឆ្នាំ២០២២ ដែលគាំទ្រដោយការកើនឡើងនៃវិស័យទេសចរណ៍ និងសេវាកម្មផ្សេងទៀត។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករ ថានឹងកើនឡើងដល់ ៣,៩ភាគរយក្នុងឆ្នាំ ២០២៣ ឬក៏អាចដល់ ៤,៣ភាគរយក្នុងរយៈពេលមធ្យមប្រសិនបើសេវាកម្ម និងការនាំចេញបន្តងើបឡើងវិញ។ តម្រូវការខាងក្រៅត្រូវបានគេរំពឹងថានឹងជំរុញការផលិត និងការនាំចេញកសិកម្ម ខណៈដែលឧស្សាហកម្មនឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទោះបីជាគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែង ដែលជួយឱ្យប្រាក់គីបមានស្ថិរភាពនៅដើមឆ្នាំ ២០២៣ ក៏ដោយ ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណ និងការកើនឡើងតម្លៃពិភពលោកបាននាំឱ្យឡាវមានអតិផរណារហូតដល់ ៤០ភាគរយកាលពីខែមេសាឆ្នាំនេះ ។ ជាលទ្ធផល នៅចុងឆ្នាំ ២០២២ ចំនួន ៦៤ភាគរយនៃគ្រួសារឡាវបានរាយការណ៍ថា មានអំណាចទិញ (purchasing power) ទាបជាងឆ្នាំមុន។ ទោះបីជាមានការបង្រួបបង្រួមសារពើពន្ធ និងការរឹតបន្តឹងនៃការចំណាយក៏ដោយ ប្រាក់ចំណូលក្នុងស្រុកនៅតែទាបជាងមុនកំឡុងពេលរាលដាលជំងឺកូវីដ-១៩ ហើយជាមួយនឹងកាតព្វកិច្ចសេវាបំណុលខ្ពស់ ធនធានតិចតួចនៅតែគាំទ្រគ្រួសារក្រីក្រ ឬវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ។ លោក Alex Kremer ប្រធានធនាគារពិភពលោកប្រចាំប្រទេសឡាវបាននិយាយថា ៖« ជាមួយនឹងអតិផរណាដែលបំផ្លាញថាមពលនៃការចំណាយរបស់ប្រជាជន និងការវិនិយោគលើធនធានមនុស្សធ្លាក់ចុះ គ្រួសារជាច្រើនប្រឈមនឹងការធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ វាមានសារៈសំខាន់ណាស់ក្នុងការបង្កើនប្រាក់ចំណូលរបស់រដ្ឋ ធ្វើអោយប្រសើរឡើងនូវគុណភាពនៃការវិនិយោគសាធារណៈ ពង្រឹងការត្រួតពិនិត្យធនាគារ នាំយកការចរចាបំណុល និងធ្វើឱ្យច្បាប់សម្រាប់ការវិនិយោគឯកជនមានភាពសាមញ្ញ»។ កំណើនទាប និងតម្រូវការសេដ្ឋកិច្ចក្នុងតំបន់ ក៏អាចរារាំងកំណើននៅឡាវផងដែរ ខណៈពេលដែលអតិផរណានៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន នៅតែបង្កើនអត្រាការប្រាក់បន្ថែម ដែលអាចបង្កើនសម្ពាធជាថ្មីលើប្រាក់គីប។ ហានិភ័យក្នុងស្រុករួមមានបញ្ហាក្នុងការផ្តល់ហិរញ្ញប្បទានបំណុលខាងក្រៅ វឌ្ឍនភាពយឺតលើកំណែទម្រង់រចនាសម្ព័ន្ធ និងការធ្វើឱ្យតារាងតុល្យការធនាគារកាន់តែយ៉ាប់យ៉ឺន។ កង្វះកម្លាំងពលកម្ម ដោយសារកម្មករឡាវស្វែងរកប្រាក់ឈ្នួលខ្ពស់នៅបរទេស ក៏អាចធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកនៃការស្តារឡើងវិញក្នុងវិស័យកសិកម្ម ផលិតកម្ម និងសេវាកម្មផងដែរ។ ផ្អែកតាមរបាយការណ៍របស់ធនាគារពិភពលោក គ្រួសារដែលមានចំណូលទាបមានទំនោរងាយរងគ្រោះដោយសារអតិផរណា ដែលបានប៉ះពាល់ស្ទើរតែ៩០ភាគរយ ដោយសារកង្វះទុនបម្រុងហិរញ្ញវត្ថុដើម្បីដោះស្រាយជាមួយថ្លៃនៃការរស់នៅខ្ពស់។ ការស្ទង់មតិរបស់ World Bank បង្ហាញថា ជាងបីភាគបួននៃគ្រួសារដែលរងផលប៉ះពាល់ បានកាត់បន្ថយការប្រើប្រាស់ម្ហូបអាហារ ឬប្តូរទៅអាហារថោកជាង ខណៈដែលជាងពាក់កណ្តាលបានកាត់បន្ថយការចំណាយលើការអប់រំ និងការថែទាំសុខភាព ដើម្បីឆ្លើយតបទៅនឹងអតិផរណា។ ដើម្បីជួយគ្រួសារទប់ទល់នឹងអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យរៀបចំគោលនយោបាយសារពើពន្ធឡើងវិញ ដើម្បីផ្តល់លទ្ធភាពដល់ការឧបត្ថម្ភឱ្យដល់គោលដៅទៅជនក្រីក្រ និងងាយរងគ្រោះ។ ចាកចេញឱ្យឆ្ងាយពីការកាត់បន្ថយពន្ធ និងការលើកលែងពន្ធ ដូចជាការផ្ទេរសាច់ប្រាក់តាមគោលដៅនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលការពារជីវភាពរស់នៅពីការប៉ះទង្គិចតម្លៃ នៅពេលដែលតម្លៃសារពើពន្ធតូចជាងមុន៕ | បំណុលបរទេសដ៏ច្រើន តម្លៃនាំចូលខ្ពស់ និងកង្វះរូបិយប័ណ្ណបរទេសបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់គីបរបស់ឡាវ។ អត្រាអតិផរណាខ្ពស់កំពុងធ្វើឱ្យប្រាក់ចំណូលគ្រួសារពិត (Real Income) ធ្លាក់ចុះ។ កត្តាទាំងនេះ បានទាញទម្លាក់សេដ្ឋកិច្ចឡាវមានកំណើនតិចតួចបំផុត បើទោះបីជាផ្លូវដែកឡាវ-ចិនបានជួយសម្រួលដល់ការធ្វើដំណើរ និងលំហូរពាណិជ្ជកម្មនៃការងើបឡើងវិញនៃសេដ្ឋកិច្ចខ្លះក៏ដោយ។ |
តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ជំងឺមហារីកបានសម្លាប់មនុស្សនៅទូទាំងពិភពលោកជិត ១០ លាននាក់មកហើយក្នុងឆ្នាំ ២០២០។ ជំងឺមហារីកភាគច្រើន កើតឡើងលើសរីរាង្គដូចជា សុដន់ សួត និងពោះវៀនធំ។ នៅមុនពេលមានការរីករាលដាលជំងឺកូវីដ-១៩ អត្រាអ្នកកើតជំងឺមហារីកបានធ្លាក់ចុះ ប៉ុន្តែក្រោយមានជំងឺកូវីដ-១៩ អត្រាអ្នកជំងឺមហារីកបានកើនឡើង ដោយសារពួកគេមានការលំបាកក្នុងការទៅធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល។ បច្ចុប្បន្នការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាវិធីសាស្ត្រព្យាបាលជំងឺមហារីកមានភាពទំនើប និងមានប្រសិទ្ធភាពណាស់ ដែលទំនងជាអាចជួយទប់ទល់នឹងជំងឺមហារីកជាសកលបាន។ ទាំងនេះជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវីធីសាស្ត្រព្យាបាលជំងឺមហារីក៖ ១. ការប្រើបញ្ញាសិប្បនិម្មិតដើម្បីធ្វើរោគវិនិច្ឆ័យមហារីក (Artificial intelligence fights cancer) ឥណ្ឌាកំពុងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនដែលអាចសិក្សាពីការវិវដ្តនៃជំងឺមហារីក។ វិធីនេះអាចជួយដល់ដំណើរធ្វើរោគវិនិច្ឆ័យជំងឺមហារីកទូទៅដូចជាមហារីកសុដន់ ហើយវាក៏ប្រើសម្រាប់វិភាគលទ្ធផលថតកាំរស្មី X (X-ray) ដើម្បីកំណត់ទីតាំងមហារីកក្នុង ករណីដែលគ្រូពេទ្យជំនាញមិនអាចបកស្រាយដោយមើលនឹងភ្នែកបាន។ ២. ការយក DNA របស់កោសិកាមហារីកមកវិភាគ (Clues in the DNA of cancer) អ្នកវិទ្យាសាស្ត្របានអះអាងថា ការយកព័ត៌មានសេនេទិច (DNA) ចេញពីដុំសាច់ដែលកើតជំងឺមហារីកទៅវិភាគអាចធ្វើឱ្យដឹងពីមូលហេតុបង្កជំងឺ។ អ្នកជំនាញផ្នែកមហារីកអាចយកវិធីនេះកំណត់អត្តសញ្ញាណដុំសាច់នៃជំងឺមហារីកទៅតាមប្រភេទ ព្រោះជំងឺមហារីកប្រភេទខុសគ្នាមានការវិវដ្តខុសគ្នា។ ៣, ការដកជាលិកាមហារីកតាមឈាម ឬសំយោគជាលិកាមហារីក (Liquid and Synthetic biopsies) ការដកជាលិកា គឺជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យជំងឺមហារីកមួយដែលត្រូវការការវះកាត់ដកយកជាលិកាចេញពីសរីរាង្គមានជំងឺក្នុងរាងកាយ ហើយយកទៅវិភាគនៅក្នុងមន្ទីរពិសោធន៍។ ពេលខ្លះការដកជាលិកាមហារីកអាចធ្វើបានតាមរយៈឈាម ព្រោះវាងាយស្រួលជាងដោយមិនបាច់វះកាត់។ មួយវិញទៀត គេអាចដកយកជាលិកាទៅសំយោគដើម្បីឱ្យកោសិកាមហារីកឆាប់ចេញប្រតិកម្មលឿន ងាយស្រួលព្យាបាល។ ៤, ការប្រើតេស្តឈាមផ្អែកលើប្រូតេអ៊ីនដែលត្រូវបានផ្តល់ឱ្យកោសិកាមហារីក អ្នកវិទ្យាសាស្ត្រ បានប្រើការតេស្តឈាមដែលមានប្រូតេអ៊ីនផ្តល់ឱ្យដោយ EV ដែលជាអ្នកគ្រប់គ្រងទំនាក់ទំនងរវាងកោសិកានឹងកោសិកា។ វាត្រូវបានប្រើភាគច្រើនក្នុងការវិនិច្ឆ័យមហារីកលំពែង ស្បូន និងតម្រងនោមនៅដំណាក់កាលទី ១និង ២។ ៥, ការព្យាបាលមហារីកដោយប្តូរកោសិកា T នៃប្រព័ន្ធភាពស៊ាំ (CAR T-cell therapy) វាជាវិធីព្យាបាលដែលដកយកកោសិកា T នៃប្រព័ន្ធភាពស៊ាំអ្នកជំងឺមហារីកទៅប្ដូរក្នុងមន្ទីរពិសោធន៍ដោយបន្ថែមប្រូតេអ៊ីន CAR (Chimeric antigen receptor) ហើយផ្តល់ទៅឱ្យអ្នកជំងឺវិញដោយការចាក់បញ្ចូល។ ការព្យាបាលដោយ CAR T-cell ត្រូវបានប្រើដើម្បីព្យាបាលជំងឺមហារីកឈាមមួយចំនួន ហើយវាកំពុងត្រូវបានសិក្សាដើម្បីព្យាបាលជំងឺមហារីកប្រភេទផ្សេងទៀត។ ៦, ការព្យាបាលដុំសាច់ (Precision oncology) ការព្យាបាលដុំសាច់ជាក់លាក់ជាវិធីព្យាបាលជំងឺមហារីកថ្មីល្អបំផុត។ ការកំណត់ និងព្យាបាលដុំសាច់ជាក់លាក់អាចធ្វើឱ្យគ្រូពេទ្យកំណត់អត្តសញ្ញាណ និងការផ្លាស់ប្ដូរនៃកោសិកាដែលអាចវិវដ្តទៅរកជំងឺមហារីក។ ការព្យាបាលលើដុំសាច់ជាក់លាក់មានភាពល្អប្រសើរជាងការព្យាបាលទូទៅជាមួយសារធាតុគីមី ព្រោះវាអាចប៉ះពាល់កោសិកាតិចតួច និងមានផលវិបាកតិចតួចប៉ុណ្ណោះ៕ | ជំងឺមហារីក គឺជាឃាតករដ៏សាហាវមួយដែលសម្លាប់មនុស្សជិត ១០លាននាក់ទូទាំងពិភពលោកក្នុងឆ្នាំ ២០២០។ កន្លងមក អ្នកវិទ្យាសាស្ត្រ បានខិតខំរកវិធីធ្វើរោគវិនិច្ឆ័យឱ្យដឹងពីស្ថានភាពជំងឺមហារីក ដើម្បីព្យាបាលជំងឺនេះ។ បច្ចុប្បន្ន គេបានរកឃើញវិធីសាស្ត្រថ្មីធ្វើរោគវិនិច្ឆ័យជំងឺមហារីកចំនួន៤ រួមទាំងវិធីព្យាបាលចំនួន ២។ នេះបើតាមការចុះផ្សាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ |
ប្រធានាធិបតីបារាំង អាម៉ានុយអ៊ែល ម៉ាក្រុង និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជជែកតាមទូរស័ព្ទនៅថ្ងៃទី៤ ខែមករា។ ក្រោយជំនួបនេះ មន្រ្តីបារាំងអះអាងថា បារាំងនឹងផ្ដល់រថក្រោះធុនស្រាល AMX-10 RC ផលិតក្នុងប្រទេសខ្លួនទៅឱ្យអ៊ុយក្រែនដើម្បីជួយទប់ទល់ប្រឆាំងរុស្ស៊ី។ ជំនួយបារាំងលើកនេះនឹងធ្វើឱ្យអ៊ុយក្រែនទទួលបានរថក្រោះផលិតនៅប្រទេសលោកខាងលិចជាលើកដំបូង ខណៈកន្លងមកអ៊ុយក្រែនទទួលបានរថក្រោះពីប៉ូឡូញ និងឆែកជាង២រយគ្រឿងដែរតែផលិតដោយសូវៀត។ «លោកប្រធានាធិបតីចង់បង្កើនជំនួយដល់អ៊ុយក្រែន តាមរយៈការប្រគល់រថក្រោះធុនស្រាល AMX-10 RC»។ វាជាលើកទីមួយហើយដែលរថក្រោះរចនាដោយលោកខាងលិចនឹងត្រូវផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។ ជំនួយការរបស់មេដឹកនាំបារាំងម្នាក់ ប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំង២។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ពីចំនួនរថក្រោះដែលបារាំងប្រគល់ឱ្យអ៊ុយក្រែនឡើយ និងពេលវេលាប្រគល់ជាក់លាក់ដែរ។ ក្រសួងការពារជាតិបារាំងអះអាងថា នឹងពិភាក្សាបន្តជុំវិញបញ្ហានេះក្នុងពេលឆាប់ៗ។ កន្លងមក លោក ម៉ាក្រុង ប្រកាន់ជំហរប្រយ័ត្នប្រយែងច្រើនចំពោះវិបត្តិអ៊ុយក្រែន ហើយក៏ធ្លាប់រងការរិះគន់ចំពោះការប្រកាន់ជំហរទន់ភ្លន់ និងការជជែកជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ផងដែរ។ នេះដោយសាររាល់ការផ្គត់ផ្គង់យន្តហោះចម្បាំង មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ និងរថក្រោះ ត្រូវបានកំណត់ថាជាសកម្មភាពបង្កជម្លោះ ដែលបង្កហានិភ័យបន្ថែមលើភាពតានតឹងមានស្រាប់រវាងរុស្ស៊ី ជាមួយប្រទេសលោកខាងលិច។ ចំណែកលោក ហ្សេលេនស្គី បានអរគុណលោក ម៉ាក្រុងសម្រាប់ការសម្រេចចិត្តផ្ដល់រថក្រោះធុនស្រាលមកឱ្យអ៊ុយក្រែនក៏ដូចជារថពាសដែកដឹកទាហាន Bastion ។ មេដឹកនាំអ៊ុយក្រែនបន្ថែមថា ការដឹកនាំរបស់លោកម៉ាក្រុង នឹងនាំជ័យជម្នះឱ្យអ៊ុយក្រែន ដែលកាន់តែខិតជិតមកដល់។ ពីមុន ទីក្រុងប៉ារីសបានបញ្ជូនកាំភ្លើងធំទំនើបៗ រថពាសដែក មីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ អ៊ុយក្រែនក៏ទទួលបានសព្វាវុធជាច្រើនប្រភេទទៀតពីបណ្ដាប្រទេសលោកខាងលិចដទៃ ពិសេសអាម៉េរិកដែលជាម្ចាស់ជំនួយយោធាដ៏ធំ។ ទោះយ៉ាងណា លោក ហ្សេលេនស្គី នៅតែបន្តស្នើម្តងហើយម្តងទៀតដល់សម្ពន្ធមិត្តលោកខាងលិច ពិសេសអាល្លឺម៉ង់ឱ្យផ្ដល់រថក្រោះធុនធ្ងន់ Leopard ដែលផលិតដោយអាល្លឺម៉ង់ផ្ទាល់៕ | បារាំង នឹងក្លាយជាប្រទេសដំបូងគេដែលផ្ដល់រថក្រោះផលិតដោយលោកខាងលិចទៅឱ្យអ៊ុយក្រែន។ នេះបើតាមការប្រកាសរបស់ជំនួយការប្រធានាធិបតីបារាំងនៅថ្ងៃទី៤ ខែមករាក្រោយជំនួបជាមួយមេដឹកនាំអ៊ុយក្រែន។ |
តាមរយៈសាររបស់ស្ថានទូតអាមេរិក បានរំឮកប្រាប់ប្រជាជនអាមេរិកថា ស្ថានការណ៍នៅប្រទេសកម្ពុជា មានការចាប់ខ្លួនអ្នកនយោបាយជាច្រើននាក់ ,មានការបណ្ដេញអង្គការសង្គមស៊ីវិល និងបុគ្គលិកបរទេសចេញពីកម្ពុជា ,ការប្រឆាំងរាល់សម្ដីរបស់អាមេរិក ពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងបញ្ហាតានតឹងជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជានេះផងដែរ។ ទូតអាមេរិក បានសរសេរលើហ្វេសប៊ុកខ្លួន ជាភាសារអង់គ្លេសប្រាប់ពលរដ្ឋខ្លួន ដោយមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ទោះបីជាយ៉ាងណាស្ថានទូត មិនអាចបញ្ជាក់ព័ត៌មានឲ្យបានច្បាស់ចំពោះគម្រោងនៃការធ្វើបាតុកម្មនានា ឬក៏បញ្ហាសន្តិសុខនៅពេលនេះបានទេ។ ប៉ុន្តែយើងជំរុញឲ្យប្រជាជនអាមេរិកទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ។ ហើយទោះជាការតវ៉ា ឫក៏ព្រឹត្តិការណ៍ដែលកើតឡើងនោះ ក្នុងគោលបំណងស្វែងរកសន្តិភាពក្តី ក៏អាចវិលត្រឡប់ទៅជាការប្រឈមមុខដាក់គ្នា ឬក៏អាចក្លាយទៅជាការប្រើអំពើហិង្សាដ៏ធំដោយគ្មានការជូនដំណឹងជាមុនផងដែរ»។ បន្ថែមពីនេះស្ថានទូតអាមេរិក បានប្រាប់ប្រជាជនអាមេរិក ឲ្យចៀសឆ្ងាយពីកន្លែងដែលមានមនុស្សឈកុះករ និងប្រមូលផ្ដុំគ្នាជាដើម។«ប្រជាជនអាមេរិកគួរតែប្រុងប្រយ័ត្នដោយធ្វើដំណើរទៅទីកន្លែងណាដែលមានសន្តិសុខខ្ពស់ ដោយត្រូវត្រួតពិនិត្យមើលព័ត៌មានទីនោះឲ្យបានច្បាស់លាស់ ហើយមិនត្រូវធ្វេសប្រហែសចំពោះបញ្ហាសន្តិសុខផ្ទាល់ខ្លួននោះទេ។ ជាពិសេសត្រូវដឹង និងប្រុងប្រៀបជាមុន ចំពោះអ្វីដែលនៅជុំវិញខ្លួន ហើយនឹងការរៀបចំគម្រោងសកម្មភាពខ្លួនឲ្យបានសមស្រប»។ នេះជាសារដាស់តឿនរបស់ស្ថានទូតអាមេរិក ទៅកាន់ប្រជាជនខ្លួន។ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកសាររបស់ស្ថានទូតអាមេរិកនេះ គឺជាការបំផុសបំផុលព័ត៌មានមិនពិត លាបពណ៌មកលើប្រទេសកម្ពុជា។ លោក ផៃ ស៊ីផាន បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«ស្ថានទូតអាមេរិកចេញសារព្រមានដល់ពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្ន ទាំងការស្នាក់នៅ និងធ្វើដំណើរនៅកម្ពុជា ដោយសារបញ្ហាតានតឹងសព្វថ្ងៃ។ នេះជាយុទ្ធនាការបំផុសបំផុលបង្កើតរឿងខុសពីការពិតនៅកម្ពុជា»។ | ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសារប្រាប់ពលរដ្ឋខ្លួន ដែលកំពុងរស់នៅកម្ពុជា ឲ្យមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាអសន្តិសុខ ។ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុកសាររបស់ស្ថានទូតអាមេរិកនេះ គឺជាការបំផុសបំផុលព័ត៌មានមិនពិត លាបពណ៌មកលើប្រទេសកម្ពុជា។ |
នាព្រឹកថ្ងៃទី០៩ មីនានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតប្រជែងការអាន ការស្មូតកំណាព្យ និងការតែងនិពន្ធ។ ការរៀបចំការប្រកួតប្រជែងនេះ គឺដើម្បីជ្រើសរើសសិស្សឲ្យចូលរួមការអាន ក្នុងទិវាអំណាននាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ខាងមុខ។ ក្រសួងអប់រំ ក៏បានដាក់នូវវិញ្ញាសាចំនួន ៣ សម្រាប់សិស្សានុសិស្សចូលរួមប្រកួតប្រជែងផងដែរ ដោយវិញ្ញាសាការអានអត្ថបទ ផ្ដោតសម្រាប់សិស្សថ្នាក់ទី៦, ការស្មូតកំណាព្យ សម្រាប់សិស្ស ថ្នាក់ទី៩ និងការតែងនិពន្ធ សម្រាប់សិស្សថ្នាក់ទី១២។ គណៈកម្មការសម្រាប់កម្មវិធីប្រកួតប្រជែងការស្មូតកំណាព្យនេះ មានសាស្ត្រាចារ្យល្បីៗខាងផ្នែកកំណាព្យ ដែលមានវ័យចំណាស់ ដូចជា លោកសាស្ត្រាចារ្យ វែន សុន លោកសាស្ត្រាចារ្យ យ៉ាន់ បូរិន និងអ្នកស្រី ចាន់ ធី។ នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ លោកសាស្ត្រចារ្យ យ៉ាន់ បូរិន ក៏បានជំរុញឲ្យមានកម្មវិធីប្រកួតប្រជែងនេះបន្តទៀត ហើយឲ្យមានយុវជន ចូលរួមការប្រកួតប្រជែងស្មូតកំណាព្យនេះបន្ថែមទៀត។ លោកសាស្ត្រាចារ្យ យ៉ាន់ បូរិន បានលើកឡើងថា៖ «ខ្ញុំពេញចិត្តនឹងកម្មវិធីការប្រកួតប្រជែងនេះ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ ខ្ញុំនឹងចូលរួមកម្មវិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីជំរុញការសិក្សាផ្នែកកំណាព្យដល់ស្រទាប់យុវជនបច្ចុប្បន្ន»។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ យ៉ាន់ បូរិន។ ជាសាស្ត្រាចារ្យខាងផ្នែកកំណាព្យដ៏ល្បីម្នាក់ លោក យ៉ាន់ បូរិន សំណូមពរឲ្យយុវជនបច្ចុប្បន្នជួយថែរក្សាវប្បធម៌ទាំងអស់គ្នា កុំឲ្យបាត់បង់។ ជាពិសេស កុំយកគ្រាប់ពេជ្រ ទៅដូរនឹងគ្រប់ខ្សាច់។ គួរបញ្ជាក់ថា ការប្រកួតប្រជែងនេះ មានរយៈពេល២ថ្ងៃ ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ។ បន្ថែមលើនេះ ការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ដល់ជ័យលាភីលើវិញ្ញាសាទាំង៣ ទូទាំងប្រទេសនឹងប្រព្រឹត្តទៅក្នុងកម្មវិធីប្រារព្ធទិវាអំណានថ្នាក់ជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតប្រជែងការអាន ការស្មូតកំណាព្យ និងការតែងនិពន្ធជាលើកដំបូងទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ មីនានេះ នៅវិទ្យាស្ថានជាតិអប់រំ។ ការរៀបចំការប្រកួតប្រជែងនេះ គឺដើម្បីជ្រើសរើសសិស្សឲ្យចូលរួមការអាន ក្នុងទិវាអំណាននាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ខាងមុខ។ ជាមួយគ្នានេះ លោក យ៉ាន់ បូរិន ជាគណៈកម្មការក្នុងការប្រកួតប្រជែងស្មូតកំណាព្យនេះ ក៏បានជំរុញឲ្យយុវជន ចូលរួមការប្រកួតប្រជែងស្មូតកំណាព្យផងដែរ។ |
គម្រោងច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង បានលេចរូបរាងបណ្ដើរៗហើយ ដោយទីក្រុងប៉េកាំងបានបញ្ចេញព័ត៌មានលម្អិតមួយចំនួនទាក់ទងច្បាប់ដែលហាមឃាត់ការផ្ដាច់ខ្លួន វិទ្ធង្សនា ភេរវកម្ម និងការចូលដៃជាមួយបរទេសជាដើម។ យ៉ាងណាមិញ គម្រោងច្បាប់នេះ មិនបានបញ្ជាក់ឲ្យច្បាស់សកម្មភាពខុសឆ្គង ឬទោសទណ្ឌជាក់លាក់ឡើយ។ Joshua Wong សកម្មជនគាំទ្រប្រជាធិបតេយ្យ ដែលមានជំហរប្រឆាំងចិនដាច់ខាតនោះ ជឿជាក់ថា ខ្លួនជាមុខសញ្ញាសម្រាប់ប៉េកាំងតែម្ដង។ កន្លងទៅ Wong បានប្រមូលផ្ដុំមនុស្សតវ៉ាការលូកដៃរបស់ចិនក្នុងកិច្ចការហុងកុង គៀងគរមនុស្សធ្វើបាតុកម្មប្រឆាំងចិននៅបរទេស ជួបអ្នកនយោបាយអាមេរិក អឺរ៉ុប និងកន្លែងឯទៀត។ ទីក្រុងប៉េកាំងបានហៅ Wong ជាដៃជើងរបស់បរទេស។ ដោយសារសកម្មភាពរបស់ខ្លួន អ្នកនយោបាយវ័យក្មេងរូបនេះ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនគេអាចគោលដៅរបស់ប៉េកាំងពេលច្បាប់នេះចូលជាធរមាន។ ប៉ុន្តែរូបនេះមិនភ័យខ្លាចនឹងការជាប់គុកច្រវ៉ាក់ឡើយ ព្រោះក្ដីបារម្ភធំជាងគេ គឺច្បាប់ថ្មីនេះ នឹងក្លាយជាការគំរាមលើអនាគតរបស់ហុងកុង ដែលមិនត្រឹមជារឿងផ្ទាល់ខ្លួនឡើយ។ «អ្នកសារព័ត៌មាន ក្រុមសិទ្ធិមនុស្ស អង្គការក្រៅរដ្ឋាភិបាល និងជនបរទេស អាចក្លាយជាចំណីរបស់ច្បាប់ថ្មី ព្រោះសំឡេងប្រឆាំងទាំងអស់សុទ្ធតែអាចត្រូវបានចោទពីបទញុះញង់ឲ្យធ្វើវិទ្ធង្សនា ដូចស្ថានការណ៍នៅចិន។» នេះជាការលើកឡើងរបស់លោក Wong ។ នៅប៉ុន្មានថ្ងៃខាងមុខ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន នឹងបើកកិច្ចប្រជុំម្ដងដើម្បីពិភាក្សាលើគម្រោងច្បាប់សន្តិសុខជាតិនេះ មុននឹងអនុម័ត។ ក្រោយការអនុម័ត ច្បាប់នេះនឹងបញ្ចូលទៅក្នុងមូលដ្ឋានគតិយុត្តិរបស់ហុងកុងដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងសភាហុងកុងពិភាក្សាសិនឡើយ ព្រោះវាជាច្បាប់ទាក់ទងសន្តិសុខជាតិ។ ប្រទេសលោកខាងលិច ពិសេសអាមេរិក និងអឺរ៉ុប បានបង្ហាញក្ដីបារម្ភចំពោះវាសនាសិទ្ធិស្វ័យភាពកម្រិតខ្ពស់ដែលត្រូវបានសន្យាផ្ដល់ឲ្យហុងកុងពីសំណាក់ចិនពេលទទួលយកដែនដីនេះពីអង់គ្លេសនៅឆ្នាំ១៩៩៧ ។ អាមេរិកឯណោះថែមទាំងធ្វើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីចិនដែលពាក់ព័ន្ធការការបង្កើតច្បាប់សន្តិសុខនេះទៀតផង បន្ថែមពីការដកឋានៈពិសេសជាដៃគូពាណិជ្ជកម្ម។ ចិនបានហៅការប្រឆាំងនេះ ជាការបំពានកិច្ចការផ្ទៃក្នុង៕ | សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong បាននិយាយថា ខ្លួនជាគោលដៅសំខាន់នៃច្បាប់សន្តិសុខជាតិដែលទីក្រុងប៉េកាំងកំពុងតាក់តែងដើម្បីអនុវត្តនៅប៉េកាំង។ មិនមែនតែខ្លួនឯងម្នាក់ទេ Wong ក៏បានទស្សទាយមុនថា មនុស្សឯទៀតដែលមាននិន្នាការប្រឆាំងប៉េកាំង ក៏អាចជាជនរងគ្រោះក្រោមច្បាប់នេះដែរ។ |
សុវិទ្យានុសារិតា កូនមាសឪពុក! ពុកបានចំណាយពេលច្រើនគួរសម ទម្រាំអាចបណ្តុះចិត្តក្លាហានបានប៉ុណ្ណេះ សរសេរលិខិតតូចមួយ ក្នុងថ្ងៃដែលកូនទទួលសញ្ញាបត្រ ក្នុងថ្ងៃ ៣កើត ខែជេស្ឋ ឆ្នាំមមី ឯកស័ក ព.ស ២៥៨៣ ត្រូវនឹងថ្ងៃ ពុធ ទី ២៥ ខែឧសភា គ.ស ២០៣៩ ។ គាប់ជួន ថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់ពុកផងដែរ។ ពុកគ្មានអ្វីជាអំណោយ ជាមាសប្រាក់លុយឡាន គ្មានទាំងបាច់ផ្កា សង្ហារស្អាតស្រស់ ដល់កូនពុកឡើយ។ ពុកមានតែពាក្យពេចន៍បន្តិចបន្តួច ទុកជាគតិ ជាមាគ៌ាសម្រាប់ប្រតិបត្តិទៅថ្ងៃក្រោយ ក្រែងថា ពុកកាន់តែចាស់ រូបកាយនេះ ច្បាស់ជានឹងត្រូវកាន់កាប់ដោយជរា បៀតបៀនដោយព្យាធិ ធ្វើឲ្យភ្លេចភ្លាំងសតិ ស្រុតកម្លាំង ខ្វល់អំពល់ មិនសល់ពាក្យពេចន៍សម្ដី ឲ្យពិរោះក្បោះក្បាយរ៉ាយរ៉ាប់ សារសព្ទទៅកូនបានល្អ។ ពាក្យខ្លះរបស់ពុកក្នុងថ្ងៃនេះ ជាពាក្យរបស់ម្តាយកូន ដែលផ្តែផ្តាំឲ្យពុកនិយាយជំនួស ជួសមុខគាត់ផង។ កូនមាសឪពុក! ជាភ័ព្វព្រេងសំណាងរបស់កូនណាស់ ដែលកូនពុកបានរៀនចប់ដល់ថ្នាក់ខ្ពស់ រហូតចប់ចុងចប់ដើម តាមក្តីប្រាថ្នារបស់ម៉ែពុក និងខ្លួនកូន ហើយចេះភាសាបរទេស អង់គ្លេស បារាំង ចិន យួន មានជំនាញបីបួនមុខយ៉ាងពិតប្រាកដ ដែលសង្គមជាតិត្រូវការជាចាំបាច់ ក្នុងសម័យទំនើបនេះ។ រូបកូន ជាផលិតផលនៃសន្តិភាព ឯម៉ែពុកវិញ ជាផលិតផលនៃសង្គ្រាម ដិតដាមដោយស្លាកស្នាមហិង្សា និងការបាក់ស្បាតផ្លូវចិត្ត។ ជំនាន់ម៉ែពុក ម៉ែពុកគ្មានពេលនឹងសង្វាតឱហាត រៀនសូត្រច្រើនដូចកូនឡើយ ដោយសារសង្រ្គាមបង្ហូរឈាម រវល់តែរត់គេចគ្រាប់ផ្លោង តោងចាប់មុងកន្ទេល ននៀលគេចវេស ដេកលាក់ខ្លួនពួនអាត្មាក្នុងព្រៃជ្រៅតូចធំ ហាលសន្សើម ក្រោមភ្លៀងផ្គររន្ទះ។ មានពេលខ្លះត្រូវស៊ីកន្លាត ក្អាត់ សត្វល្អិតជាអាហារក៏មាន រហូតជីតារបស់កូនបានរំលឹកលេងសើចប្រាប់ពុកថា កាលពុកនៅក្មេង សត្វជើងបួន ពុកតមតែតុគ្រែនិងប៉ៅអ៊ី សត្វជើងពីរពុកតមតែកាំជណ្តើរ ឯសត្វហើរពុកតមតែយន្តហោះ។ ភាពជោគជ័យដ៏ត្រចះត្រចង់របស់កូនថ្ងៃនេះ ជាមោទនភាពរបស់គ្រួសារយើងផង ពូជពង្សវង្សត្រកូលយើងផង របស់ម៉ែពុកផង និងរបស់ជាតិផង។ ម៉ែពុកក្រទាំងចំណេះ ទាំងទ្រព្យ និងពាក្យសំដី តែម៉ែពុក បានប្រឹងប្រែង ខ្នះខ្នែងឃ្មាតខ្មី លីសែង គាស់កាប់ យប់ថ្ងៃ ចំណាយកម្លាំង ចូកចាំង ទាំងឈឺទាំងជា មិនហ៊ានសម្រាក ប្រឹងរកយកប្រាក់ ទុកឲ្យកូនបានរៀនខ្ពស់ យកចំណេះ ជាទ្រព្យសុខ ទ្រព្យឧត្តមសមសួនសម្រាប់ជីវិត កុំឲ្យជាន់ដានម៉ែពុក។ ចូរកូន ចាត់ទុក ចំណេះវិជ្ជានេះ ថាជាទ្រព្យដែលម៉ែពុកបានចែកឲ្យទៅចុះ។ កូនដឹងទេ? មិនមែនមនុស្សទាំងអស់ សុទ្ធតែបានរៀនសូត្រខ្ពង់ខ្ពស់ដូចកូនឡើយ។ មានមនុស្ស រាប់រយលាននាក់ ក្នុងពិភពលោក ដែលកំពុងគ្មានឱកាសចូលរៀនសោះ ស្របពេលអ្នកមានឱកាសខ្លះ កំពុងពិបាកចិត្តមិនដឹងរៀនអ្វី។ កុមាររាប់លាននាក់កំពុងរត់គេចពីសង្រ្គាម សុំតែរស់ ឯកូនពុកឯណេះ កំពុងអង្គុយក្នុងថ្នាក់ស្រួល មានហូបចុកគ្រប់គ្រាន់។ បើកូនប្រៀបធៀបចំណុចទាំងអស់នេះ កូននឹងគិតថា ឱកាសនៃការអប់រំដែលកូនបានពេលនេះ ជាអំណោយបុណ្យលាភដ៏មហាសាល មានតម្លៃជាអនគ្ឃអនេក ដែលកូនត្រូវប្រើប្រាស់ចំណេះទាំងនេះ តែក្នុងផ្លូវល្អជានិរន្តរ៍តទៅ។ កូនមាសឪពុក! ព្រោះកូននឹងចេញធ្វើការ អាចនឹងជួបភពប្រសព្វដៃគូជីវិតនាពេលខាងមុខ។ ដូច្នោះហើយ ក្នុងវរោកាសនេះ ពុកសូមផ្តាំឲ្យកូនពុកចងចាំកត់ចំណាំតទៅ ចំពោះគុណបី ដែលកូនជំពាក់ និងរបៀបសងគុណទាំងនេះ។ ការនឹករលឹក និងតបស្នងគុណទាំងបីនេះ កូននឹងបានសុខចម្រើនក្នុងជីវិតគ្រួសារ និងការងារទាំងពួង។ គុណទីមួយ៖ គឺកូនជំពាក់គុណរបស់ម្តាយឳពុក ព្រោះលោកបានប្រឹងចិញ្ចឹមបីបាច់ថែរក្សា។ កូនត្រូវសងគុណលោក ដោយការកសាងគ្រួសារ មានប្តីប្រពន្ធ មានកូនចៅ បន្តពូជពង្សវង្សត្រកូល និងលើកកិត្តិយសពូជពង្សវង្សត្រកូលរបស់កូន ឲ្យបានខ្ពស់ប្រសើរលើសដើម។ ម៉ែពុក មិនចង់ឲ្យកូនមកចិញ្ចឹមម៉ែពុក និងរស់នៅដូចកាលម៉ែពុកចិញ្ចឹមកូនទេ ព្រោះម៉ែពុកដឹងថា មនុស្សចាស់រអ៊ូច្រើន ឆាប់ខឹង មិនទាន់សម័យ តែថា អំពើល្អរបស់កូន ជាគំរូដល់ជនផងទាំងពួងផង ដល់កូនចៅប្រុសស្រីរបស់កូនផង និងបង្ហាញពីការគោរពវប្បធម៌សាសនានៃកូនផង។ កាលកូននៅឆ្ងាយ សូមកូននឹកម៉ែពុកផង ព្រោះកូនទទួលបានអ្វីគ្រប់យ៉ាង គឺគាត់ជាអ្នកផ្តល់ឲ្យ ដោយលោកយកសាច់ឈាមមកប្តូរ។ ដឹងគុណគាត់ ចិញ្ចឹមគាត់ គឺជាការបូជាដល់ព្រះអាទិទេព ហើយកូននឹងចម្រើន។ គុណទីពីរ៖ កូន បានជំពាក់គុណរបស់គ្រូបាអាចារ្យ ដែលបានបង្ហាត់បង្រៀន ប្រៀនប្រដៅ ផ្តល់ចំណេះ និងជំនាញ។ កូនគ្រប់រូប ត្រូវសងគុណគ្រូបាអាចារ្យ ដោយការគោរពឱវាទរបស់លោក ចែករំលែកចំណេះដឹង ដល់អ្នកដទៃ បន្តរៀនសូត្រខ្លួនឯង និងយកចំណេះ ជំនាញទាំងអម្បាល ទៅប្រើប្រាស់ក្នុងផ្លូវល្អ ជួយខ្លួនឯងផង ជួយគ្រួសារផង និងជួយសង្គមជាតិផង។ ចូរកូននឹកសាលាដែលកូនធ្លាប់រៀនសូត្រផង ព្រោះជាកន្លែង ដែលជួយបណ្តុះបណ្តាលកូន ឲ្យក្លាយជាធនធានល្អ ជួយកូនឲ្យមានការងារល្អ មានមុខមានមាត់ តំណែងបុណ្យយសសក្តិ។ នឹកគ្រូផង ព្រោះបើគ្មានពួកគាត់ កូនគ្មានថ្ងៃនេះ និងអនាគតបែបហ្នឹងឡើយ។ កូនត្រូវចាំថា ការចងចាំគាត់ ការគោរពគាត់ គឺជាការឲ្យតម្លៃចំណេះវិជ្ជា។ គុណទីបី៖ ក្នុងនាមជាពលរដ្ឋ កូនបានជំពាក់គុណរបស់ជាតិ ដែលបានផ្តល់ការការពារ សន្តិសុខ សន្តិភាព អត្តសញ្ញាណជាដើម ដែលពលរដ្ឋគ្រប់រូប ត្រូវសងដោយការការពារសាសនា វប្បធម៌ ស្តាប់មេដឹកនាំ គោរពច្បាប់ជាតិ បរិច្ចាគធនធាន មានចិត្តស្នេហាជាតិ បណ្តុះគំនិតជាតិនិយម ហ៊ានតស៊ូលះបង់អាយុជីវិត ដើម្បីការពារជាតិមាតុភូមិឲ្យគង់វង្ស ឲ្យសុខសន្តិភាពមនោរម្យ និងស្ថិរភាពសង្គមតទៅ។ បើកូនបានធូរធារហើយ ចូរកូនជួយជាតិផង ព្រោះសង្គមជាតិ ផ្តល់អ្វីគ្រប់យ៉ាង ទាំងគ្រួសារ សាសនា ការអប់រំជាដើមដល់កូន។ កុំគិតគ្រួសារពេក ព្រោះបើគ្មានជាតិ គ្រួសារក៏គ្មាន។ កាលបើកូនជួយសង្គមជាតិ មានន័យថាកូនជួយខ្លួនឯង។ មួយវិញទៀត កូនត្រូវរាប់អានញាតិឲ្យបានច្រើន ជួយសង្គ្រោះញាតិ ការពារអ្នកទន់ខ្សោយ ក្នុងនាមជាមនុស្សជាតិដូចគ្នា និងជាសាសន៍តែមួយ។ កុំភ្លេចសរសើរពីជាតិយើងផង ពេលកូនជួបប្រាស្រ័យទាក់ទង ជាមួយសាសន៍គេ។ បើសាសន៍យើង ចូរកូនកុំកំណាញ់ឱកាសឲ្យសោះ ការផ្តល់ឱកាសដល់អ្នកដទៃ ជាការផ្តល់ឱកាសដល់ខ្លួនឯង។ កូនពុកក៏ត្រូវចងចាំដែរថា ក្នុងនាមជាពលរដ្ឋនៃជាតិម្នាក់ កូនជាសរសរទ្រូងមួយដើម កូនត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ញ៉ាមស្រាល្បែងពាលាអាវ៉ាសែ នាំបង់ខាតកិត្តិយស អស់ទ្រព្យ បែកបាក់គ្រួសារ និងកើតរោគាផ្សេងៗ។ បើកូនចង់ជួយជាតិ កូនត្រូវតែជាពលរដ្ឋ ដែលមានសុខភាពល្អ និងមានចំណេះជំនាញ ព្រោះជាតិដែលខ្លាំង មិនមែនជាតិមានមនុស្សច្រើនឡើយ តែជាជាតិដែលមានរាស្ត្រសុខភាពល្អ មានចំណេះ ជំនាញអាចធ្វើការងារប្រកបរបរចិញ្ចឹមជីវិត និងមិនមែនជាបន្ទុករបស់ជាតិ។ សុខភាពល្អរបស់កូន ជាលាភដ៏ឧត្តមរបស់កូន របស់គ្រួសារ និងជាតិ។ កូនពុក! វ័យពុក កាន់តែចាស់ជ្រេណាស់ទៅហើយ ភ្នែកក៏ព្រិលស្រវាំង កម្លាំងក៏ខ្សោយ ចុករោយស្រពន់ ទន់រសោះអស់ជើងដៃ គ្មានថ្ងៃស្រាន្តស្រាក។ ថ្ងៃណាមួយ ពុកប្រហែលជាមិនអាច នឹងនៅជាខ្នងបង្អែក ជួយចែករំលែក ប្រឹក្សាកិច្ចការជីវិតជាមួយកូនបានដូចមុនឡើយ។ កាលបើមិនមានវត្តមានពុក ចូរកូនចងចាំថា អំពើល្អរបស់កូន រមែងទទួលបានពរជ័យពីម៉ែពុក និងទេវតា។ កូនត្រូវយកចំណេះវិជ្ជា ដែលកូនប្រឹងសន្សំមកប៉ុន្មាន ទៅប្រើប្រាស់ក្នុងផ្លូវល្អ ជួយខ្លួនឯង ជួយគ្រួសារ និងជួយជាតិ។ ក្នុងកាលៈទេសៈបែបណាក៏ដោយ ចូរកូនកុំប្រមាថ និងប្រែប្រួលឃ្លាតចាកពីភាពជាអ្នកចេះដឹងរបស់កូន ដូចជាអំពៅមិនប្រែប្រួលរសផ្អែម ទោះស្ថិតក្នុងឃ្នាបដូច្នោះដែរ។ ម៉ែពុកសង្ឃឹមថា កូននឹងបានទទួលគតិខ្លះពីលិខិតរបស់ពុកថ្ងៃនេះ សម្រាប់ដឹកនាំជីវិត។ ចុងបញ្ចប់ ម៉ែពុក សូមជូនពរកូន។ ពីពុករបស់កូន បណ្ឌិត ដុំ វណ្ណៈ សាស្ត្រាចារ្យរង សាកលវិទ្យាល័យ កម្ពុជា។ មតិក្នុងសំណេរនេះជាទស្សនៈផ្ទាល់របស់ស្មេរ មិនឆ្លុះបញ្ចាំងពីស្ថាប័នណាមួយឡើយ។ ពន្យល់ពាក្យ៖ សុវិទ្យានុសារិតា (ន) អ្នកស្វែងរកចំណេះវិជ្ជាល្អៗ, អ្នកអនុវត្តន៍តាមចំណេះវិជ្ជាល្អៗ, អ្នកដើរតាមគន្លងធម៌។ | ដោយ៖ ដុំ វណ្ណៈ |
ភ្នំពេញ៖ ពិព័រណ៍ទេសចរណ៍ និងកីឡានឹងត្រូវធ្វើឡើងរយៈពេល៥ថ្ងៃពេញ ចាប់ពីថ្ងៃ២២ដល់ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៣នេះ។ ពិព័រណ៍នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផលទេសចរណ៍ បង្ហាញពីសមិទ្ធផល និងដើម្បីទាក់ទាញទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុច្រើនផងដែរ។ លោក តាំង សុចិត្តគ្រឹស្នារ ប្រធានមន្ទីរទេសចណ៍ខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថាការតាំងពិព័រណ៌នេះ បាននាំអ្នកទិញ និងអ្នកលក់ផលិតផលចម្រុះ និងអាជីវកម្មទេសចរណ៍ចំនួន២០០ស្ដង់ ក្នុងនោះមានក្រុមហ៊ុនកម្ពុជា ចំនួន១៦៥ ស្ដង់និង ក្រុមហ៊ុនបរទេស ៣៥ ស្ដង់។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ លើសពីនេះ ក៏មានកីឡារត់ប្រណាំង និងប្រណាំងកង់ផងដែរ ក្នុងពិព័រណ៍មួយនេះ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏នឹងបង្ហាញ ពីវប្បធម៌ និងផលិតផលទេសចរណ៍ផ្សេងៗទៀត ។ ប្រធានមន្ទីរទេសចរណ៍រូបនេះបន្តថា៖ «ការតាំងពិព័រណ៌អន្តរជាតិនេះ មានប្រទេសមួយចំនួនចូលរួមដែលវាផ្ដល់ឱកាសដល់អ្នកលក់ និងអ្នកទិញក្នុងវិស័យទេសចរណ៍ និងចំណីអាហារ។ បានជួបពិភាក្សាគ្នាដោយផ្ទាល់ ក្នុងការផ្លាស់ប្ដូរ និងស្វែងរកឱកាសចាប់ដៃគូដើម្បីនាំភ្ញៀវទេសចរពីក្រៅប្រទេស មកលេងនៅកម្ពុជាឱ្យកាន់តែច្រើនទៀត»។ រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ។ បើតាម ប្រធានមន្ទីរទេសចណ៍ខេត្តព្រះសីហ លោក តាំង សុចិត្តគ្រឹស្នារ ពិព័រណ៍ទេសចរណ៍ និងកីឡានេះ ជាឱកាសមួយផ្សព្វផ្សាយទៅអន្តរជាតិ ដើម្បីឱ្យស្គាល់អំពីគោលដៅទេសចរណ៍ដ៏មានតម្លៃរបស់កម្ពុជា និងទេសចរណ៍ក្នុងខេត្ត។ តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានសក្តានុពលទាំងដីគោក និងដីកោះ ក្នុងការទាក់ទាញទេសចរណ៍ដែលជាវិស័យសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ក្រៅពីនេះ ខេត្តព្រះសីហនុ បានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តដើម្បីចូលរួមការពារបរិស្ថាននៅជុំវិញឆ្នេរនិងលើកកម្ពស់ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ៕ រូបភាព ក្នុងតាំងពិព័រណ៍ម្ហូបអាហារខេត្តព្រះសីហនុ។ រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ | ដោយ៖ សែម ប្រាក់ដាវ |
លោក កែវ រតនៈ ពិនិត្យឃើញថា តំបន់ភ្នំ បឹងបួ ខ្លះគឺមានប្រវត្តិដំណើររឿង ដែលចាត់ទុកជាតម្លៃប្រវត្តិសាស្រ្តបាន។ ដូច្នេះហើយ ទើបលោក ណែនាំឱ្យមន្ទីររ៉ែ និងថាមពល តាមរាជធានី-ខេត្ត ធ្វើការជាមួយមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ ដើម្បីកំណត់តំបន់ភ្នំ បឹងបួ ប្រវត្តិសាស្រ្ត ដើម្បីអភិរក្ស។ សូមអញ្ជើញស្ដាប់សំឡេងរបស់ លោក កែវ រតនៈ រដ្ឋមន្តី្រក្រសួងរ៉ែ និងថាមពល៖ ម្យ៉ាងទៀត ដើម្បីឱ្យមានតុល្យភាពក្នុងការអភិវឌ្ឍធនធានរ៉ែ និងការអភិរក្ស រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មិនអនុញ្ញាតឱ្យនាំចេញរ៉ែថ្មសំណង់ចេញទៅក្រៅប្រទេសឡើយ ដោយសារមានបំណងទុកថ្មសំណង់នេះ បម្រើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ លោក កែវ រតនៈ លើកឡើងបែបនេះ នៅក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២១វិច្ឆិកា។ ចំពោះ វិស័យថ្មសំណង់ កន្លងមកក្រសួងធ្លាប់បានចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនចំនួន១៥១ ប៉ុន្តែសព្វថ្ងៃ កំពុងដំណើរការមានត្រឹមតែ៦៩អាជ្ញាប័ណ្ណប៉ុណ្ណោះ ហើយតម្រូវការថ្មសំណង់ក៏មិនសូវមានច្រើនដែរ។ ដូច្នេះ រដ្ឋមន្ត្រីក្រសួងរ៉ែ អះអាងថា កម្ពុជាគ្មានមូលហេតុអ្វី ត្រូវបើកការដ្ឋានសំណង់ជីកកកាយភ្នំឱ្យកញ្ឆតទៀតឡើយ៕ | ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានណែនាំឱ្យមន្ទីររ៉ែ និងថាមពល ពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ តាមរាជធានី-ខេត្ត ពិនិត្យមើលតំបន់ភ្នំ បឹងបួ ណាដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត ដើម្បីរៀបចំដាក់តំបន់នោះជាកន្លែងអភិរក្ស មិនឱ្យអភិវឌ្ឍន៍ប៉ះពាល់តំបន់នោះឡើយ។ |
ក្រោយហេតុការណ៍ខែសីហា ឆ្នាំ២០១៧ ដែលក្រុមឧទ្ទាមវាយប្រហារលើទីតាំងយោធានៅក្នុងរដ្ឋ Rakhine យោធាមីយ៉ាន់ម៉ាក៏បើកប្រតិបត្តិការមួយដែលប្រកបដោយហិង្សា ដែលបង្ខំឲ្យជនមូស្លីមរ៉ូហ៊ីងយ៉ាជាង៧សែននាក់ ភៀសខ្លួនទៅកាន់បង់ក្លាដែសក្បែរខាង។ ជាងមួយឆ្នាំមកនេះ ជនភាគតិចមួយនេះរងគ្រោះយ៉ាងខ្លាំងដោយសារទង្វើរបស់ក្រុមយោធាដូចជាការសម្លាប់រង្គាល ដុតផ្ទះសម្បែង និងការបំពានសិទ្ធិធ្ងន់ធ្ងរ។ នៅដើមសប្ដាហ៍នេះ ក្រុមស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបង្ហាញរបាយការណ៍របស់ខ្លួន ដែលបង្ហាញថា យុទ្ធនាការរបស់ក្រុមយោធាមីយ៉ាន់ម៉ាមានចេតនាប្រល័យពូជសាសន៍ជនមូស្លីមរ៉ូហ៊ីងយ៉ា។ ក្រុមស៊ើបអង្កេតក៏ស្នើឲ្យកាត់ទោសមេទ័ពកំពូលៗចំនួន៦រូបរាប់ទាំងអគ្គមេបញ្ជាការកងទ័ពឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផង។ ជាងនេះទៅទៀត របាយការណ៍ក៏បង្ហាញថា រដ្ឋាភិបាលស៊ីវិលបានបរាជ័យទប់ស្កាត់ក្រុមកងទ័ពពីការធ្វើទង្វើដ៏ហិង្សាបំផុត។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សចប់អាណត្តិ Zeid Ra'ad al Hussein បានប្រាប់ឲ្យលោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី លាលែងពីតំណែងទៅ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអង់គ្លេស BBC លោក al Hussein ដែលបានរិះគន់លោកស្រី ស៊ូជី កប់មាត់នាពេលកន្លងមកនិយាយថា លោកស្រី ស៊ូជី កាន់តំណែងដែលគួរធ្វើអ្វីមួយ គឺអាចអង្គុយនៅស្ងៀម ឬក៏ចុះចេញពីតំណែងតែម្ដងទៅ។ ក្នុងកិច្ចសម្ភាសផ្សាយនៅថ្ងៃទី៣០ ខែសីហា ប្រមុខស្ថាប័នសិទ្ធិមនុស្សកំពូលនេះប្រាប់លោកស្រី ស៊ូជី ត្រង់ថា មិនចាំបាច់ធ្វើជាអ្នកនាំពាក្យឲ្យយោធាឡើយ និងមិនចាំនិយាយថា ព័ត៌មានទាំងឡាយ ជារឿងមិនពិតដែរ។ មិនត្រឹមតែរឿងលាលែងឡើយ លោក al Hussein ក៏ផ្ដល់យោបល់ឲ្យទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ារូបនេះ ត្រឡប់ទៅស្ថិតក្រោមការឃុំខ្លួនផ្ទះដូចដែលធ្លាប់ធ្វើជាង១៦ឆ្នាំ ជាជាងក្លាយជាមនុស្សបន្ទាប់បន្សំរបស់យោធា។ តាមពិតទៅ លោកស្រី ស៊ូជី ត្រូវបានគេទទួលស្គាល់ថា មិនអាចគ្រប់គ្រងយោធាបានទេ ប៉ុន្តែការរិះគន់លើលោកស្រីចេះតែធ្លាក់មកជាបន្តបន្ទាប់ ព្រោះលោកស្រីមិនបានថ្កោលទោសយោធាឡើយ ហើយជារឿយៗនិយាយការពារប្រតិបត្តិការរបស់យោធាទៅទៀត។ នេះក៏ព្រោះតែលោកស្រី ត្រូវបានចាត់ទុកជានិមិត្តរូបសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដ៏ល្បីមួយរូប ហើយក៏ជាជ័យលាភីណូបែលសន្តិភាពឆ្នាំ១៩៩១ ទៅទៀត៕ | ប្រមុខស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Zeid Ra'ad al Hussein បានស្នើឲ្យទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី លាលែងពីតំណែង។ លោក al Hussein ដែលត្រូវចប់អាណត្តិនៅដំណាច់ខែសីហានេះ ស្នើបែបនេះ បន្ទាប់ពីរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សបង្ហាញថា ប្រមុខកងទ័ពមីយា់ន់ម៉ា មីន អ៊ុងឡាំង មានចេតនាប្រល័យពូជសាសន៍លើជនមូស្លីមរ៉ូហ៊ីងយ៉ា តែលោកស្រី ស៊ូជី មិនបានចាត់វិធានការអ្វីលើយោធាដែលបង្កទង្វើហិង្សាឡើយ។ |
ផ្ទះស្លឹក សង់ខ្ពស់ពីដីប្រមាណ ១ម៉ែត្រ ជាច្រើនខ្នងនៅលើភ្នំគូលែន។ ប្រជាជនភាគច្រើននៅភូមិថ្មី ស្រុកស្វាយលើ រស់នៅពឹងផ្អែកលើអនុផលព្រៃឈើដែលមានលើភ្នំគូលែន។ អនុផលទាំងនោះមានដូចជា ប្រទាលថ្លើមឆ្កែ ផ្លែឈើព្រៃ វល្លិ៍ និងស្លឹកឈើផងដែរ។ ក្នុងនោះស្លឹកតោតម៉ា ដែលប្រជាជនទីនោះតែងនិយមហៅថាស្លឹកឃុនមារ បានដើរតួយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅរបស់ពួកគេតកូន តចៅមកហើយ។ អ្នកស្រី ចែម ហឿន ប្រជាជននៅភូមិថ្មី ឃុំខ្នងភ្នំ។ ប្រជាជននៅ ឃុំខ្នងភ្នំ បានចូលព្រៃបេះស្លឹកតោតម៉ា សម្រាប់យកមកដេរដើម្បីប្រកផ្ទះ និងធ្វើជញ្ជាំងផ្ទះ។ អ្នកខ្លះចំណាយពេល ១ថ្ងៃ ឬ២ថ្ងៃ ចូលព្រៃជ្រៅ ដើម្បីបេះស្លឹកទាំងនោះមកដេរជាភ្ជាប់នឹងផ្ដៅ។ អ្នកស្រី ចែម ហឿន អង្គុយមុខផ្ទះដែលប្រក់ស្លឹកតោតម៉ា កំពុងបិតផ្ដៅយកមកដេរស្លឹកតោតម៉ា ដើម្បីលក់ឱ្យភ្ញៀវដែលបានកក់ទុក លើកឡើងថាការដេរស្លឹកតោតម៉ាមិនពិបាកទេ តែការបេះស្លឹកទៅវិញទេដែលពិបាក។ បើតាមស្ត្រីរូបនេះ បច្ចុប្បន្នស្លឹកតោតម៉ា មិនសម្បូរដូចមុនឡើយ ដូច្នេះពេលមានភ្ញៀវបញ្ជាទិញ ប្រជាជនទីនោះត្រូវចូលព្រៃជ្រៅដើម្បីបេះស្លឹកនេះ។ អ្នកស្រី ចែម ហឿន រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖ « ដេរស្លឹកឃុនមារ(តោតម៉ា) អត់ពិបាកទេ ពិបាកតែបេះ។ យើងទៅព្រៃធំ ពេលបេះបានយើងច្រកការុង ហើយនាំគ្នាដើររុករកទៀត។ បើថាគេកម្មង់ច្រើន ដូចត្រូវការ៥ដុំអី បេះ៤-៥ថ្ងៃបានបាន។ ដាក់បាយ ដាក់អីទៅហូបក្នុងព្រៃ។ ទៅបេះម្ដងៗប្រមូលគ្នា ២-៣នាក់ទៅ»។ ស្រ្តីវ័យ៦៤ឆ្នាំរូបនេះបន្តថា មូលហេតុដែលស្លឹកតោតម៉ាមិនសម្បូរដូចមុន ព្រោះនៅលើភ្នំគូលែនបច្ចុប្បន្នមានចម្ការស្វាយចន្ទីច្រើន ដែលធ្វើឱ្យស្លឹកតោតម៉ាមិនអាចដុះច្រើនបាន។ ប្រជាជននៅភូមិថ្មីនេះមិនបានយកស្លឹកតោតម៉ានេះមកដាំបន្តនៅក្នុងភូមិឡើយ ដូច្នេះពួកគេត្រូវតែចូលព្រៃដើម្បីប្រមូលផល។ នាដូវវស្សាស្លឹកនេះចាប់ផ្ដើមលាស់ឡើងវិញ ដូច្នេះអ្នកភូមិត្រូវរង់ចាំដល់រដូវប្រាំង ទើបអាចប្រមូលផល។ អ្នកស្រី ចែម ហឿន រកចំណូលពីរបរដេរស្លឹកតោតម៉ា តាំងពីឆ្នាំ១៩៩៥មក។ របរនេះបានចិញ្ចឹមគ្រួសារអ្នកស្រី ក្រៅតែពីរបរជាកម្មករក្នុងចម្ការស្វាយចន្ទី។ ពីមុន អ្នកស្រីអាចលក់កណ្ដបស្លឹកតោតម៉ា ១ម៉ែត្រ ៣ពាន់ ទៅ៥ពាន់រៀល។ មកទល់ពេលនេះកណ្ដបស្លឹកតោតម៉ា ១ម៉ែត្រមានតម្លៃរហូតដល់ ១ម៉ឺន៥ពាន់រៀល៕ | សៀមរាប៖ តោតម៉ា ជាប្រភេទស្លឹកមានទ្រនុងវែង ស្រដៀងនឹងស្លឹកស្វាយ។ ស្លឹកនេះមានដុះនៅលើភ្នំគូលែន នាខេត្តសៀមរាប។ ប្រជាជនភាគច្រើននៅទីនោះ យកស្លឹកតោតម៉ា មកដោតខ្ទាស់ៗ ភ្ជាប់គ្នាជាកណ្ដបសម្រាប់ប្រក់ផ្ទះ។ លើសពីនេះស្លឹកតោតម៉ាក៏ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ពួកគេ។ បច្ចុប្បន្នស្លឹកតោតម៉ា លក់បានថ្លៃជាងមុន។ ប៉ុន្តែអនុផលព្រៃឈើប្រភេទនេះ មិនសម្បូរដូចមុនឡើយ ដូច្នេះប្រជាជនត្រូវចំណាយពេលយូរ ចូលព្រៃជ្រៅ។ |
វេទិកាជជែកពិភាក្សាពីការគិតគូររឡើងវិញពីពាណិជ្ជកម្មតំបន់ ឬ«Rethinking Regional Trade» ត្រូវបានរៀបចំឡើង ក្រោមក្របខណ្ឌវេទិកាសេដ្ឋកិច្ចពិភពលោកផ្តោតលើអាស៊ាននៅកម្ពុជាថ្ងៃ ១១ឧសភានេះ ស្របពេលដែលមានការកើនឡើងនៃការគាំពារនិយមពាណិជ្ជកម្ម និងការប្រឆាំងចរន្តសាកលភាវូបនីយកម្ម រួមទាំងការបរាជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី TPP ។ វាគ្មិនដែលចូលរួមក្នុងវេទិកាយល់ថា វាជាពេលដែលពិភពលោកត្រូវគិតគូរឡើងវិញពីគម្រូកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបង្កឡើងដោយសារការវិវត្តនៃសាកលភាវូបនីយកម្មនិងការបើកចំហរព្រំដែនដើម្បីធ្វើពាណិជ្ជកម្មនេះ។ ជារួមគេ វាចាំបាច់ត្រូវមានការត្រៀមលក្ខណៈជាមុនដើម្បីកាត់បន្ថយ ឬដោះស្រាយរាល់ហានិភ័យនៃចរន្តប្រជាឧបាយ, ការគាំពារនិយម និងបញ្ហាប្រឈមផ្សេងទៀតដែរ ខណៈដែលគេបន្តជំរុញសមារណកម្មនិងបើករបាំងព្រំដែនពង្រឹងពាណិជ្ជកម្មសេរី។ ដើម្បីដោះស្រាយបញ្ហានេះ អាស៊ានត្រូវផ្តោតលើការកសាងសមត្ថភាព ចំណេះនិងជំនាញរបស់ប្រជាជនខ្លួន ក៏ដូចជាពង្រឹងការអនុវត្តច្បាប់និងបទបញ្ញត្តិជាដើម។ ១.សាកលភាវូបនីយកម្មមិនអាចចាញ់បានទេ ព្រោះវាពឹងផ្អែកលើបច្ចេកវិទ្យា លោកស្រី Arancha Gonzalez Laya នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានលើកឡើងក្នុងវេទិកាគិតគូឡើងវិញពីពាណិជ្ជកម្មតំបន់ថា ពិភពលោកត្រូវផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមនិងចែករម្លែកផលប្រយោជន៍ដែលទទួលបានពីសាកលភាវូបនីយកម្ម។ ដោយសារបញ្ហាប្រឈមទាំងនេះហើយទើបបានជាប្រទេសខ្លះងាកទៅប្រើប្រាស់វិធានការគាំពារនិយមពាណិជ្ជកម្ម និងងាកចេញពីការបង្កើតពាណិជ្ជកម្មសេរីទៅវិញ។ ប៉ុន្តែលោកស្រីយល់ឃើញថា ការអនុវត្តគោលនយោបាយគាំពារនិយម ក៏ដូចជាគោលនយោបាយប្រជាឧបាយ សុទ្ធតែបង្ហាញឲ្យឃើញពីភាពគ្មានទទួលខុសត្រូវ និងភាពខ្ជិលច្រអូសរបស់ប្រទេសខ្លះក្នុងការដោះស្រាយបញ្ហាប្រឈមធំៗដែលបង្កឡើងដោយសាកលភាវូបនីយកម្ម។ លោកស្រីនៅតែជឿជាក់ថាសាកលភាវូបនីយកម្មដែលបង្កើតប្រយោជន៍ដល់ពិភពលោកនោះនឹងនៅលូតលាស់ទៅមុខទៀត ព្រោះវាពឹងផ្អែកលើបច្ចេកវិទ្យាទៅវិញទេ។ លោកស្រីលើកឡើងដូច្នេះថា៖« សាកលភាវូបនីយកម្មនឹងនៅតែលូតលាស់ទៅមុខមិនដកថយឡើយ ដ្បិតថាវាកើតឡើងទៅបានដោយសារបច្ចេកវិទ្យា។ បច្ចុប្បន្ននេះបច្ចេកវិទ្យាលូតលាស់រហ័សខ្លាំងជាពេលណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះគ្មានហេតុផលអ្វីដែលសាកលភាវូបនីយកម្មត្រូវដកថយឡើយ»។ បន្ទាប់ពីអះអាងដូច្នេះ លោកស្រីក៏លើកយកការជាប់ឆ្នោតរបស់ប្រធានាធិបតីបារាំងថ្មីលោក អេម៉ានុយអែល ម៉ាក្រុង ធ្វើជាឧទាហរណ៍ព្រោះសុទ្ធតែបង្ហាញឲ្យឃើញច្បាស់ថា ពិភពលោកនៅតែជ្រើសរើសអ្នកនយោបាយគាំទ្រសាកលភាវូបនីយកម្ម និងជាអ្នកទប់ទល់ចលនាប្រជាឧបាយនិងទិន្នាការគាំទ្រការគាំពារនិយមនៅអឺរ៉ុបដែរ។ ២.ទោះគ្មានកិច្ចព្រមព្រៀង TPP ក៏ពាណិជ្ជកម្មតំបន់អាស៊ាននៅតែរីកធំធាត់ ក្នុងពេលជជែកពិភាក្សាពីការគិតគូរឡើងវិញពីពាណិជ្ជកម្មតំបន់នេះ ការបរាជ័យនេះកិច្ចព្រមព្រៀងស្តង់ដារមាសភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក៏ជាប្រធានបទសំខាន់ដែរព្រោះវាបង្ហាញពីការប្រែប្រួលនៃស្ថានភាពពាណជ្ជកម្មពិភពលោក។ ថ្វីបើមានការលើកឡើងពីការបរាជ័យនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្តី វាគ្មិនដែលចូលរួមលើកឡើងថា ជារឿងរហ័សពេកដែលនិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកស្លាប់បាត់ ក្រោយពេលដែលអាមេរិកដកខ្លួនចេញ។ លោកស្រី Gonzalez និយាយដូច្នេះ៖«វាជារឿងរហ័សបន្តិចដែលយើងនិយាយថា កិច្ចព្រមព្រៀង TPP វាស្លាប់បាត់។ ខ្ញុំសង្ឃឹមថាអ្វីដែលយើងបានចរចាគ្នានោះនឹងនៅតែជាស្តង់ដារចម្បងសម្រាប់ពាណិជ្ជកម្មជាពិសេសបទបញ្ញត្តិតែម្តង»។ លោកស្រីចង់ឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ដែលមានភាគី១៦និងអាចបង្កើតឡើងជាផ្លូវការនៅចុងឆ្នាំនេះគួរតែមានស្មារតីនិងការប្តេជ្ញាចិត្តខ្ពស់ដូចកិច្ចព្រមព្រៀង TPPដែរ។ កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកជាកិច្ចព្រមព្រៀងកម្រិតខ្ពស់មួយដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋបាលអាមេរិករបស់លោកបារ៉ាក់ អូបាម៉ា។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចជាផ្លូវការនៅខែតុលាឆ្នាំ ២១៥ ដោយមានភាគីចូលរួមសរុប១២ក្នុងនោះមានប្រទេសអាស៊ានបួនផងដែរ។ ប៉ុន្តែកាលពីខែមករាកន្លងទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចបញ្ចប់សមាជិកភាពអាមេរិកក្នុងកិច្ចព្រមព្រៀងនេះ ដែលវាធ្វើឲ្យគ្រប់គ្នាជាពិសេសអាស៊ានយល់ឃើញថាកិច្ចព្រមព្រៀងនេះទំនងជាស្លាប់ទៅវិញទាំងមិនទាន់ចូលជាធរមាន។ ដោយឡែក ពាណិជ្ជកម្មតំបន់អាស៊ាននៅតែរីកលូតលាស់ទៅមុខនិងមិនប៉ះពាល់ដំណើរការកសាងសហគមន៍របស់អាស៊ានឡើយ ថ្វីបើសិនជាគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយនេះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរសក្តិ ដែលជាវាគ្មិនក្នុងវេទិកានេះដែរនោះបានពន្យល់ថា ការសម្រេចចិត្តរបស់អាមេរិកក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP មិនប៉ះពាល់ដល់ការប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសហគមន៍រួចគ្នាទេ។ ប៉ុន្តែសម្រាប់លោក តំបន់ទាំងមូលត្រូវបន្តបន្ថយរបាំងពាណិជ្ជកម្មមិនមែនពន្ធនិងជំរុញការផ្សាភ្ជាប់តាមដែលអាចធ្វើបានដើម្បីពង្រីកពាណិជ្ជកម្មនិងលើកស្ទួយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ចំណែកលោក Vivek Bhatia នាយកប្រតិបត្តិ thyssenkrupp អាស៊ីប៉ាស៊ីហ្វិក យល់ស្របជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាដែរ ដោយលោកគិតថា ទោះមានឬគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ក៏ដោយ ពាណិជ្ជកម្មនោអាស៊ាននៅតែរីកចម្រើនដដែល៕ | ភ្នំពេញ៖ អ្នកជំនាញដែលចូលរួមវេទិកាសេដ្ឋកិច្ច (World Economic Forum) ស្តីពីអាស៊ាននៅកម្ពុជាថ្ងៃ ១១ ឧសភានេះ បានផ្តល់យោបល់ថា ការអនុវត្តគោលនយោបាយគាំពារនិយមនិងដកខ្លួនពីពាណិជ្ជកម្មសេរី ដើម្បីគេចពីបញ្ហាប្រឈមនានាបង្កឡើងដោយសារចរន្តសាកលភាវូបនីយកម្ម មិនមែនជាជម្រើសឡើយ។ ដូច្នេះ តំបន់អាស៊ានមិនអាចបោះបង់បោះបង់ពាណិជ្ជកម្មសេរីឬការធ្វើសមារណកម្មតំបន់ឡើយ តែគេត្រូវប្រឹងប្រែងដោះស្រាយបញ្ហានិងបន្តទាញយកប្រយោជន៍ពីចរន្តនេះ។ |
ចាប់តាំងពីដាក់ឲ្យដំណើការ នៅខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីសាកល្បងនេះ បានផ្ដល់សមិទ្ធផលជាចំណេះដឹងដល់សិស្សថ្នាក់ទី១០ និងថ្នាក់ទី១១ ប្រមាណ ១៥០០ នាក់ (ក្នុងនោះ ៥០ភាគរយជានារី) ក៏ដូចជាគ្រូបង្រៀន តាមរយៈសិក្ខាសាលារបស់ខ្លួននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ហើយយុទ្ធនាការតាមអ៊ិនធឺណិត មានចំនួនអ្នកចូលមើលចំនួន១៩៣,៣០០ដង។ កម្មវិធីនេះ ដែលទទួលបានថវិកាគាំទ្រជាចម្បង ពីវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីសុវត្ថិភាពអ៊ិនធឺណិត និងអក្ខរកម្មអ៊ីនធឺណិត ក្នុងចំណោមយុវជនកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Google និង ក្រុមហ៊ុន GSMA។ លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «នៅក្នុងក្រុមហ៊ុន Smart យើងជឿជាក់ថាសុវត្ថិភាពអ៊ិនធឺណិត និងភាពជាពលរដ្ឋឌីជីថល គឺជាកត្ដាសំខាន់ នៅពេលផ្សព្វផ្សាយលើកកម្ពស់ការជំរុញ ការប្រើប្រាស់ទូរគមនាគមន៍ចល័តបន្ថែមនៅកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដៃគូដទៃទៀតទាំងអស់ យើងមានគោលបំណងជំរុញកម្មវិធីសាកល្បងនេះ ដើម្បីបង្កើតផលវិជ្ជមានបន្ថែមទៀត នៅតាមសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ តាមរយៈការធ្វើឱ្យប្រសើរឡើង នូវមាតិកាអ៊ិនធឺណិត និងកម្មវិធីតាមប្រព័ន្ធអ៊ិនធឺណិតនាពេលអនាគត។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងកម្មវិធីសាកល្បង គឺជាភ្នាក់ងាររបស់យើង ដើម្បីលើកកម្ពស់គំនិតសំខាន់ៗទាំងនេះ ក្នុងចំណោមមិត្តភក្ដិរបស់ពួកគេ ហើយយើងក៏ទន្ទឹងរង់ចាំសង្គម ដែលមានការយល់ដឹងពីឌីជីថលកាន់តែច្រើន»។ សាលារៀនចំនួន ៣កន្លែងក្នុងខេត្តនីមួយៗ ត្រូវបានកំណត់យក ដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្រូបង្រៀនមួយចំនួនត្រូវបានអញ្ជើញ ឲ្យចូលរួមវគ្គបណ្តុះបណ្តាល ដែលដឹកនាំដោយអតីតនិស្សិត មកពីកម្មវិធី SmartEdu ដោយយកគំរូសម្រង់ពីក្រុមហ៊ុន Google និងសៀវភៅណែនាំលើកម្មវិធីបណ្តុះបណ្តាលជំនាញ អ៊ិនធឺណិតទូរស័ព្ទចល័ត របស់ក្រុមហ៊ុន GSMA។ កំឡុងពេលបណ្តុះបណ្តាល ដែលមានរយៈពេល១ ថ្ងៃ ប្រធានបទរួមមាន ការស្វែងរកព័ត៌មានតាម អ៊ិនធឺណិត ពាក្យសម្ងាត់រឹងមាំ ការបោកបញ្ឆោតតាមអ៊ិនធឺណិត និងភាពជាពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ។ សិស្សានុសិស្ស ក៏បានរៀនអំពីរបៀបផលិតវីដេអូកម្សាន្ត និងទាក់ទាញដោយប្រើទូរស័ព្ទស្មាតហ្វូន។ វីដេអូចំនួន ដប់មួយត្រូវបានសម្រាំងយក និងបានចែករំលែកលើទំព័រហ្វេសប៊ុក 'Smart for Cambodia' កាលពីសប្តាហ៍មុន ដើម្បីឱ្យសាធារណជនបោះឆ្នោត លើវីដេអូដែលពួកគេពេញចិត្ត។ ក្រុមចំនួន ៣ រួមមាន ក្រុម កុំជឿ ក្រុម ដាក់លេខសំងាត់ទូរស័ព្ទឲ្យស្មុគស្មាញ ក្រុម ១០០០០ដុល្លារប្រហារម្ដាយខ្ញុំ ដែលមកពីវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក និង វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី រលាប្អៀរ ទទួលបានប្រាក់ឧបត្ថម្ភមួយក្រុមៗ ចំនួន ១០០០ ដុល្លារ ហើយវិទ្យាល័យទាំងពីរ ក៏ទទួលបានប្រាក់ឧបត្ថម្ភ ជាសម្ភារសិក្សាចំនួន ៣៧៥០ដុល្លារផងដែរសម្រាប់សាលានីមួយៗចំពោះការផ្ញើវីដេអូច្រើនជាងគេច្រើនបំផុត សម្រាប់ការប្រកួតអនឡាញ។ ហេង សុភារម្យ សិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ការរៀនសូត្រអំពីប្រធានបទថ្មី និងរបៀបផលិតវីដេអូ ជាមួយមិត្តរួមថ្នាក់ពីជាសប្បាយណាស់។ ខ្ញុំសង្ឃឹមថា នឹងអាចចែករំលែកចំណេះដឹងថ្មីនេះ ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំ នៅឯសហគមន៍របស់ខ្ញុំ»។ គើន គឿន ដែលជាគ្រូបង្រៀនមកពី វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក ខេត្តកំពង់ចាម បានបន្ថែមទៀតថា៖«ផ្នត់គំនិតភាពជាពលរដ្ឋឌីជីថល បង្រៀនយុវជនកម្ពុជា ពីរបៀបរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិតនៅ ពេលដែលសិស្សានុសិស្សកម្ពុជា បានទទួលនូវការបណ្ដុះបណ្ដាល ជំនាញអក្ខរកម្មឌីជីថល ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសសាលារៀនយើង ដើម្បីសាកល្បងកម្មវិធីនេះ ហើយខ្ញុំទន្ទឹងរង់ចាំចូលរួមបន្ថែមទៀត នៅក្នុងដំណាក់កាលបន្ទាប់នៃកម្មវិធីនេះផងដែរ»។ សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុត្រូវសង្គមសរបស់ក្រុមហ៊ុន Smart , សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh ។ អំពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក! -ចប់- ក្រុមហ៊ុន Smart Axiata Co., Ltd. No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា ទូរស័ព្ទ: +855 10 201 000 www.smart.com.kh សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោក គាំ ទីវា ទូរស័ព្ទ៖ +855 10 202 271 អីុមែ៉ល៖ [email protected] (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានប្រកាសជ័យលាភីឈ្នះរង្វាន់ ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូលើបណ្ដាញអ៊ីនធឺណិត នៅក្នុងឱកាសបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថលរបស់ខ្លួន ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ |
សាច់បង្កកទាំងនេះ ត្រូវបានបង្រ្កាបកាលពីថ្ងៃទី២៦ ខែធ្នូ ដោយមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន។ នៅក្នុងប្រតិបត្តការនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់ ១៨ ៨៤៨គីឡូក្រាម និងឃាតខ្លួនជនសង្ស័យ២នាក់ ដែលជាម្ចាស់ទីតាំង ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី។ សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពង្រឹងច្បាប់ហាមឃាត់ការនាំសាច់បង្កក ខូចគុណភាព ចូលមកកម្ពុជា។ សម្ដេចថា ការបើកទូលាយសម្រាប់ចំណីអាហារគ្មានច្បាប់ទាំងនេះ បានធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុក ពិបាកប្រកួតប្រជែងទាំងផ្នែកទីផ្សារ និងតម្លៃ ព្រោះថាសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ទាំងអស់ ដែលនាំចូលពីបរទេស សុទ្ធសឹងមានតម្លៃថោក និងគុណភាពទាប។ ក្រៅពីប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក វាក៏ផ្ដល់ប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផងដែរ៕ | ភ្នំពេញ៖ មន្រ្តីជំនាញបង្រ្កាបបទល្មើសសាច់សត្វ រកឃើញសាច់បង្កកនាំចូលគ្មានច្បាប់ជិត២០តោន នៅទីតាំងអាជីវកម្ម ២កន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុក របស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២៩ ខែធ្នូ។ |
បើយើងមិនគិតអំពីមូលហេតុ នៃការឈឺបំពង់កទេ វិធីសាស្ត្រនៃការថែទាំសុខភាពដោយខ្លួនឯង អាចជួយបំបាត់បញ្ហា បានបណ្តោះអាសន្នដែរដូចជា ៖ សម្រាក គេងឲ្យបានច្រើន និងថ្នមសម្លេង។ ញ៉ាំទឹក ចូរញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាសំណើមនៅបំពង់ក និងបង្ការការខ្សោះជាតិទឹក។ ព្យាយាមញ៉ាំអាហារ និងភេសជ្ជៈផ្តល់ផាសុខភាព ទឹកក្តៅឧណ្ហៗ ទឹកស៊ុបឆ្អឹង តែគ្មានជាតិកាហ្វេអ៊ីន ទឹកឃ្មុំក្តៅឧណ្ហៗ សុទ្ធតែអាចជួយបន្ធូរអាការៈឈឺបំពង់កបានទាំងអស់។ ខ្ពុរទឹកអំបិល ការខ្ពុរទឹកអំបិល អាចជួយបន្ធូរ ឬសម្រួលដល់ការឈឺបំពង់កបាន។ ធ្វើឲ្យខ្យល់មានសំណើម ចូរប្រើប្រាស់ខ្យល់មានសំណើមត្រជាក់ ដើម្បីបំបាត់ខ្យល់ដែលស្ងួត ហើយក៏អាចបង្ការការរលាកបំពង់កបានល្អដែរ។ ចៀសវាងសារធាតុបង្ករលាក ចូរធ្វើយ៉ាងណាឲ្យផ្ទះគ្មានផ្សែងបារី និងប្រើផលិតផលលាងសម្អាតណា ដែលមិនអាចបង្កការរលាកបំពង់ក។ ព្យាបាលការឈឺចាប់ និងក្តៅខ្លួន ថ្នាំប្រភេទ Ibuprofen (Advil, Motrin IB) ឬថ្នាំ Acetaminophen (Tylenol) អាចបន្ថយការឈឺបំពង់កបាន។ ថ្នាំ Aspirine មានទំនាក់ទំនងនឹងជំងឺ Reyes Syndrome ដូច្នេះ ចូរប្រុងប្រយ័ត្នចំពោះក្មេង ដែលប្រើថ្នាំនេះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការរលាកបំពង់ក មានន័យថា ជាការឈឺរមាស់ៗ ឬរលាកក្នុងបំពង់ក ហើយវាកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលលេបទឹកមាត់។ ចំពោះមូលហេតុចម្បងបំផុតរបស់ជំងឺនេះគឺ ការបង្ករោគដោយវីរុសដូចជា ជំងឺផ្តាសាយជាដើម។ ការឈឺបំពង់កដែលបណ្តាលមកពីវីរុស នឹងជាវិញដោយខ្លួនឯង តាមរយៈការថែទាំសុខភាពដោយខ្លួនឯង។ ចំពោះការរលាកបំពង់ក ដោយសារបាក់តេរីវិញ ឬ Streptococcal Infection ច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះ ដើម្បីបង្ការផលវិបាករបស់វា។ |
អត្ថបទទាក់ទង លោកតា ញែក ចំរើន វ័យ៧២ឆ្នាំ រកចំណូលបានជាង២ពាន់ដុល្លារក្នុងមួយខែ ពីការបណ្តុះផ្សិតចំបើងលក់ តាមរយៈរបរបណ្ដុះផ្សិតចំបើងលក់ ដែលគ្រួសារលោក ញែក ចំរើន បានអនុវត្តជាប្រចាំថ្ងៃកន្លងមក អាចធ្វើឲ្យពួកគាត់រកចំណូលបានជាង២ពាន់ដុលា្លរក្នុងមួយខែ ពីអាជីវកម្មមួយនេះ ។ ហើយនៅខែខ្លះ គ្រួសារដែលមានកូន៣នាក់នេះ អាចរកចំណូលបានរហូតដល់៦ពាន់ដុល្លារទៀតផង។ សូមអញ្ជើញទស្សនាទិដ្ឋភាពពីខាងក្នុង និងខាងក្រៅនៃរោងបណ្តុះផ្សិតចំបើង ដូចតទៅ៖ | បាត់ដំបង៖ ចំបើងដែលកសិករគ្រាន់តែទុកឲ្យគោស៊ី និងកសិករខ្លះទៀតទុកចោលដោយមិនដឹងយកទៅធ្វើអ្វី ប៉ុន្តែ លោកតាវ័យ៧២ឆ្នាំ មើលឃើញពីតម្លៃនៃចំបើងដោយលោកបានយករៀបចំដើម្បីបណ្តុះផ្សិត។ រយៈពេលជាង៤ឆ្នាំហើយដែលលោកតា ញែក ចំរើន និងភរិយា បានប្រកបមុខរបរបណ្តុះផ្សិតចំបើងលក់។ បច្ចុប្បន្ន លោកតា ចំរើន និងអ្នកស្រី យ៉ែម យឺត រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើរោងផ្សិតដល់ចំនួន១១រោងហើយ។ លោកតា ចំរើន ត្រូវចំណាយថវិកាទៅលើការធ្វើរោង និងគ្រឿងផ្សំអស់ជាង១៥០០ដុល្លារ ដោយរួមមានស្បូវ, ឫស្សី, ចំបើង, សំបកសណ្ដែកបាយ, កំបោរ, ឈើមេផ្សិតផងដែរ។ |
កីឡាករខ្សែប្រយុទ្ធ Dries Mertens របស់ Napoli ខ្សែការពារ Jan Vertonghen របស់ Benfica, Axel Witsel របស់ Borussia Dortmund, Youri Tielemans និង Dennis Praet របស់ Leicester City ក៏ស្ថិតក្នុងចំណោមកីឡាករដែលទទួលបានអាជ្ញាប័ណ្ណពីសហព័ន្ធ RBFA។ ក្រោយទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹកបែបនេះ De Bruyne នឹងអាចធ្វើជាគ្រូបង្វឹកក្រុមយុវជន និង ក្រុមធំៗក្នុងតំបន់អឺរ៉ុបបាន។ RBFA បានចាត់ទុកថាជាការត្រួសត្រាយផ្លូវដល់អនាគតកីឡាករបន្ទាប់ពីបញ្ចប់អាជីពបាល់ទាត់របស់ពួកគេ។ «គំនិតនេះជាការអនុញ្ញាតឱ្យអ្នកដែលចូលរួមការសិក្សាមានការគិតអំពីអ្វីដែលពួកគេចង់ធ្វើបន្ទាប់ពីបញ្ចប់អាជីពរបស់ពួកគេ។ ក្រុមកីឡាករទាំងអស់បានចូលរួម ទទួលបានការរីកចម្រើនច្រើនណាស់ ហើយយើងក៏បានមើលឃើញពីលទ្ធផលរបស់ពួកគេ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Kris Van Der ប្រធានគ្រូបង្វឹកផ្នែកអប់រំរបស់សហព័ន្ធបែលហ្ស៊ិក។ មិនត្រឹមតែប៉ុណ្ណោះលោក Kris Van Der ក៏បានអះអាងបន្ថែមថា កីឡាករទាំងអស់អាចចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្នុងប្រទេសបែលហ្ស៊ិកម្តង ដូច្នេះពួកគេមិនបាច់ចាប់ផ្តើមអាជីពនេះនៅប្រទេសផ្សេងឡើយ៕ | ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City ថ្ងៃទី៣០ ខែឧសភា ស្ថិតក្នុងចំណោមកីឡាករប៊ែលហ្ស៊ិកបច្ចុប្បន្ន និងអតីតកីឡាករ ១៨នាក់ផ្សេងទៀត ទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត A បន្តាប់ពីឆ្លងកាត់ការហ្វឹកហាត់រយៈពេល២ឆ្នាំជាមួយសហព័ន្ធបាល់ទាត់បែលហ្ស៊ិក (RBFA) និងពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ |
«កីឡា» មានន័យថា ការលេងល្បែងកម្សាន្តផ្សេងៗ និង «ដ្ឋាន» មានន័យថា កន្លែង, ទីតាំង។ តែបើសរសេរ«កីឡា បូកនឹង ដ្ឋាន» ពុំត្រឹមត្រូវឡើយ។ គួរបែរមកសរសេរ «កីឡ បូកនឹង ដ្ឋាន» ទើបត្រឹមត្រូវ។ ដែលមានន័យថា កន្លែងដែលមានលេងល្បែងកម្សាន្ត។ ហេតុតែយើងមិនប្រើ «ា»ដោយសារតែមានពាក្យភ្ជាប់ដោយពាក្យដទៃទៀត ដូច្នេះយើងមិនចាំបាច់រក្សាស្រះ«ា»មកបន្តទៀតទេ។ ជាហេតុដែលមនុស្សទូទៅជឿជាក់បានថា ពាក្យទាំងនេះ មិនមានការផ្លាស់ប្តូរ ដោយសារសង្កេតឃើញ មានពាក្យមួយចំនួន មានដូចជា៖ ព្រឹត្តិការណ៍, យុត្តិធម៌, ឧក្រិដ្ឋជន ជាដើម។ ការបកស្រាយខាងលើ គឺយោងលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត៕ | បើសរសេរជា «កីឡាដ្ឋាន»ជាពាក្យដែលប្រាស់ចាកពីវចនានុក្រមខ្មែរ។ ពាក្យគួប្បីដែលត្រូវតែសសេរគឺ «កីឡដ្ឋាន» ដោយមិនមានការប្រើស្រះ «ា»នៅជិតតួអក្សរ «ឡ»ឡើយ។ តែទាល់តែពាក្យ «កីឡា»ទើបមានស្រះ«ា»។ |
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បង្កើតវគ្គបង្រៀនឧបករណ៍ភ្លេងបុរាណខ្មែរ ដើម្បីបំផុសតន្ត្រីបុរាណ។សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដាក់ដំណើរការកម្មវិធីនេះ ក្នុងប្រធានបទ « មរតកតន្ត្រីយុវជនខ្មែរ » នៅក្នុងឆ្នាំ២០២១ខាងមុខ។ ស.ស.យ.ក មើលឃើញថា វគ្គបង្រៀនឧបករណ៍តន្រ្តីបុរាណខ្មែរនេះ នឹងរួមចំណែកកសាងធនធានបន្តវេន ក្នុងវិស័យតូរ្យតន្ត្រីបុរាណ ដែលអាចជាធ្លុងមួយក្នុងស្រទាប់យុវជនជំនាន់ក្រោយ។ លោក សេង សោត អគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់ថា គោលបំណងរៀបចំកម្មវិធីបង្រៀនឧបករណ៍តន្ត្រីបុរាណនេះ ដោយផ្អែកលើគោលបំណង ធំៗ៣ គឺទី១ ចង់បញ្ជ្របចំណេះដឹងវិស័យសិល្បៈ វប្បធម៌ដល់យុវជនបានយល់។ ចំណែកគោលបំណងទីពីរនោះ គឺដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលជំនាញតន្ត្រីបុរាណបន្ថែមដល់យុវជនក្រៅពីការសិក្សា និងចុងក្រោយ គឺផ្ដល់ឱកាសឲ្យយុវជនអាចសម្ដែង ក្នុងព្រឹត្តិការណ៍ផ្លូវការណាមួយ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ ។ នេះជាការបញ្ជាក់លោក សេង សោត។ បើតាមលោក សេង សោត ការសិក្សាឧបករណ៍បុរាណនេះ មិនតម្រូវឲ្យយុវជនបង់ប្រាក់នោះទេ ។ សម្រាប់ឧបករណ៍ភ្លេងគោល ក្នុងការបង្រៀនគឺ វង់ភ្លេងពិណពាទ្យ ក្រៅពីនេះក៏មានឧបករណ៍ជាច្រើនប្រភេទទៀតដែរ។ស.ស.យ.ក គ្រោងបង្រៀន រយៈពេល៣ថ្ងៃក្នុងមួយសប្ដាហ៍ នៅកន្លែងលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញតែម្ដង។ « យើងរៀន តែពេលល្ងាចៗទេ ហើយមួយសប្ដាហ៍រៀនថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ព្រោះម៉ោងនេះមិនសូវប៉ះពាល់ដល់ការសិក្សា និងការងាររបស់ពួកគាត់ទេ។ ប៉ុន្ដែអាចនឹងមានការប្រែប្រួល ប្រសិនបើមានសិស្សច្រើន ពួកយើងនឹងចាត់ចែងតាមនឹង» ។ នេះបើតាមសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ ។ លោក សោត សង្ឃឹមថា ការបើកវគ្គបង្រៀននេះ នឹងជួយឱ្យយុជនដែលមានបំណងចង់សិក្សា និងស្វែងយល់ពីតន្ត្រីបុរាណមានឱកាសកាន់តែច្រើន ក្នុងការចូលរួមថែរក្សា និងផ្សព្វផ្សាយទៅកាន់សាធារណៈជន រួមទាំងការទទួលបានឱកាសការងារថ្មី ក្នុងវិស័យសិល្បៈតន្ត្រីបុរាណផងដែរ ។ ចំណាំ៖ លក្ខខណ្ឌនៃការជ្រើសរើស ៖ យុជន និង យុវនារី អាចដាក់ពាក្យបាន ចាប់ពីអាយុចាប់ពី១៣ដល់៣៥ឆ្នាំ មានកាយសម្បទាល្អ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង មានការប្តេជ្ញាចិត្តខ្ពស់ និងគោរពពេលវេលាក្នុងការរៀនសូត្រ។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី ១មករាដល់ថ្ងៃទី ១មីនាឆ្នាំ២០២១ រីឯកាលបរិច្ឆេទចូលរៀន នឹងត្រូវជម្រាប់ជូននៅពេលក្រោយ។ | ដោយ៖ ប៉ូ សុភា |
អត្ថបទទាក់ទង ដំណាំអាទិភាព៧មុខ ដែលកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារចិន បន្ទាប់ពីស្វាយ លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០ ថា កម្ពុជាបានផ្ញើរបាយការណ៍វាយតម្លៃពីហានិភ័យ និងសមាសភាពចង្រៃនៅលើផ្លែមៀនប៉ៃលិនទៅប្រទេសចិនរួចអស់ហើយ ដោយនៅតែរង់ចាំមន្ត្រីបច្ចេកទេសផ្នែកភូតគាមអនាម័យ និងអនាម័យភាគីចិន មកត្រួតពិនិត្យបច្ចេកទេសដាំដុះ វេចខ្ចប់ រក្សាទុក នៅកម្ពុជាប៉ុណ្ណោះ។ អគ្គនាយកកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ដូច្នេះថា៖«ក្រោយពីនាំចេញផ្លែស្វាយភ្លាម ហើយនៅពេលដែលរដូវមៀនប៉ៃលិនចាប់ផ្តើមប្រមូលផល ខាងភាគីចិននឹងចុះមកត្រួតពិនិត្យវាយតម្លៃលើផ្លែមៀនប៉ៃលិន។ អ៊ីចឹង នេះជាការប៉ាន់ស្មាន និងព្យាកររបស់យើងក្នុងដើមឆ្នាំ២០២១ យើងអាចនាំចេញស្វាយ ហើយប្រហែលចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ យើងអាចនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិនបាន»។ លោក បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនឯកជនមួយកំពុងវិនិយោគលើរោងចក្រសម្លាប់មេរោគ និងវេចខ្ចប់មៀនប៉ៃលិននេះ នៅក្នុងខេត្តប៉ៃលិន។ កាលពីខែមិថុនា ឆ្នាំ២០២០ កម្ពុជាបានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយចិន ក្នុងការនាំចេញផ្លែស្វាយ កែវរមៀតចំនួន ៥០ម៉ឺនតោនក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន៕ | ភ្នំពេញ៖ កម្ពុជាអាចនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ ២០២២។ នេះបើតាមការលើកឡើងរបស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដោយបញ្ជាក់ថា ការនាំចេញមៀនប៉ៃលិននេះ នឹងធ្វើឡើងបន្ទាប់ពីការនាំចេញផ្លែស្វាយកែវរមៀតកម្ពុជា ទៅទីផ្សារពិភពលោកបានជាផ្លូវការ។ |
ចិនអាចនឹងបាត់បង់តំណែងរបស់ខ្លួនជាអ្នកនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិកនៅឆ្នាំ២០២៣ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៦ ដោយសារការខ្វែងគំនិតគ្នារវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរបានផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាម៉េរិកក្នុងសប្តាហ៍នេះ ការនាំចូលទំនិញរបស់ចិនពីអាម៉េរិកក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២៣ បានធ្លាក់ចុះជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចេញទំនិញចិនទៅកាន់អាម៉េរិកមានចំនួន ១៣,៩ភាគរយដែលជាសមាមាត្រទាបបំផុតចាប់តាំងពីឆ្នាំ២០០៤ ក្រោយពីបានឈានដល់កម្រិតខ្ពស់បំផុតជាង ២១ភាគរយក្នុងឆ្នាំ២០១៧។ ម៉ិកស៊ិកអាចឈរនៅលំដាប់កំពូលក្នុងការនាំចេញទៅកាន់ទីផ្សារអាម៉េរិកជាលើកដំបូងចាប់តាំងពីឆ្នាំ២០០០។ ការនាំចូលរបស់អាម៉េរិកពីប្រទេសនេះកំពុងស្ថិតនៅលើកំណត់ត្រាដ៏ខ្ពស់មិនធ្លាប់មានដោយអត្រា ១៥ភាគរយនៅរយៈពេល ១១ខែឆ្នាំ២០២៣។ ទន្ទឹមនេះ ការនាំចូលរបស់អាម៉េរិកពីសហភាពអឺរ៉ុបក៏ឡើងដល់កម្រិតខ្ពស់ដែរ។ ការនាំចូលពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ទោះបីជាធ្លាក់ចុះក៏ដោយ នៅតែជាចំនួនខ្ពស់បំផុតទី២ដែលមិនធ្លាប់មាន ដោយចំណែកនៃការនាំចូលសរុបរបស់អាម៉េរិកបានកើនឡើងទ្វេដងបើធៀបនឹងទសវត្សរ៍មុន។ លើសពីនេះ ជប៉ុនបាននាំចេញទៅកាន់អាម៉េរិកស្ថិតនៅអត្រាទាបជាង ៥ភាគរយ បើទោះបីជាការឡើងថ្លៃនៃប្រាក់ដុល្លារ បានដាក់សម្ពាធដល់ប្រាក់យ៉េនកាលពីឆ្នាំមុនក៏ដោយ។ ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះជាងពាក់កណ្តាលចាប់តាំងពីឆ្នាំ ២០០០ ដោយសារក្រុមហ៊ុនផលិតរបស់ខ្លួនបានបង្កើនផលិតកម្មនៅអាម៉េរិក។ អាម៉េរិកកំពុងជំរុញការធ្វើពិពិធកម្មផលិតផលដូចជា គ្រឿងអេឡិចត្រូនិកដែលប្រទេសនេះនាំចូលយ៉ាងច្រើនពីចិន។ ការនាំចូលស្មាតហ្វូនរបស់អាម៉េរិកពីចិនបានធ្លាក់ចុះប្រហែល ១០ភាគរយ ខណៈការនាំចូលពីឥណ្ឌាវិញបានកើនឡើង៥ដង។ ការនាំចូលកុំព្យូទ័រយួរដៃពីចិនបានធ្លាក់ចុះជិត៣០ភាគរយ ប៉ុន្តែការនាំចូលពីវៀតណាមបានកើនឡើង៤ដង។ អាម៉េរិកបានរក្សាការដាក់ពន្ធលើទំនិញចិនដែលមានតម្លៃ ៣៧០ពាន់លានដុល្លារ ដែលត្រូវបានដាក់ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។ រដ្ឋបាលលោក ត្រាំ មានការព្រួយបារម្ភថា ទំនិញចិនថោកនឹងប៉ះពាល់ដល់សកម្មភាពផលិតកម្មរបស់អាម៉េរិក។ ចំណែករដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន បច្ចុប្បន្នកំពុងពិចារណាដំឡើងពន្ធនាំចូលពីចិនបន្ថែមលើយានយន្តអគ្គិសនី ឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងបន្ទះឈីបចាស់ៗ ជាមួយនឹងការសម្រេចចិត្តដែលទំនងនឹងធ្វើឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ៕ | ការនាំចេញទំនិញរបស់ចិនមានត្រឹមតែ ១៣,៩ភាគរយប៉ុណ្ណោះទៅកាន់ទីផ្សារអាម៉េរិក ដែលនេះជាសមាមាត្រទាបបំផុតចាប់តាំងពីឆ្នាំ ២០០៤។ ម៉ិកស៊ិកអាចក្លាយជាប្រទេសនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិកដោយមានអត្រា ១៥ភាគរយក្នុងរយៈពេល ១១ខែឆ្នាំ២០២៣។ |
កាលពីព្រឹកថ្ងៃទី២៨ ខែសីហា អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីដាំកូនឈើនៅវត្តទេពប្រណម្យ នាខេត្តសៀមរាប។ ការដាំកូនឈើនេះ ជាការបណ្ដុះគំនិតពុទ្ធបរិស័ទ និងប្រជាពលរដ្ឋឲ្យចូលរួមការពារ ស្រឡាញ់ ថែរក្សា និងការដាំកូនឈើឡើងវិញ។ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការដាំកូនឈើប្រណីតទាំងនេះ ដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ និងបង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផងដែរ។ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាំកូនឈើ ឬត្រូវការកូនឈើយកទៅដាំនោះ អាចទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា៕ | ភ្នំពេញ៖ កូនឈើ ប្រណីតចំនួន ៣០០ដើម រួមមានគ្រញូង១០០ដើម ធ្នង់៥០ដើម ច្រេស៥០ ដើម ឈើទាល៥០ដើម និងដើមផ្ការំដួល៥០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ ខេត្តសៀមរាប។ បើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ការដាំកូនឈើនេះ ដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទ។ |
លោកក៏បានឲ្យបង្ហាញពីលទ្ធផលដែលគួរឲ្យចាប់អារម្មណ៍ផងដែរថា ៖ វិស័យទេសចរណ៍បានបង្ហាញពីលទ្ធផលគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះ។ ចន្លោះពីខែមករាដល់ខែមិថុនាឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរណ៍សរុបបានកើនឡើង ៤.៩ភាគរយ ជាមួយនឹងចំនួនភ្ញៀវទេសចរ ១៣.៣៥ លាននាក់បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ១២.៧៣ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនប្រាក់ចំណូលពីវិស័យទេសចរណ៍បានឈានដល់ ៤១.៦ ពាន់លានរីងហ្គីតពោលគឺកើនឡើង ៦.៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់តំបន់អាស៊ានក្នុងរយៈពេលដូចគ្នាមានកំណើន ៤.៧ ភាគរយជាមួយចំនួនភ្ញៀវទេសចរណ៍ ៩.៣៥ លាននាក់បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ៨.៩៣ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារកម្ពុជាសម្រាប់យើងបានបង្ហាញពីកំណើនដ៏គួរឱ្យកត់សម្គាល់គឺ ១៨.១% ជាមួយនឹងចំនួនភ្ញៀវទេសចរ ៥១,០០៥ នាក់បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរណ៍ ៤៣,២០៦ នាក់កាលពីឆ្នាំមុន។ នៅឆ្នាំ ២០១៨ ដោយមានភ្ញៀវទេសចរ ២៥.៨ លាននាក់បានមកទស្សនាឆ្នេរសមុទ្ររបស់យើង ដែលប្រទេសម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោមប្រទេសដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ។ ទន្ទឹមនឹងនេះដែរប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ២១ ក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងវិស័យទេសចរណ៍ដោយនាំមកនូវចំណូលទេសចរណ៍ ៨៤,១ ពាន់លានរីងហ្គីតក្នុងឆ្នាំ ២០១៨ ។ លោក NOR SHAZLY AZMI ជំនួយការនាយកទីផ្សារជាន់ខ្ពស់ប្រចាំទីផ្សារអាសុី នៃក្រុមព្រឹក្សាទេសចរណ៍ម៉ាឡេសុី បានបញ្ជាក់ផងដែរថានៅក្នុងស្តង់ក្រុមព្រឹក្សាទេសចរណម៉ាឡេសុីក៏មាន ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេសុីអ៊ែរឡាញ និង ៣ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមានដូចជា ក្រុមហ៊ុនទេសចរណ៍ វើលផបត្រាវែល, ធូរវើលត្រាវែល ខេមូឌា, អ៊ែ-តេ-អ៊ែ ធួរ ក៏បានចូលរួមលក់កញ្ចប់សេវាកម្មទេសចរណ៍ទៅប្រទេសម៉ាឡេសុីនូវទីកន្លែងថ្មីៗដល់អតិថិជិនខ្មែរដើម្បីទស្សនាផងដែរ។ ដើម្បីជំរុញព្រឹត្តិការណ៍ទស្សនាចរណ៍ ម៉ាឡេស៊ី ឆ្នាំ២០២០ ឲ្យកាន់តែខ្លាំងក្លារដ្ឋាភិបាលម៉ាឡេស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីផ្សារឌីជីថល ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ ដោយកំពុងផ្តោតលើបច្ចេកវិទ្យាចុងក្រោយ ក៏ដូចជាទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម និងឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់ប្រទេសម៉ាឡេស៊ី ដោយប្រើសញ្ញាសម្រាប់ដំណើរទស្សនកិច្ចប្រទេសម៉ាឡេស៊ី ឆ្នាំ២០២០ គឺ #vm2020, #VisitMalaysia2020 និង #MalaysiaTrulyAsia។ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូទម៉ាឡេស៊ី ប្រចាំកម្ពុជា បានបញ្ចាក់បន្ថែមទៀតថា ៖ «គោលដៅនៃឆ្នាំទស្សនាម៉េឡេស៊ី ២០២០ គឺដើម្បីបង្រួបបង្រួមអ្នកចូលរួមពីគ្រប់ឧស្សាហកម្មសហគ្រាសដើម្បីសម្រេចបាននូវគោលដៅរួមនេះ ស្របពេលដែលការទាក់ទាញភ្ញៀវទេសចរ មកពីពាសពេញពិភពលោក ឲ្យមកទទួលនូវបដិសណ្ឋារកិច្ចកក់ក្ដៅ និងទាក់ទាញជាច្រើន ដែលប្រទេសម៉ាឡេស៊ីមាន»។ សូមបញ្ជាក់ថា នាអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីឯកឧត្តម Mahathir Mohamad បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៦ ចំណុចជាមួយកម្ពុជា ក្នុងនោះ ក៏មានការដោះដូរ និងជំរុញសេដ្ឋកិច្ចតាមរយៈទេសចរណ៍រវាងប្រទេសទាំងពីរដែរ។ ដោយឡែកនៅក្នុងយុទ្ធនាការរួមវិញ អំឡុងពេលនេះ ម៉ាឡេស៊ី បាន និងកំពុងចាប់ផ្ដើមផែនការ យុទ្ធនាការស្រូបទាញទេសចរណ៍អន្តរជាតិទៅប្រទេសរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ ជាមួយពាក្យសោក "Visit truly Asia Malaysia 2020 ៕ (អត្ថបទពាណិជ្ជកម្ម) | ឆ្លើយតបជាមួយក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័នកាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ នៅក្នុងឱកាសចូលរួមសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូទម៉ាឡេស៊ី ប្រចាំកម្ពុជាបានឲ្យដឹងថា៖ «ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ប្រទេសម៉ាឡេស៊ី បានបង្កើតយុទ្ធសាស្ត្រផ្សេងៗ ក៏ដូចជាជំរុញភ្ញៀវទេសចរណ៍ជាច្រើនឲ្យទៅទស្សនាប្រទេសម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ទស្សនាចរណ៍ ម៉ាឡេស៊ី ឆ្នាំ២០២០»។ |
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រដូវកាលនេះជារដូវកាលដែលពិសេសបំផុតដោយ គូបូតា បាននាំមកជូនលោកអ្នកនូវ ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់ ៥៤ គីឡូក្រាម ដំបូងបំផុតក្នុងប្រទេសកម្ពុជា ហើយកាន់តែពិសេសជាងនេះទៅទៀតនោះគឺ គូបូតា ក៏បានរៀបចំនូវដំណើរការនៃការប្រកួតថ្មីដោយយើងមាន វគ្គជម្រុះ រយៈពេល ៧ សប្តាហ៍ ដោយមានកីឡាករកម្ពុជាចំនួន ៨ រូប ចូលរួមប្រកួតដើម្បីជ្រើសរើសយកកីឡាករជើងខ្លាំងបំផុតចំនួន ៥ រូប ដើម្បីធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករជើងខ្លាំងមកពីព្រះរាជាណាចក្រថៃចំនួន ៣ រូប និងមកពីព្រះរាជាណាចក្រឡាវចំនួន ២ រូប នៅក្នុងកម្មវិធី ជើងឯកប្រដាល់លេខមួយគូបូតា។ កំពូលកីឡាករក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ទាំង ១០ រូប រួមមាន កីឡាករកម្ពុជា៖ ចាន់ សាន់, ផាន់ ផាតយុទ្ធ, រិទ្ធ អាទិត្យ, ខេម ចាន់, ប៊ុន សុធា, កីឡាករថៃ៖ អាណាន់តាស័ក្តិ ស៊ិតភូកងយុទ្ធ, កៅរៀនថង ផេតចិន្តា, ផ្លាំងធិប ប៉.យុទ្ធភូមិ និងកីឡាករឡាវ៖ វ៉ាំងង៉ើន រ៉ុងរៀនកីឡាណៈខនប៉ៈថុម, ស៊ែងសុរិយៈ ស៊ិតតកអាកាស ដែលសុទ្ធតែជាកីឡាករជើងខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍។ រដូវកាលថ្មី! ជំនាន់ថ្មី! បច្ចេកទេសថ្មី! ជាមួយប្រដាល់គុនខ្មែរអន្តរជាតិទម្ងន់ ៥៤ គីឡូក្រាម កាន់តែជក់ចិត្ត កាន់តែអស្ចារ្យលើសពីការរំពឹងទុក ហើយក្នុងរដូវកាលនេះសម្រាប់ជើងឯកលេខ ១ នឹងទទួលបានខ្សែក្រវាត់ជើងឯកប្រដាល់លេខមួយគូបូតាមួយ ពានរង្វាន់មួយ និងទឹងប្រាក់ចំនួន ៦,០០០ ដុល្លារ ជ័យលាភីលេខ ២ នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន ៣,០០០ ដុល្លារ ជ័យលាភីលេខ ៣ នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន ១,០០០ ដុល្លារ និងជ័យលាភីលេខ ៤ នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន ៥០០ ដុល្លារ។ អ្នកស្នេហាវិស័យកីឡាប្រដាល់ទាំងអស់អាចទស្សនាការប្រកួតនេះបានរៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី ១៧ សីហា ឆ្នាំ ២០១៨ តទៅ ពីម៉ោង ៧:០០ យប់ រហូតដល់ម៉ោង ៩:០០ យប់ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឬតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័នតែម្តង។ ដោយមាការគ្រាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា គូបូតា បានឧបត្ថម្ភទាំងស្រុងក្នុងកម្មវិធីប្រដាល់នេះអស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នាដោយជោគជ័យ ដែលបច្ចុប្បន្ននេះកម្មវិធី ជើងឯកប្រដាល់លេខមួយគូបូតា បានក្លាយជាកម្មវិធីប្រដាល់ដ៏ពេញនិយមបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត គូបូតា ក៏បានដំណើរការកម្មវិធីប្រដាល់គុនខ្មែរនៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឥឡូវនេះរហូតដល់ចុងឆ្នាំ ២០១៨ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាជន ក៏ដូចជាប្រជាកសិករកម្ពុជា។ គូបូតា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា ជាពិសេសកសិករកម្ពុជាដែលតែងតែគាំទ្រកម្មវិធី ជើងឯកប្រដាល់លេខមួយគូបូតា ហើតតែងតែគាំទ្រ និងប្រើប្រាស់គ្រឿងចក្រកសិកម្ម គូបូតា ដែលជួយឲ្យ គូបូតា លក់ដាច់លេខមួយនៅកម្ពុជា។ គូបូតា សន្យាថាតែងតែនាំមកជូនលោកអ្នកនូវភាពសប្បាយរីករាយជានិច្ច និងតែងតែនៅជាមួយកសិករដើម្បីចែករំលែកចំនេះដឹង និងបទពិសោធន៍ ក៏ដូចជានាំមកជូនកសិករនូវ បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត ដែលជួយឲ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ យើងសង្ឃឹមថាប្រជាកសិករអាចធ្វើកសិកម្មបានកាន់តែងាយស្រួល មានការចំណាយតិចប៉ុន្តែទទួលបានផលដំណាំច្រើន អាចបង្កើនចំណូលបានកាន់តែច្រើនធ្វើឲ្យជីវភាពធូរធារ និងមានភាពរុងរឿង ហើយក៏ជួយផ្តល់ពិភពលោកនូវចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពផងដែរ៕ | ភ្នំពេញ៖ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិលើកម្មវិធី គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុន គូបូតា បានរៀបចំសន្និសីទសារព័ត៌មានមួយនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ក្រោមអធិបតីភាពរបស់អ្នកតំណាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ដើម្បីប្រកាសពីការឧបត្ថម្ភទាំងស្រុងរបស់ខ្លួនក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា។ |
តើមានអ្វីខ្លះទៅ? 1. អ្នកគួរតែញ៉ាំស្រូវសាលីឲ្យបានច្រើន ព្រោះក្នុងនោះមានសារធាតុចិញ្ចឹមខ្ពស់ ដោយអាចជួយការពារបានទាំងក្រពះ ថ្លើម និងស្បូនរបស់អ្នកបានល្អ។ 2. អ្នកអាចពិសារសារ៉ាយបាន ព្រោះក្នុងនោះមានសារធាតុដែលអាចជួយទប់ទល់មិនឲ្យកោសិកាមហារីកអាចរីកដុះដាលក្នុងស្បូនអ្នក។ ដូចនេះ ស្បូនអ្នកនឹងអាចមានសុខភាពល្អជាមិនខានឡើយ។ 3. ក្នុងប៉េងប៉ោះមានផ្ទុកវីតាមីនច្រើន ដោយមានវីតាមីនសេខ្ពស់ ធ្វើឲ្យអ្នកមិនសូវផ្តាសាយ ថែមទាំងអាចជួយមុខរបួសឆាប់ជាសះស្បើយទៀតផង។ ជាពិសេស កោសិកាមហារីកក៏មិនងាយកើតដែរ។ 4. ចំណែកទំពាំងបាយជូរវិញ អាចជួយឲ្យអ្នកខ្វះឈាម មានឈាមគ្រប់ ថែមទាំងអាចជួយការពារស្បូនអ្នកបានល្អ មិនងាយកើតជំងឺផ្សេងៗឡើយ។ 5. ផ្លែប៉ោមក៏អ្នកគួរតែពិសារដែរ ព្រោះសារធាតុដែលមានក្នុងផ្លែប៉ោម អាចការពារបានទាំងសរសៃឈាម បេះដូង រួមទាំងស្បូន។ ជាពិសេស អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដោយមិនមានសម្ពាធខ្លាំងនោះទេ។ ដូចនេះ អ្នកអាចញ៉ាំអាហារទាំងនេះ ដើម្បីសុខភាពរបស់អ្នក៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយការពារស្បូនរបស់អ្នក។ |
លោក Marinakis ដែលមានវ័យ ៥២ ឆ្នាំបានធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេសដើម្បីចូលរួមទស្សនាការប្រកួតរវាងក្រុម Nottingham Forest ទល់ Millwall នៅឯកីឡដ្ឋាន City Ground កាលពីចុងសប្តាហ៍មុន។ អ្នកជំនួញសញ្ជាតិក្រិក និងជាម្ចាស់ក្លិប Olympiakos រូបនេះ បានធ្វើតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីចេញរោគសញ្ញាដំបូងនៅពេលលោកវិលត្រឡប់ពីអង់គ្លេសទៅនាក់ប្រទេសក្រិកវិញ។ នេះបើតាមការបញ្ជាក់របស់ក្លិប Nottingham។ ក្លិបក្នុងក្របខណ្ឌលីគដំដាប់ទី២អង់គ្លេស (Championship) មួយនេះបន្ថែមថា៖«អំឡុងពេល Marinakis ស្នាក់នៅ Nottingham គាត់មិនបានបង្ហាញរោគសញ្ញាណាមួយនៃវីរុសឆ្លងនេះទេ។ យ៉ាងណា ក្លិបកំពុងឲ្យអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងអង្គភាពគ្រប់គ្រងពាក់ព័ន្ធតាមដានករណីនេះក៏ដូចជាចាត់វិធានការត្រឹមត្រូវក្នុងការដឹងពីប្រភពចម្លង»។ លោក Marinakis ក៏បានបង្ហោះលើបណ្តាញសង្គម Instagram ផ្ទាល់របស់លោកផងដែរថាលោកមានផ្ទុក COVID-19 ប៉ុន្តែលោកមានអារម្មណ៍ និងអាការល្អធម្មតាទេ ខណៈក្រុមគ្រូពេទ្យកំពុងតាមដានជំងឺយ៉ាងយកចិត្តទុកដាក់ផងដែរ។ ស្របពេលគ្នានេះ ក្លិប Millwall ដែលបានឈ្នះ Nottingham ៣-០ នាជំនួបក្របខណ្ឌលីគទី២អង់គ្លេសនោះ បានប្រកាសដែលថាតំណាងក្លិបជាន់ខ្ពស់របស់ខ្លួនដែលបានទាក់ទងជួបជាមួយលោក Marinakis ចាប់ផ្តើមដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគ្រួសារ និងអ្នកពាក់ព័ន្ធផ្សេងៗ។ ដោយឡែក Olympiakos ក្លិបក្នុលីគទី១ក្រិក ដែលជាកម្មសិទ្ធិរបស់លោក Marinakis ដែរនោះ នឹងបើកទ្វារកីឡដ្ឋាន Karaiskakis ស្វាគមន៍ Wolverhampton Wanderers ក្នុងការប្រកួតពានរង្វាន់ UEFA Europa League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១២ មីនានេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ច្រានចោលសំណើរ Wolves ដែលស្នើពន្យារពេលប្រកួតនេះ។ ដោយសារការរីករាលដាលកាន់តែខ្លាំងនៃជំងឺឆ្លងកូរ៉ូណាវីរុស (COVID-19) បានបង្ខំឲ្យព្រឹត្តិកាណ៍កីឡាធំៗមួយចំនួនផ្អាក និងពន្យារពេលប្រកួត។ ក្របខណ្ឌអ៊ីតាលី Serie A រហូតមកដល់ថ្ងៃនេះបានសម្រេចផ្អាកការប្រកួតទាំងស្រុង ខណៈនៅអេស្ប៉ាញត្រូវលេងដោយបិទទ្វារកីឡដ្ឋានតែម្តង។ គិតត្រឹមថ្មៃទី១១ ខែមីនានេះ ក្រិកមានតួលេខអ្នកឆ្លង COVID-19 ចំនួន៨៩ករណី ប៉ុន្តែមិនទាន់មានអ្នកស្លាប់ឡើយ៕ | លោក Evangelos Marinakis ម្ចាស់ក្លិបបាល់ទាត់ Olympiakos និង Nottingham Forest ពិនិត្យរកឃើញមានឆ្លងកូរ៉ូណាវីរុស (COVID-19)។ នេះបើយោងតាមការផ្សាយរបស់ BBC។ |
ក្រសួងមហាផ្ទៃ ឈរលេខ១ មានមេដាយសរុប៧៣ មាស៣៩ ប្រាក់១៤ និងសំរឹទ្ធ២០ លេខ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយសរុប៥១ មាស១៧ ប្រាក់១៨ និងសំរឹទ្ធ១៦ លេខ៣ ក្រសួងការពារជាតិ មេដាយសរុប២៩ មាស១៥ ប្រាក់៥ និងសំរឹទ្ធ១៥ លេខ៤ ខេត្តព្រៃវែង មេដាយសរុប៣៤ មាស៩ ប្រាក់១៣ និងសំរឹទ្ធ១២ លេខ៥ រាជធានីភ្នំពេញ មេដាយសរុប២៦ មាស៨ ប្រាក់៦ និងសំរឹទ្ធ១២ លេខ៦ ខេត្តកណ្តាល មេដាយសរុប២២ មាស៥ ប្រាក់៨ និងសំរឹទ្ធ៩។ ខេត្តបាត់ដំបង ឈរលេខ៧ មេដាយសរុប១៧ មាស៤ ប្រាក់៤ និងសំរឹទ្ធ៩ លេខ៨ ខេត្តកំពង់ចាម មេដាយសរុប១៥ មាស៣ ប្រាក់៥ និងសំរឹទ្ធ៧ លេខ៩ ខេត្តស្ទឹងត្រែង មេដាយសរុប១៤ មាស៣ ប្រាក់៥ និងសំរឹទ្ធ៦ លេខ១០ ខេត្តសៀមរាប មេដាយសរុប១០ មាស៣ ប្រាក់៣ និងសំរឹទ្ធ៤ លេខ១១ ខេត្តកំពត មេដាយសរុប៤ មាស៣ និងសំរឹទ្ធ១ លេខ១២ ខេត្តប៉ៃលិន មេដាយសរុប១៨ មាស២ ប្រាក់៦ និងសំរឹទ្ធ១០ លេខ១៣ ខេត្តស្វាយរៀង មេដាយសរុប១១ មាស២ ប្រាក់៦ និងសំរឹទ្ធ៣ លេខ១៤ ខេត្តកមពង់ឆ្នាំង មេដាយសរុប១២ មាស២ ប្រាក់២ និងសំរឹទ្ធ៨។ លេខ១៥ ខេត្តតាកែវ មេដាយសរុបមេដាយមាស២ លេខ១៦ ខេត្តកំពង់ស្ពឺ មេដាយសរុប៩ មាស១ ប្រាក់២ និងសំរឹទ្ធ៦ លេខ១៧ ខេត្តកោះកុង មេដាយសរុប៦ មាស១ ប្រាក់២ និងសំរឹទ្ធ៣ លេខ១៨ ខេត្តកែប មេដាយសរុប២ មាស១ និងសំរឹទ្ធ១ លេខ១៩ ខេត្តត្បូងឃ្មុំ មេដាយសរុប៩ ប្រាក់៥ និងសំរឹទ្ធ៤ លេខ២០ ខេត្តបន្ទាយមានជ័យ មេដាយប្រាក់១ លេខ២១ ខេត្តកំពង់ធំមេដាយសរុប៥ ប្រាក់១ និងសំរឹទ្ធ៤ លេខ២២ ខេត្តពោធិ៍សាត់ មេដាយសរុប៣ ប្រាក់១ និងសំរឹទ្ធ២ លេខ២៣ ខេត្តឧត្តរមានជ័យ មេដាយប្រាក់១ និងខេត្តមណ្ឌលគិរី លេខ២៤ មេដាយសំរឹទ្ធ១៕ | គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ក្រសួងមហាផ្ទៃ នៅតែរក្សាតំណែងកំពូលតារាងមេដាយ ពីការប្រកួតកីឡាជាតិលើកទី៣។ ក្រសួងមហាផ្ទៃ ទទួលបានមេដាយសរុប៧៣ ក្នុងនោះមាស៣៩ ប្រាក់១៤ និងសំរឹទ្ធ២០ ដែលមានរាជធានី-ខេត្ត និងក្រសួង២៨ ចូលរួមប្រកួតប្រជែងលើកីឡា៣៨ ប្រភេទ និងកីឡាប៉ារ៉ាឡាំពិកចំនួន៧។ |
នាជំនួបជើងទី២ វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad Stadium ម្ចាស់ផ្ទះ Man City និងក្រុមភ្ញៀវ Spurs អាចស៊ុតចូលគ្នាដល់ទៅ៥គ្រាប់នៅត្រឹម៤៥នាទីដំបូង។ ខ្សែបម្រើឆ្នើម Raheem Sterling និងខ្សែប្រយុទ្ធឆ្នើម Son Heung-min ស៊ុតបានម្នាក់២គ្រាប់ រូមទាំង១គ្រាប់ដែលធ្វើបានដោយ Bernardo Silva ដើម្បីជួយក្រុមមេឃខៀវនាំមុខ ក្រុមមាន់ខ្នាយមាស ៣-២ នៅតង់ទី១។ ចូលដល់វគ្គទី២ Sergio Aguero បានស៊ុតគ្រាប់បាល់ទី៤ឲ្យ Man City ដែលធ្វើបាននៅនាទី៥៩ មុនពេល Fernando Llorente សម្រេចគ្រាប់បាល់ជ័យជម្នះឲ្យ Spurs នៅនាទី៧៣។ ចប់ការប្រកួតក្រុមលោក Pep Guardiola ឈ្នះក្រុមលោក Mauricio Pochettino ៤-៣។ តែយ៉ាងណា Spurs ដែលមាន១គ្រាប់ក្នុងដៃកាលពីជើងទី១ និងមិនរបូតគ្រាប់បាល់ក្នុងដីខ្លួនឯងនោះជាក្រុមដែលត្រូវបន្តទៅជួប Ajax នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រោះសរុបលទ្ធផលស៊ុតចូលគ្នាទាំង២ជើង ៤-៤។ ដោយឡែក Liverpool បានបន្តជ័យជម្នះរបស់ខ្លួននៅជើងទី២ក្រៅដីលើក្រុម Porto ដល់ទៅ ៤-១ ឯណោះ។ កាលពីជើងទី១ ក្រុមហង្សក្រហមឈ្នះ ២-០ ដូច្នេះសរុបលទ្ធផលទាំងពីជើង Liverpool ឈ្នះ Porto ៦-១។ ក្រុមរបស់លោក Jurgen Klopp ត្រូវបន្តទៅជួបក្រុមខ្លាំង Barcelona នៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដើម្បីប្រជែងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌកំពូលអឺរ៉ុបសម្រាប់រដូវកាល ២០១៨-១៩ នេះ៕ | ២គ្រាប់របស់ Son Heung-min និង១គ្រាប់របស់ Fernando Llorente គ្រប់គ្រាន់ដើម្បីជួយ Tottenham Hotspur ទម្លាក់ Manchester City ឡើងទៅជួប Ajax នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League។ Liverpool ក៏ត្រូវឡើងទៅប៉ះជើងខ្លាំង Barcelona ក្រោយលត់ FC Porto ដោយលទ្ធផលទាំងពីរជើង ៦-១។ |
«វាជារឿងដ៏រំជួលចិត្ត ដោយយើងសូមចែករំលែកនូវដំណឹងសោកសៅ ពីមរណភាពរបស់វីរកណ្តុរ HeroRat Magawa ដែលបានបាត់បង់ជីវិតកាលពីចុងសប្តាហ៍កន្លងមក»។ នេះបើតាមការផ្សាយរបស់អង្គការ APOPO ដោយបានបញ្ជាក់ពីសុខភាពចុះខ្សោយជាបន្តបន្ទាប់រហូតដល់ Magawa បាត់បង់ជីវិត ក្រោយប្រារព្ធខួប៨ឆ្នាំ កាលពីខែវិច្ឆិកា។ នារយៈពេល៥ឆ្នាំកន្លងមកនេះ ម៉ាហ្គាវ៉ា បានរួមចំណែករុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង៧១គ្រាប់នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប និងព្រះវិហារ។ ចាប់កំណើតនៅតង់ហ្សានីក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ កណ្តុរម៉ាហ្គាវ៉ា ទទួលបានការបណ្តុះបណ្តាលពីជំនាញ ហិតមីនពីសំណាក់ក្រុមអ្នកជំនាញនៃអង្គការបែលហ្ស៊ិក APOPO។ ម៉ាហ្គាវ៉ា មកដល់កម្ពុជានៅឆ្នាំ២០១៦ ហើយបំពេញបេសកកម្មនៅសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។ កាលពីឆ្នាំ២០២០ កន្លងមក កណ្តុរហិតមីនក្រោមការគ្រប់គ្រងរបស់អង្គការស៊ីម៉ាក់ និងអង្គការ APOPO បែលហ្ស៊ិកមួយនេះ ទទួលបានមេដាយមាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស៕ | ម៉ាហ្គាវ៉ា (Magawa) កណ្តុរយក្សអាហ្វ្រិក ដែលទទួលបានមេដាយមាសក្នុងនាមជា HeroRAT សម្រាប់បេសកកម្មហិតមីននៅកម្ពុជា បានបាត់ជីវិតហើយ ពោលគឺប៉ុន្មានខែប៉ុណ្ណោះ ក្រោយការចូលនិវត្តន៍ពីបេសកកម្មដោះមីននៅកម្ពុជាអស់រយៈពេល៥ឆ្នាំ។ |
ក្រោយការផ្សព្វផ្សាយនេះ ក្លាយជាប្រធានបទពិភាក្សាច្រើនលើបណ្ដាញសង្គម ក្រសួងវប្បធម៌ ក៏បានបដិសេធការផ្សព្វផ្សាយនេះផងដែរ។ ក្រសួង ចាត់ទុកករណីផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។ ជាមួយគ្នានេះក្រសួងវប្បធម៌ បានពន្យល់ថា «សង្ក្រាន្ត» ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានា តាមប្រាសាទនៅតំបន់អង្គរ។ នៅយប់ថ្ងៃទី២៥នេះ ហ៊ុន ម៉ានី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះ៖ «ខ្ញុំ មានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា ខ្ជិល" ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់ អារម្មណ៍ពីមហាជន។» លោក មាស រិទ្ធី បានអះអាងថា លោកបានសួរលោក ហ៊ុន ម៉ានី ដោយផ្ទាល់មាត់។ ត្រង់នេះ លោក ហ៊ុន ម៉ានី បានឆ្លើយតបដូច្នេះ ៖ «បង មាស រិទ្ធី បានសួរខ្ញុំមែន ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ហើយខ្ញុំ ក៏បានឆ្លើយតបថា ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ។» រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ បានផ្ញើលិខិតទៅលោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ នៅថ្ងៃទី២៥ មីនា ដោយបានពន្យល់ដូច្នេះ៖«ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀត ទៅតាមប្រពៃណីទំនៀមទម្លាប់ រៀងៗ នោះឡើយ»។ ក្រសួងវប្បធម៌ បានស្នើឱ្យលោកឧកញ៉ា អ៊ឹង ឆៃងួន ចាត់វិធានការបន្ទាន់ ដោយលុបព័ត៌មានមិនពិតនេះ ដើម្បីទប់ស្កាត់ការចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។ លោក មាស រិទ្ធី បានចេញលិខិតសុំទោសរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយទទួលស្គាល់ថា លោកអធិប្បាយ មិនគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។ លោក មាស រិទ្ធី បញ្ជាក់ថា លោកទទួលបានព័ត៌មាន មិនគ្រប់ជ្រុងជ្រោយពីមន្រ្តីមិនផ្លូវការ និងគ្មានមូលដ្ឋាន៕ | ភ្នំពេញ៖ លោក មាស រិទ្ធី បានអធិប្បាយក្នុងកម្មវិធីព័ត៌មានរបស់លោកក្នុងទូរទស្សន៍ហង្សមាសថា ការមិនរៀបចំកម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ឆ្នំា២០២៤នេះ ដោយសារលោក ហ៊ុន ម៉ានី ធ្លាប់ប្រាប់ថា ខ្ជិល។ លោក មាស រិទ្ធី ក៏បានបន្ថែមថា ពាក្យសង្ក្រាន្ត អាចនឹងត្រូវឈប់ប្រើក្នុងកម្មវិធីបុណ្យចូលឆ្នំាប្រពៃណីខ្មែរ ព្រោះ ថៃ បានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីនៅអង្គការយូណេស្កូ។ |
កងទ័ពជើងទឹកអាមេរិកនឹងអាស៊ាន បានចាប់ផ្តើមសមយុទ្ធយោធាជាលើកដំបូងដែលហៅកាត់ថា(AUMX) នៅថ្ងៃទី២ ខែកញ្ញា។ នេះជាកម្មវិធីយោធារួមគ្នាដំបូងរវាងកងទ័ពអាមេរិក និងប្រទេសតំបន់អាស៊ានទាំងអស់ ដែលនឹងចាប់ផ្តើមនៅមូលដ្ឋានកងទ័ពជើងទឹក Sattahip នៅប្រទេសថៃ។ ក្រោមការដឹកនាំរបស់អាមេរិកនិងកងទ័ពជើងទឹកថៃ សមយុទ្ធជើងទឹករួមគ្នារវាងអាមេរិក និងអាស៊ាន បានផ្ដើមនៅទឹកដីថៃ។ សមយុទ្ធ នឹងមានសកម្មភាពនាវាចរណ៍នៅប្រទេសថៃ សិង្ហបុរី និងប្រ៊ុយណេផងដែរ។ សមយុទ្ធនេះក៏នឹងឆ្លងកាត់តំបន់មួយចំនួនដូចជា ឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូងដើម្បីធ្វើប្រតិបត្តិការនៅវៀតណាម មុនបញ្ចប់ទៅវិញនៅប្រទេសសិង្ហបុរី។ សមយុទ្ធ AUMX នេះនឹងប្រើប្រាស់នាវាចម្បាំង៨គ្រឿងនិង យន្តហោះចម្បាំង៤គ្រឿងរបស់ប្រទេសចំនួន៧។ ការធ្វើសមយុទ្ធនេះនឹងមានការចូលរួមពិយោធាជាង១ពាន់នាក់ដែលមកប្រទេសទាំង១០របស់អាស៊ាន និងសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ The Nation ។ លោកឧត្តមនាវីឯក Phil Sawyer មេបញ្ជាការកងនាវាចរណ៍ទី៧ របស់កងទ័ពជើងទឹកអាមេរិក និយាយថា សមយុទ្ធ AUMXនឹងជួយជំរុញអោយមានការសហការគ្នាលើបញ្ហាសន្តិសុខសមុទ្រក្នុងតំបន់។ នៅក្នុងសមយុទ្ធនេះ សមាជិកអាស៊ាន និងសហរដ្ឋអាមេរិកនឹធ្វើប្រតិបត្តិការរួមគ្នា អនុវត្តជាក់ស្ដែងនូវការងារជាច្រើនប្រភេទដែលបង្កើតឡើងដើម្បីពង្រឹងអន្តរប្រតិបត្តិការនៅក្នុងតំបន់ ការយល់ដឹងពីដែនសមុទ្រ យុទ្ធសាស្ត្របែងចែក និងតាមដានទ្រព្យសម្បត្តិសមុទ្រ។ ការធ្វើសមយុទ្ធរួមគ្នានេះត្រូវបានស្នើឡើងក្នុងកិច្ចប្រជុំអាស៊ានរបស់រដ្ឋមន្ត្រីការពារជាតិកាលពីឆ្នាំ២០១៧ និងបានអនុម័តក្នុងខែតុលា ឆ្នាំ២០១៨។ សមយុទ្ធយោធាជាលើកដំបូងនេះនឹងជំរុញអោយមានការសហការគ្នាដើម្បីរក្សាសន្តិសុខនិងស្ថេរភាពដល់តំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ថា AUMX មានការចូលរួមពីគ្រប់សមាជិកអាស៊ានទាំង១០ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង អាមេរិក៕ | ដោយ៖ ងួន សុភាវត្តី |
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា នៅពេលដែលសាលាត្រូវបានបើកឲ្យចូលរៀនវិញ ក្រសួងអប់រំ ឬតាមបណ្តាសាលានីមួយៗ គួរតែមានការចងក្រងជាសៀវភៅ ដែលផ្តោតលើវិធីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឲ្យសិស្សមានស្មារតីប្រុងប្រយ័ត្នខ្ពស់ អំពីការទប់ស្កាត់នៃជំងឺផ្សេងៗ។ លោក ប៊ុនថង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«មែនទែនទៅ វាមិនមែនមានតែជំងឺកូវីដ-១៩ទេ គឺវាមានជំងឺឆ្លងផ្សេងៗទៀត។ នៅថ្ងៃអនាគត គួរតែមានការចងក្រងជាសៀវភៅ ដែលពាក់ព័ន្ធនឹងការការពារជំងឺឆ្លង ថាតើកុមារក្តី ពលរដ្ឋទូទៅក្តីគួរតែចូលរួមរបៀបណា ដើម្បីប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលនៃជំងឺកូវីដ និងជំងឺផ្សេងៗទៀត។ គ្រាន់ថាតើការរៀបចំនោះ វាអាចនឹងធ្វើទាន់ទេ?បើសិនជាទាន់ តើយើងរៀបចំបានកម្រិតណា? ជាធម្មតា ការរៀបចំកម្មវិធី វាត្រូវការពេលវេលា ត្រូវការធនធានមនុស្ស និងសម្ភារផ្សេងទៀត»។ ទោះជាយ៉ាងនេះក្តី លោក ឈត ប៊ុនថង យល់ថាមានតែសៀវភៅមេរៀនឲ្យសិស្សអាន ក៏វាមិនគ្រប់គ្រាន់នោះដែរ ក្រសួងអាចបន្ថែមវីដេអូណែនាំ ពីវិធីការពារក្នុងកម្មវិធីសិក្សាទៀត គឺរឹតតែល្អ ព្រោះធ្វើឲ្យសិស្សងាយយល់។ ក្រៅពីសៀវភៅណែនាំពីជំងឺឆ្លង លោក ប៊ុនថង ក៏ចង់ឲ្យក្រសួងអប់រំបន្ថែមមេរៀនមួយចំនួន ទាក់ទងនឹងការសង្គ្រោះបឋម ដើម្បីណែនាំដល់កុមារដែរ ដូចជាការសង្គ្រោះមនុស្សដោយសារលង់ទឹក ឆក់ខ្សែភ្លើង និងខ្យល់គរជាដើម។ សម្រាប់លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏យល់ស្របដែរថាចំពោះការរៀបចំមេរៀនជំងឺកូវីដ-១៩ សម្រាប់កុមារតូចៗ។ លើសពីនេះទៀត លោក ប៉ិច បូឡែន ចង់ឲ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាតាមអនឡាញ ដើម្បីបណ្តុះបណ្តាលពីការទប់ស្កាត់ជំងឺ ដល់គណៈគ្រប់គ្រងសាលា និងគ្រូ មុនបើកសាលាឡើងវិញដែរ។ លោក ប៉ិច បូឡែន បញ្ជាក់បន្ថែម៖«ការបណ្តុះបណ្តាល អាចជាការចងក្រងមេរៀន ជាសៀវភៅ និងវីដេអូ សម្រាប់កូនសិស្ស និងបុគ្គលិក រួមទាំងបើកជាសិក្ខាសាលា ដែលអាចឲ្យគណៈគ្រប់គ្រងសាលាទាំងអស់ បានចូលស្តាប់ មើល ដើម្បីរៀនសូត្រ ពីបង្ការទុកមុនឲ្យហើយ។ បើក្រសួងបើកឲ្យចូលរៀនវិញ យើងមានជំនាញទុកមុនតែម្តង»។ ដ្បិតតែមេរៀនទាក់ទងនឹងវិធីបង្ការ និងការពារការឆ្លងជំងឺ និងអនាម័យ គឺមាននៅក្នុងកម្មវិធីសិក្សារបស់កុមាររួចមកហើយ ប៉ុន្តែការបន្ថែមមេរៀនណែនាំពីជំងឺកូវីដ-១៩ សម្រាប់អប់រំកុមារតូច គឺរឹតតែល្អប្រសើរ។ នេះជាការយល់ឃើញ របស់ លោក គាង ដាវី គ្រូភាសាខែ្មរនៅអនុវិទ្យាល័យកៀនជ្រៃ ខេត្តកំពង់ចាម។ បើតាម លោកគ្រូ ដាវី មេរៀនណែនាំនេះ នឹងក្លាយជាឧបករណ៍ពញ្ញាក់ស្មារតីកុមារ ឲ្យប្រកាន់ខ្ជាប់នូវការរក្សាអនាម័យ។ គួរកត់សម្គាល់ថា កន្លងមកក្រសួងអប់រំ បានដាក់បញ្ចូលមេរៀន«ទិវាជាតិនៃការចងចាំ» ទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សឈ្វេងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា។ មេរៀនអំពី«រដ្ឋធម្មនុញ្ញ» ក៏ត្រូវបានក្រសួងអប់រំ និងក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបញ្ចូលទៅក្នុងកម្មវិធីសិក្សា លើមុខវិទ្យាសីលធម៌ និងពលរដ្ឋវិទ្យា សម្រាប់សិស្សថ្នាក់បឋមសិក្សា(ថ្នាក់ទី៤ឡើង) មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិផងដែរ៕ អត្ថបទទាក់ទង «ទិវាជាតិនៃការចងចាំ» នឹងក្លាយជាមេរៀនថ្មីនៅតាមសាលា មេរៀនរដ្ឋធម្មនុញ្ញ នឹងមានចាប់ពីថ្នាក់ទី៤ឡើង | ភ្នំពេញ៖ ក្រសួងអប់រំចង់បើកសាលារៀនឡើងវិញនៅខែវិច្ឆិកា ដែលជាពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ដើម្បីជៀសវាងកុំឲ្យមានរលកឆ្លងថ្មីនៃជំងឺកូវីដ-១៩កើតឡើងម្តងទៀត។ អ្នកជំនាញផ្នែកអប់រំ ចង់ឲ្យក្រសួង យកឱកាសនេះ រៀបចំចងក្រងជាសៀវភៅមេរៀនអំពីជំងឺកូវីដ-១៩ សម្រាប់ដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សិស្សបឋមសិក្សា ដើម្បីឲ្យពួកគេចេះធ្វើអនាម័យកាន់តែខ្ជាប់ខ្ជួន ការពារ និងទប់ស្កាត់កុំឲ្យឆ្លងជំងឺផ្សេងៗ។ |
បើយោងតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា បាល់បោះជនពិការភ្នែកមាន៣កម្រិត គឺកម្រិតពិការភ្នែកទាំងស្រុងមានកាយសម្បទាល្អ(B1), ភ្នែកមើលឃើញព្រាងៗកាយសម្បទាល្អ(B2) និងភ្នែកមើលច្បាស់តិចៗតែមានពិការតិចតួចនៃអវៈយវៈណាមួយ(B3)។ ទោះបីមានការបែងចែកប្រភេទពិការក៏ដោយ តែទាំង B1, B2 និង B3 តម្រូវឲ្យកីឡាករទាំងអស់ត្រូវយកវត្ថុបិទភ្នែក និងពាក់វែនតាខ្មៅងងឹតអំឡុងពេលប្រកួតដូចគ្នា។ ពាក់ព័ន្ធនឹងការប្រកួតអគ្គលេខាធិការរូបនេះបានពន្យល់ថា ការប្រកួតបែងចែកជាពីរក្រុមដោយក្នុង១ក្រុមមានគ្នា៣នាក់ ហើយម្នាក់ៗត្រូវអង្គុយតម្រៀបគ្នាចន្លោះជាងពីរៗម៉ែត្រម្ខាងម្នាក់រៀងៗខ្លួន។ បន្ទាប់មកភាគីម្ខាងអ្នកបោះបាល់ហើយម្ខាងទៀតចាំចាប់បាល់តាមរយៈការស្តាប់ស្នូរកណ្តឹងដែលគេដាក់ក្នុងបាល់។ ដូច្នេះ កីឡាករបាល់បោះជនពិការភ្នែកត្រូវមានត្រចៀកវាងវៃ និងរហ័សរហួន។ ទីលានប្រកួតបាល់បោះជនពិការភ្នែកមានទំហំ៩ម៉ែត្រគុណនឹង១៨ម៉ែត្រ ហើយបាល់មានទម្ងន់១,២៥គីឡូក្រាម។ នាពិធីប្រកួតបាល់បោះជនពិការភ្នែកដើម្បីជ្រើសរើសកីឡាករជម្រើសជាតិប្រចាំឆ្នាំ២០១៨នៅមជ្ឈមណ្ឌលជាតិនៃជនពិការកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ មករា លោក យី វាសនា បានបញ្ជាក់ថា៖«កីឡាបាល់បោះជនពិការភ្នែកជាប្រភេទកីឡាដែលគេលេងស្ទើរទូទាំងពិភពលោក ហើយកីឡាករនេះគេបង្កើតឡើងដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសឲ្យជនពិការភ្នែកបានលេងកីឡាដូចជនពិការៗដទៃទៀត»។ សម្រាប់ការប្រកួតកីឡាបាល់បោះជនពិការភ្នែកជ្រើសរើសក្រុមជម្រើសជាតិមាន៤ក្រុមចូលរួម។ ក្នុងចំណោមក្រុមទាំងនេះត្រូវ១ក្រុម ដើម្បីទុក៣ក្រុមសម្រាប់ប្រមូលផ្តុំក្រុមជម្រើសជាតិឆ្នាំ២០១៨។ កាលពីឆ្នាំ២០១៧ កន្លងទៅក្រុមបាល់បោះជនពិការភ្នែកកម្ពុជាធ្លាប់ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិនៅថៃ តែមិនទទួលបានលទ្ធផលល្អនោះទេ។ អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា ក្រោយការប្រមូលផ្តុំក្រុមជម្រើសជាតិបាល់បោះជនពិការភ្នែកគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកនឹងពង្រីកវិសាលភាពកីឡាជនពិការភ្នែកឲ្យកាន់តែធំ តាមរយៈការបង្កើតក្រុមបាល់ទាត់ជនពិការភ្នែកម្ខាង៥នាក់។ ទន្ទឹមនឹងនេះ លោក អំពាវនាវឲ្យនារីៗដែលជាជនពិការភ្នែកត្រូវប្រើកាយសម្បទា និងសមត្ថភាពឲ្យអស់លទ្ធភាពដើម្បីសង្គមតាមរយៈការចូលរួមលេងកីឡាជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៕ | កីឡាបាល់បោះជនពិការភ្នែក (goal Ball) ទាមទារឲ្យកីឡាករត្រូវមានត្រចៀកវាងវៃ ពោលគឺខុសពីកីឡាបាល់បោះសម្រាប់មនុស្សធម្មតាដែលទាមទារឲ្យកីឡាករមានបច្ចេកទេស និងកាយសម្បទាល្អ។ កីឡានេះបានបង្កើតឡើង ដើម្បីលើកទឹកចិត្តជនពិការភ្នែក ហើយត្រូវបានគេលេងស្ទើរទូទាំងពិភពលោក។ ប៉ុន្តែទើបតែមានវត្តមាននៅកម្ពុជាប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ។ |
ប្រតិភូវៀតណាមដែលដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក ង្វៀន គួកយុង (Nguyen Quoc Dung) បានជួបពិភាក្សាដោយឡែកជាមួយលោករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី អ៊ាត សោភា អនុរដ្ឋលេខាធិកាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាត កាលពីថ្ងៃទី១៨ កក្កដា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-វៀតណាមលើកទី៦។ ក្នុងកិច្ចពិភាក្សាគ្នានោះ ភាគីទាំងពីរ បានលើកយកពីកិច្ចការទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនានា មកពិនិត្យ និងវាយតម្លៃ ដោយក្នុងនោះរួមមាន នយោបាយ សន្តិសុខ ការពារជាតិ ការអប់រំ ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងរចនាសម្ព័ន្ធស្ថាប័ន សុខាភិបាល ពាណិជ្ជកម្មនិងវិនិយោគ ។ ជំនួបភាគីរវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ង្វៀន គួកយុង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៅភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និយាយពីរឿងពាណិជ្ជកម្ម និងវិនិយោគនេះ កម្ពុជា-វៀតណាម នៅតែប្ដេជ្ញា និងរំពឹងថា អាចសម្រេចគោលដៅពង្រីកទំហំពាណិជ្ជកម្ម ឲ្យបានជាង៥ពាន់លានដុល្លារ នៅពេលខាងមុខ តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្មតាមច្រកព្រំដែន , ការរៀបចំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការលើកកម្ពស់ការទំនាក់ទំនងពាណិជ្ជកម្ម នៅតាមច្រកទ្វារព្រំដែនជាដើម។ គម្រោងទាំងអស់នេះ ភាគីទាំងពីរ គ្រោងនឹងសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះភាគីទាំងងពីរក៏ពិនិត្យលើវិធានការនានា ដែលសំដៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យឈានឆ្ពោះឡើងទៅមួយកម្រិតទៀត រួមទាំងសន្យាជួយដោះស្រាយលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់រួមទៀតផង។ អត្ថបទទាក់ទង លោក ឈាង វណ្ណារិទ្ធ៖ កម្ពុជា មានទាំងផលប្រយោជន៍ និងផលលំបាក ពីកិច្ចព្រមព្រៀងរវាងអឺរ៉ុប និងវៀតណាម ទាក់ទងនឹងទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមនេះ លោក ឈាង វណ្ណារិទ្ធ ធ្លាប់លើកឡើងកន្លងមកថា កម្ពុជា គួរចេះទាញប្រយោជន៍ពីវៀតណាម តាមរយៈការរៀបចំទីផ្សារដោះដូរទំនិញ និងធ្វើពាណិជ្ជកម្មតាមព្រំដែន។ ជាពិសេសការតភ្ជាប់ខ្សែចង្វាក់ផលិតកម្ម ដែលវាជាតម្រូវការនៃផលិតកម្មរបស់វៀតណាម រួមទាំងការពង្រឹងសមត្ថភាពនៃការផលិត និងធនធានមនុស្ស ដែលពោរពេញទៅដោយចំណេះដឹង និងជំនាញទៀត។ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងបែបនេះ ដោយសារតែវៀតណាមទើបតែបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ហើយត្រៀមដាក់ឲ្យចូលជាធរមាននាពេលណាមួយក្នុងឆ្នាំ២០១៩នេះ។ ទន្ទឹមនឹងផលវិជ្ជមាននោះ គឺកម្ពុជា ក៏នឹងជួបផលលំបាកក្នុងការប្រកួតប្រជែងលើទីផ្សារ ជាមួយវៀតណាម ទៅលើផលិតផលដែលមានភាពប្រហាក់ប្រហែលគ្នាច្រើន។ នេះបើតាមលោក ឈាង វណ្ណារិទ្ធ។ កាលពីឆ្នាំ២០១៨ កម្ពុជា និងវៀតណាម មានទំហំពាណិជ្ជកម្ម ៤,៧ពាន់លានដុល្លារអាមេរិក។ ហើយវៀតណាម ក៏មានទំហំវិនិយោគ៣ពាន់លានដុល្លារនៅកម្ពុជា តាមរយៈគម្រោងវិនិយោគចំនួន២១១ ផងដែរ៕ | ភ្នំពេញ៖ កម្ពុជា-វៀតណាម ប្ដេជ្ញាបង្កើនពាណិជ្ជកម្មឲ្យបាន៥ពាន់លានដុល្លារ នាពេលខាងមុខ ស្របពេលអ្នកជំនាញថា កម្ពុជាត្រូវចេះទាញប្រយោជន៍ពីវៀតណាម ដែលទើបទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម កាលពីថ្ងៃទី៣០ មិថុនាកន្លងមក។ |
ប្រសិនបើអ្នកពិចារណា ព្យាបាលបញ្ហាគ្មានបុត្រ មានជម្រើសជាច្រើនដែលអ្នកអាចពិចារណាដូចខាងក្រោម៖ ការបង្កកំណើតក្នុងវីត្រូ (IVF) ការបង្កកំណើតក្នុងវីត្រូគឺជាដំណើរនៃការចិញ្ចឹមស៊ុត នៅក្នុងកែវ។ នៅពេលដែលស៊ុតលូតលាស់ ក្លាយទៅជាអំប្រ៊ីយ៉ុងវានឹងត្រូវបញ្ជូនមកក្នុងខ្លួនមនុស្សវិញ។ IVF ត្រូវបានគេទទួលស្គាល់ថា ជាការបង្កកំណើតដ៏ល្បី ដែលបានជួយដល់ស្ត្រីដែលមានបញ្ហាគ្មានបុត្រ។ ការចាក់មេជីវិតឈ្មោល (ICSI) ការចាក់មេជីវិតឈ្មោល គឺជាវិធីព្យាបាលទូទៅនឹងទទួលបានជោគជ័យបំផុត។ ICSIគឺជាដំណើរការនៃការបញ្ចូលមេជីវិតឈ្មោល ទៅក្នុងស៊ុតដើម្បីបង្កកំណើត។ ស្រដៀងទៅនឹងការព្យាបាលរបស់ IVF ដែរ នៅពេលស៊ុតលូតលាស់ ក្លាយទៅជាអំប្រ៊ីយ៉ុងវានឹងត្រូវបានផ្ទេរ មកក្នុងខ្លួនមនុស្សវិញ។ វិធីនេះ អាចធ្វើជាមួយ IVF ដើម្បីឱ្យការបង្កកំណើត មានប្រសិទ្ធភាពកាន់តែល្អ។ ការធ្វើរោគវិនិច្ឆ័យហ្សែន មុនពេលបង្កកំណើត(PGD) PGD ត្រូវបានធ្វើឡើង ដើម្បីជួយក្នុងការកំណត់បញ្ហាសុខភាពឬភាពមិនប្រក្រតីណាមួយនៅក្នុងអំប្រ៊ីយ៉ុង និងជួយបញ្ឈប់ជំងឺតំណពូជមួយចំនួន ដែលអាចនឹងឆ្លងទៅកូន។ PGD ក៏ជាវិធីសាស្រ្តដ៏ត្រឹមត្រូវមួយ ក្នុងការរពិនិត្យមើលថា តើអ្នកនឹងមានកូនប្រុសឬកូនស្រី។ ការពិនិត្យមើលហ្សែនមុនពេលបញ្ចូល (PGS) PGS គឺជាការអនុវត្តនៃការធ្វើតេស្តឬវាយតម្លៃអំប្រ៊ីយ៉ុង និងពិនិត្យរកភាពមិនប្រក្រតី នៃក្រូម៉ូសូមដើម្បីជៀសវាងការរលូតកូន។ជាធម្មតា ការធ្វើ IVF មានផលប៉ះពាល់ដល់សុខភាពតិចតួចដែរដែលនោះ គឺអាចធ្វើឱ្យឈឺក្បាល គេងមិនលក់ និងក្តៅខ្លួន។ ប៉ុន្តែទាំងនេះមិនមែនជាអ្វីដែលគួរឱ្យបារម្ភឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់ថាការព្យាបាលទាំងអស់នេះ គឺសុទ្ធតែមានតម្លៃសក្តិសម ក្នុងការសាកល្បងប្រសិនបើវាអាចជួយដល់បញ្ហាគ្មានបុត្រនេះបាន។ ការបង្កកំណើតក្នុងវីត្រូ (IVF) នៅប្រទេសម៉ាឡេស៊ីមានអត្រាជោគជ័យខ្ពស់ជាងគេ ទូទាំងពិភពលោក។ អត្រាជោគេជ័យជាមធ្យមរបស់ពិភពលោក គឺ ៥០ភាគរយប៉ុណ្ណោះប៉ុន្តែប្រទេសម៉ាឡេស៊ី ទទួលបានអត្រាមធ្យមដល់ទៅ ៦៥ភាគរយ។ ប្រសិនបើអ្នកដឹងថា អ្នកមានឱកាស៦៥ភាគរយ ក្នុងការមានគភ៌ អ្នកមិនគួរឱ្យឱកាសនេះ កន្លងហួសនោះទេ។ធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី និងសម្រេចក្តីស្រមៃរបស់អ្នក ឲ្យក្លាយជាការពិត។ ការត្រៀមរៀបចំ ដើម្បីទទួលយកការព្យាបាលបញ្ហាគ្មានបុត្រការស្រាវជ្រាវមុនពេលយើងសម្រេចចិត្ត នឹងទទួលការព្យាបាលបញ្ហាគ្មានបុត្រដំបូងយើងត្រូវស្រាវជ្រាវ និងស្វែងរកព័ត៌មាន អំពីការព្យាបាលនេះសិន ដើម្បីបានយល់ច្បាស់អំពីការមានគភ៌។ បន្ទាប់មក យើងត្រូវសម្រេចចិត្តថា នឹងទទួលការព្យាបាលនេះនៅឯណា។ប្រសិនបើអ្នកគិតថា នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីសម្រាប់ការព្យាបាល អ្នកអាចទៅពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) សម្រាប់ព័ត៌មាន និងការយកចិត្តទុកដាក់បន្ថែម ទៅលើការព្យាបាលបញ្ហាគ្មានបុត្រជ្រើសរើសមន្ទីរពេទ្យ អ្នកជំនាញ ការចំណាយ និងការធ្វើដំណើរ។ ការពិគ្រោះយោបល់ ជួបជាមួយអ្នកជំនាញនិងពិគ្រោះយោបល់ជាមួយពួកគាត់ អំពីស្ថានភាពសុខភាពរបស់អ្នកគឺជាកត្តាចាំបាច់មួយ សម្រាប់បុគ្គលម្នាក់ៗ។ ដំណើរការនៃការព្យាបាលការគ្មានបុត្រ គឺចាំបាច់ត្រូវការពេលវេលាអ្វីដែលអ្នកអាចធ្វើបាន គឺអនុញ្ញាតឲ្យគ្រូពេទ្យរបស់អ្នក យល់អំពីស្ថានភាពសុខភាពរបស់អ្នក។បន្ទាប់មក អ្នកនឹងត្រូវឆ្លងកាត់ការធ្វើតេស្ដចាំបាច់មួយចំនួនដោយគ្រូពេទ្យសម្ភពឬគ្រូពេទ្យរោគស្ត្រីរបស់អ្នក មុនពេលទទួលយកការព្យាបាលបញ្ហាគ្មានបុត្រ។ ពិគ្រោះពិភាក្សាជាមួយគ្រួសារនិងមិត្តភក្តិរបស់អ្នក គ្មានអ្វីល្អជាងមាននរណាម្នាក់ ដែលយល់ពីអារម្មណ៍របស់យើងនិងចេះលួងលោមចិត្តយើងនោះទេ។ ដូច្នេះហើយ អ្នកគួរតែទាក់ទង និងពិគ្រោះជាមួយគ្រួសារឬមិត្តភក្តិរបស់អ្នក អំពីភាពជាឪពុកម្ដាយ និងបទពិសោធន៍ជាអ្នកជំងឺ។ការពិគ្រោះពិភាក្សានេះ នឹងផ្ដល់គំនិត ពិចារណាជាច្រើនឱ្យអ្នក ដើម្បីវាអាចនឹងផ្ដល់ឲ្យអ្នកនូវជម្រើសដ៏ល្អបំផុតសម្រាប់ការព្យាបាលការគ្មានកូននេះផងដែរ។ ការរៀបចំធ្វើដំណើរ បន្ទាប់ពីអ្នកបានសម្រេចចិត្តរួចហើយដល់ពេលដែលអ្នកត្រូវគិត អំពីការរៀបចំធ្វើដំណើរម្ដង។ ចាប់ផ្ដើមដោយការណាត់ជួប ជាមួយវេជ្ជបណ្ឌិតរបស់អ្នកនិងកក់បន្ទប់សម្រាប់ពិនិត្យពិភាក្សា។ បន្ទាប់មក អ្នកត្រូវធ្វើតេស្ដរកមេរោគកូវីដ-១៩ និងចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩។ កុំភ្លេចរក្សាគម្លាត នៅពេលអ្នកធ្វើដំណើរ។ ត្រូវពាក់ម៉ាស និងលាងដៃជាប្រចាំនិងត្រូវបាញ់អាល់កុល នៅលើកន្លែងណា ដែលអ្នកនឹងប៉ះពាល់ នៅពេលអ្នកកំពុងធ្វើដំណើរ។សូមចងចាំថា ម៉ាឡេស៊ី គឺជាមជ្ឈមណ្ឌលព្យាបាលបញ្ហាគ្មានបុត្រនៃអាស៊ីដែលផ្តល់ជូននូវការព្យាបាល បញ្ហាគ្មានបុត្រជាច្រើនវិធី។ បើសិនជាអ្នកចង់យល់ដឹងកាន់តែច្បាស់បន្ថែមទៀត ពីវិធីព្យាបាលការគ្មានបុត្រសូមមកកាន់ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី(MHTC)។ MHTC គឺជាភ្នាក់ងារមួយដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល ដែលផ្តល់សេវាកម្មថែទាំសុខភាពអ្នកធ្វើដំណើរពីដើមដល់ចប់។ មន្ទីពេទ្យដែលជាដៃគូសហការ របស់ MHTC ក៏មានផ្នែកផ្តល់សេវាកម្មIVF ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការព្យាបាលការគ្មានបុត្រជាមួយនឹងគ្លីនិកនៅម៉ាឡេស៊ី។ ពួកគេក៏ផ្ដល់ជូននូវការពិភាក្សា និងដំណោះស្រាយជាច្រើន ពីបញ្ហាគ្មានបុត្រដូចជាការរំញោចអរម៉ូន ការធ្វើ IUI, IVF, ICSI ការរក្សាទុកគ្រីស្តាល់FET ទៅជា PGS និង PGD ។ ការយកចិត្តទុកដាក់ខ្ពស់លើខ្លួនឯង គួបផ្សំនឹងបច្ចេកវិទ្យាទំនើបនិងចុងក្រោយបង្អស់ ធ្វើឱ្យ IVF ទទួលបានអត្រាជោគជ័យ គួរឱ្យស្ងើចសរសើរលើការព្យាបាលអ្នកជំងឺកន្លងមក។ ដោយអនុវត្តតាមប្រតិបត្តិការស្តង់ដារ (SOPs) អ្នកធ្វើដំណើរ ដើម្បីមកទទួលការព្យាបាលនៅប្រទេសម៉ាឡេស៊ីអាចធ្វើដំណើរដោយមិនមានការរឹតបន្តឹងនោះទេ។ អានបន្តអំពី SOPs តាមដំណរភ្ជាប់នេះ ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ អ្នកក៏អាចដឹងបន្ថែមពី MHTC តាមរយៈ Facebook Page: Medical Tourism Malaysia Cambodia៕ (អត្ថបទពាណិជ្ជកម្ម) | មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ទាំងបុរស និងស្ត្រី អាចប្រឈមមុខនឹងការមិនមានបុត្រ ។ ៨០ភាគរយ នៃស្ត្រីអាយុក្រោម ៣៥ឆ្នាំ អាចមានផ្ទៃពោះតាមធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើពួកគេរួមមេត្រីជាប្រចាំ ដោយមិនបានការពារ។ ចំណែកស្ត្រី ដែលមានអាយុលើសពី៣៥ឆ្នាំ នឹងមានឱកាសតិចតួចប៉ុណ្ណោះ ក្នុងការមានផ្ទៃពោះ បន្ទាប់ពីព្យាយាមលើសពី ៦ខែ។ មានកត្តាជាច្រើន ដែលបានរួមចំណែកដល់ការគ្មានកូន ក្នុងនោះរួមបញ្ចូលទាំងបញ្ហានៃការបញ្ចេញអូវុល ដៃស្បូនបិទ PCOS ជំងឺសរសៃប្រសាទ ក្រពេញទីរ៉ូអ៊ីត ចំនួនមេជីវិតឈ្មោលរបស់បុរសតិច ឬសូម្បីតែជំងឺមហារីក។ បញ្ហានេះ អាចឱ្យគ្រួសារនីមួយៗជួបវិបត្តិផ្លូវចិត្ត។ ទោះយ៉ាងណា ការព្យាបាលបញ្ហាគ្មានបុត្រ នឹងក្លាយជាដំណោះស្រាយប្រកបដោយក្តីសង្ឃឹម ដែលគ្រប់ក្រុមគ្រួសារអាចពិចារណាបាន។ តើវិធីព្យាបាលបញ្ហាគ្មានបុត្រដែលមានប្រសិទ្ធភាពបំផុតមានអ្វីខ្លះ? |
«ខ្លាពពក» ស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ហើយត្រូវទទួលរងនូវការគំរាមកំហែងដោយសារការបរបាញ់ និងបាត់ទី ជម្រកដែលវាធ្លាប់រស់នៅ។ «ខ្លាពពក» ត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាសត្វប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨។ សៀវភៅថនិកសត្វកម្ពុជាដដែល បញ្ជាក់ថា ភិនភាគរបស់ «ខ្លាពពក» វាមានសម្បុរពណ៌ក្រម៉ៅប្រផេះ ហើ យនៅលើដងខ្លួនមានផ្ទាំងៗ ដូចជាពពកធំៗ។ នៅខាងក្រោយនៃផ្ទាំងនេះ មានពណ៌ខ្មៅខណ្ឌជាកំណាត់ដុំៗផ្ទាំងនីមួយ ៗ ដោយដុំទាំងនេះរីកនៅផ្នែកខាងក្រោយស្មារបស់វា ដែលចាប់ពីលើលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ លក្ខណៈជីវសាស្រ្ត «ខ្លាពពក» ចូលចិត្តរស់នៅក្នុងព្រៃស្រោង, ព្រៃកណ្ដាលស្រោង និងព្រៃចម្រុះ ហើយវាជាសត្វរាត្រីចរ ច្រើន រស់នៅជាគូលើដើមឈើ។ សកម្មភាពនៃការរកចំណីរបស់វាគឺ នៅលើដើមឈើ ដោយការលោតសង្គ្រប់លើសត្វនៅដី ដោយប្រើក្រញាប់មុខមុត ដើម្បីសង្កត់ចំណី រួចទើបខាំជាក្រោយ ដូចជាខ្លារខិន ហើយចំណីអាហាររបស់វាមានដូចជា បក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស និងសត្វស្វាជាដើម។ «ខ្លាពពកញី» អាចបង្កើតកូនម្ដងបានពី២-៤ក្បាល បន្ទាប់ពីវាពរពោះបានរយៈពេលប្រហែលពី៩០-៩៥ថ្ងៃ។ រីឯកន្ទុយរបស់វាវែងអុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅនៅផ្នែកចុង ចំណែឯជើងរបស់វាវិញខ្លី ដោយមានប្រអប់ជើង ធំ ងាយស្រួលក្នុងធ្វើបំលាស់ទី សម្រាប់លោតប្រតោងមែកឈើ។ «ខ្លាពពក» មានភាពងាយស្រួល ក្នុងការចំណាំណាស់ គឺយើង គ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមានផ្ទាំងដុំៗសណ្ឋានដូចជាពពកពេញដងខ្លួន ហើយវាមានមាឌធំជាងខ្លាំភ្ញីថ្ម កែវ។ នេះបើតា មការបន្ថែមពីសៀវភៅថនិកសត្វកម្ពុជា។ នេះបើតាមសៀវភៅ ថនិកសត្វកម្ពុជាខាងលើ៕ | នៅកម្ពុជា «ខ្លាពពក» មាននៅភូមិភាគឦសាន, និរតី និងភាគខាងជើងនៃប្រទេស។ «ខ្លាពពក» មិនមែនមានតែកម្ពុជាទេ គេក៏បានឃើញវានៅប្រទេសប៊ុយតាន,ចិន,ឥណ្ឌា,ឥណ្ឌូនេស៊ី(កោះស៊ូម៉ាត្រា),ឡាវ,ម៉ាឡេស៊ី ,ភូមា,នេប៉ាល់,ថៃ និងវៀតណាម។ សត្វប្រភេទនេះ នៅប្រទេសបង់ក្លាដេស សឹង្ហបូរី និងតៃវ៉ាន់វាបានផុតពូជ។ ចំណីអាហាររបស់វាមានដូចជា បក្សី,ពស់,ជ្រូកព្រៃ,ឈ្លូស,ប្រើស និងសត្វស្វាជាដើម។ |
ក្រុមបឹងកេតបានទម្លាក់ក្រុមទ័ពចេញតំបន់ Top 4 ឲ្យមកឈរលេខរៀងទី៥បណ្តោះអាសន្នក្នុងសប្តាហ៍ទី១៦នៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាឆ្នាំ២០១៧។ ការទម្លាក់នេះ បន្ទាប់ពីបឹងកេតបានយកឈ្នះទ័ព ៣-១ នៅកីឡដ្ឋានស្តាតចាស់កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា។ ជ័យជម្នះនេះជួយឲ្យបឹងកេតឡើងទៅឈរលេខរៀងទី៣បណ្តោះអាសន្នក្នុងសប្តាហ៍ទី១៦។ សម្រាប់ការប្រកួតដ៏ស្វិតស្វាញរវាងក្រុមទាំងពីរនៅស្តាតចាស់ កីឡាករ ខៀវ វិបុល បានទាត់បាល់ពិន័យ Free Kick សម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យបឹងកេតនៅនាទី១៦ មុនកីឡាករ Kim Kyonghun តែតបាល់បញ្ចូលទីបានសម្រេចក្រោមការលើកចេញពីជ្រុង ដើម្បីតាមស្មើ ១-១ ឲ្យទ័ពនៅនាទីទី២០។ កីឡាករ Maycon Calijuri ទទួលបានឱកាសនៅនាទីទី២៦ក្រោមការបញ្ជូនយ៉ាងល្អពី Samuel តែធ្វើមិនបានសម្រេច។ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើ ១-១ រហូតចប់វគ្គទី១។ ការប្រកួតវគ្គទី២ដំណើរការបានប្រមាណជិត១០នាទីកីឡាករ Maycon បានសម្រេចគ្រាប់ទី២ឲ្យបឹងកេតដោយបាល់ពិន័យ Free kick នៅនាទី៥៤ មុនកីឡាករ Esoh Paul Omogba សម្រេចគ្រាប់ទី៣ដែលជាគ្រាប់បាល់ជ័យជម្នះ ៣-១ សម្រាប់បឹងកេតនៅនាទី៩០+4។ ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តឈរកំពូលតារាងបណ្តោះអាសន្នក្នុងសប្តាហ៍ទី១៦ ដោយមាន៣៧ពិន្ទុក្រោយយកឈ្នះគីរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានគីរីវង់ ខណៈណាហ្គាវើលបន្តឈរលេខរៀងទី២ដោយមាន៣២ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ដោយឡែកនៅថ្ងៃអាទិត្យទី១៧ ខែកញ្ញា នេះមានការប្រកួតចំនួន៣គូ ក្នុងនោះស៊ីម៉ាក់ត្រូវតទល់ជាមួយខេមបូឌានថាយហ្គឺរនៅកីឡដ្ឋានស្តាតចាស់ម៉ោង៤រសៀល មុនម្ចាស់ផ្ទះភ្នំពេញក្រោនប្រើកីឡដ្ឋាន RSN ស្វាគមន៍អាស៊ីអឺរ៉ុបនៅម៉ោង៦ល្ងាច និងប៉ូលិសជួបវេស្ទើនភ្នំពេញនៅកីឡដ្ឋានស្តាតចាស់ម៉ោង៦:៣០នាទី៕ | ក្រុមបាល់ទាត់បឹងកេតបានទម្លាក់ក្រុមក្រសួងការពារជាតិ(ទ័ព)ពីតំបន់ Top 4 ក្រោយយកឈ្នះ ៣-១ នាជំនួបសប្តាហ៍ទី១៦នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ នៅកីឡដ្ឋានស្តាតចាស់កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា។ ចំណែកព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលរក្សាទីតាំងបានយ៉ាងល្អក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន។ សម្រាប់ថ្ងៃអាទិត្យទី១៧ កញ្ញា នេះមានការប្រកួតចំនួន៣គូក្នុងនោះស៊ីម៉ាក់ប៉ះខេមបូឌានថាយហ្គឺរនៅកីឡដ្ឋានស្តាតចាស់ម៉ោង៤រសៀល មុនម្ចាស់ផ្ទះភ្នំពេញក្រោនស្វាគមន៍អាស៊ីអឺរ៉ុបម៉ោង៦ល្ងាច និងប៉ូលិសជួបវេស្ទើនភ្នំពេញនៅកីឡដ្ឋានស្តាតចាស់ម៉ោង៦:៣០នាទី។ |
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេ ដែលបានកំណត់ក្នុងផែនការមេទី៣ ឆ្នាំ២០១៦-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA)។ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់រោងចក្រនេះ គឺចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយនៃការសាងសង់រោងចក្រផលិតទឹកស្អាតមកទល់សព្វថ្ងៃនេះ សម្រេចបាន៩០ភាគរយហើយ ដែលគ្រោងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣។ រោងចក្រនេះនឹងមានសមត្ថភាពផលិតពេញលេញ បន្ទាប់ពីបញ្ចប់ការសាងសង់ដំណាក់កាលទី២ នៅក្នុងឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់PPWSA, ភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហភាពអឺរ៉ុប (EU) នាថ្ងៃទី២១កុម្ភៈ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖ «សមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រនេះ នឹងមានបរិមាណគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកបច្ចុប្បន្ននៅរាជធានីភ្នំពេញ។ តាមការប៉ាន់ស្មាន រាជធានីភ្នំពេញ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នារដូវប្រាំង»។ រោងចក្រផលិតទឹកស្អាតរបស់កម្ពុជា ដែលមានតម្លៃជិត៤០០លានដុល្លារនេះ ត្រូវបានគាំទ្រដោយឥណទានចំនួន១៧៧.លានអឺរ៉ូ(ប្រមាណ១៨៩លានដុល្លារអាម៉េរិក) ,ឥណទានពីធនាគារវិនិយោគអឺរ៉ុបចំនួន១០០លានអឺរ៉ូ(១០៦លានដុល្លារ) និងជំនួយឥតសំណងប្រមាណ១៣លានដុល្លារ ពីសហភាពអឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី។ សម្រាប់គម្រោងនេះ ជាការវិនិយោគផ្ទាល់ពីPPWSA ក្នុងទំហំទឹកប្រាក់៨០លានដុល្លារ។ ចំពោះការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប គឺផ្តោតជាពិសេសលើការផ្គត់ផ្គង់ទឹកទៅកាន់សហគមន៍ក្រីក្រ នៅក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។ បើតាមលោក Rémy Rioux អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់បង្ហាញអំពីរបៀបដែលក្រុមអឺរ៉ុប អាចផ្តល់ការគាំទ្រយ៉ាងពេញទំហឹង រួមគ្នាជាមួយជំនាញដ៏ទំនើប។ លោកបាននិយាយដូច្នេះ៖ « ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃការសាងសង់ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើម ដោយសារការខិតខំរបស់ថ្នាក់ដឹកនាំ PPWSA រួមសហការជាមួយក្រុមហ៊ុន Vinci Grand Projets និង Safège»។ អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD ប្រកាសគាំទ្រពេញទំហឹងចំពោះ PPWSA ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ លោក ឡុង ណារ៉ូ អគ្គនាយក PPWSA បានលើកឡើងថា ក្រោយបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងក្នុងឆ្នាំ២០២៤ សមត្ថភាពផលិតរបស់កម្ពុជា នឹងកើនឡើងពី០.៦ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថា សមត្ថភាពនេះ នឹងឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការទឹក ដោយសារការពង្រីករាជធានីភ្នំពេញ នៅគ្រប់ទីកន្លែង។ គម្រោងរោងចក្រផលិតទឹកស្អាតនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅ៦.១.១នៃការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជន៩៦ភាគរយ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅលើផែនការ ៩៥ភាគរយ ត្រឹមឆ្នាំ២០២៣។ គម្រោងនេះ នឹងជួយឲ្យកម្ពុជាសម្រេចបានគោលដៅ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕ | បច្ចុប្បន្ន ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា សម្រេចបាន៩០ភាគរយហើយ។ រោងចក្រផលិតទឹកស្អាតតម្លៃជិត៤០០លានដុល្លារនេះ មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលរដ្ឋាភិបាលគ្រោងដាក់ឱ្យដំណើរការនៅអំឡុងត្រីមាសទី២ ឆ្នាំ២០២៣។ |
ក្នុងចំណោមការពន្យារការសងដែលអម្រឹត កំពុងផ្ដល់ជូនរួមមាន៖ ការពន្យារពេលសងប្រាក់ដើម និងការពន្យារការសងទាំងប្រាក់ដើម និងការប្រាក់ ដែលអាចមានរយៈពេលពី ៣-៦ខែ អាស្រ័យទៅតាមស្ថានភាព លំបាកពិតប្រាកដរបស់អតិថិជនម្នាក់ៗ។ លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា ក្នុងនាមជាគ្រឹះស្ថានមួយ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គមនៅកម្ពុជា និងស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វិធានការពន្យារការសងឥណទាននេះ នឹងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់អតិថិជន។ លោក ដុស ឌីន បានបន្តទៀតថា ការពន្យារការសងកំពុងផ្តល់ជូន គឺបែងចែកអតិថិជនជាពីរប្រភេទធំៗ គឺទីមួយ អតិថិជនឥណទានក្រុមធានា ភាគច្រើនបំផុតរស់នៅទីជនបទដែលខ្ចីប្រាក់ក្នុងទំហំតូច ដែលជួបការលំបាកក្នុងការសង និងប្រសិនអតិថិជនកម្ចីតូចៗប្រភេទនេះស្នើសុំពន្យារការសង អម្រឹតនឹងផ្តល់ពន្យារការសងទាំងការប្រាក់ និងប្រាក់ដើមជាស្វ័យប្រវត្តិតែម្តង សម្រាប់រយៈពេល៣ខែ។ បច្ចុប្បន្ន អម្រឹតមានអតិថិជនឥណទានក្រុមធានា ជាងដប់ពីរម៉ឺននាក់ (១២០.០០០ នាក់)។ ដោយឡែក សម្រាប់អតិថិជនកម្ចីជាបុគ្គលដែលខ្ចីប្រាក់ក្នុងទំហំធំ ដែលជួបការលំបាកខ្លាំង ជាពិសេសអតិថិជនដែលមុខរបររបស់ពួកគាត់ ស្ថិតក្នុងវិស័យអាទិភាពទាំងបួន ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា គឺវិស័យទេសចរណ៍ កាត់ដេរ សំណង់ និងដឹកជញ្ជូន និងផ្នែកខ្លះនៃវិស័យកសិកម្ម អម្រឹតអាចនឹងផ្តល់ការពន្យារការសងប្រាក់ដើម ឬទាំងប្រាក់ដើម និងការប្រាក់ ចាប់ពី ៣ខែដល់៦ខែ អាស្រ័យទៅតាមស្ថានភាពលំបាកពិតប្រាកដរបស់អតិថិជនម្នាក់ៗ។ លោក ដុស ឌីន បានបញ្ជាក់ទៀតថា តាមរយៈការទំនាក់ទំនងទៅដោយផ្ទាល់ ជាមួយអតិថិជនរយៈពេលកន្លងមកនេះ អតិថិជនកម្ចីដែលមានផលប៉ះពាល់មិនសូវខ្លាំង នៅតែមាន ឆន្ទៈបំពេញកាត្វកិច្ច គឺបន្តការសងជាធម្មតា។ អម្រឹត សូមអរគុណ និងកោតសរសើរ ដល់អតិថិជន ដែលរងផលប៉ះពាល់មិនសូវខ្លាំង ដែលនៅបន្តសងត្រឡប់វិញ ដើម្បីទុកឱកាសឲ្យអម្រឹតយកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ អម្រឹត ផ្តល់តម្លៃខ្លាំងទៅលើទំនាក់ទំនងល្អជាមួយអតិថិជន និងយល់ពីសុខទុក្ខរបស់អតិថិជន។ ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ មន្រី្តឥណទានរបស់អម្រឹត នឹងទាក់ទងទៅអតិថិជនកម្ចីម្នាក់ៗ ដើម្បីស្វែងយល់ពីការលំបាក និង សិក្សាលទ្ធភាពផ្សេងៗដែលអម្រឹតអាចជួយគាំទ្របាន។ លោក ដុស ឌីន បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ សម្រាប់ការបន្តគាំទ្រ និងផ្តល់ទំនុកចិត្តដល់អម្រឹត។ យើងនឹងឆ្លងកាត់ការលំបាកនេះ ជាមួយគ្នា ហើយយើង នឹងឈ្នះលើការលំបាកបំផុតនេះ នៅថ្ងៃណាមួយនាពេលខាងមុខនេះ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេមួយ ដែលបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត៣០ឆ្នាំ ។ បច្ចុប្បន្ន អម្រឹតកំពុងបម្រើសេវាដល់អតិថិជនសរុប ជាងកន្លះលាននាក់ មានសាខាចំនួន១៥៨ នៅទូទាំង២៥ខេត្តក្រុង និងមានបុគ្គលិកបម្រើការងារប្រមាណជាង ៤.៥០០នាក់ ។ អម្រឹតកំពុងផ្តល់កម្ចីដល់អតិថិជនដែលមានទឹកប្រាក់ ជាងមួយពាន់លានដុល្លារអាមេរិក និងទទួលប្រាក់សន្សំពីអតិថិជន ជាង៥០០លានដុល្លារអាមេរិក។ អម្រឹត គឺជាបុត្រសម្ព័ន្ធ របស់ Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ១០ប្រទេសក្នុងពិភពលោក។ បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួនពីរទៀត គឺសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគរបស់ធនាគារពិភពលោក និង ធនាគារវិនិយោគនៃប្រទេសហូឡង់ (ហៅកាត់ថា FMO) ដែលភាគទុនិកទាំងពីរនេះ មានទ្រព្យសកម្មរាប់ពាន់លានដុល្លារអាមេរិក៕ (អត្ថបទពាណិជ្ជកម្ម) | ជាមួយស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន និងកំពុងជួយសម្រួលបន្ទុកដល់អតិថិជនឥណទាន ដែលជួបការលំបាកខ្លាំងដោយសារ ជំងឺកូវីដ-១៩ នោះគឺការផ្តល់ការពន្យារការសងឥណទាន។ |
ការលើកឡើងរបស់ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា នៅក្នុងកម្មវិធីមហាសន្និបាទបិទបញ្ចប់អាណត្តិទី៣ (២០២០-២៤) និងបន្តអាណត្តិទី៤ (២០២៤-២៨) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោក មៀច សុផាន់ណា ដែលជាប្រធានសហព័ន្ធអាណត្តិចាស់ ត្រូវបានសមាជិកភាពសហព័ន្ធ គាំទ្រឱ្យបន្តដឹកនាំនៅក្នុងអាណត្តិថ្មីទី៤ បន្តទៀត។ នាមហាសន្និបាតនោះទៀតសោត សហព័ន្ធកីឡាយានយន្ត បានដាក់បញ្ចូលសមាជិកភាពថ្មី និងរុះរើសមាជិកភាពចាស់ដែលអសកម្មនឹងការងារមួយចំនួនចេញ ដើម្បីបន្តពង្រឹងលើសមត្ថភាពនៃការប្រកួតប្រជែង កីឡាយានយន្តរបស់កម្ពុជាឱ្យកាន់តែខ្លាំងឡើង។ ឆ្លៀតឱកាសជួបជុំជាមួយសមាជិកភាពសហព័ន្ធ កីឡាករ កីឡាការិនីកីឡាយានយន្តរបស់កម្ពុជា ប្រធានសហព័ន្ធដដែលបាន អំពាវនាវដល់កីឡាករ កីឡាការិនី ឱ្យបន្តចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅកាន់បរទេស ដូចដែលក្រុមកីឡាករ កីឡាការិនីទាំងអស់នោះ ធ្លាប់បានធ្វើនាពេលកន្លងទៅ។ លោក សុផាន់ណា ថែមទាំង ក៏ស្នើឱ្យកីឡាករជំនាញទាំងអស់ បន្តជួយលើកកម្ពស់គោលនយោបាយចរាចរណ៍ផ្លូវគោក ឱ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ។ លោក សុផាន់ណា បានលើកឡើងដូច្នេះ៖«កីឡាដទៃប្រើប្រាស់សម្ភារៈមានតម្លៃទាប ប៉ុន្តែកីឡាយើងប្រើប្រាស់សម្ភារៈសុទ្ធសឹងតែមានតម្លៃថ្លៃ។ [] ពួកយើងសុទ្ធសឹងតែជាវីរៈបុរសតាមដងផ្លូវ [] យើងមានជំនាញរបស់យើងមួយៗ បច្ចេកទេស ចំណេះដឹងច្បាស់លាស់ពីការប្រើប្រាស់យានយន្ត និងសមត្ថភាពរបស់យើងនីមួយៗ យើងត្រូវតែមានមោទកភាពលើជំនាញរបស់យើង។ [] យើងត្រូវបន្តផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ ទេសចរណ៍ របស់យើង ក៏ដូចជាចូលរួមផ្សព្វផ្សាយផ្សព្វផ្សាយគោលនយោបាយចរាចរណ៍មានសុវត្ថិភាពលើដងផ្លូវ របស់យើងផងដែរ។»។ ប្រធានសហព័ន្ធកីឡាយានយន្ត ក៏បានកោតសរសើរ និងអរគុណ ចំពោះសមាជិកភាព ព្រមទាំងកីឡាករ កីឡាការិនី ដែលបានជួយពាំនាំផ្សព្វផ្សាយពី ប្រពៃណី វប្បធម៍ និងទេសចរណ៍កម្ពុជាទៅកាន់កីឡាករបរទេស នាពេលកន្លងមកផងដែរ។ ជាលទ្ធផលនៃមហាសន្និបាតបញ្ចប់អាណត្តិចាស់ សមាជិកភាពថ្នាក់ដឹកនាំថ្មីដែលត្រូវបានដាក់បញ្ចូល ជាសមាជិកគណៈកម្មាធិការប្រតិតប្តិ ក្នុងអាណត្តិទី៤ មានចំនួន ២០រូប ដោយ លោក មៀច សុផាន់ណា បន្តជាប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា៕ | លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានអំពាវនាវដល់សមាជិកភាពសហព័ន្ធ រួមមានទាំងកីឡាករ និងកីឡាការិនី ដែលមានជំនាញប្រកួតប្រជែងលើប្រភេទកីឡាយានយន្តទាំងម៉ូតូ និងរថយន្ត ឱ្យជួយបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ព្រមទាំងជួយលើកកម្ពស់គោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ |
ពោធិសាត់៖ ជារៀងរាល់ឆ្នាំ ឧបករណ៍នេសាទបែបបុរាណជាច្រើនប្រភេទ ហាក់ត្រូវបានគេបោះបង់ចោលជាបណ្តើរៗ។ ដោយសារប្រសិទ្ធភាព ចាប់ត្រីបានតិច ចំណាយកម្លាំងច្រើន និងប្រើពេលវេលាយូរ បានបណ្តាលឱ្យឧបករណ៍នេសាទបែបបុរាណទាំងនោះ បាត់មុខពីឧបករណ៍នេសាទចាំបាច់ប្រចាំថ្ងៃ ដែលធ្លាប់តែពេញនិយមពីអតីកាល។ ជាជំនួសមកវិញ ឧបករណ៍នេសាទទាន់សម័យ ទំនើប មានប្រសិទ្ធភាពខ្ពស់ ចាប់ត្រីច្រើន ប្រើពេលវេលាតិច ត្រូវបានអ្នកនេសាទយកមកប្រើប្រាស់ យ៉ាងទូលំទូលាយ។ ត្រីចម្រុះប្រភេទ ដែលអ្នកនេសាទ ចាប់បានដោយ «ថ្នងមូល» នៅក្នុងស្ទឹងពោធិសាត់ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ បច្ចុប្បន្ននេះ យើងអាចឃើញមានការប្រើប្រាស់ឧបករណ៍នេសាទ បែបបុរាណគ្រប់ប្រភេទ ដោយកម្រ។ ជាក់ស្តែង ឧបករណ៍នេសាទ «ថ្នងមូល» បើយើងសង្កេតជុំវិញបឹងទន្លេសាប យើងអាចឃើញមានការពេញនិយមប្រើប្រាស់ តែនៅតាមបណ្តោយដងស្ទឹងពោធិសាត់ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់ប៉ុណ្ណោះ។ អ្នកនេសាទប្រើប្រាស់ឧបករណ៍នេះ ដើម្បីចាប់ត្រីចម្រុះប្រភេទ ដែលធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ចុងខែកញ្ញា។ អ្នកនេសាទ កំពុងនេសាទត្រី ដោយប្រើ «ថ្នងមូល» នៅក្នុងស្ទឹងពោធិសាត់ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ ឧបករណ៍នេសាទ «ថ្នងមូល» គឺជាឧបករណ៍នេសាទបែបបុរាណខ្នាតតូច។ វាត្រូវបានផលិតឡើងពីស៊ុមឫស្សីរាងមូល ឬពងក្រពើ សម្រាប់បំពាក់សំណាញ់ ដូចមានរូបភាពបង្ហាញស្រាប់។ ទំហំ និងរូបរាងនៃស៊ុមរបស់ថ្នង មានភាពខុសប្លែកគ្នាទៅតាមអ្នកប្រើប្រាស់ចង់បាន។ វាមានប្រវែងសរុប ប្រហែល ៣ ម៉ែត្រ។ អ្នកនេសាទប្រើប្រាស់ថ្នងមូលនេះ នៅតាមច្រាំងទន្លេ ស្ទឹង ខណៈពេលដែលមានទឹកជំនន់រដូវវស្សា ហូរចេញ ឬចូល ដើម្បីចាប់ប្រភេទត្រីចម្រុះ ដែលធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើ។ សូមកុំប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ ដែលខុសនឹងច្បាប់ជលផល៕ | ដោយ៖ ឈុត ឈាណា / Wonders of the Mekong |
ក្រោយបរាជ័យក្រោមថ្វីជើង U15 វៀតណាម ១-០ ដោយបាល់ពិន័យ១១ម៉ែត្រក្នុងជំនួបបើកឆាក ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា បន្តជួបហ្វីលីពីន នាជំនួបលើកទី២នៅម៉ោង៣:៣០នាទីរសៀល នាកីឡដ្ឋាន Gelora Delta Stadium ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី។ គិតតាំងពីឆ្នាំ២០០២ ក្រុមទាំងពីរធ្លាប់ជួបគ្នា៤លើករួចមកហើយ ដោយកម្ពុជាទទួលបានជ័យជម្នះទាំង៤លើក។ នៅឆ្នាំ២០០២ លើទឹកដីម៉ាឡេស៊ី កម្ពុជាយកឈ្នះហ្វីលីពីន ១-០ ហើយបានបន្តឈ្នះ ២-១ លើទឹកដីឡាវ នៅឆ្នាំ២០១១។ បន្ទាប់មកនៅឆ្នាំ២០១៥ កម្ពុជាយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ១-០ លើដីរបស់ខ្លួន។ សម្រាប់ការប្រកួតលើទឹកដីថៃ កាលពីឆ្នាំ២០១៧ កម្ពុជាបានលត់ហ្វីលីពីនក្នុងលទ្ធផល ៤-០។ ក្រៅពីជំនួបរវាងកម្ពុជានិងហ្វីលីពីន ក៏មានការប្រកួតពីរគូទៀតផងដែរ ដោយវៀតណាម ជួប ទីម័រខាងកើត ម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋាន Gelora Joko Samudro Stadium មុនមីយ៉ាន់ម៉ា ប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី ម៉ោង៧យប់នៅកីឡដ្ឋាន Gelora Delta Stadium៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវប្រជែងតទល់ជាមួយ U15 ហ្វីលីពីន នាការប្រកួតដណ្តើមពានរង្វាន់ AFF U15 Championship ប្រចាំឆ្នាំ២០១៨ នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ។ ជាមួយគ្នានេះ U15 វៀតណាម ជួបទីម័រខាងកើត មុនមីយ៉ាន់ម៉ា តតាំងជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ |
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមស្ត្រីខ្មែរ ដែលរងគ្រោះទាំង១៦នាក់ មាន៨នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ នៅក្នុងប្រទេសចិន។ រីឯ ស្ត្រី៤នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតបម្រុងយកទៅរៀបការជាមួយបុរសជនជាតិចិន ដោយឆ្លងកាត់ប្រទេសវៀតណាម។ ចំណែក ៣នាក់ទៀត ដែលជាអនីតិជន (ក្រោមអាយុ១៨ឆ្នាំ) បានរងគ្រោះដោយការជួញដូរមនុស្ស តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅប្រទេសថៃ។ សម្រាប់១នាក់ទៀត បម្រើការជាមេផ្ទះ នៅប្រទេសអារ៉ាប៊ីសាអូឌីត៕ | ស្ថានតំណាងកម្ពុជា បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសចិន វៀតណាម ថៃ និងអារ៉ាប៊ីសាអូឌីត ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរ ១៦នាក់ ឲ្យបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ពួកគេ បានមកដល់កម្ពុជាអស់ហើយ ដោយគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ |
«នេះជាករណីដ៏រន្ធត់មួយ។ ជាករណីបាត់បង់ជីវិត និងការបែកបាក់គ្រួសារដ៏ធ្ងន់ធ្ងរ»។ លោក Kannan Ramesh ចៅក្រមតុលាការកំពូលសិង្ហបុរី លើកឡើងយ៉ាងដូច្នេះ នៅសម្រេចសាលដីការបស់ខ្លួន។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅក្នុងផ្ទះល្វែងឯតំបន់ Woodlands ជនល្មើស Teo Ghim Heng អាយុ៤៥ឆ្នាំ បានច្របាច់កភរិយាឈ្មោះ Choong Pei Shan អាយុ៣៩ឆ្នាំ ដែលពរពោះកូន៦ខែ ហើយបន្ទាប់មក យកកន្សែងពោះគោរឹតកកូនស្រីអាយុ៤ឆ្នាំ។ យោងតាមសម្តីសារភាពនាសវនាការកន្លងមក ក្រោយសម្លាប់ភរិយា និងកូន ជនល្មើសដែលជាអតីតភ្នាក់ងារអចលនទ្រព្យ បានទុកសាកសពទាំងពីរនៅលើគ្រែ និងដេកនៅជាមួយពេញមួយសប្តាហ៍។ បន្ទាប់មក គេបានសម្រេចចិត្តដុតខ្លួនឯងជាមួយសាកសព ប៉ុន្តែបានរត់ចេញវិញដោយសារទ្រាំកំដៅភ្លើងមិនបាន។ រឿងរ៉ាវបានបែកការនៅថ្ងៃដំបូងនៃពិធីចូលឆ្នាំចិននាឆ្នាំ២០១៧ ដោយប្អូនថ្លៃជនល្មើសបានទៅគោះទ្វារ ហើយធំក្លិនពីក្នុងបន្ទប់។ ដោយមិនឃើញលើកទូរសព្ទ និងមិនតបសារ បុរសនោះ បានទាក់ទងទៅសមត្ថកិច្ចឲ្យជួយទម្លាយទ្វារ ហើយក៏បានឃើញ Teo នៅជាមួយសាកសព។ លោកចៅក្រម Ramesh បានផ្តន្ទាទោស Teo លើសំណុំរឿងឃាតកម្មទាំងពីរ ដោយបដិសេធហេតុផលដែលថា ជនល្មើសមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ជាពិសេសគេបានបាត់បង់ស្មារតីម្ចាស់ការ បន្ទាប់ពីភរិយាបានជេរដៀលខ្លួននៅចំពោះមុខកូនស្រី។ តុលាការបានពិនិត្យឃើញភស្តុតាងជាច្រើនដែលថា Teo មានស្មារតីគ្រប់គ្រាន់ ហើយជនល្មើសជាមនុស្សម្នាក់ដែលចូលចិត្តមើលវ៉ិបសាយអាសអាភាស ទាំងមុន និងក្រោយពេលឃាតកម្ម។ បន្ថែមពីលើនេះ ទៀត បន្ទាប់ពីឃាតកម្ម Teo បានប្រើហ្វេសប៊ុកភរិយា ដោយដូររូប Cover ដើម្បីឲ្យគេគិតថា នាងនៅរស់។ Teo និងអ្នកស្រី Choong បានរៀបការជាមួយគ្នានៅឆ្នាំ២០០៩ ដែលជាអាពាហ៍ពិពាហ៍លើកទីពីររបស់ពួកគេរៀងៗខ្លួន។ នៅឆ្នាំ២០១៥ Teo ជោគជ័យក្នុងការងារខ្លាំងណាស់ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ប៉ុន្តែក្រោយមកចំណូលបានថយចុះ។ ចុងឆ្នាំ២០១៦ Teo បានដូរការងារទៅជាអ្នកសម្របសម្រួលផ្នែកលក់នៅក្រុមហ៊ុនមួយ ។ ចំណូលនៅតិចតួចស្តួចស្តើង ខណៈការចំណាយកាន់តែច្រើន។ Teo ជាមនុស្សម្នាក់ញៀនល្បែងថែមទៀត ដែលធ្វើឲ្យគ្រួសារជំពាក់បំណុល និងឈ្លោះគ្នាជារៀងរាល់ថ្ងៃ។ នៅខែមករា ឆ្នាំ២០១៧ ប្តីប្រពន្ធនេះ បានឈ្លោះគ្នាកាន់តែខ្លាំងឡើងជុំវិញហិរញ្ញវត្ថុក្នុងគ្រួសារ ហើយ Teo បានបង្កើតរឿងដាក់បន្ទុកលើអ្នកស្រី Choong ដោយថា គាត់មានទំនាក់ទំនងជាមួយប្រុសផ្សេងកាលពីឆ្នាំ២០១៤ ហើយមន្ទិលថា Zi Ning មិនមែនជាកូនបង្កើតខ្លួន។ ក្រោយមក Teo សម្រេចឲ្យ Zi Ning ឈប់រៀនដោយសារគ្មានលុយបង់សាលា។ ក្រោយដឹងរឿងនេះ អ្នកស្រី Choong បានជេរ Teo ថា ជាមនុស្សគ្មានបានការ។ ដោយខឹងសម្បារ Teo បានច្របាច់កប្រពន្ធ ហើយប្រាប់ថា «ទៅចុះ» បន្ទាប់ពីរឹតកកូនស្រី ដោយនិយាយបន្ថែម «ទៅជួបម៉ាក់មុនចុះ ប៉ានឹងទៅតាមក្រោយ»។ តុលាការបានសម្រេចមិនចាត់ការលើបទចោទសម្លាប់កូនក្នុងផ្ទៃ បន្ទាប់ពីសម្រេចទោសប្រហារជីវិតលើករណីឃាតកម្មភរិយា និងកូនស្រីរួចហើយ។ រាល់អំណះអំណាងផ្សេងៗដែលទាក់ទងនឹងវិបត្តិផ្លូវចិត្តត្រូវបានបដិសេធ៕ | Teo Ghim Heng អតីតភ្នាក់ងារអចនទ្រព្យម្នាក់ ត្រូវបានតុលាការសិង្ហបុរីកាត់ទោសប្រហារជីវិត ពីបទឃាតកម្មលើភរិយាដែលមានផ្ទៃពោះ និងកូនស្រីអាយុ៤ឆ្នាំ កាលពីឆ្នាំ២០១៧។ នេះបើតាមការផ្សាយរបស់ The Straits Times កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ |
១. ដំណើរការនៃ ឥទ្ធិពលរបស់សារជាតិកាហ្វេអ៊ីន ដែលនឹងមានមកលើអ្នកបាន គឺអាស្រ័យទៅលើ កត្តា រាងកាយ ,ប្រព័ន្ធប្រសាទ, ទម្ងន់, ភេទ និង កត្តាផ្សេងៗជាច្រើនទៀត ។ ទោះជាយ៉ាងណាក្តី ឥទ្ធិពលរបស់វា ដែលបណ្តាលមកពី សារជាតិកាហ្វេអ៊ីននេះ អាចនឹងមានរយៈពេលរហូតដល់ ៨ម៉ោង ។ ២. អ្វីដែលបញ្ជាក់យ៉ាងច្បាស់ថា សារជាតិកាហ្វេអ៊ីន នឹងប៉ះពាល់ដល់អ្នក គឺវា មានឥទ្ធិពលទៅលើ បេះដូង និង ចរន្តឈាមរត់របស់អ្នក។ កាហ្វេអ៊ីន បានធ្វើអោយសសៃឈាមរបស់អ្នក រួមតូច និង ធ្វើអោយ បេះដូងរបស់អ្នក ច្របាច់ឈាមញាប់ជាងមុន។ មូលហេតុនេះ ហើយដែលគេ អាចសនិ្នដ្ឋាន បានថា សារជាតិកាហ្វេអ៊ីន គឺផ្តល់នូវគ្រោះថ្នាក់ចំពោះមនុស្សទាំងឡាយ ដែលកំពុងរងគ្រោះពីជំងឺ លើសសម្ពាធឈាម។វាថែមទាំងអាច ធ្វើអោយពួកគេ មានជំងឺដាច់សសៃឈាមខួរក្បាល បាន ទៀតផង។ ៣. ផលិតផល ដែលមានផ្ទុកនូវសារជាតិកាហ្វេអ៊ីន មានដូចជា កាហ្វេ,កាកាវ និង តែ គឺសម្បូរទៅដោយ សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលអាចការពារ បាននូវភាពចាស់វ័យមុនអាយុ និង បង្ការបាន ផងដែរនូវ ជំងឺមហារីក។ ផលិតផលទាំងនេះ ក៏សម្បូរផងដែរទៅដោយ អាស៊ីតខ្លាញ់ និង សារជាតិវីតាមីន ជាក់លាក់មួយចំនួន ។ សមាសធាតុរួមផ្សំទាំងនេះ អាចធ្វើអោយរាងកាយ អ្នកមានសុខភាពល្អបាន។ ៤.តែទោះជាយ៉ាងណាក្តី ជាតិកាហ្វេអ៊ីន ក៏អាចជះនូវឥទ្ធិពល អាក្រក់ដល់សុខភាពបានផងដែរ។ វាអាច ធ្វើអោយ ការរំលាយអាហាររបស់អ្នក មានភាពយឺតយ៉ាវ ដោយវាបានធ្វើអោយសាច់ដុំ ក្រពះរបស់អ្នក មានភាពសម្រាកជាងពេលធម្មតា។ ហេតុនេះហើយ ទើបបានជាអ្នក មិនគួរធ្វើការផឹកកាហ្វេ ឬ តែ ភ្លាមៗ បន្ទាប់ពីអ្នក បានទទួលទានអាហាររួចនោះទេ។ អ្នកត្រូវរង់ចាំបន្តិច និង ធ្វើការផឹកភេសជ្ជះដែលមាន ផ្ទុក សារជាតិកាហ្វេអ៊ីន យ៉ាងហោចណាស់ អោយបានកន្លះម៉ោង បន្ទាប់ពីអ្នកបរិភោគអាហាររួច។ ៥. ជាតិកាហ្វេអ៊ីន ជះឥទ្ធិពលមកលើ ប្រព័ន្ធប្រសាទរបស់អ្នក។ ជាលទ្ធផល មនុស្សមួយចំនួន ដែលបានទទួលរង ឥទ្ធិពលយ៉ាងខ្លាំងពីវា នឹងកើតមាននូវអាការៈដូចជា ញ័រដៃ ឬមានអារម្មណ៍ថា ឈឺ ឬ មានភាពថប់បារម្ភគ្រប់ពេលវេលា។ ៦. មនុស្សភាគច្រើន តែងធ្វើការផឹកភេសជ្ជះដែលមានជាតិកាហ្វេអ៊ីន ដោយដាក់ស្ករបន្ថែម។ ការធ្វើដូច នេះ គឺនឹងធ្វើអោយលំពែងរបស់ពួកគេ ត្រូវធ្វើការងារច្រើនជាងមុន ដោយវាត្រូវផលិតជាតិអាំងស៊ុយលីន អោយបានច្រើន ដើម្បីរំលាយនូវជាតិស្ករទាំងនោះ ។ ការរួមផ្សំគ្នា រវាង ជាតិកាហ្វេអ៊ីន និង ជាតិស្ករច្រើន ជ្រុល អាចនឹងធ្វើអោយកម្រិតអាំងស៊ុយលីន ក្នុងរាងកាយ កាន់តែធ្លាក់ចុះដុនដាបថែមទៀត ។ ៧. ជាតិកាហ្វេអ៊ីន នឹងជះឥទ្ធិពលមកលើរាងកាយអ្នក ស្រដៀងគ្នាទៅនឹង ឥទ្ធិពលដែលបានបង្កើត ឡើង ដោយស្ត្រេសដែរ។ ទម្លាប់រស់នៅប្រចាំថ្ងៃ ដែលមានលក្ខណៈទំនើប គឺគ្រប់គ្រាន់នឹង បង្កើននួវ កម្រិតស្ត្រេសមួយ ចំពោះរាងកាយ។ ហើយការ បន្ថែមនូវសារជាតិកាហ្វេអ៊ីននេះ នឹង បង្កើននូវកម្រិត ស្ត្រេស ដែលមាននៅក្នុងខ្លួនអ្នករួចជាស្រេចនោះទៀត ។ ដូចដែលអ្នកបានឃើញមកពីខាងលើនេះ ហើយថា សារជាតិកាហ្វេអ៊ីន គឺមានទាំងគុណសម្បតិ្ត និង គុណវិបត្តិចំពោះរាងកាយអ្នក។ ប្រសិនបើអ្នក អាចធ្វើការគ្រប់គ្រងនូវការទទួលទានវាបាន នោះអ្នកនឹង អាចទទួលបាន នូវប្រសិទ្ធិភាពជាវិជ្ជមានរបស់ពួកវាបាន ។ បើមិនដូច្នោះទេ ការទទួលទានច្រើនជ្រុល នោះវានឹង បំផ្លាញសុខភាពរបស់អ្នកបាន ៕ ត្រួតពិនិត្យដោយ www.health.com.kh | ឥទ្ធិពលរបស់សារជាតិកាហ្វេអ៊ីនមកលើរាងកាយ ត្រូវបានអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា ក្នុងរយៈពេល ជាច្រើនឆ្នាំមកហើយ។ រហូតមកដល់ពេលនេះ មានករណីសិក្សាជាច្រើន ត្រូវបានធ្វើឡើង ប៉ុន្តែពួកវា ភាគច្រើន តែងបង្ហាញនូវលទ្ធផលខុសៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលជា វិជ្ជមាន និង ជា អវិជ្ជមានរបស់ សារជាតិកាហ្វេអ៊ីន ត្រូវបានគេរកឃើញយ៉ាងជាក់ស្តែង។ សូមក្រឡេកមើល នូវលទ្ធផល ទាំងនោះ ដូចខាងក្រោមនេះ ៖ |
បើតាមប្រភពដដែល ជនសង្ស័យរូបនេះ ឈ្មោះ នួន មករា ជាមន្ដ្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ចំណែកជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ អ្នកទាំងពីរគឺជាមិត្តភក្តិគ្នា។ ប្រភព បានបន្តទៀតថា ករណីបាញ់សម្លាប់ នៅក្នុងហាងកាហ្វេមួយកន្លែង នៅក្នុងក្រុងបាលុងនេះ កើតចេញពីរឿងគំនុំផ្ទាល់ខ្លួន។ មុនពេលបាញ់សម្លាប់ជនរងគ្រោះខាងលើ គេសង្កេតឃើញជនសង្ស័យ នួន មករា ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ Jan Jory បានសរសេរឃ្លាមួយចំនួនថា ៖«ហ្ហែងឃើញអញមិនមាត់ ហ្ហែងគិតថាអញគមែន ហ្ហែងឃើញអញនៅស្ងៀមហ្នឹង ហ្ហែងគិតថាអញខ្លាចហ្ហែងមែន ចាំអញគ ហើយ អញខ្លាចឱ្យហ្ហែងមើល ................to be continue »។ ដោយឡែក នៅថ្ងៃបាញ់សម្លាប់ជនរងគ្រោះនេះ គណនីហ្វេសប៊ុកដដែល ក៏បានសរសេរសារថា «លាហើយ» និងពាក្យ«សុំទោសម៉ាក់» រួមទាំងវីដេអូអនុស្សាវរីយ៍ជាមួយប្រពន្ធ និងកូនជាដើម៕ | ភ្នំពេញ៖ ជនសង្ស័យ ដែលបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់ នៅក្រុងបានលុង ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នៅចំណុចរមណីយដ្ឋានបឹងយក្សឡោម នាព្រឹកថ្ងៃទី៣ តុលា។ នេះបើតាមមន្ត្រីស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានប្រាប់សារព័ត៌មានថ្មីៗ។ |
ចាប់តាំងពីឆ្នាំ២០១៥មក, លោកស្រី ចិន្តា និងស្វាមី ជាជនជាតិបារាំងដែលជាអ្នកស្រឡាញ់សត្វដំរីនោះ បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជា២០ម៉ឺនដុល្លារដើម្បីចិញ្ចឹមសត្វដំរីចំនួន៤ក្បាលនេះ។ ទោះជាការចំណាយប៉ុន្មានក៏មិនគ្រប់គ្រាន់ដែរ ព្រោះដំរី ត្រូវការការថែទាំពិតប្រាកដ ពោលគឺត្រូវការថវិកាច្រើនគួរសម។ រីឯ លោកស្រី ចិន្តា ម្នាក់ឯង មិនមានលទ្ធភាពបន្តកិច្ចការនេះម្នាក់ឯងបានឡើយ។ មធ្យោបាយចុងក្រោយរបស់អ្នកស្រី គឺការអំពាវនាវរកសប្បុរសជនជួយផ្តល់ថវិកាដើម្បីចិញ្ចឹម ថែទាំ និងអភិរក្សដំរីខ្មែរ។ ពិធីរៃអង្គាសជួយចិញ្ចឹមសត្វដំរីនឹងធ្វើឡើងនៅថ្ងៃទី២៧ខែមេសានៅស្ថានបារាំងនាទីក្រុងភ្នំពេញ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីស្ថានទូត និង អ្នកជំនួញ មួយចំនួន នឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងពិធីមនុស្សធម៌មួយនេះ។ ដោយក្តីស្រឡាញ់ និងមើលឃើញពីភាពចាំបាច់នៃការអភិរក្សសត្វដំរី, លោក កែប ជុតិមា យល់ព្រមធ្វើជាគណៈអធិបតីនៃពិធីរៃអង្គាសជួយចិញ្ចឹមសត្វដំរីដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ខែមេសានៅស្ថានបារាំងនាទីក្រុងភ្នំពេញ។ ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក កែប ជុតិមា ដូចតទៅ៖ | ភ្នំពេញ៖ អតីតអភិបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលភ្នំពេញមកពីគណបក្សប្រជាជនកម្ពុជា, លោក កែប ជុតិមា ចាប់ផ្តើមចូលរួមអភិរក្សសត្វដំរីខ្មែរដែលមានចំនួនតិចតួច។ ប្រទេសកម្ពុជាទាំងមូលមានសត្វដំរីសរុបចំនួនប្រមាណជាជាង៣០០ក្បាលក្នុងនោះដំរីស្រុកមានចំនួន៧២ក្បាល និងដំរីព្រៃ២៥០ក្បាល។ ក្នុងន័យចូលរួមចំណែកថែទាំ ការពារ និងអភិរក្សសត្វដំរីនោះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ក៏ត្រូវបានបង្កើតឡើងដើម្បីចិញ្ចឹម និងថែទាំសត្វដំរី ចំនួន៤ក្បាលនៅក្នុងខេត្តរតនគិរី។ លោកស្រី ខៃ ចិន្តា គឺជាប្រធាននៃសមាគមខាងលើនេះ។ |
លោក តែម ម៉ឺន បានប្រាប់សារពត៌មានថ្មីៗថា ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅ កីឡាករ និងកីឡាការិនីប្រដាល់ប្រមូលផ្ដុំហ្វឹកហាត់យ៉ាងសកម្ម មុនទៅប្រកួតស៊ីហ្គេមនេះ។ បើតាមលោក តែម ម៉ឺន សមត្ថភាពកីឡាករ និងកីឡាការិនី មានការវិវឌ្ឍយ៉ាងខ្លាំង។ ប្រធានសហព័ន្ធរូបនេះ បានបន្ថែមថា៖«យើង បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ប្រកួតស៊ីហ្គេមមួយនេះ ជាពិសេសទៀតនោះយើងក៏មានផែកត្រៀមសម្រាប់ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣។សហព័ន្ធមានការប្រឹងប្រែងពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីណាស់ ដើម្បីយកមេដាយជូនជាតិ»។ តាមរយៈការវាស់ស្ទង់បច្ចេកទេស និងការប្រកួតមិត្តភាពផ្សេងៗនៅក្នុងតំបន់កន្លងមក លោក តែម ម៉ឺន មើលឃើញថា សមត្ថភាពកីឡាករក្នុងតំបន់ មានគុណភាពប្រហាក់ប្រហែលគ្នា ខណៈថៃ មានកម្រិតលើសគេបន្តិច ប៉ុន្តែក៏ធ្លាប់ចាញ់កម្ពុជាដែរ។ «បណ្ដាប្រទេសទាំងអស់ មិនមានកម្រិតលើសគ្នាប៉ុន្មានទេ ប៉ុន្ដែថៃល្អជាងគេបន្ដិច តែតាមការប្រកួតមិត្តភាពកន្លងមក កីឡាករកម្ពុជាយើងក៏ធ្លាប់ឈ្នះថៃខ្លះដែរ»។ នេះបើតាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ គ្រូបង្វឹក និងអត្តពលិកប្រដាល់ ដែលត្រូវចូលរួមប្រួតស៊ីហ្គេមនៅវៀតណាមនោះ រួមមាន លោក ហួត ម៉េងទ្រី អ្នកដឹកនាំក្រុម, លោក ហេង ប៊ុនឃីម គ្រូបង្វឹក និងលោក សេន ប៊ុនថេន គ្រូជំនួយ។ កីឡាការិនី៥រូប មាន ម៉ីយ ស៊ីង, វី ស្រីឆាយ, សំ សំណាង, ទួន ស្រីភីន និង ឆា ចាន់ដេង។ សមាសភាពកីឡាករ៥រូបមាន វ៉ាន់ វឿន, ឃុន ប៊ូរ៉ា, ប៉ោ ភារិទ្ធ, រុំ សំណាង និង សុខ រិទ្ធ៕ | កីឡាករ និងកីឡាការិនី ១០រូប នឹងត្រូវធ្វើដំណើរទៅប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២។ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជឿជាក់លើសមត្ថភាពអត្តពលិករបស់កម្ពុជា ថា អាចយកមេដាយជូនជាតិ។ |
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាដែលមានវ័យចំណាស់ភាគច្រើនចេះភាសាបារាំងយ៉ាងស្ទាត់ជំនាញ។ ភាសាបារាំងនៅបន្តមានឥទ្ធិពលនៅក្នុងសង្គមខ្មែររហូតដល់ទសវត្សរ៍ឆ្នាំ៩០ ទាំងការប្រើប្រាស់ផ្លូវការ និងមិនផ្លូវការ។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០០០មក ការប្រើប្រាស់ភាសាបារាំងនៅក្នុងប្រទេសកម្ពុជាមានការថយចុះគួរអោយកត់សម្គាល់។ ម្យ៉ាងទៀត ធនធានមនុស្សវ័យចំណាស់ដែលចេះភាសាបារាំង ក៏ចេះតែលាចាកលោកជាបន្តបន្ទាប់ដោយសារតែវ័យជរារបស់ពួកគេ។ តើអ្វីខ្លះជាមូលហេតុចម្បងនៃការថយចុះនៃភាសាដ៏ល្អផូរផង់មួយនេះ? មានមូលហេតុជាច្រើនដែលជំរុញអោយវត្តមានភាសាបារាំងបាត់បង់ពីប្រទេសកម្ពុជាបន្តិចម្តងៗ និងអាចឈានទៅការបាត់បង់នាពេលអនាគតប្រសិនបើអ្នកនិយាយភាសាបារាំងមិននាំគ្នាសង្គ្រោះទេនោះ។ មូលហេតុចម្បងៗដែលនាំឲ្យភាសានេះធ្លាក់ចុះជារួមមាន៖ ទីមួយ គឺដោយសារ វត្តមានសាលាភាសាបារាំងមិនមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា។ ទីពីរ ថ្លៃបង់សាលាបារាំងមានកម្រិតខ្ពស់ជាងសាលាអង់គ្លេស(និយាយពីសាលាអង់គ្លេសធម្មតាទូទៅ)។ ទីបី ចរន្តសកលភារូបនីយកម្ម មានន័យថា កម្ពុជាគឺជាសមាជិកអាស៊ាន។ អាស៊ាន គឺប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការ។ ក្នុងចំណោមសមាជិកអាស៊ានទាំង១០ប្រទេស ក្នុងនោះ មានប្រទេសចំនួន៤សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេបានប្រើប្រាស់ភាសាអង់គ្លេសស្ទើរតែជាផ្លូវការទៅហើយ។ ក្នុងសមាគមអាស៊ានដដែល ប្រទេសឡាវ កម្ពុជា និងវៀតណាម គឺសមាជិកនៃសមាគមននៃប្រទេសនិយាយភាសាបារាំងជាង៥០ប្រទេសនៅលើពិភពលោក។ បើទោះបីជាយ៉ាងនេះក្តី ក៏ពលរដ្ឋដែលចេះភាសានបារាំងនៅក្នុងប្រទេសទាំងបីនេះ មានចំនួនតិចតួចដែរ។ ទី៤ គឺលំហូរចូលនៃភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ និងភាសាថៃជាដើម។ គួររម្លឹកថា កាលពីក្នុងទសវត្សរ៍ឆ្នាំ៨០ កម្មវិធីសិក្សារដ្ឋតម្រូវអោយមានភាសាវៀតណាម និងភាសារុស្ស៊ី។ ក្រោយទសវត្សរ៍៩០ ភាសាបារាំង និងភាសាអង់គ្លេសត្រូវបានបើកចំហរទាំងនៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ និងទាំងនៅតាមសាលាឯកជននានា។ ទី៥ គឺឥទ្ធិលំហូរពាណិជ្ជកម្ម និងវិនិយោគ។ អ្នកវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជាសុទ្ធតែប្រើប្រាស់ភាសាអង់គ្លេស ឬចិនជាគោល។ ពេលខ្លះ សូម្បីតែជនជាតិបារាំង ឬអ្នកនិយាយភាសាបារាំងក៏ដោយក៏ត្រូវបង្ខំចិត្តប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការក្នុងទំនាក់ទំនងជំនួញដែរ។ ទី៦ គឺ ដោយសារតែឥទ្ធិពលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចពីបណ្តាប្រទេសនិយាយភាសាអង់គ្លេស គួបផ្សំនឹងវត្តមានសាលាបារាំងមានចំនួនតិចតួច និងថ្លៃទៀតផងនោះ ភាសាបារាំងបានត្រឹមតែមានវត្តមានក្រៅផ្លូវការប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា។ យុវជនខ្មែរស្ទើរតែជាង៩០ភាគរយទៅហើយបាននាំគ្នារៀនភាសាអង់គ្លេស ឬភាសាចិន ដោយបំភេ្លចចោលភាសាបារាំង។ កាលពីអតីតកាលនិស្សិតតែងតែជ្រើសរើសរៀនភាសាអង់គ្លេស បូកនិងភាសាបារាំង។ ប៉ុន្តែឥឡូវនេះ និស្សិត ឬអ្នកជំនួញជ្រើសរើសរៀនភាសាអង់គ្លេស បូកនឹងភាសាចិនវិញ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអ្នកចេះភាសាបារាំងក៏ត្រូវបង្ខំចិត្តរៀនភាសាអង់គ្លេសបន្ថែមទៀតដែរ បើមិនដូច្នោះទេ ពួកគេត្រូវប្រឈមនឹងការលំបាកក្នុងទំនាក់ទំនងជាលក្ខណៈជាតិ និងអន្តរជាតិ។ ក្រុមហ៊ុនបារាំងដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ត្រូវបង្ខំចិត្តជ្រើសរើសបុគ្គលិកដែលចេះភាសាអង់គ្លេសតែម្តងដោយមិនចាំបាច់ចេះភាសាបារាំង។ វេជ្ជបញ្ជាគ្រូពេទ្យដែលកាលពីពេលមុនត្រូវបានវេជ្ជបណ្ឌិតសរសេរជាភាសាបារាំងស្ទើរតែទាំងអស់ តែនាពេលបច្ចុប្បន្ននេះ ទាំងថ្នាំ ទាំងវេជ្ជបញ្ជាត្រូវបានគេសរសេរជាភាសាអង់គ្លេសវិញ។ ទាក់ទងនឹងការធ្លាក់ចុះនៃការប្រើប្រាស់ភាសាបារាំងនៅក្នុងប្រទេសកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអត្ថាធិប្បាយកាលពីពេលថ្មីៗកន្លងមកនេះថា ការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង គឺដោយសាររដ្ឋាភិបាលបារាំងផ្ទាល់មិនយកចិត្តទុកលើការប្រើប្រាស់បារាំងក្នុងវិស័យអប់រំជាមួយកម្ពុជា ដោយគេភ្ជាប់បញ្ហាទៅនឹងរឿងនយោបាយនៅឆ្នាំ១៩៨២ ហើយស្របពេលនឹងចរន្តនៃការប្រើប្រាស់ភាសាអង់គ្លេសជាសកលបានកើតឡើង។ សម្តេចបានបន្ថែមទៀតថា៖«សូម្បីតែមេដឹកនាំបារាំងខ្លួនឯងក៏និយាយភាសាអង់គ្លេសដែរនៅពេលបច្ចុប្បន្ននេះ។ អ្នករៀនភាសាបារាំងតិចជាងភាសាចិនទៅទៀត។ ភាសាបារាំងត្រូវពង្រីកឥទ្ធិពលរបស់វា តែមិនអ៊ីចឹងទេ វាបែរជាពង្រួមឥទ្ធិពលរបស់វាទៅវិញនៅកម្ពុជា»។ សរុបសេចក្តីមក ភាសាបារាំងនៅបន្តមានរូបភាព និងមានជីវិតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែន។ ប៉ុន្តែវត្តមាន តម្លៃ និងឥទ្ធិពលរបស់វា បាន និងកំពុងងាកឆ្ងាយចេញពីសង្គមខ្មែរបន្តិចម្តងៗ ហើយវាអាចឈានទៅរកការបាត់បង់នៅថ្ងៃណាមួយជាក់ជាពុំខានពីប្រទេសកម្ពុជានាពេលអនាគត។ លាហើយភាសាបារាំង៕ | ភ្នំពេញ៖ ប្រទេសកម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមបារាំង៩០ឆ្នាំ ពោលគឺពីឆ្នាំ១៨៦៣ដល់១៩៥៣។ ទាំងនៅក្រោមអាណានិគម និងក្រោយអាណានិគមបារាំង, ប្រទេសកម្ពុជា ជាពិសេស បញ្ញវន្តខ្មែរមួយភាគធំនៅតែបន្តប្រើប្រាស់ភាសាបារាំងដូចជាភាសាផ្លូវការរហូតមកដល់ទសវត្សរ៍៩០។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០០០មក វត្តមានភាសាបារាំងនៅកម្ពុជាបានថយឥទ្ធិពលបន្តិចម្តងៗ និងបង្កអោយមានសំណួរជាច្រើនចោទសួរឡើងថា តើវត្តមានភាសាបារាំងអាចបាត់បង់ចេញពីប្រទេសកម្ពុជាដែរឬទេ? |
ទូរទស្សន៍ National Geographic បានពន្យល់ថា តែការផ្តួចផ្តើមផលិត និងបង្កើតលិខិតឆ្លងដែនដែលអាចប្រើប្រាស់បានជុំវិញពិភពលោកមួយនេះ ទើបតែចាប់កំណើតឡើងក្រោយពេលសង្គ្រាមលោកលើកទីមួយតែប៉ុណ្ណោះ ពោលគឺក្រោយឆ្នាំ១៩១៨។ នៅពេលដែលប្រទេសអាល្លឺម៉ង់ និងដៃគូប្រយុទ្ធជាមួយខ្លួនទទួលបរាជ័យ សហរដ្ឋអាមេរិក (ដែលជាអ្នកប្រឡូកក្នុងសង្គ្រាមជាមួយអង់គ្លេស និងបារាំង វាយអាលឺ្លម៉ង់) ក៏ត្រូវទទួលបានភាពជោគជ័យ រួមទាំងផលចំណេញពីជម្លោះដ៏ដំមួយនោះ។ ហេតុដូចនេះ មានប្រជាជនជាច្រើនមកពីប្រទេសនានាបានធ្វើចំណាកស្រុក ទៅរស់នៅក្នុងសហរដ្ឋអាមេរិក។ កាលពីពេលនោះ អ្នកធ្វើចំណាកស្រុកមិនចាំបាច់ត្រូវការលិខិតឆ្លងដែនអ្វីធំដុំអ្វីទេ។ សមត្ថកិច្ចតាមព្រំដែន គ្រាន់តែសួរនាំសំណួរ ពិនិត្យមើលសុខភាពបន្តិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីបុរាណកាលមក លំនាំនៃលិខិតឆ្លងដែនក៏ត្រូវបានគេអនុវត្តខ្លះដែរ។ វាជាលិខិតសរសេរផ្លូវការមួយដែលធ្វើឡើងដើម្បីឲ្យខ្មាំងសត្រូវចូលទឹកដីរបស់ខ្លួនក្នុងគោលបំណងចរចារជាសន្តិវិធី មិនបង្កឲ្យមានចលាចល។ ប៉ុន្តែការផ្លាស់ប្តូរបានចាប់ផ្តើមឡើងក្នុងឆ្នាំ១៩២០ នៅពេលដែលអង្គការសម្ព័ន្ធប្រជាជាតិ (League of Nations) របស់ពិភពលោកត្រូវបានបង្កើតឡើងក្នុងការទប់ស្កាត់មិនឲ្យមានជម្លោះក្នុងពិភពលោកបន្តទៀត។ អង្គការសម្ព័ន្ធប្រជាជាតិមានវត្តមានមុនពេលដែលអង្គការសហប្រជាជាតិបានចាប់កំណើតឡើង។ សហរដ្ឋអាមេរិកបានធ្វើការទាមទារឲ្យមានប្រព័ន្ធមួយនេះក្នុងការពិនិត្យមើលចលនារបស់អ្នកធ្វើចំណាកស្រុកដ៏ច្រើនលើសលុបដែលចូលមកកាន់ប្រទេសខ្លួន។ កាលពីពេលនោះ លិខិតឆ្លងដែន គឺជារឿងមួយដ៏ល្អសម្រាប់ប្រទេសអ្នកមានប្រជាធិបតេយ្យ។ តែវាក្លាយជារឿងមួយលំបាកទៅវិញសម្រាប់ប្រទេសក្រីក្រ ឬប្រទេសកុម្មុយនីស្ត។ ការរិះគន់ខ្លះត្រូវបានធ្វើឡើងថា លិខិតឆ្លងដែនមានទំនោរខ្លាំងទៅកាន់ក្រុមប្រទេសលោកខាងលិច។ ពេលខ្លះ វាបង្កើតឲ្យមានភាពរើសអើងរវាងប្រជាជន និងប្រទេសកំណើតរបស់ខ្លួន។ ប៉ុន្តែក្នុងសម័យកាលដែលការធ្វើដំណើរមានលក្ខណៈរហ័ស និងមានភាពស្មុគស្មាញឡើងៗព្រោះសង្គ្រាម ជម្លោះសាសនា ការប្រើប្រាស់លិខិតឆ្លងដែនកាន់តែមានសារៈសំខាន់ចំពោះសកម្មភាពនៅក្រៅប្រទេស។ យោងតាមការស្រង់ស្ថិតិរបស់អង្គការសហប្រជាជាតិ មានប្រជាជនប្រមាណ១០លានក្នុងពិភពលោកមិនមានសិទិ្ធស្របច្បាប់ក្នុងការរស់នៅលើទឹកដីរបស់ប្រទេសណាមួយ។ លិខិតឆ្លងដែនរបស់ពួកគេ មិនត្រូវបានគេទទួល ហើយអ្នកទាំងនោះមិនមានសិទិ្ធឆ្លងដែនទៅតំបន់ក្រៅប្រទេសនោះទេ។ ហេតុដូចនេះ គេឃើញថា លិខិតឆ្លងដែនបានបង្កើតភាពងាយស្រួល តែក្នុងពេលតែមួយក៏បានបង្កើតភាពលំបាកទៅកាន់ប្រជាពលរដ្ឋជាច្រើនផងដែរ៕ | សព្វថ្ងៃ ក្នុងសម័យកាលបច្ចេកវិទ្យារីកលូតលាស់ និងមានការដំណើរឆ្លងដែនពាសពេញពិភពលោកនេះ លិខិតឆ្លងដែនស្របច្បាប់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ។ វាជាកូនសៀវភៅតូចមួយដែលអាចផ្លាស់ប្តូរវាសនារបស់មនុស្សបាន។ |
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយលោក សាមឿន រតនា ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរីដូចតទៅ៖ លោក សាមឿន រតនា ជាជនជាតិដើមភាគតិចព្នង រស់នៅក្នុងភូមិពូម្លេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ យុវជនជនជាតិដើមភាគតិចរូបនេះ បានចាកចេញពីស្រុកកំណើតនៅឆ្នាំ២០១០ ដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ។ ទោះបីចាកចេញមករស់នៅទីក្រុងដែលមានភាពខុសគ្នាពីការរស់នៅបែបព្រៃភ្នំ ហើយមានផលលំបាកសម្រាប់លោកក្ដី ក៏និស្សិតជនជាតិដើមភាគតិចព្នងរូបនេះ ខិតខំប្រឹងប្រែងបញ្ចប់ការសិក្សាដោយជោគជ័យផងដែរ។ ក្នុងឆ្នាំ២០១៨នេះ លោក សាមឿន រតនា មានឱកាសទៅសិក្សាវគ្គខ្លីរយៈពេល ៣ខែ នៅប្រទេសជប៉ុនទាក់ទងនឹងបច្ចេកទេសកសិកម្ម។ តាមរយៈបទពិសោធន៍សិក្សាពីបច្ចេកទេសកសិកម្មនៅជប៉ុន បានធ្វើឲ្យបុរសជនជាតិដើមភាគតិចព្នងវ័យ៣០ឆ្នាំរូបនេះ មានឆន្ទៈយ៉ាងមុតមាំ ក្នុងការវិលត្រឡប់មកអភិវឌ្ឍន៍ និងកសាងភូមិស្រុករបស់លោក តាមរយៈការលើកកម្ពស់វិស័យកសិកម្ម។ បច្ចុប្បន្នជនជាតិដើមភាគតិចព្នងរូបនេះ ជាស្ថាបនិកសហគមន៍ឃុំដាក់ដាំ ដែលធ្វើការជាមួយជនជាតិដើមភាគតិចប្រមាណ២០គ្រួសារ ទាក់ទងនឹងកសិកម្មដោយផ្ដោតលើដំណាំកាហ្វេ និងផាសិនសរីរាង្គ។ ជនជាតិដើមភាគតិចព្នងរូបនេះ ក៏បានសំណូមពរដល់សិស្សប្អូនដែលជាជនជាតិដើមភាគតិចមានឱកាសរៀនសូត្រខ្ពង់ខ្ពស់ ត្រូវគិតគូរអំពីការរៀនសូត្រ ព្រោះការរៀនសូត្រជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឲ្យជីវភាពប្រសើរឡើង និងលើកស្ទួយសហគមន៍ឲ្យកាន់តែល្អ៕ | មណ្ឌលគិរី៖ ការអប់រំ បានផ្លាស់ប្ដូរការរស់នៅរបស់លោក សាមឿន រតនា។ ជនជាតិដើមភាគតិចព្នងរូបនេះ មានឱកាសទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ និងសិក្សាវគ្គខ្លីរយៈពេល៣ខែនៅជប៉ុនក្នុងឆ្នាំ២០១៨នេះ។ ក្រោយទទួលបានការសិក្សាពីបច្ចេកទេសកសិកម្មនៅជប៉ុន លោក រតនា បានវិលត្រឡប់មកស្រុកកំណើតវិញ នឹងយកចំណេះទាំងនោះមកចែករំលែកដល់ជនជាតិដើមភាគតិច ក្នុងគោលបំណងជួយបង្កើនជីវភាពរបស់ពួកគាត់ និងលើកស្ទួយសហគមន៍ឲ្យកាន់តែល្អ។ |
លោក ស៊ិន ចាន់ថុល អភិបាលស្តីទី ស្រុកពួក ខេត្តសៀមរាប បានបញ្ជាក់ថា ស្រូវជាង៨ពាន់ហិកតាជួបបញ្ហាដោយសារគ្រោះរាំងស្ងួត ហើយក្នុងនោះក៏មានស្រូវស្រាលជាង២ពាន់ហិកតាផងដែរ។ លោក បន្តថា៖ «ស្រូវខ្លះមានសភាពល្អឡើងវិញខ្លះខូច តែបើទោះបីមានភ្លៀងធ្លាក់ក៏មិនទាន់មានទឹកដក់ឲ្យស្រូវដែលជួបគ្រោះរាងស្ងួតទាំងនេះ សម្រាប់លូតលាស់នោះទេ»។ ទន្ទឹមនេះដែរ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានណែនាំឲ្យអាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធ ជួយយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីធ្វើការស្តារឡើងវិញ ក្នុងការងារបង្កបង្កើនផលរបស់ប្រជាកសិករ។ អភិបាលខេត្តបានពិនិត្យឃើញថា ស្រូវមួយចំនួនបានហួសពេលនៃការលូតលាស់ ដែលធ្វើឲ្យខាតបង់ពេលវេលាហើយមិនបានទទួលភោគផលទៀត។ ជាមួយគ្នាដែរ លោក បានស្នើទៅមន្ទីរធនធានទឹកខេត្ត ឲ្យយកចិត្តទុកដាក់ និងពិនិត្យ គ្រប់គ្រងប្រព័ន្ធស្រោចស្រព និងមានវិធានការក្នុងការទប់ស្កាត់ ថែរក្សាតំកល់ទឹកទុក ដើម្បីសម្រាប់ធ្វើការផ្គត់ ផ្គង់ទឹកដល់ប្រជាកសិករ។ ខណៈដែល តំបន់ មួយចំនួន នៅ ប៉ែក ខាងជើង ប៉ែក ត្បូង ភាគ ឦសាន ខេត្ត ជាប់ សមុទ្រ និង តំបន់ ជាប់ ដង ទន្លេមេគង្គ កំពុង រង ការ ជន លិច ដោយ ទឹកជំនន់ ទឹកភ្លៀង និង ទឹកទន្លេ ក៏មាន បណ្ដាល មាន តំបន់ មួយចំនួន ក្នុង ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង សៀម រាម កំពុង រង ការជួប គ្រោះរាំងស្ងួត ផងដែរ ។ នេះ បើតាម ការបញ្ជាក់ របស់ លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ៕ | គ្រោះរាំងស្ងួតដោយសារតែរដូវប្រាំងអូសបន្លាយពេលយូរ បានប៉ះពាល់ដល់ដំណាំស្រូវរដូវវស្សាជាង៨ពាន់ហិកតា នៅក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប។ ទោះបីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងអំឡុងសប្ដាហ៍នេះ តែគ្មានទឹកដក់សម្រាប់ដំណាំស្រូវលូតលាស់នោះឡើយ ដោយស្រូវតំបន់ខ្លះមានសភាពលូតលាស់ល្អឡើងវិញ តែខ្លះបានហួសរយៈពេលនៃការលូតលាស់ទៅហើយ។ |
ខ្សែបម្រើខ្មែរនូវែលសេឡង់ លឹម អារុណ បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ក្រោយត្រូវបានក្លិបបឹងកេតដំឡើងពីឈុតយុវជនឲ្យមកលេងជាមួយឈុតធំនៅរដូវកាលឆ្នាំ២០២១។ សម្រាប់ អារុណ បឹងកេតជាក្រុមមានសមត្ថភាពខ្លាំងមួយទាំងក្នុងពានរង្វាន់លីគកំពូល និងពានសម្តេច ហ៊ុន សែន។ ជាពិសេសមានគ្រូបង្វឹកពោរពេញដោយសមត្ថភាព។ កីឡាករវ័យ១៧ឆ្នាំរូបនេះ ប្តេជ្ញាថា រូបគេនឹងខិតខំអភិវឌ្ឍន៍ខ្លួន ដើម្បីមានឱកាសបង្ហាញខ្លួនជាមួយក្រុមបឹងកេត ក៏ដូចជាក្រុមជម្រើសអាយុក្រោម១៩ឆ្នាំ នាការប្រកួតវគ្គជម្រុះ AFC U19 Championship នៅប្រទេសអូបេគីស្ថាន នាឆ្នាំ២០២១ ខាងមុខនេះ។ អារុណ ដែលកំពុងស្ថិតក្នុងបញ្ជីប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទីពីរ រំពឹងថា ខ្លួននឹងអាចជាប់ក្នុងបញ្ចីចុងក្រោយនៃក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ។ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ដែលបានចូលរួមហ្វឹកហាត់ជាមួយក្រុម U19។ នៅកម្ពុជាមានអាកាសធាតុ វាមានការលំបាក ប៉ុន្តែខ្ញុំកំពុងហ្វឹកហាត់ដើម្បីផ្សាំជាមួយអាកាសធាតុនៅទីនេះ ហើយខ្ញុំនឹងខិតខំហ្វឹកហាត់ ដើម្បីជាប់ក្នុងបញ្ជីចុងក្រោយនៃក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ»។ កីឡាករ លឹម អារុណ រ៉េយមិន លើកឡើងបែបនេះ ហើយប្តេជ្ញាថា ខ្លួននឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយឲ្យក្រុម U19 កម្ពុជាទទួលបានលទ្ធផលល្អ ទោះបីកម្ពុជាស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗក៏ដោយ។ នៅពេលសួរពីកីឡាករកម្ពុជាដែលខ្លួនចូលចិត្ត ខ្សែបម្រើខ្មែរ-នូវែលសេឡង់រូបនេះ អះអាងថា រូបគេចូលចិត្តកីឡាករ ចាន់ វឌ្ឍនាកា, ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ និងខ្សែការពារ ទេស សម្បត្តិ៕ | កីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ លឹម អារុណ រ៉េយមិន ត្រូវបានក្លិបបឹងកេតដំឡើងពីក្រុមយុវជនឲ្យមកលេងជាមួយក្រុមធំនៅរដូវកាលឆ្នាំ២០២១។ ខ្សែបម្រើវ័យ១៧ឆ្នាំរូបនេះ មានគោលបំណងចង់បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំក្នុងព្រឹត្តិការណ៍ AFC U19 Championship។ រូបគេ ក៏បានបង្ហាញឈ្មោះកីឡាករ៣រូប ដែលរូបគេចូលចិត្តផងដែរ។ |
វិញ្ញាសាប្រដាល់គុនខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិលើកទី៣។ កីឡាករ កែវ រំចង់ ដែលបានបាតមុខពីលើសង្វៀន ជាង៣ឆ្នាំ មានចំណាប់អារម្មណ៍ ក្នុងការសាងស្នារដៃឡើងវិញ ដោយសង្ឃឹមថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣ រូបលោក នឹងអាចប្រកួតសម្រាប់កម្ពុជា។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ លោក កែវ រំចង់ បានមកថ្លឹងរកគីឡូប្រកួត ប៉ុន្ដែមិនមានគូប្រកួតនោះទេ លើវិញ្ញាសានេះ។ យោងលើការបង្ហោះសារនៅលើហ្វេសប៊ុក លោក កែវ រំចង់ បានសរសេរថា៖«ខ្ញុំបាទ កែវ រំចង់ មិនបានប្រកួតថា្នក់ជាតិទេ ដោយសារមិនមានគីឡូ ដែលខ្ញុំត្រូវប្រកួត។»។ កីឡាករប្រដាល់រូបនេះ បានសរសេរបន្ថែមទៀតថា អ្វីដែលធ្វើឲ្យរូបខ្លួន ចង់ប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺចង់ដឹងពីសមត្ថភាព ចង់ដឹងពីល្បឿន នៃការប្រើកន្ដាប់ដៃ និងបច្ចេកទេសរបស់ខ្លួន។ ជាពិសេសទៀតនោះ កែវ រំចង់ ចង់ដឹងថាកម្លាំងរបស់ខ្លួនអាចទ្រាំទ្របាន ៥តឹក អំឡុងពេលប្រកួតដែរ ឬទេ។ គួរបញ្ជាក់ផងដែរថា កែវ រំចង់ បានសម្រាកពីប្រកួតប្រហែល៣ឆ្នាំ ក្រោយពីរូបគេបានឈ្នះខ្សែក្រវ៉ាត់អន្ដរជាតិ ពីប្រទេសបារាំង ក្នុងប្រភេទទម្ងន់៦៣ និង៦៧គីឡូក្រាម ។ កីឡាកររូបនេះ ក៏មានប្រកួតល្អដែរ សម្រាប់ការប្រកួតក្នុងប្រទេស ដូចជាជើងឯកប្រចាំទូរទស្សន៍បាយន៍ ។ សម្រាប់ការប្រកួតចុងក្រោយ រូបគេបានយកឈ្នះ វង្ស ណយ ដោយផ្ដួលឲ្យសន្លប់ក្នុងតឹកទី៤ ក្នុងការប្រកួតខារ៉ាបាវគុនខ្មែរ៕ | លោក កែវ រំចង់ កីឡាករប្រដាល់កម្ពុជា បង្ហាញការសោកស្ដាយដោយមិនបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ កីឡាកររូបនេះ ត្រូវខកខានចូលរួមប្រកួត ព្រោះមិនមានគូប្រកួតលើប្រភេទវិញ្ញសាទម្ងន់ ៨១គីឡូក្រាម។ |
ប៉ុន្តែសម្រាប់អ្នកខ្លះទៀត ការថប់អារម្មណ៍គឺមានរយៈពេលយូរ និងច្រើនខ្លាំង។ ការថប់អារម្មណ៍ ប្រហែលជាមិនអាចបាត់ទៅវិញ ក្នុងរយៈពេលច្រើនសប្តាហ៍ ខែ ឬឆ្នាំឯណោះ។ វាអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ និងពេលខ្លះ រំខានដល់របៀបរស់នៅប្រចាំថ្ងៃថែមទៀត។ ខណៈពេលដែល អាការនៃការថប់អារម្មណ៍ ខុសគ្នាពីមនុស្សម្នាក់ ទៅម្នាក់ទៀត តែជាទូទៅ រាងកាយនឹងមានប្រតិកម្មទៅនឹងរបៀបពិសេសនៃការថប់អារម្មណ៍តែម្តង។ នៅពេលមានអារម្មណ៍តក់ស្លុត រាងកាយនឹងមានការប្រុងប្រយ័ត្នខ្ពស់ ដែលមើលអ្វីៗតែងតែមានគ្រោះថ្នាក់សឹងតែទាំងអស់។ រោគសញ្ញានៃការថប់អារម្មណ៍ខ្លះមានដូចជា៖ ភ័យ គេងមិនលក់ ឬមានអារម្មណ៍តានតឹងជាប់ មានអារម្មណ៍ថាមានគ្រោះថ្នាក់ ខ្លាច ឬមានការគំរាមកំហែង ចង្វាក់បេះដូងដើរញាប់ ដកដង្ហើមញាប់ ញាក់សាច់ដុំ ខ្សោយ និងល្ហិតល្ហៃ ពិបាកផ្ចង់អារម្មណ៍ ឬគិតអ្វីមួយឲ្យបានច្បាស់លាស់ណាស់ គេងមិនលក់ មានបញ្ហានៅផ្លូវក្រពះពោះវៀនដូចជា ផោមច្រើន ទល់លាមក ឬរាករូស ចេះតែចង់គេចវេស ពីមូលហេតុដែលនាំឲ្យអ្នកថប់អារម្មណ៍ ចេះតែសម្តែងនូវអាកប្បកិរិយាដដែលៗ ម្តងហើយ ម្តងទៀត ភ័យខ្លាចនូវរាល់ហេតុការណ៍ដែលប៉ះទង្គិចផ្លូវចិត្ត កាលពីពេលមុនៗ ទោះបីជាវាកន្លងផុតហើយក៏ដោយ។ Panic Attacks វាគឺជាការខ្លាច ឬថប់អារម្មណ៍ខ្លាំងភ្លាមៗ ដែលកើតឡើងក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចមានអាការយ៉ាងហោចណាស់បួនយ៉ាង នៃអាការខាងក្រោមនេះ៖ ញ័រដើមទ្រូង បែកញើស ញ័រខ្លួន មានអារម្មណ៍ថាពិបាកដកដង្ហើម មានអារម្មណ៍ថាឆ្លាក់អ្វីមួយក្នុងបំពង់ក ចង្អោ ឬមានបញ្ហាក្រពះពោះវៀន វិលមុខ ឬមានអារម្មណ៍ចង់ខ្យល់គរ មានអារម្មណ៍ថាត្រជាក់ ឬក្តៅ មានអារម្មណ៍ស្ពឹកៗ ឬឈឺឈៀបៗ មានអារម្មណ៍ថាដូចបាត់លក្ខណៈជាមនុស្ស ខ្លាច ឬចង់ឆ្គួត ឬបាត់បង់ការគ្រប់គ្រងខ្លួនឯង ខ្លាចស្លាប់៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្នកប្រហែលជាអាចមានការបារម្ភច្រើនអំពីបញ្ហាណាមួយនៅកន្លែងធ្វើការ ឬអាចជាមានអ្វីមួយកំពុងតែហោះក្នុងពោះ ខណៈពេលដែលកំពុងតែរង់ចាំលទ្ធផល នៃការធ្វើតេស្តសុខភាព។ ជាទូទៅ មនុស្សគ្រប់គ្នាតែងតែមានការថប់អារម្មណ៍ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ រឿងនេះ មានទាំងមនុស្សធំ និងកូនក្មេង។ សម្រាប់មនុស្សភាគច្រើន ការថប់អារម្មណ៍ គឺមានបាត់ៗ ហើយមានរយៈពេលខ្លីដែរ។ |
លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា លើកឡើងថាដ្បិតកីឡាបាល់ទាត់លើតុទើបតែកើតមាននៅលើទឹកដីកម្ពុជា តែមន្រ្តីទាំងអស់គ្នាត្រូវរួបរួមសាមគ្គី ដើម្បីលើកស្ទួយឱ្យកីឡាមួយនេះរីកចំរើនទៅមុខ និងមានការប្រកួតប្រជែងខ្ពស់នាពេលអនាគត។ លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា។ រូបពី CAMSOC «ប្រភេទកីឡាបាល់ទាត់លើតុជាប្រភេទកីឡាថ្មី។ យើងត្រូវរួបរួមគ្នាខិតខំសិក្សា និងអភិវឌ្ឍសមត្ថភាព ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់លើតុរបស់យើង ឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត»។ អនុប្រធានសហព័ន្ធ ក៏បាននិយាយលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមឱ្យប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសជនជាតិហុងគ្រី។ លោក Gao Feng និយាយថា៖«ការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់អ្នកទាំងអស់គ្នា ពិតជាមានសារៈសំខាន់ណាស់ ហើយខ្ញុំក៏មានការជឿជាក់ដែរថា ក្រុមជម្រើសជាតិបាល់ទាត់លើតុ របស់យើងនឹងអាចធ្វើបានល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាក៏ដូចជាការប្រកួតស៊ីហ្គេម ជាបន្តបន្ទាប់ទៀត»។ បន្ថែមពីលើនោះអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា លោក អន ចន្ត្រាសំរិត យល់ឃើញថា កីឡាបាល់ទាត់លើតុជាប្រភេទកីឡាថ្មី សម្រាប់កម្ពុជា ហើយកីឡាប្រភេទនេះក៏បានដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផងដែរ។ លោក ចិន្ត្រាសំរិត សង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលធនធានជាការចាំបាច់បំផុតសម្រាប់ម្ចាស់ផ្ទះដែលកម្ពុជា រង់ចាំអស់រយៈពេលជាង៦០ឆ្នាំ។ លោក អន ចន្ត្រាសំរិត និយាយថា៖«ការបើកវគ្គបណ្តុះបណ្តាលនេះ គឺធ្វើយ៉ាងណាឱ្យយើងត្រៀមខ្លួនឱ្យបានមុតមាំ សម្រាប់ការប្រកួត ស៊ីហ្គេម នាខែឧសភា ខាងមុខ។ តាមរយៈការសិក្សា និងអនុវត្តផ្ទាល់ជាមួយ គ្រូឧទ្ទេសមកពីប្រទេសដើម នៃកីឡា Teqball នេះ យើងរំពឹងថា សិក្ខាកាមកម្ពុជា នឹងទទួលបានទាំងចំណេះ និង ជំនាញដ៏ពិតប្រាកដមួយ សម្រាប់យកទៅអនុវត្ត នៅពេលយើងធ្វើម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ខាងមុខនេះ»។ គួបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ កីឡាបាល់ទាត់លើតុ (Teqball) ទទួលបានការបង្រៀនដោយលោក Marton Kereszturt គ្រូបង្វឹកជនជាតិហុងគ្រី និងមានសិក្ខាកាមចំនួន២២នាក់។ កីឡាបាល់ទាត់លើតុមានប្រទេសចំនួន៧ ចូមរួមប្រកួតមិត្តភាពធម្មតារួមមាន ម្ចាស់ផ្ទះកម្ពុជា, ហ្វ៊ីលីពីន, ព្រុយណេ, សិង្ហបុរី, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងថៃ៕ | សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា (Teqball) បើកវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ ត្រៀមស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី២១-២៣ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយលោក Marton Kereszturt គ្រូបង្វឹកជនជាតិហុងគ្រី ដើម្បីពង្រឹងសមត្ថភាពក្រុមកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។ |
លោក អ៊ាង សុផល្លែត បានលិខិតថ្លែងអំណរគុណដល់សាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប ដែលជាសាលាគំរូ មិនប្រើប្រាស់ប្លាស្ទិក។ លោករដ្ឋមន្រ្តីយល់ថា នេះជាសាលាគំរូ ហើយលោកជឿថា នឹងមានសាលាផ្សេងទៀតអនុវត្តន៍តាម។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៩ កញ្ញាកន្លងទៅ រដ្ឋមន្រ្តីបរិស្ថាន បានចាត់ទុកយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលលោកដាក់ចេញពីថ្ងៃទី១ កញ្ញា គឺមានសារសំខាន់ដើម្បីកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក។ លោកថា សព្វថ្ងៃប្លាស្ទិកជាបញ្ហាដ៏ធំសម្រាប់កម្ពុជា ក៏ដូចជាសាកលលោក ដែលទាមទារឱ្យការចូលរួមដោះស្រាយជាបន្ទាន់។ លោក សុផល្លែត បន្ថែមថា តាមការសិក្សានៅឆ្នាំ ២០៥០ សំរាមប្លាស្ទិកនឹងមានចំនួនច្រើនជាងត្រីនៅក្នុងទឹកសមុទ្រទៅទៀត ដែលវានឹងបង្កមហន្តរាយ ទាំងបរិស្ថាន សុខភាពមនុស្ស។ គួរបញ្ជាក់ថា តាមការបញ្ជាក់ពីលោក អ៊ាង សុផល្លែត បច្ចុប្បន្ននេះយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមពីសាលាជាង១០០ហើយនៅទូទាំងប្រទេស ដែលសរុបមានសិស្សជាង៣០ម៉ឺននាក់។ យុទ្ធនាការនេះធ្វើឡើងក្នុងន័យទប់ស្កាត់ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលារៀន ជំនួសឱ្យការប្រើប្រាស់សម្ភារដែលអាចប្រើឡើងវិញ៕ | សៀមរាប៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញការប្ដេជ្ញាខ្ពស់ដើម្បីឱ្យកម្ពុជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាមួយនឹងយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀនទូទាំងប្រទេស រដ្ឋមន្រ្តីរូបនេះរំពឹងថា នឹងមានអ្នករចូលរួមច្រើន ហើយលោកចង់ឃើញសាលារៀនទាំងអស់មិនប្រើប្លាស្ទិក។ |
ប្រមុខរដ្ឋាភិបាល បានអះអាងថា រាល់កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឆាំងចប់ភ្លាមៗ គឺវីដេអូប្រជុំនោះ ត្រូវបានគេបញ្ជូនមកសម្ដេចភ្លាមដែរ។ ដូច្នេះសម្ដេច អាចស្ដាប់បានគ្រប់រឿងផ្ទៃក្នុងរបស់ពួកគេ។ ថ្លែងក្នុងសន្និសីទកាសែតក្រោយកម្មវិធីចាក់វ៉ាក់សាំងឱ្យកុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ នាព្រឹកថ្ងៃទី១៧ កញ្ញា លោកនាយករដ្ឋមន្ត្រី បាននិយាយដូច្នេះថា៖«ខ្ញុំមិនHack ចូលទេ ប៉ុន្តែនៅទីណាក៏មានមនុស្សខ្ញុំ»។ សម្ដេច ហ៊ុន សែន បានអះអាងថា ខ្លួនបានស្ដាប់កិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមអតីតគណបក្សប្រឆាំងច្រើនមកហើយ សូម្បីតែពួកគេប្រជុំជាមួយក្រុមប្រតិភូអឺរ៉ុប និងបរទេសនានាក្តី។ បើតាមប្រមុខរដ្ឋាភិបាល វីដេអូកិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឆាំងប្រមាណ៥០ឃ្លីប កំពុងនៅក្នុងដៃសម្ដេច។ «ខ្ញុំមិនHack ចូល(ស្ដាប់កិច្ចប្រជុំក្រុមប្រឆាំង)ទេ ហើយនេះមិនមែនជាបញ្ហាឯកជន សិទ្ធិឯកជនទេ តែនេះជារឿងបញ្ហាជាតិ »។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តី ដែលបានបន្ថែមថា សម្ដេចអាចចូលទៅស្ដាប់កិច្ចប្រជុំទាំងនោះ ក៏បានដែរ ដោយសារសម្ដេចមានទាំងលេខកូដ (Password ) សម្រាប់កម្មវិធីប្រជុំរបស់ក្រុមប្រឆាំងទាំងនោះ។ មូលហេតុដែលសម្ដេច មានលេខកូដ ចូលស្ដាប់កិច្ចប្រជុំក្រុមប្រឆាំងបាន ដោយសារតែមានមនុស្សសម្ដេច នៅផ្ទៃក្នុងពួកគេ បញ្ជូនមក។ ដោយសារតែអាចក្ដាប់ព័ត៌មានបាននេះ ទើបលោកនាយករដ្ឋមន្រ្តី ព្រមានទៅក្រុមប្រឆាំងកុំឱ្យធ្វើសកម្មភាពផ្ដេសផ្ដាស ដែលនាំឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិឡើយ។ កាលពីថ្ងៃទី១៦ កញ្ញា សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកតបសារពលរដ្ឋថា សម្ដេចចូលស្ដាប់ និងនិយាយជាមួយលោក ឡុង រី មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយក្រុមការងារពួកគេ តាមប្រព័ន្ធZoom នោះ គឺមិនមែនជាសញ្ញាវិជ្ជមាន សម្រាប់ការបើកផ្លូវចរចានយោបាយឡើយ។ប្រមុខរដ្ឋាភិបាល បានបន្ថែមថា សម្ដេចចូលទៅនិយាយតាមប្រព័ន្ធZoom នោះ គឺចង់ផ្ញើសារទៅក្រុមប្រឆាំងឱ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ ។ អត្ថបទទាក់ទង សម្ដេច ហ៊ុន សែន ៖ កុំយល់ខុសថា ខ្ញុំចូលក្នុងZoom និយាយជាមួយក្រុមប្រឆាំង ជាការផ្តល់សញ្ញាចរចា តែចង់ផ្ញើសារឱ្យភ្លឺភ្នែក អមជាមួយសារទាំងនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។ ប៉ុន្តែអ្វីដែលត្រូវធ្វើនោះ គឺអ្នកមានទោសត្រូវជាប់ពន្ធនាគារ២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានដឹងរឿងផ្ទៃក្នុងទាំងអស់ របស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើសកម្មភាពនៅក្រៅប្រទេស។ នោះក៏ព្រោះតែមានមនុស្សសម្ដេច នៅក្នុងក្រុមប្រឆាំងទាំងនោះ។ |
ករណីថ្មីចំនួន៥នាក់នេះ រួមមានទី១ ឈ្មោះ រ៉ែម អូន ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។ ទី២ ឈ្មោះ ហៃ ថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ទី៣ ឈ្មោះ សន ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ ទី៤ ឈ្មោះ យាន តាក់ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់ ឃុំយាង ស្រុកពួក ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ និងទី៥ ឈ្មោះ ស្រឿរ គឹមឡាង ភេទស្រី អាយុ១៧ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ ជាមួយគ្នានោះ អ្នករួមដំណើរទាំងអស់ក្នុងរថយន្តឈ្នួលជាមួយអ្នកវិជ្ជមានទាំង៥រូបខាងលើ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ហើយក្រុមការងារជំនាញនឹងបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៩ ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៣នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ | សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញករណីវិជ្ជមានជំងឺកូវីដថ្មីចំនួន ៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងនាំចូលពីខេត្តដទៃ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៩ ឧសភា ករណីថ្មីទាំងនោះ ជាករណីសង្ស័យ និងត្រូវក្រុមការងារប្រចាំការនៅទីតាំងត្រួតពិនិត្យសុខភាពបឋម នៅព្រំប្រទល់ខេត្តកំពង់ធំ បានយកសំណាក និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.