text
stringlengths
31
26.1k
summary
stringlengths
11
1.19k
តុលាការកំពូលបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួនថា គណៈកម្មការរៀបចំការបោះឆ្នោតបានបដិសេធមិនធ្វើតាមសាលដីការបស់តុលាការដែលទាមទារឲ្យគណៈកម្មការនេះបើកប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន។ លោកស្រីចៅក្រម Philomena Mwilu បាននិយាយថា៖ «យើងគ្មានជម្រើសអ្វីនោះទេ ក្រៅតែពីការទទួលយកនូវពាក្យបណ្ដឹងរបស់ដើមបណ្ដឹង ដែលថាប្រព័ន្ធកុំព្យូទ័ររបស់គណៈកម្មការរៀបចំការបោះឆ្នោត ត្រូវបានគេលួចចូលដើម្បីប្ដូរទិន្នន័យ ឬក៏មន្ត្រីគណៈកម្មការបោះឆ្នោតផ្ទាល់ជាអ្នកដែលធ្វើឲ្យខូចខាតដល់ទិន្នន័យទាំងនេះ ឬក៏បដិសេធមិនទទួលស្គាល់ថាខ្លួនជាអ្នកធ្វើឲ្យខូចដល់ប្រព័ន្ធបញ្ជូនលទ្ធផលឆ្នោតនេះទាំងមូល និងមិនអាចបញ្ជាក់អំពីកាលបរិច្ឆេទជាដើម»។ ដូច្នេះហើយ តុលាការបានបញ្ជាឲ្យគណៈកម្មការបោះឆ្នោតរៀបចំការបោះឆ្នោតសារជាថ្មីនៅក្នុងរយៈពេល ៦០ ថ្ងៃ។ បន្ទាប់ពីបានទាមទារម្ដងហើយម្ដងទៀតឲ្យមានការកែទម្រង់គណៈកម្មការរៀបចំការបោះឆ្នោត លោក Raila Odinga បានសម្រេចដកខ្លួនចេញពីការបោះឆ្នោតឡើងវិញកាលពីថ្ងៃទី ២៦ ខែតុលាកន្លងទៅនេះ និងបានជំរុញឲ្យអ្នកគាំទ្ររបស់ខ្លួនធ្វើពហិការមិនចូលរួមនៅក្នុងការបោះឆ្នោតនេះ។ ក្រោយការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសថា លោក Kenyatta ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតអាណត្តិទីពីរនេះ។ លោក Raila Odinga បានអះអាងថា លោក Kenyatta ខ្វះភាពស្របច្បាប់ ដោយសារតែអត្រាអ្នកចេញមកបោះឆ្នោតមានកម្រិតទាប។ ពាក្យបណ្ដឹងពីរត្រូវបានប្ដឹងទៅកាន់តុលាការកំពូល ដើម្បីប្រឆាំងនឹងសាលដីកានេះ ប៉ុន្តែនៅពេលនេះ តុលាការបានសម្រេចតម្កល់លទ្ធផលបោះឆ្នោតនេះ។ លោក Raila Odinga បានឆ្លើយតបនឹងសាលដីកានេះ ដោយប្រកាសអំពីការបង្កើតនូវចលនាប្រឆាំង និងប្រកាសគំរាមធ្វើការស្បថចូលកាន់តំណែងដោយខ្លួនលោកផ្ទាល់។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កេនយ៉ាលោក Githu Muigai បាននិយាយថា៖ «ច្បាប់ឧក្រិដ្ឋកម្មនៃសាធារណរដ្ឋកេនយ៉ាត្រង់មាត្រា៤០ នៃក្រមព្រហ្មទណ្ឌ បានបង្ហាញថា ការស្បថចូលកាន់តំណែងដោយខ្លួនឯងបែបនេះគឺជាទោសក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ។ វាជាទោសក្បត់ជាតិសម្រាប់អ្នកដែលពាក់ព័ន្ធក្នុងរឿងនេះ និងអ្នកដែលជួយសម្រួលដំណើរការនេះ»។ មនុស្សភាគច្រើនខ្លាចថា ការតែងតាំងលោក Raila Odinga ជាប្រធានាធិបតីជំនួសឲ្យលោកប្រធានាធិបតី Kenyatta អាចបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងប្រទេសកេនយ៉ា ដែលកន្លងមក មនុស្សជាង ៧០ នាក់ ត្រូវបានសម្លាប់រួចមកហើយនៅក្នុងអំឡុងពេលមានអំពើហិង្សាកើតឡើងពាក់ព័ន្ធទៅនឹងការបោះឆ្នោត។ នាពេលឥឡូវនេះ ប្រជាពលរដ្ឋកេនយ៉ារង់ចាំមើលថាតើមន្ត្រីរដ្ឋាភិបាលដែលទើបត្រូវបានជ្រើសរើស នឹងប្រើប្រាស់ពេលវេលានាឆ្នាំ ២០១៨ ខាងមុខនេះដើម្បីជំរុញឲ្យមានសន្តិភាព និងធ្វើតាមការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេកន្លងមក ឬក៏យ៉ាងណានោះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ណៃរ៉ូប៊ី ៖ បន្ទាប់ពីប្រទេសកេនយ៉ាបានរៀបចំការបោះឆ្នោតកាលពីខែសីហា ដែលលទ្ធផលបានបង្ហាញថា លោក Kenyatta បានទទួលជ័យជម្នះលើលោក Raila Odinga មក តុលាការកំពូលបានចាត់ទុកការបោះឆ្នោតនោះជាមោឃៈ ដោយបានលើកឡើងពីភាពមិនប្រក្រតីនានានៅក្នុងការបញ្ជូនលទ្ធផលឆ្នោត។
  ក្រោយមានការវាយប្រហារលើកងនាវាសមុទ្រខ្មៅ រុស្ស៊ីបានព្យួរការចូលរួមរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ហើយថែមទាំងអះអាងថា ខ្លួននឹងមិនធានាចំពោះសុវត្ថិភាពរបស់នាវាស៊ីវិលឡើយ។    ក្រោយការផ្អាកបែបនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យមានការការពារលើច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន។    «ការការពាររយៈពេលវែង និងពឹងផ្អែកបាន គឺចាំបាច់សម្រាប់ច្រកនាំចេញគ្រាប់ធញ្ញជាតិ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមក្នុងថ្ងៃទី១ ខែវិច្ឆិកា ដោយបន្តថា រុស្ស៊ី គួរតែត្រួវបានធ្វើឱ្យដឹងថា ខ្លួននឹងរងការឆ្លើយតបយ៉ាងមុតមាំពីពិភពលោក ក្នុងករណីបង្អាក់ការនាំចេញអាហាររបស់អ៊ុយក្រែន។    កន្លងមក កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលមានតួកគី និងអង្គការសហប្រជាជាតិធ្វើជាអន្តរការី  ត្រូវបានធ្វើឡើងក្នុងគោលបំណងជួយប្រទេសក្រីក្រ ជាពិសេសនៅតំបន់អាហ្វ្រិក ពីភាពខ្វះខាតស្បៀងអាហារ។    មកទល់ពេលនេះ បើទោះរុស្ស៊ីព្យួរការចូលរួមក្នុងកិច្ចព្រមព្រៀងខាងលើក៏ដោយ ប៉ុន្តែការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅតែបន្ត។ លោក Oleksandr Kubrakov រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បានអះអាងលើបណ្តាញសង្គម Twitter ថា នាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួន៨ ត្រូវបានរំពឹងថា នឹងឆ្លងកាត់ច្រកដឹកជញ្ជូននៅថ្ងៃទី៣ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    បន្ថែមពីនេះ ប្រធានាធិបតីអ៊ុយក្រែន ក៏បានឆ្លើយតបនឹងការវាយប្រហារមីស៊ីលរបស់រុស្ស៊ី លើទីក្រុងមួយចំនួនរបស់ខ្លួនដែរ ដោយការវាយប្រហារទាំងនោះ បានកាត់ផ្តាច់អគ្គិសនីនៅក្នុងតំបន់ជាច្រើន។ តំបន់ចំនួន ៩របស់អ៊ុយក្រែន ធ្លាប់ដាច់ភ្លើង ដោយសារការវាយប្រហារមីស៊ីលពីសំណាក់រុស្ស៊ី។    ក្នុងវីដេអូដដែល លោក ហ្សេលេនស្គី បានថ្លែងថា រដ្ឋាភិបាលក្រុងកៀវ នឹងធ្វើគ្រប់យ៉ាង ដើម្បីផ្តល់ថាមពល និងកម្តៅសម្រាប់ប្រជាជនខ្លួននារដូវត្រជាក់ខាងមុខ។ យ៉ាងណាមិញ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានសុំការយោគយល់ពីប្រជាជនផងដែរ ក្រោមហេតុផល រុស្ស៊ីនឹងធ្វើគ្រប់យ៉ាង ដើម្បីបង្អាក់ជីវភាពរបស់ប្រជាជនអ៊ុយក្រែន៕  
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅយប់ថ្ងៃទី១ ខែវិច្ឆិកា បានអំពាវនាវឱ្យមានការការពារលើច្រកដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ក្រោយរុស្ស៊ីបានផ្អាកការចូលរួមក្នុងកិច្ចព្រមព្រៀង។ ត្រង់ចំណុចនេះ មេដឹកនាំអ៊ុយក្រែន បានទទូចឱ្យពិភពលោក ត្រូវឆ្លើយតបចំពោះសកម្មភាពរបស់រុស្ស៊ី ក្នុងការបង្អាក់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
  ប្រហែល២ម៉ោងបន្ទាប់ពីចាកចេញពីរដ្ឋធានីដូហារបស់កាតា ទៅកាន់អៀរឡង់នៅថ្ងៃទី ២៦ ខែឧសភា ខណៈកំពុងហោះហើរពីលើដែនអាកាសតួកគី យន្តហោះ Boeing 787 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានជួបប្រទះបាតុភូតខ្យល់បោកបក់ខ្លាំង។ អ្នកដំណើរបានរៀបរាប់ថា យន្តហោះនេះធ្លាក់ចុះក្រោមប្រហែល ១៥-២០ វិនាទី។   នៅពេលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានឌុយប្លាំងរបស់អៀរឡង់នៅម៉ោងប្រហែល១រសៀល កងកម្លាំងសង្រ្គោះបន្ទាន់ រួមទាំងប៉ូលិសអាកាសយានដ្ឋាន អ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះបានធ្វើប្រតិបត្តិការភ្លាមៗ។   លោក Graeme McQueen អ្នកគ្រប់គ្រងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ប្រតិបត្តិករអាកាសយានដ្ឋានឌុយប្លាំងបាននិយាយថា អ្នកដំណើរ ៦នាក់និងនកបម្រើការលើយន្តហោះ ៦នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។ លោក McQueen មិនបានបញ្ជាក់ពីទំហំនៃការរបួសរបស់មនុស្សទាំងនេះទេ។   គេមិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលជើងហោះហើរនោះដឹកនៅពេលនោះ។ អ្នកដំណើរបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈអ្នកបម្រើលើយន្តហោះកំពុងបម្រើអាហារ។   ឧបទ្ទវហេតុនេះបានកើតឡើងតែ ៥ថ្ងៃបន្ទាប់ពីជើងហោះហើររបស់ Singapore Airlines ពីទីក្រុងឡុងដ៍ទៅកាន់សិង្ហបុរីត្រូវបង្ខំចុះចតបន្ទាន់នៅទីក្រុងបាងកក ដោយសារជួបបាតុភូតខ្យល់បោកបក់ខ្លាំង។ អ្នកដំណើរជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំម្នាក់បានស្លាប់ដោយសារគាំងបេះដូង និងមនុស្ស ២០នាក់បានរងរបួសបន្ទាប់ពីហេតុការណ៍នេះ។   តាមការសិក្សាឆ្នាំ២០២១ ដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក គ្រោះថ្នាក់អាកាសចរណ៍ដែលទាក់ទងនឹងបាតុភូតខ្យល់កន្រ្តាក់ជាប្រភេទគ្រោះថ្នាក់ទូទៅបំផុត។ ថ្មីៗនេះ នៅក្នុងខែមីនា ឆ្នាំ២០២៤ យន្តហោះ Boeing BA.N 787 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ LATAM ស្រាប់តែជួបបញ្ហាស្រដៀងគ្នានេះនៅពាក់កណ្តាលជើងហោះហើរ បណ្តាលឲ្យមនុស្សជាង ៥០នាក់រងរបួស៕   អត្ថបទទាក់ទង   ពេលជួបបាតុភូត Turbulence អ្នកដំណើរលើយន្តហោះសុទ្ធតែអាចគ្រោះថ្នាក់ ?   ហេតុការណ៍ Singapore Airlines បង្ហាញសារសំខាន់នៃការដាក់ខ្សែក្រវាត់ពេលជិះយន្តហោះ 
ជើងហោះហើររបស់ Qatar Airways ពីទីក្រុងដូហា ទៅកាន់ទីក្រុងឌុយប្លាំងបានជួបប្រទះនឹងបាតុភូតខ្យល់កន្រ្តាក់ បណ្តាលឲ្យអ្នកដំណើរ និងអ្នកបម្រើការលើយន្តហោះ ១២នាក់រងរបួស។
  នាឱកាសបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងប្រកាសអនុវត្តបេសកកម្មការងារឆ្នាំ២០១៩ នៅថ្ងៃ៩ មករាកន្លងទៅ លោកនាយករដ្ឋមន្ត្រី Nguyn Xuân Phúc បានលើកឡើងថា គណៈរដ្ឋមន្ត្រី គួរតែស្តាប់មតិសាធារណៈ, សមាជិករដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់ឲ្យបានច្រើនដើម្បីពង្រឹងតួនាទីរបស់ខ្លួន ក្នុងនាមជាអង្គភាពប្រឹក្សាយោបល់ស្នូលរបស់ប្រទេស។ នេះបើយោងតាម Vietnam News។   លោកនាយករដ្ឋមន្ត្រី បន្តថា គណៈរដ្ឋមន្ត្រី ក៏គួរតែលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងនាមជា អង្គភាពដើម្បីទទួល និងឆ្លើយតបទៅនឹងមតិយោបល់សាធារណៈ និងកិច្ចការពាក់ព័ន្ធនឹងការធ្វើធុរកិច្ចក្នុងប្រទេស និងបន្តតាមដានរហូតទាល់តែមតិយោបល់នានាត្រូវបានដោះស្រាយ។ លោក ក៏បានស្នើឲ្យគណៈរដ្ឋមន្ត្រី បន្តគ្រប់គ្រងឲ្យបានកម្មវិធីកំណែទម្រង់ទូទាំងប្រទេសដើម្បីកត់បន្ថយនីតិវិធីមិនចាំបាច់ដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើធុរកិច្ចក្នុងប្រទេស។    លោកនាយករដ្ឋមន្ត្រី ដែលជាប្រធានគណៈរដ្ឋមន្ត្រីផងនោះ បានបន្ថែមថា គណៈរដ្ឋមន្ត្រី ចាំបាច់ត្រូវតែពង្រឹងការងារផ្សព្វផ្សាយព័ត៌មានដើម្បីទទួលបានការទុកចិត្តពីសាធារណៈ  និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពខ្ជះខ្ជាយ។    អ្វីដែលលោកនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ចង់ឃើញផងដែរនោះគឺ សមាជិករដ្ឋាភិបាល បន្តសិក្សារៀនសូត្រដើម្បីពង្រីកចំណេះដឹង និងជំនាញដើម្បីបំពេញការឲ្យកាន់តែប្រសិទ្ធភាព និងដើម្បីកញ្ចក់ឆ្លុះសម្រាប់អ្នកផ្សេងទៀតឲ្យធ្វើតាម។ លោក បានស្នើឲ្យគណៈរដ្ឋមន្ត្រីផ្តល់យន្តការនានាដល់នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីដើម្បីដោះស្រាយបញ្ហាបានឆាប់រហ័ស និងមានប្រសិទ្ធភាព។   ជាប្រទេសស្ថិតនៅក្នុងដំណាក់កាលធ្វើកំណែទម្រង់ វៀតណាម ហាក់ផ្តោតខ្លាំងទៅលើបរិយាកាសនៃការធ្វើធុរកិច្ចក្នុងប្រទេស ដើម្បីទាក់ទាញវិនិយោគដោយផ្ទាល់មកអភិវឌ្ឍប្រទេសខ្លួន។ យន្តការមួយដើម្បីធានាពីភាពល្អប្រសើរនេះ រដ្ឋាភិបាលវៀតណាម បានប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ, សម្រួលនីតិវិធីធ្វើធុរកិច្ច និងពិសេសនោះពង្រឹងមុខងារសាធារណៈរបស់ខ្លួនតែម្តង៕   
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyn Xuân Phúc បានវាយតម្លៃខ្ពស់លើការបំពេញមុខងាររយៈពេលពេញមួយឆ្នាំ ២០១៨ របស់គណៈរដ្ឋមន្ត្រីរបស់លោក។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បានក្រើនរម្លឹកឲ្យសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់បន្តពង្រឹងសមត្ថភាព និងជំនាញ ក៏ដូចជាស្តាប់មតិសាធារណៈដើម្បីធានាឲ្យបានដំណោះស្រាយលើបញ្ហាទាន់ពេល និងទំនុកចិត្តពីសាធារណៈ។
គណៈកម្មការរៀបចំព្រះពិធី មានសម្តេចចៅហ្វាវាំង គង់ សំអុល ជាប្រធាន អមដោយអនុប្រធាន១២អង្គ/នាក់ ក្នុងនោះមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាព្រះរាជបុត្រច្បងរបស់សម្តេចក្រុមព្រះ ផងដែរ។ នាយទាហាន និងមន្ត្រី១៤នាក់ទៀតជាសមាជិក។ តាមប្រការ២ គណៈកម្មការនេះ មានភារកិច្ចរៀបចំព្រះរាជពិធីបុណ្យព្រះសព សម្តេចក្រុមព្រះ ដោយប្រតិបត្តិឲ្យល្អប្រសើរ សមស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងព្រះរាជវង្សានុវង្ស។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នាពិធីមួយក្នុងខេត្តព្រះសីហនុ ថា កម្ពុជាកំពុងរៀបចំដង្ហែព្រះសពមកមាតុប្រទេស។ លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៊ិច ប្រាប់សារព័ត៌មានថ្មីៗថា ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកដល់កម្ពុជា នៅម៉ោង១១ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១៕ 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី២ ខែធ្នូ នេះ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំព្រះពិធីបុណ្យព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្តេចក្រុមព្រះ បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅប្រទេសបារាំង។
ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលភ្នំពេញ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះឆែកឆេរ ទីតាំងស្ដុកសាច់ជ្រូកបង្កក និងចែកចាយផលិតផលដើមកំណើតសត្វ មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។    រូបភាពពី លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ក្នុងការចុះបង្រ្កាបនេះ អាជ្ញាធរ បានរកឃើញសាច់ជ្រូកបង្កក និងគ្រឿងក្នុងជ្រូកបង្កក ចំនួន ៧តោន ដែលពុំមានប្រភពនាំចូលច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត។ យ៉ាងណា ម្ចាស់ទីតាំងខាងលើ ពុំមានឯកសារផ្ទៀងផ្ទាត់ជាមួយវត្ថុតាងនោះទេ ដូច្នេះកម្លាំងជំនាញបានស្នើសុំ ទៅព្រះរាជអាជ្ញារង ផ្អាកការលក់ចែកចាយជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ ក៏តម្រូវឲ្យម្ចាស់ទីតាំងទៅបំភ្លឺពាក់ព័ន្ធនឹងករណីនេះនៅ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីបន្តនីតិវិធី៕         
ភ្នំពេញ៖ ក្រុមមន្រ្តីជំនាញបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់បានសាច់ជ្រូកបង្កក និងគ្រឿងក្នុងជ្រូកចំនួន៧ តោនដែលនាំចូលខុសច្បាប់ នៅស្ទឹងមានជ័យ។
  កិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម៤.០» រៀបចំឡើង ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជា ជាពិសេសសិស្សនិស្សិត អំពីទិដ្ឋភាពជារួម កាលានុវត្តភាព និងបញ្ហាប្រឈម ក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីឧស្សាហកម្ម៤.០។ ជាមួយគ្នានេះ ឧស្សាហកម្ម៤.០ បានរួមចំណែកដល់ការអភិវឌ្ឍគោលនយោបាយរបស់កម្ពុជាឆ្ពោះទៅរកយុគសម័យថ្មីនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា។    តាមរយៈកិច្ចសន្ទនានេះ នឹងផ្តល់ជាវេទិកាប្រមូលផ្ដុំអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ សហគ្រិនក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងធ្វើការវិភាគបែបស៊ីជម្រៅលើដំណើររបស់កម្ពុជា និងការចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។   ក្នុងកិច្ចសន្ទនានេះ មានការចូលរួមពីស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នសារព័ត៌មាន ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារឯកជន ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនបែបអេឡិចត្រូនិក និងសិស្សនិស្សិតប្រមាណ ១០០នាក់៕   
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៧ មិថុនានេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំកម្មវិធីកិច្ចសន្ទនា ស្ដីពី«កម្ពុជាឧស្សាហកម្ម៤.០» នាសាលាអន្តរជាតិភ្នំពេញ។ កិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម៤.០» នេះ មានវាគ្មិនជំនាញចំនួន ៥រូប នឹងបង្ហាញដល់អ្នកចូលរួម ឲ្យបានយល់ដឹងកាន់តែច្បាស់ពីបច្ចេកវិទ្យា រួមទាំងរីកចម្រើននៃយុគសម័យថ្មី។
  ប្រជាជនឥណ្ឌូណេស៊ី ជាច្រើនម៉ឺននាក់តែងទៅព្យាបាលទៅបរទេសដូចជាម៉ាឡេស៊ី សិង្ហបុរី និងថៃ ជារាល់ឆ្នាំ។ អនុរដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Dante Saksono នៅក្នុងខែមីនា កន្លងទៅ បានអះអាងថា ប្រជាជនឥណ្ឌូណេស៊ី ចន្លោះពី៦០ម៉ឺននាក់ ទៅ១លាននាក់ បានស្វែងរកការព្យាលបាលនៅបរទេស។ បើតាមលោកអនុរដ្ឋមន្រ្តី ថវិកាប្រមាណ ១១,៥ពាន់លានដុល្លារ បានហូរទៅបរទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Antara News។    ដោយប្រជាជនជាច្រើនម៉ឺននាក់បន្តទៅព្យាបាលនៅក្រៅប្រទេស ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ នៅថ្ងៃទី៩ ខែសីហា បានអំពាវនាវឱ្យប្រជាជនឈប់ធ្វើបែបនោះ ហើយព្យាបាលនៅក្នុងប្រទេសវិញ បន្ទាប់រដ្ឋាភិបាលបានសាងសង់មន្ទីរពេទ្យដ៏ទំនើបមួយនៅក្នុងតំបន់។    «ខ្ញុំពិតជាខកចិត្តណាស់ បន្ទាប់ពីលឺប្រជាជនយើងជាច្រើននាក់ ដែលឈឺ និងបានរកការព្យាបាលនៅបរទេស...»។ លោក វីដូដូ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីសម្ពោធអគារថ្មី នៅមន្ទីរពេទ្យ Soedarso ក្នុងតំបន់កាលីម៉ាន់តាន់ខានលិច ដោយបន្តថា ចាប់ពីថ្ងៃនេះ ប្រជាជនឥណ្ឌូណេស៊ី គួរតែឈប់រកការព្យាបាលនៅបរទេស ដោយសារមន្ទីរពេទ្យដែលបំពាក់ឧបករណ៍ទំនើប ត្រូវបានសាងសង់រួចហើយ។    តាមការបញ្ជាក់របស់លោកវីដូដូ អគារមន្ទីរពេទ្យថ្មីនេះ មានបន្ទប់ចំនួន ២៧៧ និងបន្ទប់ប្រតិបត្តិចំនួន ១៤។ បន្ថែមពីនេះ អគារនោះ ក៏មានបន្ទប់សង្រ្គោះបន្ទាន់, សម្ពព, និងព្យាបាលក្មេងផង។    ក្នុងពិធីដដែល ប្រមុខរដ្ឋឥណ្ឌូណេស៊ីរូបនេះ បានថ្លែងគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលថ្នាក់ខេត្តកាលីម៉ាន់តាន់ខានលិច ដែលនឹងផ្តល់សេវាមន្ទីរពេទ្យ ដោយគ្មានការរើសអើង ដើម្បីឱ្យប្រជាជនទទួលបានសេវាប្រកបដោយសមភាព៕   
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី៩ ខែសីហា បានអំពាវនាវឱ្យប្រជាជនខ្លួនឈប់ស្វែងរកការព្យាបាលនៅបរទេស ខណៈរដ្ឋាភិបាលបានកសាងមន្ទីរពេទ្យដែលបំពាក់ឧបករណ៍ដ៏ទំនើបនៅក្នុងតំបន់។ តាមការបញ្ជាក់របស់អនុរដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី ប្រជាជនឥណ្ឌូណេស៊ីប្រមាណពី ៦០ម៉ឺននាក់ ទៅ១លាននាក់ បានស្វែងរកការព្យាបាលនៅបរទេស។
  ផ្លូវហោះហើរថ្មីទាំងនេះមានគោលបំណងពង្រីកបណ្តាញផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍របស់យើង ខណៈពេលជាមួយគ្នាយើងក៏ផ្តល់ជូននូវឱកាសធ្វើដំណើរកាន់តែច្រើន  សម្រាប់ប្រជាពលរដ្ឋនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាមកាន់តែងាយស្រួលសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរទៅកាន់គោលដៅល្បីល្បាញៗរបស់ប្រទេសវៀតណាម។   ដើម្បីអបអរសាទរចំពោះការបើកផ្លូវហោះហើរថ្មីនេះ សំបុត្របញ្ចុះតម្លៃរាប់លានសន្លឹងមានតម្លៃចាប់ពី ០ ដុល្លារ (*) ត្រូវបានផ្ដល់ជូនអតិថិជនក្នុងអំឡុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែធ្នូ ឆ្នាំ ២០១៩ នៅចន្លោះម៉ោង ១២:០០ - ១៤:០០ ម៉ោងក្នុងស្រុក។ សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុន Vietjet រវាងប្រទេសវៀតណាម និង កម្ពុជា ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សឹង្ហបូរី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ព្រមទាំងរាល់ជើងហោះហើរជាមួយ Thai Vietjet ។   ជាពិសេស សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ជើងហោះហើរទាំងអស់រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន អាចស្វែងរកក្នុងអំឡុងពេលផ្ដល់ជូនពិសេសរយៈ ៣ ថ្ងៃនេះ។ រយៈពេលហោះហើរសម្រាប់សំបុត្របញ្ចុះតម្លៃទាំងនេះគឺចាប់ផ្ដើមពី ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ២៤  ខែតុលាឆ្នាំ ២០២០ ។   សំបុត្រសម្រាប់ផ្លូវហោះហើរថ្មីនេះ ក៏ដូចជាសំបុត្របញ្ចុះតម្លៃអាចស្វែងរកបាននៅរាល់គេហទំព័រ www.vietjetair.com  និងក្នុងកម្មវិធីតាមទូរស័ព្ទ Vietjet Air ទំព័រហ្វេសប៊ុកhttps://www.facebook.com/VietjetCambodia/    (គ្រាន់តែចុចលើពាក្យថា កក់) ។ ក្រៅពីនេះ      អតិថិជនអាចធ្វើការកក់តាមរយៈលេខទូរស័ព្ទ +៨៤១៩-០០១-៨៨៦ និងភ្នាក់ងារ ការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet ។ ការទូទាត់អាចត្រូវបានធ្វើឡើងយ៉ាងងាយស្រួលដោយប្រើកាត Visa / MasterCard / AMEX / JCB / KCP / UnionPay ផ្លូវហោះហើររវាងទីក្រុង ហាណូយ - កោះបាលី នឹងបើកជើងហោះហើរត្រឡប់មកវិញរៀងរាល់ថ្ងៃ ដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ ។ ជើងហោះហើរត្រឡប់មកពីកោះបាលីវិញ នៅម៉ោង ១៧: ៣០ និងចុះចតនៅទីក្រុងហាណូយ នៅម៉ោង ២១:៥៥ (សម្រាប់ម៉ោងហោះហើរទាំងអស់ក្នុងស្រុក) ។   Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ និងតែមួយគត់ដែលប្រតិបត្តិការជើងហោះហើរផ្ទាល់ពីទីក្រុង ហាណូយទៅកាន់កោះបាលី។ នេះជាផ្លូវហោះហើរទី ២ របស់ក្រុមហ៊ុន Vietjet ទៅកាន់កោះបាលី  បន្ទាប់ពីផ្លូវហោះហើរ ហូជីមិញ-បាលី ដែលបានធ្វើប្រតិបត្តិការចាប់ពី ខែឧសភា ឆ្នាំ ២០១៩ ។  អ្នកដំណើរពីប្រទេសកម្ពុជានឹងអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួលតាមរយៈទីក្រុងហាណូយ      នឹងបន្តជើងហោះហើរឆ្ពោះទៅកោះបាលី ដែលមានកេរ្តិ៍ឈ្មោះថាជា កោះព្រះ ។   ផ្លូវហោះហើរ ដាឡាឡា - សេអ៊ូល (អ៊ីនឈុន) នឹងធ្វើប្រតិបត្តិការជើងហោះហើរវិលត្រឡប់មកវិញចំនួន ៤ លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ។  ផ្លូវហោះហើរ កាន់ថូ (Cn Thơ) - តៃប៉ិ នឹងធ្វើប្រតិបត្តិការជើងហោះហើរត្រឡប់មកវិញចំនួន ៤ លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែមករាឆ្នាំ ២០២០ ។   ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋគ្រប់រូប ក្រុមហ៊ុនVietjet តែងតែស្វែងរកការបើកផ្លូវហោះហើរថ្មីៗ ដើម្បីនាំមកនូវឱកាសហោះហើរឲ្យកាន់តែច្រើនក្នុងតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា។ ជាមួយនិងស្មារតី សុវត្ថិភាព សុភមង្គល តម្លៃសមរម្យ និង ពេលវេលាកំណត់ ជាគុណតម្លៃរបស់ ក្រុមហ៊ុន ហើយក្រុមហ៊ុន Vietjet បង្កើតនូវបទពិសោធន៍ហោះហើរអស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដំណើ លើយន្ដហោះថ្មីដែលមានកៅអីអង្គុយមានផាសុខភាព អាចជ្រើសរើសអាហារ ក្តៅ   ឆ្ងាញ់ៗចំនួន ៩ មុខដែលបម្រើដោយ បុគ្គលិកលើយន្តហោះដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ហើយក៏មានផ្តល់ជូនផងដែរនូវសេវាកម្ម  បន្ថែមទំនើបៗ ជាច្រើនទៀតនៅលើកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិច។   - មិនរាប់បញ្ចូលពន្ធ និងថ្លៃឈ្នួល - មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ   សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.vietjetair.com   
(ហូជីមិញ ថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០១៩) ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនាវិស្សមកាលចុងឆ្នាំនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកផ្លូវហោះហើរផ្ទាល់ជាលក្ខណៈអន្តរជាតិចំនួន ៤            ខ្សែបន្ថែមទៀតដោយភ្ជាប់ពី ទីក្រុងហាណូយទៅកាន់ កោះបាលី ពីខ្ពង់រាបកណ្តាលប្រទេសវៀតណាម  ទីក្រុងដាឡាត់ ទៅកាន់ទីក្រុងសេអ៊ូល  ពីទីក្រុងមជ្ឈមណ្ឌលភាគនិរតីប្រទេសវៀតណាមទីក្រុងកាន់ថូ (Cn Thơ) ទៅទីក្រុងសេអ៊ូល និងកោះកាន់តៃប៉ិ។
  អ្នកស្រី Christelle ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញលិខិតពិន័យ ដែលផ្ញើទុកក្នុងប្រអប់ដាក់សំបុត្ររបស់ខ្លួន។ ស្ត្រីដែលរស់នៅក្រុង Royan ដេប៉ាតឺម៉ង់ Charente-Maritime ប្រទេសបារាំង រូបនេះ រងការចោទប្រកាន់ថា បានជក់បារីនៅចំពោះមុខកូនរបស់ខ្លួន ខណៈស្ថិតនៅក្នុងរថយន្ត។   ក្រោយរងពិន័យ១៣៥អឺរ៉ូ អ្នកស្រី Christelle បានបញ្ជាក់ប្រាប់កាសែត Sud-Ouest ថា អ្នកស្រីច្រលំពាក់ព័ន្ធនឹងផ្លូវច្បាប់។ អ្នកស្មានថា ច្បាប់ហាមឃាត់តែការជក់មុខក្មេងក្រោយអាយុ១២ ឬ១៣ឆ្នាំប៉ុណ្ណោះ ដោយភ្លេចគិតថា កូនប្រុសរបស់គាត់ដែលមានអាយុ១៧ឆ្នាំ ក៏ជាអនីតិជនម្នាក់ផងដែរ។   មាត្រាច្បាប់នៅបារាំងស្តីពីសុខភាពសាធារណៈ បានហាមប្រាមការជក់បារីក្នុងរថយន្តដែលមានវត្តមានក្មេងអាយុក្រោម១៨ឆ្នាំ។ បើតាមគេហទំព័រ service-public.fr អ្នកប្រព្រឹត្តខុសប្រឈមការពិន័យរហូតដល់ទៅ៧៥០អឺរ៉ូផងដែរ ប៉ុន្តែជាទូទៅ គឺស្ថិតក្នុងរង្វង់១៣៥អឺរ៉ូ។   អ្នកស្រី Christelle សោកស្តាយចំពោះការធ្វេសប្រហែសរបស់ខ្លួន។ លោកស្រី Jacqueline Cazorla ស្នងការប្រចាំក្រុង Royan បានបញ្ជាក់ប្រាប់ Sud-Ouest ថា លោកស្រីមិនចង់ត្រឹមតែការហាមប្រាមជក់បារីនោះឡើយ តែលោកស្រីចង់ហាមការបើករថយន្តដោយប្រើទូរសព្ទ និងកាន់សាំងវិចនៅក្នុងដៃ ផងដែរ៕  
ច្បាប់នៅប្រទេសបារាំង បានហាមឃាត់អ្នកប្រើប្រាស់យានយន្តជក់បារី ខណៈដែលពួកគេស្ថិតនៅជាមួយអនីតិជន។ ស្ត្រីម្នាក់ឈ្មោះ Christelle បានភ្លេចខ្លួន ដោយគាត់បានល្មើសច្បាប់នេះ ហើយទីបំផុតរងការពិន័យចំនួន១៣៥អឺរ៉ូ (ជាង១៥០ដុល្លារអាមេរិក)។
គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចសម្រាលទណ្ឌកម្មកីឡាករ ទូច បញ្ចរ៉ុង ដែលរងការពិន័យមិនឲ្យពាក់ព័ន្ធ និងចូលរួមសកម្មភាពប្រកួតរយៈពេល៨ខែមកត្រឹម៥ខែវិញម្តង។ ការសម្រាលនេះ បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបាល់ទាត់ចំការកៅស៊ូបឹងកេតបានដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់គណៈកម្មការវិន័យកាលពីថ្ងៃទី៣១ ខែឧសភា។  សេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ខៀវ សុផល បានបញ្ជាក់យ៉ាងដូច្នេះថា៖«ដោយបានឃើញបណ្តឹងឧទ្ធរណ៍របស់ក្លិបបាល់ទាត់បឹងកេតចុះថ្ងៃទី៣១ ឧសភា ដែលមានខ្លឹមសារថា កីឡាករសាមីបានព្រមទទួលកំហុសរបស់ខ្លូន និងបានផ្ញើសារសុំទោសមន្ត្រីដឹកនាំការប្រកួត និងមហាជនជាសាធារណៈ។ ម្យ៉ាងដោយសារកីឡាករ ទូច បញ្ចរ៉ុង មិនធ្លាប់មានកំហុស ដូច្នេះគណៈកម្មការវិន័យសម្រេចសម្រាលទណ្ឌកម្មពី៨ខែមកត្រឹម៥ខែវិញ»។ គួរបញ្ជាក់ថា កីឡាករ ទូច បញ្ចរ៉ុង ត្រូវបានគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់ទណ្ឌកម្មមិនឲ្យពាក់ព័ន្ធ និងចូលប្រកួតក្នុងព្រឹត្តិការណ៍នានាបន្ទាប់ពីរូបគេបានបង្ហាញអាកប្បកិរិយាមិនសមរម្យនាអំឡុងនៃការប្រកួតជាមួយភ្នំពេញក្រោនក្នុងក្របខណ្ឌខេមបូឌានលីកកាលពីថ្ងៃទី២៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិ៕
ក្រោយទទួលបណ្តឹងឧទ្ធរណ៍ពីក្លិបបាល់ទាត់ចំការកៅស៊ូបឹងកេត គណៈកម្មាការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចសម្រាលដាក់ទណ្ឌកម្មកីឡាករ ទូច បញ្ចរ៉ុង ពី៨ខែមកត្រឹមតែ៥ខែ។ បើយោងតាមសេចក្តីសម្រេចរបស់ប្រធានគណៈកម្មការឧទ្ធរណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ក្រោយតុលាការសម្រេចឃុំមន្ត្រីជំនួយការអគ្គលេខាធិការរង CDC អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសប្រាប់សាធារណជនថា អង្គភាពខ្លួនបានទទួលព័ត៌មានថា មន្ត្រីបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្កការលំបាកដល់អ្នកវិនិយោគជាតិ និងអន្តរជាតិដោយទាមទារ និងទទួលប្រាក់ក្រៅសេវាបន្ថែមនានា។ «ដូចករណីលោក ឈឹម ពិសិដ្ឋ ជាដើម ទាល់តែបានទទួលប្រាក់ទើបឯកសារដែលគាត់តែងតែបដិសេធខុសនេះ ខុសនោះមិនចេះចប់ត្រូវបានទទួលស្គាល់ថា ត្រឹមត្រូវភ្លាម និងយល់ព្រមបោះត្រា»។ អង្គភាពប្រឆាំងអំពើពុករលួយនៃរដ្ឋាភិបាលបានប្រាប់ពីមូលហេតុឃាត់ខ្លួនលោក ឈឹម ពិសិដ្ឋ កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ។ ACU បានចាត់ទង្វើនេះ នាំឲ្យមតិសាធារណៈជាតិ និងអន្តរជាតិអាក់អន់ចិត្ត រិះគន់ និងស្អប់ស្ថាប័នរដ្ឋាភិបាលដែលតែងអប់រំ និងព្រមានមន្ត្រីកុំប្រព្រឹត្តិអំពើខុសច្បាប់។ តែយ៉ាងណា ACU ពុំប្រាប់ពីចំនួនទឹកប្រាក់ដែលជំនួយការអគ្គលេខាធិការរង CDC ទាមទារនោះទេ។ ជាមួយគ្នា ACU បានឆ្លៀតអំពាវនាវមន្ត្រីសាធារណៈនៅ CDC និងមន្ត្រីគ្រប់ក្រសួងសាធារណៈត្រូវបំពេញ ភារកិច្ចត្រឹមត្រូវ ជៀសវាងប៉ះពាល់កិត្តិយស កិត្យានុភាពស្ថាប័ន និងថ្នាក់ដឹកនាំស្ថាប័ន។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីឃាត់ខ្លួនមន្ត្រីជំនួយការខាងលើ មន្ត្រីជំនាញ ACU កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធដទៃទៀត។ តាមមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ បទវីតិក្រម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យប្រាក់ពី ៤លានរៀល ដល់១០លានរៀល។ គួរបញ្ជាក់ថា ACU បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឹម ពិសិដ្ឋ អាយុ៥២ឆ្នាំ ជាជំនួយការអគ្គលេខាធិការរង CDC កាលពីថ្ងៃទី២០ ខែមេសានេះ៕
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញការស៊ើបអង្កេតថា លោក ឈឹម ពិសិដ្ឋ ជំនួយការអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទាមទារ និងទទួលប្រាក់ពីអ្នកវិនិយោគ ដោយខុសច្បាប់ ជាថ្នូរនឹងការបោះត្រាបញ្ជាក់ភាពត្រឹមត្រូវ។ កាលពីថ្ងៃទី២២ ខែមេសានេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក ឈឹម ពិសិដ្ឋ ពាក់ព័ន្ធនឹងបទវីតិក្រមក្នុងពន្ធនាគារជាបណ្តោះអាសន្ន។
ផលិតផលរបស់អឺរ៉ុប អាចជាគោលដៅបន្ទាប់នៃការរឹតបន្តឹងពាណិជ្ជកម្មរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោន ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនសប្បាយចិត្តនឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែលផ្ដល់ចំណេញខ្លាំងដល់អឺរ៉ុបជាងអាមេរិក។ លោក ត្រាំ បានគំរាមចាត់វិធានការប្រឆាំងសហភាពអឺរ៉ុប ដែលមានគោលនយោបាយពាណិជ្ជកម្មរបស់អឺរ៉ុបមិនយុត្តិធម៌ និងបង្កការខាតបង់សម្រាប់អាមេរិកជាច្រើន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ និយាយក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ ITV ថា អាមេរិកមានបញ្ហាច្រើនណាស់ជាមួយអឺរ៉ុប ហើយបញ្ហាធំ គឺរឿងពាណិជ្ជកម្មតែម្ដង។ ប្រធានាធិបតីអាមេរិករូបនេះអះអាងថា ទំនិញអាមេរិកពិបាកចូលទីផ្សារអឺរ៉ុបណាស់ គឺពិបាកមែនទែនតែម្ដង។ ផ្ទុយទៅវិញ ទំនិញរបស់អឺរ៉ុបចូលទីផ្សារអាមេរិកស្រួល ដោយមិនបង់ពន្ធសោះ ឬបង់ពន្ធតិចតួច។ ដូចនេះវាជារឿងអយុត្តិធម៌ខ្លាំងណាស់។ ការសើរើ និងការរឹតបន្តឹងវិស័យពាណិជ្ជកម្ម គឺជាការសន្យារបស់លោក ត្រាំ តាំងពីពេលឃោសនាមក ដោយលោកមើលឃើញថា អាមេរិកជាជនរងគ្រោះនៃការរកស៊ីមិនស្មើភាព មិនយុត្តិធម៌ និងខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ព្រមទាំងបាត់ការងារសម្រាប់ប្រជាជនទៅទៀត។ ក្រោយកាន់អំណាចមក លោកចាត់វិធានការជាច្រើន ហើយកាលពីសប្ដាហ៍មុន លោកទើបតែដំឡើងពន្ធនាំចូលលើម៉ាស៊ីនបោកគក់ និងផ្ទាំងសូឡា ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក។ ចិន និងកូរ៉េខាងត្បូង រងផលប៉ះពាល់ធ្ងន់ជាងគេដោយសារការដំឡើងពន្ធនេះ។ ចិនបានព្រមានចាត់វិធានការតបវិញ ដោយចោទអាមេរិកថា ធ្វើខុសលក្ខខណ្ឌអង្គការពាណិជ្ជកម្មអន្តរជាតិ ឯកូរ៉េខាងត្បូងវិញក៏បានដាក់ពាក្យបណ្ដឹងរួចហើយ ដើម្បីសុំអន្តរាគមន៍ក្នុងរឿងនេះ។ យោងតាមការសន្ទនាដែលផ្សាយនៅថ្ងៃទី២៨ ខែមករា លោក ត្រាំ អះអាងថា មានប្រទេសច្រើនណាស់ដែលកេងចំណេញលើអាមេរិក ហើយលោកទំនងជាចាត់វិធានការបន្តទៀតដើម្បីរក្សាប្រយោជន៍អាមេរិក។ នយោបាយការពារផលប្រយោជន៍អាមេរិករបស់លោក ត្រាំ ធ្វើឲ្យពិភពលោករិះគន់អាមេរិកថា កំពុងអនុវត្តនយោបាយគាំពារនិយមផ្ទុយចរន្តសេដ្ឋកិច្ចសេរីសព្វថ្ងៃ ដែលការបើកចំហសេដ្ឋកិច្ចត្រូវបានអនុវត្តយ៉ាងទូលាយ ហើយការរឹតត្បិតក៏ត្រូវបានលុបចោលដូចគ្នា។ ប៉ុន្តែលោក ត្រាំ ប្រកាន់ជំហរ «America First» ដដែល និងមិនខ្វល់ខ្វាយពីប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្នឡើយ ព្រោះធ្វើឲ្យអាមេរិកខាតបង់ តែប្រទេសផ្សេងចំណេញ៕
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អង់គ្លេស ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការមិនពេញចិត្តចំពោះនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ដែលលោកអះអាងថា មិនយុត្តិធម៌តែសោះ។ លោកព្រមានចាត់វិធានការតបវិញ ដើម្បីជំរុញឲ្យមានយុត្តិធម៌ទាំងសងខាង។ បើតាមលោក ត្រាំ មិនមែនតែអឺរ៉ុបទេដែលធ្វើឲ្យអាមេរិកខាតបង់ មានប្រទេសច្រើនទៀតដែលកំពុងអនុវត្តនយោបាយកេងចំណេញពីអាមេរិក។
បេក្ខភាពប្រធានក្លិបយក្សអេស្ប៉ាញថ្មីលោក Emili Rousaud បានអះអាងថា Messi អាចនឹងចាកចេញពីទឹកដី Nou Camp ប្រសិនបើរូបគេមិនយល់ព្រមនឹងការកាត់ប្រាក់ខែទេនោះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Sun នៅថ្ងៃទី១៦ ខែធ្នូ។   ក្លិប PSG ដែលស្ថិតក្នុងចំណោមក្លិបធំៗនៅអឺរ៉ុបបានបង្ហាញការចង់បានម្ចាស់ពានរង្វាន់ Ballon d'Or ៦ សម័យកាលនេះជាយូរមកហើយនោះ ធ្វើការយ៉ាងខ្លាំងដើម្បីទាក់ទងយក Messi ទៅរួមក្រុមដោយចាប់ដៃគូជាមួយមិត្តចាស់ Neymar និង Kylian Mbappé។   តាមការផ្សាយរបស់កាសែតបារាំងជាច្រើន PSG មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការទទួលបានប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ។ ពួកគេរំពឹងថា ការមកដល់របស់ Messi នឹងធ្វើឲ្យពួកគេលក់ខោអាវ និងទំនិញរបស់ក្លិបបានរាប់រយលានដុល្លារទៀតផង។   Messi ដែលព្យាយាមចង់ចាកចេញពី Barcelona កាលពីដើមរដូវនេះ ក៏មានការទាក់ទងខ្លាំងពីសំណាក់ក្លិបអ្នកមាន Manchester City ផងដែរ។ លោក Pep Guardiola អ្នកចាត់ការទូទៅក្រុមមេឃខៀវបានបង្ហាញការចង់បាន និងប្រជែងយកអតីតកូនក្រុមចាស់រូបនេះទៅកាន់ទឹកដីអង់គ្លេសនៅទីផ្សារដោះដូរខែមករាខាងមុខ។   កិច្ចសន្យារបស់ខ្សែបម្រើវ័យ៣៣ឆ្នាំ នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាល ២០២០-២១ ស្របពេលក្លិបបើកការចរចាលើការកាត់បន្ថយប្រាក់ឈ្នួលដ៏ច្រើនសន្ធឹករបស់ Messi អំឡុងពេលក្លិបជួបវិបត្តិដោយសារជំងឺ COVID-19។ យ៉ាងណា Messi នៅមិនទាន់សម្រេចពីអនាគតខ្លួនឡើយ ខណៈកូនៗរបស់គេមិនសប្បាយចិត្តរហូតដល់ថ្នាក់យំផង នៅពេលលឺព័ត៌មានពីផែនការចាកចេញរបស់ឪពុក៕  
Paris Saint-Germain ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចស្រេចសម្រាប់ការទៅដល់របស់ Lionel Messi ស្របពេលខ្សែបម្រើឆ្នើមរូបនេះកំពុងចរចាលើការកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនជាមួយ Barcelona។
រដ្ឋាភិបាល បានបញ្ជាក់ថា ការកំណត់យកថ្ងៃ«ទិវាជាតិនៃការចងចាំ» ជាថ្ងៃបុណ្យជាតិនេះ សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩ ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបនេះ។ រដ្ឋាភិបាល បានបញ្ជាក់ពីគោលបំណងយ៉ាងដូច្នេះថា៖«លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្ដារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនគ្រោះ ទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក៏ដោយ។ ប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ។ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមរមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោឃៅ ដែលកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឲ្យកើតមានឡើងសារជាថ្មី»។ ចំណែកប្រជាពលរដ្ឋត្រូវបានផ្ដល់ឱកាសឲ្យរៀបចំតាមបែបជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន តាមគោលបំណង របស់រដ្ឋាភិបាលខាងលើនេះផងដែរ។ នេះបើតាមអនុក្រឹត្យរដ្ឋាភិបាល ចុះថ្ងៃទី១៤ កុម្ភៈ៕
ភ្នំពេញ៖ រដ្ឋាភិបាល បានកំណត់យកថ្ងៃទី២០ ឧសភា ដែលជា«ទិវាជាតិនៃការចងចាំ» ដាក់បញ្ចូលក្នុងថ្ងៃបុណ្យជាតិជាផ្លូវការ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋឈប់សម្រាកជាសាធារណៈ។
  ពានរង្វាន់ Community Shield តំរូវឲ្យម្ចាស់ជើងឯក Premier League ត្រូវប៉ះគ្នាជាមួយនឹងក្រុមម្ចាស់ពាន FA Cup កាលពីរដូវកាលមុខ ដើម្បីត្រៀមបើករដូវកាលថ្មី Premier League នៅសប្ដាហ៍បន្ទាប់។ ក្រុមមេឃខៀវ Man City ជាម្ចាស់ការពារតំណែងជើងឯកលីគកំពូអង់គ្លេស ហើយតោខៀវ Chelsea ជាក្រុមដែលបានឈ្នះពាន FA Cup។    អ្នកចាត់ការទូទៅថ្មីលោក Maurizio  Sarri ដែលជាអ្នកជំនួសកៅអីលោក Antonio Conte នឹងត្រូវដឹកនាំ Chelsea ដើម្បីប្រជែងពានដំបូងក្នុងទឹកដីអង់គ្លេស។ ប្រសិនបើអតីតគ្រូបង្វឹក Napoli រូបនេះអាចនាំក្រុមឈ្នះពាន Community Shield នោះ លោកនឹងក្លាយជាអ្នកដឹកនាំទី២ បន្ទាប់ពី David Moyes ដែលធ្វើបាននៅ Manchester United កាលពីឆ្នាំ ២០១៣។   ចំណែកលោក Pep Guardiola ដែលនាំ Man City ជោគជ័យនៅរដូវកាលទី២ក្រោមការដឹកនាំរបស់លោក ជាមួយនឹងការបង្ហាញទម្រង់លេងខ្លីៗយ៉ាងអស្ចារ្យរហូតអាចដណ្តើមពាន Premier League នៅរដូវកាលមុន ក៏សង្ឃឹមថានឹងជួយក្រុមលើកពាន Community Shield ជាលើកទី១របស់ខ្លួនដែរ។   សមាសភាព១១នាក់ដំបូងរបស់ក្រុមទាំងពី៖ -Chelsea អ្នកចាំទី៖ Caballero ខ្សែការពារ៖ Azpilicueta, Luiz, Rudiger និង Alonso ខ្សែបម្រើ៖ Jorginho, Fabregas, Barkley និង Pedro ខ្សែប្រយុទ្ធ៖ Morata និង Hudson-Odoi   -Manchester City  អ្នកចាំទី៖ Ederson, ខ្សែការពារ៖ Walker, Kompany, Otamendi និង Delph  ខ្សែបម្រើ៖ Silva, Fernandinho, Foden និង Mahrez ខ្សែប្រយុទ្ធ៖ Aguero និង Sane  
Manchester City នឹងត្រូវជួប Chelsea ដើម្បីប្រកួតដណ្តើមពានរង្វាន់ Community Shield នៅមុនបើករដូវកាលថ្មី នាកីឡដ្ឋាន Wembly នៅវេលាម៉ោង ៩:០០នាទីយប់ [ម៉ោងនៅកម្ពុជា]។
  យើងបានកែលម្អនូវមុខងារថ្មីៗជាច្រើន នៅក្នុងកម្មវិធី Prince Bank App របស់យើងដូចជា៖    គណនី៖ បង្កើតគណនីសន្សំ គណនីចរន្ត និងគណនីធនាគារអាទិភាព តាមតម្រូវការរបស់លោកអ្នក ប្រាក់បញ្ញើ៖ បើកគណនីបញ្ញើមានកាលកំណត់ថ្មី ប្រកបដោយភាពងាយស្រួលជាមួយនឹងជម្រើសដែលអ្នកចង់បាន ការទូទាត់វិក្កយបត្រ ៖ ទូទាត់វិក្កយបត្ររបស់អ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែង ដូចជា បញ្ចូលទឹកប្រាក់ទូរស័ព្ទ អ៊ីនធឺណិត និងទូរទស្សន៍ កម្មវិធីកម្សាន្ត សេវាសាធារណៈ និងធានារ៉ាប់រង ការបង្ហាញប័ណ្ណរូបវ័ន្ត ៖ អាចត្រួតពិនិត្យប័ណ្ណឥណពន្ធរបស់លោកអ្នក កាន់តែងាយស្រួល នៅក្នុងទូរស័ព្ទដៃរបស់អ្នកផ្ទាល់  ស្នើសុំប័ណ្ណ ៖ អាចស្នើសុំប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន តាមរយៈទូរស័ព្ទរបស់អ្នក ការគ្រប់គ្រងប័ណ្ណ ៖ មានភាពបត់បែន ក្នុងការផ្អាកដំណើរការប័ណ្ណរបស់អ្នកជាបណ្តោះអាសន្ន ឬដាក់ដំណើរការប័ណ្ណជាថ្មីម្តងទៀត និងផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណ ការគ្រប់គ្រងមូលប្បទានប័ត្រ៖ អ្នកអាចស្នើសុំសៀវភៅមូលប្បទានប័ត្រថ្មី ពីគ្រប់ទីកន្លែង ហើយអាចជ្រើសរើសសាខាណាមួយដើម្បីមកទទួលយក ចែករំលែកកម្មវិធី ៖ ងាយស្រួលក្នុងការចែករំលែកកម្មវីធីទៅកាន់បណ្តាញទំនាក់ទំនងសង្គម សារជូនដំណឹង ៖ ទទួលបានសារជូនដំណឹងភ្លាមៗ ដែលបង្ហាញពីប្រតិបត្តិការថ្មីៗ និងសកម្មភាពធនាគារ កាបូបអេឡិចត្រូនិចបាគង ៖ ផ្ទេរប្រាក់ភ្លាមៗ ទៅកាន់កាបូបអេឡិចត្រូនិកបាគងណាមួយ ជាមួយកម្មវិធី Prince Bank App របស់យើង ហើយរីករាយនឹងការទូទាត់ ដោយគ្មានសាច់ប្រាក់ដោយគ្រាន់តែធ្វើការស្កេន ដើម្បីទូទាត់ ដោយផ្ទាល់នៅតាមហាងទំនិញដែលជាដៃគូ គណនីរួម ៖ ថ្មី! សម្រាប់ម្ចាស់គណនីរួម អាចផ្ទេរប្រាក់បានយ៉ាងងាយស្រួល ជាមួយនឹងជម្រើស នៃការអនុម័តពីភាគីទាំងសងខាង លើមុខងារគណនីរួម ដែនកំណត់ប្រតិបត្តិការ ៖ អាចកំណត់ដែនកំណត់ សម្រាប់ការផ្ទេរប្រាក់ ក្នុងមួយប្រតិបត្តិការ ក៏ដូចជាដែនកំណត់សម្រាប់ការផ្ទេរប្រាក់ជារៀងរាល់ថ្ងៃ ដែលស្របតាមតម្រូវការរបស់លោកអ្នក ទីតាំង ៖ ពិនិត្យព័ត៌មានថ្មីៗ ទាក់ទងទៅនឹងសាខា ឬទីតាំងអេធីអឹមនីមួយៗ ដូចជា៖ លេខទូរស័ព្ទទំនាក់ទំនង ម៉ោងប្រតិបត្តិការ និងអាសយដ្ឋានរបស់ស្ថាប័នជាដើម  លោកអ្នកអាចទទួលបានមុខងារថ្មីៗដ៏ទំនើបទាំងនេះ ដោយគ្រាន់តែធ្វើការទាញយកកម្មវិធី Prince Bank App ឥឡូវនេះ។   ប្រសិនបើលោកអ្នក នៅមិនទាន់ក្លាយជាម្ចាស់គណនីណាមួយនៅធនាគារ ព្រីនស៍ ទេនោះ សូមកុំបារម្ភ លោកអ្នកគ្រាន់តែទាញយកកម្មវិធី Prince Bank App ហើយដាក់ពាក្យស្នើសុំបើកគណនីដោយផ្ទាល់ តាមរយៈកម្មវិធី Prince Bank App បានកាន់តែងាយស្រួល។   សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជន តាមទូរសព្ទរបស់ធនាគារ ព្រីនស៍ តាមរយៈទូរសព្ទលេខ ១៨០០ ២០ ៨៨៨៨ សម្រាប់ព័ត៌មានបន្ថែម៕   (អត្ថបទពាណិជ្ជកម្ម)    
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២០- ធនាគារ ព្រីនស៍ នៅតែបន្តពង្រីកអាជីវកម្ម របស់ខ្លួនហើយក៏បានផ្តោតការយកចិត្តទុកដាក់ លើប្រព័ន្ធឌីជីថលរបស់ខ្លួនផងដែរ។ កម្មវិធី Prince Bank App ត្រូវបានធ្វើឱ្យប្រសើរឡើង ជាមួយនឹងសេវាកម្ម និងមុងងារថ្មីៗ ដែលលើស ពីអ្វីដែលធនាគារដទៃទៀតផ្តល់ជូន។ យើងមានគោលបំណងក្នុងការក្លាយជា ធនាគារឌីជីថល ដ៏ល្អបំផុតនៅកម្ពុជា ដោយធានាថា អតិថិជនរបស់យើង នឹងបន្តទទួលបាន បទពិសោធន៍ធនាគារឌីជីថលដ៏ល្អបំផុត។
  ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។ តំណាងរាស្រ្តថ្មីទាំងពីរខាងលើ ត្រូវបានស្នើឡើងជំនួសតំណាងរាស្រ្តពីររូប ដែលទៅកាន់តំណែងនៅព្រឹទ្ធសភា។   លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេច ហ៊ុន សែន និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោក ប្រាក់ សុខុន ដែលត្រូវបានអង្គសភាបានអនុម័តយល់ព្រមដោយ១០២សំឡេង លើ១០២សំឡេង៕    អត្ថបទទាក់ទង   លោក ចាប ម៉ុច ជាតំណាងរាស្រ្តខេត្តកណ្ដាល ជំនួសលោក ឌុល គឿន ដែលទទួលមរណភាព   
ភ្នំពេញ៖ រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៥មេសានេះ អនុម័តផ្តល់សុពលភាពដល់ លោក ចាប ម៉ុច និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្ដេច ហ៊ុន សែន និង លោក ប្រាក់ សុខុន ដែលបានសុំលាលែង។
  លោក ហង់ ភូមិរា បានបញ្ចប់ការសិក្សាផ្នែកដឹកនាំសិល្បៈ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១២។ ក្រោយបញ្ចប់បរិញ្ញាបត្រ លោក ហង់ ភូមិរ៉ា ក៏បានក្លាយជាសិល្បករមួយរូបដែរ ដោយការសម្តែងតាមរោងសិល្បៈនានា។ នៅឆ្នាំ២០១៦ លោក ហង់ ភូមិរា បានបង្កើតក្រុមសិល្បៈល្ខោន និងរបាំជំនាន់ថ្មី ដើម្បីផ្តល់ការបណ្តុះបណ្តាលទម្រង់សិល្បៈល្ខោនខោល និងរបាំបុរាណ របាំប្រពៃណី ដោយឥតគិតថវិកា។    លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី   ទម្រង់សិល្បៈដែលលោក ហង់ ភូមិរ៉ាចាប់ផ្តើមបង្ហាត់ រួមមានល្ខោនខោល ការច្រៀង និងហាត់ពាក្យពោលល្ខោនខោល របាំប្រពៃណីដូចជា របាំត្រុដិ របាំក្ងោក និងរបាំព្លយសួយ និងរបាំបុរាណមានដូចជា របាំទេពមនោរម្យ និងរបាំជូនពរជាដើម។ ជាមួយគ្នានេះ លោកក៏បង្រៀនពីការធ្វើសម្ភារសិល្បៈផ្សេងទៀតដែលពាក់ព័ន្ធនឹងល្ខោនខោល និងរបាំផងដែរ ដូចជាការប៉ាក់ឌិនសម្លៀកបំពាក់ និងការធ្វើមុខខ្មុក។   ដំបូងឡើយ លោក ភូមិរ៉ា ដាក់ឈ្មោះក្រុមថា «ក្រុមសិល្បៈយុវជនវិទ្យាល័យព្រះស៊ីសុវត្ថិ» ហើយគ្រានោះមានសិស្ស៥ ទៅ៧នាក់ប៉ុណ្ណោះ បានចូលហាត់រៀន។ ដោយសារតែការចាប់ផ្តើមបង្កើតក្រុមសិល្បៈតែម្នាក់ឯង លោកភូមិរ៉ា មិនមានធនធានថវិកា សម្រាប់ជួលទីតាំង សម្រាប់បង្ហាត់ឡើយ ដូច្នេះលោកបានសុំការអនុញ្ញាតពីនាយកវិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីឱ្យខ្លួន បានបង្ហាត់សិស្សនៅក្នុងបរិវេណសាលា។ ប៉ុន្តែក្រោយបង្ហាត់បាន១ឆ្នាំ លោកក៏សម្រេចចិត្តប្តូរទីតាំង។ «យើងមិនមានទីតាំងល្អហាត់ ហាត់ក្រោមដើមឈើ តារាងបាល់ ហាត់កណ្តាលវាល កណ្តាលថ្ងៃ។ វាពិបាកពេក អ៊ីចឹងក៏ខ្ញុំទៅសុំទីតាំងខាងសាកលភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ២០១៨ ដើម្បីបង្រៀនសិស្ស»។ នេះជាការលើកឡើងរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។  លោក ហង់ ភូមិរ៉ា បំពាក់ខ្មុកឱ្យសិស្សត្រៀមសម្តែង។ រូបភាពពី៖ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី  ទន្ទឹមនឹងការលំបាកនៃការរកទីតាំង លោក ភូមិរ៉ា ក៏មានបន្ទុកបង្ហាត់បង្រៀនសិស្សជាច្រើននាក់ តែម្នាក់ឯងដែរ។ ក្រៅពីនេះ លោក ហង់ ភូមិរ៉ា ក៏ទទួលខុសត្រូវលើការងារក្រុមទាំងអស់ម្នាក់ឯង និងត្រូវរកចំណូលសម្រាប់ចិញ្ចឹមជីវិតផងដែរ ព្រោះការបង្កើតក្រុមនេះ មិនមានជំនួយឡើយ។ លើសពីនេះ ការរាំរបាំក៏ មិនបានចំណូលច្រើនឡើយ សម្រាប់គ្រូស្ម័គ្រចិត្តរូបនេះ ដោយរាំម្តង លោកបានចំណូល ២ ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ។ លោក ហង់ ភូមិរ៉ា រំឭកដូច្នេះ៖ «ជំនាន់នោះ គ្មានប្រាក់ខែ ប្រាក់ថ្ងៃអ្វីទេ មានតែដើររាំ។ រាំម្តងបាន២-៣ម៉ឺន គ្រាន់សន្សំទុកចាក់សាំងម៉ូតូអាកូនទាជិះត្រឹកៗ ទៅបង្ហាត់ក្មេងដល់ស៊ីវត្ថិអ៊ីចឹងទៅ។ ខ្ញុំតស៊ូណាស់៥ឆ្នាំមកនេះ វាធំធេងណាស់ កម្សត់កម្រ ស៊ីអត់ ស៊ីឃ្លាន»។   ការចាប់ផ្តើមដំបូងតែម្នាក់ឯង ពិតជាលំបាក និងជាបន្ទុកធ្ងន់ណាស់សម្រាប់គ្រូសិល្បៈ វ័យ ៣៤ឆ្នាំរូបនេះ។ ទោះជាយ៉ាងនេះក្តី  ឧបសគ្គទាំងអម្បាលម៉ាននេះ មិនអាចរារាំងឆន្ទៈ និងទឹកចិត្តរបស់សិល្បកររូបនេះ ក្នុងការបណ្តុះបណ្តាលទម្រង់សិល្បៈខ្មែរ ដល់ក្មេងជំនាន់ក្រោយនោះឡើយ។ ក្តីស្រឡាញ់សិល្បៈបុរាណ របស់លោក ហង់ ភូមិរ៉ា បានធ្វើឱ្យលោកតស៊ូរហូតដល់សព្វថ្ងៃ។ លោក ហង់ ភូមិរ៉ា បានសារព័ត៌មានថ្មីៗ២៥ ដូច្នេះថា៖«ខ្ញុំស្រលាញ់[ល្ខោនខោល និងរបាំបុរាណ] ខ្ញុំចង់បន្តវេនឱ្យទៅអ្នកជំនាន់ថ្មី ហើយខ្ញុំចង់ឱ្យជំនាន់ក្រោយៗ បន្តទៅជំនាន់ថ្មីទៀត»។  សកម្មភាពដេរប៉ាក់គ្រឿង នៅផ្ទះលោក ហង់ ភូមិរ៉ា។  រូបភាពពី៖ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ការខំប្រឹងរបស់លោក មានការទទួលស្គាល់ជាច្រើនពីមហាជន ដោយមួយឆ្នាំទៅមួយឆ្នាំ សិស្សកើនឡើងជាលំដាប់ ដោយលោកបើកទូលាយសម្រាប់អ្នកស្រលាញ់ និងចង់ហាត់រៀន។ ក្នុងឆ្នាំខ្លះ ចំនួនសិស្សចុះឈ្មោះចូលរៀនកើនដល់៥០០នាក់  ប៉ុន្តែសិស្សដែលអាចរៀនចប់ គឺមិនច្រើនឡើយ។ យុវជនភាគច្រើនមានចិត្តស្រលាញ់ តែមិនសូវមានការអត់ធ្មត់ក្នុងការហាត់រៀនឡើយ ហើយខ្លះទៀត ស្រលាញ់តែមួយឆាវ។ ហេតុនេះទើបការជ្រើសរើសសិស្សចូលហាត់រៀនដំបូងរបស់លោក ភូមិរ៉ា មានចំនួនច្រើន។ លោក ភូមិរ៉ា លើកឡើងថា៖«សិស្សចុះឈ្មោះចូលរៀនមានច្រើនណាស់ ប៉ុន្តែសិស្សដែលរៀនដល់ចប់ក្នុងមួយជំនាន់ៗ គឺខ្ទង់២០នាក់ ប៉ុណ្ណោះ»។    ការហាត់រៀនរបាំ គឺមិនងាយស្រួលឡើយ។ លោកគ្រូរបាំវ័យ ៣៤ឆ្នាំរូបនេះ បានប្រៀបធៀបការហាត់របាំ ទៅនឹងការហាត់ទាហាន ព្រោះការហាត់ពត់ដែពត់ជើង ហក់លោត ហើយខ្លះទៀត ហាត់ដល់សន្លប់។ សិស្សមួយចំនួន តស៊ូមិនបានយូរ ក៏បានសម្រេសចិត្តឈប់។ ឯសិស្សមួយចំនួន ដែលហាត់រៀនដោយចិត្តស្រលាញ់ និងចង់ចេះពិតប្រាកដ ក៏បានហាត់រៀន រហូតចេញសម្តែងបាន។   សកម្មភាពដេរប៉ាក់គ្រឿង របស់ក្រុមយុវជន នៅផ្ទះលោក ហង់ ភូមិរ៉ា។  រូបភាពពី៖ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី លោកបានលើកឡើងពីការត្អូញត្អែររបស់សិស្សមួយចំនួនថា៖«សិស្សភាគច្រើនត្អូញត្អែរ ដោយសារទី១ គឺគាត់ហត់ គាត់អត់ខំតស៊ូ អត់ចេញពីបេះដូង គឺគាត់បោះបង់ហើយ។ អ្នកខ្លះមក គាត់មកមួយគ្រា មួយខ្យល់តាមចិត្តចង់។ ចំណែកខ្លះទៀត គ្រាន់តែចង់ឱ្យគេឃើញថា ខ្លួនបានមកហាត់របាំ ថតរូបលេង ថតTikTokលេង អ៊ីចឹងទៅ»។    សិស្សមួយចំនួន បានចូលហាត់រៀនចេញពីចិត្តស្រលាញ់ពិតប្រាកដ ដោយបានព្យាយាមរហូតដល់ទីបញ្ចប់។ សព្វថ្ងៃ សិល្បករក្នុងក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី មានភាគច្រើនជានិស្សិតច្បាប់ គណនេយ្យ និងហិរញ្ញវត្ថុជាដើម។ ដ្បិតជានិស្សិតនៃជំនាញផ្សេង តែការស្រលាញ់សិល្បៈបុរាណខ្មែរ បានជំរុញយុវជនទាំងនោះ ខិតខំហាត់ពត់ខ្លួនឯង រហូតបានចេញសម្តែង។ លោក ភូមិរ៉ា បានលើកឡើងទាំងរីករាយថា៖« ទោះពួកគាត់មិនមែនអ្នកសម្តែងអាជីពដូចខ្ញុំ តែពួកគាត់ស្រលាញ់។ គាត់មកហាត់រៀងរាល់ថ្ងៃអាទិត្យ មិនដាច់ឡើយ ហើយឥឡូវអ្នកច្បាប់ អ្នកហិរញ្ញវត្ថុទាំងអស់នោះ អាចចេញសម្តែងទៀត វាខ្លាំងត្រង់នេះ»។  សកម្មភាពបង្រៀនសិស្សរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ រូបភាពពី៖  ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បច្ចុប្បន្ន លោក ហង់ ភូមិរ៉ា បានធូរស្បើយពីការបង្ហាត់បង្រៀនសិស្សច្រើនជាងមុន ដោយសារសិស្សជំនាន់ចាស់ អាចបង្ហាត់សិស្សជំនាន់ថ្មីបាន។ បច្ចុប្បន្ន លោកចាំជួយតែកែតម្រូវក្បាច់ និងបង្ហាត់ក្បាច់ថ្មីៗដល់សិស្សថ្មីប៉ុណ្ណោះ។ ការលះបង់សម្រាប់សិល្បៈបុរាណខ្មែរ របស់លោក ភូមិរ៉ា ត្រូវបានថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ-ព្រែកលៀប ផ្តល់ទីតាំងហាត់ធំទូលាយនាឆ្នាំ២០២០។   លោក ហង់ ភូមិរ៉ា មានមហិច្ឆតាបង្កើតជាសាលាបង្ហាត់ល្ខោន និងរបាំខ្មែរ   សមិទ្ធផលនៃការចេះដឹងរបស់សិស្ស បានក្លាយជាកម្លាំងជំរុញចិត្ត លោក ហង់ ភូមិរ៉ា ឱ្យកាន់តែខិតខំពុះពារ ក្នុងការបង្ហាត់បង្រៀនបន្តទៅទៀត។ រយៈពេលប្រមាណ៥ឆ្នាំមកនេះ មកទល់ពេលពេល លោកផ្ទេរជំនាញសិល្បៈល្ខោនខោល និងរបាំបុរាណ ដល់យុវជនជំនាន់ថ្មី មិនតិចជាង១ពាន់នាក់ឡើយ។ សម្រាប់ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មីរូបនេះ កំណើនសិស្សចូលហាត់រៀន ពីមួយឆ្នាំទៅមួយឆ្នាំ ពិតជាធ្វើឱ្យលោក មានមោទកភាព និងសម្រេចក្តីស្រមៃក្លាយជាគ្រូបង្ហាត់ល្ខោនខោល និងរបាំបុរាណដូចសព្វថ្ងៃ។    សកម្មភាពបង្រៀនសិស្សរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ រូបភាពពី៖  ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី «ខ្ញុំរីករាយ បណ្តុះបណ្តាលក្មេង៥ឆ្នាំមកនេះ គាត់បានបន្តវេន គាត់ថែរក្សាការហាត់រៀន គាត់សម្តែងបានដូចសិល្បករអាជីព ពីសាលាអ៊ីចឹង។ ខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចបណ្តុះបណ្តាលពួកគាត់បាន ហើយវាបានធ្វើឱ្យខ្ញុំខំប្រឹងតស៊ូទៅមុខទៀត។ ទោះ៥០០នាក់ មិនបានទាំងអស់ តែយ៉ាងហោចណាស់ ក៏បាន១០០នាក់ ជួយបន្តវេនដែរ»។ លោក ហង់ ភូមិរ៉ា ថ្លែងប្រាប់សារព័ត៌មានថ្មីៗទាំងរំភើបដូច្នេះ មុននឹងបន្តពីមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើតសាលាមួយ សម្រាប់បង្ហាត់សិស្ស ដែលស្រលាញ់ ចង់ចេះ ចង់ស្គាលពីសិល្បៈខ្មែរ ទៅថ្ងៃអនាគតផងដែរ។    សម្រាប់ លោក ហង់ ភូមិរ៉ា គឺចង់ឱ្យក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ជាទីហាត់រៀនសម្រាប់មនុស្សគ្រប់រូប ដែលស្រលាញ់សិល្បៈខ្មែរ។ សិល្បកររូបនេះ ក៏ប្តេជ្ញាបន្តង្រៀនល្ខោនខោល និងរបាំបុរាណ ដោយមិនយកថវិកា ដល់អ្នកដែលស្រលាញ់ និងចង់ថែរក្សាវប្បធម៌ខ្មែរ។     សូមបញ្ជាក់ថា លោក ហង់ ភូមិរ៉ា ជ្រើសរើសសិស្សចូលរៀន ចាប់ពីអាយុ៧ឆ្នាំ ដល់ ៣៥ឆ្នាំ ដោយហាត់រៀនរៀងរាល់ចុងសប្តាហ៍។ នៅថ្ងៃសៅរ៍ លោក ភូមិរ៉ា បង្រៀនផ្ទាល់នៅផ្ទះរបស់លោក ដោយពេលព្រឹកលោក និងសិស្ស នាំគ្នាដេរប៉ាក់គ្រឿងល្ខោន និងធ្វើខ្មុក។ ចំណែកថ្ងៃអាទិត្យ គឺហាត់រៀននៅទីស្នាក់ការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ-ព្រែកលៀប៕    សកម្មភាពបង្រៀនសិស្សរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ រូបភាពពី៖  ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី  សកម្មភាពបង្រៀនសិស្សរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ រូបភាពពី៖  ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី  សកម្មភាពបង្រៀនសិស្សរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ រូបភាពពី៖  ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី  សកម្មភាពបង្រៀនសិស្សរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ រូបភាពពី៖  ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី  សកម្មភាពបង្រៀនសិស្សរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ រូបភាពពី៖  ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី   សកម្មភាពបង្រៀនសិស្សរបស់លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ រូបភាពពី៖  ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី
ភ្នំពេញ៖ លោក ហង់ ភូមិរ៉ា ជាគ្រូបង្រៀនម្នាក់នៃក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី និងជាមន្ត្រីចុះកម្មសិក្សា នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម។ រយៈពេល៥ឆ្នាំហើយ ដែលលោកបានបង្កើតក្រុមនេះឡើង ដើម្បីផ្តល់ការបណ្តុះបណ្តាលល្ខោនខោល និងរបាំ ដោយឥតគិតថ្លៃដល់យុវជន។ ផ្តើមពីការបង្រៀនម្នាក់ឯង រហូតដល់មានការជួយបង្រៀនពីសិស្សមួយជំនាន់ ទៅមួយជំនាន់ លោក ភូមិរ៉ា សង្ឃឹមថាពន្លកក្រោយ ដែលលោកខិតខំបណ្តុះបណ្តាល នឹងអាចបន្តចំណេះជំនាញនៃសិល្បៈខ្មែរទាំងអស់នេះ ទៅកូនចៅជំនាន់ៗក្រោយទៀត។ សិល្បករវ័យ៣៤ឆ្នាំរូបនេះ ក៏មានមហិច្ឆតា បង្កើតសាលាមួយ ដើម្បីបង្ហាត់ទម្រង់សិល្បៈល្ខោនខោល របាំប្រពៃណី របាំបុរាណ និងសិល្បៈផ្សេងៗទៀត ដោយឥតគិតថ្លៃដែរទៅថ្ងៃអនាគត។
  ១. ស្ត្រេស   ការបែកញើសខ្លាំង ឬហួសប្រមាណអាចបណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍ពេក។ បញ្ហាស្ត្រេសនិងថប់បារម្ភមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានលើរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជះផលប៉ះពាល់ដល់ការបែកញើសផងដែរ។ ញើសប្រភេទនេះអាចមានក្លិនខ្លាំងដោយសារមានផ្ទុកជាតិខ្លាញ់និងប្រូតេអ៊ីនលាយជាមួយបាក់តេរីនៃស្បែក។   ២. បញ្ហាក្រពេញទីរ៉ូអ៊ីត   Hyperthyroidism គឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតក្លាយជាមានសកម្មភាពលើសកំណត់ ហើយចាប់ផ្ដើមផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនហួស។ ប្រសិនបើការបែកញើសខ្លាំងនេះគួបផ្សំនឹងអាការៈច្រើនផ្សេងទៀតនៃជំងឺពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីត អ្នកមិនត្រូវស្ទាក់ស្ទើក្នុងការជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឡើយ។   ៣. ជាតិស្ករក្នុងឈាមចុះទាប   ការបែកញើសហួសប្រមាណអាចបណ្ដាលមកពីកត្តាផ្សេងៗជាច្រើន ជួនកាលវាអាចបង្កឡើងដោយសារកម្រិតនៃជាតិស្ករក្នុងឈាមចុះទាបខ្លាំង។ ទោះជាយ៉ាងណាអ្នកជំងឺជាតិស្ករក្នុងឈាមចុះទាបអាចជួបប្រទះអាការៈមួយចំនួនផ្សេងទៀតរួមមានឃ្លានខ្លាំង, ថប់បារម្ភ, វិលមុខ, ស្រាលក្បាល ឬធីងធោង និងបញ្ហាពាក់ព័ន្ធជាមួយការមើលឃើញ។   ៤. ជំងឺបែកញើសហួសប្រមាណ (hyperhidrosis)   ការបែកញើសហួសប្រមាណនៅលើផ្នែកណាមួយនៃរាងកាយដូចជាក, ក្លៀក, បាតដៃ ឬបាត់ជើងហៅថាជំងឺ hyperhidrosis។ ទោះជាយ៉ាងណាជំងឺនេះក៏មានអមមកជាមួយនូវការរលាក, ឈឺស្បែក និងថប់បារម្ភ។ ប្រសិនបើអ្នកសម្គាល់ឃើញស្នាមញើសប្រឡាក់ជាប់អាចត្រង់ក្លៀក ឬប្រសិនបើបាតដៃតែងតែសើម ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។   ៥. ផលប៉ះពាល់នៃថ្នាំមួយចំនួន   ការបែកញើសហួសប្រមាណក៏អាចបណ្ដាលមកពីឥទ្ធិពលនៃថ្នាំមួយចំនួនដូចជាថ្នាំអង់ទីប៊ីយោទិក និងថ្នាំសម្ពាធឈាមឡើងខ្ពស់ជាដើមដែលអ្នកប្រើប្រាស់ ឬទទួលទានផងដែរ។   ៦. ការអស់រដូវ   ការអស់រដូវអាចបង្កអាការៈបែកញើសហួសប្រមាណនិងក្ដៅភាយៗជាលទ្ធផលនៃភាពប្រែប្រួលនៃកម្រិតអ័រម៉ូន estrogen ក្នុងរាងកាយ៕   ត្រួតពិនិត្យដោយ www.health.com.kh
ធ្លាប់ឆ្ងល់ទេថាហេតុអ្វីខ្លួនឯងបែកញើសខ្លាំងម្ល៉េះទាំងមិនបានធ្វើសកម្មភាពរាងកាយអ្វីសោះ? វាអាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួន។ ហើយថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាចំនួន ៨នៃការបែកញើសខ្លាំង ៖
  មហិច្ឆតារបស់ព្រះខ័នរាជស្វាយរៀង គឺចង់លើកពានសម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៩ ដើម្បីបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រ បន្ទាប់ពីពួកគេបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅរដូវកាលនេះ។ បឹងកេតក៏មិនខុសពីព្រះខ័នរាជស្វាយរៀងដែរ គឺពួកគេចង់ក្លាយជាម្ចាស់ជើងឯកពានរង្វាន់នេះជាលើកដំបូង ក្រោយបាត់បង់ពានលីគកំពូល។    ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរនៅម៉ោង៦ល្ងាចនេះ នឹងក្លាយជាការប្រកួតដ៏ទាក់ទាញនិងស្វិតស្វាយបំផុត ដ្បិតក្រុមទាំងពីរសម្បូរដោយកីឡាករជើងចាស់ មានសមត្ថភាពខ្លាំងៗដូចគ្នា។ ក្នុងនោះ បឹងកេតមានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលជាកីឡាករគ្រោះថ្នាក់សម្រាប់ព្រះខ័នរាជស្វាយរៀង។ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយវិសាខា ខ្សែប្រយុទ្ធមកពីខេត្តកំពតរូបនេះ រកបាន៣គ្រាប់ម្នាក់ឯង។     តាំងពីពានរង្វាន់សម្តេច ហ៊ុន សែន បង្កើតឡើងនៅឆ្នាំ២០០៧ ព្រះខ័នរាជស្វាយរៀងធ្លាប់លើកពានចំនួន៤លើកគឺនៅឆ្នាំ២០១១, ២០១២, ២០១៤ និង ២០១៧ និងជើងឯករងមួយលើកនៅឆ្នាំ២០១៦។ ចំណែកបឹងកេតមិនធ្លាប់លើកពាននោះទេ ពោលគឺពួកគេធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងនៅឆ្នាំ២០១៤។    មុនឡើងមកជួបគ្នានៅវគ្គនេះ ក្រុមទាំងពីរបានទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនោះព្រះខ័នរាជស្វាយរៀងទម្លាក់ភ្នំពេញក្រោនដោយបាល់កាត់សេចក្តី ៥-៤ ក្រោយពួកគេបញ្ចប់ការប្រកួត៩០នាទីដោយគ្មានការស៊ុតបញ្ចូលទីគ្នា។ ចំណែកបឹងកេតទម្លាក់វិសាខាក្នុងលទ្ធផល ៤-០ ខណៈកីឡាករ ចាន់ វឌ្ឍនាកា រកបាន៣គ្រាប់ម្នាក់ឯង៕    
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប្រជែងជាមួយបឹងកេត ដើម្បីដណ្តើមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៩ នៅម៉ោង៦ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា នេះ នាកីឡដ្ឋាន R.S.N។ តើបឹងកេត ឬព្រះខ័នរាជស្វាយរៀងជាអ្នកលើកពាននៅរដូវកាលនេះ?
  តាមពិតទៅលោក អ៊ុន វិសិទ្ធគុន ជាអ្នកជំនួញមួយរូប លើការនាំចូលផ្ដាច់មុខនូវផលិតផលទឹកផ្លែឈើពីប្រទេសថៃមកកម្ពុជា។ ប៉ុន្តែដោយសារតែចិត្តស្រលាញ់នូវកិច្ចការនយោបាយនេះ ទើបជំរុញឱ្យលោក វិសិទ្ធគុន សម្រេចចិត្តបង្កើតគណបក្សកម្លាំងប្រជាធិបតេយ្យនេះឡើង។ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយនេះ លោក អ៊ុន វិសិទ្ធគុន មានបំណងធ្វើនយោបាយបែបប្រជាធិបតេយ្យ និងពង្រឹងអំណាចទាំង៣។   ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖   នយោបាយបែបប្រជាធិបតេយ្យនោះ គឺលោក មិនប្រើជម្រើសរិះគន់ និងប្រឆាំងតវ៉ាគ្នាឡើយ ពោលគឺលោក នឹងប្រើជម្រើសជជែកពិភាក្សា និងការស្នើសុំឱ្យមានការដោះស្រាយបញ្ហាជាចម្បង។ ដោយឡែកគោលនយោបាយពង្រឹងអំណាចទាំង៣ឡើងវិញនោះ លោក វិសិទ្ធគុន នឹងជំរុញឱ្យអង្គនិតិបញ្ញត្ត នីតិប្រតិបត្តិ និងអំណាចតុលាការ កាន់តែរឹងមាំ។   ក្រៅពីគោលនយោបាយពង្រឹងអំណាចទាំង៣នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ ក៏មានគោលការណ៍ពង្រឹងសុខាភិបាល, បង្កើតទីផ្សាបែបទំនើបកម្មសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម , ពង្រឹងគុណភាពអប់រំ និងសាសនា, អភិវឌ្ឍនិងការពារធនធានធម្មជាតិ និងកាត់បន្ថយភាពក្រីក្រជាដើម។   គណបក្សកម្លាំងប្រជាធិបតេយ្យ បង្កើតឡើងនៅឆ្នាំ២០២០។ សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត លើកទី១នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ១២រាជធានី-ខេត្ត ដើម្បីដណ្ដើមកៅអីរដ្ឋសភា។    សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕    
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ ចូលរួមប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំង១៧ទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។ ដើរតាម«បេះដូង» លោក អ៊ុន វិសិទ្ធគុន ធ្វើនយោបាយបែបប្រជាធិបតេយ្យ និងពង្រឹងអំណាចទាំង៣។
  កិច្ចព្រមព្រៀងថ្មី ដែលចុះហត្ថលេខាដោយថ្នាក់ដឹកនាំអាមេនី អាស៊ៃបៃហ្សង់ និងរុស្ស៊ី នឹងបញ្ឈប់រាល់ប្រតិបត្តិការយោធាទាំងអស់នៅត្រឹមថ្ងៃទី១០ វិច្ឆិកានេះ។ ការប្រយុទ្ធគ្នាក្នុងតំបន់ Nagorno-Karabakh រយៈពេលជិត២ខែមកនេះបណ្តាលឲ្យកងទ័ពរាប់ពាន់នាក់ស្លាប់ និងជនស៊ីវិលរាប់ម៉ឺននាក់ភៀសខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។   ជាចំណុចសំខាន់នៃកិច្ចព្រមព្រៀងខាងលើ ភាគីជម្លោះយល់ព្រមឲ្យរុស្ស៊ីដាក់កងទ័ពរក្សាសន្តិភាពយ៉ាងហោចណាស់៥ឆ្នាំ។ ប្រមុខរដ្ឋរុស្ស៊ី លោកពូទីន បញ្ជាក់ថាទ័ពរុស្ស៊ីនឹងឈរជើងនៅសមរភូមិមុខក្នុងតំបន់ Nagorno-Karabakh និងច្រកចេញចូលទៅកាន់ទឹកដីអាមេនី។   តំបន់ Nagorno-Karabakh ដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាផ្នែកមួយរបស់អាស៊ែបៃហ្សង់ ស្ថិតក្រោមការគ្រប់គ្រងដោយប្រយោលពីអាមេនីតាំងតែពីឆ្នាំ១៩៩៤មកម្ល៉េះ ។ ក្នុងការប្រយុទ្ធគ្នារយៈពេល៦សប្តាហ៍មកនេះ កងទ័ពអាស៊ែបៃហ្សង់ កាន់កាប់បានទឹកដីមួយចំនួនមកវិញ។ តំបន់Nagorno-Karabakh គ្រប់គ្រងដោយក្រុមឧទ្ទាមដើមកំណើតអាមេនី។   កិច្ចព្រមព្រៀងខាងលើនេះ ក៏អនុញ្ញាតផងដែរឲ្យអាស៊ៃបៃហ្សង់គ្រប់គ្រងទឹកដីដែលខ្លួនដណ្តើមបានមកវិញ ដូចជាទីក្រុង Shusha ។ ចំណែកឯក្រុមផ្តាច់ខ្លួន ត្រូវប្រគល់ការគ្រប់គ្រងទឹកដីប៉ុន្មានកន្លែងផ្សេងទៀតឲ្យអាស៊ែបៃហ្សង់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១ ធ្នូ។   ស្របពេលជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាកងកម្លាំងចំនួន១,៩៦០នាក់ កំពុងធ្វើដំណើរទៅកាន់បន្ទាយមួយកន្លែង ដោយយកទៅជាមួយនូវយុទ្ធោបករណ៍ និងយានយន្តផងដែរ។   លោកពូទីន ក៏អះអាងផងដែរថា ប្រជាជនដែលត្រូវបានជម្លៀសខ្លួនចេញពីតំបន់ Nagorno-Karabakh អាចត្រឡប់ទៅផ្ទះសម្បែងវិញ ហើយភាគីទាំងសងខាងនឹងចាប់ផ្តើមដោះដូរអ្នកទោសសង្គ្រាម ក៏ដូចជាសាកសពផងដែរ។ ចំណែកឯបណ្តាញសេដ្ឋកិច្ច និងដឹកជញ្ជូនក្នុងតំបន់វិញ នឹងត្រូវបើកសារជាថ្មីដោយមានការសម្រួលពីឆ្មាំព្រំដែនរុស្ស៊ី។   «យើងកំពុងធ្វើប្រតិបត្តិការ ដោយផ្នែកលើកិច្ចព្រមព្រៀង ដើម្បីបង្កើតលក្ខខណ្ឌសមស្របសម្រាប់ដំណោះស្រាយជម្លោះមួយដែលពេញលេញ និងយូរអង្វែង នៅតំបន់ Nagorno-Karabakh ដោយយុត្តិធម៌ នឹងដើម្បីប្រយោជន៍ប្រជាជនអាមេនី និងអាស៊ែបៃហ្សង់»។ នេះជាការអះអាងរបស់ប្រមុខរដ្ឋរុស្ស៊ី។   អត្ថបទទាក់ទង   UN៖ ការវាយប្រហារលើជនស៊ីវិលក្នុងតំបន់ Nagorno-Karabakh អាចជាឧក្រិដ្ឋកម្មសង្គ្រាម   រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស្នើបញ្ជូនយោធារុស្ស៊ីទៅឃ្លាំមើលបទឈប់បាញ់អាមេនី-អាស៊ែបៃហ្សង់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងនៅថ្ងៃទី១០ វិច្ឆិកានេះថា រុស្ស៊ីកំពុងបញ្ជូនកងរក្សាសន្តិភាពទៅតំបន់ជម្លោះ Nagorno-Karabakh បន្ទាប់ពីអាមេនី និងអាស៊ែបៃហ្សង់យល់ព្រមលើបទឈប់បាញ់ ដែលរុស្ស៊ីទើបតែជួយជ្រោមជ្រែង។ លោក ពូទីន អះអាងថា ការរក្សាសន្តិភាពក្នុងតំបន់ជម្លោះ នឹងបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយសមស្របមួយ។
  អាជ្ញាធរអាមេរិក បានចោទប្រកាន់ជនជាតិមីយ៉ាន់ម៉ាពីរនាក់ដែលជាប់ទាក់ទងផែនការវាយប្រហារតំណាងមីយ៉ាន់ម៉ាលោក Kyaw Moe Tun ដែលនៅតែបន្តការងាររបស់ខ្លួន ទោះជាត្រូវបានរដ្ឋាភិបាលយោធាបណ្ដេញចេញពីតំណែងក្ដី។ ដោយសារមិនចុះចេញបែបនេះ លោក Kyaw Moe Tun ក៏ក្លាយជាមុខសញ្ញានៃការប៉ងធ្វើឃាតតែម្ដង។   អត្ថបទទាក់ទង   អាមេរិក ចោទជនជាតិមីយ៉ាន់ម៉ា២នាក់ទាក់ទងគម្រោងធ្វើឃាតអគ្គរដ្ឋទូតនៅ UN   តំណាងមីយ៉ាន់ម៉ានៅ UN ថា សុវត្ថិភាពរបស់លោករងការគំរាម    លោកស្រី Linda Thomas-Greenfield តំណាងអាមេរិកប្រចាំ UN និយាយថា ការគំរាមបែបនេះ សមស្របនឹងពុម្ពតែមួយរបស់ជនផ្ដាច់ការ និងអ្នកគាំទ្រពួកគេដែលធ្វើទុក្ខបុកម្នេញអ្នកកាសែត សកម្មជន និងបុគ្គលដទៃទៀតដែលងើបឡើងប្រឆាំងពួកគេ។ មិនមែនតែករណីតំណាងមីយ៉ាន់ម៉ាឡើយ លោកស្រី Linda លើកយកករណីជនជាតិអ៊ីរ៉ង់រៀបចំផែនការចាប់ពង្រត់អ្នកកាសែត New York Times និងសកម្មជនដែលរិះគន់រដ្ឋាភិបាលទីក្រុងតហេរ៉ង់។   «ទាំងនេះ គ្រាន់តែជាសកម្មភាពថ្មីៗនៃការជិះជាន់ឆ្លងប្រទេស ហើយទង្វើទាំងនេះ ត្រូវតែប្រឈមមុខការថ្កោលទោសរបស់ពិភពលោក និងការទទួលខុសត្រូវពេញលេញ។» តំណាងអាមេរិកបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៧ ខែសីហា។   ជនជាតិមីយ៉ាន់ម៉ាទាំងពីរនាក់ឈ្មោះ Phyo Hein Htut និង Ye Hein Zaw ដែលពាក់ព័ន្ធផែនការខាងលើ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដោយតុលាការនៅញូវយ៉ករួចហើយ។ បើត្រូវរកឃើញថា មានកំហុស ពួកគេត្រូវជាប់ទោសដល់ទៅ៥ឆ្នាំ។ ជាមួយគ្នានេះ បើអាមេរិករកឃើញថា រដ្ឋាភិបាលយោធានៅពីក្រោយរឿងនេះ អាមេរិកទំនងជាមិនស្ងៀមឡើយ ព្រោះទឹកដីខ្លួនត្រូវបានប្រើប្រាស់ដើម្បីចេតនាអាក្រក់។        
អាមេរិក បានថ្កោលទោសការប៉ុនប៉ងវាយប្រហារតំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN) លោក Kyaw Moe Tun ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៧ ខែសីហា តំណាងអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield ចាត់ទុកទង្វើនេះ ជាសកម្មភាពតែមួយរបស់ក្រុមមេដឹកនាំផ្ដាច់ការជុំវិញពិភពលោកដែលតែងតែកម្ចាត់អ្នកប្រឆាំងខ្លួន។  
លោក ហ៊ សុផល បញ្ជាក់ការដាំដុះបន្លែ គឺជាផ្នែកនៃគម្រោង «មាសបៃតង» ដែលផ្ដោតសំខាន់លើការដាំដុះបន្លែ ហើយមូលហេតុដែលខេត្តនេះ ជ្រើសរើសផ្នែកបន្លែជាអាទិភាព ព្រោះខេត្តនេះមានសក្តានុពលលើការដាំបន្លែ និងមានលទ្ធភាពផ្គត់ផ្គង់បន្លែយ៉ាងច្រើននៅក្នុងទីផ្សារ។ ក្នុងមួយថ្ងៃ ខេត្តកណ្តាលអាចផ្គត់ផ្គង់បន្លែប្រមាណ ៤០០តោន មកកាន់រាជធានីភ្នំពេញ ក្នុងនោះទៅកាន់ផ្សារដើមគរ ពី១៤០តោនទៅ ២០០តោន។ នេះបើតាម លោកហ៊ សុផល។      បច្ចុប្បន្ន ខេត្តកណ្ដាលមានផ្ទៃដីដាំដុះបន្លែប្រមាណ ៣ ពាន់ហិកតា ក្នុងនោះមានកសិករ ៦០ទៅ៧០ភាគរយបានដាំបន្លែសុវត្ថិភាព ដែលនិន្នាការនេះ គឺជាក្តីសង្ឃឹម និងបានធ្វើឲ្យអនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល មានសុទិដ្ឋិនិយម ចំពោះគម្រោង«មាសបៃតង»របស់ខេត្ត ថាអាចជោគជ័យទៅបាន នៅក្នុងឆ្នាំ២០២២។ លោក សុផល ពន្យល់កំណើនការដាំបន្លែសុវត្ថិភាពដ៏ឆាប់រហ័សរបស់ប្រជាកសិករខេត្តកណ្តាយ៉ាងដូច្នេះ៖«មូលហេតុពលរដ្ឋដាំបន្លែសុវត្ថិភាព មានការកើនឡើង ដោយសារពួកគាត់ឃើញថា តម្រូវការទីផ្សារបន្លែសុវត្ថិភាពមានច្រើន ហើយការណ៍ដែលពួកគាត់ដាំបន្លែប្រើសារធាតុគីមី វាប៉ះពាល់ដល់អ្នកបរិភោគ ដល់កសិករជាអ្នកដាំដុះបន្លែផ្ទាល់ផង។ មន្រ្តីកសិកម្មខេត្តកណ្ដាលតែចុះណែនាំ និងជំរុញដល់ពួកគាត់ឲ្យងាកមកដាំបន្លែសុវត្ថិភាព និងមានការចងក្រងសហគមន៍បន្លែសុវត្ថិភាពទៀត»។    ក្រៅពីមានសក្តានុពលលើការដាំបន្លែ ពលរដ្ឋខេត្តកណ្ដាល ប្រមាណ៩០ភាគរយ បានប្រកបរបរចិញ្ចឹមមាន់ស្រែ ដោយសារកើនឡើងនៃតម្រូវការទីផ្សារ និងលក់បានតម្លៃខ្ពស់ ងាយស្រួលចិញ្ចឹម និងចំណាយដើមទុនតិច ខណៈការចិញ្ចឹមជ្រូកនៅមានចំនួនតិចតួចប៉ុណ្ណោះ។ ចំណែកផ្នែកវារីវប្បកម្មវិញ ខេត្តកណ្តាល មាន ២៨សហគមន៍នេសាទ តំបន់អភិរក្សមាន ៥កន្លែង, អន្លង់អភិរក្ស ៨កន្លែង និងមួយចំនួនទៀតជាអ្នកចិញ្ចឹមត្រី៕    
ខេត្តកណ្ដាល មានគោលដៅជំរុញការងារដាំដុះបន្លែសុវត្ថិភាព ឲ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២២។  នេះបើតាម លោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល ប្រាប់សារព័ត៌មានThmeyThmey25 នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០ ដែលបន្តថា បច្ចុប្បន្នកសិករខេត្តកណ្ដាលប្រមាណ ៧០ភាគរយ បានងាកមកដាំបន្លែសុវត្ថិភាព។
យោធាអាមេរិកនៅស៊ីរី នៅថ្ងៃទី២៨ ខែមិថុនា បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាច្រើន ដែលទំនងជាការសងសឹកពីកងជីវពលគាំទ្រដោយអ៊ីរ៉ង់វិញ។ ការបាញ់គ្រាប់រ៉ុក្កែតនេះ កើតឡើង បន្ទាប់ពីអាមេរិក បានវាយប្រហារតាមផ្លូវអាកាសលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅស៊ីរី  និងអ៊ីរ៉ាក់។   អត្ថបទទាក់ទង   អាមេរិក វាយប្រហារផ្លូវអាកាសលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅស៊ីរី និងអ៊ីរ៉ាក់    នៅថ្ងៃទី២៧ ខែមិថុនា កន្លងទៅ មន្ទីរបញ្ចកោណ បានប្រកាសថា យោធាអាមេរិក បានវាយប្រហារតាមផ្លូវអាកាសទៅលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅតាមព្រំដែន អ៊ីរ៉ាក់ និងស៊ីរី។ នេះគឺជាការឆ្លើយតបនឹងការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើកលើកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់។    ទំនងជាសងសឹក យោធាអាមេរិកនៅស៊ីរីនៅថ្ងៃបន្ទាប់ បានរងការវាយប្រហារពីគ្រប់រ៉ុក្កែតជាច្រើន ប៉ុន្តែយោធាអាមេរិកទាំងនោះ មិនមានរងរបួសអ្វីឡើយ។  លោកវរសេនីយ៍ឯក Wayne Marotto អ្នកនាំពាក្យយោធាអាមេរិក បាននិយាយថា វាមិនមានការខូចខាត និងរងរបួសអ្វីនោះទេ ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើក្រុមមួយណា ដែលបានវាយប្រហារលើយោធាខ្លួននៅស៊ីរី។    តាមការលើកឡើងរបស់ប្រភពព័ត៌មានមួយចំនួន នៅតំបន់ Deir al Zor ដែលស្ថិតនៅភាគខាងកើតស៊ីរី  ក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់កាំភ្លើងធំពីរបីដើមនៅក្បែរតំបន់ប្រេង al Omar គ្រប់គ្រងដោយកម្លាំងប្រជាធិបតេយ្យស៊ីរី គាំទ្រដោយអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ការវាយប្រហារគ្រាប់រ៉ុក្កែតនេះ បានសបញ្ជាក់ឱ្យឃើញពីហានិភ័យនៃការរីកសាយជម្លោះ នៅទឹកដីស៊ីរី និងអ៊ីរ៉ាក់កាន់តែកើនឡើង ហើយវាក៏បង្ហាញឱ្យឃើញ អាមេរិក ប្រហែលជាមិនអាចទប់ស្កាត់ក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់បានផងដែរ។   ប៉ុន្មានម៉ោងមុនការវាយប្រហារខាងលើ លោក អាន់តូនី ប្ល៊ីងខិន ប្រមុខការទូតអាមេរិក បានប្រាប់អ្នកសារព័ត៌មានពីទីក្រុងរ៉ូមថា ប្រតិបត្តិការរបស់ខ្លួន ជារឿងសមស្រប ហើយមានបំណងចង់កាត់បន្ថយការរីកសាយនៃជម្លោះ និងការពារខ្លួនពីការវាយប្រហាររបស់ កងជីវពលគាំទ្រដោយអ៊ីរ៉ង់ប៉ុណ្ណោះ។   បន្ទាប់ពីមានការវាយប្រហាររបស់អាមេរិកនាថ្ងៃទី២៧ ខែមិថុនាកន្លងមក ក្រុមជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានរៀបរាប់ឈ្មោះសមាជិកក្រុម Kataib Sayyid al-Shuhada ចំនួនបួននាក់ ដែលបានស្លាប់នៅក្នុងការវាយប្រហារតាមតំបន់ព្រំដែនស៊ីរី និងអ៊ីរ៉ាក់។  ក្រុមជីវពលមួយនេះ ក៏បានប្ដេជ្ញាសងសឹកអាមេរិកផងដែរ។    រដ្ឋាភិបាលអ៊ីរ៉ាក់មានក្តីកង្វល់យ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធានេះ  ព្រោះអាមេរិក អាចនឹងអូសខ្លួនចូលទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ នៅថ្ងៃទី២៨ ខែមិថុនា យោធាអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសអាមេរិកពីបទរំលោភអធិបតេយ្យភាពអ៊ីរ៉ាក់ ព្រោះអាមេរិកបានវាយប្រហារតាមផ្លូវអាកាសនៅតាមព្រំដែនអ៊ីរ៉ាក់និងស៊ីរី។   នៅក្នុងថ្ងៃបាញ់គ្រាប់រ៉ុក្កែតនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានអះអាងថា អាមេរិកកំពុងតែរំខានដល់សន្តិសុខនៅក្នុងតំបន់ ហើយ អាមេរិកនឹងក្លាយជាជនរងគ្រោះមួយ ក្នុងតំបន់នេះ។    គួររំលឹកថា ការវាយប្រហាររបស់អាមេរិក តាមយន្តហោះទៅលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់លើកនេះ ជាលើកទីពីរហើយ ដែលធ្វើឡើងតាមបញ្ជារបស់ប្រធានាធិបតី ចូ បៃឌិន៕   
ដោយ៖ ជា ពេជ្រដាឡែន
  ការប្រកួតកីឡាប្រណាំងម៉ូតូ(Moto Cross) បានបិទបញ្ចប់ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីបើកការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី៥-៦ ខែវិច្ឆិកា នៅប្រទេសកូរ៉េខាងត្បូង។   កីឡាករតំណាងកម្ពុជា ជា លីឃាង បានប្រាប់សារព័ត៌មានថ្មីៗតាមរយៈសារប្រព័ន្ធហ្វេសប៊ុក នៅថ្ងៃទី៨ ខែវិច្ឆិកា ថា ព្រឹត្តិការណ៍ប្រកួតនេះជាបទពិសោធថ្មីមួយសម្រាប់កីឡាប្រណាំងម៉ូតូកម្ពុជា ក៏ដូចជាខ្លួនផ្ទាល់។     ជា លីឃាង លើកឡើងថា៖«កម្មវិធីប្រកួតនេះនៅទីនេះមានភាពខុសគ្នាច្រើនពីការប្រកួតនៅស្រុកយើង និយាយរួមទៅភ្នំច្រើន អ៊ីចឹង!ការប្រណាំងឡើងភ្នំចុះភ្នំរហូត អត់មានផ្លូវលាតដូចនៅប្រទេសយើង អ៊ីចឹងហើយខុសពីបទពិសោធដែលខ្ញុំធ្លាប់ប្រកួតក្នុងស្រុក វិញ្ញាសានេះថ្មីសម្រាប់ខ្ញុំ»។   គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់កីឡាប្រណាំងម៉ូតូ((MotoCross)នេះ កីឡាករកម្ពុជា ជា លីឃាង ទទួលបានចំណាត់ថ្នាក់លេខ១៦ ក្នុងចំណោមកីឡាករ ១០០នាក់ មកពី៥ប្រទេស ដែលរួមមាន៖កូរ៉េខាងត្បូង(ម្ចាស់ផ្ទះ) កម្ពុជា, ជប៉ុន, រុស្ស៊ី និងតៃវ៉ាន់ ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង៕ កីឡាករ ជា លីឃាង ពេលចូលរួមប្រកួតការប្រណាំងម៉ូតូ Cross ក្នុងប្រទេសកូរ៉េខាងត្បូង។ រូបពី ជា លីឃាង  
កីឡាករ Kang Kyuho ជនជាតិកូរ៉េខាងត្បូង បានទទួលជ័យលាភីជើងឯក EESHC2022 ពីការប្រកួតពានរង្វាន់កីឡាប្រណាំងម៉ូតូ Extreme Enduro Sanlim Husqvarna Championship 2022 នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះកីឡាករ តំណាងកម្ពុជា ជា លីឃាង ទទួលបានចំណាត់ថ្នាក់លេខ១៦។
នៅថ្ងៃទី២៨ មករាខាងមុខ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៣។ ការប្រឡងនេះ មានការបែងចែកជា២វិញ្ញាសា គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តកីឡា។ ចំពោះលទ្ធផលនៃការប្រឡង ជ្រើសរើសគ្រូបង្រៀនអប់រំកាយចំនួន ១០០នាក់ប៉ុណ្ណោះ សម្រាប់២១ខេត្ត។ នេះជាលើកទី២ហើយ ដែលក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅដើមអាណត្តិទី៧។ ទាក់ទងនឹងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាខាងមុខ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព និងអាចទទួលយកបាន។ ការប្រឡងនេះ ក៏មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នាថ្ងៃទី២៦ មករានេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការប្រឡងនេះ នឹងប្រព្រឹត្តទៅដោយរលូន ដើម្បីធ្វើយ៉ាងណាឱ្យបេក្ខជនជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏សង្កត់ធ្ងន់លើការទទួលខុសត្រូវខ្ពស់ចំពោះការប្រឡងនេះផងដែរ។ «ខ្ញុំសូមបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡង និងអនុគណៈកម្មការទាំងអស់ ដែលចូលរួមពាក់ព័ន្ធ គ្រប់មន្ត្រីរាជការ និងអ្នកដែលចូលរួមចំណែក គឺមានភាពទទួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលជាបេសកកម្មរបស់យើង»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ដោយបន្តរំឭកប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែត ដែលផ្ដល់ជំនឿទុកចិត្តដល់ក្រសួងមុខងារសាធារណៈ អនុវត្តនូវយន្តការនេះ។ បើតាមលោក ម៉ានី កិច្ចការប្រឡងនេះ នឹងធ្វើដោយម៉ត់ចត់ និងយកចិត្តទុកដាក់។ តាមរយៈប្រឡងនេះ នឹងដកយកបទពិសោធនៃភាពជោគជ័យក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ កាលពីចុងឆ្នាំ២០២៣កន្លងទៅ។ រដ្ឋមន្ត្រីមុខងារសាធារណៈ បន្ថែមថា៖«យើងចង់ធ្វើឱ្យរលូន ជោគជ័យ និងទទួលយកបានទាំងអស់គ្នា ជាពិសេសធានានូវតម្លាភាព»។ ក្រោយប្រឡងជាប់បេក្ខជនទាំងអស់ ត្រូវចូលរួមបណ្ដុះបណ្ដាលរយៈពេល ២ឆ្នាំ សម្រាប់កម្រិត១២+២ និងរយៈពេល៤ឆ្នាំ សម្រាប់កម្រិត១២+៤។ ក្នុងករណីបេក្ខជនបោះបង់នៅអំឡុងពេលបណ្ដុះបណ្ដាល គណៈកម្មការរៀបចំការប្រឡង នឹងផ្ដល់ឱកាសដល់បេក្ខជនជាប់បម្រុង។ បន្ទាប់ពីបណ្ដុះបណ្ដាលរួច គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាទាំង១០០នាក់ នឹងចេញទៅបង្រៀននៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ដែលបានជ្រើសរើស។ សូមបញ្ជាក់ថា ការប្រឡងនេះ មានបេក្ខជនចូលរួមជិត ២០០០នាក់ ដោយបែងចែកជាពីរកម្រិត គឺការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋាន១២+២ ចំនួន ១៤៤៥នាក់ និងកម្រិតមូលដ្ឋាន ១២+៤ ចំនួន ៤៤៧នាក់៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អះអាងថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នឹងប្រព្រឹត្តទៅដោយរលូន និងមានការទទួលខុសត្រូវខ្ពស់។ លោករដ្ឋមន្ត្រីមុខងារសាធារណៈ មានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នាថ្ងៃទី២៦ មករា។
  ក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា លោក មូន ចេអ៊ីន បានចេញបញ្ជាឲ្យភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធចាត់វិធានការខ្លាំងៗប្រឆាំងព័ត៌មានក្លែងក្លាយ ដែលឆ្លងហួសពីព្រំដែននៃសេរីភាពនៃការបញ្ចេញមតិ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ សង្កត់ធ្ងន់ថា ផលិតនិងចែកចាយព័ត៌មានក្លែងក្លាយស្តីពីការផ្ទុះឡើងនៃវីរុសបង្កើតជា «អំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ»  ដែលប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។    «វីរុសមិនមែនជារឿងតែមួយគត់ដែលយើងត្រូវប្រឈមមុខនោះទេ។ យើងគួរក្រោកឈរប្រឆាំងនឹងក្តីព្រួយបារម្ភហួសហេតុនិងការភ័យខ្លាចដែលមិនច្បាស់លាស់»។ លោក មូន អះអាងបែបនេះ ដោយបានបញ្ជាឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានពាក់ព័ន្ធរឿងកូណាវ៉ូណាវីរុសឲ្យឆាប់រហ័សនិងមានតម្លាភាព។    បន្ថែមពីរឿងព័ត៌មានក្លែងក្លាយដែលបង្កចលាចលដល់សង្គមជាតិ លោក អះអាងទៀតថា  សុវត្ថិភាពប្រជាជន គឺជាអាទិភាពធំបំផុតរបស់រដ្ឋាភិបាល។ ត្រង់នេះ លោក បានថ្លែងសរសើរដល់ទីភ្នាក់ងាររដ្ឋទាំងអស់ដែលបានចេញមុខឆ្លើយតបទាន់ពេលវេលាចំពោះណូវែលកូរ៉ូនាវីរុសដែលបានផ្ទុះឡើងដំបូងក្នុងប្រទេសចិន។ ទន្ទឹមនេះ លោកប្រធានាធិបតី មូន បានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមលក្ខណៈពេញលេញសម្រាប់រាល់សេណារីយ៉ូ។    បើតាម Yonhap លោកប្រធានាធិបតីវ័យ៦៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ស្មារតី «អាចធ្វើបាន» ដោយអះអាងថា កូរ៉េខាងត្បូង មានសមត្ថភាពនិងបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោកក្នុងការជម្នះការរាលដាលវីរុសបែបនេះ។ លោកនិយាយដូច្នេះថា៖«អាវុធដើម្បីការពារខ្លួនយើងពីកូវ៉ូណាវីរុសប្រភេទថ្មីនេះ ពុំមែនជាភាពភ័យខ្លាច និងការស្អប់ខ្ពើមទេ ក៏ប៉ុន្តែគឺកិច្ចសហប្រតិបត្តិ និងជំនឿចិត្ត»។    ការលើកឡើងរបស់ប្រមុខរដ្ឋសាធារណរដ្ឋកូរ៉េរូបនេះ ធ្វើឡើងក្រោយផ្ទុះបាតុកម្មពីប្រជាជនក្នុងទីក្រុងចំនួន២ ។ សម្រាប់ក្រុងទាំងពីរនេះ រដ្ឋាភិបាលមានផែនការដាក់ប្រជាជនកូរ៉េខាងត្បូងដែលជម្លៀសពីក្រុងវូហាន ឲ្យនៅដាច់ដោយឡែកនៅទីនោះ។    កូរ៉េខាងត្បូង នឹងផ្តើមដឹកពលរដ្ឋខ្លួនប្រមាណ ៧០០នាក់ពីក្រុងវូហាន ប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ តាមរយៈជើងហោះរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានរើសទីតាំងរបស់រដ្ឋចំនួន២ ក្នុងក្រុង Asan និង Jincheon ជាកន្លែងទទួលពលរដ្ឋដែលនឹងត្រូវជម្លៀសទាំងនោះ។ គិតមកដល់ពេលនេះ កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងវីរុសនេះចំនួន ៤នាក់ហើយ៕
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានចេញមុខគំរាមខ្លាំងៗថា នឹងចាត់ចំណាត់ការក្តៅប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ពាក់ព័ន្ធរឿងណូវែលកូរ៉ូណាវីរុស ដែលបង្កភាពភិតភ័យដល់ពលរដ្ឋ។ ទន្ទឹមនឹងត្រៀមចាត់ធម៌ក្តៅលើការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ មេដឹកនាំរូបនេះ អះអាងថា រដ្ឋាភិបាលលោក នឹងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាងក្នុងគោលដៅទប់ស្កាត់ការរាលដាលនៃជំងឺរលាកសួតដែលបង្កឡើងដោយកូរ៉ូណាវីរុសដ៏កាចសាហាវថ្មីនេះ។
ក្រសួងការពារជាតិកម្ពុជា ផ្សាយថា កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន នឹងពិនិត្យលើគំនិតផ្តួចផ្តើមថ្មីៗរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងអាស៊ាន។ កិច្ចប្រជុំនេះ ក៏នឹងពិនិត្យលើឯកសារសំខាន់ៗចំនួន៣ផងដែរ រួមមាន ទី១ សេចក្តីព្រាងចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិ ក្នុងការគាំទ្រការស្ដារឡើងវិញ ក្រោយកូវីដ១៩ ទី២ សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងទី៣ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។    ក្រសួងការពារជាតិកម្ពុជា បន្តទៀតថា ចំពោះកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិបូកវិញ នឹងស្ដាប់របាយការណ៍របស់ក្រុមការងារជំនាញទាំង៧វិស័យ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក រួមមាន ទី១ ជំនួយមនុស្សធម៌ និងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ទី២ សន្តិសុខលម្ហសមុទ្រ ទី៣ វេជ្ជសាស្ត្រយោធា ទី៤ ការប្រឆាំងអំពើភេរវកម្ម ទី៥ ប្រតិបត្តិការរក្សាសន្តិភាព ទី៦ សកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ និង៧ សន្តិសុខបច្ចេកវិទ្យាព័ត៌មាន។   ក្រសួងការពារជាតិកម្ពុជា សរសេរដូច្នេះថា៖«កិច្ចប្រជុំទាំង២ខាងលើនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ ក្នុងការជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្ដិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ ស្របតាមមូលបទថា សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕     
កម្ពុជា ដឹកនាំកិច្ចប្រជុំ២ គឺកិច្ចប្រជុំឧត្តមមន្ដ្រីការពារជាតិអាស៊ាន (ADSOM) និង កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក (ADSOM-Plus) ចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំទាំង២នេះ។
រហូតដល់ពេលបច្ចុប្បន្ន នាវាដឹកយន្តហោះចម្បាំង ត្រូវបានគេសាងសង់ជាបន្តបន្ទាប់។ ប្រទេសដែលមាននាវាដឹកយន្តហោះចម្បាំងកំពុងដាក់ឲ្យប្រើប្រាស់ច្រើនជាងគេ គឺអាមេរិក មានជាង១០គ្រឿង ខណៈប្រទេសផ្សេងទៀត មានត្រឹមតែមួយ ឬពីរគ្រឿងប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាប្រទេសដែលមាននាវាដឹកយន្តហោះចម្បាំង។    ១. អាមេរិក  ចាប់តាំងពីសង្រ្គាមលោកលើកទី២មក អាមេរិកសាងសង់នាវាដឹកយន្តហោះជាបន្តបន្ទាប់។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNN (https://edition.cnn.com/2013/08/09/us/u-s-aircraft-carriers-fast-facts/index.html) រហូតមកដល់ឆ្នាំ២០២០ អាមេរិកមាននាវាដឹកយន្តហោះចម្បាំងកំពុងដាក់ឲ្យប្រតិបត្តិមានចំនួន ១១គ្រឿង។ នាវាដែលត្រូវបានឃើញឈ្មោះលើសារព័ត៌មានញឹកញាប់មាន USS Ronald Reagan និង USS Nimitz។    ២. ចក្រភពអង់គ្លេស បន្ទាប់ពីអាមេរិក អង់គ្លេស មានចំនួននាវាដឹកយន្តហោះចម្បាំង ២គ្រឿងប៉ុណ្ណោះកំពុងដាក់ឲ្យប្រើប្រាស់មានដូចជា HMS Queen Elizabeth និង HMS Prince of Wales។    ៣. ចិន ដោយឡែកចិនវិញ ក៏មាននាវាដឹកយន្តហោះពីរគ្រឿងដែរ ក្នុងនោះមានដូចជា Liaoning និងShandong។ ក្នុងសមយុទ្ធយោធាចុងក្រោយនៅសមុទ្រBohai និងតំបន់សមុទ្រផ្សេងទៀត ចិនក៏បានប្រើប្រាស់ នាវាដឹកយន្តហោះទាំងពីរនេះដែរ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ស្របពេលមានមានតានតឹងជាមួយអាមេរិក។    ៤. អ៊ីតាលី សម្រាប់អ៊ីតាលី គឺមាននាវាដឹកយន្តហោះចម្បាំងពីរគ្រឿង ដែលមានដូចជា Cavour និង Giuseppe Garibaldi។    ៥. បារាំង ឥណ្ឌា រុស្ស៊ី អេស្ប៉ាញ ១ដូចគ្នា ចំណែកបារាំង ឥណ្ឌា រុស្ស៊ី អេស្ប៉ាញសុទ្ធតែមាននាវាចម្បាំង ១គ្រឿងដូចគ្នា។ ជាការពិត ប្រទេសទាំង៤នេះ ក៏មាននាវាដឹកយន្តហោះចម្បាំងផ្សេងទៀតដែរ គ្រាន់តែមិនដាក់ឲ្យប្រើប្រាស់ ហើយនាវាដឹកយន្តហោះចម្បាំងខ្លះគឺចាស់ប្រើលែងកើត។    ៦. ថៃ  ក្នុងចំណោមប្រទេសបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ថៃគឺជាប្រទេសតែមួយគត់ ដែលមាននាវាដឹកយន្តហោះ។ នាវាដឹកយន្តហោះ HTMS Chakri Naruebet ដែលផលិតនៅអេស្ប៉ាញ ហើយដាក់ឲ្យដំណើរការនៅឆ្នាំ១៩៩៧ នេះ អាចដឹកយន្តហោះធុន Sea Harrier AV-8S និងឧទ្ធម្ភាគចក្រ SH-70Bបាន។  សូមបញ្ជាក់ថា ក្រៅពីប្រទេសខាងលើ ប្រទេសមួយចំនួនទៀត ដូចជាអូស្រ្តាលី កាណាដា ប្រេស៊ីល ជប៉ុន ហូឡង់ជាដើម ក៏មាននាវាដឹកយន្តហោះចម្បាំងផងដែរ ប៉ុន្តែគ្រាន់តែនាវាទាំងនោះ អាចទទួលបានត្រឹមឧទ្ធម្ភាគចក្រ ខណៈការកែច្នៃនាវាទាំងនេះដើម្បីទទួលយន្តហោះចម្បាំង ចំណាយថវិកាច្រើនក្រាស់ក្រែល៕  
នាវាដឹកយន្តហោះចម្បាំង ជាផ្នែកសំខាន់ក្នុងការធ្វើសង្រ្គាមលើទឹក។ នាវាប្រភេទនេះ បានដាក់ឲ្យប្រើប្រាស់ដំបូងនៅក្នុងអំឡុងឆ្នាំ១៩២២។ កាលនោះ គឺជានាវាដឹកយន្តហោះចម្បាំងរបស់ជប៉ុន Hosho។ ពីរឆ្នាំបន្ទាប់ទើបអង់គ្លេស ដាក់នាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន HMS Hermes ឲ្យប្រើប្រាស់។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ កញ្ចប់ទេសចររួមគ្នារបស់ Siem Reap Shuttle Tours ផ្ដល់ជម្រើសច្រើនសម្រាប់ភ្ញៀវទេសចរ ក្នុងនោះមានគោលដៅសំខាន់ៗដូចជា ទស្សនាថ្ងៃរះនៅអង្គរ ទស្សនាប្រាសាទតូចធំនានាក្នុងរមណីយដ្ឋានអង្គរ និងថ្ងៃលិចនៅលើភ្នំបាខែង ប្រាសាទបន្ទាយស្រី ទឹកធ្លាក់ភ្នំគូលែន ភូមិបណ្ដែតទឹកកំពង់ភ្លុក និងទស្សនាថ្ងៃលិច ប្រាសាទបឹងមាលា កោះកេរ និងប្រាសាទព្រះវិហារជាដើម។    Siem Reap Shuttle Tours ផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវដែលមានបំណងដើរកម្សាន្តតែម្នាក់ឯង និងជាក្រុម ជួយកាត់បន្ថយការចំណាយ ហើយសាកសមបំផុតសម្រាប់ទេសចរដែលមានពេលវេលាតិចប៉ុន្តែចង់ដើរកម្សាន្តបានច្រើនកន្លែង។ ក្នុងកញ្ចប់ទេសចរណ៍របស់ Siem Reap Shuttle Tours មានមគ្គទេសក៍ទេសចរម្នាក់តាមពន្យល់ណែនាំរៀបរាប់ប្រាប់ទេសចរពីប្រវត្តិនៃតំបន់នានា និងមានរថយន្តសម្រាប់ទៅយកភ្ញៀវពីទីតាំងសណ្ឋាគារ និងជូនត្រឡប់ទៅវិញទៀតផង។   ក្រៅពីសេវាកម្មទេសចរណ៍ Siem Reap Shuttle Tours ក៏បានបន្ថែមសេវាកម្មថ្មីមួយទៀត គឺដឹកជញ្ជូនភ្ញៀវពីអាកាសយានដ្ឋានសៀមរាបមកកាន់ក្រុងសៀមរាបក្នុងតម្លៃសមរម្យ៩ដុល្លារក្នុងម្នាក់ និងពីទីក្រុងសៀមរាបទៅអាកាសយានដ្ឋានសៀមរាបវិញតម្លៃ៩ដុល្លារក្នុងម្នាក់ដូចគ្នា។ សេវាកម្មរថយន្តដឹកជញ្ជូនព្រលានយន្តហោះ-ក្រុងសៀមរាបនេះ នឹងជូនភ្ញៀវទេសចរដល់ទីតាំងស្នាក់នៅផ្ទាល់ កាត់បន្ថយថ្លៃចំណាយ និងផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប។    សម្រាប់ភ្ញៀវទេសចរមានគម្រោងចង់មកលេងខេត្តសៀមរាប ហើយចាប់អារម្មណ៍លើសេវាកម្មទាំង២របស់ Siem Reap Shuttle Tours ហើយចង់កក់សាកល្បងប្រើប្រាស់ ឬចង់ដឹងពីព័ត៌មានលម្អិតបន្ថែម អាចទាក់ទងតាមរយៈលេខទូរសព្ទ ០៧៨/០៩៨ ៥៥៥៥ ១៨ និងអ៊ីម៉ែល ។
សៀមរាប៖ Siem Reap Shuttle Tours ជាសេវាកម្មទេសចរណ៍ថ្មីមួយ ដែលនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តរួមគ្នាទៅកាន់ទីតាំងដ៏ពេញនិយមនានា និងទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប។ សេវាកម្មទេសចរណ៍ថ្មីនេះ នឹងធ្វើឱ្យទេសចរទទួលបានបទពិសោធន៍ថ្មីប្លែក បង្កើតអនុស្សាវរីយ៍ល្អៗ និងទំនាក់ទំនង តាមរយៈការធ្វើដំណើរកម្សាន្តរួមគ្នាជាមួយភ្ញៀវទេសចរចម្រុះជាតិសាសន៍ មានទាំងអាស៊ី និងអឺរ៉ុប។ ទីតាំងរបស់ក្រុមហ៊ុន Siem Reap Shuttle Tours មានកន្លែងសម្រាប់ភ្ញៀវទេសចរអង្គុយរង់ចាំដ៏ធំទូលាយ និងមានផាសុខភាពបំផុត។
អ្នកនាង សេង ធារី ជាអ្នកធ្វើការតាមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ បានបង្កើតឲ្យមានភាពប្លែក២លើកហើយ នៅពេលអ្នកនាង ទៅចូលរួមសវនាការនៃតុលាការភ្នំពេញ។ ភាពប្លែកទាំង២លើកនេះ កើតឡើង ដោយសារការតុបតែងខ្លួនរបស់អ្នកនាង។   នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង សេង ធារី បានទៅចូលរួមសវនាការសាជាថ្មី។ លើកនេះ អ្នកនាង ទៅតែម្នាក់ឯងប៉ុណ្ណោះ តាមការកំណត់របស់តុលាការ ដែលខុសពីលើកមុនៗ ដែលអ្នកនាង បានទៅចូលរួមសវនាការជាមួយសកម្មជនជាច្រើននាក់ផ្សេងទៀត។ មានសកម្មជន និងប្រជាពលរដ្ឋមួយចំនួន នាំគ្នាទៅមុខតុលាការ ដើម្បីលើកទឹកចិត្តដល់អ្នកនាង។ ក្នុងចំណោមស្រ្តី ដែលទៅលើកទឹកចិត្តដល់អ្នកនាង មានមួយចំនួន ស្លៀកពាក់ជាបុរសដែរ។    ចូលរួមសវនាការលើកនេះ អ្នកនាង បានពាក់អាវធំពណ៌ខ្មៅបែបបរទេសពីខាងក្រៅ (Man Suit) ដែលជាសម្លៀកបំពាក់បុរស ជាមួយនឹងក្រវាត់ក៣ពណ៌ចម្រុះគ្នា គឺក្រហម ស និង ត្នោត។ អ្នកនាង ស្លៀកពាក់សម្លៀកបំពាក់បុរសបែបនេះ គឺព្រោះតែអ្នកនាង យល់ថា តុលាការកម្ពុជា ជាតុលាការល្ខោននយោបាយ ដែលត្រូវបានរៀបចំឡើង ដើម្បីសម្តែងឈុតឆាកនយោបាយ។ នេះជាហេតុផលរបស់អ្នកនាង។ អ្នកនាង នៅតែអះអាងថា ការចោទប្រកាន់លើអ្នកនាង គឺគ្មានមូលដ្ឋានច្បាប់ និងគ្មានមូលដ្ឋានអង្គហេតុឡើយ។    អ្នកនាង និយាយមុនចូលសវនាការដូច្នេះថា៖«ខ្ញុំ ហៅថា ជាល្ខោននយោបាយ មិនមែនជាសវនាការ មិនមែនជាតុលាការទេ ជាការសម្តែង ដែលគេ បានជំរុញឲ្យខ្ញុំ បានចូលល្ខោននយោបាយ អ៊ីចឹងបានជាខ្ញុំសម្តែង។ លើកមុន ខ្ញុំជាស្ត្រីខ្មែរ ពាក់ឈុតអប្សរា គេ ថាអត់សមរម្យ ថ្ងៃហ្នឹង ខ្ញុំ សម្របសម្រួលតាមគេ»។    អ្នកនាង និយាយបន្តទាំងអស់សំណើចថា៖«ល្ខោនមែនទែនតាម៉ង! យើង ពាក់ខោអាវបែបនេះមកពីគេ ថា ពេលយើង ស្លៀកពាក់ខោអាវឈុតជាស្រ្តីខ្មែរ អត់ត្រឹមត្រូវ អ៊ីចឹង យើងទាំងអស់គ្នា ពាក់ខោអាវបុរសបរទេស»។ ក្រុមស្រ្តី ដែលទៅលើកទឹកចិត្តអ្នកនាង សេង ធារី (ពាក់អាវធំពណ៌ខ្មៅ) ថតជាមួយអ្នកនាង នៅមុខតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (រូបពីគណនីហ្វេសប៊ុក Pan Sat)។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកការតុបតែងខ្លួនបែបប្លែកៗរបស់អ្នកនាង សេង ធារី ថាជារបៀបបញ្ចេញមតិ១របស់អ្នកនាង។ តែលោក ជឿងថា អ្នកនាង នៅមានវិធីល្អៗជាច្រើនទៀត ក្នុងការសម្តែងមតិ និងការតស៊ូមតិជាមួយតុលាការ ក្រៅពីការតុបតែងខ្លួនបែបប្លែកៗ។    ចំពោះលោក ការតុបតែងខ្លួនប្លែកបែបនេះ គឺមិនសូវសមរម្យ និងមិនសូវថ្លៃថ្នូរនោះទេ។ លោក យល់ថា អ្នកនាង ទៅចូលរួមសវនាការ ដោយការតុបតែងខ្លួនប្លែកបែបនេះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍។ លោក បន្ថែមថា អ្នកនាង ក៏ជាអ្នក ធ្លាប់រៀនជំនាញច្បាប់ពីប្រទេសស៊ីវិល័យដែរ ដូច្នេះ មិនគួរធ្វើបែបនេះឡើយ។    ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ថ្លែងដូច្នេះថា៖«រឿងក្តី រឿងយុត្តិធម៌ ជារឿងដាច់ដោយឡែក មិនមែនគ្រាន់តែជាឆាកកំប្លុកកំប្លែងទេ។... មិនគួរអ្នកយល់ដឹង ដែលធ្លាប់រស់នៅអរិយប្រទេស មកធ្វើអាឡិអាឡក់អ៊ីចឹងទេ»។    លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មើលឃើញថា ជារឿងធម្មតា ដែលអ្នកនាង សេង ធារី ក្នុងនាមជាជនជាប់ចោទ បានចោទប្រកាន់តុលាការបែបនេះ ឬបែបនោះ។ ប៉ុន្តែ លោក បញ្ជាក់ថា  ដើម្បីការពារខ្លួនបាន និងដើម្បីដោះបន្ទុក អ្នកនាង ត្រូវបង្ហាញភស្តុតាងរឹងមាំ។ មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ អធិប្បាយមកកាន់សារព័ត៌មានថ្មីៗបែបនេះថា៖«កោរសក់ ឬមិនកោរសក់ ស្លៀកពាក់ខោអាវយ៉ាងម៉េច ជារឿងរបស់គាត់ តែជាគោលការណ៍ច្បាប់ វា មិនអាចមានឥទ្ធិពលអីតាមផ្លូវច្បាប់ ឬអាចការពារខ្លួនតាមច្បាប់នោះទេ»។    កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង សេង ធារី បានបង្កើតឲ្យមានភាពភ្ញាក់ផ្អើល និងចម្លែកភ្នែកម្តងរួចមកហើយ គឺដោយសារអ្នកនាង កោរសក់ ហើយស្លៀកពាក់ឈុតអប្សរា ដើរចូលសវនាការ។ ការកោរសក់ និងការតុបតែងខ្លួនជាអប្សរា ដើរចូលសវនាការបែបនេះ ធ្វើឲ្យអ្នកនាង ទទួលបានការលើកទឹកចិត្តផង និងទទួលបានការសើចចំអកផង។    បច្ចុប្បន្ន អ្នកនាង មានវ័យ៥២ឆ្នាំ។ អ្នកនាង លើកឡើងថា អ្នកនាង ធ្លាប់ធ្វើការផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ អ្នកនាង រៀនជំនាញច្បាប់នៅអាម៉េរិក និងមានសញ្ជាតិអាម៉េរិក។    អ្នកនាង គឺជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទ១៣៩នាក់ ដែលតុលាការភ្នំពេញដាក់ចូលក្នុងសំណុំរឿងតែ១។ ពួកគេភាគច្រើន គឺត្រូវចោទពីបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ តុលាការ រកឃើញថា ពួកគេ ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកា ទើបត្រូវចោទប្រកាន់ពីល្មើសទាំង២នេះ។    ផែនការ៩វិច្ឆិកា គឺជាផែនការរបស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលប្រកាសចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបរាជ័យ។ សម្រាប់រដ្ឋាភិបាល ផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី គឺដើម្បីផ្តួលរំលំរដ្ឋាភិបាល។    កាលពីចុងឆ្នាំ២០២០ តុលាការភ្នំពេញ បានបើកសវនាការលើកដំបូងលើជនជាប់ចោទទាំង១៣៩នាក់នោះ តែពួកគេ ពុំបានចូលរួមសវនាការទាំងអស់គ្នានោះទេ។ ការទៅចូលរួមសវនាការលើកដំបូង អ្នកនាង សេង ធារី បានស្លៀកពាក់សម្លៀកបំពាក់ធម្មតា ដោយមិនមានលក្ខណៈប្លែកឡើយ។  ពេលនោះ តុលាការ បានបំបែកសំណុំរឿងជា២ ឬបំបែកជនជាប់ចោទទាំង១៣៩នាក់ ជា២ក្រុម ដោយ១ក្រុម មានគ្នា៤២នាក់ និង១ក្រុមទៀត មានគ្នា៩៧នាក់។ ដោយសារកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩ តុលាការ ក៏ផ្អាកសវនាការលើពួកគេសិន។    រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តុលាការភ្នំពេញ ក៏សម្រេចលើកយកសំណុំរឿង ដែលមានគ្នា៤២នាក់ មកបើកសវនាការជំនុំជម្រះឡើងវិញ។ សំណុំរឿង ដែលមានគ្នា៤២នាក់នេះ ក៏ត្រូវបំបែកបន្តទៀត គឺត្រូវបំបែកទៅជា៣សំណុំរឿង។ សំណុំរឿង១ និងសំណុំរឿង២ សុទ្ធតែមានជនជាប់ចោទនៅជាមួយគ្នា ដោយលើកលែងតែសំណុំរឿង៣ប៉ុណ្ណោះ ដែលមានតែអ្នកនាង សេង ធារី ម្នាក់ឯង។    អ្នកនាង យល់ថា ការបំបែកសំណុំរឿងរបស់អ្នកនាង ឲ្យនៅដាច់ដោយឡែកពីគេបែបនេះ គឺតុលាការ មានបំណងដាក់អ្នកនាងឲ្យនៅឯកា។ ចំពោះសវនាការនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានពន្យារពេល និងលើកទៅបន្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ពេលទៅចូលរួមសវនាការលើកក្រោយទៀត តើអ្នកនាង នឹងតែងខ្លួនដូចម្តេចវិញ?
លើកទី៣ តើអ្នកនាង សេង ធារី នឹងតែងខ្លួនដូចម្តេច?
  «យុទ្ធនាការ #BeyondTheGames» ជាយុទ្ធនាការរបស់គណៈកម្មាធិការជាតិ CAMSOC ដើម្បីផ្សព្វផ្សាយពី ស៊ីហ្គេម(SEA Games) និងអាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) ក្នុងគោលបំណងបង្កើតនូវមនោសញ្ចេតនា និងសន្តានចិត្តរវាងព្រឹត្តិការណ៍ស៊ីហ្គេម និងប្រជាពលរដ្ឋ។ នេះបើតាមលោក សុខ សប្បាយណា។   លោក សុខ សប្បាយណា បានបន្ថែមថា យុទ្ធនាការនេះ នឹងជួយលើកតម្កើងមុខមាត់ជាតិ ក្នុងការប្រកួតស៊ីហ្គេមផងដែរ។ ថ្លែងក្នុងពិធីសម្ពោធ «យុទ្ធនាការ #BeyondTheGames» នាអគារ KAMPUS កាលពីថ្ងៃទី៣០ ខែកញ្ញា លោក សប្បាយណា លើកឧទាហរណ៍បន្ថែមថា៖«បុណ្យអ៊ុំទូក អង្គុយមើលប្រណាំងទូក មានអកអំបុក ចូលឆ្នាំថ្មី គឺរៀបចំសម្អាតផ្ទះសម្បែង ដូច្នេះមុនព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កម្ពុជានឹងពង្រីកវិសាលភាពលើសពីកីឡា លើសពីការប្រកួត គឺយើងមិនត្រឹមតែយកកម្ពុជាមកលើកតម្កើងស៊ីហ្គេមនោះទេ ប៉ុន្តែគឺយើងត្រូវយកស៊ីហ្គេមមកលើកតម្កើងកម្ពុជា»។    គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាខែឧសភា ឆ្នាំ២០២៣ នឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា ។ កីឡាករ-កីឡាការនីជាង៧ ពាន់នាក់ នឹងមកប្រកួតលើ ៣៧ប្រភេទកីឡា ស្មើនឹង ៦០៨វិញ្ញាសារ នៅតាមរាជធានីខេត្តចំនួន៥៕   
លោក សុខ សប្បាយណា ប្រធានប្រតិបត្តិនៃ«យុទ្ធនាការ #BeyondTheGames»ថ្លែងក្នុងពិធីសម្ភោធថា យុទ្ធនាការនេះ នឹងពង្រីកវិសាលភាពលើសពីកីឡា និងការប្រកួត ហើយវាក៏ជាការលើកតម្កើងកម្ពុជាផងដែរ។
  ប្រធានាធិបតីម៉ុងហ្គោលី  Ukhnaagiin Khurelsukh ទៅដល់វៀតណាមនៅថ្ងៃទី១ ខែវិច្ឆិកា ក្នុងរយៈពេល៥ថ្ងៃ។ ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ច មេដឹកនាំម៉ុងហ្គោលី និងប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ធឿង បានចូលរួមក្នុងពិធីចុះហត្ថលេខាលើការលុបចោលទិដ្ឋាការទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំងពីរ។    «យើងសូមស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលចូលរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងការផ្តោះប្តូររវាងប្រជាជន និងប្រជាជន»។ ប្រធានាធិបតីវៀតណាម បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា បន្ទាប់ពីជំនួបជាមួយមេដឹកនាំម៉ុងហ្គោលី។    ដំណើរទស្សនកិច្ចរបស់មេដឹកនាំម៉ុងហ្គោលីនៅវៀតណាមក្នុងពេលនេះ ធ្វើឡើងមុនពេលប្រទេសទាំងពីរត្រៀមប្រារព្ធខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ។ ម៉ុងហ្គោលី ជាប្រទេសទីមួយដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម នៅក្នុងឆ្នាំ១៩៥៤។    ក្នុងរយៈពេល ជិត៧ទសវត្សរ៍ចុងក្រោយនេះ វៀតណាម និងម៉ុងហ្គោលី បានខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីយ៉ាងខ្លាំង ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ២០២២ មានចំនួន ៥លានដុល្លារ ដោយកើនពី៨១លានដុល្លារនៅក្នុងឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។    មិនតែប៉ុណ្ណោះ ភាគីទាំងពីរ បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានរហូតដល់ ២០០លានដុល្លារថែមទៀត។    នៅក្នុងខែកុម្ភៈ អ្នកដែលកាន់លិខិតឆ្លងដែនវៀតណាម អាចទទួលបានទិដ្ឋាការទៅម៉ុងហ្គោលី តាមរយៈប្រព័ន្ធអេឡិចត្រូនិចថែមទៀត៕   
ប្រធានាធិបតីវៀតណាម វូ វ៉ាន់ធឿង និងសមភាគីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ដែលធ្វើទស្សនកិច្ចនៅវៀតណាម នៅថ្ងៃទី១ វិច្ឆិកា ធ្វើជាអធិបតីការចុះហត្ថលេខាលើការលុបចោលទិដ្ឋាការទៅវិញទៅមករវាងវៀតណាម និងម៉ុងហ្គោលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងវិស័យទេសចរណ៍ សម្រាប់ប្រជាជនទាំងពីរ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា តុលាការ កំណត់ឲ្យលោក សុខ ប៊ុន ជាប់ពន្ធនាគារទាំង៧ឆ្នាំ ដោយគ្មានការព្យួរទោសខ្លះ ដូចលើកមុនឡើយ។ ក្រៅពីលោក សុខ ប៊ុន នៅមានគ្នីគ្នារបស់លោក៥នាក់ទៀត ក៏ត្រូវជាប់ពន្ធនាគារដែរ។ ក្នុងចំណោមពួកគេទាំង៥នាក់ គឺ ២នាក់ ត្រូវជាប់ពន្ធនាគារ៧ឆ្នាំ ស្មើនឹងលោក សុខ ប៊ុន, ម្នាក់ ត្រូវជាប់ ពន្ធនាគារ៦ឆ្នាំ, ម្នាក់ទៀត ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ខណៈ ម្នាក់ចុងក្រោយ មានទោសធ្ងន់ជាងគេ គឺត្រូវជាប់ពន្ធនាគារដល់ទៅ១០ឆ្នាំ។ ក្រៅពីជាប់ពន្ធនាគារ តុលាការ នៅតម្រូវឲ្យពួកគេ បង់ថវិកា១០លានរៀលស្មើគ្នាក្នុងម្នាក់ៗ ចូលទៅរដ្ឋ។ ពួកគេទាំង៧នាក់ រងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការរំលោភយកដីសាធារណៈរបស់រដ្ឋ និងពាក់ព័ន្ធនឹងការក្លែងលិខិតបន្លំយកដីប្រជាពលរដ្ឋ នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។ ពួកគេ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននិងយកទៅសាកសួរ កាលពីពាក់កណ្តាលឆ្នាំ២០១៩ ហើយបន្ទាប់មកក៏បញ្ជូនពួកគេ ទៅតុលាការរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ចំពោះលោក សុខ ប៊ុន ដែលមានអាយុ៤១ឆ្នាំ តុលាការ រកឃើញថា លោក ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈ ផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ក្នុងរឿងដីធ្លីនេះ ដែលមានដល់ទៅរាប់រយហិកតា។  លោក សុខ ប៊ុន ធ្លាប់មានក្តីក្តាំនៅតុលាការម្តងរួចទៅហើយ កាលពីឆ្នាំ២០១៥  ដោយសារប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅ សាសា ជាអតីតពិធីការិនី។ កាលនោះ តុលាការរាជធានីភ្នំពេញ ឲ្យលោក ជាប់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោសតែ១០ខែប៉ុណ្ណោះ គឺមានន័យថា ២ឆ្នាំ២ខែទៀត លោក មិនស្ថិតក្នុងពន្ធនាគារនោះទេ។ មិនមែនតែលោក សុខ ប៊ុន ទេ ឧកញ៉ា និងអ្នកមានអំណាចផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងច្បាប់ដែរ។ ជាក់ស្តែង នៅដើមខែកក្កដា ឆ្នាំ២០២០នេះ ឧកញ៉ា សង ថន  ជាអ្នករកស៊ីខាងដីធ្លីដែរនោះ និង លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនទៅសួរ ហើយក៏បញ្ជូនទៅតុលាការរាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកទាំង២ កំពុងជាប់ឃុំបណ្តោះអាសន្ន រង់ចាំការកាត់ក្តី។   លោក សង ថន និង លោក ស៊ូ អារ៉ាហ្វាត់ ត្រូវសង្ស័យថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ មានការអះអាងថា ឧកញ៉ា សង ថន ដែលកាន់កាប់ដីប្រមាណ៥ពាន់ហិកតា ក្នុងស្រុកគាស់ក្រឡ ចាប់ផ្តើមមានទំនាស់ជាមួយប្រជាពលរដ្ឋ តាំងពីឆ្នាំ២០១៥មក។ រឿងរបស់លោក សង ថន និង លោក ស៊ូ អារ៉ាប់ហ្វាត់ ក៏បានលេចឮដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ឲ្យរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាក់ព័ន្ធ ដកហូតដីធ្លីទាំងនោះ ពីឧកញ៉ា សង ថន មកវិញ ដែលបានទន្ទ្រានយកដោយខុសច្បាប់ ហើយទុកចែកឲ្យប្រជាពលរដ្ឋ។ ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បន្តចាត់ការលើអ្នករំលោភដីរដ្ឋនិងដីប្រជាពលរដ្ឋ។ ប្រមុខរដ្ឋាភិបាល ផ្ញើសារព្រមានចេញពីគណៈរដ្ឋមន្រ្តីនាពេលនោះថា៖« ដំណាក់កាលនេះ ត្រូវវះកាត់រាល់ជនខិលខួចទាំងឡាយណា ដែលគប់គិតគ្នា យកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ...ត្រូវផ្តន្ទាទោស ហើយឈានដល់ការដកហូតមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង»៕
ឧកញ៉ា សុខ ប៊ុន អ្នករកស៊ីខាងដីធ្លី ត្រូវជាប់ពន្ធនាគារជាលើកទី២។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ផ្តន្ទាទោសលោក ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ក្រោមការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការរំលោភយកដីរដ្ឋនិងដីប្រជាជន។
រដ្ឋអាហ្វ្រិកស៊ីមបាវ៉េ នឹងរៀបចំការបោះឆ្នោតទូទៅនៅថ្ងៃទី៣០ ខែកក្កដា ដែលនេះជាការបោះឆ្នោតលើកទីមួយដែលគ្មានវត្តមានលោក រ៉ូបឺត មូហ្កាបេ ក្នុងរយៈពេលជាង៤០ឆ្នាំ។ ប្រធានាធិបតីបច្ចុប្បន្ននៃបក្សកាន់អំណាច Zanu-PF លោក Emmerson Mnangagwa និងគូប្រជែងសំខាន់លោក Nelson Chamisa នៃបក្ស MDC Alliance បានបញ្ចប់យុទ្ធនាការឃោសនាទ្រង់ទ្រាយធំនៅថ្ងៃទី២៨ ខែកក្កដា។ ទាំងលោក Mnangagwa ទាំងលោក Chamisa សុទ្ធតែអំពាវនាវប្រជាជនស៊ីមបាវ៉េដែលមានឈ្មោះបោះឆ្នោតជាង៥លាន៦សែននាក់ ឲ្យបោះឆ្នោតគាំទ្របក្សរៀងៗខ្លួន។ បេក្ខជនប្រធានាធិបតីទាំងពីរក៏ស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនរក្សាសន្តិភាពដើម្បីធានាថា ការបោះឆ្នោតនឹងធ្វើឡើងដោយរលូន។ រយៈពេលឃោសនាកន្លងមក បក្សធំទាំងពីរសុទ្ធតែបង្ហាញនយោបាយរបស់ខ្លួនដើម្បីទាក់ទាញចិត្តអ្នកគាំទ្រ ជាពិសេសយុវជន និងអ្នកបោះឆ្នោតនៅជនបទ។ ក្នុងការជួបជុំថ្ងៃចុងក្រោយក្នុងរដ្ឋធានីហារ៉ារ៉េ លោក Mnangagwa បានបង្ហាញក្ដីរំពឹងថា បក្សរបស់លោកនឹងទទួលជោគជ័យធំធេង។ ប្រធានាធិបតីដែលស្នងតំណែងលោក មូហ្កាបេ ក្នុងព្រឹត្តិការណ៍នយោបាយខែវិច្ឆិកា ឆ្នាំ២០១៧ បានសន្យាបង្កើនទំហំសេដ្ឋកិច្ច និងការពារបេតិកភណ្ឌរបស់ប្រទេសពេលខ្លួនឈ្នះឆ្នោត។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក Mnangagwa និយាយថា នៅថ្ងៃទី៣០ ខែកក្កដា យើងនឹងឈ្នះ។ ឯគូប្រជែងសំខាន់របស់លោក Mnangagwa គឺលោក Chamisa ក៏រំពឹងឈ្នះក្នុងការបោះឆ្នោតដែលមានអ្នកសង្កេតការណ៍ជាង៤០ប្រទេសរាប់ទាំងសហភាពអឺរ៉ុប និងអាមេរិកផងនោះ។ លោកបានដាក់ក្ដីសង្ឃឹមថា នឹងទទួលបានការគាំទ្រចំនួន៦៥ភាគរយដើម្បីបង្កើតរដ្ឋាភិបាលអាណត្តិក្រោយ និងដើម្បីបិទមាត់ក្រុមប្រឆាំង។ លោកសន្យាដោះស្រាយតម្រូវការរបស់ប្រជាជន និងបង្កើតសង្គមដែលគ្មានការរើសអើង ការគោរពសិទ្ធិកម្មករ និងការជំរុញសេដ្ឋកិច្ចផង។ បន្ថែមពីលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អ្នកបោះឆ្នោតស៊ីមបាវ៉េជាង៥.៦លាននាក់ នឹងបោះឆ្នោតជ្រើសរើសសមាជិកសភាផង។ បេក្ខជន២៣នាក់ នឹងប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី ឯបក្សចំនួន៥៥ ចូលរួមប្រជែងយកអាសនៈសភា។ នេះជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ ដែលសហភាពអឺរ៉ុប និងអាមេរិក បានបញ្ជូនអ្នកសង្កេតការណ៍ត្រួតពិនិត្យការបោះឆ្នោតនៅស៊ីមបាវ៉េ៕  
បក្សនយោបាយនៅស៊ីមបាវ៉េ នៅថ្ងៃទី២៨ ខែកក្កដា បានបិទបញ្ចប់យុទ្ធនាការស្វែងរកការគាំទ្រក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយគ្មានវត្តមានលោក រ៉ូបឺត មូហ្កាបេ ជាលើកដំបូង។ ទាំងបក្សកាន់អំណាច Zanu-PF របស់ប្រធានាធិបតី Emmerson Mnangagwa ដែលឡើងកាន់អំណាចជំនួសលោក មូហ្កាបេ និងបក្សប្រឆាំងសុទ្ធតែរំពឹងឈ្នះដូចគ្នា។ បក្សនយោបាយទាំងអស់ក៏អំពាវនាវឲ្យប្រជាជនរក្សារបៀបរៀបរយដើម្បីការបោះឆ្នោតមួយដែលមានសន្តិភាព។
ខ្មាន់កាំភ្លើង៤នាក់ ត្រូវបានចាប់ខ្លួនមិនយូរប៉ុន្មានក្រោយការវាយប្រហារទីតាំងប្រគំតន្ត្រី Crocus City Hall ដែលមកទល់ពេលនេះ មានស្លាប់ដល់ទៅ១៣៣នាក់ទៅហើយ។ ក្រុមរដ្ឋឥស្លាម ISIS-K ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅទឹកដីរុស្ស៊ីលើកនេះ ប៉ុន្តែគេក៏ឃើញមាននិន្នាការរុស្ស៊ីភ្ជាប់រឿងនេះទៅអ៊ុយក្រែនដែរ។   ក្នុងសុន្ទរកថាទៅកាន់ប្រជាជន លោក វ៉ា្លឌីមៀ ពូទីន និយាយថា ជាសរុប មនុស្ស១១នាក់ត្រូវចាប់ខ្លួន។ បើតាមលោក ពូទីន ដែលយោងតាមលទ្ធផលស៊ើបអង្កេតបឋម អ្នកទាំងនោះ ព្យាយាមលាក់ខ្លួន ហើយរត់ទៅអ៊ុយក្រែន ដែលបើកច្រកទទួលពួកគេជាស្រេច។ មុនលោក ពូទីន ចារកិច្ចរុស្ស៊ីក៏ព័ត៌មាននេះដូចគ្នាដែរ តែក៏មិនបានបញ្ចេញព័ស្តុតាងជាក់ស្ដែងណាមួយដែរ។   លោក ពូទីន បានហៅជនដៃដល់ជាភេរវកម្មអន្តរជាតិ ហើយប្រកាសត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋណាមួយដែលចង់កម្ចាត់ក្រុមជ្រុលនិយមនេះ។   «ជនល្មើសទាំងអស់ អ្នករៀបចំ និងអ្នកដែលបានបញ្ជាឱ្យប្រព្រឹត្តបទឧក្រិដ្ឋនេះ នឹងត្រូវទទួលទោសជៀសមិនរួច។ មិនថាពួកគេជាអ្នកណា អ្នកណាជាអ្នកណែនាំពួកគេឡើយ។ យើងនឹងកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មអ្នកនៅពីក្រោយពួកភេរវករ ដែលបានរៀបចំអំពើឃោរឃៅនេះ ការវាយប្រហារនេះប្រឆាំងនឹងរុស្ស៊ី ប្រឆាំងនឹងប្រជាជនរបស់យើង។» លោក ពូទីន ប្រកាសបែបនេះ។   សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Andrei Kartapolov និយាយថា ប្រសិនបើអ៊ុយក្រែនជាប់ពាក់ព័ន្ធ នោះរុស្ស៊ីត្រូវតែផ្តល់ការឆ្លើយតបឱ្យសក្តិសម ច្បាស់លាស់ និងជាក់ស្តែងនៅលើសមរភូមិ។   យ៉ាងណាមិញ អ្នកនាំពាក្យចារកិច្ចយោធាអ៊ុយក្រែនប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ៊ុយក្រែនមិនពាក់ព័ន្ធរឿងនេះឡើយ ហើយការពារទឹកដីរបស់ខ្លួនទល់អ្នកឈ្លានពាន មិនមែនជនស៊ីវិលទេ។    បណ្តាប្រទេសលោកខាងលិច រួមទាំងអាម៉េរិក បានថ្កោលទោសការវាយប្រហារនេះ។ មហាអំណាចប្លុកអារ៉ាប់ និងអតីតរដ្ឋសហភាពសូវៀតជាច្រើនក៏បានសម្តែងការតក់ស្លុត និងផ្ញើមរណទុក្ខផងដែរ៕  
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានប្ដេជ្ញាតាមរក និងដាក់ពិន័យចំពោះអ្នកនៅពីក្រោយការវាយប្រហារសាលប្រគំតន្ត្រីមួយកន្លែងក្បែររដ្ឋធានីមូស្គូនៅថ្ងៃទី២២ ខែមីនា ដែលសម្លាប់មនុស្សជាង១០០នាក់។ អាជ្ញាធររុស្ស៊ីក៏ចាប់ខ្លួនខ្មាន់កាំភ្លើង៤នាក់ដែរ ហើយបន្តស៊ើបអង្កេតអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងការវាយប្រហារដ៏បង្ហូរឈាមមួយនេះ។
  «ការបំពេញការងារជាន់គ្នារបស់ក្រសួងមួយចំនួន បានកើតឡើងជាយូរណាមកហើយ»។ នេះជាការមើលឃើញរបស់លោក សន ជ័យ ដែលបានតាមដានលើប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ហើយរកឃើញថា ការអនុវត្តការងាររបស់ក្រសួងទាំងនោះ មិនសូវផ្ដល់ប្រសិទ្ធភាពដល់ការអភិវឌ្ឍឡើយ។ មិនសូវផ្ដល់ផលវិជ្ជមាននោះ ដោយសារតែក្រសួងពាក់ព័ន្ធនានា មានការទទួលខុសត្រូវប្រហាក់ប្រហែលគ្នា ទើបពួកគេរុញបញ្ហានេះ ដាក់គ្នាទៅវិញទៅមក។   ក្នុងន័យនេះប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានពន្យល់ថា នៅពេលដែលពលរដ្ឋដាក់សំណើពីបញ្ហាប្រព័ន្ធធារាសាស្ត្រ ទៅកាន់មន្ត្រីកសិកម្មនោះ គឺមន្ត្រីកសិកម្ម នឹងរុញបញ្ហានេះ ទៅកាន់ក្រសួងធនធានទឹកវិញ ដោយសម្អាងថា វាមិនមែនស្ថិតនៅក្នុងដែនគម្រោងខ្លួន។ ដោយសារមើលឃើញបែបនេះហើយ ទើបលោក សន ជ័យ យល់ថា ការបែងចែកការងារក្រសួង ដោយនៅមានភាពស្រដៀងគ្នានេះ វាជាឧបសគ្គដល់ការអភិវឌ្ឍ។   សំឡេងលោក សន ជ័យ៖   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពរូបនេះ បាននិយាយដូច្នេះថា៖«សម្រាប់ខ្ញុំ នៅតែយល់ថា ភាពមិនដាច់ស្រេចនៃការទទួលខុសត្រូវ នៅតាមវិស័យរបស់ក្រសួង ដែលមានច្រើនសម្បូរហូរហៀរសព្វថ្ងៃនេះ វាមិនមែនជាវឌ្ឍនភាព ប៉ុន្តែវាក៏ជាឧបសគ្គដល់ការអភិវឌ្ឍ ឬក៏ដល់ការអនុវត្តការងាររបស់ក្រសួងមួយចំនួនដែរ ដែលមានការពាក់ព័ន្ធគ្នា ឬក៏ការជាន់គ្នាទៅដល់ជំនាញប្រហាក់ប្រហែល»។   កាលពីថ្ងៃទី៩ សីហា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងពីបញ្ហាជាន់ការងាររវាងក្រសួងកសិកម្ម និងក្រសួងធនធានទឹក ថា ផ្នែកមួយចំនួននៅក្នុងការងារកសិកម្មនេះ វាមានភាពស្រដៀងគ្នា ដែលលោកក៏ពិបាកនឹងអនុវត្តដែរ ។ ថ្លែងក្នុងកម្មវិធីមហាសន្និបាត និងបោះឆ្នោតអាណត្តិទី៣របស់សហព័ន្ធស្រូវអង្ករកម្ពុជា លោក វេង សាខុន បាននិយាយដូច្នេះថា៖«ខ្ញុំឥឡូវនេះ លែងហ៊ានទៅដល់វាលស្រែហើយ ឱ្យតែដល់វាលស្រែហ្នឹង គឺជាកន្លែងប្រយុទ្ធរបស់គេ (ក្រសួងធនធានទឹក) ថាខ្ញុំទៅលូកលាន់ការងាររបស់គេ មិនអាចទៅមើលស្រូវបានទេឥឡូវនេះ គឺថាវាយប្រហារតែម្ដង ហាក់ដូចជាមិនត្រូវគ្នា»។   អត្ថបទទាក់ទង   រដ្ឋមន្ត្រីកសិកម្ម ពិបាកចិត្តរឿងជាន់ការងារជាមួយក្រសួងធនធានទឹក  លោក វេង សាខុន បានចាត់ទុកផ្នែកធនធានទឹក ឬប្រព័ន្ធធារាសាស្ត្រ ជាគន្លឹះសម្រាប់ជំរុញវិស័យកសិកម្ម តែផ្នែកនេះហាក់មិនសូវរីកចម្រើនឆ្លើយតបនឹងសម័យកាលប្រកួតប្រជែង។ «បញ្ហាទឹកជាបញ្ហាគន្លឹះដ៏ធំ ដែលហាក់បីដូចជានៅទ្រឹង មិនសូវជឿនលឿនប៉ុន្មាន»។ នេះជាការបញ្ជាក់របស់លោក វេង សាខុន។   ត្រង់ចំណុចនេះអ្នកវិភាគ មើលឃើញថា សម្តីរបស់លោក វេង សាខុន បង្ហាញពីភាពអវិជ្ជមាន ឬការមិនយល់ចិត្តគ្នា ក្នុងកិច្ចសហការរបស់អន្តរក្រសួង។ លោក មាស នី បាននិយាយថា ការសហការនៃអន្តរក្រសួងកន្លងមកនេះ វាមិនបានផ្ដល់ផលវិជ្ជមានភ្លាមៗដល់ពលរដ្ឋនោះទេ ពោលគឺទាល់តែមានសម្តីបញ្ជាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។    សំឡេងលោក មាស នី៖   «ការត្អូញរបស់រដ្ឋមន្ត្រីកសិកម្មនេះ វាមានទិដ្ឋភាពមួយសំខាន់ គឺទី១ យើងត្រូវទទួលស្គាល់ថា ការធ្វើការអន្តរក្រសួង បានន័យថា កិច្ចសហការរវាងក្រសួងនេះ ឱ្យតែលើសពីមួយ គឺពិបាកគ្រប់គ្នា មិនមែនតែក្រសួងកសិកម្មមួយទេ។ លើកលែងតែក្រសួងមួយហ្នឹង ធ្វើការងារក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រីតែម្ដង បានយើងឃើញស្ទុះស្ទា រត់ផងដើរផង។ ប៉ុន្តែបើឱ្យក្រសួងនីមួយៗធ្វើការរួមគ្នានោះ អ្វីដែលជាការត្អូញដែលខ្ញុំឃើញនោះ មិនមែនតែរដ្ឋមន្ត្រីក្រសួងកសិកម្មទេ គឺនៅខាងក្រសួងដទៃទៀតក៏ដូចគ្នាដែរ គឺថាម្នាក់ៗ(ថ្នាក់ដឹកនាំក្រសួងនីមួយៗ) ហាក់ដូចជាតាំងខ្លួនធ្វើជាស្ដេចត្រាញ់រៀងខ្លួន»។ នេះជាការយល់ឃើញរបស់លោក មាស នី ដែលនិយាយបន្ថែមថា ការបែងចែកក្រសួងកន្លងមកនេះ វាបង្ហាញពីទម្រង់ក្បាលធំជាងខ្លួន ដែលទំនងជារដ្ឋាភិបាលបង្កើតឡើង ដើម្បីចែកកន្លែងគ្នាអង្គុយប៉ុណ្ណោះ។   ទាំងលោក មាស នី ទាំងលោក សន ជ័យ សុទ្ធតែស្នើឱ្យរដ្ឋាភិបាលពិចារណាកែទម្រង់ឡើងវិញ ក្នុងការបង្រួមក្រសួងពាក់ព័ន្ធនានាមកសល់ត្រឹមតែ១៦ ទៅ ១៨ អង្គភាពបានហើយ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តការងារតាមគោលនយោបាយរដ្ឋាភិបាល។ ក្នុងនោះក្រសួងពាក់ព័ន្ធ ដែលអ្នកទាំងពីរមើលឃើញថា គួរតែច្របាច់បញ្ចូលគ្នាតែមួយនោះ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងធនធានទឹក, ក្រសួងអភិវឌ្ឍន៍ជនបទជាដើម។ ចំណែកក្រសួងរ៉ែ និងថាមពល ,ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏រួមបញ្ចូលគ្នាវិញដែរ។   តែយ៉ាងណាអ្នកនាំពាក្យអង្គភាពរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននិយាយថា ការបំពេញការងាររបស់ក្រសួងពាក់ព័ន្ធនានា បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនេះ មានប្រសិទ្ធភាពជាច្រើនមកហើយ តាមរយៈសមិទ្ធផលរបស់រដ្ឋាភិបាល។ «បើយើងពិនិត្យមើលទៅក្នុងច្បាប់នៃការប្រព្រឹត្តិទៅរបស់ក្រសួងនីមួយៗ គេបានចែងច្បាស់លាស់ណាស់ពីកាតព្វកិច្ចនៅក្នុងការបំពេញ ឬក្នុងការទទួលខុសត្រូវដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់លាស់។  ឯការួម(ក្រសួងពាក់ព័ន្ធ)បញ្ចូលគ្នា វាជាភារកិច្ចរបស់នាយករដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ»។ នេះជាការឆ្លើយតបរបស់ អ្នកនាំពាក្យអង្គភាពរដ្ឋាភិបាល ដែលបានអះអាងថា ការបែងចែកក្រសួងកន្លងមក ដើម្បីបង្កើនប្រសិទ្ធភាពការងារ មិនមែនដើម្បីចែកកៅអីគ្នាអង្គុយនោះទេ។   សំឡេងលោក ផៃ ស៊ីផាន៖   បច្ចុប្បន្ននេះ កម្ពុជា មានក្រសួង និងស្ថាប័នធំៗ ចំនួន២៨ ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ ,ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងអភិវឌ្ឍន៍ជនបទ , ក្រសួងពាណិជ្ជកម្ម ,ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ,ក្រសួងផែនការ ,ក្រសួងអប់រំ យុវជន និងកីឡា ,ក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា ,ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ក្រសួងបរិស្ថាន ,ក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងព័ត៌មាន ,ក្រសួងយុត្តិធម៌ ,ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ,ក្រសួងសុខាភិបាល ,ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ,ក្រសួងទេសចរណ៍ ,ក្រសួងធម្មការ និងសាសនា ,ក្រសួងកិច្ចការនារី , ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងព្រះបរមរាជវាំង៕  
ភ្នំពេញ៖ រដ្ឋាភិបាល គួរតែពិចារណាបង្រួមក្រសួងវិញ ដើម្បីបម្រើផលប្រយោន៍ឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ ។ នេះជាការលើកឡើងរបស់អ្នកតាមដានស្ថានការណ៍សង្គម បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកពីបញ្ហាបំពេញការងារជាន់គ្នាជាមួយក្រសួងធនធានទឹក និងឧតុនិយម។
  ជាប្រពៃណីនៅរាល់ការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិកទៅកាន់កិច្ចប្រជុំរួមសភា ប្រធានព្រឹទ្ធសភា និងប្រធានសភាតំណាងតែងអង្គុយពីក្រោយ។ ជាលើកដំបូងប្រវត្តិសាស្រ្តអាមេរិក តំណែងទាំងពីរនេះ កំពុងកាន់កាប់ដោយស្រ្តី។ នោះគឺលោកស្រី កាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតីស្រ្តីទីមួយ ជាប្រធានព្រឹទ្ធសភា និងលោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងមកពីបក្សប្រជាធិបតេយ្យ។   លោក ចូ បៃឌិន ប្រើប្រាស់សុន្ទរកថាលើកដំបូងរបស់លោកដើម្បីអបអរព្រឹត្តិការណ៍ពិសេសនេះ។    «អរគុណលោកស្រីប្រធាន និងលោកស្រីអនុប្រធានាធិបតី។ គ្មានប្រធានាធិបតីណានិយាយពាក្យនេះពីវេទិកានេះឡើយ។ វាដល់ពេលហើយ។» លោក បៃឌិន និយាយបែបនេះក្នុងកិច្ចស្វាគមន៍ទៅកាន់ស្រ្តីកំពូលទាំងពីរដែលនៅលំដាប់ទីមួយ និងទីពីរដើម្បីបន្តតំណែងពីលោកក្នុងករណីមានបញ្ហាកើតឡើង។    លោកស្រី ហារីស ជាប់ឆ្នោតជាមួយលោក បៃឌិន កាលពីការបោះឆ្នោតឆ្នាំ២០២០ កន្លងទៅ។ លោកស្រីជាស្រ្តីដំបូង និងមិនមែនបុគ្គលស្បែកសដំបូងដែលកាន់តំណែងអនុប្រធានាធិបតី។ ចំណែកលោកស្រី ផេឡូស៊ី ជាអ្នកនយោបាយជើងចាស់ម្នាក់ ដែលកាន់តំណែងប្រធានសភាតំណាងតាំងពីឆ្នាំ២០១៩ មក។ លោកស្រីជាអ្នកដឹកនាំការបោះឆ្នោតចោទប្រកាន់ពីរដងលើលោក ដូណាល់ ត្រាំ ៕    
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២៨ ខែមេសា (ម៉ោងអាមេរិក) បានថ្លែងសុន្ទរកថាទៅកាន់សភាជាលើកដំបូងក្នុងនាមជាប្រធានាធិបតី។ អ្វីគួរឱ្យចាប់អារម្មណ៍នោះ នៅពីក្រោយរូបលោក មានស្ត្រីដល់ទៅពីរនាក់ គឺអនុប្រធានាធិបតី កាម៉ាឡា ហារីស និងប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តអាមេរិក។ លោក បៃឌិន ថ្លែងគោលនយោបាយយ៉ាងច្រើនរាប់ពីបញ្ហាក្នុងស្រុកដល់បរទេស។
កម្ពុជា បាននាំចេញអង្ករចំនួន ៣២៩ ៦៣៣តោន ទៅកាន់ប្រទេស ៥២ ក្នុងនោះនាំចេញទៅចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ១៣៨ ៣៦៤តោន។ ចំណែកការនាំចេញទៅទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស មានចំនួន ១២២ ១១៧តោន, ៤ប្រទេសនៅអាស៊ាន មានចំនួន ២៨ ១១០តោន និង២១ប្រទេសផ្សេង មានចំនួន ៤១ ០៤២តោន។    ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១ឆ្នាំនេះ កើនឡើង ០,៧៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៣២៧ ២០០តោន។ បរិមាណនៃការនាំចេញនេះ គិតជាទឹកប្រាក់មានចំនួន ២២៩,លានដុល្លារ។     រូបភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា អង្ករដែលបាននាំចេញទៅក្រៅប្រទេស មានដូចជា អង្ករក្រអូបគ្រប់ប្រភេទ, អង្ករសគ្រាប់វែង, អង្ករសគ្រាប់ខ្លី, អង្ករចំហ៊ុយ និងអង្ករសរីរាង្គ។ ក្រៅពីនាំចេញអង្ករ កម្ពុជា ក៏បាននាំចេញស្រូវ ចំនួន ២ ២២៤ ៩១៣តោន ទៅកាន់ប្រទេសជិតខាងផងដែរ៕  
ភ្នំពេញ៖ រយៈពេល ៦ខែ នៃឆ្នាំ២០២៣ កម្ពុជា សម្រេចបានការនាំចេញអង្ករជិត ៣៣ម៉ឺនតោន ស្មើនឹង ២២៩,២៣ លានដុល្លារ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញនៅឆមាសទី១នេះ សម្រេចបានជិត ៥០ភាគរយ នៃផែនការ ៧០ម៉ឺនតោន។
  ការបង្ហាញជំហររបស់លោក ឆាយ គឹមខឿន គឺជាការឆ្លើយតបនឹងសំណួររបស់ក្រុមសារព័ត៌មានក្នុងស្រុក ដែលចង់ដឹងអំពីប្រតិកម្មរបស់ស្ថាប័ននគរបាលកម្ពុជា ជុំវិញចំណាត់ការរបស់នគរបាលហុងកុង ទៅលើក្រុមបាតុករ។ គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រង់សម្តីរបស់លោក ឆាយ គឹម ខឿន ទៅចុះផ្សាយថា៖«យើង អត់ចង់ឃើញស្ថានការណ៍អាប់អួ ប្រកបទៅដោយមហន្ដរាយបែបនេះទេ»។   អគ្គស្នងការរងរូបនេះ បន្តថា៖«ជាទស្សនៈ និងជាជំហររបស់យើង គឺយើងគាំទ្រចំពោះរដ្ឋាភិបាលហុងកុង ក្នុងការចាត់វិធានការសមស្រប ដើម្បីអនុវត្ដវិធានការច្បាប់ ដើម្បីស្រោចស្រង់ និងដោះស្រាយសភាពការណ៍ ដែលបានកើតឡើង និងកំពុងតែគំរាមកំហែងទីក្រុងហុងកុង រហូតដល់ថ្ងៃនេះ។ នេះ គឺជាភាពចាំបាច់ ដែលត្រូវដោះស្រាយ ដើម្បីស្ដារប្រក្រតីភាព ដើម្បីពង្រឹងស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម នៅទីក្រុងហុងកុង ឲ្យបានល្អប្រសើរឡើងវិញ»។  កាលពីខែសីហា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្ររដ្ឋាភិបាលចិន និងតំបន់រដ្ឋបាលហុងកុងផងដែរ ក្នុងការចាត់វិធានការទៅលើក្រុមបាតុករ។ តាមរយៈសេចក្តីថ្លែងការណ៍នាពេលនោះ ក្រសួងការបរទេសកម្ពុជា សរសេរដូច្នេះថា៖«កម្ពុជា ចង់ឃើញការវិលត្រឡប់មករកប្រក្រតីភាពឲ្យបានឆាប់នូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជនហុងកុងទាំងមូល»៕    
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា បានបង្ហាញការគាំទ្រលើចំណាត់ការនិងការអនុវត្តច្បាប់របស់រដ្ឋាភិបាលហុងកុង ដើម្បីស្តារទីក្រុងហុងកុង ឲ្យវិលទៅរកសភាពដើមវិញ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Chang Ung តំណាងរបស់កូរ៉េខាងជើងនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយនៅថ្ងៃទី២០ ខែកុម្ភៈនេះថា កូរ៉េខាងជើងកំពុងពិរណាយករមណីយដ្ឋានជិះស្គីដ៏ធំមួយរបស់ខ្លួនឈ្មោះថា Masikryong Ski Resort ដើម្បីជាទីសម្រាប់ការប្រកួតកីឡានេះ។ មន្ត្រីរបស់កូរ៉េខាងជើងខាងលើលើកឡើងដូច្នេះនៅក្រោយពីរបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីអភិបាលខេត្តកូរ៉េខាងត្បូងបានពិភាក្សាគ្នាក្នុងខេត្ត Gangwon ជាទីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា (Pyeongchang 2018) ប្រទេសកូរ៉េខាងត្បូងអំពីការដាក់សំណើរធ្វើម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងាឆ្នាំ២០២១ខាងមុខនេះដែរ។ ប្រសិនបើកូរ៉េទាំងពីរពិតជាអាចដេញថ្លៃរួមគ្នាធ្វើជាម្ចាស់ផ្ទះមែននោះគឺជារឿងល្អបំផុតលើបញ្ហានយោបាយបច្ចុប្បន្ន ខណៈលទ្ធផលវិជ្ជមានជាច្រើនរវាងប្រទេសជាប់របងគ្នានេះកំពុងដើរទៅមុខយ៉ាងល្អក្រោយជំនួបចរចាកន្លងមក។ មួយវិញទៀតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០១៨ដែលក្រុងព្យុងឆាងធ្វើជាម្ចាស់ផ្ទះនេះ ខាងភាគីកូរ៉េខាងត្បូងបានព្យាយាមទាញកូរ៉េខាងជើងឲ្យមកចូលរួមប្រកួតប្រជែងជាពិសេសបំផុតជាមួយនឹងការចំណាថវិការជាច្រើនផងដែរ៕
កូរ៉េខាងជើងគ្រោងរួមគ្នាជាមួយកូរ៉េខាងត្បូងដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីរដូវរងា (Asian Winter Games) ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
វិទ្យាស្ថាន CamEd Business School  គឺជាវិទ្យាស្ថានពាណិជ្ជកម្ម    ដែលគ្រប់គ្រង និងដឹកនាំដោយជនជាតិអាមេរិក។ យើងបានផ្ដោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១.ការទទួលស្គាល់គុណភាពអប់រំ គុណភាពនៃការបណ្ដុះបណ្ដាលកម្រិតខ្ពស់បំផុត ផ្លាកទីនីម (Platinum) នៅកម្ពុជា។ ក្រោមការសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមប្រឹក្សាជាតិគណនេយ្យ (NAC) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាជាតិគណនេយ្យ គឺជាអ្នកកំណត់ស្ដង់ដារគណនេយ្យនៅប្រទេសកម្ពុជា។ ការរៀបចំការប្រឡង និងការកែទៅលើវិញ្ញាសារប្រឡង ដោយសា្ថប័នសមាគមគណនេយ្យករជំនាញ ហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ដោយ ១៨៣ប្រទេស។ លោកអ្នកនឹងទទួលបានសញ្ញាបត្រ ២ ក្នុងកម្មវិធីសិក្សាតែមួយ ដោយមានការទទួលស្គាល់ទាំងក្នុងស្រុក និងអន្តរជាតិ។ ២.សាស្ត្រាចារ្យ គុណភាពនៃកម្មវិធីសិក្សាអាចដំណើរការបានល្អ ដោយពឹងផ្អែកទៅលើគុណភាពរបស់សាស្ត្រាចារ្យ។ សាស្ត្រាចារ្យទាំងអស់នៅវិទ្យាស្ថាន  CamEd Business School  សុទ្ធតែមានគុណវុឌ្ឍិ និងបទពិសោធន៍កម្រិតស្ដង់ដារអន្តរជាតិ ដែលត្រូវបានឆ្លងកាត់ដំណើរការនៃការជ្រើសរើសតាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ ដែលអញ្ជើញមកពីបណ្ដាប្រទេសនានាដូចជា៖ សហរដ្ឋអាមេរិក អង់គ្លេស ហុងកុង សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីនជាដើម។ល។ ៣.សេវាកម្មការងារសម្រាប់និស្សិត វិទ្យាស្ថាន CamEd Business School បានបណ្ដុះបណ្ដាលអ្នកជំនាញមកពីបណ្ដាក្រុមហ៊ុន ដែលឈានមុខគេ នៅប្រទេសកម្ពុជាជាច្រើនដូចជា៖ ក្រុមហ៊ុនសវនកម្មខ្នាតអន្តរជាតិ  PwC KPMG Ernst &Young Deloitte ធនាគារកាណាឌីយ៉ា និងធនាគារ ANZ Royal ។ យើងបានផ្ដល់នូវសេវាកម្មស្វែងរកការងារជូនដល់និស្សិត តាមរយៈការផ្គត់ផ្គង់និស្សិតជាមួយនឹងក្រុមហ៊ុនទាំងនោះ។ និស្សិត CamEd Business School ត្រូវបានទទួលស្គាល់ និងស្ថិតនៅក្នុងតម្រូវការខ្ពស់ពីសំណាក់និយោជក ដោយសារតែជំនាញឯកទេសគណនេយ្យដ៏ប៉ិនប្រសព្វ និងការប្រកាន់ភ្ជាក់នូវវិន័យក៏ដូចជាកម្រិតភាសាអង់គ្លេសបែបស្ដង់ដារអន្តរជាតិ។ អ្វីដែលជាតួរលេខចុងក្រោយ បើយោងតាមរបាយការណ៍ការងាររបស់មន្ត្រីទទួលបន្ទុកប្រឹក្សាការងារ (Career Services Department) នៃវិទ្យាស្ថាន CamEd Business School បានបង្ហាញអោយឃើញថា និស្សិតប្រមាណជា ៩៥% នៃចំនួននិស្សិតសរុប ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០១៦  គឺទទួលបានឱកាសការងារដោយជោគជ័យក្នុងមុខតំណែងសំខាន់ៗ     នៅតាមបណ្ដាក្រុមហ៊ុនឯកជនធំៗជាច្រើន ក្នុងស្រុកតាមរយៈសា្ថប័នទទួលបន្ទុកការងារនេះ។   ៤.សកម្មភាពផ្សេង សមាគមនិស្សិត កីឡា ព្រឹត្តិការណ៍សង្គម សប្បុរសធម៌ ពិធីបុណ្យវប្បធម៌ ការបោះជំរុំ និងដំណើរកម្សាន្តប្រចាំឆ្នាំ នៃវិទ្យាសា្ថន CamEd Business School បានផ្ដល់នូវអត្ថប្រយោជន៏ជាច្រើនដល់និស្សិតទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីជម្រុញឲ្យនិស្សិតចេះកសាងនូវទំនុកចិត្ត បទពិសោធន៍ជំនាញវិជ្ជាជីវៈ ការប្រកួតប្រជែង ការចេះសាមគ្គីភាពក្នុងការធ្វើការងារជាក្រុម និងភាពជាអ្នកដឹកនាំទៅថ្ងៃអនាគត។   បើយើងក្រឡេកមើលអំពីទីផ្សារការងារបច្ចុប្បន្ន នៅតាមបណ្ដាគេហទំព័រការងារតាមវេបសាយ (Website) ផ្សេងៗ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ តាមធនាគារ នៅតែមានតម្រូវការការងារខ្ពស់ ដោយមានការប្រកាសជ្រើសរើសជាច្រើន នៅតាមបណ្ដាក្រុមហ៊ុនឯកជននានា ដែលទាមទារឲ្យអ្នកដាក់ពាក្យចូលធ្វើការត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់បម្រើការងារនោះ។ វិទ្យាស្ថាន CamEd Business School បានផ្ដល់នូវជំនាញបីសំខាន់ក៏ពិតមែន ប៉ុន្តែនិស្សិត CamEd នឹងទទួលបានការបណ្ដុះបណ្ដាទៅលើមុខវិជ្ជាសំខាន់ៗផ្សេងទៀត ដែលទាក់ទងទៅនឹងពាណិជ្ជកម្ម រួមមានដូចជា៖ ជំនាញកុំព្យូទ័រ ភាសាអង់គ្លេស ការសិក្សាពីទីផ្សារ ម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច ច្បាប់ពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍ពន្ធដារកម្ពុជា និងបរិបថអាជីវកម្មអន្តរជាតិជាដើម។    ជាពិសេសភាពត្រឹមត្រូវនៃការរៀបចំរបាយការណ៏ហិរញ្ញវត្ថុ (Financial Statement) ស្របតាមស្ដង់ដារគណនេយ្យអន្តរជាតិ IFRS រួមទាំងបញ្ហាផ្សេងៗក្នុងការដោះស្រាយកំហុសឆ្គងគណនេយ្យ។ ទទួលចុះឈ្មោះសិក្សាថ្នាក់បរិញ្ញាបត្រ ចាប់ពីពេលថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧។ ដាក់ពាក្យសិក្សាតាមរយៈគេហទំព័រ www.cam-ed.com។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល [email protected] ឬ ទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ។ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ អ្នកមានជម្រើសច្រើនសម្រាប់បន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យនានា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី១២ ដើម្បីសម្រេចក្ដីស្រមៃនៃអាជីពការងាររបស់អ្នកនាថ្ងៃអនាគត។ លោកអ្នកអាចចាប់ផ្ដើមបាន ប្រសិនបើលោកអ្នកស្រលាញ់អាជីពការងារជា គណនេយ្យករ សវនករ អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកវិភាគអាជីវកម្ម មន្ត្រីពន្ធដារ ឬជាអ្នកធនាគារ ដោយសិក្សាជាមួយថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថាន CamEd Business School បូករួមទាំងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ ហៅកាត់ថា CAT  ដែលមានការទទួលស្គាល់ជាលក្ខណៈស្ដង់ដារអន្តរជាតិផងដែរ។
    ការបន្តកសាងមូលដ្ឋានគណបក្សដែលមានដូចជាអគារសាខាគណបក្ស និងហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋាន គឺបញ្ហាដែលសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវបន្តកសាងពិតមែនហើយ។ ប៉ុន្តែសម្រាប់សម្តេច ស ខេង ដែលជាអនុប្រធានគណបក្សកាន់អំណាចផងនោះ ការស្វែងរកការគាំទ្រពីសំណាក់អ្នកដែលមិនមែនជាជាសមាជិកគណបក្ស គឺរឹតតែសំខាន់សម្រាប់ប្រជាប្រិយភាពគណបក្ស។ សម្តេចបានបញ្ជាក់ថា៖«មូលដ្ឋានក្នុងការកសាងកម្លាំងនយោបាយរបស់គណបក្ស គឺអំពើល្អជាមួយប្រជាជន។ ធ្វើអ្វីដែលការពារសិទ្ធិ និងផលប្រយោជន៍ដល់ប្រជាជន។ បើធ្វើតាមអំណាចរបស់យើង ប្រជាជនមិនគាំទ្រទេ។ គេមិនបោះឆ្នោតឱ្យយើងទេ។ យើងប្រកាន់របបបោះឆ្នោត។ មិនមែនឡើងកាន់អំណាច តាមយោធាឯណា!»។   សម្តេច ស ខេង ក៏បានដាស់តឿនដល់មន្ត្រីគណបក្សដែលកំពុងកាន់តួនាទីនៅក្នុងរដ្ឋាភិបាលផងនោះ ដោយមិនឱ្យពួកគេ គំរាមកំហែង រំលោភអំណាចលើប្រជាជននោះឡើយ៕
សម្តេច ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំឭកសមាជិកគណបក្សប្រជាជនកម្ពុជារបស់លោក ឱ្យពង្រឹងគុណភាពនៃការបម្រើប្រជាជន ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត។ សេចក្តីណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ភោធអគារសាខាគណបក្សនៅក្នុងស្រុកព្រះស្តេចនៃខេត្តព្រៃវែងនាថ្ងៃសៅរ៍ទី៨ខែកុម្ភៈ។
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖   
កុមារា នៅ កោសល្យ ជ័យលាភីលេខ២ ផ្នែកស្មូតកំណាព្យ និងជាសិស្សនៃវិទ្យាល័យហ៊ុន សែន ១០០ខ្នង រាជធានីភ្នំពេញ បានឡើងស្មូតកំណាព្យ  ពុកម៉ែជាព្រះរស់របស់កូន (បទពាក្យ៧ ) ស្មូតបែប កុមារបាព៌ ក្នុងកម្មវិធីសូត្រមន្ត នៅសាលាវិទ្យាល័យហ៊ុនសែន១០០ខ្នង នាព្រឹកថ្ងៃទី ៣១ ខែមីនា។ បទនេះ ត្រូវបាននិពន្ធដោយលោកគ្រូ គង់ ភារិន ។
  ការប្រកួតពានប្រចាំឆ្នាំមានការចូលរួមពីក្លិបជើងឯកប្រចាំសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបចំនួន៦នេះ ម្ចាស់ជើងឯក Champions League ហង្សក្រហមនឹងត្រូវឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្តង។   កាតាទទួលបានសិទ្ធិរៀបចំការប្រកួត FIFA Club World Cup ពីរលើកជាប់គ្នាតែម្តង ពោលគឺឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ ពួកគេក៏នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup នៅឆ្នាំ ២០២២ ផងដែរ។   Liverpool បង្ហាញខ្លួនលើកចុងក្រោយសម្រាប់ពាន Club World Cup នេះនៅឆ្នាំ២០០៥ ក្នុងប្រទេសជប៉ុន ដែលកាលនោះពួកគេចាញ់ក្រុមជើងឯកអាមេរិកខាងត្បូង Sao Paulo ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។   កាលពីឆ្នាំ២០១៨ ក្រុមយក្សអេស្ប៉ាញ Real Madrid ជាម្ចាស់ពានរង្វាន់ Club World Cup នេះ តាមរយៈការយកឈ្នះក្រុម Al-Ain របស់អេមីរ៉ាតអារ៉ាប់រួមក្នុងលទ្ធផល ៤-១។ ក្រុមរហស្សនាមស្តេចសក្លាយជាក្រុមដែលជោគជ័យជាងគេបន្ទាប់ពីពួកគេឈ្នះពាននេះជាកំណត់ត្រារហូតដល់ទៅ៤ដង ពោលគឺនៅឆ្នាំ២០១៤ ឆ្នាំ២០១៦ ឆ្នាំ២០១៧ និង២០១៨។    Barcelona ទទួលបាន៣លើកនៅឆ្នាំ២០០៩ ឆ្នាំ២០១១ និងឆ្នាំ២០១៥ ខណៈក្លិបប្រេស៊ីល Corinthiants បានឈ្នះបាន២លើក។ ក្លិបដែលមានប្រវត្តិលើកពាន FIFA Club World Cup មួយលើករួមមាន Sao Paulo (ប្រេស៊ីល) Internacional (ប្រេស៊ីល), AC Milan (អ៊ីតាលី), Manchester United (អង់គ្លេស), Inter Milan (អ៊ីតាលី) និង Bayern Munich (អាល្លឺម៉ង់)៕  
Liverpool នឹងធ្វើដំណើរទៅកាន់ប្រទេសកាតានៅខែធ្នូ ចុងឆ្នាំនេះដើម្បីប្រកួតប្រជែងពានរង្វាន់ FIFA Club World Cup ឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋឈូងសមុទ្រមួយនេះទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។
  ១. ព្យាបាលមុន   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសចំនិតខ្ទឹមសស្រស់ៗលើមុន ឬបុកខ្ទឹមសឱ្យម៉ដ្ឋយកទឹកខ្ទឹមសស្រស់លាបម៉ាស្សាលើមុន រួចលាងសម្អាតចេញជាមួយទឹកសម្អាតនិងសាប៊ូកម្រិតស្រាល។   ២. ទប់ស្កាត់សក់ជ្រុះ   អ្នកអាចលាយទឹកខ្ទឹមសស្រស់ជាមួយប្រេងជីអង្កាម។ រួចលាបម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនិងកក់សក់នៅថ្ងៃបន្ទាប់។ អ្នកអាចអនុវត្តរូបមន្តនេះពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។   ៣. ជួយគ្រប់គ្រងទម្ងន់   ក្រៅពីជួយពន្លឿនការដុតរំលាយអាហារហើយនោះ ខ្ទឹមសក៏មានផ្ទុកសារធាតុ ajoene ជួយបំផ្លាញជាតិខ្លាញ់មិនល្អដែលស្ដុកទុកក្នុងរាងកាយ។ ខ្ទឹមសថែមទាំងជួយដុតបំផ្លាញជាតិកាឡូរីដែលលើសផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីសម្រក ឬរក្សាទម្ងន់សមស្របដូចបច្ចុប្បន្ន។   ៤. សុខភាពស្បែក   ក្រៅពីជួយបន្ថែមក្លិននិងរសជាតិដល់អាហារហើយនោះ ខ្ទឹមសក៏បង្កើនការផលិតកូឡាជែនផងដែរ។ ខ្ទឹមសមានផ្ទុកសារធាតុ sulfur ដែលអាចបញ្ឈប់ការបំបែកកូឡាជែនល្អសម្រាប់សុខភាពស្បែកក្មេងជាងវ័យ។   ៥. កម្ចាត់អង្គែ   អ្នកអាចលាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយជាមួយខ្ទឹមសម៉ដ្ឋឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកក្បាលនិងសក់ដោយម៉ាស្សាថ្នមៗ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមកក់សក់លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញជាប្រចាំ៕   ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានខ្ទឹមស ហើយក៏បានដឹងពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាព។ ទោះជាយ៉ាងណាប្រហែលជាមិនដែលចាប់អារម្មណ៍ដឹងពីការប្រើប្រាស់ខ្ទឹមសដោះស្រាយបញ្ហាសម្រស់ឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ខ្ទឹមសដោះស្រាយបញ្ហាសម្រស់មួយចំនួន ៖
  ក្នុងរបាយការណ៍មួយ ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC) បានពិភាក្សាពីដំណើរនៃការផ្លាស់ប្តូររបស់ភពផែនដី រួមទាំងផលប៉ះពាល់នៃការផ្លាស់ប្តូរនៅថ្ងៃអនាគត។ របាយការណ៍នោះ បានបង្ហាញថាកម្រិតឧស្ម័ន CO2 កំពុងកើនឡើងនៅក្នុងបរិយាកាសផែនដីដែលអាចនឹងបង្កើនកម្តៅ ១.៥អង្សាបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០ ខាងមុខ។ ជាមួយគ្នានេះ វាក៏ប៉ះពាល់ដល់ការប្រែប្រួលរបបទឹកភ្លៀងដែលធ្វើឱ្យមានគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតជាដើម។    គ្រោះធម្មជាតិទាំងនោះ មានទំនាក់ទំនងជាមួយនឹងការកកើតសត្វល្អិតដែលអាចបំផ្លាញផលដំណាំរបស់កសិករ និងប៉ះពាល់ដល់សុវត្ថិភាពស្បៀងអាហារសកលផងដែរ។ លោកស្រី Esther Ndumi Ngumbi អ្នកជំនាញផ្នែកសត្វល្អិតនៃសាកលវិទ្យាល័យ Auburn និងជាអ្នកការពារសុវត្ថិភាពស្បៀងអាហារបានលើកឡើងថា របាយការណ៍របស់ IPCC អាចធ្វើឱ្យលោកស្រីរកឃើញពីទំនាក់ទំនង ដោយផ្ទាល់និងដោយប្រយោលជាច្រើនរវាងការប្រែប្រួលអាកាសធាតុនិងពពួកសត្វល្អិត។    តាមការស្រាវជ្រាវ ឧស្ម័នកាបូនិចបានចូលរួមបង្កើនចំនួនសត្វល្អិតដោយប្រយោលតាមរយៈការកាត់បន្ថយគុណភាពអាហារូបត្ថម្ភរបស់រុក្ខជាតិ ហើយធ្វើឱ្យសត្វល្អិតប្រឹងស៊ីរុក្ខជាតិកាន់តែច្រើនឡើង។ កម្តៅកើនឡើងក៏បានជួយឱ្យសត្វល្អិតលូតលាស់ធំធាត់លឿនដែរ ព្រោះនៅពេលអាកាសអាតុក្តៅធ្វើឱ្យវាបង្កើនសកម្មភាពរាយកាយហើយវាត្រូវខំស៊ីដំណាំ រុក្ខជាតិដើម្បីរស់បន្ត។   ជាក់ស្តែង នៅទ្វីបអាហ្វ្រិកកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៩ ហ្វូងសត្វដង្កូវ និងសត្វកណ្តូបជាច្រើនកើតឡើង ព្រោះពេលនោះមានអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងធ្លាក់ផង។ លក្ខខណ្ឌអាកាសធាតុបែបនេះអំណោយផលណាស់ដល់ការលូតលាស់ និងបង្កកំណើតរបស់ពពួកសត្វល្អិតដែលស៊ីរុក្ខជាតិជាអាហារ។ ចំណែកឯបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតវិញក៏បានប៉ះពាល់ទិន្នផលដំណាំ គុណភាពដំណាំ និងបង្កើនចំនួនសត្វល្អិត ធ្វើឱ្យវាបំផ្លាញដំណាំកាន់តែច្រើនឡើងផងដែរ។   ការប្រែប្រួលអាកាសធាតុមិនត្រឹមតែផ្តល់ផលប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃឡើយ វាបានបំផ្លាញផលដំណាំកសិកម្ម តាមរយៈសត្វល្អិត។ តាមការសិក្សា កសិផលប្រមាណ១០ទៅ២៥ភាគរយ នឹងត្រូវបាត់បង់ដោយសារសត្វល្អិតស៊ី ប្រសិនបើបម្រែបម្រួលអាកាសធាតុនៅតែកើតមាន។ ដូចនេះបណ្តាប្រទេសទាំងអស់ គួរតែតាមដាន និងប្រើប្រាស់ទិន្នន័យគំរូ ដើម្បីព្យាករ ហើយរៀបចំគម្រោងសម្រាប់អនាគត ដើម្បីឆ្លើយតបនឹងបញ្ហានៃការកើនឡើងសត្វល្អិតចង្រៃ ដែលនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតភាពដំណាំនិងសន្តិសុខស្បៀងអាហារពិភពលោក៕  
បច្ចុប្បន្ននេះ បរិយាកាសភពផែនដីកំពុងប្រែប្រួលដោយសារការកើនឡើងកម្រិតឧស្ម័នកាបូនិច។ ការកើនឡើងនៃឧស្ម័នកាបូនិច នឹងបង្កឱ្យមានការប្រែប្រួលយ៉ាងខ្លាំងចំពោះរបបទឹកភ្លៀង និងការសីតុណ្ហភាពរបស់ផែនដី។ ការផ្លាស់ប្តូរទាំងនេះ ត្រូវបានអ្នកជំនាញប៉ាន់ស្មានថា នឹងបង្កើនចំនួនសត្វល្អិតនៅជុំវិញពិភពលោក ហើយកសិករត្រូវបាត់បង់ទិន្នផលដំណាំដោយសារសត្វល្អិតទាំងនោះប្រហែលពី១០ទៅ២៥ភាគរយឯណោះ។
  លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា កីឡាករ Keisuke Honda នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាពេលប៉ះជាមួយក្រុមប៉ាគីស្ថាន សម្រាប់វគ្គជម្រុះ FIFA World Cup Qatar 2022 ជុំទី១ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ ក្រុមទាំងពីរនឹងប្រកួតជើងទី២នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។    អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នឹងមកកម្ពុជាក្នុងអំឡុងថ្ងៃប្រកួតផ្លូវការ និងមិត្តភាពអន្តរជាតិដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬហៅថា FIFA Day ចន្លោះពីថ្ងៃទី៣-១១ ខែមិថុនា ឆ្នាំ២០១៩។ ទោះបីយ៉ាងនេះក្តីគេមិនទាន់ដឹងពីពេលវេលាជាក់លាក់ថា លោក Honda មកកម្ពុជានៅថ្ងៃណានៅឡើយទេ។    ទោះបីលោក Keisuke Honda មិនទាន់មានវត្តមាននៅកម្ពុជាក៏ដោយ ជំនួយការរបស់លោក គឺលោក Felix Dalmas នឹងមកកម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដើម្បីជ្រើសរើសកីឡាករប្រមូលផ្តុំហ្វឹកហាត់ សម្រាប់ត្រៀមការប្រកួតដ៏សខាន់ខាងលើ។ សម្រាប់ការជ្រើសរើសកីឡាករជម្រើសជាតិ លោក Honda នឹងធ្វើការជាមួយលោក Felix តាមរយៈវីដេអូ Reference ទោះបីមិនបានមកផ្ទាល់ក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក កែវ សារ៉េត។    ខ្សែបម្រើឆ្នើមជនជាតិជប៉ុនខាងលើ នឹងចែកផ្លូវជាមួយក្លិបក្របខណ្ឌកំពូលអូស្ត្រាលី Melbourne Victory ក្រោយជំនួបចុងក្រោយរបស់គេជាមួយក្រុម Sanfrecce Hiroshima នៅរសៀលថ្ងៃទី២២ ឧសភា ឆ្នាំ២០១៩នេះ។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់លេចលឺថា កីឡាកររូបនេះ ទៅប្រកបអាជីពជាមួយក្លិបណានៅឡើយទេ។ ហើយក៏មិនមានដំណឹងថា រូបគេនឹងមកជួយពង្រឹងសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា ដោយចំណាយពេលច្រើនជាងមុនផងដែរ៕ 
កីឡាករ Keisuke Honda ដែលត្រូវចែកផ្លូវជាមួយក្លិបក្របខណ្ឌកំពូលអូស្ត្រាលី Melbourne Victory បន្ទាប់ពីជំនួបចុងក្រោយជាមួយ Sanfrecce Hiroshima នៅថ្ងៃទី២២ ខែឧសភានេះ នឹងមកកម្ពុជាក្នុងអំឡុងពេល FIFA Day។ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នឹងដឹកនាំក្រុមទល់ជាមួយប៉ាគីស្ថាន នាវគ្គជម្រុះ World Cup ជុំទី១ នៅខែមិថុនាខាងមុខនេះ។
ស៊ីរី ត្រូវបានហាមឃាត់មិនឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ ចាប់តាំងពីផ្ទុះសង្គ្រាមនៅឆ្នាំ២០១១។ យ៉ាងណាក៏ដោយការប្រកួតនៅក្រៅដីជាអន្តរជាតិ ក្រុមជម្រើសជាតិស៊ីរីនៅតែមានសកម្មភាពធម្មតា។   ជុំវិញបញ្ហានេះ FIFA កំពុងស្វែងរកដំណោះស្រាយ ដើម្បីអាចឲ្យប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះ និងធានាបានូវសុវត្ថភាពរបស់អ្នកចូលរួមប្រកួត។ សហព័ន្ធបាល់ទាត់អន្ដរជាតិនេះ កំពុងស្វែងរកការប្រកួតអន្តរជាតិណាមួយ សម្រាប់ធ្វើក្នុងទីក្រុង Damascus នៃប្រទេសស៊ីរី ដែលជាមធ្យោបាយចាប់ផ្តើមការអភិវឌ្ឍ សាជាថ្មីលើវិស័យបាល់ទាត់ក្នុងប្រទេសញ៉ាំញីដោយសារសង្គ្រាមមួយនេះ។   ក្នុងកិច្ចប្រជុំរវាង លោក Gianni Infantino ប្រធាន FIFA និង Salah Edeen Ramadan ប្រធានសហព័ន្ធកីឡាបាល់ទាត់ស៊ីរី (SAFA) នៅទីក្រុង Doha ស្ថាប័ន FIFA រួមជាមួយ AFC នឹងបន្តកិច្ចខិតខំប្រឹងប្រែងជាមួយអាជ្ញាធរពាក់ព័ន្ធ រួមទាំងអង្គការសហប្រជាជាតិ (UN) សម្រាប់វិធានការអនុញ្ញាតឲ្យមានការប្រកួតឡើងវិញនៅទឹកដីស៊ីរី។  គិតចាប់តាំងពីឆ្នាំ ២០១៦មក SAFA បានទទួលលុយ ២,៧លានដុល្លារ ពីគម្រោមអភិវឌ្ឍន៍កីឡាបាល់ទាត់ពី FIFA ប៉ុន្ដែ មកទល់ពេលនេះ មិនទាន់មានសមិទ្ធផលអ្វីធំដុំ ជុំវិញគម្រោងអភិវឌ្ឍនៅឡើយទេ។   គួរបញ្ជាក់ផងដែរថា ប្រទេសស៊ីរី ទទួលរងភ្លើងសង្គ្រាមដោយសារបដិវត្តនិទាឃរដូវអារប់ ចាប់ពីឆ្នាំ២០១១ ដែលធ្វើឲ្យរាជរដ្ឋាភិបាលរបស់ប្រទេសស៊ីរី មិនសប្បាយចិត្ត៕  
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) រួមគ្នារកដំណោះស្រាយ ដើម្បីជួយប្រទេសស៊ីរីអាចទទួលធ្វើម្ចាស់ផ្ទះក្នុងការប្រកួតកីឡាបាល់ទាត់ឡើងវិញ។ ដោយសារបញ្ហាសង្គ្រាម ស៊ីរីត្រូវបានផ្អាកមិនឱ្យមានការប្រកួតក្នុងប្រទេស ទោះត្រឹមប្រកួតមិត្តភាព។
  លោក Mourinho ត្រូវបានក្រុមបិសាចក្រហមបញ្ចប់ពីតំណែងជាអ្នកចាត់ការកាលពីខែធ្នូកន្លងទៅ បន្ទាប់ពីដឹកនាំក្រុមមិនបានល្អ។ ក្រោយការចាកចេញពី Old Trafford គ្រូសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានផ្សាភ្ជាប់ទៅនឹងការទាក់ទងជាមួយក្លិបដ៏ទៃជាច្រើនសម្រាប់តំណែងថ្មី។ ប៉ុន្តែយ៉ាងណាក៏ដោយបុរសរហស្សនាម Special One បាននិយាយថាលោកអាចទៅដឹកនាំក្រុមជម្រើសជាតិជាលើកដំបូងក្នុងអាជីពរបស់លោក។   «ខ្ញុំចង់មានការប្រកួតប្រជែងថ្មី។ ខ្ញុំកំពុងគិតអំពីការប្រកួត World Cup និងពានរង្វាន់អឺរ៉ុប(European)។ ក្នុងរយៈពេលចុងក្រោយ ខ្ញុំមានបំណងចង់សាកល្បងបែបផ្សេង និងប្លែកសម្រាប់អាជីពមួយនេះ។ ហើយពេលនេះខ្ញុំយល់ថាខ្លួនឯងកំពុងចាប់អារម្មណ៍ក្រុមជម្រើសជាតិ ជាជាងជាមួយក្លិប។ Mourinho បានបញ្ជាក់ប្រាប់ Eleven Sports ដូច្នេះ ព្រមទាំងសួរជាសំណួរទៅខ្លួនឯងទៀតថា តើព័រទុហ្គាល់ជាក្រុមដែលសមនឹងលោកដឹកនាំឬក៏អត់?។   អតីតអ្នកចាត់ការទូទៅ Chelsea, Real Madrid, Inter Milan និង Porto វ័យ៥៦ឆ្នាំរូបនេះ បានទទួលខុសត្រូវដឹកនាំក្រុមបិសាចក្រហមរយៈពេល២ឆ្នាំកន្លះ ដោយក្នុងនោះលោកបានជួយម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យឈ្នះពាន Europa League EFL Cup និង Community Shield ផង។   Mourinho ក៏មានកំណត់ត្រាក្នុងក្របខណ្ឌកំពូលអឺរ៉ុបផងដែរ ក្នុងនោះលោកបានជួយ Porto និង Inter Mila លើកពាន Champions League៕
លោក Jose Mourinho អតីតអ្នកចាត់ការទូទៅ Manchester United បង្ហើបថាលោកនឹងវិលត្រឡប់ទៅកាន់តំណែងជាគ្រូបង្វឹកវិញប៉ុន្តែជាក្រុមជម្រើសជាតិ មិនមែនក្លិបឡើយ។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាបានខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ តាមរយៈការបញ្ចូលទំនិញទាំងនោះ ទៅក្នុងបញ្ជីទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការជជែកទ្វេភាគីជាមួយប្រទេសនានា ជាពិសេសចិន។ នេះបើតាមសេចក្ដីប្រកាសក្នុងកម្មវិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល អាណត្តិទី៤ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។    កម្មវិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិញដៅការងារឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល អាណត្តិទី៤។ រូបពី សហព័ន្ធស្រូវអង្ករកម្ពុជា    ជាក់ស្ដែង រយៈពេល១០ខែ ឆ្នាំ២០២២នេះ ការនាំចេញអង្ករបានកើនឡើងជាង១០ភាគរយ ដែលមានបរិមាណសរុប ៥០៩ ២៤៩ តោន គិតជាទឹកប្រាក់ប្រមាណ ៣២៣ លានដុល្លារ។ ក្នុងនោះដែរ ប្រទេសចិន បានគ្របដណ្តប់លើការនាំចេញសរុបជាង ៤៥ភាគរយ ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។   លោក ឌិត ទីណា អះអាងថា  បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម កំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ បើតាមរដ្ឋមន្រ្តីកសិកម្ម អង្ករស្ថិតក្នុងទំនិញអាទិភាពមួយ ដែលកម្ពុជារំពឹងថា នឹងអាចពង្រីកទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ាបាន ព្រោះការធ្វើទីផ្សាររបស់កម្ពុជានៅតំបន់នេះ មានចំនួនតិចតួចនៅឡើយ។   ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម ក៏នឹងជួយដល់កសិករខ្នាតតូចរៀបចំខ្លួនឱ្យបានកាន់តែប្រសើរផងដែរ។ ពិសេស ជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្មរវាង កសិករខ្នាតតូចជាមួយរោងម៉ាស៊ីនកិនស្រូវ តាមរយៈគម្រោងអេម (Air) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុដោយរាជរដ្ឋាភិបាល និង IFAD ។   លោក ថ្លែងដូច្នេះថា៖«យើងរំពឹងថានឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ព្រោះបច្ចុប្បន្នទីផ្សារតំបន់នេះនៅមាន កម្រិតតិចតួចបំផុត ដែលយើងខ្ញុំសង្ឃឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។   សូមជម្រាបថា ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវ និងអង្ករប្រមាណ ១២០០ លានដុល្លារ ឬជាមធ្យមប្រមាណ ១០០ លានដុល្លារ ក្នងមួយខែ។ ក្នុងនោះការនាំចេញអង្ករ មានជាង ៦០ម៉ឺនតោនក្នុងមួយឆ្នាំ និងស្រូវប្រមាណ ៣លានតោន៕        
ភ្នំពេញ៖ កម្ពុជា កំពុងចរចាលើកិច្ចព្រមព្រៀងថ្មីមួយ សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ ជាមួយគ្នានេះ អង្ករ ត្រូវបានគេចាត់ទុកថា ជាទំនិញអាទិភាពមួយរបស់កម្ពុជា ដែលអាចឈានចូលទីផ្សារប្រទេសនានាក្នុងតំបន់មជ្ឈឹមបូព៌ា។
នៅក្នុងការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទត្រីជិតផុតពូជរបស់ខ្លួន គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានប្រមូលកូនត្រីពីធម្មជាតិ យកមកថែបំប៉ននៅក្នុងស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ បាទី ដែលមានទីតាំងស្ថិតនៅស្រុកពាមរក៍ ខេត្តព្រៃវែង របស់រដ្ឋបាលជលផល។ ក្នុងគោលបំណងដើម្បីឲ្យចំនួនត្រីក្នុងធម្មជាតិកើនឡើងវិញ គម្រោងមានគោលដៅថែរក្សាកូនត្រីតូចៗ ដែលជាប្រភេទត្រីជិតផុតពូជ រហូតដល់វាមានសុខភាពល្អ និងធំល្មម បន្ទាប់មក គេក៏ព្រលែងវាចូលទៅក្នុងទន្លេវិញ ដោយមានបំពាក់សា្លកសញ្ញាសម្គាល់ដើម្បីតាមដានផងដែរ។ ក្នុងនោះ គម្រោងក៏រក្សាទុកមួយចំនួនផងដែរ សម្រាប់ធ្វើមេពូជ។ ក្រៅពីត្រីគល់រាំង ក៏មានត្រីរាជ ដែលមានឈ្មោះវិទ្យាសាស្ត្រ Pangasianodon gigas ឈ្មោះជាភាសាអង់គ្លេស Mekong giant catfish និងត្រីជិតផុតពូជមួយចំនួនទៀតផងដែរ។ លោក ណេន ផាណា ប្រធានការិយាល័យផ្សព្វផ្សាយវារីវប្បកម្ម នៃវិទ្យាស្ថានស្រាវជ្រាវវារីវប្បកម្ម សម្តេច តេជោ ហ៊ុន សែន និង លោក បណ្ឌិត ហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កំពុងរៀបចំបំពាក់ស្លាកសញ្ញា និងថ្លឹងទម្ងន់ត្រីគល់រាំងមុននឹងលែងចូលធម្មជាតិវិញ ការនេសាទហួសកម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាកត  ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗ ជាពិសេស ឧបករណ៍ឆក់ ការបាត់បង់ទីជម្រក និងការកសាងទំនប់វារីអគ្គិសនី បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនត្រី ជាពិសេសត្រីធំៗ ដែលមានរស់នៅច្រើនក្នុងប្រព័ន្ធទន្លេមេគង្គ។ ការកាប់ការដុតបំផ្លាញព្រៃលិចទឹក ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ ជាទង្វើនៃការបំផ្លាញទីជម្រករបស់មច្ឆជាតិ នៅក្នុងធម្មជាតិ។ (អត្ថបទ និងរូបភាពៈ Chhut Chheana / USAID Wonders of the Mekong).
នេះជាសកម្មភាព បំពាក់ស្លាកសញ្ញាដល់ត្រីគល់រាំង ដែលមានឈ្មោះវិទ្យាសាស្ត្រ Catlocarpio siamensis និងឈ្មោះជាភាសាអង់គ្លេស Giant barb មុនលែងចូលទៅក្នុងធម្មជាតិវិញ របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ នេះជាកិច្ចសហប្រតិបត្តិការរវាងគម្រោងជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល។
  រដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា ក្នុងសហគ្រាស និងគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ មានវិស័យកាត់ដេរសម្លៀកបំពាក់ និងកាបូបមានកម្មករជាង៨៤ម៉ឺននាក់ ដែលមានប្រាក់ឈ្មួល២,៨០០លានដុលា្លរ ក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានោះដែរ កម្លាំងពលកម្មសរុបចំនួន ៩៩,៣ភាគរយ មានការងារធ្វើ។   ដោយឡែកសហគ្រាស គ្រឹះស្ថាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជិត៦សែន ដែលមានកម្មករជិត២,៤លាននាក់។ វិស័យកសិកម្មជាង៤លាននាក់ ពលករដែលកំពុងធ្វើការនៅក្រៅប្រទេសមានជាង១,២លាននាក់ និងមន្ត្រីសាធារណៈមាន៥០ម៉ឺននាក់។    កាលឆ្នាំ២០១៧ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជាង៣ម៉ឺនគ្រឹះស្ថាន ដោយបានស្រូបយកកម្លាំងពលកម្មនៅកម្ពុជា សរុបចំនួន ជិត២លាននាក់។ ក្នុងនោះសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ មានចំនួន ១២ ២៨៧គ្រឹះស្ថាន បានកើនឡើងជាង ១០ភាគរយ ហើយបានស្រូបយកកម្លាំងពលកម្ម ដែលជាកម្មករនិងនិយោជិតសរុបចំនួន ១ ៤៣៧ ៧៩៥នាក់ កើនឡើង២១ភាគរយ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំ៕  
ភ្នំពេញ៖  សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅកម្ពុជា ដែលបានចុះបញ្ជីក្នុងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈមានជិត ១,៣ម៉ឺនស្ថាប័ន ដែលមានកម្មករប្រហែល១,៥លាននាក់ ជាមួយប្រាក់ឈ្មួល៤,៨០០លានដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមប្រសាសន៍របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារថ្លែងក្នុងពិធីចុះជួបកម្មកររោងចក្រ នៅខេត្តកោះកុង ថ្ងៃទី១៣មីនា។
ក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ (Video Conference) រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលចូលរួមតាមប្រព័ន្ធវីដេអូ ថ្លែងថា ចលនាធនធានរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន សប្បុរសជន និង សង្គមស៊ីវិល បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាមួយគ្នាដែរ ប្រព័ន្ធឆ្លើយបន្ទាន់១១៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយពលរដ្ឋ។    លោក ម៉ម ប៊ុនហេង ថ្លែងថា៖ «វិធានការមួយចំនួនត្រូវបានដាក់ឡើង ដូចជាគម្លាតសង្គម គម្លាតបុគ្គល ការបិទសាលារៀនបណ្ដោះអាសន្ន ក្លិបកម្សាន្តរាត្រី ដើម្បីរួមចំណែកកាត់បន្តការចម្លង»។ លោក បន្តថា ជាមួយគ្នានេះ ក្រសួងក៏បានបណ្ដុះបណ្ដាលធនធានមនុស្សក្នុងប្រព័ន្ធសុខាភិបាល លើការគ្រប់គ្រង បង្ការការចម្លង និងថែទាំងពលរដ្ឋ។ លោក បន្ថែមថា ក្រៅពីនេះ ក្រសួងបានត្រៀមឧបករណ៍បរិក្ខារពេទ្យ មន្ទីរពិសោធន៍ និង ឧបករណ៍ផ្សេងទៀតទុកជាមុនផងដែរ។    មិនត្រឹមតែគ្មានករណីឆ្លងថ្មីទេ កម្ពុជា ក៏បានព្យាបាលអ្នកមានជំងឺកូវីដ-១៩ទាំង១២២នាក់ ឲ្យជាស្បើយអស់ផងដែរ៕ 
ភ្នំពេញ៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល អះអាងថា ទោះបីមិនមានករណីថ្មីនៃជំងឺកូវីដ-១៩ជាង១ខែហើយក្តី ក៏ក្រសួង នៅតែបន្តប្រុងប្រយ័ត្ន រួមទាំងកែសម្រួលវិធានការសុខភាពសាធារណៈនិងវិធានការសង្គមជាបណ្ដើរៗ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
  អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានយល់ព្រមតាមសំណើរបស់វៀតណាមហើយ។ បើតាមលោក វ៉ាត់ ចំរើន វៀតណាមនឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម នៅពាក់កណ្ដាលខែឧសភា។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាល្ងាចថ្ងៃទី១៨ តុលានេះ អគ្គលេខាធិការ CAMSOC កម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«វៀតណាមរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅពាក់កណ្ដាលខែឧសភា ប៉ុន្តែពេលវេលាច្បាស់លាស់នោះ គេនឹងបញ្ជាក់តាមលិខិតមកតាមក្រោយ។ នៅក្នុងកិច្ចប្រជុំក៏បានគាំទ្រវៀតណាម ក្នុងការសម្រេចចិត្តធ្វើបែបហ្នឹង»។   ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាមនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស ក៏ដូចជាបន្តរីករាលដាលជាសកលនៅឡើយ ។ មិនតែប៉ុណ្ណោះ បណ្ដាប្រទេសអាស៊ាន ក៏បានគាំទ្រឱ្យកម្ពុជា និងវៀតណាម ធ្វើជាសហប្រធាននៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំ២០២១នេះផងដែរ។ នេះបើតាមលោក វ៉ាត់ ចំរើន ។   អគ្គលេខាធិការ CAMSOC កម្ពុជា បានបន្ថែមដូច្នេះថា៖«កម្ពុជា និងវៀតណាម ធ្វើសហប្រធាននៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំហ្នឹង ដើម្បីឱ្យកម្ពុជា ក៏មានសិទ្ធិរៀបចំធ្វើពីដើមឆ្នាំ២០២២ទៅ រហូតទៅ ដោយពេញសិទ្ធិជាអ្នកដឹកនាំ ហើយវៀតណាម ក៏ពេញសិទ្ធិជាអ្នកដឹកនាំ។ ហើយកម្មវិធីរបស់វៀតណាម គឺវៀតណាមធ្វើទៅ ឯកម្មវិធីស៊ីហ្គេមរបស់កម្ពុជា គឺកម្ពុជាធ្វើទៅ»។   ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់វៀតណាមនេះ វាមិនប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំស៊ីហ្គេមនោះទេ។ តែវា គឺជាឱកាសល្អ សម្រាប់សហព័ន្ធកីឡារៀបចំផែនការ ហ្វឹកហាត់ឱ្យបានគត់មត់បន្ថែមទៀត។ នេះបើតាមលោក វ៉ាត់ ចំរើន៕    
ភ្នំពេញ៖ វៀតណាម បានសម្រេចពន្យាពេលស៊ីហ្គេម ជាផ្លូវការ ទៅខែឧសភា ឆ្នាំ២០២២វិញ។ បើតាមគម្រោងវៀតណាម ត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះចតនៅព្រលានយន្តហោះ Orly នៅព្រឹកថ្ងៃទី១៣ ខែកក្កដា។ លោក ត្រាំ ត្រូវទស្សនកិច្ចពីរថ្ងៃនៅបារាំងតាមការអញ្ជើញរបស់សមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង ដើម្បីចូលរួមបុណ្យឯករាជ្យជាតិបារាំង (Bastille Day) និងការរំឭកខួបទី១០០ឆ្នាំនៃការលូកដៃរបស់អាមេរិកចូលសង្គ្រាមលោកលើកទីមួយ។ លោក ត្រាំ និងលោក ម៉ាក្រុង ក៏នឹងជួបពិភាក្សាលក្ខណៈទ្វេភាគីផងដែរ។ បារាំង និងអាមេរិក បានប្រកាន់ជំហរផ្ទុយគ្នាស្រឡះលើបញ្ហាអន្តរជាតិជាច្រើនដូចជាពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុជាដើម។ ដោយសារបញ្ហានេះ ទើបជំនួបលើកទីមួយរវាងលោក ត្រាំ និងលោក ម៉ាក្រុង នៅឯក្រៅកិច្ចប្រជុំ G8 នៅអ៊ីតាលី ធ្វើឡើងដោយតានតឹង ដែលស្ដែងតាមការចាប់ដៃគ្នារបស់មេដឹកនាំទាំងពីរ។ ប៉ុន្តែអាមេរិក និងបារាំង នៅតែត្រូវគ្នាទៅវិញទៅមកលើឆាកអន្តរជាតិក្នុងនាមជាមហាអំណាចដូចគ្នា។ ខណៈដែលលោក ម៉ាក្រុង ត្រូវការមិត្តដើម្បីបង្ហាញពីតួនាទីរបស់បារាំងលើឆាកអន្តរជាតិ លោក ត្រាំ ដែលអនុវត្តនយោបាយឯកោនិយមនោះ ក៏ត្រូវបានមិត្តឲ្យបានច្រើនដែរ។ ប៉ុន្តែនៅអឺរ៉ុប អាមេរិកមិនសូវរាប់អានមិត្តបានច្រើនឡើយ ព្រោះតែនយោបាយសេដ្ឋកិច្ចគាំពារនិយម និងការដើរចេញពីកិច្ចព្រមព្រៀងប៉ារីស។ មន្ត្រីជំនិតរបស់លោក ម៉ាក្រុង និយាយថា បញ្ហារសើបៗ នឹងត្រូវលើកឡើងក្នុងជំនួបទ្វេភាគីលើកនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ម៉ាក្រុង នឹងទទួលលោក ត្រាំ នៅ Hotel des Invalides ជាទីបញ្ចុះសពស្ដេច Napoleon និងវីរបុរសសង្គ្រាមផ្សេងទៀត មុននឹងទទួលទានអាហារពេលល្ងាចនៅជាន់ទីពីរនៃប៉ម Eiffel ។ បើតាមមន្ត្រីបារាំង ការរៀបចំអាហារពេលល្ងាចនៅទីនោះ ជាសញ្ញាបង្ហាញថា ទីក្រុងប៉ារីស នៅតែជាប៉ារីសដដែល ខណៈលោក ត្រាំ ធ្លាប់រិះគន់ថា បារាំងលែងជាបារាំងទៀតហើយ ព្រោះការវាយប្រហារភេរវកម្មមកើនឡើងខ្លាំង។ បន្ថែមពីលើទំនាក់ទំនងទ្វេភាគី បញ្ហានៅស៊ីរី និងភេរវកម្មនិយម ក៏ជាប្រធានបទសំខាន់ក្នុងជំនួបលើកនេះដែរ។ មន្ត្រីសេតវិមាននិយាយថា លោក ត្រាំ និងលោក ម៉ាក្រុង នឹងពិភាក្សាពីសង្គ្រាមស៊ីវិលនៅស៊ីរី ជាទីដែលក្រុមរដ្ឋឥស្លាមកំពុងប្រយុទ្ធការពារទីតាំងរបស់ខ្លួននៅ Raqqa ។ លើសពីនោះ លោក ម៉ាក្រុង ក៏ទំនងជាស្នើឲ្យជួយទ្រទ្រង់សម្ព័ន្ធមិត្តយោធាតំបន់អាហ្វ្រិកខាងលិច ដែលមានគោលដៅបោសសម្អាតពួកភេរវករក្នុងតំបន់៕
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទៅដល់រដ្ឋធានីប៉ារីស ដើម្បីចូលរួមពិធីបុណ្យឯករាជ្យជាតិបារាំងថ្ងៃទី១៤ ខែកក្កដា។ លោក ត្រាំ ក៏នឹងជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដែលមិនសូវល្អប៉ុន្មានឡើយចាប់ពីលោក ម៉ាក្រុង ឡើងកាន់តំណែងមកនោះ។ ក្រៅពីបញ្ហាទ្វេភាគី មេដឹកនាំទាំងពីរក៏ជជែកគ្នាលើបញ្ហានៅស៊ីរី ការប្រយុទ្ធប្រឆាំងភេរវកម្ម និងបម្រែបម្រួលអាកាសធាតុផងដែរ។
សារាចររបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ៣មីនា មានសារសំខាន់សម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំឭកគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ និងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងបំណងជំរុញទឹកចិត្តប្រជាជនខ្មែរ ជាពិសេសយុវជនបន្តវេនឱ្យចូលរួម កាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិ។   ក្នុងនោះដើម្បីរៀបចំទិវាខាងលើឱ្យកាន់តែទូលំទូលាយ រាជរដ្ឋាភិបាលបានណែនាំដូចជា ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ គឺធ្វើឡើងនៅចន្លោះថ្ងៃទី៣មីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធី និងសកម្មភាពគាំទ្រនានា។ រីឯក្រសួងវប្បធម៌ ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពី ទិវានេះ ហើយអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក មន្ទីរវប្បធម៌ រៀបចំផ្សព្វផ្សាយ បង្ហាញសមិទ្ធផលការងារសំខាន់ៗរបស់ខ្លួន។ល។   ជាមួយគ្នានោះ ក្រសួងពាក់ព័ន្ធត្រូវរៀបចំណែនាំឱ្យមានការផ្សព្វផ្សាយទិវាវប្បធម៌ជាតិ និងគោលបំណង សកម្មភាព ព្រឹត្តិការណ៍ពាក់ព័ន្ធ ឱ្យបានកាន់តែទូលំទូលាយ។ ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ  និងខ្លឹមសារទិវាវប្បធម៌ ដល់ភ្ញៀវទេសចរ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារជាដើម ឱ្យស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»។ល៕
សៀមរាប៖ រាជរដ្ឋាភិបាលបានចេញសារាចរស្ដីពីការការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំកន្លងទៅដែរ។
  លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម  បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី២៧វិច្ឆិកា ថា ការបង្កើតនាយកដ្ឋានពូជដំណាំ គឺដើម្បីទប់ស្កាត់ការនាំចូលពូជដំណាំពីបរទេស ដែលគ្មានគុណភាព និងគ្មានស្តង់ដារ។ លើសពីនេះ នាយកដ្ឋានពូជដំណាំ ជាអ្នកត្រួតពិនិត្យនិងវាយតម្លៃលើការធ្វើអាជីវកម្មគ្រាប់ពូជដំណាំក្នុងនិងក្រៅស្រុក ដោយធ្វើយ៉ាងណាឱ្យកសិករទទួលបានពូជដំណាំដែលមានគុណភាព។     អ្នកនាំពាក្យរូបនេះ លើកឡើងថា នាយកដ្ឋានពូជដំណាំ ដើរតួនាទីសំខាន់ក្នុងការជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ព្រោះបច្ចុប្បន្ន ពូជដំណាំដែលនាំចូលមកកម្ពុជាសម្រាប់ឱ្យកសិករដាំដុះ ភាគច្រើន គឺជាពូជមិនសុទ្ធ និងមានផ្ទុកមេរោគ ឬជំងឺឆ្លង ជាដើម។ រីឯការបណ្តុះពូជរបស់កសិករវិញ គឺគ្មានគុណភាពធ្វើឱ្យការលូតលាស់របស់ដំណាំមិនទទួលបានទិន្នផល ឬឱ្យផលក្នុងរយៈពេលខ្លី។    លោក បន្តថា កន្លងមក កសិករក្នុងស្រុកមួយចំនួន បានបណ្តុះដំណាំផ្សេងៗសម្រាប់លក់ ដូចជាការបណ្តុះឬផ្សាំពូជកៅស៊ូលក់ជាដើម ដែលគ្មានបច្ចេកទេស គ្មានការត្រួតពិនិត្យ និងគ្មានការពិសោធពីមន្ត្រីជំនាញត្រឹមត្រូវ។ លោក បន្ថែមថា នៅពេលដែលកសិករ យកពូជដំណាំកៅស៊ូប្រភេទនេះមកដាំដោយខំចំណាយពេលថែទាំអស់៥ទៅ៧ឆ្នាំក៏ដោយ ក៏កៅស៊ូនោះ ផ្តល់ទិន្នផលតិច ឬមិនទទួលទិន្នផលតែម្តង។   ដោយឡែក ការនាំចូលពូជដំណាំពីបរទេសវិញ  លោកបានអះអាងថា ភាគច្រើនមានជំងឺឬមេរោគ។ ជាក់ស្តែង ការនាំចូលពូជដំឡូងមីបច្ចុប្បន្ន មិនត្រឹមតែគ្មានគុណភាពនោះទេ គឺថែមទាំងមានផ្ទុកជំងឺឆ្លងម៉ូសាអិ  និងរាលដាលទៅដល់ដំឡូងមីរបស់កសិករផ្សេងៗទៀត ដែលធ្វើឱ្យដំណាំខូច និងកសិករខាតបង់សេដ្ឋកិច្ច។ នេះជាបើតាមសម្តីរបស់អ្នកនាំពាក្យក្រសួងកសិកម្មដដែល ដោយលោក និយាយទៀតថា មូលហេតុ ដែលធ្វើឱ្យផលិតផលកសិកម្ម មិនសូវទទួលបានទិន្នផលល្អ និងងាយរងគ្រោះ  ដោយសារកសិករ  ប្រើប្រាស់នូវពូជមិនសុទ្ធ ពូជដំណាំមានជំងឺនិងមេរោគ ដែលលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យ និងពិសោធន៍ឱ្យបានត្រឹមត្រូវ។    បើតាមលោក ស្រី វុឌ្ឍី នាយកដ្ឋានពូជដំណាំ នឹងប្រមូលផ្តុំពូជដំណាំគ្រប់ប្រភេទដែលមានគុណភាព និងសមស្របទៅនឹងសណ្ឋានដី និងអាកាសធាតុនៅកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់ចរាចរនៅលើទីផ្សារម្ពុជា ហើយពូជដំណាំនីមួយៗមុននឹងដាក់ចរាចរនៅលើទីផ្សារសម្រាប់ឱ្យប្រជាកសិករដាំដុះ គឺធានាបានការត្រួតពិនិត្យ និងពិសោធន៍ ដើម្បីពីគុណភាពពូជដំណាំទាំងនោះ។    មន្ត្រីជាន់ខ្ពស់ខាងលើ បញ្ជាក់ដូច្នេះថា៖«នាយកដ្ឋានពូជដំណាំ នឹងបង្កើនសមត្ថភាពក្នុងការផលិតនូវផលិតផលកសិកម្មរបស់យើងឱ្យបានកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។ លើសពីនេះ នាយកដ្ឋានពូជដំណាំនេះ នឹងជួយឱ្យយើងកាត់បន្ថយការនាំចូលពូជមួយចំនួនពីបរទេស ពិសេសពូជដំណាំដែលគ្មានគុណភាព ដោយនាយកដ្ឋានថ្មីនេះ មានតួនាទីរៀបចំគោលនយោបាយ ត្រួតពិនិត្យ និងពិសោធពូជដំណាំ សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករ»៕
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មាននាយកដ្ឋានថ្មីមួយទៀត គឺ «នាយកដ្ឋានពូជដំណាំ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ កាលដើមខែវិចិ្ឆកា ឆ្នាំ២០១៩ ស្តីពីការបង្កើតនាយកដ្ឋានថ្មីនេះ។
ទីប្រឹក្សាវិទ្យាស្ថានជាតិ ការទូតទំនាក់ទំនងអន្តរជាតិ និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព លោក ឈាង វណ្ណារិទ្ធិ បានបញ្ជាក់ថា ការប្រែប្រួលអំណាចពិភពលោក ដែលកើតចេញពីការប្រកួតប្រជែងសេដ្ឋកិច្ចនេះ នឹងអាចធ្វើឲ្យពិភពលោក ប្រឈមបញ្ហាគ្រោះថ្នាក់ នៃការផ្ទុះសង្គ្រាម។ មូលហេតុដែលនាំឲ្យមានសង្គ្រាម ដោយសារតែបណ្ដាប្រទេសមហាអំណាចកំពុងប្រទាញប្រទង់គ្នា លើការពង្រីកឥទ្ធិពលខ្លួន ដោយគ្មានគោលជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ បើតាមលោក ឈាង វណ្ណារិទ្ធ ប្រទេសធំៗដែលនឹងទាញឲ្យពិភពលោក ធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មីនេះ មានប្រទេសចិន រុស្ស៊ី និងអាមេរិក ជាដើម។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីគំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយ និងការអភិវឌ្ឍប្រទេសកម្ពុជា កាលថ្ងៃទី២ កក្កដា ទីប្រឹក្សាវិទ្យាស្ថានជាតិ ការទូតទំនាក់ទំនងអន្តរជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ពិភពលោកបច្ចុប្បន្ននេះ កំពុងតែបែកបាក់ ហើយគ្មានប្រទេសណាមួយ ដែលក្រោកឈរដោះស្រាយបញ្ហាទេ ដូច្នេះយើងស្ថិតនៅក្នុងកាលៈទេសៈមួយពិបាក។ កាលៈទេសៈនេះ ជាកាលៈទេសៈមួយគ្រោះថ្នាក់ជាងគេ នៅក្នុងពិភពលោក ។ ហេតុផលដែលនាំឲ្យមានគ្រោះថ្នាក់នៅក្នុងពិភពលោក គឺមានការប្រកួតប្រជែងអំណាច រវាងប្រទេសមហាអំណាចចាស់ និងមហាអំណាចកើតថ្មី ។ ប្រទេសមហាអំណាចចាស់ខ្ញុំសំដៅលើសហរដ្ឋអាមេរិក ដែលកំពុងធ្លាក់ឥទ្ធិពលខ្លួន ហើយមហាអំណាចថ្មី ប្រទេសចិន កំពុងកើនឡើង និងប្រទេសរុស្ស៊ីកំពុងតែងើបឡើងដែរ។ វាជារបត់មួយ ដែលក្នុងប្រវត្តិសាស្ត្រ នៅពេលប្រទេសមហាចាស់ធ្លាក់ ប្រទេសមហាអំណាចថ្មីកើតឡើង វានឹងឈានទៅរកសង្គ្រាមពិភពលោក»។ សូមស្ដាប់សំឡេងលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ៖ បន្ថែមពីនេះអគ្គលេខាធិការរង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក អេង កុកថាយ បាននិយាយថា បើសិនជាមានបញ្ហាសង្គ្រាមលោកកើតឡើងមែន កម្ពុជាត្រូវរៀបចំខ្លួនឲ្យបានល្អ ដើម្បីបញ្ចៀសការរងគ្រោះ កុំឲ្យដូចសម័យសង្គ្រាមលោកលើកទី២ ពោលគឺកម្ពុជា ត្រូវរៀនសូត្រពីប្រទេសថៃ ក្នុងការសម្របខ្លួន គេចចេញពីវិបត្តិសង្គ្រាមនេះ។ សូមស្ដាប់សំឡេងលោកបណ្ឌិត អេង កុកថាយ៖ បច្ចុប្បន្ននេះអាមេរិក កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១ ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ខណៈប្រទេសចិន និងជប៉ុន ឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ កំពុងតាមពីក្រោយ។ តែយ៉ាងណាមហាអំណាចសេដ្ឋកិច្ច ដែលអាមេរិកបានឈរជើងលេខ១ ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២នេះ នឹងមានការផ្លាស់ប្ដូរវិញ ដោយសារកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន ដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចិនត្រូវបានគេព្យាករថា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច ឈរចំណាត់ថ្នាក់លេខ១ នៅឆ្នាំ២០៣០ ។ ចំណែកអាមេរិក នឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ២ ហើយឥណ្ឌា នឹងឈរនៅចំណាត់ថ្នាក់លេខ៣។ នេះបើតាមការចុះផ្សាយរបស់ Business Inside កន្លងមក៕
ភ្នំពេញ៖ បរិបទពិភពលោក ដែលផ្លាស់ប្ដូរមហាអំណាចខាងមុខ នឹងអាចកើតមានសង្គ្រាមលោកសារជាថ្មី។ នេះជាការយល់ឃើញរបស់អ្នកជំនាញទំនាក់ទំនងអន្តរជាតិ ដែលពន្យល់ថា បរិបទសង្គ្រាមពិភពលោក នឹងកើតចេញពីបញ្ហាសេដ្ឋកិច្ច។
ជាក់ស្តែង យានដ្ឋានជួសជុលរថយន្តមួយ ក្នុងខេត្តកំពង់ស្ពឺ ដែលនាយយ៉ាន បានទៅដល់ មានតែដំបូល និងមិនសូវមានគ្រឿងបន្លាស់រថយន្តថ្មីនោះទេ។ ទ្រុងរយន្តធំៗដែលត្រូវជួសជុលខ្លះ ត្រូវទុកចោលរាយប៉ាយក្នុងយានដ្ឋាន និងខ្លះទុកចោលរហូតដល់មានស្មៅដុះផង។ នាយ យ៉ាន បានជួបសម្ភាសន៍ជាមួយ លោក មិញ តង់ ជាងជួសជុលរថយន្តនៅយានដ្ឋាននេះ។ ជាងជួសជុលរូបនេះ បញ្ជាក់ថាភាគច្រើនគាត់ ជួសជុលគ្រឿងរថយន្តដែលខូច ជាជាងដូរគ្រឿងបន្លាស់ថ្មី ព្រោះទីនេះមិនសូវមានគ្រឿងបន្លាស់ និងត្រូវទិញពីភ្នំពេញ ប្រសិនបើត្រូវប្តូរគ្រឿងបន្លាស់ថ្មី។ លោក មិញ តង់ ដែលចេះជួសជុលរថយន្តពីមេជាងរបស់ខ្លួនរូបនេះ ឲ្យដឹងទៀតថា ការងារជួសជុលរថយន្តរបស់គាត់មិនសូវជាប់លាប់ឡើយ ពេលខ្លះត្រូវផ្អាកការងារ ព្រោះតែគ្មានរថយន្តជួសជុល ឬមានភក់ច្រើនក្នុងយាន្តដ្ឋាន នៅរដូវវស្សា។ សូមអញ្ជើញស្តាប់ បទសម្ភាសន៍រវាងនាយយ៉ាន និង លោក មិញ តង់ ដូចតទៅ៖
យានដ្ឋានជួសជុលរថយន្តនៅទីក្រុងភាគច្រើន អាចបើកដំណើរការបានដោយអាស្រ័យលើប្រសិទ្ធភាពនៃការជួលជុល ទីតាំងមានល្អសមរម្យ មានឧបករណ៍ និងគ្រឿងបន្លាស់រថយន្តគ្រប់គ្រាន់។  ប៉ុន្តែបើនិយាយពីយានដ្ឋានជួសជុលរថយន្តនៅតាមខេត្តវិញ មិនដូច្នេះឡើយ ពោលគឺរឹតតែនៅឆ្ងាយពីពាក្យស្តង់ដារទៅទៀត។
រដូវកាល ២០២៣-២៤ ជារដូវកាលដ៏អាក្រក់មួយ សម្រាប់ Bayern Munich ដោយពួកគេបានរបូតរាល់ពានរង្វាន់ទាំងអស់ដែលត្រូវប្រជែង។ កាលពីពេលថ្មីនេះ Bayern ត្រូវបានក្រុម Real Madrid ទម្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League លទ្ធផលសរុបទាំង ២ជើង ៤-៣។   យ៉ាងណាបន្ទាប់ពីការប្រកាសចាកចេញរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ក្លិប Bayern Munich ពិបាកក្នុងការស្វែងរកអ្នកជំនួសតំណែងនេះ ដោយតែងតែត្រូវបានបដិសេធ។   បើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ទស្សនាវដ្តី Kicker និង Sky TV កាលពីថ្ងៃទី១៥ ប្រធានផ្នែកកីឡាលោក Max Eberl និង Christoph Freund ត្រូវបានគេឃើញថាបានជជែងគ្នាជាមួយនឹងលោក Tuchel ចំពោះការសម្រេចចិត្តដែលធ្លាប់បានប្រកាសចាកចេញកាលពីខែកុម្ភៈ។ ការជជែកក៏ត្រូវបានគេដឹងថាមានឧបសគ្គជាច្រើនបានរារាំង។   កិច្ចសន្យារបស់លោក Tuchel នៅក្លិបយក្សអាល្លឺម៉ង់ នឹងត្រូវផុតកំណត់ត្រានៅក្នុងឆ្នាំ ២០២៥។ បេក្ខភាពជួរមុខមួយចំនួនដូចជាលោក Jurgen Klopp ដែលប្រកាសចាកចេញពីការដឹកនាំក្រុម Liverpool ធ្លាប់អះអាងថាលោក ត្រូវបានការពេលវេលាសម្រាក់ពីបាល់ទាត់ ១ឆ្នាំ។ កន្លងមក ក្រោយការប្រកួតទល់ Real Madrid បានបញ្ចប់ លោក Tuchel ក៏ធ្លាប់បានបង្ហើបថាបើកឱកាសក្នុងការបន្តដឹកនាំក្រុមផងដែរ។   កាលពីថ្ងៃទី១៥ ខែឧសភា ដដែលទៀតសោត ភ្នាក់ងាររបស់លោក Tuchel ក៏ត្រូវបានគេប្រទះឃើញជជែកជាមួយនឹងលោក Jan Christian Dreesen នាយកក្លិប Bayern Munich។ អ្នកគាំទ្រ Bayern Munich មួយចំនួនក៏បានបង្ហាញការគាំទ្រដល់លោក Tuchel ឱ្យបន្តដឹកនាំក្រុមរដូវកាលក្រោយ។   Bayern Munich ទៀតសោតក៏ត្រូវបានគេផ្សាយថាបានទាក់ទងលោក Ralf Rangnick គ្រូបង្វឹកក្រុមអូទ្រីសមកដឹកនាំក្រុមបន្ត ប៉ុន្តែអតីតអ្នកចាត់ការបណ្តោះអាសន្ន Mancheter United បដិសេធ។ មួយវិញទៀតលោក Julian Nagelsmann បានបន្តកិច្ចសន្យាជាមួយជម្រើសជាតិអាល្លឺម៉ង់ ខណៈលោក Unai Emery ដែលដឹកនាំក្រុម Aston Villa បានយ៉ាងល្អរដូវកាលនេះ ក៏បានបន្តកិច្ចសន្យាដឹកនាំក្រុមអង់គ្លេស។   លើសពីនេះមានរបាយការណ៍ថា Bayern Munich បានទាក់ទង់អតីតគ្រូបង្វឹកក្រុម Wolfsburg លោក Oliver Glasner ដែលបច្ចុប្បន្នដឹកនាំក្រុម Crystal Palace ព្រមទាំងលោក Julen Lopetegui អតីតគ្រូបង្វឹក Real Madrid និង Sevilla ជាដើម៕
ក្លិប Bayern Munich បានបង្ហាញជំហក្នុងការបញ្ចុះបញ្ចូលលោក Thomas Tuchel ឱ្យបន្តដឹកនាំក្រុមបន្តទៀតសម្រាប់រដូវកាលក្រោយ បន្ទាប់ពីការស្វែងរកអ្នកជំនួសតំណែងដឹកនាំក្រុម តែងត្រូវបានបដិសេធ។ លោក Tuchel ធ្លាប់បានប្រកាសចាកចេញពីក្រុម ក្រោយពេលបញ្ចប់រដូវកាល ២០២៣-២៤ បន្ទាប់ពីដឹកនាំមិនបានល្អ។
  កម្មវិធី «ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ» ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។  លោក ភឹម វុទ្ធថា  មកពីខេត្តតាកែវ អ្នកស្រី ប៉ិន គឹមស្រឿន មកពីខេត្តកំពត និងលោក ម៉ៅ ផានិត មកពីរាជធានីភ្នំពេញ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ បានប្រសាសន៍បញ្ជាក់ដូចគ្នាថា កម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរអាន់ឆ័រ ពិតជាល្អណាស់ ស្រាបៀរអាន់ឆ័រ ពិតជាប្រគល់រង្វាន់     ពិតៗមែន ហើយសូមអតិថិជនស្រាបៀរអាន់ទាំងអស់ បន្តគាំទ្រស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចរូបគាត់។    កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ ១កំប៉ុង ១២កំប៉ុង  ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១,០០០ (មួយពាន់ដុល្លារ និង ១០,០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុន នឹងរៀបចំពេលវេលាសម្រាប់អ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាចបើកភ្លាម នៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។    សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ ១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!    ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំ តាមរយៈលេខ៖ 092 333 900 / 010 833 000។ រីករាយស្រស់ថ្លា   ពិសាដោយការទទួលខុសត្រូវ៕   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩  ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារ ចំនួនបីរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1,000 (មួយពាន់) ដុល្លារចំនួន 27 (ម្ភៃប្រាំពីរ) នាក់ពីកម្មវិធី«ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ»។ កម្មវិធីប្រគល់រង្វាន់នេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍នៃការញាំខ្ទឹមសឆៅពេលពោះទទេររាល់ព្រឹក ហើយជឿជាក់ថាបន្ទាប់ពីអានអត្ថបទនេះរួច អ្នកនឹងប្រែជាចូលចិត្តទទួលទានខ្ទឹមសឆៅរាល់ថ្ងៃជាមិនខាន ៖   ១. ជាថ្នាំផ្សះធម្មជាតិ ឬអង់ទីប៊ីយូទិក   ខ្ទឹមសស្រស់ ហើយឆៅ ដើរតួនាទីជាភ្នាក់ងារធម្មជាតិប្រឆាំងនឹងពពួកបាក់តេរី។ ក្នុងស្ថានភាពឆៅ ខ្ទឹមស មានផ្ទុកសារធាតុ allicin ដែលសម្លាប់វីរុស និងបាក់តេរីគួរឲ្យកត់សម្គាល់។ ដូច្នេះការទទួលទានខ្ទឹមសឆៅត្រឹម ១ កំពឹស នៅមុនពេលអាហារពេលព្រឹកអាចជួយសម្លាប់មេរោគក្នុងក្រពះបានប្រកបដោយប្រសិទ្ធិភាព។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ទឹមស ក៏ជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយផងដែរ ដោយវាដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។   ២. បង្កើនសុខភាពបេះដូង   ខ្ទឹមស ជួយរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ ដោយវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកដែលជួយកាត់បន្ថយបញ្ហារលាកផ្សេងៗក្នុងសសៃឈាម ព្រមទាំងទប់ស្កាត់ការបំផ្លាញដល់ជញ្ចាំងខាងក្នុងនៃសសៃឈាមផងដែរ។ ដូច្នេះប្រសិនបើអ្នកទទួលទានខ្ទឹមសឆៅ ១ កំពឹស នៅពេលពោះទទេរមុនអាហារពេលព្រឹកនោះអ្នកនឹងជៀសផុតពីបញ្ហាកកស្ទះសសៃឈាម។   ៣. ពង្រឹងប្រព័ន្ធភាពស៊ាំ   ងាយនឹងគ្រុនផ្ដាសាយ ឬកើតជំងឺផ្ដាសាយមែនទេ? នោះក៏ព្រោះតែប្រព័ន្ធភាពស៊ាំនៃរាងកាយអ្នកចុះខ្សោយ។ ការទទួលទានខ្ទឹមស ១ កំពឹស នៅពេលព្រឹកអាចជួយអ្នកទប់ទល់នឹងស្ថានភាពទាំងនេះបាន! ខ្ទឹមស ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំមានលក្ខណៈប្រសើរឡើងជាងមុនដហើយរាងកាយអាចប្រយុទ្ធប្រឆាំងជាមួយវីរុស និងបាក់តេរីប្រកបដោយប្រសិទ្ធិភាព។   ៤. គ្រប់គ្រងសម្ពាធឈាម   ខ្ទឹមសឆៅ ជាប្រភពដ៏ប្រសើរនៃសារធាតុ Allicin ជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាម។ ខ្ទឹមសស្រស់ឆៅត្រឹម ១ កំពឹស មានផ្ទុកសារធាតុ Allicin ប្រមាណពី ៥ ទៅ ៩ មីលីក្រាមឯណោះ។   ៥. គ្រប់គ្រងកម្រិតអាំងស៊ុយលីន   ការទទួលទានខ្ទឹមសឆៅត្រឹម ១ កំពឹសតូចជាប្រចាំ ក៏អាចមានប្រយោជន៍យ៉ាងប្រសើរសម្រាប់អ្នកដែលហត់នឹងលេបថ្នាំគ្រប់គ្រងកម្រិតអាំងស៊ុយលីនបានដែរ។ ខ្ទឹមស មានផ្ទុកសមាសធាតុម្យ៉ាងហៅថា Allyl Propyl disulphides រួមជាមួយ S-allyl cysteine sulfoxide និង allicin ដែលធ្វើឲ្យភាពប្រែប្រួលនៃកម្រិតអាំងស៊ុយលីនក្នុងខ្លួនអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ មានលក្ខណៈប្រសើរឡើង។   ៦. បង្កើនមុខងារពោះវៀន   ខ្ទឹមសឆៅ មានផ្ទុកសារធាតុប្រឆាំងការរលាកដែលជួយធ្វើឲ្យមុខងារនៃពោះវៀនប្រសើរឡើងជាងមុន។ លើសពីនេះទៅទៀត ខ្ទឹមសឆៅ ក៏ជាប្រភពនៃសារធាតុប្រឆាំងបាក់តេរីគ្រោះថ្នាក់ផ្សេងៗក្នុងពោះវៀនផងដែរ។ លើសពីនេះទៅទៀតខ្ទឹមសមានឥទ្ធិពលលើការបញ្ចេញទឹកអាស៊ីតក្រពះអោយបានត្រឹមត្រូវ ហើយកាត់បន្ថយការរលាកនៅក្នុងប្រដាប់រំលាយអាហារ។   ៧. កម្ចាត់ជាតិពុល   ការប្រើប្រាស់ខ្ទឹមសដើម្បីកាត់បន្ថយកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ គឺជារូបមន្តដ៏ចំណាស់មួយដែលងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់។ ខ្ទឹមសឆៅ មានផ្ទុកវីតាមីន C ជួយធ្វើឲ្យមុខងារថ្លើមកាន់តែប្រសើរឡើង។ វាក៏ជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ ដោយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ក្នុងឈាមផងដែរ។ ការទទួលទានខ្ទឹមសឆៅពេលពោះទទេអាចជះឥទ្ធិពលដល់ការបញ្ចេញទឹកប្រមាត់ និងជម្រុញដល់មុខងារបន្សាបជាតិពុលនៃថ្លើមឲ្យកាន់តែប្រសើរ។   ៨. ពង្រឹងសុខភាពឆ្អឹង ត្រឹម ១ កំពឹសតូចនៃខ្ទឹមស មានផ្ទុកនូវជាតិរ៉ែចាំបាច់ និងវីតាមីនជាច្រើន។ ជាតិរ៉ែទាំងនោះ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីម ជួយរក្សាសុខភាពឆ្អឹងរឹងមាំ ជៀសផុតពីជំងឺពុកឆ្អឹង។   របៀបទទួលទានខ្ទឹមសឆៅ ៖  ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីខ្ទឹមសឆៅ ចូរទទួលទានយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ។   ដើម្បីកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ ចូរទទួលទានខ្ទឹមស ៤ កំពឹសនៅពេលព្រឹក។   ដើម្បីស្រកក្បាលពោះ ចូរទទួលទានខ្ទឹមសឆៅប៉ុន្មានកំពឹសរាល់ព្រឹក ជាមួយទឹកក្រូចឆ្មារ ១ កែវ។   ទទួលទានខ្ទឹមសស្រស់ពី ២ ទៅ ៣ កំពឹស ជាមួយបន្លែផ្សេងទៀតដើម្បីពង្រឹងសុខភាពឆ្អឹង។   ដើម្បីកម្ចាត់មុន ចូរយកខ្ទឹមសស្រស់ ២ ឬ ៣ កំពឹសទៅកិនយកទឹក។ ហើយលាបទឹកខ្ទឹមសលើមុន និងរងចាំសម្រាប់រយៈពេល ២ នាទីសិន សឹមលាងចេញជាមួយទឹកធម្មតាជាការស្រេច។   ដើម្បីបញ្ចុះកូឡេស្តេរ៉ូល ទទួលទានខ្ទឹមសជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ៕   ត្រួតពិនិត្យដោយ www.health.com.kh
ខ្ទឹមស មិនត្រឹមតែជាគ្រឿងផ្សំបង្កើនរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្ដល់ផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពបាន! ខ្ទឹមសត្រូវបានគេចាត់ទុកជាឱសថដ៏មានឥទ្ធិពលបំផុតមួយយូរមកហើយ តាមរយៈសារធាតុផ្សេងៗដែលវាមានផ្ទុកជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងបញ្ហាសុខភាព។ ទោះបីមានការយល់ឃើញខុសគ្នាអំពីពេលវេលា និងរបៀបនៃការទទួលទានខ្ទឹមស ប៉ុន្តែការសិក្សាស្រាវជ្រាវភាគច្រើនបង្ហាញថា ខ្ទឹមសមានប្រសិទ្ធភាពបំផុតពេលឆៅ និងត្រូវបានទទួលទាននៅពេលពោះទទេ។ វាដើរតួជាអង់ទីប៊ីយូទិកធម្មជាតិពេលទទួលទានមុនអាហារពេលព្រឹក។ ខ្ទឹមស្រស់ ឬឆៅ មានផ្ទុកសារធាតុ allicin ច្រើន ហើយសារធាតុដ៏មានឥទ្ធិពលនេះគ្មាននៅក្នុងខ្ទឹមសឆ្អិនឡើយ។
   មិនទាន់អស់នៅឡើយទេ!!! សម្រាប់អតិថិជន ដែលទិញម៉ាស៊ីនត្រជាក់ សាមសុង ចាប់ពីថ្ងៃនេះ  រហូតដល់ 31 ឧសភា 2020 នឹងទទួលបានជើងភ្ជាប់ជញ្ជាំងដែល មានគុណភាពល្អដោយឥតគិតថ្លៃភ្លាមៗ។   ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាវៃឆ្លាតទំនើប និងសក្តិសមជាទីបំផុត  សម្រាប់លោកអ្នក  ដោយក្រុមហ៊ុន សាមសុង បានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ឆ្លាតវៃដូចជា៖ * Wind-Free AI Auto Cooling - ធ្វើឱ្យត្រជាក់ស្រួលខ្លួន   - គ្មានខ្យល់ និងសំឡេងរំខាន - ផ្តល់ភាពត្រជាក់ដែលមានផាសុកភាពបំផុត - ផ្លាស់ប្តូរសីតុណ្ហភាពដោយស្វ័យប្រវត្តិជាមួយនឹងប្រព័ន្ធ AI - ភាយខ្យល់ត្រជាក់(មានសំណើម) តាមរន្ធតូចៗចំនួន 23,000 រន្ធ - វិភាគស្ថានភាពបន្ទប់ ឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់   * Fast Cooling (Digital Inverter Boost) - ត្រជាក់លឿនជាងមុន 43% ត្រជាក់សព្វគ្រប់កន្លែង និងអាចបាញ់ខ្យល់ត្រជាក់បរិសុទ្ធបានកាន់តែឆ្ងាយជាងមុនរហូតដល់ 15 ម៉ែត្រ!   * Eco Mode - មានប្រសិទ្ធភាពក្នុងការបញ្ចេញភាពត្រជាក់ - ជួយសន្សំសំចៃថាមពល និងថវិកា 35% បន្ថែមទៀត (បើធៀបនឹងផលិតផលម៉ូឌែលធម្មតាផ្សេងទៀត) - រក្សាភាពត្រជាក់បានល្អ ស៊ីថាមពលតិចបំផុត!   * Motion Detect Sensor (MDS) - ជួយសន្សំសំចៃខ្ពស់បំផុត  រហូតដល់ 77% ដោយបត់បែនទៅតាមវត្តមានរបស់  លោកអ្នក! (ដោយវាវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងបិទ ឬបើកម៉ាស៊ីនដោយស្វ័យប្រវត្តិ ឬក៏វត្តមានសមាជិកកាន់តែច្រើននោះភាពត្រជាក់ក៏កាន់តែសមស្របទៅតាមហ្នឹងដូចគ្នា) ពិតជាវៃឆ្លាតមែនទែន! - * Easy Filter Plus - មានក្រឡាញឹកតូចៗបំផុតងាយស្រួលក្នុងការដោះ និងដុសលាងសម្អាតក៏ដូចជាដាក់ចូលទៅវិញផងដែរ!   * PM10 Filter - ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អបំផុត!   * Tri-Care Filter - បំពាក់នូវថ្នាំការពារ Zeolite មានសមត្ថភាពខ្ពស់បំផុតក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុតរហូតដល់ 99%!!   និយាយទៅម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺកប់ស៊េរីខ្លាំងណាស់!! គិតចាប់ពីលោកអ្នកទិញមកប្រើភ្លាម លោកអ្នកនឹងលែងបារម្ភពីវិកយប័ត្រភ្លើងដែលធ្វើឱ្យចត់បាយ ឬឈឺក្បាលទៀតហើយ! ជាមួយនឹងម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះខ្ញុំសូមធានាថា  ទោះបីលោកអ្នកទើបមកពីខាងក្រៅបែកញើស ក្តៅយ៉ាងណា  ក៏នៅតែទទួលបានអារម្មណ៍ស្រស់ស្រាយ ស្រួលខ្លួន និងរីករាយត្រជាក់ចិត្តជានិច្ច! ឈប់សិន!! កុំទាន់អាលជឿអីទិញយកមកប្រើខ្លួនឯងសិនទៅទើបដឹងច្បាស់ថាវាអស្ចារ្យ និងល្អប្រើខ្លាំងប៉ុនណានោះ! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរផលិតផលដោយផ្ទាល់ ឬរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខ៖ 1800 203 232 ៕   (អត្ថបទពាណិជ្ជកម្ម)
(ភ្នំពេញ) ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០៖ ខែចេត្រនេះក្តៅមធ្យមងំគឺស្អុះស្អាប់ហប់បែកញើសស្អិតតែម្តង។ ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ ជាពិសេស នៅពេលអាកាសធាតុក្តៅខ្លាំង (ក្នុងខែចែត្រ) រហូតដល់ពេលខ្លះពិបាកទ្រាំ និងអាចធ្លាក់ខ្លួនឈឺ។ តោះអ៊ីចឹងដល់ពេលដែលលោកអ្នកត្រូវនិយាយថា  លាហើយអាកាសធាតុក្តៅស្អុះស្អាប់  ដោយប្តូរមកជ្រើសយកសំណព្វចិត្តដែលយល់ចិត្តលោកអ្នក  បានយ៉ាងល្អឥតខ្ចោះ និងឆ្លាតវៃបំផុតនោះគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលអាចផ្តល់ភាពត្រជាក់បានលឿនបំផុតលើសពីការស្មានត្រជាក់សព្វកន្លែងត្រជាក់ស្រួលខ្លួននិងសន្សំសំចៃបានខ្ពស់បំផុត។
ក្នុងជំនួបលីគកំពូលអ៊ីតាលីសប្តាហ៍ទី៣៤ នាកីឡដ្ឋាន Allianz Arena នៅយប់ថ្ងៃទី២០ ខែកក្កដា Ronaldo បានសម្រេចទី២គ្រាប់ម្នាក់ឯងដែលធ្វើបាននៅនាទី៥១ និង៥៤ ដើម្បីជួយក្រុមរហស្សនាមសេះបង្កង់ទទួលបាន៣ពិន្ទុបន្ថែមពីក្រុម Lazio។ មិនត្រឹមតែជួយក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Maurizio Sarri កាន់តែខិតជិតការលើកពាន Serie A រដូវកាល ២០១៩-២០ នេះនោះទេ ខ្សែប្រយុទ្ធសញ្ជាតិវ័យព័រទុយហ្គាល់ វ័យ៣៥ឆ្នាំរូបនេះ ថែមទាំងបង្កើតកំណត់ត្រាថ្មីដែលមិនទាន់មានកីឡាករណាអាចធ្វើបានលើទឹកដីអ៊ីតាលីក្នុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយ។ កំណត់ត្រាថ្មីគឺ Ronaldo បានក្លាយជាកីឡាករដំបូងដែលអាចរកបានចាប់ពី៥០គ្រាប់លឿនបំផុតនៅ Serie A ដោយចំណាយពេល២រដូវកាលប៉ុណ្ណោះ។ Ronaldo ដែលផ្លាស់ចេញពី Real Madrid នៅឆ្នាំ២០១៨ បានបង្ហាញខ្លួនសម្រាប់ Juventus ចំនួន៦១ប្រកួត និងសុទ្ធបញ្ចូលទីសរុបបាន៥១គ្រាប់។ ក្រៅពីនេះ ម្ចាស់ពានរង្វាន់ Ballon dOr ៥សម័យ ថែមទាំងក្លាយជាកីឡាករដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបញ្ចូលទីបានលើសពី៥០គ្រាប់ ក្នុងក្របខណ្ឌ៣ផ្សេងគ្នាគឺ Premier League, La Liga និង Serie A ដែលមិនទាន់មានកីឡាករណាម្នាក់អាចធ្វើបាននៅឡើយទេ។ Ronaldo រកបាន ៨៤ គ្រាប់ឲ្យ Manchester United សម្រាប់ការបង្ហាញខ្លួន១៩៦លើក សម្រាប់រយៈពេល៦រដូវកាល និងរកបាន ៣១១គ្រាប់ឲ្យក្រុមយក្សអេស្ប៉ាញ Real Madrid ដោយប្រើ២៩២ ប្រកួត។ ដោយឡែក ខ្សែប្រយុទ្ធ Edin Dzeko ក៏ធ្វើបានលើសពី៥០គ្រាប់ ក្នុងក្របខណ្ឌ ៣ផ្សេងគ្នាផងដែរ តែនៅ Bundesliga របស់អាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី។ ខ្សែប្រយុទ្ធសញ្ជាតិបូស្នីរូបនេះរកបាន៦៩គ្រាប់សម្រាប់ក្រុម VfL Wolfsburg, ៥០គ្រាប់ឲ្យ Manchester City និង ៦៩គ្រាប់ហើយសម្រាប់ក្រុម AS Roma ដែលរូបគេកំពុងប្រកបអាជីពសព្វថ្ងៃ៕
Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដែលអាចស៊ុតបញ្ចូលទីបាន ៥០ គ្រាប់លឿនជាងគេបំផុតក្នុងក្របខណ្ឌ Serie A នារយៈពេល ៥០ឆ្នាំចុងក្រោយ បន្ទាប់ពីរកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែល Juventus ឈ្នះ Lazio ដោយលទ្ធផល ២-១។
ការកោតសរសើរអំពីគំនិតផ្តួចផ្តើមកម្មវិធីនាវាយុវជនអាស៊ាន ជប៉ុន កាលពី៤៤ឆ្នាំមុន រួមទាំងការបង្កើតសមាគមអាស៊ាន នៃមេដឹកនាំប្រទេសសមាជិកអាស៊ានចាស់ គឺជាប្រធានបទនៃការជជែកសំណេះសំណាល របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន។ បន្ទាប់មក គឺការគោរពគ្នា និងស្មារតីសាមគ្គីភាពរបស់អាស៊ាន រួមទាំងសហប្រតិបត្តិការរវាងជប៉ុន និងប្រទេសសមាជិកអាស៊ាន ដែលធ្វើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា នឹកឃើញដល់មូលហេតុ៤ចំណុច ដែលធ្វើឲ្យកម្ពុជាចូលអាស៊ាន។ គោលការណ៍មិនជ្រៀតជ្រែក ស្មារតីសហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហប្រតិបបត្តិកា រវាងអាស៊ាន និងដៃគូ ទាំងនេះជាមូលហេតុចាំបាច់ ដែលធ្វើឲ្យកម្ពុជាមើលឃើញពីផលប្រយោជន៍ ដែលខ្លួនអាចទាញយកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ នៅចំពោះមុខប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ចំនួន៣៦២នាក់ សម្តេច ហ៊ុន សែន ហាក់បានផ្តល់តម្លៃជាងគេ លើមូលហេតុទី២ ពោលគឺការធ្វើសេចក្តីសម្រេចចិត្តអ្វីមួយដោយមូលមតិគ្នា (consensus)។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ការមូលមតិគ្នា ស្ទើរតែជាអាយុជីវិតរបស់អាស៊ានផង។ សម្តេច ហ៊ុន សែន បានពន្យល់យ៉ាងដូច្នេះ៖ «ខ្ញុំសូមផ្តាំទៅអ្នកទាំងអស់គ្នា។ នៅពេលដែល [លោកអ្នក] ក្លាយជាមេដឹកនាំ មិនថាថ្នាក់ណាទេ សូមមេត្តាកុំកែឲ្យសោះ អំពីការសម្រេចដោយ Consensus ទៅជាការបោះឆ្នោត។ បើសិនការសម្រេចត្រូវធ្វើតាមរយៈការបោះឆ្នោត អាស៊ាននឹងបែកបាក់ភ្លាមតែម្តង។ ព្រោះការបោះឆ្នោត តែងមានសំឡេងភាគច្រើន និងសំឡេងភាគតិច។ ដូច្នេះ អាស៊ាននឹងត្រូវបែងចែកទៅតាមបញ្ហា»។ ដោយបញ្ជាក់ថា សម្តេចបានផ្តាំផ្ញើចំណុចនេះ ទៅដល់យុវជកម្ពុជាហើយនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាបន្តទៀតថា៖«អាស៊ាន អត់មានគិតពីប្រទេសធំ ប្រទេសតូច ឬប្រទេសអ្នកមាន ប្រទេសអ្នកក្រឡើយ។ ចំណុចរឹងមាំរបស់អាស៊ាន គឺនៅត្រង់នេះ»។ គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន មុននឹងសម្តេចចាកចេញទៅចូលរួមប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងដាណាង នៃប្រទេសវៀតណាម។ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវបំពេញបេសកកម្មនៅកម្ពុជា រហូតដល់ថ្ងៃទី១៣ខែវិច្ឆិកា ដោយមានរួមានការជជែកពិភាក្សាលើប្រធានបទនានា ទស្សនកិច្ចនៅតាមស្ថាប័នរដ្ឋ និងការស្នាក់នៅក្នុងគ្រួសារខ្មែរទៀតផង៕
នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបាននិយាយលើកតម្កើងតម្លៃ និងសាមគ្គីភាពរបស់អាស៊ាន។
  ក្រុមរៀបចំកម្មវិធីបាញ់កាំជ្រួច នៅក្នុងក្រុមប្រឹក្សាទេសចរណ៍ទីក្រុងហុងកុង នៅថ្ងៃទី១៧ ខែធ្នូ បានឲ្យដឹងថា ពិធីបាញ់កាំជ្រួចឆ្លងឆ្នាំ នៅកំពង់ផែ Victoria នឹងត្រូវលុបចោល ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ។ សេចក្តីប្រកាសនេះ ធ្វើឡើងស្របពេលកំណើនភ្ញៀវទេសចរ បានធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុងខែវិច្ឆិកា កន្លងមកនេះ ភ្ញៀវទេសចរ បានធ្លាក់ចុះប្រមាណជា ៥៦ភាគរយ ខណៈពេលកំណើនអ្នកអត់ការងារ បានកើនឡើងជាបន្តបន្ទាប់។   បើទោះបីជាកាំជ្រួចឆ្លងឆ្នាំត្រូវបានលុបចោលមែន ប៉ុន្តែក្រុមរៀបចំកម្មវិធី នឹងដាក់ជំនួសការបាញ់កាំជ្រួចខ្នាតតូចពីលើអាគារខ្ពស់ៗមកវិញ ហើយក្នុងចំនួនតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងការបាញ់កាំជ្រួចនៅកំពង់ផែ Victoria ។ លោក Pang Yiu-kai ប្រធានក្រុមប្រឹក្សាទេសចរណ៍បានគូសបញ្ជាក់ថា សុវត្តិភាពភ្ញៀវទេសចរ គឺសំខាន់ជាទីបំផុត បើទោះបីជាការបាញ់កាំជ្រួច អាចទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើនក៏ដោយ។ ក្នុងន័យនេះ ពិធីបាញ់កាំជ្រួច មិនអាចធ្វើឡើងបានជាដាច់ខាត ប្រសិនបើវាប៉ះពាល់សន្តិសុខសាធារណៈ។    ក្រៅពីពិធីបាញ់កាំជ្រួចត្រូវលុបចោល ព្យុហយាត្រាក្នុងឆ្នាំថ្មីនៅខែមករា ឆ្នាំ២០២០ ក៏ត្រូវបានលុបចោលដូចគ្នា។ ប៉ុន្តែវាត្រូវដាក់ជំនួសមកវិញ ក្បួនសម្តែងតាមផ្លូវវិញ។ ការធ្វើបែបនេះ គឺដើម្បីបញ្ចៀស គ្រោះថ្នាក់ពីក្រុមបាតុករ។ នេះបើតាមការផ្សាយរបស់កាសែត South China Morning Post ។   ការបាញ់កាំជ្រួចត្រូវលុប ប៉ុន្តែក្រុមរៀបចំកម្មវិធីបាញ់កាំជ្រួចឆ្លងឆ្នាំ នឹងដាក់បន្ថែមការបាញ់ពន្លឺភ្លើងពណ៌ពីអាគារខ្ពស់ៗជំនួសវិញ។ ចំណែកការរាប់ថយក្រោយ (Countdown) នោះ គេនឹងរៀបចំឲ្យមើលនៅលើទូរសព្ទ តាមរយៈការផ្សាយផ្ទាល់វិញ។ នេះបើតាមការអះអាងរបស់លោក Dane Cheng Ting-yat នាយកប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍។    សូមបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ បាតុកម្មនៅទីក្រុងហុងកុង គឺមានរយៈពេលជិត ៧ខែមកហើយ ដើម្បីប្រឆាំងទៅនឹងរដ្ឋបាលទីក្រុងហុងកុង។ ក្នុងរយៈពេលកន្លងមកនេះ បាតុកម្មនៅក្នុងទីក្រុង បានធ្វើឲ្យភ្ញៀវទេសចរ បានធ្លាក់ចុះយ៉ាងគំហុក រហូតដល់ ៥៦ភាគរយ ក្នុងខែវិច្ឆិកា បើគិតចាប់ពីឆ្នាំ ២០០៣មក៕
ពិធីបាញ់កាំជ្រួចឆ្លងឆ្នាំ ដែលជាពិធីប្រពៃណីទីក្រុងហុងកុង ត្រូវបានប្រកាសលុបចោលលុបចោលជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ ការប្រកាសលុបចោលបែបនេះ គឺដើម្បីទប់ស្កាត់ការគំរាមកំហែងណាមួយចេញពីការធ្វើបាតុកម្ម។
  «យើងពិតជារីករាយណាស់ ដែលទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានពី S&P ព្រោះវាឆ្លុះបញ្ចាំងពីដំណើរការល្អរបស់យើង និងបញ្ជាក់ពីជំហររឹងមាំរបស់ ABA នៅក្នុងទីផ្សារ»។ នេះបើតាមប្រសាសន៍របស់ លោក Zhiger Atchabarov ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA។ លោក Zhiger Atchabarov បន្ថែមថា៖«នេះគឺជាលទ្ធផល នៃការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មត្រឹមត្រូវរបស់យើង ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងម្ចាស់ភាគហ៊ុន»។   អ្នកជំនាញរបស់ S&P ចាត់ទុកសមត្ថភាពនៃការគ្រប់គ្រង និងប្រព័ន្ធឌីជីថលរបស់ធនាគារ ABA ថាមានគុណសម្បត្តិល្អ ក្នុងការប្រកួតប្រជែង រួមជាមួយនឹងការគាំទ្រពីសម្ព័ន្ធធនាគារជាតិកាណាដាផងដែរ។   «យើងបានដំឡើងចំណាត់ថ្នាក់របស់យើង ដល់ធនាគារ ABA ដោយផ្អែកលើសម្ភាររបស់ធនាគារ និងការកើនឡើងចំណែកទីផ្សារ នៃប្រាក់កម្ចី និងប្រាក់បញ្ញើ រួមនឹងការទទួលបានប្រាក់ចំណេញលើសពីមធ្យម។ បច្ចុប្បន្ន ធនាគារ ABA គឺជាធនាគារធំលំដាប់ទី៣នៅកម្ពុជា ហើយសិទ្ធិអាជីវកម្មរបស់ខ្លួន គ្របដណ្តប់អតិថិជនទាំងនៅក្នុងទីក្រុង និងជនបទ ក៏ដូចជាប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងទីផ្សារផងដែរ។ តាមទស្សនៈរបស់យើង គុណសម្បត្តិដ៏មានភាពប្រកួតប្រជែងរបស់ធនាគារ ទំនងជានឹងបន្តគាំទ្រដល់ស្ថិរភាពអាជីវកម្មរយៈពេលវែងបាន»។ នេះបើយោងតាមបច្ចុប្បន្នភាពនៃការស្រាវជ្រាវរបស់ S&P។    «សិទ្ធិអាជីវកម្មរបស់ ABA នៅទូទាំងប្រទេស និងវត្តមានដ៏រឹងមាំរបស់ខ្លួន ក្នុងការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យម (MSME) នឹងបន្តគាំទ្រដល់ជំហរអាជីវកម្មរបស់ខ្លួន។ ធនាគារ ABA បាន និងកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ ២០១០ ជាពិសេសនៅក្នុងផ្នែក MSME។ យើងប៉ាន់ស្មានឃើញថា ចំណែកទីផ្សាររបស់ធនាគារ ABA មានដល់ទៅប្រហែលជា ១០ ភាគរយ សម្រាប់ប្រាក់កម្ចី និងប្រហែលជា ១២ ភាគរយ សម្រាប់ប្រាក់បញ្ញើ។ នេះបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩»។ អ្នកវិភាគរបស់ S&P បានបន្ថែម។   ទស្សនវិស័យស្ថិរភាពក៏ឆ្លុះបញ្ចាំងពីការយល់ឃើញ ដែលថាធនាគារ ABA នឹងគ្រប់គ្រងកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើ យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយនឹងបន្តរាយការណ៍អំពីគុណភាពទ្រព្យសម្បត្តិល្អ នៅក្នុងបរិយាកាសប្រតិបត្តិការដែលមានហានិភ័យខ្ពស់របស់កម្ពុជា។   ភ្នាក់ងារវាយតម្លៃអន្តរជាតិ S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត «B» ដល់ធនាគារ ABA នៅក្នុងឆ្នាំ ២០១៧ និងរក្សាចំណាត់ថ្នាក់នេះដដែល នៅក្នុងឆ្នាំ២០១៨។   អំពី S&P Global Ratings   ជាមួយការផ្តល់ចំណាត់ថ្នាក់ឥណទានដ៏លេចធ្លោប្រមាណជាង ១លាន ដល់ស្ថាប័នរដ្ឋាភិបាល,សាជីវកម្ម, វិស័យហិរញ្ញវត្ថុ, ក្រុមហ៊ុនហិរញ្ញវត្ថុ និងមូលបត្រអន្តរជាតិ S&P Global Ratings គឺជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខកម្រិតពិភពលោក។ ការវិភាគហានិភ័យឥណទាន ការស្រាវជ្រាវ និងទិន្នន័យនានា នៃស្ថាប័ននេះ ជួយគាំទ្រដល់ការរីកចម្រើននៃតម្លាភាព និងសន្ទនីយភាពទីផ្សារលើពិភពលោក។ S&P Global Ratings មានអ្នកជំនាញប្រមាណជាង ១,៥០០ ក្នុង ២៨ប្រទេស លើពិភពលោក និងមានទីស្នាក់ការ          កណ្តាលនៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.spratings.com៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank)  ដែលជាធនាគារពាណិជ្ជធំទី៣ នៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា សូមប្រកាសនៅថ្ងៃនេះថា ចំណាត់ថ្នាក់ឥណទានរយៈពេលវែងរបស់ខ្លួន ដែលទទួលបានពីភ្នាក់ងារវាយតម្លៃអន្តរជាតិឈ្មោះ Standard & Poors (S&P)  Global Ratings ត្រូវបានដំឡើងពីកម្រិត «B» ទៅ «B+» ជាមួយនឹងទស្សនវិស័យស្ថិរភាព។
  បរិយាកាសនយោបាយហុងកុង កាន់តែរួមរឹត ជាមួយនឹងពន្លឺសង្ឃឹមប្រជាធិបតេយ្យ ដែលកាន់តែចុះថយ។ អ្នកនយោបាយ និងសកម្មជននិយមប្រជាធិបតេយ្យជាច្រើនណាស់ ខ្លះកំពុងប្រឈមនៅតុលាការ ខ្លះកំពុងស្ថិតនៅក្នុងឃុំ និងខ្លះទៀតត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅស្រុក។ គណបក្សប្រឆាំងដ៏ធំមួយនៅហុងកុង ឈ្មោះ Civic Party បានសម្រេចបិទទ្វាររំលាយខ្លួនជាស្ថាពរ នៅថ្ងៃទី២៨ធ្នូ២០២៣។ គណបក្សប្រឆាំងដ៏សំខាន់មួយ នៅហុងកុងឈ្មោះ Civic Party ត្រូវបិទទ្វារជាស្ថាពរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ធ្នូ។ វាគឺជាការបិទទំព័រនយោបាយប្រជាធិបតេយ្យហុងកុង បន្ទាប់ពីបានឆ្លងកាត់នូវការតស៊ូដ៏កក្រើក នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ទល់នឹងក្រញ៉ាំអំណាចរបស់ចិនប៉េកាំងកុម្មុយនិស្ត។   ថ្លែងនៅក្នុងបទសម្ភាស ផ្តល់ឲ្យបណ្តាញព័ត៌មានបារាំង AFP លោក Alan Leong ស្ថាបនិកម្នាក់នៃគណបក្ស Civic Party បានលើកឡើងថា លោកមានការសោកស្តាយ តែក៏បានធូរចិត្តដែរ ដែលលោកនឹងលែងមានអម្រែកធ្ងន់នៅលើស្មារតទៅទៀត ចាប់ពីពេលនេះទៅ។ លោកបានឲ្យដឹងថា តថៈភាពនយោបាយ ព្រមទាំងការបាត់បង់អស់ទាំងស្រុង នូងធនធានថវិកានិងស្មារតី បានធ្វើឲ្យគណបក្សនេះគ្មានជម្រើសអ្វីផ្សេងទេ ក្រៅពីការប្រកាសរំលាយខ្លួន។   លោកមេធាវី វ័យ៦៥ឆ្នាំរូបនេះ បានលើកឡើងថា លោកមិនដែលសង្ស័យអ្វីទេ ទាក់ទិននឹងសមត្ថភាពរបស់ប្រជាជនហុងកុង ក្នុងការដឹកនាំហុងកុង។ ក៏ប៉ុន្តែ មានរឿងខ្លះ គឺវាស្ថិតនៅផុតពីដៃរបស់យើង ដែលយើងមិនអាចគ្រប់គ្រងបានទេ។   សូមរំលឹកថា គណបក្ស Civic Party ដែលប្រជាជនហុងកុងនិយមដាក់ងារហៅថា គណបក្សមេធាវី ត្រូវបានបង្កើតឡើងនៅខែមីនាឆ្នាំ២០០៦ ដោយក្រុមអ្នកច្បាប់ ដែលនិយមសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតយេ្យ។ ឆ្លងកាត់ជោគជ័យជាបន្តបន្ទាប់ក្នុងការបោះឆ្នោត គណបក្សនេះបានក្លាយជាកម្លាំងចលនាប្រជាធិបតេយ្យធំទី២ បន្ទាប់ពីគណបក្សប្រឆាំងមួយទៀត ឈ្មោះសម្ព័ន្ធសង្គមប្រជាធិបតេយ្យ។   នៅឆ្នាំ២០១០ គណបក្សប្រជាធិបតេយ្យទាំង២នេះ បានរួមគ្នា ជំរុញឲ្យមានការបោះឆ្នោត ដែលមានតម្លៃជានិម្មិតរូប ស្មើនឹងការធ្វើប្រជាមតិ ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅហុងកុង។ គឺចាប់ពីពេលនោះហើយ ដែលប៉េកាំង ចាប់ផ្តើមប្រើប្រាស់គោលនយោបាយធម៌ក្តៅលើហុងកុង ដើម្បីបង្ក្រាបរាល់សំឡេងទាមទារប្រជាធិបតេយ្យ។ គណបក្ស Civic Party ត្រូវបានប៉េកាំងចាត់ទុកថាជាចលនានយោបាយ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពរបស់ចិន។ ឆ្នាំ២០១៩ Civic Party បានចូលរួមយ៉ាងសកម្ម នៅក្នុងចលនាបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ ដែលផ្ទុះកក្រើកឡើង ដោយសកម្មភាពរបស់យុវជនសិស្សនិស្សិតហុងកុង។ សមាជិកធំៗចំនួន៧នាក់នៃបក្សនេះ ត្រូវបានអាជ្ញាធរហុងកុង ប្តឹងចោទប្រកាន់ ពីបទឧក្រិដ្ឋប្រឆាំងនឹងសន្តិសុខជាតិ។ ចាប់ពីពេលនោះមក សកម្មភាពកំចាយ និងរារាំងទៅលើគណបក្ស Civic Party ត្រូវបានពន្លឿន ពីសំណាក់អាជ្ញាធរហុងកុង។    សមាជិកសភា និងអ្នកនយោបាយជាប់ឆ្នោតទាំងអស់ របស់បក្សនេះ ត្រូវគេដកហូតតំណែង។ មេដឹកនាំ៣នាក់នៃគណបក្សនេះ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ចំណែកមួយចំនួនទៀត បានរត់ភៀសខ្លួនទៅក្រៅប្រទេស។ កុំថាឡើយថវិកា ឬកម្លាំងមនុស្សដឹកនាំបក្ស សូម្បីតែតុកៅអីនៅទីស្នាក់ការបក្ស ក៏បាត់ស្រមោលម្តងមួយៗដែរ។ នៅខែឧសភាកន្លងទៅ សមជិកគណបក្ស Civic Party បានបោះឆ្នោតរំលាយខ្លួនឯងចោល បន្ទាប់ពីគ្មានលទ្ធភាព និងធនធានមនុស្សបន្តដឹកនាំតទៅទៀត។   យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាស លោក Alan Leong បានលើកឡើងថា ប្រវត្តិសាស្ត្រគឺប្រៀបបីដូចជា កងចក្រវិលជុំ ដែលមានន័យថា អនាគតគ្មាននរណាអាចមើលឃើញឲ្យជាក់ច្បាស់ទេ។ លោកជឿថា ទោះបីជាមានការកៀបសង្កត់បែបណាពីចិនប៉េកាំង តែមិនប្រាកដថា នឹងគ្មានគណបក្សប្រជាធិបតេយ្យថ្មីណាមួយចាប់បដិសន្ធិឡើងនោះឡើយ។   គួរបញ្ជាក់ដែរថា ស្របពេលដែលគណបក្ស Civic Party ត្រូវបិទទ្វារជាស្ថាពរ នៅថ្ងៃព្រហស្បតិ៍ទី២៨ធ្នូ តុលាការហុងកុង បានបើកសវនាការកាត់ទោសយុវជនហុងកុង៣នាក់។ អតីតនិស្សិតបាតុករទាំង៣ ត្រូវសមត្ថកិច្ចចោទ ថាបានរៀបគម្រោងធ្វើគ្រាប់បែកច្នៃ ដាក់បំផ្ទុះនៅតាមស្ថាប័នរដ្ឋហុងកុង កាលពីក្នុងអំឡុងពេលបាតុកម្មឆ្នាំ២០១៩។ Hu Yu-Wang បច្ចុប្បន្នអាយុ២០ឆ្នាំ ជាប់ទោសពន្ធនាគារ ៦ឆ្នាំ ចំណែក២នាក់ទៀត Kwok Man-Hei អាយុ២១ឆ្នាំជាប់ពន្ធនាគារ២ឆ្នាំកន្លះ និង Cheung Ho-Yeung អាយុ២៣ឆ្នាំ ជាប់ពន្ធនាគារ៦ឆ្នាំ។ ហើយចាប់ពីថ្ងៃទី១៨ធ្នូមក តុលាការហុងកុងកំពុងដំណើរការនីតិវិធីសវនាការ កាត់ទោសលោក Jimmy Lai និពន្ធនាយកកាសែត Apple Daily ដែលអាជ្ញាធរហុងកុងចោទពីបទក្បត់ជាតិ ប្រឆាំងសន្តិសុខនិងស្ថិរភាពជាតិ៕
ដោយ៖ម៉ម ពិសី
  វិសាខា បានលត់ក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ដោយលទ្ធផល៥-០ នៅកីឡដ្ឋាន ព្រីនស៍។ គ្រាប់បាល់ទី១ រកបានដោយខ្សែបម្រើស្លាបឆ្វេង ស៊ិន កក្កដា តែតបញ្ចូលទី នៅនាទី២៧ ក្រោយពីការបញ្ជូនយ៉ាងល្អពីខ្សែការពារ ឆេង ម៉េង មុននឹងខ្សែប្រយុទ្ធ Marcus Haber ស៊ុតគ្រាប់ទី២ នាទី៣៧ នាំមុខគិរីវង់សុខសែនជ័យ ២-០ នៅវគ្គទី១។   ឈានចូលវគ្គទី២ នៅនាទី៧៩ ខ្សែប្រយុទ្ធ Marcus Haber បានបន្ថែមមួយគ្រាប់ទៀត ក្រោយត្រងបាល់ស៊ុតពីកីឡាករ Ajayi Opeyemi Korede ។ ១០នាទីក្រោយមក កីឡាករទាំងពីរបានសហការគ្នាយ៉ាងល្អ ដោយ Marcus Haber បានបញ្ជូនបាល់ឱ្យ Ajayi ស៊ុតគ្រាប់បាល់ទី៤ នៅនាទី៨៩ និងបន្ថែមគ្រាប់ទី៥ នៅ៩០ បូក១។   ដោយឡែកអង្គរថាយហ្គ័រ បានឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ទាំងប្រផុតប្រផើយ ដោយលទ្ធផល២-១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ។ កីឡាករ Talela Maksim បានរកគ្រាប់បាល់ទី១ នាទី៦៣ តាមរយៈការប្រើក្បាលតែតបញ្ចូលទី ក្រោយពីខ្សែបម្រើ ឡុង ម៉េងហៅ លើកបាល់ជ្រុងមក ខណៈខ្សែប្រយុទ្ធ Eliel Da Cruz ស៊ុតបាល់ពិន័យពីចម្ងាយ (Free kick) នៅនាទី៨២ ដែលជាគ្រាប់ជ័យជម្នះរបស់អង្គរថាយហ្គ័រ ។ ចំណែកគ្រាប់បាល់របស់កងយោធពលខេមរភូមិន្ទ រកបានដោយកីឡាករសញ្ជាតិកូរ៉េខាងត្បូង Chanyong Ha នាទី៧០ ដោយស៊ុតបាល់ពិន័យ១១ម៉ែត្រ។   វិសាខា ឡើងទៅឈ្នះកំពូលតារាងបណ្ដោះអាសន្ន ក្រោយឆ្លងកាត់១៥ប្រកួត មាន៣៤ពិន្ទុ ដោយជ័យជម្នះ១០ ស្មើ៤ និងចាញ់១ប្រកួត តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលមាន៣៤ពិន្ទុដូចគ្នា ប៉ុន្តែមានគ្រាប់ស៊ុតតិចជាងវិសាខា។ ចំណែកអង្គរថាយហ្គ័រ វិញឡើងទៅឈរលេខ៦បិញ ដោយមាន២៤ពិន្ទុ ខណៈកងយោធពលខេមរភូមិន្ទ ធ្លាក់មកលេខ៧ ដោយមាន២២ពិន្ទុ។   ដោយឡែកការប្រកួត៤គូទៀត នៅម៉ោង៣ ៖៣០នាទី រសៀលថ្ងៃទី៣០ កញ្ញា មាននគរបាលជាតិ ជួបសូលទីឡូអង្គរ ខណៈខេត្តព្រៃវែង ប៉ះអគ្គិសនីកម្ពុជា។ រីឯបឹងកេត ត្រូវតទល់ព្រះខ័នរាជស្វាយរៀង ស្របពេលណាហ្គាវើលដ៍ ត្រូវលេងជាមួយភ្នំពេញក្រោន៕        
ភ្នំពេញ៖ ២គូបានបញ្ចប់ហើយ នៃការប្រកួតដណ្ដើមពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ឆ្នាំ២០២១ ក្នុងសប្ដាហ៍ទី១៧ នារសៀលថ្ងៃទី២៩ កញ្ញា។ វិសាខា លត់គិរីវង់សុខសែនជ័យយ៉ាងចាស់ដៃ ខណៈអង្គរថាយហ្គ័រ ឈ្នះកងយោធពលខេមរភូមិន្ទ ទាំងប្រផុតប្រផើយ។
  ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តបាត់ដំបងនាថ្ងៃទី១៩ ខែមករា ដើម្បីចុះពិនិត្យគម្រោងនានារបស់អង្គការដៃគូដែលទទួលបានជំនួយហិរញ្ញវត្ថុពីស្ថានទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murply បានទៅស្វែងយល់អំពីសង្វាក់ផលិតកម្មនៅក្នុងរោងចក្រផលិតអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ផងដែរ។ លោកទូត បានចាត់ទុករោងចក្រនេះថាជារោងចក្រដ៏ធំជាងគេនៅកម្ពុជា ក្នុងការផលិតអង្ករតាមស្ដង់ដា និងគុណភាពនាំចេញទៅអន្ដរជាតិ។ បន្ថែមពីនេះ លោក W. Patrick Murply ប្រាប់ថា ស្ថានទូតសហរដ្ឋអាមេរិក រីករាយ និងពេញចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយ។   លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ឱ្យដឹងថា ក្រុមហ៊ុនលោកបានទទួលឥណទានពីធនាគារមួយរបស់សហរដ្ឋអាមេរិក ហើយបានដំឡើងប្រព័ន្ធ Silo ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ប្រទេសនេះ ដើម្បីផលិតអង្ករតាមស្ដង់ដាអន្ដរជាតិ។ លោកពន្យល់ថា តាមរយៈប្រព័ន្ធនេះគឺធានាបាននូវស្ដង់ដាគុណភាពដើម្បីផ្គត់ផ្គង់ទីផ្សារចំណីអាហារ បង្កើនផលិតភាពក្នុងការផលិតនិងស្ដុកទុក ហើយតម្លៃនៃការផលិតមានកម្រិតទាប។ បច្ចេកវិទ្យានេះ ក៏ជាបច្ច័យមួយក្នុងការធ្វើឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក លើការទិញអង្ករពីក្រុមហ៊ុនអេមរុរ៉ាយស៍។   «សហរដ្ឋអាមេរិកជាទីផ្សារមួយសំខាន់ ដូច្នេះយើងបំពាក់បច្ចេកវិទ្យាសហរដ្ឋអាមេរិក គឺធានាបានដល់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក អ្នកហូបមានទំនុកចិត្តលើបច្ចេកវិទ្យាសហរដ្ឋអាមេរិកទាំងមូល ដូច្នេះយើងអាចនិយាយបានថា មិនចាំបាច់ផលិតនៅសហរដ្ឋអាមេរិកទេ ផលិតនៅកម្ពុជាយើងក៏ស្ដង់ដាដូចសហរដ្ឋអាមេរិកដែរ ដូច្នេះយើងនឹងពង្រីកទីផ្សាររបស់យើងកាន់តែទូលំទូលាយនាពេលខាងមុខ»។ លោក សុង សារ៉ន បន្ថែម។     ក្រុមហ៊ុនអេមរុរ៉ាយស៍បង្កើតឡើងនៅឆ្នាំ២០១១។ បច្ចុប្បន្ន ក្រុមហ៊ុននេះទទួលទិញស្រូវពីសហគមន៍នៅជុំវិញចំនួន៣០ នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ទីផ្សារនាំចេញរបស់ក្រុមហ៊ុនមានដូចជា ទីផ្សារធំទៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន ហុងកុង អូស្រ្ដាលី និងសិង្ហបុរីជាដើម។ ផែនការទៅមុខ ក្រុមហ៊ុននេះនឹងស្វែងរកដៃគូ ដើម្បីពង្រីកការនាំចេញទីផ្សារសហរដ្ឋអាមេរិក ឱ្យកាន់តែទូលំទូលាយ។ លោក សុង សារ៉ន ក៏បានស្នើសុំការផ្តល់ឥណទានបន្ថែមពីសហរដ្ឋអាមេរិក ឬផ្តល់ការគាំទ្រមូលនិធិផ្សេងៗសម្រាប់គាំទ្រសង្វាក់ផ្គត់ផ្គង់ទាំងមូលឱ្យមានកម្រិតស្ដង់ដា ដើម្បីងាយស្រួលក្នុងការនាំចេញឱ្យកាន់តែល្អប្រសើរជាដើម។   គួរបញ្ជាក់ថា នៅឆ្នាំ២០២០កន្លង ដ្បិតកម្ពុជាជួបវិបត្តិជំងឺកូវីដ និងរងគ្រោះទឹកជំនន់យ៉ាងណាក្ដី តែការនាំចេញអង្ករមានការកើនឡើងជាង១០ភាគរយ គឺមានចំនួនជិត ៧០ម៉ឺនតោន។ លោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករផងនោះ មានក្ដីរំពឹងថា នឹងអាចនាំចេញជាង៨០ម៉ឺនតោនក្នុងឆ្នាំ២០២១នេះ ប្រសិនអ្វីៗល្អប្រសើរទៅតាមការគ្រោងទុក៕  
បាត់ដំបង៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនអេមរុរាយស៍ (Amru Rice) ដែលជាក្រុមហ៊ុនដ៏ធំមួយផលិតអង្ករនាំចេញទៅទីផ្សារអន្ដរជាតិ។ លោក W. Patrick Murply បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអេមរុរ៉ាយស៍ ទាំងលើគុណភាព គំរូស្ដង់ដា  ដែលការនេះជំរុញឱ្យស្ថានទូតអាមេរិកមានការបេ្ដជ្ញាចិត្តក្នុងការបន្តកិច្ចសហការលើការជំរុញទីផ្សារនាំចេញបន្ថែមទៀត។
  «រណសិរ្សប្រជាធិបតេយ្យ» មួយនៃគណបក្សជាសម្ព័ន្ធមិត្ត៧ដែលសង្ឃឹមថានឹងរារាំងការវិលត្រឡប់មកកាន់អំណាចវិញដោយលោក Prayuth មិនបានទទួលអាសនៈភាគច្រើនក្នុងចំណោមកៅអី៥០០ នៅក្នុងសភាតំណាងរាស្ត្រដែលពួកសមាជិកបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតដោយផ្ទាល់ហើយពួកគេបានសន្យាថានឹងប្តឹងអំពីការរាប់សន្លឹកឆ្នោតនៅក្នុងតុលាការ។   លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ដែលបានត្រូវចេញផ្សាយក្នុងរយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះ បានផ្តល់ឱ្យគណបក្ស Palang Pracharath លម្អៀងទៅខាងយោធានូវអាសនៈ ១១៥នៅក្នុងសភាជាន់ទាប។ ជាមួយព្រឹទ្ធសភាមានអាសនៈ ២៥០ដែលបានត្រូវតែងតាំងដោយក្រុមប្រឹក្សាយោធាទំនងជាបោះឆ្នោតលម្អៀងទៅខាងយោធា នៅពេលនេះគណបក្ស Palang Pracharath មាន ជិតពាក់កណ្តាលនៃអាសនៈរួមគ្នានៅក្នុងសភាជាន់ខ្ពស់និងសភាជាន់ទាបដែលគណបក្សនេះត្រូវការដើម្បីធ្វើលោក Prayuth ឱ្យក្លាយទៅជាបេក្ខជនរបស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្ត្រី។   លទ្ធផលនៃការបោះឆ្នោតនេះបានផ្តល់ឱ្យរណសិរ្សប្រជាធិបតេយ្យនូវអាសនៈរួមគ្នាចំនួន២៤៥នៅក្នុងសភាជាន់ទាប ដែលជាចំនួនមិនគ្រប់គ្រាន់សម្រាប់ចាប់កំហុសរដ្ឋាភិបាលណាមួយដែលគណបក្សលម្អៀងទៅខាងយោធានឹងបង្កើតហើយក៏ជាចំនួនតិចជាងចំនួន ៣៧៦ដែលគេត្រូវការឱ្យមានដើម្បីដាក់ស្នើឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រីផងដែរ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
លទ្ធផលជាផ្លូវការនៃការបោះឆ្នោតលើកទីមួយក្នុងប្រទេសថៃចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ធ្វើឲ្យគណបក្សមួយលម្អៀងទៅខាងក្រុមយោធាជិតអាចបង្កើតរដ្ឋាភិបាលលើកក្រោយ និងអាចធ្វើឱ្យលោក Prayuth Chan-ocha មេដឹកនាំរដ្ឋប្រហារវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ។
  Concept Café & Bar ជាហាងលក់កាហ្វេនិងភេសជ្ជៈនានាមួយកន្លែងដែលមិនប្រើប្រាស់សម្ភារបា្លស្ទិកសម្រាប់បម្រើសកម្មភាពអាជីវកម្មប្រចាំថ្ងៃឡើយ រាប់ទាំងការវេចខ្ចប់ភេសជ្ជៈនិងចំណីអាហារនានាជូនអតិថិជន ផងដែរ។ ទិន្នន័យពីក្រសួងបរិស្ថានបានបង្ហាញ ថា ថង់ប្លាស្ទិកប្រមាណ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅនៅភ្នំពេញ។ ចំនួននេះ គឺមិនបានរាប់បញ្ចូលទាំងរបស់របរប្លាស្ទិកផ្សេងៗទេ ដូចជា ប្រអប់ស្នោ ចានធ្វើពីប្លាស្ទិក និងទុយោបា្លស្ទិក...។    ដើម្បីក្លាយជាផ្នែកមួយជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាដែលកំពុងប្រឈមនាពេលសព្វថ្ងៃនេះ អ្នកស្រី ឱ ដាវី សម្រេចចូលរួមបង្កើតហាងConcept Café & Bar ដោយទទួលការវេចខ្ចប់ភេសជ្ជៈ និងចំណីអាហារដោយមិនប្រើប្លាស្ទិកឡើយ។ អ្នកស្រីលើកពីមូលហេតុដែលមិនប្រើប្លាស្ទិកក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនប្រចាំថ្ងៃប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «ដោយសារតែយើងមានក្ដីស្រឡាញ់មួយ ថាយើងចង់ធ្វើអ្វីម្យ៉ាងដើម្បីសង្គមរបស់យើង ហើយក៏ជាលក្ខណៈផ្ដល់នូវការអប់រំ និងជាលក្ខណៈBusiness[អាជីវកម្ម] ដែលយើងអាចSupport[គាំទ្រ]ខ្លួនឯងផង! គាំទ្រ សង្គមរបស់យើងបានផង»។ របសវេចខ្ចប់បរិស្ថាន ក្នុងហាង Concept Café & Bar។ កែវក្រដាស, ប្រដាប់យួរធ្វើពីឫស្សី, ប្រដាប់ទ្រប់កែវធ្វើពីផ្ដៅ, ទុយោម្សៅឫស្សី, ក្រដាសយួរ និងប្រអប់កាកអំពៅ...ជាដើម ត្រូវបានម្ចាស់ Concept Café & Bar ប្រើប្រាស់ជំនួសឱ្យប្លាស្ទិកទាំងអស់។ ការប្រើសម្ភារៈទាំងនេះគឺជាផ្នែកមួយគិតគូរបរិស្ថាន តាមរយៈការកាត់បន្ថយនូវសំណល់ប្លាស្ទិក។  ប៉ុន្តែវាត្រូវចំណាយទ្វេដង បើប្រៀបធៀបសម្ភារៈនានាដែលធ្វើពីប្លាស្ទិក។    អ្នកស្រី ដាវី បានបញ្ជាក់ថា៖ «ជាក់ស្ដែងយើងប្រៀបធៀប រវាងការព្យាយាមមិនប្រើប្លាស្ទិកសោះ និងប្រើប្លាស្ទិក! បើយើងនិយាយពីតម្លៃគឺខុសគ្នាខ្លាំង! ប៉ុន្តែយើងនិយាយពីគុណតម្លៃរបស់វា គឺយើងអត់អាចប្រៀបធៀបគ្នាបានទេ។ អ៊ីចឹងហើយមិនថាទោះបីជាពិបាកយ៉ាងម៉េចក៏យើងព្យាយាមនៅតែតស៊ូប្រើសម្ភារដែលយើងអាចកាត់បន្ថយការប្រើប្លាស្ទិកបាន»។    កន្លងមក ភ្ញៀវដែលមកហាងរបស់អ្នកស្រី តែងតែបញ្ចេញមតិសរសើរជាហូរហែរពីសកម្មភាពហាងមួយនេះដែលមិនប្រើប្រាស់សម្ភារៈធ្វើពីប្លាស្ទិកសម្រាប់វេចខ្ចប់ភេសជ្ជៈ និងចំណីជូនពួកគេ។ សហស្ថាបនិក Concept Café & Bar វ័យ៣០ឆ្នាំរូបនេះបាននិយាយថា៖ «មានភ្ញៀវខ្លះគាត់ពេញចិត្តមែនទែន ដែលយើងបានគិតពីបរិស្ថានរបស់យើងដែរ ហើយក៏មានភាពងាយស្រួលដល់ពួកគាត់ដែរ»។    ជាការពិតការបដិសេដចំពោះការប្រើប្រាស់ប្លាស្ទិកណាដែលមិនចាំបាច់ក្នុងសកម្មភាពប្រចាំថ្ងៃ គឺវាមិនជារឿងងាយស្រួលឡើយសម្រាប់មនុស្សម្នាក់ៗ។ ប៉ុន្តែអ្នកស្រី ដាវី លើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូប ត្រូវចាប់ផ្តើមបោះបង់នូវទម្លាប់ប្រើប្រាស់ប្លាស្ទិកណាដែលមិនចាំបាច់ក្នុងសកម្មភាពប្រចាំ ដោយជំនួយដោយការប្រើកំប៉ុងទឹក ថង់ក្រណាត់ ឬប្រើ សម្ភារផ្សេងៗដែលមិនប៉ះពាល់ដល់បរិស្ថាន។    អ្នកស្រីថ្លែងទាំងញញឹមដូច្នេះ៖ «ដោយសារតែប្លាស្ទិកមានភាពងាយស្រួល ទាំងធូរថ្លៃ  ដោយសារតែបែបហ្នឹងហើយ បានជាយើងមិនបានគិតទៅដល់ផលអវិជ្ជមានរបស់វា។ ទាំងយើងជាអ្នកទិញ ទាំងអ្នកលក់គួរគិតគូរពីរឿងបរិស្ថានឱ្យបានទាំងអស់គ្នាទៅ និងព្យាយាមក្នុងការមិនប្រើប្រាស់ប្លាស្ទិក»៕    
ជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក ម្ចាស់ហាងលក់កាហ្វេមួយកន្លែងនៅរាជធានីភ្នំពេញ សម្រេចប្រើកែវក្រដាស, ប្រដាប់យួរធ្វើពីឫស្សី-ផ្ដៅ, ទុយោម្សៅឫស្សី និងប្រអប់ធ្វើពីកាកអំពៅ សម្រាប់វេចភេសជ្ជៈនិងចំណីអាហារជូនអតិថិជន។ បើតាមអ្នកស្រី ឱ ដាវី ម្ចាស់ហាងកាហ្វេឈ្មោះ Concept Café & Bar ការប្រើសម្ភារៈទាំងនេះ ជាវិធីសាស្ត្រមួយដែលជួយថែរក្សានិងសម្អាតបរិស្ថាននៅកម្ពុជា។ ជាមួយគ្នានេះ អ្នកស្រី ចង់ឱ្យអាជីវកម្មផ្សេងៗនិងពលរដ្ឋខ្មែរ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានជាអតិបរមាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
អត្ថបទទាក់ទង   ស្ពានដែកឆ្លងទន្លេសាប ត្រូវបានដាក់ឲ្យប្រើប្រាស់ «ដោយទទួលបានព័ត៌មានពីករណីលួចកាត់យកដែកនៅក្រោមស្ពានបេឡេឫស្សីកែវ នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ ក្រុមវិស្វករមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងវិស្វករការដ្ឋានរបស់ក្រុមហ៊ុន OCIC បានចុះពិនិត្យតួស្ពាននៅទីតាំងកន្លែងកើតហេតុ ឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែកដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋានក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញ »។ នេះបើតាមការបញ្ជាក់របស់សាលារាជធានីភ្នំពេញ។ ជាមួយនឹងការអំពាវនាវឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាធម្មតា  អាជ្ញាធរមូលដ្ឋាន បានអះអាងថា ដែកបេឡេតួស្ពានទាំងមូល មិនមានការបាត់បង់នោះឡើយ ហើយក៏គ្មានប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពាននោះដែរ៕
សាលារាជធានីភ្នំពេញ បានអះអាងថា មិនមានករណីលួចកាត់យកដែកនៅក្រោមស្ពានបេឡេ ដែលទើបតែសម្ពោធរួចថ្មីៗនោះឡើយ។ ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាបនេះ ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទៅម្តុំឃ្លាំងសាំងសូគីមិ ខណ្ឌឫស្សីកែវ ហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី៨ ខែឧសភា ប៉ុន្តែនៅពេលយប់ មានមនុស្សមួយក្រុមនាំគ្នាជិះទូកទៅប្រមូលដែកនៅក្រោមស្ពាន ដែលធ្វើឲ្យមានការសន្និដ្ឋានបឋមថា ជាករណីលួចកាត់ស្ពាន។
ដោយឡែកនៅថ្ងៃកាន់បិណ្ឌទីមួយនេះ អ្នកលក់របរតូចតាចនៅវត្តទួលទំពូងបានអះអាងថា ថ្ងៃកាន់បិណ្ឌទីមួយនេះ មិនសូវកាក់កបដូចឆ្នាំមុនៗឡើយ ដោយសារឆ្នាំនេះពុទ្ធបរិស័ទមិនសូវមកវត្តអ៊ូអរដូចឆ្នាំមុនៗ និងបញ្ហាកូវីដ-១៩។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកលក់របរតូចតាចនៅវត្តទួលទំពូង ដូចតទៅ៖
ភ្នំពេញ៖ មុខរបរតូចតាចមួយចំនួនដូចជា លក់ផ្កា ប្ដូរប្រាក់ និងលក់គ្រឿងរណ្ដាប់សម្រាប់ប្រគេនព្រះសង្ឃ បានលេចឡើងនៅតាមទីវត្តអារាម នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ។
  ច្រកមនុស្សធម៌តាមផ្លូវទឹក នឹងបើកនៅចុងសប្តាហ៍នេះ នៅហ្កាហ្សា។ អង្គការក្រៅរដ្ឋាភិបាលពីរ បានរៀបចំនាវាផ្ទុកជំនួយស្បៀងរួចរាល់ និងត្រៀមលក្ខណៈចាកចេញពីកំពង់ផែស៊ីបទៅកាន់តំបន់ហ្កាហ្សា ដែលកំពុងប្រឈមនឹងគ្រោះទុរ្ភិក្សនិងបន្តរងការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអែលឥតស្វាង។ ចំណែកក្តីសង្ឃឹមថានឹងរកឃើញបទឈប់បាញ់មនុស្សធម៌ ក្នុងអំឡុងពេលតមអាហាររ៉ាម៉ាដង់ មានកាន់តែតិចទៅៗ។   ចលនាប៉ាឡេស្ទីនហាម៉ាស មិនចាប់អារម្មណ៍លើបទឈប់បាញ់ទេ និងចង់តែបញ្ឆេះភ្លើងសង្គ្រាមក្នុងតំបន់ នាអំឡុងពេលតមអាហាររ៉ាម៉ាដង់ ដែលនឹងត្រូវចាប់ផ្តើមនៅអាទិត្យឬចន្ទស្អែកនេះ។ នេះជាពាក្យចោទប្រកាន់របស់អ៊ីស្រាអែលតាមរយៈសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ ដោយបន្ថែមថាកិច្ចចរចារវាងភ្នាក់ងារចារកិច្ចអ៊ីស្រាអែលនិងអាមេរិក ដើម្បីបទឈប់បាញ់នៅហ្កាហ្សានៅតែមានជាបន្ត។   ប៉ុន្តែសម្រាប់លោកចូបៃដិន ប្រធានាធិបតីអាមេរិកវិញ របៀបធ្វើសង្គ្រាមនៅហ្កាហ្សារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលពេលនេះនាំផលអាក្រក់ច្រើនជាងផលល្អដល់អ៊ីស្រាអែល។ លោកនេតាន់យ៉ាហ៊ូ មានសិទ្ធិការពារប្រទេសអ៊ីស្រាអែល និងមានសិទ្ធវាយប្រហារលើពួកចលនាហាម៉ាស តែត្រូវ និងត្រូវតែ ប្រុងប្រយ័ត្នចំពោះការបាត់បង់ជីវិតជនស៊ីវិលដោយសារទង្វើរបស់ខ្លួន។ នេះជាប្រសាសន៍របស់លោកចូបៃដិនទៅកាន់បណ្តាញសារព័ត៌មានMSNBC ដោយថ្លោយមាត់បែបដាក់កំហិតថា អាមេរិកមិនបោះបង់អ៊ីស្រាអែលជាដាច់ខាត គ្មានកំរិតគំនូសក្រហមថាអាមេរិកត្រូវបញ្ឈប់ការបញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែលឡើយ តែមិនត្រូវរំលងទេ ... មិនអាចឱ្យពលរដ្ឋប៉ាឡេស្ទីន៣ម៉ឺននាក់ស្លាប់បន្ថែមឡើយ។   ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំ មិនបានលាក់បាំងភាពឃ្នើសចិត្តនឹងប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលឡើយ។ លោកបានដាក់សម្ពាធកាន់តែខ្លាំងឡើងៗឱ្យអ៊ីស្រាអែលព្រមព្រៀងទទួលយកបទឈប់បាញ់។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រកាសអំពីលទ្ធភាពបង្កើនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។ នៅថ្ងៃនេះ នាវាយោធាអាមេរិកមានផ្ទុកសម្ភារៈ សាងសង់កំពង់ផែទទួលជំនួយតាមផ្លូវទឹក បានចាកចេញពីមូលដ្ឋានទ័ពសំដៅហ្កាហ្សា។   នាវាអង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញ Open Arms សហការជាមួយអង្គការក្រៅរដ្ឋាភិបាល មេចុងភៅអាមេរិក  World Central Kitchen មានផ្ទុកជំនួយស្បៀងចំនួន២០០តោន ជាអង្ករ ម្សៅ និងត្រីខកំប៉ុង បានរៀបចំរួចជាស្រេច នឹងចេញដំណើរពីកំពង់ផែប្រទេសស៊ីបឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ដែលនៅចម្ងាយប្រមាណ៣៧០គីឡូម៉ែត្រពីគ្នា។   តែស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាដុនដាបខ្លាំងណាស់។ រងគ្រាប់ផ្លោងអ៊ីស្រាអែលឥតដាច់ហើយ គ្មានទឹក គ្មានអាហារទៀត។ បើតាមអង្គការសហប្រជាជាតិ ហ្កាហ្សាមិនអាចគេចរួចពីគ្រោះទុរ្ភិក្សទូទៅ បានទេ។ ជំនួយស្បៀងទម្លាក់តាមអាកាស និងដឹកតាមសមុទ្រ មិនអាចជំនួសមធ្យោបាយដឹកជញ្ជូនជំនួយមនុស្សធម៌តាមផ្លូវគោកបានឡើយ៕
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួន ១០,១៣០នាក់ ក្នុងនោះស្រ្តីមានចំនួន ៥,០៥៦នាក់។ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិពីប្រទេសណាមួយនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៩ ខែឧសាភា ឆ្នាំ២០២៣។   ក្នុងកិច្ចប្រជុំមួយ លោក មាន សទិ សមាជិក គ.ជ.ប បានលើកឡើងថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។ ពួកគេ អាចធ្វើដំណើរសង្កេតការណ៍ក្នុងរាជធានីខេត្ត ដែលអង្គការក្រៅរដ្ឋាភិបាល  បានស្នើសុំតែប៉ុណ្ណោះ លើកលែងតែអ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាត និងផ្តល់បណ្ណសម្គាល់ដោយ គ.ជ.ប។   លោក បន្តថា អ្នកសង្កេតការណ៍អន្តរជាតិ គឺជាអ្នកសង្កេតការណ៍ នៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ដែលត្រូវបានអញ្ជើញ និងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយបានអនុញ្ញាតដោយ គ.ជ.ប។ ពួកគេ អាចធ្វើដំណើរគ្រប់ទីកន្លែង ដោយពុំចាំបាច់សុំការអនុញ្ញាត ឬជូនដំណឹងជាមុនឡើយ។    អ្នកសង្កេតការណ៍ជាតិចល័ត សំដៅដល់ថ្នាក់ដឹកនាំ ឬមន្ត្រីរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលជាតិ ដែលសាមីអង្គភាពស្នើសុំ និងត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ និងអនុញ្ញាតឱ្យសង្កេតមើលដំណើរការបោះឆ្នោតនៅទូទាំងប្រទេស។   លោក មាន សទិ បញ្ជាក់ថា៖«អ្នកសង្កេតការណ៍មានសិទ្ធិធ្វើសកម្មភាពសង្កេតការណ៍បោះឆ្នោតដោយឯករាជ្យ»។ លោក មាន សទិ បន្ថែមថា សិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងបម្រាមចំពោះអ្នកសង្កេតការណ៍បោះឆ្នោត មានចែងនៅក្នុងសៀវភៅក្រមសីលធម៌ សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត។   សូមជម្រាបថា គ ជ ប បានប្រកាសទទួលពាក្យអ្នកសង្កេតការណ៍ជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា និងទទួលពាក្យអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕  
អ្នកសង្កេតការណ៍ជាតិជាង ១ម៉ឺននាក់ បានដាក់ពាក្សសុំចុះសង្កេតការណ៍តាមការិយាល័យនីមួយៗ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣នេះ ខណៈអ្នកអង្កេតការណ៍អន្តរជាតិ ពុំទាន់មានអ្នកដាក់ពាក្យទៅ គ.ជ.ប នៅឡើយ។
កម្ពុជា អេរីត្រេ ហ្គីណេ និងសៀរ៉ាលេអូន ជាប្រទេសបួនក្នុងបញ្ជី «ប្រទេសរឹងរូស» ដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ប្រើដើម្បីសម្គាល់ប្រទេសដែល «មិនទទួល ឬពន្យារពេល» ក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រជាជនរបស់ខ្លួន ទោះជាអាមេរិកព្យាយាមបណ្ដេញចេញក៏ដោយ។ ដោយសារមូលហេតុនេះ អាមេរិកក៏បានចេញវិធានការរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់ប្រជាជនប្រទេសទាំងបួននេះជាការឆ្លើយតបតែម្ដង។ ការរឹតបន្តឹងទិដ្ឋាការនេះ គឺជាទណ្ឌកម្មមួយរបស់រដ្ឋបាលលោក ត្រាំ ដែលកំពុងអនុវត្តនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង។ គេអាចចាំបានថា កាលពីពេលឃោសនារកសំឡេងឆ្នោតក្នុងឆ្នាំ២០១៦ លោក ត្រាំ ធ្លាប់រិះគន់លោក បារ៉ាក់ អូបាម៉ា ដែលបន្តរក្សាទុកជនបរទេសប្រព្រឹត្តខុសលើទឹកដីអាមេរិក។ លោកនិយាយថា មានប្រទេសចំនួន២៣ ដែលមិនព្រមទទួលយកជនជាតិរបស់ខ្លួនវិញ ទោះជាអាមេរិកបណ្ដេញចេញក្ដី ប៉ុន្តែលោកមិនអនុញ្ញាតឲ្យរឿងកើតក្នុងអាណត្តិរបស់លោកទេ។ បើតាមសារព័ត៌មាន CNN ប្រជាជននៃប្រទេសទាំងបួននឹងប្រឈមមុខការរឹតបន្តឹងនេះ ដែលអាចឈានដល់ការហាមឃាត់ចូលទឹកដីអាមេរិកទៀតផង។ ព័ត៌មាននៃការរឹតបន្តឹងនេះលេចឡើងកាលពីសប្ដាហ៍មុន បន្ទាប់ពីក្រសួងសន្តិសុខមាតុភូមិអាមេរិកបានផ្ញើលិខិតជូនដំណឹងទៅឲ្យក្រសួងការបរទេស។ ក្រសួងការបរទេសអាមេរិកនឹងចាត់វិធានការទៅតាមដំណាក់កាល ក៏ដូចជាទំហំនៃការរឹតបន្តឹងផងដែរ។ យ៉ាងណាមិញ អាមេរិកក៏នឹងពិភាក្សាផ្ទៃក្នុងជាមួយប្រទេសពាក់ព័ន្ធ និងជូនដំណឹងផ្លូវការទៅកាន់ប្រទេសទាំងនោះជុំវិញបញ្ហានេះផងដែរ។ មកទល់ពេលនេះ មានតែប្រទេសពីរប៉ុណ្ណោះដែលរងការរឹតបន្តឹងទិដ្ឋាការបែបនេះ គឺហ្គីយ៉ានក្នុងឆ្នាំ២០០១ និងហ្គំប៊ីក្នុងឆ្នាំ២០១៦ ។ គេក៏មិនទាន់ដឹងថាហេតុអ្វីបានជារដ្ឋបាលលោក ត្រាំ ជ្រើសរើសប្រទេសទាំងបួនខាងលើដើម្បីដាក់ទណ្ឌកម្មនេះទេ ខណៈលោក Dave Lapan ដែលជាអ្នកនាំពាក្យក៏មិនបានបញ្ជាក់ឲ្យច្បាស់ដែរ។ គិតត្រឹមខែកក្កដា មានប្រទេសចំនួន១២ ដែលស្ថិតក្នុងបញ្ជីប្រទេសរឹងរូស ក្នុងនោះមានកម្ពុជា ចិន និងគុយបាផង។ នេះបើតាមអ្នកនាំពាក្យខាងលើ។ ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន ធ្លាប់លើកឡើងថាកម្ពុជាចង់កែប្រែកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍រវាងប្រទេសទាំងពីរ ដោយកម្ពុជាចង់់ឲ្យជនជាតិខ្លួនមានទោសនៅអាមេរិក អាចអនុវត្តទោសនៅទីនោះដោយមិនចាំបាច់បញ្ជូនមកកម្ពុជាវិញទេ៕
រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចរឹតបន្តឹងការផ្ដល់ទិដ្ឋាការសម្រាប់ប្រទេសចំនួនបួនដែលមិនព្រមទទួលយកជនជាតិរបស់ខ្លួនវិញ។ អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិអាមេរិកនិយាយថា កម្ពុជា អេរីត្រេ ហ្គីណេ និងសៀរ៉ាលេអូន ដែលមានឈ្មោះក្នុងបញ្ជីប្រទេសដែលត្រូវដាក់ក្រោមការរឹតបន្តឹងនេះ បានបដិសេធទទួលយកជនជាតិរបស់ខ្លួនដែលរស់នៅអាមេរិកខុសច្បាប់។ ដូចនេះប្រជាជនប្រទេសទាំងបួននឹងប្រឈមមុខបញ្ហាលំបាកក្នុងការសុំទិដ្ឋាការចូលទឹកដីអាមេរិកមិនខាន។
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសផ្ដល់អាហារូបករណ៍១០០ភាគរយចំនួន៥០កន្លែងដល់យុវជន សិស្សានុសិស្ស លើជំនាញគ្រប់គ្រងទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច នៅវិទ្យាស្ថានសន្តប៉ូល សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។   ក្នុងចំណោមអាហារូបករណ៍ទាំង៥០កន្លែងនេះ មានសម្រាប់ថ្នាក់បរិញ្ញាបត្រ លើជំនាញគ្រប់គ្រងទេសចរណ៍ ចំនួន២៥កន្លែង សិក្សារយៈពេល៤ឆ្នាំ ដោយឥតគិតថ្លៃ។ ដោយឡែក អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងវិញ ក៏មានចំនួន២៥កន្លែង លើជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច រយៈពេល២ឆ្នាំផងដែរ។   ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជន ឬបេក្ខនារីត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បញ្ជាក់ដោយក្រសួងអប់រំ យុវជន និងកីឡា លើមុខវិជ្ជាប្រវត្តិវិទ្យា ភូមិវិទ្យា ត្រឹមកម្រិតនិទ្ទេសទាប E សម្រាប់ចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍។ ចំណែកឯថ្នាក់បរិញ្ញាបត្ររងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់បាក់ឌុប ដើម្បីចូលរៀនជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច។   បន្ថែមពីនេះ បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញពាក្យចុះឈ្មោះចូលរៀនរបស់វិទ្យាស្ថានសន្តប៉ូល និងតម្រូវឱ្យបង់សេវារដ្ឋបាលក្នុងមួយឆ្នាំ១០០ដុល្លារផងដែរ។ ការទទួលពាក្យចុះឈ្មោះចូលរៀន នឹងផុតកំណត់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់ នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក៏ដូចជាវិទ្យាស្ថានសន្តប៉ូល ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៦ ៤៩៥ ២៧៩១/ ០៧៨ ៨៩៩ ៩១៩/ ០៩២ ៦៩៧ ៧៧០/ ០៧០ ៥៦៦ ៥៩៥៕        
ដោយ៖ សែម ប្រាក់ដាវ
ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខនូវផលិតផល Schwarzkopf (ស្វកខប) Professional ពីប្រទេសអាល្លឺម៉ង់ ដែលជាប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ៕ សូមអញ្ជើញទស្សនាវីដេអូខ្លីដូចតទៅ៖ (អត្ថបទពាណិជ្ជកម្ម)
ដើម្បីចូលរួមលើកកម្ពស់ និងស្វែងរកកំណប់ទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅអាថ៍កំបាំងក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Serge Comtesse បានចូលរួមគាំទ្រ និងឧបត្ថម្ភនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលនឹងឡើងទៅកំពូលភ្នំឱរ៉ាល់នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះ។ នេះជាការបញ្ជាក់របស់លោក ឡា វិបុល អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស)។
  តារាឆ្មើម Lionel Messi, Gianluigi Buffon, Alisson Becker, Michael Owen និង Gary Lineker ស្ថិតក្នុងចំណោមកីឡាករ កីឡាការិនីដែលបង្ហាញខ្លួនក្នុងវីដេអូពីវិធីសាស្ត្រណែនាំឲ្យប្រជាពលរដ្ឋនៅជុំវិញពិភពលោកធ្វើតាមជំហានសំខាន់ៗចំនួន ៥ ដើម្បីបញ្ឈប់ការរីករាលដាលនៃ Covid-19 ដែលបានសម្លាប់មនុស្សជាងមួយម៉ឺននាក់។   សារអប់រំចំនួន ៥ ចំនុចដើម្បីគេចផុតពីជំងឺរលាកសួតបង្កដោយកូរ៉ូណាប្រភេទថ្មី ដែលតម្រូវឲ្យកីឡាករ និងអតីតកីឡាករទាំង២៨នាក់ថតជាវីដេអូនោះ គឺផ្តោតលើការលាងដៃ ក្អកឬក្រដាសត្រូវប្រើគន្លាក់កែងដៃទប់ កុំយកដៃទៅប៉ះមុខ ត្រូវព្យាយាមនៅឲ្យឆ្ងាយពីអ្នកដទៃ និងស្នាក់នៅផ្ទះប្រសិនបើមានអាការមិនស្រួលខ្លួន។   លោក Gianni Infantino ប្រធាន FIFA លើកឡើងថាចាប់ពីពេលនេះទៅគឺត្រូវធ្វើការជាក្រុមតែម្តងដើម្បីប្រឆាំងនឹង COVID-19។ កីឡាករល្បីៗទាំង២៨នាក់ខាងលើ នឹងត្រូវថតរួមគ្នា ហើយយកទៅផ្សព្វផ្សាយនៅជុំវិញពិភពលោក ដើម្បីបញ្ជ្រាបសារអប់រំមួយនេះឲ្យបានគ្រប់ទីកន្លង។   «FIFA ចាប់ដៃគូជាមួយ WHO ពីព្រោះយើងដឹងច្បាស់ថាសុខភាពគឺជាអាទិភាពចម្បង។ ខ្ញុំសូមអំពាវនាវដល់សហព័ន្ធកីឡាបាល់ទាត់ទូទាំងពិភពលោកចូលរួមជាមួយពួកយើងក្នុងការគាំទ្រយុទ្ធនាការនេះដើម្បីបញ្ជូនសារទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ជាបន្តបន្ទាប់ទៀត»។ លោក Infantino និយាយដូច្នេះ។ លោកបន្ថែមថា ការសហការជាមួយកីឡាករល្បីៗដើម្បីផលិតជាវីដេអូនេះ ដ្បិតពួកគេមានអ្នកស្រឡាញ់ និងគាំទ្រច្រើននៅជុំវិញពិភពលោក។     Alisson អ្នកចាំទី Liverpool រួមជាមួយ Messi ខ្សែប្រយុទ្ធឆ្នើម Barcelona និង Samuel Etoo សុទ្ធតែបានណែនាំពីវិធីសាស្ត្រខាងលើមួយចំនុចរៀងខ្លួន។ អ្នកចាត់ការទូទៅ Tottenham Hotspur លោក Jose Mourinho ក៏ដូចជាអតីតអ្នកចាត់ការទូទៅ Arsenal លោក Arsen Wenger ក៏មានវត្តមានក្នុងវីដេអូខ្លីនេះដែរ។   Alisson បានណែនាំនៅពេលប្រើប្រាសដៃ សូមលាងដៃរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក ឬអាល់កុល។ Messi ប្រាប់ឲ្យចៀសវាងប៉ះមុខ ជាពិសេសភ្នែកច្រមុះ ឬមាត់ដើម្បីការពារកុំអោយមេរោគចូលក្នុងខ្លួន។ Etoo រៀបរាប់ថាបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួនសូមនៅផ្ទះ៕
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយកីឡាករបាល់ទាត់ល្បីៗមួយចំនួនដើម្បីថតវីដេអូអប់រំយកទៅផ្សព្វផ្សាយការយល់ដឹងពីការការពារ និងប្រឆាំងនឹងជំងឺរលាកសួត COVID-19។
  អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញរយៈពេលខ្លីរូបនេះ កំពុងស្ថិតក្រោមសម្ភាធធ្ងន់ធ្ងរបន្ថែមទៀតនៅឯទឹកដី Bernabeu បន្ទាប់ពីលទ្ធផលមិនគាប់ប្រសើរសោះ ដោយទទួលបរាជ័យជាច្រើនជាងជ័យជម្នះចាប់ពីឡើងដឹកនាំមក។   ក្រោមការដឹកនាំរបស់លោក Lopetegui ក្នុងការជំនួសតំណែង Zinedine Zidane សម្រាប់រដូវកាល ២០១៨-២០១៩នេះ ក្រុមរហស្សនាមស្តេចសរកបានតែ១៤ពិន្ទុប៉ុណ្ណោះក្នុងចំណោម៩ប្រកួតនៃក្របខណ្ឌ La Liga ដោយឈ្នះ៤ ចាញ់៤ និងស្មើមួយ តាមពីក្រោយគូប្រជែង Barcelona ដែលស្ថិតនៅកំពូលតារាង៤ពិន្ទុ។ Real ក៏បរាជ័យក្រោមថ្វីឈើងក្រុម CSKA Moscow ក្នុងការប្រកួតពាន Champions League វគ្គសន្សំពិន្ទុពូល G ផងដែរ។     អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ ៥២ឆ្នាំ រំពឹងថាត្រូវបានក្លិប Real ទុកឱកាសសម្រាប់ការប្រកួតពានរង្វាន់កំពូលអឺរ៉ុប ក្នុងជំនួបទល់នឹងក្រុម Viktoria Plzen មុនប៉ះ Barcelona នៅ El Clasico សប្តាហ៍ក្រោយដើម្បីរក្សាតំណែងរបស់លោក។   យ៉ាងណាក៏ដោយក្លិបដែលមានមូលដ្ឋានក្នុងក្រុងម៉ាឌ្រីដនេះ ក៏បានត្រៀមបញ្ជីឈ្មោះអ្នកដែលត្រូវជំនួសលោក Lopetegui រួចរាល់ហើយដែរ។   បើតាមកាសែតអេស្ប៉ាញ MARCA អតីតខ្សែបម្រើ Santiago Solari ជាបេក្ខភាពនាំមុខគេក្នុងចំណោម៥នាក់ដើម្បីជំនួសកៅអីនេះ។ បេក្ខភាព៤នាក់ផ្សេងទៀតរួមមាន Guti ដែលជាអតីតខ្សែបម្រើរបស់ Real Madrid នេះដែរ លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកបច្ចុប្បន្ន លោក Antonio Conte អតីតអ្នកចាត់ការទូទៅ Chelsea និង អតីតអ្នកចាត់ការ PSG លោក Laurent Blanc ផងដែរ៕
ក្លិបយក្សអេស្ប៉ាញ Real Madrid រាយការណ៍ថាបានកំណត់អត្តសញ្ញាណបេក្ខភាព៥រូបដែល ត្រូវជំនួសអ្នកចាត់ការទូទៅ លោក Julen Lopetegui ដែលអាចនឹងបញ្ចប់តំណែងនាពេលឆាប់ៗនេះ បន្ទាប់ពីដឹកនាំក្រុមធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។
សមិទ្ធផលរបស់ Hamilton ធ្វើឲ្ររូបគេក្លាយជាកីឡាករប្រណាំងរថយន្ត Formula 1 ឬ F1 របស់ ចក្រភពអង់គ្លេសដែលទទួលជោគជ័យបំផុតក្នុងប្រវត្ដិសាស្ដ្រ ក្រោយបំបែកកំណត់ត្រាមិត្តរួមជាតិ Jackie Stewart ដែលធ្លាប់ឈ្នះ៣លើក។ អ្នកប្រណាំងរថយន្តវ័យ៣២ឆ្នាំ ដែលបើកបរឲ្យក្រុម Mercedes បានតាមស្មើកំណត់ត្រាឈ្នះ៤លើកដូចគ្នារបស់អ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ Sebastian Vettel និងអតីតអ្នកប្រណាំងសញ្ជាតិបារាំង Alain Prost ប៉ុន្តែតាមពីក្រោយកំពូលអ្នកប្រណាំងរបស់អាល្លឺម៉ង់ Michael Schumacher ដែលគ្រងជើងឯក ៧ម័យ និង Juan Manuel Fangio របស់អាហ្សង់ទីន ៥ដង។ ក្នុងការប្រកួតប្រណាំងរថយន្តលំដាប់ពិភពលោក F1 រដូវកាល២០១៧នេះ Hamilton ធ្លាប់ទទួលជ័យជម្នះ៩ទីលាន ក្នុងចំណោមការប្រណាំង១៨ទីលានកន្លងមកមាន ៣៣៣ពិន្ទុ តាមពីក្រោយដោយ Sebastian Vettel មាន ២៧៧ពិន្ទុ ខណៈការប្រកួតសល់តែ២ទីលានទៀតប៉ុណ្ណោះ។ ក្រោយទទួលបានពានលើកទីបួននេះ Hamilton បាននិយាយថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគ្រប់គ្នានៅក្នុងក្រុម Mercedes។ អ្វីដែលអ្នកបានធ្វើនៅពេលនេះគឺដូចដែលយើងធ្វើបានកាលពី២ឆ្នាំមុនគឺមិនគួរឲ្យជឿ។ ខ្ញុំពិតជាអរគុណណាស់»។ ការប្រណាំង២លើកចុងក្រោយសម្រាប់រដូវកាលនេះនឹងធ្វើឡើងនៅទីលានប្រណាំងក្នុងប្រទេសប្រេស៊ីល Brasil Grand Prix និងចុងក្រោយនៅទីលាន Abu Dhabi Grand prix ក្នុងប្រទេសអារ៉ាប់រួម៕
Lewis Hamilton បានឈ្នះជើងឯកប្រណាំងរថយន្តពិភពលោក Formula One ជាលើកទី៤ របស់ខ្លួននៅឯទីលានប្រណាំងក្នុងប្រទេសម៉ិកស៊ិក Mexican Grand Prix នៅថ្ងៃទី២៩ ខែតុលា បើទោះជាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ក៏ដោយ។
  នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញ ជិញ ប្រាប់លោក Lou Qiliang ប្រធានក្រុមហ៊ុន China Railway Signal Information Corp នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុង Dalian ថា វៀតណាមត្រូវការជំនួយពីចិនក្នុងការសាងសង់ផ្លូវដែក និងការផ្ទេរបច្ចេកវិទ្យាជាដើម។    ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យផលិតកម្ម។ បច្ចុប្បន្នប្រទេសទាំងពីរបានតភ្ជាប់តាមរយៈប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងចាស់ៗចំនួន២ខ្សែ។    ក្រសួងផែនការ និងវិនិយោគវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី៩ ខែមេសាដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថា ផ្លូវល្បឿនលឿនមួយនឹងដំណើរការពីទីក្រុងកំពង់ផែ ហាយហ្វុង និង ក្វាងនិញ របស់វៀតណាមឆ្លងកាត់ទីក្រុងហាណូយទៅកាន់ខេត្តឡាវកាយជាប់ព្រំដែនខេត្តយូនណានរបស់ចិន។   លោក ផាម មិញ ជិញ (ស្តាំ) និងលោក Lou Qiliang ។ រូបភាព ៖ bao quoc te  តាមផែនការរបស់ក្រសួង ផ្លូវដែលនៅសេសសល់មួយខ្សែទៀត គឺរត់ពីទីក្រុងហាណូយទៅកាន់ខេត្តឡាំងសឺនជាប់ព្រំប្រទល់តំបន់ក្វាងស៊ីរបស់ចិនដោយឆ្លងកាត់តំបន់ដែលមានប្រជាជនរស់នៅច្រើនរួមទាំងតំបន់ឧស្សាហកម្មសំខាន់ៗ ដែលផ្នែកខ្លះជាក្រុមហ៊ុនអ្នកវិនិយោគចិន។    បើតាមសារព័ត៌មាន VnExpress វៀតណាមបានស្នើឲ្យភាគីចិនជួយអភិវឌ្ឍផ្លូវរថភ្លើងទាំងពីរខ្សែខាងលើនេះ ដើម្បីជំរុញការដឹកជញ្ជូនរវាងប្រទេសទាំងពីរកាន់តែសកម្មជាងមុន។   ទន្ទឹមនេះ រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាមលោក ង្វៀន វ៉ាន់ ថាំង ក៏បានស្វែងរកការគាំទ្រពីចិនសម្រាប់គម្រោងផ្លូវដែលល្បឿនលឿនប្រវែង ១៥០០គីឡូម៉ែត្រដែលតភ្ជាប់ពីភាគខាងជើង ដល់ភាគខាងត្បូងប្រទេសវៀតណាមដែរ។ គម្រោងសាងសង់ផ្លូវរថភ្លើងនេះ គ្រោងចាប់ផ្តើមនៅឆ្នាំ ២០២៦-២០២៧។    កន្លងមក ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានសន្យាផ្តល់មូលនិធិដល់គម្រោងផ្លូវរថភ្លើងដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ក្នុងផែនការរយៈពេល៣ឆ្នាំ ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហាណូយកាលពីឆ្នាំមុន។   យោងតាមផែនការនៅឆ្នាំ២០៣០ វៀតណាមនឹងមានផ្លូវហាយវេ និងផ្លូវរថភ្លើងប្រហែល ៥០០០គីឡូម៉ែត្រ ដែលតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រសំខាន់ៗ ផ្លូវរថភ្លើងក្នុងទីក្រុង និងផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងដល់ភាគខាងត្បូង។ ដើមទុនសរុបសម្រាប់ផែនការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងនេះមានប្រហែល ៨៤,៥ ពាន់លានដុល្លារ៕    អត្ថបទទាក់ទង   វៀតណាម ផ្តល់អាទិភាពសាងសង់ផ្លូវដែកល្បឿនលឿនជាមួយចិនមុនឆ្នាំ២០៣០  
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ បានស្នើសុំវិនិយោគិនចិនឲ្យជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ដែលអាចជួយជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែធំជាងមុន។
  ជាឱកាសពិសេស បើបេក្ខជន ឫ បេក្ខនារីដែលមានចំណាប់អារម្មណ៍ ក៏ដូចជាកំពុងស្វែងរកការងារធ្វើ ថ្ងៃនេះ ក្រុមហ៊ុន លីប្រា បានប្រកាសស្វែងរកបុគ្គលិកមកបំពេញការងារបន្ថែមទៀត ដែលអាចទទួលបានទាំងការងារល្អ ជាពិសេសប្រាក់ខែសមរម្យថែមទៀតផង។  ក្រុមហ៊ុន លីប្រាជ្រើសរើសបុគ្គលិកផ្នែកដូចខាងក្រោម៖ 1.    Security Supervisor (3 Post) 2.    Assistant Operation (1 Post) 3.    Payroll Officer (1 Post) សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖ 061 767 689/088 8014 168/016 505 168/023 223 664 ឫក៏ចូលទៅកាន់គេហទំព័រ៖ www.libra-security.com (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ដោយសម្លឹងមើលឃើញពីតម្រូវការឥតឈប់ឈរ ជាពិសេសទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលធ្លាប់ទទួលបាននូវសេវាកម្មសន្តិសុខឯកជន របស់ក្រុមហ៊ុន លីប្រា កន្លងមកជាច្រើនផងដែរនោះ ពេលនេះក្រុមហ៊ុន លីប្រា កំពុងប្រកាសស្វែងរកបុគ្គលិកបន្ថែមទៀត។
ជាទូទៅ ត្រីឆ្វាតឆ្នូត ធ្វើចរាចរផ្លាស់ទីនាពេលយប់ ខណៈពេលថ្ងៃពួកវាឈប់សម្រាកប្រមូលផ្តុំគ្នានៅកន្លែងទឹកជ្រៅៗ។ ត្រីប្រភេទនេះ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០០៩ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅការផុតពូជ។ កត្តាគំរាមកំហែងនាពេលបច្ចុប្បន្នចំពោះត្រីប្រភេទនេះ គឺមិនត្រូវបានគេដឹងនៅឡើយទេ។ ប៉ុន្តែ ការប្រើប្រាស់ឧបករណ៍នេសាទឆក់ដោយចរន្តអគ្គិសនី ហាក់កំពុងដើរតួយ៉ាងសំខាន់ ចំពោះការបំផ្លិចបំផ្លាញមច្ឆជាតិទួទៅ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។  (អត្ថបទ ដោយ Chhut Chheana រូបភាពដោយ Thach Phanara / USAID Wonders of the Mekong).
ត្រីឆ្វាតឆ្នូត មានឈ្មោះវិទ្យាសាស្ត្រ (Pangasius macronema) ជាប្រភេទត្រីទឹកសាប ដែលរស់នៅជាហ្វូងធំៗ នៅតាមទន្លេ បឹង និងអាងស្តុកទឹក ដែលមានចរន្តទឹកហូរខ្លាំង។ ត្រីឆ្វាតឆ្នូត មានប្រវែងដងខ្លួនអតិបរមា ៣០សម។ វាស៊ីពពួកគ្រុំ ខ្ចង ខ្ចៅ កំពឹស សត្វឥតឆ្អឹងកង សត្វល្អិត ត្រីល្អិតៗ និងកំពឹសជាអាហារ។ ត្រីប្រភេទនេះ វាធ្វើចរាចរផ្លាស់ទីចូលទៅក្នុងដៃទន្លេ និងព្រៃលិចទឹកជាមួយត្រីឆ្វាតក្តារ (Pseudolais pleurotaenia) នឹង ពពួកត្រីមានស្រកា cyprinid ជាច្រើនប្រភេទទៀត នៅពេលទឹកចាប់ផ្តើមល្អក់។ ជាប្រភេទត្រីធ្វើចរាចរផ្លាស់ទី ត្រីឆ្វាតឆ្នូត ពឹងផ្អែកលើទីកន្លែងណាដែលមានទឹកជ្រៅៗ ដើម្បីការពារខ្លួនក្នុងពេលធ្វើចរាចរផ្លាស់ទីឆ្ពោះទៅខ្សែទឹកខាងលើ នៃទន្លេមេគង្គ។
  ពន្លឺពណ៌មាសចែងចាំងរស្មី លើឆ្នេរកោះស្មៅ នាពេលអស្តង្គតតំបន់ឆ្នេរកោះស្មៅ ឬឆ្នេរអ៊ំនិន ជាតំបន់ទេសចរណ៍បង្កើតថ្មី ដែលតភ្ជាប់ពីក្រុងកំពតឆ្ពោះទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិ។ ឆ្នេរកោះស្មៅ ដែលមានប្រវែងជាង ២គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយមាត់ព្រែកកំពត ក៏ជាទីតាំងគយគន់ថ្ងៃលិចរបស់ភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ៕
ដោយ៖ ហ៊ន ស៊ីណា
កម្មវិធីអាហារូបករណ៍របស់ Shiloh បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ ដែលផ្ដល់អាទិភាពខ្ពស់សម្រាប់កុមារកំព្រា, កុមារក្នុងគ្រួសារពិការ ឬអត់ផ្ទះសំបែងជាដើម។ តាមរយៈកម្មវិធីនេះបានផ្ដល់ជូន កង់, អង្ករ, សម្ភារៈសិក្សា, ប្រាក់ប្រចាំខែ ព្រមទាំងអន្តេវាសិកដ្ឋាន ដើម្បីធ្វើយ៉ាងណាជំរុញលទ្ធភាពកុមារតាមជនបទឱ្យរៀនបានខ្ពស់ដូចក្មេងដទៃ។    លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសនៃមូលនិធិម៉ាដក្សចូលីភីត(MJP)  (កណ្ដាល)។ រូបភាព៖ ឈុំ ចន្ថា  លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសនៃមូលនិធិម៉ាដក្សចូលីភីត(MJP) ដែលមានលោកស្រី Angelina Jolie ជាប្រធាន បានឱ្យដឹងថា កុមារនៅក្នុងតំបន់ដាច់ស្រយាលនៃស្រុកសំឡូត ខេត្តបាត់ដំបង តិចតួចណាស់បានរៀនបន្តដល់ថ្នាក់វិទ្យាល័យ។ ការណ៍នេះ ដោយសារតែវិទ្យាល័យឆ្ងាយពីកន្លែងពួកគេរស់នៅរហូតដល់ ៣០ ទៅ៤០គីឡូម៉ែត្រ ឯផ្លូវក៏លំបាក ព័ទ្ធជុំវិញដោយព្រៃស្ងាត់។   «នៅតំបន់នេះ(សំឡូតចាស់) កុមាររៀនចប់ត្រឹមឌីប្លូប គឺចប់តែម្ដង។ ភាគតិចណាស់ ដែលមានអ្នកមកសិក្សានៅវិទ្យាល័យ។ កាលខ្ញុំមកដំបូង អំឡុងឆ្នាំ២០១៧ សិស្សដែលតស៊ូខ្លាំង ហើយម៉ែឪមានលុយ ក៏ត្រូវសង់ខ្ទមជាប់របងសាលាហ្នឹងដែរ ដើម្បីរៀនឱ្យចប់បាក់ឌុប។ យើងដឹងហើយថា ពីសំឡូតចាស់ ទៅទីរួមស្រុកចម្ងាយ ៣០ ទៅ៤០គីឡូ។ អ៊ីចឹង! គ្មានសិស្សណាទៅតស៊ូបានទេ ហើយណាមួយផ្លូវពិបាកផង»។ នេះជាការរៀបរាប់របស់នាយកប្រចាំប្រទេសនៃមូលនិធិម៉ាដក្សចូលីភីត(MJP)។    Shiloh Jolie-Pitt & Angelina Jolie ដោយមើលឃើញពីភាពខ្វះខាតដូចនេះ ទើបកូនស្រីបង្កើតរបស់លោកស្រី Angelina Jolie គឺកញ្ញា Shiloh Jolie-Pitt បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រចំនួន១០នាក់ក្នុងមួយឆ្នាំបន្ថែមទៀត ដើម្បីបំពេញក្ដីស្រមៃពួកគេរៀនចប់បាក់ឌុប។ ក្នុងករណី មានអ្នកចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ កម្មវិធីអាហារូបករណ៍ Shiloh នឹងបន្តជ្រោមជ្រែងពួកគេរហូតរៀនចប់។    ក្រៅពីនោះ មូលនិធិម៉ាដុកជួលីភីត (MJP) បានសាងសង់អន្តេវាសិកដ្ឋានមួយកន្លែងជាប់នឹងវិទ្យាល័យសំឡូត ដើម្បីឱ្យសិស្សក្រីក្រមកពីជនបទអាចស្នាក់នៅ និងហូបចុករួមគ្នាបាន។ អន្តេវាសិកដ្ឋាន អាចដាក់សិស្សបានប្រមាណ១០០នាក់ ។ ទន្ទឹមនេះ វិទ្យាល័យសំឡូត ក៏ទទួលបានការឧបត្ថម្ភជាសម្ភារៈសិក្សា តុ កៅអី និងជួសជុលអាគាររៀងរាល់២ ឬ៣ឆ្នាំម្ដង រួមទាំងបើកវគ្គបណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្រៀន ជាពិសេសផ្ដោតលើគុណភាពបង្រៀនភាសាអង់គ្លេស។   តាមរយៈការជួយជាច្រើនរបស់គ្រួសារ Angelina Jolie តាំងពីឆ្នាំ ២០១៧ រហូតទល់ពេលនេះ លោក គង់ មុនីច័ន្ទ កត់សម្គាល់ឃើញថា សិស្សតាមជនបទ នៃតំបន់សំឡូតស្ទើរតែ៩០ភាគរយហើយ ដែលរៀនចប់ថ្នាក់បឋមភូមិ និងប្រមាណ ៧០ភាគរយ បន្តទៅរៀនថ្នាក់វិទ្យាល័យ។    គ្រួសាររបស់លោកស្រី Angelina Jolie ក្នុងនោះក៏មានប្រុសចិញ្ចឹមម្នាក់ដែលជាជនជាតិខ្មែរ ឈ្មោះថា Maddox Jolie-Pitt បើតាមលោក គង់ មុនីច័ន្ទ Shiloh Jolie-Pitt ជាក្មេងស្រីម្នាក់ ក្នុងចំណោមកូនៗជាច្រើនទៀតរបស់លោកស្រី Angelina Jolie ដែលចូលចិត្តប្រទេសកម្ពុជាខ្លាំង រហូតដល់នាងបានជួលគ្រូឱ្យបង្រៀនភាសាខ្មែរថែមទៀត។ បច្ចុប្បន្ន Shiloh អាចនិយាយភាសាខ្មែរបានតិចតួច ហើយនៅពេលខ្លះនាងបានស្នើឱ្យមានការរៀបចំជួបជុំជាមួយកុមារកម្ពុជាដែលទទួលបានអាហារូបករណ៍ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីជជែកពីការរៀនភាសារខ្មែរផង និងភ្ជាប់ទំនាក់ទំនងឱ្យកាន់ជិតស្និទ្ធផង។   លោក បន្ថែមដូច្នេះ៖« Shiloh គឺជាកូនម្នាក់ក្នុងចំណោមកូន៦នាក់ទៀតរបស់លោកស្រី Angelina Jolie ដែលខ្ញុំសង្កេតឃើញថាគាត់ចូលចិត្តស្រុកខ្មែរខ្លាំង។ នៅពេលលោកស្រី Angelina Jolie មកខ្មែរម្ដងៗយើងឃើញគាត់មកជាមួយរហូត»។    លោកស្រី Angelina Jolie ជាតារាភាពយន្តហូលីវូដម្នាក់ តែងមកទស្សនាកម្ពុជា និងប្រាសាទអង្គរវត្តញឹកញាប់។ លោកស្រី ក៏បានថតខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលបានឆ្លុះបញ្ចាំងពីការលំបាក និងចងចាំអតីតកាលដ៏ជូរចត់ នៃសម័យសង្រ្គាមខ្មែរក្រហមផងដែរ។ មានកូនប្រុសចិញ្ចឹមម្នាក់មានឈាមជ័រជាខ្មែរ តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ បានរួមចំណែកជួយដល់ការងារអភិរក្សសត្វព្រៃ និងបន្តជួយគាំទ្រ និងបណ្ដុះបណ្ដាលមុខរបរចិញ្ចឹមឃ្មុំក្នុងព្រៃធម្មជាតិ ដល់ប្រជាសហគមន៍នៅស្រុកសំឡូតផងដែរ៕      
បាត់ដំបង៖ Shiloh Jolie-Pitt កូនស្រីបង្កើតរបស់តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ គឺលោកស្រី Angelina Jolie បានជួយផ្គត់ផ្គង់ដល់កុមារក្រីក្រកម្ពុជាចំនួន១០នាក់ក្នុងមួយឆ្នាំឱ្យបានរៀនចប់បាក់ឌុប។ កុមារទាំងនោះ ស្ថិតក្នុងភូមិសាស្រ្តដាច់ស្រយាលមួយនៃស្រុកសំឡូត ខេត្តបាត់ដំបង។
  ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បន្តការរឹតត្បិតសិទ្ធិសេរីភាពប្រជាជនមូស្លីមភាគតិច Uyghurs នៅក្នុងតំបន់ស៊ីនជាំង  ដោយលើកយកហេតុផលថាគឺ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងទប់ស្កាត់បំណងផ្ដាច់ខ្លួនរបស់ពួកគេដែរ។   ជនជាតិ Uyghurs ជាង ១លាននាក់ និងជនជាតិភាគតិចតួកគីជាច្រើនផ្សេងទៀត កំពុងត្រូវបានឃុំខ្លួន នៅក្នុង «ជំរំប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។ នេះបើយោងតាមរបាយការណ៍របស់សមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីខែមុន។    ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់រដ្ឋាភិបាលចិន អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «សហគមន៍អន្តរជាតិ គួរតែដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ដែលជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ស៊ីនជាំង»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។   ភស្តុតាងជាច្រើនដែលមានទម្រង់ជាឯកសាររបស់រដ្ឋាភិបាល និងការបំភ្លឺពីអ្នករត់គេចខ្លួនពីជំរំឃុំឃាំងនោះ បានអះអាងថា ទីក្រុងប៉េកាំង បានឃុំខ្លួនមនុស្សយ៉ាងច្រើនសម្បើម នៅក្នុងជំរំឃុំឃាំងមួយ ជាទីដែលពួកគេ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងផ្នត់គំនិតនយោបាយ និងវប្បធម៌។ នេះបើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។   របាយការណ៍ដដែល បានបញ្ជាក់ថា ក្រុមអ្នកទោសនៅក្នុងជំរំនយោបាយខាងលើ ត្រូវបានគេបង្ខំឲ្យរៀនភាសាចិន និងច្រៀងចម្រៀងលើកសរសើរពីគណបក្សកុម្មុយនីស្តចិន។ ហើយអ្នកដែលប្រកែកមិនព្រមធ្វើតាមបញ្ជានោះ នឹងត្រូវគេដាក់ពិន័យ។ លើសពីនេះទៅទៀត ក្រុមអ្នកទោសទាំងនេះ គ្មានសិទ្ធិទាក់ទងទៅក្រុមគ្រួសារ និងមេធាវីរបស់ពួកគេនោះឡើយ។   ជាមួយគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះបានកត់សម្គាល់ពីការកើនឡើងនៃការចាត់វិធានការធ្ងន់ធ្ងរប្រឆាំងជនជាតិភាគតិចនៅតំបន់ស៊ីនជាំងនេះ ក្នុងនោះរួមមាន ការប្រើប្រាស់បច្ចេកវិទ្យាស្កេនសម្គាល់មុខមនុស្ស និងការប្រើប្រាស់គំរូ DNA ជាដើម។ វិធានការទាំងនេះ ត្រូវបានគេដាក់ចេញ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងឲ្យបានហ្មត់ចត់លើចំនួនប្រជាជនក្នុងតំបន់ស្វយ័តនេះ។   ម្យ៉ាងវិញទៀត ការធ្វើទុក្ខបុកម្នេញទាំងផ្នែករាងកាយ និងស្មារតី ក៏បានកើតឡើងផងដែរ នៅក្នុងជំរំអ្នកទោសនយោបាយ និងសាសនានេះ។ នេះបើតាមការអះអាងរបស់អតីតអ្នកទោសមួយចំនួន ដែលបានរត់គេចខ្លួនចេញពីតំបន់នោះ ទៅរស់នៅក្រៅប្រទេស។   ទាក់ទិននឹងរឿងឃុំឃាំងជនជាតិអ៊ុយហ្គួយនេះ ក្រុងប៉េកាំង ធ្លាប់បានទាត់ចោលរបាយការណ៍ ដែលបានចេញផ្សាយនាពេលកន្លងទៅ។ ខ្លួនក៏មិនបានអះអាងពីការទទួលខុសត្រូវច្បាស់លាស់ណាមួយ ចំពោះស្ថានភាពនេះដែរ។    រដ្ឋាភិបាលរបបកុម្មុយនីស្តនេះ បានដាក់ឈ្មោះរបាយការណ៍ខាងលើនេះថាជា «រឿងប្រឌិតសុទ្ធសាធ» ដោយបានអះអាងថា ទីតាំងនោះ គឺគ្រាន់តែជា «ជំរំហ្វឹកហាត់ និងអប់រំ» តែប៉ុណ្ណោះ។ ពោលគឺ វាត្រូវបានបង្កើតឡើង ក្នុងគោលបំណងកាត់បន្ថយចំនួនឧក្រិដ្ឋកម្មឲ្យមានចំនួនតិចតួច ដើម្បីជាជំនួយដល់ការកសាងសង្គមជាតិឲ្យបានល្អឡើង និងរួមបញ្ចូលពួកគេក្នុងសង្គមឡើងវិញ (Reintegration)។   គួរបញ្ជាក់ផងដែរថា ការស្នើសុំរបស់ឃ្លាំមើលសិទ្ធិមនុស្សរបស់ UN ឲ្យដាក់ទណ្ឌកម្មលើចិន គឺធ្វើឡើង បន្ទាប់ពីសមាជិករដ្ឋសភាអាមេរិកជាច្រើនរូប កាលពីខែមុន បានដាក់ស្នើទៅកាន់រដ្ឋបាលក្រុងវ៉ាស៊ីនតោន ឲ្យដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីចិនចំនួន ៧រូប និងក្រុមហ៊ុនចិនចំនួន ២។ ដោយពួកគេ បានចោទប្រកាន់មន្ត្រី និងក្រុមហ៊ុនចិនទាំងនោះថាបានផ្គត់ផ្គង់ឧបករណ៍ឈ្លបយកការណ៍ ទៅកាន់ជំរំឃុំឃាំងនៅក្នុងតំបន់ស៊ីនជាំង៕  
អង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW) នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨ បានទទូចឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មប្រឆាំងចិន ដោយសារការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដែលបន្តឃុំឃាំងជនជាតិមូស្លីម Uyghur រាប់លាននាក់នៅ តំបន់ស៊ីនជាំង។
  ការយកសំណាកកម្មករ-កម្មការិនីទាំង៧១៦នាក់ ទៅធ្វើតេស្ត គឺបន្ទាប់ពីរកឃើញកម្មការិនីវ័យ៤៨ឆ្នាំម្នាក់ ដែលបម្រើការងារនៅរោងចក្រ Y&W នេះ ផ្ទុកជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត ជី មានហេង ប្រធានមន្ទីរសុខាភិបាលភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីកម្មករ-កម្មការិនីទាំង៧១៦នាក់នោះ ក្រុមគ្រូពេទ្យ ប្រហែលជាគ្មានគម្រោងយកសំណាកកម្មករ-កម្មការិនីផ្សេងទៀត នៅរោងចក្រ Y&W ទៅធ្វើតេស្តឡើយ។    លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោ អះអាងថា កម្មករ-កម្មការិនីទាំង៧១៦នាក់នោះ គឺធ្វើការក្នុងអគារ D8 ជាមួយកម្មការិនី ដែលផ្ទុកជំងឺកូវីដ-១៩ ដូច្នេះហើយទើបពួកគេ ត្រូវយកសំណាកទៅធ្វើតេស្ត។ លោក បន្តថា ចំពោះកម្មករ-កម្មការនី ដែលធ្វើក្នុងអគារផ្សេងទៀត ប្រហែលជាមិនត្រូវយកសំណាកទៅតេស្តនោះទេ។ លោក បន្ថែមថា កម្មករ-កម្មការិនីសរុបនៅរោងចក្រ Y&W មានជាង៥ពាន់នាក់។    មន្រ្តីរដ្ឋបាលខណ្ឌដង្កោរូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា អគារ D8 ត្រូវបានបិទបណ្តោះអាសន្ន ខណៈអគារផ្សេងទៀត របស់រោងចក្រ Y&W នេះ នៅដំណើរការធម្មតា។ លោក ផ្តល់ព័ត៌មានថា មកដល់ពេលនេះ ក្នុងចំណោមកម្មករ-កម្មការិនី៧១៦នាក់នោះ មាន៤០ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។ តែលោក មិនទាន់ដឹងព័ត៌មានបន្ថែមឡើយថា អាចមានកម្មករ-កម្មការិនីផ្សេងទៀត នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កដែរឬអត់។    កាលពីព្រឹកថ្ងៃទី២ ខែមីនា អាជ្ញាធរ បានចុះទៅប្រមូលសំណាកពីកម្មករ-កម្មការិនី នៅរោងចក្រ Y&W យកទៅធ្វើតេស្ត ក្រោយទទួលបានដំណឹង កាលពីយប់ថ្ងៃទី១ ខែមីនា ថា មានកម្មការិនីម្នាក់ ដែលធ្វើការរោងចក្រនេះដែរ បានផ្ទុកជំងឺកូវីដ-១៩៕     
ក្នុងចំណោមកម្មករ-ការិនី៧១៦នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ Y&W ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានយកសំណាកទៅធ្វើតេស្ត គ្មានអ្នកណាម្នាក់ ផ្ទុកជំងឺកូវីដ-១៩ឡើយ។ នេះបើតាមលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ ដែលផ្សាយលើទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។ 
«១នាក់ សៀវភៅ១ក្បាល, អានបាន[លុយ]»។ មានតែចំណេះទេ ដែលអាចចាកចេញពីភាពក្រីក្រ»។ នេះ គឺជាទស្សនៈរួម ដែលត្រូវបានលើកឡើង ក្នុងពិធីសម្ពោធសៀវភៅក្រោមចំណងជើងថា «ប្តូការគិត ជីវិតរុងរឿង» របស់លោក ឃីម សុខហេង។    លោក កៃ គីមសុង សហស្ថាបនិក នៃក្រុមហ៊ុនបោះពុម្ពផ្សាយ នៃក្រុមហ៊ុន (Amazadia Education) និងជាអ្នករៀបចំកម្មវិធីសម្ពោធសៀវភៅដែរនោះ បានជំរុញឲ្យមហាជននៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមចាប់អារម្មណ៍សរសេរ ឬចងក្រងសៀវភៅ ឬឯកសារឲ្យបានកាន់តែច្រើន ពោលគឺចៀសវាងកុំឲ្យចំណេះជំនាញផុតរលត់ទៅ នៅពេលបុគ្គលណាម្នាក់ បាត់បង់ជីវិតទៅ។ គំនិតរបស់ លោក កៃ គីមសុង គឺថា រូបកាយ អាចបាត់បង់ តែកុំឲ្យបាត់បង់ចំណេះជំនាញ។ ចំណេះជំនាញ បទពិសោធន៍ជីវិតត្រូវផ្ទេរ តាមរយៈសំណេរទុកឲ្យមនុស្សជំនាន់ក្រោយ។ លោក គីមសុង ក៏លើកជាគំនិតថា៖ «ខ្ញុំចង់ឃើញ១នាក់ សៀវភៅ១ក្បាល ហើយអានបានលុយ។ អានបានលុយ មានន័យថា អានច្រើនចេះច្រើន។ ពេលចេះច្រើន ក៏រកលុយបានច្រើនដែរ»។    លោក កៃ គីមសុង បានបន្តដោយលើកឡើង ពីសារសំខាន់នៃការអប់រំ។ ករណីលោក ឃីម សុខហេង គឺជាឧទាហរណ៍ជាក់ស្តែង។ សៀវភៅជាង២០០ទំព័រនេះ និយាយពីជីវិតកុមារភាពរបស់លោក ឃីម សុខហេង ដែលមានឪពុកម្តាយជាអ្នកមិនសូវមានចំណេះ និងក្រីក្រនៅក្នុងខេត្តព្រៃវែង។ តស៊ូសិក្សារៀនសូត្រជាមួយក្តីសង្ឃឹមជានិច្ច ហើយនៅទីបញ្ចប់ តាមរយៈចំណេះវិជ្ជា លោក ឃីម សុខហេង បានប្រែក្លាយជីវភាពក្រីក្ររបស់លោក ឲ្យទៅជាគ្រួសារធូរធារក្នុងសង្គមបច្ចុប្បន្ន។   ជាបុគ្គលដែលផ្តល់តម្លៃខ្លាំងលើចំណេះវិជ្ជា និងប្រើប្រាស់ចំណេះវិជ្ជា ដើម្បីចាកចេញពីភាពក្រីក្រ លោក ឃីម សុខហេង ចង់ចែករំលែកបទពិសោធន៍ជីវិត និងការតស៊ូក្នុងនាមជាកូនកសិករ ទៅកាន់យុវជនដទៃទៀត តាមរយៈសៀវភៅរបស់លោក។ លោក ឃីម សុខហេង ដែលធ្លាប់ជានិស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរនោះ បានផ្សងព្រេង«ស្មុំ»ចំណេះក្នុងគ្រាលំបាក រួចហើយប្រើប្រាស់ចំណេះរបស់ខ្លួន ដើម្បីចែករំលែក និងដើម្បីបង្កើតប្រាក់សម្រាប់គ្រួសារ និងសហគមន៍។ ក្រៅពីដំណើរជីវិតតស៊ូក្នុងការសិក្សា សៀវភៅដដែលនេះ ក៏និយាយផងដែរ ពីចំណុចចាប់ផ្តើមនៃសេចក្តីសេ្នហារបស់លោក ក្នុងវ័យសិក្សា ជាមួយភរិយាលោកសព្វថ្ងៃ។    សហអ្នកនិពន្ធជនជាតិបារាំងលោក Pierre Gillette បានកត់សម្គាល់នៅក្នុងកម្មវិធីសម្ពោធសៀវភៅថា វាគឺជាកម្មវិធីសំខាន់ ព្រោះថា អ្នកចូលរួមមកពីវិស័យផ្សេងៗគ្នា រួមគ្នាឲ្យតម្លៃលើការអប់រំ និងសំណេរ។ «អ្នកចូលរួមខ្លះ បាននិយាយថា ពួកគេអានសៀវភៅ ហ្នឹងពីរដង។ ខ្ញុំរភើប ព្រោះ ខ្ញុំឃើញអ្នកអានចូលចិត្តខ្លឹមសារ នៃសៀវភៅ»។ នេះ គឺជាលើកឡើងរបស់ លោក Pierre Gillette។    ក្នុងពេលថ្លែងសុន្ទរកថា ទៅកាន់អ្នកចូលរួមប្រមាណ៣០០នាក់ លោក ឃីម សុខហេង តួអង្គក្នុងសៀវភៅ សម្តែងក្តីរំភើបជាខ្លាំង ដោយលោកនិយាយថា ខ្លឹមសាសៀវភៅនេះ បង្ហាញពីជីវិតពិតរបស់លោកមែន។ ប៉ុន្តែវាក៏ជាមេរៀនជីវិតរបស់យុវជនផ្សេងទៀតដែរ។ លោក ឃីម សុខហេង ទទួលស្គាល់ថា ជោគជ័យថ្ងៃនេះ គឺបានមកពីការសិក្សា ការអប់រំ និងវត្តមាន អ្នកដែលនៅជុំវិញលោក។ លោក ឃីម សុខហេង បានបញ្ជាក់ថា«ខ្ញុំសូមថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ តាំងបឋមសិក្សា រហូតដល់មហាវិទ្យាល័យ ដែលបានបង្រៀនខ្ញុំ។ ខ្ញុំសូមអរគុណក្រុមការងាររបស់ខ្ញុំ។  ខ្ញុំសូមអរគុណ ចំពោះភរិយាខ្ញុំ និងឪពុកម្តាយខ្ញុំផងដែរ»។    នៅក្នុងកម្មវិធីសម្ពោសសៀវភៅដដែលនោះ លោក ឃីម សុខហេង បានសម្រក់ទឹកភ្នែក នៅចំពោះមុខលោក Christopher Lee ដែលជាគ្រូធំរបស់លោក ឃីម សុខហេង។ ដំណក់ទឹកភ្នែករបស់លោក សុខហេង គឺជំនួសឲ្យពាក្យពេចន៍ថ្លាថ្លែង ដឹងគុណចំពោះលោក Christopher Lee៕        
ភ្នំពេញ៖ មន្រ្តីរាជការ អ្នកជំនួញ អ្នកនិពន្ធ និស្សិត ប្រមាណ៣០០ នាក់ បានចូលរួមសម្ពោធសៀវភៅ ដែលមានចំណងជើងថា «ប្តូររបៀបគិត ជីវិតរុងរឿង» របស់លោក ឃីម សុខហេង។ ពិធីសម្ពោធនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal)។ សហអ្នកនិពន្ធ ជនជាតិបារាំងលោក Pierre Gillette អតីតនិពន្ធនាយកសារព័ត៌មានបារាំង Cambodge Soir និងលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានថ្មីៗ(Thmeythmey.com) និងលោក ឃីម សុខហេង ដែលជាតួអង្គនៃសៀវភៅ ក៏មានវត្តមាននៅក្នុងកម្មវិធីនោះដែរ។
  ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗលោក នុត សវនា អ្នកនាំពាក្យអគ្គនាយដ្ឋានពន្ធនាគារ បានឲ្យដឹងថា ខាងពន្ធនាគារបានបញ្ជូនលោក រ៉ុង ឈុន ទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៤កញ្ញា ។ យ៉ាងណាក៏ដោយ លោកមិនអាចលម្អិតពីស្ថានឲ្យជំងឺភ្នែករបស់លោក រ៉ុង ឈុន បានឡើយ ពោលគឺដឹងត្រឹមថា ភ្នែកខាងស្ដាំមេសហជីពរូបនេះ ស្រវាំងខ្លាំង ហើយរងចាំទៅព្យាបាលតាមការណាត់ជួប របស់ក្រុមគ្រូពេទ្យប៉ុណ្ណោះ។    «ពេទ្យគេចារហើយ គឺត្រូវធ្វើការវះកាត់បញ្ហាសុខភាពគាត់ហ្នឹង ភ្នែកហ្នឹង ប៉ុន្តែការកំណត់ថ្ងៃវះកាត់ថ្ងៃណាគឺមិនទាន់ដឹងនោះទេ»។ នេះបើតាមលោក នុត សវនា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។    អ្នកស្រី អ៊ុក ឆាយ៉ារី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ(CITA) ដែលជាអ្នកជិតដិតនឹងលោក រ៉ុង ឈុន យល់ថា អាជ្ញាធរពាក់ព័ន្ធគួរពិនិត្យករណីលោក រ៉ុង ឈុន ដើម្បីឲ្យលោកបានសម្រាកព្យាបាលនៅក្រៅឃុំ ព្រោះភ្នែកជាកត្តាសំខាន់។    «លោក រ៉ុង ឈុន ប្រាប់ខ្ញុំថា គាត់បានទៅពិនិត្យភ្នែកនៅពេទ្យរុស្ស៊ីរួចហើយ ប៉ុន្តែពេទ្យគេឲ្យឧស្សាហ៍ទៅពិនិត្យទៀត ព្រោះមានសភាពធ្ងន់ធ្ងរខ្លាំង។ ខ្ញុំជួបគាត់និយាយ(តាមទូរសព្ទ)បានតែប៉ុណ្ណោះ ហើយក៏ដាច់ទៅ ព្រោះគេឲ្យនាទីទូរស័ព្ទតិចពេកក្នុងការជួបជាមួយគ្នា»។ នេះបើតាមអ្នកស្រី ឆាយ៉ាវី ដោយបន្ថែមថា លោក រ៉ុង ឈុន មានជំងឺភ្នែកនេះ ចាប់តាំងពីមុនជាប់ឃុំមកម្ល៉េះ។    ដើមទងដែលនាំឲ្យលោក រ៉ុង ឈុន មានបញ្ហាភ្នែកនេះ ដោយសាររងការវាយពីជនមិនស្គាល់មុខ ត្រូវចំភ្នែកបណ្ដាលឲ្យមានឈាមកក នៅគ្រាដែលលោក បានចូលរួមទាមទារអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ។ បន្ទាប់ពីនោះមក លោក រ៉ុង ឈុន ក៏បានទៅពិនិត្យភ្នែកជាប្រចាំ។ ប៉ុន្តែចាប់តាំងពីជាប់ឃុំមក លោកក៏ខកខានពិនិត្យ រហូតដល់ស្ថានភាពត្រូវវះកាន់ភ្នែក។ នេះបើតាមការរៀបរាប់របស់អ្នស្រី ឆាយ៉ាវី។   អត្ថបទទាក់ទង   ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN រិះគន់តុលាការកម្ពុជាជុំវិញការផ្តន្ទាទោសលោក រ៉ុង ឈុន និងសកម្មជនពីររូបទៀត   ការកាត់ទោសលោក រ៉ុង ឈុន និងសកម្មជន ធ្វើឲ្យទូតបរទេស បារម្ភពីសិទ្ធិបញ្ចេញមតិនៅកម្ពុជា   កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តុលាការបានប្រកាសសាលក្រមកាត់ទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ខណៈសកម្មជនពីររូបទៀត គឺលោក តុល និមល និង កញ្ញា ស កណិកា ជាប់ពន្ធនាគារ១ឆ្នាំកន្លះដែរ។ អ្នកទាំង៣នេះ ត្រូវតុលាការឲ្យបង់ប្រាក់២លានរៀលក្នុងម្នាក់ៗចូលទៅរដ្ឋ និងបង់ប្រាក់៤០០លានរៀល (ជាង១៣៣លានរៀលក្នុងម្នាក់) ជូនទៅគណៈកម្មាធិការកិច្ចព្រំដែន ដែលជាដើមរដ្ឋប្បវេណី ៕  
ភ្នំពេញ៖ លោក រ៉ុង ឈុន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងត្រូវវះកាត់ភ្នែកខាងស្ដាំ ដោយសារភ្នែកកាន់តែស្រវាំងខ្លាំង។ ជុំវិញការស្ថានភាពជំងឺនេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសហាគមបង្រៀនកម្ពុជាឯករាជ្យ(CITA) យល់ថាអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យមើលករណីលោក រ៉ុង ឈុន ដើម្បីឲ្យលោកបានសម្រាកព្យាបាលនៅក្រៅឃុំ។
ភ្នំពេញ៖ ជប៉ុន បានផ្ដល់ជំនួយឥតសំណងចំនួន ៥០៦,៥៩៥ ដុល្លារ ដល់កម្ពុជា ដើម្បីកែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងការសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី៨  ខែធ្នូ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ជាមួយអ្នកតំណាងស្ថាប័នទទួលជំនួយទំាងពីរ។ ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ល។    ជំនួយឥតសំណងជាង ៥សែនដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា  រូបភាពពី ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា   ជាក់ស្តែង ស្ថានទូតជប៉ុន បានផ្ដល់ជំនួយជាថវិកាចំនួន ១៦២,៧១៥ដុល្លារ ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ដើម្បីទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត ចំនួន១៥ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា។ បន្ថែមលើនេះ ថវិកាខាងលើ ក៏ត្រូវសាងសង់អគារស្នាក់សម្រាប់អ្នកជំងឺផងដែរ។   បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន  មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវនេះ កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារភាពសឹករិចរិលនៃឧបករណ៍ចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប។ តាមរយៈគម្រោងនេះ ភាគីទាំងសងខាង រំពឹងថានឹងមានអ្នកជំងឺចំនួន៧០០នាក់ មកព្យាបាលនៅPRCនេះជារៀងរាល់ឆ្នាំ ហើយទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងសេវាកម្ម ដែលមានភាពប្រសើរជាងមុន។   ជំនួយឥតសំណងជាង ៥សែនដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា  រូបភាពពី ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា     ជាមួយគ្នានេះដែរ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមវិញ ក៏ទទួលបានថវិកាចំនួន ៣៤៣,៨៨០ ដុល្លារ ពីស្ថានទូតជប៉ុនផងដែរ។ ជំនួយនេះ ប្រើប្រាស់សម្រាប់សាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើត ចំនួន១ខ្នង ដែលមានកម្ពស់៣ជាន់។ មន្ទីរពេទ្យនេះ កំពុងប្រឈមបញ្ហាដូចជា ការស្នាក់នៅលើសចំណុះក្នុងអគារផ្នែកសម្ភពរាល់ថ្ងៃ សម្រាប់ម្តាយ និងការចំណាយពេលបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើត ដែលនៅឆ្ងាយ។ តាមរយៈការសាងសង់អគារថ្មីផ្នែកសម្ភពនិងថែទាំទារកទើបនឹងកើតនេះ ទូតជប៉ុនក៏រំពឹងថាមន្ទីរពេទ្យអាចផ្តល់កន្លែងស្នាក់សមរម្យជាងមុន សម្រាប់ម្តាយដែលទើបសម្រាល និងដំណើរការព្យាបាលចាំបាច់នានាសម្រាប់ទារកដែលមានតម្រូវការចាំបាច់បានភ្លាមៗ។   គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៥ លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៦៩ គម្រោង នៅទូទាំងប្រទេសកម្ពុជា៕    
ដោយ៖ សុង សុធាវី
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអាចនឹងកើតឡើងដោយសារការទទួលទានជាតិស្ករច្រើន ៖ ១. ជំងឺបេះដូង ការទទួលទានអាហារសម្បូរទៅដោយជាតិស្ករច្រើនអាចបង្កើនហានិភ័យនៃបញ្ហាបេះដូងគួរឲ្យព្រួយបារម្ភដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថាការរលាក គឺជាអ្វីមួយដែលអាចបង្កជំងឺបេះដូង ហើយជាតិស្ករជាមូលហេតុបង្កើនការរលាកផ្សេងៗក្នុងរាងកាយ។ ២. ប្រព័ន្ធភាពស៊ាំចុះខ្សោយ ក្រៅពីសុខភាពបេះដូងនិងខួរក្បាល ការរលាកក៏ជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរាងកាយគួរឲ្យព្រួយបារម្ភផងដែរ។ ហើយនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយនោះរាងកាយនឹងឆាប់ឆ្លងជំងឺផ្សេងៗដែលបង្កមកពីបាក់តេរី និងវីរុសជាក់ជាមិនខាន។ ៣. ឆាប់អស់កម្លាំង ពិតណាស់ស្ករមានផ្ទុកសម្បូរទៅដោយកាឡូរីដែលអាចផ្ដល់អោយរាងកាយនូវថាមពលភ្លាមៗ ប៉ុន្តែក៏ឆាប់អស់ទៅវិញផងដែរនៅពេលជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ៤. ជំងឺទឹកនោមផ្អែមប្រភេទទី ២ ការកើនឡើងនូវកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម គឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ហើយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើន គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ៥. មហារីក បញ្ហាដ៏គួរឲ្យព្រួយបារម្ភខ្លាំងមួយទៀតនៃការរលាកក្នុងរាងកាយដែលបណ្ដាលមកពីការទទួលទានអាហារផ្អែម ឬជាតិស្ករច្រើន គឺហានិភ័យនៃជំងឺមហារីក។ នេះមានន័យថា ការទទួលទានអាហារផ្អែមច្រើនពេកយូរទៅនឹងបណ្ដាលអោយអ្នកប្រឈមមុខនឹងជំងឺមហារីកនៅថ្ងៃណាមួយ។ ជាតិផ្អែមនឹងបង្កើនទម្ងន់ ហើយកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយនាំឲ្យមានការបញ្ចេញអ័រម៉ូនបង្កជំងឺមហារីក។ ៦. អារម្មណ៍ឆាប់ប្រែប្រួល ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំឲ្យកើតមានបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព។ ៧. ឈឺសន្លាក់ ឫឈឺសាច់ដុំ នោះក៏ព្រោះតែការទទួលទានស្ករ ឬជាតិផ្អែមច្រើនហួសអាចបង្កការរលាកក្នុងរាងកាយ។ បរិមាណជាតិស្ករខ្ពស់ក្នុងរាងកាយធ្វើឱ្យកោសិកាប្រព័ន្ធភាពស៊ាំលាក់ការបញ្ជូនដំណឹងអំពីការរលាកទៅក្នុងឈាមដែលព្យាយាមបំបែកប្រូតេអ៊ីនជាប់នឹងម៉ូលេគុលគ្លុយកូស ឬ glycation end-products។នៅពេលអ្នកទទួលទានជាតិស្ករកាន់តែច្រើនប៉ុណ្ណា glycation end-products លេចឡើងប៉ុននោះដែរ ហើយការរលាកត្រូវបានបញ្ជូនទៅដើម្បីបំបែកវដ្តនៃដំណើរការនេះ។ ជាលទ្ធផលចុងក្រោយអ្នកត្រូវប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើនដូចជាជំងឺរលាកសន្លាក់ ភ្នែកឡើងបាយ ជំងឺបេះដូង ការចងចាំចុះខ្សោយ ឬស្បែកជ្រីវជ្រួញ។ ៨. ឧស្សាហ៍ឡើងមុនលើស្បែក អាហារដែលមានផ្ទុកជាតិស្ករបន្ថែមអាចបណ្ដាលឲ្យកម្រិតនៃអាំងស៊ុយលីនកើនឡើងនិងចាប់ផ្ដើមដំណើរការនៃ glycation ឬការភ្ជាប់ជាតស្ករទៅនឹងម៉ូលេគុលប្រូតេអ៊ីន។ ភ្លាមៗនៅពេលគ្លុយកូសចូលក្នុងឈាមវានឹងបង្កើតដំណើរការស្មុគស្មាញជាបន្តបន្ទាប់ក្នុងរាងកាយដែលបង្កការរលាកនិងបញ្ហាស្បែកផ្សេងៗ រួមទាំងរោគមុន។ លើសពីនេះទៅទៀតអាំងស៊ុយលីនបង្កើនភាពសកម្មនៃក្រពេញខ្លាញ់ទាំងអស់ក្នុងស្បែក ព្រមទាំងដំណើរការនៃការរលាកផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានផ្អែម ឬអាហារមានផ្ទុកជាតិស្ករច្រើនអាចបង្កបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភចំពោះសុខភាព។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកាត់បន្ថយការទទួលទានអាហារ ក៏ដូចជាភេសជ្ជៈផ្អែម។ ប៉ុន្តែថាតើស្ករអាចបង្កបញ្ហាអ្វីខ្លះទៅ?
  ភាគច្រើនបំផុតនៃករណីឆ្លងថ្មី គឺអ្នកកាន់បណ្ណការងារដែលរស់នៅក្នុងអន្តេវាសិកដ្ឋានសម្រាប់ពលករបរទេស។ ក្រសួងសុខាភិបាលសិង្ហបុរីបញ្ជាក់បែបនេះពេលប្រកាសករណីឆ្លង COVID-19 ថ្មីនៅថ្ងៃទី២២ ខែមេសា។ ក្នុងចំណោមអ្នកឆ្លងចំនួន១០១៦នាក់ មានពលរដ្ឋសិង្ហបុរី ឬពលរដ្ឋអចិន្ត្រៃយ៍ចំនួន១៥ករណីប៉ុណ្ណោះ។   ការហក់ឡើងយ៉ាងឆាប់រហ័សនេះ ធ្វើឲ្យរដ្ឋាភិបាលសិង្ហបុរីដាក់ចេញគោលការណ៍ថ្មីបន្ថែមទៀត សំដៅកាត់បន្ថយការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២១ ខែមេសា បានប្រកាសពីការបន្តរយៈពេលរឹតត្បិតសកម្មភាពប្រជាជនក្នុងពេលអាសន្ននេះ។ «គោលការណ៍បំបែកសៀគ្វី» ដែលហៅសំដៅវិធានការដាក់ប្រជាជនឲ្យនៅឆ្ងាយពីគ្នាដើម្បីផ្ដាច់ការឆ្លង COVID-19 នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១ ខែមិថុនា។   អាជីវកម្មមួយចំនួនដូចហាងកាត់សក់ និងហាងលក់ភេសជ្ជៈជាដើម ត្រូវហាមមិនឲ្យដំណើរការឡើយ។ ដោយឡែក វិស្សមកាលសម្រាប់សិស្សនៅខែមិថុនាខាងមុខ នឹងបញ្ចូលក្នុងរយៈពេលរឹតត្បិតនេះ ដើម្បីទុកពេលឲ្យសិស្សរៀនវិញនៅពេលស្ថានការណ៍ធូរស្រាល។    ឈរបន្ទាប់ពីសិង្ហបុរី គឺឥណ្ឌូណេស៊ីដែលមានករណីឆ្លងចំនួន៧១៣៥នាក់ និងស្លាប់៦១៦នាក់។ ឡាវជាប្រទេសមានករណីឆ្លងតិចជាងគេ គឺ១៩ករណី៕ 
សិង្ហបុរី បានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ានដែលមានអ្នកឆ្លងជំងឺ COVID-19 លើសមួយម៉ឺននាក់។ នៅថ្ងៃទី២២ ខែមេសា សិង្ហបុរី បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន១០១៦នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបឡើងដល់១០១៤១នាក់។ ករណីឆ្លងភាគច្រើន រកឃើញក្នុងចំណោមកម្មករបរទេសដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរួមគ្នា។
សូមស្ដាប់បទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី នាវ នារីបញ្ចពិសី ខាងក្រោមនេះ៖ មុនបើកអាជីវកម្មមួយនេះ អ្នកស្រី នាវ នារីបញ្ចពិសី បានបម្រើការងារអស់រយៈពេល ១៥ឆ្នាំក្នុងវិស័យទេសចរណ៍ ដែលឆ្លងកាត់ពីជីវិតការងារពីបុគ្គលិកធម្មតាម្នាក់ រហូតមានតំណែងគ្រង់គ្រងក្នុងក្រុមហ៊ុនអន្តរជាតិមួយ។ បំណងធ្វើជំនួយនេះ អ្នកស្រី បញ្ចពិសី បានប្រាថ្នាតាំងពីចូលធ្វើការក្នុងពេលដំបូងមកម្លេះ តែពេលនោះអ្នកស្រីគិតថាខ្វះបទពិសោធន៍ ដែលត្រូវចេញធ្វើការឲ្យគេប៉ុន្មានឆ្នាំសិន។ ប៉ុន្តែទោះបីមានពិសោធន៍ការងារ ១៥ឆ្នាំហើយក្ដី តែអ្នកស្រី បញ្ចពិសី នៅតែយល់ថា មិនគ្រប់ជ្រុងជ្រោយ ដើម្បីបើកក្រុមហ៊ុនទេសចរណ៍ ដែលជាអាជីវកម្មធំល្មមមួយ ឲ្យដំណើរការជោគជ័យ។ ហេតុនេះហើយអ្នកស្រីបានស្វែករកដៃគូសហការ ដែលអាចយល់គ្នាយ៉ាងល្អ និងមានសមត្ថភាពកាន់កិច្ចការតាមផ្នែកសំខាន់នីមួយៗ។ អ្នកស្រី បញ្ចពិសី មានជំនាញគ្រប់គ្រង ទន្ទឹមគ្នានឹងដៃគូសហការបីនាក់ទៀត ដែលមានភាពប៉ិនប្រសប់ផ្នែកលក់ ផ្នែកប្រតិបត្តិការជាមួយអតិថិជន និងផ្នែកហិរញ្ញវត្ថុ។ អ្នកជំនួញស្ត្រី ដែលធ្លាប់បានពានរង្វាន់សហគ្រិនស្ត្រីផ្នែកសង្គមរូបនេះ មានប្រសាសន៍ថា សហស្ថាបនិកទាំងបួនរួប ប្រៀបបាននឹងជើងកាំអីទាំងបួនដូច្នោះដែរ ដែលធ្វើឲ្យអាជីវកម្មនេះមិនដួលរលំ។ ជំនួញក្នុងវិស័យទេសចរណ៍ អ្នកស្រី បញ្ចពិសី ឲ្យដឹងថា អ្នកស្រីយកចិត្តទុកដាក់យ៉ាងខ្លាំងលើការផ្ដល់សេវាកម្មជូនអតិថិជនឲ្យបានល្អបំផុត តាមតែអាចធ្វើបាន៕
ភ្នំពេញ៖ ចំណុចសំខាន់បំផុត ដែលធ្វើឲ្យអាជីវកម្មរបស់ អ្នកស្រី នាវ នារីបញ្ចពិសី មិនជួបវាសនាបរាជ័យ នោះគឺអ្នកចូលរួមរកស៊ីជាមួយគ្នា ឬសហស្ថាបនិក។ អ្នកស្រី បញ្ចពិសី ដែលជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន All Dreams Cambodia មានប្រសាសន៍ថា អ្នកស្រីជឿជាក់តាំងពីដំបូងថាអាជីវកម្មខ្លួននឹងដំណើការទៅដោយរលូន ព្រោះអ្នកស្រីបានកៀងគរដៃគូចូលហ៊ុនរកស៊ី ដែលមានជំនាញ បទពិសោធម្យ៉ាងៗម្នាក់។
  គេហទំព័រវិទ្យសាស្ត្រ coolantarctica.com បានបញ្ចាក់ថា ទ្វីបអង់តាកតិចមួយនេះត្រូវបានបែកញែកចេញពីផ្ទាំងទ្វីបដែលមានទំហំធំមួយទៀត ដោយសារសកម្មភាពផ្លាកតិចតូនិច (ចលនារំកិលនៃផ្ទាំងដីទ្វីប) កាលពី៣៥លានឆ្នាំមុន។ ក្រុមមនុស្សទើបតែវិវត្តចេញពីពពួកបុព្វបុរសក្រុមស្វាបុរាណត្រឹមតែប្រមាណជា៥លានឆ្នាំមុនប៉ុណ្ណោះ នៅក្នុងទ្វីបអាហ្វ្រិក។    ក្រុមអ្នកស្រាវជ្រាវដំបូងបានប្រើប្រាស់បច្ចេកវិទ្យាដែលពួកគេមានក្នុងការធ្វើដំណើរទៅកាន់ទ្វីបអង់តាកទិចនៅក្នុងអំឡុងសតវត្សរ៍ទី១៩តាមនាវា ដែលឯកសារខ្លះបញ្ចាក់ថានៅក្នុងឆ្នាំ១៨២០ និងខ្លះទៀតនៅក្នុងឆ្នាំ១៨៩៩។    គ្មាននរណាម្នាក់រស់នៅលើទ្វីបមួយនេះជាលក្ខណៈអចិន្ត្រៃយ៍នោះឡើយ។ ទ្វីបអង់តាកទិចគ្មានឧស្សាហកម្មបែបពាណិជ្ជកម្ម គ្មានទីក្រុង ឬទីលំនៅដ្ឋានច្បាស់លាស់ពិតប្រាកដនោះទេ។ អ្នកដែលធ្វើដំណើរទៅទីនោះភាគច្រើនចំណាយពេលដែលប្រមាណជា១ខែ ទៅ២ឆ្នាំប៉ុណ្ណោះយ៉ាងយូរ។    អង់តាកទិចមានទីតាំងស្នាក់នៅប្រមាណជា៦៦កន្លែង ដែលក្នុងនោះ៣៧កន្លែងមានមនុស្សរស់នៅផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំ។ នៅរដូវមិនសូវត្រជាក់ខ្លាំង អង់តាកទិចមានមនុស្សរស់នៅប្រមាណ៤ពាន់នាក់ ដោយមិនគិតពីអ្នកទេសទរដែលត្រឹមតែមកកម្សាន្តរយៈពេលខ្លី។ ចំនួននេះធ្លាក់ចុះមកត្រឹមតែ១ពាក់នាក់ប៉ុណ្ណោះនារដូវត្រជាក់ខ្លាំង។    ការចេញចូលទ្វីបអង់តាកទិចត្រូវបានធ្វើឡើងតាមរយៈមធ្យោបាយផ្លូវទឹក និងផ្លូវអាកាស។ ចំពោះយន្តហោះធំៗ ពួកគេអាចចុះចតនៅលើសកម្រាស់ទឹកកកដែលមានភាពរឹងមាំបាន ក្នុងការដឹកជញ្ជូនមនុស្ស ឧបករណ៍ប្រើប្រាស់ផ្សេងៗ និងអាហារចំបាច់។ សីតុណ្ហភាពមធ្យមគឺនៅចន្លោះពីដក១០អង្សារសេ រហូតទៅដល់ដក៦០អង្សារសេនៅទីតាំងមួយចំនួន។ ដោយសារតែហេតុនេះ ការធ្វើកសិកម្ម និងចិញ្ចឹមសត្វសម្រាប់ជីវិតប្រចាំថ្ងៃពិតជាមិនអាចប្រព្រឹត្តទៅបាននោះឡើយ៕
អង់តាកទិចជាទ្វីបមួយនៃភពផែនដីដែលមានលក្ខណៈដាច់ស្រយាលជាងគេបង្អស់។ ជាមួយនឹងស្រទាប់ទឹកកកដ៏ក្រាស់ និងសីតុណ្ហភាពក្រោមសូន្យអង្សារពីមួយឆ្នាំទៅមួយឆ្នាំ ទ្វីបអង់តាកទិចគ្មានវត្តមានរបស់ជីវិតមនុស្សរស់នៅលើទីនោះតាំងពីដើមទីមកម្ល៉េះ រហូតមកដល់រយៈពេលប្រមាណជាជិត២០០ឆ្នាំមុន ដែលអ្នកស្រាវជ្រាវតាមសមុទ្រមួយចំនួនបានចុះចតនៅតាមច្រាំងនៃទ្វីបមួយនេះ។ បើទោះបីជាកាលៈទេសៈមិនអនុញ្ញាតឲ្យការរស់នៅមានភាពងាយស្រួល ក៏នៅតែមានមនុស្សជាច្រើនពាន់នាក់ក្នុងមួយៗធ្វើដំណើរទៅកាន់ទ្វីបមួយនេះក្នុងនាមជាអ្នកស្រាវជ្រាវ និងអ្នកទេសចរ។
  បើតាមក្រសួងសាធារណការ យានយន្ត ១៩០ ៣៤៦គ្រឿង បានចេញចូលតាមស្ថានីយចំនួន ៨ទីតាំង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍មានត្រឹមតែ ០,០០៤ភាគរយ បើធៀបនឹងតួលេខនៃទំហំចរាចរណ៍នេះ។   ប្រភពដដែលបានបញ្ជាក់ថា ១៥ថ្ងៃនេះ មានលំហូរចរាចរណ៍មមាញឹកខ្លាំង ជាពិសេសថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប ១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ។    យោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ ក្នុងចំណោមយានយន្តជាង ១៩ម៉ឺនគ្រឿងនេះ មានករណីជំនួយប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះសរុប ពីពលរដ្ឋ៥០៦ករណី ដែលបានទាក់ទងទៅកាន់លេខ ១៣៩៩។   ជាមួយគ្នានេះ ក្រសួង បានស្នើឱ្យប្រជាពលរដ្ឋ ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះលក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។   សូមជម្រាបថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ដើម្បីសាងសង់។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គន្លងផ្លូវមានចំនួន៤ ដែលប្រវែងទទឹង ២៤,៥ ម៉ែត្រ និងមានផ្លូវបំបែកទិស ៧កន្លែង។    ក្រៅពីមានផ្លូវបំបែកទិស ក៏មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង, ចំណតរថយន្ត ១កន្លែង, មណ្ឌលប្រតិបត្តិការនិងថែទាំរថយន្ត ៤កន្លែង។ ផ្លូវនេះ ឆ្លងកាត់មានខេត្តកំពង់ស្ពឺប្រវែង ៨០,៨គីឡូម៉ែត្រ, កោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕   អត្ថបទទាក់ទង   រថយន្តជាង២ម៉ឺនគ្រឿង បានប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាចុងសប្តាហ៍កន្លងមក    
ភ្នំពេញ៖ រយៈពេល ១៥ថ្ងៃ រថយន្តជាង ១៩ម៉ឺនគ្រឿង បានបើកបរសាកល្បងលើផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ តុលា។