text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ចាប់ផ្តើមការប្រកួតនៅវគ្គទីមួយព័រទុយហ្កាល់ហាក់បីដាក់សម្ពាធសម្រុកខ្លាំងលើហ្គាណា ដោយឱកាសច្រើនលើកខ្សែប្រយុទ្ធ Cristiano Ronaldo តែងស្វែកការស៊ុតសំដៅសំណាញ់ទីលើគូប្រកួត។ តែយ៉ាងណាការប្រកួតវគ្គទីមួយគ្មានការប្រែប្រួលលទ្ធផលអ្វីឡើយដោយបញ្ចប់ទៅដោយលទ្ធផល ០-០។ ការប្រកួតដ៏ជក់ចិត្តខ្លាំងរវាងក្រុមសងខាងបានកើតឡើងក្នុងវគ្គទីពីរដោយការសម្រុកគ្នាយ៉ាងសន្ធាប់ រហូតដល់នាទី៦៥ Ronaldo អាចស្វែករកការនាំមុខ ១គ្រាប់មុនឱ្យព័រទុយហ្កាល់ ដោយបាល់ពិន័យ ១១ម៉ែត្រ។ ក្រោយត្រូវនាំមុខ ១គ្រាប់មុនហ្គាណាបានវាយបកសងភ្លាមៗត្រឹម ៧នាទីដោយតាមបានគ្រាប់ស្មើ ១-១ នៅនាទី៧៣ ដោយខ្សែប្រយុទ្ធ Andre Ayew តែយ៉ាងណាមិនបណ្តោយឱ្យឱកាស ៣ពិន្ទុបាត់បង់ដោយងាយៗ Joao Felix បានស៊ុតគ្រាប់នាំមុខជាថ្មីសម្រាប់ព័រទុយហ្កាលនៅនាទី ៧៨។ ត្រឹមតែ ២នាទីប៉ុណ្ណោះកីឡាករ Rafael Leao ស៊ុតបន្ថែមគ្រាប់ទី៣ នៅនាទី៨០ ធ្វើឱ្យព័រទុយហ្កាល់យកឈ្នះការប្រកួតដោយលទ្ធផល ៣-២ ក្នុងការប្រកួតដ៏អស្ចារ្យនៅប្រទេសកាតា។ គ្រាប់ទីពីរហ្គាណារកបានដោយកីឡាករ Osman Bukari នៅនាទី៨៩។ ជាការបង្ហាញខ្លួនលើកទី៥ នៅព្រឹត្តិការណ៍ World Cup ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុត ១គ្រាប់ដំបូងធ្វើឱ្យរូបគេក្លាយជាកីឡាករដំបូងប្រចាំប្រវត្តិសាស្រ្ត FIFA ដែលស៊ុតបាល់ចូលទីក្នុងការបង្ហាញខ្លួនទាំង ៥លើកផ្សេងគ្នានៅព្រឹត្តិការណ៍ដ៏ធំនេះ។ ខ្សែប្រយុទ្ធហ្គាណា Andre Ayew ក៏ក្លាយជាកីឡាករអាហ្រ្វិកលើកដំបូងដែលស៊ុតបាល់បញ្ជូលទីនៅព្រឹត្តិការណ៍ World Cup 2022៕ | ព័រទុយហ្កាល់បង្ហាញភាពខ្លាំងខ្លួននៅការប្រកួតជំនួបទីពីរពូល F ដោយបំបាក់ក្រុមហ្គាណាដោយលទ្ធផល ៣-២ ក្នុងកីឡដ្ឋាន 974 នៃព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា។ Ronaldo ស៊ុតនាំមុខមួយគ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ ក៏ជាការស៊ុតចូលទីលើកទី៥ ក្នុងការបង្ហាញខ្លួន ៥លើកនៅ World Cup ២គ្រាប់ផ្សេងទៀតរកបានដោយ Joao Felix និង Rafael Leao។ |
«សុ» អាចប្រែបានច្រើនយ៉ាង ដូចជា ល្អ, ប្រពៃ, ត្រឹមត្រូវ, ប្រសើរ, ក្រអូប, ស្អាត, ពីរោះ, ស្រួល និង ស្រណុក ជាដើម។ ពាក្យដែលមាន «សុ» នៅខាងដើម មានដូចជា សុក្រឹតភាព (ភាពនៃវត្ថុដែលគេធ្វើហើយដោយប្រពៃ), សុគតិ (ដំណើរដ៏ល្អ), សុគន្ធ (ក្លិនក្រអួប), សុចរិត (ការប្រព្រឹត្តល្អ), សុច្ឆន្ទៈ (បំណងល្អ, ឆន្ទៈល្អ), សុជីវធម៌ (ការរស់នៅដោយល្អ), សុទិដ្ឋិនិយម (ការយល់ឃើញបែបវិជ្ជមានចំពោះអ្វីមួយ ឬ ការយល់ឃើញថាអ្វីៗក្នុងលោកសុទ្ធតែល្អ និង ប្រសើរសុខស្រួល), សុផល (ផលល្អ, ផ្លែល្អ), សុភាព (ភាវៈល្អ), សុភាសិត (ពាក្យពីរោះ, ពាក្យត្រឹមត្រូវ, ឱវាទត្រឹមត្រូវ), សុយាត្រា (ការទៅដោយស្រួល, ដំណើរទៅស្រួល), សុរក្សា (ការរក្សាដោយប្រពៃ), សុរូប (រូបល្អ), សុលក្ខណៈ (លក្ខណៈល្អ), សុវិជ្ជា (វិជ្ជាល្អ), សុវិសុទ្ធិ (បរិសុទ្ធិល្អ), សុវោហារ (វោហារល្អ), ។ល។ ការបកប្រែ និបាតសព្ទ «សុ» ខាងលើ ត្រូវឲ្យសមស្របទៅតាមលក្ខណៈនៃវត្ថុ ឬ សភាវៈអ្វីមួយ។ ជារួម «សុ» អាចប្រើបែបណាក៏បាន ឲ្យសិ្ថតក្នុងអត្ថន័យបែបវិជ្ជមាន។ ការបកស្រាយនេះ គឺយោងទៅតាមវចនានុក្រម សម្តេច ជួន ណាត៕ | «សុ» គឺជានិបាតសព្ទ ដែលត្រូវបានប្រើប្រាស់នៅខាងដើមនៃពាក្យណាមួយ។ ជាទូទៅ ពាក្យណា ដែលផ្សំដោយ «សុ» នៅខាងដើម ពាក្យនោះ តែងមានអត្ថន័យល្អ ឬសេចក្តីបែបវិជ្ជមាន។ |
ជនជាតិចិនជាជនសង្ស័យទាំង៣នាក់នោះ គឺ ឈ្មោះ Li Feng អាយុ៣៥ឆ្នាំ ជាសន្ដិសុខកាស៊ីណូ ឈ្មោះ Yu YanLong អាយុ៣៥ឆ្នាំ ជាសន្ដិសុខកាស៊ីណូដែរ និង ឈ្មោះ Tu Lin (ស្រី) អាយុ៤៣ឆ្នាំ ជាអ្នកគ្រប់គ្រងបុគ្គលិកកាស៊ីណូ។ ពួកគេទាំង៣នាក់ សុទ្ធតែស្នាក់នៅក្នុងកាស៊ីណូជៀឡុងជូរនោះ។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា ឈ្មោះ Li Feng ជាចារី (អ្នកផ្តើមគំនិតនិងជាអ្នកប្រព្រឹត្ត) ឈ្មោះ Yu Yanlong ជាសហការី (អ្នកចូលរួមប្រព្រឹត្ត) និង ឈ្មោះ Tu Lin ជាអ្នកសមគំនិត។ នគរបាលជាតិ អះអាងថា៖«បច្ចុប្បន្ន ជនសង្ស័យ រួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញ កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ចាត់ការបន្ដតាមផ្លូវច្បាប់»។ នគរបាលជាតិ រៀបរាប់ហេតុការណ៍ថា កាលពី២៩ ខែវិច្ឆិកា កម្លាំងសមត្ថកិច្ច បានទទួលព័ត៌មានពីករណីឃើញសាកសពក្នុងរថយន្ដ Highlander ពណ៌ស ដែលចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនសង្ស័យឈ្មោះ Li Feng ប្រាប់សមត្ថកិច្ចថា រូបគេ និងបក្ខពួក បានយកសាកសពចុះពីជាន់លើនៃកាស៊ីណូ ហើយយកទៅដាក់ក្នុងរថយន្ដ High lander ពណ៌ស។ ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ សមត្ថកិច្ច បានដឹងថា សាកសពនោះ គឺជាជនជាតិចិន ភេទប្រុស ដែលស្លាប់ដោយអំពើឃាតកម្ម (បាក់កស្លាប់)។ ប៉ុន្តែ សមត្ថកិច្ច មិនទាន់ស្គាល់អត្ដសញ្ញាណនៃសពនោះទេ។ បើតាមនគរបាលជាតិដដែល សម្ភារវត្ថុតាង ដែលសមត្ថកិច្ចដកហូតក្នុងសំណុំរឿងឃាតកម្មនេះ មានដូចជា រថយន្ដ Highlander ពណ៌ស១គ្រឿង រថយន្តស្ដារិកពណ៌ខ្មៅ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង លិខិតឆ្លងដែន២ក្បាល កាបូបស្ពាយពណ៌ខ្មៅ១ ជាដើម៕ | កម្លាំងសមត្ថកិច្ច បានចាប់ជនជាតិចិន៣នាក់ (ស្រីម្នាក់) ដោយសង្ស័យថា ពួកគេ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើបុរសម្នាក់ជាជនជាតិដូចគ្នា។ អំពើឃាតកម្មនេះ កើតឡើងក្នុងកាស៊ីណូជៀឡុងជូរ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០។ |
Benzema បានចាកចេញពី Real Madrid ក្រោយរួបរស់អស់រយៈពេល១៤ឆ្នាំ បន្ទាប់ពីផ្ទេរពីក្លិប Lyon កាលពីឆ្នាំ២០០៩។ មុនចាកចេញពី Real Madrid នេះ Benzema រកបាន១គ្រាប់ឱ្យក្រុមតាមស្មើ ជាមួយក្រុម Athletic Bilbao ក្នុងលទ្ធផល១-១ នាទឹកដី Santiago Bernabeu នៅថ្ងៃទី៥ មិថុនា។ ក្រោយការចាកចេញនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយថា Benzema នឹងទៅចូលរួមជាមួយក្លិបណាដែរ។ ប៉ុន្តែតាមរយៈអ្នកកាសែតកីឡាល្បីមួយរូប ដែលមានសញ្ជាតិអ៊ីតាលី Fabrizio Romano ដែលបានសរសេរលើហ្វេសប៊ុកផ្លូវការខ្លួនថា Benzema នឹងចូលរួមជាមួយក្លិប Al Ittihad របស់លីគអារ៉ាប់ប៊ីសាអូឌីត ជាមួយនឹងតម្លៃខ្លួន ក្នុងកិច្ចសន្យា ២០០លានផោន រួមនឹងអត្ថប្រយោជន៍ផ្សេងទៀត។ ចំពោះការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះ ក្លិប Real Madrid ក៏កំពុងចន្លោះប្រហោងតំបន់ប្រយុទ្ធផងដែរ។ សម្រាប់តំបន់ប្រយុទ្ធនេះ ត្រូវបានគេមើលឃើញ Real Madrid នឹងប្រមាញ់យកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane មកជំនួស Benzema ។ Kane ស៊ុតបញ្ចូលបាន២៨០គ្រាប់ ក្នុងការបង្ហាញខ្លួន៤៣៥ប្រកួត ឱ្យក្រុម Spur ។ បើតាមការចុះផ្សាយរបស់ BBC ក្រៅពី Kane ក្លិបអធិរាជ ស មួយនេះ ក៏ដាក់គោលដៅយកខ្សែប្រយុទ្ធ Victor Osimhen, ខ្សែប្រយុទ្ធLautaro Martinez ពីInter , Kai Havertz ពី Chelsea និង Dusan Vlahovic ពីJuventus ។ បច្ចុប្បន្ន Real ក៏កំពុងទាក់ទងជាមួយក្លិប Dortmund ដើម្បីនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham មកចូលរួមជាមួយក្រុមផងដែរ។ ក្រៅពី Benzema ក៏មានកីឡាករផ្សេងទៀត ដូចជា Eden Hazard, Marco Arsensio និង Mariano Diaz ក៏នឹងត្រូវចាកចេញពីក្លិប Real នារដូវក្តៅខាងមុខនេះដែរ ក្នុងរង្វង់តម្លៃខ្លួន ជាង៧០លានអឺរ៉ូ។ នេះបើតាម BBC។ ក្នុងវ័យ៣៥ឆ្នាំ Benzema បានទទួលពានរង្វាន់ Ballon dOr ផងដែរ កាលពីឆ្នាំ២០២២ ។ Benzema ធ្លាប់ជួយ Real ឈ្នះពានរង្វាន់ Lali ga ៤លើក និង Champion League ៥លើក៕ | ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ស្ថិតនៅក្នុងគោលដៅរបស់ក្លិបអធិរាជ ស Real Madrid ក្នុងយកមកជំនួសតំណែងខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema នារដូវកាលក្រោយនេះ។ |
គោលការណ៍ថ្មីនេះ ត្រូវបានក្រសួងដែនដី ដែលមានលោក ជា សុផារ៉ា ជារដ្ឋមន្រ្តី ដាក់ចេញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ គោលការណ៍ថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ។ គោលការណ៍ថ្មី កំណត់ថា សំណង់រដ្ឋ ចាំបាច់ត្រូវមានការត្រួតពិនិត្យដោយក្រុមការងារជំនាញរបស់ក្រសួងដែនដីជាមុនសិន មុននឹងផ្តល់លិខិតអនុញ្ញាតឲ្យសាងសង់សំណង់នោះ ហើយសំណង់ឯកជន ចាំបាច់ត្រូវមានការត្រួតពិនិត្យដោយក្រុមហ៊ុនឯកជន និងអ្នកមានវិជ្ជាជីវៈជាមុនសិន មុននឹងត្រូវផ្តល់លិខិតអនុញ្ញាតឲ្យសាងសង់សំណង់នោះ។ ក្រុមហ៊ុន និងអ្នកមានវិជ្ជាជីវៈ អាចត្រួតពិនិត្យសំណង់ឯកជនបាន លុះត្រាតែទទួលបានអាជ្ញាបណ្ណពីក្រសួងដែនដី។ គ្រប់សំណង់ទាំងអស់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យជាមុនឬ មុននឹងអនុញ្ញាតឲ្យសាងសង់? ចម្លើយ គឺអត់ទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី សង្កត់ធ្ងន់ដូច្នេះថា៖«សំណង់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមានផ្ទៃក្រឡាក្រោម៥០០ម៉ែត្រការ៉េ មិនតម្រូវឲ្យមានការត្រួតពិនិត្យនិងបញ្ជាក់ទេ»។ សំឡេងរបស់លោក សេង ឡូត លោក ថ្លែងថា ការចេញគោការណ៍ថ្មីនេះ គឺដើម្បីពង្រឹងចំណុច៤យ៉ាង ក្នុងវិស័យសំណង់ ដែលកំពុងរីកដុះដាលខ្លាំង រួមមាន សោភ័ណភាព សុវត្ថិភាព គុណភាព និងរបៀបរៀបរយសាធារណៈ។ លោក បន្តថា វិស័យសំណង់ រីកដុះដាលកាន់តែខ្លាំង ការគ្រប់គ្រងលើវិស័យនេះ គឺតម្រូវឲ្យមានភាពហ្មត់ចត់កាន់តែខ្លាំង។ មន្រ្តីជាន់ខ្ពស់របស់ក្រសួងដែនដីរូបនេះ មានប្រសាសន៍ដូច្នេះថា៖«ដំណើរការកន្លងមក គឺយើង មានភាពល្អប្រសើរខ្លះហើយ ហើយយន្តការ ដែលដាក់ថ្មីនេះ នឹងបង្កើនប្រសិទ្ធភាពកាន់តែខ្ពស់ជាងមុនទៅទៀត»។ ការសាងសង់សំណង់ ដែលមានផ្ទៃតិចជាង ឬស្មើ៥០០ម៉ែត្រការ៉េ ត្រូវសុំការអនុញ្ញាតនៅថ្នាក់ថ្នាក់ក្រុង ស្រុក ខណ្ឌ។ ការសាងសង់សំណង់ ដែលមានផ្ទៃធំជាង៥០០ម៉ែត្រការ៉េ ដល់ ៣០០០ម៉ែត្រការ៉េ ត្រូវសុំការអនុញ្ញាតនៅថ្នាក់រាជធានី ខេត្ត។ ការសាងសង់សំណង់ ដែលមានផ្ទៃធំជាង៣០០០ម៉ែត្រការ៉េ ត្រូវសុំការអនុញ្ញាតនៅក្រសួងរៀបដែនដី។ នេះបើយោងតាមអនុក្រឹត្យថ្មីរបស់ប្រមុខរដ្ឋាភិបាល ដែលចេញកាលពីខែធ្នូ ឆ្នាំ២០២០៕ | ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញគោលការណ៍ថ្មីមួយ ដើម្បីពង្រឹងវិស័យសំណង់នៅកម្ពុជា នោះគឺការត្រួតពិនិត្យជាមុនសិន មុននឹងចេញលិខិតអនុញ្ញាតឲ្យសំណង់ណាមួយ ចាប់ផ្តើមដំណើរការសាងសង់។ ប៉ុន្តែ ចំពោះការសាងសង់សំណង់ ជាពិសេសសំណង់ជាផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានផ្ទៃតូចជាង៥០០ម៉ែត្រការ៉េ មិនតម្រូវឲ្យមានការត្រួតពិនិត្យជាមុននោះទេ។ |
សកម្មភាពមេតាប៉ូលីសទាំងនោះក៏បង្កើតជាកម្តៅដែលជួយរក្សាសីតុណ្ហភាពក្នុងខ្លួន និងកាកសំណល់នៅក្នុងខ្លួនផងដែរ។ កាកសំណល់ទាំងនោះ ដូចជាទឹក និងកាបូនឌីអុកស៊ីតត្រូវបានបញ្ចេញនៅក្នុងទឹកនោម និងចេញជាញើស ឬបញ្ចេញតាមការដកដង្ហើម៕ ត្រួតពិនិត្យដោយ www.health.com.kh | ដើម្បីយល់អំពីសំណួរនេះ, យើងគួរចាំថា ខ្លួាញ់ត្រូវបានស្តុកដើម្បីបង្កើតជាថាមពល។ ខ្លួនរបស់អ្នកបំលែងខ្លាញ់ដើម្បីប្រើជាថាមពលសម្រាប់សាច់ដុំ និងជាលិកាដទៃទៀតតាមរយៈដំណើរការមេតាប៉ូលីស។ នេះបណ្តាលអោយកោសិកាខ្លាញ់ធ្លាក់ចុះ។ |
លោក នេត្រ ភក្រា្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រូបសំណាកសត្វដំរីនេះ ជាគម្រោងសាងសង់ឡើងដោយជាងនៅខេត្តកំពង់ស្ពឺ ដែលចំណាយពេលសាងសង់រយៈពេល៧ខែ និងមានការចូលរួមឧបត្ថម្ភ ថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះនិយាយថា ការដំឡើងរូបសំណាកសត្វដំរីនេះនៅខេត្តមណ្ឌលគិរី ដោយសារខេត្តនេះមានជាប់ទាក់ទងនឹងរឿងរ៉ាវសត្វដំរី ដែលកើតឡើងនៅអំឡុងឆ្នាំ ២០០៧ ត្រង់ចំណុចត្រពាំងឈូក (បច្ចុប្បន្ន នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃស្រែពក) ដែលដើមឡើយមានកូនដំរីឈ្មោលមួយក្បាល បានដើរជាន់អន្ទាក់ព្រានព្រៃដាច់ជើងម្ខាង ហើយត្រូវបានក្រុមអភិរក្សព្រៃឈើនិងសត្វព្រៃប្រទះឃើញហើយដឹកយកទៅសង្គ្រោះ នៅឧទ្យានសួនសត្វភ្នំ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ពេលនោះមកសត្វដំរីនោះត្រូវបានគេដាក់ឈ្មោះថា«ឈូក» បច្ចុប្បន្នសត្វដំរីនោះ មានជើងសិប្បនិមិត្ត ដែលអាចដើរបាន និងមានសុខភាពល្អដូចសត្វដំរីដទៃដែរ។ ការតាំងបង្ហាញរូបសំណាកសត្វដំរីនៅខេត្តមណ្ឌលគិរីនេះ លោក នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងមានគោលបំណងចង់ឲ្យសាធារណជនអាចទស្សនាសត្វដំរីដែលច្នៃពីរណាយន្ត និងគ្រឿងម៉ូតូផ្សេង ដែលសមត្ថកិច្ចជំនាញដកហូតបាន ពីបណ្តាស្នាក់ការដែនជម្រកសត្វព្រៃទាំង៥តំបន់ ក្នុងខេត្តមណ្ឌលគិរី។ ក្រសួងចង់ឲ្យពលរដ្ឋកុំប្រើប្រាស់រណារយន្ត ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស និងកាប់រុករានដីព្រៃ ដែលនាំឲ្យបំផ្លាញធនធានធម្មជាតិ ហើយងាកមកអភិរក្សសត្វដំរី ដើម្បីបង្កើនប្រាក់ចំណូលដល់វិស័យទេសចរណ៍ ក្នុងខេត្តមណ្ឌលគិរី។ បើតាម អ្នកនាំពាក្យក្រសួងបរិស្ថាន សត្វដំរីព្រៃជាង ៥០០ ក្បាលដែល ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះ ខេត្តមណ្ឌលគិរីមានប្រមាណជាង៣៧៥ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានដំរីចំនួនប្រមាណជិត ២០០ ក្បាល។ សត្វដំរីប្រមាណ៧០ក្បាលទៀត ជាដំរីដែលចិញ្ចឹមដោយអ្នកស្រុក។ អ្នកនាំពាក្យក្រសួងបរិស្ថានគូសបញ្ជាក់ថា ចំនួនសត្វដំរីព្រៃនៅកម្ពុជាក៏ដូចជា នៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងមានការធ្លាក់ចុះច្រើននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការធ្លាក់ចុះនេះក៏ដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះរវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដាំ នៅជាប់នឹងតំបន់ការពារធម្មជាតិ ហើយពេលខ្លះដំរីមកស៊ីដំណាំ៕ | ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងដាក់តាំងរូបសំណាកសត្វដំរីមួយ ដែលមានកម្ពស់ ២,៨០ ម៉ែត្រ បណ្តោយប្រវែង៣,១០ម៉ែត្រ និងទទឹងជិត១ម៉ែត្រ ដែលច្នៃពីរណារយន្ត និងគ្រឿងម៉ូតូចំនួន ៣០០ ដែលអាជ្ញាធរប្រមូលបានពីបទល្មើសធនធានធម្មជាតិ នៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី រយៈពេលខាងមុខនេះ។ នេះបើយោងតាមព័ត៌មានដែលលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។ |
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ លោក To An Xo នៅថ្ងៃទី៤ ខែមករា លោក Hoang Quoc Vuong អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ត្រូវបានចាប់ខ្លួននៅថ្ងៃទី២ ខែមករា។ ការចាប់ខ្លួននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយលោកចូលនិវត្តន៍។ លោក Hoang ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទចោទរំលោភអំណាចនៅក្រុមហ៊ុនអគ្គិសនីរដ្ឋ Vietnam Electricity។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ មួយរយៈចុងក្រោយនេះ វៀតណាម បានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ស្ទើរតែរាល់ថ្ងៃពីបទពាក់ព័ន្ធនឹងអំពើពុករលួយ និងបទរំលោភអំណាចជាដើម។ មន្រ្តីទាំងនោះមានចាប់ពីឋានៈចៅហ្វាយខេត្តរហូតដល់រដ្ឋមន្រ្តី។ មុនកាន់តំណែងជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Hoang បានធ្លាប់បំពេញតួនាទីជាច្រើន ហើយលោកក៏ធ្លាប់កាន់តំណែងជាចៅហ្វាយខេត្ត Thai Nguyen ផងដែរ។ នៅក្នុងឆ្នាំ២០១២ មន្រ្តីវៀតណាមរូបនេះ បានក្លាយជាប្រធានក្រុមប្រឹក្សាគ្រប់គ្រង និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម នៅក្នុងក្រុមហ៊ុន Vietnam Electricity។ រហូតដល់ឆ្នាំ២០១៥ លោក Hoang បានលាឈប់ពីកិច្ចការទាំងនោះ និងវិលត្រលប់មកកាន់តំណែងជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្មរហូតដល់ឆ្នាំ២០២០។ ក្នុងតំណែងជាអនុរដ្ឋមន្រ្តី លោក Hoang ទទួលបន្ទុកលើផ្នែកអគ្គិសនី ថាមពលកកើតឡើងវិញ បរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព និងបច្ចេកវិទ្យាព័ត៌មាន។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីរូបនេះ បានក្លាយជាប្រធានក្រុមប្រឹក្សាគ្រប់គ្រងក្រុមហ៊ុនប្រេង និងហ្គាស Petrovietnam មុនពេលលោកចូលនិវត្តន៍នៅថ្ងៃទី១ ខែមករា កន្លងមកនេះ៕ | លោក Hoang Quoc Vuong អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ត្រូវបានចាប់ខ្លួន នៅមួយថ្ងៃក្រោយចូលនិវត្តន៍ ជុំវិញបទចោទរំលោភអំណាច នៅក្រុមហ៊ុនអគ្គិសនីរដ្ឋ Vietnam Electricity (EVN)។ |
ដូចជាអ្វីដែលយើងបានឃើញតាមបណ្តាញសង្គមនាពេលថ្មីៗនេះ មានករណីជាច្រើនដែលយុវជនយើងបានព្យាយាមសម្លាប់ខ្លួនតាមរយៈការលោតស្ពាន។ គេអាចហៅករណីទាំងនោះថា មកពីការខូចចិត្តនឹងស្នេហា ឬ អ្នកខ្លះអាចមកពីការធ្លាក់ទឹកចិត្តស្រោចស្រង់មិនបាន។ លោកវេជ្ជបណ្ឌិត មួង ពៅពន្លឹក ដែលជាអតីតគ្រូបង្គោល បង្រៀននិងព្យាបាល សុខភាពផ្លូវចិត្តនិងបញ្ហាគេងមិនលក់ នៅមន្ទីរពេទ្យព្រះសីហនុនៃក្តីសង្ឃឹម (HOPE) បានលើកឡើងថា មិនមែនឱ្យតែមានជំងឺធ្លាក់ទឹកចិត្ត សុទ្ធតែទៅសម្លាប់ខ្លួនទាំងអស់គ្នានោះទេ។ វាក៏អាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ការប្រាស្រ័យទាក់ទងសុភមង្គលគ្រួសារ ការសិក្សា ក៏ដូចជាការប្រឹងប្រែងក្នុងការរកចំណូលជាដើម។ លោកវេជ្ជបណ្ឌិត មួង ពៅពន្លឹក បានលើកឡើងអំពីរឿង ៦ យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលដែលអ្នកមានឬក៏សង្ស័យថាមានជំងឺធ្លាក់ទឹកចិត្ត។ ១. លាក់បាំងរឿងខ្លួនឯងខ្លាំងពេក មនុស្សជាច្រើនមានបញ្ហាធ្លាក់ទឹកចិត្តក្នុងអារម្មណ៍មួយ ដែលលាក់បាំងពីអ្នកដទៃព្រោះពេលខ្លះមានអារម្មណ៍ខ្លាចខ្មាស់គេ ឬគិតថាជាការទន់ខ្សោយពេលខ្លះទៀតគិតថាខ្លាចអ្នកជុំវិញខ្លួនពិបាកជាដើម។ ប៉ុន្តែនេះមិនមែនជាការពិតនោះទេ។ អ្វីដែលត្រឹមត្រូវគប្បីរកមនុស្សដែលចូលចិត្តនិយាយពីរឿងក្នុងចិត្តទើបអ្នកទទួលបានដំណោះស្រាយល្អមកវិញ។ ២. ប្រើប្រាស់គ្រឿងស្រវឹងដើម្បីបំភ្លេចទុក្ខព្រួយ ពេលយើងមិនសប្បាយចិត្តយើងចង់ឱ្យខ្លួនយើងបំភ្លេចចោលនូវការគិតដោយការញ៉ាំស្រា។ ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឱ្យអ្នកឈប់គិតមួយភ្លែតប៉ុន្តែអ្នកប្រឈមនឹងការញៀនស្រានិងការប៉ះពាល់ដល់សុខភាពផ្សេងៗទៀតនៅពេលដែលអ្នកបន្តទម្លាប់នេះរយៈពេលវែង។ ៣. ទម្លាប់នៅម្នាក់ឯងខ្លាំងពេក នៅពេលដែលអ្នកមានអារម្មណ៍ធ្លាក់ចុះ អ្នកចង់នៅម្នាក់ឯងនៅក្នុងបន្ទប់ចាក់សោរចិត្ត ដោយគិតថាមិនមានអ្នកណាបានយកចិត្តទុកដាក់ពេលអ្នកមានរឿងអ្វីៗ។ តែនេះគ្រាន់តែជាអារម្មណ៍នៃបញ្ហាធ្លាក់ទឹកចិត្តតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ទោះជាបែបណាក៏ដោយ ក៏អ្នកនៅតែមានមនុស្សយកចិត្តទុកដាក់ពីអ្នកដែរ គ្រាន់តែភាពស្ងាត់ស្ងៀមរបស់អ្នកមិនអាចឱ្យអ្នកជុំវិញអ្នកជួយអ្នកបាន។ ៤. បន្ទោសខ្លួនឯង ការបន្ទោសខ្លួនឯងក្នុងពេលមានបញ្ហាធ្លាក់ទឹកចិត្តជារឿងដែលឧស្សាហ៍កើតមានញឹកញាប់។ អ្វីដែលគួរគឺពេលខ្លះមិនមែនជាកំហុសអ្នកនោះទេ ហើយបើជាកំហុសក៏វាជារឿងអ្នកអាចដោះស្រាយនិងអធ្យាស្រ័យបានដែរ។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវពង្រឹងឱ្យមានភាពរឹងមាំដើមវិញហើយកែប្រែកំហុសដែលធ្លាប់មាន។ ៥. ការមិនយកចិត្តទុកដាក់ពីខ្លួនឯង បញ្ហាធ្លាក់ទឹកចិត្តអាចឱ្យអ្នកមិនយកចិត្តទុកដាក់ខ្លួនឯង ឃុំខ្លួនឯងក្នុងផ្ទះ ញ៉ាំស្រា ញ៉ាំអាហារ និងមិនធ្វើខ្លួនជាដើម។ ផ្ទុយទៅវិញការយកចិត្តទុកដាក់ពីខ្លួនអ្នក អាចឱ្យអ្នកយកឈ្នះជំងឺធ្លាក់ទឹកចិត្តបានលឿននិងឆាប់ជាសះស្បើយ។ អ្វីដែលគួរធ្វើចំពោះមុខមនុស្សគឺគេងឱ្យឆ្អែតញ៉ាំអាហារអោយទៀងទាត់ហាត់ប្រាណជាជំហានដំបូងម្នាក់គួរធ្វើ។ ៦. បោះបង់ចោលនូវក្តីសង្ឃឹម ចំណុចចុងក្រោយហើយក៏ជាចំនុចដែលសំខាន់ជាងគេដែរ គឺក្ដីសង្ឃឹម។ ការធ្វើសង្គ្រាមយកឈ្នះជំងឺធ្លាក់ទឹកចិត្ត វាជារឿងដែលចំណាយពេលបន្តិចប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចឈ្នះនោះទេ។ យោងតាមការសិក្សានៅឆ្នាំ ២០១៨ ការព្យាបាលបញ្ហាធ្លាក់ទឹកចិត្តបានត្រឹមត្រូវ អាចមានអត្រាជាសះស្បើយរហូតដល់ទៅ ៨០%។ ត្រួតពិនិត្យដោយ៖ www.health.com.kh | កែសម្រួលដោយ៖ វេជ្ជបណ្ឌិត គង់ រិទ្ធរីណា |
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក តំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់។ រីឯ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់។ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់៕ | កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាប នៅប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យមរយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី២១ ដល់ទី២៧ ខែមិថុនា។ ស្ថានភាពបែបនេះ ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់កម្រិតពីខ្សោយ ទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្កាក់មួយសប្ដាហ៍។ |
បន្ទាប់ពីឡើងកាន់តំណែងបានពីរថ្ងៃ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិចំនួន២៨ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅអាមេរិក។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២១ ខែមករា បានដាក់ចេញ «យុទ្ធសាស្ត្រជាតិ ក្នុងការឆ្លើយតបកូវីដ-១៩ និងត្រៀមខ្លួនសម្រាប់ជំងឺឆ្លងសកល» ថែមទៀត។ «យុទ្ធសាស្ត្រជាតិរបស់យើង គឺទូលំទូលាយ ផ្អែកលើវិទ្យាសាស្ត្រ មិនមែននយោបាយ ផ្អែកលើការពិត មិនអាចប្រកែកបាន និងលម្អិត»។ លោក បៃឌិន បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងសេតវិមាន។ នៅថ្ងៃទី២១ ខែមករា អាមេរិក បានរាយការណ៍មានករណីឆ្លងប្រចាំថ្ងៃចំនួន ១៩៣ ៧៥៨ករណី និងអ្នកស្លាប់មានចំនួន ៤៣៦៣នាក់។ តួលេខសរុប អាមេរិកមានកូវីដ-១៩ សរុបចំនួនជាង ២៥លាននាក់ និងអ្នកស្លាប់ជាង ៤២ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង១៥ លាននាក់។ ទាំងករណីស្លាប់ និងឆ្លងសរុប អាមេរិក មានចំនួនច្រើនជាងប្រទេសណាទាំងអស់។ ដើម្បីទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃ ដែលមានជាច្រើនម៉ឺនករណីនេះ លោក បៃឌិន បានកំណត់រយៈពេល ១០០ថ្ងៃ បន្ទាប់ពីការឡើងកាន់តំណែងរបស់ខ្លួន ក្នុងចាក់វ៉ាក់សាំងឱ្យប្រជាជនអាមេរិកចំនួន ៥០លាននាក់ ឬ ១០០លានដូស។ បន្ថែមពីលើនេះ យុទ្ធសាស្ត្រជាតិខាងលើ ក៏នឹងផ្តល់អំណាចដល់អ្នកជំនាញជំងឺឆ្លង ដូចជាលោកវេជ្ជបណ្ឌិត Anthony Fauci ផងដែរ។ បើតាមប្រមុខរដ្ឋអាមេរិក សាធារណៈជនអាមេរិក នឹងលឺការណែនាំ និងវិធានទប់ស្កាត់ច្រើនជាងមុនពីលោកវេជ្ជបណ្ឌិត Fauci ច្រើនជាងចេញពីប្រធានាធិបតីអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN ។ ក្នុងសន្និសីទសារព័ត៌មានដដែល លោកបៃឌិន ក៏បានបន្ទោសការទប់ស្កាត់កូវីដ-១៩ ក្រោមការដឹកនាំរបស់លោកដូ ណាល់ត្រាំ នាពេលកន្លងមកផងដែរ ដែលបង្កឱ្យប្រជាជនអាមេរិកស្លាប់ច្រើនជាងសង្គ្រាមលោកលើកទីពីរ។ ការណ៍នេះ លោកប្រធានាធិបតី បានអំពាវនាវឱ្យប្រជាជនអាមេរិកទាំងអស់រួមគ្នា្ និងសហការជាមួយរដ្ឋាភិបាល ដើម្បីឱ្យយុទ្ធសាស្ត្រជាតិនេះ អាចសម្រេចទៅបាន។ មិនត្រឹមតែប៉ុណ្ណោះ លោកបៃឌិនបានបញ្ជាក់ថា អាមេរិក កំពុងស្ថិតក្នុងស្ថានភាពអាសន្ន ដែលទាមទារទីភ្នាក់ងារពាក់ព័ន្ធ ត្រូវចាត់វិធានការបន្ទាន់ ដោយស្នើឲ្យមានការពាក់ម៉ាស់ទាំងនៅក្នុងមធ្យោបាយដឹកជញ្ជូនសាធារណៈ នៅក្នុងអាកាសយានដ្ឋាន លើយន្តហោះ រថភ្លើង កប៉ាស់ដឹកជញ្ជូនសាធារណៈជាដើម។ លើសពីនេះ អ្នកដំណើរត្រូវមានលទ្ធផលអវិជ្ជមានមុននឹងចូលមកទឹកដីអាមេរិក និងត្រូវដាក់ចត្តាឡីស័កក្នុងពេលធ្វើដំណើរមកដល់អាមេរិក។ សម្រាប់អ្នករស់នៅអាមេរិក ការដាក់ចត្តាឡីស័កពេលត្រលប់មកពីក្រៅប្រទេសវិញ ត្រូវដាក់ចត្តាឡីស័ករយៈពេល ៧ថ្ងៃ។ ក្នុងអំឡុងពេលដាក់ចេញយុទ្ធសាស្ត្រជាតិនេះ លោកប្រធានាធិបតីអាមេរិក បានព្រមានថា អ្នកស្លាប់នៅអាមេរិក ទំនងនឹងកើនដល់ ៥០ម៉ឺននាក់នៅខែក្រោយ។ អាមេរិក នឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង, ឧបករណ៍ធ្វើតេស្តរកកូវីដ-១៩, សម្ភារការពារជាដើម។ ទន្ទឹមនេះ លោកបៃឌិន ក៏បានចុះបញ្ជាប្រតិបត្តិឱ្យពាក់ម៉ាស់ក្នុងអគាររដ្ឋផងដែរ។ លោកបៃឌិនក៏បានបញ្ជាក់ផងដែរថា ប្រជាជនអាមេរិក គួរតែពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុស ដោយលោកសង្កត់ធ្ងន់ថា៖ «ម៉ាស់ គឺសំខាន់ជាងវ៉ាក់សាំង»។ សូមបញ្ជាក់ថា លោកបៃឌិន ក៏បានបង្កើតគណៈកម្មការជាច្រើនផងដែរ តាមបញ្ជាប្រតិបត្តិខាងលើ ដើម្បីធានាថាកូវីដ-១៩ អាចស្ថិតនៅក្រោមការគ្រប់គ្រង។ គណៈកម្មការទាំងនោះមានដូចជា ក្រុមប្រឹក្សាជាតិធ្វើតេស្តជំងឺឆ្លងសកល ទទួលបន្ទុកការកែលម្អសមត្ថភាពធ្វើតេស្តកូវីដ-១៩, ក្រុមការងារសមធម៌សុខុមាលភាព ដើម្បីធានាលើការឆ្លើយតបកូវីដ-១៩ និងគណៈកម្មការផ្សេងទៀត៕ | ប្រធានាធិបតីអាមេរិកថ្មី លោក ចូ បៃឌិន នៅថ្ងៃទី២១ ខែមករា បានប្រកាសពីយុទ្ធសាស្ត្រជាតិ ក្នុងការទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេស និងធ្វើឱ្យប្រជាជនអាមេរិកស្លាប់ជាច្រើននាក់។ ក្រោមយុទ្ធសាស្ត្រនេះ អាមេរិក បានកំណត់ការចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនចំនួន ១០០លានដូស ក្នុងរយៈពេល ១០០ថ្ងៃ។ |
ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា វេទិកាវិទ្យាសាស្ត្រនេះ រៀបចំឡើងដើម្បីអបអរខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃចំណងមិត្តភាពការទូតកម្ពុជា-ចិន និងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ពីអតីតកាល បច្ចុប្បន្ន រវាងប្រជាជនកម្ពុជា និងចិន ក្នុងឋានៈជាដៃគូស្មើមុខស្មើមាត់ និងគ្រប់ជ្រុងជ្រោយ។ បើតាមលោក សុខ ទូច វេទិកាវិទ្យាសាស្ត្រនេះ ក៏នឹងផ្តល់ឱកាសឲ្យអ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំង២ បានជួបពិភ្សាគ្នា ក្នុងគោលបំណង រឹតបណ្តឹងចំណងមិត្តភាពកម្ពុជា-ចិន និងប្រមូលផ្ដុំទស្សនៈបទពិសោធន៍ យុទ្ធសាស្ត្រ និងអនុសាសន៍នានា ដើម្បីលើកកម្ពស់ ភាពសុខដុមរមនា និងវិបុលភាពក្នុងប្រទេសទាំង២។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះនឹងស្វែងរកផ្លូវរួមមួយ ក្នុងការបើកទូលាយទំនាក់ទំនងកម្ពុជា-ចិន ក៏ដូចជាជំរុញអន្តរកម្មប្រកបដោយការស្ថាបនា រវាងអ្នកស្រាវជ្រាវដែលមានវត្តមានក្នុងវេទិកានេះ និងជាពិសេសនោះរួមចំណែករឹតចំណងវប្បម៌ រវាងប្រទេសទាំង២។ លោក សុខ ទូច ចាត់ទុកវេទិកានេះ គឺជាចំណុចចាប់ផ្តើមដ៏មានសារសំខាន់ ដែលមិនត្រឹមរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំង២ សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនឲ្យកាន់តែប្រសើរនោះទេ តែថែមទាំងដើរតួជាឧបករណ៍ការទូតសាធារណៈដ៏សំខាន់ ក្នុងការនាំសារសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ឲ្យកាន់តែប្រសើរថែមទៀត។ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិនៅព្រឹកនេះ បានមានប្រសាសន៍ថា សន្និសីទអន្តរជាតិនេះ បានប្រារព្ធឡើងក្នុងកាលទេសដ៏សមស្របបំផុត ក្នុងខណៈដែលទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន បានដើរដល់ជំហ៊ានមួយខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំង២ មានតាំងពីយូរលង់ណាស់មកហើយ ដែលបានកើតឡើងដោយមេដឹកនាំជំនាន់មុន និងបន្តពូនជ្រំរហូតដល់បច្ចុប្បន្ន។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៊ិន ឈិន ដែលបន្តបញ្ជាក់ដូច្នេះ៖«រយៈពេល ៦០ឆ្នាំមកនេះ ទំនាក់ទំនងរវាងប្រទេសទាំង២ បានឆ្លងកាត់ ឧបសគ្គ និងបទពិសោធន៍ ជាច្រើន ហើយបានធ្វើឲ្យទំនាក់ទំនងនេះកាន់តែមានភាពរឹងមាំ និងខ្លាំងក្លាថែមទៀត ដោយប្រទេសទាំងពីរមានជំនឿចិត្តគ្នាទៅវិញទៅមក ទាំងនយោបាយ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សម្រាប់ ឯកឧត្តម ប៊ិន ឈិន តាមរយៈសិន្និសីទ ដ៏ពិសេសមួយនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់អ្នកស្រាវជ្រាវប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ដើម្បីលើកយកបញ្ហាប្រឈមនានាដែលមានពីមុន និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយ ដើម្បីជាធាតុចូលដល់រដ្ឋាភិបាលនៃប្រទេសទាំង២ និងជាស្ពានតភ្ជាប់ និងការបើកបេះដូងរវាងប្រជាជនកម្ពុជានិងប្រជាជនចិនផងដែរ។ សូមជម្រាបថា ខួបទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន នឹងឈានចូលមកដល់នៅក្នុងពេលដ៏ឆាប់ៗខាងមុខ។ ហើយនៅឆ្នាំនេះ គឺពិសេសជាងឆ្នាំណាៗទាំងអស់ ដោយសារថ្នាក់ដឹកនាំនៃប្រទេសទាំង២ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៕ (អត្ថបទពាណិជ្ជកម្ម) | វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិមួយ ស្ដីពី «វេទិកាវិទ្យាសាស្ត្រនៃខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន» ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភដោយ វិទ្យាស្ថានខុងជឺទីស្នាក់ការកណ្ដាលហាន់ប៉ាន់ប្រចាំក្រុងប៉េកាំង។ ពិធីបើកសន្និសីទអន្តរជាតិនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា នាសណ្ឋាគារភ្នំពេញ។ |
អត្ថបទទាក់ទង UCL៖ Man Utd និង Juventus រួមទាំង៥ក្រុមទៀត កក់កៅអីទៅវគ្គ១៦ក្រុម PSG បារម្ភពីរបួស Neymar និងMbappe មុនប៉ះ Liverpool នៅ UCL កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោកទាំង២រូបនេះ កំពុងស្ថិតក្នុងការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ការបង្ហាញខ្លួនក្នុងជំនួបសំខាន់ទល់នឹង Liverpool នៅកីឡដ្ឋាន Parc des Princes ក្រោយពីពួកគេទាំងពីររងរបួសនៅអំឡុងពេលបំពេញកាតព្វកិច្ចឲ្យក្រុមជម្រើសជាតិរៀងខ្លួនកាលពីសប្តាហ៍មុន។ Neymar និង Kylian Mbappe បានអង្គុយមើលការប្រកួតដែល PSG យកឈ្នះ Toulouse នៃក្របខណ្ឌ Ligue 1 កាលពីចុងសប្តាហ៍ ប៉ុន្តែអ្នកចាត់ការក្រុមយក្សបារាំងលោក Thomas Tuchel ប្រកាសថាពួកគេនឹងអាចលេងបានពេលជួបក្រុមពីអង់គ្លេស។ លោក Klopp បាននិយាយក្នុងសន្និសីទកាសែតថា៖«ខ្ញុំពិតជារីករាយចំពោះពួកគេដែលពួកគេមិនបានរងរបួសធ្ងន់ធ្ងរ។ យើងរំពឹងថាពួកគេនឹងអាចចូលលេងបាន»។ Neymar ជាអ្នកបង្កើតឱកាសឲ្យ Mbappe ក្នុងការរកគ្រាប់បាល់ឲ្យ PSG នៅឯទឹកដី Anfield កាលពីខែកញ្ញានាជំនួបដែលហង្សក្រហមបានឈ្នះការប្រកួតនោះដោយលទ្ធផល ៣-២ ក្នុងក្របខណ្ឌកំពូលអឺរ៉ុបពូល C នេះ។ ដូច្នេះក្រុមរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ត្រូវមានទម្រង់លេងដ៏សំខាន់នៅលើទឹកដីបារាំងជាកន្លែងដែលពួកគេត្រូវត្រៀមខ្លួនជាថ្មីម្តងទៀតក្នុងការរកគ្រាប់បាល់ឲ្យបាន ២៦ គ្រាប់នៅរដូវកាលនេះផងដែរ។ ក្នុងការប្រកួត៤លើកក្នុងវគ្គសន្សំពិន្ទុពូល C ក្រុមពីអង់គ្លេស Liverpool ស្ថិតនៅចំណាត់ថ្នាក់ទី២ មាន៦ពិន្ទុ ស្មើក្រុមលេខ១ Napoli ពីអ៊ីតាលីដែរ តែនាំមុខ PSG ដែលមាន៥ពិន្ទុ និង Red Star របស់ស៊ែប៊ីមាន៤ពិន្ទុ។ ក្រុមទាំងបួននេះត្រូវប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតសម្រាប់ពីរប្រកូតចុងក្រោយនេះ ព្រោះមានពិន្ទុប្រដេញគ្នា និងសុទ្ធសឹងជាក្រុមខ្លាំងៗ។ សម្រាប់ជំនួបគូដទៃទៀតរួមមាន៖ - Group A Atletico Madrid Vs Monaco Borussia Dortmund Vs Club Brugge - Group B PSV Eindhoven Vs Barcelona Tottenham Hotspur Vs Inter - Group C Napoli Vs FK Crvena Zvezda - Group D Lokomotiv Moscow Vs Galatasaray FC Porto Vs Schalke 04 | លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុម Liverpool កំពុងតែរីករាយនៅពេលឃើញ Neymar និង Kylian Mbappe ដែលជាតារាឆ្នើម និងជាសមាជិកសំខាន់របស់ក្រុម Paris Saint-Germain អាចវិលត្រឡប់ពីការរងរបួសវិញ នៅពេលក្រុមទាំងពីរត្រូវប៉ះគ្នាក្នុងក្របខណ្ឌ UEFA Champions League នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង៣រំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ |
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកនារី ឆ្នាំ២០២៣ ដែលអូស្ត្រាលី និងនូវែលសេឡង់ធ្វើម្ចាស់ផ្ទះរួម នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។ សមាជិកទាំង៣២ប្រទេស ដែលត្រូវមានវត្តមាននៅវគ្គផ្តាច់ព្រ័ត្រនេះ រួយមានពូល A ម្ចាស់ផ្ទះនូវែលសេឡង់ ន័រវែស ហ្វីលីពីន និងស្វ៊ីស។ ពូល B ម្ចាស់ផ្ទះអូស្ត្រាលី អៀរឡង់ នីហ្សេរីយ៉ា និងកាណាដា។ ពូល C អេស្ប៉ាញ កូស្តារីកា សំប៊ី និងជប៉ុន។ ពូល D អង់គ្លេស ហៃទី ដាណឺម៉ាក និងចិន។ ពូល E ម្ចាស់ការពារជើងឯកអាម៉េរិក វៀតណាម ហូឡង់ និងព័រទុយហ្កាល់។ ពូល F បារាំង ហ្សាម៉ាអ៊ីក ប្រេស៊ីល និងប៉ាណាម៉ា។ ពូល G ស៊ុយអ៊ែត អាហ្វ្រិកខាងត្បូង អ៊ីតាលី និងអាហ្សង់ទីន រួមនឹងពូល H អាល្លឺម៉ង់ ម៉ារុក កូឡំប៊ី និងកូរ៉េខាងត្បូង។ ក្រុមនារីវៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យ៧២ឆ្នាំលោក Mai Duc Chung ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំ២០២៣នេះ។ មុនបង្ហាញវត្តមាននៅកម្រិតកំពូលពិភពលោក ក្រុមស្ត្រីវៀតណាមនេះ ធ្លាប់បានឈ្នះជើងឯកស៊ីហ្គេមដល់ទៅ៨សម័យ ដោយលើកចុងក្រោយនៅទឹកដីកម្ពុជាឆ្នាំ២០២៣នេះ។ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបង្ហាញកីឡាការិនីឆ្នើម៥រូបរបស់វៀតណាម ដែលអាចបង្កើតឥទ្ធិពលក្នុងព្រឹត្តិការណ៍ World Cup នារីឆ្នាំ ២០២៣នេះ។ កីឡាការិនីទាំង៥រូបរួមមាន អ្នកចាំទី Tran Thi Kim Thanh ខ្សែបម្រើ Nguyen Thi Bich Thuy, Nguyen Thi Thanh Nha និង Tran Thi Thuy Trang និងខ្សែប្រយុទ្ធ Huynh Nhu។ ក្រុមនារីវៀតណាមសព្វថ្ងៃស្ថិតនៅលេខរៀងទី៣២ពិភពលោក នៃចំណាត់ថ្នាក់ FIFA Ranking។ ដោយឡែកក្រុមនារីហ្វីលីពីន ក្រោមការបង្វឹករបស់លោក Tahnai Annis ដែលជាអតីតកីឡាករជម្រើសជាតិផ្នែកបុរស ក៏បានកៅអីទៅបង្ហាញខ្លួននៅព្រឹត្តិការណ៍លំដាប់ពិភពភលោកជាលើកដំបូងផងដែរ។ ក្រុមនារីហ្វីលីពីន ស្ថិតនៅលេខរៀងទី៤៦ពិភពលោក នៃចំណាត់ថ្នាក់ FIFA Ranking។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសតែ៣ប៉ុណ្ណោះរួមមាន ថៃ វៀតណាម និងហ្វីលីពីនដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ផ្នែកនារី គិតត្រឹមឆ្នាំ២០២៣នេះ។ ថៃ ធ្លាប់បង្ហាញខ្លួន២លើករួចមកហើយនៅឆ្នាំ២០១៥ និង២០១៩ ដោយឡែកនៅឆ្នាំ២០២៣ពួកគេមិនអាចឆ្លងផុតវគ្គ play-off៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីវៀតណាម និងហ្វីលីពីនបង្ហាញខ្លួនក្នុងការប្រកួត FIFA Women's World Cup 2023 លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ វៀតណាមស្ថិតក្នុងពូល E ដោយត្រូវជួបជាមួយម្ចាស់ការពារតំណែងជើងឯកអាម៉េរិក ហូឡង់ និងព័រទុយហ្កាល់ ឯហ្វីលីពីននៅ A ជាមួយម្ចាស់ផ្ទះនូវែលសេឡង់ ន័រវែស និងស្វ៊ីស៕ |
បន្ទាប់ពីការជជែកគ្នាតឹងសរសៃកអស់រាប់ម៉ោងរួចមក សមាជិករដ្ឋសភាអាមេរិកកឈានដល់ការបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ។ សមាជិករដ្ឋសភាភាគច្រើន បានបោះឆ្នោតគាំទ្រមាត្រានៃការដកតំណែងចំនួនពីរ ដែលចោទលោក ត្រាំ ពីបទរំលោភបំពានអំណាច និងការបង្អាក់ដំណើរការសភាក្នុងការស៊ើបអង្កេតលើករណីដែលលោកស្នើឲ្យរដ្ឋាភិបាលបរទេសចាត់ការគូប្រជែងរបស់ខ្លួន។ កិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន ជាដើមហេតុនៃរឿងនេះ។ សម្រាប់ករណីបំពានអំណាច សមាជិកសភាចំនួន២៣០ បានបោះឆ្នោតគាំទ្រ ខណៈសមាជិកចំនួន១៩៧នាក់ទៀត បោះឆ្នោតប្រឆាំង។ សមាជិកសភាគាំទ្រភាគច្រើនបំផុត គឺមកពីបក្សប្រជាធិបតេយ្យដែលកាន់កាប់សំឡេងភាគច្រើនក្នុងសភា។ ប៉ុន្តែសមាជិកសភាបក្សប្រជាធិបតេយ្យពីរនាក់ បោះឆ្នោតប្រឆាំងដូចគ្នានឹងសមាជិកសភាបក្សសាធារណរដ្ឋទាំងអស់។ ចំណែកឯមាត្រានៃការដកតំណែងលើករណីបង្អាក់ដំណើការស៊ើបអង្កេតរបស់សភាវិញ សមាជិកសភាចំនួន២២៩ បានគាំទ្រ និង១៩៨នាក់ទៀត បោះឆ្នោតប្រឆាំង។ ការអនុម័តលើមាត្រាស្ដីពីការចោទប្រកាន់ទាំងពីរនេះ ត្រូវការសំឡេងភាគច្រើន៥០បូកមួយប៉ុណ្ណោះ។ ជានីតិវិធី សំណុំរឿងដកតំណែងនេះ ត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាកាត់ក្ដីមួយដំណាក់កាលទៀត។ នៅព្រឹទ្ធសភាដែលបក្សសាធារណរដ្ឋមានសំឡេងភាគច្រើននោះ រំពឹងបើកសវនាការក្នុងខែមករាខាងមុខ។ ក្នុងករណីព្រឹទ្ធសភាសម្រេចចិត្តដកតំណែងដែរ ទើបលោក ត្រាំ អស់តំណែង។ អនុប្រធានាធិបតី ម៉ៃ ផេន នឹងឡើងអង្គុយកៅអីប្រធានាធិបតីជំនួស៕ | នៅទីបំផុត រដ្ឋសភាអាមេរិកដែលកាន់កាប់ដោយបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៨ ខែធ្នូ (ម៉ោងនៅអាមេរិក) បានបោះឆ្នោតចោទប្រកាន់លោក ដូណាល់ ត្រាំ ជាផ្លូវការក្រោមបទចោទចំនួនពីរ គឺការបំពានអំណាច និងការធ្វើឲ្យរាំងស្ទះដំណើការស៊ើបអង្កេតរបស់រដ្ឋសភា។ លោក ត្រាំ កា្លយជាប្រធានាធិបតីអាមេរិកទីបីដែលត្រូវចោទប្រកាន់បែបនេះបន្ទាប់ពីលោក អែនឌ្រូ ចនសុន នៅឆ្នាំ១៨៦៨ និងលោក ប៊ីល គ្លីនតុន នៅឆ្នាំ១៩៩៨ ។ |
តាមរយៈសេចក្តីណែនាំ លោកអគ្គនាយក បានបញ្ជាទៅមន្ត្រីតាមពន្ធនាគារថា ត្រូវបញ្ឈប់ការប្រើប្រាស់ទូរសព្ទ ដែលធ្លាប់ដាក់ឲ្យជនជាប់ឃុំប្រើប្រាស់កន្លងមក ហើយត្រូវទប់ស្កាត់រាល់ការលួចលាក់នាំចូលទូរសព្ទចល័ត ទៅក្នុងមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ករណីរកឃើញទូរសព្ទ ដែលបម្រុងនាំចូល ឬរកឃើញទូរសព្ទក្នុងពន្ធនាគារ ត្រូវដកហូត។ ចំពោះជនណា ដែលប្រព្រឹត្តបទល្មើស ត្រូវមានវិមានការតាមផ្លូវច្បាប់និងតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ»។ ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានប្រាប់ទៅថ្នាក់ដឹកនាំខាងពន្ធនាគារ ឲ្យទប់ស្កាត់កុំឲ្យមានការប្រើទូរសព្ទក្នុងពន្ធនាគារ។ ប្រមុខរដ្ឋាភិបាល ទទួលព័ត៌មានថា មានអ្នកខ្លះ បានលួចទាក់ទងសាច់ញាតិតាមប្រព័ន្ធទូរសព្ទ ដើម្បីឲ្យជួយធានាបានចេញពីពន្ធនាគារ៕ | លោក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីណែនាំមួយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្តីពីការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរសព្ទនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។ លោក បានហៅការដាក់ចេញវិធានការនេះ ថាជាអនុវត្តតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ |
កម្ពុជា មិនមានអត្តពលិកណា បានជាប់វគ្គជម្រុះនៃការប្រកួតព្រឹត្តិការណ៍នានា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣ ឡើយ។ ប៉ុន្ដែ កម្ពុជា មានអត្ដពលិក៣រូប ត្រូវទៅចូលរួមប្រកួតព្រឹត្តិការណ៍នេះ គឺដោយសារតែទទួលបានសិទ្ធិអនុគ្រោះ ក្នុងនាមជាប្រទេស១ នៃចលនាអូឡាំពិក ក្នុងចំណោមប្រទេសទាំង២០៦ ដែលជាសមាជិកចលានអូឡាំពិក។ ក្នុងការចូលរួមព្រឹត្តិការណ៍នេះ កម្ពុជា នឹងបញ្ជូនប្រតិភូកីឡាសរុប១៥នាក់ ក្នុងនោះ ប្រតិភូដឹកនាំ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស ១២នាក់ និងអត្ដពលិក៣នាក់។ អត្តពលិក៣នាក់នោះ ប្រកួតលើ២ប្រភេទកីឡា គឺកីឡាករអត្ដពលកម្ម ឈុន ប៊ុនថន, កីឡាករហែលទឹក កូសុង ដឺ ឡាប៉ារ៉ង អង់ត្វ័ន ម៉ាតាំងក្លូឌ និងកីឡាការិនីហែលទឹក សាក់ប៊ុន អប្សរា កាតារីណា។ ប្រតិភូកីឡាត្រៀមទៅអូឡាំពិក លើកទី៣៣ នៅទីក្រុងប៉ារីស រូបពី NOCC ដោយឡែក ការផ្ដល់សិទ្ធិអនុគ្រោះឲ្យចូលរួមក្នុងការប្រកួតនេះលើកីឡាហែលទឹក និងអត្ដពលកម្ម លោក វ៉ាត់ ចំរើន បញ្ជាក់ថាគឺមានខុសប្លែកពីអូឡាំពិកមុនៗ ដោយត្រូវការសម្រិតសម្រាំងទាំងលក្ខណៈសម្បត្តិ និងកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនី។ អគ្គលេខាធិការ NOCC បន្តថាសហព័ន្ធកីឡាអន្ដរជាតិ និងគណៈកម្មាធិការរៀបចំការប្រកួតនេះ ធ្វើដូច្នេះ គឺដើម្បីឲ្យអត្ដពលិក ដែលទទួលសិទ្ធិចូលរួមនោះ មានលក្ខណៈប្រកួតប្រជែងឲ្យល្អមើល។ «ការប្រកួតអូឡាំពិកនេះ គឺមានលក្ខណៈខុសប្លែកពីអូឡាំពិកមុនៗ ឲ្យតែសហព័ន្ធជាតិររបស់យើង ដាក់បេក្ខភាពទៅសុំសិទ្ធិពិសេស គឺគេតែងតែគោរពតាមម្ចាស់ផ្ទះ ប៉ុន្ដែឆ្នាំនេះអត់ទេ គឺគេសម្រិតសម្រាង ពិនិត្យទៅលើលក្ខណៈសម្បត្តិ និងពិនិត្យកម្រិតបច្ចេកទេស។»។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិភូកីឡា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។ លោក វ៉ាត់ ចំរើន ក៏សង្ឃឹមថាកីឡាករ-កីឡាការិនីកម្ពុជា នឹងធ្វើបានល្អ និងទទួលបានបទពិសោធន៍ថ្មីពីការប្រកួតជាមួយអត្ដពលិកកម្រិតអូឡាំពិក និងកម្រិតពិភពលោក។ សម្ដេច ហ៊ុន ម៉ាណែត បានផ្ដល់ទឹកប្រាក់លើកទឹកចិត្តប្រតិភូកីឡាទាំងនោះ ក្នុង១នាក់ ៥០០ដុល្លារ។ នេះ បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។ គួរបញ្ជាក់ផងដែរថា ប្រតិភូកីឡាកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ទៅប្រទេសបារាំង។ ដោយឡែក ព្រឹត្តិការណ៍ប្រកួតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំង៕ | សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ផ្តល់ថវិកាលើកទឹកចិត្ត ក្នុង១នាក់ ៥០០ដុល្លារ សម្រាប់ប្រតិភូកីឡាកម្ពុជាទាំង១៥នាក់ ដែលទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម លើកទី៣៣ នៅទីក្រុងប៉ារីស។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សង្ឃឹមថា អត្ដពលិកកម្ពុជា ដែលចូលរួមប្រកួត នឹងទទួលបានបទពិសោធន៍ថ្មី ក្នុងការប្រកួតប្រជែងជាមួយអត្តពលិកកម្រិតពិភពលោក និងកម្រិតអូឡាំពិក។ |
ភ្នំឱរ៉ាល់ មានកម្ពស់១៨១៣ម៉ែត្រ ដែលខ្ពស់ជាងគេនៅកម្ពុជា។ សក្ដានុពលនៅភ្នំឱរ៉ាល់ បានទាក់ចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ធ្វើដំណើរកម្សាន្តនៅទីនោះ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញក្ដីសប្បាយរីករាយ នៅពេលភ្ញៀវទេសចរជ្រើសរើសភ្នំឱរ៉ាល់ ជាដំណើរកម្សាន្តបែបផ្សងព្រេង។ បើតាមលោក វ៉ី សំណាង រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំដំណើរផ្សងព្រេងឆ្ពោះទៅភ្នំឱរ៉ាល់នៅថ្ងៃទី១៧-១៩ និងថ្ងៃទី២៧-២៩ មករា ឆ្នាំ២០២០ នេះ ក្នុងគោលដៅសិក្សាពីសក្ដានុពលនៃវិស័យទេសចរណ៍នៅតំបន់ជួរភ្នំឱរ៉ាល់។ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ការឡើងភ្នំ រដ្ឋបាលខេត្តកំពង់ស្ពឺ មានគម្រោងធ្វើកាំជណ្ដើរឡើង ដោយបច្ចុប្បន្នផ្លូវឡើងភ្នំមានការលំបាកដោយត្រូវវែកព្រៃ, តោងថ្មឡើងភ្នំ។ លោក វ៉ី សំណាង លើកឡើងបែបនេះ៖«ខ្ញុំចង់សិក្សាពីសក្ដានុពលវិស័យទេសចរណ៍ ដោយអាជ្ញាធរយើង ត្រូវកៀងគរអ្នកវិនិយោគ ឬសប្បុរសជនដែលមានលទ្ធភាពជួយធ្វើផ្លូវ និងកាំជណ្ដើរ ធ្វើឲ្យមានភាពងាយស្រួលដល់ទេសចរ។ ហើយយើងត្រូវសិក្សាពីសក្ដានុពលទេសចរណ៍សិន និងសិក្សាពីផលប៉ះពាល់នៃបរិស្ថានដែរ ក្រែងលោធ្វើទៅត្រូវកាប់ព្រៃឈើ អញ្ចឹងចប់ហើយ មាននរណាមកលេងទៀត»។ លោក ឈឺន ឆីម អ្នកនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ ប្រាប់សារព័ត៌មានថ្មីៗថា កំណើនភ្ញៀវទេសចរមានការកើនឡើង ដោយឆ្នាំ២០១៨ មានចំនួន ៣៥០០នាក់ និងឆ្នាំ២០១៩ មានចំនួន ៤៥១៥នាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំឪរ៉ាល់ អាចរកចំណូលផ្គង់ផ្គង់ជីវភាពគ្រួសារបានសមរម្យ តាមរយៈការនាំភ្ញៀវឡើងភ្នំ។ បើតាមលោក ឆីម តាមរយៈចំនួនភ្ញៀវទេសចរកើនឡើងនេះ ក៏ធ្វើឲ្យអ្នកនាំភ្ញៀវមានកំណើនផងដែរ ពិសេសពួកគេបញ្ឈប់ការកាប់ព្រៃឈើនៅទីនោះ។ ជាមួយគ្នានេះ លោក ឈឺន ឆីម ក៏បានបេ្តជ្ញាចិត្ត យកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរផងដែរ។ សូមបញ្ជាក់ថា ភ្នំឱរ៉ាល់ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ ដើម្បីទៅដល់ភ្នំឱរ៉ាល់ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមគោយន្តពីភូមិស្រែកិន៣ ទៅដល់ជើងភ្នំប្រមាណ ១២គីឡូម៉ែត្រ និងធ្វើដំណើរថ្មើរជើងឡើងពីរដំណាក់ទើបដល់កំពូលភ្នំ៕ | ភ្នំពេញ៖ នៅថ្ងៃទី១៧-១៩ និងថ្ងៃទី២៧-២៩ មករានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រី ព្រះសង្ឃ យុវជន នឹងឡើងភ្នំឱរ៉ាល់ដែលខ្ពស់ជាងគេនៅកម្ពុជា។ លោក វ៉ី សំណាង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការឡើងភ្នំឱរ៉ាល់នេះ ដើម្បីសិក្សាពីសក្ដានុពលទេសចរណ៍ និងសិក្សាពីការធ្វើកាំជណ្ដើរឡើងភ្នំឱរ៉ាល់ ថាតើមានផលប៉ះពាល់បរិស្ថានឬយ៉ាងណា? |
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងថាយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ-ឡានឆាង នឹងធានាបាននូវសន្តិភាព និងស្ថិរភាពតំបន់ដោយសារឈរយន្តការនេះឈរលើគោលការណ៍គ្រឹះសំខាន់ៗជាពិសេសការគោរពគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាមិត្ត។ សម្តេចបានរម្លឹកផងដែរថា វាជារឿងមោទនភាព និងកិត្តិយសសម្រាប់កម្ពុជាដែលបានរៀបចំកិច្ចប្រជុំកំពូលលើកទីពីរនៃថ្នាក់ដឹកនាំតំបន់មេគង្គនេះ។ ចំណែកការជ្រើសរើសយកមូលបទពាក់ព័ន្ធសន្តិភាពនេះបង្ហាញឲ្យឃើញពីការផ្តល់តម្លៃរបស់កម្ពុជាលើសន្តិភាព ស្របពេលដែលភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបន្តកើនឡើងនោះ។ សម្តេចបានថ្លែងថា៖«សម្រាប់កម្ពុជា កិច្ចប្រជុំនេះមានន័យជ្រាលជ្រៅណាស់ ហើយវាមិនមែនជារឿងចៃដន្យឡើយដែលកម្ពុជាជ្រើសរើសយកប្រធានបទ ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ «សន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍយូរអង្វែងត្រូវតែជារឿងអាទិភាព និងដើរទៅមុខទន្ទឹមគ្នា។ យើងមិនអាចមើលរំលងចំណុចទាំងពីរនេះបានឡើយ។ ស្របពេលដែលភាពមិនច្បាស់ក្នុងតំបន់ និងក្នុងពិភពលោកផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាំងនយោបាយ និងសេដ្ឋកិច្ច តំបន់មេគង្គរបស់យើងនឹងក្លាយជាកន្លែងដែលត្រូវឆ្លងកាត់សាកល្បងជាថ្មីទៀត»។ សម្តេច ហ៊ុន សែនបានបន្តដូច្នេះ។ ក្នុងសុន្ទរកថានេះដែរ សម្តេចបានឆ្លៀតរម្លឹកឡើងវិញពីប្រវត្តិសាស្ត្រជូរចត់ដែលកើតឡើងនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់កន្លងមកផងដែរ ដែលវាកើតឡើងដោយសារការសាកល្បងការប្រកួតប្រជែងអំណាច ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសតូចៗពីសំណាក់ប្រទេសមហាអំណាច ក៏ដូចជាសង្គ្រាមមនោគមន៍វិជ្ជានោះ។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖ «តាមប្រវត្តិសាស្ត្រ តំបន់របស់យើងត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្គ្រាម និងការប្រកួតប្រជែងមនោគមន៍វិជ្ជា។ សម្រាប់កម្ពុជា ខ្ញុំផ្ទាល់នៅចង់ចាំដ៏ជូរចត់នូវការ ជ្រៀតជ្រែកពីខាងក្រៅ ដែលធ្វើឲ្យមានចលាចល និងភាពរឹកវរ ដែលបានបំផ្លិចបំផ្លាញសន្តិភាព និងស្ថិរភាពរបស់យើង ហើយបានរារាំងការអភិវឌ្ឍអស់ជាច្រើនទសវត្សរ៍»។ ចំពោះមុខមេដឹកនាំប្រទេសមេគង្គប្រាំផ្សេងទៀត សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា បទពិសោធន៍ជូរចត់នេះបង្ហាញថា សន្តិភាពនៅក្នុងតំបន់អាចសម្រេចបានតាមរយៈការគោរពអធិបតេយ្យ និងបូរណភាពដែនដីគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ហើយវាស្របទៅនឹងគោលការណ៍រួមរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ។ «ចំណុចនេះ វាស្របនឹងតម្លៃកិច្ចការសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលផ្តោតលើការរក្សាសន្តិភាពពេញលេញ ផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គោរពមតិឯកច្ឆន្ទ ពិគ្រោះយោបល់ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ»៕ | ភ្នំពេញ៖ ថ្លែងបើកកិច្ចប្រជុំកំពូលមេដឹកនាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំបានលើកឡើងពីតួនាទីសំខាន់យន្តការកិច្ចសហប្រតិបត្តិការអនុតំបន់នេះក្នុងការធានាបាននូវសន្តិភាព និងស្ថិរភាពតំបន់មេគង្គ។ បើតាមសម្តេច កិច្ចសហប្រតិបត្តិការនេះអនុវត្តតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ |
និយាយពីវិស័យធនាគារ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារសរុបបានឡើងដល់ ៣៤ពាន់លានដុល្លារក្នុងកំណើន ២០ភាគរយ ជាមួយសំពៀតឥណទានសរុប ១៩,៦ពាន់លានដុល្លារ កំណើន ២០,១ ភាគរយ ប្រាក់បញ្ញើគិតជាដុល្លារ ១៩,៨ពាន់លាន កំណើន ១៤ភាគរយ។ ងាកមកវិស័យមីក្រូហិរញ្ញវត្ថុវិញ វិស័យនេះបានផ្ដល់ឥណទានសរុប ៥,៤ពាន់លានដុល្លារ (កំណើនប្រមាណ៣៥ភាគរយ) ដល់អតិថិជន ១,៨លាននាក់ ព្រមទាំងបានប្រមូលប្រាក់បញ្ញើ ២,៥ពាន់លានដុល្លារ ពីអ្នកដាក់ប្រាក់បញ្ញើ ២,១លាននាក់។ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានចាត់ទុកកំណើនឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុង២០១៨ កន្លងទៅនេះជានិន្នាការល្អ ដែលស្របគ្នានឹងការលូតលាស់សេដ្ឋកិច្ច និងតម្រូវការរបស់ពលរដ្ឋសម្រាប់ពង្រីកអាជីវកម្ម។ លោក សុខ វឿន មានប្រសាសន៍ដូចនេះថា៖«កំណើននេះជាផ្នែកមួយល្អ ព្រោះសេដ្ឋកិច្ចមានការអភិវឌ្ឍ ប្រជាជនមានប្រាក់ចំណូលជាងមុន និងត្រូវការឥណទាន យកទៅពង្រីកចំណូលបន្ថែមទៀត ហើយយើងក៏មើលឃើញអត្រាការប្រាក់មានថមថយចុះចាប់ពីឆ្នាំ២០១៧ ដែលជានិន្នាការល្អ»។ លោកបន្ថែមថា«កំណើន៣០ភាគរយនេះ វាមិនខ្ពស់ទេ ដោយសារតែសំពៀតឥណទានសរុបមិនទាន់មានចំនួនដែលវាធំខ្លាំង»។ ចំពោះអត្រាកម្ចីខូច ត្រូវបានលោក សុខ វឿន បញ្ជាក់ថានៅមានកម្រិតទាបនៅឡើយដែលគិតក្នុងឆ្នាំ២០១៨មានប្រមាណជាង ១ភាគរយប៉ុណ្ណោះ។ បើសរុបទាំងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ការបញ្ចេញឥណទានមានកំណើន ២០ភាគរយដែលលោក សុខ វឿន មើលឃើញថាជាសញ្ញាល្អ។ «បើបូកទាំងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ មានកំណើនប្រមាណ ២០ភាគរយ ដែលខ្ញុំមើលឃើញថាមានភាពវិជ្ជមាន ហើយមិនមានការបារម្ភអ្វីធ្ងន់ធ្ងរទេក្នុងឆ្នាំ២០១៨»។ លោក សុខ វឿន លើកឡើងដូចនេះ។ បើតាមរបាយការណ៍ខាងលើ ធនាគារជាតិហាក់បារម្ភនឹងកំណើនឥណទានដែលចាក់បញ្ចូលក្នុងវិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងអត្រាខ្ពស់ ៣១ភាគរយ។ ធនាគារជាតិឲ្យដឹងដូច្នេះថា៖«យ៉ាងណាមិញ បទពិសោធន៍អន្តរជាតិបង្ហាញថា វិស័យអចលនទ្រព្យអាចបង្កប់ហានិភ័យខ្ពស់ ដោយសារការប្រែប្រួលថ្លៃនៃវិស័យនេះ ជាពិសេសការឆ្លៀតឱកាសកេងយកចំណេញ ព្រមទាំងហេតុការណ៍ផ្សេងៗ។ ក្នុងស្ថានភាពនេះកំណើនទំហំឥណទានទៅកាន់វិស័យអចលនទ្រព្យអាចបង្កហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ ប្រសិនបើមិនទាន់មានការគ្រប់គ្រងបានល្អប្រសើរ»។ ចំពោះការបញ្ចេញឥណទានរបស់ប្រតិបត្តិករឥណទានជនបទ គិតត្រឹមឆ្នាំ២០១៨ គឺមានសំពៀតឥណទានប្រមាណ ១០៩លានដុល្លារ ទៅដល់អតិថិជន ២១ម៉ឺននាក់៕ | ភ្នំពេញ៖ កំណើនឥណទានបានធ្លាក់ចុះពី ៣០ភាគរយនៅឆ្នាំ២០១៥ មកត្រឹម ២០ភាគរយ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ដែលធ្វើឲ្យហានិភ័យកាន់តែមានកម្រិតទាប។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ |
ក្មេងប្រុសបារាំងអាយុ៤ខែ ដែលជាកូនរបស់ជនជាតិបារាំងអាយុ៣៥ និងជាករណីទី៨នៅកម្ពុជា បានរកឃើញវិជ្ជមាន COVID-19 ដូចឪពុករបស់ខ្លួន ហើយត្រូវបានរៀបចំយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ រីឯម្តាយរបស់គេវិញ អវិជ្ជមាន។ ករណីបុរសជនជាតិខ្មែរម្នាក់ ត្រូវរកឃើញក្រោយគាត់ត្រឡប់មកពីបារាំង ហើយមានលទ្ធផលតេស្តវិជ្ជមាន COVID-19 ហើយបច្ចុប្បន្នគាត់ស្ថិតនៅក្រោមការព្យាបាល ដាច់ ដោយ ឡែកនៅមន្ទីរពេទ្យខ្មែរ-សូវៀត។ រីឯករណីខ្មែរឥស្លាម២នាក់នៅព្រះវិហារ ពួកគាត់មានអាយុ៣៥ឆ្នាំ និង៣៩ឆ្នាំ។ ពួកគាត់ស្ថិតក្នុងចំណោមមនុស្ស១០នាក់ដែលបានវិលត្រឡប់ទៅខេត្តព្រះវិហារវិញ កាលពីថ្ងៃទី៣ ខែមីនា ក្រោយចូលរួមពិធីសាសនានៅគូឡាឡាំពួរ។ ពួកគាត់ស្ថិតនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ រីឯ៨នាក់ទៀតដែលអវិជ្ជមានត្រូវបន្តស្ថិតក្រោមការតាមដានសុខភាព១៤ថ្ងៃ។ មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន១២ករណីហើយ។ ករណីទី១ជាជនជាតិចិននៅខេត្តព្រះសីហនុ ករណីទី២ ជាជនជាតិខ្មែរនៅសៀមរាប។ ៣ករណីជាជនជាតិអង់គ្លេសនៅនាវា Viking Cruise ដែលសំចតនៅខេត្តកំពង់ចាម។ ករណីទី៦ជាជនជាតិកាណាដា។ ករណីទី៧ ជាជនជាតិបែលហ្ស៊ិក។ ករណីទី៨ជាជនជាតិបារាំង។ ករណីទី៩ ជាទារកអាយុ៤ខែ និងជាកូនជនជាតិបារាំង (ករណីទី៨)។ បុរសខ្មែរពីបារាំង ជាករណីទី១០ និង២ករណីចុងក្រោយ ជាជនជាតិខ្មែរឥស្លាមនៅខេត្តព្រះវិហារ៕ | ក្រសួងសុខាភិបាលនាយប់ថ្ងៃទី១៥ ខែមីនា នេះ បានប្រកាសពីការរកឃើញ៤ករណីទៀតនៅកម្ពុជា ក្នុងនោះ២នាក់ជាជនជាតិខ្មែរឥស្លាមនៅខេត្តព្រះវិហារ ម្នាក់ជាជនជាតិខ្មែរពីបារាំង និងម្នាក់ទៀតជាទារកបារាំងអាយុ៤ខែ។ សរុបកម្ពុជាមាន១២ករណីហើយ។ |
កីឡាករអន្តរជាតិអង់គ្លេស វ័យ ២២ឆ្នាំ បានចូលរួមជាមួយក្រុមស្ថិតក្នុងទីក្រុងម៉ាទ្រីដ ដោយចាកចេញពី Man Utd កាលពីខែសីហា ក្រោយពេលមានបញ្ហាការស៊ើបអង្កេតលើការប៉ុនប៉ងរំលោភ និងប្រើហិង្សាលើមិត្តស្រី។ រឿងក្តីចោទប្រកាន់លើ Greenwood ត្រូវបានទម្លាក់ចោល ប៉ុន្តែគេបានសម្រេចចិត្តចាកចេញពីក្លិបក្រោយមានរឿងអាស្រូវ និងគោលបំណងស្វែងរកទម្រង់លេងឡើងវិញ។ បច្ចុប្បន្ន Greenwood កំពុងមានទម្រង់លេងល្អប្រសើរឡើងវិញក្នុងក្លិបនៅទឹកដីអេស្ប៉ាញ។ «Greenwood កំពុងតែធ្វើបានល្អ ហើយខ្ញុំសង្ឃឹមថាគេនឹងបន្តស្នាក់នៅទឹកដីអេស្ប៉ាញ។ រឿងនេះគឺពិតជាល្អប្រសើរសម្រាប់យើងទាំងពីរ។»។ លោក Tebas បាននិយាយប្រាប់អ្នកកាសែតក្នុងទីក្រុងឡុងដ៍បែបនេះ។ លេងបាន ២៥ប្រកួជាមួយ Getafe កីឡាករសញ្ជាតិអង់គ្លេសស៊ុតបាល់បញ្ចូលទី ៥គ្រាប់ ខណៈដែលកុងត្រារបស់គេជាមួយក្លិបចាស់ Man Utd នឹងផុតកំណត់ក្នុងខែមិថុនា ឆ្នាំ ២០២៥។ ការវិលត្រឡប់ទៅកាន់ក្លិបបិសាចក្រហមវិញ ហាក់ដូចជាមានបញ្ហាដែលពិបាកដោះស្រាយសម្រាប់ Greenwood ខណៈគ្រាកន្លងម្ចាស់គ្រប់គ្រងក្លិបថ្មីលោក Sir Jim Ratcliffe ធ្លាប់បានអះអាងថាក្លិបត្រូវការរក្សាភាពត្រឹមត្រូវ និងតម្លៃរបស់ក្លិប ព្រមទាំងនឹងមានការសម្រេចចិត្តបន្ថែមទៀតទៅលើកុងត្រារបស់កីឡាករវ័យ ២២ឆ្នាំនេះ។ ប្រធាន La Liga បានបន្ថែមថាលោកគ្មានរឿងអ្វីដែលនឹងត្រូវវិនិច្ឆ័យទៅលើបញ្ហារបស់ Greenwood ឡើយ ព្រោះថាកីឡាករត្រូវបានតុលាការទម្លាក់បទចោទរួចរាល់ហើយ៕ | លោក Javier Tebas ប្រធានក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga ចង់ឱ្យខ្សែប្រយុទ្ធ Mason Greenwood បន្តលេងនៅក្នុងទឹកដីប្រទេសអេស្ប៉ាញ បន្ទាប់ពីលក្ខណខ្ចីជើងរបស់គេត្រូវផុតកំណត់ក្រោយបញ្ចប់រដូវកាល ២០២៣-២៤ ជាមួយក្លិប Getafe។ |
នាជំនួបពិភាក្សាជាមួយ លោក អែនតូនីញ៉ូ ស៉្យែវ៉ន តំណាងស្តីទីនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិកម្ពុជា(FAO) លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ផ្តល់ជំនួយបដិភាគ ជាមួយរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍន៍ទិន្នន័យកសិកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ ដើម្បីបំពេញនូវភាពកង្វះទិន្នន័យស្ថិតិកសិកម្មកម្រិតប្រទេស ដែលផ្តល់នូវទិន្នន័យកសិកម្មពេញលេញ ទាំងទិន្នន័យគ្រួសារកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំ។ ពិសេសសម្រាប់ការគាំទ្រ និងវាយតម្លៃលើសូចនាករសំខាន់ៗក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា(CSDGs)ផងដែរ។ ចំណែក លោក អែនតូនីញ៉ូ ស៉្យែវ៉ន បានលើកឡើងដែរថា បច្ចុប្បន្នវិស័យកសិកម្មរបស់កម្ពុជា នៅមានភាពកង្វះទិន្នន័យ។ ដូច្នេះ អង្គការFAO បានរៀបចំគម្រោងកម្មវិធីការងារអង្កេតកសិកម្ម ៥០X២០៥០ ដើម្បីគាំទ្រផ្តល់ជំនួយថវិកាដល់ប្រទេសក្នុងតំបន់ទាំង៥០ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ លោករំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការងាររវាង ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ក្រសួងកសិកម្ម សហការគ្នាជាមួយនឹងក្រុមការងារបច្ចេកទេសរបស់អង្គការ FAO នឹងអាចទទួលបានទិន្នន័យកសិកម្មនៅកម្ពុជាដែលមានគុណភាព អាចទុកចិត្តបាន និងទទួលបានលទ្ធផលល្អ។ ការចុះកិច្ចព្រមព្រៀងនេះ អង្គការ FAO បានផ្តល់ជំនួយជាថវិកាបដិភាគប្រមាណ ២លាន១៩ម៉ឺនដុល្លារ ដោយមិនគិតបញ្ចូលប្រាក់ជំនួយបច្ចេកទេស។ ជំនួយពីរដ្ឋាភិបាលប្រមាណជាង៣លានដុល្លារទៀត ធ្វើឲ្យគម្រោងនេះចំណាយថវិកាសរុបជាង៥លានដុល្លារ ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២១ ដល់២០២៦។ អង្គការ FAO បានធ្វើសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ ជាមួយក្រសួងផែនការចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដើម្បីអភិវឌ្ឍទិន្នន័យស្ថិតិកសិកម្មនៅកម្ពុជា គាំទ្រជាថវិកាបដិភាគ ជំនួយបច្ចេកទេស ជំនួយសម្ភារ ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការផ្នែកវិភាគទិន្នន័យ និងសរសេររបាយការណ៍ ដើម្បីឆ្លើយតបតម្រូវការទិន្នន័យ និងចំណុចដៅនៃការអភិវឌ្ឍនប្រកបដោយចីរភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDG)៕ | អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានផ្ដល់ថវិកាប្រមាណ ២,១៩លានដុល្លារអាម៉េរិក ដល់ក្រសួងផែនការ ដើម្បីធ្វើការងារអង្កេតទិន្នន័យកសិកម្មនៅកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់២០២៦។ ការចុះកិច្ចព្រមព្រៀងសម្រាប់ថវិកាបដិភាគ ដោយមិនរួមបញ្ចូលជំនួយបច្ចេកទេសនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៩ ខែធ្នូ នៅទីស្តីការក្រសួងផែនការ។ |
«រដ្ឋមន្រ្តីការបរទេសមកកម្ពុជាទៀត បន្តិចទៀតខ្ញុំទៅជួបហើយ មិនមែនជាការសង្កត់ទេ ប្រហែលជាការពន្យល់របស់គាត់ ឱ្យយើងយល់អំពីអ្វីដែលហៅថា AUKUS»។ សម្ដេច ហ៊ុន សែន បង្ហើបបែបនេះ នៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ារីស ផេន ពេលនេះ ទំនងចង់លើកយកភាពជាដៃគូសន្តិសុខអូស្រ្តាលី អង់គ្លេស និងអាម៉េរិក (AUKUS) មកនិយាយជាងរឿងដទៃទៀត។ ភាពជាដៃគូសន្តិសុខ AUKUS នេះ កំពុងធ្វើឱ្យពិភពលោកព្រួយបារម្ភ។ កាលពីថ្ងៃទី៨ តុលាកន្លងមក រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានពិភាក្សាតាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ដោយបានលើកពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបង្ហាញពីក្តីព្រួយបារម្ភចំពោះភាពជាដៃគូសន្តិសុខត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS) ។ ប្រមុខការទូតកម្ពុជា សង្ឃឹមថា AUKUS នឹងមិនបន្ថែមសាំងទៅលើការប្រកួតប្រជែងដែលកំពុងមានស្ថានភាពមិនល្អស្រាប់ និងបង្កើនភាពតានតឹងបន្ថែមទៀតនោះទេ។ ជុំវិញក្តីបារម្ភរបស់កម្ពុជានេះ ប្រមុខការទូតអូស្ត្រាលី លោកស្រី ម៉ារីស ផេន បានបកស្រាយប្រាប់កម្ពុជាថា AUKUS ត្រូវបានបង្កើតឡើងដើម្បីប្រយោជន៍ទូទៅ ក្នុងគោលបំណងរក្សាសន្តិភាព វិបុលភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយគ្មានចេតនាណាមួយដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និងសមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះទេ។ បើតាមលោកស្រី ម៉ារីស ផេន AUKUS មិនមែនជាការបន្ថែមសម្ពាធទៅលើការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់នោះដែរ។ លោកស្រី ម៉ារីស ផេន បានអះអាងថា អូស្ត្រាលីប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) សន្ធិសញ្ញាតំបន់ប៉ាស៊ីហ្វិកខាងត្បូងគ្មានអាវុធនុយក្លេអ៊ែរ (SPNWFZ) និងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។ អត្ថបទទាក់ទង លោក ប្រាក់ សុខុន សង្ឃឹមថា អូស្រ្តាលី អង់គ្លេស និងអាម៉េរិក មិនបន្ថែមសាំងលើការប្រកួតប្រជែងក្នុងតំបន់ ក្រៅពីកម្ពុជា ក៏មានប្រទេសក្នុងតំបន់ដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងចិន ជាដើម កំពុងព្រួយបារម្ភលើភាពជាដៃគូសន្តិសុខអូស្រ្តាលី អង់គ្លេស និងអាម៉េរិកនេះ ព្រោះវាអាចបង្កឱ្យមានការប្រកួតប្រជែងសព្វាវុធក្នុងតំបន់ និងពិភពលោក។ មិនតែប៉ុណ្ណោះម៉ាឡេស៊ី ក៏អំពាវនាវឱ្យអាស៊ានរក្សាជំហរតែមួយចំពោះសម្ព័ន្ធថ្មី AUKUS នេះដែរ៕ | ភ្នំពេញ៖ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៧ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រមុខការទូតអូស្រ្តាលី ទំនងចង់ពន្យល់ពី ដៃគូសន្តិសុខអូស្រ្តាលី អង់គ្លេស និងអាម៉េរិក ដែលហៅថា AUKUS។ |
កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួម ពីសំណាក់អតិថិជន យ៉ាងច្រើនកុះករ ដែលធ្វើអោយកម្មវិធី កាន់តែមានភាពអធឹកអធម។ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះរួមមាន ដំណើរកំសាន្តទៅកាន់ទ្វីបអឺរ៉ុប សម្រាប់មនុស្ស ២នាក់ ម៉ូតូ ZOOMER X ឆ្នាំ២០២០ ទូរស័ព្ទដៃ SAMSUNG GALAXY FOLD ទូទឹកកក SAMSUNG ទូរទស្សន៏ SAMSUNG 55 អ៊ីញ កង់ ម៉ាកGIANT និងរង្វាន់ដទៃជាច្រើនទៀត។ បុរី អាម៉ូរី ៧មករាបានថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅចំពោះអតិថិជន ទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ ដែលវិនិយោគលើបុរី អាម៉ូរី ៧មករា។ លើសពីនេះទៅទៀត អ្វីដែលអស្ចារ្យនោះ គឺ បុរី អាម៉ូរី ៧មករា ផ្ទះនិងដីឡូត៏ មានការផ្តល់ជូន ពិសេសបញ្ចុះរហូតដល់ ១២ភាគរយ ព្រមទាំងទទួល បានសាំងដល់ទៅ ១៥០០លីត្រ បន្ថែមទៀត។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅ បុរី អាម៉ូរី ៧មករា បានបើកការដ្ឋានសាង សង់ជាផ្លូវការនូវគម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីរបស់ខ្លួន នៅលើផ្ទៃដី៣២ ហិកតា ស្ថិត នៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវ ជាតិលេខ ៦អា ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥។ បុរី អាម៉ូរី ៧មករា មានទីតាំងនៅលើតំបន់ ដែលបានវិវឌ្ឍន៏ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្តា នុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ មានមនុស្សរស់នៅ ច្រើនប្រជុំទៅដោយធនាគារ សាលារៀន និងមានអាជីវកម្មជាច្រើនបម្រើអោយការរស់នៅកាន់តែ ប្រសើរ។ ប្រភេទដីឡូត៏នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖ ជម្រើសទី១ ដីទំហំ ៥ម x ២០ម ជម្រើសទី២ ដីទំហំ ១០ម x ២០ម ជម្រើសទី៣ ដីទំហំ ២០ម x ៣០ម ប្រភេទផ្ទះនៅក្នុងបុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖ ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2 ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1 វីឡាកូនកាត់ E0+E1+E2 គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំនេញ និងមានភាពទទួលខុសត្រូវ ខ្ពស់ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។ សម្រាប់ព័ត៏មានបន្ថែម សូមទាក់ទង៖ លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់ ទូរស័ព្ទ៖ 078 909 999 (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះ បុរី អាម៉ូរី ៧មករា បានរៀបចំកម្មវិធីចាប់ ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួន ដែលបានទិញដីឬផ្ទះក្នុងកំឡុងពេលប្រូម៉ូសិនពិសេស និងរៀបចំឡើង នៅភោជនីយដ្ឋាន នាគក្រហម ផ្លូវលេខ២៧១ ទល់មុខកាកក្របាទក្រហមកម្ពុជា។ |
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមហាអំណាចអាម៉េរិក និងចិន មានភាពតានតឹងជាខ្លាំង ដោយមានចាប់ពីសង្រ្គាមពាណិជ្ជកម្ម ជំងឺឆ្លង បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតជាដើម។ ចុងក្រោយ អាម៉េរិក ចង់រឹតបន្តឹងបណ្តាញសង្គមTikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ថែមទៀត តាមរយៈការអនុម័តសេចក្តីព្រាងច្បាប់មួយពីសភាតំណាងរាស្រ្ត។ សេចក្តីព្រាងច្បាប់នោះ ត្រូវបានសភាតំណាងរាស្រ្តអាម៉េរិក អនុម័តក្នុងសំឡេងគាំទ្រ៣៥៣ ទល់សំឡេងប្រឆាំង៦៥។ ការគាំទ្រពីសំណាក់សមាជិកសភាអាម៉េរិកដ៏ច្រើនបែបនេះ ដោយសារតែព្រួយបារម្ភពីបណ្តាញសង្គមនេះ អាចប្រមូលទិន្នន័យអ្នកប្រើប្រាស់អាម៉េរិកឱ្យទៅរដ្ឋាភិបាលចិន។ ប្រសិនបើសេចក្តីព្រាងច្បាប់មួយនេះ ត្រូវបានប្រធានាធិបតីអាម៉េរិកចុះហត្ថលេខាឱ្យប្រើប្រាស់ ក្រុមហ៊ុនTikTok នឹងមានរយៈពេល ៦ខែ ដើម្បីតវ៉ាផ្នែកច្បាប់ ឬលក់ឱ្យក្រុមហ៊ុនអាម៉េរិក។ បន្ទាប់ពីសភាតំណាងរាស្រ្តអនុម័ត នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានប្រតិបត្តិកម្មយ៉ាងខ្លាំង និងប្តេជ្ញាតតាំងផ្នែកច្បាប់ ដើម្បីបង្ការការបិទក្រុមហ៊ុន ឬលក់ឱ្យក្រុមហ៊ុនអាម៉េរិក។ បើតាម លោកShou Zi Chew ក្រុមហ៊ុននឹងធ្វើឱ្យអស់លទ្ធភាព ដើម្បីការពារវេទិកា រួមទាំងអនុវត្តសិទ្ធិរបស់ខ្លួនតាមច្បាប់។ បើតាមនាយកប្រតិបត្តិរូបនេះ ការបិទTikTik នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតមាតិកានៅអាម៉េរិកជាច្រើននាក់ ហើយវានឹងធ្វើឱ្យការងារចំនួន ៣០ម៉ឺនកន្លែង ស្ថិតក្នុងស្ថានភាពមានហានិភ័យ។ TikTok ជាប្រព័ន្ធបណ្តាញសង្គមមួយ ដែលមាតិកាវិដេអូខ្លីៗ។ ទោះមានជនជាតិអាម៉េរិកប្រើប្រាស់ជាង ១៧០ លាននាក់ រដ្ឋាភិបាលគិតថាបណ្តាញសង្គមនេះអាចគម្រាមកំហែងដល់សន្តិសុខសង្គម។ នេះដោយសារតែ TikTok គឺបង្កើតឡើងដោយក្រុមហ៊ុនចិន ByteDance ក្នុងឆ្នាំ២០១៧។ ភាគហ៊ុនរបស់ TikTok មាន ByteDance តែ២០% និង សល់ប៉ុន្មានគឺជារបស់បុគ្គលិក។ ByteDance ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន និងមានទីស្នាក់ការកណ្តាលនៅក្រុងប៉េកាំង។ តាមគេហទំព័រ ByteDance បានឱ្យដឹងថា ភាគហ៊ុននៃក្រុមហ៊ុនរបស់ខ្លួន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន ១ភាគរយនៃ Douyin ដែលជាបណ្តាញសង្គមចិន។ តែ Douyin និង TikTok មិនធ្វើការចូលគ្នាទេ។ នេះមិនមែនជាលើកទីមួយទេ ដែលអាម៉េរិកចង់ហាមTikTokលើទឹកដីខ្លួន។ អតីតប្រធានាធិបតី លោក ត្រាំ ធ្លាប់បានគម្រាមហាមឃាត់ TikTok ម្តងហើយ ដោយចេញបញ្ជាប្រតិបត្តិឱ្យលក់ក្រុមហ៊ុននេះទៅឱ្យក្រុមហ៊ុន អាម៉េរិក។ យល់ឃើញថាគ្មានយុត្តិធម៌ TikTokបានប្តឹងរដ្ឋាភិបាលអាម៉េរិក ប្រកែកថាគ្មានព័ស្តុតាងច្បាស់លាស់។ TikTok ឈ្នះរឿងក្តីនេះ ហើយរឿងលក់ក្រុមហ៊ុន ឬបិទទ្វារ ត្រូវពន្យារពេល។ ចំណែកទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានចោទជាសំណួរថា៖ «តើយើងចង់ឱ្យ TikTok ជាវេទិកាមួយ គ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក ឬគ្រប់គ្រងដោយប្រទេសចិន? តើយើងចង់ឱ្យទិន្នន័យ (ទិន្នន័យរបស់កុមារ, មនុស្សពេញវ័យ) ស្ថិតនៅក្នុងដៃអាមេរិក ឬចិន?»។ កន្លងមក ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក៏ធ្លាប់បានសន្យាចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះដែរ។ នីតិវិធីបន្ទាប់ សេចក្តីព្រាងច្បាប់រឹតត្បិតបណ្តាសង្គមTikTok ខាងលើ នឹងបន្តទៅព្រឹទ្ធសភា ដែលសមាជិកយល់ឃើញផ្សេងៗគ្នាលើចំណាត់ការចំពោះក្រុមហ៊ុន TikTok។ តាមការបញ្ជាក់តំណាងរាស្រ្តលោក Mike Gallagher សមាជិកសភាសាធារណៈរដ្ឋ និង តំណាងរាស្ត្រ លោក Raja Krishnamoorthi សមាជិកប្រជាធិបតេយ្យ សំណើនេះគឺមិនមែនហាមទាំងស្រុងទេ តែតម្រូវឱ្យTikTokដកខ្លូនចេញពី ByteDance ប្រសិនជាចង់បន្តដំណើរការនៅអាម៉េរិក។ សមាជិកសភាអាមេរិកមួយចំនួនធំ មិនជឿថា TikTok ឯករាជ្យពីទីក្រុងប៉េកាំង បើទោះបីជាមានទីស្នាក់ការនៅក្រៅប្រទេសចិនក៏ដោយ។ ចំណែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក៏មិននៅស្ងៀមដែរ ហើយបានរិះគន់សេចក្តីព្រាងច្បាប់នោះ។ បើតាមលោកWang ទោះបីជាមិនបានរកឃើញព័ស្តុតាងណាមួយដែលTikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ អាម៉េរិកមិនព្រមលែងបណ្តាញសង្គម TikTok នោះទេ៕ | សភាតំណាងរាស្ត្រអាម៉េរិក នៅថ្ងៃទី១៣ ខែមីនា បានអនុម័តសេចក្តីព្រាងច្បាប់ ដែលនឹងបង្ខំឱ្យក្រុមហ៊ុនTikTok លក់បណ្តាញសង្គមមួយនេះ ទៅក្រុមហ៊ុនអាម៉េរិក ឬត្រូវបិទចោល។ ការអនុម័តនេះ ធ្វើឡើងក្រោមហេតុផល សន្តិសុខជាតិ។ |
កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានការសម្តែងដ៏អស្ចារ្យរបស់ក្រុមតូច និងក្រុមតារាបង្ហាញម៉ូត ព្រមទាំងសកម្មភាពកម្សាន្តផ្សេងទៀត។ លើសពីនេះ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។ ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ក្រេបរសជាតិដ៏ល្អឯក នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។ កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំងកិ្លប 2ND Night នៅថ្ងៃពុធ ទី ០៩ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា មាស សុខសោភា។ សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត! ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/ សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។ (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃសុក្រ ទី ០៤ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ Motor Café Pub ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមតារាចម្រៀងវ័យក្មេងដែលមានទេពកោសល្យ ហើយតែងតែបង្កើតនូវអ្វីដែលថ្មី ដើម្បីជាអត្តសញ្ញាណរបស់ពួកគេ ពួកគេជាសិល្បករ សិល្បការនីនៃក្រុមតូច - Small World Small Band (True Blue Exceptional) ។ |
លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រី្តនៃប្រទេសឡាវ ជាភ្ញៀវដំបូងដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៩ ដល់៣០វិច្ឆិកា។ នៅល្ងាចថ្ងៃទី២៩នេះ លោក ផនខាំ វីផាវ៉ាន់ បានជួបសម្តេច ហ៊ុន សែន ដើម្បីពិភាគ្សាការងារទ្វេភាគី។ បើតាមលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា នៅក្នុងជំនួបនេះលោកនាយករដ្ឋមន្ត្រីឡាវ បានស្នើកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ដើម្បីបញ្ចប់រាល់បញ្ហានៃការព្រមព្រៀងគ្នាកន្លងមក។ ក្រៅពីនេះ លោកក៏បានស្នើឲ្យជំរុញកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ វិស័យទេសចរណ៍ និងជំរុញការវិនិយោគនៅឡាវផងដែរ។ ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន បានស្នើឱ្យនាយករដ្ឋមន្ត្រីឡាវ ធ្វើយ៉ាងណាឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។ សម្ដេច ក៏បានគាំទ្រការលើកឡើងរបស់លោក ផនខាំ វីផាវ៉ាន់ ពីការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការវិនិយោគ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ ព្រោះការវិនិយោគ គឺជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។ សូមជម្រាបថា កន្លងមក កម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវកាលពីឆ្នាំ២០២០។ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា ក៏បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕ | ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រកាសផ្តល់ជំនួយ ១៣លានដុល្លារ ដល់ឡាវ។ រដ្ឋាភិបាលកម្ពុជា នឹងផ្ដល់ថវិកាចំនួន ៣លានដុល្លារ និង ១០លានដុល្លារជារបស់ក្រុមហ៊ុនឯកជន។ ក្រៅពីផ្តល់ថវិកា កម្ពុជា នឹងផ្តល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសបន្ថែម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ |
តាមរយៈជំនួបទ្វេជាមួយនឹងរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Sven Mikser ក្នុងក្រុងហាណូយ នៅថ្ងៃ១៤ កញ្ញា លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyn Xuân Phúc បានផ្តល់តម្លៃខ្ពស់លើរបៀបនៃការដឹកនាំរដ្ឋាភិបាលតាមបច្ចេកវិទ្យារបស់អេស្តូនី ហើយលោក ថែមទាំងចាត់ទុកបទពិសោធន៍ដឹកនាំនេះ ជាមេរៀនមួយដ៏ល្អសម្រាប់វៀតណាមផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Vietnam News។ តាមប្រភពព័ត៌មានដដែលនោះ រដ្ឋមន្ត្រីការបរទេសអេស្តូនី ក៏រពឹងខ្ពស់ដូចគ្នាផងដែរថា វត្តមានរបស់លោកជាមួយនឹងការប្តេជ្ញាចិត្តជាច្រើនជាមួយនឹងវៀតណាម នឹងធ្វើឲ្យទំនាក់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ ជាពិសេសនោះលើកិច្ចសហប្រតិបត្តិការ e-government និង e-government។ ប្រមុខការទូតរូបនេះ ក៏អះអាងថា អេស្តូនី ពេញចិត្តនឹងចែករំលែកបទពិសោធន៍គ្រប់គ្រងនេះជាមួយនឹងវៀតណាម ហើយ ជឿជាក់ផងដែរថា ប្រព័ន្ធបច្ចេកវិទ្យា នឹងជួយវៀតណាមក្នុងការពង្រឹងប្រព័ន្ធ e-government ដែលជាប្រព័ន្ធមួយធ្វើឲ្យការដឹកនាំ និងការគ្រប់គ្រងប្រទេសកាន់តែតម្លាភាព និងសន្សំសំចៃថវិកាទៀតផង។ កាន់តែពិសេសសម្រាប់វៀតណាមនោះ ប្រមុខការទូតដដែលរូបនេះ ក៏បានសន្យាចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមក្នុងការគាំទ្រសហភាពអឺរ៉ុបក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងវៀតណាម និងថែមទាំងស្ថិតនៅក្នុងចំណោមប្រទេសដំបូងដែលត្រៀមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងផងដែរ។ សូមជម្រាបផងដែរថា អេស្តូនី គឺជារដ្ឋមួយរបស់អឺរ៉ុប ដែលមានបច្ចេកវិទ្យាខ្ពស់ ហើយក៏ជារដ្ឋដំបូងមួយរបស់ពិភពលោក ដែលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលតាមបច្ចេកវិទ្យា។ សេវាសាធារណៈ៩៩ភាគរយរបស់អេស្តូនី ត្រូវបានប្រតិបត្តិតាមប្រព័ន្ធអនឡាញ ២៤ ម៉ោងក្នុងមួយសប្តាហ៍។ សេវាទាំងនេះ ក៏រាប់បញ្ចូលទាំងកិច្ចការ និងប្រតិបត្តិការធ្វើពាណិជ្ជកម្មផងដែរ៕ | រដ្ឋាភិបាលក្រុងហាណូយ បានសម្តែងទាំងឆន្ទៈ និងចំណង់ក្នុងការរៀនសូត្របទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋាភិបាលតាមបែបផែនបច្ចេកវិទ្យា (e-government) ឬ (e-governance) ពីរដ្ឋាភិបាលក្រុងតាលិន។ ក្រុងហាណូយ យល់ឃើញថា នេះ គឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់ខ្លួនក្នុងការដឹកនាំប្រទេសនាពេលអនាគត។ |
នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយ OPEC បានរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំ ២០២៣ និង ២០២៤ ដោយផ្អែកលើការរំពឹងទុកនៃពីប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងពិភពលោក បើទោះបីជាមានការកើនឡើងនៃតម្រូវការប្រេងពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ។ អង្គការ OPEC ព្យាករថា តម្រូវការប្រេងឆៅពិភពលោកនឹងកើនឡើង ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៤ ធៀបនឹងការព្យាករកើនឡើង ២,៤៤ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៣។ របាយការណ៍របស់អង្គការ OPEC បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងជំរុញតម្រូវការប្រេង ជាពិសេសដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអាកាសចរណ៍។ OPEC ក៏បានកំណត់ថាសន្ទុះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆមាសទីមួយនៃឆ្នាំនេះ នៅតែមានស្ថិរភាព ទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងអតិផរណាខ្ពស់ ការបង្កើនអត្រាការប្រាក់ និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ ជាពិសេស OPEC ជឿជាក់ថា និន្នាការបច្ចុប្បន្ននៃកំណើនសេដ្ឋកិច្ចពិភពលោកដែលមានស្ថិរភាពបានបន្តនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ដោយសារការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ជាពិសេសនៅក្នុងវិស័យសេវាកម្ម។ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងឈានដល់ ២,៧ភាគរយនៅឆ្នាំ ២០២៣ និង ២,៦ភាគរយនៅឆ្នាំ ២០២៤៕ | អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានព្យាករថា តម្រូវការប្រេងឆៅសកលនឹងកើនឡើង ២,២៥លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៤ ខណៈឆ្នាំមុនកើនដល់ ២,៤៤លានបារ៉ែលក្នុងមួយថ្ងៃ។ |
ព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Concours of Elegance ឆ្នាំ២០១៨ ដែលរៀបចំនៅវិមាន Hampton Court Palace ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ នឹងផ្តល់ឱកាសដល់អ្នកទស្សនាមើលឃើញរថយន្តដ៏ប្រណីតៗលើពិភពលោក ក្នុងនោះមាន Mercedes-Benz S Barker Tourer "Boat Tail" ផងដែរ។ ផលិតឡើងនៅឆ្នាំ១៩២៩ ម៉ូដែលកន្ទុយទូកនេះ ជារថយន្តដ៏ពិសេសមួយរបស់ Mercedes-Benz ដោយវាត្រូវបានអភិវឌ្ឍន៍ឲ្យសមស្របទៅតាមលក្ខខណ្ឌនៅលើផ្លូវថ្នល់។ សម្រាប់ព្រឹត្តិការណ៍ Concours of Elegance រថយន្ត Mercedes-Benz S Barker Tourer "Boat Tail" នឹងបង្ហាញវត្តមានជាលើកដំបូងនៅអង់គ្លេស បើគិតចាប់តាំងពីឆ្នាំ១៩៥៨មក។ តាមពិតទៅ រថយន្តនេះ វិវត្តដំបូងពី Mercedes-Benz Typ S (W06)។ វាបានស្ថិតក្រោមកម្មសិទ្ធរបស់លោក Earl Howe សហស្ថាបនិកក្រុម Britih Racing Drivers Club ដោយលោកនិយមប្រើប្រាស់សាកល្បងក្នុងការប្រណាំង ហើយនៅឆ្នាំ១៩៥៨ វាបានក្លាយជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកម្នាក់។ ក្រោយមកទៀត គេបានរកឃើញថា ម្ចាស់ចុងក្រោយរបស់រថយន្តនេះ គឺលោក Bruce McCaw។ ក្រៅពីរថយន្តប្រណីតដ៏កម្រមួយនេះ ព្រឹត្តិការណ៍ Councours of Elegance នឹងបង្ហាញម៉ូដរថយន្តចំណាស់ និងកម្រប្រមាណជាង៦០គ្រឿង រួមទាំងផលិតផលនៃឧស្សហកម្មរថយន្តចន្លោះពីឆ្នាំ១៩០៣ រហូតដល់ឆ្នាំ២០១៨ នេះ៕ | Mercedes-Benz S Barker Tourer Boat Tail ឬ «មែកសឺដែសកន្ទុយទូក» ផលិតឆ្នាំ១៩២៩ ត្រូវបានគេចាត់ទុកថា ជាប្រភេទរថយន្ត Classic ដ៏ប្រណីតជាងគេបំផុតនៅលើពិភពលោក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Drivemag.com ។ |
«យើង សម្តែងការទោមនស្សយ៉ាងជ្រាលជ្រៅ និងការមើលស្រាលយ៉ាងធំធេងចំពោះអំពើពុតត្បុតក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងភាពខ្មៅងងឹតនៃជំហរ [ពួកគេ] ពាក់ព័ន្ធសំណុំរឿងខ្លះរបស់ចិន»។ ស្ថានទូតចិនប្រចាំក្រុងប៉ារីស បញ្ជាក់បែបនេះ ក្នុងសេចក្តីថ្លែងការណ៍ខ្លួននៅថ្ងៃទី៧ ខែតុលា។ ស្ថានទូតចិន បញ្ជាក់ទៀតថា សហភាពអឺរ៉ុប បានលើកតម្កើងជាចំហចំពោះការប្រើហិង្សាពីសំណាក់ក្រុមបាតុករ ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ ឆាប់ៗខាងមុខ នឹងឈានចូលដល់ខែទីប្រាំហើយនោះ។ ម្យ៉ាងវិញទៀត សហភាពអឺរ៉ុប (EU) ក៏មើលងាយវិធានការស្វ័យការពាររបស់ប៉ូលិសហុងកុងដើម្បីការពារជីវិតពួកគេប្រឆាំងក្រុមបាតុករហិង្សាទាំងនោះ។ ដោយតម្រង់មុខព្រួញទៅរកបារាំង ស្ថានទូតចិនប្រចាំក្រុងប៉ារីស បានលើកឡើងថា បារាំង គួរបង្ហាញការអនុគ្រោះ ព្រោះថា កម្លាំងប៉ូលិសបារាំង ក៏ធ្លាប់មានបទពិសោធជាមួយបាតុកម្មហិង្សា ហើយក៏ធ្លាប់ទទួលរងការរិះគន់ និងការជេរប្រមាថធ្ងន់ៗ ពីការបង្កគ្រោះថ្នាល់របស់បាតុករទាំងនោះ។ ត្រង់នេះ ចិន ចង់សំដៅលើការតវ៉ារាប់ខែរបស់ក្រុម «អាវកាក់លឿង» ។ «ក្នុងកាលៈទេសៈទាំងនេះ យើងបានបង្ហាញការយោគយល់ចំពោះបារាំង។ យើងចង់ឲ្យបារាំង បង្ហាញអារម្មណ៍ដូចគ្នានេះមកកាន់យើង»។ ស្ថានទូតចិន បញ្ជាក់បែបនេះ ដោយដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ សូមបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍រិះគន់ដ៏កម្រពីសំណាក់ស្ថានទូតចិនប្រចាំក្រុងប៉ារីសនេះ ធ្វើឡើងក្រោយពីក្រសួងការបរទេសបារាំង កាលពីថ្ងៃទី៣ ខែតុលាសប្តាហ៍មុន បង្ហាញជំហរគាំទ្រសេចក្តីថ្លែងការណ៍មួយដែលចេញដោយសហភាពអឺរ៉ុប ឆ្លើយតបនឹងការបាញ់កាំភ្លើងគ្រាប់ពិតរបស់ប៉ូលិសលើបាតុករ។ សេចក្តីថ្លែងការណ៍របស់ EU នេះ បានស្នើឲ្យអាជ្ញាធរហុងកុងបង្ហាញការអត់ធ្មត់ និងប្រើចំណាត់ការផ្សេងទៀតដើម្បីទប់ទល់នឹងក្រុមបាតុករ ហើយគួរផ្តោតសំខាន់លើកិច្ចសន្ទនានយោបាយដើម្បីបន្ធូរបន្ថយភាពតានតឹង៕ | ស្ថានទូតចិនប្រចាំក្រុងប៉ារីស បានរិះគន់ខ្លាំងៗលើប្រតិកម្មរបស់សហភាពអឺរ៉ុបនិងបារាំងចំពោះបាតុកម្មក្នុងទីក្រុងហុងកុង ដោយហៅជំហរនោះថាមានចរិតលាក់ពុត ។ ចិនបានប្រាប់ឲ្យបារាំងបង្ហាញការយោគយល់ ដ្បិតរដ្ឋាភិបាលក្រុងប៉ារីសក៏ធ្លាប់ជួបប្រទះបទពិសោធការតវ៉ាហិង្សាដូចគ្នាអ៊ីចឹងដែរ ហើយកាលណោះ ចិនក៏បង្ហាញការយល់ចិត្តដាក់បារាំងដែរ។ |
ខេត្ត ឈៀងម៉ៃ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសថៃ កើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ បង្កឲ្យមនុស្សស្លាប់ដល់ ១១៩នាក់។ យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation ខេត្តចំនួនប្រាំ រួមមាន Trang, Phang Nga, Mae Hong Son, Sukhothai និង Angthong ត្រូវបានរាយការណ៍ថា ពុំមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឡើយ។ បើតាមប្រភពដដែល ក្នុងថ្ងៃអង្គារទី ១៦ មេសា មានករណីគ្រោះថ្នាក់ចរាចរណ៍ ៣៦៧លើក ដោយឆក់យកជីវិតមនុស្ស ៤២នាក់ និងរបួស៣៨១នាក់ផ្សេងទៀត។ សម្រាប់មូលហេតុនៃគ្រោះថ្នាក់នេះវិញ ការជិះលើសល្បឿនកំណត់ ស្មើនឹង ៣០ភាគរយ និងបើកបរដោយមានសារជាតិស្រវឹង ស្មើនឹង ២៨ភាគរយ។ នៅថ្ងៃអង្គារដដែលនេះ មន្ត្រីសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តប្រមាណ ៦៥ ៣៧៥នាក់ ដែលធ្វើការនៅប៉ុស្តិ៍ត្រួតពិនិត្យចំនួន ២០៤០ទីតាំងនៅទូទាំងប្រទេស បានគូសបញ្ជាក់ថា ពួកគេបានត្រួតពិនិត្យលើយានយន្តជាង១លានគ្រឿង ហើយជាលទ្ធផល អ្នកបើកបរទាំងរថយន្ត និងម៉ូតូចំនួន ២៣៩ ២៩៥នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសច្បាប់ចរាចរណ៍។ ភាគច្រើននៃករណីទាំងនោះ គឺពាក់ព័ន្ធនឹងការជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ចំនួន ៦៤ ៨២៩ករណី និងបើកបរដោយគ្មានបណ្ឌបើកបរចំនួន ៥៧ ០៨៧ករណី។ អត្ថបទទាក់ទង មហាក្សត្រថៃ ព្រួយព្រះទ័យព្រោះអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍អំឡុងថ្ងៃសង្ក្រាន្តកើនឡើង ដោយឡែក នៅក្នុងសន្និសីទព័ត៌មានមួយ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាព និងសណ្តាប់ធ្នាប់ថៃ (NCPO) លោកស្រី Sirichan Ngathong បានលើកឡើងថា អាជ្ញាធរថៃ បានរឹបអូសយានជំនិះចំនួន ៦៤៣៥ គ្រឿង ក្នុងនោះ ម៉ូតូ ៤៧៥២គ្រឿង និង រថយន្តទាំងធុនតូន និងធំ ១៦៨៣គ្រឿង ពីអ្នកបើកបរដែលមានផ្ទុកជាតិស្រវឹង អំឡុងថ្ងៃទី១១ ដល់ ១៦ ខែមេសា។ ក្នុងអំឡុងពេលនេះផងដែរ សមត្ថកិច្ចថៃ បានរកឃើញថា អ្នកបើកបរម៉ូតូ ១១៧ ១៣៤នាក់ និងអ្នកបើកបររថយន្ត ១៤៦ ០១៧ បានល្មើសច្បាប់ចរាចរណ៍ ហើយមកដល់ពេលនេះ ម្ចាស់ម៉ូតូ ១៣១ ៦៧៤នាក់ និងម្ចាស់រថយន្ត ៩១ ៤៩៩នាក់ ត្រូវព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ និងដំណើរការផ្លូវច្បាប់។ សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរថៃ បានកំណត់យករយៈពេល៧ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃ១១ មេសា ដល់ថ្ងៃ ១៧ មេសា សម្រាប់អនុវត្តច្បាប់តឹងរ៉ឹង រួមមាន ចោទប្រកាន់បទមនុស្សឃាតលើអ្នកបើកបរដោយមានផ្ទុកជាតិស្រវឹងជាដើម។ ការកំណត់ថ្ងៃបែបនេះ ធ្វើឡើងដោយសាររបាយការណ៍គ្រោះថ្នាក់ចរចារណ៍ជារៀងរាល់ឆ្នាំ បង្ហាញថា អ្នកស្លាប់ និងរបួសលើដងផ្លូវ ហក់ឡើងខ្ពស់ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី៕ | មនុស្សសរុប ៣៤៨នាក់បានស្លាប់ និង ៣១៧៦ នាក់ផ្សេងទៀត រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣០៦៨ករណី អំឡុង៦ថ្ងៃដំបូងរបស់អាទិត្យជើងកបនៃថ្ងៃសង្ក្រាន្ត (Seven Dangerous Days) ។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពផ្លូវថ្នល់ថៃ នៅថ្ងៃពុធទី១៧ មេសា។ |
អត្ថបទទាក់ទង មន្ត្រីជប៉ុន៤នាក់ស្ថិតក្រោមការស៊ើបអង្កេតក្រោយទៅបាយល្ងាចជាមួយកូននាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការហិរញ្ញវត្ថុ នៃសភាតំណាង ក្នុងថ្ងៃទី១ ខែមីនា លោក Katsunobu Kato ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថាយ៉ាងច្បាស់ៗថា រដ្ឋាភិបាល បានទទួលលិខិតលាលែងពីលោកស្រី Makiko Yamada លេខាធិការទំនាក់ទំនងសាធារណៈនៃគណៈរដ្ឋមន្ត្រី និងជាអ្នករៀបចំសន្និសីទសារព័ត៌មានឱ្យលោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ។ លោក Kato និយាយថា លោកស្រី Yamada លាលែងព្រោះសុខភាពមិនល្អ មិនអាចបំពេញកាតព្វកិច្ចបន្តទៀតបាន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ពេលនេះ លោកស្រីYamada កំពុងសម្រាកនៅមន្ទីរពេទ្យ។ គេមិនបានដឹងឡើយពីមូលហេតុមន្ត្រីជាន់ខ្ពស់ជប៉ុនរូបនេះចូលសម្រាកនៅមន្ទីរពេទ្យឡើយ។ ការសម្រាកនៅមន្ទីរពេទ្យ ធ្វើឡើង ស្របពេលលោកស្រី ត្រូវបង្ហាញមុខនៅក្នុងសភានៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីឆ្លើយសំណួរ ជុំវិញការបរិភាគអាហារពេលល្ងាចជាមួយកូននាយករដ្ឋមន្ត្រី ស៊ូហ្កា។ នៅដើមខែកុម្ភៈកន្លងទៅ ទស្សនាវដ្តីក្នុងស្រុក Shukan Bunshun បានចុះផ្សាយពីការបរិភោគអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋាន ក្នុងទីក្រុងតូក្យូរវាងមន្ត្រីទំនាក់ទំនង និងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ឈ្មោះ Seigo Suga កាលពីឆ្នាំ២០១៩។ កាលនោះ លោក Seigo ដែលជាមន្ត្រីនៅក្រុមហ៊ុនឯកជនមួយ ក៏បានប្រគល់អំណោយទៅឱ្យលោកស្រី Yamada ដែលពេលនោះ ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងទំនាក់ទំនង និងមហាផ្ទៃនៅឡើយ។ បញ្ហានេះ បានធ្វើឱ្យប្រជាជនជប៉ុន រិះគន់ និងមិនពេញចិត្តយ៉ាងខ្លាំង។ នៅក្នុងច្បាប់សីលធម៌មន្ត្រីស៊ីវិលរបស់ជប៉ុន មន្ត្រីរដ្ឋាភិបាល មិនអាចទទួលអំណោយ ឬការផ្គាប់ចិត្តពីក្រុមហ៊ុនឯកជនណាមួយឡើយ ដើម្បីបញ្ចៀសការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ឬអំពើពុករលួយ។ សូមបញ្ជាក់ថា កន្លងមក លោកស្រី Yamada ក៏បានកាត់ប្រាក់បៀវត្សរបស់ខ្លួន ៦០ភាគរយ រយៈពេល ១ខែ ដែលមានចំនួនជាង ៦០០ដុល្លារផងដែរ ដើម្បីផ្តល់សំណងដល់អាហារពេលល្ងាចនោះ។ ប៉ុន្តែសមាជិកសភាបក្សប្រឆាំង នៅតែជំរុញឱ្យលោកស្រីលាលែងចេញពីតំណែង៕ | លោកស្រី Makiko Yamada មន្ត្រីផ្នែកទំនាក់ទំនងរបស់រដ្ឋាភិបាលជប៉ុន បានលាលែងពីតំណែង បន្ទាប់ពីរងការរិះគន់ និងការមិនពេញចិត្តពីសាធារណជន ជុំវិញការបរិភោគអាហារជាមួយកូននាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ដែលធ្វើការនៅក្រុមហ៊ុនឯកជន។ រឿងរ៉ាវទទួលទានអាហារថ្លៃៗនេះ កើតនៅក្នុងឆ្នាំ២០១៩ មកម្ល៉េះ។ |
នៅព្រឹកថ្ងៃទី៩ តុលានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យលទ្ធភាពរំដោះទឹកពីស្ទឹងព្រែកត្នោត ចូលទៅក្នុងទន្លេទន្លេបាសាក់ តាមរយៈប្រឡាយ ៩៤ និង៩៦ ដែលស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ក្រសួងធនធានទឹក ក៏កំពុងពិនិត្យ ស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោតដែរ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យស្ថានភាពទឹក។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម ជាមួយគ្នានេះលោក លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់សារព័ត៌មានថ្មីៗថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ តែក្រសួងធនធានទឹក បានត្រៀមជម្លៀសទឹកចូលទន្លេបាសាក់ កុំឱ្យមានការជន់លិច។ «កម្ពស់ទឹកនៅទាប នៅឡើយទេ មិនទានមានបញ្ហាអីទេ។ ប៉ុន្តែនៅក្នុងរដូវវស្សា យើងត្រូវត្រៀមជាមុន មិនមែនដល់ពេលបានយើងមានវិធានការ វាអាចយឺតពេល។ កន្លងមកទឹកច្រើនខ្លាំង ហើយការបង្ហូរទឹកចេញយឺតយ៉ាវ តែឆ្នាំនេះក្រសួងបានកាយប្រឡាយបានរួចរាល់ប្រមាណ ៧០ភាគរយហើយ»។ នេះជាការបញ្ជាក់របស់លោក ចាន់ យុត្ថា។ លោក ចាន់ យុត្ថា បន្ថែមថា ប្រជាពលរដ្ឋមិនចាំបាច់ភ័យខ្លាចខ្លាំងឡើយ ព្រោះបច្ចុប្បន្នស្ថានភាពទឹកមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ។ ចំណែកក្រុមការងារធនធានទឹក បានត្រៀមចំពោះបញ្ហាទឹកជំនន់នេះតាំងពីខែសីហាមកម្ល៉េះ។ សូមជម្រាបផងដែរថា កម្ពុជានឹងទទួលរងសម្ពាធទាបសកម្មពីប្រទេសវៀតណាម នៅថ្ងៃទី១៣តុលា។ ឥទ្ធិពលនេះនឹងធ្វើឱ្យរាជធានី-ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ពីតិចទៅច្រើនចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕ អត្ថបទទាក់ទង ភ្លៀងនឹងបន្តធ្លាក់ទូទាំងប្រទេស ពីថ្ងៃទី៩-១៥ តុលា | ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅចំណុចសំណង់ទ្វារទឹកទំនប់អាង ៧មករា នាព្រឹកថ្ងៃទី៩តុលា មានកម្ពស់៥,០៥ ម៉ែត្រ សម្រាប់កម្ពស់ខាងមុខទ្វារ ដែលកម្ពស់ទឹកគួរប្រុងប្រយ័ត្នគឺ ៥,៣០ម៉ែត្រ។ ទោះស្ថានភាពទឹកមិនទាន់ដល់ចំណុចប្រុងប្រយ័ត្ន តែក្រសួងធនធានទឹក និងឧតុនិយមកំពុង ត្រៀមជម្លៀសទឹកពីស្ទឹងព្រែកត្នោត ចូលទន្លេបាសាក់។ |
ដោយមានទំនោរទៅរកចិនស្រាប់ នាយករដ្ឋមន្ត្រីនេប៉ាល់មកពីបក្សកុម្មុយនីស្តរួបរួមម៉ាក-លេនីន (Unified Maxis-Leninist) លោក Khadga Prasad Sharma Oli បានបញ្ជាក់ថា រដ្ឋាភិបាលលោកនឹងអនុញ្ញាតឲ្យមានការចាប់ផ្តើមគម្រោង Budhi Gandaki ដែលមានទំហំ ២,៥ ពាន់លានដុល្លារដើម្បីសាងសង់វារីអគ្គីសនីឡើងវិញនៅពេលខាងមុខ។ យោងតាមសារព័ត៌មាន South China Morning Post នាយករដ្ឋមន្ត្រីដែលទើបស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះបាននិយាយដូច្នេះ៖ «បុរេវិនិច្ឆ័យនយោបាយ និងសម្ពាធពីក្រុមហ៊ុនមួយចំនួនជាហេតុផលដែលជំរុញឲ្យមានការផ្អាកគម្រោងសាងសង់នេះ។ ប៉ុន្តែសម្រាប់យើង វារីអគ្គីសនីជាអ្វីដែលយើងយកចិត្តទុកដាក់។ យើងនឹងអនុវត្តគម្រោងនេះឡើយវិញ»។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលនេប៉ាល់ក៏នឹងជំរុញការផ្សាភ្ជាប់ និងទំនាក់ទំនងពាណិជ្ជកម្មបន្ថែមជាមួយចិនដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផង។ តាមពិតទៅគម្រោងសាងសង់វារីអគ្គីសនីរបស់ចិនខាងលើត្រូវបង្កើតឡើងដោយរដ្ឋាភិបាលដែលដឹកនាំដោយបក្សកុម្មុយនីស្ត(កណ្តាលនិយមលទ្ធិម៉ៅ) កាលពីខែមិថុនាឆ្នាំមុន ដោយនេប៉ាល់ជាសមាជិកគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ។ ប៉ុន្តែក្រោយមក គម្រោងនេះត្រូវបានព្យួរដោយរដ្ឋាភិបាលថ្មីដឹកនាំដោយបក្សសមាជប្រជាជាតិនេប៉ាល់ (Nepali Congress) ដែលដែលមានសមាចិត្តចំពោះឥណ្ឌា។ គេវាយតម្លៃថា កាលនោះនេប៉ាល់រងសម្ពាធពីឥណ្ឌាព្រោះមហាយក្សមួយនេះបារម្ភពីការកើនឡើងឥទ្ធិពលរបស់មហាយក្សចិននៅក្បែរព្រំដែនខ្លួនដែរ។ ដោយឡែក លោកនាយករដ្ឋមន្ត្រីថ្មី Sharma Oli ក៏សន្យាត្រួតពិនិត្យ និងកំណត់ទំនាក់ទំនងឡើងវិញជាមួយឥណ្ឌាដែរ ដោយធ្វើយ៉ាងណាធានាកាត់បន្ថយការផ្តេកផ្តួលលើមហាយក្សអាស៊ីខាងត្បូងនេះ។ ក្នុងនោះមានការត្រួតពិនិត្យឡើងវិញការអនុវត្តក្នុងកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងដែលទាហាននេប៉ាល់ត្រូវបម្រើការងារក្នុងចំណោមកងទ័ពឥណ្ឌានោះ។ ទោះជាយ៉ាងណាក្តី មេដឹកនាំនេប៉ាល់រូបនេះយល់ថា ទំនាក់ទំនងទ្វេភាគីរវាងនេប៉ាល់ និងឥណ្ឌានៅតែរឹងមាំ។ «យើងតែងតែមានទំនាក់ទំនងល្អបំផុតមួយជាមួយឥណ្ឌា។ វាមានធាតុផ្សំខ្លះក្នុងរដ្ឋាភិបាលឥណ្ឌាដែលតែងតែធ្វើឲ្យមានការយល់ច្រឡំពីគ្នា។ប៉ុន្តែមេដឹកនាំឥណ្ឌាបានធានាចំពោះមុខយើងថា វានឹងមិនមានការលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងនេប៉ាល់នៅពេលអនាគតឡើយ ហើយយើងនឹងគោរពអធិបតេយ្យគ្នាទៅវិញទៅមកដែរ»។ នេះជាការកត់សម្គាល់របស់លោក Sharma Oli។ . ទំនាក់ទំនងរវាងលោក Oli និងឥណ្ឌាមិនសូវល្អ តាមពិតទៅ ទំនាក់ទំនងរវាងលោក Sharma Oli និងមហាយក្សឥណ្ឌាជាមិត្តជិតខាងមិនដែលល្អឡើយ។ លោក Sharma Oli ធ្លាប់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនេប៉ាល់ម្តងពីឆ្នាំ ២០១៥ ដល់ ២០១៦ ហើយកាលនោះហើយជម្លោះរវាងរដ្ឋាភិបាលលោក និងរដ្ឋាភិបាលឥណ្ឌាកើតឡើង។ ដើមចមនៃបញ្ហាគឺ ការប្រកាសដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មី ដោយឥណ្ឌាចោទប្រកាន់ថា រដ្ឋធម្មនុញ្ញនេះរើសអើង ប្រជាជននេប៉ាល់ដែលមានដើមកំណើតឥណ្ឌា។ ឆ្លើយតបនឹងការអនុវត្តរដ្ឋធម្មនុញ្ញនេះ ឥណ្ឌាបានដាក់ហ៊ុមព័ទ្ធសេដ្ឋកិច្ចនេប៉ាល់តែម្តង ប៉ុន្តែវិធានការនេះប្រៀបដូចជារុញទូកបណ្តោយទឹក។ ប្រមុខរដ្ឋាភិបាលនេប៉ាល់លោក Sharma Oli បានងាកទៅរកជំនួយពីចិន ហើយកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនត្រូវបានភាគីចុះរួមគ្នាផងកាលនោះ។ មិនត្រឹមតែងាកទៅរកចិនទេ លោក Sharma Oli បានសម្រេចលុបចោលទស្សនកិច្ចប្រធានាធិបតីទៅកាន់ប្រទេសឥណ្ឌាថែមទៀតផង។ ក្នុងការឃោសនាបោះឆ្នោតកន្លងមក លោក Sharma Oli ក៏អាចរកសំឡេងគាំទ្របានច្រើនដោយប្រើប្រាស់ការឃោសនាប្រឆាំងឥណ្ឌាដែរ។ អ្នកនយោបាយកុម្មុយនីស្តរូបនេះលើកយកបញ្ហាហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលឥណ្ឌាដាក់ចេញប្រឆាំងនេប៉ាល់ និងបញ្ហាដទៃទៀតដើម្បីទាញយកប្រជាប្រិយភាពរហូតឈ្នះបានអាសនៈ១២១ ក្នុងចំណោមអាសនៈសរុប ២៧៥ក្នុងសភានោះ។ សម្រាប់លោក Sharman Oli ការងាកទៅពង្រឹងទំនាក់ទំនងជាមួយចិនជារឿងយុទ្ធសាស្ត្រការទូត ដោយទាញយកប្រយោជន៍ផង និងធ្វើយ៉ាងណាឲ្យនេប៉ាល់មានទឹកមាត់ប្រៃក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយឥណ្ឌាផង។ នេះក៏ដោយសារ ឥណ្ឌាបច្ចុប្បន្ន បារម្ភខ្លាំងពីការកើនឡើងឥទ្ធិពលរបស់ចិននៅបណ្តាប្រទេសជុំវិញដូចជាស្រីលង្កា និងនេប៉ាល់តែម្តង។ គ្រាន់តែលោក Sharma Oli ជាប់ឆ្នោតភា្លម នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ទូរសព្ទទៅលោកបីដងរួចទៅហើយដើម្បីប្រាប់ពីឆន្ទៈឥណ្ឌាក្នុងការពង្រឹងចំណងមិត្តភាពជាមួយនេប៉ាល់។ សប្តាហ៍មុននេះទៀត ក្រុងញ៉ូវដែលីបានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោកស្រី Sushma Swaraj ទៅកាន់ប្រទេសនេប៉ាល់ថែមទៀតដើម្បីពាំនាំសាររបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីដែរ៕ | ក្រោយស្បថចូលកាន់តំណែងភ្លាម នាយករដ្ឋមន្ត្រីនេប៉ាល់ដែលជាអ្នកនយោបាយបក្សកុម្មុយនីស្ត បានប្រកាសដោយចំហថា លោកនឹងចាប់ផ្តើមគម្រោងសាងសង់វារីអគ្គីសនីរបស់ចិនឡើងវិញ។ ក្រៅពីនេះ លោកក៏សន្យាផ្សាភ្ជាប់ទំនាក់ទំនងជាមួយចិនដើម្បីជំរុញពាណិជ្ជកម្មតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការពឹងផ្អែកលើមហាយក្សឥណ្ឌាដូចមុនផង។ |
យោងតាម AFP អ្នកជំងឺជាបុគ្គលិកម្នាក់ដែលបម្រើការលើនាវារដ្ឋ «Chief Mailo» ដែលទើបតែវិលត្រឡប់ពីការជួសជុលវិញនៅហ្វីលីពីន។ លោកប្រធានាធិបតី បានអំពាវនាវពលរដ្ឋខ្លួនកុំឲ្យជ្រួលច្របល់ដោយសារស្ថានការណ៍អាចគ្រប់គ្រងបាន។ លោក David Panuelo បានអះអាងថា សាលារៀន ព្រះវិហារ និងអាជីវកម្មនានានៅតែដំណើរការ នៅរដ្ឋប៉ាស៊ីហ្វិកមួយនេះ ដែលមានពលរដ្ឋជាង១១ម៉ឺននាក់។ យោងតាមទិន្នន័យដែលបង្ហាញដោយ Worldometers កោះម៉ាយក្រូណេស៊ី ត្រូវបានចាត់ទុកជា ប្រទេស/តំបន់ទី២១៩លើពិភពលោកដែលមានករណី COVID-19 បន្ទាប់កោះសូឡូម៉ុង ម៉ាស្សាល់ និងសាម័រ។ ប្រជាជាតិ និងទឹកដីតូចៗផ្សេងទៀត ដែលប្រកាសថា មិនទាន់មានករណីឆ្លង COVID-19 មានដូចជា គិរីបាទី, ណូរុ, ប៉ាឡាវ, តុងហ្គា និងទូវាលូ។ គិតត្រឹមថ្ងៃអង្គារនេះ អ្នកកើតកូវីដ-១៩ លើពិភពលោក មានជាង៩១.៣១លាននាក់ ក្នុងនោះស្លាប់ជាង១.៩៥លាននាក់ និងសះស្បើយជាង៦៥.២៨លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល មានករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត៕ | កោះម៉ាយក្រូណេស៊ី (Micronesia) ដែលស្ថិតនៅតំបន់អូសេអានី បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅដែនដីរបស់ខ្លួន។ បើតាមការបញ្ជាក់របស់លោកប្រធានាធិបតី David Panuelo កាលពីថ្ងៃចន្ទ។ |
ដោយឡែកតាំងពី១ឆ្នាំកន្លះ ទាំងសួនកម្សាន្ត ទាំងភោជនីយដ្ឋាន រមណីយដ្ឋាន ទាំងកន្លែងស្នាក់ ក៏ស្ងាត់ដែរ។ មានតែរោងចក្រ ដែលមានសកម្មភាពសេដ្ឋកិច្ចពេញទំហំដូចមុន។ លោក រស់ តុលា ជាអ្នកគ្រប់គ្រង សូតា លូរីសត ដែលជាផ្ទះប្លែកៗ។ លោក បានឱ្យដឹងថា ក្នុងវិបត្តិជំងឺកូវីដ-១៩នេះ នៅ7NG មិនសូវមានភ្ញៀវមកកម្សាន្តនោះទេ ។ លោក តុលា អះអាងដូច្នេះ៖ « កាលពីមុន វាពេញ ថ្ងៃសៅរ៍អាទិត្យ។ » នៅចន្លោះបឹង និងផ្លូវ 7NG សូតា បានកសាងផ្ទះធ្វើពីលូ យ៉ាងចម្លែក ក្នុងបរិវេណបៃតង បែបធម្មជាតិកែច្នៃ ក៏ប៉ុន្តែពេលនេះ ការតុបតែងដូចជាកង់ម៉ាស៊ីនម៉ាកបារាំង ម៉ូប៊ីលែត ពី៥០ឆ្នាំមុន តាំងនៅខាងមុខ វាមិនគ្រប់គ្រាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរនោះទេ។ ពេលបច្ចុប្បន្ន ទីក្រុងរណបមិនទាន់មានទីប្រជុំជន ដោយសារជំងឺកូវីដ-១៩រាលដាល ក៏ត្រូវបានផ្អាកគម្រោងសាងសង់ខ្លះៗ។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ | ទោះបីជាសាងសង់មិនទាន់អស់ ក៏ទីក្រុងរណបរបស់ក្រុមហ៊ុន 7NG នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទទួលភ្ញៀវទេសចរជាច្រើននាក់ នៅថ្ងៃចុងសប្ដាហ៍ មុនមេរោគកូរ៉ូណារាលដាល។ |
ថ្ងៃនេះសារព័ត៌មាន ThmeyThmey25 សូមចែករំលែកពីបច្ចេកទេសដាំជីអង្កាមក្នុងផើងងាយៗ ពីលោក ហេង សំអឿន ដែលបានអនុវត្តវិធីនេះផ្ទាល់ និងទទួលបានជោគជ័យ។ បើតាមលោក ហេង សំអឿង ដើម្បីដាំជីអង្កាមក្នុងផើងដំបូងត្រូវយកដី ធ្យូង និងអង្កាម លាយជាល្បាយដាក់ក្នុងផើងសម្រាប់ផ្សាំដើម្បីឲ្យដីធូរល្អមិនជាំទឹក និងងាយចាក់ឫស។ បន្ទាប់ពីរៀបចំដីរួចហើយត្រូវកាត់យកដើមជីដែលមានត្រួយប្រវែង១តឹក ហើយត្រូវបេះស្លឹកផ្នែកក្រោមចេញទុកត្រឹម៣ត្រួយ។ បន្ទាប់កាត់ត្រួយជីអង្កាមរួច យើងយកទៅកប់ក្នុងផើងប្រវែង ២ថ្នាំងដៃរួចស្រោចទឹក។ សម្រាប់ទំហំផើងយើងអាចជ្រើសរើសតាមតម្រូវការ។ បន្ទាប់ពីដាំរួចត្រូវយកថង់ប្លាស្ទិកគ្របលើផើង និងជីអង្កាម រួចចងមាត់ថង់ជាប់ផើង រួចយកទៅទុកក្នុងម្លប់ដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ រយៈពេល២សប្ដាហ៍(ប៉ុន្តែថង់ដែលយកទៅគ្របត្រូវចោះរន្ធ ៥ ទៅ៦កន្លែងដើម្បីឲ្យខ្យល់ចេញចូល។ រយៈពេល ២សប្ដាហ៍បន្ទាប់ពីគ្របថង់ត្រូវដកថង់ចេញ និងទុកជីនៅកន្លែងដដែល ដើម្បីស៊ាំនឹងបរិយាកាស ហើយត្រូវស្រោចទឹកមួយថ្ងៃ២ដងនៅពេលព្រឹកនិងពេលល្ងាច។ លោក សំអឿន បញ្ជាក់ថា ក្នុងរយៈពេលនេះយើងអាចបំបែកដាំក្នុងផើងថ្មី និងអាចបេះសម្រាប់ប្រើការបាន។ ក្រៅពីចែករំលែកវិធីសាស្រ្តដាំជីអង្កាម លោក ហេង សំអឿន ក៏ចែករំលែកពីការធ្វើជីទឹកស្រោចលើដំណាំដែលអាចឲ្យដំណាំលូតលាស់បានល្អផងដែរ។ សម្រាប់គ្រឿងផ្សំមានដូចជា ពងមាន់១គ្រាប់, កាពិ១ ស្លាបព្រាបាយ,ប៊ីចេង១ស្លាបព្រាបាយ,ភេសជ្ជគោជល់២គម្រប។ បន្ទាប់មកត្រូវកូរល្បាយទាំងនោះឲ្យរលាយចូលគ្នា រួចយកទៅលាយទឹកចំនួន ២០លីត្រ។ ចំពោះការប្រើប្រាស់ជីទឹកលើជីអង្កាម អាចដួសស្រោចលើជីឲ្យជោគ ក្នុងមួយសប្ដាហ៍ម្ដង ឬរយៈពេល៣ថ្ងៃស្រោចម្ដង។ សម្រាប់ជីទឹកនេះអាចស្រោចលើបន្លែ និងដំណាំផ្សេងៗដូចជា ជី ស្លឹកគ្រៃ ម្ទេស ប៉េងប៉ោះ ជាដើម ដែលកសិករអាចប្រើប្រាស់បានចៀសវៀងការប្រើប្រាស់ថ្នាំគីមីដែលប៉ះពាល់ដល់សុខភាពចំពោះអ្នកប្រើប្រាស់និងអ្នកបរិភោគ៕ | ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃពលរដ្ឋគួរបង្កើនការដាំដុះដោយខ្លួនឯងដូចជា ជី ម្ទេស ស្លឹកគ្រៃ ជាដើមដែលជាតម្រូវការប្រចាំថ្ងៃ។ លោក-អ្នក អាចជ្រើសវិធីសាស្ដ្រដាំដុះងាយៗដែលមិនចាំបាច់ត្រូវការបរិវេណធំទូលាយនោះទេ ដូចជាការកែច្នៃរបស់ចាស់ៗមកដាំ ឬដាំក្នុងផើងជាដើម។ |
អ្នកនិពន្ធវ័យ២៣ឆ្នាំ រូបនេះ បានអះអាងថា ការប្រើប្រាស់ភាសាបែបកំប្លែងនៅបទ «មាន់ស្រែ» ដែលបកស្រាយដោយតារាចម្រៀង «រាប៊ី» ដើម្បីបម្រើការកម្សាន្តសប្បាយប៉ុណ្ណោះ។យ៉ាងណាក្រៅពីបទចម្រៀងចង្វាក់រាំបែបយុវវ័យ លោក ស៊យ រតនា ដែលបម្រើការឲ្យផលិតកម្ម Town បាននិពន្ធនូវបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរមួយចំនួនផងដែរ។ នេះគឺជាកិច្ចសម្ភាសរបស់កញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោក សយ រតនា អ្នកនិពន្ធប្រចាំនៅផលិតកម្ម Town ៖ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | អ្នកនិពន្ធបទមាន់ស្រែ លោក សយ រតនា បានឲ្យដឹងថា លោកមិននឹកស្មានថា បទចម្រៀង Remix របស់លោកមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមយុវវ័យ និងរហូតដល់តារាល្បីៗថៃបាន Cover ចង្វាក់រាំតាម។ |
ខាងក្រោមនេះ ជាកិច្ចសម្ភាសខ្លី រវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ ជាមួយ កញ្ញា ម៉ាឌីណា ជំនួយការម្ចាស់ក្រុមហ៊ុន Classic ដែលប្រែសម្រួលដោយអ្នកស្រី ណែត។ សូមអញ្ជើញស្តាប់ដូចតទៅ៖ ( MERCEDES-BENZ SLR McLaren 2005 ) (FORMULE 2 PG racing 1994) (AMILCAR Pégase 1935) (BUGATTI type 50 1931) (CADILLAC Brougham 1986) (CADILLAC Sixty Special 1959) (CADILLAC Sixty Special 1965) (CHEVROLET Corvette 7 2014) (CHEVROLET Impala 1965 ) (CHEVROLET Stepside 3100 Kustom 1959) (CHRYSLER Plymouth Prowler 1997) (FERRARI 360 Modena 2000) (FORD GT 2004) (LAMBORGHINI Huracán 2014) (MERCURY Marquis 1967) (PORSCHE 356 1964) | ព្រះសីហនុ៖ ក្រុមហ៊ុន Classic ដែលមានទីតាំង នៅតំបន់ Vitory Hill ខាងលើឆ្នេរជ័យជម្នះ ក្នុងខេត្តព្រះសីហនុ បានប្រមូលទិញរថយន្ត និងទោចក្រយានយន្តបុរាណៗដើម្បីដាក់លក់ ឬជួល។ នៅពេលទៅសម្ភាស កញ្ញា ម៉ាឌីណា ជំនួយការម្ចាស់ក្រុមហ៊ុននេះ នាយយ៉ាន នៃសារព័ត៌មានថ្មីៗ បានឃើញរថយន្តចំនួន២២គ្រឿង និងម៉ូតូខ្លះទៀតនៅជាន់ក្រោមនៃអគារ ដែលវាត្រូវបាននាំចូលពីសហរដ្ឋអាមេរិក អ៊ីតាលី អាល្លឺម៉ង់ និងរុស្ស៊ីជាដើម។ ទោះបីជារថយន្ដទាំងអស់នេះ ធ្លាប់បានប្រើប្រាស់រួច និងមានអាយុយូរឆ្នាំហើយក៏ដោយ ក៏វាមានតម្លៃថ្លៃៗដែរ គឺចាប់ពី ៦ម៉ឺនដុល្លារទៅ ៣៥ម៉ឺន ដុល្លារអាមេរិក និងថ្លៃជាងនេះផងក៏មាន។ |
កម្ពុជា និងឥណ្ឌា ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន បន្ទាប់ពីលោកស្រី ស៊ុលម៉ា ស្វារ៉ាច រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា មកធ្វើទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី កម្ពុជានិងឥណ្ឌា បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន២។ ឯកសារសំខាន់ទី១ គឺឥណ្ឌា យល់ព្រមទទួលការអភិរក្ស និងជួយជួសជុលប្រាសាទព្រះវិហារ។ ឯកសារទី២ គឺឥណ្ឌា និងកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសកម្ពុជា និងវិទ្យាស្ថានកិច្ចការបរទេស នៃក្រសួងការបរទេសឥណ្ឌា។ លើសពីនេះ រដ្ឋាភិបាលឥណ្ឌា ក៏បានផ្តល់ជំនួយលើវិស័យដទៃទៀតដែរ រួមមានការអភិវឌ្ឍធនធានទឹក គម្រោងកសាងខ្សែបញ្ជូនអគ្គិសនី ការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានខាងលើដដែល។ ក្រៅពីការចុះហត្ថលេខាលើឯកសារ និងការផ្តល់ជំនួយទាំងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង២ ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម, ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស, ទេសចរណ៍, វប្បធម៌, សុខាភិបាល ថាមពល និងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង២ ដូចជា ការរក្សាសន្តិភាពអន្តរជាតិ និងការដោះមីន ជាដើម។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងការបរទេសទាំង២ ក៏ឯកភាពគ្នា និងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធរៀងខ្លួន ឲ្យពន្លឿនកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការវិនិយោគទ្វេភាគី។ ជាពិសេសរដ្ឋមន្ត្រីទាំង២ បានគូសបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំង២។ ឆ្លើយតបនឹងលទ្ធផលផ្លែផ្កាខាងលើ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណរដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយកម្ពុជាកន្លងមក។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្វាគមន៍លើកិច្ចពិភាក្សារបស់លោកស្រី ជាមួយលោក ប្រាក់ សុខុន ស្តីអំពីការតភ្ជាប់ផ្លូវអាកាសនៃប្រទេសទាំង២ និងគម្រោងទទួលផលរហ័ស។ ប្រមុខរដ្ឋាភិបាលកម្ពុជា យល់ឃើញថា គម្រោងទទួលផលរហ័សនេះ គឺជួយដោះស្រាយដល់ប្រជាជនកម្ពុជា ជាពិសេសនៅពេលដែលកម្ពុជា កំពុងមានគ្រោះទឹកជំនន់។ គម្រោងនេះ អាចជួយ ក្នុងការស្តារអណ្តូងទឹក ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យ ជាដើម ដែលបានទទួលរងគ្រោះទឹកជំនន់៕ | ភ្នំពេញ៖ ឥណ្ឌា បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ក្នុងការជួយជួសជុលប្រាសាទព្រះវិហារ និងជួយអភិវឌ្ឍលើវិស័យផ្សេងៗទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយ ក្រោយពីការបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ស៊ុលម៉ា ស្វារ៉ាច រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា។ |
«ខ្ញុំជឿជាក់ថាវាជាបំណងប្រាថ្នារបស់កីឡាករជាច្រើនដើម្បីបានទៅលេងនៅ Real Madrid ប៉ុន្តែពេលនេះខ្ញុំសប្បាយចិត្តនៅជាមួយ PSG»។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល វ័យ២៧ឆ្នាំប្រាប់ទូរទស្សន៍ Globo បែបនេះ កាលពីថ្ងៃទី៣ ខែមីនា ។ ប៉ុន្តែយ៉ាងណារូបគេក៏បាននិយាយបើកផ្លូវសម្រាប់ Real ថា ថ្ងៃអនាគតអ្វីៗអាចនឹងធ្វើទៅបាន។ Neymar និយាយបែបនេះក្រោយមានពាក្យចចាមអារ៉ាមពីការផ្ទេរទៅកាន់ក្លិបយក្ស Real Madrid។ Neymar បានក្លាយជាកីឡាករបាល់ទាត់មានតម្លៃខ្លួនថ្លៃបំផុតលើលោក ក្រោយចាកចេញពី Barcelona ទៅចូលរួមជាមួយក្លិបយក្សបារាំងកាលពីឆ្នាំ២០១៧។ សព្វថ្ងៃរូបគេកំពុងស្នាក់នៅប្រទេសប្រេស៊ីលដើម្បីព្យាបាលរបួសស្របពេលមានទំនាក់ទំនងទៅនឹងការផ្លាស់ទៅកាន់ក្របខណ្ឌ La Liga វិញទៀតផង។ Neymar ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទៅកាន់ទឹកដី Santiago Bernabeu ដើម្បីជំនួសតំណែង Cristiano Ronaldo ដែលទៅចូលរួមជាមួយ Juventus ដើមរដូវកាលនេះ។ បើទោះជាបង្ហាញពីការពេញចិត្តជាមួយក្រុម PSG តែអតីតសមាជិកក្រុម Sao Paulo រូបនេះបានរៀបរាប់ពីលទ្ធភាពនៃការចូលរួមជាមួយ Real ដែលជាអតីតក្រុមគូប្រជែងរបស់ខ្លួនផងដែរ។ Neymar ប្រាប់ Globo ថា«ប្រសិនបើខ្ញុំចង់លេងឲ្យ Real Madrid? ពួកគេគឺជាក្លិបធំជាងគេបំផុតនៅក្នុងពិភពលោក»។ «ខ្ញុំមានអារម្មណ៍រីករាយនៅប៉ារីស ខ្ញុំពិតជាចូលចិត្តទីនេះណាស់ ... ប៉ុន្តែនៅថ្ងៃអនាគតគ្មាននរណាម្នាក់ដឹងទេ។ ជាការពិតណាស់ Real ជាក្រុមដ៏អស្ចារ្យមួយក្នុងចំណោមក្រុមល្អបំផុតលើពិភពលោក ហើយខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះពួកគេ ប៉ុន្តែថ្ងៃនេះខ្ញុំដឹងខ្លួនឯងច្បាស់ថានៅជាមួយ PSG»។ ក្រៅពី Real Madrid ក៏មានព័ត៌មានចចាមអារ៉ាមថា Neymar ក៏កំពុងទាក់ទងទៅនឹងការវិលត្រលប់ទៅកាន់ក្រុមចាស់ Barcelona វិញផងដែរ៕ | មិនទាន់មានព័ត៌មានផ្លូវការណាមួយ ទាក់ទងនឹងការចរចាទិញដូរកីឡាករខ្សែប្រយុទ្ធឆ្នើម Neymar ពីក្លិប Paris Saint-Germain ទៅក្លិប Real Madrid នៅឡើយទេ ខណៈកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ហាក់បង្ហាញបំណងបើកផ្លូវឲ្យក្លិបយក្សនៅអេស្បាញដែរ។ |
ការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៣ ដែលធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៤ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានអ្នកចូលរួមសរុប ចំនួន២០៨នាក់ ក្នុងនោះ កីឡាករ ៨៩នាក់, កីឡាការិនី ៣៥នាក់, ប្រតិភូដឹកនាំ ៩នាក់ និងមន្ដ្រីដឹកនាំ ៦០នាក់។ កីឡាករ-កីឡាការិនីទាំងនោះ មកពីបណ្ដាល ៩សមាគម-ក្លិប នៃកីឡាជឺជិតស៊ូ មានដូចជា៖ សមាគមកីឡាជឺជីតស៊ូ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, សមាគមកីឡាជឺជីតស៊ូ ក្រសួងមហាផ្ទៃ, សមាគមកីឡាជឺជីតស៊ូ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, ក្លិបគីរីជឺជីតស៊ូ (KIRI JIU JITSU), ក្លិបឱកាសប្រ៊ូជីក (AOKAS PROJECT), ក្លិបនាគរាជជឺជីតស៊ូ (NEAK REACH JU JITSU), ក្លិបម៉នស្ទើវ៉ាយវ៉េកតូរី (MONSTER FIGHT FACTORY), ក្លិបចតុមុខជឺជីតស៊ូ (CHAKTOMUK JU JITSU) និងក្លិបស្ទឺងត្រែងយូដូ។ ឆ្លងកាត់ការប្រកួតពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៣ សមាគមកីឡាជឺជីតស៊ូ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទទួលបានចំណាត់ថ្នាក់ទី១ ដោយដណ្ដើមបានមេដាយសរុប៨ ក្នុងមាស៥ ប្រាក់១ និងសំរិទ្ធ២ តាមពីក្រោយដោយ ក្លិបគីរីជឺជិតស៊ូ មេដាយមាស៤ ប្រាក់៦ និងសំរិទ្ធ១២។ ចំណាត់ថ្នាក់ទី៣ បានទៅលើសមាគមកីឡាជឺជីតស៊ូមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មេដាយមាស៣ ប្រាក់៣ សំរិទ្ធ១ និងចំណាត់ថ្នាក់លេខ៤ ក្លិបចតុមុខជឺជីតស៊ូ ដណ្ដើមបានមេដាយមាស៣, ប្រាក់២ និងសំរិទ្ធ៨។ រីឯចំណាត់ថ្នាក់លេខ៥ ក្លិបម៉នស្ទើវ៉ាយវ៉េកតូរី ដណ្ដើមបានមេដាយមាស២ ប្រាក់១ និងសំរិទ្ធ៣ ខណៈក្លិបស្ទឹងត្រែងយូដូ លេខ៦ ដណ្ដើមបានមេដាយមាស២ និងសរិទ្ធ១។ លេខ៧ បានទៅសមាគមកីឡាជឺជីតស៊ូ ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយប្រាក់៥ និងសំរិទ្ធ៧ រីឯ លេខ៨ ក្លិបឱកាសប្រ៊ូជីក មេដាយប្រាក់១ សំរិទ្ធ៤។ ដោយឡែក ក្លិបនាគរាជជឺជីតស៊ូ មិនដណ្ដើមបានមេដាយណាមួយឡើយ។ លោក ជឹម ធារ៉ា បានថ្លែងក្នុងពិធីបិទការប្រកួតនេះថា ចំនួននៃអ្នកចូលរួមប្រកួត មានការកើនឡើងជាងមុន បើធៀបទៅឆ្នាំ២០២២ ដែលជាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១។ ជាមួយនៃការកើនឡើងនៃអ្នកចូលរួម អគ្គហេរញ្ញិករូបនេះ សង្កេតឃើញថា សមត្ថភាពរបស់អត្ដពលិកចូលរួមទាំងអស់មានការរីកចម្រើនខ្លាំង ហើយការរីកចម្រើនេះ គឺដោយសារពួកគេប្រឹងប្រែងហ្វឹកហាត់ គួបផ្សំមានគ្រូបច្ចេកទេស និងគ្រូបង្វឹកដែលមានគុណភាព ក្នុងការបង្វឹក ផងដែរ៕ | សមាគមកីឡាជឺជីតស៊ូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយមាសចំនួន៥ ដែលជាចំនួនច្រើនជាងគេ ពីការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៣។ លោក ជឹម ធារ៉ា អគ្គហេរញ្ញិករងសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា យល់ថាសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនី រីកចម្រើនជាងលើកទី១ ដោយសាតែអ្នកទាំងនោះ ទទួលបានបទពិសោធន៍ពីការចូលរួមប្រកួតជាច្រើន រួមផ្សំនិងគ្រូបង្វឹកមានបទពិសោធន៍ និងទេពកោសល្យក្នុងការបង្ហាត់។ |
ឃុំទាំង៩នោះមានឃុំ ជប់តាត្រាវ (ស្រុកអង្គរធំ), ឃុំលាងដៃ (ស្រុកអង្គរធំ), ឃុំត្បែង (ស្រុកបន្ទាយស្រី), ឃុំគោគធ្លកក្រោម(ស្រុកសូទ្រនិគម), ឃុំកំពង់ឃ្លាំង(ស្រុកសូទ្រ- និគម), ឃុំស្នួល (ស្រុកក្រឡាញ់), ឃុំស្លែងស្ពាន (ស្រុកស្រីស្នំ), ឃុំរើល (ស្រុកពួក), ឃុំប្រាសាទ (ស្រុកវ៉ារិន)។ គ្រួសារចំនួន១៩៣២គ្រួសារស្ថិតក្នុងស្ថានភាពក្រីក្រកម្រិត១នៅក្នុងឃុំទាំង៩ខាងលើនិងប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីនប្រមាណ២០គ្រួសារនឹងទទួ-លបានកញ្ចប់អាហារនិងកញ្ចប់សុខភាពរួមមានអង្ករ ៣០ គក, ស្ករស ២ គក, អំបិល ២គក, ទឹកស៊ីអ៊ីវ គ្រឿងផ្សំអាហារ ត្រីខកំប៉ុង ម៉ាស់ សាប៊ូ លាងដៃនិងព័ត៌មានអប់រំអំពីការការពារជំងឺកូវីដ១៩។ ជំងឺរាតត្បាតកូវីដ១៩បានជះឥទ្ធិពលជាសកល ជាពិសេសខេត្តសៀមរាបប្រទេសកម្ពុជាកំពុងតែទទួលរងនូវបញ្ហាសេដ្ឋកិច្ចដោយសារប្រជាពលរដ្ឋភាគច្រើនបម្រើការងារក្នុងវិស័យទេសចរណ៍នៅតាមសណ្ឋាគារ រឺអ្នករត់ម៉ូតូកង់បីជាដើមដូច្នេះមនុស្សជាច្រើនបានបាត់បង់ការងារនិងគ្មានប្រាក់ចំណូលក្នុងកំឡុងកូវីដ១៩នេះ ។ ជំនួយទាំងនេះគឺជាផ្នែកមួយជួយដល់ជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិតជាពិសេសសម្រាប់អ្នកដែលត្រូវការជំនួយក្នុងកំឡុងពេលដ៏ពិបាកមួយនេះ ។ (អត្ថបទពាណិជ្ជកម្ម) | ចាប់ពីថ្ងៃទី១៤ខែតុលាដល់ខែវិច្ឆិកាឆ្នាំ២០២០ អង្គការហាតធូហាតកម្ពុជានឹង អនុវត្ត គម្រោងដើម្បី ឆ្លើយតបចំពោះផលប៉ះពាល់នៃជំងឺកូវីដ១៩ដែលគម្រោងមួយនេះគឺផ្តល់មូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កូយកា)ដើម្បីឧបត្ថម្ភសន្តិសុខស្បៀងដល់ប្រជាជនដែលងាយរងគ្រោះបំផុតនិងពង្រឹងការឆ្លើយតបចំពោះជំងឺរាតត្បាតក្នុងសហគមនៃខេត្តសៀមរាប។ ឃុំចំនួន៩ត្រូវបានជ្រើសរើសដោយមានការសហការជាមួយមន្ទីរផែនការខេត្តសៀមរាប។ |
បើតាមEDC តំបន់ភ្លើងដែលត្រូវផ្អាក មានតំបន់ភ្លើងក្នុងសង្កាត់កាកាប១ សង្កាត់ភ្នំពេញថ្មី ស្ទឹងមានជ័យទី២-ទី៣ សង្កាត់ដង្កោ និងសង្កាត់ចោមចៅទី១-ទី៣ នៅថ្ងៃទី២២ កុម្ភៈ។ ចំណែកថ្ងៃទី២៣ កុម្ភៈ មានតំបន់ភ្លើងក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់និរោធ សង្កាត់កំបូល សង្កាត់កន្ទោក និងនៅស្រុកអង្គស្នួល និងស្រុកស្អាង ខេត្តកណ្តាល។ រីឯតំបន់ភ្លើងក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់និរោធ និងសង្កាត់ចោមចៅទី១-ទី២ នឹងត្រូវផ្អាកប្រព័ន្ធភ្លើង នៅថ្ងៃទី២៤ កុម្ភៈ។ នេះបើតាមEDC៕ | ភ្នំពេញ៖ អគ្គិសនីកម្ពុជា(EDC) ផ្អាកចរន្តអគ្គិសនីបណ្តោះអាសន្ន៣ថ្ងៃ នៅក្នុងសង្កាត់ជាង១០នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-២៤កុម្ភៈ ដើម្បីជួសជុល និងដំឡើងបរិក្ខារថ្មី រួមទាំងរុះរើគន្លងខ្សែបណ្តាញសម្រាប់ដំណើរការពង្រីកផ្លូវ។ |
អាស៊ីតអ៊ុយរិកគឺជាផលិតផលកាកសំណល់មួយប្រភេទដែលជាធម្មតាត្រូវបានបញ្ចេញចោលពីក្នុងរាងកាយ។ ក្នុងករណីជំងឺរលាកសន្លាក់ហ្គោដ អាស៊ីតមួយនេះបារជាកើនឡើងក្នុងសន្លាក់មួយឬច្រើនជាប្រភេទគ្រីស្តាលតូចៗទៅវិញ។ បន្ទាប់មក វានឹងបង្កជារោគសញ្ញានៃជំងឺរលាកសន្លាក់ហ្គោដដែលជាធម្មតានឹងធ្វើឲ្យឈឺចាប់ និងហើមភ្លាមៗនៅជុំវិញសន្លាក់។ តាមការស្រាវជ្រាវមុនៗបានរកឃើញថា អាស៊ីតអ៊ុយរិកក៏ជាអង់ទីអុកស៊ីដង់ (ជួយការពារកុំឲ្យខូចខាតដល់កោសិកា) អ្នកស្រាវជ្រាវជាច្រើនចង់ដឹងថាតើអាស៊ីតអ៊ុយរិកអាចការពារជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរឬអត់? អ្នកស្រាវជ្រាវបានប្រើប្រាស់ព័ត៌មានពីទិន្នន័យរបស់អង់គ្លេសដែលមានអ្នកជំងឺច្រើនជាង ៣,៧លាននាក់។ ពួកគេបានផ្គូផ្គងអ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅដែលមានជំងឺរលាកសន្លាក់ហ្គោដ ហើយតាមដានពួកគេជាមធ្យម ៥ឆ្នាំដើម្បីចង់ដឹងថាតើថ្ងៃក្រោយមានជំងឺភ្លេចភ្លាំងពេលចាស់ជរាឬអត់។ ពួកគេបានបញ្ចូលនូវកត្តាជាច្រើននៅពេលវិភាគលទ្ធផលដូចជា ការប្រើថ្នាំ និងអាយុជាដើម។ ពួកគេបានរកឃើញ ៣០៩នាក់ពីអ្នកជំងឺរលាកសន្លាក់ហ្គោដ ៥៩២២៤នាក់ ដែលស្មើនឹង ០,៥ភាគរយ បានកើតជាជំងឺភ្លេចភ្លាំងពេលចាស់ជរា និងមាន ១៩៤២នាក់ក្នុងចំណោមអ្នកជំងឺដែលគ្មានជំងឺរលាកសន្លាក់ ២៣៨៨០៥នាក់ ដែលស្មើនឹង ០,៨ភាគរយ គឺមានការថយចុះការប្រឈមមុខរហូតដល់ ២៤ភាគរយឯណោះ។ ការសិក្សាមិនបានអះអាងថា ជំងឺរលាកសន្លាក់ហ្គោដគឺជាវិធីការពារជំងឺភ្លេចភ្លាំងពេលចាស់ជរាឡើយ ព្រោះតែមានកត្តាជាច្រើនអាចប៉ះពាល់ដល់លទ្ធផលនៃការសិក្សាដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់ The Independent បានឲ្យដឹងថា ជំងឺរលាកសន្លាក់ហ្គោដអាចជួយបង្ការជំងឺភ្លេចភ្លាំងពេលចាស់ជរាបាន។ អ្នកស្រាវជ្រាវគិតថា អាស៊ីតអ៊ុយរិកដែលបង្កជំងឺរលាកសន្លាក់ហ្គោដ ប្រហែលជាមានឥទ្ធិពលការពារជំងឺភ្លេចភ្លាំងពេលចាស់ជរាបាន។ |
ដើម្បីជាការការពារតម្លៃស្នូលនៃសង្គម អាជ្ញាធរចិនបានត្រួតពិនិត្យយ៉ាងតឹងរឹងនូវខ្លឹមសារណាដែលបានបង្ហោះលើបណ្តាញសង្គមពាក់ព័ន្ធ ដែលពួកគេជឿថាជាការវាយប្រហារបុគ្គល។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរចិនក៏បានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនជួយបង្រ្កាបបន្ថែមលើការជជែក ដែលមានខ្លឹមសារទាក់ទងនឹងពាក្យចចាមអារ៉ាម ឬជាពាក្យអសុរោះលើកីឡាអូឡាំពិកប៉េកាំង។ កាលពីថ្ងៃទី៦ ខែកុម្ភៈ គេហទំព័រដ៏ធំបំផុតរបស់ចិន Weibo ដែលស្រដៀងនឹង Twitter បានចាត់វិធានការលើគណនីអ្នកប្រើប្រាស់ប្រមាណ ២,៣០០ គណនី និងលុបការបង្ហោះជាង៧៣,០០០ ដែលប្រមាថអត្តពលិក ឬជាការជជែកដោយខុសច្បាប់។ នេះបើតាមទីភ្នាក់ងារ Reuters ។ «ការប្រកួតប្រជែងក្នុងកីឡាតែងតែមានឈ្នះនិងចាញ់ ប៉ុន្តែអ្នកគ្រប់គ្នាបានប្រយុទ្ធតទល់គ្នាដើម្បីតែការស្រលាញ់ចូលចិត្តរបស់ខ្លួន។ យើងធ្វើបែបនេះដើម្បីដាស់តឿនអ្នកគ្រប់គ្នាកុំឱ្យមានការរើសអើង និងការវាយប្រហារលើអត្តពលិកដោយចៃដន្យ។» គេហទំព័រ Weibo បានលើកឡើងបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះគេហទំព័រ Douyin ដែលជាស្រដៀងគ្នាទៅនឹងកម្មវិធី TikTok បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានលុបវីដេអូប្រមាណ៦,៧៨០ ដែលរួមទាំងការបញ្ចេញមតិនានា ហើយគណនីជាង៣៣១ ត្រូវបានលុបចេញ។ បណ្តាញសង្គម Douban និងគេហទំព័រចែករំលែកវីដេអូ Bilibili ក៏បានចេញសេចក្តីប្រកាសដែលចាត់វិធានការស្រដៀងគ្នានេះផងដែរ៕ | គេហទំព័របណ្តាញសង្គមរបស់ចិនធំៗពីររួមមាន Weibo និង Douyin បានបញ្ជាក់ថា ខ្លួនបានលុបការបង្ហោះសារជាច្រើនដែលវាយប្រហារអត្តពលិក ព្រមទាំងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាក់ទងអូឡាំពិកប៉េកាំង។ |
នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ុក ធាវី បានឲ្យដឹងថា ជំងឺឆែបមាត់ និងឆែបក្រអូម តែងកើតលើទារកពីកំណើត។ លោកថា ការវះកាត់ឆែបមាត់ គឺវះកាត់លើកុមារទាំងអស់ ដែលមានអាយុចាប់ពី៣ខែឡើងទៅ ប៉ុន្តែជំងឺឆែបក្រអូម ផលប៉ះពាល់លើសម្ផស្សមានតិចតួច តែអាចធ្ងន់ធ្ងរលើការនិយាយរបស់កុមារ។ លោកបន្ថែមថា ការវះកាត់ឆែបក្រអូម ត្រូវរង់ចាំដល់កុមារអាយុពី៩ខែ ដល់មួយឆ្នាំ រហូតពេលក្មេងដល់អាយុ៦ឆ្នាំ បើមិនដូច្នោះទេ កុមារអាចនិយាយមិនច្បាស់ ឬបញ្ចេញខ្យល់តាមច្រមុះ។ លោកវេជ្ជបណ្ឌិត ម៉ុក ធាវី បានបន្តថា តាមការស្រាវជ្រាវកន្លងមក គេបានរកឃើញមូលហេតុ ចម្បង ដែលបណ្តាលឲ្យកុមារមានជំងឺឆែបមាត់ និងឆែបក្រអូម។ បញ្ហាទាំងនោះរួមមាន ដូចជាកត្តាបរិយាកាសខាងក្រៅ ដូចជាការហូបចំណីអាហារមិនល្អ និងការលេបថ្នាំមួយចំនួន ដែលរាំងស្ទះដល់ការលូតលាស់ដល់ទារកនៅក្នុងផ្ទៃ និងមួយចំនួនទៀត គឺកង្វះវីតាមីន បេ៩។ ការវះកាត់ជំងឺឆែបមាត់ និងឆែបក្រអូម បានរួមចំណែកកាត់បន្ថយអត្រាបោះបង់សាលារបស់កុមារជាច្រើន។ របាយការណ៍ជាច្រើនបានរកឃើញថា កុមារឆែបមាត់ និងឆែបក្រអូម មានការខ្មាសអៀន មិនចង់ទៅសាលារៀន និងមិនមានមិត្តភក្តិ ពួកគេរស់នៅឯកោ។ តាមនាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការស្នាមញញឹមកម្ពុជា ក្នុងចំណោមទារកនៅលើពិភពលោកចំនួនមួយពាន់នាក់ មានម្នាក់ដែលកើតជំងឺឆែបមាត់ និងឆែបក្រអូម។ ដោយឡែក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ របាយការណ៍បានរកឃើញថា ទារកពី៥០០នាក់ ទៅ៧០០នាក់ មានម្នាក់កើតជំងឺនេះ ហើយកម្ពុជាក្នុងចំណោមទារក៥០០ ទៅ៦០០នាក់ មានម្នាក់មានបញ្ហាឆែបមាត់ និងក្រអូម៕ ចង់ដឹងច្បាស់ពីបញ្ហាឆែបមាត់ និងឆែបក្រអូម សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ម៉ុក ធាវី ដូចតទៅ «លោកវេជ្ជបណ្ឌិត ម៉ុក ធាវី» | សៀមរាប៖ អង្គការស្នាមញញឹមកម្ពុជា រួមនិងក្រុមគ្រូពេទ្យឯកទេសវះកាត់អង្គការ ស្មាញ អាស៊ី (Smile Asia) កំពុងធ្វើការវះកាត់ជំងឺឆែបមាត់ និងឆែបក្រអូម ដល់កុមារដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ តាមតួលេខ ចាប់ពីវះកាត់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ សីហា មានកុមារប្រមាណ ៤០០នាក់ហើយ ដែលទទួលបានការវះកាត់ឆែបមាត់ និងឆែបក្រអូម ដោយឥតគិតថ្លៃនេះ។ |
លោក Levy បានកាន់កាប់តំណែងជាប្រធានរបស់ក្លិបរហស្សនាមមានខ្នាយមាសតាំងពីឆ្នាំ ២០០១ ដោយលោកនិងក្រុមគ្រួសារបានវិនិយោគលើភាគហ៊ុនក្រុម Spurs ២៩,៨៨ភាគរយ ក្នុងក្លិប Spurs ENIC។ កាលពីរដូវកាលមុន មានអ្នកគាំទ្រមួយចំនួនបានទាមទារឱ្យលោក Levy ចុះចេញពីតំណែង ប្រធានក្លិបនេះ។ «ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការចាកចេញពី Tottenham ឡើយ ប៉ុន្តែខ្ញុំមានភារកិច្ចក្នុងការរក្សាឱ្យបាននូវអ្វីគ្រប់យ៉ាងដែលមនុស្សគ្រប់គ្នាចង់ផ្តល់ជូនមកកាន់ក្លិប។ វាមិនមែនអំពីខ្ញុំ តែវាគឺដើម្បីអ្វីដែលត្រឹមត្រូវសម្រាប់ក្លិប យើងមានភាគហ៊ុនចំនួន ៣០,០០០ ដែលកាន់កាប់ប្រហែល ១៣,៥ភាគរយ ហើយយើងនឹងដំណើរការក្លិបនេះឱ្យដូចទៅនឹងក្រុមហ៊ុនសាធារណៈអ៊ីចឹង។»។ លោក Levy បាននិយាយប្រាប់កាសែត Bloomberg បែបនេះ ខណៈលោកចង់លក់ហ៊ុនរបស់ខ្លួនមួយចំនួនប្រសិនមានអ្នកចង់បាន។ Spurs ហាក់រីកមុខមាត់ឡើងវិញសម្រាប់ដើមរដូវកាលថ្មីនេះក្រោយពេលតែងតាំងលោក Ange Postecoglou ជាគ្រូបង្វឹក។ ឆ្លងកាត់ការប្រកួត ៥លើកកន្លងមក Spurs ឈ្នះ ៤ និងស្មើ ១ ដែលបានជួយបន្ថយសម្ពាធទៅដល់លោក Levy ដែលជាប្រធានក្លិប ហើយក្រុមមិនដែលឈ្នះពានរង្វាន់អ្វីមួយរយៈពេលយូមកហើយ។ អ្នកគាំទ្រក្លិបបានធ្វើបាតុកម្មប្រឆាំង មុនពេលក្រុមបានប្រកួតយកឈ្នះលើក្រុម Manchester United ដោយការធ្វើបាតុកម្មប្រឆាំងនោះទៅលើការសម្រេចចិត្តដំឡើងតម្លៃសំបុត្រចូលទស្សនាការប្រកួតសម្រាប់រដូវកាល ២០២៣-២៤។ កាលពីដើមសប្តាហ៍នេះ លោក Levy ក៏ធ្លាប់បានចេញមុខនិយាយទៅកាន់អ្នកគាំទ្រម្តងរួចហើយថា ក្លិបបានសម្រេចចិត្តខុសដែលនាំយកគ្រូបង្វឹកធ្លាប់ឈ្នះពានមកដឹកនាំ ហើយធ្វើឱ្យក្លិបជួបបញ្ហា។ លោក Levy ដែលមានវ័យ ៦១ឆ្នាំ ក៏បានអះអាងដែរថា កាលពីមុនមានភាគីច្រើនបានបង្ហាញចំណាប់អារម្មណ៍លើក្លិប ក្រោយពេលដែលក្លិបបានប្តូរកីឡដ្ឋានថ្មីនៅក្នុងឆ្នាំ ២០១៩ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦២,៨៥០នាក់រួចមក៕ | លោក Deniel Levy ប្រធានក្លិប Tottenham Hotspur ថ្ងៃទី២១ ខែកញ្ញា បាននិយាយថាលោកនឹកបើកចំហ ដើម្បីលក់ភាគហ៊ុនលោកដែលមាននៅក្នុងក្លិប ប្រសិបបើមានការចាប់អារម្មណ៍ដ៏ល្អណាមួយដែលជួយដល់ផលប្រយោជន៍របស់ក្លិប។ |
អ្នកប្រយុទ្ធក្នុងទ្រុងជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលមានឈ្មោះបោះសំឡេងខ្លាំងលើសង្វៀន ONE Championship នឹងបង្ហាញខ្លួនម្តងទៀតក្នុងព្រឹត្តិការណ៍ ONE Warrior Series 4 ថ្ងៃទី២៨ ខែកុម្ភៈ នៅសិង្ហបុរី។ កីឡាករវ័យ ៣២ឆ្នាំដែលសព្វថ្ងៃមានទីលំនៅក្នុងរាជធានីភ្នំពេញ នឹងត្រូវតទល់ជាមួយកីឡាករ Devon Morris ដែលជាជំនួបដ៏ធំមួយ ក្នុងសង្វៀនធំប្រចាំតំបន់អាស៊ាននេះ។ Onyedikachi និយាយពីចំនុចខ្លាំងរបស់គូប្រកួតថា៖ «Morris គេមានបទពិសោធន៍ច្រើនគ្រាន់បើដែរ តែសម្រាប់ខ្ញុំគឺចូលចិត្តអ៊ីចឹង។ ខ្ញុំពេញចិត្តតទល់ជាមួយអ្នកខ្លាំងៗបែបនេះ។ ខ្ញុំជឿថាខ្ញុំអាចឈ្នះប្រកួតនោហ ហើយមិនបណ្តោយឲ្យឈ្នះត្រឹមពិន្ទុឡើយ»។ រីឯ Morris គឺជាកីឡាករតំណាងក្លិប Phuket Top Team ដែលបច្ចុប្បន្នរូបគេមានប្រវត្តិឈ្នះ ៧ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ត្រឹមទឹកទី១៦លើក និងឈ្នះពិន្ទុមួយលើក។ បើទោះមានប្រវត្តិប្រកួតល្អយ៉ាងនេះក្តី ប៉ុន្តែអ្នកលេងគុនចម្រុះនីហ្សេរីយ៉ាមកពីក្លិបប្រដាល់អាជីព «សិល្បៈ» ដែលមាន ចាន់ រតនា ជាគ្រូនោះ ថារូបគេមិនញញើតនឹងសាកថ្វីដៃជាមួយគ្រប់គូប្រកួតខ្លាំងៗបែបនេះឡើយ។ Onyedikachi ប្រាប់ពីអារម្មណ៍នៅមុនការប្រកួតនៅសិង្ហបុរីថា៖ «វាជាការប្រកួតដ៏ពិបាកមួយទៀតរបស់ខ្ញុំ ព្រោះត្រូវប្រឈមមុខជាមួយគូប្រកួតដែលមានកម្លាំងប្រហែលគ្នា។ អាចនិយាយថា ដូចគោព្រៃប៉ះគោព្រៃអ៊ីចឹង វាច្បាស់ជាផ្អើលសង្វៀនមិនខាន»។ Emmanuel Onyedikachi រហូតមកដល់ពេលនេះមានកំណត់ត្រាឈ្នះ ៣ដងជាប់ៗគ្នា ហើយចាប់ល្បីខ្លាំងពេលផ្តួលជើងខ្លាំងឥណ្ឌា Sandeep Kumar Dahiya ក្នុងទឹកទី១។ ក្រៅពីរវល់ហ្វឹកហាត់ពង្រឹងកម្លាំងបន្ថែម អ្នកប្រដាល់នីហ្សេរីយ៉ារូបនេះ ក៏មានភាពមមាញឹកខ្លាំងក្នុងជីវិតក្រៅសង្វៀនផងដែរ។ គាត់បានកសាងគ្រួសារផ្ទាល់ខ្លួន ដោយទើបបានរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ហើយបន្តិចទៀតជិតក្លាយជាឪពុកគេផងដែរ។ មួយរយៈចុងក្រោយនេះ មានរឿងជាច្រើនបានកើតឡើងក្នុងជីវិតរបស់គេផងដែរ ដែលធ្វើឲ្យ Onyedikachi ក្លាយជាមនុស្សផ្លាស់ប្តូរខុសពីមុនសឹងទាំងស្រុង។ បុរសម្នកា់នេះ នឹងក្លាយជាឪពុកគេហើយ ដូច្នេះវារឹតតែធ្វើឲ្យគេកាន់តែឆាបឆួលក្នុងការពង្រឹងអាជីពថែមទៀត។ សព្វថ្ងៃក្រៅពីអាជីពប្រដាល់ Onyedikachi ក៏ជាឯកអគ្គរាជទូតតំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា Awareness Cambodia។ អ្នកប្រដាល់រូបនេះ នឹងបោះជំហានដើរចូលទ្រុងប្រយុទ្ធម្តងទៀត ដោយមានការគាំទ្រពេញទំហឹងពីក្មេងៗ និងបុគ្គលិកនៅអង្គការដែលគោរពរាប់អានខ្លួន រួមជាមួយគ្រួសាររបស់គាត់ផងដែរ។ «ពេលខ្ញុំដើរចូលទ្រុង ខ្ញុំដឹងថាខ្ញុំវាយដើម្បីគ្រួសារ។ ខ្ញុំមិនវាយសម្រាប់តែខ្លួនឯងទៀតទេ តែគឺវាយដើម្បីកុមារក្រីក្រទាំងនោះ សម្រាប់គ្រួសារ និងសម្រាប់កូនរបស់ខ្ញុំដែរ»។ Emmanuel រៀបរាប់ពីជីវិតដ៏លំបាកវេទនាពេលមកដល់កម្ពុជាដំបូង ប៉ុន្តែគាត់ចង់យកឱកាសនេះបង្ហាញដល់ជនរួមជាតិកម្ពុជាទាំងអស់ថា អ្នកណាក៏អាចផ្លាស់ប្តូរជីវិតខ្លួនឯងបានដែរ បើសិនយើងចេះខិតខំតាំងចិត្ត ហើយចេះបណ្តុះស្មារតីវិជ្ជមានជានិច្ច។ Onyedikachi រំលឹកឃ្លាដែលគាត់ចូលចិត្តដូច្នេះថា៖«គ្រាន់តែពេលខ្ញុំគិតថាពិភពលោកទាំងមូលកំពុងលេងសើចនឹងខ្ញុំ ស្រាប់តែអ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំជឿថាឆ្នាំ ២០១៩ ជាឆ្នាំពិសេសបំផុតរបស់ខ្ញុំ»៕ | ដោយ៖ Matias Andres |
«ចក្រវាល» អានថា ច័ក-ក្រៈ វ៉ាល រីឯ «ចក្កវាឡ» អានថា ច័ក-កៈវាល។ ពាក្យនេះ មានន័យថា លោកធាតុ គឺភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោកទាំងមូល។ ភាសាអង់គ្លេស គឺ Universe។ ពាក្យដែលយើងតែងឮកន្លងមក មានដូចជា បវរកញ្ញាចក្រវាល (Miss Universe) ជាដើម។ រីឯសំណេរ ចក្កវាល ឬ ចក្រវាឡ មិនមានក្នុងវចនានុក្រមឡើយ៕ | «ចក្រវាល» ឬ «ចក្កវាឡ» គឺជាពាក្យដែលមានន័យដូចគ្នា ហើយត្រូវបានបញ្ជាក់ក្នុងវចនានុក្រមខ្មែរសម្តេច ព្រះសង្ឃរាជ ជួន ណាត។ |
មិនត្រឹមតែអ្នកមានកាយសម្បទាគ្រប់បរិបូណ៍ទេ ដែលមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែក៏មានជនមានពិការភាពដែរ ទាំងភ្នែក និងកាយសម្បទា។ ពិតណាស់ ពួកគេប្រាកដជាមានឧបសគ្គច្រើនជាងមនុស្សធម្មតា។ ជាជនមានពិការភាពភ្នែកតាំងពីកំណើត បុរសសម្បុរស្រអែម រាងខ្ពស់មួយរូប ដែលតទៅនេះយើងសូមផ្ដល់ឈ្មោះ ភត្រា ដល់គាត់។ ភត្រា មិនចង់បញ្ចេញអត្តសញ្ញាណឡើយ ដ្បិតអីគេខ្លាចថាគ្រួសារដឹង ហើយមានការព្រួយបារម្ភ។ បានចូលទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅវិមានពិភពថ្មីសែនសុខ កាលពីថ្ងៃទី១០ ខែឧសភា ភត្រា ត្រូវបានគេរៀបចំឱ្យស្នាក់នៅក្នុងសាលធំ ជាន់ផ្ទាល់ដី ជាមួយអ្នកជំងឺដ៏ទៃទៀត ប្រហែលខ្ទង់រយអ្នក ដែលសុទ្ធសឹងជាមនុស្សមានកាយសម្បទាពេញបរិបូណ៍។ មានវ័យ២៨ឆ្នាំ ភត្រា ដែលមកពីខេត្តកណ្ដាលនោះ បានអះអាងថា ខ្លួនហាក់មានការលំបាក សម្រាប់ការដើរទៅបន្ទប់ទឹក ដែលមានចម្ងាយឆ្ងាយ ពីកន្លែងសម្រាក។ ភត្រា ដែលជាតន្ត្រីករភ្លេងបុរាណ ពន្យល់បន្ថែមដូច្នេះ៖«លំបាកច្រើន តែធ្វើម៉េចអ្នកភ្នែកភ្លឺក៏គេលំបាកដូចតែខ្ញុំដែរហ្នឹង។ ប៉ុន្តែរឿងទៅបន្ទប់ទឹក សម្រាប់ខ្ញុំពិបាកខ្លាំងដែរ ព្រោះឆ្ងាយពីកន្លែងសម្រាកប្រហែលពី៥០ទៅ១០០ម៉ែត្រ។ ហើយខ្ញុំមានជំងឺរលាកតម្រងនោម ខ្ញុំត្រូវទៅបន្ទប់ទឹកញឹក ដូច្នេះខ្ញុំត្រូវពឹងមិត្តឱ្យគាត់ជូនខ្ញុំទៅ។ គាត់អត់ថាអីទេ ព្រោះគាត់យល់ពីខ្ញុំ ប៉ុន្តែខ្ញុំវិញទេ ដែលអាណិតគាត់ ព្រោះគាត់កំពុងតែសម្រាន្តលក់ ខ្ញុំដាស់គាត់រហូត»។ ក៏ជួបបញ្ហាលំបាករឿងបន្ទប់ទឹកដូចគ្នាដែរ លោក ចិត្រា ហាក់អួលដើមករ នៅពេលដែលលើកឡើងពីបញ្ហារបស់ខ្លួន។ ចិត្រា គឺជាឈ្មោះថ្មីរបស់បុរសមានផ្ទុកជំងឺកូវីដ-១៩ មួយរូប ដែលមានពិការភាពភ្នែកទាំងសងខាង នៅខេត្តព្រះសីហនុ។ បុរសរូបនេះ ក៏មិនចង់បង្ហាញឈ្មោះពិតរបស់ខ្លួនដែរ ព្រោះលោកខ្លាចថា ត្រូវបានគេរើសអើងក្រោយជាពីជំងឺកូវីដ-១៩ ហើយមុខរបររបស់គាត់ក៏អាននឹងប៉ះពាល់ដែរ។ ដ្បិតមានបន្ទប់ក្នុងសណ្ឋាគារ ដោយត្រូវស្នាក់នៅត្រឹមតែ៤នាក់ ព្រមទាំងមានបន្ទប់ទឹកនៅក្នុងនោះផងក៏ដោយចុះ ប៉ុន្តែ ចិត្រា ហាក់សៅហ្មងនឹងបន្ទប់ទឹកនេះខ្លាំង។ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ចិត្រា ថាលោកពិបាកប្រើបន្ទប់ទឹកខ្លាំង ព្រោះក្បាលបាញ់ទឹកអនាម័យខូច ហើយកន្លែងចុចទឹកសម្អាតបង្គន់ក៏ខូចដូចគ្នា។ បន្ថែមពីនោះ សម្ភារសម្អាតបន្ទប់ទឹកក៏គ្មាន ហើយលោកត្រូវសម្អាតចានបង្គន់ដោយដៃផ្ទាល់។ ចិត្រា ដែលមានកូន២នាក់ បានបញ្ជាក់ដូច្នេះ៖«ខ្ញុំត្រូវបើកគម្របធុងទឹកបង្គន់ ចុះឡើងរាល់ពេលប្រើបង្គន់ ខ្ញុំខ្លាចធ្លាក់បែក វាពិតជាពិបាកណាស់ សម្រាប់ខ្ញុំដែលជាជនពិការភ្នែក។ ខ្ញុំក៏ពិបាករឿងសម្អាតបង្គន់ដែរ ព្រោះខ្ញុំអត់មានសម្ភារសំអាតសោះ ខ្ញុំយកតែសាប៊ូលាងចាន និងសាប៊ូម្សៅមកតាមខ្លួន។ ពេលសម្អាតបង្គន់ ខ្ញុំដាក់សាប៊ូនៅនឹងដៃ ហើយខ្ញុំប៉ាតលើចានបង្គន់ ដុសលាងវាទៅ។ ខ្ញុំធ្វើបែបនេះ ខ្ញុំក៏ខ្លាចឆ្លងមេរោគដែរ តែបើយើងអត់សម្អាត ប្រឈមការឆ្លងរោគខ្លាំងជាងហ្នឹងទៀត»។ ហើយអ្វីដែលធ្វើឱ្យ បុរសពិកាភ្នែករូបនេះ បញ្ជាក់ទាំងអួលដើមកនោះគឺ៖« ខ្ញុំបានប្រាប់ពេទ្យ ពីបញ្ហានេះដែរ តែពេទ្យឱ្យខ្ញុំទៅសួរសន្តិសុខ ហើយខ្ញុំមិនដឹងថាសន្តិសុខនៅឯណាទេ។ ខ្ញុំក៏បានប្រាប់រឿងនេះ ទៅប្រធានសមាគមហើយដែរ តែរហូតមកដល់ថ្ងៃនេះ ក៏អត់ទាន់មានអ្នកណាមកដោះស្រាយបញ្ហានេះដែរ»។ តាមពិតទៅកូនស្រីប្រុសរបស់បុរសវ័យ៣៩ឆ្នាំ ចិត្រា ក៏មានផ្ទុកកូវីដ-១៩ដែរ ហើយពួកគេបានមកព្យាបាល និងស្នាក់នៅក្នុងបន្ទប់ជាមួយឪពុក។ បុរសដែលមានភរិយា ជាជនមានពិការភាពភ្នែកដូនគ្នារូបនេះ បញ្ជាក់ថាមូលហេតុដែលលោកមិនឱ្យកូនៗទាំងពីរដុសលាងបង្គន់ ព្រោះខ្លាចថាពួកគេសម្អាតមិនស្អាត។ អាចថាជាសំណាងល្អមួយដែរ សម្រាប់លោក ចិត្រា ដែលមានកូននៅក្បែរ ដោយអាចជួយជូនគាត់ទៅបើកថ្នាំ ដើរហាត់ប្រាណ និងទៅយកម្ហូបអាហារ ពុំនោះសោត លោកអាចនឹងត្រូវលំបាកខ្លាំងជាងនេះ។ លោក ចិត្រា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងសណ្ឋាគាររុងកាន តាំងពីថ្ងៃទី១០ ខែឧសភា ហើយកូនទាំងពីររបស់លោក ដែលមានផ្ទុកកូវីដ-១៩ ដូចគ្នាដែរនោះ ក៏បានរួមដំណើរស្របពេលនោះដែរ។ អះអាងថាខ្លួនមានជំងឺអាឡែកស៊ីបំពង់ក និងជំងឺច្រមុះប្រចាំកាយតាំងពីយូរមកហើយ លោក ចិត្រា ថា បច្ចុប្បន្នលោកមានអាការផ្ដាសាយធំ ប៉ុន្តែសុខភាពរបស់លោក មិនមានបញ្ហាអ្វីធំដុំឡើយ។ លោក ចិត្រា ពុំបានដឹងថាខ្លួន បានឆ្លងកូវីដ-១៩ ដោយរបៀបណា និងពីរនរណាឡើយ។ ប្រឡប់ទៅចាប់អារម្មណ៍លោក ភត្រា វិញ លោកជាមនុស្សដែលពិបាករឿងដំណេក ព្រោះប្លែកកន្លែង និងត្រូវរំខានដោយសំឡេងខ្លះផង។ ភត្រា មានការព្យួយបារម្ភខ្លាចសុខភាពរបស់ខ្លួន កាន់តែយ៉ាប់ជាងមុន ដ្បិតអីលោកបានដឹងថា អ្នកជំងឺភាគច្រើន បានធ្វើដំណើរចុះឡើងកន្លែងស្នាក់នៅ ដោយពុំសូវមានការប្រុងប្រយ័ត្នខ្ពស់។ កន្លែងស្នាក់នៅរាងហប់បន្តិច ហើយត្រូវស្ថិតនៅជិតផ្លូវដើរផង ភត្រា ភាគច្រើនទៅងូតទឹកនៅពេលយប់និងពេលព្រឹក ដើម្បីបញ្ចៀសការកកស្ទះ ព្រោះតែមានមនុស្សច្រើន។ ចំពោះគ្រែ ខ្នើយ ពូក កន្ទេល ភួយ និងមុងជាដើម លោកទទួលបានការឧបត្ថម្ភគ្រប់គ្រាន់។ ត្រូវរាវក្នុងបន្ទប់ទឹកដើម្បីរកកន្លែងបោកសម្លៀកបំពាក់ រាល់ពេលងូតទឹក លោក ភត្រា ពុំសូវបានដឹងច្បាស់ឡើយ ថាបន្ទប់ទឹកត្រូវបានសម្អាតជារៀងរាល់ថ្ងៃឬយ៉ាងណា។ ទោះជាយ៉ាងណា លោកថាការស្នាក់នៅរួមគ្នាច្រើន លែងអីនឹងមានចំណុចខ្វះចន្លោះ។ ចំពោះម្ហូបអាហារ លោក ភត្រា ថាមានបរិបូណ៍ ដោយគ្រប់ពេល តែងមានបង្អែមផង។ ស្នាក់នៅក្នុងផ្ទះល្វែងរួមគ្នាជាមួយមិត្តជាច្រើនរូប ភត្រា និងមិត្ត៩នាក់ផ្សេងទៀត បានកើតជំងឺកូវីដ-១៩ ដោយត្រូវមកព្យាបាលនៅមណ្ឌលជាមួយគ្នា ហើយពួកគេ ទទួលបានការឧបត្ថម្ភទឹកអាល់កុលនិងថ្នាំពេទ្យមួយចំនួន ពីសប្បុរសជន។ បើទោះបីជាមានការលំបាកខ្លះក៏ដោយចុះ ប៉ុន្តែ ភត្រា ពុំហ៊ានស្នើសុំដើម្បីបានទៅស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែក ដែលមានបន្ទប់ទឹកក្នុងនោះស្រាប់ឡើយ ព្រោះលោកយល់ឃើញថា ទាំងអស់គ្នាសុទ្ធតែជួបការលំបាក។ ឆ្លើយតបនឹងបញ្ហាខាងលើ លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឱ្យជនមានពិការភាពភ្នែកទូទាំងប្រទេស ថា លោកបានជូនដំណឹង ពីបញ្ហារបស់ជនមានពិការភាពភ្នែកទាំងពីរខាងលើ ទៅអាជ្ញាធរមានសមត្ថកិច្ចសរួចរាល់ហើយ។ ទោះជាយ៉ាងណា ចំពោះការជួយសម្រួលយ៉ាងណាមួយនោះ លោកក៏នៅពុំទាន់ទទួលបានដំណឹងដែរ។ លោក ចាប តូ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមរយៈតេលេក្រាមដូច្នេះ៖«ខេត្តព្រះសីហនុ ខ្ញុំបានទាក់ទងទៅឯកឧត្តម គួច ចំរើន រួចហើយ ដើម្បីសុំឱ្យគាត់ជួយសម្រួលពាក់ព័ន្ធនឹងបញ្ហាបន្ទប់ទឹកនោះ។ ចំណែកខាងភ្នំពេញ ខ្ញុំបានទាក់ទងទៅឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីសុំឱ្យគាត់បន្ថែមការយកចិត្តទុកដាក់ ដល់ជនមានពិការភាព។ សម្រាប់ការទៅបន្ទប់ទឹកញឹក គាត់(ភត្រា) អាចរកកន្ថោរ ព្រោះបើឱ្យយើងប្ដូរគាត់ទៅកន្លែងជិតបន្ទប់ទឹក អាចពិបាកដែរ។ ខ្ញុំក៏បានទាក់ទងទៅមន្ទីរសង្គមកិច្ច ដើម្បីអាចមានជាអំណោយផ្ដល់ជូនពួកគាត់ផងដែរ»។ ប្រធានសមាគមដែលមានវ័យ៣២ឆ្នាំ ចាប តូ ក៏បានអំពាវដល់ជនមានពិការភាព ទូទាំងប្រទេសត្រូវមានការការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់ការចម្លង។ បន្ថែមពីនោះ លោកក៏បានស្នើសុំដល់អ្នកមានកាយសប្បទាគ្រប់គ្រាន់ទាំងឡាយ សូមកុំធ្វេសប្រហែសខ្លួន ហើយទៅចម្លងជំងឺដល់អ្នកពិការ ព្រោះអ្នកពិការប្រាកដណាស់ថា នឹងជួបផលលំបាកខ្លាំងក្នុងពេលព្យាបាល។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានជនមានពិការភាពចំនួន៦នាក់ បានផ្ទុកជំងឺកូវីដ-១៩ ដោយ៤នាក់នៅរាជធានីភ្នំពេញ និង២នាក់នៅខេត្ត។ យ៉ាងណាក៏ដោយ ជនមានពិការភាពមួយចំនួន ដែលបានផ្ទុកជំងឺកូវីដ-១៩ នៅពុំទាន់ហ៊ានប្រាក់គ្រួសាររបស់ពួកគេឡើយ ព្រោះពួកគេមិនចង់ឱ្យគ្រួសារមានការព្រួយបារម្ភ៕ | ភ្នំពេញ៖ បន្ទប់ទឹកនៅឆ្ងាយពីកន្លែងសម្រាក ,ខ្វះសម្ភារសម្អាតបន្ទប់ស្នាក់នៅ និងបន្ទប់ទឹក ,ពិបាកធ្វើដំណើរចេញទៅយកអាហារ ទៅបើកថ្នាំ និងដើរហាត់ប្រាណជាដើម គឺជាផលលំបាករបស់អ្នកមានពិការភាពភ្នែក ខណៈពេលកំពុងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលចត្តាឡីស័ករួម។ |
សារធាតុសំខាន់របស់ខ្ញីគឺប្រេងដែលមានក្លិនក្រអូប, សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិហឺររបស់វា។ ឥទ្ធិពលរបស់ខ្ញីទៅលើការព្យាបាលគឺដោយសារជាតិហឺររបស់វា។ អ្នកអាចប្រើខ្ញីសម្រាប់ការព្យាបាលដូចជា៖ រកកលចង់ក្អួត, ក្អួត, ពុលពេលធ្វើដំណើរតាមយាន្តជំនិះ, ដំណើរវិលមុខ, ដំណើរចាញ់គភ៌របស់ស្ត្រី។ បាត់បង់ចំណង់បរិភោគអាហារ។ ឈឺពោះ, ការពិបាកក្នុងការរំលាយអាហារ, ហើមពោះ, និងឆ្អល់ពោះ។ ជួយសម្រួលលំហូរទឹកប្រមាត់។ ប្រឆាំងនឹងជំងឺផ្តាសាយ, ក្អក, និងក្តៅខ្លួន។ បន្ថយកូលេស្តេរ៉ុល សារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់។ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខ្ញីត្រូវបានគេប្រើប្រាស់ច្រើនបំផុតទាំងក្នុងម្ហូបអាហារនិងធ្វើជាថ្នាំព្យាបាល។ ការសិក្សាផ្នែកវេជ្ជសាស្ត្រថ្មីៗនេះបានអះអាងថា មនុស្សយើងប្រើខ្ញីធ្វើជាថ្នាំបំបាត់ហើមពោះ, បំបាត់រោគក្អក, ថ្នាំធ្វើឱ្យបែកញើស និងជួយការស្រូបយកជាតិថ្នាំផ្សេងទៀតសម្រាប់រាង្គកាយទាំងមូល។ |
នៅទីក្រុងប៉ារីស សាលាឧទ្ធរណ៍បារាំងបើកសវនាការកាលពីថ្ងៃអង្គារទី ៧ឧសភា ដើម្បីស្តាប់ពាក្យបណ្តឹងរបស់ស្រ្តីវៀតណាមម្នាក់ ដែលរងគ្រោះដោយសារសារធាតុគីមី ដែលយន្តហោះរបស់កងទ័ពអាមេរិកហោះបាចសាចនៅក្នុងសម័យសង្រ្គាមវៀតណាម។ ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ដូចជាជំងឺមហារីក និងមានកូនចៅកើតជំងឺគ្រប់គ្នា ដោយសារត្រូវទឹកថ្នាំគីមីស្រោចពីលើអាកាស កាលពីឆ្នាំ១៩៦៧ លោកស្រី Tran To Ngaតស៊ូដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិក ចំនួន១៤ ទៅតុលាការបារាំង ក្នុងបទចោទប្រកាន់ថា ថ្នាំគីមីរបស់ពួកគេបានប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនវៀតណាម ពី ២ទៅ ៤លាននាក់។ ស្រ្តីជនជាតិវៀតណាមបារាំង Tran To Nga តស៊ូ មិនចុះចាញ់ នៅចំពោះមុខក្រុមហ៊ុនអាមេរិកជាង១០ ដែលលោកស្រីចោទប្រកាន់ថា បានផលិត ផ្តល់ថ្នាំគីមី ពណ៌លឿងទុំ ទៅឲ្យទាហានអាមេរិក យកទៅទម្លាក់ បាចសាចនៅភាគខាងត្បូងវៀតណាម នៅក្នុងសម័យសង្រ្គាម។ នៅថ្ងៃអង្គារទី ៧ឧសភា ពាក្យបណ្តឹងរបស់លោកស្រី Tran To Ngaបានឡើងដល់តុលាការឧទ្ធរណ៍បារាំង បន្ទាប់ពីតុលាការជាន់ទាប (តុលាការនៅEvry) បានសម្រេច កាលពីឆ្នាំ២០២១ថា តុលាការបារាំងគ្មានសមត្ថភាព បើកការជំនុំជម្រះរឿងក្តីដែលមានក្រុមហ៊ុនអាមេរិកជាចុងបណ្តឹង។ នៅក្នុងការសម្រេចរបស់ខ្លួនកាលណោះ តុលាការជាន់ទាបបារាំងបានលើកឡើងពីអភ័យឯកសិទ្ធិដែលភាសាបារាំងហៅថា immunité de juridiction នៅបន្ទាប់ពីក្រុមហ៊ុនអាមេរិកអះអាងថា គេផលិតថ្នាំគីមី ទៅតាមការបញ្ជាទិញរបស់រដ្ឋាភិបាលអាមេរិក។ អភ័យឯកសិទ្ធិ immunité de juridiction ការពារប្រទេសមួយឲ្យរួចផុតពីការជំនុំជម្រះរបស់តុលាការប្រទេសមួយទៀត។ នៅឆ្នាំ ២០០៥ សមាគមជនរងគ្រោះវៀតណាមនៅអាមេរិកធ្លាប់បានដាក់ពាក្យប្តឹងក្រុមហ៊ុនផលិតថ្នាំគីមីកម្ចាត់ស្មៅ ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។ ប៉ុន្តែ តុលាការអាមេរិកមិនទទួលយកពាក្យបណ្តឹងក្នុងហេតុផលថា សារធាតុគីមី ពណ៌លឿងទុំជាថ្នាំគីមី កម្ចាត់ស្មៅ ប៉ុន្តែ មិនមែនជាអាវុធគីមី។ នៅក្នុងសវនាការកាលពីថ្ងៃអង្គារ មេធាវីតំណាងក្រុមហ៊ុនអាមេរិកBayer Monanto បានឡើងការពារសាជាថ្មីថា កិច្ចសន្យាជាមួយរដ្ឋាភិបាលអាមេរិកកាលណោះបានចងជាប់ដៃជើងរបស់ក្រុមហ៊ុន។ ប៉ុន្តែ មេធាវីរបស់លោកស្រីTran To Nga ដែលជាជនរងគ្រោះមិនយល់ដូច្នោះទេ ព្រោះថា ក្រុមហ៊ុនទម្លាក់កំហុសទៅលើទាហានអាមេរិក ដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។ យោងតាមសមាគមជនរងគ្រោះវៀតណាម ក្នុងរយៈពេល១០ឆ្នាំ ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧១ យន្តហោះរបស់ទាហានអាមេរិកបាចសាចទឹកលាយសារធាតុគីមី ពណ៌លឿងទុំ ដែលសំដៅដល់ពណ៌របស់ធុងថ្នាំគីមី ប្រមាណ៨០លានលីត្រទៅលើដីភូមិ ព្រៃ ជាង៤សែនហិចតា នៅភាគខាងត្បូងវៀតណាម។ ជាលទ្ធផល ប្រជាជនវៀតណាមពី ២ទៅ ៤លាននាក់រងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដោយសារ សារធាតុគីមីដែលគេប្រើជាទូទៅសម្រាប់កម្ចាត់ស្មៅ។ នៅក្នុងករណីរបស់លោកស្រីTran To Nga លោកស្រីត្រូវស្រោចទទឹកជោគដោយសារធាតុគីមី ធ្លាក់ពីលើមេឃ នៅពេលលោកស្រី មានអាយុ២៤ឆ្នាំ។ ដោយសារតែថ្នាំគីមីរបស់អាមេរិក លោកស្រីកើតមានជំងឺប្រចាំកាយ ដូចជារបេង មហារីក ចំណែកកូនស្រីរបស់លោកស្រីម្នាក់ស្លាប់នៅអាយុ១ខួបកន្លះ ដោយសារបេះដូងលូតលាស់មិនប្រក្រតី។ កូនស្រីពីរនាក់ទៀត និងចៅៗរបស់លោកស្រីសព្វថ្ងៃមានជំងឺប្រចាំកាយឈឺធ្ងន់ធ្ងរ។ បន្ទាប់ពីតស៊ូប្តឹង ក្រុមហ៊ុនអាមេរិកតាំងពីឆ្នាំ ២០០៥មក លោកស្រីTran To Nga ក្នុងវ័យ ៨២ឆ្នាំ មិនសូវរំពឹងខ្លាំងថា នឹងអាចយកឈ្នះលើក្រុមហ៊ុនអាមេរិកតាមផ្លូវតុលាការ។ ប៉ុន្តែ ទោះជាពងមាន់ត្រូវនឹងជល់ថ្ម លោកស្រីTran To Nga នៅតែមិនចុះចាញ់។ ដោយដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិក លោកស្រីចង់បានសំណងជំងឺចិត្តនិងទាញសញ្ញាអាសន្នពីគ្រោះថ្នាក់នៃថ្នាំពុលគីមី ដែលមិនត្រឹមសម្លាប់សត្វ កម្ចាត់ស្មៅ ប៉ុន្តែ វាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្ស៕ | ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា |
ដែកថែបម៉ាក V គឺមានរូបធាតុផ្សំដ៏ល្អបំផុត សម្រាប់សំណង់ដ៏រឹងមាំ និងមានសុវត្ថិភាពក្នុងការសាងសង់ ទាំងការសាង់សង់ជាលំនៅដ្ឋាន ស្ពាន និងអគារខ្ពស់ៗជាដើម។ ដើម្បីលើកទឹកចិត្តដល់អតិថិជនប្រើប្រាស់ និងដេប៉ូចែកចាយទាំងអស់ ដែលតែងទេជឿជាក់ និងគាំទ្រផលិតផលដែកថែប អ៊ីតាលីម៉ាក V ក្រុមហ៊ុនបានរៀបចំកម្មវិធីពិសេស គឺការផ្តល់ជូនរង្វាន់មហាសាល ជូនដល់អតិថិជន និងដៃគូចែកចាយ ដែកថែប អ៊ីតាលីម៉ាក V ទាំងអស់។ រង្វាន់មហាសាលនោះ រួមមាន៖ ១. រថយន្តធំ Ford Ranger ២០១៨ ចំនួន ២គ្រឿង ២. ម៉ូតូ Zoomer X ២០១៨ ចំនួន ៤០ គ្រឿង ៣. ទូរស័ព្ទដៃ iphone 8 Plus (៦៤G) ចំនួន ៤០រង្វាន់ ៤. និងស្រាបៀរ Barrley Blalck ចំនួន ១៥០០ កេស។ ដើម្បីចូលរួមចាប់យករង្វាន់មហាសាលពីដែកថែបអ៊ីតាលីម៉ាកV នេះ អតិថិជន ឬដៃគូ នឹងទទួលបានឆ្នោតផ្សងសំណាង១សន្លឹក រាល់ការជាវដែកថែបអ៊ីតាលីម៉ាក V SD295 និង V SD390 ចាប់ពីកន្លះតោនឡើងទៅ។ ការចាប់រង្វាន់មហាសាលយកម៉ូតូ Zoomer X ២០១៨, ទូរស័ព្ទ iphone 8 Plus (៦៤G) និងស្រាបៀរ Barrley Black នឹងប្រព្រឹត្តទៅ ជារៀងរាល់ខែ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ការចាប់រង្វាន់ ដោយបែងចែក អតិថិជនប្រើប្រាស់ និងដេប៉ូចែកចាយ។ ដោយឡែករង្វាន់ធំ Ford Ranger ២០១៨ នឹងប្រព្រឹត្តទៅ នៅខែកក្កដា និងខែធ្នូ ដោយធ្វើការចាប់បញ្ចូលគ្នាជាមួយអតិថិជន និងដេប៉ូទាំងអស់។ ដែកថែបអ៊ីតាលីម៉ាក V គ្រឹះនៃអនាគតដ៏រឹងមាំ! គិតពីសំណង់រឹងមាំ សូមគិតពីដែកម៉ាក វី (អត្ថបទពាណិជ្ជកម្ម) | ដែកថែបអ៊ីតាលីម៉ាក V ជាផលិតផលល្អនាំមុខគេ និងមានការផ្គតផ្គង់ធំជាងគេ នៅក្នុងតំបន់ ដែលផលិតដោយវិស្វករដ៏ជំនាញ និងប្រើប្រាស់ឧបករណ៍ទំនើបពីប្រទេសអ៊ីតាលី ដែលធ្វើឲ្យដែកថែបម៉ាក V ទទួលបានពានវង្វាន់ដែកល្អជាងគេលើពិភពលោក។ |
នៅក្នុងរបាយការណ៍ដំបូងនៃស្តីពីផលប៉ះពាល់របស់មីក្រូប្លាស្ទិកទៅលើសុខភាពមនុស្ស អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ទៅលើមីក្រូប្លាស្ទិកដែលមានចេញពីរ៉ូបីនេ និងក្នុងដបទឹក។ អង្គការសុខភាពពិភពលោក និយាយថា ទិន្នន័យនៃវត្តមានមីក្រូប្លាស្ទិកក្នុងទឹកបច្ចុប្បន្ន នៅមានកម្រិត ។ WHO បានអំពាវនាវទៅដល់ក្រុមអ្នកស្រាវជ្រាវឲ្យវាយតម្លៃឲ្យបានស៊ីជម្រៅចំពោះមីក្រូប្លាស្ទិក និងផលប៉ះពាល់ទៅលើសុខភាពរបស់មនុស្ស ព្រមទាំងបានជំរុញឲ្យកាត់បន្ថយការបំពុលដោយថង់ប្លាស្ទិកផងដែរ។ បើតាមរបាយការណ៍ដដែល មីក្រូប្លាស្ទិកដែលមានទំហំធំជាង ១៥០មីក្រូម៉ែត្រ គឺមិនត្រូវបានស្រូបចូលក្នុងខ្លួនរបស់មនុស្សឡើយ ប៉ុន្តែឱកាសនៃការជ្រាបចូលនៃចុណ្ណភាគមីក្រូប្លាស្ទិក ដែលតូចជាងនោះអាចមានកម្រិតខ្ពស់។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។ «ពួកយើងត្រូវតែជំរុញឲ្យមានការយល់ដឹងបន្ថែមចំពោះផលប៉ះពាល់របស់មីក្រូប្លាស្ទិក ព្រោះវាស្ថិតនៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងទឹកដែលយើងបរិភោគ។» នេះជាការលើកឡើងរបស់លោកស្រី Maria Neira ប្រធាននាយកដ្ឋានសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោក។ លោកស្រីបានបន្ថែមទៀតថា ពួកយើងក៏ត្រូវតែបញ្ឈប់កំណើននៃការបំពុលដោយប្លាស្ទិក ព្រោះនៅតែបញ្ហានេះបន្តមាន មីក្រូប្លាស្ទិក នឹងបង្កគ្រោះថ្នាក់ពាសពេញពិភពលោក។ ទាក់ទិនបញ្ហានេះ អ្នកជំនាញ បានណែនាំពីវិធីដែលអាចកាត់បន្ថយមីក្រូប្លាស្ទិកបានច្រើនជាង៩០ភាគរយពីក្នុងទឹកដោយការធ្វើចម្រោះ។ អង្គការសុខភាពពិភពលោកបានលើកឡើងថា វិធានការទាំងនេះ នឹងមានគុណប្រយោជន៍ទ្វេដង ព្រោះវាក៏នឹងដោះស្រាយបញ្ហានៃទឹកកខ្វក់ដោយច្រោះពពួកមីក្រុប ដែលជាភ្នាក់ងារបង្ករោគ និងសារធាតុគីមីដែលអាចបង្កឱ្យមានជំងឺរាគរូសដល់ស្លាប់ផងដែរ៕ ដោយ ឈួន ឈីវអ៊ីង | កម្រិតមីក្រូប្លាស្ទិកនៅក្នុងទឹកពិសាបច្ចុប្បន្ននេះ មិនមានគ្រោះថ្នាក់ចំពោះសុខភាពមនុស្សទេ ប៉ុន្តែក៏ត្រូវតែមានការស្រាវជ្រាវបន្ថែមទៅលើហានិភ័យនាពេលអនាគតដែរ។ នេះបើតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO)នាថ្ងៃទី២២ ខែសីហា។ |
លោក Zhang Yuhuan អាយុ ៥២ឆ្នាំ ត្រូវបានជាប់គុកដោយសារសម្លាប់ក្មេងប្រុស២នាក់ ក្នុងឆ្នាំ១៩៩៣។ ក៏ប៉ុន្តែលោកនៅបន្តអះអាងថា លោកត្រូវបានធ្វើទារុណកម្មដោយប៉ូលិស និងត្រូវបានបង្ខំឲ្យសារភាពទោសកំហុស។ បន្ទាប់ពីជាប់គុកអស់ជិត៣០ឆ្នាំ តុលាការជាន់ខ្ពស់ចិន បានប្រកាសនៅថ្ងៃទី ៤ ខែសីហា ថា លោក Zhang គ្មានទោស ដោយលើកឡើងថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការដាក់ទោសលើលោក។ «ក្រោយយើងបានសើរើឯកសារឡើងវិញ យើងបានរកឃើញថា គ្មានភស្តុតាងដោយផ្ទាល់ណាមួយ ដែលអាចបញ្ជាក់ពីទោសកំហុសរបស់លោក Zhang ឡើយ»។ តុលាការរបស់ប្រជាជនជាន់ខ្ពស់ខេត្តជាំងស៊ី ប្រកាសបែបនេះក្នុងសេចក្តីថ្លែងការណ៍ ដោយបន្ថែមថា៖«ដូច្នេះ លោក Zhang ស្អាតស្អំ»។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក Zhang គឺជាអ្នកទោសដែលត្រូវបានតុលាការកាត់ទោសខុស ហើយជាប់គុកច្រើនឆ្នាំជាងគេរបស់ប្រទេសចិន។ ម្យ៉ាងទៀត ដំបូងឡើយ បុរសចិនរូបនេះ ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងឆ្នាំ១៩៩៥ តែត្រូវប្ដូរទៅជាជាប់គុកពេញមួយជីវិតវិញ ក្រោយជាប់គុក២ឆ្នាំ។ ក្រោយបណ្ដឹងតវ៉ាបរាជ័យជាច្រើនលើក ចុងក្រោយ តុលាការខេត្តជាំងស៊ី កាលខែមីនាកន្លងទៅ បានយល់ព្រមសើរើសំណុំរឿងនេះឡើងវិញ។ បើតាម Xinhua សេចក្ដីថ្លែងការណ៍ខាងលើបន្តថា តុលាការអាចមិនអាចបញ្ជាក់ថា បាវ និងខ្សែដែលត្រូវបានរកឃើញនៅកន្លែងឃាតកម្ម ហើយកំណត់ថាជាឧបករណ៍ក្នុងឧក្រិដ្ឋកម្មនេះ មានជាប់ទាក់ទងនឹងលោក Zhang ឡើយ។ តុលាការបានសុំទោសលោក Zhang ចំពោះការកាត់ទោសខុសនេះ ខណៈមេធាវីរបស់លោក Zhang ប្រាប់កាសែតរដ្ឋចិន China Daily ថា កូនក្តីលោក នឹងប្ដឹងទាមទារសំណង។ លោក Zhang ថា លោកចង់ឲ្យអ្នកដាក់ទោសលោកខុស ដើម្បីឲ្យពួកគេទទួលខុសត្រូវចំពោះទង្វើនេះ៕ | បុរសចិនម្នាក់ ត្រូវបានតុលាការប្រកាសថាគ្មានទោសកំហុសក្នុងបទឧក្រិដ្ឋឃាតកម្មវិញ ក្រោយរូបគេបានចំណាយពេលក្នុងគុកអស់២៧ឆ្នាំរួចហើយនោះ។ តុលាការសុំទោស តែបុរសរូបនេះប្រកាសជំហរប្ដឹងទារសំណង។ |
តើមានអ្វីខ្លះទៅ? 1. សន្លឹកទី១ អ្នកគួរតែមានគោលដៅដែលជារបស់ខ្លួនឲ្យបានច្បាស់ ដោយមានគោលដៅក្នុងជីវិត រៀបផែនការឲ្យបានល្អ។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នករកមុខរបរដែលត្រូវ ថែមទាំងអាចរកឃើញស្វាមីដែលល្អទៀតផង។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់នៅយ៉ាងមានសុភមង្គល។ 2. សន្លឹកទី២ គឺមិត្តភក្តិ ដោយអ្នកគួរតែរៀបអានមិត្តភក្តិឲ្យបានច្រើន ទើបអ្នកមានផ្លូវដើរ។ នៅពេលដែលអ្នកជួបនឹងបញ្ហា មិត្តអ្នកទាំងនោះ នឹងអាចជួយអ្នកបាន។ ដូចនេះ អ្នកគួរតែចេះថែរក្សាមិត្តភាពឲ្យបានល្អ ទើបអាចរកឃើញផ្លូវដែលសម្បូរទៅដោយទ្រព្យ។ 3. សន្លឹកចុងក្រោយ គឺអ្នកគួរតែរក្សាចរិត និងអាកប្បកិរិយាឲ្យបានល្អ ដោយចេះគោរពអ្នកដទៃ មិនមើលងាយអ្នកដទៃ ទើបអាចធ្វើឲ្យអ្នកក្លាយជាទីស្រឡាញ់របស់អ្នកទាំងនោះ។ ដូចនេះ មិនថាអ្នកលំបាកបែបណាទេ អ្នកសុទ្ធតែអាចឆ្លងផុតទាំងអស់ ដោយសារតែចរិតល្អរបស់អ្នក៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីបៀរដែលនារីគួរតែមានក្នុងដៃ ដើម្បីអាចរកឃើញអនាគតដ៏ភ្លឺស្វាង។ |
អត្ថបទទាក់ទង UPR៖ កម្ពុជាអះអាងពីជំហរខ្លួនលើការគោរពសិទ្ធិ LGBT ទោះច្បាប់មិនទាន់ទទួលស្គាល់ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំលើកទី៣២នៃក្រុមការងារពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជុំទីបីសម្រាប់កម្ពុជានៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ រាល់ការរៀបរាប់ទាំងអស់របស់លោក កែវ រ៉េមី និងតំណាងបីរូបទៀតរបស់កម្ពុជា គឺសុទ្ធតែជាចំណុចវិជ្ជមាន និង បង្ហាញពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេស និងការលើកម្ពស់សិទ្ធិមនស្ស និងប្រជាធិបតេយ្យ។ និយាយដល់រឿងនេះ ប្រធានសិទ្ធិមនុស្សកម្ពុជា ក៏បានការពាររដ្ឋាភិបាល ចំពោះចំណាត់ការលើគណបក្សនយោបាយនាពេលកន្លងមក ជាពិសេសសំដៅលើគណបក្សប្រឆាំង។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«វិធានការផ្លូវច្បាប់ ប្រឆាំងនឹងគណបក្សនយោបាយ ដែលល្មើសនឹងច្បាប់ គឺជាដំណើរការធម្មតា នៅក្នុងប្រទេសប្រជាធិបតេយ្យ ដោយគោរពទៅតាមគោលការណ៍នីតិរដ្ឋ ដើម្បីពង្រឹងប្រជាធិបតេយ្យ រក្សាសន្តិភាព និងស្ថិរភាព»។ ចំណែក ចំណាត់ការលើស្ថាប័នសារព័ត៌មាន ដូជា វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និង កាសែតខេមបូឌា ដេលី រួមទាំងអង្គការ-សង្គមស៊ីវិលមួយចំនួនទៀត ក៏ត្រូវបានលោក អះអាងថា ដោយសារតែមិនគោរពច្បាប់ដូចគ្នា។ យ៉ាងណាក៏ដោយ លោក លើកឡើងថា រដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកម្ពស់ដៃគូជាអង្គការ-សង្គមស៊ីវិល នៅគ្រប់ទិដ្ឋិភាពនៃការអភិវឌ្ឍសង្គម។ លោក បន្តថា រដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់សិទ្ធិសេរីភាពរបស់សហជីព ដើម្បីការពារសិទ្ធិកម្មករ និងលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាននិងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ ក្រៅពីនេះ លោក កែវ រ៉េមី នៅឆ្លៀតបកស្រាយផងដែរ ពីការបោះឆ្នោតនៅកម្ពុជាក្នុងអាណត្តិទី៦នេះ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ លោក ប្រាប់ថា ការបោះឆ្នោតនេះ គឺត្រឹមត្រូវនិងយុត្តិធម៌ ដោយមានគណបក្សនយោបាយដល់ទៅ២០ ដែលបានចូលរួមប្រកួតប្រជែង។ លោក ក៏បានសរសើរដែរថា រដ្ឋាភិបាលកម្ពុជា ដឹកនាំប្រទេសដោយឈរលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ ហើយប្រជាជន រីករាយនឹងសុខសន្តិភាព។ មុននឹងបញ្ចប់ការថ្លែង លោកបានផ្ញើសារទៅកាន់តំណាងប្រទេសនានាក្នុងអង្គប្រជុំថា រដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការជាមួយនឹងអង្គការសហប្រជាជាតិ និងដៃគូផ្សេងទៀត ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស។ ប៉ុន្តែ លោក បានស្នើសុំឲ្យដៃគូអន្តរជាតិទាំងអស់ គោរពគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍សំខាន់ពីរ គឺ ការគោរពច្បាប់កម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួ នៅតែមើលកម្ពុជា ក្នុងផ្លូវអវិជ្ជមានដែរ ជាពិសេសផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលពុំមានវត្តមានគណបក្សប្រឆាំងធំជាងគេ និងការបន្តដាក់ប្រធានគណបក្សឲ្យស្ថិតក្នុងផ្ទះ រួមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត ត្រូវគេចខ្លួនទៅរស់នៅឯក្រៅប្រទេស។ ដោយសារតែរឿងទាំងអស់នេះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានលើកពីចំណាត់ការក្នុងការដាក់ទណ្ឌកម្មលើកម្ពុជា។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដកជំនួយផ្នែកការបោះឆ្នោតចេញពីកម្ពុជា រឹតបន្តឹងការផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា និងការបង្កកទ្រព្យសម្បត្តិមន្ត្រីកម្ពុជាមួយចំនួន។ ហើយថ្មីៗនេះ សហភាពអឺរ៉ុប ទើបនឹងសម្រេចយកពន្ធលើអង្ករកម្ពុជា។ លើសពីនេះ សហភាពអឺរ៉ុប កំពុងតែដំណើរការនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។ ចំណែកសមាជិកព្រឹទ្ធសភាអាមេរិកពីររូប ក៏កំពុងធ្វើច្បាប់ ដើម្បីឲ្យរដ្ឋាភិបាល អាមេរិក ពិនិត្យពីការដកប្រព័ន្ធអនុគ្រោះពន្ធដែរ ដែលហៅថាប្រព័ន្ធអនុគ្រោះពន្ធ GSP។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប រួមទាំងសហគមន៍អន្តរជាតិខ្លះទៀត ទាមទារឲ្យរដ្ឋាភិបាល កម្ពុជា កែប្រែឥរិយាបថ និងស្តារស្ថានការណ៍ឡើងវិញ។ លោក សម រង្ស៊ី និង អ្នកប្រឆាំង បានទាមទារដល់ទៅ៥ចំណុច ពីរដ្ឋាភិបាលកម្ពុជា គឺដោះលែងលោក កឹម សុខា, ទម្លាក់បទចោទចេញថ្នាក់ដឹកនាំទាំងអស់នៃអតីតគណបក្សប្រឆាំង, ឲ្យអតីតគណបក្សប្រឆាំង ធ្វើសកម្មភាពដូចមុន, ប្រគល់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យមន្ត្រីគណបក្សប្រឆាំងវិញ, និង បោះឆ្នោតសាជាថ្មី។ បន្ថែមពីលើការថ្លែងការពាររបស់ខ្លួននៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា កម្ពុជាទទួលបានអនុសាសន៍សរុប២០២ ពីបណ្តារដ្ឋចំនួន៧៣ ដែលក្នុងនោះអនុសាសន៍មួយចំនួនធំ គឺផ្តោតលើការកោតសរសើរ និងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍ស្ថានភាពសិទ្ធិមនុស្សកន្លងមក។ ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងដឹកនាំកិច្ចប្រជុំជាមួយគ្រប់បណ្តាភាគីពាក់ព័ន្ធដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់អំពីអនុសាសន៍ទាំងនោះ ដែលត្រូវយកមកអនុវត្ត និងបដិសេធ ឬកត់សម្គាល់ ហើយនឹងឆ្លើយតបវិញជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំពេញអង្គលើកទី៤១ នាខែកក្កដា ខាងមុខ៕ | ការចូលរួមកិច្ចប្រជុំពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទីបី ក្នុងក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាឱកាសល្អសម្រាប់កម្ពុជា ដែលត្រូវបកស្រាយពីបញ្ហាសិទ្ធិមនុស្សនិ ងការអនុវត្តច្បាប់នៅកម្ពុជា ខណៈកម្ពុជារងការរិះគន់ពីសហគមន៍អន្តរជាតិមួយចំនួនថា ដើរខុសគន្លងនីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ក្រោយការរំលាយគណបក្សប្រឆាំង និងការចាត់វិធាការលើស្ថាប័នសារព័ត៌មាននិងអង្គការ-សង្គមស៊ីវិលមួយចំនួន។ ប្រធានសិទ្ធិមនុស្សកម្ពុជា និងជាប្រធានប្រតិភូ បានប្រាប់តំណាងប្រទេសនានាក្នុងកិច្ចប្រជុំនោះថា អ្វីៗទាំងអស់ គឺរដ្ឋាភិបាលកម្ពុជាធ្វើទៅតាមផ្លូវច្បាប់។ |
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទម្លាប់ទូទៅបំផុតដែលធ្វើឲ្យខូចតម្រងនោម ៖ ១. ទទួលទានទឹកមិនបានគ្រប់គ្រាន់ ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់រាល់ថ្ងៃ នោះអ្នកកំពុងតែធ្វើឲ្យតម្រងនោមប្រឈមមុខនឹងគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភហើយ។ ដូចដែលបានដឹងហើយថា មុខងារដ៏សំខាន់នៃតម្រងនោម គឺបញ្ចេញចោលកាកសំណល់មេតាប៉ូលីកចេញពីប្រព័ន្ធរាងកាយ និងធ្វើឲ្យកោសិកាឈាមក្រហមក្នុងរាងកាយមានតុល្យភាព។ ដូច្នេះប្រសិនបើអ្នកទទួលទានមិនបានគ្រប់គ្រាន់ ដើម្បីរក្សា ឬសម្រួលដំណើរការនេះទេនោះ ជាតិពុលគ្រោះថ្នាក់ផ្សេងៗ គឺមិនអាចត្រូវបានបញ្ចេញចោលឡើយ ហើយវានឹងប្រមូលផ្ដុំពេញក្នុងឈាម ក៏ដូចជារាងកាយ។ ២. ទប់នោមយូរពេក ការនោម ឬបង្ហូរកាកសំណល់ចេញពីប្លោកនោម គឺត្រូវតែធ្វើឡើងដើម្បីរក្សាបាននូវតម្រងនោមដែលមាន សុខភាពល្អ។ នៅពេលអ្នកទប់នោមយូរពេកសឹងតែរាល់ថ្ងៃនោះ វាអាចនាំឲ្យកើតមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា បង្កើនសម្ពាធទឹកនោមក្នុងតម្រងនោម ឬហៅថា hydronephrosis ហើយអាចបណ្ដាលឲ្យខ្សោយតម្រងនោម ឬជំងឺរាកនោម។ ៣. ទទួលទានជាតិប្រៃច្រើនពេក ប្រសិនបើអ្នកទទួលទានជាតិប្រៃច្រើនលើសកម្រិតដែលរាងកាយត្រូវការនោះ វានឹងធ្វើឲ្យខូចតម្រងនោមជាក់ជាមិនខាន។ អំបិល ឬជាតិប្រៃមានផ្ទុកនូវជាតិសូដ្យូម ហើយការទទួលជាតិសូដ្យូមច្រើនពេកអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងផ្ដល់សម្ពាធខ្លាំងលើតម្រងនោម។ ដូច្នេះអ្នកមិនគួរទទួលទានអំបិលច្រើនជាង ៥.៨ ក្រាម ក្នុងមួយថ្ងៃឡើយ។ ៤. ទទួលទានគ្រឿងស្រវឹង ឬជាតិអាកុលច្រើន ជាតិអាកុល ឬគ្រឿងស្រវឹង គឺជាជាតិពុលមួយដែលដាក់សម្ពាធខ្លាំងលើតម្រងនោម និងថ្លើម។ ការទទួលទាន គ្រឿងស្រវឹងច្រើនហួសកម្រិតពេកអាចបណ្ដាលឲ្យអាស៊ីតអ៊ុយរិកត្រូវស្ដុកទុកនៅក្នុងបំពង់តម្រងនោមបង្កជាការស្ទះ ហើយបង្កើនហានិភ័យនៃជំងឺខ្សោយតម្រងនោម។ ៥. ទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ការទទួលបាននូវជាតិប្រូតេអ៊ីន គឺល្អសម្រាប់សុខភាព ប៉ុន្តែប្រូតេអ៊ីនច្រើនហួសប្រមាណពេកអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់តម្រងនោម។ ប្រូតេអ៊ីនច្រើនពេកបង្កើនការផ្ទុកមេតាប៉ូលីកដែលបង្កការបំផ្លាញដល់តម្រងនោម។ ៦. ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ការទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីនកម្រិតខ្ពស់ដូចជា សូកូឡា, កាហ្វេ និងភេសជ្ជៈកំប៉ុងផ្សេងៗទៀតអាចបណ្ដាលឲ្យសម្ពាធឈាមកើនឡើងខ្ពស់។ ជាលទ្ធផលវានឹងដាក់សម្ពាធទៅលើតម្រងនោម ហើយក៏អាចធ្វើឲ្យខូចតម្រងនោមផងដែរ។ ៧. ជក់បារី ការជក់បារី គឺអាចបង្កហានិភ័យនៃបញ្ហាសម្ពាធឈាម និងអត្រាចង្វាក់បេះដូងកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស។ លើសពីនេះទៀត វាបណ្ដាលឲ្យមានការថយចុះនៃលំហូរឈាម ហើយក៏ធ្វើឲ្យសសៃឈាមក្នុងតម្រងនោមរួមតូចផងដែរ។ ការជក់បារីពន្លឿនបញ្ហាខូចមុខងារតម្រងនោមនិងធ្វើឱ្យរោគសញ្ញានៃជំងឺដែលកំពុងតែកើតមានហើយកាន់តែធ្ងន់ធ្ងរឡើង។ ៨. ទទួលទានថ្នាំបំបាត់ការឈឺចាប់ ការទទួលទានថ្នាំបំបាត់ការឈឺចាប់ ដើម្បីបំបាត់ការឈឺចាប់ដែលអាចទ្រាំបាននោះ គឺមិនល្អចំពោះសុខភាពតម្រងនោមឡើយ។ ការទទួលទានថ្នាំនេះជាប្រចាំអាចបណ្ដាលឲ្យខូចតម្រងនោមធ្ងន់ធ្ងរ ហើយវាក៏បង្កផលប៉ះពាល់គួរឲ្យព្រួយបារម្ភលើមុខងារនៃតម្រងនោមផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | តម្រងនោម គឺមានរូបរាងដូចជាគ្រាប់សណ្ដែកអញ្ចឹង ហើយវាជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយ។ តម្រងនោម មានដើរតួនាទីច្រោះកម្ចាត់ជាតិពុលគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាជាតិទឹកដែលលើសចេញពីរាងកាយ និងថែមទាំងជួយដល់មុខងារសំខាន់ៗផ្សេងទៀតនៃរាងកាយផងដែរ។ ហើយដើម្បីជៀសផុតពីបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗនោះ ការរក្សាបាននូវតម្រងនោមដែលមានសុខភាពល្អ គឺចាំបាច់ណាស់។ យ៉ាងណាមិញ តម្រងនោម គឺងាយនឹងទទួលរងគ្រោះ ដោយសារតែទម្លាប់ទូទៅមួយចំនួនដែលមនុស្សភាគច្រើនមិនបានស្មានដល់។ |
យើងស្ដាប់ប្រវត្តិ«សីដក់ ឬសីប៉ាតាក្រ» តាមបទសម្ភាសនាយយ៉ានដូចតទៅ៖ | នាយយ៉ាន បានសម្ភាសលោក មាស សារិន ប្រធានសហព័ន្ធកីឡាសីប៉ាតាក្រនៅកម្ពុជា អំពីប្រភេទកីឡាមួយនេះ។ ឆ្លើយនឹងសំនួរនាយយ៉ាន លោក មាស សារិន បាននិយាយថា «សីដក់» គឺជាប្រភេទកីឡាប្រពៃណី ដែលមានប្រវត្តិតែមួយ នៅក្នុងប្រទេសនៃសុវណ្ណភូមិនេះ ប៉ុន្តែគ្រាន់តែហៅឈ្មោះខុសៗគ្នា ទៅតាមប្រទេសរៀងៗខ្លួនប៉ុណ្ណោះ។ |
សំឡេងរបស់លោក ស ថេត ដែលចេញបទបញ្ជាទៅកាន់បណ្តានគរបាលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ត្រូវបានគេចែករំលែកតៗគ្នា តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១ ខែធ្នូនេះ។ លោក ស ថេត ចេញបទបញ្ជានេះ បន្ទាប់ពីលោក ទទួលបានការណែនាំពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ លោកស្នងការរាជធានីភ្នំពេញ ប្រាប់នគរបាលចរាចរណ៍ថា ពួកគេ អាចត្រឹមតែជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋប៉ុណ្ណោះ តែមិនត្រូវផាកពិន័យឡើយ។ លោក បន្ថែមថា សូម្បីតែការពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ក៏ត្រូវផ្អាកដែរ។ លោក មានប្រសាសន៍ថា៖«រង់ចាំក្រោយថ្ងៃទី១៦ [ខែធ្នូ] យើង នឹងពិចារណាឡើងវិញ»។ ការផ្អាកផាកពិន័យចរាចរណ៍រយៈពេល១៥ថ្ងៃនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ខណៈកម្ពុជា កំពុងជួបព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សំដៅលើការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ជាភរិយារបស់មន្ត្រីខ្ពស់នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃជាស្វាមី និងសមាជិកមួយចំនួនក្នុងគ្រួសារពួកគាត់ រួមទាំងអ្នកផ្សេងទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ដែរ។ ប្រមុខរដ្ឋភិបាល ចាត់ទុកព្រឹត្តិការណ៍នេះ ថាជាការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា។ គិតត្រឹមថ្ងៃទី១ ខែធ្នូ មនុស្សជាង៤,៨ពាន់នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយរកឃើញមនុស្ស១៧នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ។ ក្រសួង នៅតែបន្តធ្វើតេស្តរកមេរោគកូវីដ-១៩លើមនុស្សផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។ មកដល់ថ្ងៃទី១ ខែធ្នូនេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣២៦នាក់ ដោយក្នុងនោះ បានជាសះស្បើយវិញ៣០៤នាក់៕ | រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១ រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០នេះ នឹងមិនមានការផាកពិន័យលើអ្នកដែលល្មើសក្នុងការបើកបរក្នុងរាជធានីភ្នំពេញឡើយ។ លោក ស ថេត ស្នងការរាជធានីភ្នំពេញ បានចេញបទបញ្ជាស្តីពីការផ្អាកផាកពិន័យនេះ ទៅកាន់បណ្តានគរបាលចរាចរណ៍។ |
អត្ថបទទាក់ទង ចប់អាណត្តិ ទូតជប៉ុនផ្ញើសារលាពលរដ្ឋខ្មែរទាំងអាល័យ ដោយលោកចងចាំកម្ពុជាគ្មានថ្ងៃភ្លេច ឯកអគ្គរាជទូតតែងតាំងរូបនេះ បានលើកឡើងថា៖ «ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា»។ មុនការតែងតាំងនេះ លោក ម៉ាសាហ៊ីរ៉ូ មានតួនាទីជាជំនួយការរដ្ឋមន្ត្រី និងជាអគ្គនាយកការិយាល័យកិច្ចការច្បាប់អន្តរជាតិ នៃក្រសួងការបរទេសជប៉ុន។ កាលពីថ្ងៃទី១៣ ខែសីហា ស្ថានកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានរៀបចំអាហារពេលល្ងាចដើម្បីអបអរ និងជូនដំណើរលោក ម៉ាសាហ៊ីរ៉ូ ផងដែរ៕ | លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បានមកដល់កម្ពុជាកាលពីថ្ងៃទី១ ខែកញ្ញា បន្ទាប់ត្រូវរដ្ឋាភិបាលជប៉ុនតែងតាំងជាឯករាជទូតថ្មីប្រចាំកម្ពុជា បន្តពី លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi)។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតជប៉ុន។ |
បច្ចុប្បន្ននេះ មានបណ្ដាបក្សនយោបាយចំនួន៣០ហើយ ដែលបានចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅអាណត្តិទី៧នេះ គឺអាចចូលក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីផ្ដល់ធាតុចូលទៅកាន់រដ្ឋាភិបាលដោយផ្ទាល់។ នេះបើតាមការលើកឡើងរបស់ សម្ដេច ហ៊ុន សែន ។ សម្ដេច ពន្យល់បន្ថែមថា រដ្ឋាភិបាលអាចមានកិច្ចការជាក់លាក់ ដើម្បីដាក់ទៅ ឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពិនិត្យ និងពិភាក្សាគ្នា ដូចជាសេចក្ដីព្រាងច្បាប់ជាដើម។ ដោយឡែក ការព្រមព្រៀងគ្នាចងសម្ព័ន្ធភាពរវាងបក្សទាំង២៨នេះ គឺខុសគ្នា ពីការចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ សម្ដេច ពន្យល់ថា ការចងសម្ព័ន្ធនេះ គឺមានគោលដៅដូចមានចែងក្នុងកិច្ចព្រមព្រៀង ស្ដីពីការចងសម្ព័ន្ធ រួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការ ដោយស្មើភាព ស្មើសិទ្ធិ គោរពឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ បក្សចង់សម្ព័ន្ធភាព ប្តេជ្ញាគោរព ប្រតិបត្តិ និងការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌ជាដើម។ តាមរយៈការចងសម្ព័ន្ធភាពនេះ មេដឹកនាំបក្សនយោបាយទាំងនោះ ក៏បានប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ក្នុងកិច្ចព្រមពៀងរបស់បណ្ដាបក្សទាំង២៨ សង្កត់ធ្ងន់ដែរថា ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណា ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ក្រៅពីនេះ បើមានបញ្ហាណាមួយកើតឡើងរវាងការចងសម្ព័ន្ធ ក្នុងកិច្ចព្រមព្រៀងនេះ គឺភាគីទាំងអស់ ត្រូវចាត់តំណាងឱ្យជួបពិភាក្សារួមគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី៕ អត្ថបទទាក់ទង សម្ព័ន្ធបក្សនយោបាយទាំង២៨ ប្រកាសរួមគ្នាកម្ចាត់ក្រុមនយោបាយជ្រុលនិយម | ភ្នំពេញ៖ ការចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គឺជាការចូលរួមជជែកពិភាក្សាគ្នា ដោយផ្ទាល់ជាមួយរដ្ឋាភិបាលពីកិច្ចការសង្គម ។ ចំណែកការចងសម្ព័ន្ធភាពគ្នារវាងបក្សទាំង២៨ ជាកិច្ចការនយោបាយរួមគ្នា ក្នុងការពារប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ។ សម្ដេច ហ៊ុន សែន ពន្យល់បែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ ចំនួន២៧ផ្សេងទៀត នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ តុលា។ |
បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំង២ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ គឺទី១. កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌។ ទី២. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំង២។ ទី៣. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា។ ទី៤. គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំង២ និងទី៥. អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏នឹងចូលជួបសម្តែងការគួរសម ចំពោះលោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភាគុយបា ព្រមទាំងរំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ លោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ។ នៅរដ្ឋធានីហាវាណា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)ផង។ ក៏នឹងជំនួបសំណេះសំណាល រវាងសម្តេច ហ៊ុន សែន ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសគុយបាផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា៕ | ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទៅដល់ប្រទេសគុយបាហើយ នៅថ្ងៃទី២៤ កញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរបស់ខ្លួនក្នុងប្រទេសនេះ។ ទស្សនកិច្ចលើកទី១របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានកើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អំឡុងទស្សនកិច្ចជាលើកទី២នេះ សម្តេច នឹងមានជំនួបទ្វេភាគី ជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ |
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិបារាំង-ជប៉ុន បានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមករា។ ក្នុងជំនួបជាន់ខ្ពស់នេះ រដ្ឋមន្រ្តីប្រទេសទាំងពីរ បានបង្ហាញពីក្តីបារម្ភជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ «រដ្ឋមន្រ្តីទាំង ៤រូប បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកតម្កើងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកនឹងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ»។ រដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសបារាំង-ជប៉ុន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីជំនួបតាមអនឡាញ។ នេះជាជំនួបលើកដំបូងបើគិតចាប់ពីខែមករា ឆ្នាំ២០១៩ មក។ ជំនួបជាន់ខ្ពស់នេះ ត្រូវបានចូលរួមដោយ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី, រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក គីហ្ស៊ី ណូប៊ូ, រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian និងរដ្ឋមន្រ្តីការពារជាតិបារាំង អ្នកស្រី Florence Parly។ រដ្ឋមន្រ្តីទាំង៤រូប បានបង្ហាញពីក្តីបារម្ភជុំវិញភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ បើតាមសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីប្រទេសទាំងពីរ បានជំទាស់ចំពោះការសម្លុត និងការប៉ុនប៉ងជាឯកតោភាគី ក្នុងការកែប្រែស្ថានភាពបច្ចុប្បន្ន ដែលអាចបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។ លើសពីនេះ រដ្ឋមន្ត្រីប្រទេសទាំងពីរ បានបញ្ជាក់ពីសារសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក គីស៊ី លើកឡើងថា បញ្ហាសន្តិសុខនៅជុំវិញជប៉ុន និងបារាំង កាន់តែតានតឹង និងមានអស្ថិរភាព។ សូមបញ្ជាក់ថា បារាំង គឺជាប្រទេសមួយ មានផលប្រយោជន៍យុទ្ធសាស្រ្តនៅក្នុងតំបន់អាស៊ីបាស៊ីហ្វិកជាច្រើន ដោយសារតែប្រទេសមួយនេះ មានដែនដីនាយសមុទ្រ នៅក្នុងមហាសមុទ្រឥណ្ឌា និងតំបន់សមុទ្របាស៊ីហ្វិកខាងត្បូង។ ចំណែកជប៉ុនវិញ ក៏បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធខ្លួន ដូចជាអាម៉េរិក ឥណ្ឌា អូស្រ្តាលី ដើម្បីទប់ស្កាត់ការពង្រឹងឥទ្ធិពលរបស់ចិនផងដែរ៕ | បារាំង និងជប៉ុន នៅថ្ងៃទី២០ ខែមករា បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជជែកពីបញ្ហាក្នុងតំបន់។ ក្នុងជំនួបថ្នាក់រដ្ឋមន្រ្តី២បូក២ នេះ បារាំង និងជប៉ុន បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ស្របពេលចិន កំពុងបង្កើនឥទ្ធិពលខ្លួនក្នុងសមុទ្រចិនខាងត្បូង និងខាងកើត រួមទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ |
ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ មេសា ឆ្នាំ ២០២៤ បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបក្នុងករណីប្រាក់ ២០០០ ដុល្លារ ។ អ្នកនាំពាក្យ អះអាងថា ពុំមានចៅក្រម ក្រឡាបញ្ជី និងមន្ត្រីសាលាដំបូងណាម្នាក់បានជួប និងទារលុយ ដើម្បីជាថ្នូរក្នុងការដោះលែងជនត្រូវចោទនោះទេ។ ការបកស្រាយរបស់អ្នកនាំពាក្យនេះ ជាការឆ្លើយតបទៅកាន់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានលើកឡើងថា « តើអ្នកណាទារលុយ ២០០០ ដុល្លារ ដើម្បីជាថ្នូរដោះលែងប្ដី»? យោងតាមការស្រាយបំភ្លឹរបស់អ្នកនាំពាក្យសាលាដំបូងសាលារាជធានីភ្នំពេញ ការទារលុយចំនួន ២០០០ ដុល្លារអាមេរិកនោះ គឺមេធាវីជាអ្នកទារថ្លៃសេវាកម្មមេធាវី ពោលគឺមិនពាក់ព័ន្ធនឹងចៅក្រម ក្រឡាបញ្ជី និងមន្ត្រីសាលាដំបូងណាឡើយ។ សាលាដំបូងរាជធានីភ្នំពេញ រៀបរាប់ដំណើររឿងថា សាលាដំបូង បានទទួលសំណុំរឿង ព្រហ្មទណ្ឌ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ លន ឡុង ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ។ ក្រោយពីបានស្តាប់ចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងហើយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទនេះ នៅថ្ងៃទី០៣ ខែមេសា ដើម្បីបន្តចំណាត់ការស៊ើបសួរតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ សាលាដំបូង បានទទួលពាក្យសុំការពារសិទ្ធិឱ្យជនត្រូវចោទ និងសុំថត ចម្លងសំណុំរឿងរបស់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ នៅថ្ងៃទី០៨ ខែមេសា។ ២ថ្ងៃក្រោយមក សាលាដំបូង បានទទួលពាក្យសុំដកពាក្យបណ្តឹងរបស់ឈ្មោះ អោក កុសល ជាអ្នកតំណាងឱ្យភាគីបើកបរម៉ូតូ ដោយមានជំនួយការមេធាវី ជាអ្នកយកពាក្យមកដាក់។ តែមកដល់ពេលនេះ ចៅក្រមស៊ើបសួរ ពុំទាន់បានទទួលពាក្យសុំឱ្យដោះលែងនៅក្រៅឃុំ ដើម្បីពិនិត្យចាត់ការតាមនីតិវិធីច្បាប់នៅឡើយ។ ឆ្លើយតបការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា៖ «ផ្អែកតាមការសាកសួរព័ត៌មានដោយផ្ទាល់ពីប្រពន្ធជនត្រូវចោទ មេការឡាន ថៅកែឡាន រួមទាំងមេធាវី បានឆ្លើយបញ្ជាក់យ៉ាងច្បាស់ថា ការទារលុយ ចំនួន ២០០០ ដុល្លារអាមេរិកនេះ ប្រពន្ធជនត្រូវចោទថា បានឮពីមេការឡាន ហើយមេការឡានថាបានឮពីថៅកែឡាន ហើយថៅកែឡានថាបានឮពីមេធាវី ហើយមេធាវីបានទទួលស្គាល់ថាពិតជាបានទារលុយ ២០០០ ដុល្លារអាមេរិក ដែលជាលុយថ្លៃសេវាកម្មមេធាវី»។ សូមបញ្ជាក់ថា លោក ផែង វណ្ណៈ កាលពីថ្ងៃទី ២០ មេសា ឆ្នាំ ២០២៤ បានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា តើអ្នកណាទារលុយ ២០០០ ដុល្លារ ដើម្បីជាថ្នូរដោះលែងប្ដី? រួមទាំងអត្ថន័យជាច្រើនបន្ថែមទៀត ក្នុងអត្តន័យឱ្យសាលាដំបូងរាជធានីភ្នំពេញ ចេញមកបកស្រាយបំភ្លឹ៕ | ដោយ៖ ញ៉ សុខហឿន |
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ថ្លែងក្នុងសន្និសីទកាលពីពេលថ្មីៗនេះថា គោលបំណងសំខាន់នៃការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន គឺដើម្បីផ្លាស់ប្តូរបទពិសោធ ចែករំលែកចំណេះដឹង និងជំនាញជាមួយគ្នាទៅវិញទៅមក។ លោក អះអាងថា កងកម្លាំងកម្ពុជា ដែលនឹងចូលរួមធ្វើសមយុទ្ធ មាន៥៨៣នាក់ ឯកងកម្លាំងរបស់ចិន មាន២៥៧នាក់។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា សមយុទ្ធនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ សូមរម្លឹកថា កម្ពុជា-ចិន បានចាប់ផ្តើមធ្វើសមយុទ្ធជាមួយគ្នាតាំងពីឆ្នាំ២០១៦មក។ ប៉ុន្តែ សមយុទ្ធនេះ ត្រូវបានផ្អាកអស់៣ដង គឺនៅឆ្នាំ២០១៧ ឆ្នាំ២០២១ និងឆ្នាំ២០២២។ នៅឆ្នាំ២០១៧ ដោយសារកម្ពុជា ជាប់រៀបចំការបោះឆ្នោតឃុំ-សង្កាត់ ទើបសមយុទ្ធនេះ ត្រូវបានផ្អាក ហើយការផ្អាក នៅឆ្នាំ២០២១ និងនៅឆ្នាំ២០២២ គឺដោយសារការរាលដាលជំងឺកូវីដ-១៩៕ | សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពចិន ចាប់ផ្តើមនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ នៅតំបន់យោធាភ្នំជុំរីករាយ ខេត្តកំពង់ធំ។ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា រួមជាមួយលោកឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោកប្រចាំភូមិភាគខាងត្បូងរបស់ចិន ចូលរួមធ្វើជាអធិបតីក្នុងពិធីបើកសមយុទ្ធនេះ។ |
តើសេវាកម្មថ្មីនេះ មានអ្វីពិសេស? ពិសេសត្រង់ថា វាផ្ដល់ភាពងាយស្រួលដូចឈ្មោះហៅហ្នឹងអ៊ីចឹង ព្រោះថាពេលណាក៏ដោយ ឲ្យតែអ្នកឃ្លានអាហារដែលអ្នកចូលចិត្តណាមួយពីហាងកាហ្វេ The Coffee Club ដោយគ្រាន់តែទំនាក់ទំនង ទៅកាន់ខាងហាង រួចចាំការតេចូលមកវិញ ពីហាងត្រឹម 10 ទៅ 15 នាទីរួចជាការស្រេច។ ចាំពួកយើងប្រាប់ពីរបៀបប្រើប្រាស់សេវាកម្មថ្មីនេះ ឲ្យកាន់តែមានភាពងាយស្រួល៖ 1. ជ្រើសរើសអាហារ និងភេសជ្ជៈដែលអ្នកចូលចិត្តពីហាងកាហ្វេ The Coffee Club 2. ជ្រើសរើសសាខាដែលនៅជិតអ្នកបំផុត សាខាផ្សារទំនើបអ៊ីអន ១៖ 010 72 04 04 សាខាបឹងកេងកង៖ 070 72 04 04 3. ទំនាក់ទំនងទៅកាន់សាខាដែលជិតអ្នកបំផុតដើម្បីកម្ម៉ង់។ រូចសួរពីរយៈពេលចម្អិន ដើម្បីត្រៀមខ្លួន ទៅយកអាហារកុម្ម៉ង់ទាន់ពេល និងអត់បាច់ចាំយូរ។ 4. អ្នកនឹងត្រូវបានឲ្យដំណឹងជាមុនពីបុគ្គលិកហាង នៅពេលដែលអាហារកម្ម៉ង់របស់អ្នករួចរាល់។ គ្រាន់តែមកឈប់នៅមុខហាង អ្នកនឹងទទួលបានអាហារភ្លាមៗពីបុគ្គលិកដែលកំពុងឈរចាំអ្នក។ មិនស្មុគស្មាញ សុវត្ថិភាព ហើយងាយស្រួល ជាមួយនឹងសេវា Call & Pick Up! តែប៉ុណ្ណេះ ញ៉ាំអាហារឆ្ងាញ់ទាំងសប្បាយចិត្តតែម្ដង។ ចាំអីទៀត កម្ម៉ង់ឥឡូវតែម្ដងភ្លាមទៅ! (អត្ថបទពាណិជ្ជកម្ម) | កំឡុងពេលដែលការរាតត្បាត កូវីដ-១៩ នៅតែបន្ដ ហាងកាហ្វេ The Coffee Club បានណែនាំនូវសេវាកម្មថ្មីសន្លាងមួយ នោះគឺការតេកម្ម៉ង់ រួចទៅយកនៅហាងផ្ទាល់ (Call & Pick Up) ដែលផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន បុគ្គលិក និងសហគមន៍ទាំងអស់ថែមទៀតផង។ |
អត្ថបទទាក់ទង គ្រូបង្វឹកស៊ុយអែតបដិសេធ Ibrahimovic ត្រឡប់ចូលជម្រើសជាតិវិញ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កីឡាករវ័យ ៣៩ ឆ្នាំ នឹងត្រូវជួយក្រុមស៊ុយអែតលេងតទល់នឹងក្រុមហ្សកហ្ស៊ី និងកូសូវ៉ូ ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក ក្រោយចូលនិវត្តន៍ពីក្រុមជម្រើសជាតិអស់រយៈពេល៥ឆ្នាំ។ ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្លិប AC Milan បានព្យួរស្បែកជើងពីក្រុមជម្រើសជាតិ នៅក្រោយការប្រកួតពានរង្វាន់អឺរ៉ុប Euro ឆ្នាំ ២០១៦មក។ Ibrahimovic ដែលជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ស៊ុយអែត ចំនួន ៦២ គ្រាប់ ក្នុងការប្រកួតអន្តរជាតិចំនួន១១៦លើក ធ្លាប់បានបង្ហើបកាលពីខែវិច្ឆិកាថា រូបគេបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការត្រឡប់ពីការចូលនិវត្តន៍ ដើម្បីចូលជួយក្រុមជម្រើសជាតិវិញ។ គ្រូបង្វឹកស៊ុយអែតលោក Andersson បានធ្វើដំណើរទៅជួប Ibrahimovic នៅអ៊ីតាលីដើម្បីអនុញ្ញាតសម្រប់ការវិលត្រឡប់នេះ ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១៦ ខែមីនា។ ដំបូងឡើង លោក Andersson ក៏ធ្លាប់បដិសេធមិនទទួលយកខ្សែប្រយុទ្ធវ័យចំណាស់នេះចូលក្រុមជម្រើសជាតិវិញផងដែរ។ កាលណោះគ្រូសញ្ជាតិស៊ុយអែត វ័យ៥៨ឆ្នាំ អះអាងថាទ្វារត្រូវបានបិទហើយសម្រាប់ការវិលត្រឡប់របស់អតីតប្រធានក្រុមរូបនេះ។ យ៉ាងណា លោក Andersson នៅតែសម្រេចទទួលយក Ibrahimovic បន្ទាប់ពីរូបគេបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីទម្រង់លេងរបស់ខ្លួនក្រោយរកបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ ប្រកួតនៅក្របខណ្ឌ Serie A រដូវកាលនេះ។ អតីតសមាជិក Manchester United, Juventus, Barcelona, PSG, Inter Milan និង LA Galaxy រូបនេះបានជួយ AC Milan លេចធ្លោ និងជាក្រុមបេក្ខភាពប្រជែងពានលីគកំពូលអ៊ីតាលីរដូវកាលនេះផងដែរ៕ | Zlatan Ibrahimovic ត្រឡប់ចូលក្រុមជម្រើសជាតិស៊ុយអែតសារជាថ្មី ក្រោយចូលនិវត្តន៍៥ឆ្នាំ ដើម្បីជួយក្រុមលេងក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២២។ គ្រូស៊ុយអែតលោក Janne Andersson ធ្លាប់បានបដិសេធមិនយក Ibrahimovic ចូលក្រុមម្តងដែរ កាលពីខែវិច្ឆិកាកន្លងទៅ។ |
ចំពោះអាការៈរបស់វាអាចមិនទៀងទាត់ទេ ដោយមានចាប់ពីឈឺពោះខ្លាំងក្លា រហូតដល់មានឈាមក្នុងទឹកនោម។ ពេលខ្លះ គ្រួសក្នុងប្លោកនោមក៏មិនបង្កជាអាការៈអ្វីដែរ។ គ្រួសក្នុងប្លោកនោមដែលតូចៗប្រហែលជាអាចចេញមកខាងក្រៅដោយមិនបាច់ព្យាបាលអ្វីទាំងអស់ ប៉ុន្តែខ្លះទៀតគឺត្រូវការប្រើថ្នាំលេប ឬវះកាត់ផងបើសិនជាធំៗពេក។ ពេលខ្លះ គ្រួសក្នុងប្លោកនោមក៏មិនអាចបង្កជាបញ្ហាអ្វីដែរទោះបីជាវាធំក៏ដោយ។ ប៉ុន្តែបើសិនជាគ្រោះនោះបង្កជាការរលាកដល់ជញ្ជាំងប្លោកនោម ឬស្ទះលំហូរទឹកនោម វាអាចនឹងបង្កជាអាការៈដូចខាងក្រោមនេះ៖ ឈឺពោះនៅម្តុំខាងក្រោម សម្រាប់បុរស អាចនឹងមានការឈឺចាប់ ឬមិនស្រួលក្នុងលិង្គ ឬពងស្វាស មានអារម្មណ៍ក្រហាយៗក្នុងពេលនោម នោមញឹក ពិបាកនោម ឬនោមដាច់ៗ មានឈាមក្នុងទឹកនោម ទឹកនោមមានពណ៌ល្អក់ ឬពណ៌ខាប់មិនធម្មតា៕ ត្រួតពិនិត្យដោយ www.health.com.kh | គ្រួសក្នុងប្លោកនោមគឺជាដុំជាតិរ៉ែដរឹងមួយក្នុងប្លោកនោម ដែលវាកើតឡើងដោយសារកំហាប់ជាតិរ៉ែកកកុញជាប់គ្នាច្រើន និងរយៈពេលយូរ។ រឿងនេះច្រើនតែកើតឡើងនៅពេលអ្នកមិនអាចនោមឲ្យអស់ពីប្លោកនោម។ |
កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រពាន EURO ២០២០ រវាងអង់គ្លេស និងអ៊ីតាលី នាថ្ងៃទី ១១ ខែកក្កដាកន្លងមក ក្រុមអ្នកគាំទ្រជាច្រើន បានប្រតាយប្រតបគ្នាជាមួយនឹងក្រុមមន្រ្តីប៉ូលិស ដែលយាមការនៅក្រៅកីឡដ្ឋាន Wembley ដើម្បីសម្រុកចូលកីឡដ្ឋានអំឡុងការប្រកួត ។ ពាក់ព័ន្ធនឹងរឿងបែបនេះ UEFA បានឲ្យដឹងទៀតថា ខ្លួនគ្រោងបើកសវនាការ នៅថ្ងៃទី ១៨ តុលា ។ ក្រោយទទួលបានដំណឹងបែបនេះ សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏បានចេញមកបកស្រាយដែរថា៖«រឿងដែលកើតឡើងដូច្នោះ គឺពិតជាគួរឲ្យអាម៉ាស់ ហើយសហព័ន្ធក៏បានធានាថា នឹងមិនឲ្យមាននូវរូបភាពទាំងអស់នោះ កើតឡើងសារជាថ្មីម្តងទៀតបានឡើយ»។ ប៉ុន្តែរូបភាពទាំងនោះ ត្រូវបានកើតឡើងសាជាថ្មី នាការប្រកួតទល់ក្រុមហុងគ្រី នៃវគ្គជម្រុះ World Cup 2022 ក្នុងតំបន់អ៊ឺរ៉ុប កាលពីពេលថ្មីៗនេះ ដោយអ្នកគាំទ្ររាប់ពាន់នាក់ បាននាំគ្នាសម្រុកចូលកីឡដ្ឋាន Wembley ដូចគ្នានេះ ដោយមិនមានសំបុត្រចូលទស្សនាឡើយ។ អ្នកគាំទ្ររាប់ពាន់នាក់ បានព្យាយាមសម្រុកចូល ហើយបានវាយប្រតាយប្រតបគ្នាជាមួយនឹងក្រុមប៉ូលិស នៅក្រៅទីលានប្រកួត។ បន្ទាប់ពីវិភាគលើរបាយការណ៍ នៃការប្រកួតចុងក្រោយនេះ របស់ក្រុមអង់គ្លេសមក សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានបើកការស៊ើបអង្កេតលើករណីដូចគ្នានេះ រវាងជំនួបរវាងអង់គ្លេសទល់ហុងគ្រី។ មិនតែប៉ុណ្ណោះការប្រកួតរវាងក្រុមប៉ូឡូញ នឹងក្រុមអាល់បានី ត្រូវស៊ើបអង្កេតដូចគ្នាដែរ។ FIFA នឹងចាត់វិធានការក្តៅលើបញ្ហាទាំងនេះ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការលើកឡើងរបស់ FIFA ៕ | សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប UEFA គ្រោងដាក់ឲ្យការប្រកួតរបស់ក្រុមតោកំណាចអង់គ្លេស នៅកីឡដ្ឋាន Wembley មិនឲ្យមានអ្នកចូលទស្សនាឡើយ ដោយសារតែបញ្ហាភាពចលាចល ក្រោយវគ្គផ្តាច់ព្រ័ត្រ Euro 2020 បានបញ្ចប់។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ | ភ្នំពេញ៖ កញ្ញា ពឿន ស្រីមុំ ជាអ្នកស្ម័គ្រចិត្តនៃអង្គការយុវតារាកម្ពុជា។ កញ្ញា ពឿន ស្រីមុំ យល់ថាការអប់រំមានគុណតម្លៃយ៉ាងខ្លាំង ចំពោះមនុស្សគ្រប់រូប។ «ការអប់រំ ពិតជាមានសារៈសំខាន់។ ការអប់រំធ្វើឱ្យយើងទទួលបានទាំងចំណេះដឹង ចំណេះធ្វើ»។ នេះជាការលើកឡើងរបស់កញ្ញា ស្រីមុំ ។ |
រដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៧ មិនមានចែងពីការប្រឆាំងនឹងការលូកដៃពីសំណាក់រដ្ឋាភិបាលបរទេសឡើយ។ ប៉ុន្តែ នៅដើមឆ្នាំ២០១៨ រដ្ឋធម្មនុញ្ញ ក៏ត្រូវបានធ្វើសោធនកម្មលើកទី៩ ដើម្បីបន្ថែមខ្លឹមសារត្រង់ចំណុចនេះ ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ខ្លឹមសារ នៃកថាខណ្ឌថ្មីនេះ ដែលត្រូវបានបញ្ចូលទៅក្នុងមាត្រា៥៣នៃរដ្ឋធម្មនុញ្ញ បានចែងថា កម្ពុជា ប្រឆាំងដាច់ខាតចំពោះបរទេស ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទោះបីក្រោមរូបភាពណាក៏ដោយ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩នេះ គឺក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ហើយប្រធានអតីតគណបក្សនេះ ត្រូវបានឃាត់ខ្លួន ក្រោមការចោទប្រកាន់ថា លួចទៅសហការជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ យ៉ាងណាក៏ដោយ អតីតគណបក្សប្រឆាំង បានបកស្រាយថា ការដែលខ្លួនទៅសេពគប់ជាមួយអង្គការ និងសហគមន៍អន្តរជាតិ គឺដើម្បីពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមែនដើម្បីរួមកម្លាំងមកធ្វើរដ្ឋប្រហារនោះទេ។ ចំណែក ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ ត្រូវបានអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ អះអាងថា ធ្វើឡើងដើម្បីបម្រើឲ្យប្រយោជន៍គណបក្សកាន់អំណាច ហើយរឹតដ្បិតសិទ្ធិសេរីភាព បើទោះជាគណបក្សកាន់អំណាច ខំប្រឹងពន្យល់មហាជនថា ការធ្វើវិសោធនកម្មនេះ ដើម្បីប្រយោជន៍ប្រទេសជាតិក៏ដោយ។ ក្នុងការធ្វើវិសោធនកម្មលើកទី៩នេះ មិនមែនមានតែមាត្រា៥៣នោះទេ នៅមានមាត្រា៤២ និងមាត្រា៤៩ ក៏ត្រូវបានបញ្ជូលកថាខណ្ឌបន្ថែមដែរ។ កថាខណ្ឌថ្មី នៃមាត្រា៤២ បានចែងថា គណបក្សនយោបាយ ត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះជាដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជាឡើយ។ រីឯ កថាខណ្ឌថ្មី នៃមាត្រា៤៩ ដែលមានន័យដូចគ្នាស្ទើរទាំងស្រុងទៅនឹងកថាខណ្ឌថ្មី នៃមាត្រា៤២ បានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះជាដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស និងប្រជាពលរដ្ឋឡើយ។ លើសពីនេះ មាត្រា១១៨ ដែលចែងអំពីរដ្ឋាភិបាល ក៏ត្រូវបានកែប្រែដែរ តែមិនត្រូវបានបន្ថែមកថាខណ្ឌថ្មីនោះទេ។ មាត្រា១១៨ ត្រូវបានកែប្រែថា គណៈរដ្ឋមន្ត្រី ត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ ដូច្នេះ ចាប់ពីអាណត្តិទី៦នេះតទៅ រដ្ឋលេខាធិការ រួមទាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លែងជាសមាជិករដ្ឋាភិបាលទៀតហើយ។ បច្ចុប្បន្ន រដ្ឋធម្មនុញ្ញកម្ពុជា មាន១៧ជំពួក និង១៦០មាត្រា ។ ជំពួកទាំង១៧នោះ ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ, សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ, សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច, រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ, ការគ្រប់គ្រងរដ្ឋបាល , សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ។ ក្រៅពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល កម្ពុជា នៅមានច្បាប់មួយទៀត ដែលមានតម្លៃដូចនឹងរដ្ឋធម្មនុញ្ញដែរ គឺ «ច្បាប់ធម្មនុញ្ញបន្ថែម»។ ច្បាប់ធម្មនុញ្ញបន្ថែម ដែលគេមិនធ្លាប់ឃើញមាននៅតាមប្រទេសនានាលើពិភពលោក ត្រូវបានរដ្ឋសភាកម្ពុជា បង្កើតឡើងកាលពីឆ្នាំ២០០៤ ដើម្បីដោះស្រាយការជាប់គាំងនយោបាយ។ មាត្រា១នៃច្បាប់រដ្ឋធម្មនុញ្ញបន្លែម បានចែងថា៖«ច្បាប់នេះ មានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របតាមតម្រូវការនៃភាពចាំបាច់»៕ អត្ថបទទាក់ទង អាយុកាល២៧ឆ្នាំ រដ្ឋធម្មនុញ្ញកម្ពុជា រងការធ្វើវិសោធនកម្មដល់ទៅ៩លើក ក្នុងថ្ងៃរម្លឹកខួបរដ្ឋធម្មនុញ្ញ មេដឹកនាំកម្ពុជា ប្តេជ្ញាថា មិនឲ្យបដិវត្តពណ៌ កើតឡើងជាដាច់ខាត | ភ្នំពេញ៖ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្មជាលើកទី៩ នៅដើមឆ្នាំ២០១៨ ដោយមានឃ្លាថ្មីមួយថា កម្ពុជា ប្រឆាំងដាច់ខាតចំពោះការលូកដៃរបស់បរទេស។- |
លោក ដូណាល់ ត្រាំ បានបញ្ចេញកាលវិភាគដ៏តក់ក្រហល់មួយនៅថ្ងៃអាទិត្យ ដោយធ្វើឃោសនាបោះឆ្នោត៥រដ្ឋតែម្ដងក្នុងពេលត្រឹមតែ២៤ម៉ោង។ ដោយចាប់ផ្ដើមពីរដ្ឋ Michigan លោក ក៏បន្តធ្វើដំណើរទៅកាន់រដ្ឋ Iowa , North Carolina, Georgia និង Florida ដែលជាសុទ្ធសឹងតែជារដ្ឋសំខាន់ៗក្នុងសមរភូមិបោះឆ្នោតអាមេរិកឆ្នាំ២០២០ ពោលគឺអាចកំណត់ជោគវាសនារបស់បេក្ខជនប្រធានាធិបតីទាំងពីរគណបក្សធំៗនេះ សម្រាប់ឈោងទៅចាប់តំណែងប្រធានាធិបតីអាមេរិក។ ពីទីក្រុង Detroit រដ្ឋ Michigan លោក ត្រាំ បានប្រាប់អ្នកគាំទ្រថា ក្រោមការដឹកនាំរបស់លោក សេដ្ឋកិច្ចអាមេរិកមានសន្ទុះខ្លាំង ហើយលោកបានព្យាករទុកថា លោកនឹងបន្តឈ្នះរដ្ឋនេះម្ដងទៀតដូចការបោះឆ្នោតកាលពីឆ្នាំ២០១៦។ ប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះ ក៏បានលើកឡើងពីសមិទ្ធផលរបស់លោកក្នុងការបង្កើតការងារជាច្រើនក្នុងវិស័យយានយន្ត ដែលជាបញ្ហាចម្បងសម្រាប់រដ្ឋពឹងផ្អែកលើឧស្សាហកម្មផលិតយានយន្តនេះ។ លោកត្រាំអះអាងថា រដ្ឋដែលល្បីខាងផលិតរថយន្ត អត់មានរោងចក្រយានយន្តមួយឡើយកាលពី៤ឆ្នាំមុន នៅពេលលោកជាប់ឆ្នោត។ «យើងបានជួយជ្រោមជ្រែងឧស្សាហម្មរថយន្តនេះឲ្យត្រលប់មកវិញ។ បើឧស្សាហកម្មរថយន្តអ្នកដួលរលំ អ្នកនឹងគ្មានសល់អ្វីឡើយ»។ លោក ត្រាំ សង្កត់ធ្ងន់បែបនេះ។ ទៅដល់រដ្ឋ Iowa ដែលមានកូនស្រីលោកគឺអ្នកស្រី Ivanka នៅឈរអម លោក ត្រាំ បានប្រាប់អ្នកគាំទ្រលោកថា ជម្រើសបោះឆ្នោតពួកគេគឺរវាង ការបិទប្រទេសដ៏គ្រោះថ្នាក់របស់លោក បៃឌិន ឬថ្នាំវ៉ាក់សាំងដ៏សុវត្ថិភាពដែលបញ្ចប់ជំងឺកូវីដ-១៩ របស់លោក។ ខណៈលោកត្រាំសម្រុកធ្វើឃោសនាបោះឆ្នោតខ្លាំងនៅរដ្ឋទាំង៥ក្នុងមួយថ្ងៃ លោក បៃឌិន នឹងឃោសនាក្នុងរដ្ឋ Pennsylvania ២ថ្ងៃជាប់គ្នាតែម្ដងចាប់ពីថ្ងៃទី ១-២ ខែវិច្ឆិកា ដែលជារដ្ឋកំណើតរបស់លោក។ ហើយលោកក៏នឹងរៀបចំព្រឹត្តិការណ៍ផ្សេងក្នុងទីក្រុង Philadelphia និងទីក្រុង Pittsburgh ផងដែរ។ ជាមួយគ្នានេះ លោក បៃឌិន ក៏នឹងធ្វើយុទ្ធនាការក្នុងរដ្ឋ Ohio នាថ្ងៃទី ២ ខែវិច្ឆិកាផងដែរដើម្បីបង្ហាញជំហរថាលោកអាចឈ្នះរដ្ឋនេះបាន។ លោកត្រាំកាលពីឆ្នាំ២០១៦ បានឈ្នះដល់៥១ភាគរយទល់នឹង៤៣ភាគរយលើលោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងរដ្ឋនេះ។ គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ពលរដ្ឋអាមេរិកជាង៩៣លាននាក់ហើយ បានបោះឆ្នោតមុនកំណត់សម្រាប់ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ខណថ្ងៃបោះឆ្នោតធំ នឹងរៀបចំឡើងនាថ្ងៃទី ៣ ខែវិច្ឆិកា។ បើតាមការប៉ាន់ស្មាន តួលេខនេះ ស្មើនឹង ៦៨ភាគរយនៃសន្លឹកឆ្នោតសរុបកាលពីការបោះឆ្នោតកាលពីឆ្នាំ២០១៦។ តាមកាសែតអង់គ្លេស The Guardian លោក បៃឌិន នាំមុខលោក ត្រាំ ក្នុងការស្ទង់មតិថ្នាក់ជាតិក្នុងរដ្ឋសំខាន់ៗ ដូចជា Florida, Pennsylvania, Michigan, North Carolina, Arizona, Wisconsin និងរដ្ឋ Iowa ខណៈលោក ត្រាំ នាំមុខលោក បៃឌិន តែរដ្ឋ Ohio មួយប៉ុណ្ណោះ៕ | ២ថ្ងៃមុនការបោះឆ្នោតចូលមកដល់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី ១ ខែវិច្ឆិកា បានសម្រុកធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅរដ្ឋសំខាន់់ៗចំនួន៥ក្នុងថ្ងៃតែមួយ។ លោកចាប់ផ្ដើមក្នុងរដ្ឋ Michigan ដែលជារដ្ឋសំខាន់មួយសម្រាប់ឱកាសរក្សាកៅអីក្នុងសេតវិមានលោក ប្រជែងនឹងបេក្ខជនបក្សប្រជាធិបតេយ្យ ចូ បៃឌិន ។ |
អស់រយៈពេល៦ខែហើយចាប់តាំងពីក្រុមហាម៉ាស់បានលុកលុយអ៊ីស្រាអែលដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១២០០នាក់ និងចាប់ចំណាប់ខ្មាំង២៥០នាក់នាការវាយប្រហារថ្ងៃទី៧ ខែតុលា។ មនុស្សប្រហែល១៣០នាក់នៅតែស្ថិតកណ្ដាប់ក្រុមនេះនៅឡើយ ខណៈអ៊ីស្រាអែលបានឆ្លើយតបវិញដោយសម្លាប់មនុស្សបណ្តាលឱ្យមនុស្សស្លាប់អស់ជាង៣ម៉ឺននាក់ ភាគច្រើនជាស្ត្រី និងកុមារ។ កិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងសេសសល់នៅ មិនទាន់សម្រេចបាននៅឡើយ បើទោះភាគីពាក់ព័ន្ធប្រឹងប្រែងក្ដី។ អាម៉េរិក អេហ្ស៊ីប និងកាតា នៅតែដើរសម្របសម្រួលជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស់។ បើតាមមន្រ្តីអាម៉េរិក លោកប្រធានាធិបតី ចូ បៃឌិន ថែមទាំងសរសេរជាលក្ខណៈឯកជនមួយទៅកាន់មេដឹកនាំអេហ្ស៊ីប និងកាតាដើម្បីបញ្ចុះបញ្ចូលហាម៉ាសឱ្យទទួលយកកិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែលថែមទៀត។ នៅថ្ងៃទី៨ ខែមេសា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក ក៏នឹងជួបជាមួយសមាជិកគ្រួសារនៃចំណាប់ខ្មាំងប្រហែល១០០នាក់ដែលត្រូវជឿថានៅតែស្ថិតនៅក្នុងតំបន់កាហ្សានៅឡើយ។ លើសពីនេះ នាយកទីភ្នាក់ងារចារកិច្ចកណ្ដាល (CIA) លោក Bill Burns ក៏ធ្វើដំណើរទៅកាន់ទីក្រុងគែរសម្រាប់កិច្ចពិភាក្សានៅចុងសប្តាហ៍នេះអំពីវិបត្តិចំណាប់ខ្មាំងដែរ។ ខណៈដែលវិបត្តិនៅកាហ្សានៅតែធ្ងន់ធ្ងរ ទីក្រុងវ៉ាស៊ីនតោនហាក់ផ្លាស់ប្ដូររបស់ខ្លួនចំពោះអ៊ីស្រាអែល ដោយចាប់ផ្ដើមឱ្យអ៊ីស្រាអែលដោះស្រាយវិបត្តិមនុស្សធម៌។ ការស្លាប់របស់បុគ្គលិកមនុស្សធម៌៧នាក់ រឹតតែធ្វើឱ្យអ៊ីស្រាអែលរងសម្ពាធកាន់តែខ្លាំងឡើង។ អង់គ្លេស និងប៉ូឡូញដែលមានជនជាតិខ្លួនស្លាប់ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល សុទ្ធតែបានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យលើករណីនេះ។ ក្នុងការសន្ទនាតាមទូរស័ព្ទ៣០នាទីនៅថ្ងៃទី៤ ខែមេសា លោក បៃឌិន ប្រាប់នាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ ចំៗថា គោលនយោបាយរបស់អាម៉េរិកចំពោះអ៊ីស្រាអែល អាស្រ័យលើការការពារជនស៊ីវិល និងបុគ្គលិកផ្ដល់ជំនួយ៕ | ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៥ ខែមេសា បានសរសេរសំបុត្រមួយទៅកាន់មេដឹកនាំអេហ្ស៊ីប និងកាតា ដោយជំរុញប្រទេសទាំង២ឱ្យសម្ពាធលើក្រុមហាម៉ាសឱ្យទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល។ លោក បៃឌិន ក៏ទើបទទូចឱ្យអ៊ីស្រាអែលបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញដើម្បីឈានដល់បទឈប់បាញ់ដែរ។ |
យោងតាម លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៅយប់ថ្ងៃទី២៦កក្កដា ក្រុមមន្ត្រីជំនាញបានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក Ssangyong istana ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ដឹកស៊ុតមាន់ចំនួន ៣០០០គ្រាប់ និងស៊ុតគ្រួចចំនួន ១៦០០០គ្រាប់ ពីប្រទេសវៀតណាម មកកាន់កម្ពុជា តាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបម្រុងយកទៅលក់នៅទីក្រុងភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។ ជាវិធានការ ក្រុមមន្រ្តីជំនាញ បានយកបទល្មើស និងវត្ថុតាង ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ | ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់ចាប់បានរថយន្តមួយគ្រឿង ដឹកស៊ុតមាន់ និងគ្រួចចំនួន១៩០០០គ្រាប់ ដែលនាំចូលពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត។ |
ការសម្ដែងនេះដកស្រង់ពីរឿង «ព្រះជិនវង្ស» ត្រង់ឈុតព្រះនាងអញ្ជ័នពិចិត្រ (កូនស្រីរបស់ស្ដេចយក្សចិត្រា) និងនាងនារតី (អ្នកជំនិតរបស់នាងអញ្ជ័នពិចិត្រ)លេងសួន ព្រះជិនវង្សចូលមកឃើញ ទ្រង់ចាប់ចិត្តប្រតិពន្ធ។ ការសម្ដែងរបាំព្រះរាជទ្រព្យនេះ ជាទម្រង់សម្ដែងផាត់មុខ ស តុបតែងកាយកាលពីជាង១០០ឆ្នាំមុន ក្នុងរជ្ជកាលព្រះករុណាព្រះបាទ ស៊ីសុវត្ថិ។ ទម្រង់សម្ដែងនេះជាស្នាព្រះហស្ថដ៏ពិសិដ្ឋដែលបន្សល់ទុកពី សម្ដេចព្រះមហាក្សត្រីយានិ ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរតន៍ សិរិវឌ្ឈនា ព្រះមាតាសិល្បៈជាតិខ្មែរ និងធ្វើឱ្យរស់រវើកឡើងវិញនូវទម្រង់សម្ដែងនេះដោយ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក ដឹកនាំស្រាវជ្រាវជាមួយលោកគ្រូ អ្នកគ្រូ របាំព្រះរាជទ្រព្យកាលពីឆ្នាំ២០១៦៕ | សៀមរាប៖ ការសម្ដែងរបាំព្រះរាជទ្រព្យ ដោយសិល្បករក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នាបរិវេណខាងជើងប្រាសាទបាយ័ន ក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រពៃណីវប្បធម៌ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ |
បើគិតគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់ Bayern មិនបានរងបរាជ័យទាល់តែសោះ នាជំនួប៣២លើកចុងក្រោយ ក្នុងនោះឈ្នះដល់ទៅ២៣ប្រកួត ដែលនាំឲ្យពួកគេឈ្នះពានបីក្នុងរដូវកាលតែមួយ រួមទាំង Uefa Super Cup កាលពីថ្ងៃព្រហស្បតិ៍កន្លងមកផងដែរ។ សម្រាប់ម្ចាស់ផ្ទះ Ermin Bicakcic, Munas Dabbur រកបានម្នាក់១គ្រាប់ និង Andrej Kramaric រកបាន២គ្រាប់ ក្នុងនោះ១គ្រាប់ដែលជាគ្រាប់បាល់ប៉េណាល់ទីនៅក្នុងនាទីបន្ថែម រីឯ១គ្រាប់របស់ Bayern សម្រេចបានដោយ Joshua Kimmich។ Hoffenhiem ដែលដឹកនាំដោយលោក Sebastian Hoeness អតីតគ្រូឈុតយុវជន Bayern កាលពីរដូវកាលមុននោះ ឡើងទៅឈរលើកំពូលតារាង Bundesliga បណ្តោះអាសន្ន ក្រោយជ័យជម្នះបើកឆាកទាំង២ប្រកួតដូច Augsburg៕ | Bayern Munich បានរងបរាជ័យក្នុងការប្រកួតលើកដំបូង បើគិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ មក ដោយបានចាញ់ម្ចាស់ផ្ទះ Hoffenheim ៤-១ នាជំនួប Bundesliga សប្តាហ៍ទី២។ |
គ្រូពេទ្យធ្លាប់លឺរាប់មិនអស់នោះទេ នៅពេលដែលអ្នកជំងឺនិយាយថា គាត់នៅតែស្គម ទោះបីជាញ៉ាំច្រើនយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ ចូរអានអត្ថបទនេះដោយយកចិត្តទុកដាក់ នោះអ្នកដែលចង់ឡើងគីឡូ ប្រហែលជាមានសង្ឃឹមខ្ពស់ជាងមុនមិនខានឡើយ។ បរិភោគច្រើន ប៉ុន្តែ ហេតុអ្វីមិនធាត់? បងប្អូនត្រូវចាំថា អ្នកបរិភោគច្រើន ក៏មានរាងកាយស្គមស្គាំងដែរ។ ទម្ងន់មិនឡើង មិនមែនបណ្តាលមកពីប៉ារ៉ាសិតតែមួយមុខនោះទេ។ ប្រសិនបើអ្នកឧស្សាហ៍អស់កម្លាំង រាងកាយចុះខ្សោយ រាគ ញ័រដៃញ័រជើង បែកញើស ... វាអាចបណ្តាលមកពីជាតិពុលក្នុងរាងកាយរបស់អ្នកច្រើនពេក។ បើមានក្អក ហើយក្អករ៉ាំរ៉ៃ វាអាចបណ្តាលមកពីជំងឺរបេង។ ហើយវាក៏អាចបណ្តាលមកពីមូលហេតុធ្ងន់ធ្ងរផ្សេងទៀត ដូចជាជំងឺមហារីក និងអេដស៍។ ក្រៅពីនេះ ការបរិភោគអាហារគ្មានគុណភាព អាហារកំប៉ុង អាហារលឿនៗ ក៏មិនងាយធ្វើឲ្យអ្នកឡើងគីឡូ និងមានសុខភាពល្អនោះទេ។ តើអ្នកធ្វើដូចម្តេចទើបដឹងថាមាន "ប៉ារ៉ាសិត" ក្នុងរាងកាយរបស់អ្នក? ចំពោះពពួកព្រូន ឬប៉ារ៉ាសិត បើអ្នកមានវា អ្នកអាចនឹងស្គមស្គាំង ឈឺសន្លាក់ ឈឺចុកចាប់ក្នុងពោះ ឬក្អួតចង្អោរជាដើម។ ជួនកាល អ្នកអាចមើលឃើញវាតាមរយៈលាមក ពេលអ្នកបត់ជើងធំ។ ក្នុងករណីភាគច្រើន វាអាចធ្វើឲ្យអ្នកកើតជំងឺសើរស្បែក និងរមាស់រន្ធគូថជាប់ ជាពិសេសនៅពេលយប់។ ដង្កូវពោះវៀនមួយចំនួនមានសភាពគ្រោះថ្នាក់ខ្លាំង ពីព្រោះ វាអាចនឹងបឺតជញ្ជក់យកឈាមពីអ្នកជំងឺ ហេតុនេះហើយបានជាអ្នកជំងឺស្លេកស្លាំង គឺដោយសារតែការហូរឈាមបែបនេះឯង។ ប្រសិនបើអ្នកមានរោគសញ្ញាគួរឲ្យសង្ស័យ ជាពិសេស ប្រសិនបើបរិភោគច្រើន ប៉ុន្តែ នៅតែស្គម ចូរប្រញាប់ទៅជួបវេជ្ជបណ្ឌិតជំនាញ ហើយបើចង់ដឹងកាន់តែច្បាស់ ចូរយកលាមករបស់អ្នកទៅពិនិត្យនៅមន្ទីរពិសោធន៍ផង៕ ត្រួតពិនិត្យដោយ www.health.com.kh | សំណួរ ៖ ខ្ញុំញ៉ាំច្រើនណាស់ ប៉ុន្តែ នៅតែមានទម្ងន់ស្រាល ហាក់គ្មានសុខភាពល្អទាល់តែសោះ តើខ្ញុំកើតអ្វីទៅ? ព្រូន ប៉ារ៉ាសិត ឬជំងឺអ្វីធ្ងន់ធ្ងរទេដឹង។ |
ភ្នំពេញ៖ កម្ពុជារងឥទ្ធិពលសម្ពាធទាបមួយ ដែលធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង ហើយទឹកទន្លេកើនឡើងជាអតិបរមាលើកទី១ ចាប់ពីថ្ងៃទី២១ សីហាទៅ។ ដូច្នេះប្រជាកសិករនៅជុំវិញទន្លេ ត្រូវប្រញាប់ប្រមូលកសិផល ដើម្បីបញ្ចៀសការខូចខាតជាយថាហេតុ ដោយសារស្ថានភាពទឹកហក់ឡើងនេះ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប(ITCZ) ដែលកំពុងអូសកាត់លើអាងទន្លេមេគង្គ ចាប់ពីប្រទេសវៀតណាមដល់មីយ៉ាន់ម៉ា ដែលនឹងជះឥទ្ធិពលដល់ប្រទេសមួយចំនួនទៀតដូចជា ប្រទេសឡាវ ថៃ និងកម្ពុជា ជាពិសេសតំបន់ខ្ពង់រាបឦសាន តំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេសេកុង សេសាន និងទន្លេស្រែពក ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងកម្រិតពីមធ្យមទៅខ្លាំង ចាប់ពីចុងខែសីហានេះទៅ។ បើតាមក្រសួងធនធានទឹក ការធ្លាក់ភ្លៀងនេះ នឹងធ្វើឱ្យទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យស្ថានីយជលសាស្ត្រនានានៅតាមខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម មានកម្ពស់ទឹកកើនឡើងជាងមុន ប៉ុន្តែកម្ពស់ទឹកនេះ គឺស្ថិតនៅក្រោមកម្រិតកម្ពស់ដែលត្រូវប្រុងប្រយ័ត្នទាំងអស់។ រីឯនៅទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកនឹងឡើងជាបន្តបន្ទាប់។ «ក្រសួងស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេសប្រជាកសិករ ដែលប្រកបរបរកសិកម្មនៅអមសងខាងទន្លេទាំងអស់រួសរាន់ឡើងក្នុងការប្រមូលកសិផល និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ»។ នេះជាការអំពាវនាវរបស់ក្រសួងធនធានទឹក ដែលបានបន្ថែមថា ទឹកទន្លេមេគង្គ តែងតែហក់ឡើង២ដងក្នុងមួយឆ្នាំ ដែលហៅថា អតិបរមាលើកទី១ និងអតិបរមាលើកទី២៕ | ដោយ៖ ហួ ឆេងស៊ីម |
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប ៣៦៦៦៦នាក់ ក្នុងនោះ២៩ ៨០៧ នាក់ បានជាសះស្បើយ និងស្លាប់កើនដល់ ៣០០នាក់៕ អត្ថបទទាក់ទង អាជ្ញាធរខេត្តសៀមរាប ដាក់ឃុំកំពង់ឃ្លាំងជាតំបន់ក្រហម ឯឃុំដំដែក និងគោកធ្លកក្រោម ជាតំបន់លឿងទុំ | ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៤២៦នាក់ ករណីទៀត នៅកម្ពុជា និង៧៦០នាក់ទៀត បានជាសះស្បើយ។ អ្នកស្លាប់មានដល់ទៅ១១នាក់ទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤២៦នាក់ មាន៤៦នាក់ជាករណីនាំចូល។ |
នេះគឺជាសមិទ្ធផលថ្មីបន្ថែមពីលើលទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់រួមមាន ទ្រព្យសកម្មសរុប 3.39 ប៊ីលានដុល្លារ សម្ពៀតឥណទានច្រើនជាង 2.96 ប៊ីលានដុល្លារ អតិថិជនឥណទាន 440,000 នាក់ និងមានបុគ្គលិកច្រើនជាង 9,000 កំពុងបម្រើការងារ នេះបើយោងតាមស្ថិតិគិតត្រឹមខែតុលា ឆ្នាំ 2020 ។ អាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនខាងលើនេះ អនុញ្ញាតឱ្យ ប្រាសាក់ផ្តល់សេវាប្រាក់បញ្ញើសន្សំជូនអតិថិជន និងសាធារណជនចាប់តាំងពីឆ្នាំ 2011 ។ សមតុល្យប្រាក់បញ្ញើសន្សំបានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទំនុកចិត្តរបស់អតិថិជន និងការប្ដេជ្ញាចិត្តរបស់ប្រាសាក់ក្នុងការផ្ដល់ជូនសេវាបម្រើដ៏ល្អជូនអតិថិជន។ លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាក់បញ្ញើសន្សំដែលកៀរគរបានដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាប្រភពទុនដល់គ្រឹះស្ថានក្នុងការផ្ដល់ជាប្រាក់កម្ចីដល់អតិថិជននៅតាមទីជនបទនិងទីប្រជុំជននោះទេ ថែមទាំងជាឧបករណ៍សម្រាប់ជំរុញទម្លាប់នៃការសន្សំ និងការប្រើប្រាស់សេវាធនាគារសម្រាប់ប្រជាពលរដ្ឋផងដែរ។ ប្រាក់បញ្ញើសន្សំ ក៏បានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចជាតិយើងមានភាពរឹងមាំ និងស្ថិរភាពផងដែរ»។ លោក សូនី បន្តទៀតថា «លទ្ធផលដ៏អស្ចារ្យនេះកើតឡើងពីការគាំទ្រយ៉ាងខ្លាំងក្លារបស់អតិថិជនទាំងអស់ ការផ្ដល់ជូនផលចំណេញខ្ពស់ជូនអតិថិជន ការបម្រើសេវាដ៏ល្អប្រសើរ និងការផ្ដល់មធ្យោបាយដ៏ងាយស្រួលក្នុងការទទួលបានសេវាធនាគារផ្សេងៗតាមរយៈការប្រើប្រាស់ប្រព័ន្ធធនាគារស្នូលដ៏ទំនើប សេវាម៉ាស៊ីនដកប្រាក់ (អេធីអឹម) ម៉ាស៊ីនដាក់ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីនឆូតកាត ទូទាត់តាម QR កូដ នៅតាមបណ្ដាហាងទំនិញនានា ទូទាត់វិក្កយបត្រទឹកភ្លើង និងសេវាផ្ទេរប្រាក់ឆ្លងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។» លោក សូនី បន្ថែមទៀតថា «តាងនាមឱ្យថ្នាក់គ្រប់គ្រងប្រាសាក់ យើងខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ រួមមាន និយ័តករ ចំពោះឱវាទ និងអនុសាសន៍ ចាប់តាំងពីប្រាសាក់ចាប់កំណើតដំបូង រហូតដល់ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ និងទទួលបានទំនុកចិត្តខ្ពស់ដូចសព្វថ្ងៃនេះ។ នេះគឺជាការលើកទឹកចិត្តបន្ថែមសម្រាប់យើងខ្ញុំក្នុងការបន្តការប្ដេជ្ញាចិត្តផ្ដល់ជូនសេវាបម្រើអតិថិជនដ៏ល្អឯក និងផ្តល់ជូននូវបទពិសោធន៍ក្នុងការប្រើសេវាធនាគារតាមគ្រឹះស្ថានស្របច្បាប់»។ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ប្រាសាក់ ផ្ដល់ជូនសេវាប្រាក់បញ្ញើនិងសន្សំគ្រប់ប្រភេទ ច្រើនជម្រើសនិងរយៈពេល ដូចជា គណនីសន្សំ គណនីចម្រើនគ្មានកាលកំណត់ គណនីសន្សំតាមផែនការ គណនីចម្រើនតាមលំដាប់ គណនីបញ្ញើមានកាលកំណត់ គណនីកូនចម្រើន និងគណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។ សូមចូលទៅកាន់ https://bit.ly/3laigo6 ឬ អញ្ជើញមកសាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនី ដោយទទួលបានអត្ថប្រយោជន៍លើសពីអត្រាការប្រាក់ខ្ពស់៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ បានសម្រេច លទ្ធផលថ្មីមួយទៀត គឺសមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន 2 ប៊ីលានដុល្លារ និងមានគណនីអតិថិជនចំនួន 800,000 គណនី។ |
ជំងឺគេងមិនលក់ ជាកត្តាចម្បងបង្កហានិភ័យជំងឺបាក់ទឹកចិត្ត។ មនុស្សចាស់ប្រហែល៣០ ទៅ៥០ភាគរយបានកើតជំងឺគេងមិនលក់ដែលជាហេតុធ្វើឱ្យជំងឺបាក់ទឹកចិត្តងាយកើតឡើងចំពោះមនុស្សចាស់ទាំងនោះ។ ការសិក្សាចុះផ្សាយលើទិនានុប្បវត្តិវេជ្ជសាស្ត្រ JAMA Psychiatry បានបង្ហាញថា ការព្យាបាលជំងឺគេងមិនលក់តាមរយៈអាកប្បកិរិយា ទំនងជាអាចជួយទប់ស្កាត់ជំងឺបាក់ទឹកចិត្តបាន។ មនុស្សពេញវ័យដែលទទួលបានការព្យាបាលជំងឺគេងមិនលក់តាមរយៈអាកប្បកិរិយា អាចកាត់បន្ថយឱកាសវិវដ្តទៅរកជំងឺបាក់ទឹកចិត្តប្រមាណ៨៣ភាគរយ។ ការព្យាបាលជំងឺគេងមិនលក់តាមរយៈអាកប្បកិរិយា ជាការអនុវត្តសកម្មភាពដែលជួយឱ្យឆាប់គេងលក់ ដោយមិនមែនការព្យាបាលដោយប្រើថ្នាំនោះទេ។ ការអនុវត្តវិធីសាស្ត្រនេះមានប្រសិទ្ធភាព និងមិនផ្តល់ផលប៉ះពាល់ខ្លាំងដូចការប្រើថ្នាំងងុយដេកឡើយ។ ការព្យាបាលជំងឺគេងមិនលក់តាមរយៈអាកប្បកិរិយា ជាការអនុវត្តសកម្មភាព រួមមានការចូលគេង និងក្រោកពីគេងឱ្យទៀងពេលជារៀងរាល់ថ្ងៃ បិទភ្លើង មិនឱ្យមានសំឡេងរំខាន ការងូតទឹកក្តៅ ហាត់ប្រាណ រក្សាបន្ទប់គេងឱ្យត្រជាក់ និងគ្មានឧបករណ៍អេឡិចត្រូនិចជាដើម។ គួរបញ្ជាក់ថា បច្ចុប្បន្នជំងឺបាក់ទឹកចិត្តកើតឡើងយ៉ាងច្រើន ហើយបានបង្កើនហានិភ័យជំងឺដទៃទៀតដូចជាខ្សោយសមត្ថភាពយល់ដឹង គាំងបេះដូង ទឹកនោមផ្អែម ដាច់សរសៃឈាម និងអាចឈានដល់ការធ្វើអត្តឃាតថែមទៀត។ ដូចនេះ ការគេងលក់ស្កប់ស្កល់មានអត្ថប្រយោជន៍សម្រាប់មនុស្សយ៉ាងច្រើន ព្រោះវាអាចជួយទប់ស្កាត់ហានិភ័យជំងឺបាក់ទឹកចិត្ត ដែលជាប្រភពបង្កជំងឺជាច្រើនទៀត៕ | ការគេងមានទំនាក់ទំនងជាមួយនឹងសុខភាពមនុស្សយ៉ាងខ្លាំង ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នៅពេលអ្នកមានជំងឺគេងមិនលក់ វាបានក្លាយជាបញ្ហាប្រឈមមួយដែលអាចបង្កឱ្យមានជំងឺបាក់ទឹកចិត្ត។ ការសិក្សាមួយបានបង្ហាញថា សកម្មភាពដែលអ្នកធ្វើដើម្បីព្យាបាលជំងឺគេងមិនលក់ ទំនងជាអាចជួយទប់ស្កាត់ជំងឺបាក់ទឹកចិត្តបាន ពិសេសសម្រាប់មនុស្សចាស់។ |
ថ្ងៃទី១២ ខែតុលា ជាខួបលើកទី៦៩នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងជើង និងរុស្ស៊ី។ ប៉ុន្តែប្រមុខការទូតកូរ៉េខាងជើង រី យ៉ុងហូ និយាយថា ចំណងការទូតទ្វេភាគីមិនសូវល្អឡើងនាពេលបច្ចុប្បន្ន ព្រោះមានកត្តាខាងក្នុង និងខាងក្រៅ មករារាំង ក៏ដូចជាការមានជំហរខុសគ្នាលើបញ្ហាជាច្រើន។ លោក រី យ៉ុងហូ សង្ឃឹមថា ទំនាក់ទំនងប្រវត្តិសាស្ត្រនេះ នឹងល្អប្រសើរឡើងវិញព្រោះមានចំណុចដូចគ្នាជាច្រើនដូចគ្នាដែរ។ ដោយសំដៅដល់កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ លោក រី យ៉ុងហូ បញ្ជាក់ថា កូរ៉េខាងជើងកំពុងមានជោគជ័យ និងដើរតួជាកម្លាំងចលករដ៏សំខាន់ក្នុងការទប់ទល់មហាអំណាចអាមេរិក។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះជឿថា មានអ្នកជិតខាងខ្លាំងពូកែនៅក្បែរខ្លួន គឺជារឿងល្អសម្រាប់រុស្ស៊ី។ នេះក៏ដោយសារតែទាំងរុស្ស៊ី ទាំងកូរ៉េខាងជើង កំពុងស្ថិតក្រោមនយោបាយទណ្ឌកម្មរបស់អាមេរិកដូចគ្នា ហើយវ៉ាស៊ីនតោនព្យាយាមបង្កការយល់ច្រឡំរវាងមូស្គូ និងព្យុងយ៉ាងទៀតផង។ ជាញឹកញាប់ ក្រុងមូស្គូបានបង្ហាញជំហរប្រឆាំងការដាក់ទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាងដើម្បីបង្ខំឲ្យបញ្ចប់កម្មវិធីនុយក្លេអ៊ែរនោះ ព្រោះវាជារឿងគ្មានន័យអ្វីឡើយ និងមិនអាចជួយដោះស្រាយបញ្ហាបានទេ តែនឹងធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញទៅទៀត។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្លាប់និយាយហើយថា កូរ៉េខាងជើងសុខចិត្តយកស្មៅធ្វើជាអាហារ ក៏មិនព្រមបោះបង់កម្មវិធីនុយក្លេអ៊ែរដែរ ដរាបណាពួកគេនៅតែព្រួយបារម្ភពីសុវត្ថិភាព។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន TASS មន្ត្រីការទូតកូរ៉េខាងជើងដដែលនេះបានបញ្ជាក់ជំហរច្បាស់ថា ព្យុងយ៉ាងមិនបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ហើយក៏មិនចរចាលើកម្មវិធីនេះដែរ។ លោក រី យ៉ុងហូ ដែលទើបឡើងតំណែងក្នុងជួរបក្សពលករកូរ៉េបន្ថែមថា នុយក្លេអ៊ែរជាប្រដាប់ការពារអធិបតេយ្យកូរ៉េខាងជើងពីការគំរាមកំហែងរបស់ប្រទេសផ្សេង ហើយកូរ៉េខាងជើងក៏មានសិទ្ធិអភិវឌ្ឍអាវុធប្រភេទនេះដែរ។ ឆ្លើយតបការគំរាមកំហែងម្ដងហើយម្ដងទៀតពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ លោក រី យ៉ុងហូ ចាត់ទុកពាក្យសម្ដីទាំងនោះជាការជាន់ឆ្នួនបញ្ឆេះសង្គ្រាម ដែលត្រូវតែតបបវិញដាច់ខាត។ ជុំវិញលទ្ធភាពចរចាវិញ ប្រមុខការទូតកូរ៉េខាងជើងបានប្រាប់ឲ្យអាមេរិកបញ្ឈប់នយោបាយបង្ករឿងខ្លួន ទើបការចរចាអាចទៅមុខបាន៕ | រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ នៅថ្ងៃទី១១ ខែតុលា បានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ថា កូរ៉េខាងជើងកំពុងដើរតួនាទីកូនជញ្ជីងដ៏មានតម្លៃដើម្បីថ្លឺងថ្លែងឥទ្ធិពលរបស់អាមេរិក ដែលតែងចាត់ទុកខ្លួនឯងជាមហាអំណាចតែមួយលើលោក។ បើតាមលោក រី យ៉ុងហូ ការណ៍មានអ្នកជិតខាងដូចកូរ៉េខាងជើង ពិតជាសមស្របនឹងផលប្រយោជន៍របស់រុស្ស៊ី ដែលកំពុងរងទណ្ឌកម្មអាមេរិកដូចកូរ៉េខាងជើងដែរ។ |
វេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជា បានលើកឡើងពីរបៀបទទួលទានអាហារ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពក្នុងអំឡុងពេលហ្វឹកហាត់ និងលេងកីឡា។ បើតាមវេជ្ជបណ្ឌិតរូបនេះ អាហារខ្លះអាចហូបមុន អាហារខ្លះអាចហូបក្នុងអំឡុងពេល និងអាហារខ្លះអាចហូបក្រោយការហ្វឹកហាត់ និងលេងកីឡា។ ប៉ុន្តែការហូបអាហារទាំងនោះត្រូវធ្វើតាមពេលវេលាកំណត់ក្នុងវិទ្យាសាស្ត្រកីឡា។ ហើយមុនជ្រើសរើសអាហារ អ្នកហ្វឹកហាត់ ឬអ្នកលេងកីឡាត្រូវគិតពីផលប៉ះពាល់នៃអាហារ។ ក្នុងន័យនេះ គឺត្រូវជ្រើសរើសអាហារណាដែលមិនប៉ះពាល់ដល់សុខភាព។ ពាក់ព័ន្ធការទទួលទានអាហារ លោក ស្តើង ជា បានពន្យល់ថា៖«ចំពោះចំណីគោក ឬវត្ថុរឹងៗ យើងត្រូវទទួលទានឲ្យបាន៤ម៉ោងមុនហ្វឹកហាត់ ឬលេងកីឡា រីឯចំណីរាវៗយើងត្រូវទទួលទានឲ្យបាន២ទៅ៣ម៉ោង បើទឹកដែលផ្តល់ថាមពលត្រូវទទួលទានឲ្យបាន១ម៉ោង ឬកន្លះម៉ោងមុន។ តែចំណីយើងត្រូវគិតគូថា ចំណីណាដែលអាចទទួលទានបានដោយគ្មានទុក្ខទោសដល់យើង ពីព្រោះបុគ្គលម្នាក់ៗមានទម្លាប់ខុសៗគ្នា»។ ដោយឡែក កីឡាករ ឬអ្នកហាត់កីឡាអាចហូបទឹកបានគ្រប់ពេលវេលាទាំងមុន ក្រោយ និងក្នុងអំឡុងពេលប្រកួត និងហ្វឹកហាត់។ បន្ថែមលើនេះ កីឡាករ ឬអ្នកហាត់កីឡាទាំងអស់ គួរហូបទឹករៀងរាល់១៥នាទីម្តង ដើម្បីជួយស្តារ និងបំពេញជាតិទឹកក្នុងសារពាង្គកាយ។ នេះជាការបន្ថែមរបស់លោក ស្តើង ជា។ សម្រាប់លោក ស្តើង ជា ក្រៅពីយល់ដឹងពីរបៀបរបបនៃការបរិភោកអាហារ អ្នកហាត់កីឡា ឬអ្នកលេងកីឡា គួរយល់ដឹងពីរបៀបនៃការហាត់កីឡា ឬលេងកីឡា។ ជាពិសេសអ្នកហាត់កីឡាទាំងអស់ត្រូវធ្វើចលនាកម្តៅសាច់ដុំមុនពេលហ្វឹកហាត់ បន្ទាប់មកត្រូវចលនាសម្រួលសាច់ដុំមកវិញ ក្រោយការហ្វឹកហាត់ ឬប្រកួត។ ព្រោះការធ្វើបែបនេះ វាអាចជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ ឬប៉ះពាល់ដល់សុខភាព៕ | អ្នកលេងកីឡា មិនអាចទទួលទានអាហារផ្តេសផ្តាស ខុសក្បួនខ្នាតវិទ្យាសាស្ត្រកីឡានោះទេ ព្រោះវាអាចនាំឲ្យប៉ះពាល់ដល់សុខភាព។ ការទទួលទានអាហារមុន និងក្នុងអំឡុងពេលហ្វឹកហាត់ ឬលេងកីឡា វាមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទអាហារ។ តើត្រូវទទួលទានអាហារដោយរបៀបណា ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព? |
ជាអ្នករត់តាក់ស៊ីប៉ៃលិន-ភ្នំពេញ លោក ជា បូរិន បានត្អូញត្អែរ ប្រាប់ ThmeyThmey ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបាត់ភ្ញៀវអស់ជាង៥០ភាគរយឯណោះ។ ករណីនេះ តម្រូវឲ្យលោកផ្អាករបរដែលប្រកបអស់រយៈពេល៥ឆ្នាំបណ្តោះអាសន្នសិន ដើម្បីរង់ចាំស្ថានភាពកូវីដ-១៩ ធូរស្រាល។ «ស្ងាត់ខ្លាំងអត់មានធ្វើដំណើរទេឥឡូវ ម្សិលមិញមានភ្ញៀវបួននាក់ មិនរួចចាក់ហ្គាសឡានផង។ ចាប់ពីស្អែកទៅ ខ្ញុំចង់សម្រាកមួយរយៈសិន ព្រោះអត់ភ្ញៀវដឹក។ ក្រុមអ្នករត់ឡានគ្នាខ្ញុំ ពីប៉ៃលិន-ភ្នំពេញ ប្រមាណ៧៥ឡានដែលដឹកភ្ញៀវប្រចាំថ្ងៃដូចខ្ញុំ សម្រាកដេកផ្ទះអស់ជាង៥០ឡានហើយ»។ ក្រៅពីត្អូញត្អែរថា ខ្វះភ្ញៀវដឹក លោក បូរិន ក៏បានអះអាងផងដែរ ក្រុមអ្នករត់ស៊ីបច្ចុប្បន្ន ក៏មិនមែនចេះតែចាប់ភ្ញៀវដាក់នោះដែរ ព្រោះបារម្ភពីការឆ្លងកូវីដ-១៩ ដោយសារតែមិនដឹងច្បាស់ពីប្រវត្តិភ្ញៀវ។ ការសម្រេចចិត្តផ្អាករបរ ក៏មិនមែនការសម្រេចដាច់ណាត់នោះឡើយ បើក្នុងករណីមានភ្ញៀវ លោកនៅបន្តដដែល ដើម្បីរកលុយដោះបំណុលធនាគារ។ មិនខុសគ្នាប៉ុន្មានឡើយ លោក ចាន់ ថា បានលើកឡើងពីតម្លៃហ្គាសហក់ខ្ពស់ ខណៈចំនួនភ្ញៀវកាន់តែខ្សត់។ លោករអ៊ូរថា៖ «តាំងពីផ្ទុះកូវីដ-១៩ ចុងក្រោយនេះ ខ្ញុំដឹកភ្ញៀវមួយខានមួយថ្ងៃដែរហ្នឹង។ បើនៅតែបែបនេះ ខ្ញុំចង់ផ្អាកមួយរយៈ ព្រោះថ្ងៃខ្លះដឹកភ្ញៀវហើយអត់សល់លុយផង ហ្គាសឡើងខ្លាំងតាំងពីចូលឆ្នាំចិនមក»។ បើតាមលោក ចាន់ ថា ភ្ញៀវភាគច្រើនដែលលោកដឹក គឺជាភ្ញៀវធ្លាប់ស្គាល់ចេញចូលបាត់ដំបង ភ្នំពេញ ប៉ៃលិន ប៉ោយប៉ែត ហើយតែងតែកក់តាមទូរសព្ទ ដោយមិនសូវហ៊ានដឹកភ្ញៀវ ដែលមិនធ្លាប់ស្គាល់នោះឡើយ ព្រោះទាំងអស់គ្នាសុទ្ធតែខ្លាចកូវីដ-១៩។ លោក ជា បូរិន អ្នករត់តាក់ស៊ី ប៉ៃលិន-ភ្នំពេញ (រូបពីទំព័រហ្វេសប៊ុករបស់លោក បូរិន) ភ្ញៀវរបស់លោក ចាន់ ថា ភាគច្រើនគឺជាខ្មែរគ្នាឯង ដោយលោកសង្កេតឃើញថា ពួកគាត់មានការប្រុងប្រយ័ត្នល្អណាស់ ដោយពាក់ម៉ាស មានអាល់កុលលាងដៃស្ទើរគ្រប់គ្នា។ ជាមួយគ្នានេះ ក្នុងតាក់ស៊ីរបស់លោកក៏មានម៉ាស និងអាល់កុលលាងដៃសម្រាប់ភ្ញៀវជាប្រចាំផងដែរ ក្នុងករណីពួកគាត់ភ្លេចខ្លួន។ ក្រុមហ៊ុនសេវាដឹកអ្នកដំណើរ ក៏ជួបបញ្ហាដូចគ្នាផងដែរ។ បុគ្គលិកម្នាក់របស់ក្រុមហ៊ុនឯកជនមួយដែលបន្ទុកផ្លាស់ប្ដូរសំបុត្រភ្ញៀវ បញ្ជាក់ប្រាប់ ThmeyThmey ថា ភ្ញៀវបរទេសធ្លាក់ចុះជាងមុន បើគិតចាប់តាំងពីការផ្ទុះព្រឹត្តិការណ៍២០កុម្ភៈមក។ សូមបញ្ជាក់ថា នាថ្ងៃប្រកាសពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំពលរដ្ឋគួរផ្អាកធ្វើដំណើរមកកាន់រាជធានីភ្នំពេញ បើមិនមានករណីចាំបាច់ ដោយសម្តេចសុំឲ្យមានការយោគយល់នាដំណាក់កាលដ៏ពិបាកនេះ។ បច្ចុប្បន្ន ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើតឡើងភាគច្រើននៅតាមបណ្តាទីតាំងធំៗជិត៥០កន្លែងក្នុងរាជធានីភ្នំពេញ ហើយឆ្លងទៅទីតាំងមួយចំនួនក្នុងខេត្តកណ្តាល។ បណ្តាខេត្តមួយចំនួនក៏មានវិធានការតឹងរ៉ឹងផងដែរចំពោះការធ្វើដំណើរដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងសហគមន៍នៅកម្ពុជា៕ | ភ្នំពេញ៖ អ្នករត់តាក់ស៊ីត្អូញត្អែរពីចំនួនភ្ញៀវធ្លាក់ចុះ ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមនុស្សជាង១០០នាក់ទៅហើយបានឆ្លងក្នុងចំណោមករណីសរុបជាង៦០០នៅកម្ពុជា។ ដោយសារចំណូលមិនអាចទូទាត់ជាមួយនឹងចំណាយ ជាពិសេសតម្លៃហ្គាស និងសាំង អ្នកប្រកបអាជីវកម្មនេះ មួយចំនួនបានសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន។ |
កូរ៉េខាងជើង នៅថ្ងៃទី៩ ខែមីនា បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ទៅក្នុងសមុទ្រលឿន។ នេះជាការបាញ់មីស៊ីលប៉ាលីស្ទិកលើកទី៤ នៅក្នុងឆ្នាំ២០២៣ ខណៈពេលអាម៉េរិក និងកូរ៉េខាងត្បូង តែងធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់។ ក្រោយការបាញ់មីស៊ីលខាងលើ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបន្តប្តេជ្ញាក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន។ លើសពីនេះ អាម៉េរិក ក៏បានព្រមានកូរ៉េខាងជើងផងដែរ ប្រសិនបើមិនផ្លាស់ប្តូរកាយវិការបង្ករឿងរបស់ខ្លួន។ «យើងនឹងស្វះស្វែងជាមួយដៃគូរបស់យើងនៅជុំវិញពិភពលោក...ដើម្បីធ្វើឱ្យប្រាកដចំពោះកូរ៉េខាងជើង ដែលផលវិបាក នឹងបន្តកើនឡើងទាល់តែប្រទេសមួយនេះ មានការផ្លាស់ប្តូរកាយវិការរបស់ខ្លួន»។ លោក Ned Price បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ ខែមីនា ដោយបន្តថា ក្រុងវ៉ាស៊ីនតោន ចង់ឃើញក្រុងព្យុងយ៉ាងផ្លាស់ប្តូរកាយវិការរបស់ខ្លួនទៅរកកិច្ចចរចា និងការទូត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកជឿថា មានតែការចរចាប៉ុណ្ណោះ ដែលជួយឱ្យមានដំណើរការពិតប្រាកដ ដើម្បីឈានទៅរកការរំសាយកម្មវិធីនុយក្លេអ៊េររបស់កូរ៉េខាងជើង។ ក្នុងសន្និសីទដដែលនោះ លោក Price ក៏បានរិះគន់ក្រុងព្យុងយ៉ាង ដែលបានបាញ់មីស៊ីល ក្នុងពេលថ្មីៗនេះផង។ បើតាមលោក Price ការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាងជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងបង្កការគំរាមកំហែងដល់ប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។ យ៉ាងណាក៏ដោយ អាម៉េរិកនៅតែសន្យារក្សាកិច្ចចរចាជាមួយកូរ៉េខាងជើង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានKCNA លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចុះត្រួតពិនិត្យកងកម្លាំងកាំភ្លើងធំ Hwasong រួមទាំងការត្រួតពិនិត្យលើការបាញ់មីស៊ីលហ្វឹកហាត់ ដើម្បីបំផ្លាញអាកាសយានដ្ឋានសត្រូវថែមទៀត៕ | កូរ៉េខាងជើង នឹងបន្តប្រឈមផលវិបាកខ្លាំងឡើង រហូតទាល់តែមានការផ្លាស់ប្តូរកាយវិការរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែមីនា។ ការអះអាងរបស់លោក Ned Price ធ្វើឡើងក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ជាថ្មីទៅសមុទ្រលឿង។ |
១. តែបៃតង ជាប្រភពដ៏ប្រសើរនៃសមាសធាតុ L-theanine ដែលបង្កើនកម្រិតនៃការផលិតអ័រម៉ូនរីករាយសេរ៉ូតូនីនរបស់ខួរក្បាល។ សមាសធាតុ L-theanine ក៏ធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ផងដែរ។ ២. រមៀត រមៀតមិនត្រឹមតែប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់ និងច្រាលទឹកអាស៊ីតក្រពះប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាជំងឺធ្លាក់ទឹកចិត្តផងដែរ។ លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃតែរមៀតជួយរក្សាតុល្យភាពនៃអ័រម៉ូន ហើយក្នុងករណីមួយចំនួន ជំងឺធ្លាក់ទឹកចិត្តបណ្ដាលមកពីបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ៣. ផ្លែប៉ោម មិនត្រឹមតែជួយរក្សាសុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ប្រយុទ្ធប្រឆាំងជំងឺធ្លាក់ទឹកចិត្តផងដែរ។ នេះក៏ព្រោះតែផ្លែប៉ោមមានផ្ទុកសមាសធាតុ glutamic acid ដែលចាំបាច់សម្រាប់បង្កើនភាពប្រសើរឡើងនៃមុខងារកោសិកាខួរក្បាល។ ដូច្នេះដើម្បីទប់ស្កាត់អាការៈនៃជំងឺធ្លាក់ទឹកចិត្តកុំឱ្យលេចឡើង ចូរប្រាកដថាអ្នកបានទទួលទានផ្លែប៉ោម ១ ផ្លែក្នុងមួយថ្ងៃជាប្រចាំ។ ៤. អាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន B ពិសេសវីតាមីន B12 ! ធ្លាប់ដឹងទេថាកង្វះវីតាមីន b12 អាចបណ្ដាលឱ្យមានបញ្ហាអារម្មណ៍មិនល្អ? នោះក៏ព្រោះតែវីតាមីន b12 មានប្រសិទ្ធិភាពគ្រប់គ្រងអារម្មណ៍ល្អប្រសើរជួយរក្សាសុខភាពផ្លូវចិត្ត។ ម្យ៉ាងវិញទៀត វីតាមីន b12 ក៏ជួយរក្សាថាមពលខួរក្បាលទប់ទល់នឹងភាពអស់កម្លាំងដោយសារបញ្ហាស្ត្រេសផងដែរ។ ហេតុនេះប្រសិនបើអ្នកចង់ចៀសផុត ឬទប់ទល់ជាមួយបញ្ហាធ្លាក់ទឹកចិត្ត (depression) និងថប់បារម្ភ ចូរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12 ក្នុងរបបអាហារប្រចាំថ្ងៃ។ ៥. អាហារមានផ្ទុកសម្បូរដោយជាតិស័ង្កសី ភាគច្រើននៃអ្នកដែលជួបប្រទះបញ្ហាធ្លាក់ទឹកចិត្ត គឺរាងកាយមានផ្ទុកកម្រិតនៃជាតិស័ង្កសីទាបជាងធម្មតា។ នេះហើយជាមូលហេតុដែលអ្នកគួររួមបញ្ចូលអាហារសម្បូរទៅដោយជាតិស័ង្កសីក្នុងរបបអាហារប្រចាំថ្ងៃ។ ចាប់ផ្ដើមទទួលទានត្រី ឬអាហារសមុទ្រដូចជាអយស្ទ័រដែលមានផ្ទុកជាតិស័ង្កសីយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេអាហាររបបអាហារក៏ជះឥទ្ធិពលលើអារម្មណ៍និងអាចជួយទប់ទល់អាការៈនៃជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាលបានយ៉ាងប្រសើរដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយព្យាបាលជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាល ៖ |
ការស្លាប់របស់សត្វដំរីព្រៃញីនេះ ត្រូវបានពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចជំនាញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តមណ្ឌលគិរី បានសការជាមួយកម្លាំងបរិស្ថានស្នាក់រង រកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងផ្ទាល់។ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បញ្ជាក់ថាសាកសពសត្វដំរីព្រៃញី ងាប់ជាប់អូរនោះ មានស្ថានភាពហើមស្អុយ។ លោក បន្ថែមថា មន្ទីរបរិស្ថានបានពិនិត្យ និងធ្វើកោសល្យវិច័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះឡើយ។ លោក សុខ ឃាង អះអាងដូចនេះ៖ « ដំរីព្រៃញីដែលបានស្លាប់នៅស្រុកអូររាំងហ្នឹង គឺមិនមានកូននោះទេ។ បន្ទាប់ពីក្រុមការងារចុះពិនិត្យរួចរាល់ សាកសពដំរីនោះ ក៏ត្រូវបានគេយកទៅកបក្នុងព្រៃផងដែរ»៕ សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញស្លាប់ នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី | ភ្នំពេញ៖ ពលរដ្ឋប្រទះឃើញសត្វដំរីព្រៃញី ១ក្បាល ដេកស្លាប់ នៅជម្រាលភ្នំថ្ម ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ សត្វដំរីព្រៃញីមួយក្បាលនេះ មានបណ្តោយ ៤,២ម៉ែត្រ កម្ពស់២,៣ម៉ែត្រ។ |
ជាតិខ្លាញ់៖អាហារដែលសម្បូរជាតិខ្លាញ់មានការលំបាកក្នុងការរំលាយដូច្នេះពួកវានឹងស្ថិតនៅក្នុងក្រពះរបស់អ្នកយូរជាងប្រភេទអាហារដទៃទៀតហើយក្រពះរបស់អ្នក ត្រូវផលិតអាស៊ីតកាន់តែច្រើនទៀតដូចដែលម្ហូបអាហារកំពុងតែនៅក្នុងក្រពះរបស់អ្នកក្នុងរយៈពេលយូរ។ អាហារដែលមានជាតិខ្លាញ់ខ្ពស់រួមមាន ប័រ ស្បែកមាន់និងអាហារបស្ចឹមប្រទេស។ ជាតិកាហ្វេអ៊ីន៖ជាតិកាហ្វេអ៊ីន ជម្រុញអោយមានការផលិតអាស៊ីតក្រពះដ៏លើសលប់។ សាកលវិទ្យាល័យMaryland បានណែនាំអោយអ្នកជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនរួមទាំងកាហ្វេនិងសូដាកាបូណាតផងដែរ។ គ្រឿងស្រវឹង៖គ្រឿងស្រវឹងគឺជាកត្តាហានិភ័យមួយ ដែលធ្វើអោយមានការបញ្ចេញអាស៊ីតលើសលប់។ ស្រាបៀរអាចបង្កើនទ្វេដងនៃអាស៊ីតនៅក្នុងក្រពះរបស់អ្នកក្នុងរយៈពេលមួយម៉ោង។ដូចគ្នានេះផងដែរការប្រើប្រាស់គ្រឿងស្រវឹងលើសលប់ អាចធ្វើអោយរលាកស្រទាប់ខាងក្នុងក្រពះនិងបណ្តាលអោយរលាកក្រពះ៕ ត្រួតពិនិត្យដោយ www.health.com.kh | អាស៊ីតក្រពះច្រើនពេក មិនគ្រាន់តែជាបញ្ហាដែលបណ្តាលអោយមានការរលាកកម្រិតស្រាលនោះទេ។ ជាញឹកញាប់ វានាំអោយមានបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនទៀតដូចជាជំងឺច្រាលអាស៊ីតក្រពះនិងដំបៅក្រពះពោះវៀនជាដើម។ |
លោក ស្រ៊ីន ផលិត តួនាទី អ្នកចាត់ការទូទៅ នៅមជ្ឈមណ្ឌលថែទាំរថយន្ត NTK Service បាននិយាយថា មូលហេតុដែលលោកសម្រេចចិត្ត បើកមជ្ឈមណ្ឌលនៅទីតាំងផ្លូវទេពផននេះ ដោយមើលឃើញពីសក្ដានុពលនៃតំបន់ជុំវិញ ហើយកំណើនរថយន្តនៅក្នុងតំបន់នេះក៏ឃើញថាមានច្រើន ក៏ប៉ុន្តែមិនទាន់មានមជ្ឈមណ្ឌលថែទាំរថយន្តណាមួយដែលមានស្ដង់ដារត្រឹមត្រូវនៅឡើយ ។ លោកបន្តថា ធម្មតាអ្នកប្រើប្រាស់រថយន្ត គឺចង់អោយរថយន្តរបស់ខ្លួននៅថ្មី និងស្អាត មិនមានបញ្ហានៅពេលប្រើប្រាស់។ ដូច្នេះ ពួកគេប្រាកដជាចង់បានកន្លែងណា ដែលអាចថែទាំរថយន្តរបស់ពួកគេ មើលទៅហាក់នៅថ្មីជាប់ជានិច្ច និងមិនមានបញ្ហាទៅណាមកណា។ ម្យ៉ាងទៀត មជ្ឈមណ្ឌលថែទាំរថយន្ត និងយានដ្ឋានខ្លះ ក៏មានភាពមិនស្មោះត្រង់ចំពោះអតិថិជនទៅទៀត។ លោកបន្ថែមថា ថ្វីដ្បិតតែមជ្ឈមណ្ឌលថែទាំរថយន្ត របស់លោកមើលទៅហាក់ទំនើប ក៏ប៉ុន្តែក៏មានទទួលមើលរថយន្តទាំងចាស់ និងថ្មី ដើម្បីអោយអ្នកប្រើប្រាស់រថយន្ត មានភាពប្រាកដប្រជា នៅពេលបើកបររថយន្តរបស់ខ្លួនទៅទីជិតទីឆ្ងាយ ។ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអោយដឹងថា ក្នុងរយៈពេល១ឆមាស ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរ ពីបរទេសមានតម្លៃចំនួន ៤១៤ ៧២៥ គ្រឿង ដែលមានតម្លៃសរុបជិត ៦៣៥ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។ របាយការណ៍ដដែលបង្ហាញថា ការនាំចូលរថយន្តទេសចរណ៍មានតម្លៃ ២៨០,៦៥ លានដុល្លារ ស្មើនឹងចំនួន ២៥ ៤៨៣ គ្រឿង រថយន្តដឹកទំនិញ មានតម្លៃ ១៩៤,៤៧ លានដុល្លារ ស្មើនឹង ១៣ ៨១២ គ្រឿង រថយន្តដឹកអ្នកដំណើរ មានតម្លៃ ២០,៦៨ លានដុល្លារ ក្នុងបរិមាណ ១ ២១២ គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ៣៥,៨៤ លានដុល្លារ ស្មើនឹង ១ ២៣១ គ្រឿង ៕ (អត្ថបទពាណិជ្ជកម្ម) | មជ្ឈមណ្ឌលថែទាំរថយន្តមួយកន្លែងនៅបណ្ដោយផ្លូវទេពផន បានចាប់ផ្ដើមបើកជាផ្លូវការ នៅថ្ងៃទី១៣ ខែសីហា ២០២០នេះហើយ ដោយកំណើនរថយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយមជ្ឈមណ្ឌលបម្រើសេវាកម្មថែទាំរថយន្តដែលមានស្ដង់ដារនៅកម្ពុជាហាក់នៅមានតិចតួចនៅឡើយ ។ ក្នុងឱកាសបើកសម្ពោធនេះដែរ មជ្ឈមណ្ឌលថែទាំរថយន្ត NTK Service ផ្ដល់ជូនសេវាជាមួយការបញ្ចុះតម្លៃ រហូត ៥០ ភាគរយចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះផងដែរ។ |
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលពីជ្រលងសម្ពាធទាបចិនខាងត្បូងភាគខាងជើងវៀតណាម និងសម្ពាធខ្ពស់ពីចិន អាចធ្វើឱ្យស្ថានភាពអាកាសធាតុនៅបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល មានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន តែនៅថ្ងៃទី៣-៥ ខែមេសា បរិមាណទឹកភ្លៀងនឹងចុះខ្សោយ។ ទន្ទឹមនឹងនោះ សីតុណ្ហភាពក៏ចុះត្រជាក់បន្ដិចបន្ថែម។ ចំពោះបណ្ដាខេត្តជាប់ភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ខណៈសីតុណ្ហភាពក៏ចុះត្រជាក់បន្ដិចបន្ថែមទៀត។ ចំណែកឯ តំបន់ជាប់មាត់សមុទ្រ នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចនឹងមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងធ្លាក់ចុះ៕ | ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៥ ខែមេសា កម្ពុជាអាចមានភ្លៀងក្នុងកម្រិតមធ្យម លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ អាកាសធាតុបែបនេះ បណ្ដាលមកពីឥទ្ធិពលសម្ពាធទាបសកម្មដែលនឹងកើនឡើងនៅសមុទ្រចិន និងសម្ពាធខ្ពស់ពីចិន។ |
យោងតាមលទ្ធផលនេះ ចំនួនសិស្សប្រលងជាប់និទ្ទេស A បានថយចុះ បើប្រៀបធៀបជាមួយនឹងលទ្ធផលនៃឆ្នាំ២០១៧ ដែលមានបេក្ខជនជាប់និទ្ទេស A ចំនួន៤២៤នាក់ និងនិទ្ទេសB មាន ២៤៦៤ នាក់។ ក្នុងឆ្នាំ២០១៦ បេក្ខជនសរុបដែលប្រឡងជាប់មានចំនួន៦២ភាគរយ ដោយមាននិទ្ទេស A ៤០៥នាក់ និងនិទ្ទេស B ចំនួន២៨០១នាក់។ ក្នុងឆ្នាំ២០១៥ ក្នុងចំណោមបេក្ខជនប្រលងជាប់សរុប៥៥ភាគរយ មាននិទ្ទេស A ចំនួន ១០៨នាក់ និងនិទ្ទេស B ១០៨៥នាក់៕ | លទ្ធផលនៃសម័យប្រលងបាក់ឌុបឆ្នាំ២០១៨ ត្រូវបានផ្សព្វផ្សាយហើយ។ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ២៩០នាក់ និទ្ទេស B មានចំនួន១៥៣២នាក់ និងនិទ្ទេស C មានចំនួន ៤៦៣១នាក់។ ចំណែកឯនិទ្ទេស D មានចំនួន ១៣៩៩៩នាក់ និងនិទ្ទេស E មានចំនួន ៥៤៦០៧នាក់។ |
ភ្នំពេញ ៖ កម្មវិធី CamDigiKey ជំនាន់ទី ២.០ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៤ កក្កដា។ ប្រព័ន្ធនេះ នឹងផ្តល់ភាពងាយស្រួល ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន តាមរយៈអនឡាញ ( e-Verification ) និងមានសុវត្ថិភាព ចំពោះអ្នកទទួលសេវា ពីប្រតិបត្តិការអនឡាញ ។ លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា លក្ខណៈពិសេសថ្មី របស់កម្មវិធី CamDigiKey ជំនាន់ ២.០ នេះ គឺអាចផ្ទៀតផ្ទាត់ និងវិភាគមុខមនុស្ស ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា Optical Character Recognition (OCR) សម្រាប់បម្លែងព័ត៌មាន ដែលមានទម្រង់ជារូបភាព ទៅជាទម្រង់ឌីជីថលតាមរយៈ Machine Readable Zone ។ បើតាមលោក ម៉ារី កម្មវិធី CamDigiKey ក៏អាចផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ ក្នុងកម្មវិធីទូរស័ព្ទផ្សេងទៀត ដោយមិនតម្រូវឱ្យអ្នកធ្វើការចុះឈ្មោះឡើងវិញ ក្នុងករណីទូរស័ព្ទនោះ ត្រូវបានភ្ជាប់ជាមួយកម្មវិធី CamDigiKey ។ លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រូបថត ៖ MEF ។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ផ្ទៀតផ្ទាត់អត្តសញ្ញាណតែម្តងគត់ ហើយអាចចូលទៅប្រើប្រាស់នូវគេហទំព័រដទៃបាន ដោយមិនចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណឡើងវិញ ឬស្គែន QR Code ម្តងទៀតឡើយ ។ នេះបើតាមលោក គង់ ម៉ារី បានថ្លែងពីលក្ខណៈពិសេសរបស់ CamDigiKey ។ គូសបញ្ជាក់ផងដែរថា ថ្នាល CamDigiKey ជាគន្លឹះជំរុញការអនុវត្តឌីជីថលនៅកម្ពុជា ដែលស្របទៅតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ។ ថ្នាលនេះមិនត្រឹមតែ អាចកំណត់អត្តសញ្ញាណអតិថិជនអនឡាញ (e-Verification) ប៉ុណ្ណោះទេ ថែមទាំង ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពចំពោះអ្នកទទួលសេវា រាល់ពេលធ្វើប្រតិបត្តិការអនឡាញ ៕ | ដោយ ៖ធន់ សេងហុង |
សម្រាប់ប្រធានផ្នែកបម្រើសេវាកម្មអតិថិជនរូបនេះ បើទោះជាខ្លួនទទួលបានការសិក្សាផ្លូវការតិចក៏ដោយ ប៉ុន្តែគ្មានអ្វីមករារាំងមហិច្ឆតារបស់នាងឡើយ ដរាបណានាងមិនបោះបង់ការខំប្រឹង។ «មិនមានអ្វីដែលល្អជាងការខិតខំប្រឹងប្រែងរបស់យើងទេ។ ការប្រឹងប្រែងនឹងបានសម្រេចនៅថ្ងៃណាមួយ»។ នេះជាការលើកឡើងរបស់ កញ្ញា វិត ស្រីខួច។ ដើម្បីជ្រាបច្បាស់ សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា ខន ចំប៉ា អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និងកញ្ញា វិត ស្រីខួច ប្រធានផ្នែកបម្រើសេវាកម្មអតិថិជនរបស់ហាងទំនិញកុមារបេប៊ី អោតឡេត ដូចតទៅ៖ | ភ្នំពេញ៖ កញ្ញា វិត ស្រីខួច បច្ចុប្បជាប្រធានផ្នែកបម្រើសេវាកម្មអតិថិជន នៅក្នុងហាងលក់ទំនិញកុមារ Baby Outlet។ ប៉ុន្តែមុននឹងទទួលបានតំណែងជាប្រធានផ្នែកនេះ កញ្ញា ស្រីខួច ដែលរៀនបានត្រឹមថ្នាក់ទី១០ គឺជាអ្នកគិតលុយ នៅក្នុងហាង Baby Outletជិត៣ឆ្នាំ ហើយនាងបានខិតខំធ្វើការងារ មិនដែលប្រហែសឡើយ។ ស្រីខួច ថានាងតែងចាត់ទុកកន្លែងការងារដូចជាផ្ទះរបស់ខ្លួន។ កញ្ញា វិត ស្រីខួច បញ្ជាក់ដូច្នេះ៖«ខ្ញុំគិតថា ខ្ញុំធ្វើការឲ្យគេ ខ្ញុំគិតថាកន្លែងការងាររបស់ខ្ញុំ គឺដូចជាផ្ទះរបស់ខ្ញុំអ៊ីចឹង។ នៅក្នុងចិត្តរបស់ខ្ញុំអ្វីដែលសំខាន់ គឺទាក់ទងនឹងផលិតផល អីវ៉ាន់ផ្សេងៗ គឺដូចរបស់ខ្ញុំទាំងអស់ គឺខ្ញុំត្រូវស្រឡាញ់របស់ទាំងនោះ ដូចជារបស់ខ្លួនឯង។ ធម្មតាយើងមានរបស់ខ្លួនឯង យើងតែងតែចង់បានអ្វីដែលល្អមកវិញ»។ |
«នៅក្នុងដំណាក់កាលនៃសាកលភារូបនីយកម្ម អត្តសញ្ញាណជាតិងាយនឹងបាត់ណាស់ ប្រសិនបើយើងខ្ជីខ្ជា។ មិនមែនជាបញ្ហាលេងសើចទេ»។ ប្រមុខរដ្ឋាភិបាល បានលើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ជាង៤០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី១៦ ខែមីនា។ បើតាមសម្តេច ពិធីបុណ្យចូលឆ្នាំថ្មីជាឱកាសដ៏ល្អក្នុងការពង្រឹងនូវវប្បធម៌របស់ខ្លួនឡើងវិញ តាមរយៈការបង្ហាត់បង្ហាញអំពីក្បួនខ្នាតនៃការលេងល្បែងប្រជាប្រិយ ក៏ដូចជារបាំផ្សេងៗរបស់ខ្មែរ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលឱ្យគ្រឹះស្ថានអប់រំ នាំកុមារ និងសិស្សានុសិស្ស លេងល្បែង និងរបាំប្រជាប្រិយខ្មែរ គឺជាអនុវត្តតាមមតិយោបល់របស់លោក សំបូរ មាណ្ណារ៉ា ទីប្រឹក្សាមួយរូបរបស់សម្តេច។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា សាលារៀនគួរតែមានការបង្ហាត់បង្ហាញអំពីក្បួនខ្នាតផ្សេងៗ តែជាទូទៅមិនមានការប្រារព្ធពិធីបុណ្យចូលឆ្នាំនៅសាលានោះឡើយ ដូច្នេះអ្វីដែលសំខាន់នោះ ទីវត្តអារ៉ាម និងកន្លែងនានា គួរតែមានការតម្រង់ទិស ហើយវិទ្យុ ទូរទស្សន៍ ក៏អាចជាចំណែកមួយផងដែរ។ សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែមីនា គឺក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ជំនឿ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ តាមរយៈការលេងល្បែង និងរបាំខ្មែរ នាពិធីអបអរបុណ្យចូលឆ្នាំថ្មី។ ក្រសួងណែនាំគ្រូបង្រៀនតាមគ្រឹះស្ថានអប់រំទាំងអស់ដឹកនាំកុមារ សិស្សានុសិស្ស យុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរមុន និងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ល្បែង និងរបាំទាំងនោះមានដូចជា របាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិជាដើម។ ចំពោះល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ រួមទាំងល្បែងប្រជាប្រិយផ្សេងទៀត។ ជាមួយគ្នានេះ ក្រសួង ក៏បានលើកឡើងពី ការហាមឃាត់ ដោយទប់ស្កាត់រាល់ការល្បែង ឬរបាំណាដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ការដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាប ម្សៅ ជាដើម។ បន្ថែមពីនេះ អាណាព្យាបាលសិស្ស សហគមន៍ និងអាជ្ញាធរ ត្រូវផ្តល់ព័ត៌មានអំពីការលេងល្បែងអសុវត្ថិភាពទាំងឡាយ ទាំងក្នុងនិងក្រៅគ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា៕ | បន្ថែមលើសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការតម្រង់ទិសតាមក្បួនខ្នាតលើការលេងល្បែងប្រជាប្រិយ និងរបាំនានាទាំងនៅតាមបណ្តាសាលារៀន វត្តអារាម និងកន្លែងផ្សេងៗ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខ។ |
របាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (The Corruption Perceptions Index ) ដែលផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ(Transparency International Cambodia)នៅថ្ងៃទី២២ កុម្ភៈនេះ បានបង្ហាញថា កម្ពុជាទទួលបានពិន្ទុ២១ សម្រាប់សន្ទស្សន៍អំពើពុករលួយ នៅឆ្នាំ២០១៧ ។ លទ្ធផលនេះ ក៏បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ពុករលួយខ្ពស់ជាងគេ ក្នុងចំណោមប្រទេស ដែលជាសមាជិកអាស៊ាន។ អត្ថបទទាក់ទង ពុករលួយ៖ កម្ពុជា ជាប់ចំណាត់១៦១ ក្នុងចំណោម១៨០ប្រទេស សន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយនៃប្រទេសសមាជិកអាស៊ាន៖ ១ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ៦ (៨៤ពិន្ទុ) ២ ព្រុយណេ ជាប់ចំណាត់ថ្នាក់លេខ ៣២ (៦២ពិន្ទុ) ៣ ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៦២ (៤៧ពិន្ទុ) ៤ ថៃ និង ឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ ៩៦ ស្ទួន (៣៧ពិន្ទុ) ៥ វៀតណាម ជាប់ចំណាត់ថ្នាក់ ១០៧ (៣៥ពិន្ទុ) ៦ ហ្វីលីពីន ជាប់ចំណាត់ថ្នាក់ ១១១ (៣៤ពិន្ទុ) ៧ មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ ១៣០ (៣០ពិន្ទុ) ៨ ឡាវ ជាប់ចំណាត់ថ្នាក់ ១៣៥ (២៩ពិន្ទុ) ៩ កម្ពុជា ជាប់ចំណាត់ថ្នាក់ ១៦១ (២១ពិន្ទុ) កម្ពុជា ទទួលបានពិន្ទុ២១ ពីការវាយតម្លៃនេះ ជាប់គ្នា៤ឆ្នាំហើយ ដែលបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ។ នេះបើតាមរបាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ។ | ភ្នំពេញ៖ តាមរយៈការវាយតម្លៃទាក់ទងនឹងអំពើពុករលួយនៅក្នុងប្រទេស១៨០ជុំវិញពិភពលោក កម្ពុជាស្ថិតនៅចំណាត់ថ្នាក់១៦១ ដែលឈរស្មើសាធារណរដ្ឋកុងហ្គោ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងតាហ្ស៊ីគីស្ថាន។ |
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានជួបចរចាជាមួយសមភាគីឥណ្ឌា នារិន្ទ្រា ម៉ូឌី តាមប្រព័ន្ធអនឡាញនៅថ្ងៃទី៤ ខែមិថុនា លើប្រធានបទជាច្រើនចាប់ពីពាណិជ្ជកម្ម ការពារជាតិ រហូតដល់កិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិក។ នាជំនួបនេះ ប្រទេសទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រឹងទំនាក់ទំនងក្នុងវិស័យការពារជាតិរបស់មហាអំណាចទាំងពីរនេះ។ ក្នុងកិច្ចព្រមព្រៀងលើវិស័យការពារជាតិ ប្រទេសទាំងពីរ នឹងអនុញ្ញាតឲ្យមានការប្រើប្រាស់មូលដ្ឋានកងទ័ពទៅវិញទៅមកទាំងមូលដ្ឋានលើគោក និងមូលដ្ឋានសមុទ្រ ខណៈការដោះដូរទំនាក់ទំនងផ្នែកយោធា និងការធ្វើលំហាត់សមយុទ្ធ ក៏នឹងត្រូវបង្កើនផងដែរ។ លើសពីនោះ អូស្ត្រាលី និងឥណ្ឌា ក៏លើកកម្រិតកិច្ចប្រជុំវិស័យការទូត និងការពារជាតិដែលកន្លងមកចូលរួមដោយមន្ត្រីថ្នាក់លេខាធិការឲ្យឡើងទៅជាកម្រិតរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ។ លោក ម៉ូរីសុន និយាយក្នុងពេលបើកកិច្ចប្រជុំថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ដែលលើកកម្ពស់ទំនាក់ទំនងទ្វេភាគី នឹងបន្តការកសាងទំនុកចិត្ត ព្រោះភាគីទាំងពីរចង់បានទំនាក់ទំនងពាណិជ្ជកម្មដែលផ្អែកលើការទុកចិត្តគ្នា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Bloomberg ។ ដោយឡែកលោក ម៉ូឌី វិញ បានកត់សម្គាល់ថា ឥណ្ឌា និងអូស្ត្រាលីមានការទទួលខុសត្រូវធំធេងក្នុងការលើកកម្ពស់គុណតម្លៃប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពស្ថាប័នអន្តរជាតិ។ លោកបញ្ជាក់ថា៖ «ក្នុងសម័យជំងឺឆ្លងនេះ ភាពជាដៃគូដើរតួនាទីសំខាន់បំផុត។» អូស្ត្រាលី និងឥណ្ឌា ត្រូវបានមើលឃើញថា កំពុងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្នាក្នុងកាលៈទេសៈដែលការប្រកួតប្រជែងរវាងអាមេរិក និងចិនក្នុងតំបន់កាន់តែតានតឹងខ្លាំង។ នៅពេលឥណ្ឌាកំពុងមិនសូវត្រូវគ្នាជាមួយចិនរឿងព្រំដែន អូស្ត្រាលីក៏មានបញ្ហាជាមួយចិនរឿងជំងឺ COVID-19 ដែលធ្វើឲ្យការនាំចេញរបស់អូស្ត្រាលីជួបរឿងប្រឈមដែរ៕ | អូស្ត្រាលី និងឥណ្ឌា នៅថ្ងៃទី៤ ខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានយោធាទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យមានការផ្លាស់ប្ដូរគ្នា និងការធ្វើសមយុទ្ធកាន់តែច្រើនក្នុងវិស័យយោធារវាងមហាអំណាចក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រទេសទាំងពីរ ក៏ឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងផងដែរ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.