text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  កាលពីចន្លោះឆ្នាំ ២០០៥ ដល់២០១៥ ពេលដែលខ្ញុំធ្វើការឲ្យវិទ្យុបារាំងអន្តរជាតិ ខ្ញុំធ្លាប់បានធ្វើបទវិភាគសង្គម និងនយោបាយយ៉ាងច្រើន ក្នុងនោះមានបទវិភាគមួយចំនួនពាក់ព័ន្ធនឹងប្រជាធិបតេយ្យនៅកម្ពុជា។ ពេលនេះ ខ្ញុំនៅតែរក្សាជំហរដដែល៖ គេមិនអាចចម្លងគំរូប្រជាធិបតេយ្យលោកខាងលិចទាំងស្រុង មកអនុវត្តនៅកម្ពុជាបានទេ ប៉ុន្តែ គេអាចកែច្នៃប្រជាធិបតេយ្យ ឲ្យត្រូវនឹងបរិបទសង្គមខ្មែរបាន ពោលគឺត្រូវយកមួកលោក ខាងលិចមកកាត់តម្រូវតាមក្បាលខ្មែរ ដោយមិនចាំបាច់ត្រូវការសេរីភាពបែប «សេះដាច់បង្ហៀរ»ដូចបស្ចិមប្រទេសឡើយ។    ហេតុអ្វី? ខ្ញុំសូមពន្យល់ដូចតទៅ៖   ទី១៖ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ដែលបានកំណត់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ សេរី ពហុបក្ស គឺជាជម្រើសដ៏ត្រឹមត្រូវ និងសមស្របបំផុតសម្រាប់កម្ពុជាពីព្រោះ រាជានិយមគឺជាឫសគល់និងជាព្រលឹងខ្មែរដែលគេមិនអាចលុបបំបាត់បាន ខណៈដែលប្រជាធិបតេយ្យគឺជារបបនយោបាយ ដែលមានលក្ខណៈជឿនលឿនជាងគេក្នុងលោក។    ទី២៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏ហាក់ដូចជាបានគូសវាសផ្លូវប្រជាធិបតេយ្យមួយ ដើម្បីតម្រូវទៅនឹងបរិបទសង្គមខ្មែររួចជាស្រេច ផ្ទុយពីអ្នកនយោបាយប្រឆាំងដែលចង់ចម្លងគំរូប្រជាធិបតេយ្យទាំងស្រុងពីលោកខាងលិច មកអនុវត្តនៅកម្ពុជា។    ទី៣៖ និយាយពីប្រជាធិបតេយ្យ គេមិនអាចមើលរំលងវប្បធម៌ ប្រពៃណី ទំនាមទម្លាប់របស់ជាតិសាសន៍នីមួយៗបានទេ។ សង្គមអាស៊ី (និយាយជារួម) និងសង្គមខ្មែរ (និយាយដោយឡែក) ផ្តល់តម្លៃដល់វិន័យ សីលធម៌ និងសុជីវធម៌ ពោលគឺក្មេងគោរពចាស់ កូនគោរពឪពុកម្តាយ ហើយមនុស្សគ្រប់គ្នាត្រូវគោរពឋានានុក្រមសង្គម។ «ប្រទេសមានច្បាប់ គ្រួសារមានវិន័យ» នេះជាសុភាសិតបញ្ជាក់ពីផ្នត់គំនិតអាស៊ីក្នុងនោះក៏មានខ្មែរយើងដែរ។ «វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ»នេះក៏ជាក្រឹត្យក្រមដែលខ្មែរទទួលស្គាល់គ្រប់គ្នាពីព្រោះ ច្បាប់និងវិន័យគឺជាខ្សែបន្ទាត់សម្រាប់តម្រង់ទិសមនុស្សឲ្យដើរត្រង់ផ្លូវ។    ទី៤៖ ក្នុងសង្គមលោកខាងលិចវិញ គេក៏ផ្តល់តម្លៃដល់ច្បាប់ដែរ ប៉ុន្តែ សេរីភាពគឺជាអាទិភាពមួយទៀតសម្រាប់គ្រួសារនិងសង្គម។ ក្នុងប្រទេសរបស់គេ កូននិងឪពុកម្តាយអាចនិយាយពាក្យ«អញឯង»ជាមួយគ្នាបាន ហើយក្មេងៗមានសេរីភាពអាចធ្វើអ្វីៗបានតាមចិត្តដោយមិនចាំបាច់ក្រែងរអែងចិត្តអ្នកណា។ ពួកគេអាចប្រឡែងគ្នាស្រែកឡូឡាពេលចាស់ៗកំពុងនិយាយគ្នា...។ អ្នកកាសែតអាចអង្គុយគងអន្ទាក់ខ្លាទល់មុខរដ្ឋន្ត្រីឬប្រធានាធិបតីបាន។ មានរឿងជាច្រើនដែលពលរដ្ឋគេធ្វើបានតែយើងធ្វើមិនបានពីព្រោះតែការផ្តល់តម្លៃសេរីភាពខុសគ្នា។ សង្គមខ្មែរយើងមិនចូលចិត្តសេរីភាព«សេះដាច់បង្ហៀរ»ទេ។   ទី៥៖ ក្រឡេកមើលតំបន់អាស៊ីអាគ្នេយ៍យើងវិញ ដោយមិនបាច់និយាយពីប្រទេសភូមិផងរបងជាមួយ យើងមើលសិង្ហបុរី ដែលជាប្រទេសដែនកោះតូចមួយ។ លោក លី ខ្វាន់យូវ បិតាស្ថាបនិកសិង្ហបុរីបានជ្រើសរើសនយោបាយដឹកនាំប្រទេសដោយផ្អែកលើគុណតម្លៃអាស៊ី ពោលគឺមិនចម្លងគំរូប្រជាធិបតេយ្យពីលោកខាងលិចទេទោះជាប្រទេសនេះមានទំនោរទៅរកលោកខាងលិចក្តី។ សិង្ហបុរីមានច្បាប់និងវិន័យយ៉ាងតឹងរ៉ឹង ប៉ុន្តែ បានក្លាយជាប្រទេសចម្រើនជឿនលឿនយ៉ាងខ្លាំងមួយក្នុងលោក។   ទី៦៖ បរិបទកម្ពុជា សូមអ្នកដែលចង់ចម្លងប្រជាធិបតេយ្យបែបលោកខាងលិច សាកល្បងធ្វើតេស្តខ្លួនឯងជាមុនសិនថា តើមានធាតុប្រជាធិបតេយ្យកម្រិតណានៅក្នុងខ្លួន? កុំថាឡើយដល់ទៅជេរប្រមាថ សូម្បីការរិះគន់បែបបន្តុះបង្អាប់ ឬបែបស្តីបន្ទោស ឬត្រឹមមតិផ្ទុយពីអ្វីដែលខ្លួននិយាយក៏មិនទទួលយកផង។ ជាក់ស្តែង អ្នកណាមានមតិផ្ទុយពី«លោកប្រធាន»ត្រូវគេសង្ស័យឬចោទថា«ជនក្បត់»ឬជា«ជនបង្កប់»។ អ្នកដើរចេញពីគណបក្សប្រឆាំងទៅចូលជាមួយបក្សផ្សេងត្រូវគេចោទថា«លក់ក្បាល»។ បើក្នុងខ្លួនគ្មានធាតុប្រជាធិបតេយ្យផង ហេតុអ្វីក៏ខំប៉ុនប៉ងចម្លងប្រជាធិបតេយ្យបែបលោកខាងលិចមកកម្ពុជាខ្លាំងម៉្លេះ?  រូបថត៖ AFP   ទី៧៖ លើលោកនេះ គ្មានរដ្ឋាភិបាលណាអាចតម្រូវចិត្តពលរដ្ឋគ្រប់គ្នាបានទេ។ សូម្បីនៅមហាប្រទេសក៏នៅតែមានពលរដ្ឋខឹងសម្បា តវ៉ា ធ្វើបាតុកម្មដែរ។ ទោះជាប្រជាធិបតេយ្យជឿនលឿនប៉ុនណាក៏បាតុកម្មគង់ផ្ទុះហិង្សាចៀសមិនផុត។ ចុះទម្រាំសង្គមខ្មែរយើង? ពួកលោកខាងលិចមិនយល់ពីខ្មែរមិនមែនជារឿងចម្លែកទេ ប៉ុន្តែ អ្វីដែលចម្លែកនិងគ្រោះថ្នាក់បំផុតគឺខ្មែរមួយចំនួនមិនយល់ពីខ្លួនឯង ឬយល់ដែរតែធ្វើពុតជាមិនយល់។ ខ្លួនមានក្បាលតូចមាឌល្អិត តែចង់ពាក់មួកធំជាងក្បាល ពាក់អាវធំជាងមាឌ។     ទី៨៖ ប្រវត្តិសាស្ត្របង្ហាញថា ខ្មែរស្គាល់ភាពរុងរឿងក្នុងសម័យកាលណាដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ។ បច្ចុប្បន្ន កម្ពុជាមានសន្តិភាពនិងមានមេដឹកនាំខ្លាំងពូកែម្នាក់ដែលធ្វើឲ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍលឿនរហ័សមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលធ្វើឲ្យខ្មែរគ្រប់មជ្ឈដ្ឋានមានមោទកភាព គឺជាសញ្ញាយ៉ាងច្បាស់លាស់ដែលបញ្ជាក់ថា កម្ពុជាកំពុងដើរឆ្ពោះទៅរកភាពរុងរឿងថ្មីមួយក្នុងសម័យទំនើប។   ទី៩៖ អ្នកណាក៏មិនអាចរារាំងដំណើរទៅមុខរបស់កម្ពុជាបានដែរនៅពេលដែលខ្មែរដើរផ្លូវត្រូវ៖ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យដែលមានវិន័យ(ស្របតាមគុណតម្លៃអាស៊ីនិងផ្នត់គំនិតខ្មែរ)គឺជាគ្រឹះនៃនយោបាយផ្ទៃក្នុង។ ចំណែកឯនយោបាយការបរទេស«ចម្រុះពណ៌»គឺជាគ្រឹះនៃទំនាក់ទំនងអន្តរជាតិ។ ដូច្នេះ ដើម្បីបន្តដើរលើផ្លូវត្រូវនេះ ខ្មែរត្រូវនាំគ្នាកសាងប្រជាធិបតេយ្យមួយជារបស់ខ្មែរ ស្របនឹងសង្គមខ្មែរ ត្រូវនឹងផ្នត់គំនិតខ្មែរ ពោលគឺ ត្រូវកាត់មួកប្រជាធិបតេយ្យដែលនាំចូលពីលោកខាងលិចដើម្បីតម្រូវតាមក្បាលខ្មែរពីព្រោះគេមិនអាចយកបេតុងមកចាក់លើក្បាលខ្មែរឲ្យធំត្រូវនឹងទំហំប្រជាធិបតេយ្យលោកខាងលិចបានទេ។   ទី១០៖ ខ្មែរមានសេរីភាពគ្រប់គ្រាន់ហើយឲ្យតែចេះគោរពគ្នានិងប្រើវាឲ្យមានប្រយោជន៍។ បច្ចុប្បន្ន សូម្បីពលរដ្ឋសាមញ្ញក៏អាចទាក់ទងនាយករដ្ឋមន្ត្រីបាន និងប្រាប់បញ្ហារបស់ខ្លួនឲ្យប្រមុខដឹកនាំដឹងយ៉ាងងាយស្រួលបំផុត។ តើមានសម័យកាលណាដែលពលរដ្ឋខ្មែរមានឱកាសបែបនេះ? គ្រប់បញ្ហាអាចដោះស្រាយបានឲ្យតែខ្មែរចេះនិយាយគ្នាដោយប្រើភាសាបេះដូងជាខ្មែរ ដោយគ្រាន់តែចៀសវាងពាក្យមុសា ឬភាសាអារម្មណ៍ដែលនិយាយដើម្បីបញ្ឆេះកំហឹង ឬនិយាយតាមបែបផ្សេងគឺ និយាយឲ្យគេស្តាប់ កុំនិយាយឲ្យគេខឹង។ ដូច្នេះ តើមានការចាំបាច់អ្វីដែលត្រូវទាមទារចង់បានសេរីភាព«សេះដាច់បង្ហៀរ»បែបបស្ចិមលោក?     
ដោយ៖ ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន
  ក្នុងសេចក្តីថ្លែងកាណ៍មួយនៅថ្ងៃទី ២៧ ខែមិថុនា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាមេរិក លើកឡើងថា ជំនួសឲ្យការប្រើតួនាទីរបស់ខ្លួនដើម្បីបម្រើប្រជាជនវ៉េណេស៊ុយអេឡា លោក Motta បម្រើតែប្រយោជន៍ខ្លួនឯងដោយខុសច្បាប់ និងបានរួមចំណែកក្នុងការផ្ទុះឡើងនៃវិបត្តិអគ្គិសនីក្នុងប្រទេសនេះ។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការសម្រេចចិត្តនេះ មានន័យថា ទ្រព្យនានាដែល លោកអតីតរដ្ឋមន្ត្រីអគ្គិសនី Motta កាន់កាប់ក្នុងទឹកដីសហរដ្ឋអាមេរិក នឹងត្រូវរាំងខ្ទប់។ ហើយម្យ៉ាងវិញទៀត ប្រជាជនអាមេរិក ក៏ត្រូវហាមឃាត់ពីការដោះដូរផ្នែកហិរញ្ញវត្ថុនានាជាមួយបុគ្គលរូបនេះផងដែរ។   បន្ថែមពីលោក Motta សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងលោក Eustiquio Jose Lugo Gomez អតីតមន្ត្រីជាន់ខ្ពស់មួយរូប ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនៃក្រសួងអគ្គិសនីវ៉េណេស៊ុយអេឡាទៀតផង។    ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុងវ៉ាស៊ីនតោន បានដាក់បញ្ចូលមន្ត្រីគ្រាក់ៗ និងអ្នកជំនួញវេណេស៊ុយអេឡាច្រើនជាង ១៥០នាក់ ក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយលើកហេតុផល រាប់ចាប់តាំងពី ការចូលរួមក្នុងការជួញដូរគ្រឿងញៀន អំពើពុករលួយ និងរំលោភសិទ្ធិមនុស្សជាដើម។     សូមបញ្ជាក់ថា វ៉េណេស៊ុយអេឡា មានបញ្ហាដាច់ភ្លើងទ្រង់ទ្រោយធំជាប្រវត្តិសាស្ត្រជាលើកដំបូង កាលពីថ្ងៃទី៧ ខែមីនា ដែលបានអូសបន្លាយអស់រយៈ៥ថ្ងៃពេញ។ បញ្ហាដាច់ភ្លើង ដែលមិនទៀងទាត់ និងរប៉េះរប៉ោះនេះ បន្តបង្កផលប៉ះពាល់ដល់ប្រទេស រួមមាន បង្អាក់សកម្មភាពនៃការផ្គត់ផ្គង់ចំណីអាហារ និងទឹក ការដឹកជញ្ជូន និងមន្ទីរពេទ្យជាដើម។ ក្នុងហេតុការណ៍នេះ មានការរាយការណ៍ថា មនុស្សស្លាប់ជាច្រើននាក់ថែមទៀតផង។    ពាក់ព័ន្ធនឹងការបញ្ហាដាច់ភ្លើងនេះ កន្លងទៅ លោក ម៉ាឌុយរ៉ូ បានចោទប្រកាន់លើសហរដ្ឋអាមេរិក និងក្រុមបក្សប្រឆាំងវ៉េណេស៊ុយអេឡាថា នៅពីក្រោយហេតុការណ៍នេះ ទោះបីជាអ្នកជំនាញជាច្រើន អះអាងថា ការជួសជុល និងរក្សាមិនបានល្អ ជាមូលហេតុក៏ដោយក្តី៕  
អតីតរដ្ឋមន្ត្រីអគ្គិសនីវ៉េណេស៊ុយអេឡា លោក Luis Motta ត្រូវបានដាក់ក្រោមទណ្ឌកម្មអាមេរិកជុំវិញករណីអំពើពុករលួយ និងទទួលរងបទចោទពាក់ព័ន្ធនឹងការស៊ីសំណូក។ អតីតមន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌុយរ៉ូ ដកតំណែង កាលពីខែមេសា ក្រោយពីប្រទេសអាមេរិកឡាទីនមួយនេះ ជួបបញ្ហាដាច់ភ្លើងទ្រង់ទ្រាយធំ។
ក្រោយសាកសួរចម្លើយ តាមរយៈអ្នកបកប្រែជុំវិញករណីនេះ បានបញ្ជាក់ថា ខិត្តបណ្ណចែកចាយទាំងនោះ ចង់បង្ហាញពីសេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែដោយសាររូបភាពមានរូបស្រីស្លៀកស៊ិចស៊ី ដែលវាហាក់ដូចជាបង្កប់ ទៅជាការផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពើខុសច្បាប់ នៅប្រទេសកម្ពុជាទៅវិញ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានស្រង់សម្តីលោក ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ។ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ថែមថា៖« បុរសជនជាតិចិនទាំង៦នាក់នោះ យើងបានធ្វើការអប់រំ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពើខុសច្បាប់នៅកម្ពុជា »។ ការអនុវត្តវិធានការរបស់សមត្ថកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជនជាតិចិនទាំងនោះ ដើរចែកខិតបណ្ណផ្សព្វផ្សាយមុខរបរម៉ាស្សាយ៉ាងអនាធិបតេយ្យ ដែលនាំឲ្យពលរដ្ឋប្រើប្រាស់ហ្វេសប៊ុករិះគន់ចំពោះទង្វើរបស់ចិន ថា ជាសកម្មភាពប៉ះពាល់ដល់សណ្ដាប់ធ្នាប់កម្ពុជា៕  
ព្រះសីហនុ៖ ជនជាតិ៦នាក់ ដែលដើរចែកខិតបណ្ណផ្សព្វផ្សាយមុខរបរម៉ាស្សា ហើយសង្ស័យថា បង្កប់សេវាផ្លូវភេទនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃយប់ថ្ងៃទី១២ សីហា។
ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ កីឡាករកូនកាត់ខ្មែរ-អ៊ូសបេគីស្ថាន ស៊ូ បាលី បានយកឈ្នះកីឡាករម៉ុងហ្គូលី TSONG TBAYAR.M ដោយលទ្ធផល ៦-១ លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់១២៥គីឡូក្រាម ដើម្បីទទួលបានមេដាយសំរឹទ្ធនេះ។    កីឡាករ ស៊ូ បាលី (សម្លៀកបំបាក់ឈុត ស) ក្នុងពិធីបំពាក់មេដាយកីឡាចំបាប់។   លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំភើបចិត្តក្រៃលែងក្រោយកីឡាករចំបាប់កម្ពុជាធ្វើបានសម្រេចដោយដណ្តើមបានមេដាយសំរឹទ្ធជាលើកដំបូង។ លោក ខេស៊ី ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកតេលេក្រាម នៅថ្ងៃទី១៨ ខែមិថុនា នេះថាកម្ពុជា នឹងបន្តពង្រឹងគុណភាពអត្តពលិកបន្ថែម ពិសេសបច្ចេកទេស។   លោក ខេស៊ី បាណេត និយាយថា៖«សម្រាប់កីឡាចំបាប់អាស៊ីនេះជាលើកដំបូងដែលកម្ពុជាយើងឈ្នះមេដាយសំរឹទ្ធ»។ អនុប្រធានសហព័ន្ធបន្តថា ការចូលរួមនេះសំខាន់ណាស់សម្រាប់កម្ពុជា គឺដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី និងបង្កើននូវគុណភាព និងបច្ចេកទេសលំដាប់អន្តរជាតិ និងត្រៀមការប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសថៃ នាឆ្នាំក្រោយនេះ។   ចំពោះការឈ្នះមេដាយសំរឹទ្ធកម្រិតតំបន់អាស៊ី លោក ខេស៊ី បាណេត លើកឡើងថាវាមានកម្រិតពិបាកខ្លាំងដែលកម្ពុជាទៅប្រកួតជាមួយនឹងកីឡាករដែលមានសមត្ថភាពខ្ពស់មកពីបណ្តាប្រទេសខ្លាំងៗ រូមមានតំបន់អាស៊ីកណ្តាល ដែលសុទ្ធសឹងតែជាប្រទេសសម្បូរទៅដោយធនធានកីឡាករមានបទពិសោធ និងបច្ចេកទេសប្រកួតលំដាប់ពិភពលោក៕  
កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី ឈ្នះមេដាយសំរឹទ្ធ១ ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U-23 Asian Championship2023)នៅប្រទេសកៀហ្ស៊ីស៊ីស្ថានថ្ងៃទី១៨ ខែមិថុនា។ នេះជាមេដាយលើកដំបូងហើយសម្រាប់កីឡាករចំបាប់កម្ពុជាដែលដណ្តើមបានពីព្រឹត្តិការណ៍តំបន់អាស៊ី។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី១៥ សីហា សម្ដេច ហ៊ុន សែន បាននិយាយដូច្នេះ៖«ដល់ពេលយើងថាមួយម៉ាត់ ត្រឹមពាក្យអាឡប់ គេថាយើងប្រើពាក្យអសុរោះ។ ដល់ពេល ខឹម វាសនា ដាក់ (ប្រើពាក្យអសុរោះ) ខ្ទេច អារន្ទៈបាញ់។ ឱ! ឯកឧត្តម ខឹម វាសនា អើយ ជេរពីរោះម្ល៉េះ។ គាត់ ជេរពីរោះរបស់គាត់មែន»។ សូមស្តាប់សំឡេង៖ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វាសនា បាននិយាយការពារខ្លួនថា រាល់ពាក្យសម្តីអសុរោះ និងជេរអ្នកដទៃនេះ គឺសម្រាប់មនុស្សដែលខ្លួន គួរជេរប៉ុណ្ណោះ។ ប៉ុន្តែទស្សនជេរ និងប្រើប្រាស់ពាក្យអសុរោះបែបនេះ ត្រូវបានមនុស្សទូទៅ ជាពិសេសអ្នកវិភាគ ចាត់ទុកជាទស្សនមនោគមវិជ្ជាអាក្រក់ ដែលនាំឲ្យសង្គមធ្លាក់ចុះសីលធម៌ លែងចេះគោរពគ្នា និងអាចឈានទៅរកគ្រោះថ្នាក់ធ្ងន់ធ្ងរ នាពេលអនាគត៕
ភ្នំពេញ៖ ខណៈដែលមនុស្សទូទៅ មិនចូលចិត្តទស្សនលោក ខឹម វាសនា ដែលប្រើពាក្យសម្តីអសុរោះ ជេរអ្នកដទៃនោះ សម្ដេច ហ៊ុន សែន បែរជាសរសើរប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថា «ជេរពីរោះ» ទៅវិញ។
  អាហារចៀន, អាហារមានជាតិខ្លាញ់   ការទទួលទានអាហារចៀន និងខ្លាញ់នៅពេលល្ងាចអាចនាំឱ្យមានការពិបាករំលាយអាហារ និងធ្វើឱ្យពិបាកក្នុងការគេងលក់ស្រួល។ លើសពីនេះ នៅពេលដែលអ្នកញ៉ាំអាហារមានជាតិខ្លាញ់ច្រើននៅពេលល្ងាច វាក៏បណ្តាលឱ្យហើមពោះ ប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។   ផឹកស្រាបៀរ   មនុស្សមួយចំនួនជឿថាការផឹកស្រាបៀរពីរបីកែវ ឬស្រាពីរបីកែវមុនពេលចូលគេងនឹងជួយឱ្យពួកគេគេងលក់។ ប៉ុន្តែនេះមិនមែនជាការពិតទេ។ អ្នកជំនាញបាននិយាយថា គ្រឿងស្រវឹងពិតជាអាចកាត់បន្ថយពេលវេលាដែលវាត្រូវការដើម្បីងើបពីការគេងស្កប់ស្កល់។ លើសពីនេះ ការទទួលទានគ្រឿងស្រវឹងអាចបណ្តាលឱ្យច្រាលអាស៊ីត និងនាំឱ្យកើតដំបៅក្រពះ ក្រិនថ្លើមថ្លើម។   អាហារសម្បូរទឹក   ការញ៉ាំអាហារទាំងនេះជិតដល់ពេលចូលគេងមានន័យថាអ្នកកំពុងគេងលក់ប្លោកនោមពេញ ដែលអាចបណ្តាលឱ្យអ្នកក្រោកពីគេងដើម្បីទៅបន្ទប់ទឹកនៅពាក់កណ្តាលយប់។ នេះអាចប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នក។   ការទទួលទានទឹកច្រើនក៏ធ្វើឱ្យអ្នកត្រូវទៅបង្គន់ច្រើននៅពេលយប់ប៉ះពាល់ដល់ដំណេក។   អាហារហឹរ   ការញ៉ាំអាហារហឹរមុនពេលចូលគេងអាចបង្កឱ្យមានការមិនរំលាយអាហារ និងបង្កឱ្យក្រហាយទ្រូង។ សារធាតុ Capsaicin ដែលមាននៅក្នុងម្ទេស អាចបង្កើនសីតុណ្ហភាពរាងកាយរបស់អ្នក និងរំខានដល់ដំណេករបស់អ្នក។   ចេក   ការទទួលទានចេកមុនពេលហាត់ប្រាណគឺល្អសម្រាប់ការបង្កើនថាមពល ប៉ុន្តែគួរចៀសវាងនៅពេលល្ងាច។ ចេកមានផ្ទុកប៉ូតាស្យូមច្រើន ដូច្នេះវាល្អខ្លាំងណាស់សម្រាប់ប្រព័ន្ធការពាររាងកាយ និងសុខភាពស្បែក។ ប៉ុន្តែការញ៉ាំផ្លែឈើនៅពេលល្ងាច ឬពេលយប់អាចនាំឱ្យកើតស្លេសក្នុងក្រពះ និងមិនរំលាយអាហារ ។   បន្លែ Cruciferous   បន្លែ Cruciferous ដូចជាប្រូខូលីនិង ផ្កាខាត់ណា សំបូរទៅដោយវីតាមីន ប៉ុន្តែពួកវាក៏មានផ្ទុកនូវជាតិសរសៃមិនរលាយក្នុងបរិមាណច្រើន ដែលចំណាយពេលយូរក្នុងការរំលាយ។ ការទទួលទានបន្លែទាំងនេះមុនពេលចូលគេងមានន័យថារាងកាយប្រហែលជាត្រូវបន្តធ្វើការដើម្បីរំលាយពួកវានៅពេលអ្នកគេង។ នេះនឹងរារាំងអ្នកមិនឱ្យគេងលក់ស្រួល។   គ្រាប់   គ្រាប់ដូចជា អាល់ម៉ុន pistachios និង វ៉លណាត់ អាចជួយរក្សាសម្ពាធឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា និងលើកកម្ពស់សុខភាពបេះដូង។ ប៉ុន្តែដោយសារពួកវាមានជាតិខ្លាញ់ និងកាឡូរីខ្ពស់ អាហារបំប៉នទាំងនេះអាចនាំឱ្យឡើងទម្ងន់បាន ប្រសិនបើទទួលទាននៅពេលល្ងាច។   សូកូឡាខ្មៅ   សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សូកូឡាខ្មៅមានប្រសិទ្ធភាពប្រឆាំងភាពចាស់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ប៉ុន្តែសូកូឡាខ្មៅក៏មានផ្ទុកជាតិកាហ្វេអ៊ីន និងអាស៊ីតអាមីណូដែលជំរុញឱ្យមានការប្រុងប្រយ័ត្នផងដែរ។ ដូច្នេះ ការញ៉ាំសូកូឡាខ្មៅជិតចូលគេងអាចដាស់អ្នកឲ្យភ្ញាក់ពីដំណេក ធ្វើឲ្យពិបាកក្នុងការគេង៕   ត្រួតពិនិត្យដោយ www.health.com.kh
អាហារខាងក្រោមនេះសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែប្រសិនបើអ្នកញ៉ាំវានៅពេលល្ងាច វានឹងធ្វើឱ្យមិនរំលាយអាហារ និងអស់កម្លាំង។
មន្ត្រីអគ្គនាយកដ្ឋានគយថៃ បានឲ្យដឹងថា ឈ្មួញដែលជួញដូរភ្លុកដំរីខុសច្បាប់នេះ គឺជាជនជាតិហ្គំប៊ី ហើយបានរត់ពន្ធភ្លុកដំរីនេះ តាមរយៈជើងហោះហើរពីព្រលានយន្តហោះ Lilongwe នៃប្រទេសម៉ាឡាវី ភាគខាងត្បូងប្រទេសអាហ្វ្រិក ដោយបានឆ្លងកាត់ច្រកផ្លូវត្រួតពិនិត្យសំខាន់ៗជាច្រើន។ ប៉ុន្តែមិនត្រូវហាមឃាត់ឡើយ ដោយសារតែជនល្មើសបានរៀបចំលាក់បាំងភ្លុកដំរីនេះបានយ៉ាងល្អ នៅក្នុងទំនិញរត់ពន្ធគយដទៃទៀត។  អាជ្ញាធរថៃ បានបន្ថែមថា ក្រោយពីទំនិញខុសច្បាប់នេះ ត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធវិភាគ (Scan)ទំនិញនោះ មន្ត្រីគយថៃ ក៏បានរកឃើញភ្លុកដំរីខុសច្បាប់ជាច្រើន បានលាក់ទុកក្នុងចំណោមផ្ទាំងថ្មធំដទៃទៀត។ ភ្លុកដំរីនោះ មានទម្ងន់៣៣០គីឡូក្រាម ដែលស្មើនឹង៤២២ភ្លុក ហើយអាចលក់បានតម្លៃជាង១៧លានបាត (ជាង៤៨ម៉ឺនដុល្លារអាមេរិក)។ បើតាមកាសែតបាងកកប៉ុស្តិ៍ ដែលទើបតែបានចុះផ្សាយកាលពីថ្ងៃទី០៧ មីនានោះ ៖«ជនជាតិហ្គំប៊ីនេះបានបង្ហាញខ្លួននៅព្រលានយន្តហោះសុវណ្ណភូមិកាលពីថ្ងៃអាទិត្យ ដោយអះអាងថាជាទំនិញរបស់គេ។ ភ្លាមៗនោះអាជ្ញាធរថៃ បានស្នើឲ្យបុរសនោះបើកប្រអប់Containers ស្រាប់តែរកឃើញផ្ទាំងថ្ម និងភ្លុកដំរីទម្ងន់៣៣០គីឡូក្រាម(៤២២ភ្លុក)»។ មន្ត្រីគយថៃ បាននិយាយថា ជនជាតិហ្គំប៊ី ដែលជួញដូរសត្វព្រៃខុសច្បាប់នេះ នឹងត្រូវប្រឈមមុខច្បាប់ការពារសត្វព្រៃ និងច្បាប់ហាមឃាត់ផលិតផលនាំចូលសត្វព្រៃ នៃច្បាប់គយថៃ។ ចាប់តាំងពីឆ្នាំ២០១៥មក អាជ្ញាធរបានចាប់ខ្លួនឈ្មួញជួញដួរភ្លុកដំរីខុសច្បាប់នេះ បានចំនួន២៤នាក់ហើយ ដោយក្នុងនោះរឹបអូសបានភ្លុកដំរីចំនួន៣,០២៧ភ្លុក ដែលមានទម្ងន់សរុបជាង៧តោន។នេះបើយោងតាមរបាយការណ៍នាយកដ្ឋានគយថៃ ៕
អាជ្ញាធរថៃ បានរឹបអូសភ្លុកដំរីជាង៣០០គីឡូក្រាម ដែលឈ្មួញនាំមកពីប្រទេសម៉ាឡាវី (Malawi) ចូលទឹកដីថៃ នៅចំណុចព្រលានយន្តហោះសុវណ្ណភូមិ ។ ភ្លាមៗនោះប៉ូលិសថៃ ក៏បានឃាត់ខ្លួនឈ្មួញ ដែលប្រព្រឹត្តិបទល្មើសជួញដូរភ្លុកដំរីខុសច្បាប់នេះផងដែរ។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឲ្យស្ត្រីគ្រប់រូបមានការឈឺចាប់នៅសុដន់៖ ស្ថិតក្នុងស្ថានភាពត្រៀមមករដូវ ការត្រៀមមករដូវនឹងធ្វើឲ្យស្ត្រីមានអារម្មណ៍មិនល្អ ឈឺចាប់បែបរមួលៗក្នុងពោះ និងឈឺសុដន់។ ការឈឺចាប់ជាប់ទាក់ទងនឹងភាពតឹងៗក្នុងសុដន់ ហើយក៏ច្រើនតែកើតឡើងនៅពាក់កណ្តាលចុងក្រោយនៃវដ្តរដូវដែរ។ ការឈឺចាប់នេះច្រើនតែឈឺបែបងំ និងអាចមានបាត់ៗ។ នៅពេលនេះ អ្នកអាចមានអារម្មណ៍ថា សុដន់គឺរឹងខ្លាំង។ រឿងនេះកើតឡើងដោយសារតែបម្រែបម្រួលអ័រម៉ូនដែលធ្វើឲ្យសុដន់ស្ត្រីហើមតឹងបែបនេះ។ មិនមានការទ្រទ្រង់គ្រប់គ្រាន់ បើសិនជាអ្នកមានសុដន់ដែលធំ ដូច្នេះអាវទ្រនាប់ប្រហែលជាមិនអាចផ្តល់ការទ្រទ្រង់គ្រប់គ្រាន់ឡើយ។ រឿងនេះភាគច្រើនបណ្តាលមកពីទម្ងន់របស់សុដន់ធ្វើឲ្យយារដល់សារសសៃចង និងជាលិកាក្នុងសុដន់ និងធ្វើឲ្យមានការឈឺចាប់។ ការឈឺចាប់នេះមិនត្រឹមតែកើតឡើងលើសុដន់ទេ វាក៏អាចធ្វើឲ្យឈឺដល់ក និងខ្នងទៀតផង។ យកល្អគួរតែស្វែងរកអាវទ្រនាប់ណាដែលមានទំហំត្រូវនឹងប្រភេទសុដន់របស់អ្នកផង។ ហាត់ប្រាណខ្លាំងក្លាពេក បើសិនជាអ្នកចូលចិត្តហាត់ប្រាណ មានន័យថាអ្នកកំពុងតែធ្វើឲ្យខ្លួនឯងមានការលំបាកបន្តិចហើយ។ ការលើកទម្ងន់នឹងធ្វើឲ្យគ្រិចដល់សាច់ដុំនៅទ្រូង ដែលស្ថិតនៅជិតនឹងសុដន់។ រាល់ការឈឺចាប់នៅសាច់ដុំមួយនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ជាការឈឺនៅសុដន់ហើយ។ ការសិក្សាបានបង្ហាញថា ការដែលហាត់ប្រាណច្រើនពេក និងរត់កីឡាក៏អាចធ្វើឲ្យឈឺចាប់នៅសុដន់បានដែរ។ មានជំងឺ Fibrocystic Breast Disease បើសិនជាអ្នកធ្លាប់ត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺ Fibrocystic Breast Disease កុំបាច់ភ្ញាក់ផ្អើលខ្លាំងអីនៅពេលចាប់ផ្តើមឈឺចាប់ក្នុងសុដន់ ជាពិសេសពេលជិតមករដូវ។ ថ្វីបើមូលហេតុនៃជំងឺនេះមិនទាន់ដឹងនៅឡើយ តែបម្រែបម្រួលអ័រម៉ូនគឺជាដើមហេតុដែលគេសង្ស័យបំផុត។ ករណីជំងឺបែបនេះ អ្នកនឹងមានអារម្មណ៍ថា ដូចមានដុំសាច់អ្វីមួយក្នុងសុដន់ ដែលធ្វើចលនាចុះឡើងនៅពេលអ្នកប៉ះពាល់វា។ ការឈឺចាប់នៅសុដន់អាចនឹងកាន់តែខ្លាំងទៅៗនៅពេលជិតដល់ថ្ងៃមករដូវ។ មានការបង្ករោគ ខណៈពេលដែលវាមិនមែនជារឿងដែលកើតមានជាញឹកញាប់ តែការបង្ករោគនៅសុដន់ក៏អាចធ្វើឲ្យមានការឈឺចាប់ខ្លាំងដែរ។ ការបង្ករោគនេះកើតមានជាញឹកញាប់លើស្ត្រីបំបៅដោះកូន។ វាអាចបង្កឡើងដោយសារការស្ទះបំពង់ទឹកដោះ ឬការបង្ករោគដោយបាក់តេរី។ វាក៏អាចបង្កឡើងដោយសារតែការចេញទឹកដោះច្រើនពេក និងការរលាកផងដែរ។ ការបង្ករោគបែបនេះក៏អាចបង្កឡើងដោយការប្រេះបែករបស់ក្បាលសុដន់ ដែលនាំឲ្យបាក់តេរីងាយនឹងជ្រៀតចូលបង្ករោគណាស់។ ញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យអាការៈមុនពេលមករដូវកាន់តែធ្ងន់ធ្ងរបាន។ ដូច្នេះវានឹងធ្វើឲ្យឈឺសុដន់កាន់តែខ្លាំង។ ការសិក្សាបានបង្ហាញថា អ្នកជំងឺដែលមានជំងឺ Fibrocystic Breast Disease ដែលកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនឃើញថា មានការថយចុះការឈឺចាប់នៅសុដន់យ៉ាងគួរឲ្យកត់សម្គាល់។ ដូច្នេះ ចូរព្យាយាម និងផ្លាស់ប្តូរការញ៉ាំកាហ្វេជាមួយនឹងទឹកផ្លែឈើ ឬទឹកសាបធម្មតាជំនួសវិញបើសិនជាអ្នកកំពុងតែឈឺសុដន់ហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
ស្ត្រីគឺមានលក្ខណៈដូចៗគ្នាស្ទើរតែទាំងអស់នៅពេលមានអារម្មណ៍ឈឺចាប់ ជាពិសេសការឈឺចាប់ខ្លាំងនៅសុដន់ដែលបង្កការលំបាកដល់ពួកគេធ្វើការងារប្រចាំថ្ងៃ។ គ្មានអាវទ្រនាប់ ថ្នាំ ឬរបៀបគេងណាស់ដែលស្រួលដើម្បីបន្ថយការឈឺចាប់ឡើយ។ ប៉ុន្តែតើវាអាចមានអ្វីមួយដែលអ្នកគួរបារម្ភដែរទេ?
  នាវាចម្បាំងទាំង៣គ្រឿងនោះ គឺ នាវាឈ្មោះ PLANS WUHU (FFG 539 ) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន, នាវាឈ្មោះ PLANS HANDAN (FFG 579) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន, និង នាវាឈ្មោះ PLANS DONG PING LAKE (AOR 960) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក១០ម៉ែត្រទម្ងន់ផ្ទុកជាងពីរម៉ឺនតោន។ រូបពីហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន   សាររបស់លោក ខៀវ កាញារីទ្ធ បានបញ្ជាក់បែបនេះថា៖«ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការនៅកម្ពុជានេះ នឹងមានការប្រកួតកីឡាជាមិត្តភាពរវាងក្រុមនាវិករបស់ចិន និងនាវិកកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានសមុទ្រ ព្រមទាំងមានការធ្វើលំហាត់ហ្វឹកហឺ្វនរួមគ្នាផងដែរ»៕   
នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ  នៅរសៀលថ្ងៃទី៩ ខែមករានេះ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយករបាយការណ៍ ដែលប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុផ្ញើជូនលោក ទៅបង្ហោះលើគណនីហ្វេសប៊ុកថា ការចូលចតនេះ គឺរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ដោយមានបំណងរឹតចំណងមិត្តភាពរវាងកងទ័ពជើងទឹករបស់ចិន និងកងទ័ពជើងទឹករបស់កម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង។
អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះគឺកុមារតូចៗ និងមនុស្សចាស់ៗជាច្រើនរូប ដែលបានផ្ទុកជំងឺមួយនេះរួចទៅហើយ។ ដោយគិតគូរនៃការលំបាករបស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ពន្ធ័ ក្នុងការមើលថែព្យាបាល អ្នកជំងឺ COVID-19 គឺពិតជាគួរកោតសរសើរ ដោយពួកគាត់បានលះបង់នូវកម្លាំងកាយ ចិត្ត ពេលវេលាផ្ទាល់ខ្លួន ដោយត្រូវនៅឆ្ងាយពីក្រុមគ្រួសារ មិនគិតពេលពីពេលថ្ងៃ ឬពេលយប់ឡើង គឺត្រូវប្រយុទ្ធ ការពារ និងព្យាបាលអ្នកជំងឺ ឱ្យបានជាសះស្បើយ។   ដោយស្មារតីយកចិត្តទុកដាក់ និងគិតគូរការលំបាក របស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ពន្ធ័ បងប្អូនដែលជាកងកម្លាំង សមត្ថកិច្ច ដែលឈរជើងយាមការពារនៅតាមទីតាំងនានា ដែលជាមន្ទីរពេទ្យ មន្ទីរព្យាបាល មណ្ឌលចត្តាឡីស័ក Uited Food Group (UFG)  ដែលមានផាកកាហ្វេ គឺបុត្រសម្ព័ន្ធ គឺបានបន្តនូវយុទ្ធនាការ «Healthy Food 4 All» បាននាំយកនូវអាហារ កាហ្វេ ភេសជ្ជៈជូនពួកគាត់។ លើពីនេះថែមទៀតនោះ ក៏បានផ្តល់ជូនម៉ាសពេទ្យ ទឹកអាល់កុល ទៅដល់មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ផងដែរ។ បើតាមការឱ្យដឹង ពីប្រធានផ្នែកទីផ្សារនៃផាកកាហ្វេ ក្រុមការងារជួរមុខនៃយុទ្ធនាការ «Healthy Food 4 All» បានចុះទៅទីតាំងមានដូចជា៖  ១ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ពញាពន់ ផ្តល់ជូនជាអាហារ៨០ឈុត កាហ្វេ ភេសជ្ជៈ៨០ ២ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 កោករកា ផ្តល់ជូនជាអាហារ៣០០ឈុត កាហ្វេ ភេសជ្ជៈ៣០០ រយៈពេល ៦ថ្ងៃ ៣ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ទួលអំពិល ផ្តល់ជូនជាអាហារ១៥០ឈុត កាហ្វេ ភេសជ្ជៈ១៥០ រយៈពេល ៣ថ្ងៃ ៤ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 បឋមសិក្សាសន្ធរម៉ុក ផ្តល់ជូនជាអាហារ២៥០ឈុត កាហ្វេ ភេសជ្ជៈ២៥០ រយៈពេល ៧ថ្ងៃ បន្ថែមពីលើនេះមានផ្តល់ជូនជាម៉ាសពេទ្យ ១០០ប្រអប់ ទឹកអាកុល១០០លិត្រផងដែរ  ៥ ក្រុមអនុគណៈកម្មការស្រាវជ្រាវ នឹងតាមដានមានផ្ទុកជំងឺ COVID19 ផ្តល់ជូនជាអាហារ១៦០ឈុត កាហ្វេ ភេសជ្ជៈ១៦០ ។    បច្ចុប្បនន្នក្រុមការងារ ក៏កំពុងតែនៅបន្តឧបត្ថម្ភជាអាហារ ភេសជ្ជៈ សរុប ៥០០០ឈុត ទាំងអាហារ កាហ្វេ ភេសជ្ជៈ រហូតដល់ចុងខែមេសានេះ សម្រាប់ជូនដល់ក្រុមគ្រូពេទ្យ ក្រុមបុគ្គលិកសុខាភិបាលជួរមុខ និង កងកម្លាំងយាមការពារ នៅមណ្ឌលផ្តល់វ៉ាក់សាំង COVID-19 តាមខណ្ឌនីមួយៗ ក្នុងក្រុងភ្នំពេញ បើទោះបីជាមានលំបាកខ្លាំង តាមផ្លូវធ្វើដំណើរ ក្នុងការនាំយកអាហារ កាហ្វេ ភេសជ្ជៈ ក្នុងពេលក្រុងភ្នំពេញបានបិទខ្ទប់ (Lockdown) ជិតដល់ចុងខែមេសានេះ ក៏ពិតមែន។   សកម្មភាពទាំងនេះ គឺជាសកម្មភាពចូលរួមសង្គម ដែល ផាកកាហ្វេ តែងតែធ្វើ និងឲ្យតម្លៃ។ ផាកកាហ្វេក៏ សូមសំដែងការដឹងគុណ អរគុណ និងកោតសរសើរ ដល់ក្រុមគ្រូពេទ្យ ក្រុមការងារជួរមុខ ប្រយុទ្ធនឹងជំងឹកូវីដ-១៩យ៉ាងខ្លាំង ដែលពួកគាត់ តែងតែខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចដ៏សំខាន់នេះ៕   (អត្ថបទពាណិជ្ជកម្ម)  
តួលេខនៃអ្នកកើតជំងឺ COVID-19 បានហក់ឡើងខ្ពស់ទៅៗ ជាជារៀងរាល់ថ្ងៃ។ ហើយប្រទេសកម្ពុជា គឺមានតួលេខនៃអ្នកស្លាប់ដោយសារជំងឺនេះ លើស៥៤នាក់ផងដែរ។ ថ្មីៗនេះដែរ ក្រុងភ្នំពេញ តាខ្មៅ នៃខេត្តកណ្តាល ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ជាមួយការចេញវិធានការថ្មីៗមួយចំនួនទៀត ដែលដាក់តំបន់មួយចំនួនជាតំបន់ក្រហមផងដែរ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញចូលជាដាច់ខាត់រយៈពេល១៤ថ្ងែផង។
  ការព្រមាននៅថ្ងៃចន្ទកន្លងទៅធ្វើឡើងនៅក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ ដែលចេញផ្សាយ២ដងក្នុងមួយឆ្នាំ ដោយធនាគារកណ្តាលសហរដ្ឋអាមេរិក។ ច្បាប់មុននៃរបាយការណ៍នេះបានកត់សម្គាល់ការព្រួយបារម្ភអំពីកម្រិតបំណុលដ៏ខ្ពស់ក្នុងចំណោមក្រុមហ៊ុនចិន។    ប៉ុន្តែរបាយការណ៍ថ្មីបំផុតនេះបានលើកឡើងចំឈ្មោះក្រុមហ៊ុនចិន China Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យចម្រុះជាប់បំណុលដ៏ច្រើន។ កាលពីល្ងាចថ្ងៃអង្គារ ក្រុមហ៊ុននេះហាក់ដូចជាបានរួចខ្លួនដោយប្រផិតប្រផើយពីអ្វីដែលអាចជាគ្រោះមហន្តរាយមូលប័ត្របំណុលរបស់អ្នកវិនិយោគអន្តរជាតិ។   ក្រុមហ៊ុន Evergrande នេះ បានក្លាយជាឧទាហរណ៍មួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនបង្ខំឲ្យក្រុមហ៊ុនធំៗដោះស្រាយបន្ទុកបំណុលដ៏ធ្ងន់ធ្ងរ។ រដ្ឋាភិបាលចិនបានបង្កើតការរឹតបន្តឹងថ្មីៗ ដែលធ្វើឲ្យក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន Evergrande ជាដើម មានការលំបាកឬមិនអាចរកបំណុលថ្មីដោះស្រាយបំណុលចាស់នៅថ្ងៃកំណត់សងនោះទេ។ ជាលទ្ធផល ក្រុមហ៊ុនជាច្រើនបានព្យាយាមលក់ទ្រព្យសម្បត្តិដើម្បីដោះបំណុល។   ទោះបីជា គម្រោងសាងសង់រាប់សិបរបស់ក្រុមហ៊ុននេះនៅទូទាំងប្រទេសចិនត្រូវបានផ្អាក ដោយសារកម្មករ និងអ្នកផ្គត់ផ្គង់មិនទទួលបានប្រាក់ខែក៏ដោយ ក៏ក្រុមហ៊ុនEvergrande បានចេញមុខយ៉ាងក្លាហានចំពោះបញ្ហាដ៏លំបាករបស់ខ្លួន។    នៅក្នុងកំណត់សម្គាល់មួយទៅកាន់និយោជិតផ្សព្វផ្សាយនៅតាម WeChat អ្នកគ្រប់គ្រងបាននិយាយថា «បុគ្គលិកទាំងអស់របស់ក្រុមបានធានាថា គម្រោងសាងសង់នឹងធ្វើឱ្យបានដោយការតាំងចិត្តនិងប្រឹងប្រែងខ្ពស់បំផុតហើយសាងសងអចលនទ្រព្យប្រកបដោយគុណភាព និងបរិមាណខ្ពស់បំផុត»៕  
វ៉ាស៊ីនតោន ធនាគារកណ្តាលសហរដ្ឋអាម៉េរិកបានព្រមានថា ផលប៉ះពាល់ដោយសារវិបត្តិបំណុលក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន អាចជះឥទ្ធិពលទៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក និងធ្វើឲ្យខូចខាតកំណើនសេដ្ឋកិច្ច រួមទាំងកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ។
  រាជនីសំឡេងមាស បានរៀបរាប់ពីរឿងរ៉ាវជីវិតមួយ ដែលរួមបញ្ចូលទេពកោសល្យដ៏កម្រ សេចក្ដីក្លាហាន ការឈឺចាប់ ភាពជូរចត់ រឿងខកចិត្ត និងការតាំងចិត្ត។ សៀវភៅនេះនឹងនាំអ្នកអាន ទៅកាន់ពិភពយុគមាសនៃតន្ត្រីកម្ពុជា ដោយសារកម្រងចម្រៀងជ្រើសរើស យ៉ាងពិសេសភ្ជាប់អមនឹងសាច់រឿង។       វេទិកាពិភាក្សាពីចំណាប់អារម្មណ៍របស់វាគ្មិន ចំពោះការនិពន្ធសៀវភៅ"រាជនីសំឡេងមាស"។  ពីឆ្វេងអ្នកស្រី រស់ សាបឿន បងស្រីអ្នកស្រី រស់ សេរីសុទ្ធា, អ្នកស្រី ឌី សាវ៉េត តារាសម្ដែងរីកគ្រប់រដូវ, កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីអធិរាជ ស៊ីន ស៊ីសាមុត, លោក ឃុត សុឃឿន អ្នកសម្របសម្រួលកម្មវិធី អ្នកនាង ហួត សុជាតា ជាស្ថាបនិកគ្រឹះស្ថានអវតា និងជាអ្នកប្រែសម្រួល សៀវភៅឆាករូបភាពប្រលោមលោក The Golden Voice មកជាខេមរភាសា រាជនីសំឡេងមាស បានប្រាប់សារព័ត៌មានថ្មីៗថា ដំណើរការនៃការផលិតសៀវភៅនេះ ជាភាសាខ្មែរ បានធ្វើឡើងនៅដើមឆ្នាំ២០២២ ខណៈអ្នកនិពន្ធ Gregory Cahill បានចាប់ផ្ដើមស្រាវជ្រាវ ពីរឿងរ៉ាវរបស់រាជនីសំឡេងមាស រស់ សេរីសុទ្ធា តាំងពីឆ្នាំ២០០៦។   អ្នកនាង ហួត សុជាតា ថា រាជនីសំឡេងមាស ពុំមែនជាសៀវភៅឆាករូបភាពធម្មតានោះឡើយ ប៉ុន្តែជាសៀវភៅឆាករូបភាពប្រលោមលោក ដោយយកតាមលំនាំជីវិតពិតរបស់អ្នកស្រី រស់ សេរីសុទ្ធា។ អ្នកស្រីបន្ថែមទៀតថា ទាំងខ្លឹមសារ រូបភាព និងភាសាក្នុងការនិយាយ ត្រូវបានស្រាវជ្រាវយ៉ាងសុក្រិត ដើម្បីឱ្យត្រឹមត្រូវ ទៅតាមការប្រើភាសា(និយាយ)កាលជំនាន់នោះ រួមទាំងឱ្យស្របទៅតាមបែបផែនប្រវត្តិសាស្ត្រផងដែរ។    អ្វីដែលជាភាពពិសេស គួរឱ្យកត់សម្ភាលក្នុងសៀវភៅនេះ គឺពេលបានអានសៀវភៅនេះ អ្នកអាននឹងទទួលអារម្មណ៍ថា ខ្លួនដូចបានមើលកុនមួយរឿងដូច្នោះដែរ។ ដូចបានមើលកុន ព្រោះក្នុងសៀវភៅនោះ មានកម្រងបទចម្រៀងចំនួន៤៧បទ ដែលអាចអានអត្ថបទបណ្ដើរ និងស្ដាប់បទចម្រៀងបណ្ដើរ ដើម្បីបានដឹងពីបរិបទនៃសាច់រឿង។ លក្ខណៈពិសេសមួយទៀត សៀវភៅនេះមានបន្ថែមរឿងប្រវត្តិសាស្ត្រមួយចំនួន ក្នុងឆ្នាំ១៩៧០ គឺក្នុងសម័យ លន់ នន់ ដែលមានការគាំទ្រពីទាហានអាមេរិក។      អ្នកនាង ហួត សុជាតា អ្នកប្រែសម្រួលសៀវភៅ"រាជនីសំឡេងមាស" និងជាស្ថាបនឹកគ្រឹះស្ថានបោះពុម្ពអវតា អ្នកបកប្រែដែលមានវ័យ៤០ឆ្នាំ សុជាតា បានសង្កត់ធ្ងន់ថា សៀវភៅនេះអាចនឹងក្លាយជាប្រធានបទមួយ ត្រូវបានគេយកទៅបញ្ចេញមតិច្រើន ដោយថារឿងរបស់អ្នកស្រី រស់ សេរីសុទ្ធា មិនដូចនៅក្នុងសៀវភៅនេះទេ។ អ្នកនាងពន្យល់ថា រឿងរបស់កំពូលសំឡេងផ្នែកនារីនៃកម្ពុជា រស់ សេរីសុទ្ធា មិនមានឯកសារបន្សល់ទុកច្រើនឡើយ ដោយមានតែឯកសារលោតឆត្រយោងមួយប៉ុណ្ណោះ ហើយមនុស្សច្រើននាក់ បាននិយាយខុសៗគ្នា ពីតារាចម្រៀងល្បីឈ្មោះរូបនេះ។ ដើម្បីធ្វើឱ្យមានការទទួលយកបាន ក្នុងចំណោមមហាជនភាគច្រើន អ្នកនិពន្ធបានជ្រើសរើសយក ប្រវត្តិជីវិត របស់តួឯកស្រី ទៅតាមសម្ដីរបស់គ្រួសាររបស់អ្នកស្រី រស់ សេរីសុទ្ធា ផ្ទាល់តែម្ដង។   អ្នកប្រែសម្រួលរូបនេះបញ្ជាក់បន្ថែមដូច្នេះ៖«ជីវិតរបស់អ្នកស្រី រស់ សេរីសុទ្ធា ខុសពីអ្នកផ្សេង គឺមិនមានឯកសារអ្វីទាំងអស់ ក្រៅពីឯកសារលោតឆត្រយោង។ ក្រៅពីនោះគឺតាមរយៈមាត់មនុស្សទាំងអស់។ ព័ត៌មានទាំងនោះ មិនអាចយកជាការបានមួយរយភាគរយ ដើម្បីយកទៅផ្ទៀងផ្ទាត់បានឡើយ។ អ្នកនិពន្ធមានតែសម្រេចចិត្តជ្រើសរើសយកផ្លូវមួយដើរ ដើម្បីអភិវឌ្ឍន៍សាច់រឿង។ ដូច្នេះយើងយកតាមអ្វីដែលគ្រួសារអ្នកស្រី រស់ សេរីសុទ្ធា និយាយ»។   ទោះជាយ៉ាងណាក៏ដោយ សៀវភៅប្រលោមលោកប្រវត្តិ រាជនីសំឡេងមាស ដែលល្បីថាជាអ្នកចម្រៀងមានចរិយាសុភាពរាបសា តែជួបតែជីវិតកម្សត់ជូរចត់ឥតល្ហែ បានតាក់តែងឡើងដោយភ្ជាប់នឹងរឿងប្រឌិតខ្លះដែរ។ ប្រឌិតខ្លះក៏ព្រោះអ្នកនិពន្ធ ចង់ឱ្យសាច់រឿងទាំងមូល កាន់តែមានភាពទាក់ទាញ ដែលនាំឱ្យអ្នកមើល មានអារម្មណ៍រំភើប រីករាយ ក៏ដូចជាបានស្គាល់អ្នកចម្រៀងសំឡេងឯកនៃកម្ពុជាកាន់តែខ្លាំង។ អ្នកអាននឹងបានដឹងថា ចំណុចណាជារឿងពិតរបស់ អ្នកស្រី រស់ សេរីសុទ្ធា និងចំណុចណាខ្លះជាផ្នែកប្រឌិត នៅទំព័រចុងក្រោយនៃសៀវភៅ។     រូបថតអនុស្សាវរីយ៍ នៅថ្ងៃសម្ភោធសៀវភៅ"រាជនីសំឡេងមាស" ស្ថាបនិកគ្រឹះស្ថានបោះពុម្ពអវតារ ពន្យល់ថាការផលិតសៀវភៅឆាករូបភាព ប្រៀបដូចជាការផលិតកុនដូច្នោះដែរ ដោយអ្នកនិព្ធត្រូវចាប់ឈុត ប្លង់ និងរៀបសេណារីយោជាដើម ដើម្បីឱ្យអ្នកអាន និងអ្នកមើលយល់ពីសាច់រឿង។ អ្នកនាងបន្ថែមថា ជួនកាលរូបភាពអាចប្រាប់សាច់រឿង ដោយមិនចាំបាច់សរសេរ ហើយនេះជាលក្ខណៈពិសេសរបស់សៀវភៅប្រភេទនេះ។  អ្នកនាង ហួត សុជាតា ថាអវតារលើកទឹកចិត្តកូនខ្មែរ ធ្វើសៀវភៅឆាករូបភាពឱ្យបានច្រើន ព្រោះកម្ពុជាកំពុងខ្វះអ្នកនិពន្ធសៀវភៅប្រភេទនេះ។ អ្នកនាងក៏សង្ឃឹមថាសៀវភៅ រាជនីសំឡេងមាស នឹងជួយជំរុញដល់អ្នកនិពន្ធ ក៏ដូចជាវិចិត្រករកម្ពុជា ធ្វើសៀវភៅបែបនេះដែរ។   «ការបង្កើតសៀវភៅរូបភាព ត្រូវនឹងអ្វីដែល អាវតា ចង់ធ្វើតាំងពីដើម ដូច្នេះយើងចរណាដើម្បីទិញកម្មសិទ្ធិបញ្ញា យកមកបោះពុម្ព។ នៅពេលដែលនិយាយដល់សៀវភៅឆាករូបភាព គេច្រើនគិតដល់រឿងតុក្កតា ប៉ុន្តែសៀវភៅឆាករូបភាព អាចជាសៀវភៅប្រវត្តិសាស្ត្រ ប្រលោមលោក អាចជាសៀវភៅដែលនិយាយពីជីវិតរបស់អ្នកណាម្នាក់។ នៅកម្ពុជា សៀវភៅឆាករូបភាពមានតិចមែនទែន ពិសេសកូនខ្មែរជាអ្នកធ្វើ។ ដូច្នោះហើយបានជាយើងមានបំណង នាំចូលរបៀបផលិត និងរបៀបបង្កើតសៀវភៅមួយបែបនេះ មកកម្ពុជា»។ នេះជាការអះអាងរបស់អ្នកនាង ហួត សុជាតា។   យ៉ាណាមិញ ដើម្បីរៀបរាប់រឿងមួយ ឱ្យអ្នកអានទាក់ចិត្តបាន និងចង់មើលបន្ត ដោយមិនចាំបាច់ប្រើអក្សរច្រើន គ្រាន់តែមានពាក្យសន្ទនាបន្តិចបន្តួច ពុំមែនជាការងាយស្រួលឡើយ គឺទាមទារឱ្យអ្នកនិពន្ធមានការព្យាយាមខ្ពស់ និងមានជំនាញផងដែរ។     ផ្នែកមួយនៃសាច់រឿង គ្រាដែលកញ្ញា រស់ សេរីសុទ្ធា សុំខ្លួនទៅច្រៀងក្នុងព្រះរាជពិធី ចម្រើនព្រះជន្មអ្នកម្នាង  ម៉ូនិក សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្មវិធីសម្ភោធសៀវភៅ រាជនីសំឡេងមាស The Golden Voice ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ផាណា ដោយទទួលបានអ្នកចូលរួមជាង៣០០នាក់ ដែលមានទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ចំនួននេះច្រើនលើសពីការរំពឹងទុករបស់អ្នករៀបចំឆ្ងាយ។ អ្នកនាង ហួត សុជាតា ថានេះគឺជាជោគជ័យដែលមិនអាចនឹកស្មានបាន។    នៅក្នុងកម្មវិធីដែលចាប់ផ្ដើមពីម៉ោងជាង៦ល្ងាច រហូតដល់ម៉ោងជាង៨យប់នេះ គេឃើញមានវត្តមាន អ្នកស្រី រស់ សាបៀន ត្រូវជាបងស្រីរបស់ តួឯកក្នុងកម្មវិធី គឺរាជនីសំឡេងមាស រស់ សេរីសុទ្ធា។ អ្នកស្រី ឌី សាវ៉េត តារាសម្ដែងរីកគ្រប់រដូវ។ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ អ្នកស្រី តាត គឹមលន ភរិយារបស់កវី គង្គ ប៊ុនឈឿន ដែលជាកវីនិពន្ធដ៏ល្បីល្បាញរបស់កម្ពុជា។ លោក កែវ ស៊ីណន ជាអតីតតន្ត្រីករសម័យសង្គមរាស្ត្រនិយម ក៏ជាអ្នករក្សាឌីស និងថាសចម្រៀងសម័យយុគមាសយ៉ាងសកម្មផងដែរ។ រួមទាំងមានអ្នកនិពន្ធជើងចាស់ ក៏ដូចជាសិល្បករជាច្រើនរូបទៀតចូលរួមផងដែរ៕        
ភ្នំពេញ៖ សៀវភៅឆាករូបភាពប្រលោមលោក ដែលមានចំណងជើងថា រាជនីសំឡេងមាស ត្រូវបាននិពន្ធដោយលោក Gregory Cahill និងរចនារូបភាពដោយអ្នកនាង Kat Baumann គឺជាសៀវភៅរៀបរាប់ពីជីវិតរបស់អ្នកស្រី រស់ សេរីសុទ្ធា ឆ្លងកាត់យុគ្គមាស នៃវិស័យសិល្បៈភាពយន្តនិងចម្រៀង ដែលធ្វើឱ្យវាសនារបស់នាង ខ្ពង់ខ្ពស់ត្រដែតត្រដឹម តាមរយៈទេពកោសល្យដ៏កម្ររបស់នាង។ សៀវភៅនេះ ក៏បាននិយាយពីសម័យ លន់ នល់ និងជីវិតស្នេហាដ៏កម្សត់ខុសគេរបស់តួឯកស្រីផងដែរ។
  បញ្ហាអធិបតេយ្យនៅសមុទ្រចិនខាងត្បូង ដែលជាសម្បូរដោយធនធាធម្មជាតិ និងជាផ្លូវនាវាចរណ៍ដ៏សំខាន់ ជាប្រធានបទសំខាន់ក្នុងជំនួបថ្នាក់ខ្ពស់រវាងហ្វីលីពីន និងចិន។ ចិន ហ្វីលីពីន និងប្រទេសពាក់ព័ន្ធឯទៀត មិនទាន់រកឃើញច្រកចេញពីជម្លោះនេះឡើយ ខណៈដែលចិនបន្តសកម្មភាពអុងអាត់កាន់តែខ្លាំង។   «មេដឹកនាំនៃប្រទេសរបស់យើងទាំងពីរបានឯកភាពថាបញ្ហាដែនសមុទ្រគួរតែត្រូវបានដោះស្រាយតាមរយៈការទូត និងកិច្ចសន្ទនា ហើយមិនត្រូវឆ្លងកាត់ការបង្ខិតបង្ខំ និងការបំភិតបំភ័យឡើយ»។ រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនលោកស្រី Theresa Lazaro  និយាយបែបនេះនៅក្នុងពិធីបើកកិច្ចចរចាទ្វេភាគីស្តីពីសមុទ្រចិនខាងត្បូងជាមួយសមភាគីចិន Sun Weidong នៅទីក្រុងម៉ានីល។   អនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong បាននិយាយថា បញ្ហាសមុទ្រជាផ្នែកសំខាន់នៃទំនាក់ទំនងចិន-ហ្វីលីពីន ដែលមិនគួរត្រូវបានមិនអើពើ។ លោក Sun ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនៅទីក្រុងម៉ានីល បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តាមរយៈការសន្ទនា និងពិគ្រោះយោបល់ជាលក្ខណៈមិត្តភាពប្រទេសទាំងពីរបានគ្រប់គ្រង និងដោះស្រាយយ៉ាងមានប្រសិទ្ធភាពចំពោះភាពខុសគ្នាលើបញ្ហាដែនសមុទ្រ។ ភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅផងដែរ។    ក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចចរចាលោកស្រី Lazaro បាននិយាយថា ភាពខុសគ្នាលើបញ្ហាដែនសមុទ្រជាមួយទីក្រុងប៉េកាំងគឺជាក្តីបារម្ភដ៏ធ្ងន់ធ្ងរដែរ ប៉ុន្តែអាចត្រូវបានដោះស្រាយ តាមរយៈការប្រើគ្រប់មធ្យោបាយការទូតដោយចាប់ផ្តើមពីការបញ្ឈប់សកម្មភាពឈ្លានពាន។   គួរបញ្ជាក់ថា ទីក្រុងប៉េកាំងដែលទាមទារផ្នែកធំនៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់មួយចំនួននៅដែនទឹកហ្វីលីពីន បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃវត្តមានយោធារបស់អាមេរិកនៅហ្វីលីពីន ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការបង្កើនភាពតានតឹងក្នុងតំបន់។ កន្លងមក ហ្វីលីពីនក៏បានអនុញ្ញាតឱ្យអាមេរិកចូលប្រើមូលដ្ឋានទ័ពចំនួន៤បន្ថែមទៀតរួមទាំងមូលដ្ឋានទ័ពនៅក្បែរសមុទ្រចិនខាងត្បូងផងដែរ៕  
ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់រវាងចិន និងហ្វីលីពីននៅថ្ងៃទី២៤ ខែមីនា បញ្ហាដែនសមុទ្រនៅតែជារឿងបង្កព្រួយបារម្ភធ្ងន់ធ្ងរ។ ប៉ុន្តែភាគីទាំងពីរក៏បានសន្យាថាប្រើប្រាស់មធ្យោបាយការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីផងដែរ។
ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងចុះពិនិត្យដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប។ ក្នុងដំណើរចុះត្រួតពិនិត្យនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ក្រុមការងារអន្តរក្រសួង បានរកឃើញដីជាង ៨ពាន់ហិកតាត្រូវបានកាប់ទន្រ្ទាន។   បើតាមហ្វេសប៊ុកផេកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រៃលិចទឹកតំបន់៣ ស្ថិតនៅស្រុកចំនួន៤ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប ចំនួន ៣៧៦៨,៤ហិកតា ត្រូវបានកាប់ទន្រ្ទាន។ រដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ថា ក្នុងស្រុកសង្កែ មាន៤ឃុំ ដែលបានកាប់ទន្ទ្រាន លើទីតាំង៦កន្លែង ស្មើនឹង១១៤,៥ហិកតា និងមានពលរដ្ឋរស់នៅ ១៩៤៤គ្រួសារ។   ដោយឡែក ស្រុកថ្មគោល មាន៤ឃុំ ដែលមាន៨កន្លែង ស្មើនឹងផ្ទៃដី ៣៨៦ហិកតា និងមានពលរដ្ឋ ៦៩គ្រួសារ។ ចំណែក ស្រុកមោងឫស្សីវិញ មាន៥ឃុំ ដែលបានទន្ទ្រានកាន់កាប់លើទីតាំងចំនួន ១១កន្លែង ស្មើនឹង ២១៤,៧ហិកតា និងមានពលរដ្ឋចំនួន១៩២គ្រួសារ។ រីឯ ស្រុកឯកភ្នំ មាន៤ឃុំ បានទន្ទ្រានកាន់កាប់ ដោយមាន៤កន្លែង ស្មើនឹង ៣០៥៣,២ហិកតា និងមានពលរដ្ឋ ៣០៩គ្រួសារ។   ទំព័រហ្វេសប៊ុកផេកលោក វេង សាខុន កាលពីថ្ងៃទី៥ ធ្នូ  បង្ហាញថា ក្នុងខេត្តពោធិ៍សាត់ អាជ្ញាធរបានរកឃើញការទន្ទ្រានដីព្រៃលិចទឹកចំនួន ៤,៤៣៤.០៧ហិកតា ដែលមានពលរដ្ឋរស់នៅចំនួន ១៩២១គ្រួសារ ស្ថិតនៅស្រុកបាកាន កណ្ដៀង និងក្រគរ។ ក្នុងនោះ ស្រុកបាកាន មាន៤ឃុំ ដែលបានទន្ទ្រានដីព្រៃលិចទឹកប្រមាណ ១០២២,៦៨ហិកតា និងមានពលរដ្ឋរស់នៅ ៣៤៩គ្រួសារ។   សម្រាប់ស្រុកកណ្តៀង មាន៦ឃុំ ដែលបានទន្រ្ទានដីចំនួន ១៨៦៣,៧៩ហិកតា និងមានពលរដ្ឋរស់នៅ ៦៦២គ្រួសារ និងស្រុកក្រគរ មាន៧ឃុំ មានការទន្រ្ទានចំនួន ១ ៥៤៧,៦ហិកតា និងមានពលរដ្ឋរស់នៅ ៩១០គ្រួសារ។   ទាក់ទងនឹងការទន្រ្ទានដីព្រៃលិចទឹកក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបងនេះ ក្រុមការងារអន្តរក្រសួង តម្រូវឱ្យជនល្មើសដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន ជាពិសេសដើមឫស្សី។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ក្រុមការងារអន្តរក្រសួង ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។   សូមបញ្ជាក់ថា តាមរយៈសារសំឡេងពិសេស ពាក់ព័ន្ធនឹងបញ្ហាបឹងទន្លេសាប នៅថ្ងៃទី២៨ វិច្ឆិកា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាប់ទន្ទ្រានខុសច្បាប់យកមកវិញទាំងអស់។ សម្ដេច ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យមន្ត្រីណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើលោភលន់ខុសច្បាប់ ខណៈរដ្ឋាភិបាល កំពុងរវល់ប្រឹងប្រែងប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះទេ៕
ដីព្រៃលិចទឹកជាង ៨ពាន់ហិកតា ស្ថិតនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រូវបានកាប់ទន្រ្ទានខុសច្បាប់។ នេះបើតាមហ្វេសប៊ុកផេកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
  វៀតណាមស្ថិតនៅក្នុង «តំបន់រងគ្រោះដោយព្យុះស៊ីក្លូន» មួយក្នុងចំណោមតំបន់ចំនួនប្រាំនៅលើពិភពលោក និងទទួលរងព្យុះជាមធ្យមចំនួន ៤,៣លើក។ គិតត្រឹមខែតុលាឆ្នាំនេះ ព្យុះត្រូពិចចំនួន៦បានបោកបក់មកលើប្រទេសវៀតណាម នេះបើយោងទៅតាមស្ថាប័នសិក្សាស្រាវជ្រាវនិងប្រឹក្សាយោបល់ឥណ្ឌូចិន។   លោក Adam McCarty សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៅវិទ្យាស្ថាន Mekong Economics ក្នុងទីក្រុងហាណូយបាននិយាយថា៖«បញ្ហាមិនសំខាន់ស្ថិតនៅលើការខាតបង់ច្រើន ឬតិចជាងមុននៅឆ្នាំនេះនោះទេ។ បញ្ហាគឺថា និន្នាការកើតមានព្យុះកំពុងតែកើនឡើង ហើយនេះគឺជា បញ្ហានៃការប្រែប្រួលអាកាសធាតុ»។   សូម្បីតែនៅក្នុងរបាយការណ៍កាលពីឆ្នាំ ២០១១ ស្តីពីប្រទេសវៀតណាម ទីភ្នាក់ងារទទួលបន្ទុកស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ព្យុះទីហ្វុងដែលបានសន្ទុះខ្យល់ខ្លាំងជាងព្យុះត្រូពិច «ហាក់ដូចជា កើតមានឡើងកាន់តែញឹកញាប់»។ ហើយរបាយការណ៍នេះគឺតាំងពី ១០ឆ្នាំមុនមកម្ល៉េះ។   ប្រទេសវៀតណាមដែលមានប្រជាជនចំនួន ៩៧លាននាក់ គឺជា ប្រទេស «ងាយរងគ្រោះ» ជាងគេបង្អស់មួយ។ នេះបើយោងទៅតាមទិន្នន័យគេហទំព័រ Climatelinks.org ដែលត្រូវបានដឹកនាំដោយទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិអាមេរិក។ គេហទំព័រ Climatelinks បានឲ្យដឹងថា ប្រទេសវៀតណាមគួរតែរំពឹងថា នឹងមានសីតុណ្ហភាពខ្ពស់ជាងមុន កំណើនលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ និងកំណើននីវ៉ូទឹកសមុទ្រ។   ព្យុះត្រូពិច Linfa បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៤នាក់ និងបណ្តាលឲ្យ ២១នាក់ទៀតបាត់ខ្លួនគិតមកត្រឹមថ្ងៃទី២១ ខែតុលា ដោយសារតែព្យុះនេះបានបោកបក់ឆ្លងកាត់តំបន់ភាគកណ្តាលប្រទេសវៀតណាម។ ព្យុះទីពីរគឺ ព្យុះ Nangka បានបោកបក់មកលើតំបន់ដូចគ្នានេះកាលពីថ្ងៃពុធ ទី២១ ខែតុលា។ ហើយមនុស្សចំនួន ២៨ នាក់ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត។   ស្ត្រីម្នាក់ពាក់អាវភ្លៀងជិះកង់ពេលភ្លៀងធ្លាក់នៅក្រុងហាណូយ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ខណៈដែលព្យុះត្រូពិច Nangka ធ្វើឲ្យបាក់ដីនៅភាគកណ្ដាលវៀតណាម។   សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ព្យុះនានាកាលពីខែតុលាបានបង្កការខូចខាតទៅលើផ្ទះសម្បែងយ៉ាងហោចណាស់ ២៧៤.៥០០ពាន់ខ្នង។ ព្យុះទាំងនេះបានបោកបក់មកលើតំបន់កសិកម្ម ដែលសម្បូរទៅដោយដំណាំស្រូវ ដូង និងផ្លែឈើប្រចាំតំបន់ត្រូពិច។ ជាទូទៅ ដំណាំទាំងនេះត្រូវបានដាំនៅតំបន់វាលទំនាប ដែលងាយនឹងរងគ្រោះដោយសារទឹកជំនន់។   គេហទំព័រសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះថា Nhan Dan Online គ្រប់គ្រងដោយគណបក្សកុម្មុយនីស្តវៀតណាមបានរាយការណ៍ថា គ្រោះបាក់ដីនៅការដ្ឋានគម្រោងទំនប់វារីអគ្គិសនីនៅខេត្ត Thua Thien Hue បានបណ្តាលឲ្យកម្មករចំនួន ១៧នាក់បាត់ខ្លួន ។ ក្រុមអ្នកជួយសង្គ្រោះចំនួន១៣នាក់នៅខេត្តមួយទៀតដែលមានគ្រោះបាក់ដីក៏កំពុងតែបាត់ខ្លួនផងដែរ។    លោក Ralf Matthaes ជនបរទេសមករស់នៅរយៈពេលវែង និងស្ថាបនិកក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវ Infocus Mekong Research ក្នុងក្រុងហូជីមិញ បាននិយាយថា គ្រោះបាក់ដីបានកើតមាននៅតំបន់ភ្នំជារៀងរាល់ឆ្នាំ។    លោក Matthaes បាននិយាយថា៖ «តំបន់ភ្នំគឺជា កន្លែងកើតមានគ្រោះបាក់ដីជាទូទៅ។ យើងកំពុងស្ថិតនៅចំកណ្តាលរដូវភ្លៀងធ្លាក់ ដូច្នេះ ខ្ញុំគិតថា វាមិនមែនជារឿងខុសធម្មតាដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ»។   ព្យុះត្រូពិចភាគច្រើនកើតមាននៅតំបន់ភាគកណ្តាលប្រទេសវៀតណាម ដោយមិនប៉ះចំរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជាតំបន់ឧស្សាហកម្មរបស់ប្រទេស វៀតណាមនោះទេ។ ប្រជាជននៅតំបន់ភាគកណ្តាលវៀតណាមជាទូទៅជាប្រជាជនក្រីក្ររស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រាមក្នុងតំបន់ដែលឧស្សាហ៍រងគ្រោះពីទឹកជំនន់។   លោក McCarty បាននិយាយថា ការកើតមានជាញឹកញាប់នៃបាតុភូតព្យុះប្រកបដោយគ្រោះថ្នាក់បានធ្វើឲ្យផែនការជួយសង្គ្រោះពេលមានគ្រោះធម្មជាតិរបស់រដ្ឋាភិបាលមានលក្ខណៈជា «ប្រព័ន្ធ»។ លោកបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធក៏កំពុងតែរីកចម្រើន ខណៈវិស័យកសិកម្មកំពុងបោះជំហានទៅមុខដោយមានការប្រើប្រាស់គ្រឿងចក្រកាន់តែច្រើនជាងមុន ហើយប្រជាជនកំពុងតែងាកពីការធ្វើកសិកម្មមកធ្វើការនៅទីក្រុង។   ក្រុមអ្នកវិភាគនៅវៀតណាមនិយាយថា មនុស្សភាគច្រើននៅក្នុងប្រទេសតាមដានទំហំនៃការខូចខាតបន្ទាប់ពីមានព្យុះ និងស្វះស្វែងជួយជនរងគ្រោះតាមមធ្យោបាយផ្សេងៗ ប៉ុន្តែពួកគេចាប់ផ្តើមលែងសូវយកចិត្តទុកដាក់អំពីការគំរាមកំហែងពីព្យុះដែលកើតមានឡើងថ្មីៗហើយ។   លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រនៅទីក្រុងហូជីមិញបាននិយាយថា៖ «ខ្ញុំគិតថា ពួកគេស៊ាំទៅនឹងការកើតមានព្យុះទៅហើយ។ នៅវៀតណាម នៅពេលដែលយើងឮដំណឹងពីព្យុះតាមរយៈព័ត៌មាននៅតាមបណ្តាញសង្គម អ្វីដែលយើងយកចិត្តទុកដាក់មុនគេនោះគឺ ការខូចខាត និងផលប៉ះពាល់ផ្សេងៗ»។   លោក Nguyen បានបន្តថា ប្រជាជនដែលមានជីវភាពប្រសើរនៅក្រុងហូជីមិញ តាមដានបណ្តាញផ្សព្វផ្សាយអំពីព័ត៌មានទាក់ទិននឹងផលប៉ះពាល់ដោយសារបាតុភូតព្យុះដោយផ្នែក ដើម្បីពួកគេអាចបរិច្ចាគជួយជនរងគ្រោះ។ លោកបានបន្ថែមថា ការបរិច្ចាគបានក្លាយជារឿងធម្មតាទៅហើយនៅវៀតណាម ដោយសារតែមានព្យុះជាទៀងទាត់៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ទីក្រុងតៃប៉ិ កោះតៃវ៉ាន់  ព្យុះត្រូពិចដែលកើតមានជាបន្តបន្ទាប់ បានបណ្តាលឲ្យមនុស្សជាង១០០នាក់បានស្លាប់បាត់បង់ជីវិតនៅប្រទេសវៀតណាម ដោយសារតែទឹកជំនន់នាពេលថ្មីៗនេះ ដោយបានបង្កឲ្យមានការព្រួយបារម្ភថា បញ្ហាប្រែប្រួលអាកាសធាតុបាននាំឲ្យមានអាកាសធាតុអាក្រក់កាន់តែច្រើនឡើងមកលើប្រទេសនេះ។
ជាថ្មីម្ដងទៀត ប្រធានាធិបតីមាត់ឆៅ រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រើប្រាស់សម្ដីវាយប្រហារលោកស្រី Agnes Callamard អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិពីបញ្ហាសិទ្ធិមនុស្សនៅហ្វីលីពីន។ លោក ឌូទើតេ ធ្លាប់រិះគន់លោកស្រី Callamard កប់ៗមាត់នាពេលកន្លងមក ព្រោះចង់ស៊ើបអង្កេតការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការក្នុងសង្គ្រាមគ្រឿងញៀន ប៉ុន្តែលើកនេះ ប្រធានាធិបតីហ្វីលីពីនទំនងជាខឹងខ្លាំងស្ត្រីអ្នករាយការណ៍រូបនេះខ្លាំងដល់ថ្នាក់គំរាមទះកំផ្លៀងទៀតផង បើសិនជួបគ្នាទល់មុខ។ ចំពោះមុខប្រជាជនហ្វីលីពីនដែលធ្វើការនៅវៀតណាមនៅថ្ងៃទី៩ ខែវិច្ឆិកា លោក ឌូទើតេ និយាយខ្លាំងថា លោកនឹងទះកំផ្លៀងលោកស្រី Callamard ព្រោះលោកស្រីមាក់ងាយរូបលោក និងមិនជឿការស្រាវជ្រាវរបស់ស្ថាប័នលោកស្រីជុំវិញឥទ្ធិពលនៃថ្នាំញៀន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Rappler ។ ការផ្ទុះកំហឹងរបស់ប្រធានាធិបតីហ្វីលីពីនកើតឡើង បន្ទាប់ពីលោកស្រី Callamard នាំអ្នកជំនាញអាមេរិកម្នាក់ឈ្មោះ Carl Hart ដែលអះអាងថា គ្រឿងញៀនប្រភេទ Shabu មិនបង្កគ្រោះថ្នាក់ ចូលទឹកដីហ្វីលីពីន។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះបានចែករំលែកសម្ដីនេះលើបណ្ដាញសង្គម Twitter របស់លោកស្រី ដែលធ្វើឲ្យលោក ឌូទើតេ យល់ថា លោកស្រីយល់ស្របទៅនឹងសម្ដីអ្នកជំនាញរូបនេះ។ ប្រធានាធិបតីហ្វីលីពីបានរំឭកពីការសិក្សាមួយស្ដីពីគ្រោះថ្នាក់នៃគ្រឿងញៀនកាលពីឆ្នាំ២០១៤ ដែលបង្ហាញច្បាស់ថា Shabu មានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ដោយសារបញ្ហានេះ លោក ឌូទើតេ ក៏ដាក់ការសង្ស័យថា ការស៊ើបអង្កេតរបស់លោកស្រី Callamard លើសំណុំរឿងសម្លាប់មនុស្សនៅហ្វីលីពីន នឹងមិនអាចទុកចិត្តបានទេ ដ្បិតលោកស្រីផ្ទាល់មិនជឿរបាយការណ៍ដែលបង្កើតដោយអង្គការសហប្រជាជាតិផងនោះ។ មកទល់ពេលនេះ យុទ្ធនាការបោសសម្អាតគ្រឿងញៀននេះមិនទាន់ចប់នៅឡើយទេ ទោះជាប្រតិបត្តិការរបស់ប៉ូលិសបានថមថយខ្លះក្ដី។ មនុស្សរាប់ពាន់នាក់បានស្លាប់ក្នុងយុទ្ធនាការនេះ ហើយនេះជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលលោក ឌូទើតេ រងការរិះគន់យ៉ាងចាស់មាត់ពីសំណាក់អ្នកនយោបាយក្នុងស្រុង និងនៅលើឆាកអន្តរជាតិ ហើយលោកស្រី Callamard ក៏ចង់ស៊ើបអង្កេតថែមទៀតនោះ៕
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ Agnes Callamard  ដែលចង់ស៊ើបអង្កេតករណីយុទ្ធនាការបោសសម្អាតគ្រឿងញៀន។ ជាមួយនឹងការប្រើប្រាស់ពាក្យសម្ដីអសុរសជាច្រើន លោក ឌូទើតេ ក៏គំរាមទះកំផ្លៀងលោកស្រី Callamard ទៅទៀត ដោយសារលោកស្រីមិនជឿថា ថ្នាំញៀនប៉ះពាល់ដល់សុខភាពមនុស្សឡើយ។
ក្នុងលិខិតរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំយោបល់សម្តេច ហ៊ុន សែន លើការផ្គូរផ្គងបេក្ខភាពអភិបាលខេត្តមួយចំនួន។ សម្តេច ស ខេង បានវាយតម្លៃពីបេក្ខភាព លោក គួច ចំរើន សម្រាប់តំណែងអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែលត្រូវផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេច ស ខេង មើលឃើញពីចំណុចវិជ្ជមានរបស់លោក គួច ចំរើន កាលពីពេលដែលលោកនៅជាអភិបាលខណ្ឌមានជ័យ ខណ្ឌដួនពេញ និងខេត្តកំពង់ចាម។ សម្រាប់តំណែងអភិបាលខេត្តកំពង់ចាម សម្តេច ស ខេង បានមើលឃើញពីបេក្ខភាពរបស់លោក អ៊ុន ចាន់ដា ដែលបច្ចុប្បន្នជាអភិបាលខេត្តព្រះវិហារ។ ជាមួយគ្នានេះ សម្តេច ស ខេង បានមើលឃើញពីតួនាទីដ៏សក្តិសមរបស់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងបច្ចុប្បន្ន សម្រាប់តំណែងអភិបាលខេត្តព្រះវិហារ ដោយលោកមានបទពិសោធន៍ធ្វើជាអភិបាលស្រុកកំចាយមារជិត១០ឆ្នាំ។ «ដោយសារករណីខាងលើជាបញ្ហារសើប ការផ្គួរផ្គងបេក្ខភាពខាងលើ ខ្ញុំពុំបានពិភាក្សាជាមួយមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តពាក់ព័ន្ធឡើយ»។ នេះជាសំណេររបស់សម្តេច ស ខេង ដោយទទួលបានចំណារយល់ព្រមភ្លាមៗពីសម្តេច ហ៊ុន សែន នាថ្ងៃទី២៤ ខែមិថុនា នេះ៕
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង នារសៀលថ្ងៃទី២៤ ខែមិថុនា បានស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរភារកិច្ច អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ ទៅជាអភិបាលខេត្តកំពង់ចាម និងលោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀងទៅជាអភិបាលខេត្តព្រះវិហារវិញ។
ជាទូទៅប្រជាជនកម្ពុជាទូទាត់វិក័យប័ត្រទឹករបស់ខ្លួនដោយ បង់លុយដោយផ្ទាល់នៅទីស្នាក់ការកណ្តាល រឺតាមសាខាទាំងបួនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជម្រើសទូទាត់លុយជាច្រើនទៀតត្រូវបានផ្តល់ជូន ដូចជាតាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារមួយចំនួន Online Banking និងការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ ។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមវិបសាយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយសារតែកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចផ្អែកលើសាច់ប្រាក់ ភាគច្រើនប្រជាជននៅតែទូទាត់វិក័យប័ត្រតាមរយៈសាច់ប្រាក់ ដោយមានអតិថិជនមួយចំនួនតូចតែប៉ុណ្ណោះដែលប្រើប្រាស់ការទូទាត់តាមរយៈវិស័យធនាគារ ។ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុន Smart បានសហការជាដៃគូជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីផ្តល់ជូនអតិថិជន SmartLuy របស់ខ្លួននូវមធ្យោបាយសាមញ្ញនិងរហ័សក្នុងការបង់ថ្លៃទឹកដោយគិតថ្លៃសេវាចាប់ពី ១០០០ រៀលប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ។ សម្រាប់អតិថិជនដែលមានកម្មវិធីទូរស័ព្ទ(App) SmartLuy ពួកគេអាចបង់វិក័យប័ត្ររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដោយចុចយកពាក្យ "Bill Payment" នៅក្នុងApp នោះ ។ សម្រាប់អតិថិជនផ្សេងទៀត លោកអ្នកក៏អាចទូទាត់វិក័យប័ត្រទឹកបានយ៉ាងងាយស្រួល នៅតាមភ្នាក់ងារ SmartLuy ទូទាំងប្រទេស ឬនៅតាម Smart Shop នានា ។ SmartLuy បានចាប់ដំណើរការក្នុងឆ្នាំ ២០១៥ ជាសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនអាច ដាក់ប្រាក់ ផ្ទេរប្រាក់ និងដកប្រាក់បានយ៉ាងរហ័ស និងមានសុវត្ថិភាព។ តាមរយៈ SmartLuy អតិថិជនក៏អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនានាផ្សេងទៀតដូចជា ការទូទាត់វិក័យប័ត្រនានា ការទិញកាតទូរស័ព្ទគ្រប់ប្រព័ន្ធ និងការបង់ប្រាក់ Online ជាដើម។ អតិថិជន SmartLuy អាចធ្វើការផ្ទេរប្រាក់បានក្នុងតម្លៃទាបបំផុតនៅក្នុងប្រទេសដោយចាប់ផ្តើមត្រឹមតែ ១៥០០ ហើយរាល់ការទិញកាតទូរស័ព្ទរបស់ Smart អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៥ ភាគរយ ផងដែរ ។ SmartLuy ក៏កំពុងបន្តចាប់ដៃគូ និងបន្ថែមសេវាកម្មនានាជាច្រើនទៀតដល់អតិថិជនរបស់ខ្លួន។ អតិថិជន Smart ដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ SmartLuy អាចបង្កើតគណនីរបស់ខ្លួន ដោយទាញយកកម្មវិធីទូរស័ព្ទនៅលើ Google Play Store ឬ Apple App Store ឬដោយចុច * 1111 # ៕ ( អត្ថបទពាណិជ្ជកម្ម )
អតិថិជនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឥឡូវនេះអាចបង់វិក័យប័ត្រទឹករបស់ខ្លួនតាមរយៈ SmartLuy ដោយចូលទៅកាន់ App នៅក្នុងទូរស័ព្ទ រឺក៏តាមរយៈភ្នាក់ងារ SmartLuy និងតាម Smart Shop ទូទាំងប្រទេស។
តើតំណែងនេះ ជាសំណាង ឬជាបន្ទុក? លោក ឌិត ទីណា ឆ្លើយសំណួរអ្នកសារព័ត៌មាន Thmey Thmey 25ដូច្នេះ៖«អ្នកខ្លះ គេមើលឃើញកម្ពស់នៃតំណែង តែខ្ញុំមើលឃើញទម្ងន់នៃការទទួលខុសត្រូវ។ ទាំងពីរនេះ គឺសំខាន់ណាស់ ព្រោះអ្វីៗជាការរំពឹងទុកគឺខ្ពស់ ហើយការរំពឹងទុកកាន់តែខ្ពស់ ទម្ងន់កាន់តែធ្ងន់»។   ពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ តំណែងមួយនេះ ក៏ជាសំណាងផងដែរ។ លោក ទីណា យល់ថាជាសំណាងដែលយុវជនអាចប្រកួតប្រជែង និងចូលរួមជួយដល់ប្រជាពលរដ្ឋ រួមទាំងប្រទេស នៅពេលយុវជនមានឱកាស។ «នេះជាសំណាង សំណាងមិនមែនធ្វើធំទេ តែជាសំណាងដែលបានចូលរួមជួយយ៉ាងពេញលេញ ក្នុងតួនាទីមួយ ដែលមានបន្ទុកទទួលខុសត្រូវខ្ពស់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឌិត ទីណា។    លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ តុលា និងបានចូលកាន់តំណែងនៅថ្ងៃទី១៧ តុលា។ លោក ឌិត ទីណា ជាអតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាកូនប្រុសតែម្នាក់របស់លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល។    គួរបញ្ជាក់ថា លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្រោយបញ្ចប់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី៨ តុលា៕   លោក ឌិត ទីណា ទទួលត្រាពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្រ្តីស្ដីទី ក្រសួងកសិកម្ម  
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ តុលា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា តំណែងជារដ្ឋមន្ត្រីកសិកម្មថ្មីនេះ គឺជាសំណាង និងជាបន្ទុក។ ជាសំណាង ត្រង់លោកបានបម្រើប្រជាពលរដ្ឋ ចំណែកជាបន្ទុក គឺជាការទទួលខុសត្រូវ។
ការវិវត្តនូវផ្នែកឌីជីថល គឺជាចំនុចស្នូលនៃកម្មវិធីទាំងមូល ដែលអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៏បច្ចេកវិទ្យាចុងក្រោយ លើទូរសព្ទដៃចល័ត ផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត "Intelligent Connectivity" ហើយក៏ជាឱកាសបានជូបនឹងស្តាប់វាគ្មិន បកស្រាយពីការវិវត្តន៍នៃបច្ចេកវិទ្យានាពេលខាងមុខទៀតផងដែរ។   គួររំលឹកផងដែរថា រាជរដ្ឋាភិបាលបានចាប់ដៃគូជាមួយនឹងសមាគមបច្ចេកវិទ្យាដើម្បីជាចលនារៀបចំមូលដ្ឋានសំរាប់ទីក្រុងឆ្លាត។ Metfone ជាដៃគូរយុទ្ឋសាស្ត្រនឹងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីឆ្នាំ២០១៧ Metfone នឹងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងដោយនាំយកនូវបច្ចេកវិទ្យាពត៌មាន សំរាប់កិច្ចការរបស់រដ្ឋាភិបាល ដើម្បីបំរើប្រជាជនកម្ពុជានឹងសហគ្រិនអោយកាន់តែមានប្រសិទ្ធិភាព។    Metfone ជាក្រុមហ៊ុនទូរគមនាគមន៍តែមូយគត់ដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលត្រូវបានជ្រើសរើសអោយអនុវត្តន៍គំរោងទូទាំងប្រទេស។ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយទាន់សភាពការ វត្តមានរបស់ MIC 2019 នឹងផ្តល់នូវស្លាកសញ្ញាថ្មីមូយដែលបង្ហាញប្រជាជនកម្ពុជា នូវអ្វីដែលនឹងផ្លាស់ប្តូរ ទីក្រុងរបស់ពូកគេនាអនាគត។   អ្នករៀបចំ MIC 2019 បានបន្ថែមទៀតថាពូកគេនឹងបង្ហាញនូវបច្ចេកវិទ្យាចុងក្រោយដែល វិវត្តនៅក្នុងទូរសព្ទដៃដោយផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត "Intelligent Connectivity នឹងទំរង់វៃឆ្លាត AI នឹងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។    អ្នកចូលរូម អាចចុះឈ្មោះឥឡូវនេះតាមរយៈគេហទំព័រ mic.metfone.com.kh  ដើម្បីចូលរួមពិធីបង្ហាញបច្ចេកវិទ្យាដ៍អស្ចារ្យនេះ។   អ្វីដែលសំខាន់ជាងនេះទៀតក្នុង សិក្ខាសាលានេះគឺមានវត្តមានរបស់ថ្នាក់ដឹកនាំចូលរួមដូចជា Google, Ericsson, Huawei នឹងបង្ហាញពីកម្មវិធីសំខាន់ៗនៃ Internet of Things (IoT), Mobile Connect នឹង Future Networks។    អ្នកចូលរួមទស្សនា នឹងអាចឃើញ នៃផលប៉ះពាលបច្ចេកវិទ្យាទាំងនេះ ទៅលើទិដ្ឋភាពរស់នៅជាប្រចាំរបស់ពូកគេ រួមបញ្ចូលទាំងសេវាសាធារណៈ ក្រសួង នឹងការថែរក្សាបរិស្ថាន Web នឹង ភាពស្មុគស្មាញនៃទំនាក់ទំនង "Cloud Connectivity"។   តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់ចប់ MIC 2019 សូមសន្យាថាព្រឹត្តការណ៍នេះមិនមែនសំរាប់តែក្រុមអ្នកចូលចិត្តបចេ្ចកវិទ្យាតែប៉ុណ្ណោះទេ ប៉ុន្តែតំរូវសំរាប់អ្នកទស្សនាគ្រប់ស្រទាប់ទាំងអស់។ "Intelligent City" គឺជាសេចក្តីប្រកាសរបស់ Metfone ដែលជានិច្ចកាល ក្រុមហ៊ុនជាដៃគូរសហការដ៍ល្អរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ៕ (អត្ថបទពាណិជ្ជកម្ម)  
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុនមិត្តហ្វូននឹងប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019  ដែលប្រព្រឹត្តទៅ ចំនួន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
ក្រសួងធនធានទឹកបានបន្តថា ទន្លេមេគង្គលើនឹងចាប់ស្រកចាប់ពីថ្ងៃទី៣-៥ ខែសីហា ក្នុងនោះ ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចស្រកមកនៅម្ពស់ ១០,៥៣ម៉ែត្រ ហើយថ្ងៃទី៤ ទឹកមានកម្ពស់ ១០,៣២ម៉ែត្រ និងថ្ងៃទី៥ ១០,២០ម៉ែត្រ។ រីឯ ទន្លេមេគង្គក្រចេះ ទឹកអាចស្រកមកនៅកម្ពស់ ២១,៦៥ម៉ែត្រ ហើយថ្ងៃទី៤ ទឹកមានកម្ពស់ ២១,៣៨មែត្រ និងថ្ងៃទី៥ ទឹកមានកម្ពស់ ២១,១៩ម៉ែត្រ។ ចំណែក ទន្លេមេគង្គកំពង់ចាម ទឹកអាចឡើងបន្តិចបន្ថែមទៀតកម្ពស់ ១៥,១០ម៉ែត្រ ហើយថ្ងៃទី៤ទឹកស្រកមកវិញកម្ពស់ ១៤,៩២ម៉ែត្រ និងថ្ងៃទី៥ ទឹកមានកម្ពស់ ១៤,៧០ម៉ែត្រ។ ចំពោះ ទឹទន្លេមេគង្គក្រោមដូចជា ទន្លេបាសាក់ចតុមុខ នៅថ្ងៃទី៣ ទឹកនឹងឡើងកម្ពស់ ៩,១៨ម៉ែត្រ និងថ្ងៃទី៤ ទឹកឡើងកម្ពស់ ៩,២១ម៉ែត្រ ប៉ុន្តែថ្ងៃទី៥ ទឹកនឹងស្រកមកវិញកម្ពស់ ៩,១២ម៉ែត្រ។ ទន្លេមេគង្គអ្នកលឿង ថ្ងៃទី៣ ទឹកឡើងបន្តិចកម្ពស់ ៦,៥៧ម៉ែត្រ ថ្ងៃទី៤ ទឹកបន្តឡើងកម្ពស់ ៦,៦១ម៉ែត្រ ប៉ុន្តែថ្ងៃទី៥ ទឹកស្រកវិញបន្តិចកម្ពស់ ៦,៥៣ម៉ែត្រ។ ទន្លេមេគង្គកោះខែល ថ្ងៃទី៣ ទឹកឡើងបន្តិចកម្ពស់ ៧,៥៩ម៉ែត្រ ទឹកបន្តឡើងបន្តិចកម្ពស់ ៧,៦៣ម៉ែត្រ ប៉ុន្តែថ្ងៃទី៥ ទឹកស្រកវិញបន្តិចកម្ពស់ ៧,៥៧ម៉ែត្រ។ ទន្លេមេគង្គព្រែកក្ដាម ថ្ងៃទី៣ ទឹកឡើងបន្តិចកម្ពស់ ៧,៤៧ម៉ែត្រ ថ្ងៃទី៤ ទឹកបន្តឡើងបន្តិចកម្ពស់៧,៥១ម៉ែត្រ ប៉ុន្តែថ្ងៃទី៥ ទឹកស្រកវិញបន្តិចកម្ពស់៧,៤៥ម៉ែត្រ៕
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣ ខែសីហា នេះ ស្ថានភាពទឹកជំនន់ទន្លេមេគង្គលើ បន្តស្រកចុះជាបន្តបន្ទាប់បន្ថែមទៀត។ នេះបើតាមសេចក្ដីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២ ខែសីហា។
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ណែនាំឱ្យមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តពង្រឹងផលិតផលទេសចរណ៍ និងការអនុវត្តវិធានសុវត្ថិភាព ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដើម្បីត្រៀមទទួលភ្ញៀវ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ។ នេះបើតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ សម្រាប់ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី ៣ កុម្ភៈ ។ អ្នកជាប់សែស្រឡាយនេះ ក្នុងប្រទេសកម្ពុជាក៏នឹងរៀបចំសែនព្រេនជួបជុំគ្រួសារ និងដើរកម្សាន្តតាមរមណីយដ្ឋាននានាដែរ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានណែនាំឱ្យមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត និងប្រតិបត្តិករទេសចរណ៍ ពង្រឹងវិធានសុវត្ថិ  គុណភាពផលិតផល តម្លៃ និងសេវាកម្មឱ្យបានត្រឹមត្រូវ។ លើសពីនេះ អាជីវកម្មស្នាក់នៅ និងអាហារដ្ឋាន តាមរមណីយដ្ឋាននានា ត្រូវមានតារាងតម្លៃសម្រាប់ឱ្យភ្ញៀវទេសចរ។   បន្ថែមពីនេះមន្ទីរទេសចរណ៍ទាំងអស់ ត្រូវពិនិត្យមើលសកម្មភាពភ្ញៀវទេសចរ តាមរមណីយដ្ឋាននានា ជៀសវាងទទួលភ្ញៀវលើសកម្រិត ដែលអាចធ្វើឱ្យមានហានិភ័យ នៃការរីករាលជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ បញ្ជាក់ក្នុងសារាចរណែនាំថា រមណីយដ្ឋានណា ដែលមានភ្ញៀវលើសចំណុះ នឹងត្រូវបិទសកម្មភាពទេសចរណ៍ភ្លាមៗ។   ចំណែកបុគ្គលិកបម្រើការក្នុងអាជីវកម្មទេសចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ត្រូវតែជាអ្នកបានទទួល វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕  
ដោយ៖ ហេង ស្រីលីន
  ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៧ហាង រួមមាន  ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU  សាខាស្ទឹងមានជ័យ សាខា ធីខេអាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត សាខាភ្នំពេញថ្មី សាខាក្រុងកំពង់ចាម សាខាបឹងស្នោ និង ថ្មីៗនេះសាខាចំការដូង។ គួរំលឹកថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទាំងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនាំចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនាំចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensens Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និង ហាង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza ) ។ ( អត្ថបទពាណិជ្ជកម្ម )
ដើម្បីអបអរសាទរខួប ១២ ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាផ្សារទំនើបសូរិយា សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់១ ខែធ្នូ ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារជាលក្ខណៈបែប ក្រុមគ្រួសារ មិត្តភ័ក្ត ឬការងារជាដើម ហើយកាន់តែពិសេសនោះ គឺនឹងមានការសម្តែងក្បាច់រាំ ការបង្វិលកងសំណាង និងកម្មវិធីកំសាន្តនានាក្នុងឱកាសដ៏ពិសេសនេះផងដែរ។
  បច្ចុប្បន្ននេះគេឃើញមានកីឡាករគុនជម្រុះជើងចាស់ជាច្រើនបានលាចាកចេញពីសង្វៀនដើម្បីទៅប្រកបមុខរបរផ្សេងចិញ្ចឹមជីវិតនិងគ្រួសារ ដូចជា មាស ម៉ើ, ស សី, ស៊ឹម ប៊ុនស្រន់ ឬ ថៃ រិទ្ធី ជាដើម ដោយផ្អែកលើហេតុផលផ្សេងៗគ្នា។ តើសហព័ន្ធ និង ក្លិបពាក់ព័ន្ធគិតគូរយ៉ាងណាចំពោះកីឡាករជើងចាស់ទាំងនេះ?    ទាក់ទិននឹងបញ្ហានេះ លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានថ្លែង បែបនេះ ការពិតណាស់កីឡាករជើងចាស់ទាំងនោះក៏ស្ថិតនៅក្លិប Cambodian Top Team ហើយ មានកីឡាករ ស សី, មាស ម៉ើ និង ស៊ឹម ប៊ុនស្រន់ បានចុះឈ្មោះជាផ្លូវការជាសមាជិករបស់សហព័ន្ធដែរ។ ការដែលនៅប្រកួតកើត ឬ អត់របស់ មាស ម៉ើ ស៊ឹម ប៊ុនស្រន់ ឬ ស សី អាស្រ័យលើក្លិបរបស់ពួកគេ។ ប៉ុន្តែអ្វីដែលសំខាន់នោះ សហព័ន្ធនិងក្លិបត្រូវរួមដៃគ្នាដើម្បីស្វែងរកផលចំណេញពីបទពិសោធជោគជាំរបស់ពួកគេ ពីព្រោះកីឡាករជើងចាស់ទាំងនេះជាកីឡាករគុនចម្រុះជំនាន់ទី១របស់កម្ពុជា ដែលទទួលបានបទពិសោធន៍ច្រើន ក្រោយចេញទៅប្រកួតនៅក្រៅប្រទេសដូចជានៅប្រទេស ថៃ និង សង្វៀន ONE ជាដើម។    ឆ្លើយតបនឹងប្រធានបទនេះដែរ ប្រធានក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ បង្ហើបដូច្នេះ ៖«ខ្ញុំឧស្សាហ៍ហៅពួកគាត់មកវិញដើម្បីហ្វឹកហាត់ដែរ ប៉ុន្តែពួកគាត់មិនអាចមកបានព្រោះបញ្ហាគ្រួសារ និងរកស៊ីរៀងៗខ្លួន ខ្ញុំមិនអាចបង្ខំបានដែរ។ យ៉ាងណាក្ដី ខ្ញុំនៅតែជួយជ្រោមជ្រែង អត់ភ្លេចពួកគាត់ទេ និង អាចជួយជាឧបករណ៍ហ្វឹកហាត់នៅក្លិបមូលដ្ឋានរបស់ពួកគាត់ បើសិនពួកគាត់ចង់ជួយបណ្ដុះក្មេងៗជំនាន់ក្រោយ។ ហើយខ្ញុំក៏គិតដែរថា កន្លែងណាដែលឲ្យគាត់អាចជួយការងាររបស់ក្លិន និង សហព័ន្ធ MMA យើងបាន»។ ប្រធានក្លិប និងជាអគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារូបនេះបញ្ជាក់ទៀតថា បើលោកផ្ទាល់មានលទ្ធភាពកាន់តែច្រើន លោកនឹងជួយកាន់តែច្រើនទៅតាមតែអាចធ្វើទៅបាន។ ជាក់ស្ដែង កីឡាករជើងចាស់ ស សី បានបើកបង្ហាត់ក្មេងៗជាង ១០ នាក់នៅស្រុកកំណើតស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ហើយ ស សី ក៏ទទួលបានការឧបត្ថម្ភជាសម្ភារមួយចំនួនពីគ្រូបង្វឹកហ៊ុន ច័ន្ទរាជ្យដែរ។     ចំណែក មាស ម៉ើ រវល់រត់តាក់ស៊ីដើម្បីចិញ្ចឹមគ្រួសារ ក្រោយចេញពីសង្វៀនតាំងចុងឆ្នាំ ២០១៨។ គ្រូបង្វឹករូបនេះបានទទូចឲ្យ មាស ម៉ើ ត្រលប់មកវិញដែរដើម្បីចាប់គូឲ្យប្រកួត ប៉ុន្តែរូបគេមិនមានពេលគ្រប់គ្រាន់ ខណៈដែល ស៊ឹម ប៊ុនស្រន់ ក៏រវល់ការងាររកស៊ី មិនសូវបានហាត់ដិតដល់ដូចមុន។    រីឯ ថៃ រិទ្ធ វិញបានលាចាកពីសង្វៀន ប៉ុន្តែរូបគេបានទៅបង្ហាត់គុនខ្មែរនៅទឹកដីខេត្តសៀមរាប។ យ៉ាងណាក្ដី លោក ហ៊ុន ច័ន្ទរាជ្យ បានអំពាវនាវដល់កីឡាករ MMA ដែលឡើងប្រកួតលែងកើត ឬ ជាប់រវល់ឲ្យចូលរួមបណ្ដុះបណ្ដាលដល់ក្មេងៗជំនាន់ក្រោយនៅថ្ងៃណាមួយ។    លោកបន្តថា បើសិនកីឡាករជើងចាស់មានលទ្ធភាពបើកក្លិបនៅមូលដ្ឋានពិតជាល្អណាស់ ហើយ លោកនឹងចូលរួមជួយតាមលទ្ធភាព ដូចជា សម្ភារហ្វឹកហាត់ មានតាពី ហ្គង់ បាវសាក់ ស៊ីប ឬ អាចជួយអង្ករហូតប្រចាំខែទៀតផង។    បន្ថែមពីលើនេះ លោក កែ ប៊ិនសូរស្មី បានថ្លែងដែរថា ៖«នេះជាហេតុផលមួយដែលយើងត្រូវការសហព័ន្ធដ៏ខ្លាំងក្លាមួយ។ យើងមិនចង់ឃើញកីឡាកររបស់យើងទើបឡើងវ៉ៃបាន ពីរឬបីប្រកួតហើយចាកចេញនោះទេ។ យើងចង់ធ្វើឲ្យច្បាស់លាស់ថា កីឡាករទទួលបានប្រាក់ចំណូលត្រឹមត្រូវមួយពីការឡើងសង្វៀន។ ប៉ុន្តែបច្ចុប្បន្ននេះយើងមិនទាន់ដល់ចំណុចនេះឡើយ»។    លោកសង្កត់ធ្ងន់ថា ៖«សូមបង្កើតភាពជឿជាក់ថាយើងធ្វើបាន។ ពេលយើងមានសហព័ន្ធខ្លាំង យើងអាចការពារស្ថានភាព និង ផលប្រយោជន៍ កីឡាកររបស់យើង ហើយ ជំរុញឲ្យពួកគេអាចឈានដល់កម្រិតស្ដង់ដារមិនខាន។ យើងចង់ឲ្យកីឡាករ-កីឡាការិនីទាំងអស់អាចក្លាយជាអាជីពពិតប្រាកដដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងក្ដីស្រលាញ់កីឡាគុនចម្រុះរបស់យើង»។    គួរដឹងដែរថា សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាទើបត្រូវបង្កើតឡើងកាលខែ តុលាឆ្នាំ ២០១៨ ប៉ុន្តែសហព័ន្ធសម្រេចបានលទ្ធផលការងារជាច្រើនដូចជាទំនាក់ទំនងអន្តរជាតិ ទទួលការចុះឈ្មោះក្លិបជាផ្លូវការរហូតដល់ ២២ ក្លិប ក្នុងនោះមានក្លិបក្រៅប្រទេសចំនួន ៤ មកពី កាណាដា អូស្ត្រាលី អាមេរិក និង បារាំង។ សហព័ន្ធមានវិបសាយផ្ទាល់ខ្លួន និង បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លិបនៅក្រោមឱវាទ៕ 
ដោយ៖ ស៊ីធី 
  កង្វះអនាម័យមាត់ធ្មេញ សមត្ថភាពនៃការបន្តពូជរបស់អ្នកអាចនឹងរងឥទ្ធិពលខ្លាំងតាមរយៈការមានអនាម័យមាត់ធ្មេញ។ ការសិក្សាបានរកឃើញថា ស្ត្រីដែលស្វែងរកការព្យាបាលដើម្បីមានកូន ច្រើនតែមានបញ្ហាទាក់ទងនឹងការឈាមអញ្ចាញធ្មេញ និងការរលាកអញ្ចាញធ្មេញ។ ដូច្នេះបើសិនជាអ្នកកំពុងតែមានគម្រោងមានផ្ទៃពោះ ចូរប្រាកដថា អ្នកបានដុសសម្អាតធ្មេញ និងប្រើអំបោះរូសធ្មេញពីរដងក្នុងមួយថ្ងៃ និងទៅជួបពេទ្យធ្មេញជាទៀងទាត់ផង។   ការប្រើប្រាស់ទឹករំអិលបន្ថែមក្នុងពេលរួមភេទ ការធ្វើបែបនេះប្រហែលជាអាចជួយដល់ការស៊ូកបញ្ចូលលិង្គកាន់តែងាយស្រួល ព្រមទាំងបន្ថែមគ្រឿងផ្សំដល់ជីវិតផ្លូវភេទអ្នកថែមទៀតផង។ យ៉ាងណាមិញ ទឹករំអិលមួយចំនួនក៏អាចសម្លាប់មេជីវិតឈ្មោលបានដែរ។ ដូច្នេះ បើសិនជាអ្នកមានបញ្ហាមិនអាចមានកូនបាន ហើយមានអារម្មណ៍ថាស្ងួតនៅតំបន់ខាងក្រោម ចូរជ្រើសរើសទឹករំអិលដែលមិនសម្លាប់មេជីវិតឈ្មោល និងពិគ្រោះជាមួយគ្រូពេទ្យផង។   កង្វះវីតាមីន Folic Acid ស្ត្រីភាគច្រើនមិនបានសិក្សាដឹងអំពីរឿងនេះឡើយរហូតដល់ហួសពេល។ វីតាមីនមួយនេះមានសារៈសំខាន់ណាស់ក្នុងការជួយរាងកាយផលិតគ្រាប់ឈាមក្រហម និងការលូតលាស់របស់ទារក។ ការញ៉ាំថ្នាំបំប៉នប្រភេទ Folic Acid នេះខណៈពេលកំពុងតែព្យាយាមមានផ្ទៃពោះអាចជួយអ្នកបាន។   ពន្លឺសិប្បនិមិត្ត តើអ្នកចូលចិត្តអានសៀវភៅអេឡិចត្រូនីច មើលទូរស័ព្ទឆ្លាតវៃ ឬប្រើប្រាស់ថាប្លេតនៅពេលគេងដែរទេ? នោះហើយគឺជាអ្វីដែលអ្នកត្រូវបន្ទោសក្នុងពេលមិនអាចមានកូនបាន។ តាមការស្រាវជ្រាវមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Fertility and Sterility បានឲ្យដឹងថា ការប៉ះពាល់ពន្លឺសិប្បនិមិត្តច្រើននៅពេលយប់អាចផ្តល់គ្រោះថ្នាក់ទាំងលទ្ធភាពមានកូន និងការលូតលាស់របស់ទារកក្នុងផ្ទៃបើសិនជាមានផ្ទៃពោះរួច។ ការប៉ះពាល់នឹងពន្លឺនេះច្រើន នឹងទប់ស្កាត់ការផលិតអ័រម៉ូន Melatonin ដែលជួយជំរុញដល់ភាពងងុយគេងផង និងមិនឲ្យមេជីវិតញីងាយងាប់ផង។   សុខភាពក្រពេញអូវ៉ែ កាលណាអាយុកាន់តែច្រើន ចំនួនមេជីវិតញីក្នុងក្រពេញអូវ៉ែនឹងចាប់ផ្តើមថយចុះ។ បើសិនជាអ្នកមានបញ្ហាសុខភាពដូចជា ដុំប៉ូលីព ឬដុំសាច់ក្នុងស្បូន វាក៏អាចធ្វើឲ្យពិបាកមានផ្ទៃពោះដែរ។ ក្រៅពីនេះ ចំពោះករណីក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ ឬកង្វះអ័រម៉ូននេះវិញ ការជ្រុះអូវ៉ុលក៏រងការប៉ះពាល់ដែរ។   ការប្រើប្រាស់ថ្នាំ ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំរំងាប់អារម្មណ៍ កាលណាប្រើប្រាស់វាជាទៀងទាត់ ធ្វើឲ្យបញ្ចេញអ័រម៉ូន Prolactin ដែលប៉ះពាល់ដល់ការជ្រុះអូវ៉ុល។ ដូច្នេះបើសិនជាអ្នកកំពុងតែរៀបគម្រោងមានកូនមែន ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យច្បាស់ថា ថ្នាំដែលអ្នកកំពុងតែប្រើនោះ មិនប៉ះពាល់ដល់លទ្ធភាពនៃការមានកូនរបស់អ្នកទេ។   ញ៉ាំអាហារមិនផ្តល់សុខភាព ជីវជាតិដែលអ្នកត្រូវការបំផុតដើម្បីបង្កើនសមត្ថភាពនៃការមានកូនមានដូចជា ស័ង្គសី ហ្វូលិកអាស៊ីត វីតាមីន B6 និង D ជាមួយគ្នានឹងជាតិខ្លាញ់ល្អៗ Monounsaturated Fats ព្រមទាំងម៉ៃក្រូ និងម៉ាក្រូជីវជាតិផ្សេងៗទៀត។ ប៉ុន្តែ ការញ៉ាំភីហ្សា ឬបឺហ្គ័រ ទំនងជារឿងមួយមិនល្អឡើយ ព្រោះវាអាចរំខានដល់មុខងារអ័រម៉ូនបន្តពូជបាន។   ញ៉ាំកូឡេស្តេរ៉ុលច្រើនពេក ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Endocrinology and Metabolism បានបញ្ជាក់ថា ស្ត្រីដែលញ៉ាំអាហារមានកូឡេស្តេរ៉ុលខ្ពស់ ច្រើនតែពិបាកមានផ្ទៃពោះណាស់។ ជាមួយគ្នានេះដែរ បើសិនជាដៃគូទាំងសងខាងមានបញ្ហានេះដូចគ្នា ត្រូវតែមានការព្យាបាលត្រឹមត្រូវសិនទើបអាចជួយដល់ការមានផ្ទៃពោះពួកគេបាន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh
អ្នកទំនងជាដឹងហើយថា អ្វីទៅដែលជួយជំរុញដល់ការឆាប់មានផ្ទៃពោះ មានដូចជា ការរួមភេទក្នុងពេលងាយមានផ្ទៃពោះ (Fertile Days) ញ៉ាំអាហារដែលត្រឹមត្រូវ សម្រកទម្ងន់ ឈប់ជក់បារី និងគ្រឿស្រវឹង និងហាត់ប្រាណ ប៉ុន្តែដល់ពេលធ្វើរឿងទាំងអស់នេះហើយ នៅតែទទួលបានលទ្ធផលអវិជ្ជមានទៀត។ នេះប្រហែលជាអ្នកមិនបានធ្វើរឿងដែលត្រឹមត្រូវដើម្បីមានផ្ទៃពោះហើយ។ តើរឿងទាំងអស់នោះមានអ្វីខ្លះទៅ?
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកតាមដានការអនុវត្តទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង នៅថ្ងៃទី៩ ខែកញ្ញា បានចេញផ្សាយរបាយការណ៍របស់ខ្លួន ដែលបង្ហាញថារដ្ឋកុម្មុយនីស្តមួយនេះមានទំនាក់ទំនងជាសម្ងាត់ជាមួយស៊ីរី។ ក្រុមជំនាញមានសមាជិក៨នាក់កំពុងស៊ើបអង្កេតលើករណីកិច្ចសហប្រតិបត្តិការសម្ងាត់រវាងកូរ៉េខាងជើង និងស៊ីរីលើការផ្ទេរបច្ចេកទេសផលិតមីស៊ីល និងអាវុធគីមី ក៏ដូចជាការថែទាំណនិងជួសជុលប្រព័ន្ធការពារមីស៊ីលនៅស៊ីរីដែរ។ ក្នុងរបាយការណ៍ចេញផ្សាយនៅចុងសប្ដាហ៍មុន ក្រុមជំនាញរបស់ UN ក៏កំពុងពិនិត្យមើលក្រុមហ៊ុនរបស់កូរ៉េខាងជើងដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីហាមឃាត់ថា ក្រុមហ៊ុនទាំងនោះកំពុងបន្តរកស៊ីជាមួយក្រុមហ៊ុនរបស់រដ្ឋមជ្ឈិមបូព៌ាខាងលើឬយ៉ាងណា។ បើតាមរបាយការណ៍ដដែលនេះ រដ្ឋសមាជិក UN ចំនួនពីរចាប់បាននាវាហាមឃាត់ក្នុងដំណើរទៅកាន់ស៊ីរី ដែលជាកម្មសិទ្ធិក្រុមហ៊ុនកូរ៉េខាងជើង KOMID ។ ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា ក្រុមហ៊ុន KOMID នេះជាក្រុមហ៊ុនជួញដូរអាវុធរបស់កូរ៉េខាងជើង ហើយក៏ជាអ្នកនាំចេញសម្ភារ និងទំនិញដើម្បីផលិតមីស៊ីលបាលីស្ទិក និងអាវុធផ្សេងទៀត។ ចំណែកឯក្រុមហ៊ុនស៊ីរីក៏ត្រូវអាមេរិក និងសហភាពអឺរ៉ុបដាក់ក្នុងបញ្ជីហាមឃាតដែរ ហើយក្រុមហ៊ុនទាំងនោះស្ថិតក្រោមការគ្រប់គ្រងនៃមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រស៊ីរី ដែលធ្លាប់មានទំនាក់ទំនងជាមួយក្រុមហ៊ុនកូរ៉េខាងជើង។ ជាមួយគ្នានោះ ក្រុមជំនាញដដែលក៏បានរកឃើញថា សមាជិក UN មួយចំនួនមិនបានអនុវត្តសេចក្ដីរបស់ក្រុមប្រឹក្សាសន្តិសុខឲ្យបានត្រឹមត្រូវទេ ហើយនៅតែបន្តធ្វើជំនួញជាមួយកូរ៉េខាងជើងដដែល។ ជាក់ស្ដែង កូរ៉េខាងជើងដែលបន្តបំពានសេចក្ដីសម្រេច នៅតែអាចនាំចេញផលិតផលហាមឃាត់របស់ខ្លួនដូចជាធ្យូងថ្មជាដើមទៅកាន់ប្រទេសផ្សេងក្រៅពីចិន និងរកចំណូលបានយ៉ាងហោចណាស់២៧០លានដុល្លារទៅទៀត។ របាយការណ៍ខាងលើនេះចេញផ្សាយ ចំពេលដែលអាមេរិកកំពុងរកមធ្យោបាយដើម្បីដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង។ វិស័យវាយនភណ្ឌ ការនាំចូលប្រេង និងការបង្កកទ្រព្យសម្បត្តិមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង គឺជាចំណាត់ថ្មីដែលអាមេរិកលើកឡើងសម្រាប់ឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័ត។ យ៉ាងណាមិញ មិត្តជិតស្និទ្ធពីររបស់កូរ៉េខាងជើង គឺចិន និងរុស្ស៊ី ទំនងជាបោះឆ្នោតប្រឆាំងទណ្ឌកម្មថ្មីលើកូរ៉េខាងជើង៕
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញការសង្ស័យថាកូរ៉េខាងជើងអាចលួចទាក់ទងស៊ីរីដើម្បីអភិវឌ្ឍមីស៊ីលបាលីស្ទិក និងអាវុធគីមី ដែលទង្វើនេះផ្ទុយពីការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ក្នុងរបាយការណ៍កម្រាស់១១១ទំព័រ ក្រុមជំនាញរបស់ UN រកឃើញពីការដឹកជញ្ជូនសម្ភារហាមឃាត់ពីកូរ៉េខាងជើងទៅកាន់ស៊ីរី និងការធ្វើជំនួញរវាងក្រុមហ៊ុនកូរ៉េខាងជើងជាមួយក្រុមហ៊ុនស៊ីរីដែរ។
ជា ស៊ាងប៊ូ មានបងប្អូន ៤ នាក់ ដែលខ្លួនជាកូនពៅ នៃគ្រួសារមួយរស់នៅរាជធានីភ្នំពេញ។ យុវជនវ័យ ២០ឆ្នាំ រូបនេះ គឺជាអតីតសិស្សនិទេ្ទស A ឆ្នាំ ២០១៧ នៃវិទ្យាល័យ ជា ស៊ីម សាមគ្គី។ រូបគេធ្លាប់បានចូលរួមវគ្គសិក្សាខ្លីៗជាច្រើន ដែលរៀបចំជាលក្ខណៈជាតិ និងអន្តរជាតិ។ អតីតសិស្សនិទេ្ទស A រូបនេះ ក៏ធ្លាប់ជានិស្សិតស្ម័គ្រចិត្តនៅតាមកម្មវីធី និងសកម្មភាពជាច្រើនទៀតដែរ។ ក្រៅពីការសិក្សា និងការងារស្ម័គ្រចិត្ត រូបគេក៏ធ្លាប់ទទួលបានពានរង្វាន់ពីការប្រកួតនិយាយភាសាចិនជាច្រើនលើក ច្រើនសារផងដែរ។ ទាក់ទងនឹងអាជីពការងារវិញ ស៊ាងប៊ូ ក៏ធ្លាប់ជាគ្រូបង្រៀនភាសាចិន នៅវិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន ពីឆ្នាំ២០១៩ ដល់ ឆ្នាំ ២០២០។ បច្ចុប្បន្ន យុវជនរូបនេះ គឺជានិស្សិតឆ្នាំទី២ កំពុងសិក្សាបរិញ្ញាបត្រភាសាចិន នៅដេប៉ាតឺម៉ង់ភាសាចិន និងជានិស្សិតឆ្នាំទី១ ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។   ស៊ាងប៊ូ បានចាប់ផ្ដើមរៀនភាសាចិន តាំងពីគេមានអាយុ ១៣ឆ្នាំ មកម្ល៉េះ។ កាលពីពេលនោះ រូបគេ មិនទាន់ដឹងថារៀនភាសាចិន ដើម្បីអ្វីនោះឡើយ តែដោយសារឪពុកម្ដាយមានជាប់សែស្រឡាយចិន។ ដូច្នេះហើយ ពួកគាត់ចង់ឲ្យរូបគេ ចេះភាសាចិនដែរ។   ក្រៅពីនោះ ក៏នៅមានកត្តាមួយចំនួនទៀតផងដែរ ដែលជំរុញឲ្យរូបគេសម្រេចចិត្តសិក្សាថ្នាក់បរិញ្ញាបត្រភាសាចិន។ ហេតុផលមួយក្នុងចំណោមហេតុផលទាំងអស់ គឺបន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៧ ស៊ាងប៊ូ  សង្កេតឃើញថា កំណើនជនជាតិចិននៅខ្មែរ ចាប់ផ្ដើមមានការកើនឡើងច្រើន។ ការណ៍នេះបានធ្វើររូបគេគិតថា ចំណេះដឹងផ្នែកភាសាចិន អាចជួយឲ្យគេ មានឱកាសទទួលបានការងារខ្ពស់។ ហេតុផលមួយទៀត គឺដោយសារ រូបគេធ្លាប់បានរៀនភាសារចិនរយៈពេល ៤ឆ្នាំ រួចមកហើយ។ អតីតសិស្សនិទេ្ទស A រូបនេះគិតថា វាគឺជាការសម្រចចិត្តជាមួយដ៏ខ្ជះខ្ជាយ ប្រសិនបើខ្លួនគេបញ្ចប់វានៅត្រឹមនោះ។ ហើយហេតុផលចុងក្រោយមួយ នៅពីក្រោយការសម្រេចចិត្តជ្រើសរើសយកការសិក្សាថ្នាក់បរិញ្ញាបត្រភាសាចិន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺដើម្បីឲ្យចំណេះដឹងភាសាចិនរបស់គេកាន់តែច្បាស់ និងមានភាពទូលំទូលាយ។ ក្រៅពីនោះ ស៊ាងប៊ូ ក៏មានទេពកោស្យជាមួយការរៀនភាសាចិនដែរ។ យុវជនវ័យ ២០ឆ្នាំរូបនេះ រៀបរាប់ថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាខ្លួនឯង មានជំនាញពីកំណើតក្នុងការសិក្សាភាសាចិន ព្រោះតាំងពីចាប់ផ្ដើមរៀនភាសាចិន ខ្ញុំតែងតែទទួលបានលទ្ធផលល្អ នៅក្នុងថ្នាក់រៀន។»   សម្រាប់អាជីពការងារនាថ្ងៃអនាគតវិញ យុវជនរូបនេះ ចង់ក្លាយជាអាជីវករ ដែលធ្វើអាជីវកម្មរកស៊ីជាមួយជនជាតិចិន ព្រោះអ្នកជំនួញជនជាតិចិន មានចំនួនច្រើនគួរសមដែរ។ ម្យ៉ាងទៀត រូបគេ ចង់ធ្វើជាមន្ត្រីផ្នែកទំនាក់ទំនងអន្តរជាតិ នៃស្ថាប័ន ឬក្រសួងណាមួយ  ដោយសារខ្លួនគេកំពុងសិក្សាជំនាញមួយទៀតដែរ គឺជំនាញសិក្សាអន្តរជាតិ។   ទោះបីមានទេពកោសល្យពីកំណើត ក្នុងការសិក្សាភាសាចិនក៏ដោយ ស៊ាងប៊ូ ក៏បានជួបប្រទះនូវផលវិបាកខ្លះដែរ ដ្បិតវាមិនមែនជាភាសាកំណើតរបស់ខ្លួន។ ស៊ាងប៊ូរៀបរាប់ថា៖«ជាទូទៅ វាមានការលំបាកច្រើន ដោយសារកិច្ចការសាលាសម្រាប់ជំនាញទាំងពីរ គឺមានច្រើន»។   យ៉ាងណាក្ដី ដោយសាររូបគេមានបទពិសោធន៍ច្រើន ទាំងការបកប្រែ និងការធ្វើជាពិធីករសម្រាប់កម្មវិធីដែលធ្វើឡើងជាភាសាចិន ស៊ាងប៊ូ គិតថា គេអាចទៅរួចសម្រាប់ភាសាចិន ដូច្នេះ គេបានផ្ដល់អាទិភាពច្រើនជាង សម្រាប់ជំនាញមួយទៀតដែលកំពុងសិក្សា។   ស្របពេលដែលនិស្សិតជាច្រើនបានលើកឡើងថា ការសិក្សាភាសាចិនមានការលំបាកខ្លាំង យុវជនវ័យ ២០ឆ្នាំរូបនេះគិតថា វាមិនមានការលំបាកខ្លាំងណាស់ណាទេ តែវាក៏មិនស្រួលពេកបានដែរ។ ស៊ាងប៊ូ ប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗ ថា ការលំបាកគឺត្រង់ សំឡេង និងអក្សរ។ សម្រាប់អក្សរ យើងត្រូវតែចំណាំ រាល់អក្សរនីមួយៗតែម្ដង ដោយសារភាសាចិនគ្មានប្រព័ន្ធ ជើង ស្រៈ ឬព្យញ្ជនៈ ដូចភាសាដទៃមួយចំនួននោះទេ។ ហើយពាក្យនៅក្នុងភាសាចិន គឺជ្រៅ ច្រើន និងមានអត្ថន័យខុសគ្នាទៅតាមកាលៈទសៈ ដែលពុំមែនមនុស្សគ្រប់គ្នាអាចចំណាំបានគ្រប់ពាក្យទាំងអស់នោះទេ។ រីឯចំណុចដែលលំបាកខ្លាំងមួយទៀត គឺភាសានិយាយមិនអាចយកទៅប្រើប្រាស់សម្រាប់ភាសាសរសេរបានឡើយ។ អ្វីដែលលំបាកបំផុតនោះ គឺការបញ្ចេញសំឡេង។ ជាទូទៅ មនុស្សដែលធំហើយ ទើបទៅរៀនភាសាចិន ពុំសូវទទួលបានការជោគជ័យនោះឡើយ ព្រោះដើម្បីឲ្យការបញ្ចេញសំឡេងជាភាសាចិន បានល្អ គឺការចាប់ផ្ដើមរៀនតាំងពីក្មេងមកម្ល៉េះ។   យ៉ាងណាក៏ដោយ សម្រាប់ស៊ាងប៊ូ ចំណុចដែលស្រួលនៃការរៀនភាសាវិញគឺថា ភាសាចិនជាភាសាមួយ ដែលពាក្យរបស់វាដើរតាមលំដាប់។ មានន័យថា ប្រសិនបើយើងចង់និយាយឃ្លា ឬប្រយោគណាមួយ យើងគ្រាន់តែរៀបពាក្យតាមលំដាប់នៃពាក្យជាភាសាខ្មែរ នោះយើងអាចនិយាយបាន ដោយពុំចាំបាច់គិតគូរពីវេយ្យាករណ៍ ឬក៏ត្រូវផ្លាស់ប្ដូរទៅតាមកាល ដូចភាសាអង់គ្លេសនោះឡើយ។ និស្សិតរូបនេះបានប្រាប់ថា បើយើងគិតឲ្យស៊ីជម្រៅ វេយ្យាករណ៍ក្នុងភាសាចិន វាមានការលំបាក ប៉ុន្តែសម្រាប់ភាសានិយាយ យើងពុំចាំបាច់គិតគូរច្រើន ចំពោះវេយ្យាករណ៍នោះឡើយ។   ក្រៅពីនោះ ភាសាចិនសម័យទំនើប មានលក្ខណៈពិសេសមួយចំនួន ដោយពាក្យនីមួយៗមានអត្ថន័យជ្រាលជ្រៅ ដែលក្រៅពីអ្នកដែលសិក្សាភាសាចិន មិនងាយនឹងយល់បានទេ។ ជាក់ស្ដែង នៅក្នុងកំណាព្យដែលមានតែ ៥ ទៅ ៧ អក្សរ តែប៉ុណ្ណោះ តែប្រសិនបើយើងយកមកបកប្រែជាភាសាខ្មែរ យើងអាចសរសេរបាន ដល់ទៅមួយកថាខណ្ឌឯណោះ។ នេះជាលក្ខណៈពិសេសមួយ សម្រាប់ភាសាចិន ដែលរូបគេ មិនអាចមិនសរសើមិនបាន សម្រាប់អ្នកប្រាជ្ញអក្សរសាស្ត្រចិនបុរាណ។   នៅក្នុងបរិបទកូវីដ-១៩ នេះ យើងសង្កេតឃើញថា ចំនួនជនជាតិចិននៅកម្ពុជា មានការថយចុះយ៉ាងច្រើន។ វាបានលេចចេញជាសំណួមួយថា តើទីផ្សារការងារសម្រាប់អ្នកចេះនិយាយភាសាចិន នឹងមានការថយចុះដែរ ឬយ៉ាងណា? អតីតសិស្សនិទ្ទេស A រូបនេះ មានការយល់ស្របនឹងទស្សនៈខាងលើ ដែលថាបញ្ហាជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ទីផ្សារការងារ របស់អ្នកចេះនិយាយភាសាចិនមួយចំនួន ដូចជា មគ្គុទេសន៍ទេសចរណ៍ជាដើម។    យ៉ាងណាក្ដី យុវជនរូបនេះនៅតែមានគំនិតសុទិដ្ឋិនិយម ចំពោះទីផ្សារការងារសម្រាប់អ្នកចេះភាសាចិន។ ស៊ាងប៊ូ និយាយថា៖ «ក៏ប៉ុន្តែ ខ្ញុំមិនគិតថាវាបានប៉ះពាល់ខ្លាំងណាស់ណានោះទេ ព្រោះថា ការចេះនិយាយភាសារចិន អាចឲ្យយើងស្វែងររកឱកាសការងារផ្សេងៗជាច្រើនដូចជា ការបកប្រែ ឬធ្វើការតាមហាងមួយចំនួនដែលមានម្ចាស់ជាជនជាតិចិន។»   ស៊ាងប៊ូ បានផ្ដល់នូវហេតុផលមួយចំនួន សម្រាប់ការលើកឡើងរបស់គេបែបនេះ។ ក្នុងនោះ ហេតុផលទីមួយ គឺកត្តាទំនាក់ទំនងរវាងប្រទេសទាំងពីរ ខ្មែរ-ចិន ដែលធ្វើឲ្យពាណិជ្ជកម្មមានភាពស្អិតល្មួត។ ទីពីរ កត្តាភូមិសាស្ត្រតំបន់ ដែលប្រទេសកម្ពុជា ស្ថិតនៅក្នុងតំបន់តែមួយជាមួយចិន។ ដូចដែលយើងបានដឹងហើយថា តំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្ម។ ហើយចុងក្រោយគឺ កត្តាភូមិសាស្ត្រនយោបាយ  ដែលប្រទេសកម្ពុជា ហាក់មានទំនោរទៅកាន់ភាគីចិន នៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយកម្ពុជា បានស្នើឱ្យគ្រប់ភាគីនៃជម្លោះទាំងអស់ ដោះស្រាយបញ្ហាជាលក្ខណៈទ្វេភាគី។ ដូច្នេះ ក្នុងស្ថានភាពបច្ចុប្បន្ន បើរដ្ឋាភិបាលទាំងពីរ មិនប្ដូរយុទ្ធសាស្ត្រនយោបាយទេ ទីផ្សារសម្រាប់អ្នកចេះភាសាចិន នៅតែមានដដែល ព្រោះកត្តាទាំងនេះ បានបង្ហាញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ។ ណាមួយ បច្ចុប្បន្ន បច្ចុប្បន្ន ការទំនាក់ទំនងគ្នា ក៏អាចធ្វើតាមប្រព័ន្ធឌីជីថលបានដែរ។   អតីតសិស្សនិទេ្ទស A រូបនេះ បានផ្ដល់ជាគន្លឹះមួយចំនួន សម្រាប់ជាការចែករំលែកដល់អ្នកចង់រៀនភាសាចិនផងដែរ។ ស៊ាងប៊ូ និយាយថា៖ «អ្វីដែលសំខាន់ គឺការអនុវត្ត ដែលមានដូចជា ការស្ដាប់ ការទស្សនាវីដេអូជាភាសាចិន និងការព្យាយាមស្វែងយល់ពីសង្គម វប្បធម៌របស់ចិន ដែលអាចឲ្យយើងយល់ពីចរិតលក្ខណៈ នៃភាសាចិនបានច្រើន។» យុវជនរូបនេះ បានបន្ថែមថា៖ «អ្វីដែលសំខាន់មួយទៀត គឺការអនុវត្តផ្ទាល់ជាមួយជនជាតិចិន ព្រោះថាបើយើងមិនធ្វើដូច្នោះទេ វាអាចនឹងពិបាកក្នុងការរៀនភាសាចិន ឲ្យមានប្រសិទ្ធភាព»៕  
ដោយ៖ ហ៊ីម អ៊ឹមរ៉ន
លោក ឈឺន ឆីម អ្នកនាំភ្ញៀវទេសចរឡើងភ្នំប្រមាណ១៤ឆ្នាំ បានឲ្យដឹងថា ភ្នំឱរ៉ាល់នៅមានសត្វព្រៃជាច្រើន ដែលខ្លួនធ្លាប់បានឃើញផ្ទាល់ ដូចជាសត្វដំរី ខ្ទីង គោព្រៃ ខ្លាធំ និងខ្លាឃ្មុំជាដើម។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកធ្លាប់ឡើងភ្នំជាង២០០លើករូបនេះអះអាងថា លោកមិនបានសត្វព្រៃទាំងនេះផ្ទាល់ទៀតនោះទេ គឺបានឃើញត្រឹមតែដានជើង ឬស្នាមក្រចកជើងពួកវាប៉ុណ្ណោះ។ យ៉ាងណាអ្នកនាំភ្ញៀវរូបនេះ ជឿជាក់ថា នេះជាភស្តុតាងបញ្ជាក់ថាសត្វព្រៃទាំងនេះ នៅមានវត្តមាននៅឡើយ។ លោក ឈឺន ឆីម បញ្ជាក់ដូច្នេះ ៖«ឥឡូវទៅមិនសូវជួបទេ តែសត្វទាំងអស់នោះនៅតែមាន។ ប្រហែលសត្វទាំងនោះ វាខ្លាចមនុស្សយើងហើយ បានជាវាខំគេចចេញពីផ្លូវដែលយើងដើរ។ ខ្ញុំជឿថាអ៊ីចឹង ព្រោះពេលឡើងភ្នំម្ដងៗ គឺតែងតែឃើញមានស្នាមនៅថ្មីៗនៅឡើយ»។ ទោះជាមិនបានឃើញម្រឹគព្រៃទាំងនោះដោយផ្ទាល់ តែអ្នកទេសចរនៅតែអាចពើបប្រទះ និងគយគន់ប្រភេទសត្វព្រៃតូចៗ ឬបក្សីតូចធំៗជាច្រើនប្រភេទ រួមទាំងសត្វកំប្រុកផង។ នេះបើតាម លោក ឈឺន ឆីម ដែលបញ្ជាក់ទៀតថា អាកាសធាតុនៅលើភ្នំត្រជាក់ល្ហឹម ខ្យល់ត្រសៀកៗ ហើយមានពពករសាត់ជិតៗខ្លួន  ដែលធ្វើឲ្យអ្នកទេសចរប្លែកភ្នែក និងស្រស់ស្រាយ។  នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈនេះ កម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលរៀបចំដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក thmeythmey.com និង Fresh News នឹងទៅគាស់កកាយបង្ហាញពីធម្មជាតិដ៏សម្បូរបែប និងអាថ៌កំបាំងនៅភ្នំឱរ៉ាល់នេះ មកបង្ហាញជូនអ្នកលោកអ្នក៕ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet  មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ហាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ  017 222 978 ។ ៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263  / 023 63 00 733 ។ ៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទិកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕
ភ្នំពេញ៖ ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់១,៨១៣ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរ មិនច្រើនឡើយដែលបានឡើងភ្នំនេះ។ បើតាមលោក ឈឺន ឆីម អ្នកនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ និងជាអ្នកបានឡើងភ្នំនេះជាង២០០ដង ក្រៅពីទេសភាពធម្មជាតិដ៏ត្រកាល ភ្នំឱរ៉ាល់ មានសត្វព្រៃ ជាច្រើនដូចជា សត្វដំរី ខ្ទីង គោព្រៃ ខ្លាធំ ខ្លាឃ្មុំ និងសត្វដទៃទៀតផង។
  ចិន នឹងមិនបិទទ្វារឡើយ តែនឹងបើកចំហកាន់តែធំសម្រាប់ពិភពលោក។ នេះជាការលើកឡើងរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយនៅទីក្រុងសៀងហៃ នៅថ្ងៃទី៥ ខែវិច្ឆិកា។ មេដឹកនាំប្រទេសជាច្រើន រួមទាំងក្រុមហ៊ុនអន្តរជាតិធំៗផងនោះ បានចូលរួមក្នុងកម្មវិធីដែលក្រុងប៉េកាំងអះអាងថា ជាពិព័រណ៍រៀបចំដោយចិន តែជារបស់ពិភពលោកទាំងមូល ប៉ុន្តែគេមិនឃើញមានប្រតិភូរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឡើយ។   ចំពោះមុខអ្នកចូលរួមជាច្រើន លោក ស៊ី បានប្រកាសពីវិធានការក្នុងការបង្កើនការប្រើប្រាស់ទំនិញនាំចូលពីសំណាក់អ្នកប្រើក្នុងស្រុក បន្ទាបរបាំងពន្ធគយ បង្កលក្ខណៈងាយស្រួលសម្រាប់ការឆ្លងកាត់គយ និងដាក់ពិន័យឲ្យធ្ងន់ធ្ងរលើករណីលួចកម្មសិទ្ធិបញ្ញា និងជំរុញបរិយាកាសធុរកិច្ចស្តង់ដាពិភពលោកទៀតផង។ បើតាមការផ្សាយរបស់ទីភ្នាក់ងាររដ្ឋចិន Xinhua លោក ស៊ី ចាត់ទុកសេដ្ឋកិច្ចចិន ជាសមុទ្រ មិនមែនត្រពាំងឡើយ ព្រោះព្យុះអាចបង្កបញ្ហាក្នុងត្រពាំង តែសមុទ្រក្នុងមិនអាចឡើយ។   ដោយមិនសំដៅចំឈ្មោះអាមេរិក មេដឹកនាំចិនរូបនេះក៏រិះគន់ចរន្តគាំពារនិយម ឯកោនិយម និង នយោបាយប្រឈមមុខគ្នា។ លោក ស៊ី បានប្រាប់ឲ្យប្រទេសខ្លះត្រូវដោះស្រាយបញ្ហាក្នុងស្រុករបស់ខ្លួន និងជំរុញបរិយាកាសរកស៊ីរបស់ខ្លួន ជាជាងរិះគន់អ្នកដទៃ។ ត្រង់ចំណុចនេះ ប្រធានាធិបតីចិនអះអាងថា ប្រទេសទាំងអស់មិនគួរចង្អុលមុខគេដើម្បីបិទបាំងកំហុសខ្លួនឡើយ ហើយក៏មិនធ្វើអ្វីសោះ ក្រៅពីរិះគន់ចំណុចខ្សោយគេ និងភ្លេចកំហុសខ្លួនឯងដែរ។   តាមអ្នករៀបចំកម្មវិធីនេះ ក្រុមហ៊ុនចូលរួមក្នុងពិព័រណ៍នេះមានច្រើនជាង៣ពាន់ មកពីប្រទេស១៣០មកអាមេរិក អឺរ៉ុប និងប្រទេសនានារបស់អាស៊ី។ ទោះជាគ្មានមន្ត្រីអាមេរិកចូលរួម ក្រុមហ៊ុនយក្សអាមេរិកជាច្រើនសុទ្ធតែបានបង្ហាញផលិតផលរបស់ខ្លួនដើម្បីទាក់ទាញអតិថិជនចិនដូចជា General Motors, Ford, Microsoft, Walmart និង Tesla ជាដើម។ លោក ស៊ី បានហៅពិព័រណ៍នេះ ជាឆន្ទៈរបស់ចិនក្នុងការកាត់បន្ថយតុល្យភាពពាណិជ្ជកម្មលើសជាមួយប្រទេសផ្សេងដែរ។   ពាក្យសន្យារបស់លោក ស៊ី ធ្វើឡើងស្របគ្នានឹងការកើនឡើងពាក្យរិះគន់របស់ធុរកិច្ចអន្តរជាតិដែលកំពុងរកស៊ីនៅចិនជុំវិញនយោបាយលម្អៀងរបស់មហាអំណាចសេដ្ឋកិច្ចទីពីរ។ ក្រុមហ៊ុនបរទេសជាច្រើនតវ៉ាខ្លាំងពាក់ព័ន្ធនយោបាយរបស់ក្រុងប៉េកាំងដូចជាការតម្រូវឲ្យក្រុមហ៊ុនបរទេសចូលហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុក ការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា និងការបំពានកម្មសិទ្ធិបញ្ញាធ្ងន់ធ្ងរជាដើម។ គេមិនដឹងថា សម្ដីរបស់លោក ស៊ី ពេលនេះ អាចរំងាប់ពាក្យរិះគន់បានឬយ៉ាងណាឡើយ៕  
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៥ ខែវិច្ឆិកា បានបើកសម្ពោធពិព័រណ៍នាំចូលអន្តរជាតិដ៏ធំមួយនៅទីក្រុងសៀងហៃ។ ពិព័រណ៍អន្តរជាតិលើកទីមួយនេះ មានគោលដៅបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុងប៉េកាំងក្នុងការបន្តបើកចំហទីផ្សាររបស់ខ្លួនសម្រាប់ការវិនិយោគពីបរទេស និងការគាំទ្រចរន្តពាណិជ្ជកម្មសាកលក្នុងយុគសម័យដែលគំនិតគាំពារនិយមកំពុងលេចជារូបរាង។ លោក ស៊ី ក៏ឆ្លៀតនិយាយដៀមដាមដាក់អាមេរិកដែលកំពុងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិនផង។
អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏ដូចជាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្តដទៃទៀត សុទ្ធតែត្រូវបានទទួលធ្វើអធិការកិច្ច ពីសំណាក់ព្រះរាជអាជ្ញាអម សាលាដំបូងរាជធានី ខេត្តក៏ដូចជាអង្គភាពមានសមត្ថភាពពាក់ព័ន្ធរួមមានយន្តការទប់ស្កាត់ថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការធ្វើទារុណកម្ម អំពើឃោឃៅ អមនុស្សធម៌ ឬទារុណកម្មនោះទេ។ លិខិតអគ្គនាយកដ្ឋានពន្ធនាគារខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៧ មីនានេះ បានបញ្ជាក់ដូច្នេះថា៖«ជារៀងរាល់ថ្ងៃ ជនជាប់ឃុំត្រូវបានអនុញ្ញាតឲ្យចេញយកខ្យល់អាកាស ហាត់ប្រាណ លេងកីឡា ចេញធ្វើសិប្បកម្ម អានសៀវភៅបណ្ណាល័យ សិក្សារៀនសូត្រជំនាញនានា និងទទួលការឲ្យជួបសាច់ញាតិ បងប្អូនឬមិត្តភក្តិ ចំនួន៤ថ្ងៃ ក្នុងមួយសប្ដាហ៍ ។ ដូច្នេះចំពោះការអះអាងថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានបិទសិទ្ធសេរីភាពជាប់ឃុំនោះ ពិតជាមិនត្រឹមត្រូវឡើយ»។ បន្ថែមពីលើនេះអគ្គនាយកដ្ឋានពន្ធនាគារខេត្តបន្ទាយមានជ័យ បានអះអាងថា ខ្លួនបានធ្វើសកម្មភាពយ៉ាងជិតស្និត ដើម្បីបេសកម្មមនុស្សធម៌ ជាមួយបណ្ដាអង្គការសង្គមស៊ីវិលមួយចំនួនរួមមាន អង្គការជីវិតនៃកម្ពុជា ,អ៊ីណូដូ ,លីកាដូ ,សម្ព័ន្ធមេត្រីភាព ,ICRC , CIPA, សហភាពសហព័ន្ធយុវជនកម្ពុជាជាដើម៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បដិសេធថា មិនមានការធ្វើទារុញលើអ្នកទោសក្នុងពន្ធនាគារឡើយ។ ការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារបែបនេះ ឆ្លើយតបនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ដែលទាក់ទងនឹង «អ្នកជាប់ឃុំចោទមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យថា ធ្វើទារុណកម្មលើអ្នកទោសបុរស»។
  «បងប្អូនមានអាជីវកម្មស្រួលហើយ តែត្រឹមម៉ោង៩ ម៉ោង១០ ចែកគេសម្រាកផង បន្ថយសំឡេងទៅ ចាំបាច់ក្ឌុងៗ ធ្វើអី?»។ នាជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០នាក់ ក្នុងខណ្ឌកំបូល ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលលើកឡើងពីករណីដកហូតធុងបាស់ពីអាជីវកម្មមួយកន្លែងក្នុងខណ្ឌទួលគោក ដែលបង្កសំឡេងរំខានដល់អ្នកជិតខាង។    សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតែងតែយកចិត្តទុកបញ្ហាប្រជាពលរដ្ឋ ក្នុងនោះ មានករណីរាយការណ៍ទៅសម្តេចតាមបណ្តាញសង្គមហ្វេសប៊ុក។ ករណីដកហូតធុងបាស់ពីអាជីវកម្មមួយកន្លែងនៅទួលគោក គឺសម្តេចជាអ្នកបញ្ជាផ្ទាល់ ក្រោយអាជ្ញាធរបានឱ្យធ្វើកិច្ចសន្យាពីរដង ហើយបើនៅតែមិនស្តាប់ អាចឈានដល់ផ្អាកអាជីវកម្ម និងរហូតដល់ដកហូតអាជ្ញាបណ្ណ។    សម្តេចណែនាំដល់អ្នកដែលចូលចិត្តបង្កសំឡេងរំខានពេលយប់ ឱ្យគិតគូរដល់អ្នកជិតខាង ជាពិសេសមនុស្សចាស់ ឬអ្នកខ្លះកូនឈឺ ជាដើម។   បន្ថែមពីលើនេះទៀត សម្តេចនាយករដ្ឋមន្ត្រី កត់សម្គាល់ថា អ្នកចេញពី Beer Garden ច្រើនតែអ្នកកាច ដោយសម្តេចក៏បានសង្កេតឃើញញឹកញាប់ផងដែរនៅម្តុំភូមិគ្រឹះសម្តេចក្នុងខណ្ឌទួលគោក។   ជាមួយនឹងការរំលឹកពីករណីបណ្តេញបុគ្គល៤រូបពីក្របខណ្ឌពាក់ព័ន្ធនឹងការបាញ់បោះនៅគិរីរម្យ សម្តេច ហ៊ុន ម៉ាណែត បាននិយាយថា៖ «អ្នកបាញ់ក្នុងក្រុង គួរឱ្យចុះកុងត្រា បើមានផ្ទុះអាវុធការពារទឹកដី សូមស្ម័គ្រចិត្តទៅមុនគេ»។   សម្តេចបានលើកឡើងថា ការដោះស្រាយបញ្ហាតែងតែមាន តែសម្តេចលើកទឹកចិត្តពលរដ្ឋឱ្យមានឆន្ទៈចូលរួម ត្រូវចេះយោគយល់គ្នា គោរពច្បាប់ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងពីការបត់បែនទន់ភ្លន់ តែត្រូវការអនុវត្តដោយភាពម៉ឺងម៉ាត់ចំពោះអ្នកដែលចូលចិត្តបើកសំឡេងក្ឌុងៗនៅពេលយប់។ សម្រាប់អ្នកបាញ់បោះក្នុងទីក្រុង សម្តេចឱ្យស្ម័គ្រចិត្តមុនគេ បើមានករណីផ្ទុះអាវុធការពារទឹកដី។
  ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលជប៉ុន បានគូសបញ្ជាក់ថា ខ្លួននឹងផ្តល់ប្រាក់កម្ចីប្រមាណ ៦៣៦ លានដុល្លារដល់គម្រោង Vung Ang 2 នៅភាគកណ្តាលប្រទេសវៀតណាម។ ការធ្វើដូច្នេះបណ្តាលឲ្យមានការរិះគន់ពីអន្តរជាតិ ក៏ដូចជាបណ្ដាលឲ្យមានទស្សនៈខ្វែងគំនិតគ្នានៅក្នុងរង្វង់រដ្ឋាភិបាលជប៉ុនផងដែរ។   ស្ថាប័នហិរញ្ញវត្ថុឯកជននានា និងធនាគារអាហរ័ណនីហរ័ណរបស់ប្រទេសកូរ៉េខាងត្បូង ក៏នឹងផ្តល់កម្ចីដល់គម្រោងនេះផងដែរ ដោយមានទឹកប្រាក់សរុបប្រមាណ ១ ពាន់ ៧៧០ លានដុល្លារ។ នេះបើតាមការលើកឡើងរបស់ធនាគារជប៉ុន JBIC កាលពីថ្ងៃអង្គារ។   រោងចក្រធ្យូងថ្ម Vung Ang 2 ដែលមានកម្លាំង ១.២០០ ម៉េហ្កាវ៉ាត់ ត្រូវបានស្នើឡើងកាលពីជាងមួយទសវត្សរ៍មុន ហើយបានទទួលនូវការបណ្តាក់ទុនវិនិយោគពីក្រុមហ៊ុនធំៗមួយចំនួន ដូចជាក្រុមហ៊ុន Mitsubishi ជាដើម។   ប្រទេសជប៉ុនបានបញ្ជាក់កាលពីខែកក្កដាថា ខ្លួននឹងរឹតបន្តឹងគោលការណ៍សម្រាប់ការវិនិយោគលើគម្រោងស្ថានីយថាមពលដើរដោយធ្យូងថ្មនៅបរទេស ក្រោមហេតុផលការពារបរិស្ថាន ប៉ុន្តែមិនបានលើកឡើងនូវការសន្យាក្នុងការបញ្ឈប់ការផ្តល់ថវិការបស់រដ្ឋាភិបាលសម្រាប់គម្រោងមួយចំនួន ឬក៏លុបចោលនូវគម្រោងដែលកំពុងមានស្រាប់នោះទេ។   ដោយឡែកប្រទេសកូរ៉េខាងត្បូងវិញ ក៏ធ្លាប់បានធ្វើការសន្យាស្រដៀងគ្នានេះផងដែរនៅក្នុងឆ្នាំនេះ។   រោងចក្រ Vung Ang 2 បានរងការរិះគន់ខ្លាំងកាលពីខែឧសភា នៅពេលដែលអង្គការការពារបរិស្ថានចំនួន ១២៧ មកពីប្រទេសចំនួនប្រហែល ៤០ បានចុះហត្ថលេខាលើញត្តិមួយអំពាវនាវឲ្យភាគីពាក់ព័ន្ធក្នុងប្រទេសជប៉ុន ដកខ្លួនចេញពីគម្រោងនេះ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងជំរុញឲ្យមានដំណើរទៅមុខនូវរោងចក្រធ្យូងថ្មដ៏ចម្រូងចម្រាសមួយក្នុងប្រទេសវៀតណាម ហើយនឹងផ្តល់ថវិកាប្រមាណ ១ ពាន់ ៨ រយលានដុល្លារជាប្រាក់កម្ចីសម្រាប់គម្រោងមួយនេះ ទោះបីជាខ្លួនធ្លាប់បានប្រកាសអំពីការសន្យាធ្វើឲ្យមានតុល្យភាពនៃការប្រើប្រាស់សារធាតុកាបូននៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ។
  អ្នកកើតជំងឺទឹកនោមផ្អែម មិនដូចជាបុគ្គលធម្មតាដែលថាចង់ញ៉ាំផ្លែឈើពេលណា គឺអាចពិសារពេលនឹងឡើយ ព្រោះបើមិនប្រយ័ត្នពីពេលវេលាក្នុងការបរិភោគ នោះជាតិស្ករនឹងលើសកាន់តែខ្លាំងក្នុងរាងកាយ ដោយពិបាកក្នុងការបញ្ចុះខ្លាំងណាស់។ ដូចនេះ ជាធម្មតា អ្នកគួរតែពិសារផ្លែឈើក្នុងពេលព្រឹក ចន្លោះពីម៉ោង៩ដល់ម៉ោង១០ ហើយពេលថ្ងៃចន្លោះពីម៉ោង៣ ដល់ម៉ោង៤ ឬក៏អាចញ៉ាំមុនពេលចូលគេងផងដែរ។ ផ្លែឈើដែលផ្ទុកសារធាតុស្ករខ្ពស់មានដូចជា ផ្លែគូលែន ឬផ្លែមៀនជាដើម។ ផ្លែឈើដែលផ្ទុកសារធាតុស្ករទាប មានដូចជា ផ្លែត្របែក ឬស្ត្រប៊ឺរីជាដើម។ ផ្លែឈើដែលមានផ្ទុកសារធាតុស្ករមធ្យម គឺផ្លែប៉ោម ផ្លែបែស ឬផ្លែក្រូចជាដើម។ អ្នកអាចជ្រើសរើសផ្លែឈើដែលស័ក្តិសមសម្រាប់សុខភាពអ្នកបាន៕   ត្រួតពិនិត្យដោយ www.health.com.kh
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការពិសារផ្លែឈើរបស់អ្នកដែលកើតជំងឺទឹកនោមផ្អែម ដើម្បីទប់អាការៈជំងឺមិនកាន់តែធ្ងន់ធ្ងរ។ តើមានអ្វីខ្លះទៅ?
  កីឡដ្ឋាន Puskas Arena នៅក្រុង Budapest ប្រទេសហុងគ្រី នឹងទទួលជំនួបរវាង Liverpool ជាមួយ RasenBallsport Leipzig សម្រាប់ការប្រកួតជើងទីពីរ ហើយត្រូវបានចាត់ទុកជាទឹកដីរបស់ហង្សក្រហម។ កាលពីជើងទីមួយ Mohamed Salah និង Sadio Mane បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់នាំ Liverpool ឈ្នះ ២-០។   រីឯជំនួបនៅទឹកដី Parc des Princes ក្រុងប៉ារីសឯណោះវិញ Paris Saint-Germain ស្វាគមន៍ Barcelona។ PSG នឹងត្រូវមានការប្រកួតប្រកបដោយជំនឿចិត្ត ជាមួយនឹងលទ្ធផលនាំមុខ ៤-១ កាលពីជំនួបនៅ Camp Nou។ កាលណោះ Kylian Mbappe រកបាន៣គ្រាប់ និង Kean បន្ថែមបាន១គ្រាប់សម្រាប់ PSG ខណៈ១គ្រាប់របស់ Barcelona ជាការស៊ុតបាល់ប៉េណាល់ទីរបស់ Lionel Messi។   បច្ចុប្បន្ន ក្រុមដែលកំពុងរង់ចាំនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ មាន Porto និង Borrusia Dortmund។ ក្រុមខ្លាំងរបស់ព័រទុយហ្គាល់ Porto បានទម្លាក់សេះបង្កង់ Juventus ក្នុងលទ្ធផលទាំងពីរជើង ៣-៣ ដោយមានប្រៀបលើគ្រាប់បាល់ក្រៅដៅ រីឯ Dortmund ធ្វើឲ្យ Seveilla ហាលអាវក្នុងលទ្ធផលសរុប ៥-៤៕  
ជំនួបជើងទីពីរវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នារាត្រីនេះ មាន២គូបន្ថែមទៀត ដែលក្នុងនោះ Liverpool ប៉ះ RasenBallsport Leipzig ខណៈ Paris Saint-Germain ស្វាគមន៍ Barcelona។ ហង្សក្រហម និង PSG សុទ្ធតែមានប្រៀបលើលទ្ធផលកាលពីជើងទីមួយ។ ការប្រកួតនឹងប្រព្រឹត្តនៅម៉ោង៣យប់នេះ។
ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគីមី ជាសកម្មភាពហានិភ័យដែលធ្វើឲ្យប៉ះពាលដល់បរិស្ថាន សុខភាពមនុស្ស ក៏ដូចជាចំណាយថវិកាច្រើនផងដែរ។ ផ្ទុយមកវិញ ការផលិតថ្នាំសម្លាប់សត្វល្អិតបែបធម្មជាតិដោយខ្លួនឯង  មិនត្រឹមតែជួយដល់ការកម្ចាត់សត្វល្អិតបានប៉ុណ្ណោះទេ តែជួយសន្សំសំចៃថវិកា និងផលប៉ះពាល់មកលើសុខភាពផងដែរ។ លោក នី ណាក់ កសិករដាំបន្លែមួយរូប ក្នុងខេត្តបាត់ដំបង បានចែករំលែក ពីវិធីធ្វើថ្នាំសម្លាប់សត្វល្អិតធម្មជាតិ ប្រាប់សារព័ត៌មាន Thmey Thmey 25។ ការផលិតថ្នាំសម្លាប់សត្វល្អិតធម្មជាតិ មានគ្រឿងផ្សំដូចជា ម្ទេសក្រៀម ៥០០ក្រាម, រំដេង ឬខ្ញី (មើមចាស់) ៣០០ក្រាម, ថ្នាំជក់ខ្មែរ (ថ្នាំខ្លាំង) ២០០ក្រាម, ទឹកខ្មេះ ៥០០មីលីលីត្រ, ស្រាស (៤០ភាគរយ) ៥០០មីលីលីត្រ និងទឹកស្អាត ៥លីត្រ។ ចំពោះសម្ភារប្រើប្រាស់ដូចជា ដបជ័រ ឬដបកែវចំនួន ១, ជីឡូវចំនួន ១, ដបបាញ់ថ្នាំចំនួន ១។   វិធីធ្វើ ដំបូងយកម្ទេសទៅលីងឲ្យស្រួយ បន្ទាប់មកទុកវាប្រមាណ ៥នាទី រួចយកមកបុក ឬកិនឲ្យម៉ត់ល្អ។ បន្ទាប់មកទៀត ហាន់រំដេង ឬខ្ញី (ទាំងសំបក) ស្ដើងៗ រួចដាក់ថ្នាំជក់ចូល ជាមួយទឹកស្អាត ៥លីត្រ ចូលក្នុងល្បាយ ហើយដាក់ដាំប្រមាណជា ២០នាទី។ បន្ទាប់ពីដាំរួច យើងត្រូវទុកវារយៈពេលមួយយប់ រួចត្រងយកកាកចេញ និងបន្ថែមទឹកខ្មេះ ២ ឬ៣ ស្លាបព្រាបាយ និងស្រាស ២ ស្លាបព្រាបន្ថែមទៀត ហើយកូរឲ្យសប់ជាការស្រេច។ កាកដែលបានមកពីការផលិតថ្នាំសម្លាប់សត្វល្អិត អាចយកទៅដាក់ក្រោមបន្លែ ព្រោះវាជាជី និងជួយបណ្ដេញសត្វល្អិតផងដែរ។   របៀបប្រើប្រាស់ យកថ្នាំ ១ស្លាបព្រាបាយ លាយជាមួយទឹកស្អាត។ ក្នុងករណីមានសត្វល្អិតរាតត្បាតដំណាំច្រើន យើងបាញ់ថ្នាំនេះ ៣ថ្ងៃម្ដង។ ប៉ុន្តែបើគ្រាន់តែបាញ់ ការពារពីសត្វស្អិតនោះអាចបាញ់មួយអាទិត្យម្ដង ឬកន្លះខែម្ដង។ ចំពោះការប្រើប្រាស់ថ្នាំនេះ នៅខែវស្សា យើងគួរបន្ថែម សាប៊ូលាងចានប្រមាណជា ២ ឬ៣ដំណក់ ដើម្បីឲ្យទឹកថ្នាំចាប់ជាប់នឹងស្លឹកបន្លែបានល្អ។  យើងអាចរក្សាទុកថ្នាំនេះបានមួយឆ្នាំ ប្រសិនបើទុកក្នុងដបកែវ និងទុកបាន ៦ខែ ក្នុងដបជ័រ។    យ៉ាងណាមិញ ថ្នាំសម្លាប់សត្វល្អិតធម្មជាតិនេះ មានប្រសិទ្ធខ្ពស់ក្នុងការសម្លាប់ដូចជា ពងមេអំបៅ ដង្កូវ និងសត្វល្អិតបំផ្លាញផ្សេងៗទៀត ក៏ដូចជាការពារពីសត្វល្អិតទាំងនេះផង។ យើងអាចប្រើប្រាស់បានគ្រប់ដំណាំ និងផ្លែឈើផងដែរ។ ប៉ុន្តែចូរទុកដាក់ឲ្យឆ្ងាយពីដៃក្មេងព្រោះថ្នាំនេះពុលខ្លាំង៕        
ដោយ៖ ស៊ុល រ៉វី
Sir Roger Moore ជាតារាភាពយន្តទី៣ដែលសម្តែងជាតួអង្គ «០០៧ James Bond» បន្ទាប់ពីលោក លោក Sean Connery និងលោក George Lazenby។ ចន្លោះពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៨៥ លោក Roger បានសម្តែងជាតួអង្គ James Bond ចំនួន៧រឿង ក្នុងនោះមាន Live and Let Die, The Man with the Golden Gun, The Spy Who Loved Me, Moonraker, For Your Eyes Only, Octopussy និង A View to a Kill។ លោក Roger Moore ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍៤លើក និងមានកូន៣នាក់។ ភរិយាចុងក្រោយរបស់លោក គឺលោកស្រី Kristina Tholstrup ដែលបានរៀបការកាលពីឆ្នាំ២០០២ ។ លោកបានទទួលមរណាភាពនៅក្នុងប្រទេសស្វីស។ ក្រៅពីតួអង្គ James Bond លោក Roger Moore បានសម្តែងភាពយន្តជាច្រើនទៀត ចន្លោះពីឆ្នាំ១៩៥៤ ដល់ឆ្នាំ២០១១។ កាលពីឆ្នាំ១៩៩១ លោកត្រូវបានតែងតាំងជាទូតសុឆន្ទះរបស់អង្គការយូនីសែហ្វ ហើយលោកទទួលបានមេដាយជាច្រើនទាក់ទងនឹងសកម្មភាពសប្បុរសធម៌របស់ខ្លួន៕
តារាភាពយន្តអង់គ្លេស Sir Roger Moore ដែលសម្តែងជាតួអង្គ James Bond បានទទួលមរណភាពក្នុងអាយុ៨៩ឆ្នាំ ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ដោយសារជំងឺមហារីក។ គ្រួសាររបស់លោកបានប្រកាសពីដំណឹងមរណភាពនេះ តាមរយៈបណ្តាញសង្គម Twitter។
លោក ឡាយ ណារិទ្ធ គឺជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។ លោក ឡាយ វណ្ណៈ ទើបនឹងត្រូវបានសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់តំណែងជាអភិបាលខេត្តតាកែវ ហើយឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ កាលពីប៉ុន្មានថ្ងៃមុន។ ក្រៅពីលោក ឡាយ ណារិទ្ធ ក៏នៅមាននគរបាល៧រូបទៀតដែរ ដែលត្រូវចូលទៅបំភ្លឺពីករណីនេះ។ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ Fresh News យ៉ាងដូច្នេះថា៖«គេហៅ [ពួកគាត់] មកសួរនាំ ដើម្បីពិនិត្យពាក់ព័ន្ធនឹងកន្លែងកើតហេតុឡើងវិញ»។ លោក ខៀវ សុភ័គ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក មិនអាចអត្ថាធិប្បាយពីរឿងនេះបានទេ ដោយសារតែមិនទាន់បានទទួលព័ត៌មានច្បាស់លាស់។ លោក និយាយដូច្នេះថា៖«ព័ត៌មាន ដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃច្រើនណាស់។ ហើយសម្រាប់ព័ត៌មាននេះ ខ្ញុំមិនដឹងទេ»។ គួររម្លឹកថា ស្ត្រីឈ្មោះ ចែវ សុវឌ្ឍនា មានវ័យ៣៦ឆ្នាំ បានស្លាប់ ដោយចងក នៅក្នុងផ្ទះ ដែលស្ថិតក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨។ ប៉ុន្តែសាធារណជនខ្លះ សង្ស័យថា មរណភាពរបស់ស្ត្រីខាងលើ ទំនងជាមិនមែនដោយសារអត្តឃាតនោះទេ៕
លោក ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កោះហៅឲ្យចូលទៅបំភ្លឺ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ជុំវិញរឿងរ៉ាវរបស់ស្ត្រីម្នាក់ឈ្មោះ ចែវ សុវឌ្ឍនា ដែលធ្វើអត្តឃាត ដោយចងក។
ជំងឺប្រមាណ ៥៥ប្រភេទត្រូវបានគេរកឃើញថាមានជាប់ទាក់ទងនឹងខែកំណើត។ ចំពោះការឃើញទំនាក់ទំនងដ៏ថ្មីនោះគឺថា វាមានជាប់ទាក់ទងនឹងជំងឺបេះដូងសរសៃឈាមជាច្រើន ដូចជា លើសសម្ពាធឈាម និងខ្សោយបេះដូង ហើយនឹងជំងឺមហារីកក្រពេញប្រូស្តាត ព្រមទាំងមានការជាំស្បែក និងសត្វល្អិតទិចទៀតផង។  ដោយផ្អែកទៅលើការរកឃើញនៃការសិក្សាផ្សេងៗ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា មូលហេតុនៃកត្តារដូវកាលអាចនាំឲ្យកើតជាជំងឺពិសេសៗនោះ វាអាចដោយសារតែ លទ្ធផលនៃការប៉ះពាល់អង់ទីហ្សែនដូចជា លំអងផ្កា ការប្រែប្រួលកម្រិតវីតាមីន D និងអាយុដែលក្មេងត្រូវចាប់ផ្តើមចូលរៀនដំបូង។ មានកត្តាច្រើនទៀតដែលមិនទាន់គិតក៏មានការចូលរួមលើទំនាក់ទំនងនេះដែរ។ សរុបទៅ ការសិក្សានេះមិនបានអះអាងថា ការដែលកើតមកក្នុងខែពិសេសណាមួយមានន័យថាទំនងជាងាយកើត ឬមិនសូវកើតជាជំងឺពិសេសណាមួយឡើយ។ ប៉ុន្តែមានវិធីសាស្ត្រដ៏មានប្រសិទ្ធភាពជាច្រើនដែលអ្នកអាចធ្វើ ដើម្បីបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃនៅថ្ងៃក្រោយបាន ដូចជា ឈប់ជក់បារី ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងថែរក្សាទម្ងន់ឲ្យមានសុខភាពល្អតាមរយរបបអាហារ និងការហាត់ប្រាណ។ វិធីទាំងនេះគួរតែអាចជួយគ្រប់គ្រងកូឡេស្តេរ៉ុល និងសម្ពាធឈាមក្នុងកម្រិតមានសុខភាពល្អបានហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់ Huffington Post បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញទំនាក់ទំនងគួរឲ្យភ្ញាក់ផ្អើលមួយរវាងខែកំណើត និងការប្រឈមនឹងជំងឺ។ ការប្រើប្រាស់ទិន្នន័យបច្ចេកវិទ្យាទៅលើការតាមដានសុខភាពបែបអេឡិចត្រូនិចលើមនុស្សប្រមាណ ១.៧លាននាក់ ធ្វើឲ្យអ្នកស្រាវជ្រាវអាមេរិកបានរកឃើញទំនាក់ទំនងមួយរវាងខែកំណើត និងជំងឺរ៉ាំរ៉ៃព្រមទាំងជំងឺមិនសូវធ្ងន់ធ្ងរដូចជា សត្វល្អិតទិចជាដើម។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក Walker បានស្មូតទំនួញប្រេត ជាភាសាខ្មែរ។ សូមទស្សនាវីដេអូខាងក្រោម៖ បច្ចុប្បន្នលោក Trent Walker កំពុងសិក្សាស្រាវជ្រាវ អភិរក្ស សាស្ត្រាស្លឹករឹត និងក្រាំងខ្មែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើនិក្ខេបបទ ការពារថ្នាក់បណ្ឌិតរបស់លោក នៅសាកលវិទ្យាល័យ California Berkeley។ សារព័ត៌មានថ្មីៗ នឹងរាយការណ៍ពិស្ដារពីខ្សែជីវិត និងមូលហេតុដែលលោក  Trent Walker ចូលចិត្តសិក្សាធម៌ស្មូត និងធម៌បទ ក្នុងព្រះពុទ្ធសាសនា នៅពេលក្រោយទៀត៕
ភ្នំពេញ៖ លោក Trent Walker សិក្សាធម៌ស្មូត និងធម៌បទ នៅកម្ពុជា តាំងពីឆ្នាំ ២០០៥។ ជនជាតិអាមេរិក វ័យ៣០ឆ្នាំរូបនេះ អាចស្មូតជាភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងល្អ។
  ឥឡូវនេះ ធនាគារ ជីប ម៉ុង សាខាបាក់ទូក និងសាខា ណូរ៉ូ ម៉ល ចាប់ផ្ដើមផ្តល់ផលិតផល និងបម្រើ សេវាកម្មធនាគារដ៏សម្បូរបែបជូនអតិថិជន។ លោកអ្នក អាចអញ្ជើញមកសាខាថ្មីទាំង២នេះ ដើម្បីបើកគណនីសន្សំ គណនីបញ្ញើមានកាលកំណត់ ពិភាក្សាអំពីសេវាកម្មកម្ចីនានាជាមួយនឹងបុគ្គលិកជំនាញ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ លើសពីលើនេះ សាខាក៏មានបំពាក់ ម៉ាស៊ីន ATM និងម៉ាស៊ីនដាក់/ដកប្រាក់ សម្រាប់អតិថិជនធ្វើប្រតិបត្តិការ ដក ឬដាក់ប្រាក់បានគ្រប់ពេលវេលា។     លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖«ការបើកសាខាថ្មី២នេះ ជាសមិទ្ធផលមួយ នៃគម្រោងពង្រីកសាខា ឲ្យបានពាសពេញផ្ទៃប្រទេស របស់ធនាគារ ជីប ម៉ុង។ អតិថិជនអាចអញ្ជើញមកបើកគណនី ឬប្រើប្រាស់សេវាកម្ចីនានា ដែលមានរយៈពេលអនុម័តដ៏ឆាប់រហ័ស ទាន់តម្រូវការរបស់អតិថិជន»។   ធនាគារ ជីប ម៉ុង សាខាបាក់ទូក ស្ថិតនៅជាន់ទី១ នៃអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ផ្ទះលេខ១៧៤ មហាវិថីសាធារណរដ្ឋឆេក សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ និងធនាគារ ជីប ម៉ុង  សាខា ណូរ៉ូ ម៉ល ស្ថិតនៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលផ្សារទំនើប ណូរ៉ូ ម៉ល ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។    គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ធនាគារ ជីប ម៉ុង មានសាខាសរុបទាំងអស់៧ ដែលបានកំពុងបម្រើសេវាកម្មជូនអតិថិជន ហើយក៏មានសាខាជាច្រើនទៀតគ្រោងបើកទ្វារបន្ថែមក្នុងឆ្នាំ២០២០នេះផងដែរ៕  (អត្ថបទពាណិជ្ជកម្ម)
ធនាគារ ជីប ម៉ុង បើកដំណើរការសាខាថ្មី២បន្ថែមទៀត មួយនៅក្នុងអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងមួយទៀតក្នុងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដើម្បីបំពេញតម្រូវការជូនអតិថិជនរបស់ខ្លួន។
  សមភាពយ៉េនឌ័រនិងសិទ្ធិរបស់ស្ត្រី គឺមានសារៈសំខាន់សម្រាប់ដំណើរការសកល ដើម្បីសម្រេចបាននូវសន្តិភាព, សន្តិសុខ, សិទ្ធិមនុស្ស និងការអភិវឌ្ឍដោយចីរភាព។ នេះបើតាមការបញ្ជាក់របស់លោក Guterres នៅក្នុងសារមួយនៅថ្ងៃពុធ ទី៦ ខែមីនាដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិថ្ងៃទី៨ ខែមីនា។    យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua  អគ្គលេខាធិការ UN រូបនេះ គូសបញ្ជាក់ថា៖«យើងកំពុងរស់នៅក្នុងពិភពលោកមួយដែលត្រួតត្រាដោយបុរស និងអមជាមួយនឹងវប្បធម៌ដែលត្រួតត្រាដោយបុរសផងដែរ។ តែកាលណាយើងសម្លឹងឃើញសិទ្ធិរបស់ស្ត្រីគឺជាគោលដៅចម្បងក្នុងការផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នានោះ។ យើងនឹងចាប់ផ្តើមផ្លាស់ប្តូរ និងផ្តល់សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី»។    សន្ទុះនៃចំនួនស្ត្រីជាអ្នកសម្រេចចិត្តក្នុងកិច្ចការនានាគឺជាចំណុចស្នូលដ៏សំខាន់មួយរបស់ពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោក Guterres ដោយបន្ថែមថា អង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ននេះមានបុគ្គលិកភេទស្រីជាច្រើនពុំធ្លាប់មានពីមុនមក ដែលកំពុងកាន់តំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ហើយដំណើរការបែបនេះនឹងបន្តទៅមុខជាលំដាប់។   ទោះបីជាស្ត្រីនាពេលជាច្រើនឆ្នាំចុងក្រោយនេះទទួលបានការលើកកម្ពស់សិទ្ធិយ៉ាងច្រើនក្តី ប៉ុន្តែពួកគេនៅតែប្រឈមមុខនឹងឧបសគ្គដ៏ធំក្នុងការចូលរួមនិងអនុវត្តអំណាច។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ប្រទេសត្រឹមតែ ៦ ប៉ុណ្ណោះផ្តល់សិទ្ធិស្របច្បាប់ស្មើគ្នាពេញលេញរវាងស្ត្រីនិងបុរស ក្នុងផ្នែកសំខាន់ៗដែលជះឥទ្ធិពលលើការងាររបស់ពួកគេ។    ទាក់ទិននឹងរបាយការណ៍នេះដែរ លោកអគ្គលេខាធិការ Guterres លើកឡើងថា ប្រសិនបើនិន្នាការនាពេលបច្ចុប្បន្ននេះនៅតែបន្តនោះ ពិភពលោកត្រូវការពេលយ៉ាងហោចណាស់ដល់ទៅ១៧០ឆ្នាំទៀត ទើបអាចបិទបញ្ចប់គម្លាតយេនឌ័រផ្នែកសេដ្ឋកិច្ចនេះបាន។ ត្រង់ចំណុចនេះលោកអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងទ្វេដងទៀតដើម្បីការពារនិងលើកស្ទួយសិទ្ធិរបស់ស្ត្រី។    ទន្ទឺមនឹងគ្នានេះ លោក Guterres ផ្តល់យោបល់ថា ការមានស្ត្រីជាអ្នកសម្រេចចិត្តក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា ការរៀបចំទីក្រុង, ដឹកជញ្ជូន និងសេវាកម្មសាធារណៈ អាចផ្តល់ផលប្រយោជន៍ជាច្រើនរួមមាន បង្កើនសិទ្ធិចូលរួមរបស់ស្ត្រី, ការពារពីអំពើហិង្សា និងរំលោភបំពានផ្សេងៗ និងលើកស្ទួយជីវភាពរស់នៅរបស់មនុស្សគ្រប់គ្នាផងដែរ។    បច្ចេកវិទ្យានិងការឆ្នៃប្រឌិតថ្មីគឺឆ្លុះបញ្ចាំងមនុស្សដែលបង្កើតវា។ ភាពខ្វះខាតនៃការចូលរួមចំណែករបស់ស្ត្រីក្នុងផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វករ, គណិតវិទ្យា និងការរចនា គួរតែក្តីព្រួយបារម្ភសម្រាប់មនុស្សរាល់គ្នា។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Guterres ។   សូមបញ្ជាក់ថា មូលបទរបស់ទិវាសិទ្ធិនារីអន្តរជាតិប្រចាំឆ្នាំ២០១៩នេះ គឺ «គិតដោយស្មើគ្នា, កសាងដោយឆ្លាតវៃ, នវានុវត្តដើម្បីការផ្លាស់ប្តូរ»៕  
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងទ្វេដងបន្ថែមទៀត ក្នុងគោលដៅការពារនិងលើកកម្ពស់សិទ្ធិរបស់ស្ត្រី, សេចក្តីថ្លៃថ្នូរ និងភាពជាអ្នកដឹកនាំ។ លោកបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្នមានស្ត្រីជាច្រើនដែលកំពុងកាន់តំណែងគ្រាក់ៗក្នុងអង្គការសហប្រជាជាតិ។
  តំណើរទស្សនកិច្ចនេះផ្តោតលើការចែករំលែកពិសោធន៍ស្តីពី«វិធានគ្រប់គ្រងខ្លួនឯងក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ (Medias self-regulation)»។   ប្រតិភូសារព័ត៌មានកម្ពុជារួមមានលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោកស្រី ថុង សុវណ្ណរង្សីយ៍ អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា និងជាអគ្គនាយិកានៃសារព័ត៌មានកោះសន្តិភាព, លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា និងជាសហស្ថាបនិកសារព័ត៌មានថ្មីៗ, លោក សំ វិបុល ជាអនុប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាននៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃ ក្រសួងព័ត៌មាន, លោក សាំង សុធា, លោក សុទ្ធ គឹមសឿន អ្នកយកព័ត៌មាននៃសារព័ត៌មានខ្មែរថាម និងលោក ស៊ឺ្រ រិទ្ធីយ៉ា ប្រធានក្រុមការងារភាសាអង់គ្លេសនៃសារព័ត៌មានFresh News។   ប្រតិភូអ្នកសារព័ត៌មានកម្ពុជានឹងត្រូវអមដំណើរដោយលេខាទី១របស់ស្ថានទូតថៃប្រចាំកម្ពុជា លោក រដ្ឋាធីប នឹងជួបសម្ដែងការគួរសមជាមួយអនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបទេសថៃ លោក Natapanu Nopakun។   ក្រៅពីការចូលរួមក្នុងសិក្ខាសាលាស្ដីពី Media Self-Regulation ប្រតិភូសារព័ត៌មានកម្ពុជានឹងទស្សនកិច្ចក្រុមហ៊ុនសារព័ត៌មានរបស់ប្រទេសថៃចំនួនទាំងនៅក្នុងរាជធានីបាងកក និងនៅខេត្ត ដូចជា THAI PBS, Thairath Group, Petchpoom Newspaper និងទស្សនកិច្ចក្រុមហ៊ុនឯកជនផ្សេងទៀតដូចជា.SCG Group, ICONSIAM៕  
ប្រតិភូសារព័ត៌មានកម្ពុជា ដែលរួមមានតំណាងក្លិបអ្នកកាសែតកម្ពុជា និងតំណាងអង្គភាពសារព័ត៌មានចំនួន៧រូបត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ចសារព័ត៌មាន៥ថ្ងៃនៅក្នុងប្រទេសថៃ។ ទស្សនកិច្ចដែលមានរយៈពេលពីថ្ងៃទី៣១មីនា ដល់ថ្ងៃទី៤ខែមេសា ត្រូវបានរៀបចំដោយក្រុមប្រឹក្សាសារព័ត៌មានជាតិរបស់ប្រទេសថៃ ដោយមានកិច្ចសហការដោយពីស្ថានទូតថៃប្រចាំកម្ពុជា និងមូលនិធិប្រទេសថៃ។
  តារាសម្ដែង លឹម សុធាវី បានមើលឃើញថា ភាពយន្តមានឥទ្ធិពលខ្លាំងទៅលើអ្នកទស្សនា ដូច្នេះនាងចង់ឱ្យមានការដាក់បញ្ចូលវិធីសង្គ្រោះបន្ទាន់នានា ទៅក្នុងភាពយន្តខ្មែរឱ្យកាន់តែច្រើន។ ក្រៅពីបង្ហាញពីវិធីសង្គ្រោះបន្ទាន់ ការស្ដែងឱ្យឃើញស្មារតីជួយគ្នាទៅវិញទៅមក និងការចែករម្លែរវាងអ្នកមាននិងអ្នកក្រ ក៏ជាអ្វីដែលនារីស្រស់ស្អាតរូបនេះ យល់ឃើញថាជាផ្នែកមួយជួយបណ្ដុះគំនិតអ្នកទស្សនាដែរ។    ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តារាសម្ដែងរូបនេះ បាននិយាយដូច្នេះថា៖«ភាពយន្តខ្មែរឃើញមានបញ្ចូលវិធីសង្គ្រោះបន្ទាន់ខ្លះដែរ តែដូចជានៅមិនទាន់បង្ហាញឱ្យបានទូលំទូលាយ១០០ភាគរយ។ ខ្ញុំចង់ឱ្យភាពយន្តខ្មែរ និងស្ពត់អប់រំ ផ្ដោតលើការបង្ហាញពីវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែច្រើនទៀត។ ដូចជាគ្រោះថ្នាក់ចរាចរត្រូវឃាត់ឈាមភ្លាមៗយ៉ាងណា ជួយសង្គ្រោះអ្នកជំងឺបេះដូង ការឆ្លងទន្លេ វិធីសង្គ្រោះគ្រប់យ៉ាង ដែលយើងមិនមែនជាពេទ្យក៏អាចជួយបាន។ ខ្ញុំចង់ឱ្យគេបង្ហាញវិធីសង្គ្រោះនោះឱ្យបានច្បាស់។ ទោះជាយ៉ាងណាអ្នកមើល ក៏គាត់បានចំណេះខ្លះៗ ទោះបីជាគាត់មិនមែនជាអ្នកជំនាញក្ដី។ ហើយការចេះចែករម្លែកឱ្យទៅអ្នកដែលទាល់ក្រជាងខ្លួន និងការចេះជួយគ្នាទៅវិញទៅមក ក៏សំខាន់ដែរ។ អ្នកមើលគាត់អាចរំភើបចិត្ត ពេលដែលបានឃើញអំពើល្អទាំងនោះ ហើយគាត់ធ្វើតាម»។    តារាស្រីរូបស្រស់ ដែលគេស្គាល់ច្រើនតាមរយៈអំពើមនុស្សធម៌ នៅតាមផ្លូវសាធារណៈរូបនេះបានរំឭកគ្រាដំបូងនៃការចូលទៅជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ កាលពីខែមករាថា កញ្ញា មិនគិតអ្វីផ្សេងក្រៅពីពាក្យក្នុងចិត្ត« បើមិនជួយ ស្ត្រីនោះអាចនឹងមានគ្រោះថ្នាក់ឡើយ»។ ក្រោយពីជួយសម្រាល ទារកមិនមានដង្ហើម និងចលនាអ្វីទាំងអស់ ក្នុងស្ថានភាពបន្ទាន់បែបនេះ លីលី បានគិតឃើញដល់ភាពយន្តបរទេស ដែលបង្ហាញពីការសម្អាតក្មេងក្រោយពីសម្រាលរួច ដើម្បីឱ្យទារកមានចលនានិងដង្ហើម។    «ពេលនោះខ្ញុំមិនបានគិតអ្វីទេ ព្រោះគិតតែថាបើមិនជួយគាត់អាចគ្រោះថ្នាក់។ ដល់តែសម្រាលកូនហើយ ទារកនោះមិនមានដង្ហើម មិនមានចលនាអ្វីទាំងអស់ ខ្ញុំភ័យមែនទែន។ សំណាងល្អពេលនោះខ្ញុំនឹកឃើញវិធីសង្គ្រោះបន្ទាន់តាមវីដេអូអប់រំ និងពីភាពយន្តបរទេស។ គេបង្ហាញថា ពេលសម្រាលកូនហើយ ត្រូវជូតសម្អាតមុខមាត់ និងខ្លួនប្រាណទារក និងធ្វើចលនាបេះដូង ឱ្យក្មេងអាចដកដង្ហើមកើត»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា លឹម សុធាវី។   កញ្ញា លីលី បានបញ្ជាក់បន្ថែមថា ខ្លួនមិនបានគិតដល់ការជួយសង្គ្រោះនោះ អាចនឹងកើតរឿងអកុសលណាមួយដោយអចេតនា ដែលធ្វើឱ្យនាងមានទុក្ខទោសពីអំពើល្អរបស់ខ្លួនឡើយ។ តារាសម្ដែងរូបស្រស់ លីលី សង្កត់ធ្ងន់ថា ៖«ការជួយសង្គ្រោះមនុស្សម្នាក់បើគិតខ្លាចថា វាអាចនឹងនាំទុក្ខទោសដល់ខ្លួននៅពេលក្រោយ នោះគេបានត្រឹមឈរមើលមនុស្សម្នាក់ស្លាប់នៅចំពោះមុខ»៕  
ភ្នំពេញ៖ តារាសម្ដែងកញ្ញា លឹម សុធាវី ហៅ លីលី ត្រូវបានមហាជនស្គាល់ច្បាស់តាមរយៈសកម្មភាពជួយសម្រាលកូនឱ្យស្ត្រីមានផ្ទៃពោះមួយរូប ក្នុងស្ថានភាពបន្ទាន់ និងគ្រោះថ្នាក់។ គ្មានជំនាញពេទ្យទាល់តែសោះតែ លីលី អាចប្រមូលសេចក្ដីក្លាហានជួយសង្គ្រោះម្ដាយនិងទារកបាន។ ការណ៍នេះអាចកើតឡើងបាន ដោយសារតែនាងទទួលបានចំណេះខ្លះៗពីភាពយន្តបរទេស ទាក់ទិននឹងវិធីសង្គ្រោះបន្ទាន់។ ដោយសារបានឃើញពីឥទ្ធិពលភាពយន្ត តារាសម្ដែង សុធាវី ចង់ឱ្យភាពយន្តខ្មែរដាក់បញ្ចូលវិធីសង្គ្រោះបន្ទាន់ផ្សេងៗ ឱ្យកាន់តែច្រើនក្នុងសាច់រឿង។
  បន្ទាប់ពីអាមេរិក ដែលជាសម្ព័ន្ធមិត្តរឹងមាំរបស់ជប៉ុន អូស្ត្រាលីក៏ត្រូវបានចាត់ទុកថា ជាដៃគូដ៏ល្អមួយដែរ។ កន្លងមកជប៉ុន និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជាមួយគ្នា ដើម្បីផ្លាស់ប្តូរសម្ភារយោធាជាដើម។ ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងកង់បេរ៉ា កាន់តែជិតស្និទ្ធថែមទៀត ក្នុងបរិបទចិនពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។    ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀត នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសិន ធ្វើទស្សនកិច្ចទៅជប៉ុននៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីជជែកលើបញ្ហាមួយចំនួន។ លោក Morrison ត្រូវជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ូដេ និងភាគីទាំងពីរអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលព័ត៌មានយោធាទៅវិញទៅមក (RAA) ផងដែរ។ កិច្ចព្រមព្រៀងRAA នឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ អាចផ្លាស់ប្តូរទស្សនកិច្ចយោធាទៅវិញទៅមក មានសមយុទ្ធយោធា និងប្រតិបត្តិការរួមគ្នាជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។    បើសិនបើកិច្ចព្រមព្រៀងយោធានេះ ត្រូវបានចុះហត្ថលេខាមែន វានឹងក្លាយជាកិច្ចព្រមព្រៀងលើកទី១ សម្រាប់ជប៉ុនជាមួយបណ្តាលប្រទេសផ្សេងៗ គិតត្រឹមឆ្នាំ១៩៦០ ពេលដែលអាមេរិក និងជប៉ុន បានចុះហត្ថលេខាដើម្បីដាក់មូលដ្ឋានទ័ពសម្រាប់កងទ័ពអាមេរិក៥ម៉ឺននាក់ ដើម្បីប្រតិបត្តិការនៅក្នុង និងជុំវិញជប៉ុន។    ក្រៅពីកិច្ចព្រមព្រៀងខាងលើ លោក ម៉ូរីសុន និងលោកស៊ូហ្កា អាចជជែកពីបញ្ហាកូវីដ-១៩ ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាផ្សេងទៀតផងដែរ។ ការពង្រឹងទំនាក់ទំនងនេះ នឹងជួយដល់ការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់ដែលចេះតែកើនឡើង។ អូស្ត្រាលីផ្ទាល់កំពុងមិនត្រូវគ្នាជាមួយចិន ក្រោយអូស្ត្រាលីទាមទារឲ្យរកដើមកំណើតជំងឺ COVID-19 ដែលការណ៍ធ្វើឲ្យចិនក្ដៅស្លឹកត្រចៀកខ្លាំង។   កន្លងមកជប៉ុន និងអូស្រា្តលី ក៏មានកិច្ចព្រមព្រៀងយោធាជាមួយគ្នាដែរ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះ មិនមានការផ្លាស់ប្តូរទស្សនកិច្ចកងទ័ព និងការធ្វើសមយុទ្ធរួមគ្នាឡើយ។ នៅក្នុងឆ្នាំ២០០៧ ក្រុងតូក្យូ និងក្រុងកង់បេរ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ។ នៅឆ្នាំ២០១៣ ប្រទេសទាំងពីរ បានឯកភាពក្នុងការចែករំលែកគ្រឿងបរិក្ខារយោធាថែមទៀត ហើយនៅក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរ បានរួមបញ្ជូលគ្រាប់កាំភ្លើងទៅក្នុងកិច្ចព្រមព្រៀងនេះថែមទៀត៕ 
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានទៅដល់ជប៉ុនហើយ នៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចទ្វេភាគី ស្របពេលចិនកំពុងបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។ 
  ក្រសួងការបរទេស បានសម្របសម្រួលជាមួយក្រសួងសុខាភិបាល ដោយអនុញ្ញាតឱ្យអ្នកកាសែត ទៅធ្វើតេស្តសុខភាព នៅវិទ្យាស្ថានសុខភាពសាធារណៈ ដោយឥតគិតថ្លៃសេវាឡើយ។ លោក កួយ កុង អ្នកនាំពាក្យក្រសួងការបទេស បានបន្ថែមថា ក្រោយធ្វើតេស្តហើយ អ្នកកាសែតទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីក្រសួងសុខាភិបាល។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក កុយ គួង បានបញ្ជាក់ដូច្នេះថា៖«យើងសម្រួលឱ្យ(អ្នកកាសែត)បានទៅធ្វើតេស្ត ដើម្បីបញ្ជាក់យ៉ាងណានោះ គឺ(ក្រសួងសុខាភិបាល) គេមានគោលការណ៍របស់គេ។ ប៉ុន្តែយើងគ្រាន់តែជួយទាក់ទង(ក្រសួងសុខាភិបាល) ដើម្បីឱ្យពួកគាត់បានពិនិត្យសុខភាព»។   លោក អាត ចន្ធូ អ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានទៅពិនិត្យសុខភាពតាមការអំពាវនាវរបស់ក្រសួងហើយ ប៉ុន្តែមិនទាន់ដឹងលទ្ធផលនោះទេ។ បើតាមលោក ចន្ធូ ខាងមន្ត្រីជំនាញសុខាភិបាល ក៏មិនបានហាម ឬកំណត់ឱ្យលោកធ្វើចត្តាឡីស័កខ្លួនឯងឡើយ ពោលគឺគ្រាន់តែសុំលេខទូរសព្ទ និងអាស័យដ្ឋានស្នាក់នៅរបស់លោក ដើម្បីទុកផ្ដល់ដំណឹងពីលទ្ធផលតេស្តតាមក្រោយប៉ុណ្ណោះ។   «ករណី(ចត្តាឡីស័កខ្លួនឯង)ហ្នឹង យើងក៏អត់ទាន់បានទទួល(ព័ត៌មានពីមន្ត្រីជំនាញសុខាភិបាល) ដូចគ្នា។ ប៉ុន្តែគ្រាន់តែថា បើយើងដឹងព័ត៌មាន(ពីការធ្វើចត្តាឡីស័ក)ហ្នឹង បើតាមខ្ញុំ គិតថាគួរតែបង្ការខ្លួនទៅ បើអាចនៅផ្ទះសិនទៅ ព្រោះធម្មតាយើងអត់ដឹងដូចគ្នា សំខាន់ទាល់តែចេញលទ្ធផលពីខាងពេទ្យសិនថា យើងអាចដើរហើយបានធម្មតាដូចមុន ឬក៏យ៉ាងម៉េច»។ នេះជាការបញ្ជាក់របស់លោក អាត ចន្ធូ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ។   លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានេះ ត្រូវបានរកឃើញថា មានផ្ទុកកូរ៉ូណាវីរុស ក្នុងអំឡុងពេលដាក់ចត្តាឡីស័កពេលទៅដល់ប្រទេសថៃ។ បញ្ហានេះ បានធ្វើឲ្យជំនួបរវាងលោករដ្ឋមន្ត្រីការបរទេសហុងគ្រី និងនាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចា ត្រូវលុបចោល។   ក្រោយទទួលបានព័ត៌មានថា ប្រមុខការទូតហុងគ្រីនេះ មានកូវីដ-១៩ នោះ រដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានជួបប្រាស្រ័យផ្ទាល់ជាមួយប្រតិភូរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijarto ធ្វើចត្តាឡីស័ក តាមការកំណត់របស់ក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។   អត្ថបទទាក់ទង   សម្តេច ហ៊ុន សែន ដាក់ខ្លួននៅដាច់ដោយឡែក ក្រោយជួបរដ្ឋមន្ត្រីការបរទេសហុងគ្រីដែលមានកូវីដ-១៩   រដ្ឋាភិបាលឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបប្រតិភូប្រមុខការទូតហុងគ្រី ធ្វើចត្តាឡីស័ក  មិនត្រឹមតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រកាសដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដែរ ក្រោយពីសម្តេច និងសម្តេច ប៊ុន រ៉ានី ដែលជាភរិយា រួមទាំងអង្គរក្ស និងអ្នកបើកបរ សរុប១៨នាក់ តេស្តអវិជ្ជមានកូវីដ-១៩ នាការធ្វើតេស្កលើកដំបូង៕
ភ្នំពេញ៖ នាយប់ថ្ងៃទី៤ វិច្ឆិកា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឱ្យអ្នកកាសែត ដែលចុះយកព័ត៌មាននាជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី កាលពីថ្ងៃទី៣ វិច្ឆិកា ទៅធ្វើតេស្តរកកូវីដ-១៩។ ការអំពាវនាវរបស់ក្រសួងនេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ត្រូវបានរាយការណ៍ថា មានផ្ទុកកូវីដ-១៩ នៅពេលទៅដល់ប្រទេសថៃ។
  ដើម្បីជ្រាបលម្អិត សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាស លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ នៃអង្គការ UNIDO ខាងក្រោមនេះ៖   CAPFISH-Capture ចាប់ផ្ដើមគម្រោងតាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ខែឆ្នូ ឆ្នាំ២០២៥ ក្រោមជំនួយរបស់សហភាពអឺរ៉ុប(EU) និងអង្គការ UNIDO សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាសពាក់ព័ន្ធ សាកកលវិទ្យាល័យ និងស្ថាប័នហិរញ្ញវត្ថុ៕ 
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ស្ថិតនៅក្រោមកម្មវិធី CAPFISH ដែលអនុវត្តដោយអង្គការ UNIDO ផ្ដោតសំខាន់លើ ការកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា, ការបោះជំហានចូលទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប និងការបង្កើនការវិនិយោគបន្ថែម ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជារួម របស់វិស័យជលផលក្រោយប្រមូលផល។ ទន្ទឹមនេះគម្រោង ក៏បានចូលរួមពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ សំដៅគាំទ្រដល់សហគ្រាសជលផលក្រោយប្រមូលផល តាមរយៈការកសាងសមត្ថភាព និងអភិវឌ្ឍជំនាញផ្សេងៗ។
  គ្រូពេទ្យផ្នែកវះកាត់ម្នាក់ ត្រូវបានពិន័យនៅតុលាការតំបន់ Linz ក្នុងទំហំទឹកប្រាក់ ៣០៥០ដុល្លារ ប៉ុន្តែ ទឹកប្រាក់ដែលត្រូវពិន័យ ក្នុងទំហំពាក់កណ្តាលត្រូវបានព្យួរ។ អនុប្រធានតុលាការតំបន់ Linz លោក Walter Eichinger បានថ្លែងប្រាប់សារព័ត៌មាន CNN ថា គ្រូពេទ្យផ្នែកវះកាត់រូបនេះ ត្រូវបានពិន័យពីបទធ្វេសប្រហែស ក្នុងការធ្វើឱ្យប៉ះពាល់ដល់រាងកាយមនុស្ស។    នៅក្នុងខែឧសភាកន្លងទៅ អ្នកជំងឺម្នាក់ បានទៅគ្លីនិកមួយក្នុងក្រុង Freistadt ដើម្បីកាត់ជើងឆ្វេង ប៉ុន្តែបែរជាត្រូវកាត់ជើងស្តាំជំនួសវិញ។ ក្នុងសវនាការ គ្រូពេទ្យផ្នែកវះកាត់ត្រូវបានសួរពីមូលហេតុ ដែលកាត់ជើងខុស។ ជាចម្លើយគ្រូពេទ្យ បានអះអាងថា៖ «ខ្ញុំមិនដឹងអ្វីឡើយ»។    តុលាការតំបន់ Linz បានផ្តល់សំណងក្នុងទំហំទឹកប្រាក់ ៥៦៦៦ដុល្លារ ទៅស្រ្តីជាភរិយារបស់អ្នកជំងឺ ដែលបានបាត់បង់ជីវិតមុនពេលតុលាការបើកសវនាការ។ យ៉ាងណាមិញ អនុប្រធានតុលាការតំបន់ Linz បានអះអាងថា ករណីស្លាប់របស់អ្នកជំងឺមិនមានពាក់ព័ន្ធនឹងករណីកាត់ជើងខុសនោះឡើយ។    ករណីកាត់ជើងអ្នកជំងឺខុសនេះ កម្រកើតមានណាស់។ ប៉ុន្តែវាមានករណីស្រដៀងគ្នាមួយ ដែលធ្លាប់កើតមាននៅអាម៉េរិក ក្នុងឆ្នាំ១៩៩៥។ កាលនោះ វេជ្ជបណ្ឌិតមួយរូប បានដឹងថា ខ្លួនបានកាត់ជើងអ្នកជំងឺខុស បន្ទាប់ពីនីតិវិធីវះកាត់បានពាក់កណ្តាល៕  
តុលាការអូទ្រីស នៅថ្ងៃទី១ ខែធ្នូ បានពិន័យគ្រូពេទ្យផ្នែកវះកាត់មួយរូបចំនួន ៣០៥០ដុល្លារ ដោយសារតែកាត់ជើងអ្នកជំងឺម្នាក់ខុស។ យ៉ាងណាមិញ អ្នកជំងឺបានទទួលមរណភាព មុនសវនាការទៅទៀត ប៉ុន្តែករណីស្លាប់នោះ មិនពាក់ព័ន្ធនឹងការកាត់ជើងខុសឡើយ។
  រដ្ឋាភិបាលអាមេរិក ចាត់ទុកការបន្ធូរបន្ថយលក្ខខណ្ឌដល់លោក កឹម សុខា នេះ គឺជាការវិវឌ្ឍល្អមួយកម្រិត ហើយអាមេរិកក៏បានស្នើឲ្យទម្លាក់បទចោទតែម្ដង។ «យើងកត់សម្គាល់នូវជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយនេះ ប៉ុន្តែទទូចយ៉ាងខ្លាំងក្លា ឲ្យអាជ្ញាធរស្តារឡើងវិញទាំងស្រុងនូវសេរីភាពនិងសិទ្ធិនយោបាយរបស់លោក ស្ថិតក្រោមរដ្ឋធម្មនុញ្ញកម្ពុជា និងទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក ដែលអ្នកជាច្រើន មើលឃើញថាមានចរិតនយោបាយ»។ នេះជាសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅរសៀលថ្ងៃទី១០ខែវិច្ឆិកានេះ។   លោក កឹម សុខា ត្រូវបានតុលាការលុបបម្រាមដែលមិនឲ្យលោកចេញពីផ្ទះ នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកានេះ។ ការលុបបម្រាមនេះ គឺមានន័យថា លោក កឹម សុខា អាចដើរហើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែតុលាការនៅតែរក្សាបម្រាមមិនឲ្យលោកចេញទៅក្រៅប្រទេសដដែល។ តែលោកក៏នៅជាប់បម្រាមមិនឲ្យធ្វើសកម្មភាពនយោបាយផងដែរ។ ក្រៅពីលោក កឹម សុខា សហរដ្ឋអាមេរិកក៏អំពាវនាវឲ្យដោះលែងអ្នកផ្សេងទៀតដែរ។ សារខាងលើនេះបានសរសេរដូចនេះថា៖«សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកទាំងឡាយណា ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្តនិងខុសច្បាប់ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា»។   សហរដ្ឋអាមេរិកជំរុញឲ្យកម្ពុជាធ្វើឲ្យប្រសើរឡើងនូវស្ថានភាពនយោបាយរបស់ខ្លួន។ «អភិបាលកិច្ច និងសេដ្ឋកិច្ចកម្ពុជា នឹងទទួលប្រយោជន៍ពីការបោះជំហានបន្ថែមទៀត ក្នុងការបើកឡើងវិញនូវលំហនយោបាយ និងពលរដ្ឋ ចំពោះប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ជំរុញនូវការសន្ទនានយោបាយរួមគ្នាហើយពិតប្រាកដ និងដំណើរការផ្សះផ្សា ព្រមទាំងស្តារឡើងវិញនូវប្រជាធិបតេយ្យពហុបក្សដ៏មានអត្ថន័យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដ៏ពិបាករករបស់ប្រទេសនេះ»៕
ភ្នំពេញ៖ បន្ទាប់ពីតុលាការបានអនុញ្ញាតឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អាចដើរហើរក្នុងប្រទេស រដ្ឋាភិបាលអាមេរិកបន្តស្នើឲ្យមានការទម្លាក់បទចោទប្រកាន់ទាំងអស់ចំពោះរូបលោក។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖   
លោក ខេង សំណាង ជាអ្នកបើកទូកបណ្ណាល័យចល័ត នៅខេត្តបាត់ដំបង។ លោក ខេង សំណាង ជឿជាក់ថា ការអប់រំ បានជួយអភិវឌ្ឍន៍សហគមន៍ខ្លួន តាមរយៈចំណេះដឹង ។ លោក សំណាង លើកឡើងដូច្នេះ៖ « បើយើងអត់ចេះ យើងមិនអាចផ្សារភ្ជាប់ទៅតាមមូលដ្ឋានណាផ្សេងបានទេ។ បើមានចំណេះដឹងយើងអាចផ្សារភ្ជាប់ ទៅជួយសង្គមបានច្រើន »។
  កូរ៉េខាងត្បូងបានប្រកាសត្រួតពិនិត្យមន្ទីរពេទ្យដើម្បីដាក់ទណ្ឌកម្មដល់វេជ្ជបណ្ឌិតកម្មសិក្សាដែលមិនចូលធ្វើការ និងព្យួរអាជ្ញាប័ណ្ណមនុស្សចំនួន៧០០០នាក់ដែលទៅចូលរួមធ្វើកូដកម្ម។   «ចាប់ពីថ្ងៃនេះតទៅ យើងមានគម្រោងត្រួតពិនិត្យមន្ទីរពេទ្យដើម្បីកំណត់អត្តសញ្ញាណពេទ្យដែលមិនចូលធ្វើការ។ វេជ្ជបណ្ឌិតដែលមិនទាន់ចូលធ្វើការវិញ អាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរក្នុងអាជីពរបស់ពួកគេ»។ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក Cho Kyoo-hong បាននិយាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី៤ ខែមីនា។    អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Park Min-soo បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានជាបន្តបន្ទាប់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណើរការដកហូតអាជ្ញាប័ណ្ណសុខាភិបាលរបស់ពេទ្យក្នុងស្រុកប្រហែល ៧០០០នាក់ដែលបានចូលរួមក្នុងកូដកម្ម។ នេះត្រូវបានគេចាត់ទុកថាជាការឆ្លើយតបដ៏តឹងរ៉ឹងបំផុតរបស់រដ្ឋាភិបាលកូរ៉េចំពោះចលនាកូដកម្មរួមរបស់ក្រុមពេទ្យកម្មសិក្សា។   លោក Park បាននិយាយថា ៖« យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័សចំពោះអ្នកដែលបង្កឱ្យមានសកម្មភាពរួមដែលនាំឱ្យមានភាពវឹកវរក្នុងវិស័យសុខាភិបាល»។ នេះបើតាមសារព័ត៌មាន Yonhap ។   គួរជម្រាបថា វេជ្ជបណ្ឌិតកម្មសិក្សាកូរ៉េខាងត្បូងប្រហែល ៩០០០នាក់ ស្មើនឹង ៧០ភាគរយនៃក្រុមគ្រូពេទ្យកម្មសិក្សារបស់ប្រទេសបានឈប់ពីការងារចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ បណ្តាលឲ្យការវះកាត់ជាច្រើនត្រូវបានលុបចោល ព្រមទាំងធ្វើឱ្យសេវាពិនិត្យ និងព្យាបាលនៅទ្រឹងនៅក្នុងប្រទេស។   រដ្ឋាភិបាលកូរ៉េខាងត្បូងព្រមានថា ក្រុមគ្រូពេទ្យដែលធ្វើកូដកម្មនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល និងព្រហ្មទណ្ឌ រួមទាំងការព្យួរអាជ្ញាប័ណ្ណរយៈពេល១ឆ្នាំ ជាប់ពន្ធនាគារចំនួន៣ឆ្នាំ ឬពិន័យជាប្រាក់ចំនួន៣០លានវ៉ុន (ជាង២ម៉ឺនដុល្លារ) ប្រសិនបើពួកគេមិនចូលធ្វើការនៅថ្ងៃទី២៩ ខែកុម្ភៈ។ បច្ចុប្បន្នមានតែវេជ្ជបណ្ឌិតជាង៥៦០នាក់ប៉ុណ្ណោះដែលបានត្រឡប់ទៅធ្វើការវិញតាមដីកា ខណៈអ្នកខ្លះនៅបន្តធ្វើកូដកម្ម។   គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យកូរ៉េខាងត្បូងបានរួមគ្នាលាឈប់ពីការងារ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចុះឈ្មោះសិស្សចូលរៀនពេទ្យបន្ថែម   ចំនួន ២០០០នាក់ ពីលើចំនួន ៣ពាន់នាក់ក្នុងពេលបច្ចុប្បន្ន ចាប់ពីឆ្នាំ២០២៥ទៅ។    ការបង្កើនកូតាគ្រូពេទ្យនេះ ជាមធ្យោបាយមួយផ្នែករបស់រដ្ឋាភិបាលដើម្បីដោះស្រាយកង្វះវេជ្ជបណ្ឌិតនៅតាមតំបន់ជនបទ និងផ្នែកវេជ្ជសាស្ត្រសំខាន់ៗដូចជា ពេទ្យកុមារ និងវះកាត់សរសៃប្រសាទ និងការថែទាំប្រជាជនដែលមានវ័យចំណាស់។    ក្រុមគ្រូពេទ្យដែលចូលរួមកូដកម្មបានអះអាងថា ការដំឡើងកូតានឹងធ្វើឱ្យខូចគុណភាពនៃការអប់រំផ្នែកវេជ្ជសាស្រ្ត និងសេវាកម្មផ្សេងទៀត ហើយនាំឱ្យតម្លៃថ្លៃព្យាបាលកាន់តែខ្ពស់សម្រាប់អ្នកជំងឺ៕ 
កូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធីព្យួរអាជ្ញាប័ណ្ណវេជ្ជបណ្ឌិតកម្មសិក្សាប្រមាណ ៧០០០នាក់ ដែលបានផ្គើននឹងបទបញ្ជារបស់រដ្ឋាភិបាលឲ្យចូលធ្វើការវិញ។
  កាលពីថ្ងៃទី២៩ កញ្ញា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល បានបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅគោលដៅខណ្ឌកំបូល រាជធានីភ្នំពេញ និង នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។     ករណីទាំងនេះ សមត្ថកិច្ចបង្រ្កាបករណីជួញដូរគ្រឿនញៀន បានឃាត់ខ្លួនជនសង្ស័យ២ នាក់ និងថ្នាំញៀនជាង៣គីឡូក្រាម រួមមាន ប្រភេទមេតំហ្វេតាមីន ចំនួន ២១៥ ៤៥ក្រាម, ប្រភេទ អ៊ិចស្ដាស៊ី ៦៧៨៧ក្រាម  និងនិមេតាហ្សេប៉ាម ១,១៤ ក្រាម។    ជាមួយគ្នានេះ ជនសង្ស័យ និងវត្ថុតាងដែលចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕    
នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្រ្កាបករណីជួញដូរគ្រឿងញៀន ជាង៣គីឡូក្រាម នៅទីតាំងចំនួនពីរ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះបើតាមហ្វេកប៊ុកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី ២  ខែតុលា។
  ករណីឆ្លងជំងឺ COVID-19 នៅតែបន្តកើនឡើងដដែល ស្របពេលដែលអាជ្ញាធរចិនកំពុងញាប់ដៃញាប់ជើងក្នុងការទប់ស្កាត់ការរាលដាល។ មកទល់ពេលនេះ មនុស្សច្រើនជាង២២០នាក់ បានឆ្លងជំងឺនេះ ដែលត្រូវបានរកឃើញនៅផ្សារបោះដុំ Xinfadi ដ៏ធំក្នុងទៅក្រុងប៉េកាំង។ ផ្សារនេះ មានចំណែកដល់ទៅជាង៧០ភាគរយក្នុងការចែកចាយផលិតផលស្រស់ៗ ពិសេសត្រីសាល់ម៉ុនដែលចិនចាត់ទុកជាប្រភពចម្លងក្នុងទីក្រុង។   វិធានការជាច្រើនត្រូវបានអនុវត្តជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការឆ្លងពីខាងក្រៅ និងពីខាងក្នុង។ បន្ទាប់ពីលើការបង្កើនការធ្វើតេស្តទ្រង់ទ្រាយធំ ចិនបានផ្អាកការនាំចូលបណ្ដោះអាសន្នផលិតផលសាច់មាត់ពីក្រុមហ៊ុន Tyson Foods របស់អាមេរិក បន្ទាប់ពីការផ្ទុះករណីឆ្លងក្នុងរោងចក្រនៅអាមេរិក។ បើតាមការប្រកាសរបស់អគ្គរដ្ឋបាលគយចិននៅថ្ងៃទី២១ ខែមិថុនា ផលិតផលរបស់ក្រុមហ៊ុននេះដែលត្រូវបានចរាចរណ៍រួចហើយលើទីផ្សារ នឹងត្រូវរឹបអូសមកវិញទាំងអស់។   ជាមួយគ្នានេះ រោងចក្រផលិត Pepsi មានទីតាំងក្នុងទីក្រុងប៉េកាំង ក៏ត្រូវបានបិទទ្វារដែរ បន្ទាប់ពីកម្មករក្នុងរោងចក្រត្រូវបានធ្វើតេស្ត និងមានលទ្ធផលវិជ្ជមានជំងឺ COVID-19 ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំាពាក្យក្រុមហ៊ុននេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មនុស្ស៧០នាក់ដែលមានទំនាក់ទំនងជាមួយករណីឆ្លងនេះ ក៏ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យដែរ។   លោក Gao Xiaojun មន្ត្រីនៃគណៈកម្មការសុខាភិបាលទីក្រុងប៉េកាំង និយាយថា ការធ្វើតេស្តត្រូវបានធ្វើជាក្រុម ហើយមន្ត្រីសុខាភិបាលអាចធ្វើតេស្តលើមនុស្សមួយលាននាក់ក្នុងមួយថ្ងៃ។ ស្របពេលការធ្វើតេស្តកំពុងធ្វើឡើងនោះ ជំងឺ COVID-19 ក៏បន្តរាលដាលដែរ។ មន្ត្រីសុខាភិបាលចិននិយាយថា ករណីឆ្លងថ្មី ត្រូវរកឃើញក្នុងខណ្ឌ Tongzhou របស់ប៉េកាំងដែលជាតំបន់រដ្ឋបាលមានអាគារស្ថាប័នរដ្ឋសំខាន់ជាច្រើន។      ការកើនឡើងករណីឆ្លងពេលនេះ បង្កជាក្ដីបារម្ភនៃរលកឆ្លង COVID-19 ទីពីរ ស្របពេលដែលវិធានការរឹតបន្តឹងជាច្រើនត្រូវបានបន្ធូរ ហើយបណ្ដាញគមនាគមន៍ទីក្រុងប៉េកាំងក៏តភ្ជាប់ទៅកាន់តំបន់ផ្សេងទៀតជាច្រើនផងនោះ។ យ៉ាងណាមិញ អ្នកជំនាញជំងឺឆ្លងចិនអះអាងថា ករណីឆ្លង COVID-19 នៅប៉េកាំងស្ថិតក្រោមការគ្រប់គ្រង ទោះមានករណីឆ្លងបន្តបន្ទាប់ក្ដី៕    
នៅថ្ងៃទី២១ ខែមិថុនា ចិន បានសម្រេចចិត្តហាមឃាត់ការនាំចូលសាច់មាន់ពីក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក និងបញ្ជាឲ្យបិទរោងចក្រផលិត Pepsi ក្នុងទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ វិធានការនេះ ធ្វើឡើងស្របពេលអាជ្ញាធរចិន កំពុងចាត់វិធានការលើវិស័យចំណីអាហារដែលត្រូវបានជឿថា ជាច្រកនាំឲ្យមានការហក់ឡើងជាថ្មីជំងឺ COVID-19 ក្នុងរដ្ឋធានីប៉េកាំង។
លោកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ អះអាងថាលោកស្រី នៅមិនទាន់ទទួលព័ត៌មាននេះច្បាស់នៅឡើយទេ។ ប៉ុន្តែ លោកស្រី ប្រាប់ថា បានដឹងព័ត៌មាននេះ ពីការចុះផ្សាយរបស់ Fresh News។ មុននឹងទទួលបានព្រះរាជទានលើកលែងទោស លោក ហុង សុខហួរ បានសរសេរលិខិតមួយច្បាប់ ទៅកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសារភាពកំហុសរបស់ខ្លួន។ លិខិតរបស់លោកអតីតសមាជិកព្រឹទ្ធសភារូបនេះ ធ្វើឡើងតាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២0១៧ មកម្ល៉េះ ប៉ុន្តែទើបនឹងត្រូវ Fresh News យកមកចុះផ្សព្វផ្សាយ ដោយអមជាមួយព្រះរាជក្រឹត្យ នៅថ្ងៃពុធនេះ។ ក្នុងលិខិត ដែលផ្ញើទៅកាន់សម្តេច ហ៊ុន សែន  លោក ហុង សុខហួរ បានសរសេរយ៉ាងដូច្នេះថា៖«ខ្ញុំ មានការសោកស្តាយ ដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះនយោបាយរបស់សម្តេច ក្នុងដំណើរការបោះបង្គោលព្រំដែន ដូចជាយកឯកសារ មកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឲ្យមានការភ័ន្តច្រឡំក្នុងមតិសាធារណៈ លើគោលនយោបាយ និងការអនុវត្តកន្លងមករបស់រដ្ឋាភិបាល។ ចាប់ពីថ្ងៃនេះ តទៅ ខ្ញុំនឹងប្រុងប្រយ័ត្ន មិនឲ្យបញ្ហាបែបនេះ កើតឡើងទៀតឡើយ»។ បន្ទាប់ពីរៀបរាប់បែបនេះហើយ លោក ហុង សុខហួរ ក៏សុំសម្តេច ហ៊ុន សែន ឲ្យជួយស្នើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះអង្គប្រោសព្រះរាជទាន លើកលែងទោស។ ក្នុងលិខិតនោះ លោក ហុង សុខហួរ ក៏បានសរសេរពីការដឹកនាំរបស់សម្តេច ហ៊ុន សែន ផងដែរ។ សូមរម្លឹកថា លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០១៥។ ក្រោយមក តុលាការ ក៏បញ្ជូនសមាជិកព្រឹទ្ធសភារូបនេះ ទៅឃុំបណ្តោះអាសន្ន ដោយចោទពីបទ «ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»៕
ភ្នំពេញ៖ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាពីគណបក្សសម រង្ស៊ី ត្រូវបានមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២0១៧នេះ។ ព្រះរាជក្រឹត្យ ត្រូវបានចុះផ្សាយដោយ Fresh News។
ធ្លាប់ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ការទស្សនាផ្ទះបណ្ដែតទឹក និងថ្ងៃលិច សហគមន៍ចុងឃ្នៀស ហាក់ស្ងប់ស្ងាត់ជាមួយកាណូតទូកតូចធំ ដែលនៅអែបច្រាំង និងលែងមានចលនាជាងមួយឆ្នាំមកហើយ។ មុនផ្ទុះជំងឺកូវីដ១៩ សហគមន៍នៅតំបន់នេះ ក្រៅពីការនេសាទ គឺមានចំណូលសមរម្យពីការបើកទូកកាណូតដឹងភ្ញៀវទេសចរផងដែរ។ ជាងមួយឆ្នាំមកនេះ ការពឹងអាស្រ័យតែលើធនធានមច្ឆាក្នុងបឹងទន្លេសាបតែមួយមុខ ពិតជាធ្វើឱ្យសហគមន៍នេះ មានការលំបាក។ បច្ចុប្បន្ន ពួកគេខ្លះបានងាកទៅរករបររកលៀស និងរបរផ្សេងៗទៀត ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ លោក យ៉ុង យឿម ដែលជាអ្នករកលៀសមួយរូបបានប្រាប់ថា លោកប្រកបរបរនេសាទត្រីច្រើនឆ្នាំមកហើយ តែសព្វថ្ងៃរកមិនសូវបាន ទើបប្ដូរមករកលៀសវិញ។ លោកបន្ថែមថា លៀសមានទីផ្សារល្អ ស្រួលក្នុងការលក់ រីឯការទៅរកវិញ ស្រួលជាងការរកនេសាទត្រីឆ្ងាយ ហើយក្នុងមួយថ្ងៃ លោករកលៀសបាន១០០គីឡូ។ ចំណែកឯលោក អន់ ក្រឺម ដែលកំពុងអង្គុយលើទូករបស់លោក បាននិយាយទាំងញញឹមថា លោកពីមុនក៏ប្រកបរបរនេសាទត្រី និងបានផ្លាស់ប្ដូរមករកលៀសនេះរយៈពេល១ឆ្នាំនេះតេ។ បរិមាណទឹកកាន់តែរាក់ ធ្វើឱ្យផលត្រីកាន់តែខ្សត់ ដែលជាមូលហេតុឱ្យលោក អន់ ក្រឺម ប្ដូរមករកលៀសវិញ។ លោក ក្រឺម ចេញទៅរកលៀសនៅតំបន់ព្រែកទាល់ ព្រំប្រទល់ខេត្តបាត់ដំបង ដែលក្នុងមួយថ្ងៃលោកអាចរកលៀសបានប្រមាណ១០០គីឡូក្រាម ដែលអាចលក់បានក្នុងតម្លៃ១ពាន់រៀលក្នុងមួយគីឡូក្រាម។ ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុំ ណារី បានឱ្យដឹងថា មានគ្រួសារប្រមាណ១០គ្រួសារដែលកំពុងប្រកបរបររកលៀសនេះ។ លោកចៅសង្កាត់បន្ថែមថា របរនេះបានជួយសម្រាលបន្ទុកដល់ប្រជានេសាទខ្លះ ពិសេសនារដូវខែប្រាំង ដែលពិបាករកត្រី។ យ៉ាងណា លោកទទួលស្គាល់ថា ការប្រើកន្រ្ដងអូសលៀស ពិតជាប៉ះពាល់ដល់ជីវៈចម្រុះក្នុងបឹងទន្លេសាបមួយផ្នែកផងដែរ៕  
 សៀមរាប៖ ពលរដ្ឋខ្លះនៅតំបន់ចុងឃ្នៀស ជាប់បឹងទន្លេសាប បានផ្លាស់មករកលៀសវិញ ក្រោយផលនេសាទត្រីធ្លាក់ចុះ និងរកពុំបានដូចពេលមុន។ ការប្រែប្រួលអាកាសធាតុ និងការបាត់បង់គម្របព្រៃឈើក្នុងតំបន់បឹងទន្លេសាប សុទ្ធសឹងជាមូលហេតុចម្បង ដែលធ្វើឱ្យផលត្រីកាន់តែខ្សត់។
  យើងខ្ញុំដឹងថាលោកអ្នកប្រហែលជាស្ថិតក្នុងការពិចារណាថាតើត្រូវជ្រើសរើសទូរសព្ទបែបណាដើម្បីធ្វើឲ្យដំណើរកម្សាន្តរបស់លោកអ្នក ប្រកបដោយភាពរីករាយ និង បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ ទូរសព្ទមានតម្លៃថ្លៃ មិនប្រាកដថាស្រួលប្រើនោះទេ ហើយទូរសព្ទដែលមានតម្លៃសមល្មម ក៏មិនប្រាកដថាមិនស្រួលប្រើនោះដែរ សំខាន់លោកអ្នកចេះជ្រើសរើសទូរសព្ទដែលងាយស្រួល និង មានមុខងារងាយៗ ពេលដំណើរការកម្មវិធី ប៉ុន្តែវាទាន់សម័យមិនចាំបាច់ប្រើពេលវេលាយូរ ។    និយាយដល់ចំណុចនេះយើងខ្ញុំ បាននឹកឃើញនូវម៉ូឌែលទូរសព្ទថ្មីមួយ នោះគឺ R17 Pro ដែលអាចក្លាយទៅជាជំនួយការដ៏ប៉ិនប្រសព្វសម្រាប់លោកអ្នកបានទាំងការផ្តិតយករូបភាពសន្លឹក និងរូបភាពវីដេអូ ព្រមទាំងមានតម្លៃសមរម្យអាចទទួលយកបានថែមទៀតផង។     R17 Pro គឺជាប្រភេទទូរសព្ទរបស់ OPPO ដែលអាចជួយលោកអ្នកឲ្យមានភាពស្រស់បំព្រង ជាពិសេសថតរូបភាពពេលរាត្រី បានយ៉ាងច្បាស់ល្អ មិនព្រិល មិនស្រអាប់ និង មានពណ៌ធម្មជាតិយ៉ាងត្រជាក់ភ្នែក ដែលមានពាក្យស្លោកថា (Seize The Night) មិនចាញ់កាមេរ៉ា Professional ប៉ុន្មានទេ ដោយវាមានបច្ចេកវិទ្យាទប់លំនឹងពេលថតរូបពេលរាត្រី និងRam ទំហំ 8GB ព្រមទាំងRom ទំហំ 128GB ថែមទៀតផង  ។    មនុស្សទាន់សម័យតែងតែជ្រើសរើសទូរស័ព្ទដែលទំនើប និង តម្លៃអាចទទួលយកបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកគេផងដែរ។ ព័ត៌មានបន្ថែមសូមលោកអ្នកចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/  
ដំណើរកម្សាន្តលក្ខណៈគ្រួសារ និង លក្ខណៈមិត្តភាពចាំបាច់ណាស់ ត្រូវតែមានការថតរូបភាពទុកជាអនុស្សាវរីយ៍ជាក់ជាមិនខាន គ្រប់ពេលដែលពួកគេមានការជួបជុំគ្នាយ៉ាងសប្បាយរីករាយ ប្រកបដោយស្នាមញញឹម។ អ្វីទៅដែលអាចបង្កើតសកម្មភាពទាំងនេះបាន? នោះគឺម៉ាស៊ីនថតរូបដែលអាចចាប់កាន់ផ្ទាល់ដៃទៅបានគ្រប់ទីកន្លែង គ្រប់ពេលវាលា ។
  ក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងទំនងអាចក្លាយក្រុមបន្ទាប់ពីបឹងកេត និងអង្គរថាយហ្គឺរ ដែលឡើងទៅវគ្គបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ បន្ទាប់ពីពួកគេមានប្រៀបលើគូប្រកួតរៀងៗខ្លួននៅជើងទី១។ ក្រោយយកឈ្នះកំពង់ចាម ១០-០ នៅជើងទី១ ភ្នំពេញក្រោនត្រូវការត្រឹមស្មើ ឬចាញ់ក្រោម១០គ្រាប់ប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅវគ្គបន្ត ខណៈព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមស្មើ ឬចាញ់ក្រោម៤គ្រាប់ បន្ទាប់ពីពួកគេយកឈ្នះត្បូងឃ្មុំ ៤-០ នៅជើងទី១៕      
កីឡដ្ឋានស្តាតចាស់ក្លាយជាទីតាំងកាត់សេចក្តីជំនួបរវាងក្រុមភ្នំពេញក្រោនជាមួយកំពង់ចាម សម្រាប់ជំនួបជើងទី២ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ខណៈក្រុមព្រះខ័នរាជស្វាយរៀងប៉ះក្រុមលេខ១ថ្នាក់ខេត្ត ត្បូងឃ្មុំនៅកីឡដ្ឋាន AEU Sport Park។ ការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលដូចគ្នា។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃ ១៧ មករា បានប្រកាសបញ្ចូលសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ដែលរួមមានទាំងអតីតឥស្សរជនបក្សប្រឆាំងឥណ្ឌូណេស៊ី និងមន្ត្រីយោធាចូលនិវត្តន៍ឲ្យ កាន់តំណែងរដ្ឋមន្ត្រី និងតំណែងជាន់ខ្ពស់ផ្សេងទៀតក្នុងគណៈរដ្ឋមន្ត្រីលោក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post ។ ក្នុងចំណោមសមាជិករដ្ឋមន្ត្រីថ្មីនោះលោក Idrus Marham អគ្គលេខាធិការបក្ស Golkar ត្រូវបានតែងតាំងជារដ្ឋមន្ត្រីកិច្ចការសង្គម និងលោក  Moeldoko ជាមេបញ្ជាការកងទ័ពជើងគោកត្រូវបានតែងតាំងជាប្រធានបុគ្គលិកប្រធានាធិបតីជំនួសតំណែងលោក Teten Masduki។ ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី ចូកូវី មិនត្រឹមតែធ្វើឲ្យអង្គនីតិប្រតិបត្តិរបស់លោក ប្រព្រឹត្តទៅកាន់តែល្អប្រសើរប៉ុណ្ណោះនោះទេ តែការរុះរើនេះក៏ជាផ្នែកមួយ នៃការទាក់ទាញប្រជាប្រិយភាពរបស់លោក ខណៈ អាណត្តិប្រធានាធិបតីរបស់លោក ក៏នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ ដែរ។ យ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការផ្លាស់ប្តូរសមាជិកថ្មីរបស់លោកនេះ បានធ្វើឲ្យគណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានរុះរើរហូតដល់បីដងត្រឹមតែរយៈពេល ៤ឆ្នាំប៉ុណ្ណោះ ។ លោកប្រធានាធិបតី ចូកូ វីដូដូ បានឡើងកាន់អំណាចនៅឆ្នាំ២០១៤ ។ ប្រមុខរដ្ឋឥណ្ឌូណេស៊ីរូបនេះ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក លើកទីមួយ ខែកក្កដា ឆ្នាំ ២០១៦ ដោយការរុះរើពេលនោះ ក្រោមហេតុផលដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីកាន់តែរីកលូតលាស់ ។ មួយឆ្នាំក្រោយមក ពោលគឺនៅខែកក្កដា ឆ្នាំ២០១៧ លោកប្រធានាធិបតី ក៏បានប្រកាសរុះរើគណៈរដ្ឋមន្ត្រីជាថ្មី ក្រោមហេតុផលស្រដៀងគ្នា គឺដើម្បីប្រសិទ្ធភាពការងារ និងកំណើនសេដ្ឋកិច្ច ។ គួរជម្រាបផងដែរថា ថ្មីៗនេះ លោកប្រធានាធិបតីចូកូ វីដូដូ ក៏ទើបតែបានដាស់តឿនគណៈរដ្ឋមន្ត្រីរបស់លោក ក៏ដូចជាត្អូញត្អែរពីការរីកលូតលាស់យឺតនៃសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ដែលមិនដូចទៅនឹងការរំពឹងទុករបស់លោក ។ លោកប្រធានាធិបតី បានធៀបសេដ្ឋកិច្ចឥណ្ឌូណេស៊ីយ៉ាងដូច្នេះ ៖«ខ្ញុំ សូមប្រៀបធៀបស្ថានភាពរបស់ឥណ្ឌូណេស៊ី ដូចទៅនឹងមនុស្សដែលឈឺ តែមិនមានរោគសញ្ញាអ្វីសោះ ។ កម្រិតជាតិខ្លាញ់ក៏ល្អ, បញ្ហាបេះដូងក៏គ្មាន ហើយអណ្តាតក៏ល្អទៀត»៕
មិនទាន់បានមួយអាណត្តិផងនោះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោករហូតដល់បីលើកទៅហើយ។ ការរុះរើនេះ ធ្វើឡើង ខណៈអាណត្តិប្រធានាធិបតីរបស់លោក ក៏កាន់តែខើចផងដែរ ។
  សារព័ត៌មានអាមេរិក The Washington Post បានផ្សាយនៅថ្ងៃទី២៨ ខែសីហាថា មន្ត្រីជប៉ុន និងកូរ៉េខាងជើងបានជួបចរចាដោយលាក់បាំងពីភ្នែកច្រមុះរបស់អាមេរិក។ ជំនួបរវាងលោក Shigeru Kitamura ជាប្រធានការិយាល័យចារកម្ម និងស្រាវជ្រាវនៃគណៈរដ្ឋមន្ត្រីជប៉ុន ជាមួយប្រធានការិយាល័យនៃគណៈកម្មាធិការបង្រួបបង្រួមកូរ៉េ Kim Song-hye ធ្វើឡើងនៅឯប្រទេសអាស៊ីអាគ្នេយ៍វៀតណាម។   ប្រព័ន្ធផ្សព្វផ្សាយអាមេរិកខាងលើបន្តថា មន្ត្រីជាន់ខ្ពស់អាមេរិកមិនរីករាយឡើយ ព្រោះជប៉ុនហ៊ានជួបកូរ៉េខាងជើងដោយមិនបានប្រាប់ខ្លួន។ ហើយម្យ៉ាងការមិនពេញចិត្តនេះ ក៏ព្រោះតែអាមេរិកបានជូនដំណឹងទៅជប៉ុនពាក់ព័ន្ធការចរចារបស់ខ្លួនជាមួយកូរ៉េខាងជើង តែជប៉ុនបែរជាទៅជួបដោយលួចលាក់ទៅវិញ។   ក្រៅពីបញ្ហានុយក្លេអ៊ែរដែលគំរាមសន្តិសុខខ្លួននោះ ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងជើងរាំងស្ទះដោយសារតែការចាប់ជំរិតជនជាតិជប៉ុនក្នុងទសវត្សរ៍ទី៧០ និងទី៨០ ។ បញ្ហានេះ នៅតែជាដុំថ្មនៅចំកណ្ដាលទំនាក់ទំនងទ្វេភាគីរាប់សិបឆ្នាំដដែល។ កន្លងមក ក្រុងព្យុងយ៉ាងធា្លប់សារភាពថាខ្លួនពិតបានចាប់ជំរិតជនជាតិជប៉ុន១៣នាក់មែន។ ក្នុងចំណោមនាក់នោះ មាន៥នាក់ត្រូវបានបញ្ជូនត្រលប់ទៅកាន់ប្រទេសជប៉ុនវិញហើយ និង៨នាក់ផ្សេងទៀតគឺបានស្លាប់ហើយ។   តាមរយៈការចរចាដោយផ្ទាល់រវាងអាមេរិក និងកូរ៉េខាងជើង ជប៉ុនបានស្នើឲ្យអាមេរិកជួយលើកឡើងពីចាប់ជំរិតនេះផង។ យ៉ាងណាមិញ មន្ត្រីក្រុងតូក្យូជឿថា ដើម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃមួយនេះ ជប៉ុនមិនអាចដេកចាំអាមេរិកឲ្យជួយបានទេ ហើយក៏មិនអាចពឹងលើអាមេរិកឲ្យធ្វើជាតំណាងរបស់ខ្លួនក្នុងការជជែកជាមួយកូរ៉េខាងជើងដែរ។   ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក៏ប្រកាសជំហរចង់ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាចាប់ជំរិតជនជាតិខ្លួន។ ក្នុងចំណោមមេដឹកនាំប្រទេសធំៗដែលជាតួអង្គជាប់ពាក់ព័ន្ធជាមួយកូរ៉េខាងជើង មានតែលោក អាបេ តែមួយគត់ មិនទាន់ជួបលោក គីម ។ លោក គីម បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង បីដង, ជួបប្រធាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ពីរដង និងជួបមេដឹកនាំអាមេរិក ដូណាល់ ត្រាំ បានម្ដងដែរ៕  
មន្ត្រីជប៉ុន និងកូរ៉េខាងជើង បានជួបគ្នាដោយស្ងាត់ៗនៅវៀតណាមអំឡុងខែកក្កដា ដោយមិនបានប្រាប់អាមេរិកអ្វីឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអាមេរិក The Washington Post ។ ជំនួបសម្ងាត់នេះ ធ្វើឡើងក៏ព្រោះតែជប៉ុនចង់និយាយជាមួយកូរ៉េខាងជើងដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើអាមេរិក។ មន្ត្រីក្រុងតូក្យូបារម្ភថា ក្រុងវ៉ាស៊ីនតោនមិនអាចនាំយកការព្រួយបារម្ភទៅប្រាប់ក្រុងព្យុងយ៉ាងបានឡើយ។
  លោក កឹម សុខា លើកឡើងថា លោក មានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសណាស់ ដែលតំណាងប្រជាពលរដ្ឋ ដែលគាំទ្រ ស្រឡាញ់ និងរាប់អានលោក បានទៅជូនពរលោក។ លោក កឹម សុខា ដែលកើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ និងឈានចូលវ័យ៧០ឆ្នាំ ក្នុងឆ្នាំ២០២២នេះ បន្តថា តំណាងប្រជាពលរដ្ឋមកពី១៨ខេត្ត ដែលបានទៅជូនពរលោកដល់គេហដ្ឋាន ដោយលើកលែងតែតំណាងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តឆ្ងាយៗប៉ុណ្ណោះ ដែលពុំបានទៅជូនពរលោក។    លើបណ្តាញសង្គម គេ បានឃើញអ្នកដែលនិយមចូលចិត្តលោក កឹម សុខា បានបង្ហោះសារជូនពរលោក នាថ្ងៃខួបកំណើតរបស់លោក។ តាមរយៈទំព័រហ្វេសប៊ុក មេដឹកនាំប្រឆាំង ដែលសំណុំរឿងកំពុងរុំខ្លួនរូបនេះ បានអរគុណតំណាងប្រជាពលរដ្ឋ ដែលទៅជូនពរលោកផ្ទាល់ និងប្រជាពលរដ្ឋ ដែលបានផ្ញើរសារជូនពរទៅលោក។   សូមរម្លឹកថា នាអំឡុងខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយសិទ្ធិនយោបាយរបស់លោក ត្រូវបានបិទចាប់តាំងពីពេលនោះមក។ តុលាការភ្នំពេញ បានបើកសវនាការលើសំណុំរឿងរបស់លោកអស់ជាង៤០លើកហើយ តែពុំទាន់អាចឈានដល់ការធ្វើសេចក្តីសម្រេចនៅឡើយទេ៕  
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលមិនទាន់អាចធ្វើនយោបាយបាននោះ បានចំណាយពេលពេញ១ថ្ងៃ គឺចាប់ពីម៉ោង៨កន្លះព្រឹក រហូតដល់ម៉ោង៨កន្លះយប់ ក្នុងការទទួយរាក់ទាក់តំណាងប្រជាពលរដ្ឋ ដែលទៅជូនពរលោក ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ នាថ្ងៃខួបកំណើតរបស់លោក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ លោក បានបង្ហោះព័ត៌មាននេះ លើទំព័រហ្វេសប៊ុករបស់លោក។
  ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា ជុំវិញការលើកឡើងពីករណី សិស្សដែលមានមធ្យមភាគប្រចាំឆ្នាំក្រោម ២៥.០០ នឹងត្រូវលុបឈ្មោះបេក្ខភាពប្រឡងបាក់ឌុបគឺ ជាការពញ្ញាក់ស្មារតីដល់សិស្ស បេក្ខជនប្រឡង និងមាតាបិតាសិស្សឱ្យចូលរួមយកចិត្តទុកដាក់លើការសិក្សា ដើម្បីត្រៀមខ្លួនប្រឡងឱ្យបានល្អ។   មុននឹងឈានដល់ការលុបឈ្មោះបេក្ខជន ក្រសួងអប់រំយុវជននឹងកីឡា តែងតែប្រកាសជារៀងរាល់ឆ្នាំពីលក្ខខណ្ឌមួយចំនួន ដល់សិស្សទី១២ ឬបេក្ខជនប្រឡងបាក់ឌុប  ដែលគួរចៀសវាងកុំឱ្យប៉ះពាល់ដល់ការប្រឡង។     លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបភាពរបស់សារព័ត៌មានថ្មីៗ   ក្នុងនោះសិស្សត្រូវមានពិន្ទុមធ្យមភាគប្រចាំឆ្នាំ មិនក្រោម ២៥.០០ឡើយ, មិនត្រូវគ្មានមធ្យមភាគប្រឡងឆមាសនោះទេ, ការឈប់ឥតច្បាប់លើមុខវិជ្ជាដែលប្រឡងណាមួយ, ការឈប់មានច្បាប់ក្នុងពេលប្រឡង ចាប់ពីបីមុខវិទ្យាឡើងទៅ, សិស្សដែលអវត្តមានលើសពី៣០ឡើងទៅ ក្នុងពេលសិក្សាពេញមួយឆ្នាំ, សិស្សដែលអវត្តមានច្បាប់លើសពី ៥៥ដងឡើងទៅ ដោយគិតត្រឹមថ្ងៃទី ០២ ខែកញ្ញាឆ្នាំ ២០២៣។ បើពុំដូច្នេះទេ សិស្ស ឬបេក្ខជនប្រឡង នឹងបាត់បងឱកាសប្រឡង។   ជាមួយគ្នានេះ គ្រឹះស្ថានអប់រំតែងតែពង្រឹង និងគ្រប់គ្រងបេក្ខជនប្រឡង តាមរយៈការបង្កើតក្រុមប្រឹក្សាវិន័យសិក្សា ដើម្បីប្រជុំវាយតម្លៃ និងសម្រេចលើបេក្ខភាពប្រឡងរបស់សិស្សថ្នាក់ទី១២ទាំងអស់ នៅក្នុងគ្រឹះស្ថានសិក្សា។    លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បែបនេះ៖ «ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីបន្តលើកកម្ពស់គុណភាពប្រឡងបាក់ឌុបជូនសិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងអប់រំ បាន កំណត់យកថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទប្រឡងបាក់ឌុប។ ជារួម យន្តការប្រឡងបាក់ឌុបសម្រាប់ឆ្នាំ ២០២៣ គឺដូចយន្តការប្រឡងបាក់ឌុបឆ្នាំកន្លងមក»។    ជាក់ស្តែងសិស្សថ្នាក់ទី ១២ ដែលអាចដាក់ពាក្យសុំចុះឈ្មោះប្រឡងបាក់ឌុប ត្រូវបំពេញលក្ខខណ្ឌចំនួន សំខាន់ចំនួន៦គឺ  សិស្សទី១២ ឬ បេក្ខជនដែលបានប្រឡងឌីប្លូមជាប់, ពួកគេបានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ, បេក្ខជន និងសិស្សទាំងអស់ ដែលបានរៀនចប់កម្មវិធីសិស្សថ្នាក់ទី ១២, សិស្សទាំងនោះបានគោរពត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សា,  ពួកគេក៏ត្រូវបានវាយតម្លៃផ្នែកសីលធម៌ប្រចាំឆ្នាំចាប់ពីមធ្យមឡើងទៅ និងករណីសិស្សទី១២ ដែលមានមធ្យមភាគពិន្ទុប្រចាំឆ្នាំចាប់ពី ២៥.០០ ឡើងទៅ៕      
ដោយ៖ សុង សុធាវី 
  ជាកសិករដាំស្វាយកែវរមៀតចំនួន២៥០ដើម នៅលើផ្ទៃដីមួយហិកតា ក្នុងស្រុកកងមាស ខេត្តកំពង់ចាមលោក ខូវ ឆេងហ៊ី បានប្រមូលផលស្វាយលក់ជាបន្តបន្ទាប់ ចាប់តាំងពីខែមករា ដល់ខែឧសភានេះ។ ទោះជារដូវស្វាយ ចាប់ផ្ដើមសម្បូរនៅទូទាំងប្រទេស(កសិករប្រមូលផលស្វាយលក់) តាំងពីខែមីនា មកក្តី ក៏តម្លៃស្វាយរបស់លោក ឆេងហ៊ី នៅតែលក់បានតម្លៃខ្ពស់ពីឈ្មួញដដែល។ ត្រង់ចំណុចនេះលោក ឆេងហ៊ី បានអះអាងថា មូលហេតុដែលលោកលក់ស្វាយបានតម្លៃខ្ពស់នេះ ដោយសារតែលោកបានអនុវត្តបច្ចេកទេសដាំដុះតាមស្ដង់ដារទីផ្សារ និងមានឈ្មួញចាំទិញត្រឹមត្រូវ។   កសិករដាំស្វាយកែវរមៀតជាង១០ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey យ៉ាងដូច្នេះថា៖ «តម្លៃស្វាយឆ្នាំនេះ គឺមិនថោកទេ ព្រោះចាប់ពីខែមករា-មេសាដែលគេហៅថាជាការប្រមូលផលដើមដៃ ខ្ញុំលក់បាន១៥០០ក្នុងមួយគីឡូក្រាម ជាតម្លៃស្វាយក្រៅកញ្ចប់ និង១៨០០រៀលក្នុងមួយគីឡូក្រាម ជាតម្លៃស្វាយក្នុងកញ្ចប់។ តម្លៃទាំងនេះដូចនឹងឆ្នាំទៅដែរ។   ដោយឡែកការប្រមូលផលស្វាយចុងរដូវ នៅដើមខែឧសភានេះ ខ្ញុំលក់ស្វាយបានតម្លៃ៣០០រៀលក្នុងមួយគីឡូក្រាម។ ស្វាយទាំងនេះជនជាតិវៀតណាម ចុះមកទិញ និងបេះដោយខ្លួនឯង មិនពិបាកអ្វីច្រើនដល់ខ្ញុំទេ»។   លោក ឆេងហ៊ី បានបញ្ជាក់ថា តម្លៃស្វាយ ៣០០រៀលក្នុងមួយគីឡូក្រាមនេះ ជាប្រភេទស្វាយដែលមិនល្អ មានរូបរាងក្រិន មានស្នាមអុចខ្មៅតូចៗដែលសត្វល្អិតទិច គ្មានការថែទាំ ដែលមិនប្រើថ្នាំសម្រាប់ការពារអ្វីឡើយ។  ចំណែកតម្លៃស្វាយ៣០០រៀលក្នុងមួយគីឡូក្រាមនេះ លោកមិនរាប់បញ្ជូលក្នុងប្រាក់ចំណេញដែលទទួលបានពីលក់ស្វាយដើមរដូវទេ។  បើតាមលោក ឆេងហ៊ី ក្នុងស្វាយ១០០ដើម បើដាំនិងថែទាំបានល្អនោះ វានឹងផ្តល់ផលយ៉ាងហោចណាស់១០តោន ។ដូច្នេះបើលក់បាន៥០០រៀលក្នុងមួយគីឡូ គឺកសិករអាចរួចថ្លៃដើម ប៉ុន្តែបើលក់បាន១០០០រៀលក្នុងមួយគីឡូ កសិករអាចរស់បានយ៉ាងប្រសើរ។  ប្រភពរូប ៖ បានពីហ្វេសប៊ុក  មិនខុសពីលោក ឆេងហ៊ី ឡើយ លោក ញឹម ញន ក៏ទទួលបានប្រាក់ចំណូលសុទ្ធ៤ម៉ឺនដុល្លារ ពីការប្រមូលផលស្វាយកែវរមៀតជាង១០០០ដើម នៅក្នុងរដូវស្វាយ ឆ្នាំ២០១៩នេះ ដែលកើនឡើង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ជាអ្នកដាំលក់ផង និងជាអ្នកប្រមូលទិញស្វាយក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ធំផង លោក ញឹម ញន បាននិយាយថា ក្រៅពីមានទីផ្សារលក់ស្វាយឱ្យឈ្មួញជនជាតិវៀតណាមហើយ ក៏មានខាងភាគីសមាគមស្វាយចាំទទួលទិញផងដែរ។   «ស្វាយរបស់ខ្ញុំឆ្នាំនេះមិនបានផ្គត់ផ្គង់ឱ្យសមាគមទេ ព្រោះស្វាយដែលខ្ញុំដាំបានរកឱ្យតែឈ្មួញវៀតណាមមិនគ្រប់ផង។  ម្យ៉ាងវិញទៀត ស្វាយដែលលក់ឈ្មួញវៀតណាមមកទិញដល់ចម្ការ ក៏មានតម្លៃខ្ពស់ជាងតម្លៃក្នុងសមាគមផងដែរ។  ខ្ញុំជឿជាក់ថា ស្វាយកែវរមៀត យ៉ាងណានៅតែមានតម្លៃល្អនៅលើទីផ្សារ ហើយឈ្មួញវៀតណាមទាំងនោះមកទិញដល់ចម្ការ ដ៏រាបណាស្វាយមានស្តង់ដារ មានរូបរាងនិងពណ៌សម្បុរល្អ ត្រូវគីឡូដែលឈ្មួញចង់បាន និងរសជាតិល្អ គឺមិនខ្វះអ្នកទិញទេ នៅដល់ណាក៏គេទៀតដែរ»។ នេះជាការបញ្ជាក់របស់លោក ញឹម ញន។ បើតាមលោក ញឹម ញន ស្វាយដែលមានតម្លៃ១៥០ទៅ៣០០រៀលក្នុងមួយគីឡូក្រាម ដោយសារកសិករទាំងនោះដុះដាំមិនត្រូវតាមស្តង់ដារ និងបច្ចកទេសនៃការថែទាំត្រឹមត្រូវ។ លើសពីនេះម្ចាស់ចម្ការស្វាយទាំងនោះមានផ្ទៃដីដាំដុះតូចៗ ដែលឈ្មួញគេមិនចាប់អារម្មណ៍ ពិសេសមិនបានចូលជាសមាជិកក្នុងសមាគមអ្នកដាំស្វាយទៀត ទើបបានជួបបញ្ហាដូច្នេះ។   ក្រៅពីមានកសិករលក់ស្វាយកែវរមៀតបានថ្លៃខ្ពស់ក្នុងឆ្នាំនេះ ក៏មានកសិករខ្លះលក់ស្វាយបានតម្លៃថោកផងដែរ។ លោក កប សេងលី ជាកសិករដាំស្វាយកែវរមៀតមួយរូប ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានលក់ស្វាយកែវរមៀតក្រៅកញ្ចប់កម្រិតលេខមួយ បានតម្លៃ៣០០រៀលក្នុងមួយគីឡូក្រាម ចំណែកកម្រិតលេខពីរលក់បាន១៥០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែស្វាយនៅក្នុងកញ្ចប់វិញ លោក សេងលី លក់បានត្រឹមតែ៨០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ បើតាមលោក កប សេងលី ស្វាយកែវរមៀតជាង១០០ដើមរបស់លោក គឺជាស្វាយធម្មជាតិ ដែលដាំទុកចោលគ្មានការថែទាំ និងមិនបាញ់ថ្នាំរក្សាឬការពារសត្វល្អិតអ្វីឡើយ។   កសិករដែលប្រមូលផលស្វាយលើកដំបូង លើការដាំអស់រយៈពេលជាង៤ឆ្នាំមកនេះ បានបន្ថែមថា៖«ចម្ការស្វាយដែលនៅជិតចម្ការខ្ញុំ ខ្លះគេលក់បានថ្លៃ ,ខ្លះទៀតក៏លក់បានតម្លៃថោកដូចខ្ញុំដែរ។ ហើយឆ្នាំក្រោយខ្ញុំ នឹងដាំស្វាយឱ្យត្រូវតាមបច្ចេកទេស វេចខ្ចប់ ការពារ ថែទាំឱ្យល្អ ដើម្បីលក់បានថ្លៃដូចទេដែរ»។   កាលពីពេលថ្មីៗនេះ ក៏មានវីដេអូបង្ហោះលើហ្វេសប៊ុកបង្ហាញពីសកម្មភាពប្រជាកសិករដាំស្វាយលក់ នៅខេត្តព្រៃវែង និងស្វាយរៀង បានបេះ និងចាក់ស្វាយចោលនៅក្នុងចម្ការផងដែរ ដោយសារគ្មានតម្លៃទីផ្សារសមរម្យ សម្រាប់ពួកគេ។   ត្រង់ចំណុចនេះលោក ហ៊ាន វណ្ណហន  រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា បញ្ហាស្វាយកែវរមៀតដែលមានតម្លៃទាប រហូតដល់ប្រជាកសិករ បានដឹកចាក់ចោលនេះ ដោយសារស្វាយទាំងនេះ ក្រិន សត្វទិច  គ្មានការវេចខ្ចប់ស្វាយត្រឹមត្រូវ ក្នុងអំឡុងពេលចេញផ្លែ ដែលមិនត្រូវតាមស្តង់ដារនៃទីផ្សារ។ ម្យ៉ាងវិញទៀតការផលិតស្វាយនៅក្នុងស្រុក គឺលើសពីតម្រូវទីផ្សារ។ ដូច្នេះឈ្មួញ មានសិទ្ធិជ្រើសរើសទំនិញដែលមានគុណភាព ដែលគេចង់បាន។   រដ្ឋលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖« តើកសិករផលិតស្វាយ៣ដងក្នុងមួយឆ្នាំ តើផ្គង់ផ្គង់ឱ្យទីផ្សារណា។ ហើយចំពោះស្វាយចំនួនដែលចាក់ចោល ឬលក់បានតម្លៃថោកនោះ គឺមិនមែនថាលក់មិនដាច់ឬគ្មានទីផ្សារនោះទេ ប៉ុន្តែគឺជាស្វាយដែលគេរើសបោះចោល។ មានន័យថា ជាស្វាយទាំងនោះមានរូបរាង ក្រិន សត្វទិច ស្នាមឬជាំ និងពណ៌សម្បុរមិនល្អជាដើម។ ព្រោះទីផ្សារមួយចំនួនមានគោលដៅស្តង់ដារច្បាស់លាស់ »។    តែយ៉ាងណាបញ្ហានេះលោក យង់ សាំងកុមារ ស្ថាបនិកអង្គការសេដាក យល់ឃើញថា ការធ្លាក់ចុះ ឬឡើងតម្លៃទីផ្សារនេះ មិនមែនមកពីបញ្ហាស្ដង់ដារទេ ប៉ុន្តែវាកើតចេញពីឈ្មួញក្រឡុកតម្លៃ ខណៈដែលពលរដ្ឋមិនទាន់យល់ដឹងពីតម្រូវការទីផ្សារ និងខ្វះព័ត៌មានទីផ្សារ។ ក្នុងន័យនេះលោក កុមារ ជំរុញឲ្យពលរដ្ឋបង្កើនទំនាក់ទំនងរកទីផ្សារមុន នឹងសម្រេចដាំដុះអ្វីមួយ។   « អ្នកខ្លះ គាត់មានទីផ្សារ មានដៃគូរច្បាស់លាស់ ដែលទទួលទិញទិន្នផលពីគាត់។ ដូច្នេះជារួមអ្នកដែលពូកែទំនាក់ទំនងទីផ្សារច្រើន គេជោគជ័យច្រើនជាង ។ អ៊ីចឹងបានកសិករយើង អ្នកខ្លះត្រូវការឲ្យមានអ្នកជំនាញជួយគាត់ឲ្យចេះផលិត ដើម្បីឲ្យស្របតាមទីផ្សារ និងតាមស្ដង់ដារមួយដែលគេចង់បាន។ ដូច្នេះវាជារឿងមួយ ដែលត្រូវការអ្នកជំនាញជួយកសិករមួយចំនួនបន្ថែមទៀត ប៉ុន្តែកសិករខ្លួនឯង ក៏ត្រូវជួយខ្លួនឯងដែរ»។ នេះជាការលើកឡើងរបស់ស្ថាបនិកអង្គការសេដាក។    ជាមួយគ្នានេះរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាន វណ្ណហន  ហាមប្រជាកសិករផលិតកសិកម្មដំណាំតាមគ្នា និងត្រូវដឹងពីតម្រូវការទីផ្សារឲ្យបានច្បាស់សិន ដើម្បីចៀសវាងហានិភ័យ នៃតម្លៃទីផ្សារដែលឈ្មួញក្រឡុក។ ជាពិសេសប្រជាកសិករគួរចូលក្នុងសមាគម ឬបង្កើតសមាគមអ្នកផលិតស្វាយ ដើម្បីអនុវត្តបច្ចេកទេសនៃការដាំដុះតាមស្ដង់ដារបច្ចេកទេស។   តែបញ្ហានេះ មិនមែនត្រឹមតែណែនាំឲ្យពលរដ្ឋយល់ដឹងពីទីផ្សារប៉ុណ្ណឹងទេ តែរដ្ឋាភិបាលក៏ត្រូវមានចំណែកជួយដោះស្រាយបញ្ហាជូនពលរដ្ឋដែរ។ ត្រង់ចំណុចនេះលោក យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក បានសង្គត់ធ្ងន់ថា រដ្ឋាភិបាលគួរតែជួយគាំទ្រឲ្យមានឧស្សាហ៍កម្មកែច្នៃក្នុងស្រុក ,ផ្ដល់អ្នកជំនាញនិងអ្នកប្រឹក្សាកសិករតាមបណ្ដាខេត្ត ជាពិសេសគាំទ្រឲ្យពាណិជ្ជកម្មខ្មែរពង្រីកទីផ្សារនាំស្វាយទៅក្រៅប្រទេសឲ្យបានច្រើន។ បើតាមលោក កុមារ រដ្ឋាភិបាលគួរតែដាក់ចេញគោលការណ៍បែបនេះ លើវិស័យកសិកម្ម ដើម្បីជួយដោះស្រាយបញ្ហាពលរដ្ឋលើផ្នែកនេះ ដោយមិនមែនត្រឹមតែករណីកសិផលស្វាយនោះទេ។   លោក អ៊ិន ឆៃវ៉ាន់ ប្រធានសមាគមកសិកម្មស្វាយកែវរមៀត នៅខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey ថា ស្វាយនៅក្រៅកញ្ចប់ដែលសមាគមប្រមូលទិញពីសមាជិកមានតម្លៃ៨០០ទៅ១០០០រៀលក្នុងមួយគីឡូក្រាម និងស្វាយក្នុងកញ្ចប់មានតម្លៃពី១២០០ទៅ១៥០០រៀល។ ចំពោះអ្នកលក់ស្វាយបានតម្លៃក្រោម៥០០រៀល ដោយសារស្វាយទាំងនោះ គ្មានស្តង់ដារ រូបរាងមិនល្អ និងគុណភាពមិនត្រូវនឹងទីផ្សាររបស់គេ។   បើតាមលោក អ៊ិន ឆៃវ៉ាន់  ចាប់ពីខែតុលាឆ្នាំ២០១៨មក សមាគមលោកបានផ្គត់ផ្គង់ផ្លែស្វាយឱ្យទីផ្សារវៀតណាមបានជាង១,១ម៉ឺនតោន ហើយនឹងព្យាយាមឱ្យគ្រប់តម្រូវការទីផ្សារចំនួន១,២ម៉ឺនតោន នៅចុងខែឧសភាឆ្នាំ២០១៩។ ដោយឡែកទីផ្សារប្រទេសថៃវិញ គឺសមាគមលោកមិនទាន់បានផ្គត់ផ្គង់ទេ ព្រោះលទ្ធភាពផលិតស្វាយក្នុងសមាគមនៅមានកម្រិត៕    
ភ្នំពេញ៖ បញ្ហាតម្លៃស្វាយនៅក្នុងទីផ្សារកំពុងក្លាយជាប្រធានបទ ឆ្លើយឆ្លងគ្នាពាក់ព័ន្ធទៅនឹងស្ដង់ដារ។ កសិករខ្លះលក់ស្វាយកែវរមៀត បានតម្លៃខ្ពស់ ដោយអះអាងថា ខ្លួនដាំត្រូវតាមបច្ចេកទេសស្ដង់ដារ ខណៈកសិករខ្លះ លក់បានក្នុងតម្លៃទាបពីឈ្មួញ ដោយសារកសិផលស្វាយមិនស្របតាមស្ដង់ដារ។ សម្រាប់អ្នកជំនាញកសិកម្មវិញ យល់ឃើញថា បញ្ហាតម្លៃស្វាយខ្ពស់-ទាបនេះ គឺមិនមែនមកពីបញ្ហាស្ដង់ដារទេ ប៉ុន្តែវាកើតចេញពីឈ្មួញក្រឡុកតម្លៃ ខណៈដែលពលរដ្ឋមិនទាន់យល់ពីតម្រូវការទីផ្សារច្បាស់។
  យុទ្ធនាការដែលប្រកាសដោយលោកអភិបាលរដ្ឋ នាំឲ្យកាលីហ្វនីញ៉ា ដែលមានពលរដ្ឋប្រមាណ៤០លាននាក់ ក្លាយរដ្ឋដំបូងបំផុតរបស់សហរដ្ឋអាម៉េរិក ដែលឈានមុខគេលើការជំវុញវ៉ាក់សាំងសម្រាប់បណ្តាសិស្សសាលា។   យោងតាមការផ្សាយរបស់សារព័ត៌មាន ABC យុទ្ធនាការសម្រាប់សិស្សសាលានេះ មិនអាចប្រព្រឹត្តទៅនៅដើមខែមករា ឡើយ ប៉ុន្តែអាចចាប់ផ្តើមយ៉ាងហោចណាស់នៅខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរ FDA បានការវាយតម្លៃពេញលេញទាក់ទងនឹងការចាក់ឲ្យកុមារអាយុក្រោម១៦ឆ្នាំ។   ទោះបីជាយ៉ាងណាក៏ដោយ លោកអភិបាលរដ្ឋ Newsom មកពីគណបក្សប្រជាធិបតេយ្យ លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានចាត់ចែងឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។   បច្ចុប្បន្ន ពលរដ្ឋអាមេរិកអាយុចាប់ពី១២ឆ្នាំឡើង អាចចាក់វ៉ាក់សាំង Pfizer។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោក Newsom បានអះអាងថា លោកចង់ឃើញ FDA អនុម័តឆាប់រហ័សលើករណីនេះ ដើម្បីជំរុញដំណើរការសាលារៀនពេញលេញឡើងវិញទូទាំងប្រទេស។   ជាមួយគ្នានេះ ABC បានរាយការណ៍ថា នៅរដ្ឋកាលីហ្វនីញ៉ា ក្មេងអាយុពី១២ ដល់១៧ឆ្នាំ ៦៣,៥ភាគរយហើយដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។ «យើងចង់បញ្ចប់ជីវិតជំងឺរាតត្បាតនេះ យើងនឿយហត់ដោយសារវាខ្លាំងណាស់»។ លោក Newsom បានត្អូញត្អែរយ៉ាងដូច្នេះ៕  
អភិបាលរដ្ឋកាលីហ្វនីញ៉ា លោក Gavin Newsom បានប្រកាសកាលពីថ្ងៃសុក្រ ដោយតម្រូវឲ្យសិស្សសាលាទាំងអស់ពីអាយុ១២ ដល់១៧ឆ្នាំ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្រោយបានភ្លើងខៀវពីអាជ្ញាធរឱសថ (FDA)។
  សភាជាន់ខ្ពស់កូរ៉េខាងជើង បានបើកកិច្ចប្រជុំលើកដំបូងនៃអាណត្តិទី១៤ របស់ខ្លួន ក្រោយការបោះឆ្នោតកាលពីថ្ងៃទី១០ ខែមីនាកន្លងមក។ ការរុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេស ជារបៀបវារៈសំខាន់នៃកិច្ចប្រជុំលើកដំបូងនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១២ ខែមេសា។   លោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតឲ្យបន្តកាន់តំណែងប្រធានគណៈកម្មការកិច្ចការរដ្ឋរបស់កូរ៉េខាងជើងមួយអាណត្តិទៀត។ លោក គីម កាន់តំណែងប្រធានតាំងពីគណៈកម្មការនេះត្រូវបានបង្កើតក្នុងឆ្នាំ២០១៦ មក។ គណៈកម្មការមួយនេះ ជាស្ថាប័នសម្រេចចិត្តខ្ពស់ជាងគេបំផុតរបស់កូរ៉េខាងជើង ហើយលោក គីម ប្រើប្រាស់តំណែងប្រធានគណៈកម្មការនេះ ជាងារផ្លូវការរបស់ខ្លួន។ KCNA ផ្សាយថា ការជាប់ឆ្នោតរបស់លោក គីម ជាព្រឹត្តការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ។   លើសពីនោះ លោក គីម ក៏ទទួលបានងារថ្មីមួយទៀតដែរ។ ជាលើកដំបូង ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងហៅលោក គីម ថា តំណាងកំពូលនៃប្រជាជនកូរ៉េទាំងអស់។ បើទីភ្នាក់ងារព័ត៌មាន AP ងារនេះត្រូវបង្កើតក្នុងក្រិត្យពិសេសមួយចេញកាលពីខែកុម្ភៈ ប៉ុន្តែត្រូវបានប្រើលើកទីមួយនៅថ្ងៃទី១២ ខែមេសាប៉ុណ្ណោះ។   អ្វីគួរកត់សម្គាល់នោះ តំណែងប្រធានសភា ដែលលោក Kim Yong-nam កាន់កាប់តាំងពីឆ្នាំ១៩៩៨ មក ត្រូវបានផ្លាស់ប្ដូរ។ លោក Choe Ryong-hae មន្ត្រីមានឥទ្ធិពលខ្លាំងនៅកូរ៉េខាងជើង និងជាអនុប្រធានគណៈកម្មការកិច្ចការរដ្ឋដែរ ក្លាយជាប្រធានសភាថ្មី។ តាមរដ្ឋធម្មនុញ្ញ ជាប្រធានសភា លោក Choe ក៏ក្លាយជាប្រមុខរដ្ឋកូរ៉េខាងជើងផងដែរ ដែលមានតួនាទីតំណាងកូរ៉េខាងជើងក្នុងកិច្ចការការទូត និងលើឆាកអន្តរជាតិ។   តំណែងសំខាន់មួយទៀតដែលត្រូវដោះដូរ គឺនាយករដ្ឋមន្ត្រី។ លោក Kim Jae-ryong សមាជិកជាន់ខ្ពស់បក្សកាន់អំណាច បានក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក Pak Pong-ju ។ លោក Pak កាន់តំណែងនេះតាំងពីឆ្នាំ២០១៣ មក ហើយជាមន្ត្រីសំខាន់ក្នុងការដឹកនាំការងារសេដ្ឋកិច្ចដែលដាក់ចេញដោយលោក គីម ។ លោក Pak ក៏បានត្រួតពិនិត្យការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំក្នុងវិស័យសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ដើម្បីជម្នះទណ្ឌកម្មអន្តរជាតិផងដែរ។   ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនពេលនេះ ធ្វើឡើងស្របពេលដែលកូរ៉េខាងជើងប្រឈមមុខបញ្ហាថ្មីៗជាច្រើន ស្របពេលដែលការយកចិត្តទុកលើវិស័យសេដ្ឋកិច្ចក្នុងស្រុកក្លាយជាអាទិភាពសំខាន់។ ការផ្លាស់ប្ដូរមន្ត្រីដែលមានវ័យចំណាស់ដោយមន្ត្រីវ័យក្មេងជាងនេះ ក៏អាចជួយដល់ការប្រឹងប្រែងរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងការផ្លាស់ប្ដូរមុខមាត់រដ្ឋកុម្មុយនីស្តដែលកំពុងធ្វើខ្លួនឲ្យរដ្ឋផ្សេងលើពិភពលោក៕ 
នៅកូរ៉េខាងជើង ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសំខាន់ៗ ត្រូវបានផ្លាស់ប្ដូរ លើកលែងតែមេដឹកនាំកំពូល គីម ជុងអ៊ុន ដែលរក្សាតំណែងចាស់ដដែល។ តំណែងនាយករដ្ឋមន្ត្រី និងប្រធានសភា ដែលមានភារកិច្ចលើកមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ ត្រូវបានដាក់មន្ត្រីថ្មីវ័យក្មេង ហើយស្និទ្ធលោក គីម ជុងអ៊ុន ។ សភាកូរ៉េខាងជើង នាកិច្ចប្រជុំនៅថ្ងៃទី១១ ខែមេសា បានអនុម័តសំណើដោះដូរនេះ ដែលស្នើដោយបក្សពលករកូរ៉េ។
  នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានឱ្យដឹងថា រដ្ឋបាលខេត្តសហការជាមួយ សសយក ខេត្ត គ្រោងនឹងរៀបចំពិធីមួយចំនួន ក្នុងន័យទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តខេត្តសៀមរាប។ កម្មវិធីទាំងនោះរួមមាន ការតាំងពិព័រណ៍ ជិះទូកតាមដងស្ទឹងសៀមរាប ផ្សារទឹក ការប្រគំតន្រ្តី តន្រ្តីស្គរដៃ។ល។ ពិធីទាំងនោះ រៀបចំនៅបរិវេណសួនច្បារព្រះរាជដំណាក់ តំបន់ផាប់ស្រ្ទីត និងតាម បណ្ដោយស្ទឹងសៀមរាប។ នេះជាការបញ្ជាក់ពីលោក លី វណ្ណៈ។   តាមមន្រ្តីដដែល ពិធីកម្សាន្តខាងលើនេះ ចាប់ផ្តើមដំណើរការពីថ្ងៃទី២៥ ធ្នូ រហូតដល់ថ្ងៃទី១ មករា ឆ្នាំ២០២៣ គឺមានរយៈពេល៨ថ្ងៃ។    ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្តលោក លី វណ្ណៈ ស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ កុំដំឡើងថ្លៃបន្ទប់ ស្នាក់ហួសហេតុ កុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ និងដើម្បីស្ថេរភាពវិស័យទេសចរណ៍ក្នុងខេត្ត សៀមរាបជាដើម។    ក្រៅពីនេះ ខេត្តសៀមរាប ក៏កំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍សំខាន់នៅដើមឆ្នាំ២០២៣ ផងដែរ នោះគឺការប្រារព្ធ ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលផ្អាករយៈពេល៤ឆ្នាំកន្លងមក។ ជាមួយនឹងព្រឹត្តិការណ៍ដ៏ធំនេះ រដ្ឋបាលខេត្តមានសុទិដ្ឋិនិយមថា នឹងមានទេសចរមកច្រើនចូលមកខេត្តសៀមរាប ដូចកំឡុងឆ្នាំមុនៗដែលមានព្រឹត្តិការណ៍នេះ។ យ៉ាងណា លោក លី វណ្ណៈ ពន្យល់ថា រដ្ឋបាលខេត្តកំពុងគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ និងលំហូរចរាចរណ៍កុំឱ្យកកស្ទះជាដើម៕  
សៀមរាប៖ ការតុបតែងលម្អតាមសណ្ឋាគារ និងតំបន់សំខាន់ៗក្នុងក្រុងសៀមរាប បានចាប់ផ្តើមតាំងពី ពាក់កណ្ដាលខែធ្នូ មកម្ល៉េះ។ ក្រៅពីកន្លែងឯកជន រដ្ឋបាលខេត្ត បានរៀចបំភ្លើងលម្អ និងគ្រឿងតែងលម្អតំបន់សំខាន់ៗ តាមទីសាធារណ ដើម្បីស្វាគមន៍នៃពិធីបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកល ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។
  ជម្លោះនៅ Nagorno-Karabakh នៅតែបន្តក្ដៅ ក្រោយបទឈប់បាញ់ពីរបីលើកបរាជ័យផ្ទួនៗ ទាំងមហាអំណាចជ្រោមជ្រែងក៏ដោយ។ ខណៈដែលចំនួនអ្នកស្លាប់ក្នុងការប្រយុទ្ធកម្លាំងផ្ដាច់ខ្លួនប្រចាំតំបន់ដែលគាំទ្រដោយអាមេនី និងកងទ័ពអាស៊ែបៃហ្សង់កើនលើសមួយពាន់នាក់ អាមេនី ក៏បោះដៃរកជំនួយសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន គឺរុស្ស៊ី។   នាយករដ្ឋមន្រ្តីអាមេនី Nikol Pashinyan បានសរសេរសំបុត្រសុំជំនួយជាផ្លូវការទៅកាន់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដោយស្នើឲ្យលោក ពូទីន ចាប់ផ្ដើមកិច្ចពិភាក្សាបន្ទាន់ពីជំនួយដែលផ្ដល់ឲ្យទីក្រុងយេរេវ៉ាន់។ ការសុំជំនួយរបស់អាមេនី ធ្វើឡើងក្រោយអាមេនី និងអាស៊ែបៃហ្សង់បរាជ័យក្នុងការឈានដល់បទឈប់បាញ់ជាថ្មីនៅថ្ងៃទី៣០ ខែតុលា ហើយការប្រយុទ្ធគ្នានៅ Nagorno-Karabakh បន្តកើតមានដល់ថ្ងៃទី៣១ ខែតុលា។   ការសុំជំនួយនេះ ក៏ធ្វើឲ្យមានក្ដីបារម្ភថា រុស្ស៊ី នឹងត្រូវអូសចូលជម្លោះរាប់សិបឆ្នាំមកនេះជាមួយតួកគីដែលជាអ្នកពីក្រោយរបស់ទីក្រុងបាគូ។ នៅអាមេនី រុស្ស៊ីមានមូលដ្ឋានទ័ពនៅទីក្រុងធំជាងគេទីពីររបស់ប្រទេសនេះ ហើយមានសន្ធិសញ្ញាការពារគ្នាផង។    ពាក់ព័ន្ធសំណើរបស់អាមេនី ក្រសួងការបរទេសរុស្ស៊ី ប្រកាសថា មូស្គូនឹងផ្ដល់ជំនួយដល់សម្ព័ន្ធមិត្តរបស់ខ្លួន។ ខណៈកិច្ចព្រមព្រៀងទ្វេភាគីមិនរាប់បញ្ចូលតំបន់ Nagorno-Karabakh ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា ជំនួយនឹងមានសម្រាប់អាមេនី តែនៅពេលការប្រយុទ្ធរាលដាលចូលទឹកដីអាមេនីប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova លើកឡើងថា ទម្រង់ជាក់លាក់នៃជំនួយ នឹងត្រូវពិភាក្សាផងដែរ។   «នាយករដ្ឋមន្ត្រីអាមេនី បានស្នើឲ្យប្រធានាធិបតីរុស្ស៊ីផ្ដើមការពិគ្រោះយោល់បន្ទាន់ដោយមានគោលដៅកំណត់ប្រភេទ និងទំហំជំនួយដែលសហព័ន្ធរុស្ស៊ីផ្ដល់ឲ្យអាមេនីដើម្បីការពារសន្តិសុខរបស់ខ្លួន។» ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់បែបនេះនៅថ្ងៃទី៣១ ខែតុលា ដោយសំដៅដល់សន្ធិសញ្ញាមិត្តភាពឆ្នាំ១៩៩៧។     យ៉ាងណាមិញ លោក Carey Cavanaugh អតីតមន្ត្រីទូតអាមេរិកប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រុស្ស៊ីដឹងច្បាស់ពីភាពប្រថុយប្រថាន បើសម្រេចបញ្ចេញទ័ពជួយអាមេនីតទល់អាស៊ែបៃហ្សង់ដែលមានតួកគីចាំជួយដែរនោះ។ សម្រាប់រូបលោក អ្វីដែលរុស្ស៊ីអាចជួយបាន គឺការបញ្ចេញទ័ពដែលមានស្រាប់នៅអាមេនីដើម្បីជួយពង្រឹងកិច្ចការពារព្រំដែន ឬការសម្របសម្រួលលំហូរជនភៀសខ្លួន៕    
រុស្ស៊ី បានប្រកាសនៅថ្ងៃទី៣១ ខែតុលា ថា នឹងជួយអាមេនីតាមកិច្ចព្រមព្រៀងការពារជាតិកន្លងមក បើការប្រយុទ្ធគ្នានៅតំបន់ Nagorno-Karabakh ក្នុងទឹកដីអាស៊ែបៃហ្សង់ រាលដាលចូលទឹកដីអាមេនីនោះ។ អាមេនី បានស្នើសុំជំនួយរួចហើយពីរុស្ស៊ី និងស្នើឲ្យទីក្រុងមូស្គូចាប់ផ្ដើមគិតគូរការផ្ដល់ជំនួយផ្នែកសន្តិសុខដល់ខ្លួន ព្រោះជម្លោះជាមួយអាស៊ែបៃហ្សង់ នៅមិនទាន់ថមថយ ហើយស្ថិតលើផ្លូវរាលដាលចូលទឹកដីអាមេនីតែម្ដង។ ទោះព្រមជួយ ក្រុងមូស្គូនៅប្រាប់ឲ្យភាគីទាំងពីរបន្តការចរចា។
  ដូចនេះ យើងខ្ញុំនឹងបង្ហាញលោកអ្នកនូវម៉ាកយីហោល្បីៗទាំង ៥ ដែលប្រជាជនកម្ពុជាតែងតែចូលចិត្ត និងចង់បាន។      1.  Pedro គឺជាផលិតផលដ៏ប្រណិតនិងស៊ីវិល័យបំផុតជាមួយនឹងការរចនាបែបបុរាណប៉ុន្តែទាន់សម័យ។ យីហោនេះបានបង្កើតឱ្យមាននូវកិត្យានុភាពដ៏មានអំណាចដែលបង្ហាញពីបុគ្គលលក្ខណៈយ៉ាងម៉ត់ចត់ តាមរយៈភាពច្នៃប្រឌិតពីសិល្បៈនៃម៉ូដនីមួយៗ ដែលធ្វើឱ្យមនុស្សជាច្រើនក្នុងប្រទេសកម្ពុជាប្រាថ្នាចង់បាននូវផលិតផលរបស់យីហោនេះដូចជា ស្បែកជើង កាបូប និងគ្រឿងតុបតែងជាច្រើនមុខសម្រាប់មនុស្សពេញវ័យ និងកុមារ។ តម្លៃរបស់ Pedro គឺសមរម្យអាចទទួលយកបានហើយមានគុណភាពល្អ។ Pedro បានបង្ហាញវត្តមាននៅតាមបណ្តាផ្សារទំនើបជាច្រើនដូចជា ផ្សារទំនើបអ៊ីអន ម៉ល សែនសុខ, អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើបជីបម៉ុង -ល-។   2.  Brown Coffee ជាម៉ាកយីហោក្នុងស្រុកដ៏ល្បីនិងឈានមុខគេនៅប្រទេសកម្ពុជា។ ក្រុមសហគ្រិនវ័យក្មេងកម្ពុជាជាច្រើនបានទទួលយកវប្បធម៌ផឹកកាហ្វេសម្រាប់ការជួបជុំគ្នា ឬសម្រាប់ពេលទំនេររបស់ពួកគេ ហើយកាហ្វេ Brown នៅតែជាកន្លែងដ៏ល្អក្នុងការទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងការប្រជុំការងារផ្សេងៗដែលពួកគេអាចទទួលបាននូវអាហារ និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់។ លើសពីនេះកាហ្វេ Brown បានដុតកាហ្វេផ្ទាល់ខ្លួនដើម្បីផ្តល់រសជាតិកាន់តែឆ្ងាញ់ និងមានគុណភាព។ កាហ្វេ Brown បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីជាមួយនឹងការផ្តល់សេវាកម្មល្អដល់អតិថិជនប្រកបដោយភាពរួសរាយរាក់ទាក់ និងក្រុមការងារដែលមានធនធានល្អ ដែលជាហេតុផលធ្វើឱ្យមនុស្សជាច្រើនចូលចិត្ត Brown និងជាជម្រើសទី១ក្នុងពេលផឹកកាហ្វេ។ ម្យ៉ាងទៀតវាមានទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ ក្រុព្រះសីហនុ និងខេត្តសៀមរាប -ល- ដូច្នេះអតិថិជនពិតជាងាយស្រួលក្នុងការរកកាហ្វេ Brown ។      3.  រថយន្ត MG: MG គឺជាម៉ាកយីហោដ៏ល្បីរបស់ចក្រភពអង់គ្លេសហើយបានផលិតឡើងតាំងពីឆ្នាំ1924 និងមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ2011មកម្ល៉េះ ជាមួយនឹងរថយន្តដែលលក់ដាច់បំផុតដូចជារថយន្ត MG GT, MG6, MG ZS និង MG HS ។ ប្រជាជនកម្ពុជាតែងតែណែនាំអ្នកទិញរថយន្តឱ្យទិញម៉ាកយីហោ MG ព្រោះវាបានផ្តល់នូវតម្លៃយ៉ាងសមរម្យដោយមានចាប់ពី 30,000$ ឡើងទៅប៉ុណ្ណោះ ដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យក្នុងប្រទេសកម្ពុជាដូចជា ការប្រើប្រាស់ជាលក្ខណៈគ្រួសារឬផ្ទាល់ខ្លួន, កាន់តែស័ក្តិសមសម្រាប់សហគ្រិនវ័យក្មេង, តារាងសម្តែងដែលមានឥទ្ធិពលលើបណ្តាញសង្គម, និងមន្ត្រីរាជការជាដើម។ វាពិតជាមានហេតុផលជាច្រើនដែលធ្វើឱ្យប្រជាជនកម្ពុជាបានរក្សាយីហោMGក្នុងចិត្តនិងជារថយន្តក្នុងក្តីស្រមៃរបស់ពួកគេ ព្រោះវាជាយានជំនិះដែលអាចមានភាពទាន់សម័យ, គុណភាពល្អ, តម្លៃលក់ចេញខ្ពស់, មានបច្ចេកវិទ្យាថ្មីដ៏ឆ្លាតវៃ, និងលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពជាច្រើន ដែលអាចធានាសុវត្ថិភាពដល់អ្នកបើកបរ និងអ្នករួមដំណើរ។     4.  ម៉ូតូ NCX Honda ដែលជាម៉ូតូរបស់ប្រទេសជប៉ុន ហើយវាគឺជាផលិតផលដ៏ល្បីល្បាញ និងជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យម៉ូតូនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Honda ពិតជារីកដុះដាលនិងមានអ្នកចែកចាយបន្តទាំងតូចទាំងធំរាប់រយតំណាងនៅទូទាំងប្រទេសកម្ពុជា។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនជាច្រើនវ័យច្រើនស្ទីល ក្រុមហ៊ុនហុងដាបានចេញម៉ូតម៉ូតូជាច្រើនម៉ូដែលដូចជា Honda Dream 125cc, Honda Wave, Honda Beat, Honda Zoomer-X, Honda Scoopy -ល-។ ដូច្នេះហើយទើបបានអតិថិជនពួកគេទទួលបានជម្រើសកាន់តែច្រើន និងស័ក្តិសមគ្រប់ស្ថានភាពប្រើប្រាស់។     5.  ផ្សារទំនើបឡាក់គី: ភាគច្រើននៃប្រជាជនដែលរស់នៅទីក្រុងភ្នំពេញតែងតែដើរទិញទំនិញនៅផ្សារទំនើបឡាក់គី ព្រោះនៅទីនោះ ពួកគេអាចទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើន បន្ទាប់ពីពួកគេចេញពីធ្វើការ ហើយពួកគេមិនអាចទិញទំនិញពីតាមបណ្តាផ្សារទូទៅដូចជា ផ្សារអូរឬស្សី ផ្សារអូឡាំពិក ឬផ្សារថ្មីបានទេ ព្រោះផ្សារទាំងនោះនឹងបិទនៅម៉ោង៥ល្ងាច ទើបធ្វើឱ្យពួកគេជ្រើសរើសផ្សារឡាក់គី។ មិនមែនដោយសារតែពេលវេលាទេដែលធ្វើឲ្យមនុស្សជ្រើសរើសផ្សារទំនើបឡាក់គី ប៉ុន្តែមានរបស់របរនិងទំនិញជាច្រើនដូចជា គ្រឿងទេស សម្ភារៈផ្ទះបាយ ផលិតផលថែរក្សាស្បែក អាហារភេស្ផ និងទំនិញសំខាន់ៗជាច្រើនដែលអាចរកបាននៅផ្សារឡាក់គី។ បន្ថែមលើសពីនេះ ឡាក់គីក៏មានសាខាជាច្រើនដែលធ្វើឱ្យប្រជាជនកម្ពុជាងាយស្រួលរកជាវទំនិញ។ នេះហើយជាមូលហេតុដែលធ្វើឱ្យមនុស្សចូលចិត្តទៅទីនោះក្នុងការទិញទំនិញល្អៗ។   សរុបមក គឺមានផលិតផលជាច្រើនបាននាំចូលមកទីផ្សារប្រទេសកម្ពុជា ក៏ប៉ុន្តែមិនមែនគ្រប់ផលិតផលទាំងអស់សុទ្ធតែជារបស់ដែលមនុស្សប្រាថ្នាចង់បាននោះទេ ព្រោះវប្បធម៌នៃការគិតរបស់ប្រជាជនកម្ពុជាគឺគិតលើតម្លៃសមរម្យនិងមានគុណភាពខ្ពស់។ ដូច្នេះ ម៉ាកយីហោល្បីៗទាំង ៥ ដែលបានរៀបរាប់ខាងលើគឺជាផលិតផលក្នុងក្តីស្រមៃរបស់ប្រជាជនខ្មែរយើង ដែលមានដូចជា រថយន្ត ម៉ូតូ ភេសជ្ជៈ ចំណីអាហារ សំលៀកបំពាក់ និងផ្សារទំនើប ដែលធ្វើជាផលិតផលធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពងាយស្រួល និងផាសុកភាព៕   (អត្ថបទពាណិជ្ជកម្ម)   
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានផលិតផលទាំងក្នុងស្រុក និងនាំចូលពីប្រទេសផ្សេងៗក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាជន។ មនុស្សភាគច្រើនចូលចិត្តម៉ាកយីហោក្នុងស្រុក ហើយដោយសារការអភិវឌ្ឍន៍ក្នុងប្រទេសមានការរីកចម្រើនឡើង ទើបធ្វើឱ្យមានជម្រើសកាន់តែច្រើនក្នុងការនាំចូលនូវផលិតផលល្បីៗមកកាន់ទីផ្សារប្រទេសកម្ពុជា ដូចជា រថយន្ត ចំណីអាហារនិងភេសជ្ជៈ ឬសម្លៀកបំពាក់ជាដើម ដូច្នេះហើយប្រជាជនទាំងអស់ក៏មានជម្រើសច្រើនក្នុងចិត្ត ក៏ប៉ុន្តែម៉ាកយីហោ ឬផលិតផលដែលមនុស្សចូលចិត្តនិងស្រមៃចង់ក្លាយជាម្ចាស់ឬប្រាថ្នាចង់ប្រើប្រាស់នោះគឺមិនមានច្រើននោះទេ។
  ដើម្បីអបអរចំពោះការដាក់ឲ្យប្រើប្រាស់សេវាថ្មីបន្ថែមនេះ តារាផេ នឹងផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អតិថិជន គឺការបង់ថ្លៃទឹក-ភ្លើង មិនគិតថ្លៃសេវា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ ឆ្នាំ២០១៨។   ដើម្បីទទួលបានប្រូម៉ូសិននេះ លោកអ្នកគ្រាន់តែធ្វើដំណើរទៅកាន់ភ្នាក់ងារ តារាផេ ដែលមានច្រើនជាង ២៣០០ កន្លែង ទូទាំងប្រទេស ហើយបង់វិក្កយបត្រទឹក-ភ្លើង ជាមួយភ្នាក់ងារតារាផេ ជាការស្រេច។    គួរបញ្ជាក់ផងដែរថា  លោកអ្នកអាចដាក់ប្រាក់ ចូលក្នុងកាបូបលុយអេឡិចត្រូនិកតារាផេ ឬតារាផេ App  របស់ខ្លួន ដោយគ្រាន់តែធ្វើដំណើរទៅកាន់ភ្នាក់ងារតារាផេ ដែលនៅជិតខ្លួនបំផុត ឬផ្ទេរប្រាក់ពីគណនីសន្សំ ឬគណនីចរន្ត នៃធនាគារកាណាឌីយ៉ា (CASA Account) ឬគណនីសន្សំ ឬគណនីចរន្ត នៃធនាគារប្រៃសណីយ៍កម្ពុជា ដែលមានភាពងាយស្រួល រហ័ស និងមិនគិតថ្លៃសេវា។   សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន របស់តារាផេ តាមទូរស័ព្ទលេខ 081 799 888 ឬ 023 989 809 ទំព័រហ្វេសប៊ុកផ្លូវការរបស់ តារាផេ។  មិនទាន់មានកម្មវិធីតារាផេ App មែនទេ? សូមទាញយកឥឡូវនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS តាមលីងខាងក្រោម៖ https://goo.gl/7tvY1E តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង!!!
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលមានស្លាកសញ្ញាពាណិជ្ជកម្ម តារាផេ មានចក្ខុវិស័យដ៏ចម្បង គឺការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។ ឥឡូវនេះ អតិថិជនទាំងអស់ អាចទូទាត់វិក្កយបត្រទឹក-ភ្លើង គ្រប់ខេត្ត ក្រុង ឬស្រុក តាមរយៈ តារាផេបានហើយ។ ងាយស្រួលបំផុត ដោយលោកអ្នក អាចបង់ប្រាក់ដោយផ្ទាល់ តាមភ្នាក់ងារតារាផេ ឬតាមរយៈកម្មវិធី តារាផេ App នៅក្នុងស្មាតហ្វូនរបស់លោកអ្នក។ 
  សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដូចតទៅនេះ៖   លោក លឹម ហេង អះអាងថា រដ្ឋាភិបាលមិនអាចបិទការនាំចូលបានទេ ព្រោះថាជារបបទីផ្សារសេរី ហើយណាមួយធ្វើឲ្យប្រជាពលរដ្ឋត្រូវទិញផលិតផលក្នុងតម្លៃថ្លៃជាងសព្វថ្ងៃ។  «ទីផ្សារសេដ្ឋកិច្ចសេរី អ្នកណាប្រកួតប្រជែងឈ្នះ គឺទទួលជោគជ័យ ហើយអ្នកដែលមិនអាចប្រកួតប្រជែងទីផ្សារបាន អាចរកមុខរបរផ្សេងហើយ។ ប៉ុន្តែយើងអាចជួយកាត់បន្ថយថ្លៃដើមគាត់»។  នេះជាការគូសបញ្ជាក់របសលោក លឹម ហេង ។ លោកបន្តដូច្នេះទៀតថា៖«សគ្រាសធុនតូចនិងមធ្យមត្រូវការគាំពារ ការពារ និងឧបត្ថម្ភធន ច្រើនណាស់ ដើម្បីឲ្យគាត់ប្រកួតប្រជែងក្នុងអាស៊ានបាន»។   ក្នុងការជួយពង្រឹងSME នេះ លោក លឹម ហេង ជំរុញឲ្យមានការបង្កើតតំបន់សហគ្រាសធុនតូចនិងមធ្យមពិសេស នៅទូទាំងប្រទេស។ លោកបញ្ជាក់ថា ការប្រមូលផ្ដុំSME បែបនេះ នឹងទាក់ទាញការផ្ដល់កម្ចីពីធនាគារ បង្កភាពងាយស្រួលក្នុងការបណ្ដុះបណ្ដាល ហើយរដ្ឋត្រូវតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗចូលក្នុងតំបន់ទាំងនោះ ព្រមជាមួយគោលនយោគាំទ្រនានា។   ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មរូបនេះ ណែនាំឲ្យសហគ្រាសខ្លួនឯង ត្រូវពង្រឹងធនធានមនុស្ស និងធ្វើទំនើបកម្មការផលិត ដោយមិនអាចនៅតែផលិតលក្ខណៈសិប្បកម្មគ្រួសារនោះទេ៕  
ភ្នំពេញ៖ សហគ្រាសធុនតូចនិងមធ្យម(SME) សព្វថ្ងៃ កំពុងប្រឈមបញ្ហាផលិត ដែលពិបាកនឹងប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ក្នុងបរិបទទីផ្សារសេរី និងសហគមន៍សេដ្ឋកិច្ចអាស៊ាន បើមិនអាចផលិតឲ្យមានភាពប្រកួតប្រជែងទេ SME ចង់មិនចង់ ត្រូវប្រឈមបញ្ហា។ តែជាមួយគ្នានេះ រដ្ឋាភិបាលត្រូវគាំទ្រដល់ SME ដើម្បីពង្រឹងការផលិតឲ្យមានភាពប្រកួតប្រជែង។
  ត្បូងឃ្មុំ៖  លោក ថន ភា បានដាំស្រកានាគពណ៌ស្វាយ នៅខេត្តត្បូងឃ្មុំ រយៈពេល៧ឆ្នាំមកហើយ។ ចម្ការស្រកានាគពណ៌ស្វាយដែលមានផ្ទៃដី១ហិកតា របស់លោក បានផ្ដល់ទិន្នផល៨-៩តោនក្នុងមួយឆ្នាំ។ កសិកររូបនេះបានលើកឡើងថា រយៈពេល៣ឆ្នាំចុងក្រោយ ដំណាំស្រកានាគរបស់លោក បានជួបបញ្ហារោគផ្សិត និងរលួយដើម ប៉ុន្តែលោកមិនបានបោះបង់ឡើយ ដោយលោកបានរកវិធីសាស្រ្តដើម្បីថែដំណាំឱ្យល្អឡើងវិញ។   ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ថន ភា កសិករដាំស្រកានាគនៅខេត្តត្បូងឃ្មុំ ជាមួយលោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ដូចតទៅ៖      រស់នៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ លោក ថន ភា បានដាំស្រកានាគពណ៌ស្វាយ  នៅលើផ្ទៃជាង១ហិកតា ដោយមានស្រកានាគចំនួន ២៥០០ជន្លង់ ឬបង្គាល ហើយក្នុង១ជន្លង់ដាំបាន២ដើម។ ក្នុងមួយឆ្នាំ ស្រកានាគរបស់លោក បានផ្ដល់ទិន្នផល ៨-៩តោន ដែលអាចប្រមូលផលបាន៧ខែ គឺគឺចាប់ពីខែឧសភា ដល់ពាក់កណ្ដាលខែវិច្ឆិកា។ មានបទពិសោធន៍៧ឆ្នាំ លោក ថន ភា បានឱ្យដឹងថា នៅពេលលោកចាប់ផ្ដើមដាំដំណាំនេះពីដំបូងមិនជួបបញ្ហាអ្វីឡើយ ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ស្រកានាគរបស់លោក មានបញ្ហារោគផ្សិត និងរលួយដើម។    លោក ថន ភា បានរៀបរាប់ដូច្នេះ៖«ដំណាំហ្នឹង[ស្រកានាគពណ៌ស្វាយ] បើយើងថាងាយក៏មិនងាយ ថាលំបាកក៏មិនលំបាកពេក។ តែប្រហែលបីឆ្នាំនេះ  វាមានបញ្ហាស្អុយ រលួយដើមខ្លាំងមែនទែន។ ខ្ញុំចង់ធ្លាក់ទឹកចិត្ត លែងចង់ដាំទៀត តែខ្ញុំចេះតែមើលតាមបច្ចេកទេសដាំតាមយូធូប និងមើលគ្រូខាងកសិកម្មពន្យល់។ ខ្ញុំខំអនុវត្ត ខំថែ ឥឡូវ បានគ្រាន់បើប្រហែស៧០ ទៅ៨០ភាគរយហើយ »។    ដ្បិតដាំណាំស្រកានាគមួយចំនួនរបស់លោកជួបបញ្ហា កសិករវ័យ៣៨ឆ្នាំរូបនេះ នៅតែអាចលក់ផ្លែស្រកានាគដែលមានផ្សិតបាន ក្នុងតម្លៃទាបជាងស្រកានាគធម្មតាពាក់កណ្ដាល។ ស្រកានាគមានផ្សិតឬស្អុយដើម លោក ថន ភា លក់បោះដុំក្នុងតម្លៃពី១៥០០ ទៅ២០០០រៀលក្នុង១គីឡូក្រាម ។ រីឯ ស្រកានាគលេខ១ លោកលក់បោះដុំក្នុងតម្លៃ ៤០០០ ទៅ៥០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបានបន្ថែមថា រៀងរាល់ខែសីហាស្រកានាគ លំបាកលក់លើទីផ្សារ ព្រោះជាខែដែលសម្បូរស្រកានាគ៕  
ដោយ៖ ជី ចំរ៉ុង 
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅតាមអគារធំៗបច្ចុប្បន្ន និងអនាគត នឹងរៀបការចំបណ្ដាញឧស្ម័ន សម្រាប់យកទៅប្រើប្រាស់ ដែលទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ ដើម្បីងាយស្រួលទប់ស្កាត់ហានិភ័យនានា ពីការបែកធ្លាយផ្ទុះឧស្ម័ន ឬហ្គាសនេះ ប្រមុខរដ្ឋាភិបាល បានណែនាំឱ្យរដ្ឋមន្រ្តីរ៉ែ និងថាមពល រៀបចំប្រព័ន្ធគ្រប់គ្រងឧស្ម័ន នៅតាមសំណង់បណ្ដាអគារធំៗ ឱ្យបានច្បាស់លាស់។   «ខ្ញុំឱ្យគិតគូរពីប្រព័ន្ធអូសហ្គាសចូលក្នុងផ្ទះ ព្រោះអគារយើងថ្ងៃក្រោយ សុទ្ធតែអគារខ្ពស់ និងប្រើប្រព័ន្ធហ្គាសច្រើន ព្រោះមនុស្សថ្ងៃក្រោយលែងប្រើអុសដុតហើយ គឺប្រើហ្គាស។ អ៊ីចឹងត្រូវមានប្រព័ន្ធសុវត្ថិភាព ត្រូវគ្រប់គ្រងយ៉ាងម៉េច ព្រោះបើដាក់(រៀបចំ)មិនស្រួល ផ្ទុះមួយអគារ។ ត្រូវគិតឱ្យហើយ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា នៅតាមបណ្ដាប្រទេសធំៗ ដូចជាអង់គ្លេសជាដើម ក៏ធ្លាប់មានករណីផ្ទុះឧស្ម័ន ឬហ្គាសនេះ ដែលនាំឱ្យខូចខាតអគារធំៗជាច្រើនមកហើយ។   បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឱ្យលោក កែវ រតនៈ រដ្ឋមន្រ្តីរ៉ែ និងថាមពល និងលោក សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សហការគ្នា ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងអគារ តាមស្ដង់ដារ ដូចជាប្រព័ន្ធអគ្គិសនី ទឹក និងឧស្ម័នជាដើម។ ជាមួយគ្នានេះ រដ្ឋាភិបាល ក៏គ្រោងរៀបចំឱ្យមានក្រុមហ៊ុន ចែកចាយឧស្ម័ននៅតាមតំបន់នីមួយៗឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលគ្រប់គ្រង និងទទួលខុសត្រូវ។ ត្រង់ចំណុចនេះ សម្ដេចធិបតី បានពន្យល់ថា៖«ប្រជាពលរដ្ឋឥឡូវ ទិញហ្គាសដាក់ធុងមក ហើយកន្លែងខ្លះមានផ្ទុះធុងហ្គាស។ ប៉ុន្តែថ្ងៃក្រោយអត់(ធ្វើបែបនេះ)ទេ គឺនឹងមានក្រុមហ៊ុនមួយ ផ្គត់ផ្គង់ជាតំបន់ ដោយគាត់រៀបចំ(បណ្ដាញឧស្ម័ន) ដូចជាប្រព័ន្ធខ្សែកាបឥឡូវអ៊ីចឹង ដូចប្រព័ន្ធទឹកឥឡូវអ៊ីចឹង។ ថ្ងៃក្រោយលក់ហ្គាស គេរៀបចំទុយោ(បណ្ដាញហ្គាស)»។   សម្ដេច ហ៊ុន សែន បានបន្ថែមថា បើថ្ងៃក្រោយប្រតិបត្តិករលក់ឧស្ម័ន ឬហ្គាស មិនបានរៀបចំប្រព័ន្ធទាំងនេះ ឱ្យត្រូវតាមស្ដង់ដារទេនោះ វានឹងបង្កឱ្យមានហានិភ័យ។ ដូច្នេះវាទាមទារឱ្យរៀបចំប្រព័ន្ធបញ្ជូនហ្គាសតាមស្ដង់ដារ។
សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យលោក កែវ រតនៈ រដ្ឋមន្រ្តីរ៉ែ និងថាមពល រៀបចំប្រព័ន្ធគ្រប់គ្រងឧស្ម័នឱ្យបានត្រឹមត្រូវ សម្រាប់ទប់ស្កាត់ហានិភ័យផ្ទុះសំណង់អគារធំៗ។ សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ មិថុនា។
អត្ថបទទាក់ទង   EPL៖ អត់ Kane តែ Son ស៊ុត១គ្រាប់ជួយ Spurs ឈ្នះជើងឯកចាស់ Man City នៅជំនួបបើកឆាក   Man City ត្រៀមកញ្ចប់លុយ១៧៥លានដុល្លារ ដើម្បីយក Kane ពី Spurs    ខ្សែប្រយុទ្ធ និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ដែលត្រូវបានគេរាយការណ៍ថាចង់ចាកចេញពី Spurs នៅរដូវកាលនេះ មិនស្ថិតក្នុងបញ្ជីឈ្មោះរបស់អ្នកចាត់ការលោក Nuno Espirito Santo ឡើយ នៅពេលក្រុមធ្វើដំណើរទៅព័រទុយហ្កាល់ដើម្បីប្រកួតជម្រុះពានរង្វាន់ថ្មី ECL។    នេះជាលើកទីពីរហើយដែល Kane ម្ចាស់ស្បែកជើងមាសរដូវកាលមុនអវត្តមាន បន្ទាប់ពីខកខានក្នុងការប្រកួតដែលមាន់ខ្នាយមាសឈ្នះ Manchester City ១-០ នៅជំនួបបើកឆាក Premier League រដូវកាល ២០២១-២២។ Man City នេះហើយ ជាក្រុមដែលកំពុងព្យាយាមទិញយក Kane ពី Spurs ក្នុងតម្លៃកំណត់ត្រានៅអង់គ្លេស។ នេះបើតាមការផ្សាយរបស់កាសែត BBC។   យ៉ាងណាក៏ដោយលោក Santo អ្នកចាត់ការថ្មី Spurs នៅតែជឿជាក់ថា Kane នឹងត្រឡប់មកចូលក្រុមវិញមិនថាថ្ងៃនេះ ថ្ងៃស្អែក ឬក៏ថ្ងៃបន្ទាប់ទោះខកខានពីរប្រកួតទល់ Man City និងPacos de Ferreira នេះក្តី។    អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់បន្ថែមក្នុងសន្និសីទថា៖ «Kane កំពុងមានសុខភាពល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។ គាត់នឹងចូលរួមជាមួយក្រុមនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ហើយើងនឹងសម្រេចចិត្តថា Kane អាចបង្ហាញខ្លួនទល់នឹង Wolves ក្នុងជំនួបលីគនៅសប្តាហ៍នេះឬក៏អត់» ។   ក្រោយវត្តមានលើកទី២ របស់ខ្សែប្រយុទ្ធឆ្នើមវ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញថា Kane និង Spurs កាន់តែកៀកនឹងការចែកផ្លូវគ្នាហើយ។ ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា Kane បានប្រាប់ប្រធានក្លិប Spurs លោក Daniel Levy រួចហើយនៅចុងរដូវកាលមុនថារូបគេចង់ចាកចេញ ដើម្បីប្រជែងយកពានរង្វាន់ធំៗជាមួយក្រុមផ្សេង។   បើតាមការផ្សាយរបស់កាសែត TheGuardian កន្លងមក ក្លិបមាន់ខ្នាយមាសធ្លាប់បដិសេធសំណើររបស់ Man City ដើម្បីសុំទិញប្រធានក្រុមជម្រើសជាតិអង់គ្លេសម្តងរួចមកហើយក្នុងតម្លៃ ១៣៨លានដុល្លារ។ Spurs បានទាមទាតម្លៃរហូតដល់ទៅ ២០៧លានដុល្លារឯណោះ បើទោះខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះចង់ចាកចេញក៏ដោយ។   អ្នកចាត់ការទូទៅលោក Pep Guardiola បានបញ្ជាក់ដែលថា Man City ចង់នាំយក Kane ទៅរួមក្រុមក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស បន្ទាប់ពីក្រុមរហស្សនាមមេឃខៀវ បានចុះហត្ថលេខាទិញយក Jack Grealish ពី Aston Villa រួចហើយ ក្នុងតម្លៃកំណត់ត្រា ១៣៨ លានដុល្លារ៕  
Harry Kane មិនមានឈ្មោះលេងឱ្យក្រុម Tottenham Hotspur ក្នុងការប្រកួតវគ្គជម្រុះ Europa Conference League (ECL) នៅថ្ងៃទី១៩ ខែសីហា ទល់នឹងក្រុម Pacos de Ferreira។ អវត្តមានជាលើកទី២នេះ ស្របពេលរឿងរ៉ាវនៃការផ្ទេរប្រធានក្រុម Spurs កាន់តែកៀក។
សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនដែលមករកស៊ីទាំងអស់ ត្រូវស្ថិតនៅក្រោមច្បាប់កម្ពុជា ទោះមកពីប្រទេសណា ឬមានទុនវិនិយោគច្រើនយ៉ាងណាក៏ដោយ។ និយាយចំណុចនេះសម្ដេច ស ខេង ក៏បានរំឭកដល់ក្រសួងដែលមានសិទ្ធសម្រេចអនុញ្ញាតដល់អ្នកវិនិយោគទាំងអស់ ត្រូវពិនិត្យលើក្រុមហ៊ុនដែលមានគម្រោងមកវិនិយោគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យច្បាស់ថា តើពួកគេមានលុយពិតឬមិនពិត ហើយមានប្រវត្តិក្រុមហ៊ុនត្រឹមត្រូវដែរទេ?   ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងទី១ មីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងដូច្នេះថា៖« ថ្នាក់លើត្រូវតែផ្ដល់ព័ត៌មានដល់ថ្នាក់ខេត្តឲ្យដឹងអំពី ដើម្បីជួយកុំឲ្យមានបញ្ហា និងបន្ទោសគា្ន។ (យើង)ទាមទារឲ្យចេះធ្វើការងារជាក្រុម»។    អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន ៖ប្រទេសខ្លះចង់បំផ្លាញចិន ដែលមករកស៊ីនៅកម្ពុជា   មន្ត្រីរដ្ឋាភិបាល៖ គ្មានឡើយ ការលាងលុយកខ្វក់របស់វិនិយោគិនចិននៅកម្ពុជា    កន្លងមកមានការរិះគន់ថា អ្នកវិនិយោគចិន ដែលនាំគ្នាសម្រុកមកដាក់ទុនរកស៊ីនៅកម្ពុជា ដោយនាំយកលុយកខ្វក់ពីប្រទេសចិន។ ប៉ុន្តែបញ្ហាត្រូវបានរដ្ឋាភិបាល បដិសេធថា គ្មានករណីអ្នកវិនិយោគចិន ប្រើប្រាស់លុយកខ្វក់មកលាងសម្អាតនៅប្រទេសកម្ពុជាឡើយ។ រដ្ឋាភិបាលចាត់ទុកការរិះគន់នេះ ក្នុងគោលបំណងបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិនប៉ុណ្ណោះ៕
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធពិនិត្យលើក្រុមហ៊ុនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យបានល្អិតល្អន ដើម្បីកុំឲ្យមានការលាងលុយកង្វក់ និងប្រព្រឹត្តអំពើភេរវកម្ម ដែលបង្កអសន្តិសុខដល់កម្ពុជា ។
  ១. បាយអង្ករសម្រូប   ក៏មិនខុសពីអាហារដែលជាប្រភពនៃកាបូអ៊ីដ្រាតដទៃទៀតដែរ បាយអង្ករសម្រូបបញ្ចេញកាបូអ៊ីដ្រាតទៅក្នុងលំហូរឈាមយឺតៗនិងមានលំនឹងដែលជួយរក្សាកម្ដៅនិងថាមពលរាងកាយបានពេញមួយថ្ងៃ។   ២. ខ្ទឹមស   ការទទួលទានខ្ទឹមសមិនត្រឹមតែជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយសម្រួលចរន្តឈាមហូរផងដែរ។ ខ្ទឹមថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់ហានិភ័យនៃជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយគួរឱ្យកត់សម្គាល់។   ៣. ម្ទេសក្រហម   ភាពហឹរនៃម្ទេសនេះនឹងជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយបានឆាប់រហ័ស ព្រមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំថែមទៀត។ អ្នកអាចបន្ថែមម្ទេសក្រហមក្នុងរបបអាហារប្រចាំថ្ងៃ។   ៤. ផ្លែបឺរ   ជាតិខ្លាញ់សុខភាពល្អក្នុងផ្លែបឺរនឹងជួយរក្សាកម្ដៅ ព្រមទាំងបង្កើនថាមពលក្នុងរាងកាយបានយ៉ាងប្រសើរ។   ៥. តែបៃតង   ដើម្បីបង្កើនកម្ដៅនិងពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយអ្នកអាចទទួលទានតែបៃតងក្ដៅៗមួយពែង។ តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក៕   ត្រួតពិនិត្យដោយ www.health.com.kh
អាកាសធាតុត្រជាក់ចង់បង្កើនសីតុណ្ហភាពក្នុងរាងកាយ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលជួយបង្កើនកម្ដៅក្នុងរាងកាយ ៖
  លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋ មានសិទ្ធសេរីភាព ក្នុងការរស់នៅក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសុខសន្តិភាពពេញលេញពិតប្រាកដ។«ការដាក់ដំណើរការ រដ្ឋធម្មនុញ្ញនេះ គឺជាផ្នែកមួយដែលអនុញាតឲ្យកម្ពុជាបានបន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះមកដល់ការទទួលស្គាល់លើឆាកអន្តរជាតិចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់រហូតមកដល់សព្វថ្ងៃនេះ»។ លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកបែបនេះ។   សម្រាប់លោក ហ៊ុន ម៉ានី កម្ពុជា ជារដ្ឋឯករាជ្យ មានអធិបតេយ្យ និងអព្យាក្រឹត ដោយមិនចូលបក្សសម្ព័ន្ធឡើយ។ មិនតែប៉ុណ្ណោះកម្ពុជាតែងតែគោរពតាមកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន ក្នុងការកំណត់ជោគវាសនាអនាគតដោយខ្លួនឯង ហើយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃឡើយ។    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភារូបនេះ បានបន្ថែមដូច្នេះ«ជាមួយកិច្ចសហប្រតិបត្តិការដោយស្មើភាព ស្មើរមុខ ស្មើមាត់ជាមួយប្រទេសដ៏ទៃ ដើម្បីបម្រើប្រយោជន៍ជូនគ្នាទៅវិញទៅមក កម្ពុជាមានលទ្ធភាពពេញលេញដើម្បីចូលរួមពិគ្រោះពិភាក្សាបញ្ហាសាកលក៏ដូចជាចូលរួមដោះស្រាយរាល់ជម្លោះអន្តរជាតិដោយសន្តិវិធី»។ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលបានប្រែក្លាយប្រទេសទៅជាព្រះរាជាណាចក្រកម្ពុជាទី២ រួមជាមួយបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ។   រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាន១៧ជំពួក និង១៦០មាត្រា។ ជំពួកទាំង១៧នោះ ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ,  សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ , សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច ,  រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ,  ការគ្រប់គ្រងរដ្ឋបាល , សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ៕   អត្ថបទទាក់ទង   ២៨ឆ្នាំមុន កម្ពុជា ប្រកាសប្រើរដ្ឋធម្មនុញ្ញ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស  
ភ្នំពេញ៖ ការដាក់ដំណើរការរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៣ គឺជាការអនុញ្ញាតឲ្យកម្ពុជា បន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះ នៅក្នុងទិវារដ្ឋធម្មនុញ្ញ លើកទី២៨ នាព្រឹកថ្ងៃទី២៤ កញ្ញានេះ។
  ជិតមួយសប្ដាហ៍ក្រោយប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ លោក វ៉ា្លឌីមៀ ពូទីន ក៏បញ្ជូនឯកសារនៃសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះទៅកាន់សភាដើម្បីជជែកពិភាក្សា និងអនុម័ត។ ក្នុងសំណើនេះ អំណាច ភាគច្រើន នឹងផ្ទេរពីប្រធានាធិបតីទៅកាន់សភា និងក្រុមប្រឹក្សារដ្ឋ ប៉ុន្តែប្រធានាធិបតី នឹងទទួលបានអំណាចខ្លះវិញដែរ។   ចំណុចសំខាន់ៗនៃការកែរដ្ឋធម្មនុញ្ញមានដូចជាការអនុញ្ញាតឲ្យសភាជ្រើសរើសនាយករដ្ឋមន្ត្រីហើយដែលប្រធានាធិបតីមិនអាចជំទាស់បានឡើយ និងការកំណត់អាណត្តិប្រធានាធិបតីត្រឹមពីរអាណត្តិប៉ុណ្ណោះ។ សព្វថ្ងៃ នាយករដ្ឋមន្ត្រី ត្រូវបានជ្រើសរើសដោយប្រធានាធិបតីផ្ទាល់ ឯប្រធានាធិបតីវិញ អាចដឹកនាំបានពីរអាណត្តិជាប់គ្នា រួចរំលងមួយអាណត្តិ ហើយបន្តបានពីរអាណត្តិទៀត។    អត្ថបទទាក់ទង   លោក ពូទីន គ្រោងកែរដ្ឋធម្មនុញ្ញបន្ថយអំណាចប្រធានាធិបតី  ចំណុចសំខាន់ៗមួយទៀតនៃគម្រោងកែប្រែរដ្ឋធម្មនុញ្ញនេះ គឺការដំឡើងក្រុមប្រឹក្សារដ្ឋពីស្ថាប័នផ្ដល់យោបល់ទៅជាស្ថាប័នរដ្ឋមួយដែលមានអំណាច។ តាមសំណើរបស់លោក ពូទីន ក្រុមប្រឹក្សារដ្ឋនេះ នឹងត្រូវបង្កើតដោយប្រធានាធិបតី។ គេជឿថា លោក ពូទីន ដែលអាណត្តិប្រធានាធិបតីនឹងចប់នៅឆ្នាំ២០២៤ អាចដឹកនាំស្ថាប័ននេះដែលមានអំណាចផ្ដល់យោបល់លើគោលនយោបាយក្នុងស្រុក និងការបរទេស សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។   គណៈកម្មាធិការច្បាប់នៃសភាឌូម៉ារុស្ស៊ី នឹងបើកកិច្ចប្រជុំភ្លាមលើសំណើរបស់លោក ពូទីន មុននឹងបញ្ជូនទៅកាន់សភាពេញអង្គ។ ប្រធានសភាឌូម៉ា Vyacheslav Volodin បានហៅការសម្រេចចិត្តរបស់លោក ពូទីន ជារឿងប្រវត្តិសាស្ត្រក្នុងការចែករំលែកអំណាចប្រធានាធិបតី។    ការប្រកាសកែរដ្ឋធម្មនុញ្ញដែលនឹងផ្លាស់ប្ដូរតុល្យភាពអំណាចនៅរុស្ស៊ីនេះ បានរងការរិះគន់ខ្លាំងពីសំណាក់ក្រុមប្រឆាំង។ មេដឹកនាំប្រឆាំងធំជាងគេលោក Alexei Navalny បានចោទលោក ពូទីន ថាព្យាយាមកាន់អំណាចមួយជីវិត ហើយថា ក្រុមប្រឆាំងនឹងរៀបចំផែនការមួយដើម្បីតទល់គម្រោងកែប្រែច្បាប់កំពូលនេះ។ លោក Navalny ថែមទាំងរិះគន់ប្រធានាធិបតីថា មិនយល់ពីអ្វីដែលខ្លួនឯងកំពុងធ្វើទៀតផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ៕
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២០ ខែមករា បានបញ្ជូនកញ្ចប់សំណើសេចក្ដីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញទៅឲ្យរដ្ឋសភា ដែលសំដៅរុះរើប្រព័ន្ធអំណាចនៅរុស្ស៊ី។ តាមសំណើនេះ ប្រធានាធិបតីដែលនឹងបន្តវេនពីលោក នឹងបាត់បង់អំណាចច្រើន ដែលធ្លាក់លើដៃសភា និងនាយករដ្ឋមន្ត្រីវិញ។ គេជឿថា លោក ពូទីន កំពុងរកផ្លូវដើម្បីបន្តអំណាចរបស់ខ្លួននៅពេលអាណត្តិប្រធានាធិបតីរបស់លោកចប់នៅឆ្នាំ២០២៤ ។
  ករណីឆ្លងសរុប COVID-19 នៅមីយ៉ាន់ម៉ា បានហក់ឡើងដល់ជាង ៦ពាន់ករណី គិតត្រឹមថ្ងៃទី២១ ខែកញ្ញា។ ទីក្រុងយ៉ាំងហ្គោន នៅតែបន្តបិទដដែល ដោយតម្រូវប្រជាជន ត្រូវស្នាក់នៅផ្ទះ និងរឹតត្បិតការធ្វើដំណើរ។ ទាក់ទិននឹងការបិទក្រុង និងករណីឆ្លងនៅតែបន្តកើតមានបែបនេះ វាបានបង្កឲ្យមានផលវិបាកយ៉ាងខ្លាំងដល់នីតិវិធីនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ា ជាពិសេសគឺយុទ្ធនាការឃោសនារកសម្លេងឆ្នោត។    បញ្ហានេះ ត្រូវបានបក្សអភិវឌ្ឍន៍ និងសាមគ្គីភាពសហព័ន្ធ (USDP) និងបក្សចំនួន ២៣ផ្សេងទៀត ដែលភាគច្រើនមិនមានសំឡេងក្នុងសភា បានដាក់លិខិតចំហមួយទៅគណៈកម្មការរៀបចំការបោះឆ្នោត នៅសប្តាហ៍មុន ដោយស្នើឲ្យលើកពេលបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា។    យ៉ាងណាមិញ គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា នៅតែបន្តគម្រោងបោះឆ្នោតដដែល។ លោក U Myint Naing មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃទី១៩ ខែកញ្ញាថា យ៉ាងដូច្នេះថា៖ «យើងនឹងមិនលើកពេលបោះឆ្នោតទាំងស្រុង ឬមណ្ឌលណាមួយ ដោយសារCOVID-19 ឡើយ»។    បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា នឹងធានាពីវិធានការសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់COVID-19 នៅមណ្ឌលបោះឆ្នោត ដោយផ្អែកទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Irrawaddy។    តាមរយៈវិធានការរបស់UEC មណ្ឌលបោះឆ្នោត នឹងត្រូវបង្កើនពី ៤ម៉ឺន ទៅ៥ម៉ឺនមណ្ឌល ដើម្បីកាត់បន្ថយណែនណាន់ខ្នាន់ខ្នាប់នៃអ្នកបោះឆ្នោត។ ការបង្កើនមណ្ឌលបោះឆ្នោត នឹងធ្វើឲ្យម៉ាយ៉ាន់ម៉ា អាចកាត់បន្ថយអ្នកបោះឆ្នោតពី ១៥០០នាក់ ទៅ ៣០០០នាក់ នៅតាមមណ្ឌលនីមួយៗ។ ក្រៅពីការបន្ថែមមណ្ឌលបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ក៏រៀបចំឲ្យមានទឹកលាងដៃនៅតាមមណ្ឌលនីមួយៗ និងម៉ាស់សម្រាប់អ្នកសង្កេតការណ៍ផងដែរ។    ការមិនលើកពេលបោះឆ្នោតនេះ ទំនងធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ាមួយចំនួន ស្ទាក់ស្ទើរក្នុងការចេញទៅបោះឆ្នោតដោយសារតែបារម្ភពីការឆ្លងកូរ៉ូណាវីរុស។ ចំណែកបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានប្រកាសថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមការគ្រោងទុក និងអះអាងថា ការលើកពេលបោះឆ្នោត នឹងបង្កើតឲ្យមានភាពមិនប្រាកដប្រជានៃនយោបាយ៕
ការបោះឆ្នោតថ្នាក់ជាតិមីយ៉ាន់ម៉ា ដែលគ្រោងប្រារព្ធឡើងនៅក្នុងខែវិច្ឆិកាខាងមុខ នឹងមិនលើកពេលឡើយ។ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ា(UEC) លោក U Myint Naing បានលើកឡើងបែបនេះ នៅថ្ងៃទី១៩ ខែកញ្ញា ដោយសន្យាថា គណៈកម្មការរបស់លោក នឹងធានាឲ្យបានវិធានការក្នុងការទប់ស្កាត់COVID-19 ក្នុងអំឡុងពេលបោះឆ្នោត និងនៅមណ្ឌលបោះឆ្នោត។
ទោះបីណាហ្គាវើលធ្លាប់រងបរាជ័យពីរលើកក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀងក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន តែគ្រូបង្វឹកក្រុមណាហ្គាវើលលោក មាស ចាន់ណា ហាក់មានទំនុកចិត្តខ្ពស់សម្រាប់ការប្រជែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយស្វាយរៀងនៅឆ្នាំនេះ។ «សម្រាប់ការប្រកួតនៅល្ងាចនេះខ្ញុំមានក្តីរំពឹងច្រើនជាងរាល់ដង ព្រោះពានរង្វាន់នេះយើងប្រើធនធានកីឡាករខ្មែរសុទ្ធ។ យើងមើលឃើញថា បើការប្រកួតប្រើប្រាស់កីឡាករខ្មែរសុទ្ធព្រះខ័នរាជស្វាយរៀងមានសមត្ថភាពមិនលើសណាហ្គាវើលនោះទេ»។ នេះជាការបង្ហាញក្តីរំពឹងរបស់លោក មាស ចាន់ណា ខណៈដែលណាហ្គាវើលត្រូវប្រើពហុកីឡដ្ឋានជាតិប្រជែងដណ្តើមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ ជាមួយក្រុមព្រះខ័នរាជស្វាយរៀងនៅម៉ោង៦ល្ងាចថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។ ទន្ទឹមនឹងការបង្ហាញក្តីសង្ឃឹម ការអវត្តមានកីឡាករ ញឹម សុវណ្ណារ៉ា ឆន្ទៈក្រុម និងស្មារតីក្រុមបានក្លាយជាក្តីកង្វល់សម្រាប់គ្រូបង្វឹកក្រុមណាហ្គាវើលលោក មាស ចាន់ណា ក្នុងជំនួបតទល់ជាមួយព្រះខ័នរាជស្វាយរៀង។ គ្រូបង្វឹករូបនេះ បានចាត់ទុកកីឡាករ ប្រាក់ មុន្នីឧត្តម ជាកីឡាករគ្រោះក្នុងក្រសែភ្នែកសម្រាប់លោក ជាពិសេសតាមរយៈការទាត់បាល់ Free Kick តែម្តង។ ចាប់ពីឆ្នាំ២០០៧នៃការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន នេះជាលើកទី៣ ដែលណាហ្គាវើលជួបព្រះខ័នរាជស្វាយរៀងក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន។ ក្រុមទាំងពីរធ្លាប់ជួបគ្នាពីរលើករួចមកហើយនៅឆ្នាំ២០១២ និង ២០១៥ ដោយលទ្ធផលព្រះខ័នរាជស្វាយរៀងយកឈ្នះណាហ្គាវើល ២-១ ទាំងពីរប្រកួតដូចគ្នា។ ប៉ុន្តែព្រះខ័នរាជស្វាយរៀងធ្លាប់គ្រងជើងឯកបាន៣លើក(២០១១, ២០១២, ២០១៥) ឯណាហ្គាវើលមួយលើកនៅឆ្នាំ២០១៣។ មុនជំនួបដណ្តើមជើងឯកដ៏ជក់ចិត្តខាងលើមកដល់ ក៏មានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣មួយគូទៀតផងដែរ គឺរវាងក្រុមបឹងកេតជាមួយក្រុមអគ្គិសនីកម្ពុជា ដែលការប្រកួតនេះធ្វើឡើងនាវេលាម៉ោង៣រសៀលនៅពហុកីឡដ្ឋានជាតិដូចគ្នា៕ 
ក្រុមជើងឯកមួយសម័យកាលណាហ្គាវើលធ្លាប់ជួបក្រុមម្ចាស់ជើងឯក៣រដូវកាលព្រះខ័នរាជស្វាយរៀងពីរលើករួចមកហើយក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន តែជាលទ្ធផលណាហ្គាវើលចាញ់ព្រះខ័នរាជស្វាយរៀង ២-១ ទាំងពីរលើកដូចគ្នា។ តើសម្រាប់ការជួបគ្នាជាលើកទី៣នៅពហុកីឡដ្ឋានជាតិម៉ោង៦ល្ងាចនេះណាហ្គាវើលអាចយកឈ្នះស្វាយរៀងឬទេ? ទោះបីចាត់ទុកកីឡាករ ប្រាក់ មុន្នីឧត្តម ជាកីឡាករគ្រោះថ្នាក់ក្នុងក្រសែភ្នែក តែគ្រូបង្វឹកណាហ្គាវើលមានការជឿជាក់ខ្លាំងនៅល្ងាចនេះ។
  ថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីតធី ប្រធាន APSF លោក Osoth Bhavilai វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកម្ពុជា ជាពិសេសការរៀបចំបានយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងរបស់ខ្លួនក្រោយបញ្ហាកូវីដ-១៩ ធូរស្រាល។   កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា ហង្ស សុភ័ក្រ្ត ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។   លោក Osoth Bhavilai ដែលជនជាតិថៃ និយាយថា៖«តាំងពីខ្ញុំបានមកដល់កម្ពុជាគឺរៀបចំបានយ៉ាងល្អ ទាំងការស្នាក់នៅ ធ្វើដំណើរ ហូបចុក ហើយមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលខ្ញុំអាចថាធំជាងគេនៅអាស៊ីអាគ្នេយ៍យើងនេះ ការរៀបចំការប្រកួតទីលានមានលក្ខណៈស្តង់ដា»។ បន្ថែមពីលើនោះទៀតប្រធាន APSF ថានេះពិតជាជោគជ័យដ៏ត្រចះត្រចង់សម្រាប់កម្ពុជា។   អ្វីដែលកាន់តែស្ងើចសរសើរបំផុតនោះគឺរយៈពេលមានតិចតួចតែម្ចាស់ផ្ទះកម្ពុជារៀបចំបានល្អ។ «ការប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូណេស៊ីគឺរៀបចំបានល្អផ្សេងហើយទោះបីបញ្ហាកូវីដ-១៩ នៅមានក៏ពិតមែន តែពេលមកដល់កម្ពុជា ពិតណាស់បញ្ហាកូវីដ-១៩ មានលក្ខណៈធូរស្បើយបន្តិច តែការប្រកួតដំណើរការបានយ៉ាងល្អ»។ លោក Osoth Bhavilai បញ្ជាក់ផងដែរថា សន្ទុះនៃការគាំទ្ររបស់ប្រជាជនកម្ពុជាពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន នៅតាមទីលាននីមួយៗ។   គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ប្រារព្ធធ្វើនៅថ្ងៃទី៥-១៧ ខែមីនា ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រារព្ធធ្វើនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។   តារាងមេដាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា៖ វៀតណាម ឈរលេខ១ មានមេដាយសរុប ៣៥៩ មាស១៣៦ ប្រាក់១០៥ និងសំរឹទ្ធ១១៨ ថៃ ឈរលេខ២ មានមេដាយសរុប ៣១១ មាស១០៨ ប្រាក់៩៦ និងសំរឹទ្ធ១០៧ ឥណ្ឌូណេស៊ី មានមេដាយសរុប ២៧៦ មាស៨៧ ប្រាក់៨០ និងសំរឹទ្ធ១០៩ កម្ពុជា ឈរលេខ៤ មានមេដាយសរុប២៨៤ មាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៩ ហ្វ៊ីលីពីន ឈរលេខ៥ មានមេដាយសរុប២៦០ មាស៥៨ ប្រាក់៨៥ និងសំរឹទ្ធ១១៧ សិង្ហបុរី ឈរលេខ៦ មានមេដាយសរុប១៥៨ មាស៥១ ប្រាក់៤៣ និងសំរឹទ្ធ៦៤ ម៉ាឡេស៊ី ឈរលេខ៧ មានមេដាយសរុប១៧៥ មាស៣៤ ប្រាក់៤៥ និងសំរឹទ្ធ៩៦ មីយ៉ាន់ម៉ា ឈរលេខ៨ មានមេដាយសរុប១១៤ មាស២១ ប្រាក់២៥ និងសំរឹទ្ធ៦៨ ឡាវ ឈរលេខ៩ មានមេដាយសរុប៨៧ មាស៦ ប្រាក់២២ និងសំរឹទ្ធ៥៩ ព្រុយណេ ឈរលេខ១០ មានមេដាយសរុប៩ មាស២ ប្រាក់១ និងសំរឹទ្ធ៦ ទីម័រខាងកើត ឈរលេខ១១ មានមេដាយសរុប៨ សំរឹទ្ធ៨ ដោយពុំទទួលបានមេដាយមាស និងប្រាក់ឡើយ។ តារាងមេដាយព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា៖ ឥណ្ឌូណេស៊ី ឈរលេខ១ មានមេដាយសរុប៣២៨ មាស១៥៩ ប្រាក់១៤៨ និងសំរឹទ្ធ៩៤ ថៃ ឈរលេខ២ មានមេដាយសរុប៣២៨ មាស១២៦ ប្រាក់១១០ និងសំរឹទ្ធ៩២ វៀតណាម ឈរលេខ៣ មានមេដាយសរុប២០១ មាស៦៦ ប្រាក់៥៨ និងសំរឹទ្ធ១១៨ ម៉ាឡេស៊ី ឈរលេខ៤ មានមេដាយសរុប១២៣ មាស៥០ ប្រាក់៣៨ និងសំរឹទ្ធ៣៥ ហ្វ៊ីលីពីន ឈរលេខ៥ មានមេដាយសរុប១១៦ មាស៣៣ ប្រាក់៣៣ និងសំរឹទ្ធ៥០ មីយ៉ាន់ម៉ា ឈរលេខ៦ មានមេដាយសរុប៥៧ មាស១៥ ប្រាក់២៣ និងសំរឹទ្ធ១៩ សិង្ហបុរី ឈរលេខ៧ មានមេដាយសរុប៤៤ មាស១២ ប្រាក់១៥ និងសំរឹទ្ធ១៧ កម្ពុជា ឈរលេខ៨ មានមេដាយសរុប៧០ មាស៩ ប្រាក់១៨ និងសំរឹទ្ធ៤៣ ព្រុយណេ ឈរលេខ៩ មានមេដាយសរុប៨ មាស៣ ប្រាក់៣ និងសំរឹទ្ធ២ ទីម័រខាងកើត ឈរលេខ១០ មានមេដាយសរុប៧ មាស២ និងសំរឹទ្ធ៨ ឡាវ ឈរលេខ១១ មានមេដាយសរុប១១ ប្រាក់២ និងសំរឹទ្ធ៩៕    
លោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមអាស៊ីអាគ្នេយ៍ (APSF) កោតសរសើរចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ដែលធ្វើបានយ៉ាងល្អទោះបីជាមានពេលតិចតួចក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកដំបូងរបស់ខ្លួនក្តី។
  ១. ស្បែកឆាប់ចាស់និងស្ងួត   តើអ្នកសម្គាល់ឃើញស្បែកហាក់ដូចជាឆាប់ចាស់ជាងវ័យជ្រីវជ្រួញ ហើយស្ងួតមែនទេ? វាដល់ពេលដែលអ្នកគួរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន E ហើយ។ សារធាតុចិញ្ចឹមនេះសំខាន់ណាស់ក្នុងការរក្សាសំណើមនៃរាល់កោសិកាស្បែកដើម្បីបន្ថយ ឬទប់ស្កាត់ភាពចាស់ឆាប់ជ្រួញមុនវ័យនៃស្បែក។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់វីតាមីន E ក៏ជួយកម្ចាត់រ៉ាឌីកាល់សេរីដែលតែងជះឥទ្ធិពលដល់សុខភាពស្បែកដោយពន្លឿនភាពចាស់តាមវ័យផងដែរ។   ២. ជ្រុះសក់   ប្រសិនបើសក់របស់អ្នកហាក់ដូចជាស្ដើងទៅៗ ចូរព្យាយាមរួមបញ្ចូលអាហារសម្បូរវីតាមីន E ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ នេះក៏ព្រោះតែភាពរឹងមាំនៃឬសសក់ គឺអាស្រ័យលើវីតាមីន E ដែលជួយរក្សាសុខភាពស្បែកក្បាលល្អប្រសើរ។   ៣. កោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ   វីតាមីន E ក៏សំខាន់ណាស់ដែរសម្រាប់រក្សាសុខភាពភ្នាសកោសិកាគ្រាប់ឈាមក្រហមការពារពីការបំផ្លាញ។ ដូច្នេះប្រសិនបើខ្វះវីតាមីន E នោះបរិមាណគ្រាប់ឈាមក៏អាចថយចុះដែរ។ ចូរប្រាកដថាអ្នកបានទទួលទានអាហារសម្បូរវីតាមីន E គ្រប់គ្រាន់ដើម្បីរក្សាបាននូវកោសិកាគ្រាប់ឈាមក្រហមសុខភាពល្អនិងមានសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីសែន។   ៤. ចំណង់ផ្លូវភេទថយចុះ   ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហមនោះចំណង់ផ្លូវភេទរបស់អ្នកប្រាកដជាថយចុះខុសពីធម្មតា។ នេះក៏ព្រោះតែកង្វះវីតាមីន E បណ្ដាលឱ្យកោសិកាគ្រាប់ឈាមត្រូវខូចខាត ដូច្នេះសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីសែនក៏ថយចុះ ហើយលំហូរឈាមទៅកាន់ប្រដាប់ភេទក៏អាចនឹងខ្សោយជាងមុនដែលនាំឱ្យជះឥទ្ធិពលដល់ចំណង់ផ្លូវភេទ។   ៥. ភាពចុះខ្សោយនៃសាច់ដុំ   វីតាមីន E គឺចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទកណ្ដាល។ កង្វះវីតាមីនេះជាលទ្ធផលនៃបញ្ហា Oxidative stress ដែលអាចបណ្ដាលឱ្យសាច់ដុំចុះខ្សោយ។   ៦. មើលលែងសូវច្បាស់   ប្រសិនបើអ្នកជួបប្រទះអាការៈមើលឃើញលែងសូវច្បាស់ ឬពិបាកមើលឃើញនៅពេលយប់វាអាចបណ្ដាលមកពីកង្វះវីតាមីន E ហើយ។ នេះក៏ព្រោះតែលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៃវីតាមីន E ជួយការពាររ៉េទីនភ្នែកពីការខូចខាត។ ដូច្នេះប្រសិនបើមិនទទួលទានបានវីតាមីន E គ្រប់គ្រាន់ទេនោះការមើលឃើញរបស់អ្នកប្រាកដជាមានបញ្ហា៕   ត្រួតពិនិត្យដោយ www.health.com.kh
កង្វះវីតាមីន E អាចសម្គាល់ដឹងតាមរយៈអាការៈអ្វីខ្លះទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងប្រសិនបើរាងកាយខ្វះវីតាមីន E ៖
  ជាមួយគ្នានេះ បរទេសខ្លះ ក៏បានស្លៀកសំពត់ក្បិនផងដែរ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។   នៅព្រឹកនេះ មិនទាន់មានទេសចរច្រើននាំគ្នាដើរលេង នៅឡើយទេ នៅទីតាំងកម្សាន្តនានា នៅតាមបណ្ដោយស្ទឹងសៀមរាប។   នៅថ្ងៃនេះ មានកម្មវិធីជាច្រើនផងដែរនៅព្រឹកនេះ ដូចជាកម្មវិធីភូមិបេតិកភណ្ឌវប្បធម៌, ការតាំងពិព័រណ៍ម្ហូបអាហារ, ពិព័រណ៍ខ្លែងឯក និងបង្រៀនធ្វើខ្លែង, សកម្មភាពលេងល្បែងប្រជាប្រិយខ្មែរ, ជិះទូកកម្សាន្ត, ការប្រគុំតន្ត្រីស្គរដៃ, ការសម្ដែងរបាំប្រពៃណី, តន្ត្រីស្គរដៃ និងការសម្ដែងរបាំបុរាណ និងផ្ទាំងទស្សនីយភាព «ក្រោមពន្លឺនៃដួងតារា»៕   រូបភាព៖ ស៊ុល រ៉វី  
សៀមរាប៖ ថ្នាក់ដឹកនាំខេត្តសៀមរាប ស្លៀកសំពត់ក្បិន ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» នៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២៤ នៅខាងជើង បរិវរណសួនព្រះរាជដំណាក់ ក្រុងសៀមរាប។
ក្រោយខកខានឱកាសអស់រយៈពេល៥ឆ្នាំ ក្រុមព្រះខ័នរាជស្វាយរៀងបានគ្រងឯកលីគកំពូលសាជាថ្មីនៅឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមក្រសួងការពារជាតិក្នុងលទ្ធផល ៤-២ នៅលើទឹកដីខ្លួននៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។ ការលើកពានទាំងនៅសល់ពីរប្រកួតនេះ គឺបន្ទាប់ពីលំដាប់ពិន្ទុរបស់ពួកគេ ខ្ពស់ជាងគូប្រជែងរហូត៨ពិន្ទុ។ បច្ចុប្បន្នព្រះខ័នរាជស្វាយរៀងឈរកំពូលតារាងមាន៦២ពិន្ទុ ខណៈក្រុមលេខ២វិសាខាមាន៥៤ពិន្ទុ។  តាំងពីពានរង្វាន់នេះបានបង្កើតឡើងនៅឆ្នាំ២០០៥ វាជាលើកទី២សម្រាប់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បន្ទាប់ពីពួកគេបានគ្រងជើងឯកលើកដំបូងនៅឆ្នាំ២០១៣។ ការឈ្នះជើងឯករបស់ពួកគេនៅលើកនេះ វាក៏ជាប្រវត្តិសាស្ត្រថ្មីសម្រាប់លីគកំពូលកម្ពុជាផងដែរ ដែលមានក្រុមជើងឯកទាំងមិនស្គាល់បរាជ័យ។ ក្នុងចំណោម២៤ប្រកួត ក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹក Conor Nester ទទួលបានជ័យជម្នះ១៩លើក និងស្មើ៥លើក។ បើតាមលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា ក្លិបព្រះខ័នរាជស្វាយរៀងនឹងប្រារព្ធពិធីលើកពានក្រោយជំនួបជាមួយក្រុមអាស៊ីអឺរ៉ុបនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្តស្វាយរៀង។ សម្រាប់ជំនួបចុងក្រោយព្រះខ័នរាជស្វាយរៀងត្រូវតទល់ជាមួយណាហ្គាវើល ដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅជើងទី១។ នាការប្រកួតនៅថ្ងៃអាទិត្យនោះដែរ ក្រុមវិសាខាបានយកឈ្នះម្ចាស់ផ្ទះអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៥-១ ដើម្បីឡើងឈរលំដាប់លេខ២បណ្តោះអាសន្នដោយមាន៥៤ពិន្ទុ។ ជ័យជម្នះនេះ ក៏ជួយឲ្យពួកគេអាចសងសឹកអាស៊ីអឺរ៉ុប ដែលបានយកឈ្នះខ្លួន ៣-១ នៅជើងទី១បានសម្រេចផងដែរ។ ចំណែកការប្រកួតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េក្រុមម្ចាស់ផ្ទះបឹងកេតបានវាយបកយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល ៣-២ ដើម្បីឡើងមកឈរលេខរៀងទី៤ដោយមាន៤៦ពិន្ទុ។ នៅកីឡដ្ឋានខេត្តសៀមរាបសូលទីឡូអង្គរបានយកឈ្នះកំពង់ចាមក្នុងលទ្ធផល ៤-១៕
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០១៩ ក្រោយពួកគេខកខានអស់រយៈពេល៥ឆ្នាំ។ នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់លីគកំពូលកម្ពុជា ដ្បិតក្រុមក្រោមការដឹកនាំគ្រូបង្វឹក Conor Nester រក្សាកំណត់ត្រាមិនស្គាល់ចាញ់ក្នុងការប្រកួត២៤លើក។ ក្លិបនេះនឹងប្រារព្ធពិធីលើកពានខ្លួននៅថ្ងៃទី២៧ តុលា នៅកីឡដ្ឋានខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា។ 
  ការទទូចរបស់ស្ថានទូតសហរដ្ឋអាមេរិកធ្វើឡើង បន្ទាប់ពីលោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានផ្ញើលិខិតមួយជូនលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដោយលើកពីចំណោទដែលអាចមានវត្តមាន និងទីតាំងកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជានៅឆ្នេរសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។ ចំណោទនេះធ្វើឡើងក្រោយពីប្រទេសកម្ពុជាបដិសេធជំនួយរបស់សហរដ្ឋអាមេរិកដើម្បីជួសជុលទីតាំងមូលដ្ឋានកងទ័ពជើងទឹកនេះ។   លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានបេសកកម្មការទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថា លទ្ធភាពនៃការមានវត្តមានទីតាំងយោធាចិននៅកម្ពុជា គឺជា «កង្វល់ដ៏ពិតប្រាកដមួយ»។   លោកស្រីបានសរសេរតាមសារអេឡិចត្រូនិក ឬអ៊ីម៉ែលក្នុងន័យដើមថា៖ «បើមើលទៅលើកម្រិតខ្ពស់នៃឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចនៅប្រទេសកម្ពុជានោះ ការណ៍នេះគឺជាការព្រួយបារម្ភមួយយ៉ាងពិតប្រាកដ»។   លោកស្រីបានបន្ថែមថា៖ «ទង្វើណាមួយដែលធ្វើឲ្យឯករាជ្យភាពកម្ពុជាចុះខ្សោយ ឬក៏បើកឱកាសឲ្យមានវត្តមានកងទ័ពបរទេសនៅកម្ពុជា នឹងក្លាយជាក្តីបារម្ភធ្ងន់ធ្ងរមួយសម្រាប់សហរដ្ឋអាមេរិក ហើយអាចគំរាមកំហែងដល់ភាពដែលគួរឲ្យជឿជាក់បាន និងភាពជាអ្នកឈរនៅកណ្តាលរបស់សមាគមអាស៊ាន។ យើងទទូចសុំឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាការតាំងចិត្តនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ចំពោះនយោបាយការបរទេសឯករាជ្យ ហើយត្រូវការពារយ៉ាងរស់រវើកនូវឯករាជ្យភាពរបស់កម្ពុជាសម្រាប់អ្នកជំនាន់ក្រោយៗ»។   កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៩កន្លងទៅនេះ លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានផ្ញើលិខិតជូនលោករដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ បាញ់។   ក្នុងលិខិតនោះលោក Joseph H. Felter បានដាក់ការសង្ស័យថា ការច្រានចោលជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ទីកន្លែងបណ្តុះបណ្តាល និងការថែទាំកប៉ាល់នៅមូលដ្ឋានកងទ័ពជើងទឹករាមពីសំណាក់ប្រទេសកម្ពុជាទំនងជាមានការទាក់ទងនឹងកងទ័ពចិន។   លោក Joseph H. Felter បានរំឭកឡើងវិញនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមកាលពីខែមករា។ នៅទីនោះ លោកបានទទួលសំណើរពីមេបញ្ជាការរងមួយរូប ដែលស្នើសុំជំនួយសម្រាប់ជួសជុល និងថែទាំទីកន្លែងបណ្តុះបណ្តាលខាងលើ។   ក្រោយការច្រានចោលនេះលោកឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានស្នើដល់ភាគីកម្ពុជាផ្តល់នូវសេចក្តីពន្យល់លម្អិតនៅពីក្រោយការមិនទទួលយកជំនួយរបស់ក្រសួងការពារជាតិអាមេរិក និងការផ្លាស់ប្តូរភ្លាមមួយរំពេចនៃសេចក្តីសម្រេចចិត្តរបស់កម្ពុជានេះ។   VOA មិនទាន់អាចសុំការអធិប្បាយពីនាយឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានទេ ដោយទូរស័ព្ទរបស់ពួកលោករោទិ៍ តែគ្មានអ្នកទទួល។   លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ VOA តាមសារឆ្លើយឆ្លងលើបណ្តាញទំនាក់ទំនងសង្គមមួយថា កម្ពុជាគ្មានមហិច្ឆតាទៅបង្កសង្គ្រាមជាមួយប្រទេសណានោះទេ ដូច្នេះគ្មានហេតុផលណាមកបញ្ជាក់ថា កម្ពុជាត្រូវការមូលដ្ឋានកងទ័ពចិននៅលើទឹកដីរបស់ខ្លួន។   «អត់មានចាំបាច់ទេ ឥឡូវឧទាហរណ៍ថា យើងយកទ័ព ដាក់ទ័ពចិនដើម្បីទៅវាយជាមួយពីណា ទៅវ៉ៃជាមួយវៀតណាម ឬមួយក៏ទៅវ៉ៃជាមួយថៃ? វ៉ៃអ៊ីចឹង នរណាចំណេញ នរណាខាត ហើយទៅវ៉ៃដើម្បីអី? យើងវាមិនមែនទៅ ពង្រីកទឹកដីអីណា ដើម្បីយកដូចជាអាណាចក្រខ្មែរអីទៀត»។   បញ្ហានៃវត្តមានកងទ័ពចិននៅកម្ពុជាត្រូវបានលើកឡើងជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សាជាន់ខ្ពស់លើកិច្ចការការពារជាតិ (C4ADS) របស់សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះបានភ្ជាប់ក្រុមហ៊ុន Union Development Group ដែលជាវិនិយោគិនលើសំណង់ហេដ្ឋារចនាសម្ព័ន្ធជាប់មាត់សមុទ្រក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា ទៅនឹងកងទ័ពរំដោះប្រជាជនចិន។   យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានច្រានចោលការលើកឡើងនេះម្តងហើយម្តងទៀតដោយផ្អែកលើរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដែលហាមមិនឲ្យមានវត្តមានកងទ័ពបរទេស៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាការពារជំហរនយោបាយអព្យាក្រឹតរបស់ខ្លួន ដោយសម្តែងពីកង្វល់ទាក់ទងទៅនឹងលទ្ធភាពវត្តមានរបស់កងយោធាចិននៅតំបន់សមុទ្រកម្ពុជា។
អត្ថបទទាក់ទង   «បឹងកន្សែង» ទីលម្ហែកាយរបស់អ្នករតនគិរី នាពេលថ្ងៃលិច សូមអញ្ជើញទាក់ទង៖ លោក ង៉ោ ជីសេង ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected] លោកស្រី ខៃ ចិន្តា ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected] កញ្ញា ភួង ស្រីមាស ទូរស័ព្ទលេខ៖ 011 730 837 , E-mail: [email protected] គេហទំព័រ៖ www.ratanakiri-lodge.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/
នាឱកាសបុណ្យចូលឆ្នាំសកលខាងមុខរនេះ ប្រជាពលរដ្ឋដែលមានបំណងទៅកម្សាន្តនៅខេត្តរតនគិរី អាចស្នាក់នៅសណ្ឋាគារ Terres Rouges ស្ថិតនៅទល់មុខបឹងកន្សែង នាក្រុងបានលុង។ ស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបបុរាណ ដែលត្រូវបានសាងសង់អំពីឈើដោយរក្សារចនាបទខ្មែរមួយនេះ លោកអ្នកអាចពិសាអាហារ និងស្រាជនជាតិដើមភាគតិច, អាហារអាស៊ី, អឺរ៉ុប, ស្រាក្រឡុក និងមើលថ្ងៃលិចនៅបឹងកន្សែង រួមទាំងអាចទស្សនាវត្ថុបុរាណខ្មែរដ៏សម្បូរបែប ធ្វើឲ្យអារម្មណ៍លោកអ្នករំភើប និងបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ជាពិសេសេ លោកអ្នកអាចជិះដំរីនៅក្នុងព្រៃសហគមន៍ ជិតទឹកជ្រោះធម្មជាតិដ៏ស្រស់ស្អាតផងដែរ។ ឆ្លងឆ្នាំសកល ចូរកុំភ្លេចទែរូដ៏ប្រណិតបែបបុរាណ និងចូលរួមជួយសង្គ្រោះជីវិតសត្វដំរី៤ក្បាលចុងក្រោយនៅរតនគិរី។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះ Top 25 Hotels នៅលើពិភពលោក ដែលចាត់ថ្នាក់ដោយ TripAdvisor៖ ១. សណ្ឋាគារវិរតន៍ (Viroths Hotel) នៅខេត្តសៀមរាប, កម្ពុជា ២. សណ្ឋាគារ Tulemar Bungalows & Villas នៅក្រុង Manuel Antonio ប្រទេសកូស្តារីកា ៣. សណ្ឋាគារ Umaid Bhawan Palace Jodhpur ក្រុង Jodhpur ប្រទេសឥណ្ឌា ៤. Hanoi La Siesta Hotel & Spa ក្រុងហាណូយ ប្រទេសវៀតណាម ៥.  សណ្ឋាគារ Gili Lankanfushi កោះ Lankanfushi ប្រទេសម៉ាល់ឌីវ ៦. Hotel Belvedere ក្រុង Riccione អ៊ីតាលី ៧. The Nantucket Hotel & Resort ក្រុង Nantucket រដ្ឋ Massachusetts សហរដ្ឋអាមេរិក ៨. La Reserve Paris - Hotel and Spa ក្រុងប៉ារីស ប្រទេសបារាំង ៩. សណ្ឋាគារ Nayara Springs  ក្រុង La Fortuna de San Carlos ប្រទេសកូស្តារីកា ១០. Hanoi La Siesta Hotel Trendy ក្រុងហាណូយ ប្រទេសវៀតណាម ១១. សណ្ឋាគារ Shinta Mani Shack ខេត្តសៀមរាប កម្ពុជា ១២. Kayakapi Premium Caves Cappadocia ក្រុង Urgup ប្រទេសតួកគី ១៣. The Leela Palace Udaipur ក្រុង Udaipur ប្រទេសឥណ្ឌា ១៤. Hotel 41 ក្រុងឡុងដ៍ ប្រទេសអង់គ្លេស ១៥. សណ្ឋាគារ Baros Maldives កោះ Baros Island ប្រទេសម៉ាល់ឌីវ ១៦. សណ្ឋាគារ Belmond Palacio Nazarenas ក្រុង Cusco ប្រទេសប៉េរូ ១៧. The Killarney Park Hotel ក្រុង Killarney ប្រទេសអៀរឡង់ ១៨. The Milestone Hotel and Residences ក្រុងឡុងដ៍ ប្រទេសអង់គ្លេស ១៩. Hotel Estalagem St Hubertus ក្រុង Gramado ប្រទេសប្រេស៊ីល ២០. The Oberoi, Mauritius ឆ្នេរ Pointe Aux Piments ប្រទេសមូរីទូស ២១. Aria Hotel Budapest by Library Hotel Collection ក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ២២. សណ្ឋាគារ Quinta Jardins do Lago ក្រុង Funchal ប្រទេសព័រទុយហ្គាល់ ២៣. សណ្ឋាគារ The Tuscany កោះ Providenciales នៃប្រជុំកោះ Turks and Caicos ២៤. សណ្ឋាគារ Eden Rock - St Barths សង្កាត់ St.Jean នៃរដ្ឋបាល Saint Barthélemy ២៥. សណ្ឋាគារ Baraza Resort & Spa ក្រុង Bwejuu ប្រទេសតង់ហ្សានី៕
គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក TripAdvisor  បានចេញផ្សាយតារាងចំណាត់ថ្នាក់សណ្ឋាគារកំពូលចំនួន២៥ដែលជាជម្រើសរបស់អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ២០១៨ ។ សណ្ឋាគារវិរតន៍ (Viroths Hotel) ដែលមានទីតាំងនៅភូមិវត្តបូណ៌ ខេត្តសៀមរាប បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយនាំមុខសណ្ឋាគារនៅកូស្តារីកា ឥណ្ឌា វៀតណាម និងម៉ាល់ឌីវ។
  ប្រសិនគ្មានការប្រែប្រួលទេ កិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ នឹងត្រូវប្រារព្ធឡើងនៅភូមិឆ្នេរសមុទ្រ Carbis Bay ក្នុងតំបន់ Cornwall ប្រទេសអង់គ្លេស ដោយចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា។ មេដឹកនាំអាមេរិក ជាមួយមេដឹកនាំអង់គ្លេស បារាំង អឺល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន នឹងជួបទល់មុខគ្នាជាលើកដំបូង។   មុនកិច្ចប្រជុំខាងលើ អតីតមេដឹកនាំចំនួន ១០០នាក់ បានសរសេរលិខិតរួមគ្នាមួយច្បាប់ ដោយទទូចឱ្យក្រុមប្រទេសអ្នកមានទាំង៧ ជួយស្តារស្ថានការណ៍លើពិភពលោក ដែលកំពុងរងគ្រោះ ដោយសារការអុកឡុករបស់ជំងឺកូវីដ-១៩។ អតីតថ្នាក់ដឹកនាំទាំងនោះ អះអាងថា កិច្ចសហប្រតិបត្តិការសកល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានទទួលបរាជ័យរួចហើយនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែឆ្នាំ២០២១ ជាដំណាក់កាលថ្មី ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។   «ការគាំទ្រពីក្រុមប្រទេស G7 និង G20 ដែលជួយឱ្យវ៉ាក់សាំងបានទៅដល់ប្រទេសមានប្រាក់ចំណូលទាប និងចំណូលមធ្យម មិនមែនកាយវិការមនុស្សធម៌ឡើយ ប៉ុន្តែជាផលប្រយោជន៍យុទ្ធសាស្រ្តសម្រាប់ប្រទេសនីមួយៗ»។ លិខិតរបស់អតីតមេដឹកនាំ បានសង្កត់ធ្ងន់បែបនេះ។    លិខិត ដែលមានចុះហត្ថលេខាដោយ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Gordon Brown និង លោក Tony Blair, អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន រួមទាំងអតីតមេដឹកនាំអាហ្រ្វិកចំនួន ១៥រូបផ្សេងទៀត បានបន្តលើកឡើងថា មេដឹកនាំ G7 និងមេដឹកនាំផ្សេងទៀត ដែលត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំនៅអង់គ្លេស គួរតែធានាក្នុងការផ្តល់ថវិការហូតដល់៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ និងត្រូវចំណាយរយៈពេល ២ឆ្នាំ ដើម្បីបញ្ឈប់ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ។    បើតាមលោកBrown អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ការផ្តល់ហិរញ្ញវត្ថុពីសំណាក់ក្រុមប្រទេស G7 មិនមែនជាជំនួយមនុស្សធម៌ឡើយ ប៉ុន្តែគឺជាការការពារខ្លួន ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង ការបំប្លែងខ្លួនរបស់វីរុស ដែលគំរាមកំហែងមកលើពិភពលោក។    សំណើរបស់អតីតមេដឹកនាំនេះ ធ្វើឡើងស្របពេលជាមួយមូលនិធិជួយសង្រ្គោះកុមារ ដែលអំពាវនាវឱ្យក្រុមប្រទេសអ្នកមានទាំង ៧ បរិច្ចាគទឹកប្រាក់ចំនួន ៦៦ពាន់លានដុល្លារសម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាសកល។ មិនតែប៉ុណ្ណោះ ប្រជាជននៅអង់គ្លេស និងអាមេរិកចំនួន ៧៩ភាគរយ  ខណៈពេល បារាំងចំនួន ៦៣ភាគរយ នៅក្នុងការស្ទង់មតិមួយ បានគាំទ្រគោលនយោបាយការបរិច្ចាគថវិការលើវ៉ាក់សាំងជាសកលផងដែរ៕  
អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសចំនួន ១០០នាក់មកពីប្រទេសនានាលើពិភពលោក បានជំរុញឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ចំណាយថវិកាជួយយុទ្ធនាការចាក់វ៉ាក់សាំងសកល ពិសេសនៅប្រទេសក្រីក្រ។ ការចាក់វ៉ាក់សាំង នឹងជួយបញ្ឈប់កូរ៉ូណាវីរុស ពីការបំប្លែងខ្លួន និងបង្កការគំរាមលើពិភពលោក។
ដើម្បីជ្រាបលម្អិត សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី ឈិន សារ៉ា អ្នកគ្រប់គ្រងហាងបេប៊ី អោតឡេត សាខាទួលគោកដូចតទៅ៖      
ភ្នំពេញ៖  អ្នកស្រី ឈិន សារ៉ា បានក្លាយជាអ្នកគ្រប់គ្រងហាងបេប៊ី អោតឡេត សាខាទួលគោក ជាងមួយឆ្នាំមកហើយ។ ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់ អ្នកស្រី សារ៉ា អះអាងថាគាត់តែងតែធ្វើជាគំរូទៅដល់បុគ្គលិក ក្នុងការក្នុងការបំពេញការងារប្រចាំថ្ងៃ។ ក្រៅពីនេះ អ្នកគ្រប់គ្រងរូបនេះ ក៏មានតួនាទីបង្រៀនបុគ្គលិកក្រោមបង្គាប់ឲ្យមានសមត្ថភាពខ្ពស់ និងទទួលយកចំណេះដឹងថ្មីៗ ទទួលនិងយោបល់ទាក់ទងនឹងការគ្រប់គ្រង ពីគណៈគ្រប់គ្រងជាប្រចាំផងដែរ។ អ្នកស្រីបន្ថែមទៀតថា៖«សម្រាប់ខ្ញុំផ្ទាល់ទទួលជោគជ័យបែបនេះ ព្រោះតែការបំពេញការងាររាល់ថ្ងៃ គឺត្រូវតែខំប្រឹងធ្វើការដោយហ្មត់ចត់ យុត្តិធម៌ និងស្មោះត្រង់»។
  ត្រីក្របីធំ ឈ្មោះវិទ្យាសាស្ត្រ (Bagarius yarrelli)  ត្រូវបានគេពិពណ៌នាថា មានដើមកំណើតពីទន្លេ មូថា មូឡា (Mutha Mula River) ក្នុងប្រទេសឥណ្ឌា។ ត្រីប្រភេទនេះ អាចមានប្រវែងដងខ្លួនអតិបរមាដល់ទៅ ២០០ ស.ម។ ត្រីក្របីធំ ធ្វើចរាចរផ្លាស់ទីជាហ្វូង តាមពពួកសត្វផ្សេងៗ ដែលវាអាចចាប់ធ្វើជាចំណីបានដូចជា កំពឹស ត្រីតូចៗ និងពពួកសត្វល្អិតដែលរស់ក្នុងទឹក។ ប៉ុន្តែ មានមួយចំនួន បានធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើជាមួយត្រីគល់រាំង (Catlocarpio siamensis) ផងដែរ។ ត្រីក្របីធំ ពង-កូនក្នុងទន្លេ ទីដែលវារស់នៅ។ វាត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Near Threatend) ក្នុងឆ្នាំ ២០០៩ ជាប្រភេទត្រីដែលងាយរងគ្រោះ ដែលនឹងអាចឈានទៅការផុតពូជ។ ការបំផ្លាញទីជម្រកពីសំណាក់មនុស្ស បម្រែបម្រួលអាកាសធាតុ និងការប្រកួតប្រជែងពីពពួកមច្ឆជាតិផ្សេងៗ ទៀត បានធ្វើឲ្យចំនួនត្រីក្របីធំក្នុងទន្លេ មានការធ្លាក់ចុះយ៉ាងខ្លាំង។   មិនតែប៉ុណ្ណោះ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ វាជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ ការប្រើប្រាស់រំសេវផ្ទុះ ឬថ្នាំពុលក្នុងជម្រកត្រី សុទ្ធតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ជីវិតមច្ឆជាតិទូទៅ។ ទៅថ្ងៃអនាគត ត្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា នឹងបាត់រូបរាង សល់តែឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយហៅប៉ុណ្ណោះ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិទាំងអស់គ្នានោះទេ។ ត្រីក្របីធំ។ រូបភាព៖ អ៊ឹម សេដ្ឋា   ដោយ៖ Chhut Chheana / USAID Wonders of the Mekong    
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប រស់នៅតាមបាតទន្លេធំៗ ដែលមានទឹកថ្លា និងចរន្តទឹកហូរខ្លាំងតាមជ្រលងផ្ទាំងថ្មធំៗ។
ប្រមុខរាជរដ្ឋាភិបាល អះអាងទៀតថា បើគ្មានអ្វីប្រែប្រួលនោះ វ៉ាក់សាំង ប្រមាណ ៧,៥លានដូសទៀត នឹងដឹកមកដល់កម្ពុជា ជាបន្តបន្ទាប់ នៅចន្លោះខែឧសភា ដល់ខែសីហា ឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង ដែលនឹងមកដល់នោះទេ។ «នៅថ្ងៃទី១៧នេះនឹងមកដល់ (វ៉ាក់សាំង) ចំនួនកន្លះលានដូសទៀត ។ ខែឧសភា នឹងមកដល់ ចំនួន១លាន៥សែនដូស ។ ខែមិថុនានឹងមកដល់ចំនួន៣លានដូស។ ខែកក្កដានឹងមកដល់២លានដូស ខែសីហានឹងមក ដល់១លានដូស»។ នេះជាប្រសាសន៍របស់ សម្ដេច ហ៊ុន សែន។   គួរជម្រាបថា កម្ពុជា ទើបទទួលបានវ៉ាក់សាំង ៣លានដូស ក្នុងនោះមាន វ៉ាក់សាំង Sinopharm ១,៣លានដូស, វ៉ាក់សាំង Sinovac ចំនួន ១,៥សែនដូស និង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ជាង៣០ម៉ឺនដូស។    គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃ៩មេសា ឆ្នាំ២០២០ កម្ពុជាមានអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ៨៩៥ ៣០៩នាក់។ ពលរដ្ឋអាទិភាពចំនួន ៦៧៨ ៤០៦នាក់ និងកងកម្លាំងយោធាចំនួនសរុប ២១៦ ៩០៣នាក់។ នេះបើតាមរបាយការណ៍ផ្សេងគ្នា របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល នៅថ្ងៃទី៩ មេសា៕  
នៅថ្ងៃទី១៧ មេសាខាងមុខនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសទៀត នឹងត្រូវបានដឹកមកដល់កម្ពុជា។ នេះបើតាមប្រសាសន៍ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស នៅព្រឹកថ្ងៃទី១០ ខែមេសានេះ។
ឧទាហរណ៍ អ្នកដែលមានធ្មេញមួយទៅ៩គ្រាប់ក្នុងមាត់មានការប្រឈមខ្ពស់នឹងជំងឺភ្លេចភ្លាំងជាងអ្នកដែលមានធ្មេញចាប់ពី ២០គ្រាប់ឡើងទៅរហូតដល់ ៨១ភាគរយឯណោះ។ ក្នុងប្រទេសអង់គ្លេសមានចំនួនអ្នកមានបញ្ហាភ្លេចភ្លាំង ៨៥០០០០នាក់ ហើយចំនួននេះនឹងកើនឡើងដល់លើសមួយលាននាក់ក្នុងឆ្នាំ ២០២៥។ ថ្វីបើរឿងនេះមិនមែនជាការសិក្សាដំបូងគេអំពីទំនាក់ទំនងរវាងអនាម័យមាត់ធ្មេញជាមួយនឹងការភ្លេចភ្លាំងក៏ដោយ ក៏យើងមិនដឹងថាការជ្រុះ ឬបាក់ធ្មេញគឺជាមូលហេតុនៃការភ្លេចភ្លាំង ឬអាចជាសញ្ញាមួយនៃអ្វីផ្សេងទៀតឬអត់ដែរ។ ការកង្វះអនាម័យមាត់ធ្មេញអាចជាសញ្ញាមួយនៃសុខភាពទូទៅមិនល្អ ឬសកម្មភាពរស់នៅដែលមិនផ្តល់សុខភាព ឬអាចជាប់ទាក់ទងនឹងរបបអាហារមិនល្អ ក៏មានដែរ។ ការពុកធ្មេញមិនត្រឹមតែធ្វើឲ្យឈឺចាប់ទេ តែការរលាករ៉ាំរ៉ៃបែបនេះក៏ជាប់ទាក់ទងនឹងការប្រឈមជំងឺបេះដូងដែរ។ អនាម័យមាត់ធ្មេញល្អគួរតែមានការដុសសម្អាតធ្មេញពីរដងក្នុងមួយថ្ងៃ ទៅជួបពេទ្យធ្មេញជាទៀងទាត់ និងចៀសវាងការញ៉ាំភេសជ្ជៈ និងអាហារមានជាតិផ្អែមច្រើន៕ ត្រួតពិនិត្យដោយ www.health.com.kh
ការសិក្សាមួយដែលមានមនុស្សចាស់ច្រើនជាង ១៥០០នាក់ ក្នុងប្រទេសជប៉ុន ដើម្បីតាមដានសុខភាពរបស់ពួកគេនៅចន្លោះឆ្នាំ ២០០៧ ដល់ ២០១២។ គេបានរកឃើញថា អ្នកចូលរួមដែលមានធ្មេញតិចមានឱកាសកាន់តែខ្ពស់ក្នុងការកើតជំងឺភ្លេចភ្លាំងក្នុងរយៈពេល ៥ឆ្នាំនៃការសិក្សា។
នៅថ្ងៃនេះ រូបភាពចែករំលែកតៗគ្នា មួយបានចោទប្រកាន់ថា ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល យកសាកសពទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអានាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត។ លោកអភិបាលស្រុកបានច្រានចោលការចោទប្រកាន់នេះ។ «អំឡុងពេលដែលដឹកសាកសពទៅកន្លែងបូជា ត្រូវរង់ចាំព្រះសង្ឃនិមន្តទៅដល់សិន ទើបរៀបចំពិធីបូជា។ ក្រោយបូជា ការរើសធាតុក៏មានការប្រុងប្រយ័ត្នផងដែរ»។ នេះជាការរៀបរាប់របស់លោកអភិបាលស្រុក ដោយបញ្ជាក់ថា លោកក៏មានវត្តមាននៅក្នុងពិធីនោះដែរ។ តបទៅនឹងការសាកសួររបស់អ្នកសារព័ត៌មានតាមតេឡេក្រាម លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងបន្ថែមថា ក្រុមគ្រូពេទ្យបានដឹកយកទៅដេីម្បីចាត់ចែងដុតតាមនិតិវិធី  ដោយមិនមែនយកទៅទុកចោលឡេីយ។  លោកស្រីបានស្នើទៅអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៍មានមិនពិតនេះ  និងផ្តន្ទាទោសតាមផ្លូវច្បាប់៕
លោក ជួន សុភា អភិបាលស្រុកកំពង់ត្រាច ខេត្តកំពត បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ក្រុមគ្រូពេទ្យ បានដឹកសាកសពមនុស្សពីរនាក់ទៅបូជានៅទីតាំងភ្នំប្រាសាទ ដោយមានការរៀបចំពិធីត្រឹមត្រូវ ពោលគឺមិនមែនយកទៅប្លុកចោល ដូចជាការចោទប្រកាន់របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននោះឡើយ។
តាមអនុក្រឹត្យដដែល ឃុំចំនួន២ត្រូវកាត់បញ្ចូលក្នុងស្រុកតាលោសែនជ័យ ដែលក្នុងនោះមានឃុំតាលោ ពីស្រុកបាកាន និងឃុំផ្ទះរុងនៃស្រុកភ្នំក្រវ៉ាញ។ ជាមួយគ្នានេះ ភូមិចំនួន២ គឺភូមិកោះស្វាយ និងភូមិកោះវត្ត ពីឃុំខ្នារទទឹងក្នុងស្រុកបាកាន ក៏ត្រូវបញ្ចូលក្នុងឃុំតោលា នៃស្រុកតាលោសែនជ័យផងដែរ។ ទីតាំងសាលាស្រុកតាលោសែនជ័យ ត្រូវស្ថិតក្នុងឃុំផ្ទះរុង។ ស្រុកតាលោសែនជ័យ នឹងមានក្រុមប្រឹក្សាចំនួន១៥នាក់ ដែលលើសស្រុកវាលវែង តែតិចជាងស្រុកបាកាន ស្រុកក្រគរ ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈអនុក្រឹត្យមួយចុះកាលពីថ្ងៃទី៨ ខែមករា បានសម្រេចបានបង្កើតស្រុកតោលោសែនជ័យនៃខេត្តពោធិ៍សាត់។
  ទីបញ្ជាការកងទ័ពជើងទឹកឥណ្ឌា ប្រកាសថា បានជួយសង្គ្រោះកប៉ាល់ដឹកទំនិញ១គ្រឿងពីកណ្តាប់ដៃក្រុមចោរសមុទ្រសូម៉ាលី ហើយនិងបានរំដោះអ្នកបើកកប៉ាល់និងក្រុមបុគ្គលិកនៅលើកប៉ាល់នោះ ប្រកបដោយសុវត្ថិភាព។ ប្រទេសប៊ុលហ្ការី ដែលមានជនជាតិខ្លួនច្រើននៅលើកប៉ាល់នោះ បានថ្លែងអំណរគុណឥណ្ឌា និងបានចាត់ទុកថា ជាជោគជ័យមួយដ៏ធំសម្រាប់សហគមឈ្មួញផ្លូវសមុទ្រ។ កប៉ាល់ MV Ruen ជារបស់ក្រុមហ៊ុនប៊ុលហ្ការី ដឹកគ្រឿងលោហៈដែក តម្រង់ឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង។ កប៉ាល់នេះ ត្រូវក្រុមចោរសមុទ្រសូម៉ាលី លួចឆ្មក់វាយដណ្តើមយក នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចក្បែរកោះយេម៉ែន ប្រហែល៧០០គីឡូម៉ែត្រ ពីកោះ Socotra។ ការលួចបានសម្រេច ពីសំណាក់ពួកចោរសមុទ្រសូម៉ាលី មិនធ្លាប់ប្រទះទេ ក្នុងរយៈពេល ជាង១ទសវត្សរ៍ចុងក្រោយនេះ។ ក៏ប៉ុន្តែ ទីបំផុត ត្រូវបង្ក្រាបបាន ក្រោមដៃឥណ្ឌា។ ឥណ្ឌា តាមរយៈទីបញ្ជាការកងទ័ពជើងទឹក បានបញ្ជាក់ថា ប្រតិបត្តិការស្ទាក់ចាប់កប៉ាល់និងរំដោះចេញពីកណ្តាប់ដៃចោរសមុទ្រសូម៉ាលីនេះ ធ្វើឡើងនាចម្ងាយប្រមាណ ២ ៦០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រឥណ្ឌា។   ប្រតិបត្តិការស្ទាក់ចាប់ ប្រើពេលមិនដល់២ថ្ងៃទេ ផ្តើមពីថ្ងៃសុក្រនិងសម្រេចរួចរាល់ដោយជោគជ័យ នៅយប់ថ្ងៃសៅរ៍ ទី១៦មីនា គ្មានអ្នករបួស គ្មានអ្នកស្លាប់។ ដើម្បីឈានសម្រេចបានជោគជ័យនេះ ឥណ្ឌាត្រូវចំណាយពេលវេលាជាច្រើនសប្តាហ៍ច្រើនខែដើម្បីសង្កេតតាមដានដំណើរទិសដៅរបស់ពួកចោរ និងរៀបចំយុទ្ធសាស្ត្រ។ ក្នុងរយៈពេលតាមដាននេះ ឥណ្ឌាប្រើមធ្យោបាយច្រើន តាំងពីចុងខែធ្នូមក ដោយបណ្តែតនាវាចម្បាំងដល់ទៅ ៣ គ្រឿង និង យន្តហោះតាមដានកំណត់ទីតាំង ព្រមទាំង ទូមិនតិចជាង ១០ គ្រឿងឡើយ នៅសមុទ្រអារ៉ាប់ ប៉ែកខាងជើង និងខាងលិច។ តម្រុយដំបូងបំផុត ដែលនាំឲ្យឥណ្ឌាដឹងនិងងាយតាមដានកប៉ាល់នេះ ក៏ព្រោះតែទាហានជើងទឹកឥណ្ឌា បានស្រង់មនុស្សម្នាក់របួស ដែលត្រូវពួកចោរសមុទ្រ បោះទម្លាក់ចោលក្នុងសមុទ្រ។   ប្រតិបត្តិរយៈពេល៤០ម៉ោង ឥណ្ឌាបានប្រើយន្តហោះដ្រូន យន្តហោះប៊ូអ៊ីង P81 Poseidon កងកុម្ម៉ង់ដូទ័ពជើងទឹកជាច្រើន ហើយនិងយន្តហោះចម្បាំង១ផង។ ទាហានជើងទឹកឥណ្ឌា ចាប់ឃាត់ខ្លួនពួកចោរសមុទ្រសូម៉ាលី ចំនួន៣៥នាក់។ មានការបាញ់បោះគ្នាខ្លះដែរ តែមិនរបួសធ្ងន់ធ្ងរឡើយ ដោយពួកចោរសម្រេចស្មគ្រចិត្តប្រគល់ខ្លួន។ នេះបើតាមទីបញ្ជាការកងទ័ពជើងទឹកឥណ្ឌា និងដែលបញ្ជាក់ទៀតថា បានរំដោះក្រុមបុគ្គលិកនៅលើកប៉ាល់ទាំងអស់ ១៧ នាក់ ដោយសុវត្ថិភាព។ អ្នកទាំងនោះ មានជនជាតិប៊ុលហ្ការី ៧នាក់ ជនជាតិភូមា ៩នាក់ ហើយនិង អង់គ្លេស ម្នាក់ដែរ។ ម្ចាស់កប៉ាល់ប៊ុលហ្ការី MV Ruen បានថ្លែងសរសើរនិងអរគុណឥណ្ឌា ហើយចាត់ទុកថា នេះជាជោគជ័យដ៏ធំសម្បើមណាស់សម្រាប់ក្រុមឈ្មួញផ្លូវសមុទ្រអន្តរជាតិ។   គួរជ្រាបដែរថា ក្នុងសប្តាហ៍នេះ ឥណ្ឌាក៏បានសង្គ្រោះកប៉ាល់ MV Abdullah ពីដៃពួកចោរសមុទ្រ និងបានរំដោះបុគ្គលិកលើកប៉ាល់ ចំនួន២២នាក់។ សកម្មភាពចោរសមុទ្របានកម្រើកច្រើន ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្កាហ្សា ជាង៥ខែមកនេះ ដ្បិតថា ពួកឧទ្ទាមហ៊ួតទី ក៏បានបង្កធ្វើព្យុះធ្វើភ្លៀងនៅសមុទ្រក្រហម ដែលជាច្រកចេញចូលដឹកនាំទំនិញដ៏សំខាន់លក្ខណៈអន្តរជាតិ៕
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
  វិស័យក្បាច់គុនកម្ពុជាកំពុងរីកចម្រើនឡើងគួរឲ្យកត់សម្គាល់ដែលជាក់ស្ដែងគឺយើងអាចដឹងបានតាមរយៈតួលេខដ៏ច្រើននៃកីឡាករអាជីពដែលធ្វើដំណើរមកប្រកួតនៅកម្ពុជាកន្លងមក។   កាលពីថ្ងៃទី១៧ខែមីនា ជើងឯក World Lethwei Championship ទម្ងន់ light welterweight ជនជាតិព័រទុយហ្គាល់ António Faria បានបង្ហាញខ្លួនលើកទី២នៅកម្ពុជា ដោយប្រកួតជាមួយកីឡាករគុនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ រិទ្ធ ភូលូ។    កីឡាករវ័យ៣០ឆ្នាំ Faria បានកើនប្រជាប្រិយភាពជាលំដាប់ ពិសេសកាលពីខែកុម្ភៈកន្លងទៅគេបានឈានដល់កម្រិតថ្មីមួយទៀតនៅពេលគេក្រសោបបានខ្សែក្រវាត់  WLC light welterweight ដោយផ្ដួលម្ចាស់ជើងឯករបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Saw Htoo Aung នៅក្នុងព្រឹត្តិការណ៍ WLC7: Mighty Warriors ក្នុងទីក្រុងម៉ាន់ដាឡាយ។    ជំនាញនិងការប្ដេជ្ញាចិត្តរបស់ Faria ដែលជាអ្នកលេងក្បាច់គុនជាយូរមកហើយនោះ បាននាំគេត្រាច់ចរមកកាន់ប្រទេសកម្ពុជា។    Faria និយាយថា៖ «ប្រជាជនកម្ពុជាគឺស្វិតស្វាញនិងមានបេះដូងធំទូលាយ។ គ្រប់គ្នានៅទីនេះពិតជារួសរាយណាស់ ហើយពួកគេស្រលាញ់ការវ៉ៃ។ នៅប្រទេសរបស់ខ្ញុំ នៅពេលអ្នកនិយាយថាអ្នកជាកីឡាករប្រដាល់ ពួកគេមើលមកអ្នកដូចមនុស្សចម្លែក ប៉ុន្ដែនៅទីនេះផ្សេង»។    Faria រំភើបចិត្តដែលបានបង្ហាញសមត្ថភាពទល់នឹងកីឡាករវ័យកំពុងរះខ្លាំងម្នាក់របស់កម្ពុជា រិទ្ធ ភូលូ ក្នុងការប្រកួតដំបូងរបស់គេនៅសង្វៀនស្រុកឯកភ្នំ ខេត្តបាត់ដំបង។    ការប្រយុទ្ធដ៏សកម្មបានចាប់ផ្ដើម ដោយកីឡាករកម្ពុជាបានវាយឱ្យជើងឯក WLC មានស្នាមបែកក្នុងទឹកទី១ ដែលធ្វើឱ្យ Faria ស្រឡាំងកាំង។    ក្រោយការប្រកួត Faria បញ្ជាក់ថា៖«ខ្ញុំពិតជាចូលចិត្តការប្រកួតមួយនេះណាស់ វាជាការប្រកួតរបស់អ្នកប្រយុទ្ធដ៏ពិតប្រាកដ»។    Faria បន្តថា៖ «ក្នុងទឹកទី១ ខ្ញុំមិនបានយកចិត្តទុកដាក់១០០%ទេ ហើយគាត់បានវាយខ្ញុំបែក២កន្លែងលើផ្ទៃមុខ ប៉ុន្តែវាគ្មានបញ្ហាសម្រាប់ខ្ញុំទេ»។    Faria បានបង្ហាញជំហររឹងមាំនិងតស៊ូក្នុងការប្រកួតបាន ទោះបីគេឈឺចាប់ខ្លាំងក៏ដោយ។    ភូលូ បានរក្សាការវាយចេញដៃស្ដាំធ្ងន់ៗនិងប្ដូរគ្នាច្រើនលើកក្នុងការប្រកួត៥ទឹក ខណៈ Faria រក្សាការដើរចូលនិងវាយចេញលឿនៗ។    Faria បន្ថែមថា៖ «ទឹកទី៣ ទី៤ និងទី៥ ខ្ញុំគិតថាខ្ញុំឈ្នះ។ ក្នុង៣ទឹកចុងក្រោយនេះ ខ្ញុំខ្លាំងជាងគាត់ ប៉ុន្ដែការប្រកួតគឺអូចឹងឯង។ ជួនកាលអ្នកឈ្នះ ជួនកាលអ្នកចាញ់។ ខ្ញុំគិតថាបើមានការប្រកួតសងសឹកនៅពេលខាងមុខគឺជារឿងល្អ»។    ការប្រកួតដ៏ស្វាហាប់រវាង Faria និង ភូលូ  បានធ្វើឱ្យទស្សនិកជនដែលចូលទស្សនាផ្ទាល់ក្នុងសង្វៀនស្រុកឯកភ្នំហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ហើយអាចនិយាយបានថាទស្សនិកជនពិតជាមានក្ដីសោមនស្សក្នយងការឃើញកីឡាករបរទេសមកប្រកួតជាមួយកីឡាករដ៏មានទេពកោសល្យរបស់កម្ពុជា។    បន្ទាប់ពីប្រកួតគ្នា៥ទឹកដោយគ្មានឈប់ឈរ ចៅក្រមបានផ្ដល់ជ័យជម្នះដោយពិន្ទុដល់ ភូលូ ដែលកាន់តែធ្វើឱ្យ ភូលូ មានស្ថិតិប្រកួតប្រសើរឡើងមួយកម្រិតទៀតជាមួយជ័យជម្នះលើជើងឯក Lethwei នេះ។    ពេលនេះ Faria កំពុងសម្លឹងទៅកាន់ការប្រកួតសងសឹកជាមួយ ភូលូ និងបញ្ចេញសមត្ថភាពនៅពីមុខទស្សនិកជនកម្ពុជាដ៏ច្រើនកុះករជាថ្មីទៀត។    Faria សង្កត់ ធ្ងន់ថា៖ «ខ្ញុំចូលចិត្តប្រកួតនៅកម្ពុជា។ ប្រជាជនកម្ពុជាស្រលាញ់កីឡាមួយនេះណាស់ ហើយនេះគឺជាការជំរុញទឹកចិត្តយ៉ាងខ្លាំងដើម្បីឱ្យកីឡាករប្រកួតឱ្យល្អមើល។ ពេលខ្លះ ចាញ់ឬឈ្នះមិនសំខាន់ដូចការវ៉ៃឱ្យបានល្អនោះទេ។ ប្រហែលមួយខែទៀត ខ្ញុំរួចរាល់សម្រាប់ការប្រកួតសងសឹកហើយ»៕  
អត្ថបទ៖ Matias Andres
  នៅក្នុងការប្រាស្រ័យទាក់ទងរបស់មនុស្ស ក្រៅពីការនិយាយ និងការអាន ភាសានៃសញ្ញាគឺជាអ្វីមួយដែលសំខាន់ ជាពិសេសគឺសញ្ញាជារូបភាព ដែលបង្ហាញពីអ្វីមួយដែលមនុស្សភាគច្រើនអាចចាប់យកន័យរួមជាមួយគ្នាមួយបាន។ ឧទាហរណ៍ដូចជាសញ្ញាចរាចរណ៍។ ពណ៌ ទំហំ រូបរាងសុទ្ធសឹងតែមានន័យបង្កប់ដែលបកស្រាយអំពីអ្វីមួយ ទោះបីវាគ្មានសម្លេង ឬតួរអក្សរក្តី។    សម្រាប់អ្នកដែលកំពុងរស់នៅក្នុងសម័យឌីជីថលមួយនេះ ប្រភេទនៃការសន្ទនាមួយត្រូវបានគេប្រើប្រាស់ជាញឹកញាប់នៅក្នុងបណ្តាញសង្គម។ នោះគឺ«Emoji»ដែលគេប្រើប្រាស់វាជាមួយនឹងអក្សរ ឬប្រើវាតែឯងតែម្តង។ ជាមួយនឹងភាពងាយស្រួលប្រើប្រាស់ ងាយស្រួលយល់ និងទូលំទូលាយមួយនេះ តើនរណាគេជាអ្នកមានគំនិតបង្កើតវាឡើង? ហើយតាំងពីពេលណាមក? តើពាក្យ«Emoji»មានន័យដូចម្តេច?    នៅមុនឆ្នាំ២០០០ ការសន្ទនាតាមសារភាគច្រើនត្រូវបានគេសរសេរវែង ដើម្បីពន្យល់ពីអារម្មណ៍ ឬន័យអ្វីមួយតាមរយៈអក្សរ ហើយនេះមិនមែនជារឿងងាយស្រួលប៉ុន្មនានោះទេ ពីព្រោះថាការអានសារពេលខ្លះអាចធ្វើឲ្យអ្នកអានអាចមានការភ័នច្រលំអំពីអារម្មណ៍របស់អ្នកសរសេរ។ នេះគឺដោយសារតែការសន្ទនាទាមទារកាយវិការ ទឹកមុខ និងកម្រិតនៃសម្លេង ជៀសជាងតែតួរអក្សរមួយជួរដែលអ្នកអាននៅលើកញ្ចក់អេក្រង់កុំព្យូទ័រ។    មួយវិញទៀត មុនឆ្នាំ២០០០ ប្រព័ន្ធសារមិនអាចឲ្យអ្នកផ្ងើសារបានច្រើនតួរប៉ុន្មាននោះទេ។ ហេតុនេះហើយ ទើបជនជាតិជប៉ុនមួយរូបលោក Shigetaka Kurita បានរិះរកគំនិតក្នុងការបង្កើតរូបភាពសន្ទនាមួយឡើងនៅក្នុងផលិតផលអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ទូទៅនៅក្នុងឆ្នាំ១៩៩៨។ លោក Shigetaka ដែលជាបុគ្គលិកម្នាក់នៃក្រុមហ៊ុនទូរគមនាគមន៍ធំមួយនៅប្រទេសជប៉ុន NTT DoCoMo បានបង្កើត Emoji ដំបូងចំនួន១៧៦ប្រភេទដែលបង្ហាញពីអារម្មណ៍ អាហារ ភេសជ្ជៈ ឬអាកាសធាតុជាដើម ដែលមានទំហំ ១២ភិចសែល គុណនឹង១២ភិចសែល។    ពាក្យ Emoji កើតចេញពីពាក្យ «e»ដែលមានន័យថា«រូបភាព» និង«moji»ដែលមានន័យថា«ចរឹត»ឬ«តួរអង្គ»។ Emoji និង Emoticon ខុសគ្នាត្រង់ថា Emoji ប្រើប្រាស់រូបភាពមួយតែម្តង ចំណែកឯ Emoticon ប្រើប្រាស់សញ្ញាពីរ ទៅបីជាមួយគ្នាក្នុងការបង្កើតជារូបភាពមួយដូចជា « :)  :( ឬ -_- »ជាដើម។   ភាសារូបភាពនេះត្រូវបានគេប្រើប្រាស់យ៉ាងពេញនិយមនៅក្នុងប្រទេសជប៉ុន និងក្នុងចុងឆ្នាំ២០០០ វាត្រូវបានគេយកមកអនុវត្តនៅក្នុងប្រព័ន្ធ iOS និង Andriod ។ មកត្រឹមឆ្នាំអំឡុងឆ្នាំ២០១០ Emoji ត្រូវបានគេបញ្ចូលជាភាសាស្តង់ដារមួយនៅក្នុងស្ថាប័ន Unicode អន្តរជាតិ ដែលត្រូវបានគេប្រើប្រាស់កាន់តែទូលំទូលាយ តាមបណ្តាបណ្តាញសង្គមជាច្រើនថែមទៀត៕  
សន្ទនាមិនត្រូវបានគេសង្កត់ធ្ងន់ទៅលើការនិយាយតែមួយមុខនោះទេ។ ការសន្ទនាគឺជាការផ្តល់ និងទទួលទិន្នន័យពីគ្នាទៅវិញទៅមក ក្នុងសភាពជាកាយវិការ ពន្លឺ សម្លេង ចរន្ត កម្លាំង  ឬរលកអេឡិចត្រូម៉ាញេទិចជាដើម។ និយាយរួម ប្រភេទនៃការសន្ទនាគ្មានព្រំដែននោះទេ គ្រាន់តែមួយស្រួល ឬពិបាកជាងគ្នាតែប៉ុណ្ណោះ។
  ការបែកញើសនេះអាចនៅតែមួយកន្លែងឬសាយភាយ ប៉ុន្តែវាច្រើនកើតមាននៅប្រអប់ដៃ និងបាតជើង។ អ្នកក៏អាចមានការបែកញើសនៅក្លៀក ឬនៅមុខផងដែរ។ វាក៏អាចកើតមាននៅពេលបញ្ចេញកំហឹង ឬបរិភោគអាហារមានរសជាតិហឹរ។   បើទោះជាការបែកញើសខ្លាំងនេះ កើតឡើងលើមនុស្សប្រហែលជា ៣ភាគរយ នៃប្រជាជនទាំងអស់ក៏ដោយ ប៉ុន្តែមូលហេតុដែលបង្កគឺនៅមិនទាន់ច្បាស់លាស់នៅឡើយ។ បច្ចុប្បន្នយើងមានវិធីព្យាបាលមួយចំនួន ដែលចាប់ពីប្រើថ្នាំប្រឆាំងនឹងការបែកញើសរហូតដល់ការវះកាត់។ ការប្រើថ្នាំមួយចំនួន អាចជួយកាត់បន្ថយការផលិតរបស់ក្រពេញញើស ហើយការវះកាត់មួយចំនួន ក៏ធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដែរ៕
ពេលខ្លះការបែកញើសច្រើនដោយគ្មានមូលហេតុ គឺជារឿងធម្មតានោះទេ ប៉ុន្តែករណីមួយចំនួនការបែកញើសខ្លាំងដោយគ្មានមូលហេតុនេះ អាចទាក់ទងទៅនឹងបញ្ហាសុខភាពមួយចំនួន ដូចជារោគរបេង, ជំងឺទីរ៉ូអ៊ីត, ដុំសាច់ដុះ, ប្រតិកម្មនឹងថ្នាំពេទ្យ, និងដំណើរអស់រដូវ។
  នៅពេលយើងមានអេស៊ីលីដាម៉ូបាល គឺជួយកាត់បន្ថយការធ្វើដំណើរ ទៅបង់ថ្លៃវិក្កយបត្រនានា ចំណេញពេលវេលា និងមិនមានហានិភ័យដែលអាចកើតឡើងជាយថាហេតុផងដែរ។ ជាមួយរបត់ថ្មីនៃយុគសម័យឌីជីថលនេះ ខ្ញុំគិតថាការទូទាត់បែបឌីជីថលនេះ នឹងនៅតែពេញនិយម និងជាទម្លាប់ថ្មីមួយ សម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ទោះបីជា ជំងឺកូវីដ-១៩នេះ ត្រូវបាន សាបរលត់ក៏ដោយ ព្រោះអីការទូទាត់បែបឌីជីថល ដូចជា អេស៊ីលីដាម៉ូបាលនេះ គឺយើងមិនសូវ បារម្ភអំពីការឆ្លងមេរោគ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសគឺការបញ្ចុះតម្លៃពីហាង ផ្សេងៗ ដែលជាដៃគូសហការ របស់ធនាគារអេស៊ីលីដា។    លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា   លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ៖«អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជន ក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារៈប្រើប្រាស់ ការផ្ទេរប្រាក់ ការទទួលប្រាក់ ការបង់ថ្លៃទឹកភ្លើង ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការទូទាត់ថ្លៃទំនិញតាមរយៈ ស្កេនឃ្យូអរកូដ ។ល។ អ្វីដែលកាន់តែពិសេសសម្រាប់ការទូទាត់បែបឌីជីថលនេះ ពេលយើងប្រើវាគឺមានអារម្មណ៍ថា ពិតជាទាន់សម័យ ទំនើប និងស៊ីវីល័យជាមួយហាងប្រេនៗទៀតផង។»   ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) Phone៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ [email protected] ៕
ភ្នំពេញ៖ សាធារណជនលែងព្រួយបារម្ភទៀតហើយ ក្នុងការទូទាត់វិក្កយបត្រនានា បានគ្រប់ពេល គ្រប់ទីកន្លែង ជាមួយអេស៊ីលីដាម៉ូបាល ដែលជាកម្មវិធីលើទូរស័ព្ទដៃដ៏ទំនើប របស់ធនាគារអេស៊ីលីដា។ ទោះបីជាលោកអ្នកមានការងាររវល់ ឬធ្វើដំណើរកម្សាន្តនានា ក៏មិនចាំបាច់ភ័យព្រួយលើការបង់ថ្លៃវិក្កយបត្រទឹកភ្លើង ឬវិក្កយបត្រគ្រប់ប្រភេទទៀតឡើយ ប្រសិនបើលោកអ្នកមានអេស៊ីលីដាម៉ូបាលក្នុងទូរស័ព្ទដៃ។
  អង្គការសហប្រជាជាតិ (UN) និយាយ ថា ទារកជិត២លាននាក់បានស្លាប់ក្នុងផ្ទៃម្តាយជារៀងរាល់ឆ្នាំដែលស្មើនឹងមួយករណីក្នុងរយៈពេល១៦វិនាទី។ ក្នុងរបាយការណ៍នៅថ្ងៃទី៨ ខែតុលា  UN បានព្រមាន ថា ការរាលដាលជំងឺ Covid-19 អាចបន្ថែមការស្លាប់ចំនួន២០ម៉ឺននាក់ផ្សេងទៀត ដែលធ្វើឲ្យទារកស្លាប់ក្នុងផ្ទៃកើនដល់២លាននាក់។   របាយការណ៍របស់ UN ចេញរួមគ្នារបស់អង្គការ UNICEF, អង្គការសុខភាពពិភពលោក (WHO) និងធនាគារពិភពលោក។ ក្នុងរបាយការណ៍នេះ ភាគច្រើននៃការស្លាប់របស់ទារកក្នុងផ្ទៃម្តាយមានចំនួន៨៤ភាគរយ កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ ក្នុងប្រទេសទាំងនេះ បើតាមរបាយការណ៍ដដែល ការថែរក្សាសុខភាពទារកទើបនឹងកើត អាចជួយសង្គ្រោះជីវិតរាប់រយរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។    របាយការណ៍បីស្ថាប័នបន្តថា ការស្លាប់ភាគច្រើនកើតឡើងដោយសារសេវាកម្មសុខាភិបាលទន់ខ្សោយ ខ្វះជំនាញ ព្រមទាំងខ្វះការវិនិយោគលើឧបករណ៍និងការបណ្តុះបណ្តាលឆ្មប។ លើសពីនេះទៅទៀត ខណៈអត្រាសាកលនៃការស្លាប់របស់មាតា និងទារកថយចុះ អត្រាទារកដែលស្លាប់ក្នុងផ្ទៃម្តាយនៅតែបន្តពិបាកក្នុងការកាត់បន្ថយ ជាពិសេសនៅទូទាំងអនុតំបន់សាហារ៉ាអាហ្វ្រិក និងអាស៊ីអាគ្នេយ៍។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។    នាយកប្រតិបត្តិនៃអង្គការ UNICEF លោក Henrietta Fore និយាយថា ការបាត់បង់កូននៅពេលកើតឬអំឡុងពេលមានផ្ទៃពោះ ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយសម្រាប់គ្រួសារមួយ។ លោកបន្តថា ជារឿយៗរឿងបែបនេះ ត្រូវបានស៊ូទ្រាំដោយស្ងាត់ស្ងៀម ហើយវាកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក។    «លើសពីការបាត់បង់ជីវិត ការចំណាយខាងផ្លូវចិត្តនិងហិរញ្ញវត្ថុសម្រាប់ស្ត្រី ក្រុមគ្រួសារ និងសង្គមធ្ងន់ធ្ងរ និងយូរអង្វែង។ សម្រាប់ម្តាយជាច្រើន រឿងនេះ មិនគួរកើតឡើយ។» នេះជាការបញ្ជាក់របស់អ្នកស្រី Henrietta Fore ។ របាយការណ៍ខាងលើ បានព្រមានថា ជំងឺរាតត្បាត Covid-19 អាចបណ្តាលឱ្យមានចំនួនទារកស្លាប់ក្នុងផ្ទៃកើនឡើងជិត ២០ ម៉ឺននាក់បន្ថែម ក្នុងករណីគេសន្មតថា៥០ភាគរយនៃសេវាសុខាភិបាលក្នុងប្រទេសមានប្រាក់ចំណូលទាប និងមធ្យម រងផលប៉ះពាល់ដោយសារការឆ្លើយតបទៅនឹង COVID-19 នោះ។   នៅទូទាំងពិភពលោកជាង ៤0ភាគរយនៃការស្លាប់របស់ទារកក្នុងផ្ទៃនៅតែកើតមានអំឡុងពេលសម្រាល។ បញ្ហាទាំងនេះ ក៏អាចបញ្ចៀសបានតាមរយៈការទទួលបានឆ្មបដែលបានបណ្តុះបណ្តាល និងការថែទាំសម្ភពបន្ទាន់៕  
ដោយ៖កង ម៉េងហុង
កាលពីជុំទី១ វគ្គចែកពូល ដែលការប្រកួតចំនួន ១២ បានបញ្ចប់ផុតទៅដោយមានរឿងរ៉ាវអស្ចារ្យជាច្រើន និងកំណត់ត្រាកើតឡើងជាច្រើន ពេលនេះបន្តចូលការប្រកួតជុំទី២ វគ្គចែកពូល ដោយក្រុមមួយចំនួន ត្រូវបានពិន្ទុចាំបាច់ក្រោយបរាជ័យជុំទី១ ខណៈក្រុមដែលឈ្នះកន្លងមក ក៏រំពឹងបន្តធ្វើបានល្អ។   ជំនួបក្រូអាស៊ី ប៉ះអាល់បានី ក្រូអាស៊ី នឹងប្រជែងដណ្តើមពិន្ទុដ៏សំខាន់ទល់នឹងអាល់បានី ក្នុងកីឡដ្ឋាន Volkspark វេលាម៉ោង ៨យប់។  ក្រូអាស៊ី ដែលចាញ់ការប្រកួតក្រោមថ្វីជើងអេស្ប៉ាញ លទ្ធផល ៣-០ កាលពីជុំទី១ កំពុងចិញ្ចឹមចិត្តចង់បាន ៣ពិន្ទុ ត្រឡប់មកវិញក្នុងជំនួបពូល B ទល់នឹងអាល់បានី ដែលចាញ់ការវាយបករបស់អ៊ីតាលីដូចជាកាលជុំទី១ ដូចគ្នា។ ក្រូអាស៊ី ទោះជាមានទម្រង់លេងសម្រុកគ្រាន់បើកាលប៉ះអេស្ប៉ាញ ប៉ុន្តែការភ្លាត់ស្នៀតត្រង់តំបន់ការពារ ទាមទារឱ្យពួកគេកែតម្រូវនៅក្នុងជំនួបទល់អាល់បានី។    អាល់បានី កាលប៉ះអ៊ីតាលី ក៏ជាក្រុមមួយមិនអាចមើលស្រាលបាន ដោយពួកគេក៏មិនមែនជាក្រុមដែលប្រើទម្រង់ទប់សុទ្ធសាត់នោះឡើយ។ អាល់បានីជាក្រុមរកបានគ្រាប់បាល់លឿនជាងគេប្រចាំការប្រកួតត្រឹមតែ ២៣វិនាទី។ ទាំងពីរក្រុមនេះ មិនធ្លាប់មានប្រវត្តិជួបគ្នាកាលពីមុនមកឡើយ ខណៈដែលការជួបគ្នានេះគឺជាលើកដំបូងតែម្តង ខណៈក្រុមទាំងសងខាង សុទ្ធសឹងតែជួបបញ្ហាកីឡាករសំខាន់មួយចំនួន រងរបួសមិនអាចជួយក្រុមដូចគ្នា។   ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វាគមន៍ហុងគ្រី ជំនួបទី១៤ ប្រចាំព្រឹត្តិការណ៍ Euro 2024 ម្ចាស់ផ្ទះអាល្លឺម៉ង់ ដែលធ្វើបានល្អខ្លាំងក្នុងការប្រកួតបើកឆាក លត់ស្កុតឡែន ៥-១ នឹងបន្តដំណើរការប្រកួតរបស់ខ្លួន ទទួលស្វាគមន៍ភ្ញៀវហុងគ្រី ក្នុងកីឡដ្ឋាន MHP Arena វេលាម៉ោង ១១យប់។    មុនការប្រកួតមកដល់គ្រូបង្វឹកអាល្លឺម៉ង់លោក Julian Nagelsmann បានបង្ហាញក្តីរំពឹងថាក្រុមនឹងបន្តធ្វើបានល្អក្នុងការប្រកួតទល់ហុងគ្រី ដូចកាលដែលក្រុមបានបំបាក់ស្កុតឡែនជាមួយលទ្ធផលដ៏សន្ធឹកសន្ធាប់។ អាល្លឺម៉ង់ និងហុងគ្រី កន្លងមកក៏ស្ថិតក្នុងនាមជាក្រុមគូប្រជែងគ្នាមួយដែរ ដោយកន្លងមកក្រុមទាំង ២នេះ ប៉ះគ្នារហូតដល់ ៣៧ប្រកួត ប៉ះគ្នាញឹកញ៉ាប់ខ្លាំង ក្រុមរហស្សនាមឥន្ទ្រីដែកយកឈ្នះបាន ១៣លើក ចំណែកហុងគ្រីឈ្នះ ១២លើក។   យ៉ាងណាអាល្លឺម៉ង់ក្នុងការប្រកួតលើកនេះ ពួកគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយក្រុមបង្ហាញវត្តមានកីឡាករវ័យក្មេងមានសមត្ថភាព កំពុងធ្វើព្យុះភ្លៀងខ្លាំងក្នុងការប្រកួត។ ហុងគ្រី កន្លងមកបានចាញ់ការប្រកួតក្រោមថ្វីជើងស្វ៊ីស លទ្ធផល ៣-១ ជាលទ្ធផលដ៏ខកចិត្តមួយផងដែរ។    ស្កុតឡែនបន្តដំណើរដោយប៉ះស្វ៊ីស ក្រុមជម្រើសជាតិស្កុតឡែន នឹងត្រូវបន្តដំណើរតទល់ជាមួយនឹងក្រុមស្វ៊ីស ក្នុងកីឡដ្ឋាន RheinEnergie វេលាម៉ោង ២យប់ រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា)។ ស្កុតឡែនក្រុមលំដាប់បាតតារាង ខណៈស្វ៊ីសជាក្រុមលេខ ២។   ចាញ់ការប្រកួតបើកឆាកទល់អាល្លឺម៉ង់ ស្កុតឡែនបានជួបរឿងបរាជ័យដ៏ធំបំផុតប្រចាំប្រវត្តិសាស្ត្រខ្លួនជាលើកទី២ នៅក្នុងការប្រកួតអន្តរជាតិ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Steve Clarke។ កាលពីការប្រកួតឆ្នាំ ២០២១ ស្កុតឡែន ជាក្រុមបញ្ចប់ចំណាត់ថ្នាក់បាតតារាង ដោយរកបានត្រឹម ១ពិន្ទុ ពីពូល D។   ស្កុតឡែនមកប៉ះស្វ៊ីស ការប្រកួតទី២ លើកនេះក៏នឹងក្លាយជារឿងដ៏ពិបាកបំផុតសម្រាប់ពួកគេ ខណៈស្វ៊ីសក៏កំពុងតែបង្ហាញទម្រង់លេងល្អខ្លាំងដូចគ្នា កាលពីប៉ះហុងគ្រី។ រវាងស្កុតឡែន និងស្វ៊ីស ធ្លាប់បានជួបគ្នាចំនួន ១៦លើក រួចមកហើយ ដោយស្វ៊ីសបានយកឈ្នះការប្រកួតចំនួន ៨លើក ប៉ុន្តែក្រុមទាំង ២ ខកខានជួបគ្នាចាប់តាំងពីឆ្នាំ ២០០៦ មក ដែលជាការជួបលើកចុងក្រោយបង្អស់ ដោយកាលនោះស្វ៊ីសឈ្នះលទ្ធផល ៣-១៕
ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Euro 2024 ឈានចូលដល់ជុំទីពីរវគ្គចែកពូល ដោយ ៣គូ នឹងមានការប្រកួតនារាត្រីថ្ងៃទី១៩ មិថុនា។ ជំនួបពូល B ក្រូអាស៊ី ស្រេកឃ្លានជ័យជម្នះខ្លាំងនៅពេលប៉ះអាល់បានី វេលាម៉ោង ៨យប់ មុនពេលការប្រកួតពូល A រវាងម្ចាស់ផ្ទះអាល្លឺម៉ង់ ត្រូវស្វាគម៍ភ្ញៀវហុងគ្រី ម៉ោង ១១យប់ និងស្កុតឡែន ប៉ះស្វ៊ីស ម៉ោង ២យប់ រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា)។
លោកប្រធានាធិបតី ចូកូ វីដូដូ នៅថ្ងៃចុងសប្តាហ៍មុន បានទទួលម៉ូតូធំពណ៌មាសម៉ាក Royal Enfield Bullet ម៉ាស៊ីន 350 cc បន្ទាប់ពីលោក បានឃើញនៅក្នុងកម្មវិធីតាំងពីពណ៌មួយកាលពីពេលថ្មីនេះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post  នៅថ្ងៃ២១ មករា ដែលបានដកស្រង់ចេញពីសេចក្តីថ្លែងការណ៍ព័ត៌មានផ្ទាល់ប្រធានាធិបតីតែម្តង ។ លោកប្រធានាធិបតី បានអះអាងថា ម៉ូតូដែលលោកទិញមានតម្លៃ ៩,៨០០ ដុល្លារ ហើយវាជាតម្លៃពិសេសមួយសម្រាប់លោក ដ្បិតមុនពេលលោកចរចាបញ្ចុះតម្លៃជាមួយនឹងក្រុមហ៊ុន តម្លៃម៉ូតូគឺរហូតដល់ ១១,២៦១ដុល្លារ។ ហើយគោលដៅ នៃការទិញនេះ ដើម្បីផ្តល់តម្លៃ និងលើកកម្ពស់ផលិតផលក្នុងស្រុក ។ លោក បន្ថែមទៀតថា វាមិនមែនជាលើកដំបូងឡើយដែលលោកទិញផលិតផលក្នុងស្រុកដើម្បីផ្តល់តម្លៃដល់ផលិតក្នុងស្រុក។ កន្លងមក លោក ក៏ធ្លាប់ទិញកាហ្វេល្បីដែលជាផលិតឥណ្ឌូណេស៊ីផងដែរ ។ ជុំវិញម៉ាកម៉ូតូឥណ្ឌូណេស៊ីនេះដែរ លោកប្រធានាធិបតី ដែលទទួលបានការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុន ជឿជាក់ថា ម៉ូតូនេះមិនត្រឹមទទួលបានការបញ្ជាទិញពីសំណាក់អថិជនក្នុងស្រុកប៉ុណ្ណោះនោះទេ វាក៏អាចទាក់ទាញអតិថិជនពីបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផង ។ ទីផ្សារដែលលោក រំពឹងនោះ រួមមាន ថៃ ម៉ាឡេស៊ី និង ហ្វីលីពីនជាដើម ៕
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានទិញម៉ូតូធំមួយគ្រឿងក្នុងតម្លៃពិសេស ដែលជាផលិតផលក្នុងស្រុកតែម្តង ។ ការណ៍ ដែលលោកប្រធានាធិបតីរូបនេះ សម្រេចទិញម៉ូតូ មិនមែនដោយសារលោកចូលចិត្តជិះម៉ូតូធំនោះទេ តែដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះ។
  អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov បានជួបពិភាក្សាជាមួយបេសកជនពិសេសរបស់ចិនសម្រាប់តំបន់មជ្ឈិមបូព៌ា Zhai Jun នៅថ្ងៃទី១៩ ខែតុលានៅក្នុងទីក្រុង ដូតា កាតា ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាជុំវិញជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សា។    «ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបញ្ជាក់ជាមួយគ្នាលើការសម្របសម្រួលអំពីកិច្ចខិតខំប្រឹងប្រែងជុំវិញផលប្រយោជន៍នៃដំណោះស្រាយនយោបាយលើបញ្ហាដែលកំពុងកើតឡើងនេះ និងវិបត្តិផ្សេងៗទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីសរសេរបែបនេះ។    ចំណែកលោក Zhai ក៏បានបង្ហាញពីភាពសោកស្ដាយរបស់ចិនចំពោះជនស៊ីវិលដែលរងគ្រោះ និងវិបត្តិមនុស្សធម៌។ ប្រេសិតចិន ក៏បានបញ្ជាក់ពីការត្រៀមមខ្លួនរួចជាស្រេចក្នុងការដើរតួនាទីវិជ្ជមានបន្តកិច្ចចរចាសន្តិភាពប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ដូចជាការអនុវត្តពិតប្រាកដនៃដំណោះស្រាយរដ្ឋពីរ។   នៅក្នុងការពិភាក្សាជាមួយលោក Mikhail បេសកជនរូបនេះក៏បានបញ្ជាក់ថាចិន និងរុស្ស៊ីមានជំហរដូចគ្នាលើបញ្ហាប៉ាឡេស្ទីននេះផងដែរ។    ជុំវិញបញ្ហដែលកំពុងតែកើតឡើងនេះ ទីក្រុងមូស្គូក៏បានព្យាយាមទម្លាក់កំហុសមួយចំនួនទៅកាន់អាម៉េរិកដែលបានប្រឆាំងនឹងការដែលរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២។    រុស្ស៊ីក៏ព្យាយាមបោះដៃចូលដោះស្រាយវិបត្តិចុងក្រោយនេះដែរ។ ប៉ុន្តែសេចក្តីសម្រេចដែលព្រាងដោយរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ UN ដែលអំពាវនាវឱ្យមានការឈប់បាញ់នៅហ្គាហ្សា រួមជាមួយនឹងការដោះលែងចំណាប់ខ្មាំង ការទទួលយកជំនួយមនុស្សធម៌ និងការជម្លៀសជនស៊ីវិលដែលត្រូវការជំនួយដោយសុវត្ថិភាព មិនអាចឆ្លងក្រុមប្រឹក្សាសន្តិសុខឡើយនាកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែតុលាដោយសារ អាម៉េរិក អង់គ្លេស បារាំង និងជប៉ុនបោះឆ្នោតប្រឆាំង។   ស្ថានភាពពេលនេះ ប្រមុខការពារជាតិអ៊ីស្រាអែលបានបញ្ជាឱ្យកងទ័ពរបស់ខ្លួនត្រៀមខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សាដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធមួយនេះ ខណៈពេលដែរប្រធានាធិបតីអាម៉េរិក ចូ បៃឌិនបានស្នើឱ្យអាមេរិកចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយអ៊ីស្រាអែលប្រយុទ្ធនឹងក្រុមហាម៉ាស៕   
រុស្ស៊ី កំពុងសម្របសម្រួលគោលនយោបាយមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ខ្លួនជាមួយចិន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ស្របពេលដែលស្ថានភាពក្នុងតំបន់ដែលហែកហួរដោយជម្លោះមួយនេះកាន់តែយ៉ាប់យ៉ឺន។