text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
«ប្រសិនបើអ្នកចង់ត្រាប់តាម សូមត្រាប់តាមដោយបេះដូង និងការលះបង់ មិនមែនតាមសម្លៀកបំពាក់ ហើយបង្ហោះនោះឡើយ»។ លោក Kim Yong-min មកពីគណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សប្រឆាំង បានសរសេរយ៉ាងដូច្នេះនៅលើហ្វេសប៊ុកខ្លួន ដោយបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា អ្នកនឹងចាកឆ្ងាយពីទង្វើមិនល្អ ដោយប្រើប្រាស់ការឈឺចាប់អ្នកដទៃ គឺគ្រឿងលម្អរខ្លួន»។ កាលពីថ្ងៃសៅរ៍ Yonhap ដដែលបានផ្សាយព័ត៌មាន និងរូបថតអំពីស្ត្រីទីមួយកូរ៉េខាងត្បូង លោកស្រី Kim Keon-hee កាលពីថ្ងៃសៅរ៍ បានទៅសួរសុខទុក្ខកុមារខ្មែរម្នាក់ដែលមានជំងឺបេះដូង ដល់ផ្ទះ។ កាយវិការបែបនេះ គឺលោកស្រីចង់ផ្តល់កម្លាំងចិត្តចំពោះក្រុមគ្រួសារអ្នកជំងឺ កុំបោះបង់ការព្យាយាមទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ប្រភពពីការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា កុមារអាយុ១៤ឆ្នាំរូបនោះ មានជំងឺបេះដូងពីកំណើត។ តាមការគ្រោងទុក គេត្រូវជួបលោកស្រី Kim Keon-hee នៅមន្ទីរពេទ្យ Hebron Medical Center ក្នុងរាជធានីភ្នំពេញ ដែលកសាងដោយវេជ្ជបណ្ឌិតកូរ៉េខាងត្បូង Kim Woo-jung កាលពីឆ្នាំ២០០៧។ ដោយសារកុមាររូបនោះ មិនសូវស្រួលខ្លួន ទើបលោកស្រី Kim បានសម្រេចចិត្តទៅផ្ទះរបស់គេដោយផ្ទាល់។ «សូមឆាប់ជាសះស្បើយ ហើយចាំជួបគ្នានៅកូរ៉េខាងត្បូង»។ លោកស្រីបាននិយាយបែបនេះទៅកាន់កុមារដែលជាអ្នកជំងឺ ដោយទៅថែមទាំងនិយាយទៅកាន់ក្រុមគ្រួសារកុមារថា៖ «ក្តីសង្ឃឹមនៅតែមាន សូមកុំបោះបង់ក្នុងកាលៈទេសៈណាក៏ដោយ ហើយបន្តទៅមុខ»។ តាមការផ្សាយរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ឪពុករបស់កុមារនោះ បានស្លាប់មុនពេលគេកើត ហើយម្តាយ និងបងប្រុសសុទ្ធតែមានសុខភាពមិនល្អទេ។ កុមារកម្សត់ស្ថិតក្រោមការមើលថែទាំពីបងស្រីសាច់ថ្លែម្នាក់ ដែលមានរបរជាអ្នកអនាម័យ។ លោកស្រី Kim បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ដោយអមដំណើរជាមួយលោកប្រធានាធិបតី Yoon Suk-yeol ដែលជាស្វាមី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្រុមអ្នករិះគន់កូរ៉េខាងត្បូង បានចាត់ទុកសកម្មភាពភរិយាប្រធានាធិបតីថា សម្តែងធ្វើជាមនុស្សធម៌ ដោយតាមរូបភាព គឺអង្គុយបីកុមារអ្នកជំងឺ ហើយដាក់ត្រាប់តាមអតីតតារាភាពយន្ត Audrey Hepburn។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្សកាន់អំណាច PPP បានការពារចំពោះសកម្មភាពដ៏ល្អរបស់លោកស្រី Kim ដែលមានលក្ខណៈដូចគ្នាទៅនឹងដំណើរទស្សនកិច្ចតែម្នាក់ឯងរបស់អតីតស្ត្រីទីមួយ Kim Jung-sook ភរិយាអតីតប្រធានាធិបតី Moon Jae-in នៅឥណ្ឌា កាលពីឆ្នាំ២០១៨។ «វាជារឿងដ៏គួរឲ្យអស់សំណើច ដែលថា អ្វីដែលលោកស្រី Kim Jung-sook ធ្វើ ជារឿងល្អ ហើយអ្វីដែលលោកស្រី Kim Keon-hee ធ្វើ ជាមហន្តរាយ»។ លោក Kim Ki-hyeon ពីគណបក្ស PPP បានប្រតិកម្មតបបែបនេះ ដោយកោតសរសើរស្ត្រីទីមួយ ដែលមិនដើរតួជាអ្នកទេសចរ តែបែរជាទៅសួរសុខទុក្ខ និងជួយមនុស្សដែលមានស្ថានភាពពិបាក។ លោកថា សកម្មភាពនេះ គឺល្អជាងការសម្តែងរបស់ Audrey Hepburn រាប់រយ រាប់ពាន់ដង។ លោក Yoon Sang-hyun ពីគណបក្សកាន់អំណាចដូចគ្នា អះអាងផងដែរថា ស្ត្រីទីមួយកូរ៉េខាងត្បូង បានធ្វើកិច្ចការដ៏ត្រឹមត្រូវនៅកម្ពុជា៕ | សមាជិកសភាម្នាក់ពីបក្សប្រឆាំងនៅកូរ៉េខាងត្បូង បានចោទប្រកាន់ស្ត្រីទីមួយ លោកស្រី Kim Keon-hee ថា បានសម្តែងធ្វើជាទៅសួរសុខទុក្ខកុមារមានជំងឺម្នាក់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃទី១៤ ខែវិច្ឆិកា។ |
ក្នុងជំនួបពិភាក្សាគ្នានោះ លោក យន្ត មីន បានប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌាថា ខេត្តព្រះសីហនុ កំពុងមានអ្នកវិនិយោគបរទេសជាច្រើន ជាពិសេសវិនិយោគិនចិន ប៉ុន្តែវិនិយោគិនឥណ្ឌាមិនទាន់មាននៅឡើយ។ ដូច្នេះដើម្បីទាក់ទាញអ្នកវិនិយោគពីឥណ្ឌានេះ អភិបាលខេត្តព្រះសីហនុ បានសន្យាថា អាជ្ញាធរនឹងជួយសម្រួល និងអនុគ្រោះគ្រប់បែបយ៉ាងដល់អ្នកទេសចរ និងវិនិយោគឥណ្ឌា ដែលមកវិនិយោគនៅខេត្តព្រះសីហនុ។ បើតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ លោក យន្ត មីន បានស្នើដូច្នេះ៖«ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋ និងវិនិយោគិនឥណ្ឌា មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ»។ ជាការឆ្លើយតប លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាសន្យាជួយជំរុញអ្នកវិនិយោគ និងទេសចរឥណ្ឌាមកទស្សនាខេត្តព្រះសីហនុ សម្រាប់គោលដៅវិនិយោគនាថ្ងៃខាងមុខ។ ឥណ្ឌា និងកម្ពុជាមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអាស៊ាន លើគម្រោងអភិវឌ្ឍមេគង់ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងមួយឆ្នាំៗ ឥណ្ឌាជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាចំនួន ១៥០នាក់ ហើយនឹងកើនឡើង២៩នាក់ទៀត នៅឆ្នាំ២០១៩នេះ ក្នុងនោះក៏មានវិស័យការពារជាតិ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែកកងទ័ពជើងទឹក ផ្តោតសំខាន់លើបច្ចេកទេសដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា។ គួររម្លឹកថា នៅឆ្នាំ២០១៧ មានអ្នកទេសចរឥណ្ឌា មកកម្សាន្តខេត្តព្រះសីហនុចំនួន ១.០២៥នាក់ ហើយក្នុងឆ្នាំ២០១៨ មានចំនួន២.៥៧៨នាក់៕ | ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ ស្នើឲ្យអ្នកវិនិយោគឥណ្ឌាដាក់ទុនរកស៊ីនៅខេត្តតំបន់ទេសចរណ៍មួយនេះ។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។ |
នេះជាខ្លឹមសារនៃបទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនផ្នែកស្រូវអង្ករ Amru Rice និងជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ ព្រមទាំងជាអ្នកប្រឹក្សាអាជីវកម្មមួយរូប ដូចតទៅនេះ៖ មិនមែនថាការសម្រេចចិត្តបើកអាជីវកម្មតែម្ដងគឺខុសនោះទេ។ លោក កាន់ គន្ធី ពន្យល់ថា អ្នកខ្លះបានត្រៀមខ្លួនរួចរាល់ហើយមុនសម្រេចចិត្តដំណើរការធុរកិច្ច តែអ្នកខ្លះហក់ចូលក្នុងអាជីវកម្មដោយគ្រាន់តែឃើញគេជោគជ័យ ដែលប្រឈមហានិភ័យខ្ពស់។ អ្នកប្រឡូកក្នុងអាជីវកម្ម និងវិនិយោគបទពិសោធន៍ច្រើនឆ្នាំរូបនេះ អះអាងថា ការបើកអាជីវកម្មមួយជោគជ័យសំខាន់គឺការជ្រើសរើសមុខអាជីវកម្មដែលគេចូលចិត្ត មានចំណេះជំនាញ និងមានផែនការច្បាស់លាស់។ លោក កាន់ គន្ធី បន្ថែមទៀតថា យុវជនគួរយកកន្លែងបម្រើការងារ ទៅជាកន្លែងរៀនសូត្រ ដើម្បីជាដើមទុនផ្នែកចំណេះជំនាញពាក់ព័ន្ធដល់ការដំណើរការអាជីវកម្ម។ ការឆ្លៀតវិនិយោគក្នុងពេលខ្លួននៅមានការងារ ជាផ្លូវមួយផ្សេងទៀតក្រៅពីការចេញទៅបើកអាជីវកម្មភ្លាមៗរបស់យុវជន។ លោក គន្ធី មានប្រសាសន៍ដូច្នេះថា៖«យើងចាប់ផ្ដើមរៀនវិនិយោគ បើយើងកំពុងមានការងារ ទោះយើងវិនិយោគមានបញ្ហាក៏នៅមានចំណូលដែរ តែបើយើងមកធ្វើអាជីវកម្មតែម្ដង វាអាចមួយចានទឹកមួយចានគោក»។ ការចាប់ផ្ដើមអាជីវកម្ម ទាមទារឲ្យអ្នកនោះឈរជើងមើលការខុសត្រូវជាប់ជានិច្ច តែការវិនិយោគគឺខុសពីនេះ។ លោក កាន់ គន្ធី លើកឡើងថា ការវិនិយោគ សំខាន់គេត្រូវចេះមើលមនុស្ស មើលក្រុមហ៊ុនដែលគេបម្រុងនឹងចូលរួមជាមួយ និងមើលវិស័យដែលគេចង់ចាប់ឱកាសនោះ។ ហើយនៅពេលដែលគេវិនិយោគបានផលចំណូលច្រើនជាងចំណូលការងារ គេក៏អាចសម្រេចចិត្តនៅបម្រើការងារដដែល ឬចោលការងារដើម្បីធ្វើតែវិនិយោគ ឬបើកអាជីវកម្ម៕ | ភ្នំពេញ៖ មានជម្រើសមួយផ្សេងទៀតក្រៅពីបើកអាជីវកម្ម នោះគឺការវិនិយោគ។ ការឈប់ពីការងារមកឈរជើងបើកអាជីវកម្មខ្លួនឯងតែម្ដង នោះយុវជនប្រឈមបាត់បង់ចំណូលពីការងារដែលធ្លាប់ទទួលបាន បើអាជីវកម្មមិនដំណើរការ។ តែបើវិនិយោគ គេអាចធ្វើការបណ្ដើរ និងវិនិយោគបណ្ដើរ។ មិនមែនការវិនិយោគគ្មានហានិភ័យនោះទេ តែយ៉ាងណាគេអាចរកចំណូលពីការងារដដែលទោះវិនិយោគបរាជ័យ។ |
អត្ថបទទាក់ទង «កម្មវិធីបារាំងពីរសប្ដាហ៍នៅភ្នំពេញ» អបអរមិត្តភាពបារាំង-កម្ពុជា ការកែច្នៃប្រឌិតវត្ថុដែលគេបោះបង់ចោលទៅជាស្នាដៃសិល្បៈ ជំនាញថតរូបដែលបង្កប់អត្ថន័យអប់រំ ជាពិសេសការលើកកម្ពស់បរិស្ថាន នឹងត្រូវបង្ហាញជាសាធារណៈក្នុងបរិវេណសួនច្បារស្ថានទូតបារាំងនៅកម្ពុជា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ក្នុងកម្មវិធី «បារាំងពីរសប្តាហ៍នៅភ្នំពេញ»។ សិល្បករខ្មែរ៧រូប ដែលបង្កើតបាននូវស្នាដៃសិល្បៈបែបសហសម័យជាច្រើន ហើយស្នាដៃមួយចំនួនត្រូវបានយកទៅតាំងពិព័រណ៌នៅបរទេសផងដែរនោះ រង់ចាំការលើកទឹកចិត្តពីជនរួមជាតិ និងមិត្តបរទេស ចំពោះការតាំងបង្ហាញស្នាដៃក្នុង «ដំណើរត្រាច់ចរសិល្បៈ» នៅចុងសប្តាហ៍ខាងមុខ។ សិល្បករកម្ពុជាទាំង៧រូប រួមមាន៖ លោក ថាំង សុធា អ្នកកំពង់ចាម ដែលបច្ចុប្បន្នមាន អាយុ៣៥ឆ្នាំ នឹងបង្ហាញស្នាដៃលើការកែច្នៃសំបកកំប៉ុងឲ្យក្លាយជាទៅជាទម្រង់បែបសិល្បៈមួយដ៏រស់រវើក។ ស្នាដៃរបស់សិល្បករដែលមានសញ្ញាបត្រស្ថាបត្យកម្ម និងនគររូបនីយកម្មរូបនេះ ក៏ធ្លាប់បង្ហាញវត្តមាននៅក្រៅប្រទេសផងដែរ។ លោក ភើ សុផុន ផ្តល់តម្លៃយ៉ាងខ្លាំងទៅលើការថែរក្សាបរិស្ថាន។ លោកបានបង្កើតស្នាដៃដ៏វិសេសវិសាលមួយដែលមានរូបរាងដូចជា មកុដ ដោយប្រើប្រាស់សម្ភារធម្មតាៗចេញពីសំណល់តាមផ្លូវសាធារណៈ ។ ស្នាដៃនេះបានបង្ហាញនូវសារត្រង់ៗជូនដល់អ្នកទស្សនា ក៏ដូចជាប្រជាពលរដ្ឋខែ្មរគ្រប់រូប ដែលទាក់ទងនឹងការគោរពបរិស្ថាន និងសារសំខាន់នៃការកែច្នៃសំណល់ប្រើឡើងវិញនៅក្នុងសង្គម។ លោក ឯម រៀម ជាបណ្ឌិតច្នៃម៉ូដដ៏ល្បីល្បាញម្នាក់។ លោកបានបង្កើតសា្នដៃរបស់ខ្លួនដោយបានប្រើប្រាស់សម្ភារមួយចំនួនដូចជា ផ្តៅ ក្រចៅ ឬស្សី ឬឈើ លាយបញ្ចូលតែមួយ ដើម្បីបង្ហាញនូវបរិស្ថានធម្មជាតិដ៏សម្បូរបែបនៅកម្ពុជា។ លោក អ៊ូ វណ្ណឌី មានស្នាដៃ២ប្រភេទ រួមមានមាននង្គ័លខ្មែរ ដែលកែច្នៃចេញពីបំណែកខ្លះៗនៃអាវុធដែលបានបន្សល់ទុកពីសង្គ្រាម និងស្នាដៃទី២ គឺរូបសត្វគោព្រៃដោយបានរំលេចនូវទម្រង់បែបសិល្បៈអរូបិយនៃរឿងរាមកេ្តរ៍ ដោយលោកបានកែច្នៃពីចេញដែក ច្រវ៉ាក់ម៉ូតូ ឬច្រវ៉ាក់កង់ចាស់ៗ ពីកន្លែងជាងជួសជុលម៉ូតូ និងកង់ជាដើម។ លោក តោ វុដ្ឋា បង្ហាញនូវស្នាដៃរបស់ខ្លួន ជារូបចម្លាក់នៃជនភៀសខ្លួនទៅរស់នៅតាមព្រំដែន ឬទៅកាន់ប្រទេសទី៣ ដោយសារសង្គ្រាមស៊ីវិល។ ក្នុងអត្ថន័យនេះ លោកចង់ឆ្លុះបញ្ចាំងពីផលវិបាកនៃសង្គ្រាមចំពោះប្រជាជនដែលរស់នៅក្នុងប្រទេស។ លោក នូ សារី បង្ហាញស្នាដៃជាទម្រង់សិល្បៈសូនរូប ដែលធ្វើឡើងអំពីវល្លិយាវ។ ស្នាដៃនេះ ពណ៌នាពីមនុស្ស និងធម្មជាតិដែលមានទំនាក់ទំនងជាមួយគ្នាចាប់ផ្តើមពីមនុស្សកកើតនៅលើផែនដីដំបូង រហូតដល់ពេលបច្ចប្បន្ន។ លោក សុវណ្ណ ភីឡុង បង្ហាញសិល្បៈថតរូបនៅពេលយប់ដោយបានបញ្ចាំងពន្លឺចេញពីភ្លើងម៉ូតូ ដែលជាឧបករណ៍មួយក្នុងការបង្កើតជាសាច់រឿងផ្សេងៗដែលកើតឡើងនៅក្នុងទីក្រុងនាពេលរាត្រី។ នេះ វាជាគំនិតថ្មីមួយដែលបានការបង្កើតឡើងក្នុងស្នាដៃសិល្បៈដ៏សម្បូរបែប៕ | «ដំណើរត្រាច់ចរសិល្បៈ» ដែលជាផ្នែកមួយនៃកម្មវិធី «បារាំងពីរសប្តាហ៍នៅភ្នំពេញ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និងទី២៥ ខែមីនា នៅបរិវេណស្ថានទូតបារាំងប្រចាំកម្ពុជា។ សិល្បករខ្មែរ៧រូប នឹងបង្ហាញស្នាដៃសហសម័យប្រកបដោយទេពកោសល្យ និងប៉ិនប្រសប់របស់ខ្លួន។ |
តាមគម្រោង សាលាដំបូង នឹងបើកសវនាការកាត់ទោសលោក គឹម សុខ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២0១៧។ មុននឹងសាលាដំបូង កាត់ទោស មេធាវី ក៏ឆ្លៀតដាក់សំណើសុំឲ្យលោក គឹម សុខ រស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ ដោយធ្វើតាមសំណើរបស់មេធាវី សាលាដំបូង ក៏សម្រេចបើកសវនាការនៅថ្ងៃនេះ ពាក់ព័ន្ធនឹងសំណើសុំនៅឃុំខាងលើ។ កន្លងមកមេធាវីរបស់លោក គឹម សុខ ក៏ធ្លាប់ដាក់សំណើសុំនៅក្រៅឃុំនេះ ទៅកាន់សាលាដំបូងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សំណើសុំនៅក្រៅឃុំ សុទ្ធតែបានធ្លាក់ទៅដល់សាលាឧទ្ធរណ៍និងតុលាការកំពូល។ ប៉ុន្តែការសុំនៅក្រៅឃុំទាំងប៉ុន្មានលើកខាងលើ សុទ្ធតែបរាជ័យ។ សម្តេច ហ៊ុន សែន បានដាក់ពាក្យប្តឹងលោក គឹម សុខ អ្នកវិភាគនយោបាយ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីខែកុម្ភៈ ឆ្នាំ២0១៧ ។ លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន បញ្ជាក់ថាមូលហេតុនៃការដាក់ប្តឹងនេះ ដោយសារតែលោក គឹម សុខ បាននិយាយថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងអំពើឃាតកម្ម លោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមដ៏ល្បីល្បាញ កាលពីខែកក្កដា ឆ្នាំ២0១៦ ។ លោក គឹម សុខ នៅរងបណ្តឹងរបស់សម្តេច ហ៊ុន សែន មួយផ្សេងទៀត។ អង្គហេតុ ដែលនាំឲ្យលោក គឹម សុខ រងបណ្តឹងជាលើកទី២ គឺដោយសារតែលោក និយាយថា ប្រព័ន្ធមួយ ដែលស្ថិតនៅក្រោមរដ្ឋាភិបាលបច្ចុប្បន្ន មានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ រហូតមកដល់ពេលនេះ លោក គឹម សុខ បានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលជិតកន្លះឆ្នាំហើយ៕ | ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនៅព្រឹថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២0១៧នេះ ជុំវិញសំណើសុំឲ្យលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាឃុំ ដោយសារបណ្តឹងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន។ |
ដូចនីតិកាលទី៦ដែរ សម្រាប់នីតិកាលទី៧នេះ អាសនៈសរុបក្នុងរដ្ឋសភា មាន១២៥ ដែលមានន័យថា ត្រូវមានតំណាងរាស្រ្ត១២៥រូប។ យោងតាមរដ្ឋធម្មនុញ្ញ តំណាងរាស្រ្តម្នាក់ មិនមែនគ្រាន់តែជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរក្នុងរាជធានី ឬខេត្តណាមួយនោះទេ តែជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ លក្ខណៈសម្បត្តិ ដែលអាចឈរជាបេក្ខជនតំណាងរាស្រ្តបាន ដូចជា ត្រូវតែជាសមាជិកគណបក្សនយោបាយ មានសញ្ជាតិខ្មែរពីកំណើត និងមានអាយុយ៉ាងតិច២៥ឆ្នាំ ជាដើម។ ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានរៀបចំឡើងនៅរៀងរាល់៥ឆ្នាំម្តង។ និយាយជាភាសាសាមញ្ញ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺជាការជ្រើសរើសតំណាងថ្មី ហើយអ្នកដែលជ្រើសរើស គឺប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក៏ជាការបោះឆ្នោត ដើម្បីរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។ គណបក្ស ដែលទទួលបានអាសនៈក្នុងរដ្ឋសភាច្រើនជាងគេ នឹងត្រូវដឹកនាំរាជរដ្ឋាភិបាល។ ក្នុងនីតិកាលទី៧នេះ មានគណបក្ស១៨ ដែលចូលរួមប្រកួតប្រជែង។ លំដាប់លេខរៀងរបស់គណបក្សទាំង១៨ នៅលើសន្លឹកឆ្នោត គឺ៖ គណបក្សសំបុកឃ្មុំដើម្បីប្រជាធិបតេយ្យ នៅលេខរៀងទី១ គណបក្សខ្មែរតែមួយ នៅលេខរៀងទី២ គណបក្សសញ្ជាតិកម្ពុជា នៅលេខរៀងទី៣ គណបក្សខ្មែររួបរួមជាតិ នៅលេខរៀងទី៤ គណបក្សកម្លាំងប្រជាធិបតេយ្យ នៅលេខរៀងទី៥ គណបក្សកសិករ នៅលេខរៀងទី៦ គណបក្សស្ត្រីដើម្បីស្ត្រី នៅលេខរៀងទី៧ គណបក្សខ្មែរឈប់ក្រ នៅលេខរៀងទី៨ គណបក្សហ្វ៊ុនស៊ីនប៉ិច នៅលេខរៀងទី៩ គណបក្សធម្មាធិបតេយ្យ នៅលេខរៀងទី១០ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅលេខរៀងទី១១ គណបក្សបំណងពលរដ្ឋ នៅលេខរៀងទី១២ គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច នៅលេខរៀងទី១៣ គណបក្សឯកភាពជាតិខ្មែរ នៅលេខរៀងទី១៤ គណបក្សខ្មែរអភិរក្ស នៅលេខរៀងទី១៥ គណបក្សយុវជនកម្ពុជា នៅលេខរៀងទី១៦ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅលេខរៀងទី១៧ គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ រយៈពេល២១ថ្ងៃ គឺពីថ្ងៃទី១នេះ រហូតដល់ថ្ងៃទី២១ ខែកក្កដា គឺជាដំណាក់កាលនៃការធ្វើយុទ្ធនាការរបស់គណបក្សនីមួយៗ ក្នុងការស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ក្នុងថ្ងៃទី២២ ដែលជាថ្ងៃស គ្រប់ភាគី ត្រូវរក្សាភាពស្ងៀមស្ងាត់៕ | ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺជាការបោះឆ្នោតថ្នាក់ជាតិ និងជាការបោះឆ្នោតមួយ ក្នុងចំណោមការបោះឆ្នោតផ្សេងទៀតនៅកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជា ឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៦លើករួចមកហើយ ហើយឈានចូលលើកទី៧ នៅឆ្នាំ២០២៣នេះ។ |
ការចូលរួមក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ របស់ «ទូក ង ខ្មែរកម្ពុជាក្រោមមានជ័យ»នេះ គឺចង់បង្ហាញឱ្យពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅកម្ពុជាផ្ទាល់ បានដឹង ឃើញ និងយល់ពីខិតខំថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ខ្មែររបស់ពលរដ្ឋខ្មែរកម្ពុជា ដែលកំពុងរស់នៅ ក្នុងទឹកដីប្រទេសវៀតណាម។ លើសពីនេះ ក៏ចង់ឱ្យពិភពលោកបានដឹងថា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែរក្សាប្រពៃណី និងទំនៀមទម្លាប់ខ្មែរ យ៉ាងខ្ជាប់ខ្ជួន។ នេះជាការពន្យលរបស់ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដែលបន្តបញ្ជាក់ថា៖«ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល គឺជាខ្មែរតែមួយ ដែលមានប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រតែមួយ»។ លោក ប៊ុន ម៉ានី ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដែលកំពុងស្ថិតនៅ កន្លែងចម្រុះទូកង ខ្មែរកម្ពុជាក្រោម។ បើតាម លោក ប៊ុន ម៉ានី ការចូលរួមប្រណាំងទូកនៅរាជធានីភ្នំពេញ ក៏រងការគាបសង្កត់ និងមិនពេញចិត្តពីសំណាក់អាជ្ញាធរវៀតណាមផងដែរ ប៉ុន្តែមិនអាចទប់ជាប់បំណងធំរបស់ពលរដ្ឋខ្មែរកម្ពុជា ក្នុងការបង្ហាញពីការខិតខំរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្លួន ដល់ពលរដ្ឋខ្មែរកណ្តាលនោះឡើយ។ ប្រធានសមាគមខ្មែរកម្ពុជារូបនេះ បញ្ជាក់ពីទំហំចំណាយក្នុងការចូលរួមប្រណាំងទូកនេះថា ក្នុងមួយឆ្នាំៗ «ទូក ង ខ្មែរកម្ពុជាក្រោមមានជ័យ» ដែលជាទូកខ្នាតអន្តរជាតិ មានចម្រុះទូក២២នាក់នេះ បានចំណាយថវិកាប្រមាណ ពី១,១ម៉ឺនដុល្លារ ទៅ ១,៣ម៉ឺនដុល្លារ។ ជាថវិកាឧបត្ថម្ភពីពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅកម្ពុជាផ្ទាល់ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរស់នៅជុំវិញពិភពលោក ដូចជានៅប្រទេសជប៉ុន អាមេរិក អឺរ៉ុប និងអូស្រា្តលីជាដើម។ នេះបើតាមលោក ម៉ានី ។ លោក ប៊ុន ម៉ានី បានឲ្យសារព័ត៌មានថ្មីៗដឹងដែរថា បានជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤-១៥កើត ខែកត្កិក នាខេត្តឃ្លាំង ប្រទេសវៀតណាម ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅទីនោះ ក៏តែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះដែរ៕ | ភ្នំពេញ៖ គិតត្រឹមឆ្នា២០១៩នេះ គឺមានរយៈពេល ១៧ឆ្នាំហើយ ដែល«ទូក ង ខ្មែរកម្ពុជាក្រោមមានជ័យ» បានបង្ហាញវត្តមានក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។ ជាទូក ង តែមួយគត់ ដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។ នេះបើតាម លោក ប៊ុន ម៉ានី ប្រធានសមាគមខ្មែរកម្ពុជាក្រោមដែលបានប្រាប់សារព័ត៌មានថ្មីៗ។ |
អូមេហ្គាបីនឹងស្រោបសរសៃប្រសាទដោយជាតិខ្លាញ់ល្អៗដើម្បីអោយវាធ្វើចលនាបានយ៉ាងងាយស្រួលទៅក្នុងខួរក្បាល។ អូមេហ្គាបីក៏ផ្តល់ជាអុកស៊ីសែនកាន់តែច្រើនទៅក្នុងខួរក្បាល, រក្សាព័ត៌មានថ្មីៗ និងនឹកឃើញព័ត៌មានចាស់ៗមកវិញបាន។ ត្រីដែលមានតម្លៃ និងរស់ជាឆ្ងាញ់បំផុតសម្រាប់សុខភាពខួរក្បាល គឺត្រីសាលមុង, និងត្រីធូណា។ អ្វីដែលល្អនោះគឺថា បើសិនជាអ្នកមិនមែនជាមនុស្សចូលចិត្តត្រីទេ ការស្រាវជ្រាវថ្មីៗភាគច្រើនបានបង្ហាញអោយដឹងថា ការញ៉ាំត្រីតែម្តង ឬពីរដងក្នុងមួយថ្ងៃគឺគ្រប់គ្រាន់នឹងទទួលបានអត្ថប្រយោជន៍របស់វាទៅហើយ។ មួយវិញទៀត វិទ្យាស្ថានជាតិសុខាភិបាលបានណែនាំថា មនុស្សយើងគួរតែញ៉ាំត្រីយ៉ាងហោចណាស់ ២ភាគរយនៃកាឡូប្រចាំថ្ងៃសរុបរបស់ពួកគេ ដែលមានអូមេហ្គាបីស្មើនឹង ៤ក្រាមក្នុងមួយថ្ងៃ។ បើសិនជាអ្នកមិនញ៉ាំសាច់សត្វ ឬមានបញ្ហានឹងសាច់ត្រីពេលញ៉ាំអាហារ អ្នកអាចប្រើប្រាស់ជាថ្នាំបំប៉នប្រភេទខ្លាញ់ត្រី ឬ អូមេហ្គាបី DHA ក៏បានដែរ។ ទោះបីជាទិន្នន័យថ្មីពី Consumer Reporters បញ្ជាក់ថា មានប្រជាជនអាមេរិកកាន់តែច្រើនកំពុងតែទិញថ្នាំបំប៉នអូមេហ្គាបីច្រើនជាងមុនក៏ដោយ ក៏ការណែនាំរបស់វេជ្ជបណ្ឌិតនិយាយថាការញ៉ាំត្រីពិតប្រាកដនៅតែមានប្រយោជន៍ដល់សុខភាពដដែល។ ខាងក្រោមនេះគឺជាវិធីប្រាំយ៉ាងក្នុងការបន្ថែមកម្រិតអាហារត្រីដល់របបអាហាររបស់អ្នកដើម្បីពង្រឹងសុខភាព។ បង្ការជំងឺបេះដូង ការសិក្សារបស់ប្រជាជន ដានីស ទៅលើស្ត្រីចំនួន ៤៩០០០នាក់ដែលត្រូវបានចុះផ្សាយនៅថ្ងៃច័ន្ទក្នុងចំណង់ជើងជំងឺលើសសម្ពាធឈាម ដែលជាសារព័ត៌មានរបស់សមាគមន៍ជំងឺបេះដូងអាមេរិកបានរកឃើញថា ស្ត្រីដែលមិនញ៉ាំត្រីសោះ ឬញ៉ាំតិចតួចមានបញ្ហាច្រើនជាងស្ត្រីដែលញ៉ាំត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍រហូតដល់ ៥០ភាគរយ។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលមិនញ៉ាំត្រីមានការប្រឈមនឹងជំងឺជាងអ្នកឧស្សាហ៍ញ៉ាំត្រី ៣ដង។ ការស្រាវជ្រាវផ្សេងៗទៀតបានរកឃើញថា ការញ៉ាំត្រីដែលមានខ្លាញ់អូមេហ្គាបីខ្ពស់អាចកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម ដែលវាបន្ថយដល់ការប្រឈមនឹងជំងឺបេះដូងបាន។ កាត់បន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង បើយោងទៅតាមការស្រាវជ្រាវថ្មីមួយដែលបានបង្ហាញកាលពីខែមុននៅឯសង្គមវិទ្យុសាស្ត្រនៃការប្រឈមប្រចាំឆ្នាំរបស់អាមេរិកខាងជើង បានអោយដឹងថា ការញ៉ាំត្រីម្តងក្នុងមួយសប្តាហ៍អាចជួយបង្ការបញ្ហាទៅលើសរសៃប្រសាទក្នុងតំបន់ Gray-matter បានដែលជាផ្នែកមួយនៃខួរក្បាលសម្រាប់ធ្វើទំនាក់ទំនងដល់ការចងចាំ និងការចេះដឹង។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំត្រីអាំង ឬដុត តែមិនមែនដោយការចៀន ឬឆាទេ គឺមានខួរក្បាល និងកោសិការធំៗ សម្រាប់ទទួលខុសត្រូវក្នុងការចងចាំ និងសិក្សា។ អ្នកវិទ្យាសាស្ត្រជឿថា ខួរក្បាលដែលមានទំហំធំអាចជួយកាត់បន្ថយការប្រឈមនឹងការថយចុះភាពឆ្លាតវៃ និងជំងឺភ្លេចភ្លាំង។ ពង្រឹងដល់សុខភាពស្បែក និងសក់ ខ្លាញ់អូមេហ្គាបីដែលមានក្នុងសាច់ត្រីពិតជាខ្លាញ់ប្រកបដោយសុខភាពមួយប្រភេទសម្រាប់ថែរក្សាស្បែករបស់អ្នកអោយមើលទៅមានការការពារ និងសក់មានពន្លឺ។ ការស្រាវជ្រាវក៏បានភ្ជាប់ការញ៉ាំត្រីនិងខ្លាញ់អូមេហ្គាបីជាការព្យាបាលជំងឺស្បែកដូចជា ការកន្រួលក្រហមៗលើស្បែក។ បំបាត់ការបាក់ទឹកចិត្ត ការសិក្សាជាច្រើនបានរកឃើញថា នៅពេលប្រើថ្នាំបំបាត់ការបាក់ទឹកចិត្តរយៈពេលយូរជាមួយខ្លាញ់អូមេហ្គាបីដែលមានក្នុងសាច់ត្រី វារឹតតែធ្វើអោយការព្យាបាលនេះកាន់តែមានប្រសិទ្ធភាពជាងប្រើថ្នាំតែមួយមុខ។ ការសិក្សាមួយទៅលើស្ត្រីចំនួន ៥២នាក់បានរកឃើញថា ការប្រើថ្នាំគ្រាប់អូមេហ្គាបី ៣០០មីលីក្រាមក្នុងពេលមានផ្ទៃពោះជួយកាត់បន្ថយការប្រឈមនឹងការបាក់ទឹកចិត្តក្រោយសម្រាលកូន។ បង្កើនការលូតលាស់ខួរក្បាល EFAអូមេហ្គាបី ដែលមានក្នុងត្រីសាលម៉ុង និងត្រីសម្បូរជីវជាតិផ្សេងៗទៀតសុទ្ធតែជាជីវជាតិដ៏សំខាន់សម្រាប់កុមារ ព្រោះវាជួយបង្កើនការលូតលាស់ដល់ខួរក្បាលរបស់គេ។ ការសិក្សាមួយចំនួនបានរកឃើញថាការទទួលទានខ្លាញ់អូមេហ្គាបីអាចជួយកាត់បន្ថយរោគសញ្ញារបស់ជំងឺ ADHD បាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកឯកទេសជាច្រើនបានណែនាំអោយឪពុកម្តាយទាំងឡាយស្នើរអោយគ្រូពេទ្យព្យាបាលកូនរបស់ពួកគេសិនមុនពេលសម្រេចចិត្តអោយកូនប្រើថ្នាំបំប៉ន៕ សូមជួយចែករំលែកប្រសិនអ្នកពេញចិត្ត ត្រួតពិនិត្យដោយ៖ www.health.com.kh ចែករំលែក! សុខភាពទូទៅ | ជាទូទៅ ត្រីមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពរបស់អ្នក ជាពិសេសគឺខួរក្បាលតែម្តង។ សាច់ត្រីពោរពេញទៅដោយជាតិខ្លាញ់អូមេហ្គាបីដែលគេស្គាល់ថាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សរីរាង្គក្នុងខ្លួន។ ជាតិខ្លាញ់ទាំងនេះជំនួយដល់មុខងាររបស់ខួរក្បាល ព្រោះវាជួយស្រោបជាស្រទាបខ្លាញ់ទៅលើសរសៃប្រសាទអោយបានរឹងមាំល្អ ។ |
«អាម៉េរិកមានការប្ដេជ្ញាចិត្តក្នុងការជួយតៃវ៉ាន់ការពារខ្លួន»។ លោកស្រី Sandra Oudkirk ប្រធានវិទ្យាស្ថានអាម៉េរិកដែលដើរតួជាស្ថានទូតអាម៉េរិកប្រចាំកោះតៃវ៉ាន់ បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយ។ ថ្លែងទៅកាន់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានលើកដំបូងចាប់តាំងពីបានចូលកាន់តំណែងក្នុងខែកក្កដា លោកស្រី Oudkirk ពណ៌នាទំនាក់ទំនងរវាងអាម៉េរិក និងតៃវ៉ាន់ថា ជាទំនាក់ទំនងរឹងមាំដូចថ្ម។ នៅពេលត្រូវបានសួរថាតើអាម៉េរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារនោះ លោកស្រី Oudkirk និយាយថា គោលនយោបាយអាម៉េរិកចំពោះតៃវ៉ាន់មានភាពច្បាស់លាស់ ហើយនៅតែមិនផ្លាស់ប្តូរឡើយ។ ដូចប្រទេសជាច្រើនទៀតដែរ អាម៉េរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែអាម៉េរិកគឺជាអ្នកគាំទ្រតៃវ៉ាន់លើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ដែរ។ ទីក្រុងវ៉ាស៊ីនតោន ក៏មានចំណងតាមច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ដែលត្រូវជួយតៃវ៉ាន់ដើម្បីការពារខ្លួន ប៉ុន្តែច្បាប់នេះមិនបានបញ្ជាក់ថា តើអាម៉េរិកនឹងធ្វើអន្តរាគមន៍ផ្នែកយោធាដើម្បីការពារតៃវ៉ាន់ក្នុងករណីមានការវាយប្រហារពីចិនឡើយ។ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ បានកើនកម្ដៅខ្លាំង ក្រោយចិនបង្កើនសកម្មភាពយោធានៅក្នុងតំបន់ការពារអាកាសរបស់ដែនកោះនេះ។ ទីក្រុងតៃប៉ិចាត់ទុកទង្វើទីក្រុងប៉េកាំង ជាការបង្កើនការយាយីផ្នែកយោធា។ គួររំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នាពេលថ្មីៗនេះបានប្រកាសរួចមកហើយថា អាម៉េរិក នឹងចេញមុខជួយតៃវ៉ាន់ក្នុងព្រឹត្តិការណ៍នៃការវាយប្រហារពីចិន។ លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន ក៏បានជំរុញឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់គាំទ្រដល់ការអនុញ្ញាតឱ្យតៃវ៉ាន់ចូលរួមនៅក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។ ឆ្លើយតបនឹងការលើកឡើងរបស់អាម៉េរិក ចិនបាននិយាយថា សកម្មភាពរបស់អាម៉េរិកអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាម៉េរិក ក៏ដូចជាប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ចិនក៏បានអះអាងថា តៃវ៉ាន់គ្មានសិទ្ធិចូលជាសមាជិករបស់អង្គការសហប្រជាជាតិឡើយ៕ | តំណាងរបស់អាម៉េរិកប្រចាំកោះតៃវ៉ាន់ លោកស្រី Sandra Oudkirk នៅថ្ងៃទី ២៩ ខែ តុលាបាននិយាយថា អាម៉េរិកប្តេជ្ញាជួយតៃវ៉ាន់ ដើម្បីការពារខ្លួនពីការយាយីពីសំណាក់ប្រទេសដទៃ។ នេះជាការបញ្ជាក់ជាថ្មីទៀតរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនចំពោះបញ្ហានៅតៃវ៉ាន់ដែលត្រូវមើលឃើញថា ឡើងកម្ដៅខ្លាំង។ |
ភាពតានតឹងផ្នែកយោធារវាងចិន និងកោះតៃវ៉ាន់ ទំនងជាកើនឡើងខ្លាំងក្រោយយន្តហោះចម្បាំងចិនចំនួនពីរគ្រឿងធុន J-11 កាលពីថ្ងៃទី៣១ ខែមីនា បានហោះឆ្លងចូលដែនអាកាសតៃវ៉ាន់ខាងលើច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកទឹកដីទាំងពីរ។ មួយថ្ងៃក្រោយហេតុការណ៍នេះ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ក៏បើកភ្លើងខៀវឲ្យយោធាតៃវ៉ាន់ប្រើកម្លាំងដើម្បីបណ្ដេញយន្តហោះណាដែលបំពានដែនអាកាសខ្លួន។ តាមទំព័រហ្វេសប៊ុករបស់ខ្លួន លោកស្រី Tsai បានចេញបញ្ជាឲ្យប្រើកម្លាំងជាមុនប្រឆាំងសកម្មភាពបង្កហេតុណាមួយតាមរយៈការបំពានខ្សែខណ្ឌទឹកដី។ ក្នុងហេតុការណ៍ចុងសប្ដាហ៍មុន តៃវ៉ាន់មិនបានប្រើកម្លាំងអ្វីទេ ដោយគ្រាន់តែប្រាប់ឲ្យយន្តហោះចិនចាកចេញពីដែនអាកាសរបស់ខ្លួនប៉ុណ្ណោះ ខណៈយន្តហោះចិនចូលដល់ផ្នែកនិរតីរបស់កោះមួយនេះ និងស្ថិតក្នុងដែនអាកាសតៃវ៉ាន់ដល់ទៅជាង១០នាទី។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់។ អត្ថបទទាក់ទង តៃវ៉ាន់ឆេះដុំ ក្រោយយន្តហោះចិនហោះកាត់ខ្សែខណ្ឌចែកទឹកដី បញ្ជាខ្លាំងៗរបស់ប្រធានាធិបតីតៃវ៉ាន់បែបនេះ ធ្វើឲ្យមានការបារម្ភជុំវិញទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ដែលចិនចាត់ទុកជាខេត្តមួយមិនអាចកាត់ផ្ដាច់បាន។ ចិនមិនទាន់ប្រតិកម្មតបនឹងបញ្ជារបស់លោកស្រី Tsai ឡើយ ប៉ុន្តែភាពតានតឹងអាចនឹងផ្ទុះឡើងមិនខាន ហើយអាមេរិកក៏អាចត្រូវអូសចូលសំណុំរឿងរ៉ាំរ៉ៃនេះដែរ ដ្បិតមិននៅស្ងៀមឡើយ បើតៃវ៉ានជួបបញ្ហាដោយសារចិននោះ។ នេះក៏ព្រោះតែអាមេរិក មានចំណងផ្នែកច្បាប់ដើម្បីជួយតៃវ៉ាន់ ទោះគ្មានទំនាក់ទំនងការទូតផ្លូវការក្ដី។ លោកស្រី Tsai ដែលជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០១៦ តែងជាមុខសញ្ញារបស់ក្រុងប៉េកាំង ព្រោះលោកស្រីប្រកាន់ជំហរតឹងរ៉ឹងខ្លាំង មាននិន្នការងាកទៅរកឯករាជ្យ ហើយប្រកាសមិនទទួលស្គាល់គោលការណ៍ចិនតែមួយផង។ ការដាក់បញ្ជាឲ្យប្រើកម្លាំង អាចជាការប្រថុយប្រថានសម្រាប់តៃវ៉ាន់ ប៉ុន្តែលោកស្រី Tsai ក៏ត្រូវគិតគូរពីនយោបាយក្នុងស្រុក និងជំហានថ្ងៃខាងមុខ ពិសេសបំណងការពារកៅអីប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២០ ។ ជាការកត់សម្គាល់ ឲ្យមាននាវាចម្បាំងអាមេរិកបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ចិននឹងបញ្ជូនយន្តហោះរបស់ខ្លួនឆ្វែលតាមក្រោយផងដែរ។ នៅថ្ងៃទី២៤ ខែមីនា អាមេរិកទើបបញ្ជូននាវាពិឃាតមួយគ្រឿង និងកប៉ាល់មួយគ្រឿងទៀត បើកឆ្លងកាត់ដែនទឹកនេះ ដែលនេះទំនងជាមូលហេតុដែលចិនបញ្ជូន J-11 ទៅកាន់តែកៀកតៃវ៉ាន់វិញ។ ក្នុងឆ្នាំនេះ អាមេរិកបានបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រនេះបីដងហើយ គឺខែមករា, ខែកុម្ភៈ និងចុងក្រោយនៅថ្ងៃទី២៤ ខែមីនាកន្លងទៅ។ ទង្វើរបស់អាមេរិក ស្ដែងឲ្យឃើញពីជំហររក្សាវត្តមានរបស់ខ្លួនក្នុងតំបន់នេះ និងនិយាយដោយឡែកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល ជាទីដែលចិនកំពុងបង្កើនឥទ្ធិពលខ្លាំង។ បើគិតតាមគំរូខាងលើ ចិននឹងបង្កើនសកម្មភាពយោធារបស់ខ្លួនកាន់តែច្រើន និងកាន់តែធំថែមទៀត បើអាមេរិកនៅតែបន្តបញ្ជូននាវារបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ទៀតដែរនោះ៕ | ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅថ្ងៃទី១ ខែមេសា បានចេញបញ្ជាឲ្យប្រើកម្លាំងដើម្បីបណ្ដេញយន្តហោះទាំងឡាយដែលបំពានខ្សែខណ្ឌចែកទឹកនៅច្រកសមុទ្រតៃវ៉ាន់។ ការចេញបញ្ជានេះ ធ្វើឡើងបន្ទាប់ពីយន្តហោះចម្បាំងរបស់ចិនពីរគ្រឿងហោះឆ្លងកាត់ខ្សែបែងចែកទឹកដីរវាងចិនដីគោក និងកោះតៃវ៉ាន់កាលពីថ្ងៃទី៣១ ខែមីនា។ តៃវ៉ាន់ចាត់ទុកសកម្មភាពរបស់ចិន ជាការបង្ករឿង និងធ្វើឡើងដោយមានចេតនាតែម្ដង។ |
«ខ្ញុំពេញចិត្តចំពោះលទ្ធផលនេះព្រោះខ្ញុំបានប្រឹងអស់ពីសមត្ថភាព តែដោយសារមានកីឡាករបរទេសខ្លាំងជាងទើបខ្ញុំទទួលបានលេខ៣។ ទោះបីយ៉ាងណាខ្ញុំសប្បាយចិត្តនឹងទទួលយកដោយសារឆ្នាំនេះខ្ញុំប្រើពេលតែ១ម៉ោង១៥នាទី ខណៈលេខ២ឆ្នាំ២០១៦ខ្ញុំប្រើ១ម៉ោង១៦នាទី»។ នេះជាការលើកឡើងរបស់កីឡាករ ម៉ា វីរ៉ូ ហើយបានបន្ថែមថា ការប្រកួតឆ្នាំនេះមានកីឡាករខ្លាំងចូលរួមច្រើនដែលធ្វើឲ្យការប្រកួតមានសភាពប្រកួតប្រជែងខ្លាំងជាងឆ្នាំមុន។ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាអន្តរជាតិអង្គរឆ្នាំនេះមានអត្តពលិកជាង១ម៉ឹននាក់មកពី៧៦ប្រទេសចូលរួមក្នុងនោះកម្ពុជាមានជាង៥០ម៉ឺននាក់និងបរទេសជាង៥០ម៉ឺននាក់។ អត្តពលិកទាំងនេះប្រកួតប្រជែងលើ៣វិញ្ញាសាគឺវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុន, រត់ចម្ងាយ១០គីឡូម៉ែត្រ និងរត់បែបកម្សាន្ត៣គីឡូម៉ែត្រ។ ក្រោយឆ្លងកាត់ការប្រកួតមួយព្រឹកពេញនៅបរិវេណអង្គរធំកីឡាករចិន Qi Bian គ្រងជើងឯកវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុនក្រោយប្រើពេល១ម៉ោង១២នាទី២៤វិនាទី ដែលតាមពីក្រោយដោយកីឡាករ Takizaki Kuniaki និងកីឡាករ ម៉ា វីរ៉ូ ក្រោយប្រើថេរវេលាជាបន្តបន្ទាប់១ម៉ោង១៤នាទី៤២ និង១ម៉ោង១៥នាទី៣៥វិនាទី។ ដោយឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើទីធ្លាមុខប្រាសាទអង្គរតូចដើម្បីរៀបចំពិធីបួងសួងចម្រើនក្តីសុខជូនប្រជាពលរដ្ឋ ជំរុញឲ្យព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរដែលរៀបចំរៀងរាល់ឆ្នាំត្រូវផ្លាស់ទីតាំងរត់ទៅធ្វើនៅបរិវេណប្រសាទបាយ័ន(អង្គរធំ)។ តែការផ្លាស់ទីតាំងនេះ មិនបានរាំងស្ទះដល់ដំណើរការរៀបចំឡើយ ពោលគឺបានប្រព្រឹត្តទៅយ៉ាងរលូននិងចប់ដោយជោគជ័យប្រកបដោយភាពសប្បាយរីករាយដូចសព្វដង។ ផ្ទុយទៅវិញការផ្លាស់ប្តូរនេះទទួលបានការពេញចិត្តពីសំណាក់អត្តពលិកជាតិនិងអន្តរជាតិថែមទៀតផង ព្រោះពួកគេបានរត់លើទីតាំអថ្មីដែលមានទេសភាពស្អាត និងប្រាង្គប្រាសាទបុរាណថ្មីៗជាច្រើន។ លើសពីនេះអត្តពលិកទាំងនេះមិនមានការបារម្ភខ្លាចរឿងវង្វេងផ្លូវឡើយដោយសារផ្លូវរត់នៅបរិវេណអង្គរធំមិនស្មុគស្មាញដូចផ្លូវនៅបរិវេណអង្គរតូចនោះទេ។ កីឡាករ ម៉ា វីរ៉ូ ដែលតែងតែចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរបានបង្ហាញការយល់ឃើញចំពោះការប្តូរទីតាំងយ៉ាងដូច្នេះថា៖«ខ្ញុំយល់ថាល្អម្យ៉ាងដែរសម្រាប់ការរត់នៅបរិវេណអង្គរធំ ព្រោះផ្លូវមិនមានភាពរញ៉េរញ៉ៃ គឺមានតែទៅហើយនឹងមក បើផ្លូវកាច់ចុះកាច់ឡើងអាចធ្វើឲ្យយើងវង្វេង។ តែស្ថានភាពផ្លូវមានការលំបាកជាងមុខអង្គរតូច ជាពិសេសផ្លូវមុខបញ្ចប់ទីដោយសារគណៈកម្មាការៀបចំអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលថតរូបរញ៉េរញ៉ៃធ្វើឲ្យមានភាពតូចចង្អៀត»។ ទន្ទឹមនឹងទទួលស្គាល់ថាកីឡាករ Qi Bian មានសមត្ថភាពខ្លាំងជាងខ្លួនម្ចាស់ចំណាត់ថ្នាក់លេខ៣រូបនេះយល់ថា ភាពខុសគ្នារវាងសមត្ថភាពគេនិងកីឡាករចិនអាចបណ្តាលមកពីកត្តាជីវភាព ពេលវេលា និងទីតាំងហ្វឹកហាត់។ កីឡាករ ម៉ា វីរ៉ូ ជឿងជាក់ថា ប្រសិនបើគេមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ត្រឹមតែ៣ខែប៉ុណ្ណោះសមត្ថភាពរបស់គេនឹងអាចឈានដល់កម្រិតកីឡករ Qi Bian ជាក់ជាមិនខាន។ ការបង្ហាញទំនុកចិត្តបែបនេះដោយសាររូបគេធ្លាប់ឈានដល់កម្រិតនេះម្តងរួចមកហើយពេលចូលរួមប្រកួតនៅទីក្រុងហាណូយប្រទេសវៀតណាម៕ | កីឡាករអត្តពលកម្មឆ្នើមរបស់កម្ពុជា ម៉ា វីរ៉ូ ទទួលបានចំណាត់ថ្នាក់លេខ៣នាការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរលើកទី២២នៅលើទឹកដីទេសចរណ៍ប្រវត្តិសាស្ត្រខេត្តសៀមរាបដែលទើបបញ្ចប់កាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៧។ ទោះបីលទ្ធផលមិនសូវល្អតែ វីរ៉ូ ពេញចិត្តចំពោះលទ្ធផលនេះព្រោះរូបគេសម្រេចបានកំណត់ត្រាល្អជាងមុន។ ម្យ៉ាងឆ្នាំនេះមានការប្រកួតប្រជែងខ្លាំងខុសពីឆ្នាំមុនដែលមានអត្តពលិកចូលរួមរហូតជាង១ម៉ឺននាក់។ |
ការជ្រើសតាំងបេក្ខភាពចូលរួមប្រជែងតំណែងប្រធានបក្សអភិរក្សនិយមផុតកំណត់នៅម៉ោង២រសៀលថ្ងៃទី២៤ ខែតុលានេះហើយ(ម៉ោងនៅអង់គ្លេស) ខណៈមានតែបេក្ខភាពពីររូបប៉ុណ្ណោះដែលបញ្ជាក់ជាផ្លូវការចូលរួមប្រជែងតំណែងនេះមានអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ Rishi Sunak និងអតីតរដ្ឋមន្រ្តីការពារជាតិ Penny Mordaunt ។ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន មិនចូលរួមប្រជែងតំណែងនេះវិញទេ។ ក្រោយប្រកាសបោះបង់ឈ្មោះជាបេក្ខភាពនៅថ្ងៃទី២៣ ខែតុលា លោក ចនសុន អះអាងថាលោកទទួលបានការគាំទ្រពីសមាជិកសភាមកពីបក្សអភិរក្សនិយមចំនួន១០២ នាក់ឯណោះដែលអាចឈរឈ្មោះដណ្តើមកៅអីមេដឹកនាំបក្សបាន។ ប៉ុន្តែ អតីតនាយករដ្ឋមន្រ្តីរូបនេះបញ្ជាក់ថា លោកមិនចូលរួមដោយសារបរាជ័យបញ្ចុះបញ្ចូលទាំងលោក Sunak និងលោកស្រី Mordaunt ឱ្យរួបរួមគ្នាដើម្បីផលប្រយោជន៍ជាតិ។ «ខ្ញុំជឿជាក់ថា ខ្ញុំមានអ្វីដែលត្រូវផ្តល់ឱ្យជាច្រើនតែខ្ញុំខ្លាចថានេះមិនមែនជាពេលដ៏ត្រឹមត្រូវ»។ លោក ចនសុន បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។ យ៉ាងណាមិញ ទូរទស្សន៍ BBC ផ្សាយថា លោក ចនសុន ទទួលបានការគាំទ្រដែលបង្ហាញជាសាធារណៈពីសមាជិកសភាក្រោម៦០សំឡេងប៉ុណ្ណោះ ខណៈលោក Sunak ជាបេក្ខជននាំមុខទទួលបានការគាំទ្រប្រហែល ១៣០ សំឡេង ហើយលោកស្រី Mordaunt រកបានសំឡេងគាំទ្រជាង ២០។ តាមនីតិវិធីជ្រើសរើសប្រធានបក្ស បើមានបេក្ខជនតែមួយដែលរកបានសំឡេងគាំទ្រយ៉ាងតិច១០០ ពីសមាជិកសភា បុគ្គលនោះនឹងត្រូវបានជ្រើសតាំងជាមេដឹកនាំបក្សកាន់អំណាច និងនាយករដ្ឋមន្រ្តីអង់គ្លេសនៅថ្ងៃទី២៤ ខែតុលាតែម្តង។ ក្នុងករណី២នាក់វិញ សមាជិកសភាមកពីបក្សអភិរក្សនិយមនឹងបោះឆ្នោតជ្រើសរើស ហើយលទ្ធផលអាចនឹងប្រកាសនៅល្ងាចថ្ងៃដដែល។ ការប្រកាសដកខ្លួនរបស់លោក ចនសុន នឹងបើកផ្លូវឱ្យលោក Sunak ស្នងកៅអីនាយករដ្ឋមន្រ្តីអង់គ្លេស ពីព្រោះមកទល់ពេលនេះលោកជាបេក្ខជនមួយរូបគត់ដែលទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់អាចឈរឈ្មោះជាបេក្ខភាពប្រធានបក្សបាន។ បើលោក Sunak ត្រូវបានជ្រើសរើស លោកនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសដំបូងគេដែលមានប្រភពមកពីឥណ្ឌា៕ | អតីតនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ប្រកាសនៅថ្ងៃទី២៣ ខែតុលាថា មិនចូលរួមប្រជែងតំណែងប្រធានបក្សអភិរក្សនិយម ហើយបន្តដឹកនាំប្រទេសវិញឡើយ។ ការប្រកាសរបស់លោក ចនសុន នេះនឹងបើកផ្លូវឱ្យលោក Rishi Sunak ដែលជាបេក្ខភាពប្រជែងតំណែងប្រធានបក្សនាំមុខគេអាចនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសបន្ទាប់ពីលោកស្រី Liz Truss ដែលលាលែង។ |
មណ្ឌលគិរី៖ សហគមន៍ដែនជម្រកសត្វព្រៃកែវសីមា នឹងទទួលបានថវិកា៦០ម៉ឺនដុល្លារអាម៉េរិកទៀតពីគម្រោងរេដបូក ដើម្បីអភិវឌ្ឍ និងការពារព្រៃឈើនៅក្នុងតំបន់នេះឱ្យបានគង់វង្ស។ បើតាមអ្នកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមានៃអង្គការសង្គមអភិរក្សសត្វព្រៃ(WCS) គម្រោងថវិកានេះ នឹងត្រូវបានចុះកិច្ចព្រមពៀង នាអំឡុងខែកញ្ញា ឆ្នាំ២០២២។ អ្នកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គការWCS បានឱ្យដឹងថា នៅឆ្នាំ២០២២ សហគមន៍ដែនជម្រកសត្វព្រៃកែវសីមា នឹងទទួលថវិកាដែលវិភាជន៍ពីការលក់កាបូនធម្មជាតិបានចំនួន ៦០ម៉ឺនដុល្លារអាមេ៉រិក។ ចំនួនថវិកានេះ មានការកើនឡើង ៣ដង បើធៀបនឹងឆ្នាំ២០២១ ដែលមានតែ ២០ម៉ឺនដុល្លារ។ ថវិកាដែលបានពីការលក់កាបូនធម្មជាតិនេះ នឹងត្រូវយកទៅបែងចែកតាមភូមិចំនួន ២០ ដែលបានចូលជាសមាជិករបស់គម្រោងរេបូកកែវសីមា ដោយនឹងទទួលបានថវិកាតិច ឬច្រើន ទៅតាមលំដាប់ពិន្ទុរបស់ខ្លួន ក្នុងការចូលរួមកិច្ចការពារធនធានធម្មជាតិ។ អ្នកស្រី គឹមហៀក លើកឡើងបែបនេះ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គការ WCS រូបនេះបន្តនិយាយដូច្នេះ៖ « ឆ្នាំ២០២២នេះ គម្រោងនឹងទម្លាក់លុយ ៦០ម៉ឺនដុល្លារទៅសហគមន៍ ដែលបានមកពីការវិភាជន៍នៃការលក់កាបូនធម្មជាតិ ។ ប៉ុន្តែត្រូវធ្វើកិច្ចព្រមព្រៀងតាមភូមិនីមួយៗ ដោយភូមិខ្លះទទួលបាន ១,៣ម៉ឺនដុល្លារ និងភូមិខ្លះបាន ៥ម៉ឺនដុល្លារ ទៅតាមលំដាប់ពិន្ទុរបស់ពួកគាត់»។ ឧស្ម័នកាបូនឌីអុកស៊ីត បានបំភាយដោយឧស្សាហកម្មរោងចក្រ សហគ្រាស យានយន្ត និងបំភាយតាមវិធីផ្សេងៗទៀតនៅក្នុងពិភពលោក។ អ្នកស្រី គឹមហៀក ពន្យល់ទៀតថា បើបណ្ដាប្រទេស ដែលមានក្រុមហ៊ុនបំភាយឧស្ម័នកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាសច្រើនហួសកំណត់ គឺត្រូវទិញកាបូនធម្មជាតិពីបណ្ដាប្រទេស ដែលរក្សាបាននៅព្រៃឈើច្រើន។ បើតាមអ្នកស្រី គឹមហៀក អង្គការមានយន្តការថ្មីៗមួយចំនួននៅឆ្នាំ២០២២ ក្នុងមានការពិនិត្យមើលអត្រានៃការបាត់បង់ព្រៃឈើច្រើនជាងគេ នឹងបានពិន្ទុតិច, ភូមិណាដែលចុះល្បាតញឹកញាប់ និងរាយការណ៍ពីបទល្មើសព្រៃឈើច្រើន នឹងបានពិន្ទុច្រើន, ការអភិវឌ្ឍសហគមន៍ ការបញ្ជូនកូនឱ្យចូលសិក្សា និងមានការចូលរួមសកម្មភាពនានា ដើម្បីការពារធនធានធម្មជាតិជាដើម។ អ្នកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គការ WCS។ រូបភាព៖ ញឹក សំអូន ជាមួយគ្នានេះ អ្នកស្រី ឆាយ គឹមហៀក ក៏បានរំពឹងថា ថវិកាដែលបានមកពីការលក់ឥណទានកាបូនធម្មជាតិ នឹងវិភាជន៍នៅក្នុងសហគមន៍នេះ អាចកើនដល់ ១លានដុល្លារ នៅឆ្នាំ២០២៣។ តែក៏ត្រូវមានការចូលរួម និងការខិតខំប្រឹងប្រែងពីសហគមន៍ក្នុងការពារធម្មជាតិផងដែរ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា គម្រោងរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន២០ ដោយភូមិនីមួយៗ នឹងទទួលថវិកាយ៉ាងតិចជាង ១ម៉ឺនដុល្លារឡើងទៅក្នុងមួយឆ្នាំៗ តាមលំដាប់ពិន្ទុរបស់ពួកគេ។ លោក ភក្ត្រា បន្តថា៖ «គម្រោងរេដបូក ជួយកាត់បន្ថយការបាត់បង់ព្រៃឈើ, កាត់បន្ថយការបាត់បង់ជីវៈចម្រុះ, អភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូក សម្រាប់បំពេញបន្ថែមទៅក្នុងថវិកានៃផែនការវិនិយោគឃុំ»។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាទទួលបានថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនធម្មជាតិ ឱ្យក្រុមហ៊ុនអន្តរជាតិធំៗ មួយចំនួនដូចជា Disney Kering Intuit, Shall និងក្រុមហ៊ុន Gucci។ លោក នេត្រ ភក្ត្រា លើកឡើងបែបនេះ បន្តថា កម្ពុជា កំពុងសិក្សា អនុវត្តគម្រោងឥណទានកាបូនសាកល្បង នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តស្ទឹងត្រែង ជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា គឺផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ,ការចូលរួមរបស់ប្រជាសហគមន៍ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ, ការបង្កើនជីវភាពប្រជាសហគមន៍តាមរយៈការធ្វើកសិកម្ម និងទេសចរណ៍ធម្មជាតិ ,ការកំណត់តំបន់គ្រប់គ្រង ,ការតាមដាន និងស្រាវជ្រាវជីវៈចម្រុះជាដើម។ ការអនុវត្តគម្រោងរេដបូកនេះ ចាប់តាំងពីឆ្នាំ ២០១៦ ដែលមានទំហំ ១៦៦,៩៨៣ហិកតា៕ | ដោយ៖ ញឹក សំអូន |
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin នៅថ្ងៃទី២០ ខែមេសា គូសបញ្ជាក់ថា ការសម្រេចចិត្តពាក់ព័ន្ធការដកហូតបម្រាមគោចរ និងបើកដំណើរការអាជីវកម្មឡើងវិញ នឹងធ្វើឡើងដោយផ្អែកលើការវាយតម្លៃស្ថានការណ៍COVID-19 នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ រដ្ឋាភិបាលថៃ បានដាក់បទបញ្ជាបម្រាមគោចរនៅទូទាំងប្រទេស ចន្លោះពីម៉ោង១០យប់ដល់៤ព្រឹក ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៣០ ខែមេសា ខណៈអាជ្ញាធរខេត្ត បានដាក់ចេញបញ្ជាបិទទ្វារអាជីវកម្មមួយចំនួនដែលពុំចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាលនៃCOVID-19។ ជាមួយតួលេខអ្នកឆ្លងCOVID-19បន្តធ្លាក់ចុះ ចាប់តាំងពីចំណាត់ការរឹងត្អឹងទាំងនេះត្រូវបានអនុវត្ត ពលរដ្ឋថៃជាច្រើនសង្ឃឹមថា រដ្ឋាភិបាលនឹងបន្ធូរបន្ថយការរឹតត្បិតនេះនាដំណាច់ខែមេសានេះ។ ទាក់ទិនឹងបញ្ហានេះ លោកអ្នកនាំពាក្យ Taweesilp អះអាងថា ខណៈថ្ងៃទី៣០ មេសា ខិតជិតមកដល់ ការដកហូតបម្រាមនេះ អាចធ្វើទៅរួចអាស្រ័យលើកិច្ចសហការរបស់សាធារណជន។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ទោះបីជាចំនួនអ្នកឆ្លងថ្មីបន្តធ្លាក់ចុះ រដ្ឋាភិបាលថៃចង់ឲ្យតួលេខនេះល្អខ្លាំងជាងនេះ។ ឆ្លើយតបនឹងរបាយការណ៍ដែលហាងទំនិញថៃខ្លះនៅថៃ ត្រៀមលក្ខណៈបើកដំណើរការឡើងវិញ នាថ្ងៃ១ ឧសភា លោកវេជ្ជបណ្ឌិត Taweesilp បានលើកឡើងថា លោក ប្រាយុទ្ធ ដែលជាប្រធាន CCSA នឹងវាយតម្លៃស្ថានការណ៍COVID-19 នាសប្តាហ៍ចុងក្រោយនៃខែមេសា។ សូមបញ្ជាក់ថា មន្ត្រីសុខាភិបាលថៃ បានរាយការណ៍ករណីឆ្លងCOVID-19ថ្មី ត្រឹម២៧ករណីប៉ុណ្ណោះ ក៏ប៉ុន្តែគ្មានករណីស្លាប់ឡើយ នាថ្ងៃរសៀលថ្ងៃចន្ទ ២០ ខែមេសា។ តួលេខថ្ងៃចន្ទនេះ គឺទាបជាង៥ករណី បើធៀបនឹងថ្ងៃអាទិត្យ ទី១៩ ខែមេសា ដែលមាន៣២ករណី។ តួលេខនេះដែរ ក៏ជាតួលេខអ្នកឆ្លងទាបបំផុត ចាប់តាំងពីថ្ងៃទី១៤ ខែមីនាមក។ ករណីហក់ឡើងខ្ពស់បំផុត គឺ១៨៨នាក់ ដែលរកឃើញនាថ្ងៃ២២ ខែមីនា។ បច្ចុប្បន្នថៃ មានករណីឆ្លង COVID-19 សរុប ២៧៩២ករណី ក្នុងនោះជាសះស្បើយមាន ១៩៩៩នាក់ ខណៈអ្នកស្លាប់សរុបមាន៤៧នាក់៕ | នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នឹងសម្រេចដកហូតបម្រាមគោចរក្នុងខែនេះដើម្បីបន្ធូរបន្ថយការរឹតត្បិតផ្នែកសេដ្ឋកិច្ច ប្រសិនបើស្ថានការណ៍ការរីករាលដាលជំងឺ COVID-19 ធូរស្រាល។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 ថៃ (CCSA) ។ |
ទោះជាយ៉ាងនេះក្តី ក៏ក្រុមហ៊ុន Go Go Taxi Cambodia មិនញញើតនឹងដើរចូលទីផ្សារកម្ពុជាឡើយ។ លោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រងទីផ្សាររបស់ Go Go Taxi Cambodia បានមានប្រសាសន៍ថា លោកនៅមើលឃើញពីចន្លោះប្រហោង ឱកាស និងយុទ្ធសាស្ត្រដែលអាចទៅរួច ព្រមទាំងបច្ចេកវិទ្យា ភាពបត់បែន និងភាពងាយស្រួលមួយចំនួនទៀត ដែលធ្វើឲ្យ Go Go Taxi Cambodia អាចស្រូបទាញយកអតិថិជនទូទៅផង និងអតិថិជនដែលនៅក្នុងតំបន់ដែលមិនសូវប្រជែងខ្លាំងបន្ថែមទៀត ចេញពីគូប្រកួតធំៗបានផង។ លោក ទូច ពិសិដ្ឋ បញ្ជាក់ដូច្នេះថា៖« តាមការពិតទៅ កាលពីដើមនៅពេលដែលយើងឃើញថាមានក្រុមហ៊ុនធំៗនៅក្នុងវិស័យដែលយើងចង់ធ្វើ យើងតែងតែខ្លាច ឬក៏ឈប់ធ្វើនូវអ្វីដែលជាការចង់បាន(passion) គោលដៅ និងយុទ្ធសាស្ត្ររបស់យើង តែតាមពិតទៅ ក្នុងសម័យបច្ចេកវិទ្យានេះ គឺលែងគិតថាក្រុមហ៊ុនធំជាឧបសគ្គទៀតហើយ តែគិតលើល្បឿនវិញ នោះគឺ អាលឿន ស៊ីអាយឺត!»។ ម្យ៉ាងវិញទៀត បើទោះជាមានក្រុមហ៊ុនផ្សេងកំពុងធ្វើប្រតិបត្តិការក្នុងប្រភេទអាជីវកម្មដូចគ្នាមែន ប៉ុន្តែមិនមែនមានន័យថា អ្នកផ្សេងមិនអាចប្រឡូកចូលក្នុងអាជីវកម្មនោះ នោះទេ វាអាស្រ័យលើជំនឿចិត្ត និងការកសាងក្រុមមួយដែលខ្លាំង ដែលអាចបង្កើតរឿងអស្ចារ្យឲ្យកើតឡើង។ នេះជាបញ្ជាក់បន្ថែមរបស់លោក ទូច ពិសិដ្ឋ។ សូមបញ្ជាក់ថា កម្មវិធីហៅរ៉ឺម៉កកង់បី និងតាក់ស៊ី តាមទូរសព្ទដៃ GoGo Taxi Cambodia ថ្មីទើបតែមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ប៉ុន្តែបានទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន។ នោះក៏ដោយសារតែក្រុមហ៊ុនមួយនេះ ប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយអតិថិជន និងផ្តល់សេវាមួយដែលងាយស្រួល និងរហ័សទាន់ចិត្ត ក៏ដូចជាការផ្តល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើន ម្ចាស់កង់បី និងតាក់ស៊ី ដែលជាដៃគូ រួមទាំងអតិថិជនផងដែរ៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីពេលថ្មីៗនេះ កូនខ្មែរមួយក្រុម បានរួមដៃគ្នាបង្កើតកម្មវិធីហៅរ៉ឹម៉កកង់បី និងតាក់ស៊ីតាមទូរសព្ទដៃឈ្មោះថា Go Go Taxi Cambodia។ កម្មវិធីនេះបានចូលមកក្នុងទីផ្សារប្រទេសកម្ពុជា ស្របពេលបច្ចុប្បន្ន គេមានក្រុមហ៊ុនធំៗ២រួចទៅហើយ ដែលកំពុងផ្តល់សេវាកម្មដូចគ្នានេះ និងដែលបានចាប់យកចំណែកទីផ្សារដ៏ច្រើនផងដែរ។ |
សវនាការដែលបានចាប់ផ្តើមតាំងពីម៉ោង៧ព្រឹក បានបញ្ចប់នៅម៉ោង៩ និង៣០នាទី យប់ថ្ងៃទី២១ ខែធ្នូ នេះ។ ក្នុងសវនាការ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់ ដើម្បីឲ្យគាត់បានបម្រើសង្គមជាតិ។ «ខ្ញុំគ្មានចេតនាអាក្រក់ដូចតំណាងអយ្យការចោទប្រកាន់នោះឡើយ ខ្ញុំហ៊ានអះអាងដោយកិត្តិយសរបស់ខ្ញុំ»។ អតីតមេបក្សប្រឆាំងបានបញ្ជាក់យ៉ាងដូច្នេះ ដោយបន្ថែមថា វីដេអូដែលយកមកដាក់ភស្តុតាង ជាវីដេអូក្លែងក្លាយ ដោយមានការកាត់តសំដីរបស់លោក។ លោក កឹម សុខា បានបន្ថែមថា មានតែខ្លួនគាត់ប៉ុណ្ណោះដែលដឹងច្បាស់ពីការបកស្រាយន័យក្នុងវីដេអូ ដោយលោកស្នើឲ្យតុលាការពិចារណាឲ្យបានត្រឹមត្រូវ ជាជាងការសម្រេចចិត្តដោយអយុត្តិធម៌៕ | ក្រោយដំណើរសវនាការជាង១៣ម៉ោង ក្រុមប្រឹក្សាជំនុំជម្រះ នឹងប្រកាសសាលក្រមករណីលោក កឹម សុខា ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ខាងមុខ។ |
សំឡេងសម្ភាស សុខភាពមាំមួន, ស្ថិតក្នុងអាយុ៧៣ឆ្នាំ លោក មឿង សុន បច្ចុប្បន្ន រស់នៅក្នុងប្រទេសបារាំងជាមួយនឹងជីវភាពកម្រិតខ្ពស់ បាននិយាយប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) ក្នុងពេលដែលលោកមកស្នាក់នៅក្នុងខេត្តសៀមរាបថា មុនពេលដែលលោកលាចាកលោកទៅ លោកចង់បង្កើតអនុស្សារីយ៍ល្អៗជាមួយមិត្តរួមអាជីព មិត្តភកិ្តពីអតីតកាល ឬសូម្បីតែអ្នកធ្លាប់ជាដៃគូប្រកួតប្រជែងក្នុងឆាកនយោបាយ ឬក្នុងពិភពជំនួញក៏ដោយ។ អង្គុយនៅក្នុងសណ្ឋាគាររបស់លោកនៅក្នុងទីក្រុងប្រាសាទ ខេត្តសៀមរាប លោក សុន និយាយថា៖«ខ្ញុំចង់បំភ្លេចរឿងចាស់ កុំឲ្យប្រកាន់រឿងមិនល្អ បំភ្លេចរឿងមិនល្អចោល។ ខ្ញុំចង់បង្កើតសេចក្តីស្រឡាញ់ មុនពេលជីវិតបែកគ្នា»។ សុខភាពលោក សុន នៅល្អជាធម្មតាទេ។ តែលោកហាក់បីដូចជាគិតទុកជាមុនថា បើជីវិតស្លាប់ទៅហើយ អ្វីៗក៏មិនអាចយកទៅជាមួយបានដែរ។ ក្រោយសេចក្តីស្លាប់ អ្វីដែលស្ថិតនៅ គឺកិតិ្តយស និងកេរ្តិ៍ឈ្មោះ។ ងាកមកនិយាយពីពិធីខួបអាពាហ៍ពិពាហ៍ និងពិធីជួបជុំមិត្តភក្តិនៅក្នុងខេត្តសៀមរាបវិញ អ្វីដែលលោកចង់បាន គឺការបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយមិត្តចាស់ មុនពេលដែលលោកលាចាកលោកទៅ។ លោកចង់ថតរូបថតអនុស្សាវរីយ៍ជាមួយមនុស្សគ្រប់រូបដែលលោកធ្លាប់ស្គាល់។ លោក មឿង សុន ដែលបាននិយាយថា លោកសប្បាយចិត្តនឹងជីវិតនៅក្នុងជាតិនេះ បានអំពាវទៅកាន់មិត្តភក្តិទាំងអស់ឲ្យចូលរួមក្នុងកម្មវិធីរបស់លោក ហើយលោកនឹងទទួលរ៉ាប់រងរាល់ការចំណាយទាំងអស់ រាប់ទាំងការធ្វើដំណើរ និងការស្នាក់នៅផង។ លោកបានបញ្ជាក់បន្ថែមថា មិត្តភក្តិដែលធ្លាប់មាននិន្នាការនយោបាយខុសគ្នា ក៏លោកអញ្ជើញឲ្យចូលរួមដែរ ហើយលោកសូមឲ្យពួកគេទាំងអស់បំភ្លេចរឿងចាស់ចោល។ ពិធីរបស់លោក សុន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ខាងមុននេះ គឺជាពិធីជួបជុំមិត្តភាព បំភ្លេចគំនុំ និងការច្រណែន ហើយជំនួសមកវិញនូវក្តី«ស្រឡាញ់»៕ (លោកអ្នកអាចទាក់ទងទៅលោក មឿង សុន តាមរយៈហ្វេសប៊ុករបស់លោក Sonn Moeung) | ក្រុងអង្គរខេត្តសៀមរាប (កម្ពុជា)៖ ធ្លាប់ជាអ្នកជំនួញផង អ្នកនយោបាយផង និងអ្នកធ្វើកិច្ចការសង្គមផង, លោក មឿង សុន ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ កំពុងត្រៀមរៀបចំពិធី«ជួបជុំមិត្តភាព»ដើម្បីបង្កើត«ក្តីស្រឡាញ់» ហើយបំភ្លេចអតីតកាលអាក្រក់ៗចោល។ តាមពិតទៅ លោក មឿង សុន ត្រៀមរៀបចំខួបអាពាហ៍ពិពាហ៍៥០ឆ្នាំរបស់លោកទេ។ តែព្រមពេលជាមួយគ្នា លោកក៏ឆ្លៀតឱកាសបង្កើតបរិយាកាសមួយទៀតដើម្បីធ្វើពិធីជួបជុំមិត្តភក្តិពីកុមារភាព មិត្តភកិ្តរួមថ្នាក់ រួមសាលា មិត្តភកិ្តរួមអាជីព ដៃគូប្រកួតប្រជែងនយោបាយ ដៃគូប្រកួតប្រជែងជំនួញ។ល។ សម្រាប់លោក មឿង សុន, ពិធីនេះ មានគោលបំណងតែមួយគត់ គឺបង្កើត«ក្តីស្រឡាញ់» ហើយបំភ្លេចអតីតកាលអាក្រក់ៗចោល ទោះបីរឿងនោះ ជារឿងនយោបាយក្តី រឿងជំនួញក្តី ឬការច្រណែនគ្នាក្នុងជីវិតក្តី។ លោកគ្រោងនឹងរៀបចំពិធីនេះនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨ខាងមុខនេះនៅក្នុងទីក្រុងប្រាសាទ ខេត្តសៀមរាប។ លោកគ្រោងអញ្ជើញមិត្តភកិ្តទាំងអស់ឲ្យចូលរួមដោយមិនទទួលកម្រៃអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកនឹងផ្តល់ជូននូវការស្នាក់នៅដោយមិនគិតប្រាក់ថែមទៀតផង។ |
ក្នុងន័យពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍព័ត៌មានបារាំង CFI (Canal France International), ក្រោមគម្រោង«ព័ត៌មានទន្លេមេគង្គ» (Mekong News), ដោយសហការជាមួយសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com នឹងបើកវគ្គបណ្ដុះបណ្ដាលស្តីពីរបៀបសរសេរព័ត៌មានសម្រាប់សារព័ត៌មានអេឡិចត្រូនិក (អនឡាញ) នៅថ្ងៃពុធនេះនៅទីក្រុងភ្នំពេញ។ អ្នកសារព័ត៌មានវ័យក្មេងទាំង១៧រូប មកពីស្ថាប័នចំនួន ១៣រួមមាន វិទ្យុFM102, វិទ្យុបាយ័ន, វិទ្យុអាស៊ីអាគ្នេយ៍, សារព័ត៌មានអេឡិចត្រូនិកថ្មីៗ, សារព័ត៌មានCamboglobe, VEHA Media, Proraman, ស្ថានីយទូរទស្សន៍PNN, ទូរទស្សន៍ Town, Rohas Media, Mekong News, Khmer Note Media និងគេហទំព័រ The Intercon Rooster។ វគ្គពិសេសនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤, ១៥ និង១៦ខែសីហានេះ ដោយផ្តោតលើរបៀបសរសេរ, របៀបចាប់មុំ, គំនិតប្រធានបទ, របៀបធ្វើសេចក្តីរាយការណ៍សម្រាប់សារព័ត៌មានអេឡិចត្រូនិក (អនឡាញ), ការប្រើប្រាស់រូបភាព និងក្រមសីលធម៌។ ក្រោយការសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីស្ថាប័ន CFI និង thmeythmey.com។ សាស្ត្រាចារ្យក្នុងវគ្គសិក្សានេះ គឺជនជាតិបារាំង និងខ្មែរ។ គម្រោងបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងអឺរ៉ុប និងកិច្ចការបរទេសនៃសាធារណៈរដ្ឋបារាំង។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងធំរបស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះមាន៖ កម្ពុជា មីយ៉ាន់មា ឡាវ និងវៀតណាម នៅក្នុងតំបន់មេគង្គ៕ | អ្នកសារព័ត៌មានជាស្ត្រីចំនួន ១១នាក់ លើ១៧នាក់ មកពី១៣ស្ថាប័ន នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបសរសេរព័ត៌មានសម្រាប់សារព័ត៌មានអេឡិចត្រូនិក នៅថ្ងៃទី១៤-១៦ ខែសីហានេះ។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានវ័យក្មេងទាំង១៧រូប នឹងទទួលបានចំណេះដឹងពីរបៀបសរសេរ, របៀបចាប់មុំ, គំនិតប្រធានបទ រួមទាំងក្រមសីលធម៌។ |
ការវិនិយោគរបស់ចិន ត្រូវបានចាត់ទុកជាប្រភពវិនិយោគដ៏សំខាន់ជាងគេ ស្ទើរតែគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នេះគឺដោយសារទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលចិន រួមទាំងគោលនយោបាយលើកទឹកចិត្តរបស់កម្ពុជា ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ដែលបានទាក់ទាញវិនិយោគពីក្រុមហ៊ុនចិនជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិនិយោគិនចិនបានចូលមកប្រទេសកម្ពុជាក្រោមរូបភាពជាច្រើនដូចជា ជាសម្ព័ន្ធអាជីវកម្ម និងក្រុមហ៊ុនធំៗដោយបង្កើតជាសាខា និងបណ្តាញចែកចាយ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគលើគម្រោងអភិវឌ្ឍន៍ ព្រមទាំងក្រោមរូបភាពជារូបវន្តបុគ្គល ដែលមានបំណងវិនិយោគលើវិស័យអចលនទ្រព្យ និងអាជីវកម្មខ្នាតមធ្យមជាដើម។ ទីផ្សារកម្ពុជា សម្រាប់ការវិនិយោគរបស់ចិន កំពុងតែរីកធំធាត់. ប៉ុន្តែទន្ទឹមនឹងនោះ ក៏នៅមានការភាន់ច្រឡំ និងខ្វះតម្លាភាពចំពោះវិនិយោគិនទាំងឡាយផងដែរ។ រនាំងនៃភាសា តែងតែបង្កជាបញ្ហាប្រឈម។ ច្បាប់ស្តីពីការនិវិយោគ និងច្បាប់ស្តីពីពន្ធដារថ្មីៗ ជាច្រើនបានចូលជាធរមាន ឬត្រូវរំពឹងថានឹងមានការកែប្រែ។ អ្នកផ្តល់ប្រឹក្សាជាច្រើនដែលផ្តល់ប្រឹក្សាដល់វិនិយោគិន ដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគ មិនបានដឹងទាំងស្រុងអំពីការវិវត្តន៍ថ្មីៗទ្បើយ ដែលនេះអាចបង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរ ដល់វឌ្ឍនភាពនៃការវិនិយោគ នៅពេលដែលវិនិយោគិនដឹងថា ពួកគេបានទទួលយោបល់ប្រឹក្សាដែលមិនត្រឹមត្រូវ និងមិនពេញលេញ។ ក្រុមហ៊ុន ឌីអេហ្វឌីអិល និងសភាពាណិជ្ជកម្មចិននៅកម្ពុជា បានឃើញពីតម្រូវការនៃការអប់រំបន្ថែមដល់វិនិយោគិន និងការផ្តល់ប្រឹក្សាដែលមានប្រយោជន៍ និងអាចយកទៅអនុវត្តបានចំពោះប្រភេទវិនិយោគជាច្រើន ក្រោមទិដ្ឋភាពច្បាប់ និងពន្ធដារ សម្រាប់វិនិយោគិនដែលមានបំណងចង់វិនិយោគ ព្រមទាំងវិនិយោគិនដែលបានវិនិយោគនៅកម្ពុជារួចហើយ។ កិច្ចការនេះ គឺហួសពីការកំណត់ជាធម្មតា នូវកាលានុវត្តភាព និងនិន្នាការនៃការវិនិយោគ។ តាមរយៈកិច្ចសហការរវាងគ្នាក្រុមហ៊ុន ឌីអេហ្វឌីអិល និងសភាពាណិជ្ជកម្មចិននៅកម្ពុជា មានបំណងត្រួសត្រាយផ្លូវឱ្យរលូនសម្រាប់វិនិយោគិន និងផ្តល់ជាវេទិកាសម្រាប់អ្នកជំនាញពិភាក្សាគ្នា អំពីរបៀបកំណត់ទិសដៅ ដំណើរនៃការវិនិយោគដែលជោគជ័យ។ ក្នុងឱកាសខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិន សភាពាណិជ្ជកម្មចិន បានអញ្ជើញក្រុមហ៊ុន ឌីអេហ្វឌីអិល រួមគ្នារៀបចំព្រឹត្តការណ៍មួយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដែលព្រឹត្តិការណ៍នេះ បានផ្តល់នូវព័ត៌មានទូទៅ អំពីរបៀបរៀបចំរចនាសម្ព័ន្ធគម្រោងក្នុងវិស័យនានា ពិភាក្សាអំពីបញ្ហាពន្ធដារ និងផ្តល់គំនិតដែលមានប្រយោជន៍ អំពីការវិវត្តន៍ថ្មីៗបំផុតនៃច្បាប់ការងារ។ លោក Henry Lin ដែលជាវាគ្មិនមកពីក្រុមហ៊ុនYingke Law Firm នៅប្រទេសចិន នឹងចូលរួមធ្វើបទបង្ហាញអំពីដំណើរការនៃការអនុញ្ញាតលើការវិនិយោគទៅក្រៅប្រទេស និងការគ្រប់គ្រងហានិភ័យ។ ការប្រាស្រ័យទាក់ទងទាំងឡាយ ធ្វើឡើងជាភាសាចិនផង និងអង់គ្លេសផង ដើម្បីធានាថា អ្នកជំនាញ និងវិនិយោគិនទាំងឡាយ អាចទាក់ទងគ្នាដោយងាយស្រួល។ វីដេអូស្តីពីព្រឹត្តិការណ៍នេះ ក៏ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មានដែលពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យសហគមន៍វិនិយោគិនចិនផ្សេងទៀតបានទស្សនា។ លោក Guillaume Massin នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឌីអេហ្វឌីអិល នៅកម្ពុជា មានប្រសាសន៍ថា៖ «យើងខ្ញុំរីករាយខ្លាំង ដែលបានសហការជាមួយ និងសភាពាណិជ្ជកម្មចិន ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ នៅក្នុងគោលបំណងជួយដល់វិនិយោគិនចិន ដើម្បីធ្វើការវិនិយោគដោយត្រឹមត្រូវ និងគ្មានឧបសគ្គរារាំងអ្វីទាំងអស់។» លោក Clint OConnell ដៃគូផ្នែកពន្ធនៃក្រុមហ៊ុន ឌីអេហ្វឌីអិល បានឱ្យដឹងថា៖ «ទោះក្នុង កាលៈទេសៈដែលអ្វីៗគ្រប់យ៉ាង សុទ្ធតែប្រសើរទាំងអស់ បញ្ហាពន្ធដារអាចជាបញ្ហាដ៏គួរឱ្យ ខ្វាយខ្វល់មួយផងដែរ។ យើងខ្ញុំចង់ជួយវិនិយោគិនទាំងអស់ ឱ្យស្វែងយល់អំពីបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថា ពួកគេទទួលបានលទ្ធផលល្អបំផុតពីការវិនិយោគរបស់ពួកគេ និងអាចគ្រប់គ្រងរាល់ឧបសគ្គទាំងអស់ដែលពួកគេឆ្លងកាត់។» លោក Chen Chang Jiang នាយកប្រតិបត្តិនៃធនាគារចិន សាខាភ្នំពេញ និងជាប្រធាននៃសភាពាណិជ្ជកម្មចិន បានបង្ហើបឲ្យដឹងដែរថា៖ «យើងខ្ញុំរីករាយ ដែលបានសហការជាមួយនឹងក្រុមហ៊ុន ឌីអេហ្វឌីអិល ក្នុងព្រឹត្តិការណ៍នេះ។ ដែលព្រឹត្តិការណ៍នេះនឹងមានប្រយោជន៍សម្រាប់សមាជិករបស់យើងខ្ញុំ។ យើងទន្ទឹងរង់ចាំមើលវីដេអូនៃព្រឹត្តិការណ៍នេះ ដែលនឹងធ្វើឱ្យវិនិយោគិនចិនដែលនៅកន្លែងផ្សេងៗអាចចូលរួម និងសិក្សាតាមរយៈវិធី អរូបិយ។» ក្រុមហ៊ុន ឌីអេហ្វឌីអិល បានបង្កើតការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ១៩៩៥ ជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតជាផ្លូវការដំបូងគេ ក្នុងការផ្តល់សេវាប្រឹក្សាយោបល់ផ្នែកវិនិយោគបរទេស និងពន្ធដារនៅកម្ពុជា។ អតិថិជនរបស់ក្រុមហ៊ុន ឌីអេហ្វឌីអិល គឺសុទ្ធសឹងជាវិនិយោគិនអន្តរជាតិធំៗ និងវិនិយោគិនមកពីទ្វីបអាស៊ី នៅក្នុងប្រទេសកម្ពុជា រួមទាំងស្ថាប័នហិរញ្ញវត្ថុធំៗ មកពីបរទេស និងអាស៊ី។ លើសពីនេះ ក្រុមហ៊ុនមួយនេះក៏បានចូលរួមធ្វើការងារលើគម្រោងធំៗ នៅប្រទេសកម្ពុជាដែលរួមមាន គម្រោងអគ្គិសនី អាកាសចរណ៍ ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអចលនទ្រព្យធំៗជាច្រើន។ ក្រុមហ៊ុន Yingke ដែលមានទីស្នាក់ការកណ្តាលនៅប៉េកាំង និងមានការិយាល័យរបស់ខ្លួនសរុបចំនួន ៤៧ ការិយាល័យ នៅក្នុងប្រទេសចិន ហើយប្រព័ន្ធសេវាផ្លូវច្បាប់សកលរបស់ក្រុមហ៊ុននេះ លើទីក្រុងអន្តរជាតិចំនួន ១១៣ ទីក្រុង នៃចំនួន៥៣ ប្រទេស។ វិសាលភាពអាជីវកម្មរួមមានពាណិជ្ជកម្មអន្តរជាតិ វិនិយោគបរទេស ក្រុមហ៊ុនមូលបត្រដើមទុន ការលក់មូលបត្រជាលក្ខណៈឯកជន ហិរញ្ញប្បទាន និងការរំលាយក្រុមហ៊ុនបញ្ចូលគ្នា កម្មសិទ្ធិបញ្ញា អចលនទ្រព្យ ការការពារបរិស្ថាន កិច្ចការនាវាចរណ៍។ល។ សភាពាណិជ្ជកម្មចិននៅកម្ពុជា គឺជាអង្គភាពស្វយ័តដែលមិនស្វែងរកប្រាក់ចំណេញ ដែលបានចុះបញ្ជីក្រោមច្បាប់កម្ពុជា ដោយមានគោលការណ៍ណែនាំ ពីការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានទទួលការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធនានា របស់រដ្ឋាភិបាលកម្ពុជា។ សភាពាណិជ្ជកម្មចិននៅកម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៦ ពីអតីតសមាគមសហគ្រាសចិននៅកម្ពុជា។ចាប់តាំងពីពេលនោះមក ក្រុមប្រឹក្សារបស់សភាពាណិជ្ជកម្មចិននៅកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងចំនួន ៦ លើករួចមកហើយ។ ក្រុមហ៊ុនចិននៅកម្ពុជា ដែលបានចុះបញ្ជីនៅ សភាពាណិជ្ជកម្មចិននៅកម្ពុជា មានចំនួនជាង ១០០ ក្រុមហ៊ុន រួមមានក្រុមហ៊ុនរបស់រដ្ឋ ក្រុមហ៊ុនឯកជន ការិយាល័យតំណាង និងរូបវន្តបុគ្គល។ អាជីវកម្មរបស់សមាជិកទាំងឡាយរួមមាន ការអភិវឌ្ឍព្រៃឈើ និងការកែច្នៃឈើ ការអភិវឌ្ឍចម្រុះលើវិស័យកសិកម្ម ការកែច្នៃវាយណភណ្ឌ និងសម្លៀកបំពាក់ ថាមពលអគ្គិសនី ពាណិជ្ជកម្ម សំណង់វិស្វកម្ម ទូរគមនាគមន៍ ទេសចរណ៍ ឱសថ ការធ្វើដំណើរ សិល្បៈ និងសិប្បកម្ម ចំណីអាហារ និងភេសជ្ជៈ។ ចាប់តាំងពីពេលបង្កើតមកសភាពាណិជ្ជកម្មចិននៅកម្ពុជា បានផ្តល់សេវាប្រឹក្សាយោបល់ដល់សហគ្រាសចិន បានលើកកម្ពស់ការប្រាស្រ័យទាក់ទង និងទំនាក់ទំនងរវាងសហគ្រាសចិន និងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងពួកគេ។ សភាពាណិជ្ជកម្មចិននៅកម្ពុជាបានបង្កើតជាស្ពានតភ្ជាប់បណ្តាសហគ្រាសចិន និងសហគមន៍អាជីវកម្មកម្ពុជា និងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជា ព្រមទាំងការការពារសិទ្ធិស្របច្បាប់របស់បណ្តាសហគ្រាសចិន៕ (អត្ថបទពាណិជ្ជកម្ម) | ឥទ្ធិពលរបស់ចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ក្នុងអំឡុងពេល ៥ឆ្នាំជាប់គ្នានេះ គិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ចិនគឺជាវិនិយោគិនដោយផ្ទាល់ពីបរទេសធំជាងគេរបស់កម្ពុជា ដែលមានទុនវិនិយោគសរុបប្រមាណ ៥.៣ ពាន់លានដុល្លារអាមេរិក ឬប្រហែល ១ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ |
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ក្រោយក្រុងព្យុងយ៉ាងបន្តបាញ់សាកល្បងមីស៊ីលបាលីស្ទិកបួនគ្រាប់នាថ្ងៃចន្ទ ប្រទេសជិតខាងចាប់ផ្តើមភ័យបារម្ភខ្លាំង។ក្នុងចំណោមមីស៊ីលទាំងអស់មាន ៣គ្រាប់បានធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីទឹកដីជប៉ុន។ ក្រោយបាញ់សាកល្បងនេះ កូរ៉េខាងជើងអួតថា មីស៊ីលខ្លួនជាមីស៊ីលបាលីស្ទិកបាញ់ឆ្លងទ្វីបដែលអាចមានសមត្ថភាពហោះទៅដល់ដីអាមេរិក។ គ្មានអ្នកណាម្នាក់អាចដឹងច្បាស់ទេថា វាជាប្រភេទមីស៊ីលបែបណានោះ ប៉ុន្តែវាជាសញ្ញាគ្រោះថ្នាក់មួយសម្រាប់តំបន់។ យ៉ាងណាក៏ដោយ ក្រៅពីថ្កោលទោស កូរ៉េខាងត្បូងដាក់ការសង្ស័យចំពោះប្រភេទមីស៊ីលនេះ ដោយខ្លួនមិនជឿថា កូរ៉េខាងជើងអាចមានលទ្ធភាពផលិតមីស៊ីលអន្តរទ្វីបបានឡើយ។ ប៉ុន្តែក្រុងសេអ៊ូលបានស្នើឲ្យមានការពង្រាយខែលការពារមីស៊ីលនៅក្នុងទឹកដីរបស់ខ្លួនឲ្យបានកាន់តែឆាប់ដើម្បីទប់ទល់កូរ៉េខាងជើង។ ចំណែកក្រុងតូក្យូឯណោះវិញ ស្លន់ស្លោរផងដែរនៅពេលដែលកូរ៉េខាងជើងបាញ់មីស៊ីលចូលដែនទឹករបស់ខ្លួន។ មហាអំណាចតំបន់មួយនេះថ្កោលទោសកូរ៉េខាងជើងខ្លាំងៗ ដែលហ៊ានបង្ករឿងមិនឈប់បែបនេះ។ ក្រោយបញ្ហានេះកើតឡើង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានទូរសព្ទទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន ដោយផ្តាំផ្ញើទៅកាន់ប្រជាជនជប៉ុនថាអាមេរិកនៅជាមួយប្រជាជនជប៉ុននិងប្តេជ្ញាការពារសម្ព័ន្ធមិត្តនេះ។ ១.អាមេរិកនៅជាមួយជប៉ុន «១០០ភាគរយ» ដល់ថ្ងៃអង្គារទី ៧មីនានេះ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានបង្ហើបប្រាប់អ្នកសារព័ត៌មានពីកិច្ចសន្ទនារបស់លោកជាមួយប្រធានាធិបតីអាមេរិកពាក់ព័ន្ធការបាញ់សាកល្បងមីស៊ីលរបស់ក្រុងព្យុងយ៉ាងចុងក្រោយនេះ។ លោកបាននិយាយដោយសុទិដ្ឋិនិយមថា ក្រុងវ៉ាស៊ីនតោនមិនបោះបង់ជប៉ុនឡើយ។ បើតាមលោកអាបេ លោកនិងលោក ដូណាល់ ត្រាំ ផ្ទាល់បានឯកភាពគ្នាថា សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងជាការបង្ករឿងដែលរំលោភបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កផលលំបាកក៏ដូចជាគ្រោះថ្នាក់ចំពោះសន្តិសុខនិងស្ថិរភាពតំបន់។ លោកបន្តថា ៖« ប្រធានាធិបតី ត្រាំ បានប្រាប់ខ្ញុំផ្ទាល់ថា អាមេរិកនៅជាមួយប្រជាជនជប៉ុន ១០០ភាគរយ។ ហើយគាត់ចង់ផ្ញើសារនេះទៅកាន់ប្រជាជនជប៉ុនរាល់គ្នា។ គាត់ចង់ឲ្យប្រជាជនជប៉ុនជឿជាក់លើគាត់ផ្ទាល់ និងជឿជាក់លើសហរដ្ឋអាមេរិក»។ ថ្វីបើមានការឯកភាពគ្នា និង សុំចិត្តឲ្យប្រជាជនជឿជាក់លើអាមេរិកក៏ដោយពីសំណាក់លោក ត្រាំ ក៏ដោយលោក អាបេមិនបានប្រាប់ឲ្យបានច្បាស់លាស់ទេថា អាមេរិកនឹងមានវិធានការបែបណាដើម្បីឆ្លើយតបកូរ៉េខាងជើងនោះ។ កាលពីសប្តាហ៍មុនលោក ដូណាល់ ត្រាំ បានព្រមាន ចាត់ការកូរ៉េខាងជើងម្តងដែរ ក្រោយពេលលោកផ្តល់សុន្ទរកថា ទៅកាន់សភាពេញអង្គ។ ២.ប្រព័ន្ធការពារមីស៊ីល THAAD មានវត្តមាននៅកូរ៉េខាងត្បូង នៅកូរ៉េខាងត្បូងឯណោះវិញ សំណុំរឿងពង្រាយប្រព័ន្ធមីស៊ីល THAAD នៅតែជារឿងចម្រូងចម្រាស ព្រោះមានអ្នកជិតខាងដូចជាចិននិងរុស្ស៊ីជំទាស់។ ប៉ុន្តែក្រោយកូរ៉េខាងជើងបាញ់មីស៊ីលម្តងទៀតនេះ កូរ៉េខាងត្បូងត្រហេបត្រហបទទូចសុំឲ្យរដ្ឋបាលលោក ត្រាំ ប្រញាប់ដំឡើងប្រព័ន្ធមីស៊ីលនៅលើទឹកដីខ្លួនឲ្យបាន។ ពាក់ព័ន្ធការពង្រាយខែលការពារមីស៊ីលទៅកូរ៉េខាងត្បូងនេះ ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រកាសថា ខ្លួនបានពង្រាយខែលការពារមីស៊ីនេះទៅកូរ៉េខាងត្បូង។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នយោធាអាមេរិកនេះ ដែលចេញនៅថ្ងៃ៦មីនា បានបញ្ជាក់ថា អាមេរិកចាប់ផ្តើមពង្រាយសព្វាវុធនេះទៅកាន់ឧបទ្វីបកូរ៉េ ដោយអនុលោមតាមសេចក្តីសម្រេចរវាងអាមេរិកនិងកូរ៉េខាងត្បូងកាលពីខែកក្កដាឆ្នាំ ២០១៦។ «ការបន្តសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីលជាច្រើនគ្រាប់នាថ្ងៃចន្ទទី៦ មីនានេះ ជំរុញឲ្យយើងបញ្ជាក់ជាថ្មីពីការសម្រេចរបស់សម្ព័ន្ធមិត្តយើងទាំងពីរកាលពីឆ្នាំមុនពាក់ព័ន្ធការពង្រាយប្រព័ន្ធមីស៊ីលនេះ។ យើងនឹងគោរពសម្ព័ន្ធភាពរបស់យើងជាមួយកូរ៉េខាងត្បូង ហើយក៏ត្រៀមលក្ខណៈដើម្បីការពារខ្លួនផង និងសម្ព័ន្ធមិត្តផងដែរ»។ នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ Harry Harris មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកក្នុងសេចក្តីថ្លែងការណ៍។ ៣.អាមេរិកបញ្ជាក់ជាថ្មីថា ប្រព័ន្ធមីស៊ីល THAAD ពង្រឹងការការពារខ្លួនកូរ៉េខាងត្បូង ជារឿងចៀសមិនផុតឡើយដែល ប្រទេសជិតខាងកូរ៉េខាងត្បូងដូចជាចិនមិនសប្បាយចិត្តនៅពេលដែលសព្វាវុធដ៏ទំនើបរបស់អាមេរិកត្រូវពង្រាយមកក្បែរព្រំដែនខ្លួន។ ហេតុនេះហើយអាមេរិកបានប្រកាសជាថ្មីថា សព្វាវុធដែលនឹងត្រូវទៅឈរជើងនៅឧបទ្វីបកូរ៉េជាសព្វាវុធសម្រាប់ការការពារខ្លួនសុទ្ធសាធ។ គេមិនទាន់ឃើញប្រតិកម្មរបស់ក្រុងប៉េកាំងនៅឡើយទេពាក់ព័ន្ធការពង្រាយមីស៊ីលអាមេរិកនេះ។ កសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកនោះបានបញ្ជាក់ដូច្នេះថា៖«ប្រព័ន្ធ THAAD មានសមត្ថភាពការពារខ្លួនតែម្យ៉ាងគត់ ហើយវាមិនបង្កគ្រោះថ្នាក់ដល់ប្រទេសណាមួយនៅក្នុងតំបន់ឡើយ។ ខែលការពារមីស៊ីលនេះត្រូវបានរចនាឡើងដើម្បីចាប់ និងកម្ទេចប្រភេទមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី និងរយៈចម្ងាយមធ្យម»។ ទាក់ទងការពង្រាយប្រព័ន្ធមីស៊ីលនេះដែរ អ្នកនាំពាក្យសេតវិមានអាមេរិកលោកSean Spicer បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ការពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិកនឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់ក្រុងសេអ៊ូលប្រឆាំងក្រុងព្យុងយ៉ាង។ វាជាកាតព្វមួយរបស់ក្រុងវ៉ាស៊ីនតោនក្នុងនាមជាសម្ព័ន្ធមិត្ត ក្នុងការទប់ទល់រាល់ការគំរាមកំហែងផ្នែកសន្តិសុខ ហើយអាមេរិកជឿជាក់ វត្តមានប្រព័ន្ធមីស៊ីលអាមេរិកនឹងជួយរក្សាសន្តិសុខ, ស្ថិរភាព, និងសន្តិភាពតំបន់ទាំងមូលផងដែរ៕ | សកម្មភាពបង្ករឿងរបស់ក្រុងព្យុងយ៉ាងដូចជាការបាញ់មីស៊ីលបាលីស្ទិក បានក្លាយជាលេសសម្រាប់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិកទៅកាន់ឧបទ្វីបកូរ៉េ។ ពេលប្រព័ន្ធមីស៊ីលនេះបញ្ជូនទៅដល់ឧបទ្វីបកូរ៉េ អាមេរិកប្រកាសជាថ្មីដែលវាទំនងជាសារមួយផ្ញើទៅកាន់ក្រុងប៉េកាំងថា ខែលមីស៊ីលនេះជារបស់ការពារខ្លួនសុទ្ធសាធ ហើយវាមិនគំរាមកំហែងសន្តិសុខតំបន់ឬប្រទេសណាមួយ ដែលចាំបាច់ត្រូវបារម្ភឡើយ។ សេតវិមានអាមេរិករំពឹងថា វត្តមានខែលកាពារមីស៊ីលអាមេរិកនៅឧបទ្វីបកូរ៉េ នឹងជួយពង្រឹងសមត្ថភាពការពារខ្លួន និងទប់ទល់បានរាល់ការគំរាមកំហែងនានាដែលក្រុងព្យុងយ៉ាងបង្កឡើង។ |
ដើម្បីបានជ្រាបច្បាស់ពីការយល់ឃើញរបស់អ្នកទស្សនា ជុំវិញការធ្វើទូកងវែងនេះ សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ ទូកងវែងជាងគេរបស់កម្ពុជា ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក មានប្រវែង ៨៧.៣ម៉ែត្រ បានលើកឡើងពីទឹកទន្លេ ដែលដាក់នៅជិតស្ពានជ្រោយចង្វារ ដង្ហែឆ្ពោះមកមុខវាលព្រះមេរុ នៅជិតព្រះបរមរាជវាំង កាលពីថ្ងៃទី២៥ខែវិច្ឆិកាកន្លងទៅ។ ទាំងជនជាតិខ្មែរ និងបរទេសខ្លះ បានចូលរួមដើរដង្ហែ ខ្លះឈរនៅខាងមុខផ្ទះរបស់ខ្លួន ដើម្បីអបអរដំណើររបស់ទូកងឯកនេះ រហូតដល់គោលដៅ។ អ្នកបានឃើញទូកងនេះ សុទ្ធតែស្ងើចសរសើរពីប្រវែងទូក និងបាននិយាយថាទូកងវែងជាងគេលើពិភពលោកនេះ ជាតំណាងឱ្យការរួបរួមសាមគ្គីគ្នារបស់កម្ពុជា។ ក្នុងថ្ងៃដង្ហែទូកមកមុខវាលព្រះមេរុ លោក ម៉ុន វុទ្ថា កំពុងអង្គុយនៅលើគែមរបងវាលព្រះមេរុសម្លឹងមើលទៅទូកផង និងមើលទៅជនប្រុសស្រី ដែលឈរនៅក្បែរនោះផង។ អ្នកទស្សនារូបនេះ ពេលដែលឃើញទូកងវែងជាងគេដំបូង អ្វីដែលគាត់គិតដល់មុនគេនោះ គឺឈើដែលជាវត្ថុធាតុដើមយកមកធ្វើទូកនេះ។ «ទាក់ទងទៅនឹងឈើ យើងគិតថាជាប្រភេទឈើមួយដែលវែង ហើយវាក៏មានអាយុកាលចំណាស់ដែរ ក្នុងការធ្វើទូកហ្នឹង»។ នេះជាការបញ្ជាក់បន្ថែមរបស់ វុទ្ធា។ ការចំណាយទាំងថវិកា និងពេលវេលា រួមទាំងកម្លាំងពលកម្មធ្វើទូកងឯកនេះ ឱ្យបានចេញជារូបរាង ក៏ជាអ្វីដែលនិស្សិតឆ្នាំទី៤ រៀនផ្នែកគ្រប់គ្រងទេសចរណ៍នេះចាប់អារម្មណ៍ដែរ។ វុទ្ធា បន្ថែម៖«វត្ថុធាតុដើម ខ្ញុំគិតថាចំណាយធនធានច្រើន ហើយខ្ញុំគិតថាធ្វើទូកមួយហ្នឹងក៏មិនមែនចំណាយពេលតិចដែរ»។ ការបំបែកឯតទគ្គកម្មពិភពលោកទូកងវែងជាងគេរបស់កម្ពុជា ត្រូវបាននិស្សិត វុទ្ថា វ័យ២១ឆ្នាំបញ្ជាក់ថា នេះជាការទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ ឱ្យស្គាល់កម្ពុជាកាន់តែច្រើន។ លោក ម៉ុន វុទ្ថាបញ្ជាក់៖ «ខ្ញុំគិតថានេះក៏ជារឿងល្អដែរ ដែលអាចទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ និងអាចបញ្ជាក់ ថាកម្ពុជាអាចធ្វើបាន ដែលប្រទេសដទៃមិនទាន់អាចធ្វើបាន ហើយក៏បង្ហាញពីការសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរដែរ»។ ចំណែកក្មេងប្រុសទើបមានវ័យ១៨ឆ្នាំ ដែលអះអាងថាខ្លួនជាក្មេងកំព្រានោះ បានចាប់អារម្មណ៍ពីការសាមគ្គីគ្នា ក្នុងការធ្វើទូកងមានតែមួយលើពិភពលោកនេះ។ ឈរនៅទល់មុខក្បាលទូក ក្នុងចំណោមមនុស្សដទៃទៀត ភ្នែកសម្លឹងមើលទៅទូកយ៉ាងយកចិត្តទុកដាក់ លេច គីមម៉េង ហាក់បានយល់ពីអត្ថន័យ និងគោលបំណងនៃការតាំងបង្ហាញនេះ ដែលគេថា ទូកដ៏ប្រណិតនេះ មិនអាចចេញជារូបរាងបានឡើង បើគ្មានការរួមគ្នាជាធ្លុងមួយ។ ក្មេងប្រុសដែលមកពីខេត្តប៉ៃលិនរូបនេះ ទំនងបានស្វែងយល់ច្រើនពីបញ្ហាសង្គម ដោយបានបង្ហាញឱ្យឃើញតាមរយៈការរៀបរាប់យ៉ាងដូច្នេះ៖«គេបានរៀបចំឡើងដូចជា អន្សមយក្ស ក្រមាមួយពាន់ម៉ែត្រ ទូកវែង។ ពេលដែលធ្វើទូកវែងនេះ ចង់បង្ហាញដល់គេថា ខ្មែរមានកេរមរតកពីដូនតាមក។ ចង់ឱ្យខ្មែរមានការសាមគ្គីគ្នាជាចម្បង។ បើគ្មានការរួមគ្នាទេ ទូកវែងជាងគេនេះក៏មិនកើតឡើងដែរ»។ គីមម៉េង សង្ឃឹមថាប្រជាជនខ្មែរគ្រប់រូបរួមសាគ្គីគ្នា និងចេះអប់រំណែនាំគ្នា ដើម្បីឱ្យប្រទេសជាតិកាន់តែរីកចម្រើន។ គីមម៉េង បញ្ជាក់៖«ទាំងក្មេងស្រករមុន និងក្រោយ ឱ្យចេះរួមសាមគ្គីគ្នា ស្រឡាញ់គ្នា ចេះអប់រំគ្នា តរៀងទៅ។ ឃើញខ្មែរយើងឥឡូវមិនចេះសាមគ្គីគ្នាទេ ចេះតែឈ្លោះគ្នា»។ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកគ្រង់គ្រងទេសចរណ៍ កញ្ញា នួន ឆេងលី យល់ឃើញថា នេះជាជោគជ័យមួយសម្រាប់កម្ពុជា ដែលអាចធ្វើទូកងវែងជាងគេលើពិភពលោក។ ថ្វីដ្បិតនារីម្នាក់នេះបារម្ភចំពោះការចំណាយធនធាន និងថវិកាច្រើនក្នុងការធ្វើទូក តែទោះជាយ៉ាងណាក៏ដោយនាងនៅតែគាំទ្រឱ្យមានការរៀបចំបង្កើត អ្វីដែលនាងថា ជួយលើកមុខមាត់ប្រទេសបន្តទៀត។ ឆេងលី បញ្ជាក់៖«សម្រាប់ខ្ញុំបើសិនជាអាចគួរតែធ្វើឱ្យច្រើន តែក៏ត្រូវចំណាយថវិកាច្រើនដែរ ប្រទេសយើងកំពុងអភិវឌ្ឍន៍ ក៏នៅខ្វះខាតច្រើន។ ចង់បានអ្វីត្រូវតែមានការលះបង់ តែយើងក៏បានចំណូលចូលជាតិដែរ តាមរយៈទេសចរណ៍ដែលមកលេង»។ បន្លឺសំឡេងស្របពេលភ្នែកងាកទៅរកក្បាលទូករូបនាគ ដែលមានពណ៌មាស កញ្ញា ឆេងលី បញ្ជាក់ថា ទូកងដ៏ល្អឯកនេះ បានបង្ហាញគំរូល្អដល់ក្មេងជំនាន់ក្រោយ ពីការពួតដៃគ្នាជាកម្លាំងដ៏រឹងមាំមួយ។ និស្សិតមកពីខេត្តប៉ៃលិនរូបនេះ បានផ្ដាំផ្ញើទៅក្មេងជំនាន់ក្រោយ ឱ្យស្រឡាញ់ឱ្យតម្លៃអ្វីដែលជារបស់ខ្លួន ចៀសជាងឱ្យតម្លៃរបស់បរទេស។ «ក្មេងជំនាន់ក្រោយ ខ្ញុំគិតថា គួរតែស្រឡាញ់របស់ខ្លួនឯង វប្បធម៌ខ្លួនឯងឱ្យបានច្រើន កុំគិតតែស្រឡាញ់របស់គេ ហើយរបស់ខ្លួនមិនរវល់»។ នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា ឆេងលី។ ប្រធានគណៈកម្មការកសាងទូកងវែងជាងគេលើពិភពលោក លោក ស សុខា បានបញ្ជាក់ថា ទូក«ង» ដែលមានប្រវែង៨៧.៣ម៉ែត្រនេះ អាចដាក់ចំណុះទូកបាន២៥០នាក់។ បើតាមប្រធានគណៈកម្មការទូកដដែល មានប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ បានស្នើសុំយកទូកនេះទៅតាំងបង្ហាញនៅក្នុងខេត្តរបស់ខ្លួន តែដោយសារទូកមានប្រវែងវែង ងាយរកការខូចខាតពេលលើកចុះឡើង ទើបមិនអាចធ្វើទៅរួច។ លោក ស សុខា បញ្ជាក់៖«មានការសំណូមពរឲ្យយកទូកនេះ ទៅតាមបណ្ដាខេត្តផ្សេងៗ តែអ្វីជាបញ្ហាគឺការលើកចុះឡើងទេ ព្រោះទូកវែង វាអាចប្រេះ ហើយពិបាកពេលយើងយកទៅប្រើក្នុងទឹកវិញ។ តាមពិតទៅ អ្នកនៅទីរួមខេត្តព្រៃវែង មិនទាន់បានឃើញទូកនេះនៅឡើយទេ បានឃើញតែអ្នកនៅអ្នកលឿង ព្រោះយើងបានរៀបចំកម្មវិធីនៅទីនោះ។ ខ្ញុំសូមអំពាវនាវឱ្យយុវជនខ្មែរ ចូលរួមជាមួយក្រុមយុវជនយើង»។ ទូកងដែលធ្វើឡើងដោយសហព័ន្ធសហភាពយុវជនកម្ពុជានេះ ចំណាយកម្លាំងមនុស្សចំនួន ១៣,០០០នាក់ មានទាំងខ្មែរ និងបរទេសចូលរួម និងធ្វើដោយឧបករណ៍ប្រើដោយដៃទាំងស្រុង។ ច្រវាលាបពណ៌ និងគូររូបទង់ជាតិនៃប្រទេសកម្ពុជា មានរំលេចអក្សរ«រួមគ្នាដើម្បីកម្ពុជារុងរឿង» ធ្វើឡើងពីឈើស្រឡៅដែលមានទម្ងន់ស្រាល។ ចំណែកតួទូក ធ្វើពីឈើគគីរដែលធន់នឹងទឹក។ នេះមិនមែនលើកទីមួយឡើយ ដែលកម្ពុជាបានបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក។ កន្លងមក កម្ពុជាបានបំបែកកំណត់ត្រារួចមកហើយ នំអន្សមយក្ស រាំម៉ាឌីហ្សូន និងក្រមាវែងមួយពាន់ម៉ែត្រ ។ ទូកង «កម្ពោជិកបុត្តាខេមរាតរី» នឹងដាក់តាំងបង្ហាញជាសាធារណៈ នៅមុខវាលព្រះមេរុ ឬវាលព្រះមេន នៅខាងជើងជាប់របងព្រះបរមរាជវាំងចាប់ពីថ្ងៃទី២៥-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រោយពីបញ្ចប់ការតាំងនៅភ្នំពេញ ទូកងនេះ នឹងត្រូវយកទៅតាំងនៅបរិវេណចុងប៉ម មុខសាលាខេត្តព្រៃវែង ព្រមទាំងរៀបចំជាសារមន្ទីរសម្រាប់ដាក់ទូក«ង»ឯកនេះផងដែរ៕ | ភ្នំពេញ៖ ទូកងវែងជាងគេលើពិភពលោករបស់កម្ពុជា ដែលមានឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» បានដាក់តាំងបង្ហាញឱ្យសាធារណជនទស្សនានៅខាងមុខវាលព្រះមេរុ កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រជាជនខ្មែរ និងបរទេសជាច្រើនរូប ដែលបានទៅទស្សនា និយាយដូចៗគ្នាថា ទូកនេះបង្ហាញពីការរួបរួមសាមគ្គីបង្កើតជាកម្លាំងដ៏រឹងមាំមួយ។ «កម្ពោជិកបុត្តាខេមរាតរី» ដាក់តាំងបង្ហាញជាសាធារណៈ នៅខាងមុខវាលព្រះមេរុ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥-៣០ ខែ វិច្ឆិកា ឆ្នាំ២០១៨។ |
វ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកាជាង៣សែនដូស ដែលផលិតនៅឥណ្ឌា នឹងត្រូវបញ្ជូនមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូង នៅយប់ថ្ងៃទី២ ខែមីនា។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ពេលទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យកាល់ម៉ែត ក៏នឹងធ្វើធ្វើសន្និសីទកាសែត ជុំវិញវ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកានេះផងដែរ។ វ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកាជាង៣សែនដូសនេះ គឺជាជំនួយរបស់អង្គការសុខភាពពិភពលោក ដែលផ្តល់មកកម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX)។ អង្គការសុខភាពពិភពលោក គ្រោងផ្តល់វ៉ាក់សាំងនេះប្រមាណ៦លាន៤សែនដូស ដល់កម្ពុជា។ បច្ចុប្បន្ន កម្ពុជា បានដំណើរការចាក់វ៉ាក់សាំងលើក្រុមមនុស្សអាទិភាពមួយចំនួនហើយ។ វ៉ាក់សាំង ដែលកម្ពុជា កំពុងប្រើនេះ គឺវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន។ ដើមឡើយ សម្តេច ហ៊ុន សែន គ្រោងចាក់វ៉ាក់សាំងស៊ីណូហ្វាម តែដោយសារវ៉ាក់សាំំងស៊ីណូហ្វាមនេះ អាចចាក់បានតែមនុស្សមានអាយុចន្លោះពី១៨ឆ្នាំដល់៥៩ឆ្នាំ ទើបសម្តេច ខកខានមិនបានចាក។ វ៉ាក់សាំងស៊ីណូហ្វាម ប្រសិទ្ធភាព៧៩,៨៣ភាគរយក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ខណៈ វ៉ាក់សាំងអាស្រ្រាហ្ស៊ីណិកា មានប្រសិទ្ធភាព៦៣,០៩ភាគរយ៕ | សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេច នឹងទៅចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្រ្តាហ្ស៊ីណិកា (Astraceneca) នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ការប្រកាសរបស់សម្តេច គឺធ្វើឡើងលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃទី២៨ ខែកុម្ភៈនេះ។ |
ស្មាតហ្វូន vivo Y30 មានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ ថាមពលថ្មធំ 5000mAh បំពាក់ដោយបច្ចេកវិទ្យាស្កេនក្រយៅដៃ ក្រោយអេក្រង់។ សម្រាប់ផ្នែកកាមេរ៉ា របស់ស្មាតហ្វូន Y30 វិញ ចំពោះកាមេរ៉ាខាងមុខមានទំហំ 8MP ដែរអាចថតរូប Selfie ខ្លួនឯងបានយ៉ាងស្រស់ស្អាត និងមានទំនុកចិត្ត។ ចំណែកកាមេរ៉ាក្រោយ AI ចំនួន 4 គ្រាប់។ គ្រាប់ទី 1 មានកាមេរ៉ាគោលទំហំ 13MP ដែលអនុញ្ញាតឲ្យលោកអ្នកផ្តិតយកនូវរូបភាព បានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរ ស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី 2 កាមេរ៉ា 8MP wide-Angle ដែលយើងអាចផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។ គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចផ្តិតយករូបភាព ដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះ យើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិត នៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយការថតរូបបែបព្រាល។ ស្មាតហ្វូន vivo Y30 នេះបានរចនាឡើង ដោយការបង្ហាញចេញមក ជាមួយជម្រើសថ្មី 2 ពណ៌ ៖ ពណ៌ខៀវ Dazzle blue និងពណ៌ស Moonstone white។ មាន Ram 4GB និង Rom 64GB ដែលងាយស្រួលក្នុងការរក្សាទុកនូវរាល់វីដេអូ តន្ត្រី និងរូបភាពថែមទៀតផង។ ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងអេក្រង់ Ultra O Screen មានទំហំ 6.47 inch HD+ ដំណើរការដោយ android 10 និងស្បែក Interface ប្រភេទ Fun touch OS 10 ដែលធ្វើឱ្យស្មាតហ្វូន vivo Y30 នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់! https://www.facebook.com/vivoCambodia/posts/1169362623410633 (អត្ថបទពាណិជ្ជកម្ម) | ក្រោយពីបានប្រកាសលក់ជាផ្លូវការ ត្រឹមតែរយៈពេល១សប្តាហតែប៉ុណ្ណោះ vivo Y30 ទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ដោយគិតត្រឹមថ្ងៃនេះ គឺមានការលក់ដាច់លើសពីការរំពឹងទុក។ នេះសបញ្ជាក់ ថាស្មាតហ្វូន Y30 គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែន ទាំងសមត្ថភាព រូបរាង ក៏ដូចជាតម្លៃសមរម្យ ត្រឹមតែ $169។ |
សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក Alexis de SUREMAIN ដែលមានការបកប្រែដោយអ្នកស្រី គឹម ស្រីពៅ ដូចតទៅ៖ | ភ្នំពេញ៖ លោក Alexis de SUREMAIN (សឿរ៊ឺម៊ាំង អាលែក្ស៊ី) ដែលជាម្ចាស់សណ្ឋាគារ Pavillon ហើយលោកក៏ជាម្ចាស់រថយន្ដបុរាណ JAGUAR XJ série 3 ផលិតឆ្នាំ១៩៧៩។ ឡានដ៏ចំណាស់នេះ ត្រូវបានប្រើប្រាស់សម្រាប់ដឹកភ្ញៀវទេសចរ ទៅមកសណ្ឋាគារ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រថយន្ដអង់គ្លេស JAGUAR XJ ត្រូវបានចាប់ផ្ដើមផលិតនៅឆ្នាំ ១៩៦៨ ហើយនៅតែផលិតម៉ូឌែលថ្មី (XJ X351) រហូតដល់សព្វថ្ងៃនេះ។ XJ គឺជាអាក្សរកាត់ ដែលមានន័យថា eXperimental Jaguar។ JAGUAR គឺជាសត្វខ្លាមួយប្រភេទ ដែលរស់នៅក្នុងព្រៃទ្វីបអាមេរីកឡាទីន។ |
សិក្ខាសាលានេះ នឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ នៅសាលប្រជុំភោជនីយដ្ឋាន អរគីដេបាស្ទ័រ ស្ថិតនៅផ្ទះលេខ ១០៦ កែងផ្លូវបាស្ទ័រ (៥១) និង ផ្លូវ(២០៨) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមហ៊ុន ENAGIC បានបង្កើតឡើងតាំងពីខែមិថុនា ឆ្នាំ១៩៧៤ ដោយអតីតអ្នកឯកទេសជំនួញក្រុមហ៊ុនសូនី គឺ លោក Hironari Ohshiro ដែលឈានមុខគេបង្កើតម៉ាស៊ីនផលិតទឹក ទឹកសុខភាពកាំងជេន (Kangen Water Generator) សម្រាប់លំនៅដ្ឋាន។ ក្រុមហ៊ុន ក៏ផ្តល់ឱកាសឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចធ្វើអាជីវកម្ម និងទទួលចំណូលយ៉ាងច្រើន តាមរយៈប្រព័ន្ធបង្វិល ចែកប្រាក់ចំណេញពីក្រុមហ៊ុន ច្រើនជាង ៨ ទម្រង់ ហើយជាចំណូលសម្រាប់មួយជីវិត និងអាចផ្ទេរបន្ត ទៅអ្នកស្នងមរតកបានទៀតផង។ ឱកាសជំនួញសកលនេះ ជាលទ្ធផលរបស់អ្នកវិទ្យាសាស្ត្រជប៉ុន និងគំនិតបើកទូលាយរបស់ស្ថាបនិកក្រុមហ៊ុន ENAGIC គឺ លោក Ohshiro ដោយឈរលើចក្ខុវិស័យ ជំនួយប្រកបដោយសុខភាពល្អ នោះគឺ សុខភាពរាងកាយ លំនឹងហិរញ្ញវត្ថុ និងសុខភាពផ្លូវចិត្ត។ ក្រៅពីប្រព័ន្ធជំនួញសកលដ៏សុក្រិត ធានាចំណូលខ្ពស់ ENAGIC បានផលិតនូវម៉ាស៊ីនចម្រាញ់ទឹកសុខភាព ដែលទទួលស្គាល់ជាបរិក្ខាវេជ្ជសាស្ត្រ (Medical Device) ដោយក្រសួងសុខាភិបាលជប៉ុន និងទទួលបានវិញ្ញាបនបត្រ ISO 9001, ISO1400, ISO13485 ។ តារាភាពយន្ត កីឡាករ អត្តពលិក និងឥស្សរជនល្បីៗលើពិភពលោក ជាពិសេសប្រមុខដឹកនាំសហរដ្ឋអាមេរិក និងបណ្តាប្រទេសជឿនលឿនក្នុងលោក សុទ្ធតែបានប្រើប្រាស់ម៉ាស៊ីនចម្រាញ់ទឹកនេះ ពោរពេញដោយអំណរ និងមោទកភាពក្រៃលែង។ ក្នុងគោលបំណងផ្តល់ជូនឱកាសជំនួញដ៏ទូលំទូលាយ ជូនជ្រាបអំពីអានុភាពនៃម៉ាស៊ីនបំលែងទឹកដ៏អស្ចារ្យនេះ និងទទួលបាននូវអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងសុខភាព ដូចជនជាតិជប៉ុន យើងខ្ញុំសូមគោរពអញ្ជើញ លោក លោកស្រី នាងកញ្ញា សិស្ស និស្សិត ចូលដោយរីករាយ។ សូមទាក់ទងទៅកាន់ លេខទូរស័ព្ទ ០៧៨ ៧៧៧ ៣២៨ / ០១២ ៩៨៨ ៦៧៨ / ០៧៨ ៦៦៦ ៣២៨ / ០១២ ៣២៨ ២២២ / ០៧៨ ៣២៨ ៣៣៣ សម្រាប់ព័ត៌មានបន្ថែមអំពីសិក្ខាសាលានេះ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន ENAGIC ពីប្រទេសជប៉ុន នឹងរៀបចំសិក្ខាសាលាមួយស្តីពី«ការវិនិយោគដែលចំណេញប្រាក់ និងសុខភាពក្នុងទ្រង់ទ្រាយទូទាំងពិភពលោក» ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានស្វែងយល់ពីឱកាសធ្វើជំនួញលក្ខណៈសកលលោក (Global Business) បង្កើនប្រាក់ចំណូល និងទទួលបានសុខភាព និងសុភមង្គលសម្រាប់គ្រួសារទាំងមូល ដោយប្រើដើមទុនដ៏តិចតួចបំផុត។ |
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានទទួលជួបលោក Krasae Chana Wongse ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (Asian Disaster Preparedness Center ADPC) ដើម្បីនិយាយអំពីការពន្លឿនការផ្តល់សច្ចាប័ន ធ្វើឲ្យកម្ពុជាក្លាយជាសមាជិកពេញសិទ្ធិនៃមជ្ឈមណ្ឌលនេះ។ នៅក្នុងជំនួបដែលត្រូវបានរៀបចំឡើងនៅក្នុងវិមានសន្តិភាពនាព្រឹកថ្ងៃទី១៧ខែតុលានេះ ប្រមុខរដ្ឋាភិបាលបានថ្លែងទទួលស្គាល់ពីផលប្រយោជន៍នានាដែលកម្ពុជានឹងទទួលបាន បន្ទាប់ពីកម្ពុជាបានក្លាយជាសមាជិកស្ថាបនិកពេញសិទ្ធិរបស់ ADPCនោះ។ យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី សម្តេចបានបញ្ជាក់ថា៖ «ការបង្កើតមជ្ឈមណ្ឌលនេះ វាមានសារសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រង ទប់ស្កាត់ គ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុបានមួយកម្រិតធំ»។ ប្រមុខរដ្ឋាភិបាលបានប្រាប់ដៃគូសន្ទនាថា សម្តេចនឹងពន្លឿនការរៀបចំ ឯកសារដើម្បីបញ្ជូនឲ្យរដ្ឋសភាអនុម័តផ្តល់សច្ចាប័នឲ្យបានលឿន។ គួរបញ្ជាក់ថា សមាជិក ADPC មកដល់បច្ចុប្បន្ននេះមាន៩ប្រទេស ហើយកម្ពុជា និងថៃមិនទាន់ក្លាយជាសមាជិកពេញសិទ្ធិនៅឡើយទេ៕ | កម្ពុជាជាសមាជិកស្ថាបនិកនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី តាំងពីឆ្នាំ២០១២មកម្លេះ។ ប៉ុន្តែប្រទេសនេះនៅមិនទាន់បានក្លាយជាសមាជិកពេញសិទ្ធិនៅឡើយដោយសារមិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។ |
កូនរថយន្តបញ្ជាម៉ាក Volkswagen បានដឹកបាល់ចូលទៅកណ្តាលទីលាន ដើម្បីយកទៅប្រគល់ឲ្យលោកអាជ្ញាកណ្តាលហូឡង់ Bjorn Kuipers ដើម្បីចាប់ផ្តើមការប្រកួត។ នាពេលនោះ កីឡាករឆ្នើមអ៊ីតាលី Ciro Immobile ក៏តាមដានពិនិត្យមើលរថយន្តយ៉ាងយកចិត្តទុកដាក់ផងដែរ។ កូនរថយន្តដឹកបាល់ចូលទីលាន បង្ហាញវត្តមានលើកដំបូងកាលពីជំនួបបើកឆាកព្រឹត្តិការណ៍រវាងអ៊ីតាលី និងតួកគី បន្ទាប់មកនាជំនួបរវាង ស្វីស និងវេលស៍ រួមទាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងអ៊ីតាលី និងអេស្ប៉ាញ ផងដែរ។ សម្រាប់វត្តមានកន្លងមក រថយន្តសុទ្ធតែមានពណ៌ប្រផេះ ខណៈនៅវគ្គផ្តាច់ព្រ័ត្រ ជារថយន្តឥន្ទធនូ ដើម្បីបង្ហាញពីការគាំទ្រដល់ដល់សហគមន៍ LGBTQ+ ព្រមទាំងលើកកម្ពស់ការរួមបញ្ចូល និងភាពចម្រុះគ្នានៅក្នុងសង្គម។ ប្រភពរូបថត៖ Getty Images ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ក៏បានពាក់ស្លាកឥន្ទធនូ ជានិមិត្តរូបផងដែរ នាពេលគោរពភ្លេងជាតិ ប៉ុន្តែក្រោយមកបានប្តូរចេញវិញ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ អ៊ីតាលី ឈ្នះប៉េណាល់ទី ៣-២ ក្រោយលទ្ធផលស្មើ ១-១។ ក្រុមរហស្សនាម Azzuri បានក្លាយជាម្ចាស់ពាន Euro លើកទីពីរ ក្នុងរយៈពេល៥៣ឆ្នាំ ខណៈតោកំណាចអង់គ្លេសនៅតែមិនអាចឈ្នះពានសំខាន់ បន្ទាប់ពីពួកគេធ្លាប់ឈ្នះ World Cup តែ១លើកគត់កាលពីឆ្នាំ១៩៦៦៕ ប្រភពរូបថត៖ Getty Images | សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបង្ហាញកូនរថយន្តបញ្ជាសារជាថ្មីម្តងទៀតកាលពីជំនួបវគ្គផ្តាច់ព្រ័ត្រ Euro 2020 នៅកីឡដ្ឋាន Wembley ដែលអ៊ីតាលី បានឈ្នះជើងឯក ហើយបន្សល់ការខកចិត្តសម្រាប់ម្ចាស់ផ្ទះអង់គ្លេស។ លើកនេះ គឺជាកូនរថយន្តឥន្ទធនូ ដែលបង្ហាញពីការគាំទ្រ និងមោទកភាពសម្រាប់សហគមន៍ LGBTQ។ |
ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅថ្ងៃទី១៤ខែវិច្ឆិកានេះ បានសម្ពោធឲ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ លើផ្ទៃដីអាជីវកម្មសរុបជាង ៦៧០ហិកតា ក្នុងទីតាំងតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ បើតាមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រោងចក្រនេះត្រូវបានបោះទុន ១១០លានដុល្លារ និងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ លោក ស៊ុយ សែម អះអាងថា មកទល់បច្ចុប្បន្ននេះកម្ពុមានរោងចក្រផលិតស៊ីម៉ងត៍ទាំងអស់ចំនួន៥ (៤កន្លែងនៅខេត្តកំពត និង១កន្លែងនៅបាត់ដំបង) ដោយមានទុនវិនិយោគសរុប ៨០០លានដុល្លារ និងអាចផលិតស៊ីម៉ងត៍ប្រមាណ៨លានតោនក្នុងមួយឆ្នាំ។ លោកថ្លែងក្នុងពិធីសម្ពោធខាងលើយ៉ាងដូច្នេះថា៖«កន្លងមកក្នុងឆ្នាំ២០១៧-២០១៨ យើងសម្រេចបានការផ្គត់ផ្គង់ស៊ីម៉ងត៍ក្នុងស្រុកតាមសេចក្ដីត្រូវការទាំងស្រុង ប៉ុន្តែដោយសារកំណើនសាងសង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលកើនឡើងយ៉ាងគំហុកក្នុងរយៈពេល២០១៨-២០១៩ ចុងក្រោយនេះ ការផលិតស៊ីម៉ងត៍ក្នុងស្រុកមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារ ធ្វើឲ្យនាំចូលតិចតួចដើម្បីបង្គ្រប់»។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រនេះ មានប្រសាសន៍ថា ការបង្កើតរោងចក្រផលិតស៊ីម៉ងត៍ក្នុងស្រុកជាបន្តបន្ទាប់ បានជួយឲ្យកម្ពុជាអាចផ្គត់ផ្គង់តម្រូវស៊ីម៉ងត៍ដោយខ្លួនឯង ជំនួសឲ្យការនាំចូល។ សម្ដេចថ្លែងដូច្នេះថា៖«សមត្ថភាពផលិតរោងចក្រស៊ីម៉ងត៍របស់យើងនៅពេលនេះមានប្រមាណ៨លានតោន ដែលក្នុងនោះក៏បានចំណេញថវិកា៥០០លានដុល្លារ ដែលយើងមិនយកទៅទិញពីបរទេសនោះទេ។ នោះហើយជាគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីផលិតអ្វីដែលយើងអាចផលិតបាន ជំនួសឲ្យការនាំចូលពីបរទេស និងអាចឈានដល់នាំចេញទៅក្រៅប្រទេស»។ តែទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលក៏បានថ្លែងថា កម្ពុជាមិនសូវសម្បូរវត្ថុធាតុដើមសម្រាប់ផលិតស៊ីម៉ងត៍នោះទេ។ សម្ដេចឲ្យដឹងដូចនេះថា៖«ក៏ប៉ុន្តែក្នុងប្រទេសរបស់យើង ដ្បិតថាមានភ្នំច្រើនណាស់ តែនៅខ្វះវត្ថុធាតុដើមដែលអាចផលិតជាស៊ីម៉ងត៍បាន។ នៅក្នុង២៥រាជធានីខេត្ត គឺមានតែនៅខេត្តបីប៉ុណ្ណោះ គឺនៅខេត្តកំពត បាត់ដំបង និងខេត្តបន្ទាយមានជ័យតិចតួចទេ»៕ | ភ្នំពេញ៖ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍មួយទៀត ដែលត្រូវបានសម្ពោធឲ្យដំណើរការនៅក្នុងខេត្តកំពត។ នេះជារោងចក្ររបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ។ |
ការធ្លាក់ចុះរូបិយប័ណ្ណនៅអាស៊ីនាពេលថ្មីៗនេះបានបង្កើនការព្រួយបារម្ភអំពីការកើនឡើងបន្ទុកបំណុលលើរដ្ឋាភិបាល និងអាជីវកម្មនៅក្នុងតំបន់។ ធនាគារកណ្តាលនៅអាស៊ីបានដំឡើងអត្រាការប្រាក់ក្នុងល្បឿនយឺតជាងនៅអាម៉េរិក។ ទំហំពាណិជ្ជកម្មនៅក្នុងតំបន់មានការថយចុះ បានធ្វើឱ្យរូបិយប័ណ្ណអាស៊ីមួយចំនួនបាត់បង់តម្លៃប្រហែល ១០ភាគរយ ឬច្រើនជាងនេះធៀបនឹងប្រាក់ដុល្លារចាប់តាំងពីចុងខែមីនា។ ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ តម្លៃនៃប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះជាង ១៧ភាគរយធៀបនឹងប្រាក់ដុល្លារ ខណៈប្រាក់ប៉េសូរបស់ហ្វីលីពីន និងប្រាក់រូពីឥណ្ឌា បានធ្លាក់ចុះ ១២ភាគរយ និង១០ភាគរយរៀងៗគ្នា។ នេះបើតាមសារព័ត៌មាន Nikkei Asia។ បើតាមស្ថិតិរបស់ធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៧០ភាគរយនៃបំណុលសរុបនៅក្នុងកូរ៉េខាងត្បូង ឥណ្ឌា និងថៃ ជារូបិយប័ណ្ណបរទេស។ ចំណែកនៅហ្វីលីពីន អត្រានេះមានរហូតទៅដល់ ៩៧ភាគរយ។ អ្នកវិភាគបានមើលឃើញថា នៅអាស៊ីបំណុលរូបិយប័ណ្ណបរទេសហាក់ដូចជាតម្រូវចិត្តអតិថិជនជាងបំណុលរូបិយប័ណ្ណក្នុងស្រុក ដោយសារតែអត្រាការប្រាក់ទាប។ លើសពីនេះ បំណុលរូបិយប័ណ្ណបរទេសមានឱកាសក្នុងការទាក់ទាញវិនិយោគិនដោយកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់។ ប្រាក់ដែលប្រមូលបានដោយការចេញមូលបត្របំណុល ជាធម្មតាត្រូវបានបំប្លែងទៅជារូបិយប័ណ្ណក្នុងស្រុក ហើយនៅពេលដែលបំណុលដល់កំណត់ ចាំបាច់ត្រូវប្តូរទៅជារូបិយប័ណ្ណបរទេសវិញ។ ដូច្នេះនៅពេលដែលរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះ រដ្ឋាភិបាល និងអាជីវកម្មបានបាត់បង់ប្រាក់កាន់តែច្រើនក្នុងសងបំណុល។ ជាមួយគ្នានេះ មូលបត្របំណុលសាជីវកម្មក៏មាននិន្នាការកើនឡើង។ ការផ្លាស់ប្តូរហានិភ័យឥណទានលើសញ្ញាប័ណ្ណរបស់ក្រុមហ៊ុនអាស៊ីធំៗចំនួន ៤០ ដោយមិនរាប់បញ្ចូលប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១១ ឆ្នាំគឺ ២,៣ភាគរយ។ ចំណែកទីផ្សារភាគហ៊ុនអាស៊ីក៏រងផលប៉ះពាល់ផងដែរ។ សន្ទស្សន៍ MSCI អាស៊ីប៉ាស៊ីហ្វិកមិនរាប់បញ្ចូលប្រទេសជប៉ុនបានធ្លាក់ចុះ ២៨ភាគរយកាលពីចុងឆ្នាំ ២០២១ ខណៈដែលសន្ទស្សន៍ពិភពលោក MSCI បានធ្លាក់ចុះត្រឹម ១៨ភាគរយ ។ និន្នាការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនរួមជាមួយនឹងការកើនឡើងនៃបន្ទុកបំណុល ធ្វើឱ្យក្រុមហ៊ុនកាន់តែពិបាកក្នុងការបង្កើនដើមទុនក្នុងការវិនិយោគបន្ថែម។ ខណៈដែលអ្នកវិនិយោគអន្តរជាតិជួញដូរជាប្រាក់ដុល្លារអាម៉េរិក ការធ្លាក់ថ្លៃរូបិយប័ណ្ណអាស៊ីមានន័យថាប្រាក់ចំណេញជាប្រាក់ដុល្លារក៏ធ្លាក់ចុះផងដែរ។ លោក Kota Hirayama អ្នកវិភាគនៅក្រុមហ៊ុន SMBC Nikko Securities បានលើកឡើងថា ៖«ប្រសិនបើរូបិយប័ណ្ណត្រូវបានព្យាករថានឹងធ្លាក់ចុះ អ្នកវិនិយោគអន្តរជាតិនឹងមានការស្ទាក់ស្ទើរក្នុងការវិនិយោគនៅក្នុងភាគហ៊ុនអាស៊ី ដោយសារការព្រួយបារម្ភអំពីហានិភ័យណាមួយដែលបង្កពីអត្រាប្តូរប្រាក់អាចកើតមាន »។ អាស៊ីគឺជាមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោក ដូច្នេះការចុះខ្សោយនៃរូបិយប័ណ្ណនៅក្នុងតំបន់ និងជំរុញការនាំចេញ និងជួយឱ្យប្រាក់ចំណេញរបស់អ្នកនាំចេញកើនឡើង។ ប៉ុន្តែរលកនៃការដំឡើងអត្រាការប្រាក់នៅជុំវិញពិភពលោកបានជំរុញឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងកាត់បន្ថយដំណើរការអាជីវកម្ម។ បើតាមការព្យាកររបស់អ្នកវិភាគមួយចំនួន រូបិយប័ណ្ណអាស៊ីនឹងបន្តស្ថិតក្រោមសម្ពាធធ្លាក់ចុះក្នុងពេលអនាគតដ៏ខ្លី។ ទីផ្សារបច្ចុប្បន្ននេះផ្តោតសំខាន់លើការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេសដែលកើតឡើងនៅទូទាំងអាស៊ី។ ទុនបម្រុងប្តូរប្រាក់បរទេសរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះប្រហែល ១២ភាគរយពីកម្រិតខ្ពស់បំផុត កាលពីខែកក្កដាឆ្នាំមុន។ ទន្ទឹមនឹងនេះ ទុនបម្រុងរបស់ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក៏បានធ្លាក់ចុះប្រហែល ១០ភាគរយពីកម្រិតខ្ពស់បំផុតចុងក្រោយរបស់ពួកគេ។ ជាពិសេស ប្រទេសថៃបានកត់ត្រាការថយចុះ ៣០ភាគរយនៃទុនបម្រុងរូបិយប័ណ្ណបរទេសពីកម្រិតខ្ពស់បំផុតដែលបានកំណត់ក្នុងខែធ្នូ ឆ្នាំ២០២០ និងការថយចុះ ២០ភាគរយបើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០២១។ លោក Teppei Ino ប្រធានផ្នែកស្រាវជ្រាវទីផ្សារពិភពលោកនៅធនាគារ MUFG ក្នុងទីក្រុងតូក្យូ បានលើកឡើងថា ៖ « ជាធម្មតាទុនបម្រុងបរទេសត្រូវរក្សាក្នុងកម្រិតជាក់លាក់មួយ ព្រោះវាជាប្រភពនៃប្រាក់ដែលប្រើដើម្បីសងបំណុលបរទេស។ ការថយចុះនៃទុនបម្រុងប្តូរប្រាក់បរទេសអាចកំណត់ចំនួនប្រាក់ដែលអាចប្រើបានសម្រាប់ការធ្វើអន្តរាគមន៍អត្រាប្តូរប្រាក់»។ ដោយឡែក ទីផ្សារហិរញ្ញវត្ថុអឺរ៉ុបកំពុងមានស្ថិរភាពបន្តិចម្តងៗ បន្ទាប់ពីលោក Rishi Sunak បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។ នេះអាចដាក់សម្ពាធកាន់តែខ្លាំងលើរូបិយប័ណ្ណអាស៊ី នៅពេលដែលវិនិយោគិនងាកទៅជូញដូរលក់នៅអឺរ៉ុបដោយចាកចេញពីអាស៊ី។ នេះបើតាមលោក Eiichiro Tani ប្រធានផ្នែកជំនាញយុទ្ធសាស្រ្តនៅ Daiwa Securities ៕ | ការកើនឡើងបំណុលរូបិយប័ណ្ណបរទេសនៅអាស៊ីបានបង្កជាក្តីព្រួយបារម្ភ ដែលជះឥទ្ធិពលដល់រូបិយប័ណ្ណក្នុងស្រុក។ ៧០ភាគរយនៃបំណុលសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង ឥណ្ឌា និងថៃ ជារូបិយប័ណ្ណបរទេស ស្របពេលនៅហ្វីលីពីនឡើងដល់៩៧ភាគរយ។ |
«យើងកំពុងចាកចេញពីស្ថានភាព COVID-19 បណ្ដើរៗ ជាមួយការខាតបង់តិចតួចបំផុត ហើយក្នុងសហរដ្ឋអាមេរិកវិញ វាមិនកំពុងកើតឡើងបែបនេះឡើយ»។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និយាយដូច្នេះនៅថ្ងៃទី១៤ ខែមិថុនា ។ លោក ពូទីន ប្រាប់ទូរទស្សន៍រដ្ឋក្នុងកិច្ចសម្ភាសមួយថា ជំងឺរាតត្បាតសកល COVID-19 បានលាតត្រដាងវិបត្តិផ្ទៃក្នុងចាក់ស្រែះក្នុងសហរដ្ឋអាមេរិក ដែលមានករណីឆ្លងសរុបជាង២លានករណីហើយ។ ត្រង់ចំណុចនេះ លោកបានរិះគន់កង្វះការដឹកនាំក្នុងការទប់ទល់ស្ថានការណ៍ COVID-19 ដោយអះអាងថា ប្រធានាធិបតី ដូណាល់ ត្រាំ ប្រាប់រុស្ស៊ីឲ្យធ្វើបែបនេះបែបនោះ ក៏ប៉ុន្តែជាក់ស្តែង អភិបាលរដ្ឋអាមេរិកទៅវិញទេដែលជាអ្នកបញ្ជាលោក។ «ខ្ញុំគិតថា បញ្ហាគឺថា ផលប្រយោជន៍ក្រុម និងផលប្រយោជន៍គណបក្ស គឺត្រូវផ្ដល់អាទិភាពខ្ពស់ជាង ផលប្រយោជន៍សង្គមទាំងមូល និងផលប្រយោជន៍ប្រជាជន»។ លោក ពូទីន សង្កត់ធ្ងន់បែបនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។ ម្ភៃបួនម៉ោងចុងក្រោយ ប្រទេស រុស្ស៊ី បានរាយការណ៍ករណី COVID-19 ថ្មី ៨៨៣៥ករណី ដែលធ្វើឲ្យករណីសរុបឡើងដល់ ៥២៨ ៩៦៤ករណី។ នេះគឺជាតួលេខខ្ពស់បំផុតលំដាប់ទី៣ ក្នុងពិភពលោក បន្ទាប់ពីប្រេស៊ីល និងសហរដ្ឋអាមេរិក។ បណ្ដាតំបន់ក្នុងប្រទេសនេះ ផ្ដើមបន្ធូរបន្ថយការបញ្ជាបិទប្រទស ហើយរដ្ឋធានីមូស្គូ បានបើកអាជីវកម្មដែលមិនចាំបាច់ឡើងវិញ ដូចជា ហាងកាត់សក់ ជាដើម។ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា រុស្សីមានករណីស្លាប់ដោយCOVID-19សរុប ៦៩៤៨នាក់ ដែលទាបខ្លាំងបើធៀបនឹងសហរដ្ឋអាមេរិក ដែលមានសរុប១១៥ ៤៣៦នាក់។ អត្រាស្លាប់នៅរុស្ស៊ីមាននៅ ២,៦ភាគរយក្នុងចំណោមអ្នកជំងឺ COVID-19 ៕ | ប្រធានធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុកមួយ បានប្រកាសដោយឱឡារិកថា រុស្ស៊ីជោគជ័យជាងអាមេរិកក្នុងដោះស្រាយវិបត្តិ COVID-19 ដែលចម្លងមនុស្សជិត៨លាននាក់នៅទូទាំងពិភពលោក។ ដោយប្រៀបធៀបករណី COVID-19 ក្នុងប្រទេសទាំងពីរ មេដឹកនាំរុស្ស៊ីរូបនេះ ដោយនិយាយថា រុស្ស៊ីខូចខាតតិចតួច ។ |
«សារនេះគឺដូចគ្នាក្នុងចំណោមប្រទេស G7 ទាំងអស់ដែលពួកយើងចង់ធ្វើការជាមួយចិនក្នុងពេលចិនត្រៀមនឹងធ្វើការជាមួយពួកយើង។ ពួកយើងពិតប្រាកដជាងើបឈរឡើងប្រឆាំងនឹងការគំរាមកំហែង ការគ្រប់គ្រងទីផ្សារផ្ដាច់មុខ ការព្យាយាមផ្លាស់ប្តូរស្ថានភាពកោះតៃវ៉ាន់ជាដើម»។ មន្ត្រីការបរទេសអាមេរិកបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទបែបនេះក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 ដែលជប៉ុនជម្ចាស់ផ្ទះ។ ក្នុងនាមជាសមាជិកអាស៊ីតែមួយគត់នៃក្រុមG7 ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពដែលអាចកើតឡើងនៅច្រកសមុទ្រតៃវ៉ាន់។ រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និយាយបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីអាមេរិកថា ផលប៉ះពាល់សន្តិភាព និងស្ថិរភាពច្រកសមុទ្រតៃវ៉ាន់មានលើជប៉ុន គឺពិតជាមាន ប៉ុន្តែអ្វីដែលសំខាន់ដែរនោះគឺសុវត្ថិភាព និងសន្តិសុខកាន់តែទូលំទូលាយរបស់សហគមន៍អន្តរជាតិផងដែរ។ ការបញ្ជាក់ជំហររដ្ឋមន្ត្រីការបរទេស G7 ខាងលើនេះ កើតឡើងស្របពេលដែលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោក ព្យាយាមស្វែងរកជំហររួមក្រោយការលើកឡើងថ្មីៗនេះរបស់ប្រធានាធិបតីបារាំង ម៉ានុយអែល ម៉ាក្រុង លើបញ្ហានេះ។ ក្រោយវិលពីដំណើរទស្សនកិច្ចនៅចិន លោក ម៉ាក្រុង បានព្រមានពីការធ្លាក់ចូលក្នុងវិបត្តិជុំវិញបញ្ហាកោះតៃវ៉ាន់ដែលជំរុញដោយអាមេរិក ឬប្រតិកម្មជ្រុលរបស់ចិន។ ជាការឆ្លើយតបនឹងការលើកឡើងរបស់ក្រុម G7 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានកត់សម្គាល់ថា ប្រសិនបើបណ្ដារដ្ឋទាំងនោះពិតជាមានការព្រួយបារម្ភអំពីស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់មែននោះ ជាដំបូងពួកគេគួរតែរកឱ្យឃើញមូលហេតុនៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ បើតាមលោក Wang កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ដែលមានការគាំទ្រ ពីកងកម្លាំងខាងក្រៅកំពុងធ្វើអ្វីៗតាមតែអាចធ្វើទៅបានដើម្បីជំរុញសកម្មភាពផ្ដាច់ខ្លួន និងកំពុងបំផ្លាញស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ដែលនោះជាមូលហេតុដើមចមនៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងការបដិសេធឯករាជ្យភាពតៃវ៉ាន់ ជាកត្តាចាំបាច់ក្នុងការការពារស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងតំបន់។ | សមាជិកក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ឯកភាពគ្នាលើតម្រូវការពួតដៃគ្នាដើម្បីឆ្លើយតបនឹងការគំរាមរបស់ចិន ឬកិច្ចប្រឹងប្រែងណាមួយដើម្បីគ្រប់គ្រងច្រកសមុទ្ធតៃវ៉ាន់។ មន្ត្រីការបរទេសជាន់ខ្ពស់អាមេរិកម្នាក់បានលើកឡើងបែបនេះនាថ្ងៃទី១៧ ខែមេសា។ ប៉ុន្តែក្រុងប៉េកាំងរិះគន់វិញថា ការលើកឡើងរបស់ G7 គ្មានការទទួលខុសត្រូវឡើយ។ |
ក្នុងការប្រកួតដ៏ស្វិតស្វាញនារសៀលថ្ងៃទី១៥ ខែឧសភា នេះ កីឡាការិនី ជា កញ្ញា បានទទួលជ័យជម្នះ ១០ពិន្ទុ ទល់នឹងសូន្យ លើកីឡាការិនីឡាវ Phonexai Paosavat។ មេដាយសំរឹទ្ធបានទៅលើកីឡាការិនីហ្វីលីពីន Jeanme Guerra Lobo។ | កីឡាការិនី ជា កញ្ញា ក្លាយជាអត្តពលិកទី៣ និងជាកីឡាការិនីដំបូងពីប្រភេទកីឡាចំបាប់ ដែលទទួលបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា។ |
«អត្តសញ្ញាណប័ណ្ណ» ឬ«អត្តសញ្ញាណបត្រ» មានន័យថា លិខិតផ្លូវការនៃអត្តសញ្ញាណ សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្ស ឬសត្វ និងវត្ថុផ្សេងៗដែលបញ្ជាក់ពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត និងអសយដ្ឋានបច្ចប្បន្នជាដើម។ នៅមានពាក្យជាច្រើនបន្ថែមទៀត ដែលគេអនុញ្ញាតឲ្យសរសេរបានច្រើនយ៉ាង ដោយពាក្យទាំងនោះមានដូចជា កញ្ញា ឬកន្យា, វិទ្យុ ឬវិជ្ជុ ឬវ៉ាត់ដ្បូ, ស៊ុប ឬស៊ូប៍ ឬសូប។ល។ លើកលែងតែពាក្យមួយចំនួន ដូចជា ជំងឺ មិនមែនជម្ញឺទេ, ជំរុញ មិនមែនជម្រុញឡើយ, មួយភ្លែត មិនមែនម៉ាភ្លែតទេ, គូឆាយ មិនមែនកូឆាយ ឬកាឆាយទេ, ត្រប៉ែ មិនមែនតាប៉ែទេ, ផ្លែចម្ប៉ាដាក់ មិនមែនផែ្លចម្ប៉ាដក់នោះទេ,ផ្លែបំពេញរាជ្យ មិនមែនផ្លែកំពេញរាជ្យនោះទេ៕ | ពាក្យ «អត្តសញ្ញាណប័ណ្ណ» អាចសរសេរជា «អត្តសញ្ញាណបត្រ» ក៏បានដែរ គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។ នេះបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតដែលបានបញ្ជាក់នៅក្នុងពាក្យ«អត្ត»។ |
ពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញានេះ ធ្វើឡើងក្រោមប្រធានបទ«រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន»។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានបន្តឲ្យដឹងទៀតថា ក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញផលិតផលផ្សេងៗជាច្រើនពីអាស៊ាន និងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ របស់វិស័យឯកជន នៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។ បើតាមសេចក្តីជូនព័ត៌មានដដែល ក្នុងនាមជាប្រទេសកិត្តិយសនៅក្នុងពិព័រណ៍ឆ្នាំនេះ សម្ដេច ហ៊ុន សែន និង លោក ហាន់ ចឹង ឧបនាយករដ្ឋមន្ត្រីចិន និងធ្វើជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា ស្របពេលដែលទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។ សេចក្តីជូនព័ត៌មានដដែល បញ្ជាក់ទៀតថា សម្ដេចនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយឥស្សរជនជន ថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងធុរកិច្ចសំខាន់ៗនៃក្រុមហ៊ុននានារបស់ចិនទៀតផង។ សូមជម្រាបថា ពិព័រណ៍ចិន-អាស៊ាន បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឲ្យបាននូវគោលដៅវិនិយោគទុនទំហំទឹកប្រាក់១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិននៅត្រឹមឆ្នាំ២០២០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ដើម្បីចូលរួមតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលរៀបចំធ្វើនៅ ទីក្រុងណាននីង ខេត្តក្វាងស៊ី ។ នេះជាដំណើរទៅក្រៅប្រទេសលើកដំបូង បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលអាណត្តិទី៦នេះ។ |
អ្នកនាំពាក្យ IDF លោក Daniel Hagari បាននិយាយថា កងកម្លាំងរថពាសដែក និងថ្មើរជើង បានធ្វើការស្វែងរក និងរារាំងមីស៊ីលប្រឆាំងរថក្រោះ ដែលមានបំណងជ្រៀតចូលទៅក្នុងទឹក ដីអ៊ីស្រាអែល។ «កងកម្លាំងកំណត់ការស្វែងរកដែលជួយក្នុងកិច្ចខិតខំស្វែងរកអ្នកបាត់ខ្លួន»។ លោក Hagari លើកឡើងបែបនេះរួចបន្ថែមថា អ៊ីស្រាអ៊ែលនឹងបន្តប្រឹងប្រែងស្វែងរករាល់ព័ត៌មានលម្អិតអំពី ការបាត់ខ្លួន និងចំណាប់ខ្មាំង។ មនុស្សប្រហែល ១៥០ ទៅ ២០០ នាក់ត្រូវបានក្រុមហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុង ពេលការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា។ រហូតមកដល់ពេលនេះ IDF បានជូនដំណឹងដល់ក្រុមគ្រួសារនៃចំណាប់ខ្មាំងចំនួន ១២០ នាក់ថាមនុស្សជាទីស្រលាញ់ របស់ពួកគេកំពុងត្រូវបានឃុំខ្លួននៅតំបន់កាហ្សាស្ទ្រីប។ យ៉ាងណាមិញ ក្រុមហាម៉ាស់បានផ្សព្វផ្សាយវីដេអូឃោសនាដែលបង្ហាញពីសមាជិករបស់ខ្លួន កាន់ក្មេងៗនិងទារកជនជាតិអ៊ីស្រាអែលនៅក្នុងសហគមន៍គីបប៊ូសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុនក្នុងការប៉ុនប៉ងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការវាយប្រហាររបស់ខ្លួន។ វីដេអូបង្ហាញពីភេរវករបានយកកុមារតូចៗ និងទារកមួយចំនួនចេញពីផ្ទះនៅ Kibbutz Holit ខ្លះភេរវករឱ្យក្មេងម្នាក់ផឹកទឹក ខណៈឃ្លីបមួយទៀតបង្ហាញពីពួក គេយោលទារកក្នុង រទេះរុញ។ ឪពុកម្តាយរបស់កុមារមិនត្រូវបានគេឃើញនៅកន្លែងណាឡើយ។ ភ្លាមៗនោះ វាមិនច្បាស់ទេ ថា ក្មេងៗស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ជាចំណាប់ខ្មាំងចូលទៅក្នុងកាហ្សា ឬយ៉ាង ណា។ ការវាយឆ្មក់ចូលទៅក្នុងតំបន់កាហ្សាបានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានព្រមានជនស៊ីវិលនៅភាគខាងជើងតំបន់កាស្សាស្ទ្រីបឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេខណៈ ដែលប្រហែលគ្រោងនឹងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើគោលដៅភេរវករនៅក្នុងតំបន់ ទីក្រុងកាហ្សា និងអាចចាប់ផ្តើមការលុកលុយតាមផ្លូវគោកដើម្បីឆ្លើយតបទៅនឹងការវាយ ប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសប្រឆាំងនឹងសហគមន៍ភាគខាងត្បូង៕ | កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងកម្លាំងថ្មើរជើង និងរថក្រោះបានចូល ក្នុងតំបន់កាហ្សាស្ទ្រីបនៅថ្ងៃទី១៣ ខែតុលាក្នុងការវាយឆ្មក់តាមមូលដ្ឋាន ដើម្បីបោស សម្អាតតំបន់ភេរវករដែលមានសក្តានុពលនិងស្វែងរកទីតាំងជនជាតិអ៊ីស្រាអែលដែលបាត់ខ្លួនក្នុងហេតុការណ៍លុកលុយទ្រង់ទ្រាយធំ។ ការណ៍នេះជាការឆ្លើយតបទៅនឹងការវាយលុករបស់ ពួកហាម៉ាសកាលពីចុងសប្តាហ៍ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១,៣០០ នាក់។ |
តាមក្រសួងទទួលបន្ទុកទំនាក់ទំនងអន្តរកូរ៉េ ការដឹកជញ្ជូនទំនិញចំនួន២លើកត្រូវបាន ដឹកទៅកូរ៉េខាងជើងក្រោយរដ្ឋបាលរបស់លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បាន កាន់តំណែងនៅខែឧសភា។ ទំនិញទាំងនោះត្រូវបានស្គាល់ថាជា សណ្ដែកសៀង។ «ដូចរដ្ឋាភិបាលមុនៗដែរ រដ្ឋបាលលោកយូនមានគោលការណ៍ជាប់លាប់ដែលនឹង ស្វែងរកការផ្ដល់ជំនួយមនុស្សធម៌ (ទៅកូរ៉េខាងជើង) ទោះបីជាស្ថានភាពនយោបាយ និងយោធាយយ៉ាងណាក៏ដោយ»។ មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េ ដែលសុំមិនបញ្ចេញឈ្នោះបានលើកឡើងបែបនេះទៅ អ្នកសារព័ត៌មាន។ កម្មវិធីជំនួយខាងលើត្រូវបានដាក់ចេញកាលពីខែកញ្ញាឆ្នាំ២០២១ ហើយបានបន្តរហូតដល់ថ្ងៃ ទី១០ ខែធ្នូ។ កម្មវិធីនេះក៏បានស្នើឱ្យក្រសួងបង្រួបបង្រួមផ្ដល់ថវិកា ១០ពាន់លានវ៉ុន ឬប្រមាណ ៧ លានដុល្លារទៅដល់ក្រុមពលរដ្ឋកូរ៉េខាងត្បូង ក្នុងការផ្គត់ផ្គង់ជំនួយអាហាររូបត្ថម្ភ ទៅដល់កូរ៉េខាងជើង ខណៈប្រទេសមួយនេះប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ និងវិបត្តជំងឺកូវីដ-១៩៕ | ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃទី១៥ ខែធ្នូថា ពលរដ្ឋកូរ៉េខាងត្បូងចំនួនបីក្រុម បានបញ្ជូនអាហារូបត្ថម្ភទំហំ ១,២ ពាន់ លានវ៉ុន ឬ៩២២០០០ដុល្លារទៅកូរ៉េខាងជើង ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២១ ក្រោមកម្មវិធីជំនួយ រដ្ឋាភិបាល ដើម្បីជួយប្រជាជនងាយរងគ្រោះកូរ៉េខាងជើង។ |
បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាមួយថ្ងៃ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ទំព័រហ្វេសប៊ុកផ្លូវការរបស់ Sinon Loresca ដែលមានចំនួន Like ជាង១.៣លាន និង Instagram ដែល Followers ជាង ៤៦០០០ បានបង្ហោះពីសកម្មភាពរបស់ស្តេចដើរម៉ូតរូបនេះ នៅតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ។ តាមរយៈសំណេរនៅលើបណ្តាញសង្គម អ្នកបង្ហាញម៉ូតភេទទីបីរូបនេះ បានបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនចំពោះកម្ពុជា ដោយសារសរសេរថា «Beautiful Country of CAMBODIA, Amazing Cambodia, Cambodia with Love» ជាដើម។ ជាមួយគ្នានេះ Loresca បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ចែកជូនអំណោយ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រោយចង្វារដោយមានវត្តមានផងដែររបស់កញ្ញា ប៊ី សុធារី បវកញ្ញាឯកចក្រក្រវាលកម្ពុជាឆ្នាំ២០១៧ និងជាជ័យលាភីកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ ទៀតផង។ Loresca មានវត្តមាននៅកម្ពុជារហូតដល់ថ្ងៃទី២២ ខែឧសភា ហើយបន្តធ្វើដំណើរទៅកាន់ប្រទេសឡាវ និងវៀតណាមសម្រាប់គោលដៅបន្ទាប់ទៀត។ Sinon Loresca អាយុ២៩ឆ្នាំ រស់នៅក្រុងឡុងដ៍ ដោយគេបានរៀបការជាមួយបុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Richard។ Loresca បានបរិច្ចាគតម្រងនោមរបស់ខ្លួនទៅឲ្យបងស្រីឈ្មោះ Catherine។ The King of Catwalk បានចាកចេញពីផ្ទះក្នុងអាយុ១៨ឆ្នាំ ដោយនៅពេលនោះ ម្តាយខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីដឹងថាកូនរបស់ខ្លួនជា Gay។ ទោះបីជាយ៉ាងណាក៏ដោយ Loresca បានរស់ជាមួយក្តីសុបិនរបស់ខ្លួន ដោយប្រើប្រាស់បណ្តាញសង្គម Instagram បង្ហោះសកម្មភាពដើរម៉ូតរបស់ខ្លួន រហូតទទួលបានការគាំទ្រយ៉ាងច្រើន។ គេបានទៅរស់នៅអង់គ្លេសកាលពីឆ្នាំ២០១០ ប៉ុន្តែការងារ បានតម្រូវឲ្យ Loresca ចេញចូលប្រទេសកំណើតយ៉ាងញឹកញាប់។ Loresca តែងតែផ្ញើសារលើកទឹកចិត្តសហគមន៍ LGBT នៅទូទាំងពិភពលោកផងដែរ៕ | ភ្នំពេញ៖ Sinon Loresca កំពូលតារាដើរម៉ូតអាជីពភេទទី៣ជនជាតិហ្វីលីពីន ដែលត្រូវបានគេប្រសិទ្ធនាមថា «The King of Catwalk» (ស្តេចដើរម៉ូត) បានមកដល់រាជធានីភ្នំពេញ កាលពីល្ងាចទី១៨ ខែឧសភា ដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍ «Trade Launch 2018» ដែលរៀបចំដោយក្រុមហ៊ុនមួយ»។ |
គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែង១៤៨គីឡូម៉ែត្រ នៅខេត្តកោះកុង ក្រសួងសាធារណការនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១។ ផ្លូវមួយខែ្សមួយនេះ នឹងតភ្ជាប់ពីឃុំចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ លោក ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ជាមួយតំណាងក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធនានា តាមប្រព័ន្ធអនឡាញ(Zoom) នាព្រឹកថ្ងៃទី២៣សីហា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ។ លោក ស៊ុន ចាន់ថុល បានបញ្ជក់ថា គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប ៧៨,៣៩៨ ៧៤១.៥៣ដុល្លារអាមេរិក។ បើតាមរដ្ឋមន្រ្តីសាធារណការ ក្នុងចំណោមថវិកាទាំងនេះ មានជិត៦៦លានដុល្លារ មូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច(The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ និងជាង១៣លានដុល្លារទៀត គឺជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ(ឆ្វេង) កំពុងចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុន សាងសង់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដែលគ្រោងនឹងសាងសង់នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១។ រូបថត៖ MPWT លោក ស៊ុន ចាន់ថុល បានបន្តរៀបរាប់ថា ការសាងសង់ផ្លូវជាតិលេខ៤៨នេះ នឹងកែសម្រួលចំណុចផ្លូវប្រសព្វចំនួន៥កន្លែង ដោយនៅក្នុងនោះមានចំការហ្លួង, ស្រែអំបិល, ផ្លូវបំបែកចូលទៅគីរីសាគរ, ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី និងផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ។ លើសពីនេះ គម្រោងធ្វើផ្លូវនេះ ក៏មានសាងសង់ស្ពានថ្មី, ប្រព័ន្ធបង្ហូររំដោះទឹក, បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍, កំណត់ល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំណត់ល្បឿង៦០គីឡូម៉ែត្រក្នុងមួយម៉ោង...ជាដើម។ ការសាងសង់ផ្លូវនេះ គឺប្រើពេល៣២ខែ ដោយគិតចាប់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១ តទៅ។ នេះជាសម្តីរបស់លោក ស៊ុន ចាន់ថុល។ បើតាម រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ ផ្លូវមួយខ្សែនេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េ( High Way) អាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ពីកម្ពុជាទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា៕ | ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងសាងសង់ផ្លូវមួយខ្សែប្រវែង១៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង៧៨លានដុល្លារ នៅក្នុងខេត្តកោះកុង នាដើមខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី្កក្រសួងសាធារណការ ថវិកាសម្រាប់ធ្វើផ្លូវនេះ គឺបានពីកម្ចីរបស់សាធារណរដ្ឋកូរ៉េ។ |
តាមហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨៦នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៧ អំពីកិច្ចការអភិរក្ស ជួសជុល ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ និងរបាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្សផ្សេងៗ។ ជាមួយគ្នានេះ អង្គប្រជុំក៏នឹងតាមដានសេវាកម្មនៃការលក់សំបុត្រចូលទស្សនាអង្គរ ការងារស្រាវជ្រាវអំពីឡផលិតលោហៈសម័យបុរាណ និង ការសង្ខេបឡើងវិញនូវលទ្ធផលស្រាវជ្រាវចុងក្រោយនៃប្រព័ន្ធបច្ចេកវិទ្យាLiDAR ជាដើម។ គណៈកម្មាធិការអាយស៊ីស៊ីអង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី(ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ។ កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ចំណែកកិច្ចប្រជុំបច្ចេកទេស តែងធ្វើឡើងដើម្បីតាមដានការងារអនុវត្តអនុសាសន៍មុនៗ និងតាមដានរបាយការណ៍របស់ក្រុមជំនាញដែលកំពុងប្រតិបត្តិការលើការងារអភិរក្សជួសជុលក្នុងតំបន់អង្គរទាំងមូល។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានប្រធានអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា។ ចំណែកសហប្រធាននៃកិច្ចប្រជុំ នេះរួមមាន លោក Takahisa TSUGAWA អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និង លោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការនិងកិច្ចការវប្បធម៌នៃស្ថានទូតបារាំង៕ | សៀមរាប៖ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ |
តោខៀវដឹកនាំដោយគ្រូបង្វឹកអង់គ្លេស Graham Potter បច្ចុប្បន្ន មាន ៧ពិន្ទុ ខណៈ Salzburg ឈរលេខ២ មាន ៦ពិន្ទុ ក៏ជាក្រុមដែលមិនបណ្តែតបណ្តោយឱ្យ Chelsea ដណ្តើមបានពិន្ទុដ៏ងាយប៉ុន្មានឡើយ នាការប្រកួតក្នុងទឹកដីកីឡដ្ឋាន Red Bull Arena របស់ពួកគេ។ មុនពេលឈានដល់ជំនួបនេះក្រុមទាំងពីរឆ្លងកាត់ការប្រកួតក្នុងលីគរាងខ្លួន មានលទ្ធផលស្មើដូចគ្នា។ ទោះជាយ៉ាងណា Salzburg គឺជាក្រុមកំពូលតារាងនៃលីគកំពូលអូទ្រីស ហើយត្រូវទទួល Chelsea ជាក្រុមលេខ ៥នៅ Premier League របស់អង់គ្លេស អាចក្លាយជាផលលំបាក សម្រាប់ Chelsea ដើម្បីអាចធ្វើដំណើរទៅវគ្គ ១៦ក្រុម ។ ក្រៅពីក្រុមទាំងពីរនេះ ក៏មានក្រុម AC Milan ស្ថិតនៅចំណាត់ថ្នាក់លេខ៣ និង Dinamo Zagreb លេខ៤ ដែលមាន៤ពិន្ទុស្មើគ្នា ក៏ស្ថិតនៅពូល E នេះដែរ។ ក្រុមទាំងអស់ ក្នុងពូលនេះ មិនទាន់មានពិន្ទុដាច់គ្នាខ្លាំងនៅឡើយទេ។ ទៅកាន់ទឹកដីអេស្ប៉ាញវិញ Sevilla ដែលចាប់ផ្តើមរដូវកាលថ្មីមិនសូវទទួលបានលទ្ធផលគាប់ប្រសើរ ត្រូវប្រជែងជាមួយ FC Copenhagen ដែលមាន ២ពិន្ទុដូចគ្នាក្នុងពូល G រាត្រីនេះវេលាម៉ោង ១១:៤៥ យប់។ ជាក្រុមមានសង្ឃឹមតិចដូចគ្នាដើម្បីបន្តដំណើរនៅ Champions League វគ្គ ១៦ក្រុម ប៉ុន្តែទាំងក្រុមមកពីអេស្ប៉ាញ និងក្រុមមកដាណឺម៉ាក់ នៅមានសង្ឃឹមខ្ពស់ប្រជែងលេខ៣ បន្តដំណើរក្នុងការប្រកួតពានរង្វាន់ទីពីរអឺរ៉ុប Europa League។ បើទោះបី Borussia Dortmund ត្រូវជួប Manchester City ក្រុមខ្លាំងក្នុងពូលក្នុងសប្តាហ៍នេះក្តី ប៉ុន្តែគេហាក់មិនសូវបារម្ភឡើយ ដោយសារមានពិន្ទុឃ្លាតពីក្រុមលេខ៣ និងលេខ៤ រហូតដល់៥ពិន្ទុ។ ជំនួបចុងក្រោយរបស់ក្រុម Dortmund នឹងត្រូវជួប Copenhagen ខណៈ Sevilla ដ៏ជួប Man City ជំនួបចុងក្រោយ។ រាត្រីនេះរវាងក្រុមទាំងពីរ ម្នាក់ណាទទួលបានជ័យជម្នះនោះ នឹងជាក្រុមមានក្តីសង្ឃឹមខ្ពស់បន្តដំណើរក្នុងពានរង្វាន់អឺរ៉ុបបន្ត។ វេលាម៉ោង ២រាត្រីនេះ Man City ប៉ះ Dortmund ជាការប្រកួតដែល Haaland ត្រូវជួបក្រុមចាស់ជាលើកទីពីរក្រោយផ្ទេរចេញក្នុងរដូវកាលនេះ។ ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃ Champions League វេលាម៉ោង ២យប់៖ Dinamo Zagreb ទទួល AC Milan ជំនួបពូល E Celtic ទទួល Shakhtar Donetsk ខណៈ RB Leipzig ស្វាគមន៍ Real Madrid ជំនួបពូល F Borussia Dortmund ទទួល Manchester City ជំនួបពូល G Benfica ទទួល Juventus ខណៈ Paris Saint Germain ស្វាគមន៍ Maccabi Haifa៕ | ការប្រកួតព្រឹត្តិការណ៍ UEFA Champions League ប្រកួតទី៥ ក្នុងវគ្គជម្រុះតាមពូល នាថ្ងៃទី២៥ ខែតុលានេះ ដោយChelsea ត្រូវទទួលក្រុម FC Salzburg ប្រជែងកៅអីវគ្គ ១៦ក្រុមស្វ័យប្រវត្តិ ។ ចំណែក Sevilla ទទួល FC Copenhagen ដែលជាក្រុមមាន២ពិន្ទុដូចគ្នា នឹងត្រូវការឈ្នះរៀងខ្លួន ដើម្បីអាចបន្តលេងក្នុងពានអឺរ៉ុបទៀត។ |
CHRC បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស ដើម្បីឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេស អ.ស.ប និងសង្គមស៊ីវិលមួយថា ក្រុមទាំងនោះមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល និងគ្មានមូលដ្ឋានច្បាស់លាស់។ សេចក្ដីប្រកាសព័ត៌មាន១៣ទំព័ររបស់ CHRC ចេញកាលពីថ្ងៃទី៧តុលា បានច្រានចោលទាំងស្រុកទៅនឹងការរិះគន់ លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ «របាយការណ៍ចោទប្រកាន់ ដោយលម្អៀងនិងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័ន មួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងនៅកម្ពុជានោះទេ ព្រោះថារបាយការណ៍នេះ គ្រាន់តែប្រមូលបូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខងក្រៅប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលម្អិត»។ នេះបើតាមការបកស្រាយរបស់ CHRC ដោយសង្កត់ធ្ងន់ថា ការចេញរបាយការណ៍បែបនេះ គឺមានគោលដៅវាយប្រហាររដ្ឋាភិបាល។ លោក Vitit Muntabhorn អ្នករាយការណ៍ពិសេសរបស់ អ.ស.ប។ (រូបពី AFP) ការឆ្លើយតបនេះ ធ្វើឡើងក្រោយអ្នករាយការណ៍ពិសេសរបស់ អ.ស.ប លោក Vitit Muntarbhorn បានចេញរបាយការណ៍លើកដំបូងរបស់ខ្លួនកម្រាស់២០ទំព័រ កាលពីថ្ងៃទី៦តុលា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិលើកទី៤៨។ អ្នករាយការណ៍រូបនោះ រិះគន់ពីបញ្ហាទប់ស្កាត់កូវីដ-១៩ រួមទាំងចាប់ខ្លួនសកម្មជនបរិស្ថាននិងអ្នកនយោបាយនៃបក្សប្រឆាំង។ លើសពីនេះ លោកមានកង្វល់នឹងការបោះឆ្នោតឃុំ-សង្កាត់និងការបោះឆ្នោតជាតិខាងមុខផងដែរ ព្រោះស្ថានភាពសិទ្ធិមនុស្សមិនមានភាពប្រសើរហើយក៏គ្មានវត្តមានបក្សប្រឆាំង។ យ៉ាងណាក៏ដោយ CHRC អះអាងថា កន្លងមកសមត្ថកិច្ចមិនដែលផ្ដោតលើក្រុមគោលដៅណាមួយឡើយ។ ការអនុវត្តច្បាប់កន្លងមក មិនថាអ្នកទាំងនោះជាសកម្មជនសិទ្ធិមនុស្ស សង្គមស៊ីវិល នយោបាយ ឬបរិស្ថាននោះទេ ឲ្យតែប្រព្រឹត្តិល្មើសច្បាប់ គឺត្រូវទទួលខុសត្រូវតាមច្បាប់៕ | ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(CHRC) ច្រានចោលការរិះគន់សិទ្ធិមនុស្សរបស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ(អ.ស.ប) និងអង្គការដទៃទៀតថា មិនបានមើលគ្រប់ជ្រុង ហើយលម្អៀង។ CHRC អះអាងថា កម្ពុជាអនុវត្តតាមច្បាប់ ដោយគ្មានការរំលោភបំពានសិទ្ធិមនុស្សឡើយ។ |
អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយពីរបាយការណ៍នៃពន្ធនាគារខេត្តបន្ទាយមានជ័យថា ក្នុងចំណោមអ្នកជាប់ឃុំ១,៥១២នាក់ (ស្រី១២៨នាក់) ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នកជាប់ឃុំ១៩នាក់ ជាជនបរទេស។ បើតាមអគ្គស្នងការនគរបាលជាតិដដែល អ្នកទោសថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារក្នុងខែមេសាកន្លងទៅ គឺភាគច្រើន បានប្រព្រឹត្តបទល្មើសគ្រឿងញៀន៕ | បន្ទាយមានជ័យ៖ ពន្ទនាគារខេត្តបន្ទាយមានជ័យ មានអ្នកទោសចំនួន ១,៥១២នាក់ ដោយគិតត្រឹមដំណាច់ខែមេសាកន្លងទៅ ហើយអ្នកទោសទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ |
កីឡាករខ្សែបម្រើ Thomas Muller របស់ក្រុម Bayern Munich និងកីឡាករខ្សែការពារ Mats Hummels របស់ក្រុម Borussia Dortmund ត្រូវបានលោក Joachim Low បញ្ចូលឈ្មោះក្នុងបញ្ជីជម្រើសជាតិ អាល្លឺម៉ង់ឡើងវិញសម្រាប់ប្រកួត UEFA Euro 2020 នាពេលខាងមុខ។ អ្នកទាំងពីរ បង្ហាញក្ដីរីករាយ ចំពោះការជាប់ឈ្មោះលើកនេះ។ លោក Joachim Low គ្រូដឹកនាំឥន្ទ្រីដែកអាល្លឺម៉ង់ រំពឹងថាការវិលត្រលប់របស់ Thomas Muller និង Mats Hummels នឹងជួយឱ្យក្រុមជម្រើសជាតិអាល្លឹម៉ង់កាន់តែខ្លាំងក្លាដូចកាលមុន។ Muller និង Hummels អវត្តមានពីក្រុមជម្រើសជាតិតាំងពីឆ្នាំ២០១៨ មក។ ក្រោយការប្រកាសសមាសភាពក្រុម កីឡាករ Muller បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា ត្រលប់មកវិញម្តងទៀត ខណៈ Hummels ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដែរថា ពិតជាសប្បាយរីករាយដោយបានត្រលប់មកវិញ ហើយក៏ត្រៀមខ្លួនរួចរាល់សម្រាប់ទំព័ថ្មី។ ចំណែកលោក Low ចាត់ទុក Hummels ជាខ្សែការពារមួយដ៏ល្អសម្រាប់អាល្លឺម៉ង ព្រោះរូបគេអាចការពារ ព្រមទាំងរំខានគូប្រកួតបានយ៉ាងល្អ ហើយនាំបទពិសោធន៍ល្អដល់ក្រុមទាំងមូលផងដែរ។ សមាសភាពក្រុមជម្រើសជាតិអាល្លឹម៉ង់កីឡាករទាំង២៦រូប ដែលត្រូវចូលរួមព្រឹត្តិការណ៍ UEFA Euro 2020 មាន៖ អ្នកចាំទី៖ Manuel Neuer (Bayern Munich), Kevin Trapp (Eintracht Frankfurt), Bernd Leno (Arsenal) ខ្សែការពារ៖ Antonio Rüdiger (Chelsea), Mats Hummels (Borussia Dortmund), Matthias Ginter (Borussia Mönchengladbach), Niklas Süle (Bayern Munich), Emre Can (Borussia Dortmund), Lukas Klostermann (Leipzig), Robin Gosens (Atalanta), Robin Koch (Leeds), Christian Günter (Freiburg), Marcel Halstenberg (Leipzig) ខ្សែបម្រើ៖ Joshua Kimmich (Bayern Munich), lkay Gündoan (Manchester City), Thomas Müller (Bayern Munich), Kai Havertz (Chelsea), Toni Kroos (Real Madrid), Leon Goretzka (Bayern Munich), Jonas Hofmann (Borussia Mönchengladbach), Florian Neuhaus (Borussia Mönchengladbach) ខ្សែប្រយុទ្ធ៖ Serge Gnabry (Bayern Munich), Leroy Sane (Bayern Munich), Jamal Musiala (Bayern Munich), Kevin Volland (Monaco), Timo Werner (Chelsea)៕ | ដោយ៖ជា យូគៀង |
ក្រោយការទទួលស្វាគមន៍យ៉ាងអធិកអធមទាំងនៅព្រលានយន្តហោះ និងតាមដងផ្លូវក្នុងរដ្ឋធានីព្យុងយ៉ាង ប្រធានាធិបតីចិន ស៊ី ជិនភីង និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏បើកជំនួបចរចាផ្លូវការ ដែលនេះជាជំនួបលើកទី៥ហើយរវាងមេដឹកនាំទាំងពីរ។ លោក ស៊ី និងភរិយា ទៅដល់កូរ៉េខាងជើងនៅថ្ងៃទី២០ ខែមិថុនា ក្នុងនាមជាប្រធានាធិបតីចិនដំបូងដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជិតខាងមួយនេះក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ធ្វើឡើងស្របពេលដែលដំណើរការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើងដែលកំពុងចរចាជាមួយអាមេរិក ជាប់គាំង។ កូរ៉េខាងជើង បានទម្លាក់រុញកំហុសឲ្យអាមេរិកចំពោះការរាំងស្ទះការចរចា ពិសេសជំនួបបរាជ័យនៅវៀតណាម។ នាជំនួបនៅព្យុងយ៉ាង លោក គីម បានប្រាប់លោក ស៊ី ថា នាឆ្នាំកន្លងទៅ កូរ៉េខាងជើងបានចាត់វិធានការជាច្រើនដើម្បីបញ្ចៀសភាពតានតឹង និងគ្រប់គ្រងស្ថានការណ៍នៅឧបទ្វីបកូរ៉េ តែមិនបានទទួលមកវិញនូវការឆ្លើយតបវិជ្ជមានឡើយពីភាគីពាក់ព័ន្ធឡើយ។ ប្រមុខដឹកនាំកូរ៉េខាងជើងថា សកម្មភាពនេះ មិនមែនជាអ្វីដែលកូរ៉េខាងជើងចង់ឃើញឡើយ។ ទោះមិននិយាយចំឈ្មោះ ភាគីដែលលោក គីម និយាយសំដៅ គឺអាមេរិកតែម្ដង។ «កូរ៉េខាងជើងមានឆន្ទៈរក្សាការអត់ធ្មត់របស់ខ្លួន និងសង្ឃឹមថា ភាគីម្ខាងទៀត នឹងធ្វើការជាមួយកូរ៉េខាងជើងដើម្បីរកដំណោះស្រាយដែលផ្ដល់ប្រយោជន៍ទាំងសងខាង ហើយបង្កើតលទ្ធផលតាមការចរចា។» នេះជាការបញ្ជាក់របស់លោក គីម ចំពោះមុខលោក ស៊ី ។ ការប្រកាសរក្សាភាពអត់ធ្មត់បែបនេះ ទំនងជាអាចរក្សាបរិយាកាសល្អប្រសើរសម្រាប់ការចរចាជាមួយអាមេរិក ទោះជាបច្ចុប្បន្នមិនមានសញ្ញាថា ភាគីទាំងពីរ អាចជួបគ្នាជាថ្មីក្ដី។ ចិនគាំទ្រការរកដោះស្រាយផ្លូវនយោបាយសម្រាប់បញ្ហានៅឧបទ្វីបកូរ៉េ។ នេះជាការធានារបស់លោក ស៊ី ទៅកាន់លោក គីម ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រធានាធិបតីចិន ក៏បានសរសើរកូរ៉េខាងជើងដែលប្រឹងប្រែងការពារសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជាចង់រំសាយនុយក្លេអ៊ែរផងដែរ។ លោកក៏ប្រាប់លោក គីម ទៀតថា ចិននឹងផ្ដល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កូរ៉េខាងជើងដើម្បីការពារប្រយោជន៍របស់ខ្លួន និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ ជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានាធិបតីចិន លោក ស៊ី កំពុងផ្ដល់សារជាសាធារណៈមួយទៅកាន់អន្តរជាតិ។ នោះ គឺការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ មិនអាចខ្វះវត្តមានចិនបានឡើយ ទោះជាមានរឿងអ្វីក៏ដោយចុះ។ អាមេរិក ទំនងជាអ្នកយល់ច្បាស់ពីសារនេះជាងគេ។ លើសពីនោះ ការកាន់សន្លឹកបៀកូរ៉េខាងជើងនេះ ក៏ជាជំនួយដ៏ធំមួយសម្រាប់ចិនតទល់ជាមួយអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្មផងដែរ៕ | មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានស្វាគមន៍ប្រធានាធិបតីចិន ស៊ី ជិនភីង យ៉ាងរាក់ទាក់បំផុតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី២០ និងបញ្ចប់វិញនៅថ្ងៃទី២១ ខែមិថុនានេះ។ ទំនាក់ទំនងទ្វេភាគី និងបញ្ហានៅឧបទ្វីបកូរ៉េ ជារបៀបវារៈសំខាន់ដែលត្រូវបានជជែកក្នុងជំនួបនៅព្យុងយ៉ាង។ លោក គីម ប្រាប់លោក ស៊ី ថា កូរ៉េខាងជើង បានធ្វើរឿងជាច្រើនដើម្បីសន្តិភាពតំបន់ តែគ្មានបានផលមកវិញឡើយ។ |
ការសិក្សាស្រាវជ្រាវបង្ហាញថាចាប់តាំងពីសតវត្សរ៍ទី២០មកមេជីវិតឈ្មោលរបស់បុរសបានធ្លាក់ចុះដោយសារតែកត្តាបរិស្ថានដូចជាមានជាតិអឺស្ត្រូហ្សែនច្រើននៅក្នុងអាហារនិងមានជាតិគីមីដែលប្រើនៅក្នុងឧស្សាហកម្មប៉ាស្ទិចដែលបានចូលទៅក្នុងខ្សែសង្វាក់ផលិតអាហារ។ បើសិនជាយើងត្រូវតែយកទឹកកាមទៅពិនិត្យនោះចូរយើងអនុវត្តន៍តាមការណែនាំដោយប្រុងប្រយ័ត្នដើម្បីអោយលទ្ឋផលសុក្រិត្យនិងដើម្បីចៀសវាងកុំអោយពិបាកធ្វើម្តងទៀត។ ១.ការយកទឹកកាម:បុរសត្រូវតែអត់បានបញ្ចេញទឹកកាមរយ:ពេលបីថ្ងៃមុនពេលដែលការយកទឹកកាមដើម្បីពិនិត្យតាមរយ:ការសម្រេចកាមដោយប្រើដៃដាក់នៅក្នុងដបប្ល៉ាស្ទិកតូចមួយដែលមានសរសេរឈ្មោះ ថ្ងៃនិងពេលវេលា។ទឹកកាមនោះត្រូវការពារមិនអោយត្រូវកំដៅខ្លាំងហើយត្រូវយកទៅមន្ទីរពិសោធន៍។ ចំណែកមន្ទីរពិសោធន៍នឹងគិតថាទឹកនោះល្អបើវានឹងមានលក្ខណ:ដូចតទៅនេះ: -បរិមាណពីកន្លះទៅមួយស្លាបព្រាកាហ្វេ -ចំនួនមេជីវិតឈ្មោលជាង២០លានក្នុងទឹកកាម១មីលីលីត្រ -ភាពមានចលនាមានមេជីវិតឈ្មោលជាង ពាក់កណ្តាល មាន ចលនា -ធម្មតាមមេជីវិតឈ្មោលយ៉ាងហោចណាស់ជាងមួយ ភាគបី មានសភាពធម្មតា។ -កោសិកាឈាមសមានតិចជាង១លានក្នុងទឹកកាម១មីលីលីត្ ត្រួតពិនិត្យដោយ www.health.com.kh | នៅពេលដែលប្តីប្រពន្ឋមិនមានកូន ពួកគេច្រើនគិត ថាបញ្ហា នេះបណ្តាលមកពីស្ត្រីច្រើនជាងហើយក៏អោយគ្រូពេទ្យពិនិត្យតែប្រពន្ឋ។វាមិនដូច្នេះទេ បញ្ហានេះក៏អាចបណ្តាល មកពីបុរស ផងដែរ។ដូច្នេះពេលបញ្ហានេះកើតឡើងការចាប់ផ្តើមពិនិត្យទាំងពីរនាក់គួរតែធ្វើ។ |
នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោករបស់មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រជាជនឥណ្ឌាគិតត្រឹមពាក់កណ្តាលឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៤២៨៦ ពាន់លាននាក់ធៀបនឹង ១,៤២៥៧ ពាន់លាននាក់សម្រាប់ចិន ដែលធ្វើឱ្យចិនមានប្រជាជនតិចជាងឥណ្ឌាចំនួន ២,៩ លាននាក់។ អាមេរិកជាប្រទេសមានប្រជាជនច្រើនជាងគេនៅលំដាប់ទី ៣ ដែលមានប្រជាជនប៉ាន់ស្មានចំនួន ៣៤០ លាននាក់ គិតត្រឹមដំណាច់ខែមិថុនា។ អ្នកជំនាញចំនួនប្រជាជនដែលប្រើប្រាស់ទិន្នន័យ ពីមុនពីUNបានព្យាករណ៍ថាចំនួនប្រជាជនឥណ្ឌានឹងលើសពីចិនក្នុងខែមេសា ប៉ុន្តែរបាយការណ៍ចុងក្រោយរបស់ស្ថាប័នពិភពលោកមួយនេះមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។ មន្ត្រី UN បាននិយាយថា វាមិនអាចកំណត់កាលបរិច្ឆេទបានទេ ដោយសារភាពមិនច្បាស់លាស់ អំពីទិន្នន័យពីឥណ្ឌា និងចិន ដោយសារជំរឿនចុងក្រោយរបស់ឥណ្ឌាត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១១។ កន្លងមក ឥណ្ឌា បានគ្រោងធ្វើជំរឿន នៅក្នុងឆ្នាំ២០២១ ប៉ុន្តែត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩។ ទោះបីជាប្រទេសទាំងពីរនឹងមានច្រើនជាងមួយភាគបីនៃចំនួនប្រជាជនពិភពលោកដែលបានប៉ាន់ស្មានចំនួន៨ពាន់លាននាក់ក៏ដោយ កំណើនប្រជាជននៅក្នុងប្រទេសទាំងពីរកំពុងធ្លាក់ចុះ ដែលចិនធ្លាក់ចុះលឿនជាងឥណ្ឌា។ កាលពីឆ្នាំមុន ចំនួនប្រជាជនរបស់ចិនបានធ្លាក់ចុះជា លើកដំបូងក្នុងរយៈពេលប្រាំមួយទសវត្សរ៍ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចចិនផ្ទាល់ និងសេដ្ឋកិច្ចពិភពលោក។ ចំពោះចំនួនប្រជាជនហក់ឡើងខាងលើនេះ មិនទាន់មានប្រតិកម្មជាផ្លូវការពីឥណ្ឌានោះ ឡើយដោយរដ្ឋមន្ត្រីសហព័ន្ធនិយាយថា ពួកគេមិនបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋ មន្ត្រីដែលបានធ្វើឡើងនៅពេលចេញរបាយការណ៍នោះឡើយ។ អ្នកតំណាង UNFPA ប្រចាំឥណ្ឌាលោកស្រី Andrea Wojnar បានថ្លែងថា ចំនួនប្រជាជនមិនគួរ បង្កឱ្យមានការព្រួយបារម្ភឬបង្កើតការជូនដំណឹងអាសន្ននោះឡើយ។ ផ្ទុយទៅវិញ ទិន្នន័យ នេះគួរតែត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃវឌ្ឍនភាព ការអភិវឌ្ឍ និងសេចក្តីប្រាថ្នា ប្រសិនបើសិទ្ធិ និងជម្រើសរបស់បុគ្គលត្រូវបានរក្សា។ មន្ត្រីនៃក្រុមស្ម័គ្រចិត្តអង្គការ Population Foundation ឥណ្ឌា លោកស្រី Poonam Muttreja បាននិយាយថាឥណ្ឌាបានធ្វើរឿងជាច្រើនយ៉ាងត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាកំណើន ប្រជាជន។ ក្នុងពេលជាមួយគ្នានេះ ពួកគេត្រូវឱ្យប្រាកដថា ក្មេងស្រី និងស្ត្រីមិនត្រូវបានរុញ ច្រានឱ្យចាប់យកជីវិតអាពាហ៍ពិពាហ៍ និងការមានផ្ទៃពោះលឿនពេកដែលនឹងកាត់បន្ថយ សេចក្តីប្រាថ្នារបស់ពួកគេ៕ | ទិន្នន័យ ដែលចេញផ្សាយ នៅថ្ងៃទី១៩ ខែមេសា ដោយអង្គការសហប្រជាជាតិ (UN) បានបង្ហាញថា ចំនួនប្រជាជនឥណ្ឌា នឹងក្លាយជាប្រទេសដែលមាន ប្រជាជនច្រើនជាងគេបំផុតលើពិភពលោក នៅពាក់កណ្តាលឆ្នាំនេះ។ ឥណ្ឌា នឹងមានចំនួនប្រជាជនច្រើនជាងចិន ប្រមាណជិត ៣លាននាក់។ |
ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន ១២ជំពូក និង ៦៧មាត្រា។ ច្បាប់នេះត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩ ហើយមាត្រា៦៧បានចែងថា«ក្រោយចូលជាធរមាន ច្បាប់នេះត្រូវផ្សព្វផ្សាយរយៈពេល៦ខែ ទើបអនុវត្ត»។ ជាគោលការណ៍ ច្បាប់មួយត្រូវចូលជាធរមាននៅរយៈពេល២០ថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីព្រះមហាក្សត្រប្រកាសឲ្យប្រើ។ ដូចនេះច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅទូទាំងប្រទេស ក្នុងពេល ៦ខែនិង២០ថ្ងៃក្រោយថ្ងៃប្រកាសឲ្យប្រើ។ ច្បាប់ E-Commerce នេះ មានគោលបំណងគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏ដូចជាជាមួយអន្តរជាតិ។ មាត្រា១ចែងទៀតថា ច្បាប់នេះមានគោលបំណងបង្កើតភាពប្រាកដប្រជាផ្នែគតិយុត្តក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណី តាមប្រព័ន្ធអេឡិចត្រូនិក។ ដោយឡែក ព្រះមហាក្សត្របានប្រកាសឲ្យប្រើច្បាប់មួយទៀតផងដែរ នោះគឺច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ច្បាប់នេះមាន១១ជំពូក និង៥១មាត្រា ត្រូវបានប្រកាសឲ្យប្រើ នៅថ្ងៃទី២ខែវិច្ឆិកា ដែលមានគោលបំណងធានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត។ច្បាប់នេះត្រូវចូលជាធរមានភ្លាម ដោយត្រូវប្រកាសជាប្រញាប់៕ គេអាចទាញយកច្បាប់ទាំងពីរនេះតាមរយៈ | ភ្នំពេញ៖ កម្ពុជាប្រកាសឲ្យប្រើច្បាប់ចំនួន២ គឺច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ តាមរយៈព្រះរាជក្រមរបស់ព្រះមហាក្សត្រ។ |
ពាក្យ «ឆាឆៅ« មានន័យថា ធ្វើអុកឡុក, ធ្វើឲ្យរអាក់រអួល និងធ្ចើឲ្យទាស់ដំណើរកិច្ចការអ្វីមួយ។ រីឯ «ឆាប» មានន័យថា គ្រឿងភ្លេងមួយប្រភេទ សម្រាប់ចាប់ទង្គិចទទួលចង្វាក់ភ្លេង ឬចង្វាក់ច្រៀង ។ ចំណែក «ឆុង» សំដៅលើ ចាក់ទឹកក្តៅ សំយុងចុះទៅលើតែ ឬ ទៅលើថ្នាំផង់សម្រាប់កែរោគ ឬក៏បង់ស្លឹកតែបង់ថ្នាំផង់ ចាក់ទឹកក្តៅ ឲ្យចេញរសជាតិ។ ឆុងក៏មានន័យម្យ៉ាងទៀតថា ចុះរាសី,អាប់សិរីសួស្តី, ថយអនុភាព។ នៅមានពាក្យជាច្រើនទៀតដែលសុទ្ធសឹងតែជាពាក្យកម្ចីពីចិន ពាក្យទាំងនោះមានដូចជា ឆៃប៉ូវ, ឆៃថាវ, ទឹកស៊ីអ៊ី, ឆា,កុងស៊ី,យីហោ,កាវ, គុយទាវ,ចាប់ឆាយ,កៅអី ជាដើម៕ | ពាក្យដែលជាកម្ចីពីចិនជាច្រើន ត្រូវបានខ្មែរយើងយកមកប្រើជាទម្លាប់មាត់ទៅហើយ។ មិនថាខ្មែរ ឬអ្នកដែលមានស្រឡាយកាត់ចិននោះទេ តែងនិយមប្រើពាក្យ ដូចជា «ឆាឆៅ»,«ឆាប» និងឆុង» ដែលជាកម្ចីពីចិននេះ។ នេះបើតាមវចនានុក្រមសម្ដេចសង្ឃជួន ណាត។ |
អត្ថបទទាក់ទង សភាវៀតណាម បោះឆ្នោតឱ្យលោក តូ ឡិម ជាប្រធានាធិបតីថ្មី លោក Tran Thanh Man ត្រូវបានជ្រើសជាប្រធានសភាវៀតណាមថ្មី បក្សកុម្មុយនីស្តវៀតណាម តែងតាំងមេប៉ូលិស ជាបេក្ខភាពប្រធានាធិបតីថ្មី ជាមនុស្សជំនិត លោក តូ ឡិម ដែលទើបក្លាយជាប្រធានាធិបតី កាលពីពេលថ្មីៗនេះ លោក Luong Tam Quang បានកាន់តួនាទីជាអនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈ ចាប់តាំងពីឆ្នាំ២០១៩។ ក្រោយកៅអីរដ្ឋមន្រ្តីសន្តិសុខសាធារណៈ ដែលជាតួនាទីដ៏សំខាន់មួយនៅវៀតណាមនៅទំនេរ ដ្បិតលោកតូ ឡិម ត្រូវកាន់តំណែងជាប្រមុខរដ្ឋ សភាវៀតណាម នៅថ្ងៃទី៦ ខែមិថុនា បានអនុម័តសេចក្តីសម្រេចមួយ តែងតាំង លោក Luong Tam Quang បន្ត។ ការតែងតាំងបុរសមានវ័យ ៥៩ឆ្នាំ និងកាន់សញ្ញាបត្រស៊ើបអង្កេតព្រហ្មទណ្ឌរូបនេះ នឹងជួយពង្រឹងអំណាច លោក តូ ឡិម បន្ថែមទៀត ហើយជាការត្រួសត្រាយផ្លូវសម្រាប់ប្រមុខរដ្ឋរូបនេះទៅរកកៅអីអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅឆ្នាំ២០២៦។ ជាការពិត ក្រសួងសន្តិសុខជាតិវៀតណាម គឺមានអំណាច ដោយក្រសួងមួយនេះ ទទួលបន្ទុកលើការគ្រប់គ្រងសន្តិសុខសាធារណៈ ដូចជា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, ការអនុវត្តច្បាប់, ការគ្រប់គ្រងចំណាកស្រុក និងធានាសុវត្ថិភាពប្រជាជនប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការគំរាមកំហែងផ្នែកខាងក្រៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ ទន្ទឹមនេះ ក្រសួងមួយនេះ គ្រប់គ្រងកម្លាំងប៉ូលិស, កម្លាំងចារកិច្ចសន្តិសុខ រួមទាំងសកម្មភាពផ្សេងទៀត ពាក់ព័ន្ធសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ៕ | បន្ទាប់ពីលោក តូ ឡិម ត្រូវបានតែងតាំងជាប្រធានាធិបតី រដ្ឋសភាវៀតណាម នៅថ្ងៃទី៦ ខែមិថុនា បានឯកភាពតែងតាំងលោក Luong Tam Quang អនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈ និងជាមនុស្សជំនិតប្រធានាធិបតី ជារដ្ឋមន្រ្តីសន្តិសុខសាធារណៈ។ ការតែងតាំងលោក Luong Tam Quang ជាមេប៉ូលិសវៀតណាម នឹងជួយពង្រឹងអំណាចរបស់លោក តូ ឡិម បន្ថែមទៀត ក្នុងការឆ្ពោះទៅរកការកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ |
ទូរទស្សន៍របស់រដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលជាស្ថាប័នដឹកនាំបង្កើតឡើងដោយយោធា បានលើកលែងទោសអ្នកទោសចំនួន ៣.១១៣ នាក់ រួមមានទាំងជនបរទេស ៩៨ នាក់ផងដែរដែលនឹងត្រូវបញ្ជូនចេញពីប្រទេស។ ការលើកលែងទោសទ្រង់ទ្រាយធំដូចនេះគឺតែងតែធ្វើឡើងនៅចំថ្ងៃបុណ្យធំៗនៅមីយ៉ាន់ម៉ា។ អ្នកទោសនយោបាយប្រហែល ១៧.៤៦០ នាក់ដែលក្នុងនោះរួមមានទាំងអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi ផងដែរ ត្រូវគេជឿថានៅជាប់ឃុំឃាំងនៅឡើយ។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្រោមការដឹកនាំរបស់យោធាតាំងពីឆ្នាំ ២០២១ មក នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Suu Kyi។ របបយោធានេះបានប្រឈមនឹងការតវ៉ាប្រឆាំងអហិង្សាទ្រង់ទ្រាយធំ ដែលតាំងពីពេលនោះមកបានក្លាយជាការតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេស៕ | របបយោធាមីយ៉ាន់ម៉ាបានផ្ដល់ការលើកលែងទោសដល់អ្នកទោសជាង ៣.០០០ នាក់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថាតើអ្នកដែលត្រូវបានដោះលែងនោះរួមមានទាំងអ្នកទោសនយោបាយណាម្នាក់ក្នុងចំណោមអ្នកទោសនយោបាយរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។ |
តើហេតុផលអ្វី គោលដៅអ្វី និងគោលបំណងអ្វី បានជាលោករៀបចំព្រឹត្តិការណ៍រាត្រីសប្បុរសធម៌លើកទី២ សម្រាប់ដំរីនៃសមាគមអៃរាវត្តា? តាមពិតទៅ មូលហេតុនៃការរៀបចំព្រឹត្តិការណ៍លើកទី២នេះ គឺមិនខុសពីលើកមុនទេ...។ ថែទាំសត្វដំរីត្រូវការចំណាយច្រើនណាស់ ជាពិសេសនៅឆ្នាំនេះ យើងប្រឈមនឹងបញ្ហាជាលើកដំបូងទាក់ទងនឹងសុខភាពសត្វដំរី។ បុកវ៉ាដែលជាដំរីឈ្មោលធំជាងគេរបស់យើង បានឆ្លងកាត់ការវះកាត់បូសនៅសៀតផ្កាខាងស្តាំ។ បន្ទាប់ពីវះកាត់រួច យើងត្រូវព្យាបាលដោយប្រើថ្នាំផ្សះរយៈពេលជាងពីរខែ និងត្រូវការការថែទាំបន្តទៀត។ ប៉ុន្តែ រហូតមកទល់ពេលនេះ បញ្ហានៅមិនទាន់ដោះស្រាយបាននៅឡើយទេ។ ថ្វីត្បិតតែយើងមានអាទិភាព ដោយទទួលបានការគាំទ្រពីគ្លីនិកសត្វ Agrovet វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរពេទ្យដំរីឡាំប៉ាងនៅប្រទេសថៃ តែការប្រើថ្នាំផ្សះ ១៦០ គ្រាប់ក្នុងមួយថ្ងៃ ហើយត្រូវប្រើរយៈពេលជាច្រើនខែ យូរៗទៅការចំណាយនេះកាន់តែធ្ងន់ឡើងៗ...។ ជាងនេះទៅទៀត នេះគ្រាន់តែជាផ្នែកមួយក្នុងចំណោមការចំណាយផ្សេងៗទៀតរបស់យើងតែប៉ុណ្ណោះ។ យើងកំពុងចាប់ផ្តើមបន្តិចម្តងៗគិតគូរពីផ្នែកគាំព៌ាសង្គមអៃរាវត្តា ព្រមទាំំងគិតដល់ការផ្តល់ជំនួយដល់អ្នកជំងឺ ឬអ្នករបួសមួយចំនួនមកពីសហគមន៍ ប្រៅ និងរស់នៅជុំវិញតំបន់ព្រៃរបស់យើង។ យើងក៏កំពុងស្វែងរកដៃគូសហការដើម្បីជួយយើងក្នុងផ្នែកនេះផងដែរ។ ម្យ៉ាងទៀត យើងនឹងចាប់ផ្តើមកម្មវិធីដាំដើមឈើឡើងវិញនៅតំបន់មួយចំនួនដែលទទួលរងនូវការកាប់បំផ្លាញទាំងស្រុង។ យើងសង្ឃឹមថា នឹងអាចត្រៀមខ្លួនរួចរាល់ដើម្បីចាប់អនុវត្តគម្រោងនេះនៅដើមរដូវវស្សា។ តើសមាគមដំណើរការយ៉ាងដូចម្តេចដែរ? កេរ្តិ៍ឈ្មោះរបស់យើងល្បីសុសសាយបន្តិចម្តងៗ។ មានមនុស្សកាន់តែច្រើនឡើងៗបានមកជួបពួកយើង ហើយយើងកំពុងតែបង្កើនបញ្ជីឈ្មោះទំនាក់ទំនង។ យើងក៏កំពុងតែរៀបចំដើម្បីទទួលក្រុមនិស្សិតចុះកម្មសិក្សា យើងដូរទៅកាន់ទីតាំងថ្មី។ ដូច្នេះ បន្ទុកការងារក៏កើនឡើងទៅតាមនោះដែរ។ យើងបានផ្លាស់ប្តូរនិមិត្តសញ្ញាថ្មី ដោយដាក់រូបអៃរាវ័តពិតប្រាកដ (ដំរីក្បាលបី) ដ៏ស្រស់ សង្ហា ដោយមានប៉មប្រាសាទអង្គរនៅពីលើ។ រីឯប៉មប្រាសាទទាំងនោះជ្រកក្រោមបារមីនៃព្រះមហាស្វេតឆ័ត្រ។ នេះគឺជាការរម្លឹកគុណដល់ព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គបានគង់ជាម្លប់ដ៏ត្រចះត្រចង់ដល់កូនចៅរបស់ព្រះអង្គ ក្នុងនោះព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ក៏បានសម្តែងការផ្តល់ការគាំទ្រយ៉ាងថ្លៃថ្លាដល់មូលនិធិ កាលពីប៉ុន្មានខែមុននេះ។ តើមានការវិត្តន៍អ្វីខ្លះហើយ ចាប់តាំងពីការរៀបចំព្រឹត្តិការណ៍រាត្រីសប្បុរសធម៌លើកទីមួយមក? នៅមិនទាន់មានការវិវត្តន៍អ្វីធំដុំនៅឡើយទេ។ បច្ចុប្បន្ន យើងកំពុងតែរើទៅកាន់ទីតាំងថ្មីដែលស្ថិតនៅទល់មុខព្រៃកាទៀង ហើយយើងកំពុងសាងសង់ផ្ទះប្រពៃណីរបស់ជនជាតិភាគតិចប្រៅ ធ្វើពីឈើ និងឫស្សីប្រមាណជា ១០ ខ្នង ដើម្បីទទួលភ្ញៀវទេសចរ។ តាមរយៈវត្តមានជាប្រចាំរបស់យើងនៅទីនេះ យើងព្យាយាមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់ ដោយខុសច្បាប់ ដើម្បីធានាដល់ការរស់រានរបស់សត្វព្រៃមួយចំនួនដែលរស់នៅទីនេះ ដូចជាសត្វស្វា កេងកង និងឥន្ទ្រីជាដើម។ ក្នុងរយៈពេលពីរ-បីថ្ងៃ ភ្ញៀវទេសចរអាចស្នាក់នៅ និងបរិភោគនៅទីនេះ ដោយស្វែងយល់ពីជីវិតនាសម័យកាលបុរាណ៖ គ្មានភ្លើងអគ្គិសនី ការរាំច្រៀងនៅជុំវិញភ្នក់ភ្លើង ការភ្ញាក់ពីដំណេកនាពេលព្រហាមស្រាងៗជាមួយនឹងធាតុត្រជាក់សើម មុជទឹកជាមួយសត្វដំរី នេះជាជីវិតធម្មជាតិពិតៗ! ទន្ទឹមនឹងនោះ យើងនឹងបង្កើតកន្លែងហាត់ប្រាណហាលវាលមួយ ដោយបញ្ចូលនូវសកម្មភាពកីឡាអភិរក្សជាច្រើនផ្សេងៗ។ កន្លែងហាត់ប្រាណនេះនឹងបើកទទួលស្វាគមន៍ដល់មនុស្សគ្រប់រូបទាំងអស់ ដោយរំពឹងថា នឹងអាចបង្រៀនក្បាច់គុនប្រដាល់ ឬល្បុក្កតោដល់យុវជនដែលរស់នៅភូមិជុំវិញនេះ។ ការសាងសង់ផ្ទះប្រពៃណីបានផ្តល់ការងារដល់អ្នកភូមិនៅទីនេះ ហើយយើងក៏អាចស្គាល់ពួកគាត់កាន់តែច្បាស់ឡើង និងគិតពីវិធីដែលយើងអាចធ្វើបានដើម្បីជួយពួកគាត់។ អ្វីដែលយើងមើលឃើញច្បាស់នោះ គឺភាពក្រីក្រ ប៉ុន្តែជាទូទៅ ស្ថានភាពសុខភាពរបស់ពួកគាត់ភាគច្រើនមិនសូវល្អទេ ដូចជាការបាក់ឆ្អឹងចេះតែកើតមានជាហូរហែ កើតបូសមិនបានទៅវះកាត់ មានជំងឺដង្កាត់ មិនធ្លាប់ទៅទទួលការព្យាបាលជាដើម។ មើលឃើញស្ថានភាពបែបនេះជារៀងរាល់ថ្ងៃ វាធ្វើឲ្យខ្ញុំខ្លោចផ្សាចិត្តណាស់។ ដូច្នេះ យើងត្រូវតែរកវិធីដើម្បីជួយពួកគាត់។ ក្នុងបញ្ហានេះ អនុប្រធានរបស់យើងគឺលោកសាស្ត្រាចារ្យ François-Xavier Roux បានចាប់ផ្តើមស្វែងរកជំនួយហើយ។ ពេទ្យធ្មេញមួយរូបដែលរស់នៅទីក្រុងភ្នំពេញ និងខេត្តក្រចេះ បានសន្យាជាមួយយើងថា គាត់នឹងចុះទៅកាន់ភូមិជាមួយនឹងឧបករណ៍ការងាររបស់គាត់ដើម្បីផ្តល់ការថែទាំធ្មេញដល់អ្នកភូមិ។ ម្យ៉ាងទៀត ភាពស្និតស្នាលជាមួយប្រជាជនដែលចេះតែកើនឡើងនេះ ក៏បានបង្កភាពងាយស្រួលដល់គម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍ ដែលបានទទួលការគាំទ្រ និងជំរុញពីក្រសួងទេសចរណ៍ផងដែរ។ យើងត្រៀមអ្នកតម្បាញ មគ្គុទេ្ទសក៍ ហ្មដំរី និងចុងភៅសម្រាប់ពេលអនាគត រួចជាស្រេច។ ធ្វើដំណើរផ្សងព្រេងដ៏ស្រស់ស្រាយពីព្រឹកព្រលឹម ដែលយើងមិនគ្រាន់តែមានដំរីប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបានឃើញសត្វផ្សេងៗជាច្រើនទៀតដែលជាសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃខេត្តរតនគិរី។ វាជាសម្បត្តិវប្បធម៌ និងធម្មជាតិ។ គឺដូចអ្វីដែលយើងធ្លាប់បានប្តេជ្ញានៅចំពោះមុខលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានគាំទ្រយើងដោយមិត្តភាព ចាប់តាំងពីដំណាក់កាលដំបូងនៃការបង្កើតមូលនិធិ។ សូមលោកបរិយាយប្រាប់យើងពីកម្មវិធីរាត្រីសប្បុរសធម៌លើកទី២នេះ ហេតុអ្វីបានលោកជ្រើសរើសយកសណ្ឋាគារឡឺ រ៉ូយ៉ាល់? ព្រោះថាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ មាន Elephant Bar ដែលជាទីកន្លែងដ៏ស្រស់ស្អាតជាងគេបំផុត ចំណាស់ជាងគេបំផុត និងល្បីបំផុតនៅក្នុងរាជធានីភ្នំពេញ។ ជាច្រើនឆ្នាំមកហើយ Elephant Bar ផ្តល់ជូនអតិថិជននូវស្រាក្រឡុកដ៏ឆ្ងាញ់ពិសា ដែលមានឈ្មោះថា Aïravata ...។ ដូច្នេះ គ្មានកន្លែងណាផ្សេងដែលសាកសមជាងនេះទៀតទេ! ជាងនេះទៅទៀត បុគ្គលិកសណ្ឋាគារនេះបានប្រឹងប្រែងជួយយើងអស់ពីសមត្ថភាព។ ការលះបង់នូវពេលវេលា ព្រមទាំងកម្លាំងកាយ-ចិត្តនៅក្នុងសណ្ឋាគារដ៏ធំប្រណីតនេះ ពិតជាធ្វើឲ្យយើងកក់ក្តៅក្នុងចិត្តណាស់! កម្មវិធីរាត្រីសប្បុរសធម៌នឹងត្រូវរៀបចំឡើងនៅជុំវិញអាងហែលទឹក ព្រោះថា Elephant Bar ហាក់តូចចង្អៀតពេកសម្រាប់ព្រឹត្តិការណ៍នេះ ហើយបើធៀបនឹងសួនច្បារក្នុងបរិវេណស្ថានទូតបារាំង វារឹតតែតូចជាងថែមទៀត។ ដូច្នេះ យើងនឹងកម្រិតចំនួនអ្នកចូលរួមត្រឹម ២០០ នាក់យ៉ាងច្រើន ខុសពីឆ្នាំមុន ដែលយើងទទួលដល់ទៅជាង ៣០០ នាក់...។ សូមអញ្ជើញជាវសំបុត្រចូលរួមព្រឹត្តិការណ៍រាត្រីសប្បុរសធម៌នេះឲ្យបានរួសរាន់ កុំឲ្យខកខាន! តើមានកម្មវិធីអ្វីខ្លះ? កម្មវិធីនៃរាត្រីសប្បុរសធម៌មានដូចតទៅ៖ - ការចាក់បញ្ចាំងភាពយន្តខ្លីរបស់គេហទំព័រ ថ្មីៗ ស្តីពីសត្វដំរីនៅមូលនិធិអភិរក្ស អៃរាវត្តា។ - ការបង្ហាញក្បាច់គុន ល្បុក្កតោ សម្តែងដោយក្រុម Prodal Fight & Fitness Studio និង ក្លឹបឦសានរតនៈនៃខេត្តរតនគិរី។ - ការដេញថ្លៃស្នាដៃដើមរបស់វិចិត្រករចំនួនបីរូប៖ លោក ឈឹម សុខនី - នូ សារី - អែម រៀម ព្រមទាំងវិចិត្រករល្បីៗផ្សេងៗទៀត។ - ការសម្តែងសៀករហ័សសកម្ម - ការដើរបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចខេត្តរតនគិរី តើនឹងមានអ្វីប្លែកសម្រាប់រាត្រីសប្បុរសធម៌លើកទី២នេះ? អ្វីដែលប្លែកនោះគឺការដើរបង្ហាញម៉ូដ។ ពិតណាស់ ការដើរបង្ហាញម៉ូដនេះសំខាន់គឺបង្ហាញការគោរពចំពោះពលរដ្ឋជនជាតិភាគតិច ប៉ុន្តែទន្ទឹមនឹងនោះ យើងក៏ត្រូវផ្តល់ឱកាសឲ្យពួកគាត់លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ពួកគាត់ផងដែរ តាមរយៈការលើកតម្កើងបេតិកភណ្ឌដែលហៀបនឹងរលាយបាត់បង់ នោះគឺសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិច។ ដូច្នេះ យើងបានទាក់ទងអ្នកច្នៃម៉ូដល្បីៗមួយចំនួននៅភ្នំពេញដូចជា អែម រៀម - Don Protasio និង ហ៊ូ រ៉េមី។ អ្នកទាំងបីរូបនេះមានស្ទីលរៀងៗខ្លួន។ លោកអែម រៀម ចូលចិត្តបង្ហាញភាពឡូយឆាយ។ លោក Don Protasio ចូលចិត្តភាពស្រគត់ស្រគំ និងបែបលក្ខណៈប្រពៃណី។ រីឯលោកហ៊ូ រ៉េមី ចូលចិត្តស្ទីលបុរាណ។ បែបផែននៃការរចនាម៉ូដបែបផ្សេងៗគ្នានេះនឹងញ៉ាំងឲ្យការដើរបង្ហាញម៉ូដគួរជាទីចាប់អារម្មណ៍ និងសម្បូណ៌បែប។ អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺការចូលរួមពីសំណាក់យុវជន។ ទាំងអ្នកជំនួយការ ទាំងតារាបង្ហាញម៉ូដរបស់យើងទាំងអស់ សុទ្ធតែជាយុវជនស្ម័គ្រចិត្ត និងជានិស្សិតនៅក្រុងភ្នំពេញ សិក្សានៅវិទ្យាល័យបារាំង Descartes សាលាអន្តរជាតិ ISPP ។ ក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះគឺជាអ្នកអាជីពពិតប្រាកដ អ្នកខ្លះទៀតគ្រាន់តែជាអ្នកធ្វើដើម្បីភាពរីករាយ ហើយអ្នកខ្លះទៀត ទើបតែនឹងប្រឡូកជាលើកដំបូងសម្រាប់រាត្រីកាលនោះ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ពួកគាត់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ សម្រាប់សាមគ្គីភាពដ៏ថ្លៃថ្លានេះ! គោលបំណងនៃរាត្រីសប្បុរសធម៌នេះគឺ ដើម្បីប្រមូលថវិកាឲ្យបានច្រើនជាអតិបរមាសម្រាប់ទ្រទ្រង់មូលនិធិ ហើយយើងនឹងបង្កើនឱកាស « ទិញទំនិញ » ក្នុងព្រឹត្តិការណ៍នោះផងដែរ។ វិចិត្រករវ័យក្មេងនឹងគូររូបរបស់លោកអ្នកនៅពីមុខសត្វដំរី លោកអ្នកអាចទិញគ្រឿងអលង្ការ សម្លៀកបំពាក់ រូបថត ក្រមាដែលមានប៉ាក់និមិត្តសញ្ញារបស់មូលនិធិអៃរាវត្តា គ្រឿងតុបតែងលម្អ។ល។ ជាងនេះទៅទៀត លោកអ្នកអាចយកស្នាដៃដែលបង្កើតឡើងដោយអ្នកច្នៃម៉ូដទាំងបីរូប ហើយដែលត្រូវបានពាក់ក្នុងពិធីបង្ហាញម៉ូដនោះទៅជាមួយបាន។ តើដំរីនៅកម្ពុជាសព្វថ្ងៃស្ថិតក្នុងសភាពយ៉ាងណាដែរ? តើស្ថានភាពនេះជាស្ថានភាពវិជ្ជមានឬ? សព្វថ្ងៃនេះ យើងព្រួយបារម្ភខ្លាំងណាស់ពីបញ្ហាគ្រោះរាំងស្ងួតដែលកំពុងតែកើតមាន ហើយបញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខ នៅពេលទទួលរងនូវបាតុភូត El Nino ។ ពេលនេះ តំបន់ព្រៃកាទៀងក្តៅស្ងួតហែងរួចទៅហើយ។ ខ្ញុំភ័យខ្លាចថា គ្មានអាហារគ្រប់គ្រាន់សម្រាប់ដំរីរបស់យើងដែលត្រូវការបន្លែជាងមួយតោនក្នុងមួយថ្ងៃ។ កង្វល់មួយទៀតនោះ គឺការប្រើថ្នាំសម្លាប់សត្វល្អិតរបស់ប្រជាកសិករនៅជុំវិញតំបន់នោះ។ ដោយសារភាពរាំងស្ងួត ថ្នាំបំពុលសត្វល្អិតប្រមូលផ្តុំកាន់តែច្រើននៅក្នុងទឹកជ្រោះកាទៀង ពេលដែលទឹកស្រកចុះខ្លាំង...។ នៅពេលដ៏ខ្លីខាងមុខនេះ យើងមិនគិតថាអ្វីៗនឹងបានប្រសើរឡើងទេ។ ដំរីស្រុកថយចុះជាលំដាប់ ដោយហេតុផលថា ដំរីទាំងនោះចាស់ខ្លាំងពេក ពិបាកក្នុងការបង្កបង្កើត។ សម្រាប់ដំរីព្រៃវិញ ទីកន្លែងរស់នៅរបស់ពួកវាកាន់តែរួមតូចទៅៗ ជារៀងរាល់ថ្ងៃ។ ជម្លោះរវាងមនុស្ស និងពពួកសត្វចតុប្បាទ កាន់តែកើនខ្លាំងឡើងៗ ហើយជាទូទៅសត្វគឺជាភាគីរងគ្រោះ។ ជាក់ស្តែង ដូចជាករណីដំរីដែលត្រូវបានសម្លាប់កាលពីពេលថ្មីៗនេះនៅខេត្តមណ្ឌលគិរី។ ដំរីនោះត្រូវគេសម្លាប់ ដោយសារតែវាចូលទៅក្នុងចម្ការដើមស្វាយចន្ទីដែលគួរឲ្យងឿងឆ្ងល់ណាស់ថា ហេតុអ្វីបានជាមានចម្ការស្វាយចន្ទីនៅក្នុងតំបន់អភិរក្សទៅវិញ...។ វាច្បាស់ណាស់ ទៅថ្ងៃមុខ យើងអាចប្រឈមនឹងរឿងរ៉ាវជាច្រើនទៀត! ប៉ុន្តែ ពេលនេះ យើងធ្វើនូវអ្វីដែលយើងអាចធ្វើបានសម្រាប់ដំរីប៉ុន្មានក្បាលដែលមានជីវិតរស់នៅក្នុងប្រទេសកម្ពុជា! សំបុត្រមានដាក់លក់នៅ សណ្ឋាគារឡឺរ៉ូយ៉ាល់ សណ្ឋាគារសង្គម ហាង MotoLand Cambodia (ម្ដុំផ្សារទួលទំពួង)។ តម្លៃ៖ ចាប់ពី ៤០-១៥០ដុល្លារ សម្រាប់សហឧបត្ថម្ភដំរីរយៈពេលមួយឆ្នាំ និង ១.០០០ ដុល្លារ សម្រាប់កៅអី VIP ។ លេខទូរស័ព្ទទំនាក់ទំនង៖ 012 214 468/012 965 165 ឬតាមរយៈ Page Facebook Airavata | នាល្ងាចថ្ងៃអាទិត្យ ទី ៣១ ខែមីនាខាងមុខនេះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (Airavata Elephant Foundation) នៅខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍រាត្រីសប្បុរសធម៌ប្រមូលមូលនិធិដើម្បីជួយទ្រទ្រង់ និងការពារសត្វដំរី លើកទីពីរនៅសណ្ឋាគារ Raffles Hotel Le Royal។ ព្រឹត្តិការណ៍លើកទី១ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណនៃស្ថានទូតបារាំងនៅភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមជិត ៣០០ នាក់។ សម្រាប់ព្រឹត្តិការណ៍លើកទី២នេះ លោក ព្យែរ-អ៊ីវ ក្លេ (Pierre-Yves Clais) ដែលលោកអ្នកធ្លាប់បានស្គាល់រួចមកហើយ បានផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Cambodge Mag ដូចខាងក្រោម៖ |
គោលបំណងនៃការរៀបចំវគ្គសិក្សានេះ គឺដើម្បីលើកកម្ពស់ការយល់អំពីតួនាទីរបស់អ្នកសារព័ត៌មានកីឡា ក្នុងការរាយការណ៍អំពីការប្រកួតកីឡា ឱ្យកាន់តែប្រសើរទ្វេឡើងជាលំដាប់ និងដើម្បីរួមចំណែក ដល់ការលើកកម្ពស់វិស័យកីឡា ដល់កម្រិតសហគមន៍ និងថ្នាក់ជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីថ្ងៃទី២៨ ខែតុលា។ វគ្គសិក្សា មានពីរវគ្គ ដោយវគ្គទីមួយ ចាប់ផ្តើមសិក្សាពីថ្ងៃទី១ ដល់ទី៤វិច្ឆិកា ក្រោមប្រធានបទ«ការណែនាំអំពីសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន» រីឯវគ្គទីពីរ ប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ទី៩ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ«ឌីជីថលនៃសារព័ត៌មានកីឡា»។ មន្ត្រីកីឡា អ្នកសារព័ត៌មានកីឡា និងអ្នកធ្វើការពាក់ព័ន្ធផ្នែកផ្សព្វផ្សាយកីឡា ប្រមាណ១០០នាក់ ចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ សិក្ខាកាមប្រមាណ៤០នាក់ មានវត្តមានរៀនផ្ទាល់នៅ NOCC រីឯសិក្ខាកាមផ្សេងទៀត រៀនតាមប្រព័ន្ធ Zoom។ បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ វគ្គសិក្សានេះ គឺមានសារៈសំខាន់ណាស់ ក្នុងការបន្ថែមនូវតម្លៃអ្នកសារព័ត៌មានអាជីព និងជំរុញជំនាញអ្នកសារព័ត៌មានកីឡា ដើម្បីជួយលើកកម្ពស់វិស័យកីឡា ជាពិសេសគឺគាំទ្រដល់កីឡាជាតិ និងចលនាអូឡាំពិក។ «ក្នុងនាមជាអ្នកសារព័ត៌មានកីឡា ត្រូវមានចំណេះដឹងត្រឹមត្រូវលើជំនាញកីឡា លើទ្រឹស្តីកីឡា ការអនុវត្តកីឡា គោលការណ៍នៃការលេងដោយយុតិ្តធម៌ គោលការណ៍អូឡាំពិក ធម្មនុញ្ញអូឡាំពិក និងបទបញ្ជាកីឡាអន្តរជាតិជាដើម...»។ មូលនិធិជប៉ុន រំពឹងថាវគ្គសិក្សានេះ នឹងរួមចំណែកក្នុងការបង្កើនមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសារព័ត៌មានកីឡា ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ សម្រាប់CCJ វគ្គសិក្សានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកកាសែតកីឡាកម្ពុជា ក្នុងការរៀនសូត្រពីគ្រូឧទេ្ទសជនជាតិជប៉ុន ដែលមានបទពិសោធន៍។ ជាមួយគ្នានេះ CAMSOC សង្ឃឹមថាយ៉ាងមុតមាំថា វគ្គសិក្សាដែលមានរយៈពេល៨ថ្ងៃនេះ នឹងផ្តល់ចំណេះដឹងបន្ថែមដល់អ្នកកាសែតកីឡា និងអ្នកកាសែតអាជីព ហើយចំណេះដឹងនេះនឹងចូលរួមគាំទ្រ ដល់ការផ្សព្វផ្សាយ និងបង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។ គ្រូឧទ្ទេសជនជាតិជប៉ុន នឹងធ្វើបទបង្ហាញតាម Zoom ពីប្រទេសជប៉ុន ដែលក្នុងនោះរួមមាន លោក យ៉ុស៊ិដា សេអ៊ិឈិ ប្រធានទំនាក់ទំនងថ្នាក់តំបន់ក្លិប Kashima Antlers FC, លោក តានិហ្គូឈិ ម៉ាកុតុ ពីសារព័ត៌មានសេដ្ឋកិច្ចជប៉ុន Nikkei Inc, លោក កាស៊ិវ៉ាបារ៉ា តាកាគិ អ្នកថតរូបសារព័ត៌មានប្រចាំ Nikkei Inc និងលោក គិបា ម៉ាសៅ នាយកតំណាងសមាគមបាល់ទាត់ក្នុងក្តីស្រមៃជប៉ុន (JFDA)៕ | មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ និងក្លិបអ្នកកាសែតកម្ពុជា (CCJ) ដោយមានការគាំទ្រពី គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(CAMSOC)និងគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា(NOCC) ចាប់ផ្តើមវគ្គបណ្តុះបណ្តាល ផ្នែកសារព័ត៌មានកីឡាដើម្បីជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ សុទ្ធតែជាអ្នកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ លើវិស័យព័ត៌មានកីឡា ក្នុងប្រទេសជប៉ុន។ |
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ស្ត្រីចំណាស់រូបនេះមិននឹកស្មានសោះថា បន្លែរបស់គាត់ មានការគាំទ្រច្រើន និងផ្គត់ផ្គង់សឹងមិនទាន់ដូច្នេះនោះទេ ព្រោះដើមឡើយគាត់ដាំដើម្បីទុកបរិភោគខ្លួនឯងប៉ុណ្ណោះ។ អ្នកស្រី បញ្ជាក់ដូច្នេះ៖«ខ្ញុំចេះតែដាំបន្លែធម្មជាតិនេះទៅនៅពេលទំនេរ។ ដាំដើម្បីតែផ្គត់ផ្គង់នៅក្នុងគ្រួសារតែប៉ុណ្ណោះ ណាមួយក៏មិនចង់បរិភោគបន្លែដែលមានសារធាតុគីមី»។ សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី អាំង ហៀង ដូចតទៅ៖ ក្នុងមួយឆ្នាំ អ្នកស្រី ហៀង អាចប្រមូល៣ទៅ៤ដង និងអាចទទួលបានប្រាក់ ពី៣០ម៉ឺលរៀលទៅ៥០ម៉ឺនរៀល រាល់ពេលប្រមូលផល។ បើតាមកសិករចំណាស់រូបនេះ ស្ពៃក្ដោបមួយគុម្ព គាត់អាចលក់បាន១ម៉ឺនរៀល។ រីឯផ្កាខាត់ណាវិញ អាចលក់បាន ពីពី៥ពាន់ទៅ៦ពាន់រៀល អាស្រ័យគុម្ពធំ ឬតូច។ ក្រៅពីដាំបន្លែ ក៏មានការបណ្ដុះកូនស្ពៃក្ដោប និងផ្កាខាត់ណាលក់ផងដែរ។ ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕ | កណ្តាល៖ អ្នកស្រី អាំង ហៀង ជាអ្នកដាំបន្លែស្ពៃក្ដោប និងផ្កាខាត់ណាធម្មជាតិ ជាង២ឆ្នាំមកហើយ។ រស់នៅភូមិអុងបាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល អ្នកស្រី ហៀង ដែលមានវ័យ ៦២ឆ្នាំ បានអះអាងថាខ្លួនមិនបានប្រើថ្នាំគីមី ក្នុងការដាំដុះស្ពៃក្ដោប និងផ្កាខាត់ណានេះឡើយ ពោលគឺប្រើតែជីលាមកគោមួយមុខប៉ុណ្ណោះ។ |
លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយបានជួបពិភាក្សាការងារជាមួយលោក ង្វៀន តាន់គឿង នៅពាក់កណ្តាលខែឧសភា ឆ្នាំ២0១៩នេះ។ សម្តីរបស់លោក ង្វៀន តាន់គឿង ត្រូវបានដកស្រង់ដោយក្រសួងការពារជាតិកម្ពុជា។ បើតាមក្រសួងការពារជាតិ លោក ង្វៀន តាន់គឿង បានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទំនាក់ទំនងនៃកងទ័ពកម្ពុជា-វៀតណាម នឹងកាន់តែរឹងមាំ និងពង្រីកបន្ថែមទៀត។ ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត បានហៅទំនាក់ទំនងនៃកងទ័ពកម្ពុជា-វៀតណាម ថាជាទំនាក់ទំនងប្រវត្តិសាស្ត្រ។ ក្រសួងការពារជាតិ បានសរសេរពីសម្តីរបស់លោក ហ៊ុន ម៉ាណែត បែបនេះថា «កងទ័ពនៃប្រទេសទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន ដែលបង្កើតបានជាព្រំដែនសន្តិភាព និងមានការអភិវឌ្ឍ ស្របតាមគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ»៕ | ឧត្តមសេនីយ៍ទោ ង្វៀន តាន់គឿង (NGUYEN TAN CUONG) អនុប្រធានអគ្គសេនាធិការនៃកងទ័ពវៀតណាម ប្រាប់ទៅឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ថា «កងទ័ពវៀតណាម នឹងបន្តជួយគាំទ្រដល់កងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការកសាងសមត្ថភាពយោធិន ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត ក្នុងវិស័យការពារជាតិ»។ |
ការសិក្សារបស់អាមេរិកបានសួរទៅលើមនុស្សអាយុពី ២០ ទៅ៧០ឆ្នាំប្រមាណច្រើនជាង ៦០០០នាក់ ថាតើពួកកេធ្លាប់មានអារម្មណ៍ថាមានគោលដៅក្នុងជីវិតឬអត់។ រឿងនេះត្រូវបានវាយតម្លៃដោយការប្រើប្រព័ន្ធដាក់ពិន្ទុនៃភាពខ្លាំងដែលពួកគាត់មានអារម្មណ៍ទៅលើការនិយាយដូចខាងក្រោមនេះ៖ អ្នកខ្លះគឺរស់នៅគ្មានគោលដៅក្នុងជីវិតនោះទេ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សបែបនេះឡើយ ខ្ញុំរស់នៅក្នុងជីវិតបានមួយថ្ងៃក្នុងមួយពេល ហើយក៏មិនបានគិតអ្វីនៅថ្ងៃអនាគត់ដែរ ពេលខ្លះខ្ញុំមានអារម្មណ៍ថាតើខ្ញុំបានធ្វើអ្វីៗបានអស់ហើយឬនៅក្នុងជីវិតមួយនេះ។ ពួកគេក៏ត្រូវបានគេសួរអំពីទំនាក់ទំនងក្នុងសង្គមរស់នៅជាមួយអ្នកដទៃផងដែរ។ អត្រានៃការស្លាប់ត្រូវបានកត់ត្រាសម្រាប់រយៈពេល ១៤ឆ្នាំក្រោយ។ ការសិក្សាបានរកឃើញថា អ្នកដែលបានស្លាប់គឺមានពិន្ទុទាបចំពោះគោលដៅក្នុងជីវិត ហើយក៏មានទំនាក់ទំនងវិជ្ជមានជាមួយអ្នកដទៃដែរ។ ការសិក្សានេះគ្រាន់តែវាយតម្លៃទៅលើគោលដៅក្នុងជីវិតតាមរយៈការប្រើប្រាស់បីសំណួរប៉ុណ្ណោះ។ ការសិក្សាប្រភេទណេះគ្រាន់តែអាចបង្ហាញទំនាក់ទំនងរវាងការមានគោលដៅក្នុងជីវិត និងអត្រានៃការស្លាប់ដែលល្អបំផុត។ តែវាមិនបានប្រាប់នូវកត្តាផ្សេងៗទៀតដែលចូលរួមឡើយដូចជា សកម្មភាពរាងកាយ របបអាហារ ការជក់បារី ការញ៉ាំគ្រឿងស្រវឹង ឬមានជំងឺជាដើម។ ថ្វីបើការសិក្សានេះមិនសូវមានអំណះអំណាងច្រើនដើម្បីបញ្ជាក់ថា ការរស់នៅមានគោលដៅធ្វើឲ្យមានអាយុវែងក៏ដោយ តែអារម្មណ៍ជាញឹកញាប់មួយនេះបានបញ្ជាក់ថា នឹងជម្រុញឲ្យមានភាពរីកចម្រើនក្នុងជីវិតបន្ថែមទៀត៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរបស់ BBC News បានឲ្យដឹងថា អារម្មណ៍នៃការបង្កើតជាគោលដៅ ឬគោលបំណងក្នុងជីវិត នឹងជួយឲ្យអ្នកមានអាយុវែងបាន។ រឿងនេះកើតឡើងក្រោយពីការសិក្សាថ្មីមួយបានរកឃើញថា ការដែលមានគោលបំណងក្នុងជីវិតមានជាប់ទាក់ទងនឹងការមានអាយុវែង ដោយមិនគិតថាអ្នកមានអាយុប៉ុណ្ណា ឬចូលនិវត្តន៍ឡើយ។ ប៉ុន្តែការសិក្សានេះមានលក្ខណៈខ្សោយបន្តិច ដូច្នេះមិនអាចបង្ហាញទំនាក់ទំនងមួយដែលល្អបំផុតបានឡើយ។ |
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាតចំពោះការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីនលោក Marcos កាលពីថ្ងៃទី១៥ ខែមករាសម្រាប់ជ័យជម្នះលោក Lai ក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់។ «សុន្ទរកថាពាក់ព័ន្ធរបស់ប្រធានាធិបតី Marcos ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និង...ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការប្តេជ្ញាចិត្តនយោបាយដែលធ្វើឡើង ដោយហ្វីលីពីនចំពោះភាគីចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន» ។ លោកស្រី Mao មានប្រសាសន៍បែបនេះរួចបន្តថា ចិនចាត់ការតវ៉ាយ៉ាងខ្លាំងជាមួយហ្វីលីពីន ហើយបានកោះហៅអគ្គរដ្ឋទូតដើម្បីផ្តល់ការពន្យល់ប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះ លោកស្រី Mao សង្កត់ធ្ងន់ថា ចិនស្នើឱ្យលោកប្រធានាធិបតី Marcos អានសៀវភៅបន្ថែមទៀតដើម្បីយល់ឱ្យបានច្បាស់ពីបញ្ហាខាងក្នុង និងខាងក្រៅនៃបញ្ហាតៃវ៉ាន់ ដើម្បីសន្និដ្ឋានឱ្យត្រឹមត្រូវ។ ទាក់ទងនឹងរឿងនេះ ក្រសួងការបរទេសហ្វីលីពីននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែល បានអះអាងសារជាថ្មីអំពីការគាំទ្រគោលនយោបាយចិនតែមួយ ហើយបាននិយាយថា សាររបស់លោក Marcos មានបំណងទទួលស្គាល់ផលប្រយោជន៍រួមរបស់ ហ្វីលីពីន និងតៃវ៉ាន់ រួមទាំងពលរដ្ឋហ្វីលីពីនដែលធ្វើការនៅបរទេស ជាពិសេសនៅកោះតៃវ៉ាន់ចំនួន២០ម៉ឺននាក់។ ក្រុងម៉ានីលសម្គាល់ផងដែរថា សារប្រធានាធិបតីខាងលើគឺជាវិធីរបស់លោកក្នុងការអរគុណ តៃវ៉ាន់សម្រាប់ការធ្វើជាម្ចាស់ផ្ទះ OFWs និងរក្សាដំណើរការប្រជាធិបតេយ្យប្រកបដោយជោគជ័យ។ ការខឹងសម្បាររបស់ទីក្រុងប៉េកាំងចំពោះការលើកឡើងនេះ គឺជាភាពតានតឹងចុងក្រោយបង្អស់នៃការប៉ះទង្គិចគ្នារវាងហ្វីលីពីន និងចិន ដែលកើតឡើង ខណៈដែលទីក្រុងម៉ានីលពង្រឹងទំនាក់ ទំនងជាមួយអតីតមេដឹកនាំអាណានិគមអាម៉េរិករួមទាំងការពង្រីកកិច្ចព្រមព្រៀងស្តីពីការប្រើ ប្រាស់មូលដ្ឋានយោធារបស់ទីក្រុងវ៉ាស៊ីនតោន៕ | បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថ្លែងអបអរសាទរប្រធានា ធិបតីតៃវ៉ាន់ជាប់ឆ្នោតលោក Lai Ching-te ទីក្រុងប៉េកាំង បានកោះហៅអគ្គរដ្ឋទូតហ្វីលីពីនដោយព្រមានប្រទេសមួយនេះកុំឱ្យលេងជាមួយភ្លើង និងស្នើឱ្យមេដឹកនាំហ្វីលីពីនអានសៀវភៅឲ្យបានច្រើនពីបញ្ហាចិន។ |
លោក សេន វណ្ណា គឺជាគ្រូបង្រៀនថ្នាក់ទី៤ នៃបឋមសិក្សា ហ៊ុន សែន ឈើទាលនៃឃុំពាមជីលាំងក្នុងស្រុកត្បូងឃ្មុំ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយពីមន្ត្រីមន្ទីរអប់រំនៃខេត្តត្បូងឃ្មុំ លោកគ្រូ វណ្ណា និងគ្រូបង្រៀនដទៃទៀត ត្រូវទៅបង្រៀនសិស្សរបស់ពួកគាត់នៅតាមផ្ទះអ្នកភូមិ។ «ដំបូងយើងរកមើលផ្ទះអ្នកភូមិណាដែលមានក្រោមផ្ទះទូលាយ មានគ្រែធំ។ បន្ទាប់មក យើងប្រាប់ឱ្យសិស្សជុំគ្នា៤ ឬ៥នាក់នៅក្រោមផ្ទះនោះ។ យើងបង្រៀនពួកគេមួយក្រុម កន្លះម៉ោង ហើយខ្ញុំទៅផ្ទះមួយទៀត ដែលមានសិស្ស៤ ឬ៥នាក់នៅចាំនៅទីនោះ។»។ នេះជាការរៀបរាប់របស់លោកគ្រូ សេន វណ្ណា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ពីផ្ទះរបស់លោកគ្រូនៅក្នុងភូមិបឹងព្រួលលើ។ ដោយសារតែសិស្សជុំគ្នានៅតាមផ្ទះផ្សេងៗគ្នា ពួកគេត្រូវចាប់ផ្តើមរៀននៅម៉ោងផ្សេងៗគ្នា។ ដូច្នេះលោកគ្រូ វណ្ណា ត្រូវចេញពីក្រុមមួយ បន្តដំណើរទៅបង្រៀនសិស្សមួយក្រុមទៀតនៅផ្ទះអ្នកភូមិមួយទៀត។ ប៉ុន្តែ មិនមែនសិស្សទាំង៤០នាក់ក្នុងបន្ទុករបស់លោកគ្រូវណ្ណា បានរៀនទាំងអស់គ្នាឡើយ។ លោកគ្រូ សេន វណ្ណា ពន្យល់បន្តយ៉ាងដូច្នេះ៖«មានតែសិស្សតូចៗទេ ដែលនៅផ្ទះ ដែលបានរៀន។ សិស្សខ្ញុំខ្លះទៀត ធំៗអាយុច្រើន ពួកគេទៅធ្វើជួយធ្វើចម្ការឪពុកម្តាយរបស់ពួកគេ។ ពួកគេមិនបានរៀនទេ»។ បើតាមការបញ្ជាក់របស់លោកគ្រូ ការបង្រៀនបែបនេះធ្វើឱ្យលោកគ្រូហត់ជាធម្មតា ពីព្រោះលោកគ្រូត្រូវធ្វើដំណើរទៅតាមផ្ទះ ច្រើនកន្លែង ហើយត្រូវបង្រៀនមេរៀនដដែលដល់សិស្សដែលមានមានច្រើនក្រុម។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកគ្រូអះអាងថា វាមិនបានធ្វើឱ្យគ្រូធុញទ្រាន់នោះឡើយ ដ្បិតការងារនេះ បើតាមលោកគ្រូ គឺជាកាតព្វកិច្ចជាគ្រូបង្រៀន។ លោកគ្រូបន្តថា លោកគ្រូហត់បន្តិចមែន ក៏ប៉ុន្តែលោកគ្រូច្បាស់ក្នុងចិត្តថា សិស្សរបស់លោកគ្រូមិនប្រើប្រាស់ទូរសព្ទជាលេសដើម្បីលេងហ្គេមឡើយ៕ | តាមរយៈកម្មវិធីសិក្សាពីចំងាយរបស់ក្រសួងអប់រំ លោកគ្រូ សេន វណ្ណា មិនមែននៅផ្ទះ ហើយបង្រៀនសិស្សតាមរយៈទូរសព្ទ និងប្រព័ន្ធអ៊ីនធឺណិតដូចនៅតាមទីប្រជុំជននោះឡើយ។ លោកគ្រូ សេន វណ្ណា អាយុ៦៤ឆ្នាំ ដែលជាគ្រូបង្រៀនត្រូវជិះម៉ូតូពីផ្ទះរបស់ខ្លួននៅឃុំបឹងព្រួល ទៅភូមិឈើទាលនៃឃុំពាមជីលាំងនៃស្រុកត្បូងឃ្មុំ ក្នុងចំងាយផ្លូវ៨គីឡូម៉ែត្រដើម្បីបង្រៀនសិស្សនៅតាមផ្ទះ។- |
របាយការណ៍ U.S. News & World Report មានការចូលរួមស្ទង់មតិពីមនុស្សប្រមាណ២ម៉ឺននាក់ ដែលជាអ្នកដឹកនាំ អ្នកជំនួញ និងពលរដ្ឋពី៣៦ប្រទេស។ ពួកគេបានវាយតម្លៃលើប្រទេសចំនួន៧៣ តាមរយៈការផ្តល់ពិន្ទុលើគុណភាពជីវិត សហគ្រិនភាព ឥទ្ធិពលសេដ្ឋកិច្ច វប្បធម៌ អំណាច ការអប់រំ បរិស្ថាន និងភាពរួសរាយរាក់ទាក់ផ្សេងៗ។ ស្វីស បន្តជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៤ឆ្នាំជាប់គ្នា ខណៈកាណាដា ដណ្តើមបានចំណាត់ថ្នាក់លេខ២ ពីជប៉ុន។ ប្រទេស២០ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុង Worlds Best Countries 2020 រួមមាន ស្វីស, កាណាដា, ជប៉ុន, អាល្លឺម៉ង់, អូស្ត្រាលី, អង់គ្លេស, សហរដ្ឋអាមេរិក, ស៊ុយអែត, ហូឡង់, ន័រវេស, នូវែលសេឡង់, បារាំង, ដាណឺម៉ាក, ហ្វាំងឡង់, ចិន, សិង្ហបុរី, អ៊ីតាលី, អូទ្រីស, អេស្ប៉ាញ និងកូរ៉េខាងត្បូង។ ក្រៅពីនេះ មាន រុស្ស៊ី (លេខ២៣), ឥណ្ឌា (លេខ២៥), ថៃ (លេខ២៦), ម៉ាឡេស៊ី (លេខ៣២), ឥណ្ឌូណេស៊ី (លេខ៤១), វៀតណាម (លេខ៤៣), ហ្វីលីពីន (លេខ៤៥), មីយ៉ាន់ម៉ា (លេខ៥៧)។ កម្ពុជា, ឡាវ និង ព្រុយណេ មិនមាននៅក្នុងបញ្ជីនៃចំណាត់ថ្នាក់នេះឡើយ។ ប្រទេសដែលស្ថិតនៅបាតតារាងទាំង១០នោះ រួមមាន លីបង់, ស៊ែប៊ី, អូម៉ង់, បេឡារុស, ទុយនីស៊ី, អ៊ុយក្រែន, ហ្គាណា, កាហ្សាក់ស្ថាន, ហ្គាតេម៉ាឡា និងហ្ស៊កដានី៕ | ស្វីសជាប់ជាប្រទេសដែលល្អជាងគេលើពិភពលោក សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា។ នេះបើតាមចំណាត់ថ្នាក់ Worlds Best Countries ក្នុងរបាយការណ៍ U.S. News & World Report សម្រាប់ឆ្នាំ២០២០ ។ |
ភ្នំពេញ៖ សត្វរំពេទន្លេ ចំនួន៣ ក្បាល បានញាស់ក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យវត្តមានសត្វរំពេទន្លេនៅកម្ពុជា មានចំនួន៧៣ក្បាល។ នេះបើតាមការផ្សាយរបស់ អង្គការWWF នៅថ្ងៃទី២៤ ឧសភានេះ។ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានបង្ហាញថា សត្វរំពេទន្លេ មានការកើនឡើងប្រមាណ ១៣០ភាគរយ ក្នុងរយៈពេល៧ចុងក្រោយដោយមានចំនួន ៣១ក្បាល ក្នុងឆ្នាំ២០១៦ និងកើនឡើងដល់ ៧៣ក្បាល ក្នុងដើមឆ្នាំ២០២៣។ប៉ុន្តែបើធៀបទៅ ២០ឆ្នាំកន្លងទៅ សត្វរំពេទន្លេ មានការធ្លាក់ចុះ ៨០ភាគរយដោយសារមានការគំរាមកំហែងពីមនុស្ស។ រូបភាពពី៖ អង្គការ WWF សត្វរំពេទន្លេនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។ ដោយឡែក សត្វរំពេទន្លេជាបក្សីកម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អង្គការ WWF បានបញ្ជាក់ថា សត្វរំពេទន្លេ និងកូន កំពុងរស់នៅក្នុងសំបុកសរុបចំនួន៣១សំបុកស្ថិតក្រោមការការពារដោយសហគមន៍មូលដ្ឋាននៅជាប់នឹងតំបន់ទីជម្រកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ បន្ថែមពីនេះ ការគ្រប់គ្រងសំបុក និងការរាប់ចំនួនសត្វរំពេទន្លេ នៅតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ បានដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៣ មានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋានក្នុងសកម្មភាពការងារផងដែរ។ សូមបញ្ជាក់ថា ការតាមដានសត្វរំពេទន្លេនេះ បង្ហាញថាចំនួនសត្វនេះបានចាប់ផ្តើមកើនឡើងវិញបណ្ដើរៗ ដែលនេះ ជាការផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សប្រភេទសត្វកម្រនៅប្រទេសកម្ពុជា និងពិភពលោក៕ រូបភាពពី៖ អង្គការ WWF | ដោយ៖ សែម ប្រាក់ដាវ |
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧២,៩២៣នាក់ ក្នុងនោះ ៨,៥៧៧នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦៥,២៦៤នាក់ និងស្លាប់សរុប ១,២៨៣នាក់៕ | ភ្នំពេញ៖ មនុស្ស៨១៩ នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ៤២៣នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន៧១៦នាក់បន្ថែម និងអ្នកស្លាប់មាន ២៩នាក់ទៀត។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៥ កក្កដា។ |
ជាកិរិយាសព្ទ «អត់» មានន័យថា ទ្រាំ, ធន់, ធន់ទ្រាំ; ខំទប់ : អត់កំហឹង, ខំអត់មិនស្ដីតតប ។ អត់ងងុយ ទ្រាំងងុយ ។ អត់ធន់ អត់ទ្រាំ, ប៉ិនធន់, ប៉ិនទ្រាំ។ អត់សង្កត់ ខំទប់ចិត្តមិនឲ្យកម្រើក ។ អត់ឱន បន្ទន់ចិត្តអត់ទ្រាំ; ខំទ្រាំអត់មិនប្រកាន់ទោស ។ រីឯពាក្យ «ឥត» ជាគុណនាមវិញ មានន័យថា ដែលមិនមាន : មនុស្សឥតគួរឥតសម, បុគ្គលឥតភ័ព្វ ។ ឥតកំណើត ដែលធ្វើអ្វីពុំកើត; ដែលគ្មានសេចក្ដីចម្រើន : មនុស្សឥតកំណើត ។ ឥតបីពុំមានអ្វី : ល្អឥតបីប្រៀប ( ប្រើជា ឥតបីបើ ក៏បានខ្លះ ) ។ ឥតបើ អត់បើ, ពុំមានអ្វី : ឥតបើមានហេតុទាស់ខុសអ្វីទេ; ឥតបើអ្វីទេ។ ជានិបាតសព្ទ «អត់» ជាពាក្យបដិសេធ ប្រាប់សេចក្ដីថា "ឥត, មិន, គ្មាន, មិនមាន"; ប្រើជា កិរិយាសព្ទ ក៏បាន : អត់ទេ គ្មានទេ; អត់អ្វីឲ្យ គ្មានអ្វីឲ្យ ។ អត់ឃ្លាន ឃ្លានព្រោះគ្មានអ្វីបរិភោគ ។ ស្រុកអត់ឃ្លាន ស្រុកអត់បាយ ។ អត់ឃ្លានមានបើស៊ី គ្មានអ្វីបរិភោគក៏ទ្រាំអត់ មានក៏បរិភោគ : អត់ឃ្លានមានបើស៊ី សុខទុក្ខជាមួយគ្នា ។ អត់បាយ គ្មានបាយ; មិនបានបរិភោគបាយ ។ ស្រុកអត់បាយ ស្រុកកើតទុរ្ភិក្ស ។ អត់បើ និ. ពុំសមបើ : អត់បើនាំឲ្យរវល់ ។ ចំណែកពាក្យ «ឥត» ជានិបាតសព្ទ ក៏មានន័យថា មិន, ពុំ, អត់ : ឥតដឹង, ឥតបានឮ, ឥតដើមទុន ។ ទោះបីជាយ៉ាងណាក៏ដោយ វចនានុក្រម បានណែនាំថា៖ កុំប្រើពាក្យបដិសេធ ឥត, មិន, ពុំ, អត់ នេះជា ឥត ក៏ទេ, មិន ក៏ទេ ដូច្នេះឡើយ, ដូចជា ខ្ញុំឥតដែលបានឃើញរបស់នោះ សូម្បីតែម្ដងក៏ទេ ( ប្រើយ៉ាងនេះខុសទាំងស្រុង ព្រោះ ក៏ទេ ជាពាក្យបដិសេធដែរ ); បើប្រើជា ឥតទេ ក៏ទេសោះ ដូច្នេះបាន, ដូចជា ខ្ញុំឥតដែលបានឃើញរបស់នោះទេ សូម្បីតែម្ដងក៏ទេសោះ ។ ពាក្យបដិសេធ ក៏ទេ សម្រាប់ប្រើតែជាមួយនឹងពាក្យ នឹង គឺ នឹង ក៏ទេ, ត្រូវប្រើជា : ខ្ញុំនឹងដែលបានឃើញរបស់នោះ សូម្បីតែម្ដងក៏ទេ ។ គុ. ដែលមិនមាន : មនុស្សឥតគួរឥតសម, បុគ្គលឥតភ័ព្វ ។ ឥតកំណើត ដែលធ្វើអ្វីពុំកើត; ដែលគ្មានសេចក្ដីចម្រើន : មនុស្សឥតកំណើត ។ ឥតបីពុំមានអ្វី : ល្អឥតបីប្រៀប ( ប្រើជា ឥតបីបើ ក៏បានខ្លះ ) ។ ឥតបើ អត់បើ, ពុំមានអ្វី : ឥតបើមានហេតុទាស់ខុសអ្វីទេ; ឥតបើអ្វីទេ៕ | វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «អត់» និង «ឥត»។ ពាក្យទាំងពីរ ជានិបាតសព្ទ ដែលមានន័យដូចគ្នា ប៉ុន្តែន័យខុសគ្នា ត្រង់ «អត់»មានថ្នាក់ពាក្យជាកិរិយាសព្ទ និង និង«ឥត»មានថ្នាក់ពាក្យជាគុណនាម។ |
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទឹកប្រាក់កម្ចី៥០០ដុលា្លរ ពីគ្រឹះស្ថានហិរញ្ញវត្ថុទាំង៦នេះ មិនត្រូវការទ្រព្យបញ្ចាំឡើយ ដោយសិស្ស និង និស្សិត អាចខ្ចីបានរៀងរាល់ឆ្នាំ រហូតដល់៧ឆ្នាំ សម្រាប់ការសិក្សារបស់ពួកគេ ។ មូលហេតុដែលក្រសួង រៀបចំសេវាប្រាក់កម្ចីការសិក្សាសម្រាប់និស្សិតទេសចរណ៍ ដោយសារតែវិស័យមួយនេះ កំពុងត្រូវការធនធានមនុស្សមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីធានាការផ្ដល់សេវាមួយប្រកបដោយគុណភាព។ បើតាមក្រសួងទេសចរណ៍ ជម្រើសសម្រាប់និស្សិតនោះ គឺទី១ នៅពេលកំពុងសិក្សា ពួកគេអាចបង់តែការប្រាក់៤ដុល្លារក្នុងមួយខែ ឬបង់ប្រាក់ដើម និងការប្រមាណ ៤៦ដុល្លារក្នុងមួយខែ សម្រាប់ប្រាក់កម្ចី៥០០ដុល្លារ រយៈពេលមួយឆ្នាំ។ ទី២ ក្រោយពេលរៀនចប់ និស្សិតរកការងារបានធ្វើ ទើបមកបង់ប្រាក់ដើមនិងការចំនួន៤៦ដុល្លារនោះក៏បានដែរ។ គ្រឹះស្ថានហិរញ្ញវត្ថុទាំង៦ ដែលអាចផ្តល់កម្ចីដល់និស្សិតសិក្សាលើជំនាញទេសចរណ៍ រួមមាន ធនាគារអេស៊ីលីដា ភីអេលស៊ី, ធនាគារកាណាឌីយ៉ា កអ, ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអេលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេ អឹម ការ CMK៕ | ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន៦ ដើម្បីផ្ដល់សេវាប្រាក់កម្ចីសិក្សាដល់សិស្ស និងនិស្សិត ដែលមានបំណងរៀនជំនាញទេសចរណ៍ ប៉ុន្តែមិនមានលទ្ធភាពបង់ថ្លៃសាលា។ សិស្ស និងនិស្សិត អាចខ្ចីប្រាក់បាន៥០០ដុល្លារក្នុងមួយឆ្នាំ ជាមួយការប្រាក់៤ដុល្លារក្នុងមួយខែ។ |
ក្រុមការងារអាជ្ញាធរជាតិអប្សរា ក៏បានចាប់ផ្តើមជួសជុលប្រាសាទនេះ ដើមឆ្នាំ២០២១។ យ៉ាងណាមិញ ក្រុមអ្នកជំនាញ បានត្រូវរូតរះជួសជុលឲ្យចប់ មុនរដូវវស្សាឈានមកដល់។ លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ ៖«បើយើងបន្លាយបន្តិចទៀត យើងទៅអត់កើតទេ ព្រោះទឹកលិច។ យើងត្រូវបុកកម្លាំងធ្វើឲ្យហើយមុនផែនការ។ បើបណ្តែតបណ្តោយដល់ខែវស្សា យើងទៅអត់បានទេ ហើយពិបាកធ្វើដំណើរ។ សម្ភារក៏ពិបាកដឹកជញ្ជូន និងអគ្គិសនីប្រើប្រាស់ក៏ពិបាក»។ សកម្មភាពអ្នកជំនាញជួសជុលប្រាសាទត្រពាំងផុ។ រូបភាពពី អាជ្ញាធរជាតិអប្សរា ការខ្វះខាតឥដ្ឋ គឺជាបញ្ហាចម្បងមួយក្នុងដំណើរការជួសជុល ដោយសារពិបាកដឹកជញ្ជូន។ លោក សារាយ គឹមហួល អះអាងដូច្នេះ៖«ក្នុងខែវស្សា យើងពិបាកធ្វើការណាស់។ រឿងភ្លៀងផង ផ្លូវឆ្ងាយផង យើងត្រូវជិះម៉ូតូកាត់ព្រៃ កាត់វាលស្រៃ កាត់ប្រឡាយ។ បើខែប្រាំង យើងជិះតាមផ្លូវរទេះកាត់វាលស្រែ ហើយយើងអាចដឹកឥដ្ឋ និងសម្ភារទាក់ទងជាមួយគ្រឿងសំណង់ហ្នឹង ដោយឡាន ឬគោយន្ត»។ ឧបសគ្គក្នុងដំណើរការជួសជុលមានច្រើនបន្តិចមែន តែក្រុមអ្នកជំនាញ បានបញ្ចប់ដោយជោគជ័យ។ ក្រោយបញ្ចប់ការជួសជុលជាស្ថាពរ អ្នកជំនាញសង្ឃឹមថា ប្រាសាទតែមួយនៅទីទួលមួយនេះ នឹងទទួលបានការចាប់អារម្មណ៍ពីទេសចរច្រើនជាងមុន ពេលស្ថានភាពជំងឺកូវីដ-១៩ធូរស្បើយ។ ត្រង់ចំណុចនេះលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ បានលើកឡើងថា អាជ្ញាធរជាតិអប្សរា នឹងសហការជាមួយពលរដ្ឋក្នុងតំបន់នោះ ដើម្បីធ្វើផ្លូវចូលទៅប្រាសាទវិញ។ កន្លងមក ដោយសារពលរដ្ឋ ដាំដំណាំ និងធ្វើចម្ការ ទើបធ្វើឱ្យបាត់ផ្លូវចូលប្រាសាទ។ សកម្មភាពអ្នកជំនាញជួសជុលប្រាសាទត្រពាំងផុ។ រូបភាពពី អាជ្ញាធរជាតិអប្សរា «យើងនឹងធ្វើការងារនេះ ដោយសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់។ បងប្អូនមួយចំនួនដែលរស់នៅជិតប្រាសាទនេះ គាត់ដាំដំណាំ ធ្វើឲ្យបាត់បង់សោភ័ណភាពប្រាសាទ និងបាត់ផ្លូវចូលប្រាសាទផងដែរ។ យើងនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាឲ្យមានផ្លូវចូលដល់ប្រាសាទ»។ ការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់រលួស ជាគោលបំណងចម្បងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលទស្សនាប្រាសាទក្នុងតំបន់នេះ។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ លោក ឡុង កុសល បានសង្កត់ធ្ងន់ថា៖ «ក្រៅពីចង់ឲ្យភ្ញៀវទេសចរគាត់ទៅទស្សនាប្រាសាទធំៗ យើងក៏ចង់ឲ្យភ្ញៀវជាតិ និងអន្តរជាតិ ទៅទស្សនាប្រាសាទតូចៗ ដែលកន្លងមកគិតថា វាមិនសូវមានសារសំខាន់ តែតាមពិតប្រាសាទទាំងអស់ មានគុណតម្លៃរបស់វារៀងៗខ្លួន»។ ដ្បិតថា ប្រាសាទត្រពាំងផុង ស្ថិតនៅលើទួលមួយតែឯងពិតមែន តែនៅតំបន់រលួសមានប្រាសាទបុរាណជាច្រើនដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទលលៃ និងប្រាសាទជាច្រើនទៀត។ ភ្ញៀវទេសចរមួយចំនួន កម្របានចូលទស្សនាប្រាសាទនៅតំបន់នេះណាស់ ព្រោះគោលដៅរបស់ពួកគេ គឺទៅទស្សនាប្រាសាទអង្គរតូច និងប្រាសាទអង្គរធំជាដើម។ សូមជម្រាបថា ប្រាសាទត្រពាំងផុង ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣។ ប្រាសាទទោលមួយនេះ មានទំហំខឿន ៧ម៉ែត្របួនជ្រុង កម្ពស់១៦ម៉ែត្រ ធ្វើអំពីឥដ្ឋ ស្ថិតនៅលើទួល។ គេធ្លាប់ជួសជុល និងធ្វើកំណាយស្រាវជ្រាវនៅប្រាសាទនេះ ម្តងកាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូព៌ាប្រទេស៕ | ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលផ្នែកខាងលិចប្រាសាទត្រពាំងផុងមុនពេលកំណត់ ដោយសារប្រាសាទនេះស្ថិតនៅក្នុងតំបន់លិចទឹក ពិបាកធ្វើដំណើរក្នុងរដូវវស្សា។ បច្ចុប្បន្ន ផ្លូវទៅប្រាសាទនេះបានលិចទឹក។ ប្រាសាទត្រពាំងផុង ស្ថិតនៅលើទីទួលមួយក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រុមអ្នកជំនាញ បញ្ជាក់ថាប្រាសាទមានភាពទ្រុឌទ្រោម និងមានឫសឈើដុះចូល ធ្វើឲ្យថ្មធ្លាក់ ខូចទ្រង់ទ្រាយប្រាសាទ។ |
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ធ្នូនេះ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ទាំងពីរ អាចធ្វើឱ្យស្ថានភាពអាកាសធាតុនៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពងរាប អាចមានភ្លៀងតិចតួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។ ជាមួយគ្នានេះ ពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ ។ ចំពោះតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ៕ | ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។ ជាមួយគ្នានេះចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែធ្នូ នឹងមានឥទ្ធិពលប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន។ |
ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេសាទត្រពាំងសង្កែ អាចរកចំណូលបានពីតំបន់ទេសចរណ៍នេះ គឺតាមរយៈការបណ្ដុះកូនដើមកោងកាង បន្ទាប់ពីការនេសាទនៅសមុទ្រ និងការធ្វើស្រែចំការ។ លោក អ៊ុន កម៉ារី បេឡានៃសហគមន៍នេសាទត្រពាំងសង្កែ បានប្រាប់សម្ភាសជាមួយសារព័ត៌មានថ្មីៗ ឲ្យដឹងថា៖«សក្ដានុពលក្នុងតំបន់នេះ គឺដើមកោងកាង ដែលសហគមន៍ទទួលបាន តាមរយៈការផ្ដល់ផ្ទះស្នាក់នៅ ការផ្គត់ផ្គង់អាហារ ការដឹកជញ្ជូនភ្ញៀវទស្សនាដើមកោងកាង រួមទាំងការដាំដើមកោងកាងផងដែរ»។ សូមអញ្ជើញស្តាប់សម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន thmeythmey.com ជាមួយលោក អ៊ុន កម៉ារី បេឡានៃសហគមន៍នេសាទត្រពាំងសង្កែដូចតទៅ៖ | កំពត៖ សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់ទេសចរណ៍មួយ សម្បូរដើមកោងកាង ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ តំបន់ទេសចរណ៍នេះ ជាតំបន់ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចដាំដើមកោងកាង និងទស្សនាទេសភាពដើមកោងកាងនៅលើផ្ទៃសមុទ្រ។ ដើមកោងកាង ក្នុងសហគមន៍នេះ ជាប្រភពចំណូលដ៏ខ្លាំងក្លា ដែលសហគមន៍អាចរកចំណូលពីភ្ញៀវទេសចរ មកកម្សាន្តនៅទីនេះ។ ក្នុង១ខែ សហគមន៍នេសាទត្រពាំងសង្កែ រកចំណូលពីការបណ្ដុះកូនកោងកាងជាង២០០ដុល្លារ សម្រាប់លក់ឲ្យភ្ញៀវទេសចរ។ |
ពលរដ្ឋខ្មែរយើងខ្លះសឹងតែចាត់ទុកពាក្យ«ត្រាក់ទ័រ»ជាភាសាខ្មែរទៅហើយ។ ក្រៅពីពាក្យត្រាក់ទ័រ ខ្មែរយើងក៏និយមប្រើដែរ ហើយវាសុទ្ធតែជាពាក្យកម្ចីពីបារាំង។ ពាក្យទាំងនោះមានដូចជា តុងទីន នីឡុង បេតុង ប៊ីយេរ ឬឡាប់យេរ ម៉ាស៊ីន បាល់ មេដាយ ម៉ូត ស្ទីល ស៊េរី ស៊ុប ឬស៊ូបិ៍ កម្ម៉ង់ ម៉ាស៊ីន បាល់ មេដាយ ពរ្សឺឡែន ទួរណឺវិស ជាដើម៕ | វចនានុក្រុមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យ«ត្រាក់ទ័រ»ដែលពលរដ្ឋខ្មែរយើងស្គាល់ថាជាគ្រឿងចក្រប្រដាប់ដោយម៉ាស៊ីនសម្រាប់ប្រើក្នុងការឈូសចូកដីនោះ គឺជាពាក្យកម្ចីពីបារាំង។ Tracteur ជាភាសាបារាំង។ |
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ ២០២២ ដដែលនេះក៏មានការរៀបចំកម្មវិធី Meet and Greet ដែលជាការជួបសំណេះសំណាលជាមួយនឹងកញ្ញា CL ដោយមានការចូលរួមពីសំណាក់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងកំពូលតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូប ហើយក៏មានហ្វេនៗជាច្រើននាក់ទៀតផង។ សម្រាប់កម្មវិធី Meet and Greet គឺជាការស្វាគមន៍ដ៏មានន័យ និង កក់ក្ដៅបំផុតចំពោះកញ្ញា CL និងជាការចងចំាដ៏ពិសេសមួយដែលមិនអាចបំភ្លេចបាន។ បន្ទាប់ពីកម្មវិធី Meet and Greet ក៏មានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុតលើសគេប្រចាំឆ្នាំ 2022 គឺ VATTANAC វ ALL IN FESTIVAL ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាដូចជា៖ លោក G-Devith, លោក នីកូ, លោក ពូឃ្លាំង, កញ្ញា មាស សុខសោភា, ក្រុម Cambodia Idol Top 4 លោក ស៊ឹម ច័ន្ទពន្លឺ, លោក លឹម តិចម៉េង, លោក ថុល សុភិទិ, និង លោកនាង ដាវីន និងមានការចូលរួមពីក្រុមអ្នកគាំទ្រយ៉ាងច្រើនកុះករទៀតផង។ បន្ថែមពីនេះ ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ការបង្កើតព្រឹត្តិការណ៍ដ៏ធំនេះឡើង ក៏ព្រោះតែជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺ ភាពរីករាយ ដូច្នេះយើងក៏កំពុងនឹងបំពេញបេសកកម្មដើម្បីនាំមកនូវភាពសប្បាយរីករាយ និងការកម្សាន្តដ៏អស្ចារ្យលើសគេជូនដល់ប្រជាជនកម្ពុជា។ សម្រាប់ព្រឹត្តិការណ៍ដ៏កក្រើកបំផុត VATTANAC វ ALL IN FESTIVAL នេះ គឺជាព្រឹត្តិការណ៍ដ៏កំពូលនៃព្រឹត្តិការណ៍ទាំងអស់ដែលយើងបានធ្វើរហូតមកដល់ពេលនេះ ដោយបានប្រមូលផ្តុំនូវអ្វីដែលល្អបំផុតរបស់ប្រទេសកម្ពុជា ក៏ដូចជាការនាំយកនូវវត្តមានកំពូលតារាចម្រៀង K-pop កញ្ញា CL មកកាន់ឆាកដ៏ធំបំផុតជាងគេ ដែលបំពាក់នូវឧបករណ៍បច្ចេកទេសល្អទំនើបជាងគេមកពីបរទេស ទាំងគុណភាពសំលេង ទាំងភ្លើង និងឆាកតន្រ្តី ដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើនោះទេនៅក្នុងប្រទេសកម្ពុជាយើង។ ម្យ៉ាងវិញទៀត កញ្ញា CL មានវត្តមានជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺកញ្ញា CL មានភាពសប្បាយរីករាយខ្លាំងមែនទែន ដោយសារការយកចិត្តដាក់ពីអ្នករៀបចំកម្មវិធី និង ការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រតាំងពីអាកាសយានដ្ឋានភ្នំពេញរហូតដល់កម្មវិធី Meet and Greet និងបន្តដល់ក្នុងការប្រគំតន្ត្រីដ៏ធំបំផុតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទៀតផង ទោះបីជាការសម្ដែងទាំងមានភ្លៀវធ្លាក់ ក៏អ្នកគាំទ្រនៅតែមិនចុះចាញ់ ទើបធ្វើឱ្យកញ្ញា CL មានអារម្មណ៍រំភើបរីករាយក្រៃលែង និងបន្តការស្នាក់នៅសម្រាប់ដំណើរកម្សាន្តនៅរាជធានីភ្នំពេញក្នុងរមណីយដ្ឋាន វត្តភ្នំដូនពេញ ដែលជានិមិត្តរូបនៃទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ ALL IN FESTIVAL បានបន្សល់ទុកនូវទិដ្ឋភាពដ៏សប្បាយរីករាយ រូបភាពហ៊ោកញ្ជៀវ រំភើបអស្ចារ្យពីបណ្ដាក្រុមអ្នកគាំទ្រ និងអ្នកចូលរួមជាច្រើន ជាមួយការសម្តែងពិសេសៗរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ក៏ដូចជាការសម្តែងរបាំប្រពៃណីដែលជាវប្បធម៌ជាតិខ្មែរ ជាពិសេសការសម្ដែងក្បាច់គុនល្បុក្កតោ ដែលទើបតែនឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ (UNESCO) ដែលជាមោទកភាពជាតិប្រជាជនខ្មែរយើង។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែនាំយកនូវព្រឹតិ្តការណ៍ដ៏កក្រើក និងធំលើសគេ អស្ចារ្យលើសគេ ដែលមិនធ្លាប់មានពីមក ហើយក៏យើងសង្ឃឹមថា VATTANAC វ ALL IN FESTIVAL នឹងបន្សល់ទុកនូវការចងចាំដ៏អស្ចារ្យ និងយូរអង្វែងដល់អ្នកទាំងអស់គ្នា។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏តែបន្តផ្ដល់នាំយកនូវ ការកម្សាន្ត ភាពសប្បាយរីករាយបែបនេះ និងព្រឹត្តិការណ៍ធំៗបែបនេះបន្តទៀតដល់អ្នកទាំងអស់គ្នាម្តងទៀតនាពេលអនាគតទទួលយកភាពសប្បាយរីករាយភាពអស្ចារ្យដែលមិនធ្លាប់មានពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានផលិផលដូចជា៖ វឌ្ឍនៈព្រីមៀមបៀរ, ស្រាបៀរគ្រុឌ និងស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលក្នុងស្រុក ផលិតតាមស្តង់ដារអន្តរជាតិ ឈរលើគុណភាព អនាម័យ សុខភាព និងមេត្រីភាពបរិស្ថាន ក្នុងការឈរនៅលើទីផ្សារប្រកួតប្រជែង ក្នុងស្រុក និងអន្តរជាតិ ៕ *ពិសាដោយការទទួលខុសត្រូវ អត្ថបទពាណិជ្ជកម្ម | កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បាននាំយកនូវវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CL ដែលជា Queen of K-Pop និងមានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ ALL IN FESTIVAL ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។ |
ជំងឺលើសសម្ពាធឈាម ច្រើនតែត្រូវបានគេនិយាយថា ជាឃាតករឈាមត្រជាក់ ដោយសារតែជំងឺនេះ មិនបង្កជារោគសញ្ញាអ្វីឲ្យអ្នកជំងឺដឹងឡើយ។ ប៉ុន្តែមានរោគសញ្ញាមួយ ដែលអាចបញ្ជាក់ពីកម្រិតសម្ពាធឈាមអ្នកបាន ហើយរឿងនេះ ក៏ត្រូវការឲ្យអ្នក យកចិត្តទុកដាក់ស្តាប់ដោយប្រុងប្រយ័ត្នដែរ។ តើអ្នកមានដឹងទេថា ការស្តាប់ឮសំឡេងបេះដូងលោតក្នុងត្រចៀក អាចជាសញ្ញាមួយ នៃជំងឺលើសសម្ពាធឈាមដែរទេ? សំឡេងនេះ នឹងឮខ្លាំង នៅពេលអ្នកគេង ឬអង្គុយក្នុងបន្ទប់ ឬកន្លែងដែលស្ងាត់។ បញ្ហានេះ ត្រូវបានគេស្គាល់ថា Pulsatile Tinnitus ហើយវាអាចបង្កឡើង ដោយជំងឺសរសៃឈាមនៅក ឬលើសសម្ពាធឈាមតែម្តង។ តើមានអ្វីកើតឡើង ទៅនៅពេលមនុស្សម្នាក់មានជំងឺលើសសម្ពាធឈាម? នៅពេលមនុស្សម្នាក់មានជំងឺលើសសម្ពាធឈាម ឈាមដែលហូរកាត់សរសៃឈាមអាក់ទែនៅក ដែលវារត់តាមត្រចៀក នឹងមានសម្ពាធបុកខ្លាំង។ នេះហើយគឺជាអ្វី ដែលធ្វើឲ្យអ្នកស្តាប់ឮសំឡេងបេះដូង។ សំឡេងនេះ ប្រហែលជាឮដូចជា ខ្ទក់ៗ ឬបុកផឹបៗ។ អ្នកជំងឺ ប្រហែលជាឮសំឡេងនេះ នៅត្រចៀកម្ខាង ឬទាំងសងខាង។ ជាទូទៅ Pulsatile Tinnitus មិនគ្រាន់តែជាអ្វីដែលត្រូវបារម្ភ និងមិនមែនជាសញ្ញាដែលថ្លង់ទេ តែវាអាចជាបញ្ហាដ៏សំខាន់មួយ ដែលអ្នកត្រូវទៅជួបពេទ្យ ដើម្បីពិនិត្យ និងព្យាបាល។ សម្រាប់គម្រោងព្យាបាលដ៏សំខាន់ ដើម្បីបន្ថយសំឡេងក្នុងត្រចៀកនេះ គឺគ្រប់គ្រងសម្ពាធឈាមឲ្យបាន។ មានន័យថា អ្នកត្រូវតែផ្លាស់ប្តូររបៀបរស់នៅ ដើម្បីបញ្ចុះសម្ពាធឈាម តាមបែបធម្មជាតិ។ បើសិនជាការធ្វើបែបនេះ មិនជោគជ័យទេ អ្នកត្រូវតែទៅជួបពេទ្យ ដើម្បីព្យាបាលហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | មធ្យោបាយដ៏ល្អបំផុត ដើម្បីកំណត់ថាអ្នកមានបញ្ហាលើសសម្ពាធឈាម ឬអត់ គឺតាមរយៈការវាស់សម្ពាធឈាម។ ដូច្នេះ តើអ្វីទៅជាជំងឺលើសសម្ពាធឈាម? |
ការចេញសេចក្តីប្រកាសព័ត៌មាននេះ គឺបន្ទាប់ពីលោកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំឧកញ៉ាៗជាសមាជិក-សមាជិក ចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែមេសានេះ។ ទំព័រហ្វេសប៊ុករបស់សម្តេច សរសេរថា សម្តេច យល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជា តាមការស្នើសុំរបស់លោកឧកញ៉ា លី យ៉ុងផាត់។ ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានណែនាំឲ្យសមាគមឧកញ៉ាកម្ពុជា ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេច ជំរុញឲ្យឧកញ៉ាទាំងអស់ រួមគ្នាធ្វើកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ ហើយត្រូវចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ សម្តេចប្រធានកិត្តិយស បានលើកយកសុភាសិតខ្មែរដែលពោលថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន» ទៅដាស់តឿនឧកញ៉ាៗ។ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ស្តីពីការទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា។ ស.ជ.ណ បញ្ជាក់ថា សម្តេច ហ៊ុន សែន ជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា ហើយសមាគមនេះ ស្ថិតក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕ | តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃ៦ ខែមេសា ឆ្នាំ២០២៣នេះ សមាគមឧកញ៉ាកម្ពុជា ដែលទើបត្រូវបានបង្កើតឡើងជាផ្លូវការ បានប្រកាសថា សមាគមឧកញ៉ាកម្ពុជា នឹងចូលរួមក្នុងសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឲ្យកាន់តែខ្ពង់ខ្ពស់ឡើងថែមទៀត។ សមាគមឧកញ៉ាកម្ពុជា ថែមទាំងប្រកាសទៀតថា នឹងលើកកម្ពស់ការគោរពច្បាប់នៅកម្ពុជា។ |
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល វៀតណាមនៅល្ងាចថ្ងៃទី២៩ ខែកក្កដា បានរកឃើញករណីឆ្លងកូរ៉ូណាវីរុសចំនួន ៤ករណី។ ក្នុងចំនួននេះ ៣ករណីគឺនៅទីក្រុងដាណាង និង១ករណីនៅទីក្រុងហាណូយ។ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា វៀតណាម បានរកឃើញករណីឆ្លងCOVID-19 ថ្មីចំនួន ៩ករណីបន្ថែមទៀត។ ក្នុងនោះ ៨ករណី គឺនៅទីក្រុងដាណាង និង១ករណីនៅទីក្រុងហាណូយ។ ករណីឆ្លងនៅក្នុងទីក្រុងហាណូយទាំងពីរករណីនេះ គឺមានទាក់ទងនឹងករណីឆ្លងនៅទីក្រុងដាណាងទាំងអស់ ព្រោះអ្នកជំងឺទាំងពីរនាក់នេះ ទើបតែត្រលប់មកពីក្រុងទេសចរណ៍មួយនេះ។ តួលេខ COVID-19 សរុបរបស់វៀតណាម បានកើនដល់ចំនួន ៤៥៩ករណី និងមិនមានករណីស្លាប់។ ចំណែកអ្នកជាសះស្បើយវិញមានចំនួន ៣៦៩នាក់។ បន្ទាប់ពីមានករណីឆ្លងនៅក្នុងទីក្រុងជាថ្មីបែបនេះ អាជ្ញាធរ បានអំពាវនាវឲ្យប្រជាជននៅក្នុងទីក្រុងហាណូយចេញទៅក្រៅពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព រក្សាអនាម័យជាដើម។ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ទីក្រុងហាណូយគ្មានករណីឆ្លង COVID-19 ជាសហគមន៍ចំនួន ១០៧ថ្ងៃមកហើយ។ ពេលនេះ ទីក្រុងហាណូយរបស់វៀតណាម កំពុងប្រឈមនឹងការឆ្លង COVID-19 ខ្ពស់ជាងគេ។ បើតាមការបញ្ជាក់របស់លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ នាពេលកន្លងមក ទីក្រុងហាណូយបានទទួលប្រជាជនដែលត្រលប់មកពីដាណាងវិញចន្លោះពី១៥០០០នាក់ ទៅ ២០០០០នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ សូមបញ្ជាក់ថា បន្ទាប់ពីមានករណីឆ្លងនៅក្នុងទីក្រុងដាណាង វៀតណាម បានចាត់វិធានការយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរាតត្បាតនៅក្នុងប្រទេស។ រដ្ឋាភិបាលវៀតណាម បានបញ្ជាឲ្យបិទការហោះហើរចេញចូលពីក្រុងដាណាងទាំងអស់ ចំណែកការធ្វើដំណើរនៅក្នុងទីក្រុងនេះ ក៏មិនអនុញ្ញាតដែរ លើកលែងតែករណីចាំបាច់។ ក្រៅពីនេះ រដ្ឋាភិបាល ក៏បានពង្រឹងការត្រួតពិនិត្យតាមព្រំដែនផងដែរ ដោយសារបារម្ភពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលអាចចម្លង COVID-19 កាន់តែខ្លាំងថែមទៀតនៅវៀតណាម៕ | វៀតណាម បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន១៣ករណីទៀតនៅថ្ងៃទី២៩ និងទី៣០ ខែកក្កដា។ ក្នុងចំណោម១៣ករណីនេះ ទីក្រុងដាណាងមាន ១១ករណី និងហាណូយមានពីរករណី។ ការណ៍នេះ បានធ្វើឲ្យទីក្រុងហាណូយមានករណីឆ្លងជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។ |
ព្រឹត្តិការណ៍កីឡាបាល់ទះលើឆ្នេរខ្សាច់អន្តរជាតិលើកទី៣ ឆ្នាំ២០២០ របស់ស្រាបៀរ អាន់ឆ័រ នេះ ត្រូវបានរៀបចំឡើង ដោយមានកិច្ចសហការគ្នា រវាងស្ថាប័នល្បីល្បាញពីរគឺ សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងបំណងចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទះនៅក្នុងកម្ពុជា និងជាឱកាសមួយសម្រាប់យុវជន ដែលស្រឡាញ់កីឡាបាល់ទះ បានបញ្ចេញសមត្ថភាព បទពិសោធន៍ និងពង្រឹងបច្ចេកទេសរបស់ខ្លួន ក្នុងការលេងបាល់ទះផងដែរ។ លោក Oguz Demirgenci ប្រធានក្រុមបច្ចេកទេសនៃ FIVB បានមានប្រសាសន៍ថា៖ «ការដែលមានព្រឹត្តិការណ៍នេះជាប់លាប់នៅកម្ពុជា ពិតជាល្អ និងសំខាន់ណាស់ ព្រោះ ខ្ញុំមើលឃើញថា ព្រឹត្តិការណ៍នេះ កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទីតាំងនៃការប្រកួតទៀតសោត មានភាពស្រស់ស្អាត នេះក៏ដោយសារតែក្រុមហ៊ុន ស្រាបៀរ អាន់ឆ័រ និងសហព័ន្ធកីឡាបាល់ទះកម្ពុជា យកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍នេះ ដែលវាពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះ FIVB»។ លោកបន្តថា៖«យើងសប្បាយចិត្តណាស់ នៅពេលដែលបាល់ទះលើឆ្នេរខ្សាច់ ត្រូវបានពង្រីកជាបន្តបន្ទាប់នៅទ្វីបអាស៊ី ដែលវានឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយធ្វើឱ្យវិស័យកីឡានៅក្នុងពិភពលោក កាន់តែរីកចម្រើន។ ក្នុងនាម FIVB យើងសូមកោតសរសើរ ចំពោះក្រុមហ៊ុន ស្រាបៀរ អាន់ឆ័រ សហព័ន្ធកីឡាបាល់ទះកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា សម្រាប់បដិសណ្ឋារកិច្ចដ៏ល្អ និងការងារដ៏អស្ចារ្យនេះ ហើយយើងសង្ឃឹមថា នឹងបន្តរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យនេះនាពេលអនាគតទៀត»។ ទីលានប្រកួត Anchor International Beach Volleyball Carnival 2020 ត្រូវបានតុបតែងដោយឆ្នេរខ្សាច់ធម្មជាតិដ៏សែនស្រស់ស្អាតពិតៗ គួរជាទីទាក់ទាញបំផុត។ នៅជុំវិញទីលានប្រកួត មានការរៀបចំកៅអីអង្គុយ និងមានការដាក់តាំងលក់ស្រាបៀរអាន់ឆ័រ ដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសាស្រាបៀរអាន់ឆ័របណ្តើរ ទស្សនាបណ្តើរ ប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗ យ៉ាងដូច្នេះដែរ។ សូមជម្រាបថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទះនារីលើឆ្នេរខ្សាច់ 2020 WOMEN'S FIVB WORLD TOUR ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV ទំព័រហេ្វសប៊ុករបស់ស្រាបៀរអាន់ឆ័រhttps://www.facebook.com/AnchorBeerKH/ និងគេហទំព័រYouTube របស់FIVB https://www.youtube.com/channel/UCHQUWveEpeO1KTkwbDn6jNA ផងដែរ។ សូមត្រៀមខ្លួន ទទួលយកនូវបទពិសោធន៍ថ្មីមួយទៀត នៃការលេងបាល់ទះលើឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ ក្នុងកម្មវិធី Anchor International Beach Volleyball Carnival 2020។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុត សម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់ សរុបជាង ៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។ រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាស្រាបៀរ អាន់ឆ័រ ដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម) | សៀមរាប៖ ការប្រកួតបាល់ទះនារីលើឆ្នេរខ្សាច់ដ៏កក្រើកប្រចាំឆ្នាំ២០២០(2020 WOMEN'S FIVB WORLD TOUR) នៃព្រឹត្តិការណ៍កីឡាបាល់ទះលើឆ្នេរខ្សាច់អន្តរជាតិលើកទី៣ ឆ្នាំ២០២០ របស់ស្រាបៀរ អាន់ឆ័រ (3rd Anchor International Beach Volleyball Carnival 2020) ត្រូវបានរៀបចំឡើងយ៉ាងធំ និងអស្ចារ្យបំផុត ជាថ្មីម្តងទៀតនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទឹកដីប្រទេសកម្ពុជា។ ការប្រកួតនេះបានចាប់ផ្តើមនៅខេត្តសៀមរាប ពីថ្ងៃទី៥-៩ ខែកុម្ភៈ ឆ្នាំ២០២០ (បាល់ទះផ្នែកនារី) និងរាជធានីភ្នំពេញ ពីថ្ងៃទី១៩-២៣ ខែកុម្ភៈ ឆ្នាំ២០២០ (បាល់ទះផ្នែកបុរស) ដោយមានក្រុមកីឡាករឆ្នើមៗរបស់កម្ពុជា និងអន្តរជាតិចូលរួមប្រកួតដល់ទៅ ៤៨ក្រុម មកពី១៧ប្រទេស ជុំវិញពិភពលោក។ |
កីឡាករវ័យ ៣០ឆ្នាំ បានចូលរួមជាមួយនឹងក្រុម Bayern Munich ជាមួយកិច្ចសន្យារយៈពេល ៤ឆ្នាំ ដោយតាមរបាយការណ៍ការផ្ទេរមានតម្លៃ ១០០លានអឺរ៉ុ (១១០លានដុល្លារ) បូករួមជាមួយនឹងប្រាក់បូកបន្ថែមផង។ Kane បានបង្ហាញខ្លួនលេងលើកដំបូងឱ្យក្រុមអំឡុងការប្រកួត Bayern រងបរាជ័យ ៣-០ ក្រោមថ្វីជើង RB Leipzig ក្នុងពានរង្វាន់ German Super Cup។ ទោះជារកបានគ្រាប់បាល់ច្រើនរាល់ការប្រកួតពីមួយរដូវកាលទៅមួយរដូវកាលនៅ Premier League និង Champions League ក្តី តែខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ មិនធ្លាប់បានឈ្នះពានរង្វាន់ទាំងនៅកម្រិតអន្តរជាតិ និងកម្រិតក្លិបទាល់តែសោះ ជាពិសេសជាមួយនឹងក្រុម Tottenham Hotspur។ និយាយក្នុងសន្និសីទកាសែត Kane ថារូបគេចង់ទទួលបានភាពល្អប្រសើរនៃអាជីពរបស់ខ្លួន ហើយចង់ឈ្នះពានរង្វាន់អន្តរជាតិនានា ក៏ដូចជាពានរង្វាន់ Champions League។ «ក្នុងអាជីពរបស់ខ្ញុំ យើងចង់បន្តភាពល្អប្រសើរ ជួយរុញច្រានខ្លួនខ្ញុំបន្ថែមទៀតដើម្បីទៅឱ្យបានឆ្ងាយជាងនេះ។ ខ្ញុំចឹងប្រកួតនៅកម្រិតអន្តរជាតិ ក្នុងការប្រកួត Champions League និងប្រជែងសម្រាប់ពានរង្វាន់នានារាល់ឆ្នាំ ការផ្លាស់មកកាន់ក្រុម Bayern នឹងផ្តល់ឱ្យខ្ញុំនូវឱកាស ខ្ញុំក៏សម្លឹងមើលទៅមុខចំពោះការប្រកួតប្រជែងមួយនេះ។»។ Kane បាននិយាយបែបនេះ។ នៅ Spurs ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរកបានគ្រាប់បាល់សម្រាប់ក្រុមចំនួន ២៨០គ្រាប់ ពីការបង្ហាញខ្លួន ៤៣០លើកនៅក្លិប ហើយនៅជម្រើសជាតិរូបគេបង្ហាញខ្លួន ៨៤លើក រកបាន ៥៨គ្រាប់។ Kane ក៏ជាកីឡាករទីពីរដែលរកបានគ្រាប់បាល់នៅ Premier League ច្រើនជាងគេដល់ទៅ ២១៣គ្រាប់ បន្ទាប់ពីលោក Alan Shearer ដែលមានគ្រាប់បាល់ចំនួន ២៥០គ្រាប់ លើស Kane ចំនួន ៤៧គ្រាប់។ Bayern កំពុងស្វែងរកខ្សែប្រយុទ្ធមុតស្រួច ចាប់តាំងពី Robert Lewandowski បានចាកចេញកាលពីឆ្នាំមុន ហើយក្រុមចាប់ផ្តើមជួបបញ្ហាក្នុងការបញ្ចប់ទី។ កាលឆ្នាំ ២០២០ Bayern Munich ជាក្រុមម្ចាស់ជើងឯក Champions League ដែលជាពានអឺរ៉ុបចុងក្រោយដែលគេបានឈ្នះ ហើយបញ្ចប់រដូវកាលមុនដោយឈ្នះពាន Bundesliga នោះក៏ជាពានរង្វាន់លើកទី១១ ជាប់គ្នាសម្រាប់ពួកគេ៕ | Harry Kane បានចាកចេញពី Tottenham Hotspur ដែលរូបគេបានប្រើពេលស្នាក់នៅរយៈពេល ១៩ឆ្នាំ ដើម្បីទៅចូលរួមជាមួយនឹងក្រុម Bayern Munich។ ប្រធានក្រុមអង់គ្លេសរូបនេះ ថាផ្លាស់ទៅក្រុមយក្សអាល្លឺម៉ង់ ដើម្បីស្វែងរកការឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីព។ |
ដើម្បីពង្រីកប្រតិបត្តិការណ៍ និងវិសាលភាពផ្សព្វផ្សាយកីឡាឲ្យកាន់តែធំនិងល្បីល្បាញទាំងក្នុងតំបន់អាស៊ីនិងពិភពលោក ស្ថាប័នប្រដាល់ ONE Championship បានតែងតាំងអ្នកស្រី Meghan Jenkins អតីតមន្ត្រីជាន់ខ្ពស់សមាគមកីឡាបាល់បោះ National Basketball Association ឲ្យធ្វើជាអនុប្រធានផ្នែកអន្តរជាតិ។ អ្នកស្រី Meghan Jenkins ជាអតីតអនុប្រធាន និងជាប្រធានយុទ្ធសាស្ត្ររបស់ NBA Asia នៅទីក្រុងហុងកុង ដែលបានចូលកាន់តំណែងតាំងពីឆ្នាំ២០១៥។ មុនផ្ទេរមកហុងកុង អ្នកស្រីជាមន្ត្រីធ្វើការនៅទីស្នាក់ការកណ្តាលរបស់ NBA ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយអ្នកស្រីបានចំណាយពេលជាង១០ឆ្នាំប្រឡូកក្នុងសកម្មភាពដឹកនាំវិស័យកីឡាទូទាំងពិភពលោក។ ជាមួយការបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ Meghan ប្តេជ្ញាយកបទពិសោធដែលនាងធ្លាប់ធ្វើការនៅ NBA ដើម្បីជួយអភិវឌ្ឍន៍ស្ថាប័នប្រដាល់ ONE Championship ឲ្យកាន់តែល្បីល្បាញថែមទៀត។ «ខ្ញុំរំភើបខ្លាំងណាស់ដែលបានចូលរួមក្នុងស្ថាប័ន ONE Championship។ ខ្ញុំនឹងប្រើប្រាស់បទពិសោធដ៏មានតម្លៃរបស់ខ្ញុំ ដែលបានជួយសមាគមកីឡា NBA ឲ្យបានក្លាយជាកន្លែងនាំមុខគេក្នុងអន្តរជាតិ មកជួយ ONE Championship ឲ្យជោគជ័យថែមទៀត»។ នេះជាការប្តេជ្ញាចិត្តរបស់អ្នកស្រី Meghan។ Meghan ដែលបានសិក្សាលើឱកាសទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយ នាងសង្កេតឃើញថា ទីផ្សារបណ្តាញផ្សព្វផ្សាយកីឡាកំពុងអភិវឌ្ឍន៍ខ្លាំងនៅអាស៊ី ខណៈ ONE Championship បានចាប់យកទីផ្សារធំជាងគេនៅតំបន់នេះ។ អ្នកស្រីបន្ថែមថា៖«ខ្ញុំទន្ទឹងដើម្បីធ្វើការជាមួយ Chatri ក៏ដូចជាក្រុមរបស់ ONE ទាំងអស់ដើម្បីកសាង ONE Championship ឲ្យក្លាយជាស្ថាប័នកីឡាដ៏មានអំណាចលើសកលលោក»។ ប្រធាន និងជានាយកប្រតិបត្តិរបស់ ONE លោក Chatri Sityodtong បានចាត់ទុកវត្តមានរបស់អតីតមន្ត្រីជាន់ខ្ពស់ស្ថាប័ន NBA ខាងលើថា វាកិត្តិយសដ៏ក្រៃលែងសម្រាប់ ONE ដែលមានធនធានពោរពេញដោយបទពិសោធមកធ្វើការរួមគ្នា។ លោកបានបញ្ជាក់បន្ថែមថា៖«Meghan នឹងធ្វើការជាមួយខ្ញុំផ្ទាល់ ក៏ដូចជាសមាជិកថ្នាក់ដឹកនាំផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាដឹកនាំស្ថាប័ន ONE Championship ឲ្យក្លាយទៅជាស្ថាប័នផ្សព្វផ្សាយកីឡាតម្លៃរាប់លានដុល្លារដំបូងតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រអាស៊ី»។ កាលពីថ្ងៃសុក្រ ទី២៥ ខែមករា ONE Championship ប្រកាសធ្វើជាដៃគូផ្តាច់មុខជាមួយស្ថាប័នក្បាច់គុន Shooto ផងដែរ។ ស្ថាប័នកីឡាដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរីនេះ ក៏បានធ្វើឲ្យកក្រើកពិភពគុននាចុងឆ្នាំ២០១៨ដែរ តាមរយៈការប្រកាសចុះហត្ថលេខាបញ្ចូលកីឡាករចំណូលថ្មីចំនួនបីរូប គឺអតីតតារាប្រដាល់ UFC ដ៏ល្បីឈ្មោះ Demetrious Johnson និង Eddie Alvarez រួមទាំង Sage Northcutt ដែលធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង៕ | អតីតមន្ត្រីជាន់ខ្ពស់ស្ថាប័នកីឡា NBA អ្នកស្រី Meghan Jenkins ត្រូវបានតែងតាំងឲ្យធ្វើជាអនុប្រធានផ្នែកអន្តរជាតិប្រចាំស្ថាប័នប្រដាល់ដ៏ធំលំដាប់ពិភពលោក ONE Championship។ នាយកប្រតិបត្តិ ONE លោក Chatri Sityodtong បានបញ្ជាក់ថា លោកនឹងធ្វើការជាមួយ Meghan ដើម្បីពង្រីកឲ្យ ONE ក្លាយជាស្ថាប័នផ្សព្វផ្សាយកីឡាធំជាងគេ និងមានតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រនៅអាស៊ី។ |
ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានបញ្ចេញរបាយការណ៍ចុងក្រោយមួយដែលមានកម្រាស់ ៤៤៤ ទំព័រ ហើយបានអំពាវនាវឲ្យមានការកែទម្រង់ក្បាលម៉ាស៊ីនដឹកនាំមីយ៉ាន់ម៉ា និងធ្វើយ៉ាងណាជម្រះឥទ្ធិពលក្រុមយោធាឲ្យអស់ពីនយោបាយរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមស៊ើបអង្កេតនោះបានអះអាងថា រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាគួរតែចាប់ផ្តើមបន្តការប្រឹងប្រែងដើម្បីធានាថា ក្រុមយោធា Tatmadaw ដែលមានអំណាចលើសលុបក្នុងឆាកនយោបាយនោះ នឹងបាត់បង់ឥទ្ធិពលរបស់ខ្លួន។ ក្រុមនេះសង្កត់ធ្ងន់ថា ថ្វីបើមានការកែទម្រង់ចាប់ពីឆ្នាំ ២០១១ ក៏ដោយ ក្រុមយោធាដែលកាន់កាប់អំណាចចាប់ពីឆ្នាំ ១៩៦១មកនោះនៅតែរក្សាឥទ្ធិពលរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធិភាពក្នុងកិច្ចការសម្រេចរបស់រដ្ឋធំៗផង។ ក្រុមនេះកាន់កាប់អាសនៈសភា ២៥ភាគរយ និងមានអំណាចកាន់កាប់ក្រសួងសំខាន់ៗចំនួនបីមានការពារជាតិ មហាផ្ទៃ និងទទួលបន្ទុកព្រំដែនផង។ តាមពិតទៅ ក្រុមយោធារងការថ្កោលទោស និងចោទប្រកាន់ថាជាប់ពាក់ព័ន្ធការបង្ក្រាបយ៉ាងព្រៃផ្សៃដែលកើតឡើងតាំងពីឆ្នាំមុនបានបង្ខំឲ្យប្រជាជនរ៉ូហ៊ីងយ៉ាច្រើនជាង ៧ សែននាក់រត់ភៀសខ្លួនទៅកាន់ទឹកដីបង់ក្លាដែស។ ក្រុមសិទ្ធិមនុស្ស និងអង្គការអន្តរជាតិចោទថា ក្រុមយោធាប្រព្រឹត្តសកម្មភាពបោសសម្អាតជនជាតិភាគតិច រំលោភសម្លាប់ និងដុតផ្ទះប្រជាជនភាគតិចទាំងនោះផង។ វាមានរបាយការណ៍ថា ប្រជាជនប្រហែល ១ម៉ឺននាក់បានស្លាប់ដោយសារការបង្ក្រាបនេះ។ ត្រឡប់មកវិញ បញ្ហាឥទ្ធិពលយោធាក្នុងនយោបាយនេះ ត្រូវបានលោកស្រី អ៊ុងសាន ស៊ូជី ទទួលស្គាល់ផងដែរ។ លោកស្រីបានបញ្ជាក់ថា វាក៏ជាគោលដៅរបស់លោកស្រីក្នុងការបញ្ចប់ឥទ្ធិពលរបស់ក្រុមយោធាដែរព្រោះវាជាឧបសគ្គនៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នាវេទិកាសេដ្ឋកិច្ចពិភពលោកនៅវៀតណាមសប្តាហ៍មុន លោកស្រីបានអះអាងថា រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ានៅតែបន្តតស៊ូមតិដើម្បីធានាថា ការផ្លាស់ប្តូរដើម្បីឲ្យរាល់អាសនៈទាំងអស់ត្រូវជ្រើសរើសដោយប្រជាជនដោយសេរី។ ប៉ុន្តែទីប្រឹក្សារដ្ឋនេះសង្កត់ធ្ងន់ថា រាល់ការផ្លាស់ប្តូរត្រូវធ្វើតាមការចរចា និងផ្សះផ្សាជាតិ មិនមែនធ្វើទាំងបង្ខំឡើយព្រោះសន្តិភាព និងស្ថិរភាព ក៏ដូចជាការផ្សះផ្សាជាតិជាគោលដៅធំបំផុតមួយរបស់រដ្ឋាភិបាលស៊ីវិល។ | ថ្ងៃអង្គារទី ១៨ ខែកញ្ញា អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការបញ្ចប់ឥទ្ធិពលក្រុមយោធាក្នុងបរិបទនយោបាយមីយ៉ាន់ម៉ា ស្របពេលដែលស្ថាប័ននេះបញ្ចេញរបាយការណ៍ចុងក្រោយដែលទាមទារជាថ្មីឲ្យមានការកាត់ទោសក្រុមយោធាមីយ៉ាន់ម៉ាជាន់ខ្ពស់ដែរ។ |
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ប្រមុខរដ្ឋវៀតណាម លោក ង្វៀន ហ្វ៊ូជុង និងថ្នាកដឹកនាំកម្ពុជា បានឯកភាពចែករំលែកព័ត៌មានឱ្យបានទៀងទាត់ និងសហការសម្របសម្រួលគ្នាឲ្យមានប្រសិទ្ធភាព រួមទាំងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងតំបន់។ ជាពិសេសក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ ដែលជាការរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។ ជាមួយគ្នានេះភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការការពារជាតិ ដោយប្ដេជ្ញាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកម្លាំងយោធាណាមួយ នៅលើទឹកដីខ្លួន ហើយបង្កអសន្តិសុខដល់ប្រទេសដទៃឡើយ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលបានស្រង់សម្តីថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម បានសរសេរដូច្នេះថា៖«ឯកភាពគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងនយោបាយ ឬកម្លាំងយោធាណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសខ្លួន ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិនៃប្រទេសមួយទៀត និងដោះស្រាយបញ្ហានានាដែលកើតមានរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ពង្រឹងការសម្របសម្រួលគ្នា ក្នុងគោលដៅថែរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសទាំងពីរ»។ កន្លងមកកម្ពុជា ធ្លាប់ត្រូវបានប្រទេសមហាអំណាចដាក់ការសង្ស័យថា កម្ពុជាអាចនឹងបើកផ្លូវឲ្យចិន ដាក់មូលដ្ឋានទ័ពលើទឹកដី ដើម្បីបង្កើនឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូចិនជាដើម។ ក្នុងរបាយការណ៍វាយតម្លៃរបស់អាមេរិកនេះ បានលើកយកការក្ដោបក្ដាប់អំណាចរបស់គណបក្សប្រជាជន ដែលកំពុងមានទំនាក់ទំនងស្អិតល្មួតជាមួយចិន មកបរិយាយប្រមាណជា៣បន្ទាត់ថា គណបក្សកាន់អំណាចមួយនេះ នឹងអាចកែប្រែរដ្ឋធម្មនុញ្ញកម្ពុជា ហើយបើកផ្លូវឲ្យកងទ័ពចិន អាចឈរជើងនៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។ របាយការណ៍វាយតម្លៃការគំរាមកំហែងពិភពលោករបស់អាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី២៩ មករា ជាភាសាអង់គ្លេស ហើយមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ការឈានឆ្ពោះទៅរកភាពផ្ដាច់ការរបស់កម្ពុជា ដែលស្ដែងឡើងតាមរយៈការរក្សាអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងការគ្របដណ្ដប់យ៉ាងពេញលេញនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចឲ្យវត្តមានកងទ័ពចិននៅក្នុងប្រទេស»។ អត្ថបទទាក់ទង អាមេរិក ព្រមានថា CPP អាចកែធម្មនុញ្ញបើកផ្លូវឲ្យមានកងទ័ពចិននៅកម្ពុជា តែអ្នកនាំពាក្យ ច្រានចោល កម្ពុជា នឹងពិចារណា! បើអាមេរិកចង់សុំពិនិត្យតំបន់ ដែលសង្ស័យមានមូលដ្ឋានទ័ពចិន ប៉ុន្តែការលើកឡើងរបស់អាមេរិកបែបនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បដិសេធ។ កម្ពុជាចាត់ទុកការវាយតម្លៃរបស់អាមេរិកនេះ ជាការសង្ស័យគ្មានមូលដ្ឋានគ្រឹះ ហើយគ្រាន់តែជាទស្សនបំផុសបំផុលរូបភាពអ្វីមួយមិនល្អពីកម្ពុជា ដោយសារតែឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ នៅត្រង់ជំពូកទី៤ និយាយអំពីរបបនយោបាយ នៃមាត្រា៥៣ ត្រង់ចំណុចទី៤ បានចែងថា«ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាខ្លួននៅលើទឹកដីបរទេសដែរ លើកលែងតែក្របខណ្ឌសំណូពររបស់អង្គការសហប្រជាជាតិ»៕ | ភ្នំពេញ៖ កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នា លើផ្នែកការពារជាតិ ដោយសម្រេចមិនអនុញ្ញាតឲ្យមានកម្លាំងនយោបាយ ឬកម្លាំងយោធាណាមួយ ប្រើប្រាស់ទឹកដីខ្លួន បង្កើនកម្លាំង ដើម្បីគំរាមកំហែងប្រទេសជាតិដទៃឡើយ។ នេះជាការឯកភាពគ្នារវាងលោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំកម្ពុជា។ |
លោក យាង វណ្ឌី បានប្រាប់សារព័ត៌មានថ្មីៗថា លោក រ៉ម រើន បានទទួលមរណភាព នៅទីក្រុងឡងប៊ិច សហរដ្ឋអាម៉េរិក។ មកដល់ពេលនេះ លោកមិនទាន់ដឹងឡើយ ថាសពនឹងត្រូវបូជានៅថ្ងៃណា។ «ខ្ញុំក៏មិនទាន់ដឹងដែរ ថាគេបូជាពេលណា។ ប៉ុន្តែភាគច្រើននៅបរទេស គេច្រើនតម្កល់សព ទុកឱ្យសាច់ញាតិមកគោរពវិញ្ញាណក្ខន្ធសិន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យាង វណ្ឌី។ បើតាមក្រុមព្រះសុរិយា លោក រ៉ម រើន ជាអតីតតារាចម្រៀងដ៏ល្បីល្បាញ ក្នុងទសវត្សរ៍ទី៨០និង៩០។ លោកមានស្រុកកំណើតពីខេត្តបាត់ដំបង។ លោកធ្លាប់ជាដៃគូចម្រៀងដ៏ជិតស្និទ្ធជាមួយអ្នកស្រី ឡឹម វណ្ណារី អ្នកស្រី ឆោម ឆវិន និងអ្នកស្រី សុខ សុខុម ជាដើម។ លោកជាសិល្បករពហុជំនាញដ៏ឆ្នើមមួយរូប ដោយលោកចេះច្រៀងចម្រៀងបុរាណ សម័យ ប្រពៃណី ចាប៉ី អាយ៉ៃ និងចេះលេងឧបករណ៍ភ្លេងជាច្រើនទៀត៕ | ភ្នំពេញ៖ លោក រ៉ម រើន អតីតតារាចម្រៀងក្នុងទសវត្សរ៍ទី៨០ បានទទួលមរណភាព ដោយជំងឺបេះដូងក្នុងជន្មាយុ៦៧ឆ្នាំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសហរដ្ឋអាម៉េរិក ដោយត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នៅកម្ពុជា។ នេះបើតាមលោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា។ |
ត្រីពោ គឺជាប្រភេទត្រីឥតស្រកា អម្បូរជាមួយត្រីប្រាដែរ។ វារស់នៅក្នុងទន្លេ និងបឹងធំៗ ដូចជាទន្លេមេគង្គ និងបឹងទន្លេសាបជាដើម ទីដែលពួកវាអាចរក ខ្យង ខ្ចៅ កំពឹស រុក្ខជាតិ និងត្រី ជាអាហារបាន។ ប្រជានេសាទនៅតាមតំបន់ខ្លះ បានហៅត្រីប្រភេទនេះថា ««ត្រីពោត្រចៀកខ្មៅ» ដោយពួកគាត់សម្គាល់ទៅលើស្នាមអុជខ្មៅមួយ នៅផ្នែកខាងលើធ្មុងព្រុយទ្រូង ក្បែរគម្របស្រកី។ បន្ថែមពីលើនេះ ក្រៅពីអុជខ្មៅនៅលើធ្មុងព្រុយទ្រូង យើងអាចកត់សម្គាល់ត្រីពោ ដោយសង្កេតមើលនៅលើព្រុយកន្ទុយ មានឆ្នូតខ្មៅពីរ (សូមពិនិត្យមើលក្នុងរង្វង់ក្រហមនៃរូបភាពខាងលើ)។ ត្រីពោ មានឈ្មោះ Spot pangasius (Pangasius larnaudii)មានប្រវែងដងខ្លួនអតិបរមា ១៣០ សង់ទីម៉ែត្រ។ ក្រៅពីរស់នៅក្នុងធម្មជាតិ ត្រីពោ ក៏អាចរស់នៅតាមស្រះ តាមបែរចិញ្ចឹមត្រី ដូចពពួកត្រីប្រាដែរ៕ | ដោយ៖ ឈុត ទូច |
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ បានបង្ហាញមុខនៅអាគាររដ្ឋអាជ្ញាក្នុងទីក្រុងសេអ៊ូលតាមការកោះហៅដើម្បីឆ្លើយទៅនឹងសំណួរជុំវិញករណីពុករលួយ។ លោក លី ត្រូវបានរដ្ឋអាជ្ញាកោះហៅក្នុងនាមជាជនសង្ស័យក្នុងសំណុំរឿងទទួលសំណូក បំពានអំណាចប្រធានាធិបតី ការគេចវេសពន្ធ និងការលួចបន្លំ។ លោក លី ត្រូវបានសួរចម្លើយក្នុងបន្ទប់ដែលរដ្ឋអាជ្ញាធ្លាប់ប្រើប្រាស់សួរចម្លើយអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ កាលពីឆ្នាំមុន។ លោក លី ដែលកាន់តំណែងប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ជាប់សង្ស័យថាបានទទួលលុយពីអង្គភាពចារកម្មជាតិ ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុនជាច្រើនទៀតនៅដើមអាណត្តិរបស់លោក។ លោកក៏ជាប់សង្ស័យទាក់ទងការបង្កើតមូលនិធិមានទឹកប្រាក់រាប់សិបលានដុល្លារក្រោមរូបភាពក្រុមហ៊ុនផលិតសម្ភាររថយន្តឈ្មោះ DAS របស់បងប្រុសរបស់លោក ប៉ុន្តែរដ្ឋអាជ្ញាជឿថា ក្រុមហ៊ុននេះជាកម្មសិទ្ធិរបស់លោក លី ទៅវិញ។ មុនពេលចូលការិយាល័យរដ្ឋអាជ្ញា អតីតប្រធានាធិបតីរូបនេះបានធ្វើសេចក្ដីថ្លែងការណ៍សុំទោសមួយចំពោះមុខអ្នកសារព័ត៌មានរាប់រយនាក់។ លោក លី និយាយថា លោកឈរនៅខាងមុខអាគាររដ្ឋអាជ្ញាដោយអារម្មណ៍ខ្ទេចខ្ទី និងសោកស្ដាយជាខ្លាំងចំពោះការស៊ើបអង្កេតរបស់ក្រុមរដ្ឋអាជ្ញា ចំពេលដែលប្រទេសជួបបញ្ហា។ យ៉ាងណាមិញ លោក លី ដែលមានអាយុ៧៧ឆ្នាំទៅហើយនោះ សង្ឃឹមថា លោកគឺជាមេដឹកនាំចុងក្រោយគេដែលត្រូវបានសួរចម្លើយ។ នេះបើតាមការផ្សាយរបស់ Xinhua ។ អ្នកនយោបាយអភិរក្សរូបនេះបានទាត់ចោលការសង្ស័យទាំងអស់ និងចាត់ទុកសំណុំរឿងនេះ ជាការសងសឹកនយោបាយរបស់រដ្ឋបាលប្រធានាធិបតី មូន ចេអ៊ីន ។ ប៉ុន្តែក្រុមរដ្ឋអាជ្ញាបានស្រាវជ្រាវឃើញភស្តុតាងសមល្មមដើម្បីដាក់បន្ទុកលើលោក លី ក្រោយការឆែកឆេរផ្ទះអតីតជំនួយការ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ មនុស្សជំនិតខ្លះរបស់លោក លី បានសារភាពកំហុសរបស់ពួកគេរួចស្រេចអស់ហើយដែរ។ បន្ទាប់ការសាកសួរពេញមួយថ្ងៃ ក្រុមរដ្ឋអាជ្ញាអាចស្នើសុំដីកាចាប់ខ្លួនលោក លី ទៀតផង។ លោក លី គឺជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងនៅមានជីវិតចុងក្រោយគេ ដែលត្រូវបានបង្គាប់ឲ្យចូលខ្លួនបែបនេះ។ អ្នកស្នងតំណែងបន្តពីលោក គឺលោកស្រី ប៉ាក ហ្គឺនហេ កំពុងជាប់ឃុំខ្លួនលសំណុំរឿងពុករលួយនេះដែរ។ អតីតប្រធានាធិបតីបីនាក់ផ្សេងទៀតដូចជាលោក ឈុន ដូវ៉ាន់ និងលោក រ៉ូ តេវូ ត្រូវបានរដ្ឋអាជ្ញាកោះហៅដែរ និងត្រូវបានកាត់ទោសជាប់ពន្ធនាគារជាបន្តបន្ទាប់ ឯលោក រ៉ូ មូយុន វិញ ត្រូវបានកោះហៅដូចគ្នា តែក៏បានធ្វើអត្តឃាតក្រោយជាប់សង្ស័យ៕ | រដ្ឋអាជ្ញាទីក្រុងសេអ៊ូល នៅថ្ងៃទី១៤ ខែមីនា បានសួរចម្លើយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ (Lee Myung-bak) ទាក់ទងសំណុំរឿងពុករលួយអំឡុងពេលលោកកាន់អំណាច។ លោក លី ម្យុងបាក់ ក្លាយជាអតីតប្រមុខរដ្ឋកូរ៉េខាងត្បូងចុងក្រោយគេ ដែលត្រូវរដ្ឋអាជ្ញាកោះហៅបែបនេះ។ នៅខាងក្រៅអាគាររដ្ឋអាជ្ញា អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបបានសុំទោសប្រជាជនទាំងអស់ចំពោះការបង្កបញ្ហាបែបនេះ។ |
ក្រុមហ៊ុន អារ៉ាខាវ៉ា បានបោះទុនវិនិយោគជាង ៧០លានដុល្លារ សង់អគារស្នាក់នៅរួម លើផ្ទៃដីជាង ១,៣ ហិកតា ដែលមានទីតាំងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ (ខាងក្រោយមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ)។ គម្រោងនេះបែងចែកជា២ដំណាក់កាល។ ដំណាក់កាលទី១មាន ១០អគារ ដែលមានកម្ពស់រង្វង់ ២០ជាន់ និងមាន ២០០០បន្ទប់ (unit) ហើយគ្រោងនឹងបញ្ចប់ការសាងសង់មិនឲ្យលើសពីរយៈពេល ៣ឆ្នាំកន្លះ។ លោក អាឡិច យ៉ាស៊ូម៉ូតូ អគ្គនាយកក្រុមហ៊ុន អារ៉ាខាវ៉ា ដែលបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនថា មួយ unit តម្លៃពីជាង ២ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារអាមេរិក។ ទោះយ៉ាងណាព័ត៌មានលម្អិតអំពីការប្រកាសលក់បន្ទប់ខុនដូនេះ ត្រូវរង់ចាំរហូតដល់ដើមឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមលោក អាឡិច ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ខុនដូនៃគម្រោងនេះ នៅថ្ងៃទី៨ខែវិឆ្ឋិកា។ ម្រោងនេះទទួលបានការគាំទ្រពីរដ្ឋាភិបាល ខណៈដែលរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍគម្រោងផ្ទះតម្លៃសមរម្យជូនអ្នកមានចំណូលមធ្យម។ នេះជាគម្រោងទី៣ បន្ទាប់ពីកម្ពុជាមានគម្រោងបែបនេះចំនួនពីរមកហើយនៅទឹកដីខេត្តកណ្ដាល ដែលនៅកៀកភ្នំពេញ ហើយដែលបានប្រកាសបើកការដ្ឋានសាងសង់ កាលពីពេលកន្លងមក។ ប៉ុន្តែគម្រោងនេះ ក្រុមហ៊ុនសាងសង់លំនៅដ្ឋានបែបខុនដូ ដែលខុសពីគម្រោងផ្សេងសាងសង់បែបលំនៅឋានផ្ទះល្វែង។ ត្រង់ចំណុចនេះ លោក អាឡិច យ៉ាស៊ូម៉ូតូ ប្រាប់មូលហេតុយ៉ាងដូច្នេះថា៖«យើងសង់អគាស្នាក់រួមបែបនេះងាយស្រួលសម្រាប់អ្នករស់នៅ ធ្វើការក្នុងក្រុង ព្រោះបើសង់ផ្ទះទាបៗ ត្រូវការដីធំ ដែលត្រូវលើកគម្រោងនៅក្រៅក្រុងឯណោះ»។ លោកបន្តដូនេះទៀតថា៖«បើក្រុមហ៊ុនសង់អគារតម្លៃខ្ពស់វិញ ក្រុមហ៊ុននឹងចំណេញច្រើន ប៉ុន្តែយើងចង់ជួយអ្នកចំណូលមធ្យម។ ក្រុមហ៊ុនចង់ផ្ដល់ឱកាសដល់អ្នកគ្មានលទ្ធភាពទិញអចលនទ្រព្យក្នុងអគារខ្ពស់ដែលមានតម្លៃថ្លៃ»។ អគ្គនាយក្រុមហ៊ុនអារ៉ាខាវ៉ារូបនេះ អះអាងថា លំនៅឋានក្នុងគម្រោងនេះ លក់ជូនប្រជាពលរដ្ឋទូទៅ ដែលទិញសម្រាប់ស្នាក់នៅប៉ុណ្ណោះ ដោយក្រុមហ៊ុនមិនលក់ជូនអ្នកទិញសម្រាប់វិនិយោគនោះទេ។ ក្រុមហ៊ុនមិនតម្រូវឲ្យអតិថិជនបង់ប្រាក់កក់ជាមុននោះទេ។ លោក អាឡិច ថ្លែងដូចនេះថា៖«យើងមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់កក់មុននោះទេ តែយើងមិនអាចឲ្យពួកគាត់រង់ចាំបង់ថ្លៃសរុបនៅពេលបញ្ចប់ការសាងសង់នោះទេ ព្រោះប្រាក់ត្រូវបង់មានចំនួនច្រើន ដូច្នេះហើយយើងផ្ដួចផ្ដើមបង្កើតគណនីសន្សំនៅធនាគារ ដែលអតិថិជនត្រូវដាក់ប្រាក់សន្សំប្រចាំខែ។ ហើយនៅពេលបញ្ចប់ ពលរដ្ឋគ្រាន់តែបង់បង្គ្រប់តម្លៃផ្ទះ ឬខ្ចីធនាគារបន្ថែម នោះគាត់នឹងទទួលបានបន្ទប់»។ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងមិនប្រើប្រាស់ទុនរបស់អតិថិជន សម្រាប់យកមកសាងសង់នោះទេ ដោយក្រុមហ៊ុនត្រូវបោះទុនវិនិយោគផ្ទាល់ខ្លួន ដើម្បីសាងសង់បញ្ចប់គម្រោង៕ | ភ្នំពេញ៖ លំនៅដ្ឋានតម្លៃសមរម្យ ដែលមានទម្រង់ជាអគាស្នាក់នៅរួម ឬខុនដូ មួយគម្រោងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យសាងសង់។ នេះជាគម្រោងរបស់ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍នៅអគារប៊ូឌីង។ |
នាកម្មវិធីពិសេសមួយ ដែលរៀបចំដោយក្រសួងការបរទេសចិននៅខេត្ត Hubei ទីដែលជំងឺកូវីដ-១៩ ផ្ទុះមុនគេនៅចុងឆ្នាំ២០១៩ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បានលើកឡើងពីបញ្ហាជាច្រើនទាក់ទិននឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតសកល។ ថ្លែងចំពោះមុខអ្នកចូលរួម លោក វ៉ាង បានសង្កត់ធ្ងន់ថា៖ «ចិន នឹងគោរពគោលការណ៍សាមគី្គភាព និងជំនួយទៅវិញទៅមក និងរួមគ្នាជាមួយបណ្តាប្រទេសដទៃប្រយុទ្ធនឹងកូវីដ-១៩ ដល់ដំណាក់កាលចុងក្រោយ»។ បើតាមលោកវ៉ាង កូវីដ-១៩ បានរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក ស្របពេលសេដ្ឋកិច្ចសកល កំពុងដាំក្បាលចុះ។ ក្នុងន័យនេះ ចិននឹងបន្តកិច្ចខិតខំរបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើឱ្យដំណើរការផលិតសម្ភារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដូចជាម៉ាស់ និងទឹកលាងដៃជាដើម មានស្ថិរភាព និងអាចផ្តល់ឱ្យប្រទេសដែលកំពុងត្រូវការឧបករណ៍ទាំងនោះ។ ប្រមុខការទូតចិន ក៏បានរំលឹកផងដែរថា ចិន បានផ្តល់ជំនួយ ដែលជាសម្ភារប្រយុទ្ធប្រឆាំងកូវីដ-១៩ ទៅឱ្យប្រទេសចំនួន ១៦០ឯណោះ និងវ៉ាក់សាំងទៅដល់ប្រទេសជាង១០០ រួមទាំងអង្គការអន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ ជាមួយគ្នានេះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានបន្តទៀតថា ដោយសារតែកូវីដ-១៩ វាបានធ្វើឱ្យពិភពលោកដឹងយ៉ាងច្បាស់ថា ប្រទេសទាំងអស់ គឺជាសហគមន៍មួយ ដែលមានអនាគតរួមគ្នា។ មិនតែប៉ុណ្ណោះ ប្រមុខការទូតចិន ក៏បានប្តេជ្ញាបើកចំហរសេដ្ឋកិច្ចរបស់ចិន និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងទៀតផងដែរ ដើម្បីជួយសេដ្ឋកិច្ចរបស់ពិភពលោកឡើងវិញ។ លើសពីនេះចិន នឹងប្រកាន់ខ្ជាប់ពហុភាគីនិយម ការពារសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងកែលម្អប្រព័ន្ធអភិបាលសកល។ គួររំលឹកថា ទោះចិនជាកន្លែងផ្ទុះកូវីដ-១៩ មុនដំបូងគេ ប៉ុន្តែរដ្ឋាភិបាលប្រទេសមួយនេះ បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់កូវីដ-១៩។ មកទល់ពេលនេះ ចិនមានករណីឆ្លងតិចតួចប៉ុណ្ណោះនៅក្នុងប្រទេស ស្របពេលប្រទេសអឺរ៉ុបខ្លះ និងអាមេរិកផងនោះ នៅតែមានករណីឆ្លងហក់ឡើងខ្លាំង៕ | ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី១២ ខែមេសា បានអះអាងថា ចិន នឹងសាមគ្គីជាមួយបណ្តាប្រទេសដទៃ ដើម្បីប្រយុទ្ធជំងឺឆ្លងសកលកូវីដ-១៩។ ប្រមុខការទូតចិនក៏ស្នើឱ្យប្រទេសទាំងអសប្រឆាំង ជាតិនិយមវ៉ាក់សាំងផងដែរ។ |
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់មន្ត្រីរាជការខ្មែរចំនួន២៦នាក់ សម្រាប់ការសិក្សានៅក្នុងឆ្នាំ២០២២ ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍ដែលជប៉ុនផ្តល់ឱ្យមន្ត្រីរាជការនេះ គឺស្ថិតក្រោមគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» កម្មវិធីសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងបណ្ដុះបណ្ដាលនិស្សិតអាហារូបករណ៍(JDS) របស់រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់(Master Degree)រយៈពេល២ឆ្នាំ ទៅឱ្យមន្ត្រីរាជការខ្មែរទាំង២ភេទចំនួន២៤នាក់ និងថ្នាក់បណ្ឌិត(Ph.D Degree)រយៈពេល៣ឆ្នាំ ចំនួន២នាក់។ កម្មវិធីអាហារូបការណ៍នេះ គឺផ្តល់ឱ្យបេក្ខជនសម្រាប់ការសិក្សានៅក្នុងឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យកម្ពុជានោះ គឺផ្តោតលើជំនាញចំនួន៩។ ក្នុងនោះមាន ១. ជំនាញ Infrastructure Development ២. ជំនាញ Private Sector Development ៣. ជំនាញ Improvement of Education Quality ៤. ជំនាញ Agriculture and Rural Development ៥. ជំនាញ Improvement of Healthcare and Social Security System ៦. ជំនាញImprovement of Urban Living Environment ៧. ជំនាញ Legal and Judicial Development ៨. ជំនាញ Improvement of administrative Functions និង៩ ជំនាញ Building of International Relations។ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បរិញ្ញបត្រជាន់ខ្ពស់ ឬថ្នាក់អនុបណ្ឌិត បេក្ខជនទាំងពីរភេទ គឺត្រូវមានអាយុចន្លោះពី២២ដល់៣៩ឆ្នាំ ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបាន, មានសញ្ញាបត្របរិញ្ញបត្រ(Bachelors Degree), មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ ជាបុគ្គលិករដ្ឋធ្វើការងារពេញម៉ោង និងមានសុខភាពល្អទាំងរាងកាយ និងសតិបញ្ញា។ ដោយឡែក មន្ត្រីរាជការដែលមានបំណងប្រឡងយកអាហារូបករណ៍កម្រិតថ្នាក់បណ្ឌិតរបស់រដ្ឋាភិបាលជប៉ុននេះ ក្រៅពីមានសុខភាពល្អទាំងរាងកាយ និងសតិបញ្ញាហើយនោះ ក៏ជាជាមន្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍DJS និងមានអាយុក្រោម៤៥ឆ្នាំ។ លើសពីនេះ បេក្ខជន ត្រូវមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍DJS និងត្រូវមានអត្ថបទត្រួតពិនិត្យរួមគ្នា យ៉ាងហោចណាស់១អត្ថបទដែលត្រូវបានបោះពុម្ពផ្សាយ។ លោក ហង់ជួន ណារ៉ុន បានអំពាវនាវដល់មន្ត្រីរាជការនានាដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ គឺសូមបំពេញឯកសារផ្សេងៗ និងផ្ញើមកកាន់ការិយាល័យ JICE ដែលមានអាសយដ្ឋាន នៅអគារ AURA Condominium ជាន់ទី៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៣កញ្ញា ដល់ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២១៕ អត្ថបទទាក់ទង កម្ពុជា ទទួលជំនួយជាង៣លានដុល្លារពីជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស | ដោយ ៖ អន ស្រីណុច |
លោក គុណ ញឹម ជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករ បាននិយាយថា ការប្រមូលថវិកាជាតិឆ្នាំ២០១៨ ប្រមាណ២៥០០លានដុល្លារ ដែលជាឆ្នាំដែលប្រមូលពន្ធបានខ្ពស់បំផុត បើប្រៀបធៀបជាមួយបណ្ដាឆ្នាំនានា ក្នុងពេលចុងក្រោយនេះ។ តួលេខនេះ បង្ហាញពីការកើនឡើងប្រមាណ៣២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ហើយកើនឡើង៣ដង បើធៀបនឹងឆ្នាំ២០១៣។ រូបភាពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP បើតាមលោក គុណ ញឹម ប្រភពពន្ធអាករសំខាន់ៗ ដែលប្រមូលបានគឺ ពន្ធគយឬពន្ធនាំចូល ដែលមានការកើនឡើង២០ភាគរយ, ពន្ធអាករលើតម្លៃបន្ថែម(VAT)កើនឡើងជាង៣០ភាគរយ និងពន្ធអាករពិសេសលើទំនិញមួយចំនួន៣៥ភាគរយ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបែងចែងមុខទំនិញ សម្រាប់ងាយស្រួលក្នុងការតាមដានក្នុងការគ្រប់គ្រងប្រភពចំណូលដែលប្រមូលបានជាបីក្រុម រួមមានទី១ គឺក្រុមយានយន្ត និងគ្រឿងចក្រ ហើយក្រុមនេះបានចំណូលខ្ពស់ជាងគេ ក្នុងឆ្នាំ២០១៨ គឹបានចំណូលប្រមាណ៤៦ភាគរយនៃចំណូលសរុប។ ក្រុមទី២ គឺទំនិញចម្រុះ រួមមានទាំងគ្រឿងសំណង់ ដែលប្រមូលចំណូលបានជាង៣៦ភាគរយ នៃចំណូលសរុបក្នុងឆ្នាំ២០១៨។ ក្រុមទី៣ គឺប្រេងឥន្ធនៈនិងថាមពល ដែលមានចំណូលសរុប១៩ភាគរយ។ កត្តាដែលធ្វើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលពន្ធកើនឡើង គឺស្ថិរភាពនយោបាយ ដែលបង្កឲ្យលក្ខខណ្ឌដំណើរការពាណិជ្ជកម្ម រួមជាមួយការវិនិយោគ មានដំណើរការល្អប្រសើរ។ ទន្ទឹមនឹងនេះ លោក គុណ ញឹម ក៏បញ្ជាក់ពីតួនាទីនិងភារកិច្ចស្នូលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បីចំនុចសំខាន់ៗ គឺទី១ ការប្រមូលពន្ធអាករពីពាណិជ្ជកម្មអន្តជាតិ គឺការនាំចេញនាំចូល ដើម្បីប្រមូលថវិការជាតិ។ ទី២ ជាការផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា និងទី៣ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសការគេចពន្ធជាដើម៕ | ភ្នំពេញ៖ រយៈពេលពេល៥ឆ្នាំចុងក្រោយនេះ ចំណូលពន្ធមានការកើនឡើង៣ដង បើធៀបទៅនឹងឆ្នាំ២០១៣ ដែលគ្រានោះរដ្ឋប្រមូលពន្ធ បានតែ៨៨១លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក សុន វុទ្ធី ឪពុកកុមារា សាលិ ដូចតទៅ៖ «ខ្ញុំសប្បាយចិត្ត រកអ្វីប្រៀបគ្មានទេ។ ព្រោះនឹកឃើញថា ក្មេងដែលកម្សត់លក់វត្ថុអនុស្សាវីរយនៅតាមតំបន់ប្រាសាទ មានភ័ព្វសំណាងមកដល់ គឺរំភើបមែនទែន»។ នេះជាការលើកឡើងរបស់លោក សុន វុទ្ធី។ លោក សុន វុទ្ធី ជាឪពុករបស់កុមារា ធុធ សាលិ ដែលកំពុងបន្តការសិក្សានៅប្រទេសចិន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុន វុទ្ធី បង្ហាញអារម្មណ៍រំភើបរីករាយដែលកូនប្រុសទី២ របស់លោក មានសំណាងដូចពេលបច្ចុប្បន្ន។ កុមារា ធុធ សាលិ អតីតអ្នកលក់វត្ថុអនុស្សាវីរយបានមានឱកាសទៅសិក្សានៅប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០១៩។ ក្នុងពេលសិក្សានៅប្រទេសចិន លោក វុទ្ធី បានជំរុញទឹកចិត្តកូនឲ្យខិតខំប្រឹងប្រែងរៀនសូត្រ បើទោះជាឆ្ងាយពីផ្ទះ និងស្រុកកំណើតក៏ដោយ។ ការចាកឆ្ងាយពីឪពុកម្ដាយ និងស្រុកកំណើត លោក វុទ្ធី មានការព្រួយបារម្ភចំពោះកូន ប៉ុន្តែដោយសារភាពវ័យឆ្លាត និងពូកែរបស់កូន បានធ្វើឲ្យលោកមានភាពជឿជាក់លើសាលិកាន់តែខ្លាំង។ សូមបញ្ជាក់ថា ធុច សាលិ ជាកុមារាដែលល្បីល្បាញក្នុងបណ្ដាញសង្គម ក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៨ តាមរយៈសមត្ថភាពនិយាយភាសាបរទេស១៥ភាសា៕ | ភ្នំពេញ៖ លោក សុន វុទ្ធី ជាឪពុករបស់កុមារា ធុច សាលិ ដែលជាអតីតអ្នកលក់វត្ថុអនុស្សាវីរយនៅបរិវេណប្រាសាទបាយ័ន។ ក្រោយកូនប្រុសជាប់អាហារូបករណ៍សិក្សានៅប្រទេសចិន លោក សុន វុទ្ធី មានក្ដីរំភើបរីករាយ ចំពោះខិតខំរបស់កូន។ បើតាមលោក សុន វុទ្ធី ភាពក្លាហាន និងឆន្ទៈរបស់សាលិ បានធ្វើឲ្យឪពុកម្ដាយមានជំនឿចិត្តកាន់តែខ្លាំង។ |
ធនាគារជាតិ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការផ្ញើសារទាក់ទងក្នុងប្រព័ន្ធទូរសព្ទ ដោយឃោសនាផ្ដល់ប្រាក់កម្ចីរហ័ស មិនចាំបាច់មានឯកសារ ឬទ្រព្យបញ្ចាំ។ ធនាគារជាតិ បញ្ជាក់ថា សកម្មភាពនេះ ជាអំពើខុសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយក្រុមហ៊ុន ឬបុគ្គលនោះ គ្មានការអនុញ្ញាតឲ្យផ្ដល់សេវាប្រាក់កម្ចី ពីធនាគារជាតិឡើយ។ «សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ដើម្បីចៀសវាងការប្រើប្រាស់សេវាកម្ចីក្រៅផ្លូវការ ដែលអាចប្រឈមនឹងការចាញ់បោក ល្បិចកលរបស់ឈ្មួញចងការប្រាក់ និងហានិភ័យផ្សេងៗជាយថាហេតុ»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ៕ | ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសឲ្យពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ សេវាកម្ចីក្រៅផ្លូវការ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៅថ្ងៃទី៣ខែតុលានេះ។ |
អាជ្ញាធរអប្សារា បានចេញសេចក្តីជូនដំណឹងថា នៅព្រលឹមស្រាងៗថ្ងៃទី ២៣ ខែកញ្ញា ព្រះអាទិត្យនឹងរះតាមប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា ពន្យល់ថា ព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ លោកបន្តថា បទសិក្សានោះ គឺជាការស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្ត្រនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។ លោក អ៊ឹម សុខរិទ្ធី ពន្យល់បន្ថែមថា ជាដំបូងគេត្រូវសិក្សាពីទម្រង់នៃចក្រវាឡទូទៅ ហើយធៀបនឹងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត។ អ្នកប្រាជ្ញបុរាណ បានរៀបចំអង្គរវត្តស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាទ្ប នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រនិងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាទ្បជាដើម។ បើតាមអាជ្ញាធរអប្សរា សមរាត្រីជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង២០និង០២នាទី ម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាពេលទៀបភ្លឺថ្ងៃទី ២៣ ខែកញ្ញា ម៉ោង៣និង០២នាទី។ ប៉ុន្តែព្រឹត្តការណ៍នៃព្រះអាទិត្យរះទ្បើងតាមនិងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧៕ | នៅព្រលឹមស្រាងៗថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា។ អ្នកស្រាវជ្រាវ ហៅព្រឹត្តិការណ៍នេះថា សមរាត្រី ព្រោះជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។ |
លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងពាក់ព័ន្ធ គួរតែចាប់ដៃគ្នា ជាមួយអង្គការសង្គមស៊ីវិល ដើម្បីរកចំណុចរួមមួយក្នុងការដោះស្រាយបញ្ហាដីធ្លី។ ការលើកឡើងដូច្នេះ នៅក្នុងកិច្ចពិភាក្សាពីបញ្ហា និងការដោះស្រាយជម្លោះដីធ្លី, ធនធានធម្មជាតិ និងព្រៃឈើនៅក្នុងស្រុកវ៉ាងណាមខៀវ ប្រទេសថៃ។ កិច្ចពិភាក្សានេះជាផ្នែកមួយនៃទស្សនកិច្ចស្ដីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងបរិបទនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលរៀបចំដោយ NGO Forum។ ភាគីថៃ បានចំណាយពេលពេញ១ថ្ងៃពេញ ធ្វើបទបង្ហាញលើប្រធានបទចំនួន២ គឺច្បាប់ និងគោលនយោបាយស្ដីពីសិទ្ធិកាន់កាប់ដីធ្លី រួមទាំងសិទ្ធិប្រើប្រាស់ដីធ្លី(ព្រៃឈើ និងធនធានធម្មជាតិ) និងការដោះស្រាយជម្លោះ។ អត្ថបទទាក់ទង NGO Forum និងអ្នកកាសែតទៅទស្សនកិច្ចនៅថៃ ស្ដីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ សម្រាប់ លោក សុខ បូរ៉ា ការធ្វើបទបង្ហាញនេះ មានចំណុចល្អច្រើន ដែលធ្វើឲ្យសហគមន៍ចូលរួមដាំដើមឈើ ហើយចំណុចនេះ គួរតែយកទៅអនុវត្តនៅកម្ពុជា។ លោកបញ្ជាក់ដូច្នេះថា៖«ការលើកឡើងរបស់ភាគីថៃ ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងលើបញ្ហាដីធ្លី និងព្រៃឈើ ផ្ដោតលើការគ្រប់គ្រង និងអភិរក្សលើតំបន់ព្រៃសហគមន៍»។ លោក សុម សុខម្ភូ អគ្គនាយកក្រុមហ៊ុនធុរៈវឌ្ឍន៍ ដែលតំណាងឲ្យវិស័យឯកជន ក៏យល់ស្របដែរថា សង្គមស៊ីវិលមានតួនាទីដ៏សំខាន់ ក្នុងការដោះស្រាយជម្លោះដីធ្លី ក៏ដូចជាចូលរួមអប់រំ និងបង្រៀនពលរដ្ឋឲ្យយល់ពីការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងកិច្ចពិភាក្សានេះ លោក សុម សុខម្ភូ ក៏បានយល់ដឹងបន្ថែមទៀតពីរបៀប និងបច្ចេកទេស ក្នុងការចរចាជាមួយដៃគូ និងសេចក្ដីត្រូវការរបស់រដ្ឋ និងឯកជនផងដែរ។ អ្នកស្រី ជា សុភាព ដែលធ្វើការទាក់ទងនឹងសហគមន៍ និងជាតំណាងពីខាងអង្គការសង្គមស៊ីវិល អះអាងថា ខ្លួននឹងព្យាយាមសហការអាជ្ញាធរដែនដី និងប្រជាសហគមន៍ឲ្យបានស្វែងយល់ពីចំណុចនេះ ក្នុងការការពារព្រៃឈើ និងបញ្ហាដីធ្លី។ សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ មានរយៈពេល ៦ថ្ងៃ ដែលគណៈប្រតិភូមកពីតំណាងក្រសួង, អង្គការសង្គមស៊ីវិល, វិស័យឯកជន, ប្រជាសហគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់ផ្ទាល់ ដើម្បីឲ្យភាគីពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់ពីការការពារធនធានធម្មជាតិ និងការដោះស្រាយបញ្ហាដីធ្លីឲ្យមានប្រសិទ្ធភាព៕ | ណាខនរាជសីមា,ថៃ៖ អង្គការសង្គមស៊ីវិល, វិស័យឯកជន និងក្រសួងពាក់ព័ន្ធ បានស្វែងយល់ និងចាប់អារម្មណ៍លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅក្នុងតំបន់ស្រុកវ៉ាងណាមខៀវ នៃខេត្តណាខនរាជសីមា ដែលជាតំបន់មានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។ ក្នុងកិច្ចពិភាក្សា និងការធ្វើបទបង្ហាញរបស់ភាគីថៃ ដែលតំណាងឲ្យរដ្ឋបាលព្រៃឈើ, NGO និងអភិបាលរងស្រុកវ៉ាងណាមខៀវ បានចំណាយពេលពេញមួយថ្ងៃ ក្នុងការពន្យល់ និងបកស្រាយពីបញ្ហា រួមទាំងការដោះស្រាយជម្លោះដីធ្លីនានាដល់ភាគីកម្ពុជា។ |
Balotelli ដែលធ្លាប់ជាកូនក្រុមរបស់លោក Mancini កាលនៅ Inter Milan និង Manchester City អវត្តមានក្នុងក្រុមជម្រើសជាតិចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨ មកម្លេះ។ ប៉ុន្តែ៣ឆ្នាំក្រោយ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះត្រូវបានកោះហៅចូលជំរុំហ្វឹកហាត់ជាថ្មី ក្រោយបង្ហាញខ្លួនលេចធ្លោសម្រាប់ក្លិបរបស់គេនៅតួកគី។ Balotelli រកបានគ្រាប់ស៊ុតបញ្ចូលទី៨គ្រាប់ ក្នុងការប្រកួត១៨លើកក្នុងលីគ ដើម្បីជួយក្រុម Adana Demirspor ឡើងទៅឈរចំណាត់ថ្នាក់ទី៤ក្នុងតារាងលីគកំពូលតួកគី Super Lig។ លោកគ្រូបង្វឹក Mancini ដែលកំពុងប្រមូលផ្តុំកីឡាករដើម្បីត្រៀមប្រកួត play-off វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក បានមើលឃើញពីសម្ថភាពរបស់ Balotelli ហើយជឿជាក់ថាអតីតកូនក្រុមខ្លួនរូបនេះ នឹងជួយអ៊ីតាលីបានកៅអីទៅប្រទេសកាតានៅឆ្នាំ២០២២។ អ៊ីតាលីនឹងត្រូវប៉ះម៉ាសេដ្វានខាងជើងនៅថ្ងៃ២៤ ខែមីនា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមណាឈ្នះត្រូវបន្តទៅជួបជាមួយព័រទុយហ្កាល់ ឬតួកគីដើម្បីដណ្តើមមួយកៅអីទៅ World Cup នៅកាតា។ Balotelli មានប្រវត្តិបង្ហាញខ្លួនឱ្យអ៊ីតាលី៣៦ប្រកួត និងស៊ុតបញ្ចូលទីបាន១៤គ្រាប់។ អតីតសមាជិកក្រុម Liverpool, AC Milan, Marseille និង Nice ជាដើមនេះ ធ្លាប់រកបានតែ៣គ្រាប់ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍ World Cup ពោលកាលពីឆ្នាំ២០១៤ នៅប្រេស៊ីល៕ | Mario Balotelli មានឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ីតាលីសារជាថ្មី ក្រោយអាក់ខានរយៈពេល៣ឆ្នាំ តាំងពី ២០១៨មក។ លោក Roberto Mancini នៅថ្ងៃទី២៤ ខែមករា បានកោះហៅខ្សែប្រយុទ្ធក្រុម Adana Demirspor រូបនេះដើម្បីត្រៀមប្រកួតវគ្គ play-off ពានរង្វាន់ FIFA World Cup ឆ្នាំ២០២២។ |
Volvo Cars បាននាំចូលនិងចែកចាយដោយ ក្រុមហ៊ុន HGB Group Co., Ltd ដែលក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវរថយន្ត និងសេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៏ដ៏ល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ រថយន្ត Volvo ម៉ូឌែល XC60 ជារថយន្តដែលមានសុវត្ថិភាពបំផុត មិនធ្លាប់មានពីមុនមក ហើយជាម៉ូឌែលដែលក់ដាច់បំផុតនៅទូទាំងពិភពលោក ព្រមទាំងបានទទួលពានរង្វាន់ «រថយន្តពិភពលោកប្រចាំឆ្នាំ 2018»។ រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា«រថយន្តអ៊ឺរ៉ុបនៃឆ្នាំ 2018» តាំងពីមុនពេលចេញទៅទីផ្សាររថយន្ត Volvo ម៉ូដែល XC90 ផងដែរបានទទួលពានរង្វាន់ « រថយន្តប្រភេទ SUV ដ៏ប្រណីតបំផុតប្រចាំសតវត្សរ៍ » និងបានទទួលពាន។ រង្វាន់ជាច្រើនទៀត ដូចជា «Best Midsize Premium SUV» និង«EURO NCAP»។ ជាមួយគ្នានេះដែរ រថយន្ត Volvo ម៉ូដែល S90 នឹងនាំមកនូវសក្តានុពលដ៏ធំធេង នៅលើទីផ្សារកម្ពុជា។ លោក Serdar Sengul ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជា បានឲ្យដឹងថា រថយន្ត Volvo Cars ត្រូវបានបង្កើតឡើងនៅឆ្នាំ 1927 នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត ដោយផ្តោតសំខាន់ទៅលើសុវត្តិភាពអ្នកបើកបរ និងអ្នករួមដំណើរជាមួយនៅក្នុងរថយន្ត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺការឆ្ពោះទៅរកការអភិវឌ្ឍ និងបង្កើតការច្នៃប្រឌិតថ្មី ក្នុងពិភពឧស្សាហកម្មរថយន្ត ដូចជាខ្សែក្រវ៉ាត់សុវត្ថិភាព 3 ចំណុច (តាំងពីឆ្នាំ 1959) ត្រូវបានប្រើប្រាស់ នៅគ្រប់ប្រេនរថយន្តទាំងអស់នៅលើពិភពលោក។ នេះហើយគឺ ជាការច្នៃប្រឌិតថ្មីរបស់ Volvo។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Serdar Sengul ដោយលោកបានបន្តថា ក្រុមហ៊ុន Volvo គឺផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរ ជាជាងរកប្រាក់ចំណេញពីវា។ បច្ចុប្បន្នក្រុមហ៊ុន Volvo Cars កំពុងនាំមុខគេក្នុងឧស្សាហកម្មរថយន្តទូទាំងពិភពលោក ក្នុង បច្ចេកវិទ្យាសុវត្ថិភាពអគ្គិសនី និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ចក្ខុវិស័យរបស់យើង គឺធ្វើឲ្យអ្នកដំណើរទាំងអស់ដែលប្រើប្រាស់រថយន្ត Volvo មានសុវត្ថិភាពទាំងស្រុង ក្នុងឆ្នាំ2020 ខាងមុខ។ ក្រុមហ៊ុន Volvo Cars ក៏កំពុងបន្តការច្នៃប្រឌិត ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់មនុស្ស មានសុវត្ថិភាព មិនស្មុគស្មាញ និងកាន់តែរីករាយ។ នេះជាការបញ្ជាក់របស់ លោក Serdar Sengul ។ លោក Serdar Sengul ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជា បញ្ជាក់ដូច្នេះ៖«ពួកយើងរីករាយណាស់ អំពីកំណើនសេដ្ឋកិច្ចដែលកំពុងបន្តនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងការបង្កើនការវិនិយោគពីបរទេស។ យើងមានមោទកភាព ក្នុងការនាំយកម៉ាកដ៏មានកិត្យានុភាពនេះ មកកម្ពុជា»។ សូមបញ្ជាក់ជាថ្មីថា ក្រុមហ៊ុន Volvo car បាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co,.Ltd. ហើយអគារតាំងបង្ហាញរថយន្តរបស់យើង ដែលនឹងដាក់ដាក់សម្ពោធនាថ្ងៃទី ៨ ខែ កុម្ភៈនេះ នឹងក្លាយជាអគារតាំងបង្ហាញដ៏ធំបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Volvo car មានបំណងផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត ដល់អតិថិជនរបស់ខ្លួន ហើយលើសតែពីអគារតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ល្អផងដែរ។ «យើងនឹងផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ សម្រាប់អតិថិជនរបស់យើង ជាមួយនឹងបុគ្គលិកប្រឹក្សាយោបល់គ្រប់ផ្នែកយ៉ាងមានជំនាញ និងរួសរាយរាក់បំផុតជូនលោកអ្នក ព្រមទាំងមានអាហារសម្រន់ និងភេសជ្ជៈសម្រាប់បម្រើជូនភ្ញៀវទាំងអស់។ លើសពីនេះទៅទៀត យើងមានរថយន្តគ្រប់សេរ៊ី សម្រាប់បើកបរសាកល្បង និងកន្លែងលាងសម្អាតរថយន្តនៅជាន់ទី 2 ផងដែរ»។ លោក Serdar Sengul ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជាបញ្ជាក់ដូច្នេះ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន តាមទូរសព្ទលេខ : 095 666 379, 095 666 054 ។ Hotline: 024 900 000 ។ Facebook Page: www.facebook.com/VolvoCarsKH/ ៕ (អត្ថបទពាណិជ្ជកម្ម) | Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ស៊ុយអ៊ែតនេះ ជាក្រុមហ៊ុនឈានមុខគេលើបច្ចេកវិទ្យាយានយន្ត មានមោទកភាព ក្នុងការប្រកាសសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។ អគារតាំងបង្ហាញរថយន្ត Volvo ដ៏ប្រណីតនេះ មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ |
នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យអ្នកចត្តាឡីស័កទាំងអស់ គិតពីសុវត្ថិភាពសុខភាពខ្លួន និងអ្នកដទៃ ដែលមិនត្រូវធ្វើអ្វីផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ ប្រមុខរដ្ឋាភិបាល បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅពេលដែលពិនិត្យសុខភាពរួចហើយ អនុញ្ញាត្តិឱ្យរស់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង នឹងសម្រាប់អ្នកដទៃផង»។ កាលពីពេលថ្មីៗនេះ មានស្ត្រីខ្មែរ-អាមេរិកម្នាក់ ដែលបានធ្វើដំណើពីអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី១៥ កក្កដានោះ បានលួចរត់ចេញពីសណ្ឋាគារដាក់ចត្តាឡីស័ក១៤ថ្ងៃ។ ប៉ុន្តែអាជ្ញាធរ បានតាមរកឃើញរូបនាង កាលពីថ្ងៃទី១៨ កក្កដា នៅក្នុងសណ្ឋាគារមួយកន្លែង នៅក្នងខេត្តកំពង់ចាម។ អាជ្ញាធរក៏សម្រេចឱ្យរូបនាង បន្តដាក់ចត្តាឡីស័កនៅទីនោះ។ គិតត្រឹមថ្ងៃទី១៩ កក្កដានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៧១នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣៦ នាក់ និងកំពុងព្យាបាលមាន ៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)។ សម្ដេច ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។ សម្ដេច ស្នើឱ្យពលរដ្ឋឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល។ ជាពិសេសត្រូវពាក់ម៉ាសការពារ ហើយកុំធ្វេសប្រហែស។ ចំណែកទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់អីវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត្តិ ធនគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានជែលល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជនឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ដោយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រី៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋខ្មែរ និងបរទេសទាំងអស់ ដែលត្រូវដាក់ចត្តាឡីស័ក១៤ថ្ងៃនោះ ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ សម្ដេចថ្លែងបែបនេះ ក្រោយពីមានករណីស្ត្រីខ្មែរ-អាមេរិកម្នាក់ បានលួចរត់ចេញពីកន្លែងចត្តាឡីស័ក កាលពីពេលថ្មីៗនេះ។ |
មន្ទីរពេទ្យគន្ធបុប្ផា ជាទីព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ ដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជា។ ពេលនេះ មន្ទីរពេទ្យកំពុងខ្វះខាតឈាម ដើម្បីជួយសង្រ្គោះកុមារ ដោយសារបញ្ហានៃជំងឺកូវីដ-១៩ បានធ្វើឲ្យឪពុកម្តាយកុមារ និងពលរដ្ឋទូទៅ មិនហានបរិច្ចាគឈាម។ ក្នុងរយៈពេលនៃការរីករាលដាលនៃជំងឺកូវីដ មន្ទីរទទួលបានការបរិច្ចាគឈាមតិចជាងមុន ព្រោះពលរដ្ឋមានការព្រួយបារម្ភច្រើន ពីការឆ្លងមេរោគកូវីដ។ បើតាមលោក មាស សារិទ្ធ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ឲ្យដឹងថា ចំនួនឈាមដែលប្រើប្រាស់ក្នុងមួយរយៈពេលកូវីដនេះ គឺមានចំនួនច្រើន។ មន្ទីរពេទ្យមានការខ្វះខាតឈាម ដោយសារតែបងប្អូនប្រជាពលរដ្ឋគាត់មានការភ័យខ្លាច មិនហានបរិច្ចាគ។ មន្ទីរពេទ្យគន្ធបុប្ផា ពឹងផ្អែកច្រើនទៅលើការបរិច្ចាគឈាមរបស់ ឪពុកម្តាយ និងសាច់ញាតិអ្នកជំងឺ ចំណែកពលរដ្ឋ ដែលទៅបរិច្ចាគឈាមទូទៅ គឺមិនសូវមានចំនួនឡើយ។ លោក សារិទ្ធ បញ្ជាក់ថា ពលរដ្ឋខ្មែរភាគច្រើនព្រួយបារម្ភពីបញ្ហា ដែលនឹងកើតមានក្រោយបរិច្ចាគឈាម ខុសពីពលរដ្ឋខាងប៉ែក អ៊ឺរ៉ុប ដែលយល់ឃើញថា ការបរិចាគឈាមជារឿងត្រឹមត្រូវបំផុត។ លោកសង្ឃឹមថា ពលរដ្ឋខ្មែរនឹងផ្លាស់ប្តូរផ្នត់គំនិតនេះ ហើយចូលរួមបរិច្ចាគឈាមដើម្បីកុមារកម្ពុជា ជាពិសេសកុមារក្រីក្រ។ មន្ទីរពេទ្យ បើកទទួលការចូលបរិច្ចាគឈាមរបស់ពលរដ្ឋខ្មែររៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨ ដល់ ១១ព្រឹក និងពីម៉ោង ២ ដល់ ៤ល្ងាច។ ពលរដ្ឋអាចទៅបរិច្ចាគឈាមនៅ មន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំ ដែលនៅ ជិតវត្តភ្នំដូនពេញ និងក្បែព្រះបរមរាជវាំង។ ក្រៅពីនេះ ពលរដ្ឋក៏អាចបរិច្ចាគនៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវ័រ្មនទី៧ នៅខេត្តសៀមរាប។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ៨៧ ៨៧៤៥៕ | ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវដល់ពលរដ្ឋ និងឪពុកម្តាយរបស់កុមារ ឲ្យជួយបរិច្ចាគឈាម ខណៈឈាមដែលទុកជួយសង្រ្គោះកុមារដោយឥតគិតថ្លៃកំពុងខើចស្តុក។ ចំពោះពលរដ្ឋ ដែលមានបំណងទៅបរិច្ចាគឈាម មន្ទីរពេទ្យនឹងធ្វើតេស្តរកមេរោគកូវីដជាមុនសិន។ |
ជាការអនុវត្តគោលនយោបាយខុសពីរដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋបាលលោក ចូ បៃឌិន នៅថ្ងៃទី១ ខែកក្កដា បានប្រកាសផ្អាកការអនុវត្តទោសប្រហារជីវិតមួយរយៈសិន។ តាំងពីលោក បៃឌិន ឡើងកាន់តំណែងមក អាមេរិកក៏មិនទាន់អនុវត្តទោសប្រហារជីវិតសូម្បីម្ដងរួចហើយដែរ។ លោក Merrick Garland រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក ដែលចេញការណែនាំឱ្យផ្អាកនេះ និយាយថា ការប្រហារជីវិត នឹងមិនអាចអនុវត្តបានឡើយអំឡុងពេលត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌។ ក្នុងសេចក្ដីសេចក្ដីថ្លែងការណ៍ពីរទំព័រ លោក Garland អះអាងថា ក្ដីបារម្ភខ្លាំងក្លាបានលេចឡើងក្នុងការបន្តអនុវត្តទោសបែបនេះនៅទូទាំងប្រទេសដូចជាការបំពានអំណាចក្នុងការអនុវត្ត ភាពខុសគ្នាលើអ្នកទោសពណ៌សម្បុរផ្សេងគ្នា និងបញ្ហាក្នុងការលើកលែងទោសក្នុងបទល្មើសធ្ងន់ធ្ងរ។ «ក្រសួងយុត្តិធម៌ត្រូវធានាថា មនុស្សគ្រប់គ្នាក្រោមប្រព័ន្ធច្បាប់ឧក្រិដ្ឋត្រូវទទួលបានមិនត្រឹមសិទ្ធិធានាដោយរដ្ឋធម្មនុញ្ញឡើយ តែក៏ត្រូវទទួលយុត្តិធម៌ និងក្ដីមេត្តា។» រដ្ឋមន្រ្តីយុត្តិធម៌អាមេរិកបញ្ជាក់បែបនេះ មុនបន្តថា ទោសប្រហារជីវិត ក៏ជាករណីពិសេសត្រូវគិតគូរដែរ។ នៅអាមេរិក ការប្រហារជីវិតភាគច្រលនធ្វើឡើងនៅកម្រិតរដ្ឋច្រើនជាងដោយរដ្ឋាភិបាលសហព័ន្ធ។ បទល្មើសដែលអាចឈានដល់ការកាត់ទោសប្រហារជីវិតមានការជួញគ្រឿងញៀន ភេរវកម្ម និងការស៊ើបការណ៍សម្ងាត់ជាដើម។ អស់ពេលជាង១៧ឆ្នាំ រដ្ឋាភិបាលអាមេរិក មិនដែលអនុវត្តទោសប្រហារជីវិតឡើយ។ ប៉ុន្តែនៅចុងអាណត្តិលោក ត្រាំ អ្នកទោស១៣នាក់ត្រូវបានប្រហារជីវិតក្នុងពេលប៉ុន្មានខែប៉ុណ្ណោះ។ ចំណែកលោក បៃឌិន វិញ ត្រូវបានដឹងថា មិនគាំទ្រទោសមួយនេះឡើយ៕ | រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក Merrick Garland នៅថ្ងៃទី១ ខែកក្កដា បានចេញបញ្ជាមួយផ្អាកការអនុវត្តទោសប្រហារជីវិតក្នុងប្រទេសជាបណ្ដោះអាសន្ន។ លោក Garland លើកឡើងថា ការផ្អាកនេះធ្វើឡើងដើម្បីទុកពេលឱ្យក្រសួងយុត្តិធម៌ដោះស្រាយបញ្ហាដែលកើតមានក្នុងការអនុវត្តទោសដ៏ធ្ងន់មួយនេះ។ |
អ្នកស្រី សុខលីម ដែលកាត់សក់ខ្លីវាលក និងស្លៀករ៉ូបវាលក្លៀកពណ៌ខ្មៅយ៉ាងសាមញ្ញ ពន្យល់ថា មូលហេតុដែលអ្នកស្រី សម្រេចមកបើកភោជនីយដ្ឋាននេះ ដើមឡើយគឺគ្រាន់តែចង់ឲ្យវាក្លាយជាកន្លែងមួយ ដែលផ្តល់ជូនម្ហូបអាហារដែលមានអនាម័យ គុណភាព គិតគូរពីសុខភាពអតិថិជន។ ម្យ៉ាងដោយសារធ្លាប់ធ្វើការជាមួយថៅកែជនជាតិបរទេស ដែលស្អប់ការចោលសំរាមផ្តេសផ្តាស ជាពិសេសការប្រើប្រាស់ប្លាស្ទិកនោះ អ្នកស្រីសុខលីម ក៏បាន បញ្ជូលគំនិតបរិស្ថាននេះ នៅក្នុងភោជនីយដ្ឋានរបស់ខ្លួន។ អ្នកស្រី សុខលីម ពន្យល់បន្ថែម៖«កាលពី៦-៧ ឆ្នាំមុន ពេលចេញទៅហូបម្ហូបនៅខាងក្រៅ ពិបាកមែនទែន ក្នុងការរកម្ហូប ឬកន្លែងណាដែលយើងទុកចិត្ត ព្រោះនៅជាមួយបរទេស គាត់យល់ច្រើនទាក់ទងនឹងអនាម័យ។ ពេលយើងចូលទៅបន្ទប់ទឹក គឺស្អាត ហើយម្ហូបអី គឺគេគិតខ្វល់។ កាលនោះ អ្នកធ្វើរឿងហ្នឹងមានតិច។ អីចឹងខ្ញុំក៏គិតថា ខ្ញុំគួរតែជាថៅកែខ្មែរ ដែលយើងគិតដល់រឿងហ្នឹង ហើយយើងគិតគូរពីបរិស្ថាន ដោយការប្រើប្រអប់ពីកាកអំពៅហ្នឹង។ អីចឹង ក៏ចាប់ផ្តើមបើកភោជនីយដ្ឋានហ្នឹងទៅ»។ ក្រៅពីមានភាពរួសរាយរាក់ទាក់ និងឫកពារសាមញ្ញ អ្នកស្រី សុខលីម ក៏ជាមនុស្សពូកែនិយាយផងដែរ។ តាមរយៈការជជែកលេងជាមួយអតិថិជនរបស់ខ្លួននេះឯង ធ្វើឲ្យអ្នកស្រី ទទួលបានគំនិតថ្មីៗ និងរៀនសូត្របន្ថែមទៀតពីចំណូលចិត្តអតិថិជន ហើយបានយកមកអភិវឌ្ឍន៍ភោជនីយដ្ឋានរបស់ខ្លួន។ ពីការខ្ចប់អាហារដោយប្រអប់ធ្វើពីកាកអំពៅ ទៅជាគោលការណ៍បន្ថយការប្រើប្លាស្ទិក ដំបូងឡើយ អ្នកស្រី ស្រ៊ុន សុខលីម បានចាប់ផ្តើមបើកដំណើរការភោជនីយដ្ឋានរបស់ខ្លួន ដោយផ្តោតលើអនាម័យជាចម្បង។ ការចូលរួមថែបរិស្ថានជារឿងបន្ទាប់បន្សំ និងបានចាប់ផ្តើមជាមួយការប្រើប្រអប់កាកអំពៅ សម្រាប់ខ្ចប់អាហារជូនភ្ញៀវ។ ការណ៍នេះ បានធ្វើអ្នកស្រី ទទួលបានសរសើរមិនដាច់ពីមាត់ ពីអតិថិជនរបស់ខ្លួនដែលភាគច្រើនជាជនជាតិបរទេស។ បន្តបន្ទាប់មក ភោជនីយដ្ឋានរូបនេះ ក៏បានយល់ដឹងកាន់តែច្រើន ពីផលប៉ះពាល់នៃប្លាស្ទិក ទៅដល់បរិស្ថាន ហើយគាត់ក៏បានកំណត់គោលការណ៍ឲ្យបុគ្គលិករបស់ខ្លួន កាត់បន្ថយការប្រើប្លាស្ទិកឲ្យបានច្រើន តាមដែលអាចធ្វើបាន។ ចំណែកអ្នកផ្តត់ផ្គង់ ក៏ត្រូវប្រើស្លឹកចេក ស្លឹកឈូក កញ្ច្រែង ឬកំប្រោងជាដើម ដើម្បីដាក់ និងវេចខ្ចប់បន្លែ ត្រី សាច់ជាដើមនោះ មកកាន់ភោជនីយដ្ឋានរបស់ខ្លួន។ អ្នកស្រី សុខលីម ក៏ព្យាយាមបញ្ជ្រាបគំនិតបរិស្ថាននេះទៅដល់បុគ្គលិក និងអតិថិជន តាមរយៈការដាំដើមឈើ វល្លិ៍ និងរុក្ខជាតិបៃតង នៅពេញបរិវេណហាងផងដែរ។ រហូតមកដល់ពេលនេះ ភោជនីយដ្ឋានរបស់អ្នកស្រី បានក្លាយជាទីតាំងទទួលទានអាហារ ដែលមិនប្រើប្រាស់ប្លាស្ទិក និងលម្អដោយបរិយាកាសបៃតង ហើយ វាក៏ជាអត្តសញ្ញាណរបស់ភោជនីយដ្ឋានដែរ។ ប៉ុន្តែ ទម្រាំអាចបញ្ជ្រាបគំនិតបរិស្ថានដល់បុគ្គលិកឲ្យយល់នោះ អ្នកស្រី សុខលីម ថាមិនមែនជារឿងងាយប៉ន្មានដែរ។ «មុនដំបូងគឺពិបាក។ អ្វីដែលពិបាកជាងគេ គឺធ្វើការជាមួយបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់យើង។ ពេលយើងប្រាប់ថា កុំប្រើប្លាស្ទិក គាត់អត់យល់ថាអាហ្នឹងជាស្អីទេ។ ដោយសារខ្ញុំស្គាល់ភ្ញៀវខ្ញុំច្រើនដែលគេយល់ពីអាហ្នឹង ហើយខ្ញុំមានមិត្តភក្តិជនជាតិបរទេស គាត់ក៏ណែនាំខ្ញុំឲ្យបណ្តុះបណ្តាលបុគ្គលិកទាក់ទងនឹងអាហ្នឹងទៅ(ប្លាស្ទិក)? អីចឹង ខ្ញុំបានហៅគាត់ឲ្យមកបង្រៀនបុគ្គលិកខ្ញុំ ពីថាតើប្លាស្ទិកហ្នឹងវាប៉ះពាល់អីគេខ្លះ? ពេលដំបូងហ្មង ពិបាកមែនទែន ប្រាប់ថាកុំឲ្យប្រើប្លាស្ទិក គាត់នៅតែប្រើ។ គ្រាន់តែឲ្យចែកសំរាមក៏ពិបាកដែរ។ និយាយថ្ងៃហ្នឹង ស្អែកដដែល។ បន្ទាប់ពីបណ្តុះបណ្តាលហើយ មិនបាច់និយាយទៀតទេ បុគ្គលិកខ្ញុំគាត់យល់តែម្តង»។ នេះជាការពន្យល់ របស់អ្នកស្រី ស្រ៊ុន សុខលីម។ អ្នកស្រី សុខលីម៖ ការថែរក្សាបរិស្ថាន គឺចាប់ផ្តើមពីចេញពីយើង ដើមឡើយ ការបដិសេធប្លាស្ទិក ស្ទើរគ្រប់សកម្មភាពប្រចាំថ្ងៃ មិនមែនជារឿងងាយស្រួលប៉ុន្មានដែរ សម្រាប់អ្នកស្រី សុខលីម។ អ្នកស្រី ត្រូវប្រឈមនឹងការរអ៊ូរទាំពីសមាជិកគ្រួសារ ក៏ដូចជាការហួសចិត្តពីមនុស្សជុំវិញ។ ក៏ប៉ុន្តែដោយសារការតាំងចិត្តយ៉ាងឥតងាករេ ចំពោះគោលការណ៍របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ សព្វថ្ងៃស្ត្រីរូបនេះ ក្លាយជាគំរូសម្រាប់អ្នកផ្ទះរបស់ខ្លួន សាច់ញាតិ និងបុគ្គលិកប្រមាណ៥០នាក់វិញ ក្នុងការមិនប្រើប្រាស់កុំប្លាស្ទិកនេះ។ អ្នកស្រី ថ្លែងទាំងញញឹមដូច្នេះ៖«មកដល់ឥឡូវ ខ្ញុំមានបុគ្គលិកខ្ញុំខ្ទង់៥០នាក់ ហើយ៨០-៩០ភាគរយ ដែលគាត់យល់ពីអាហ្នឹង(ការប្រើប្លាស្ទិក)។ ដូចខ្ញុំអីចឹង! ខ្ញុំតែម្នាក់ ខ្ញុំធ្វើឲ្យបុគ្គលិកខ្ញុំ៥០នាក់យល់ ហើយខ្ញុំអ្នកផ្ទះខ្ញុំជាង១០នាក់ កុំឲ្យប្រើប្លាស្ទិក។ ចុះបុគ្គលិកខ្ញុំ៥០នាក់ គាត់នឹងទៅ ពន្យល់គ្រួសារគាត់ជាច្រើនទៀត...»។ ក្រៅពីនេះ អ្នកស្រី សុខលីម ចង់ពង្រីកសាខាភោជនីយដ្ឋានរបស់ខ្លួនឲ្យបានតែច្រើន ដើម្បីធ្វើជាភោជនីយដ្ឋានគំរូ ដោយមិនប្រើប្រាស់ប្លាស្ទិកផង ហើយក៏រួមចំណែក អប់រំបុគ្គលិកឲ្យបានកាន់តែច្រើន ឲ្យពួកគាត់ពីគុណវិបត្តិនៃការប្រើប្លាស្ទិកទៅដល់បរិស្ថានដែរ៕ | ភ្នំពេញ៖ អ្នកស្រី ស្រ៊ុន សុខលីម ជាម្ចាស់ភោជនីយដ្ឋាន Eleven One Kitchen ដែលត្រូវបានគេស្គាល់ថា ជាភោជនីយដ្ឋានដែលមិនប្រើប្រាស់ប្លាស្ទិក។ ស្ត្រីវ័យ៣៨ឆ្នាំរូបនេះ មានជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងធ្លាប់បម្រើការងារឲ្យគេជាង១០ឆ្នាំ មុនមានគំនិតបើកអាជីវកម្មដោយខ្លួនឯង នៅក្នុងឆ្នាំ២០១៤។ បច្ចុប្បន្ន Eleven One Kitchen មានពីរសាខាមួយនៅទួលទំពូង និងមួយទៀតនៅបឹងកេងកង១ កណ្តាលរាជធានីភ្នំពេញ។ |
យោងតាមព្រះរាជក្រឹត្យ សមាសភាពថ្មីនៃក្រុមប្រឹក្សាអ្នកច្បាប់ មានលោក ប៊ិន ឈិន ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអមដោយអនុប្រធាន៧រូប រួមមាន លោក គី តិច លោក ទួន ស៊ីផាន់ លោក សុក ផេង លោក អ៊ឹម ស៊ីថុល លោក ស៊ា ម៉ៅ លោក ហែម ក្រាញ់តូនី និង លោក លី ច័ន្ទតុលា ហើយ៣៦រូបទៀត ជាសមាជិក។ ក្នុងចំណោម អនុប្រធានទាំង៧រូប មានតែលោក គី តិចទេ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ឯ៦រូបទៀត មានឋានៈស្មើរដ្ឋមន្ត្រី។ ចំណែកសមាជិកទាំង៣៧រូប មាន១រូប គឺ លោក លីវ សុវណ្ណា មានឋានៈស្មើរដ្ឋមន្ត្រី ១៥រូប មានឋានៈស្មើរដ្ឋលេខាធិការ ១៨រូប មានឋានៈស្មើអនុរដ្ឋលេខាធិការ និង២រូប មានឋានៈស្មើអគ្គនាយក។ ជាការកត់សម្គាល់ លោក សួន វិសាល ដែលជាប្រធានគណៈមេធាវីកម្ពុជា ក៏ត្រូវបានតែងតាំងជាសមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់នេះដែរ។ ក្រៅពីសមាសភាពទាំង៤៥រូបនៃក្រុមប្រឹក្សាអ្នកច្បាប់ ព្រះរាជក្រឹត្យ ក៏មានតែងតែងបណ្តុំមនុស្សមួយក្រុមទៀតដែរ ដែលហៅថា ទីប្រឹក្សានៃក្រុមប្រឹក្សាអ្នកច្បាប់។ ទីប្រឹក្សានៃក្រុមប្រឹក្សាអ្នកច្បាប់ មាន១0រូប គឺលោក ហេង វង្សប៊ុនឆាត លោក សំ សុខផល អ្នកស្រី លី វូចឡេង លោក ឆេង សារឿន លោក ឡាំ ជា លោក ស៊ុយ ម៉ុងលាង លោក ជីវ សុងហាក់ លោក ឈិត បូរ៉ាវុធ លោក នាវ ស៊ីថុង និង លោក ប៊ុន ហ៊ុន។ ជាទីប្រឹក្សានៃក្រុមប្រឹក្សាអ្នកច្បាប់ លោក ហេង វង្សប៊ុនឆាត មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ហើយលោក សំ សុខផល និង អ្នកស្រី លី វូចឡេង មានឋានៈស្មើទេសរដ្ឋមន្ត្រី ឯក្រៅពីនេះ មានឋានៈស្មើរដ្ឋមន្ត្រី។ ចំពោះលោក អ៊ឹម ស៊ីថុល ជាអនុប្រធានផង និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអ្នកច្បាប់នេះផង។ ចំណែកលោក ប៉ិច ណាវី ជាអគ្គលេខាធិការរង។ មនុស្សទាំងអស់ក្នុងស្ថាប័ននេះ មាន៥៦រូប៕ អត្ថបទទាក់ទង លោក គី តិច ជាប្រធានក្រុមមេធាវីរដ្ឋាភិបាលដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី | តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យមួយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីបញ្ចប់សមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ក្នុងអាណត្តិមុន ហើយតែងតាំងសមាសភាពថ្មី សម្រាប់អាណត្តិទី៦នេះ។ |
លោក ជួន មុំធុច ជាជាងជួសជុលរថយន្តម្នាក់ដែលមានបទពិសោធន៍យូរឆ្នាំ ដោយចាប់ផ្តើមនៅក្រុមហ៊ុនជួសជុលរថយន្ត Jeep នៅឆ្នាំ១៩៩៣។ រយៈ៨ឆ្នាំមកហើយ លោកបានធ្វើជាម្ចាស់យានដ្ឋានផ្ទាល់ខ្លួន ដោយផ្តល់សេវាជួសជុលយានយន្ត ហើយលោកបាននិយាយប្រាប់សារព័ត៌មានថ្មីៗ អំពីម៉ាស៊ីនស្កេន ត្រួតពិនិត្យរកកន្លែងមានបញ្ហារបស់រថយន្ត។ ម៉ាស៊ីនស្កែន ឬម៉ាស៊ីនត្រួតពិនិត្យមើលប្រពន្ធយានយន្ត ជាផលិតផលរបស់ប្រទេសនានា ហើយមានតម្លៃខុសៗគ្នាដែរ។ លោក មុំធុច បញ្ជាក់ថា៖ «ម៉ាស៊ីនរបស់អាមេរិក ថ្លៃជាងរបស់ចិន។ ម៉ាស៊ីនរបស់អាមេរិក មានតម្លៃពី ១ម៉ឺនដុល្លារ ដែលមានសមត្ថភាពអាចត្រួតពិនិត្យបានគ្រប់ទាំងអស់ នៃរថយន្តថាមានខូចត្រង់ណាមួយហើយច្បាស់លាស់»។ លោកបន្តថា៖«ម៉ាស៊ីនស្កេនរបស់ចិនវិញ មានតម្លៃច្រើនប្រភេទ ដូចជា១៥០០ដុល្លារ ៥០០ដុល្លារ និង ១៥០ដុល្លារជាដើម។ ចំពោះតម្លៃនៃម៉ាស៊ីនទាំងនេះ នៅពេលត្រួតពិនិត្យ ស្វែងរកការខូចខាត នៃរថយន្តមិនសូវមានភាពសុក្រិតប៉ុន្មានទេ»។ លោក ជួន មុំហ៊ុច ដែលជាជាងជួលរថយន្តមានបទពិសោធយូរឆ្នាំបាន ផ្ដាំផ្ញើទៅម្ចាស់រថយន្តទាំងអស់ដែលចង់ធ្វើដំណើរទៅណាឆ្ងាយ ត្រូវយករថយន្តនោះទៅឲ្យ យានដ្ឋានណាមួយត្រួតពិនិត្យមុនមួយសប្តាហ៍ ទោះបីជារវល់យ៉ាងណក៏ដោយ។ លោកបញ្ជាក់ថា៖ «មុនពេលមួយសប្ដាហ៍នេះ ជាងរថយន្តអាចត្រួតពិនិត្យមើលថាវាខូចត្រង់ណា ហើយត្រូវបន្ថែមអ្វីត្រង់ណាមួយ។ បើសិនជាចេញដំណើរទៅថ្ងៃស្អែក ហើយឲ្យជាងត្រួតពិនិត្យពេលល្ងាចមិនទាន់ឡើយ ពីព្រោះបានត្រឹមតែដឹង ដូច្នេះអាចមានបញ្ហានៅតាមផ្លូវ»។ អ្វីដែលត្រូវត្រួតពិនិត្យមើល គឺ កង់ទាំង៤តើមានខ្យល់ពេញទេ ហើយសំបកកង់ទៀតសោតមានសឹក កម្រិតណា និងមើល ទឹក ប្រេង គ្រឿងក្រោម និងម៉ាស៊ីន ដើម្បីធានាសុវត្ថិភាព៕ | នៅរាជធានីភ្នំពេញ យានដ្ឋានរីកដូចផ្សិត។ ពួកគេប្រណាំងប្រជែងគ្នាផ្តល់សេវាត្រួតពិនិត្យយានយន្ត ដោយប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ។ |
សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានបង្កឱ្យប្រជាជនស៊ីវិលជាច្រើនរយនាក់ បាត់បង់ជីវិត និងរបួស ដោយក្នុងនោះមានប្រជាជនថៃផង។ តាមការបញ្ជាក់របស់លោកស្រី Kanchana Patarachoke អ្នកនាំពាក្យក្រសួងការបរទេសថៃ និយោជិកធ្វើការនៅអ៊ីស្រាអែល បានរាយការណ៍ថា កម្មករថៃចំនួន១២នាក់ បានបាត់បង់ជីវិត និង៩នាក់រងរបួស ហើយជនជាតិថៃចំនួន ១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។ «វាគឺពិបាកក្នុងការទទួលបានព័ត៌មានច្បាស់ការណ៍ណាស់។ ដូច្នេះ ឈ្មោះរបស់ជនរងគ្រោះ មិនទាន់អាចបញ្ចេញបានឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែតុលា ដោយបន្តថា ជនជាតិថៃ ១០៩៩នាក់ ដែលធ្វើការនៅអ៊ីស្រាអែល ចង់ត្រលប់មកផ្ទះវិញ។ ជាការឆ្លើយតប មន្រ្តីក្រសួងការបរទេសថៃរូបនេះ បានអះអាងថា រដ្ឋាភិបាល កំពុងរៀបចំការជម្លៀស និងធ្វើមាតុភូមិនិវត្តន៍កម្មករថៃទាំងនោះ មកប្រទេសកំណើតវិញ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ ក៏កំពុងរកវិធីជួយសង្រ្គោះ ប្រជាជនថៃ ដែលត្រូវបានចាប់ខ្លួនពីសំណាក់ក្រុមហាម៉ាសផង។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កម្មករថៃចំនួន ៣ម៉ឺននាក់ បានធ្វើការនៅអ៊ីស្រាអែល ដោយ៥ពាន់នាក់ កំពុងបំពេញការងារនៅក្បែរតំបន់កាហ្សា។ មកទល់ពេលនេះ អាកាសយានដ្ឋានក្នុងក្រុង Tel Aviv នៅតែបន្តដំណើរការ ប៉ុន្តែក្រុមហ៊ុនហោះហើរជាច្រើន បានសម្រេចលុបចោលជើងហោះហើររបស់ខ្លួនទៅទីក្រុងមួយនេះ ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ។ ជុំវិញបញ្ហានេះ កម្លាំងទ័ពអាកាសថៃ កំពុងរៀបចំបញ្ជូនយន្តហោះ Airbus 340 និងយន្តហោះដឹកជញ្ជូន C-130 ចំនួន ៥គ្រឿង ដើម្បីនាំប្រជាជនថៃមកប្រទេសខ្លួនវិញ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ នឹងរៀបចំជើងហោះហើរពិសេសផង៕ | ក្រសួងការបរទេសថៃ នៅថ្ងៃទី៩ ខែតុលា បានបញ្ជាក់ថា កម្មករថៃចំនួន១២នាក់ បានបាត់បង់ជីវិត និង៩នាក់រងរបួស ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស។ បន្ថែមពីនេះ ជនជាតិថៃចំនួន ១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។ |
ក្នុងសុន្ទរកថាដំបូងបង្អស់ក្នុងនាមជានាយករដ្ឋមន្ត្រីទី៨របស់ម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ទី២ ខែមីនា លោក Muhyiddin Yassin គូសបញ្ជាក់ថា៖«ខ្ញុំ ដឹងថា មនុស្សជាច្រើន ខឹងសម្បារនឹងខ្ញុំ»។ តាមរយៈកញ្ចក់ទូរទស្សន៍ លោក សង្កត់ធ្ងន់ថា៖«ខ្ញុំមិនមែនជាជនក្បត់ឡើយ។ [...] ខ្ញុំកាន់តំណែងនេះ គឺដើម្បីជួយសង្គ្រោះប្រទេសពីភាពមិនច្បាស់លាស់នយោបាយដែលកំពុងបន្ត»។ ក្នុងសន្ទរកថាដដែលនេះ លោក Muhyiddin បានពន្យល់ថា លោកពុំធ្លាប់មានសង្ឃឹមកាន់តំណែងជានាយករដ្ឋមន្ត្រីឡើយ។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក Muhyiddin អះអាងទៀតថា ឱកាសនេះបានកើតឡើងនៅពេលបេក្ខភាពនាយករដ្ឋមន្ត្រីទាំងពីរ បរាជ័យក្នុងការទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភា ហើយឈ្មោះលោក ត្រូវបានតែងតាំងដោយសមាជិកសភាបក្ស Bersatu និងមេដឹកនាំបក្សនយោបាយផ្សេងទៀត ដែលជឿជាក់ថាលោកមានសំឡេងគាំទ្រភាគច្រើន។ «ខ្ញុំបានចំណាយគិតយ៉ាងម៉ត់ចត់ មុនពេលសម្រេចចិត្ត។ តើជម្រើសអ្វីដែលខ្ញុំមាន? បន្តគាំទ្រលោកបណ្ឌិត មហាធៀ ដែលពុំមានសំឡេងភាគច្រើន ឬព្រមទទួលយកការតែងតាំងជានាយករដ្ឋមន្ត្រី?» លោក Muhyiddin និយាយដូច្នេះ ដោយបន្តទៀតថា ប្រសិនបើលោក បន្តគាំទ្រលោក មហាធៀ វិបត្តិនយោបាយ នឹងបន្តអូសបន្លាយយូរទៀត ហើយវាក៏មានឱកាសដែលសភានឹងត្រូវរំលាយចោល និងការបោះឆ្នោតទូទៅមួយនឹងត្រូវរៀបចំធ្វើឡើងផងដែរ។ ទន្ទឹមនឹងការបកស្រាយរបស់ជំហររបស់លោក នាយករដ្ឋមន្ត្រី Muhyiddin ក៏បានសន្យាកសាងរដ្ឋាភិបាលស្អាតស្អំមួយ ដែលមានសេចក្តីថ្លៃថ្នូរ និងគ្មានអំពើពុករលួយ។ ត្រង់នេះ លោក ប្តេជ្ញាតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីដែលជាមនុស្សស្អាតស្អំ, មានសមត្ថភាពនិងសេចក្តីថ្លែថ្នូរ។ «រដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ក៏នឹងផ្ដោតសំខាន់លើកិច្ចប្រឹងប្រែងជំរុញអភិបាលកិច្ចល្អ និងសេចក្តីថ្លៃថ្នូរផងដែរ។ ទាំងនេះគឺរាប់បញ្ចូល ការទប់ស្កាត់អំពើពុករលួយ និងបំពានអំណាច ដោយពង្រឹងការអនុវត្តច្បាប់ជាដើម»។ នាយករដ្ឋមន្ត្រីវ័យ ៧២ឆ្នាំរូបនេះ បញ្ជាក់បែបនេះ ដោយបង្កើតពាក្យស្លោកមួយថា៖«រួមគ្នាកសាង និងស្តារប្រទេសយើងជាថ្មីឲ្យបានភ្លឺស្វាងជាមួយខ្ញុំ»។ សូមបញ្ជាក់ថា លោក Muhyiddin បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ក្រោយពីការតស៊ូអំណាចមួយសប្តាហ៍ពេញក្នុងប្រទេសនេះ ដែលបង្កឡើងដោយការប្រកាសលាលែងតំណែងដ៏ភ្ញាក់ផ្អើលពីសំណាក់នាយករដ្ឋមន្ត្រីទី ៧ លោក មហាធៀ មហាម៉ាត់ ៕ | នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទើបតែងតាំងថ្មី លោក Muhyiddin Yassin បានចេញមុខបដិសេធការចោទប្រកាន់ថា លោកគឺជាជនក្បត់។ លោក បកស្រាយថា លោកទទួលតំណែងជានាយករដ្ឋមន្ត្រីជំនួសលោក មហាធៀ មហាម៉ាត់ នេះ ក្នុងគោលដៅស្ដារស្ថានការណ៍នយោបាយ ខណៈគ្មានបេក្ខភាពនយោបាយណាដទៃទៀតមានសំឡេងគាំទ្រភាគច្រើនក្នុងសភា។ |
លោក លោក ប៊ុន វណ្ណារ័ត្ន អ្នកមើលការខុសត្រូវកម្មករដែលរុះរើស្ពានឫស្សីកោះប៉ែន បានថ្លែងប្រាប់ThmeyThmey25 ថា «ដោយឆ្នាំ២០១៩នេះ ទឹកឡើងយឺតជាងឆ្នាំមុន ទើបបានអូសបន្លាយរយៈពេលនៃការរុះរើស្ពានឫស្សីនេះរហូតដល់ខែមិថុនានេះ បើធៀបទៅនឹងឆ្នាំមុន គឺលើសរយៈពេលជាង១ខែដែរ»។ ស្ពានឫស្សីដែលមានប្រវែង៧០០ម៉ែត្រ ត្រូវការរយៈពេលរុះរើ ៥ថ្ងៃនោះ គឺរុះរើបានប្រមាណ ៥០ភាគរយៈហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុន វណ្ណារ័ត្ន។ សូមបញ្ជាក់ថា ស្ពានឫស្សីកោះបែន រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នៅក្នុងខេត្តកំពង់ចាមនេះ នឹងចាប់ផ្តើមសងសង់ឡើងវិញ នៅរដូវទឹកស្រកឆ្នាំក្រោយ៕ | កំពង់ចាម៖ ស្ពានឫស្សី(ប្រដឹស)ឆ្លងទៅឆ្នេរខ្សាច់កោះប៉ែន បាននឹងកំពុងរុះរើស ខណៈដែលទឹកទន្លេមេគង្គចាប់ផ្តើមឡើងនាដើមរដូវវស្សានេះ។ គិតត្រឹមព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩នេះ ស្ពានឫស្សីកោះប៉ែន រុះរើបានប្រមាណ៥០ភាគរយហើយ។ |
លោក សឿន វណ្ណឌេត និងលោក សែម វណ្ណា ក្រុមការងារនៃសារព័ត៌មានថ្មីៗ ទៅរាយការណ៍ផ្ទាល់នៅទីនោះ។ សូមទស្សនាទិដ្ឋភាពដូចខាងក្រោម៖ | វត្តទឹកថ្លា ដែលស្ថិតនៅភូមិទឹកថ្លា ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលរងនូវការលិចលង់នូវផ្នែកខ្លះ ដោយសារឥទ្ធិពលទឹកដែលហូរពីស្ទឹងព្រែកត្នោត ហើយបន្តចាក់ទៅកាន់ទំនប់៧មករា។ |
ព្រះករុណា អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ ទ្រង់បានទទួលព្រះរាជពិធីអភិសេកគ្រងរាជសម្បត្តិ ជាផ្លូវការ ក្រោយពីត្រូវ ក្រុមប្រឹក្សារាជបល្ល័ង្គម៉ាឡេស៊ី សម្រេចជ្រើសតាំងជា ព្រះមហាក្សត្រ កាលពីខែមករា ដើមឆ្នាំនេះ។ ក្នុងពិធីគ្រងរាជ ព្រះចៅប្រុយណេ និងមហាក្សត្របារែន ស្តេចយាងមកចូលរួមអបអរដោយផ្ទាល់ព្រះអង្គ។ មហាក្សត្រម៉ាឡេស៊ីថ្មីអង្គនេះ សច្ចាប្រណិធានថា គោរពធម្មនុញ្ញ គង់នៅជាម្លប់កៀកក្បែរប្រជានុរាស្ត្រ និងរក្សាសន្តិភាព។ រាជាណាចក្រសហព័ន្ធម៉ាឡេស៊ី មានស្ថាប័នព្រះមហាក្សត្រ១ ដ៏ចម្លែកប្លែកពីគេលើកលោក ដ្បិតថា ត្រូវផ្លាស់ប្តូរព្រះមហាក្សត្រ រៀងរាល់ ៥ ឆ្នាំម្តង។ ក្រុមប្រឹក្សារាជបល្ល័ង្គ គឺក្រុមគ្រួសារព្រះរាជវង្សម៉ាឡេស៊ី ជាអ្នកជ្រើសតាំងព្រះមហាក្សត្រថ្មី។ ព្រះករុណា អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ ដែលគ្រងរាជសម្បត្តិជាផ្លូវការគ្រានេះ ទ្រង់បានទទួលការជ្រើសតាំង តាំងតែពីដើមឆ្នាំមកម្ល៉េះ ដើម្បីបន្តរាជ្យពីព្រះករុណា Abdullah Shah។ រាជវង្សអ៊ីប្រាហ៊ីម ធ្លាប់បានសោយរាជ្យម្តងហើយ តាមរយៈព្រះបិតារបស់ព្រះករុណា អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ កាលពី៤០ឆ្នាំមុន។ រាជវង្សនេះ មានទ្រព្យសម្បត្តិនិងអំណាចខ្លាំង នៅរដ្ឋ Jonor ក្បែរនឹងបុរីរដ្ឋសិង្ហបុរី។ ក្នុងព្រះជន្ម ៦៥ ព្រះវស្សា ព្រះមហាក្សត្រថ្មី អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ បានឡើងគ្រងរាជបល្លង្គ ជាផ្លូវការ និងជាសញ្ញាបញ្ជាក់ពីការបើកសម្ពោធរជ្ជកាល ទី១៧ នៃរាជវង្សម៉ាឡេស៊ី ក្រោយសម័យឯករាជ្យ។ ព្រះរាជថ្មីអង្គនេះ មានព្រះរាជបន្ទូលសន្យាគោរពក្រមធម្មនុញ្ញ ធានារក្សាសន្តិភាព និងប្តេជ្ញាការពារសាសនាអ៊ីស្លាម។ គួរជ្រាបថា ក្នុងប្រវត្តិសាស្ត្រ មុននឹងប្រកាន់សាសនាអ៊ីស្លាមដូចសព្វថ្ងៃ ម៉ាឡេស៊ី ក៏ធ្លាប់ជាប្រទេសកាន់ជំនឿសាសនាពុទ្ធសាសនានិងរងឥទ្ធិពលឥណ្ឌូនិយម ស្រដៀងនឹងប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដូចជានគរខ្មែរនិងចាម ជាដើម។ នៅអំលុងសតវត្សរ៍ទី១៦ ម៉ាឡេស៊ី ទទួលរងនឹមអាណានិមត្រួតត្រារបស់ពួកអឺរ៉ុប ជាបន្តបន្ទាប់ ផ្តើមចេញពីពួកព័រទុយហ្កាល់ ចូលដល់ហូឡង់ និងបញ្ចប់ត្រឹមនឹមត្រួតត្រារបស់ចក្រភព អង់គ្លេស។ សហព័ន្ធម៉ាឡេស៊ី បានទទួលងារ ជារដ្ឋឯករាជ្យពេញទី នៅឆ្នាំ១៩៥៧។ ក្នុងព្រះរាជពិធីអភិសេកគ្រងរាជសម្បត្តិ នៅថ្ងៃទី២០កក្កដា គេឃើញវត្តមានព្រះញាតិវង្ស ព្រះរាជវង្សានុវង្ស នាយករដ្ឋមន្ត្រី Anwar Ibrahim និងអ្នកមុខអ្នកការមហាមន្ត្រី។ ព្រះមហាក្សត្រ Hassanal Bolkiah ព្រះចៅប្រុយណេ និងព្រះមហាក្សត្របារែន ព្រះបាទ Hamad bin Isa Al Khalifa ស្តេចទាំងទ្វេ ក៏ទ្រង់យាងមកចូលរួមអបអរក្សត្រម៉ាឡេស៊ី ដោយផ្ទាល់ព្រះអង្គដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ តួនាទីអង្គព្រះមហាក្សត្រម៉ាឡេស៊ី បានលេចព្រះភក្ត្រក្នុងឆាកនយោបាយជាតិ ខ្លាំងសម្បើមណាស់ ព្រោះអង្គក្សត្រចាស់បានធ្វើព្រះរាជអន្តរាគមន៍ក្នុងវិបត្តិនយោបាយ និងតែងតាំងនាយករដ្ឋមន្ត្រី ដល់ទៅ ៣ នាក់ឯណោះ ក្នុង១អាណត្តិរាជសម្បត្តិរបស់ទ្រង់។ ក្រៅពីតួនាទីអន្តរាគមន៍នយោបាយកំពូលរបស់ជាតិ ក្សត្រម៉ាឡេស៊ី ក៏មានរាជសិទ្ធិប្រោសព្រះរាជទានទោស និងជាអគ្គរាជអ៊ីស្លាមសាសនូបត្ថម្ភ ព្រមទាំងមានងារកិត្តិយស ជា អគ្គមេបញ្ជាការកងទ័ពជាតិ។ តាមកាសែត Bloomberg, គ្រួសាររបស់ទ្រង់ អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ មានសម្បត្តិឯកជន ប្រមាណ ៥,៧ ពាន់លានដុល្លារ ហើយមានកងកម្លាំងយោធាផ្ទាល់ខ្លួនទៀត។ កាសែត The Star ព័ណ៌នាថា ទ្រង់ស្តេចថ្មីនេះ មានបុគ្គលិកលក្ខខណៈរហ័សរហួតរវៀសរវៃ ដ្បិតអី ទ្រង់ធ្លាប់បានហ្វឹកហាត់ទាហាន នៅសហរដ្ឋអាមេរិក៕ | ដោយ៖ហេង ឧត្តម(RFI ខេមរភាសា) |
ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូមក ហូឡង់ដែលបានទទួលរងការវាយលុកពីរលកទី៤ នៃជំងឺកូវីដ-១៩ បានរឹតបន្តឹងវិធានការកាន់តែខ្លាំងបន្ថែមទៀត ដោយអនុវត្តវិធានការបិទខ្ទប់ប្រទេសជាថ្មីដើម្បីទប់ស្កាត់សន្ទុះករណីឆ្លងបង្កដោយវីរុសបំប្លែងខ្លួនអូមីក្រុង។ ការប្រមូលផ្តុំសាធារណៈលើសពី២នាក់ ត្រូវបានហាមឃាត់ ហើយកន្លែងផ្សេងទៀតដូចជាហាងណាមិនចាំបាច់ ហាងកាត់សក់ សារមន្ទីរ កន្លែងហាត់ប្រាណ ក៏ត្រូវបានដាក់បញ្ជាឱ្យបិទចាប់ពីថ្ងៃទី១៩ខែធ្នូ ដល់ថ្ងៃទី១៤ខែមករា។ វិធានការបិទខ្ទប់ដ៏តឹងតែងដោយរដ្ឋាភិបាល បណ្តាលឱ្យប្រជាជនហូឡង់មួយចំនួនមានការខឹងសម្បាខ្លាំង ដោយបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវិធានការនេះ។ ក្នុងបាតុកម្មនៅថ្ងៃទី២ខែធ្នូ មនុស្សយ៉ាងហោច៣០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិស ខណៈមន្រ្តីប៉ូលិសចំនួន៤នាក់ទៀត បានរងរបួស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប៉ូលិស។ អភិបាលក្រុងអាំស្ទែដាំ លោក Femke Halsema បានចេញបទបញ្ជាបន្ទាន់មួយ ដោយផ្តល់អំណាចឱ្យប៉ូលិស ចុះប្រតិបត្តិបោសសម្អាតក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាបំពាននៅការហាមឃាត់ ការជួបជុំសាធារណៈរបស់រដ្ឋាភិបាល។ ក្រុមបាតុករភាគច្រើន មិនបានពាក់ម៉ាស ឬគោរពវិធានការរក្សាគម្លាតសុវត្ថិភាពឡើយ ហើយព្រមទាំងប្រឆាំងនឹងបទបញ្ជាមិនឱ្យមានការហែក្បួន។ ពួកគេ បានដើរតាមដងផ្លូវធំៗដោយបានចាក់ភ្លេងខ្លាំង និងកាន់ឆ័ត្រពណ៌លឿង ដែលជាសញ្ញាបង្ហាញការប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល។ អត្រាឆ្លងជំងឺកូវីដ-១៩ នៅហូឡង់ ត្រូវបានរាយការណ៍ថា បានធ្លាក់ចុះក្នុងប៉ុន្មានសបា្តហ៍ចុងក្រោយនេះ ដោយសារការដាក់ចេញវិធានបិទខ្ទប់ជាថ្មី និងការរឹតបន្តឹងវិធានការអំឡុងពេលរដូវឈប់សម្រាក។នៅថ្ងៃទី២ខែធ្នូ ហូឡង់បានរាយការណ៍ករណីឆ្លងថ្មីចំនួន ១៧,៥៣១នាក់ ដែលនាំឱ្យករណីឆ្លងសរុបក្នុងប្រទេស កើនដល់ជាង៣លាននាក់ និងស្លាប់ជាង២ម៉ឺននាក់៕ | ប៉ូលិសហូឡង់ ដែលប្រដាប់ដោយដំបង និងខែលការពារ ចុះបង្រ្កាបក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាក្នុងក្រុងអាំស្ទែដាំយ៉ាងអធិបតេយ្យ នៅថ្ងៃទី២ ខែមករា។ ការតវ៉ានេះ មានគោលដៅប្រឆាំងនឹងវិធានការបិទខ្ទប់ និងការតម្រូវឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ មនុស្សយ៉ាងតិច៣០នាក់ត្រូវបានចាប់ខ្លួន ខណៈប៉ូលិស៤នាក់រងរបួស។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.